Wednesday, September 12, 2018

ប៉ុល ពត រៀបចំ​ផែន​ការធ្វើគត់​សម្តេចព្រះ​ នរោត្តម សីហនុ​ និង រាជវង្ស ១៩៧៦

លោក ប៉ុល ពត រៀបចំ​ផែន​ការធ្វើគត់​សម្តេចព្រះ​ នរោត្តម សីហនុ​ និង រាជវង្ស
==============================

លោក លោកស្រី មិត្រអ្នកអាន ជាទីមេត្រី !
ដោយបានឃើញនូវព្រឹត្តិហេតុប្រវត្តិសាស្ត្រខ្មែរយើង តាមរយៈអ្នកសរសេរព័ត៌មាននានានៅដំណាក់កាលដើមរបបខ្មែរក្រហម ដ៏មហាប្រល័យ (១៩៧៥-៧៦) ជាពិសេស ពាក់ព័ន្ឌនឹងការរៀបផែនការធ្វើគត់សម្តេចព្រះ នរោត្តម សីហនុ នាសម័យកាលនោះ ទៀតផង ។ 
ដើម្បីជាបច្ច័យក្នុងការស្វែងយល់បន្ថែមរបស់លោកអ្នក អំពីកាលប្បវត្តិនានាក្នុងប្រវត្តិសាស្ត្រខ្មែរយើង ខ្ញុំបាទសូមពាំនាំ នូវអត្ថបទមួយ ដែលបានចងក្រងឡើង ដោយលោក ជ័យ ចេស្តារ នៅក្នុងគេហទំព័រ DTN-News ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នេះ ដោយមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយ តាមខ្លឹមសារទាំងស្រុង ដូចតទៅ ៖

យោងតាម​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​ធ្លាប់បាន​លើកឡើងថា សម្តេចព្រះ​នរោត្តម សីហនុ ដែលមាន​តួនាទី​ជា​ប្រមុខ​នៃ​រដ្ឋាភិបាល​និរទេស​ដែលមាន​ឈ្មោះថា​រដ្ឋាភិបាល​រួបរួម ជាតិ​កម្ពុជា​បាន​ស្ថិតនៅ​ទីក្រុង​ប៉េកាំង​ខណ​:​ពេលដែល​ចលនា​នេះ​ទទួលបាន​ជ័យជំនះ​ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ នៅក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចូលរួម​ជាមួយ ចលនា​រួបរួម​ជាតិ​នេះ​ក៏បាន​ពន្យារពេល​នៃ​ការយាង​ព្រះអង្គ​ត្រឡប់មក​កម្ពុជា​វិញ​រហូតដល់​ខែ កញ្ញា ឆ្នាំ ១៩៧៥ បន្ទាប់ពី​មាន​បទ​អន្តរាគមន៍​ពី​លោក ម៉ៅ សេទុង មេដឹកនាំ​បក្ស​កុម្មុយនីស្ត ចិន ។​

​បើតាម​លោក ណា​យ៉ាន ចាន់​ដា អ្នកនិពន្ធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ឈ្មោះ «​បងប្អូន​ដែលជា​សត្រូវ​» «​សង្គ្រាម​ក្រោយពេល​សង្គ្រាម​» សម្តេចព្រះ​នរោត្តម សីហនុ នៅមុន ថ្ងៃជ័យ​ជំនះ​របស់​ខ្មែរក្រហម ខែមេសា ឆ្នាំ ១៩៧៥ ខណ​:​គង់នៅ​ក្នុង​ទីក្រុង​ប៉េកាំង ព្រះអង្គ​ធ្លាប់មាន​ព្រះរាជបន្ទូល​ប្រាប់​ទៅ​លោក ម៉ៅ សេទុង មេដឹកនាំ​ចិន​ថា ព្រះអង្គ​នឹង​ចូលនិវត្តន៍ នៅពេល​កម្លាំង​ចលនា​តស៊ូ​រួបរួម​ជាតិ​ដណ្តើមបាន​ទីក្រុង​ភ្នំពេញ ពីព្រោះ​ព្រះអង្គ​មិនអាច​ធ្វើ ការងារ​ជាមួយ​ពួក​ខ្មែរក្រហម​បានទេ ។ ពេលនោះ​លោក​ប្រធាន ម៉ៅ សេទុង បាន​ជំទាស់​ទៅ នឹង​ព្រះរាជបំណង​របស់​ព្រះអង្គ​យ៉ាងខ្លាំង​ក្លា ។​

​លោក ម៉ៅ បាន​ពោល​ទៅកាន់ សម្តេចព្រះ​នរោត្តម សីហនុ ដូច្នេះ​ថា ព្រះអង្គ​គួរតែ​ជួយ ជ្រោមជ្រែង​ពួក​ខ្មែរក្រហម ។ ភាពមិន​ចុះសម្រុង​គ្នា​រវាង ព្រះអង្គ និង ពួកគេ​គឺមាន​តែ​ចំនួន ២០ ភាគរយ​ប៉ុណ្ណោះ ចំណែក​នៅសល់​ចំនួន ៨០ ភាគរយ​ទៀត​នោះ​គឺជា​ការយោគយល់​គ្នា ទៅវិញទៅមក ។ ដូច្នេះ​ត្រូវ​បំភ្លេច​ចំនួន ២០ ភាគរយ​នោះ​ចោល​ទៅ ។​

​ពេលនោះ សម្តេចព្រះ​នរោត្តម សីហនុ បាន​មាន​ព្រះរាជបន្ទូល​តប​ទៅ​ថា មិនអាច​ទៅរួច​ទេ ប៉ុន្តែ​ព្រះអង្គ​ក៏​មិន​ប្រកែក​ជាមួយ​លោក​ប្រធាន ម៉ៅ សេទុង យើង​កំពុង​តែមាន​ជំងឺ​នោះ ដែរ ។ ទោះបីជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​យាង​និវត្តន៍​ចូលមក​ដល់​ប្រទេស​កម្ពុជា​វិញ ព្រះអង្គ​បាន​ឈ្វេង​យល់ថា ការមិនចុះសម្រុង​គ្នា​រវាង​ព្រះអង្គ​និង​ពួក​ខ្មែរក្រហម​មិនមែន​មាន ត្រឹមតែ ២០ ភាគរយ ដូច​លោក ម៉ៅ សេទុង បាន​អះអាង​នោះទេ ប៉ុន្តែ​វា​មាន​ពេញ​រហូតដល់ ១០០ ភាគរយ តែម្តង ។ កម្មាភិបាល​យើង​ធ្លាប់បាន​តស៊ូ​បដិវត្តន៍​ជាមួយ​ខ្មែរក្រហម​បាន​បង្ហើប អោយដឹងថា មេដឹកនាំ​ខ្មែរក្រហម​បាន​អប់រំ​កម្មាភិបាល​របស់​ពួកគេ​កុំអោយ​ជឿ​លើ សម្តេចព្រះ​នរោត្តម សីហនុ ប៉ុន្តែ​អោយ​ទុក​មហាជន​មាន​ជំនឿ​លើ​ព្រះអង្គ​ចុះ ។​

​នៅក្នុង​ពេលនោះ​ការអប់រំ​មាន​លក្ខណ​:​សម្ងាត់​ពីរបែប គឺ​លក្ខណ​:​ចំហ និង សម្ងាត់ ។ តាម​លក្ខណ​:​សម្ងាត់​គេ​អប់រំ​ថា បើ​យើង​មាន​ស្វាមីភក្តិ​ចំពោះ សម្តេច សីហនុ គឺ​គ្មាន​ប្រយោជន៍​ទេ​សម្រាប់​យើង​មក​តស៊ូ​ធ្វើ​បដិវត្តន៍​នោះ​ពួកយើង​ត្រូវការ​ព្រះអង្គ​អោយនៅ​ពីមុខ យើង ពីព្រោះ​ប្រជាជន​គោរព​ស្រឡាញ់​ព្រះអង្គ ដូច្នេះ​យើង​ត្រូវការ​ព្រះអង្គ​ដើម្បី​បាន​កម្លាំង គាំទ្រ​ពី​ប្រជាជន ។ ប៉ុន្តែ​ជាសម្ងាត់ សម្តេចព្រះ​នរោត្តម សីហនុ ជាស​ត្រូវ​របស់​យើង ។ ក្រោយពី​បាន​ឡើងកាន់​កាប់​ប្រទេស​កម្ពុជា​ទាំងស្រុង​នៅ​ថ្ងៃទី ១៧ ខែមេសា មេដឹកនាំ​ខ្មែរក្រហម​មិនទាន់​ហ៊ាន​ផ្លាស់ប្តូរ​មុខតំណែង​របស់​ព្រះអង្គ​ភ្លាមៗ​ទេ ដោយសារ​ព្រះអង្គ​មានការ​គាំទ្រ​ពី​មេដឹកនាំ​កំពូល​នៃ​ប្រទេស​ចិន​គឺ​លោក ម៉ៅ សេទុង និង លោក ជូ អេ​ន​ឡាយ ដែល​បាន​ធ្លាប់ធ្វើ ជា​មិត្ត​របស់​ព្រះអង្គ​តាំងពី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ នោះមក ។​

​វិទ្យុ​នេះ​លើកឡើងថា ក្នុង​ខែមករា ឆ្នាំ ១៩៧៦ មេដឹកនាំ​ចិន​គឺ​លោក ជូ អេ​ន​ឡាយ ដែលជា​អ្នកគាំទ្រ​ដ៏​សំខាន់​ម្នាក់​របស់ សម្តេចព្រះ​នរោត្តម សីហនុ បានទទួល​មរណភាព​នៅ ក្នុង​ទីក្រុង​ប៉េកាំង ។ ពេលនោះ​ហើយ​ដែល ប៉ុល ពត និង សហសេវិក​របស់គាត់​ក្នុង​ជួរ​បក្ស កុម្មុយនីស្ត​កម្ពុ​ជាមាន​អារម្មណ៍​ថា​ឥឡូវនេះ​ពួកគេ​អាច​ដក​ព្រះអង្គ​អោយនៅ​ក្រៅ​សង្វៀន​បាន ហើយ ។ មុន​ដល់់​វេន​ព្រះអង្គ ពួក​អ្នកគាំទ្រ​ព្រះអង្គ ឬ ហៅថា ពួក សីហនុ និយម​ជាច្រើន​នាក់ ត្រូវបាន​មេដឹកនាំ​ខ្មែរក្រហម​ដកហូត​និង​កម្ទេចចោល​ជា​បន្តបន្ទាប់ ។​

​លោក​បណ្ឌិត ស្តេ​ហ្វិ​ន ម៉​រី​ស អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​លើកឡើងថា អ្នកគាំទ្រ​ព្រះអង្គ ឬ អ្នក​សីហនុ​និយម ជាច្រើន​នាក់​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា​ក្នុង អំឡុងពេល​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ត្រូវបាន ប៉ុលពត សម្លាប់ចោល ។ ប៉ុន្តែ​ពី​ចុងឆ្នាំ ១៩៧៥ ឡើងទៅ​ព្រះ​អង្គជា​អ្នកទោស​របស់​ខ្មែរក្រហម ដូច្នេះហើយ​ព្រះអង្គ​មិនអាច​ធ្វើ​អ្វី​បាន ច្រើន​ទេ​សម្រាប់​មាតុភូមិ​របស់​ព្រះអង្គ ។​

​នៅ​ដើមខែ​មីនា ឆ្នាំ ១៩៧៦ សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បានដាក់​លិខិត​លា លែង​ឈប់​ពី​តំណែង​ប្រមុខរដ្ឋ ហើយ​សង្ឃឹមថា ការលាលែង​នៅ​នឹងត្រូវ​ចិត្ត​មេដឹកនាំ​របស់ បក្ស​កុម្មុយនីស្ត​កម្ពុជា ។​​ជុំវិញ​ការលាលែង​របស់ សម្តេច សីហនុ ទស្សន​:​ខ្មែរក្រហម​ចំពោះ​មូលហេតុ​និង លទ្ធផល​នៃ​ការលាលែង​របស់ សម្តេច សីហនុ

​យោងតាម​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​លើកឡើងថា នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៧៦ កម្ពុជា​ប្រជាធិបតេយ្យ​បានរៀបចំ​ប្រជុំ​គណ​:​អចិន្ត្រៃយ៍​រណសិរ្ស​ដោយ មានការ​ចូលរួម​ពី​សំណាក់​សម​មិត្ត​លេខា ( ប៉ុល ពត​) សម​មិត្ត អនុ​លេខា (​នួន ជា​) សម​មិត្ត វន (​វន វ៉េ​ត​)​សម​មិត្ត ខៀវ (​សុន សេន​) សម​មិត្ត ហែម (​ខៀវ សំផន​) សម​មិត្ត ឌឿ​ន សម​មិត្ត ទុំ និង សម​មិត្ត ទូច ។ កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​របៀប​វារ​:​តែ​នៅក្នុង​កំណត់ហេតុ​នៃ​អង្គប្រជុំ អចិន្ត្រៃយ៍​រណសិរ្ស ចុះ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ១៩៧៦ បញ្ជាក់ថា សម​មិត្ត ហែម (​ខៀវ សំផន​) បាន​រាយការណ៍​ជូន​អចិន្ត្រៃយ៍​អំពី​ការលាឈប់​របស់ សម្តេច សីហនុ។​

​សម្តេច សីហនុ បាន​ផ្ញើ​សំបុត្រ​ជា​ភាសា​បារាំង​ជូន​អង្គការ​ពីរ​ច្បាប់ ។ ១ ច្បាប់​ស្នើសុំ លាឈប់​ហើយ​បញ្ជាក់​ពី​មូលហេតុ​សំខាន់ៗ​ដែលនាំអោយ សម្តេច លាឈប់ ពិសេស សម្តេច ចង់​សង្កត់​លើ​បញ្ហា​រោគ​ផ្សេងៗ​របស់ សម្តេច ដែល​ពុំ​អនុញ្ញាតអោយ​សម្តេច បន្តទៅទៀត ។ រីឯ ១ ច្បាប់​ទៀត​ជា​សេចក្តីរាយការណ៍​ចំពោះ​«​ប្រជាជន​កម្ពុជា​ប្រជាធិបតេយ្យ ថា សម្តេច លាឈប់​មុន​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧៦» ។​

​តាម​មតិ​របស់​អង្គ​ការមូល​ហេតុដែល​នាំ សម្តេច សីហនុ លាឈប់​មាន​ពីរ​យ៉ាង​គឺ : ១ មូលហេតុ​វែងឆ្ងាយ និង ២ មូលហេតុ​ចំពោះមុខ ។ អង្គ​ការអោយ​ហេតុផល​ថា ចំពោះ​មូលហេតុ​វែងឆ្ងាយ​គឺ​ទំនាស់​វណ្ណ​:​ជា​មូលដ្ឋាន​រវាង​បដិវត្តន៍ និង សម្តេច ព្រមទាំង​គ្រួសារ ។​ ​ខ្មែរក្រហម​ហាក់​ទាញ​ផលប្រយោជន៍​ពី សម្តេច សីហនុ សម្រាប់​បញ្ហា​ក្រៅប្រទេស ។ ប៉ុន្តែ​សម្រាប់​កិច្ចការ​ក្នុងប្រទេស ពិសេស​ការដឹកនាំ​ខ្មែរក្រហម​មិនត្រូវ​ការ​ទ្រង់​ឡើយ ។ ដូចដែល​សៀវភៅ​កំនត់ហេតុ​របស់​ខ្មែរក្រហម​បាន​គូសបញ្ជាក់ថា​«​តស៊ូ​ប្រជាជាតិ តស៊ូ​ប្រជាធិបតេយ្យ​ដើម្បី​ឈានចូល​សង្គមនិយម ចំពោះ សម្តេច សីហនុ គឺ​យើង​អោយនៅ​ដដែល តែ​ត្រូវ​បក្ស​យើង​ដឹកនាំ ហើយ​ដាច់ខាត​មិនអោយ​បុគ្គល​នេះ​ក្តាប់​អំណាច​ទេ​» ។​ដូច្នេះ​នៅក្នុង ក្រសែភ្នែក​របស់​ខ្មែរក្រហម សម្តេច សីហនុ មិនមែនជា​ធាតុ​ផ្សំ​ដ៏​សំខាន់​របស់​ក្បាលម៉ាស៊ីន ខ្លួន​ទេ។​

​មតិ​អង្គការ​រៀបរាប់​ពី​ជីវិត​បរិយាកាស​ជុំវិញ​និង​ជម្រើស​របស់ សម្តេច សីហនុ ថា «​សម្តេច អត់​ការងារ​ធ្វើ​អផ្សុក ហើយ​បរិយាកាស​នៅ​ជុំវិញ ពិសេស​ប្រពន្ធ​យំ​ជាប់​ជំរុញ​អោយ គាត់​ទ្រាំ​មិនបាន ។ បើ​នៅ​តទៅទៀត​ក៏​មិនយូរ យ៉ាងច្រើន​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ ។ បើ​គង់តែ​ទៅជា ដដែល​ទៅមុខ​អោយ​ហើយ​ទៅ​ល្អ​ជាង​» សម្តេច សីហនុ ក៏មាន​ព្រះបន្ទូល​ត្អូញត្អែរ​ស្រដៀង​គ្នា នេះដែរ​ថា​«​ខ្ញុំ​គ្មាន​កិច្ចការ​ណាមួយ​ដែល​ត្រូវធ្វើ​សម្រាប់​ប្រទេស​ខ្ញុំ ឬ អតីត​ប្រជារាស្ត្រ​ខ្ញុំ​ឡើយ ។ ដោយ​ត្រូវបាន​គេ​ដាក់​នៅក្នុង​សភាព​មនុស្ស​គ្មាន​ការងារ​ធ្វើ​ដូច ភូ​រិ​ស្ស​រ៉ា ដែល​អួតថា ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ខ្មោច​នោះ ខ្ញុំ​សាកល្បង​រំលាយ​ទុក្ខ​កង្វល់​ដោយ​អាន​អត្ថបទ​ផ្សេងៗ​ដែល រៀបរាប់​ពី​ម្ហូប​ឆ្ងាញ់ៗ​នៅក្នុង​ប្រទេស​បារាំង​… ខ្ញុំ​នឹក​ស្រមៃ​ដល់​ប្រទេស​បារាំង​ដើម្បី​ព្យាយាម បំភ្លេច​កម្ពុជា​អភ័ព្វ​របស់ខ្ញុំ​»។​

​កិច្ចប្រជុំ​អចិន្ត្រៃយ៍​សម្តែង​នូវ​មោទនភាព​ថា ប្រជាជន​កម្ពុជា​ទាំងមូល កម្មាភិបាល និង កងទ័ព​ទាំងអស់​បាន​ដកដង្ហើម​ធំ​ចុងក្រោយ​របស់ខ្លួន​ផុត​ហើយ ។ រីឯ​ដំណោះស្រាយ​ការចាត់ តាំង​ក្នុង​អង្គការ​យើង​បាន​ស្រួល​ហើយ គ្មាន​ការពាក់ព័ន្ធ​អ្វី​ទៀត​ទេ ។ ចំពោះ​កិច្ចការបរទេស ដែល​ខ្មែរក្រហម​យល់ថា សម្តេច សីហនុ ជា​កត្តា​ចម្បង​នោះ​ក៏ត្រូវ​អង្គការ​មាន​សុទិដ្ឋិនិយម​ថា នឹង​គ្មាន​បញ្ហា​ដែរ​ក្រោយពេល សម្តេច សីហនុ សុំលាលែង ។ «​ការងារ​បរទេស​យើង​នឹង​ល្អ​ជាង​មុន ព្រោះ​យើង​ធ្វើខ្លួន​យើង យើង​មាន​ជំហរ​ខ្លួន​យើង ព្រោះ​អត់ សីហនុ យើង​ជ្រះស្រឡះ » ។​

​នៅក្នុង​ទិសដៅ​ទី​ពីរ​ដែលជា​ប្រការ​ទប់ទល់​នឹង​ការមិន​ព្រម​លាលែង​របស់ សម្តេច នោះ អង្គការ​បានលើកឡើង​ថា​«​យើង​នឹង​ប្រជុំ​មន្ត្រី​ដើម្បី​សម្រេច​» ។ បើតាម​សេចក្តីរាយការណ៍ របស់​សម​មិត្ត ហែម សម្តេច សីហនុ ហាក់ដូចជា​មិន​ក្រាញននៀល​ដូចដែល​គណ​:​ប្រជុំ​អចិន្ត្រៃយ៍​បានគិត​នោះទេ ។ នៅក្នុង​«​មតិ​របស់​អង្គការ​ក្នុង​អង្គប្រជុំ​យប់​ថ្ងៃទី ១៣» សម​មិត្ត ហែម បញ្ជាក់​ច្បាស់​ថា​«​គាត់​សម្រេច​សុំលាលែង​ពី​តំណែង​ដាច់ខាត​» ។ សម​មិត្ត ហែម បាន បន្តទៀតថា សម្តេច សីហនុ ទទូច​ហើយ​ទទូច​ទៀតថា​«​សូម​អង្គការ​អាណិត​អោយ​ខ្ញុំ​លាលែង ផង ។ អោយ​ខ្ញុំ​សំពះ​លូន​ក៏បាន​ដែរ អោយតែបាន​ឈប់​» ។

​សម​មិត្ត​លេខា​(​ប៉ុល ពត​)​ចាត់ទុក​ការលាលែង​នេះ​ជា​បញ្ហា​ធំ​«​ទុកអោយ​អង្គការ​មជ្ឈិម យើង​ជា​អ្នកអារកាត់​ចុះ​» ។ ទន្ទឹមនឹង​ពេល​គ្នា​នេះដែរ សម​មិត្ត លេខា បាន​ព្រមព្រៀង​ជា​គោល គំនិត​យើង​អង្គការ​អចិន្ត្រៃយ៍​ទាំងមូល​យល់ព្រម​ដែរ ។ គំនិត​សំខាន់ៗ​មានដូចជា​មិនអោយ សម្តេច សីហនុ ចេញទៅ​ក្រៅប្រទេស ប្រជុំ​គណ​:​រដ្ឋមន្ត្រី​ដើម្បី​សម្រេច​រួចហើយ​ទៅ​ជួប សីហនុ ទៀត​ដោយមាន ប៉ែន នុត ចូលរួម​ផងដែរ និង វាយ​ខ្សែលួស (​ទូរស័ព្ទ​)«​អោយ​កូន​គាត់ ភ្លាម​ដោយ​បញ្ជាក់ថា​អោយមក​ចូលឆ្នាំ​និង​បុណ្យ​ឯករាជ្យ ។ យើង​ចង់​ដោះស្រាយ​បញ្ហា​នេះ​អោយបាន​ស្អាត ។ យើង​ត្រូវ​ដោះស្រាយ​យ៉ាងនេះ​ទើប​ចំណេញ​បដិវត្តន៍​» ។​

​ការសម្រេច​របស់​យើង​សម​ហេតុផល​គ្រប់យ៉ាង ។ យើង​នៅតែ​រក្សា​គាត់ ។ តែបើ​គាត់ នៅតែ​រើបម្រះ​យើង​ត្រូវ​បញ្ចប់ ។ «​មតិ​អង្គការ​»​ក្នុង​អង្គប្រជុំ​យប់​ថ្ងៃទី ១៣ (​ខែមីនា​)​បាន​ប្រើពាក្យ​ធ្ងន់ៗ​ថា ទិស​វិវត្តន៍​របស់​បដិវត្តន៍​គឺ​ត្រូវ​បញ្ចប់​សក្តិភូមិ​យ៉ាង​ដូច្នេះ​ឯង ។ ក្រឡា​អុក​វា​ចេញ មកដល់​ត្រឹម​ហ្នឹងហើយ ។ របប​សក្តិភូមិ​ទាំងមូល​ត្រូវ​បដិវត្តន៍​កម្ទេច​និង​គាស់​រំលើង​ជា​ស្ថាពរ ។ អង្គការ​នៅបាន​ព្រលយ​ពាក្យ​ថា​« ស្តេច (​របប​រាជា​)​ដែល​មានមក​ពីរពាន់​ឆ្នាំ​ហើយ​ទីបំផុត ត្រូវ​ស្អាត​» ហើយ​ថា​«​យើង​គ្មាន​ផ្លូវ​ចេញពី​នេះ​ទេ​» ។

​ទាក់ទង​នឹង​ប្រតិកម្ម​ដែល​អាច​កើតមាន ចំពោះ​វិធានការ​របស់​អង្គការ​មានការ​និយាយ​បង្ការ ទុក​មុន​ថា ប្រតិកម្ម​ចាស់​ពិតជា​មាន​ខ្លះ តែ​យើង​ត្រូវតែ ដើរ​តាមផ្លូវ​បដិវត្តន៍​ចំណេញ​»​ហើយ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ លែងអោយ សម្តេច សីហនុ ជួប​ទូត បរទេស ហើយ​ពន្យល់​គេ​ដោយ​លេស សមរម្យ ។​

​បើតាម​ការស្រាវជ្រាវរ​ប​ស់លោក ដេវីត ឆេន​ល័​រ ក្នុងការ​សម្រេច​ដក​ព្រះអង្គ​ចេញពី តំណែង​ប្រមុខរដ្ឋ​នោះ ប៉ុល ពត បាន​ប្រាប់​ទៅ​សហ​សេ​វិល​របស់គាត់​ថា ប្រសិនបើ​អោយ សម្តេចព្រះ​ន​រោ​ត្ត សីហនុ ចាក​ចេញពី​ប្រទេស​វា​អាច​នឹង​អោយ​ចិន​មានការ​យល់ច្រឡំ​និង មិន​សប្បាយចិត្ត ពីព្រោះ​មេដឹកនាំ​ចិន​ដូចជា ម៉ៅ សេទុង និង ជូ អេ​ន​ឡាយ មាន​ទំនាក់ទំនង ល្អ​ជាមួយ​ព្រះអង្គ ។ ក្នុងពេលនោះ ប៉ុល ពត បាន​ប្រាប់​ទៅ ខៀវ សំ​ផង អោយ​ទូលថ្វាយ ព្រះអង្គ​ថា អោយ​ដក​ពាក្យ​លាឈប់​របស់​ព្រះអង្គ​វិញ ហើយ​រង់ចាំ​រហូតដល់​ក្រោយពេល បោះឆ្នោតជាតិ​រួច​ទើប​មេដឹកនាំ​របប​ថ្មី​អោយ​ព្រះអង្គ​លាឈប់ ។​

​រយ​:​ពេល ២ ថ្ងៃ​ក្រោយមក ខៀវ សំផន បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ថា សម្តេចព្រះ​នរោត្តម សីហនុ​«​លន់តួ​អង្វរ​»​សុំ​សេចក្តី​អនុញ្ញាតអោយ​ព្រះអង្គ​បាន​លាលែង​ពី​តំណែង ប្រមុខរដ្ឋ​ទៅ​ចុះ ។ ការលាលែង​របស់​ព្រះអង្គ​ត្រូវ​បានទទួល​យល់ព្រម​នៅ​ថ្ងៃទី ២ ខែមេសា ១៩៧៦ ។​

​ក្រោយពី សម្តេចព្រះ​នរោត្តម សីហនុ លាលែង​ហើយ ពួក​ខ្មែរក្រហម​បានចាប់ផ្តើម​ឃុំឃាំង​ព្រះកាយ​ព្រះអង្គ​មិនអោយ​មានអំណាច​និង​សេរីភាព​អ្វី​ទាំងអស់ ។​​ឃុំឃាំង​ព្រះកាយ​សម្តេចព្រះ​នរោត្តម សីហនុ ត្រូវបាន​មេដឹកនាំ​ខ្មែរក្រហម​ឃុំឃាំង​ព្រះកាយ​អោយ​រស់នៅក្នុង​ព្រះរាជវាំង​អស់​រយ​:​ពេល ៣៣ ខែ ។ នៅជាប់​ជាមួយ​ព្រះអង្គ​ដែរ​មាន​ព្រះ​មហេសី អ្នក​ម្នាង ម៉ូ​និក និង បុត្រា​ពីរ​អង្គ ដែល​មួយ​ព្រះអង្គ​គឺ​ព្រះអង្គម្ចាស់ ន​រោ​ត្ត សីហមុនី បច្ចុប្បន្ន ព្រះ​អង្គជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ស្ថិតនៅក្នុង​ការឃុំ​ព្រះកាយ​ជាមួយគ្នា ដែរ​មាន​ព្រះ​មាតា​ក្មេក​និង​បងប្អូន​ជីដូនមួយ​រប​ស់​ព្រះអង្គ ។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​ក្រោយពេល​ព្រះអង្គ​បាន​ព្រះរាជបន្ទូល អះអាង​ប្រាប់​អ្នកកាសែត​បរទេស​ថា បុត្រាបុត្រី​និង​ចៅៗ​របស់​ព្រះអង្គ​ជាច្រើន​អង្គ​ទៀត​ត្រូវ បាន​ខ្មែរក្រហម​ធ្វើ​គត់ ។ សម្តេចព្រះ​នរោត្តម សីហនុ មានបន្ទូល​ដូច្នេះ​ថា «​កូន​របស់ខ្ញុំ ៥ នាក់ និង ចៅៗ​ចំនួន ១៤ នាក់​ត្រូវបាន​គេ​បញ្ជូន​អោយទៅ​រស់នៅ​តា​សហករណ៍ ។ តាម​ការពិត​គឺជា ជំរំ​ប្រមូលផ្តុំ​ទៅវិញ​ទេ ។ ហើយ​ពួកគេ​ទាំងអស់គ្នា​ត្រូវបាន​គេ​សម្លាប់ចោល​»៕

----------------------------------------------------------
ដោយ៖ Ny Watthanak

No comments:

Post a Comment