៨. ព្រះបាទឧទយាទិត្យវរ្ម័នទី១ (១០៤៩-១០៧៩)
ព្រះរាជា ដែលសោយរាជ្យបន្ដពីព្រះបាទសុរិយាវរ្ម័នទី១គឺព្រះបាទ ឧទយាទិត្យវរ្ម័ន ឬឧទយាកៈវរ្ម័ន ដែលត្រូវជាចៅ ឬក្មួយរបស់ព្រះអង្គ ។
ការដែល ស្ដេចអង្គនេះឡើងសោយរាជ្យហាក់ដូចជាមិនប្រក្រតី គឺដូចជាឡើងសោយរាជ្យដោយជ័យជម្នះរបស់ក្រុមរាជបរិពារដែលមាន ប្រតិកម្មប្រឆាំងនឹងពុទ្ធសាសនា ។ ស្ដេចអង្គនេះមានព្រះជន្មក្មេងខ្ចីនៅឡើយពេលឡើងគ្រងរាជ្យសម្បត្ដិ ព្រោះព្រះអង្គនៅបន្ដរៀនសូត្រគណិតសាស្ដ្រ តារាសាស្ដ្រ វេយ្យាករណ៍ ច្បាប់ និងក្រម ទាំងឡាយតាក់តែងឡើងសម្រាប់ព្រះរាជា ពីសំណាក់ព្រះរាជគ្រូរបស់ព្រះអង្គឈ្មោះថា ស្រីការៈបណ្ឌិត ។ «ដោយព្រះអង្គចាប់បដិសន្ធិឡើងក្នុងត្រកូលនៃស្ដេចលើពិភពលោក ទ្រង់មានប្រៀបដាច់គេក្នុងការធ្វើឱ្យនារីទាំងឡាយលង់នឹងសម្ពស្ស របស់ព្រះអង្គ ឱ្យអ្នកចម្បាំងទាំងឡាយចុះចាញ់វីរភាពរបស់ព្រះអង្គ ឱ្យបណ្ឌិតទាំងឡាយទទួលស្គាល់គុណធម៌របស់ព្រះអង្គ ឱ្យបណ្ដាប្រជានុរាស្ដ្រចំណុះនឹងអំណាចរបស់ព្រះអង្គ និងឱ្យព្រាហ្មណ៍ទាំងឡាយទទួលស្គាល់នូវសប្បុរសធម៌របស់ព្រះ អង្គ» ។ តាមមើលទៅ ស្ដេចអង្គនេះ គោរពបូជាព្រះសិវៈខ្លាំងណាស់ «ព្រោះ ព្រះអង្គបានចាត់ឱ្យគេលើកភ្នំមាសមួយនៅចំកណ្ដាលរាជធានី រួចឱ្យសាងសង់ប្រាសាទមាសមួយ មានពន្លឺភ្លឺចិញ្ចាចចិញ្ចែង ដាក់សិវៈលិង្គមួយសម្រាប់រៀបចំពិធីស្រោចទឹកគោរពបូជា» ហើយទ្រង់បានចាត់ឱ្យចន្ទ័ការៈបណ្ឌិតថែរក្សា ។ ព្រាហ្មណ៍នេះគេច្រើនស្គាល់ថា យ៉ាលីចន្ទ័ការៈ ព្រោះជាតាបសឫសី និងជាបុរោហិតរបស់ព្រះបាទសុរិយាវរ្ម័ន ហើយត្រូវបន្ដថែរក្សាលិង្គនេះរហូតដល់រាជ្យស្ដេចក្រោយមកទៀតដែល សោយរាជ្យបន្ដពីព្រះបាទឧទយាទិត្យវរ្ម័ន គឺព្រះបាទហស៌វរ្ម័នទី៣ ។
ក្នុង រជ្ជកាលស្ដេចអង្គនេះ បណ្ដាអាណាខែត្រខាងត្បូងបានបះបោរឡើង ហើយត្រូវទ័ពរបស់ជនម្នាក់ឈ្មោះថា អារវិន្ទ្រាទៈ ដណ្ដើមយកបាន ។ ទ័ពទី១របស់ព្រះរាជាដែលបញ្ជូនទៅបង្ក្រាប ត្រូវបរាជ័យក្រោមដៃ «មេកោយសត្រូវដ៏ហានក្លា» នេះ ។ ក៏ប៉ុន្ដែទ័ពមួយកងទៀតដែលដឹកនាំដោយសេនាបតីម្នាក់ គឺឧកញ៉ាពិជ័យសង្គ្រាមមានជ័យជម្នះលើអារវិន្ទ្រាទៈ ។ឧកញ៉ា ពិជ័យសង្គ្រាមនេះជាឧត្ដមសេនីយ៍ដែល «រហ័សរហួន ណាស់ក្នុងការរងអាវុធខ្មាំង និងវាយប្រហារតបទៅវិញដោយប្រើដៃទាំងពីរជាអ្នកប្រយុទ្ធគ្មានគូ ប្រៀបផ្ទឹមបានជាយុទ្ធជនឆ្នើមដែលសត្រូវទទួលស្គាល់ថ្វីដៃហើយហៅថា ជាព្រះគ្រឹស្នៈមួយអង្គថ្មី ឬក៏ជាអារុណៈមួយរូបទៀត ជាវីរបុរសគ្មាននរណាស្មើលើលោកនេះ» ។ ក្រោយបរាជ័យ អារវិន្ទ្រាទៈបានគេចខ្លួនទៅនៅឯចាម្ប៉ាបុរៈរាជធានីរបស់នគរចាម្ប៉ា ។
ប៉ុន្មានឆ្នាំក្រោយមក មានឧត្ដមសេនីយ៍ម្នាក់ឈ្មោះថា កំវ៉ូ ដែលមិនសប្បាយចិត្ដ ក៏នាំទ័ពរបស់ខ្លួនចេញពីរាជធានី ហើយប្រកាសបះបោរឡើង ។ កំវ៉ូនោះជា «មនុស្ស ឆ្លាតមានវីរភាពដែលបានទទួលការសន្ដោសប្រណីពីព្រះរាជា ទ្រង់ប្រទានបុណ្យសក្ដិឱ្យ ។ គេមានរាងកាយមាំមួន មានអាវុធគ្រប់គ្រាន់ រហ័សវាងវៃអាចធ្វើជាម្ចាស់លើផែនដីទាំងមូលបាន ។ ទ័ពរបស់គេក៏ក្លាហាន និងសម្បូរដោយអាវុធយុទ្ធភណ្ឌ ហ៊ានលះបង់ជីវិត មានចំនួនច្រើនឥតគណនា និងមាននៅគ្រប់ទិសទី» ។
ពេល នោះសេនាបតីពិជ័យសង្គ្រាមបានដឹកនាំទ័ពចេញច្បាំងជាមួយកំវ៉ូដោយមាន ឧត្ដមសេនីយ៍ជាច្រើនចូលរួមនៅក្រោមបញ្ជាផង គឺមានទេវស្រូ វ្លុង វ្នួរ គាំ ចេន្គីស្រូ កម្នាត់ រញ្ញ ខ្មួញ ។ ពេលលើកទ័ពដេញតាមសត្រូវ សេនាបតីពិជ័យសង្គ្រាមបានឈប់នៅលើខ្ពង់រាបមួយ ធ្វើពិធីបូជាថ្វាយដល់ព្រះសិវៈសុំជ័យជម្នះ ។ ពេលនោះ កំវ៉ូ បានត្រលប់ក្រោយមកវិញ ហើយការប្រយុទ្ធក៏បានចាប់ផ្ដើមឡើង ។ កំវ៉ូ និងពិជ័យសង្គ្រាម «រត់រកគ្នាប្រៀបដូចព្រះរាម និងក្រុងរាពណ៍» រីឯមេកងរបស់ទ័ពទាំងពីរក៏ស្វះស្វែងរកគូប្រយុទ្ធរៀងៗខ្លួនផង ដែរ ។ ពួកគេប្រកូកប្រកាសហៅគ្នា ជេរប្រទេចផ្ដាសាគ្នា គំរាមគ្នាទៅវិញទៅមក ។ កំវ៉ូ បាញ់ព្រួញមួយមកត្រូវចង្ការបស់ពិជ័យសង្គ្រាម ក៏ប៉ុន្ដែពិជ័យសង្គ្រាមគ្មានរួញរា ហើយបានបាញ់ព្រួញបីតែម្ដងសំដៅកំវ៉ូ ព្រួញមួយត្រូវចំក្បាល មួយចំក និងមួយទៀតចំទ្រូង ។ កំវ៉ូ ដួលស្លាប់ភ្លាម ដោយស្រែករោទ៍ទ្រហឹង ធ្វើឱ្យទេវតាទាំងឡាយត្រេកអរស្វាគមន៍ជាខ្លាំង ។ ពិជ័យសង្គ្រាមក៏ត្រលប់មកកាន់វិហារព្រះសិវៈវិញ ហើយបានថ្វាយទ្រព្យរបស់ខ្លួនទាំងអស់ ដើម្បីជាការតបស្នងសងគុណព្រះអង្គ ។
ក្រោយ ពីកំវ៉ូស្លាប់ទៅ នៅមានបះបោរមួយទៀតកើតឡើងនៅក្នុងសរទរដូវបន្ទាប់ មិនដឹងថា ជាការបះបោរថ្មី ឬក៏ទ័ពចាស់របស់កំវ៉ូបះបោរម្ដងទៀត ឬក៏យ៉ាងណាទេ ។ ការបះបោរលើកនេះដឹកនាំដោយបងប្អូនពីរនាក់គឺ សល្វាត់ «ដែលមានកម្លាំងខ្លាំងគ្មានផ្ទឹម ក្លាហានមានល្បិចច្រើន ហើយពូកែក្នុងការប្រយុទ្ធដោយមោងស័ក» និងប្អូនប្រុសបង្កើតឈ្មោះ សិទ្ធិករៈ ហើយនិងមេទ័ពម្នាក់ទៀតឈ្មោះថា សាសន្តិភូវនៈ «ដែលមានកម្លាំងគួរឱ្យខ្លាចនៅក្នុងការប្រយុទ្ធ» ។ ពិជ័យសង្គ្រាមបានដឹកនាំទ័ពចេញច្បាំងទៀត ពេលជួបសល្វាត់ក៏ជេរប្រទេចផ្ដាសា បបួលចូលច្បាំងគ្នា ។ សល្វាត់ជេរតបវិញ រួចបាញ់ព្រួញស្រោចមកលើពិជ័យសង្គ្រាម ។ពិជ័យសង្គ្រាមចាប់យក ព្រួញមកដាក់លើខ្សែធ្នូ រួចទាញយឹតដោយដៃដ៏មាំទាំងពីរបាញ់តម្រង់សំដៅសត្រូវ ។ នៅពេលដែលសល្វាត់ត្រូវព្រួញស្លាប់ ទ័ពសត្រូវទាំងអស់ក៏ដកថយរត់បាត់អស់ទៅ (10) ។ ប៉ុន្ដែចលាចលនេះនៅបន្ដច្រើនឆ្នាំតទៅទៀត ទម្រាំរលត់បាត់ ហើយពិជ័យសង្គ្រាមក៏ឈប់ដេញតាមទៀតដែរ ។
ដោយ ពិជ័យសង្គ្រាមបានបរិច្ចាគទ្រព្យសម្បត្ដិផ្ទាល់ខ្លួនបូជាថ្វាយព្រះ សិវៈក្នុងការធ្វើសង្គ្រាមបង្ក្រាបសត្រូវ ព្រះរាជាបានប្រទានរាជទ្រព្យសងវិញ និងបានប្រទានរង្វាន់ឱ្យជាច្រើន តែពិជ័យសង្គ្រាមបានលះបង់ទ្រព្យទាំងអស់នោះ ក្នុងនាមជាវីរជនដែល «មានពន្លឺភ្លឺប្រៀបដូចរាហ៊ូ» ។
គឺនៅក្រោមរាជ្យរបស់ព្រះបាទឧទយាទិត្យវរ្ម័ននេះឯង ដែលទ័ពខ្មែរមួយកងក្រោមបញ្ជារបស់មេទ័ពម្នាក់ឈ្មោះថា ស្រីនន្ទៈនវម៌ទេវៈ ច្បាំងចាញ់ទ័ពចាមនៅឯសោមេស្វរៈក្រោមរាជ្យស្ដេចចាមព្រះនាមស្រីហរិវរ្ម័នទី២ (១០៧៨) ។
No comments:
Post a Comment