Sunday, October 20, 2024

ប៉ែន សុវណ្ណ

 តើប៉ែន សុវណ្ណជានណា? ខ្លះថា ប៉ែនសុវណ្ណជាខ្មែរក្រហម ខ្លះថា ជាខ្មែរកម្មុយនីស្ត ខ្លះថាប៉ែន សុវណ្ណជាខ្មែរសេរី ខ្លះថាប៉ែន សុវណ្ណជាខ្មែរយួន ដោយសារគាត់ជាកូនប្រសារប្រធានាធិបតីយួន...ជាសង្ខេប ប៉ែនសុវណ្ណប្រឆាំងបារាំង ប្រឆាំងជប៉ុន ប្រឆាំងវៀតណាមខាងជើង ប្រឆាំងចិន ប្រឆាំងស្តេចសីហនុ ប្រឆាំង ក្រុមសមសារី សមរង្សី ប្រឆាំង របបខ្មែរក្រហម ចុងក្រោយប្រឆាំង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលខ្លួនឯងចូលរួមបង្កើតជារណសិរ្ស ! ប្រឆាំងរាជរដ្ឋាភិបាលក្រោយការបោះឆ្នោត ១៩៩៣ ប្រឆាំង រដ្ឋាភិបាល អាណត្តិក្រោយ រហូតដល់ថ្ងៃស្លាប់ គឺប្រឆាំងលុះក្ស័យ !!! មុនពេលស្លាប់ មានគេតាមសម្លាប់ ដូចជា ក្រុមអៀងសារី តាមសម្លាប់ ប៉ែនសុវណ្ណឆ្នាំ ១៩៧៤ ដែលនាំឲ្យប៉ែន សុវណ្ណក្លាយជាជនបេះបោរជាមួយ ជនភៀសខ្លួនជាង ១៥ ម៉ឺននាក់នៅ ទឹកដីវៀតណាម។ ពេលចូលស្រុកវិញឆ្នាំ ១៩៩២ ពួកអ្នកតស៊ូ តែងតែព្យាយាមបង្ខំវៀតណាមឲ្យដោះលែងសកម្មជន អ្នកទោសនយោបាយ គឺសំដៅប៉ែន សុវណ្ណនេះឯង ក្រោយមកប៉ែន សុវណ្ណចូលជាមួយ សម រង្សី បន្ទាប់ចូលជាមួយ កឹម សុខាវិញ ចុងក្រោយ ពេល កឹមសុខា សមរង្សីរួមគ្នា បែនសុវណ្ណមានឲកាសបានក្លាយជាតំណាងរាស្រ្ត នេះបញ្ជាក់ថា ប៉ែនសុវណ្ណមិនមែនក្រុម សមរង្សី ក៍មិនមែនក្រុម កឹម សុខា គឺជាក្រោម ខ្មែរសេរីបែបសូវៀត !!!
តើប៉ែន សុវណ្ណជានណា?
តើប៉ែន សុវណ្ណជានណា?
កម្ពុជា៖ ខាងក្រុមប្រឆាំងរដ្ឋាភិបាល នៅបន្តសកម្មភាពប្រឆាំង ខណៈដែលចំនួនអ្នកចូលរួម ថមថយច្រើន។ បដិវត្តន៍យុវជន ឬ បដិវត្តន៍ ហ្សិត -Z-Revolution ត្រូវបានគេធ្វើនៅ បឹងក្លាដែស កាលពី ពេលថ្មីនេះ ពេលនោះ នៅកម្ពុជា ក៍អ្នកបេះបោររៀបចំជា ព្រឹត្តិការណ៍ ១៨ សីហា ២០២៤ ផងដែរ។ យុវជន គឺជា ក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិជ្ជា ដូច្នេះ ងាយស្រួលច្រើនសម្រាប់ អ្នកនយោបាយចាស់ៗដើម្បីបោកប្រាស់ យុវជនក្មេងៗទាំងនោះ។ វេលានេះ មានការផ្សព្វផ្សាយ វីដេអូ អំពី ឈ្មោះ ប៉ែន សុវណ្ណ គេថា ប៉ែន សុវណ្ណស្នេហារជាតិ គេថា កោះត្រល់នៅជំនាន់ ប៉ែន សុវណ្ណដឹកនាំ គឺនៅដដែល ស្ថិតក្នុងផែនទី កម្ពុជាក្រោម..គេថា បោះត្រល់បាត់ ក្រោយពី ចាប់ ប៉ែនសុវណ្ណដាក់គុក...។ នេះជា ប្រវត្តិ សង្រ្គាមត្រជាក់ ដែល សូវៀត គឺជា អាយ៉ង របស់ អាមេរិក ដើម្បីប្រឆាំង ចិន ដូច្នេះ ប៉ែន សុវណ្ណ គឺជា ក្រុមរបស់ វៀតណាមខាងត្បូង និង សូវៀត។ វៀតណាម គេឲ្យ ប៉ែន សុវណ្ណឡើងធ្វើធំ នៅកម្ពុជាក្រោម ....តែ ប៉ែន សុវណ្ណ គូសផែនទី យកកោះត្រល់ អាហ្នឹង បានជា វៀតណាម គេមិនទុកចិត្ត ប៉ែន សុវណ្ណទេ ព្រោះ បានធ្វើកូនប្រសារប្រធានាធិបតីវៀតណាមហើយ គូស យកកោះត្រល់ទៀត !!!...ចង់ដឹងរឿង ប៉ែន សុវណ្ណ ???


លោក ប៉ែន សុវណ្ណ ជា​អ្នក​នយោបាយ​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​សង្គម​កម្ពុជា កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៨០។ ការ​លេច​ធ្លោ​របស់​លោក គឺ​ដោយសារ​តែ​លោក​ជា​មេដឹកនាំ​មួយ​រូប​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា កៀក​ស្មា​គ្នា​ជាមួយ​កងទ័ព​វៀតណាម វាយ​លុក​ចូល​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩ ហើយ​វៀតណាម បាន​លើក​បន្តុប​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​ថ្មី​គឺ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ពេល​នោះ។

លោក ប៉ែន សុវណ្ណ ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ចុង​ខែ​មិថុនា ដល់​ដើម​ខែ​ធ្នូ ឆ្នាំ​១៩៨១។ សម័យកាល​ដែល​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ គឺ​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ឆ្នាំ​២០០៧ លោក ប៉ែន សុវណ្ណ ឲ្យ​ដឹង​ថា លោក​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៣៦ នៅ​ភូមិ​ចានទាប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ ដែល​ធ្វើ​ស្រែ​តិចតួច និង​លក់​កម្លាំង​ពលកម្ម។ លោក​ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន ៧​នាក់។ នៅ​អាយុ ១០​ឆ្នាំ លោក​ចាក​ចេញ​ពី​គ្រួសារ​ទៅ​នៅ​ស៊ី​ឈ្នួល​មើល​គោ​ឲ្យ​គ្រួសារ​អ្នក​មាន​មួយ។ ដោយសារ​ការ​រស់​នៅ​ទី​នោះ​លំបាក លោក​ក៏​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះសង្ឃ​នៅ​វត្ត​ផ្ចឹកជ្រំ រហូត​ដល់​វ័យ ១៥​ឆ្នាំ។

លោក​បាន​ចូល​ប្រឡូក​ក្នុង​ចលនា​នយោបាយ​ដោយ​មិន​បាន​ដឹង​ខ្លួន​នៅ​ឆ្នាំ​១៩៥០ (ថ្ងៃ​ទី​៣ ខែ​កុម្ភៈ) គឺ​នៅ​ពេល​លោក​ចូល​រួម​ ចលនា​តស៊ូ​ឥស្សរៈ ​តាម​ការ​ពន្យល់​របស់​ម្ដាយ​លោក ដែល​យល់​ថា ​ចលនា​នោះ​ជា​ចលនា​ល្អ។ ក្នុង​វ័យ ២៤​ឆ្នាំ លោក ប៉ែន សុវណ្ណ ថ្លែង​ថា ពេល​នោះ​លោក​មិន​យល់​ពី​បញ្ហា​នយោបាយ​ឥណ្ឌូចិន ៣​ប្រទេស​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹង​ថា លោក​ត្រូវ​ចូលរួម​ចលនា​វាយ​បណ្ដេញ​ពួក​ អាណានិគម​និយម ​ឈ្លានពាន​ក្រៅ​ប្រទេស វាយ​រំលំ​របប​ជិះជាន់​ ប្រជាពលរដ្ឋ​កសិករ​ប៉ុណ្ណោះ។

លោក​មើល​ឃើញ​ថា អាណានិគម​របស់​អធិរាជ​ជប៉ុន និង​បារាំង ពេល​នោះ​បាន​ធ្វើ​បាប​ជិះជាន់​ពលរដ្ឋ​កម្ពុជា ហើយ​ពួក​ឥស្សរៈ​ដែល​ចូល​មក​ក្នុង​ភូមិ​របស់​លោក​ចេះ​ជួយ​យក​អាសា​អ្នក​ស្រុក៖ «ខ្ញុំ​យល់​តែ​មួយ​ទេ គឺ​ត្រូវ​រួម​ចំណែក​តស៊ូ​វាយ​បណ្ដេញ​ពួក​អាណានិគម​និយម​ឈ្លាន​ពាន​ក្រៅ​ប្រទេស និង​រំលំ​របប​ជិះ​ជាន់​ប្រជាពលរដ្ឋ​កសិករ។ កាល​ហ្នឹង​នយោបាយ គឺ​ខ្ញុំ​អត់​ដឹង​សោះ​ថា ប្រទេស​ណា​ជា​ប្រទេស​ណា ខ្ញុំ​ពេល​នោះ​នៅ​តូច ដឹង​ស្ថានភាព​នៅ​ប្រទេស​តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​បាន​អា​ហ្នឹង​ហើយ ខ្ញុំ​កំណត់​ឃើញ​ថា ចលនា​របស់​ឥស្សរៈ​មាន​គោលដៅ​មួយ​វាយ​បណ្ដេញ​ពួក​អាណានិគម​ក្រៅ​ប្រទេស អា​ហ្នឹង​គឺ​បារាំង ហើយ​វាយ​វណ្ណៈ​ជិះជាន់ កាល​ហ្នឹង​ខ្ញុំ​ហៅ​ថា វណ្ណៈ​សក្ដិភូមិ​ជិះជាន់​សង្កត់សង្កិន​ប្រជាពលរដ្ឋ​ក្រីក្រ»។

លោក​បញ្ជាក់​ថា ក្រុម​ឥស្សរៈ​ដែល​លោក​ចូល​រួម​នោះ គឺ​ជា ​ក្រុម​របស់​តា ម៉ុក ដែល​លោក​ស្គាល់​ឈ្មោះ​ផ្សេង​ទៀត​ថា ឈិត ជឿន អ៊ុង ជឿន និង ឯក ជឿន។ លោក​បាន​ធ្លាប់​ជា​ធ្វើ​ការងារ​ចម្រុះ និង​ជា​អង្គរក្ស​របស់​តា ម៉ុក ពី​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣

ក្រោយ​ពេល​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពី​បារាំង (សន្ធិសញ្ញា​ឯករាជ្យ​ក្រុង​ហ្សឺណែវ) នៅ​ឆ្នាំ​១៩៥៤ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​យុវជន យុវនារី​ចំនួន ១.០៤០​នាក់ ដែល​ត្រូវ​បាន​មេ​ចលនា​កុម្មុយនិស្ត​ឥស្សរៈ​ភូមិភាគ​និរតី គឺ​តា ម៉ុក បញ្ចុះបញ្ចូល​ឲ្យ​ទៅ​រៀន​វិជ្ជាជីវៈ​យោធា​នៅ​ខេត្ត​ថាញ់វ៉ា (Thanh Hoa) វៀតណាម​ខាង​ជើង៖ «គេ​យក​ខ្ញុំ​ទៅ​បណ្ដុះបណ្ដាល​នាយ​ទាហាន​ថ្នាក់​ក្រោម គឺ​នាយ​ទាហាន​ត្រឹម​កងអនុសេនាតូច។ ខ្ញុំ​បាន​ចូល​បណ្ដុះបណ្ដាល​នាយ​ទាហាន​ហ្នឹង គេ​ឲ្យ​ខ្មែរ​ពួក​ខ្ញុំ​ហ្នឹង​មួយ​ក្រុម​ជំនាញការ​កងទ័ព​ជើងគោក​ទំនើប​មាន​ខ្ញុំ​ហ្នឹង មាន​គ្នា ៥៤​នាក់។ ៥៤​នាក់​ហ្នឹង ខ្ញុំ​ទៅ​ដំបូង គេ​ឲ្យ​រៀន​ភាសា​វៀតណាម អក្សរ​វៀតណាម ដើម្បី​ចូលរៀន​បច្ចេកទេស»។

លោក​ថា មូលហេតុ​ជំរុញ​លោក​នៅ​ពេល​នោះ ទោះ​ជា​អាណានិគម​បារាំង បាន​ចាក​ចេញ​ពី​កម្ពុជា ពិត​មែន ប៉ុន្តែ​វណ្ណៈ​ជិះជាន់​នៅ​តែ​មាន។

នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ឆ្នាំ​១៩៧០ លោក​ត្រូវ​បាន​ពួក​កុម្មុយនិស្ត​ខ្មែរ ទាក់ទង​ទៅ​វៀតណាម ខាង​ជើង​បញ្ជូន​ពួក​លោក​មក​ជួប​ក្រុម​កុម្មុយនិស្ត​កម្ពុជា ដូច​ជា លោក អៀង សារី អ្នកស្រី អៀង ធីរិទ្ធ និង​លោក ទីវ អុល ជា​ដើម។ ពេល​នោះ លោក​ត្រូវ​បាន​គេ​ចូល​ទៅ​ក្នុង​ក្រសួង​ឃោសនាការ​របស់​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដែល​មាន​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ព្រះ​ប្រធាន នៅ​តាម​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។

លោក ប៉ែន សុវណ្ណ អះអាង​ថា លោក​ជា​អ្នក​និពន្ធ និង​ជា​អ្នក​បកប្រែ​ភាសា​វៀតណាម នៅ​ក្នុង​វិទ្យុ​ផ្សាយ​សំឡេង​នៃ​ក្រសួង​ឃោសនាការ​ ចលនា​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ​នោះ ដែល​មាន​ជំនាញ​ការ​វៀតណាម គ្រប់គ្រង​បច្ចេកទេស៖ «អា​រឿង​និពន្ធ​អត្ថបទ រឿង​បក​ប្រែ​ពី​ខ្មែរ​ទៅ​វៀតណាម ពី​វៀតណាម ទៅ​ខ្មែរ គឺ​ខ្ញុំ​ពូកែ។ ខ្ញុំ​មើល​កាសែត​វៀតណាម បក​ចេញ​ខ្មែរ​តែ​ម្ដង។ គេ​ឃើញ​ខ្ញុំ​ពូកែ គេ​យក​ខ្ញុំ​ធ្វើ​បច្ចេកទេស ដើម្បី​ជួយ​វិទ្យុ​ផ្សាយ​សំឡេង​វៀតណាម ហើយ​និង​ជួយ​មន្ត្រី​គេ ដែល​អាន​អក្សរ​មិន​ត្រូវ ឬ​ថា​តែង​អត់​ត្រូវ ឲ្យ​ខ្ញុំ​ជួយ​តម្រង់​ជំនាញការ​គ្រូ​បង្រៀន​គេ​ហ្នឹង ជួយ​បង្រៀន​គេ​ឲ្យ​ចេះ​បច្ចេកទេស​សរសេរ​អក្សរ​ខ្មែរ និពន្ធ​អក្សរ​ខ្មែរ ផ្សាយ​សំឡេង​វៀតណាម»។

លោក​គេច​ចេញ​ពី​ ពួក​កុម្មុយនិស្ត​ខ្មែរ​ក្រហម នៅ​ដើម​ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​លោក​ទទួល​ដំណឹង​ថា ពួក​ទាំង​នោះ​មាន​ផែនការ​ចង់​សម្លាប់​លោក។ លោក​បន្ត​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម រហូត​ដល់​ឆ្នាំ​១៩៧៩។ ក្នុង​បទ​សម្ភាសន៍​របស់​លោក ប៉ែន សុវណ្ណ តែង​តែ​អះអាង​ថា លោក​ជា​អ្នក​ប្រមូល​ឥស្សរជន និង​អ្នក​តស៊ូ​កម្ពុជា ដែល​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ បង្កើត​ចលនា​រំដោះ​ពលរដ្ឋ​កម្ពុជា ពី​កណ្ដាប់​ដៃ​ពួក​ខ្មែរ​ក្រហម ប៉ុល ពត។ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ចលនា​កសាង​កម្លាំង​នយោបាយ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​១៩៧៨។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​មាន​ឈ្មោះ​ថា ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។

លោក ប៉ែន សុវណ្ណ ក៏​ជា ​លេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ លោក​ធ្លាប់​ត្រូវ​បាន​វៀតណាម បញ្ជា​ឲ្យ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ទីក្រុង​ហាណូយ អស់​រយៈ​ពេល ១០​ឆ្នាំ ក្នុង​ពេល​ដែល​លោក​ជា​ប្រធាន​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ជា​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន។ លោក​ថ្លែង​ថា ការ​ចាប់​ខ្លួន​លោក​ពេល​នោះ គឺ​ដោយសារ​តែ​លោក​លើក​ឡើង​អំពី​បញ្ហា​វៀតណាម រំលោភ​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​កម្ពុជា។

លោក​ចង់​ឲ្យ​វៀតណាម និង​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បង្កើត​គណៈកម្មការ​បណ្ដោះអាសន្ន​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ចូល​មក​កម្ពុជា។ លោក ប៉ែន សុវណ្ណ អះអាង​ថា អ្នក​ដែល​ប្រឆាំង​សំណើសុំ​របស់​លោក​ខ្លាំង​ជាង​គេ គឺ​លោក ហ៊ុន សែន ដោយ​ចាត់​ទុក​គំនិត​របស់​លោក ប៉ែន សុវណ្ណ ថា ជា​ទស្សនៈ​ជាតិ​និយម​ចង្អៀតចង្អល់​ហួសហេតុ។ លោក​ត្រូវ​បាន​វៀតណាម ដាក់​ក្នុង​គុក​ងងឹត និង​ធ្វើ​ទារុណកម្ម​គំរាមកំហែង​ផ្លូវ​ចិត្ត​ពី​កម្មាភិបាល​វៀតណាម។ លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដោះលែង​វិញ​ក្រោយ​ពី​ជាប់​ពន្ធនាគារ​បាន ១០​ឆ្នាំ។  មានរបាយការណ៍ថា គេឃើញ ប៉ែន សុវណ្ណរស់នៅ ក្រុង មូស្គូ ប្រទេសសូវៀត ឆ្នាំ ១៩៨៣ !!! ដូច្នេះរឿងជាប់គុគជារឿងកុហក។ មួយទៀត គេថាប៉ែន សុវណ្ណជាប់គុក ដូច អ៊ុង សានស៊ូជី គ្មានការធ្វើបាប ទារុណកម្ម គឺរស់នៅវីឡាស្កឹមស្កៃ គេថាគាត់ ជាកូនប្រសារ ថាំវ៉ានដុង ដូច្នេះ  កាន់តែច្បាស់ ថា ប៉ែន សុវណ្ណ កុហក !

ទាក់ទង​នឹង​ការ​កសាង​គ្រួសារ​វិញ លោក ប៉ែន សុវណ្ណ ឲ្យ​ដឹង​ថា លោក​រៀបការ​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម នៅ​ឆ្នាំ​១៩៦៥ គឺ​ក្នុង​ពេល​ដែល​លោក​កំពុង​រៀន​នៅ​វៀតណាម ខាង​ជើង។ ទាំង​លោក និង​កូន​របស់​លោក​តែង​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា ប្រពន្ធ​របស់​លោក​ជា​កូន​អ្នក​ដឹកនាំ​វៀតណាម៖ «សុំ​បញ្ជាក់​ថា ប្រពន្ធ​ហ្នឹង​ជា​ប្រភព​ជា​ជន​ក្រីក្រ​របស់​វៀតណាម នៅ​ទីក្រុង​ហាណូយ។ អាជីព​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដេរ​ខោអាវ​ឲ្យ​សហជីព​សហគ្រាស​ណា​មួយ​នោះ ខ្ញុំ​ក៏​មិន​បាន​ដឹង​ដែរ ហើយ​គេ​ថា ជា​កូន​ជា​ចៅ ឡេ ដឹកថ (Le Duc Tho) ជា​កូន​ជា​ចៅ​លោក​តា ផាម វ៉ាន់ដុង (Pham Van Dong) អ្នក​ហ្នឹង​ហើយ​ខំ​ពូត​ទឹក​ឲ្យ​ទៅ​ជា​ដុំ។ ពាក្យ​នេះ​ខ្ញុំ​បដិសេធ​ចោល»។

លោក​បន្ត​ថា មុន​រៀបការ លោក និង​ប្រពន្ធ​លោក​បាន​ព្រមព្រៀង​គ្នា​ថា លោក​ទុក​ប្រយោជន៍​ជាតិ​ខ្ពស់​ជាង​គ្រួសារ​ប្រពន្ធ​កូន។

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​យល់​ឃើញ​ថា សកម្មភាព​របស់​លោក ប៉ែន សុវណ្ណ បង្ហាញ​ថា លោក​បាន​គិត​គូរ​ពី​ប្រយោជន៍​ខ្មែរ​ខ្ពស់ ទើប​ធ្វើ​ឲ្យ​លោក​ត្រូវ​ចាប់​ដាក់គុក​ច្រវាក់ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ក្រោយ​ចេញ​ពី​គុក លោក​បាន​បង្កើត​គណបក្ស​នយោបាយ​ប្រកួត​ការ​បោះ​ឆ្នោត​មួយ នៅ​ឆ្នាំ​១៩៩៨ ឈ្មោះ​ថា គណបក្ស​ទ្រទ្រង់​ជាតិ។ ប៉ុន្តែ​គណបក្ស​លោក​មិន​បាន​ទទួល​អាសនៈ​នៅ​សភា​ទេ។ ក្រោយ​មក លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា នៅ​ឆ្នាំ​២០០៧

សរុប​មក​លោក ប៉ែន សុវណ្ណ បាន​ចំណាយ​ពេល​បី​ភាគ​បួន​នៃ​ជីវិត​របស់​លោក​ចូល​ប្រឡូក​នយោបាយ​ម្ដង​លិច​ម្ដង​អណ្ដែត។ ទី​បំផុត ពេល​ដែល​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី រួបរួម​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកួត​ការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ លោក​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​កំពង់ស្ពឺ រហូត​ដល់​ពេល​មរណភាព​របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦៕

«លោក ប៉ែន សុវណ្ណ» ជា​តួអង្គ​​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប?លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ដ្រី​ទី​១ នៃ​សម័យ​សាធារដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ទទួល​មរណភាព​ហើយ កាល​ពី​វេលា​ម៉ោង​៧​និង​១៧​នាទី យប់​ថ្ងៃ​សៅរ៍​ទី​២៩​តុលា ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា លោក ប៉ែន សុវណ្ណ បានចូល​រួម​ក្នុង​​ចលនា​រំដោះ​ជាតិ​ជា​ច្រើន​សម័យ មុន​នឹង​ត្រូវ​បាន​លើក​បន្តុប​ជា​នាយក​រដ្ឋ​មន្ដ្រី​នៅ​ឆ្នាំ​១៩៨១​។ តើ​​ជីវិត​របស់​លោក ប៉ែន សុវណ្ណ មាន​ដំណើរ​យ៉ាង​ដូច​ម្ដេច​ខ្លះ?នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ កាន់​តំណែង​ជា​នាយករដ្ឋមន្ដ្រី​បានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧មិថុនា ដល់​ថ្ងៃ​ទី​២ធ្នូ១៩៨១។ លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ធ្នូឆ្នាំ១៩៨១ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំនិង៥២ថ្ងៃ។

ក្នុង​សៀវភៅ សុបិន​និង​ការពិត លោក វ៉ាន់ឌី កាអុន បាន​សរសេរ​ថា ការ​ដក​ហូត​ដំណែង លោក ប៉ែន សុវណ្ណ គឺ​បណ្ដាល​មក​ពី​លោក​ប្រមាថ​ទីក្រុង​ហាណូយ​យ៉ាង​ខ្លាំង ដោយ​ចង់​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ទីក្រុង​មូស្គូ ​រំលង​ទី​ក្រុង​ហាណូយ​។ និង​បណ្ដាល​មក​ពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ង​រំដោះ​កម្ពុជា​ពី​ការ​គាប​សង្កត់​របស់​វៀតណាម ហើយ​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា។ ​ប៉ុន្តែ​​សំខាន់​ជាង​នេះ ​ លោក​ប៉ែន សុវណ្ណ របូត​ពី​តំណែង ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក ក៏​ព្រោះ​តែ​លោក​ ដែល​ជា​អតីត​ខ្មែរ​វៀតមិញ ដណ្ដើម​តួនាទី​ដឹក​នាំ​របស់ក្រុម​ខ្មែរ​ក្រហមភូមិភាគ​បូព៌ា​ប្រឆាំង​ នឹង​ ប៉ុលពត ដែលគេ​ស្គាល់​ថា ជា​ក្រុម​លោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន​។ គឺ​ទំនាស់​ប្រជែង​អំណាច​រវាង​ចរន្ត​ទាំង​ពីរ​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​វៀតណាម​បារម្ភ ហើយ​បង្ខំ​ចិត្ត​កម្ចាត់​ចោល​មួយ​។

កើត​នៅ​ថ្ងៃ​ទី​១៥​មេសា​១៩៣៦ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​​ លោក ប៉ែន សុវណ្ណ ​បាន​ឆ្លង​កាត់​របប​នយោបាយ​ខ្មែរ​ជា​ច្រើន​ជំនាន់ ហើយ​បាន​ចូល​រួម​ចំណែកជា​បន្ត​បន្ទាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទាំង​នោះ។

តាំង​ពី​​វ័យ​ត្រឹម​តែ​១៥​ឆ្នាំ កុមារា ប៉ែន សុវណ្ណ បាន​ចូល​ប្រឡូក​នៅ​ក្នុង​ចលនាខ្មែរ​ឥស្សរៈ​​ ដើម្បី​តស៊ូ​រំដោះ​ជាតិ​ចេញ​ពី​​អាណានិគម​បារាំង​​។ ក្រោយ​ចលនា​តស៊ូ​ប្រឆាំង​អាណានិគម​បារាំង​បញ្ចប់​នៅ​ឆ្នាំ​១៩៥៤ ប៉ែន សុវណ្ណ ត្រូវ​គេ​បញ្ជូន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម ផ្ដើម​ចេញ​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន រហូត​បាន​​ចូល​សិក្សា​នៅ​វិទ្យាស្ថាន​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​។ ​នៅ​ក្នុង​អំឡុង​ពេល​រស់​នៅ​និង​រៀន​សូត្រ​នៅ​ប្រទេស​វៀតណាម​នោះ​ហើយ ​លោក ប៉ែន សុវណ្ណ មាន​ភរិយា និង​មាន​បុត្រ​ចំនួន​៣​នាក់ ស្រី​២ ប្រុស​មួយ​។ មតិ​មួយ​ចំនួន​បញ្ជាក់​ថា ភរិយា​របស់​លោក ប៉ែន សុវណ្ណ ជា​ក្មួយ​ស្រី​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​វៀតណាម​។ ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ​នាយករដ្ឋ​មន្ដ្រី​ខ្មែរ​ទាំង​៣៦​រូប​របស់​លោក ឆាយ សុផល លោក ប៉ែន សុវណ្ណ បាន​អះអាង​ថា ភរិយា​របស់​លោក​ឈ្មោះ​កញ្ញា គឺជា​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​។

លោក ប៉ែន សុវណ្ណ បាន​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៨​មីនា​១៩៧០ ដើម្បី​ចូល​រួម​ជាមួយ​អង្គការ​ចាត់តាំង​ខ្មែរ​ក្រហម ទទួល​បន្ទុក​ការងារ​ព័ត៌មាន​​ក្រោម​បង្គាប់ ​លោក អៀង សារី​។ ប៉ុន្តែដោយ​សារ​តែដឹង​ពី​គម្រោង​អាក្រក់​របស់​ថ្នាក់​ដឹក​នាំ​មក​លើ​ខ្លួន លោក ​ប៉ែន សុវណ្ណ បាន​រត់​ត្រឡប់​ប្រទេស​ទៅ​វៀតណាម​វិញ​នៅ​ឆ្នាំ​១៩៧៤។

ឆ្នាំ​១៩៧៨ ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​នៅ​ក្នុងរបត់​​ជីវិត​លោក ប៉ែន សុវណ្ណ និង​នៅ​ក្នុង​របត់​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជា​ពេល​ដែល​លោក​បាន​ជួប​ជាមួយក្រុម​ខ្មែរ​ក្រហម​នៅ​ភូមិ​ភាគ​បូព៌ាដែល​បះបោរ​ប្រឆាំង​នឹង ប៉ុល ពត ដឹក​នាំ​ដោយ ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន​។ លោក​ប៉ែន សុវណ្ណ និង​ក្រុម​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា បាន​​បង្កើត​រណសិរ្យ​មួយ ឈ្មោះ​ថា រណសិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។ ទី​បំផុត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​វៀតណាម ​បាន​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧​មករា​១៩៧៩​។ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​តែងតាំង​ជា​នាយរដ្ឋ​មន្ដ្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ថ្ងៃ​ទី​២៧​មិថុនា​១៩៨១ ប៉ុន្តែលោក​ត្រូវ​គេ​ដក​ហូត​ដំណែងនៅ​ចុង​ឆ្នាំ​១៩៨១​ ហើយ​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ប្រទេស​វៀតណាម​​។

បន្ទាប់​ពី​ជាប់​គុក​ងងឹត​នៅ​ប្រទេស​វៀតណាម​អស់​​១០​ឆ្នាំនិង​៥២​ថ្ងៃ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ដោះ​លែង​​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃ​ទី​២៥​មករា​ឆ្នាំ​១៩៩២។ ​ដំបូង​ឡើយ​បាន​ត្រឡប់​ចូល​មក​បម្រើការ​នៅ​ គណ​បក្ស​ប្រជាជន​កម្ពុជា ​វិញ មុន​នឹង​ងាក​ទៅ​ចូល​រួម​ជាមួយ គណបក្ស​ជាតិ​ខ្មែរ របស់​​លោក សម រង្ស៊ី។ ជា​បន្ត​បន្ទាប់ លោក ប៉ែន សុវណ្ណ បាន​ផ្លាស់​ប្ដូរ​ទ្រនំ បង្កើត​គណបក្ស​ទ្រទ្រង់​ជាតិ ដើម្បី​ដឹក​នាំ​ខ្លួន​ឯង និង​ចូល​រួម​ជាមួយ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា​ នៅ​ឆ្នាំ​២០០៧។ មុន​ពេល​ទទួល​មរណភាព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុបារាំង លោក ប៉ែន សុវណ្ណ ចាត់ទុកការជាប់ជាតំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះ ថា​ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិតរបស់លោក ក្នុងការបម្រើជាតិមាតុភូមិ៕

No comments:

Post a Comment