Sunday, February 18, 2024

ព្រះ​ជ័យជេដ្ឋា​ទី​៤​-​ព្រះ​អង្គ​សូរ រជ្ជកាល​ទី​១ (១៦៧៥-១៦៨៨)

ព្រះ​អង្គ​សូរ​ពេល​នោះ​មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា​ហើយ ។ កាលពី​ឆ្នាំ​កន្លង​ទៅ ទ្រង់​បាន​ទាមទារ​យក​អំណាច​ដែល​ព្រះ​អង្គ​ត្រូវ​ទទួល​បន្ដ​ពី​ព្រះ​អង្គ​ជ័យ​ជា​ព្រះ​រៀម ដែល​បាន​សុគត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះអង្គ​តន់​ និង​ព្រះ​អង្គ​នន់ ។​ នៅ​ពេល​ដែល​ព្រះ​អង្គ​នន់​រត់​ភៀស​ព្រះ​កាយ​ទៅ​នៅ​ឯ​កូសាំងស៊ីន​ ព្រះ​អង្គ​សូរ​ក៏​ចូល​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​១៦៧៥​ ហើយ​បាន​ឱ្យ​គេ​អភិសេក​ព្រះអង្គ​នៅ​រាជធានី​ឧត្ដុង្គ​ក្រោម​ព្រះ​នាម​ថា​ «សម្ដេច​ព្រះ​ជ័យជេដ្ឋា​បរម​សុរិន្ទ្រ​ធិរាជ» ។ ទ្រង់​បាន​លើក​អ្នក​ព្រះ​អង្គ​នន់ ជា​បងប្អូន​ជីដូនមួយ​ឱ្យ​ឡើងជា​ព្រះ​ឧភយោរាជ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ព្រះរាជា​បាន​យាង​មក​គង់នៅ​ទ្រនំជ្រឹង​ ក្នុង​ខែត្រ​សំរោងទង ហើយ​បាន​បញ្ជា​ឱ្យ​គេ​សង់​រាជវាំង​មួយ​ថ្វាយ ។

នៅ​សម័យ​នោះ ប្រហែលជា​ក្នុង​រវាង​ឆ្នាំ​១៦៨០ មាន​ឧត្ដមសេនីយ៍​ចិន​ម្នាក់​ខាង​រាជវង្ស​មិញ​ឈ្មោះ​ថា ឌួង​ង៉ានឌីច ក្រោយ​ពី​ច្បាំង​ចាញ់​កងទ័ព​របស់​ខាងហ៊ី អ្នក​កសាង​សន្ដតិវង្ស​ថាញ់ បាន​នាំ​ទ័ព​ដែល​នៅ​សល់​ចុះ​សំពៅ​២០០ ធ្វើ​ដំណើរ​មក​អាណ្ណាម ។ ប៉ុន្ដែ​ខ្យល់ព្យុះ​បក់​បោក​លិច​សំពៅ​អស់ សល់​តែ​សំពៅ​៥០ និង​ទ័ព​៣​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​អាច​ឡើង​គោក​បាន​ ក៏​នាំ​គ្នា​មក​សុំ​ចុះចូល​នឹង​ស្ដេច​អាណ្ណាម​នៅ​នឹង​ទូរ៉ាន​តែ​ម្ដង​ ហើយ​សំណូមពរ​សុំ​ដីធ្លី​ដើម្បី​រស់នៅ ។ ស្ដេច​អាណ្ណាម​មិន​ចង់​រក្សា​ពួក​បរទេស​៣​ពាន់​នាក់​នេះ​ឱ្យ​នៅ​ជិត​ខ្លួន​ព្រះ​អង្គ​ទេ ក៏​បញ្ជូន​ឱ្យ​មក​រស់នៅ​ក្នុង​កម្ពុជា​វិញ​ដោយ​ថ្វាយ​ដំណឹង​ដល់​ព្រះ​ជ័យជេដ្ឋា​បាន​ជ្រាប​ផង​ដែរ​គឺ​ឱ្យ​នៅ​ខែត្រ​បារាជ​ និង​ដុងណាយ ដែល​មាន​ពួក​អន្ដោប្រវេសន៍​អាណ្ណាម​ចូល​មក​រស់នៅ​ច្រើន​បង្គួរ​រួច​ទៅ​ហើយ ហើយ​បាន​ចាត់​ទុក​ថា នេះ​គឺជា​ទឹកដី​ដែល​ខ្លួន​ដណ្ដើម​បាន ។ ឧត្ដមសេនីយ៍​ឌួង​ង៉ានឌីច មិន​សប្បាយ​ចិត្ដ​នឹង​ទឹកដី​ដែល​គេ​បាន​ធ្វើ​សម្បទាន​ឱ្យ​រស់​នៅ​ទេ ក៏​នាំ​ទ័ព​ពាក់​កណ្ដាល​ទៅ​រស់នៅ​ឯ​មីថ​ វិញ​ទុក​ឱ្យ​មេបញ្ជាការ​រង​ឈ្មោះ​ ត្រាន់​ រស់នៅ​នឹង​បារាជ​ជាមួយ​នឹង​ទ័ព​ពាក់​កណ្ដាល​ទៀត ។

ពួក​ចិន​ទាំង​អស់​នេះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​ពួក​អាណ្ណាម​ណាស់ ព្រោះ​ជា​អ្នក​មក​ពី​ក្រៅ​ដូច​គ្នា ប៉ុន្ដែ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​ពួក​ខ្មែរ​ទេ​ ជា​ពិសេស​ជាមួយ​អាជ្ញាធរ​ខ្មែរ​ដែល​គ្រប់គ្រង​ទឹកដី​ក្នុង​នាម​ព្រះរាជា​កម្ពុជា ។​ ម្យ៉ាង​ទៀត ពួក​នេះ​ចូល​ចិត្ដ​បង្ក​ចលាចល​យ៉ាង​ខ្លាំង មិន​ចូល​ចិត្ដ​ធ្វើ​ការងារ ហើយ​មិន​ចង់​គោរព​ច្បាប់​ទម្លាប់​របស់​ព្រះរាជា​ណាចក្រ​លើស​ពី​ពួក​អាណ្ណាម​ទៅ​ទៀត ។​ គេ​រស់នៅ​ជា​កង​មិន​មែន​ជា​អ្នកស្រុក​សម​ទៅ​តាម​អត្ថន័យ​របស់​ពាក្យ​នេះ​ទេ ហើយ​ហាក់​ដូចជា​ចូល​ចិត្ដ​នឹង​ការ​ធ្វើ​សង្គ្រាម​ជា​ជាង​រស់​នៅ​ក្នុង​សន្ដិភាព​ដូច​នៅ​កម្ពុជា​នេះ ។

គឺ​ដោយហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ព្រះ​អង្គ​នន់​ធ្លាក់​ចេញពី​អំណាច ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ចាប់​ផ្ដើម​ធ្វើការ​ប្រយុទ្ធ​តបត​ទៅ​នឹង​ព្រះ​អង្គ​សូរ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​១៦៨២ បើ​ទោះបី​ថា​ព្រះ​អង្គ​សូរ ធ្លាប់​បាន​លើក​ទ្រង់​ឱ្យ​ឡើង​ជាទី​ឧភយោរាជ​ហើយ​ក៏​ដោយ ក៏​ព្រះ​អង្គ​នន់​បាន​មក​ទាក់ទង​នឹង​ពួក​ចិន​ខាងលើ​នេះ ដែល​មាន​មេកង​ឈ្មោះ​ថា បាង​កន ឱ្យ​ធ្វើ​ជា​ស្នូល​នៃ​កងទ័ព​មួយ​ដ៏​រឹង​មាំ​ដែរ ។ ព្រះ​អង្គ​បាន​ទទួល​យក​ពួក​ចាម ដែល​កំពុង​តែ​រត់គេច​ខ្លួន​ពី​ស្រុក​ទេស​មក​ឱ្យ​ចូល​ក្នុង​កងទ័ព​របស់​ព្រះ​អង្គ​ថែម​ទៀត ។ បន្ទាប់​មក​ ទ្រង់​ក៏​ចាប់​វាយ​ដណ្ដើម​យក​ខែត្រ​បាសាក់ ព្រះត្រពាំង ភ្នំពេញ និង​ឧត្ដុង្គ ។

ព្រះ​ជ័យជេដ្ឋា​ព្រះ​អង្គ​សូរ ពេល​នោះ​មិន​បាន​គិត​ថា​នឹង​មាន​កើត​សង្គ្រាម​ដូច្នោះ​ទេ ម្ល៉ោះហើយ​គ្មាន​ប្រុង​ប្រៀប​អ្វី​នឹង​ទប់ទល់​ឡើយ ។ នៅ​ពេល​ដែល​កងទ័ព​របស់​ព្រះ​អង្គ​នន់​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា ចតុម្មុខ​មក ទ្រង់​ក៏​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ទ្រនំជ្រឹង​ក្នុង​ខែត្រ​សំរោងទង ដែល​ទ្រង់​បាន​ចាត់​ឱ្យ​គេ​សង់​ព្រះរាជ​ដំណាក់​មួយ​ថ្វាយ​ពី​មុន​រួច​ហើយ ។ បន្ដិច​ក្រោយ​មក​ទើប​ទ្រង់​យាង​ចេញពី​ទ្រនំជ្រឹង​មក​វិញ​ជាមួយ​នឹង​ទ័ព​មួយ​កង​ដែល​ទ្រង់​កេណ្ឌ​បាន​ពី​បណ្ដា​ខែត្រ​នៅ​តំបន់​នោះ រួម​ជាមួយ​ទ័ព​ជំនួយ​របស់​សៀម​មួយ​កង ដែល​ស្ដេច​សៀម​បាន​បញ្ជូន​ឱ្យ​មក​ជួយ ។ ទ័ព​របស់​ព្រះ​អង្គ​បាន​វាយ​ទ័ព​ព្រះ​ឧភយោរាជ​ឱ្យ​បរាជ័យ ពួក​ចិន​រត់​ចោល​អស់ ព្រះ​ឧភយោរាជ​ក៏​គេច​ខ្លួន​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​កោះ​តេង (គឺ​កោះ​គូឡាវយាង​សព្វថ្ងៃ) ហើយ​លាក់​ខ្លួន​នៅ​ទីនោះ​ទៅ នៅ​ឆ្នាំ​១៦៨៤ ។

ព្រះរាជា​ក៏​យាង​ត្រលប់​ពី​ទ្រនំជ្រឹង មក​គង់នៅ​ឧត្ដុង្គ​វិញ (ឆ្នាំ​១៦៨៥) ។ ក្នុង​ពេល​នោះ ព្រះ​ឧភយោរាជ ក៏​បាន​យាង​មក​គង់នៅ​ក្នុង​ខែត្រ​ស្រីសន្ធរ ហើយ​បាន​ឱ្យ​គេ​សង់​បន្ទាយ​ការពារ​មួយ​នៅ​ទីនោះ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រះ​ឧភយោរាជ​បាន​ទទួល​ទ័ព​សៀម​មួយ​កង​ពី​ព្រះរាជា​អយុធ្យា ដែល​តែង​តែ​ចង់​ដុត​ភ្លើង​សង្គ្រាម​ស៊ីវិល​ឱ្យ​ឆេះ​រោលរាល​នៅ​កម្ពុជា ទ័ព​នោះ​មក​តាម​ជើង​គោក​ផង និង​តាម​ជើង​ទឹក​ផង ។ ទ្រង់​បាន​ប្រមូល​ទ័ព​ចិន និង​ទ័ព​ខ្មែរ​របស់​ព្រះ​អង្គ​បញ្ចូល​ជាមួយ​គ្នា រួច​បាន​ចាប់​បើក​ការ​ប្រយុទ្ធ​ជា​ថ្មី វាយ​សម្រុក​មក​ដល់​ភ្នំពេញ​នៅ​ដើម​ឆ្នាំ​១៦៨៤ ។ ព្រះរាជា​ជ័យជេដ្ឋា​អង្គ​សូរ​បាន​ដឹកនាំ​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​ទប់ទល់ វាយ​ទ័ព​ព្រះ​ឧភយោរាជ​ឱ្យ​បរាជ័យ បង្ខំ​ឱ្យ​ព្រះ​ឧភយោរាជ​ដក​ថយ​ទៅ​ស្រីសន្ធរ​ដែល​រាជពង្សាវតារ​២​ច្បាប់​នៅ​តែ​ហៅ ស្រីសឈរ​តាម​ឈ្មោះ​ដើម​ដដែល ។​ក្រោយ​បរាជ័យ​នេះ​ព្រះ​ឧភយោរាជ​អង្គ​នន់​បាន​បញ្ជូន​រាជទូត​ទៅ​សុំ​ជំនួយ​បន្ថែម​ពី​ស្ដេច​សៀម ។ គឺ​រាជទូត​របស់​ព្រះ​អង្គ​នន់​នេះ​ឯង ដែល​ពួក​រាជទូត​របស់​ស្ដេច ល្វី​ទី​១៤ បាន​ជួប​នៅ​អយុធ្យា​ក្នុង​ឆ្នាំ​១៦៨៥ ហើយ​និយាយ​ថា​មាន​តែ​ព្រះ​ភាគិនេយ្យ​របស់​ព្រះ​ឧភយោរាជ​មួយ​អង្គ​ទេ​ក្នុង​ចំណោម​ពួក​បរទេស​ទាំងអស់ ដែល​មាន​សិទ្ធិ​ទទួល​ព្រះរាជ​សង្ហា​មាស ។ លោក ដឺ​សូម៉ុង បាន​និយាយ​ថា រជ្ជទាយាទ​កម្ពុជា​មួយ​អង្គ​ដែល​បាន​ភៀស​ព្រះ​អង្គ​មក​គង់នៅ​ស្រុក​សៀម បាន​សំណូមពរ​ស្ដេច​សៀម​ឱ្យ​ជួយ​ព្រះ​អង្គ​បាន​គង់​លើ​រាជបល្ល័ង្ក​វិញ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា សៀម​បាន​ធ្វើ​អន្ដរាគមន៍​រួច​មក​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ។

នៅ​ក្នុង​ឆ្នាំ​១៦៨៧ ព្រះរាជា​ជ័យជេដ្ឋា​អង្គ​សូរ បាន​ជា​សះស្បើយ​ពី​ជំងឺ​អុតធំ​ដែល​ស្ទើរតែ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ក្ស័យ​ព្រះ​ជន្ម ។ ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​មាតា ដើម្បី​យាង​សាង​ផ្នួស​៧​ថ្ងៃ លា​បំណន់​ដែល​បាន​បន់ស្រន់​នៅ​ពេល​ទ្រង់​អាពាធ ។

នៅ​ឆ្នាំ​១៦៨៨ សម្ដេច​ចៅពញា​កន និង​ចិន​ម្នាក់​ឈ្មោះ​ថា តាង​ចុងស៊ា ឯកសារ​មួយទៀត​ថា​ឈ្មោះ កាន ចុងអ៊ា មាន​បំណង​ទម្លាក់​ព្រះរាជា​ពី​រាជបល្ល័ង្ក ក៏​នាំ​គ្នា​ទៅ​ស្រីសន្ធរ​សុំ​ទ័ព និង​អាវុធ​យុទ្ធភណ្ឌ​ពី​ព្រះ​ឧភយោរាជ រួច​នាំ​គ្នា​មក​ឈរជើង​នៅ​ភ្នំពេញ ។​ ពួក​នេះ​ហៀប​តែ​នឹង​ចេញ​ដំណើរ​ទៅ​ឧត្ដុង្គ​ទៅ​ហើយ​ ស្រាប់តែ​ទ័ព​ព្រះរាជា​មក​ដល់​មុន ហើយ​បើក​ការ​ប្រយុទ្ធ​មក​លើ ធ្វើ​ឱ្យ​ពួក​នេះ​ភ្ញាក់​ខ្លួន​ភ័យ​រត់គេច​អស់​ទៅ​ដោយ​ចោល​អាវុធ និង​សំពៅ​២​គ្រឿង​នៅ​លើ​សមរភូមិ ។ ក្មួយ​ស្រី​ម្នាក់​របស់​សម្ដេច​ពញា​កន​ឈ្មោះ អ្នក​អង្គ​អី ដែល​នៅ​ក្នុង​សំពៅ​មួយ ក៏​ត្រូវ​ព្រះរាជា​ចាប់​បាន​ជា​ឈ្លើយ ហើយ​ទទួល​យក​ធ្វើ​ជា​ព្រះ​ជាយា​ប៉ុន្មាន​ខែ​ក្រោយ​មក ។

នៅ​ក្នុង​ឆ្នាំ​នោះ ក្រោយ​ពី​ទ្រង់​កាន់​អំណាច​អស់​ពេល​១៤​ឆ្នាំ ព្រះរាជា​ក៏​បង្គាប់​ឱ្យ​គេ​រៀបចំ​អភិសេក​ព្រះ​អង្គ​ក្រោម​ព្រះ​នាម​ថា «សម្ដេច​ព្រះ​ជ័យជេដ្ឋា​បរមោ​សុរិន្ទ​រាជា​ធិរាជ​រាមា» ។

ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល ព្រះ​ឧភយោរាជ​អង្គ​នន់ ក្រោយ​ពី​មិន​បាន​ទទួល​ជំនួយ​អ្វី​ពី​ពួក​សៀម ព្រះ​អង្គ​ក៏​យាង​ទៅ​កាន់​កូសាំងស៊ីន (អតីត​នគរ​ចាម្ប៉ា) ដើម្បី​សុំ​ជំនួយ​ពី​ស្ដេច​ហ៊ាន​វឿង (37) បាន​ទ័ព​២​ម៉ឺន​នាក់​បញ្ជា​ដោយ​ឧត្ដមសេនីយ៍​អាណ្ណាម​ឈ្មោះ អុង​ធាន​ឃួន និង​អុង​ធុម​មូ ។ ទ្រង់​បាន​ដឹកនាំ​ទ័ព​នេះ​រហូត​មក​ដល់​រាជធានី​ឧត្ដុង្គ ។

ទ័ព​អាណ្ណាម​របស់​ព្រះ​ឧភយោរាជ​វាយ​ដណ្ដើម​យក​រាជធានី​បាន រួច​ហើយ​បាន​កៀរ​អ្នកស្រុក​កំពង់ហ្លួង និង​បន្ទាយលើ​យក​មក​ដាក់​នៅ​ជ្រោយចង្វា​ពីមុខ​ភ្នំពេញ ។ សម្ដេច​ព្រះទាវ​ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា ព្រះ​ជន្ម​១៥​ព្រះ​វស្សា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ទាំង​នោះ​ដែរ ។ ចំណែក​ឯ​ព្រះរាជា​ជ័យជេដ្ឋា​បាន​គេច​ព្រះអង្គ​ទៅ​ឯ​ស្រុក​ប្រាំតម្លឹង រួច​ហើយ​បាន​ចាត់​ឱ្យ​ចៅពញា​ភក្ដី​សង្គ្រាម​សួស​តាម​មក​រក​ព្រះ​មាតុច្ឆា​យក​ទៅ​វិញ ។ ទ្រង់​បាន​ប្រទាន​ចិញ្ចៀន​មួយ​វង់​ដើម្បី​ឱ្យ​សម្ដេច​ព្រះទាវ​ជឿ​ទុកចិត្ដ រួច​ហើយ​ចៅពញា​ភក្ដី ក៏​ចេញដំណើរ​មក​ជាមួយ​អ្នក​បម្រើ​ម្នាក់​ឈ្មោះ អា​គោ នៅ​ថ្ងៃ​អាទិត្យ​ពេញបូណ៌​ខែ​ផល្គុណ (ចុង​ខែ​កុម្ភៈ) ។ មក​ដល់​ស្ទឹង​ឧកញ៉ា​ហ្លួង ពេល​ព្រលប់ ចៅពញា​ភក្ដី ក៏​ហែល​ទឹក​ឆ្លង​កាត់​ទៅ​ជ្រោយចង្វា ចូល​គាល់​ព្រះ​ក្សត្រី​បង្ហាញ​ព្រះ​ទម្រង់ ហើយ​យាង​ព្រះ​នាង​មក​ភ្លាម​តែ​ម្ដង ។ ចៅពញា​ភក្ដី​ដាក់​ព្រះ​ក្សត្រី​នៅ​លើ​ស្មា រួច​ហែល​ទឹក​ឆ្លង​ទន្លេ​មក​វិញ ឯ​អា​គោ​ក៏​ហែល​ចម្លង​ភីលៀង​ព្រះ​នាង​មក​ដែរ ។​ ហែល​មក​ដល់​ត្រើយ​ម្ខាង​ ចៅពញា​ភក្ដី​ធ្វើ​អង្រឹង​សែង​ព្រះ​ក្សត្រី​រួច​ចេញ​ដំណើរ​បន្ដ​ទៀត​ដោយ​មិន​ឱ្យ​នរណា​ឃើញ​ទាន់ ។​ មក​ដល់​ទំនប់​ព្រះ​ទេព​រួច​មក​ដល់​លំហាច​ជា​កន្លែង​ដែល​ព្រះរាជា​ទ្រង់​រង់ចាំ​ព្រះ​មាតុច្ឆា និង​សេនា​អង់អាច​ក្លាហាន ជាមួយ​នឹង​សេនា​ហែហម​មួយ​កង និង​ដំរី​ជា​ច្រើន ។ ព្រះ​ក្សត្រី​យាង​គង់​លើ​ដំរី​មួយ​ក្បាល​រហូត​មក​ដល់​ប្រាំតម្លឹង ។

ពេល​ទ្រង់​ជ្រាប​អំពី​ការ​បាត់​ខ្លួន​របស់​សម្ដេច​ទាវ ព្រះ​ឧភយោរាជ​អង្គ​នន់​បាន​ចាត់​ឱ្យ​ទ័ព​អាណ្ណាម​៥​ពាន់​នាក់​ធ្វើ​ដំណើរ​ដេញ​តាម ។ ទ័ព​អាណ្ណាម​មក​ជួប​ជាមួយ​ទ័ព​របស់​ព្រះរាជា ដែល​ដឹកនាំ​ដោយ​ចៅពញា​ភក្ដី​សង្គ្រាម នៅ​ត្រង់​វាល​ហុង ក៏​ត្រូវ​ទ័ព​ព្រះរាជា​វាយ​ឱ្យ​បរាជ័យ​រត់​ត្រលប់​ទៅ​ជ្រោយចង្វា​វិញ ។ ឃើញ​ទ័ព​អាណ្ណាម​បាក់​រត់​គ្មាន​សណ្ដាប់​ធ្នាប់​ដូច្នេះ​ទ័ព​ព្រះរាជា​ក៏​ដេញ​តាម​វាយ​រហូត​រួច​ឆ្លង​ក្បូន​ឡើង​វាយ​យក​បាន​បន្ទាយ​ជ្រោយចង្វា ។

ពេល​នោះ​ទ័ព​អាណ្ណាម​ភិត​ភ័យ​ខ្លាំង​ណាស់ បែកបាក់​ខ្ចាត់ខ្ចាយ រត់​នាំ​មេកោយ​របស់​គេ និង​ព្រះ​ឧភយោរាជ​យក​ទៅ​ដល់​កូសាំងស៊ីន​វិញ​ដោយ​លំបាក ។ អ្នកស្រុក​ឧត្ដុង្គ និង​កំពង់លែង​ក៏​វិល​ត្រលប់​ពី​ជ្រោយចង្វា​មក​ទីលំនៅ​រៀងៗ​ខ្លួន​វិញ ។

ពេល​នោះ​សម្ដេច​ទាវ​ក្សត្រី​បាន​ស្នើ​សុំ​ព្រះរាជា​ឱ្យ​យាង​ជាមួយ​ព្រះ​នាង​សាដាន​ ត្រលប់​តាម​ផ្លូវ​ដែល​ព្រះនាង​រត់គេច​ជាមួយ​ចៅពញា​ភក្ដី ដើម្បី​ពិនិត្យ​មើល​ទីកន្លែង​ដែល​ព្រះ​អង្គ​បាន​ឈប់​សម្រាក​លាក់​ខ្លួន រួច​ទ្រង់​បាន​ឱ្យ​គេ​សង់​វត្ដ​អារាម​ទុក​ជា​អនុស្សាវរីយ៍ ។ វត្ដ​ទី​១​គឺ​វត្ដ​កានឡាល សង់​នៅ​លើ​ទួល​ប្រាំតម្លឹង ជាទី​កន្លែង​ដែល​ព្រះ​រាជា​បាន​នាំ​ព្រះ​នាង​ទៅ​ដល់​ក្រោយ​ពី​គេច​ព្រះ​អង្គ​រួច​មក ។

ដោយ​យាង​បន្ដ​មក​ទៀត ឈប់​មើល​គ្រប់​ទីកន្លែង​ដែល​បាន​ឈប់​សម្រាក រហូត​មក​ដល់​ព្រៃពួន​ជាទី​កន្លែង​ដែល​ព្រះ​ក្សត្រី​ត្រូវ​ពួន​លាក់​ខ្លួន​កុំ​ឱ្យ​ពួក​អ្នក​ដែល​តាម​មក​រក​ព្រះ​នាង​ឃើញ ។ ព្រះរាជា​ក្រោយ​ពី​ព្រះ​សណ្ដាប់​ដំណើរ​រឿង​ឃើញ​ថា​ ព្រះ​នាង​គេច​ផុត​ពី​គ្រោះថ្នាក់​ដោយ​អព្ភូតហេតុ​ទ្រង់​ក៏​បញ្ជា​ឱ្យ​កសាង​វត្ដ​មួយ​នៅ​ទីនោះ ។​ ទ្រង់​បាន​លើក​ចៅពញា​ភុក​ឱ្យ​ឡើង​ជាទី​ឧកញ៉ា​ធម្មា រួច​ប្រគល់​ភារកិច្ច​ឱ្យ​សាងសង់​វត្ដ​នេះ និង​ជីក​ស្រះ​ទឹក​ធំ​មួយ​ផង ។

នៅ​ពេល​នោះ មាន​លេច​ពាក្យ​ចចាម​អារ៉ាម​មិន​ល្អ​ចំពោះ​ព្រះរាជា និង​ព្រះ​ក្សត្រី ពាស​ពេញ​ព្រះរាជា​ណាចក្រ​ដោយ​ចោទ​ថា​ ហេតុតែ​ព្រះរាជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ព្រះ​មាតុច្ឆា​ក្មេង​យ៉ាង​នេះ​ពីព្រោះ​ព្រះ​នាង​បាន​សហាយ​ស្មន់​ជាមួយ​ព្រះរាជា ។ ព្រះ​ក្សត្រី​ដែល​កំពុង​តែ​គ្រង​ព្រះ​ពស្ដ្រា​តាម​របៀប​អ្នកស្រុក ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​បាន​ជេរ​ប្រទេច​ផ្ដាសា​តបត​ទៅ​អ្នក​ដែល​បាន​និយាយ​ប្រហារ​ព្រះ​នាង​វិញ​ថា «អ្នក​ណា​ក៏​ដោយ ទោះជា​មន្ដ្រី​ថ្នាក់​ណា​ក៏​ដោយ​ ឬ​ក៏​ជា​ប្រជារាស្ដ្រ​ក៏​ដោយ​ដែល​បាន​សង្ស័យ​មក​លើ​រូប​ខ្ញុំ​ និយាយ​មិន​ល្អ​ពី​អតីតកាល​របស់​ខ្ញុំ សូម​ឱ្យ​អ្នក​ទាំង​អស់នោះ​ស្លាប់​ទៅ​ហើយ​ធ្លាក់​ចុះ​នរក​ដ៏​សែន​ជ្រៅ កុំ​ឱ្យ​ព្រះពុទ្ធ​លោក​ប្រោស​បាន» ។

No comments:

Post a Comment