Wednesday, September 12, 2018

ជ័យជេដ្ឋាទី ១៖ ១៥៨៤-១៥៩៥

ទំនាស់សម្ព័ន្ធភាព ខ្មែរ-សៀម នៅគ្រារំដោះក្រុងអយុធ្យាពីភូមា ឆ្នាំ១៥៨៤
ទំនាស់សម្ព័ន្ធភាព ខ្មែរ-សៀម ឆ្នាំ១៥៨៤

នៅឆ្នាំ១៥៨៤ គឺក្រោយពីក្រុងអយុធ្យា បានរំដោះចេញពីការគ្រប់គ្រងរបស់ក្រុងហង្សាវតី រយៈពេល១៩ឆ្នាំមក ព្រះចៅ ណាន់ដា បាយីង នៅតែមិនអស់ចិត្តចំពោះការបាត់បង់អយុធ្យា ហើយបានរៀបចំផែនការវាយលុកអយុធ្យាជាញឹកញាប់ ធ្វើយ៉ាងម៉េចឲ្យបាន អយុធ្យាត្រឡប់ទៅវិញឲ្យខាងតែបាន។ ប្រមាណតែ៧ខែក្រោយប្រកាសឯករាជ្យភាពរបស់អយុធ្យា ព្រះចៅណាន់ដា បានរៀបចំទ័ពដោយសំងាត់ជា ពីរក្រុម ដើម្បីវាយប្រហារអយុធ្យា ដោយកងទ័ពក្រុមទី១ មានប្រមាណ ៣ម៉ឺន នាក់ ដឹកនាំដោយព្រះបេតុលាផ្ទាល់របស់ព្រះអង្គ ហើយបោះទីតាំងជំរុំនៅតំបន់ ចេតីយ៣ អង្គ (ខេត្ត កញ្ចណៈបុរី បច្ចុប្បន្ន) ចំណែកឯក្រុមទី២ ដឹកនាំដោយ ព្រះបាទ ណារ៉ាថា មេងសន ស្តេចនគរឡានណា លើកទ័ព ១សែននាក់ពី ឈៀងម៉ៃ មករួមនឹងក្រុមទី១នៅកញ្ចណៈបុរី។

រីឯសម្តេចព្រះនរេសូរ្យ ដែលនៅជាមេទ័ពក្រុងអយុធ្យានៅឡើយ បានដឹងពី ឧបាយកលនេះ ហើយទ្រង់ព្រះតំរិះថាបើសិនជារង់ចាំតែទប់ទល់ ហើយបណ្តោយឲ្យកងទ័ពភូមាទាំងពីរក្រុមមកជួបគ្នានោះ ច្បាស់ជាមិនអាចទប់ទល់បាន ហើយបរាជ័យគឺប្រាកដនៅនឹងមុខ។ ព្រះអង្គបានរៀបចំកលយុទ្ធ វាយកងទ័ព ភូមាម្តងមួយៗ។ នៅពេលដែលដឹងថាកងទ័ពភូមាក្រុមទី១ បានមកបោះទីតាំង រួចហើយនោះ សម្តេចព្រះនរេសូរ្យ បានចាត់បញ្ជាឲ្យឧកញ៉ាពញាចក្រី លើក ទ័ពនាវិកប្រកបដោយកាំភ្លើងធំតាមផ្លូវទឹកទៅវាយកងទ័ពភូមាដែលមិនទានបានត្រៀមខ្លួននោះ ឲ្យរត់បរាជ័យទាំងមិនទាន់បានចូលសមរភូមិផង។

និយាយពីក្រុងស្រីអយុធ្យាឯណេះវិញ ព្រះបាទមហាធម្មរាជាបានយល់ឃើញ ថាអយុធ្យាទើបតែបានឯករាជ្យ ហើយកំលាំងនៅទន់ខ្សោយខ្លាំងណាស់ ទ័ពភូមាលើកមកវាយមានច្រើនណាស់ ព្រះអង្គក៏បានសម្រេចព្រះទ័យសុំជំនួយ ពីក្រុងលង្វែក។ ព្រះបាទសត្ថាបរមមហិន្ទរាជា នៃក្រុងលង្វែកបានបញ្ជូនកងទ័ព ចំនួន២ម៉ឺននាក់ក្រោមការដឹកនាំរបស់ព្រះស្រីសុរិយោពណ៌ ជាឧបរាជ ដើម្បីមកជួយក្រុងអយុធ្យា។

បន្ទាប់ពីកងទ័ពភូមាក្រុមទី១ បានបរាជ័យ ទ័ពដែលនៅសេសសល់បានមក បោះទីតាំងនៅក្រុងវិសេស ឆៃឆាន (ខេត្តអាងថង បច្ចុប្បន្ន) ដើម្បីរង់ចាំ ក្រុមទី២។ កងទ័ពក្រុមទី២ របស់ភូមា មិនបានដឹងពីបរាជ័យក្រុមទី១ លើកទ័ព មកយ៉ាងគគ្រឹកគគ្រេង មិនបានរៀបចំយុទ្ធសាស្រ្តអ្វីត្រឹមត្រូវនោះទេ។ 
សម្តេច ព្រះនរេសូរ្យ ដែលទ្រង់ស្គាល់ច្បាស់ពីអត្តចរិតរបស់ព្រះចៅក្រុង ឡានណា ថាជាមនុស្សអួតក្អេងក្អាង និងចិត្តក្តៅអន្ទះសារ បានរៀបចំយុទ្ធសាស្រ្តបែងចែក ការវាយប្រហារកងទ័ពភូមាជាលំដាប់លំដោយ ហើយភាគច្រើនធ្វើជាចាញ់ ដើម្បីឲ្យកងទ័ពភូមាបានចិត្ត និងមានអំនួតកាន់តែខ្លាំងឡើង។ នៅក្នុងសមរភូមិធំ ព្រះនរេសូរ្យបានបញ្ជាឲ្យកងទ័ពស្រួចដែលដឹក នាំដោយ ព្រះរាជមនូ (នាយធីង មិត្តកុមារភាពរបស់ព្រះនរេសូរ្យ) ធ្វើជាចាញ់ ហើយដក ថយឲ្យទាហានភូមាដេញតាមរហូតចូលអន្ទាក់របស់ព្រះនរេសូរ្យ ហើយទីបំផុត ទ័ពភូមាទទួលបរាជ័យ ហើយមេទ័ពគឺព្រះចៅក្រុងឡានណា ត្រូវបានចាប់ខ្លួន ទាំងរស់។

នៅក្នុងសង្រ្គាមលើកនេះ បើទោះជាមានវត្តមានកងទ័ពក្រុងលង្វែកទៅជួយ ប្រយុទ្ធក្នុងនាមសម្ព័ន្ធមិត្តនឹងអយុធ្យា ប៉ុន្តែ ការប្រះស្រាំ និងទំនាស់រវាងភាគី ទាំងពីរបានស្តែងឡើងចាប់ពីពេលហ្នឹងមក។

បើយោលតាមប្រវត្តិសាស្រ្ត របស់សៀមគេបាននិយាយថា៖
បើទោះបីមានកងទ័ពខ្មែរទៅជួយក៏ពិតមែន តែខ្មែរមានកលល្បិច និងកេងចំណេញ។ តាមរយៈសង្រ្គាមលើកនេះ គេចោទ ប្រកាន់កងទ័ពខ្មែរដូចជា៖
-កងទ័ពខ្មែរមិនគោរពទៅតាមច្បាប់អាជ្ញាសង្រ្គាម៖ គឺនៅពេលដែល ព្រះនរេសូរ្យ រៀបចំកលល្បិច ប្រយុទ្ធជាមួយកងទ័ពភូមាដោយបែងចែក កងទ័ពជាក្រុមៗ ហើយសុំឲ្យធ្វើជាចាញ់ដកថយ តែទ័ពខ្មែរមិនព្រម ព្រោះថាបើធ្វើចាញ់នាំឲ្យខូចកិត្យានុភាពរបស់ស្តេចខ្មែរ។
-ទ័ពខ្មែរមកជួយតែមានកលល្បិច៖ គឺនៅពេលមកជួយទ័ពអយុធ្យានោះ ទ័ពខ្មែរ បានឆ្លៀតឱកាសមើលពីទម្រង់ក្បួនទ័ពរបស់អយុធ្យា និងកេងចំណេញ លើកម្លាំងទ័ព។ ព្រះស្រីសុរិយោពណ៌ប្រាប់ទៅក្រុមមន្រ្តីថា មុន នឹងក្រោយ អយុធ្យា និងលង្វែកគង់តែមានសង្រ្គាមធំជាមួយគ្នាទេ បើយើងចេញ ទ័ពជួយ គឺនាំឲ្យខាតកម្លាំងទ័ពឥតប្រយោជន៍ យើងរង់ចាំមើលពួកគេប្រយុទ្ធគ្នា របួស ទាំងសងខាង ហើយចំណេញដល់ក្រុងលង្វែកយើង។ 
-ទ័ពខ្មែរលោភលន់ និងឆ្លៀតឱកាស៖ រាល់ពេលប្រយុទ្ធចប់ម្តងៗ កងទ័ពខ្មែរ ដែលមិនបានបញ្ចេញកម្លាំងអីសោះនោះ តែងតែឆ្លៀតឱកាសពេលទ័ព សៀម សម្រាក និងព្យាបាលរបួស ដើរប្រមូលជ័យភណ្ឌ័សង្រ្គាម និងទ្រព្យសម្បត្តិមាន តម្លៃទាំងឡាយទុកជារបស់ខ្លួន។ នៅពេលវាយបែកបន្ទាយវិសេសឆៃឆាន របស់ភូមា ពេលដែលកងទ័ពកំពុងតែមានប្រៀបខ្លាំង វាយបែកបន្ទាយទៅហើយនោះ កងទ័ពខ្មែរបានចូលទៅក្នុងបន្ទាយមុន រួចហើយប្រមូលទ្រព្យសម្បត្តិទាំងអស់ មិនបានសម្តែងការគោរពទៅដល់ព្រះនរេសូរ្យ។ 
ប្រការទាំងអស់នេះហើយ ដែលធ្វើឲ្យព្រះនរេសូរ្យ និងមន្រ្តីសៀមទាំងអស់ឃ្នើសចិត្តយ៉ាងខ្លាំង ហើយពេលដែលទទួលបានជ័យជំនះហើយ ក៏ព្រមានកងទ័ពខ្មែរ ដោយកាត់ក្បាលឈ្លើយសឹកភូមា ហើយប្រមាថកងទ័ពខ្មែរ និងកាត់ផ្តាច់សម្ព័ន្ធភាពចាប់ពីពេលនោះតមក។

បើនិយាយអំពីប្រវត្តិសាស្រ្តខ្មែរទាក់ទងនឹងប្រភពទំនាស់ត្រង់កាលសង្រ្គាមនោះវិញ ហើយបើយោងតាមឯកសារមហាបុរសខ្មែរនិយាយថា កងទ័ពខ្មែរបានចូលរួមប្រយុទ្ធ យ៉ាងក្លៀវក្លាក្នុងសមរភូមិ ជាពិសេសគឺបាន សហការយ៉ាងល្អជាមួយព្រះអនុជ ឯកាទសរថ របស់អយុធ្យា ឈ្នះគ្រប់សមរភូមិ។ កាលដែលព្រះនរេសូរ្យឈ្នះភូមាហើយ គេកក្លើនព្រះរាជហឬទ័យណាស់ គឺគេបានលើកទ័ពចូលមកព្រះទីនាំង ហើយក៏ទតឃើញព្រះស្រីសុរិយោពណ៌ គង់លើកៅអីសំយុងព្រះបាត(សំយុងជើង) មិនព្រមថ្វាយបង្គំគោរព ព្រះនរេសូរ្យខ្ញាល់ខ្លាំងណាស់ក៏បញ្ជាឲ្យគេយកឈ្លើយសឹក(ទ័ពភូមា)ទៅសម្លាប់កាត់ក្បាល ហើយព្យួរពីមុខទីនាំងរបស់ព្រះស្រីសុរិយោពណ៌។ ព្រះអង្គឃើញដូចន្នេះ តូចព្រះទ័យណាស់ ហើយតម្រាស់ថា "យើងត្រូវចងអាឃាតនឹងវាឲ្យបាន ធ្វើគុណនឹង អាសៀមនេះឥតប្រយោជន៍សោះ ព្រះនគរទាំងពីរនឹងដាច់ ព្រះរាជមេត្រី ដោយ ហេតុតែវាមើលងាយយើង"។

យោងតាមឯកសារប្រវត្តិសាស្រ្តរបស់លោក ឡឺក្លែរ បាននិយាយស្រដៀងគ្នានឹងមហាបុរសខ្មែរដែរ ឬសគល់នៃជំលោះគឺមកពីម្នាក់ៗ ចង់ធ្វើជាមេតែម្នាក់ឯងគត់ មិនកោតក្រែងគ្នាទៅវិញ​ទៅមក។

ប៉ុន្តែ បើតាមឯកសារប្រវត្តិសាស្រ្តរបស់លោក ត្រឹង ងារ មានចំណុចមួយ បញ្ជាក់ថា ក្រោយពីសៀមរំដោះខ្លួនពីភូមាមក សៀមតែងតែលើកទ័ពមកវាយខ្មែរ ជាញឹកញាប់ព្រោះតែខ្មែរមិនគោរពពាក្យសច្ចៈ និងសន្ធិសញ្ញា។ តែការពិតនេះ គ្រាន់តែលេសនយោបាយសៀមក្នុងក្របខណ្ឌពង្រីកទឹកដីរបស់ខ្លួនប៉ុណ្ណោះ។

ដោយឡែកតាមឯកសារប្រវត្តិសាស្រ្តរបស់លោក ដេវិឌ ឆាណ្ឌល័រ នៅក្នុងរយៈពេលនោះមានពួកអ៊ឺរ៉ុបមួយចំនួនបានសរសេរពីកម្ពុជា និងអាស៊ីអាគ្នេយ៍ច្បាស់។ លោកបានពិណ៌នាថា ក្នុងរយៈកាលសតវត្សទី១៥-១៦ នោះប្រទេសកម្ពុជាចូលចិត្តធ្វើសង្រ្គាម ដែលព្រះរាជា គ្មានស្តាប់បង្គាប់នរណាម្នាក់នោះទេ។

នៅមានឯកសារបរទេសមួយចំនួនទៀត(ព័រទុយហ្គាល់ និងអេស្បាញ) ដែលសរសេរជារួមខ្លី អំពីទំនាស់នៃនគរទាំងពីរនោះគឺភាពជាបងធំ នៅក្នុងតំបន់ ហើយសម្ព័ន្ធមេត្រីភាពរវាងអយុធ្យា និងខ្មែរបែកបាក់គឺដោយសារទំនាស់ ផលប្រយោជន៍រវាងនគរទាំងអស់៕
----------------------------------
ដោយ៖ Ny Watthanak

No comments:

Post a Comment