Sunday, February 18, 2024

ព្រះ​អង្គឌួង (១៨៤១-១៨៥៩)

នៅ​ពេល​នោះ នៅ​រាជធានី​ឧត្ដុង្គ​ឯណោះ​វិញ ប្រជាជន​កំពុង​តែ​នាំ​គ្នា​រាក់ទាក់​ស្វាគមន៍​មេទ័ព​សៀម ចៅ​ឃុន​បឌិន និង​ព្រះ​អង្គឌួង ដែល​បាន​ចាប់​ផ្ដើម​ដឹកនាំ​កិច្ចការ​ប្រទេស​ជាតិ​ហើយ ។ ព្រះ​អង្គ​បាន​ចេញ​ព្រះរាជ​បញ្ជា​ទៅ​គ្រប់​ខែត្រ​ខណ្ឌ តែង​តាំង​ចៅហ្វាយ​ខែត្រ ឬ​ទទួល​ស្គាល់​អំណាច​របស់​ពួក​មេដឹកនាំ​បះបោរ រួច​បាន​យាង​មក​គង់នៅ​ក្នុង​ព្រះរាជវាំង​មួយ​ធ្វើ​អំពី​ឈើ​នៅ​ឃ្លាំង​ស្លឹក​ជិត​ពញាឮ ដែល​ប្រជារាស្ដ្រ​បាន​នាំ​គ្នា​សង់​ថ្វាយ​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ។

ផែនទីប្រទេសកម្ពុជាឆ្នាំ ១៧៧០

ចំណែក​ពួក​អាណ្ណាម​វិញ បាន​ប្រមូល​កម្លាំង​ទ័ព និង​ភស្ដុភារ​ជា​ច្រើន​នៅ​ក្នុង​ព្រែកជីក​ហាទៀង ធ្វើ​ឱ្យ​ចៅឃុន​បឌិន​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​បាន​រំសាយ​ទ័ព​ទៅ​វិញ​ខ្លះ​ទៅ​ហើយ ហើយ​បើ​នៅ​ទាំង​អស់ ក៏​ទ័ព​នោះ​តិច​មិន​អាច​ប្រៀប​ទៅ​នឹង​ទ័ព​អាណ្ណាម​បាន​ទេ ។ ស្រាប់តែ​លេច​កប៉ាល់​ទឹក​សៀម​មួយ​កង​មក​ចុះ​ចត​នៅ​នឹង​កំពត ដោយ​មាន​ដឹក​ទ័ព​ជំនួយ​មាន​សៀម​ខ្មែរ​ម៉ាឡេ​ និង​ពួក​អឺរ៉ុប​មក​ផង ។​ ចៅ​ឃុន​បឌិន​ប្រុង​ថា​នឹង​ចេញ​ទ័ព​ទៅ​ត​ភ្ជាប់​ជាមួយ​ទ័ព​ជំនួយ​នោះ ទទួល​មាន​ដំណឹង​លេច​ឮ​ថា​ពួក​នោះ​ត្រូវ​អាណ្ណាម​វាយ​ប្រហារ ហើយ​បាន​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ស្រុក​សៀម​វិញ​ទៅ​ហើយ ។ បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ចៅ​ឃុន​បឌិន​រឹតតែ​មាន​ការ​លំបាក​ថែម​ទៀត ព្រោះ​ទើប​តែ​បរាជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​តាម​ជើង​ទឹក​មួយ​នៅ​លើ​ចូវដុក​ដែរ ក្រោយ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​អស់​ពេល​២​ថ្ងៃ ។

ពេល​នោះ​ព្រះ​អង្គឌួង​បាន​យាង​មក​គង់នៅ​ឯ​ខែត្រ​ទ្រាំង​វិញ​ជាមួយ​ទ័ព​ខ្មែរ​មួយ​កង ។​ ទ័ព​អាណ្ណាម​ដែល​ទើបតែ​វាយ​ប្រហារ​ទៅ​លើ​ទ័ព​សៀម ហើយ​បង្ខំ​ឱ្យ​ចុះ​ទូក​ចេញ​ទៅ​ស្រុក​វិញ បាន​បែរ​មក​វាយ​ទ័ព​ព្រះ​អង្គ​ម្ដង ដោយ​ជួប​ប្រយុទ្ធ​គ្នា​ស៊ីសាច់​ហុត​ឈាម​នៅ​ជើង​កញ្ចុំ (១៨៤១) ។

ព្រះ​អង្គឌួង​បាន​យាង​ត្រលប់​មក​ឧត្ដុង្គ​វិញ ទាំង​ក្ដី​អស់​សង្ឃឹម ។ ក៏​ប៉ុន្ដែ​បឌិន​បាន​ប្ដេជ្ញា​នៅ​តតាំង ហើយ​បាន​ចាត់​ឱ្យ​គេ​សង់​របាំង​ការពារ​នៅ​ទន្លេធំ លើ​ដៃទន្លេ​ចូវដុក និង​ដៃទន្លេ​តូចៗ​១០​កន្លែង​ទៀត សម្រាប់​ទប់​បង្អាក់​ដំណើរ​រុល​ទៅ​មុខ​របស់​ពួក​អាណ្ណាម ថ្វីបើ​របាំង​ខ្លះ​តូច​ក៏​ដោយ ។

ទ័ព​សត្រូវ​ទាំង​សងខាង​បាន​បោះទីតាំង​នៅ​លើ​ទឹកដី​ដែល​គេ​ដណ្ដើម​យក​បាន ហើយ​លួច​ចេញ​វាយ​គ្នា​មួយ​ដង​មួយ​កាល ជួនកាល​នៅ​ពេល​យប់ ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​ហិន​ហោច​ជា​ខ្លាំង ។ សៀម និង​អាណ្ណាម​ច្បាំង​គ្នា​នៅ​លើ​ទឹកដី​កម្ពុជា ម្ល៉ោះ​ហើយ​គេ​មិន​ប្រញាប់​ប្រញាល់​នឹង​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ។ ម្នាក់ៗ​គិតតែ​ដណ្ដើម​យក​អាណា​ខែត្រ​កម្ពុជា​មួយ​ចំនួន​ដាក់​ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន បែង​ទឹកដី​ខ្មែរ​ចែក​គ្នា ម្ល៉ោះ​ហើយ​ខិតខំ​ធ្វើ​ម៉េច​កាន់កាប់​ទឹកដី​ឱ្យ​បាន​ច្រើន តាម​តែ​អាច​ធ្វើ​ទៅ​បាន ។ អ្នក​ទាំង​២​មាន​កង្វល់​តែ​មួយ​ដូច​គ្នា គឺ​កាន់កាប់​ភ្នំពេញ​ចតុម្មុខ​ឱ្យ​បាន​ព្រោះ​ជា​បេះដូង​ និង​ជា​ចំណុច​យុទ្ធសាស្ដ្រ​របស់​ប្រទេស ។​ បើសិនជា​មិន​គិត​ពី​ចតុម្មុខ​នេះ​ទេ គេ​ប្រហែល​ជា​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព​រួច​បាត់​ទៅ​ហើយ​ ហើយ​កម្ពុជា​ទាំងមូល​ក៏​នឹង​ត្រូវ​បែងចែក​រវាង​សៀម និង​អាណ្ណាម​អស់​ទៅ​ហើយ​ដែរ ។

ដូច្នេះ​ភ្នំពេញ​ដែល​២០​ឆ្នាំ​ក្រោយ​មក​ជា​រាជធានី​របស់​កម្ពុជា​ក្រោម​កិច្ច​ការពារ​របស់​បារាំង​គឺជា​ឧបសគ្គ​មួយ​ដែល​បើ​ដើរ​ជំពប់​ទៅ​នឹង​មាន​កើត​សង្គ្រាម ឬ​មួយ​សន្ដិភាព ។ ទ័ព​អាណ្ណាម​យល់​អំពី​បញ្ហា​នេះ​ច្បាស់​ណាស់ ក៏​ប៉ុន្ដែ​ដោយ​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​ងើប​ប្រឆាំង​ហើយ ហើយ​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​គេ​ដណ្ដើម​យក​ អុង​ទួងគុន​បាន​សម្រេច​ចិត្ដ​ដក​ស្នាក់​ការ​ពី​ភ្នំពេញ​ទៅ​ដាក់​នៅ​ឯ​ចូវដុក​វិញ ។ ចៅ​ឃុន​បឌិន​បាន​ឱកាស​ក៏​ចូល​មក​កាន់​កាប់​រាជធានី​ដែល​អាណ្ណាម​បោះបង់​ចោល រួច​បាន​បញ្ជា​ឱ្យ​គេ​សង់​វាំង​មួយ​នៅ​កំពង់​វៀងភ័ក្ដ្រ ត្រង់​កន្លែង​ដែល​មាន​សាលា​ឃុំ​តាំងពី​ឆ្នាំ​១៨៨៥​មក សព្វ​ថ្ងៃជា​ទីតាំង​រោងចក្រ​ទឹកកក​នៅ​ខាងជើង​វត្ដ​ឧណ្ណាលោម ។

ពេល​នោះ​ពួក​អាណ្ណាម​បាន​ដោះ​លែង​ព្រះ​អង្គ​ឯម​ឱ្យ​មាន​សេរីភាព និង​ចាត់​ទុក​ព្រះ​អង្គជា​ស្ដេច​មួយ​អង្គ​ឡើង​វិញ ហើយ​នាំ​ព្រះ​អង្គ​មក​ភ្នំពេញ រួច​នាំ​ទៅ​ចូវដុក​ជាមួយ​នៅ​ពេល​ដែល​ពួក​គេ​ដកថយ​ទៅ ក្នុង​ក្ដី​សង្ឃឹម​ថា នឹង​ឱ្យ​ព្រះ​អង្គ​ប្រឆាំង​នឹង​ព្រះ​អង្គឌួង​ដែល​រាស្ដ្រ​ស្រលាញ់​ចូល​ចិត្ដ និង​ឱ្យ​ព្រះ​អង្គ និង​អ្នក​ដែល​គាំទ្រ​ព្រះ​អង្គ​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​សៀម​តទៅ​ទៀត ។ ដើម្បី​លាក់​បាំង​គោល​បំណង​អាក្រក់​របស់​ខ្លួន​កុំ​ឱ្យ​ប្រជាជន​មើល​ឃើញ ពួក​អាណ្ណាម​បាន​រៀប​អាពាហ៍​ពិពាហ៍​ព្រះ​ឧបរាជ​អង្គ​ឯម​ជាមួយ​អ្នក​អង្គ​ពៅ ដែល​គេ​បាន​លើក​ឱ្យ​ធ្វើ​ជា​ឧបរាជ​ដែរ រួច​ហើយ​រៀប​អាពាហ៍​ពិពាហ៍​អ្នក​អង្គ​ម្ចាស់​អង្គភឹម បុត្រា​របស់​ព្រះ​អង្គ​ឯម ជាមួយ​ព្រះ​ក្សត្រី​អង្គ​ស្ងួន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅជា​មហេសី​មួយ​អង្គ​របស់​ព្រះ​អង្គឌួង ក្រោយ​ពី​ព្រះ​អង្គភឹម​សុគត​ទៅ ។ ការ​រៀបចំ​ទុក​ដាក់​នេះ​ល្អ​ណាស់ ក៏​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ផង ព្រះ​ឧបរាជ​អង្គ​ឯម (79) ដែល​ប្រជាជន​មិន​ដែល​ចូល​ចិត្ដ​បន្ដិច​ណា​សោះ តាំង​តែ​ពី​យូរណាស់​មក​ហើយ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៨១៣​ ហើយ​អ្វីៗ​ក៏​ត្រូវ​បញ្ចប់​ទៅ​ដែរ​ទុក​ឱ្យ​ព្រះ​អង្គឌួង​នៅ​ទាមទារ​ព្រះរាជ​បល្ល័ង្ក​តែ​មួយ​ព្រះ​អង្គ​ឯង ។

អត់​ពី​ព្រះ​អង្គ​ឯម​ទៅ ពួក​អាណ្ណាម​គិត​ថា​ត្រូវ​តែ​បង្ខំ​សភាពការណ៍​ឱ្យ​បាន​ឆាប់​រហ័ស បើ​ពុំនោះ​ទេ​ត្រូវ​ធ្វើ​ការ​ចរចា ។ ពួក​គេ​ចាប់​វាយ​បន្ទាយ​ពាម​មានជ័យ (បាណាម) (80) ដណ្ដើម​យក​បាន​នៅ​ក្នុង​ខែ​សីហា រួច​ហើយ​បាន​ឡើង​តាម​ទន្លេតូច​មក​វាយ​ទៅ​លើ​បន្ទាយដែក ដែល​ព្រះរាជា​កំពុង​តែ​គង់នៅ​ដោយ​គ្មាន​ដឹង​ថា ពាម​មានជ័យ​ត្រូវ​អាណ្ណាម​ដណ្ដើម​យក​បាន​ទៅ​វិញ​ទេ ។ ប្រយុទ្ធ​គ្នា​អស់​ពេល​៣​ថ្ងៃ ព្រះរាជា​បាន​វាយ​ដកថយ​ជាមួយ​ចៅ​ឃុន​បឌិន​ទៅ​ភ្នំពេញ​វិញ ជាមួយ​នឹង​ទ័ព​សៀម​ដែល​សេស​សល់ រួច​គេច​បន្ដ​ទៅ​កាន់​ឧត្ដុង្គ ដោយ​បោះបង់​ចោល​ទឹកដី​មួយ​ចំណែក​ធំ រួម​ទាំង​ចតុម្មុខ​ផង ឱ្យ​ទៅ​សត្រូវ ។

ឧត្ដុង្គ​ត្រូវ​បាន​រៀបចំ​កំផែង​ការពារ ក៏​ប៉ុន្ដែ​គេ​ហាក់​ដូចជា​អស់​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​បាន​ទៀត​ហើយ ណា​មួយ​ចៅ​ឃុន​បឌិន ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​ធ្លាប់​ដុត​បំផ្លាញ​រាជធានី​វៀងចន្ទ​ខ្ទេចខ្ទី ក៏​លែង​មាន​ទំនុក​ចិត្ដ​លើ​អ្វីៗ​ទៀត​ដែរ ។ ជា​ថ្មី​ម្ដង​ទៀត​នេះ ប្រជាជន​លែង​មាន​សង្ឃឹម​លើ​នរណា​ម្នាក់​ទៀត​ហើយ ស្រាប់តែ​លេច​ដំណឹង​ថា​ទ័ព​រប៉ាត់​រប៉ាយ​ដែល​ដឹកនាំ​ដោយ​ពួក​អ្នកស្រុក​ដណ្ដើម​បាន​ជ័យជម្នះ​ទៅ​លើ​ទ័ព​អាណ្ណាម​មួយ​កង​ធំ​នៅ​ជិត​លង្វែក ដោយ​សម្លាប់​មេទ័ព​សត្រូវ​បាន ហើយ​ធ្វើ​ឱ្យ​ទ័ព​សត្រូវ​នេះ​បាក់បែក​ខ្ចាត់ខ្ចាយ ។ មេទ័ព​សត្រូវ​ម្នាក់​ទៀត​ត្រូវ​ចាប់​បាន ឯ​ទ័ព​ដែល​រត់​ខ្ចាត់ខ្ចាយ​នោះ​ត្រូវ​អ្នកស្រុក​នាំ​គ្នា​ដេញ​ចាប់​កាប់​សម្លាប់​យ៉ាង​រង្គាល ។

ពេល​នោះ​បរិយាកាស​សប្បាយ​រីករាយ​កើត​មាន​ពាសពេញ​ព្រះរាជាណាចក្រ អ្នក​ដែល​បាក់​ស្មារតី​ក៏​ចាប់​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ គេ​នាំ​គ្នា​ចាប់​កាន់​អាវុធ​ម្ដង​ទៀត ហើយ​នៅ​ទីណា​ដែល​គេ​ប្រទះ​ឃើញ​កងទ័ព​អាណ្ណាម​កំពុង​តែ​រត់​បែក​ខ្ញែក ប្រជាជន​ក៏​ប្រមូលគ្នា​លើក​នរណា​ម្នាក់​ឱ្យធ្វើ​ជា​មេ រួច​តាម​វាយ​ពួក​អាណ្ណាម​ដោយ​ឥត​ញញើត​ដៃ ។ ក៏​ប៉ុន្ដែ​ក្នុង​ចំណោម​មេទ័ព​ដែល​ប្រជាជន​បាន​លើក​ឱ្យ​ធ្វើ​ជា​មេ ដោយ​មិន​បាន​ព្រាង​ទុកជា​មុន​នេះ មាន​ខ្លះ​ជា​មេចោរ ដែល​បាន​ជ្រើសរើស​គ្នីគ្នា​គេ​ក្នុង​បំណង​ធ្វើការ​ឆក់​ប្លន់​ផង​ដែរ ។ ព្រះ​អង្គឌួង​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​មេទ័ព​បែប​នេះ​២​នាក់ ដែល​មិន​ព្រម​ចូល​ខ្លួន​មក​បង្ហាញ​មុខ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ម្នាក់​មាន​រហ្សនាម​ថា ចក្រី​នង ម្នាក់​ទៀត​គេ​ហៅ​ថា​ ក្រឡាហោម​មួក ។ ព្រះ​អង្គ​បាន​កាត់​ទោស​ឱ្យ​គេ​សម្លាប់​ចក្រី​នង​ចោល​ទៅ ក៏​ប៉ុន្ដែ​ទ្រង់​បាន​លើក​លែង​ទោស​ឱ្យ​ក្រឡាហោម​មួក ហើយ​បាន​ចាត់តាំង​ឱ្យទៅ​នៅ​ការពារ​ខែត្រ​បាភ្នំ និង​បន្ទាយ​ពាម​ក្បាល (១៨៤៤) ។ រួច​ហើយ​ព្រះរាជា​បាន​យាង​ត្រលប់​ចូល​មក​ភ្នំពេញ​វិញ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ព្រះ​អង្គឌួង​បាន​ទទួល​ដំណឹង​ថា​មន្ដ្រី​របស់​ព្រះ​អង្គ​ម្នាក់​គឺ​ចក្រី​ម៉ី (ឬ​មឿន) បាន​ដឹកនាំ​ចលនា​ក្បត់​មួយ​ប្រឆាំង​នឹង​ព្រះ​អង្គ ។ ទ្រង់​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​ចាប់​មេ​ក្បត់​ធំៗ​៧​នាក់​សម្លាប់​ចោល អ្នក​ឯទៀតៗ​ដែល​នាំ​គ្នា​រត់គេច​ភៀសខ្លួន​ទៅ​ចូវដុក​ទៅ​ជ្រកកោន​ជាមួយ​ពួក​អាណ្ណាម​ហើយ​ទ្រង់​បាន​ឱ្យ​រឹប​អូស​យក​ទ្រព្យសម្បត្ដិ​ទាំងអស់ ។

ក្នុង​រយៈពេល​ដែល​អាណ្ណាម​ត្រួតត្រា​កម្ពុជា​ជាង​៧​ឆ្នាំ​នេះ គេ​បាន​សង់​បន្ទាយ​រឹង​មាំ ប៉ម​ច្រើន​ជាង​៥០​កន្លែង​ គឺ​មាន​តាំងពី​សម្បូរ​រហូត​ដល់​កូសាំងស៊ីន​ ពី​ស្រែអំបិល​កំពង់សោម​ដែល​គេ​បាន​សង់​ប៉ម​មួយ​នៅ​លើ​ភ្នំ​វត្ដ​ផុង រហូត​ទៅ​ដល់​ហាទៀង ដោយ​កាត់​តាម​កំពត​ដែល​សព្វថ្ងៃ​មាន​សេស​សល់​បង្គោល​ទូរគមនាគមន៍​មួយ និង​ស្លាកែត នៅ​តាម​ផ្លូវ​ទៅ​ហាទៀង ដែល​គេ​អាច​មើល​ឃើញ​លេណដ្ឋាន​មួយ​នៅ​ឡើយ ។ បន្ទាយ​ទាំង​អស់នេះ​សុទ្ធតែ​ត្រូវ​ពួក​អ្នកស្រុក​វាយ​ទៅ​លើ ធ្វើ​ឱ្យ​ទ័ព​អាណ្ណាម​ដែល​នៅ​ខាងក្នុង​ភ័យ​ញាប់​ញ័រ​រត់​គេច​ចេញ​អស់ ។

ពេល​នោះ​ព្រះ​អង្គឌួង និង​ចៅ​ឃុន​បឌិន ដោយ​ពិនិត្យ​ឃើញ​ថា​គ្មាន​អ្វី​នឹង​បន្ដ​ធ្វើ​សង្គ្រាម​តទៅ​ទៀត​ហើយ ដោយ​ទ្រង់​បាក់​ទឹកចិត្ដ​អស់​កម្លាំង​ផង ក៏​បាន​ស្នើ​សុំ​ចរចា​សន្ដិភាព​ជាមួយ​អាណ្ណាម ដែល​មាន​អគ្គ​បញ្ជាការដ្ឋាន​នៅ​កំពង់ហ្លួង ។ មេទ័ព​អាណ្ណាម​មិន​ព្រម​ទទួល​សំបុត្រ​ដែល​ផ្ញើ​ទៅ​ឱ្យ​ទេ​ហើយ​បាន​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​មក​កាន់​ឧត្ដុង្គ ។ ទ័ព​ខ្មែរ និង​សៀម​ពេល​នោះ បាន​ពង្រឹង​ការ​ទប់ទល់​យ៉ាង​ស្វិត​ស្វាញ រហូត​ទាល់តែ​អាច​បំផ្លាញ​រាល់​ការ​វាយ​ប្រហារ​របស់​ពួក​អាណ្ណាម​បាន ។ នៅ​ពេល​វាយ​ប្រហារ​ទៅ​ពិនិត្យ​ឃើញ​ថា​មិន​អាច​ដណ្ដើម​យកជ័យ​ជម្នះ​លើ​ពួក​ខ្មែរ​ដែល​មាន​ថាមពល​ និង​យុទ្ធវិធី​ខ្ពង់ខ្ពស់​បាន​ ពួក​អាណ្ណាម​ដែល​ទើបតែ​ប្រកែក​មិន​យល់ព្រម​ចរចា​សន្ដិភាព​បាន​ចាប់​ផ្ដើម​ស្នើ​សុំ​ចរចា​ខ្លួនឯង​ម្ដង ។ ព្រះរាជា​អង្គឌួង និង​ចៅ​ឃុន​បឌិន​បាន​បញ្ជូន​សារលិខិត​របស់​អាណ្ណាម​ទៅ​វិញ ដោយ​មិន​មាន​ឆ្លើយ​តប​ទេ ។ មេទ័ព​អាណ្ណាម​បាន​ទទូច​សុំ​ចរចា​ទៀត ។ ព្រះ​អង្គឌួង​បាន​ឆ្លើយ​តប​ថា ព្រះ​អង្គ​នឹង​ជឿ​ថា​អាណ្ណាម​មាន​បំណង​ចង់​ចរចា​ពិតប្រាកដ​មែន តែ​លុះ​ណា​អាណ្ណាម​យល់ព្រម​បញ្ជូន​ព្រះរាជ​វង្សានុវង្ស​ទាំងអស់ ព្រមទាំង​នាម៉ឺន​មន្ដ្រី​ហើយ​និង​ប្រជាជន​ខ្មែរ​ណា​ដែល​អាណ្ណាម​ចាប់​ទុក​នៅ​សាយហ្គន ឬ​នៅ​ឯ​រាជធានី​វ៉េ ត្រឡប់​មក​វិញ ។ ក៏​ប៉ុន្ដែ​មេទ័ព​អាណ្ណាម​បាន​ទូល​តប​មក​ព្រះ​អង្គ​ថា ខ្លួន​គ្មាន​អំណាច​អ្វី​គ្រប់គ្រាន់​នឹង​សម្រេច​លើ​កិច្ចការ​ទាំងអស់​នោះ​បាន​ទេ ខ្លួន​គ្រាន់តែ​ជា​មេទ័ព​ម្នាក់​ប៉ុណ្ណោះ ។ ព្រះរាជា​បាន​យល់ព្រម​ធ្វើការ​ចរចា​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​មេទ័ព​អាណ្ណាម ហើយ​បាន​ណាត់ជួប​គ្នា​នៅ​ក្នុង​ភូមិ​ពពៃ បើសិនជា​បន្ទាប់​ពី​នោះ​ទៅ​ស្ដេច​អាណ្ណាម​យល់ព្រម​តាម​សន្ធិសញ្ញា​នោះ​ដែរ ។

កិច្ចប្រជុំ​នោះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​១៨៤៥ ដោយ​មាន​ការ​ចូលរួម​អំពី​ចៅ​ឃុន​បឌិន និង​ឧត្ដម​សេនីយ៍​អាណ្ណាម​ផង ។ ការ​ចរចា​បាន​ឯកភាព​គ្នា​ថា នឹង​លើក​ព្រះ​អង្គឌួង​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះរាជា​កម្ពុជា ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​សៀម និង​អាណ្ណាម​ទាំងអស់​គ្នា រួច​ហើយ​អាណ្ណាម​នឹង​បញ្ជូន​ព្រះរាជ​វង្សានុវង្ស​ខ្មែរ ដែល​គេ​បាន​ឃាត់​ទុក​ឱ្យ​វិល​ត្រលប់​មក​វិញ ជា​ថ្នូរ​នឹង​ឈ្លើយ​សឹក​អាណ្ណាម​ទាំង​នាយ​ទាហាន និង​កូន​ទាហាន ដែល​ខ្មែរ​ចាប់​បាន ។ រួច​ហើយ​គេ​ក៏​បំបែក​គ្នា​ទៅ ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ សន្ធិសញ្ញា​នេះ​បាន​ទទួល​សច្ចាប័ន​ពី​រដ្ឋាភិបាល​សៀម​ និង​អាណ្ណាម​ ហើយ​គេ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៨៤៦ ។ អាណ្ណាម​បាន​បង្វិល​ព្រះខ័នរាជ្យ​មក​ភ្នំពេញ​ថ្វាយ​ទៅ​ព្រះ​អង្គឌួង ដែល​បាន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ដំណាក់​ពិសេស​មួយ​នៅ​ឧត្ដុង្គ ។

សិលាចារឹក​មួយ​នៅ​ក្នុង​វត្ដ​បារាយណ៍​បាន​និយាយ​ថា «ព្រះបាទ​អង្គឌួង​មិន​បាន​ដេញ​តាម​កម្ចាត់​កម្ចាយ​សត្រូវ​របស់​ព្រះ​អង្គ​ឱ្យ​រលត់​រលាយ​ទាំងអស់​ទេ​ ហើយ​ក៏​មិន​យក​គុណ​ធម៌​អំណាច​វិទ្យាសាស្ដ្រ​ និង​ភាពល្អ​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ​មក​គ្រប​សង្កត់​លើ​ពួក​នេះ​ដែរ​» ។ ព្រះអង្គ​បាន​ទទួល​ព្រះរាជា​ភិសេក​នៅ​ចុង​ឆ្នាំ​១៨៤៧ នៅ​ចំពោះ​មុខ​តំណាង​ម្នាក់​ពី​រាជវាំង​វ៉េ គឺ​អុង​ខាំម៉ាង និង​តំណាង​២​នាក់​របស់​ស្ដេច​សៀម គឺ​ចៅ​ភ្យា​ពេជ្រពិជ័យ និង​បារគូ​ម្នាក់​មក​ពី​បាងកក ។

មាន​ចំណុច​មួយ​ចំនួន​ដែល​គួរតែ​លើក​យក​មក​និយាយ​ដើម្បី​ឱ្យ​ឃើញ​នូវ​រហស្សូបាយ​ដែល​នគរ​ទាំង​ពីរ​បាន​ប្រើ​សម្រាប់​ព្រឹត្ដិការណ៍​ដ៏​ឱឡារិក​នេះ​ដែរ ។ ស្ដេច​អាណ្ណាម​បាន​ផ្ញើ​ជា​ជំនូន​សម្រាប់​ការ​លើក​ឱ្យ​សោយរាជ្យ​នេះ​នូវ​ត្រា​រាង​៤​ជ្រុង​មួយ​ធ្វើ​អំពី​មាស និង​ព្រះ​ឋានៈ​ថា​ កាវមេន​ក្វួកវឿង (មាន​ន័យ​ថា​ព្រះរាជា​កម្ពុជា) ។ ស្ដេច​សៀម​បាន​បញ្ជូន​មក​ឱ្យ​វិញ​នូវ​គ្រឿង​ឥស្សរិយយស​សម្រាប់​រាជបល្ល័ង្ក​កម្ពុជា​ដែល​គេ​បាន​យក​ទៅ​បាងកក​កាល​ពីមុន រួច​ហើយ​បាន​សុំ​ឱ្យ​ព្រះ​អង្គឌួង​អនុម័ត​យល់​ព្រម​តាម​រយៈ​សន្ធិសញ្ញា​សម្ងាត់​មួយ​ដែល​ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​បាន​ថ្វាយ គឺ​ប្រគល់​ទឹកដី​ម្លូព្រៃ ទន្លេរពៅ និង​ទឹកដី​ឯទៀតៗ​ដែល​ខ្មែរ​បាន​យក​តាំង​តែ​ពី​៣០​ឆ្នាំ​មុន​មក​ម្ល៉េះ ។ ព្រះរាជា​បាន​មាន​ព្រះ​បន្ទូល​ថា «យើង​មិន​យល់ព្រម​ប្រគល់​ដី​សូម្បី​តែ​បន្ដិច​ទៅ​ឱ្យ​ពួក​សៀម​ទេ ។ ក៏​ប៉ុន្ដែ​ដោយ​ពួក​គេ​ខ្លាំង​ជាង ឱ្យ​គេ​រក្សា​ទុក​ដី​ដែល​គេ​បាន​យក​រួច​ទៅ​ហើយ​មួយ​រយៈ​ទៀត​សិន​ចុះ»។ ចៅហ្វាយ​ខែត្រ​កំពង់ស្វាយ​បាន​នាំពាក្យ​ទៅ​ប្រាប់​ស្ដេច​សៀម​វិញ ហើយ​បាន​ចេញ​លិខិត​មួយ​ច្បាប់ ចុះ​ហត្ថលេខា និង​បោះត្រា​ខ្លួនឯង​បញ្ជាក់​ថា​បាន​យល់ព្រម​ប្រគល់​ដី​ដែល​សៀម​ស្នើ​សុំ​ក្នុង​នាម​ព្រះរាជា​កម្ពុជា ។ ខែត្រ​ទាំង​២​នេះ ស្ដេច​សៀម​បាន​យល់ព្រម​បង្វិល​មក​ឱ្យ​បារាំង​តាម​រយៈ​សន្ធិសញ្ញា​រវាង​រដ្ឋាភិបាល​បារាំង និង​សៀម​ឆ្នាំ​១៩០៤ រួច​ហើយ​បាន​ដាក់​បញ្ចូល​មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ។

នៅ​ទី​បញ្ចប់ សង្គ្រាម​អស់​រយៈពេល​៨​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​រង​ទុក្ខ​ខ្លោចផ្សា​ជា​ខ្លាំង បាន​ធ្វើ​ឱ្យ​សៀម​ទទួល​បាន​ត្រលប់​មក​វិញ​នូវ​សិទ្ធិ​អធិរាជ​ភាព​មក​លើ​កម្ពុជា​ដែល​គេ​បាន​បាត់បង់​ទៅ​កាលពី​ឆ្នាំ​១៨៣៣ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ដែល​មាន​អធិរាជ​ត្រួត​ត្រាតែ​មួយ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ហើយ​ស្ទើរតែ​ត្រូវ​អាណ្ណាម​ស្រូប​យក​បាត់​ទៅ ត្រលប់​មក​មាន​អធិរាជ​ត្រួតត្រា​២​សា​ជា​ថ្មី​ឡើង​វិញ ដូច​ដែល​មាន​កាល​ពីមុន​កាលបរិច្ឆេទ​នេះ (81) ។

ក្រោយ​ពី​មាន​សន្ធិសញ្ញា​សន្ដិភាព​រួច​ហើយ គេ​បាន​វាយ​កម្ទេច​កំពែង​ការពារ​ភ្នំពេញ​ចោល ចំណែក​ដុំឥដ្ឋ និង​សម្ភារ​ផ្សេងៗ​ដែល​សេស​សល់​ពី​កំពែង​នេះ ត្រូវ​បាន​យក​ទៅ​ធ្វើការ​សាងសង់​នៅ​ឧត្ដុង្គ រួម​មាន​វត្ដ​វាំងចាស់ ព្រះពុទ្ធ​និព្វាន ព្រះ​វិហារ​សមណៈ ប្រាង្គ​ក្រាំងពន្លៃ សាលា​គោ ជាដើម ។ គេ​បាន​នាំ​គ្នា​លើក​ព្រះ​ពុទ្ធរូប ដែល​ពួក​អាណ្ណាម​បាន​រុញ​ផ្ដួល​ទៅ​ដី និង​តុបតែង​លម្អ​ឡើង​វិញ ។

ព្រះរាជា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​សាងសង់​ព្រះរាជវាំង​មួយ​ថ្វាយ​ព្រះ​អង្គ​នៅ​ឧត្ដុង្គ ។

គឺ​ចាប់ពី​មាន​សន្ធិសញ្ញា​នោះ​ឯង ដែល​ប្រជាជន​កម្ពុជា​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញពី​បណ្ដា​អាណា​ខែត្រ​នៅ​កូសាំងស៊ីន​ដែល​ពួក​យួន​បាន​ដណ្ដើម​យក​ពី​មុន​ដោយ​បោះបង់​ដីស្រែ​ចម្ការ​ទុក​ឱ្យ​ពួក​អាណ្ណាម​ពីព្រោះ​ពួក​នេះ ចេះ​តែ​ចាក់រុក​រករឿង​ឈ្លោះ យប់​ឡើង​ចេញ​ដើរ​លួច​ឆក់ បង្ក​ការ​លំបាក​មិន​ឱ្យ​ខ្មែរ​រស់នៅ​បាន​សុខ​ស្រួល ។ គ្មាន​យុត្ដិធម៌​ចំពោះ​ម្ចាស់​ដី​ទេ ៖ តុលាការ​ទទួល​ស្គាល់​រាល់​ការ​បំពាន​ដណ្ដើម​យក​ដី​ដោយ​ជន​អាណ្ណាម​ម្នាក់​កាលណា​ជន​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា​គេ​ជា​អ្នក​សាប​ព្រោះ​លើ​ដី​នៅ​ពេល​ចុង​ក្រោយ​នេះ ដោយ​មិន​គិត​ទេ​ថា​តើ​គេ​បាន​ជួល​ដី​នោះ ឬ​មួយ​ក៏​គេ​បាន​លួច​សាប​ព្រោះ​មិន​ឱ្យ​ម្ចាស់​ដឹង បើ​ទោះជា​ថា​ម្ចាស់​ដី​ជា​ខ្មែរ​នោះ​បាន​ភ្ជួរ​ដី​រួច​ហើយ យួន​មក​លួច​សាប​ក៏​ដោយ ។​ ដី​ដែល​គេ​ទុក​ទំនេរ​កាលបើ​មាន​ជន​អាណ្ណាម​ណា​ម្នាក់​មក​កាន់​កាប់​ តុលាការ​សម្រេច​ថា​ម្ចាស់​ដើម​បាន​បោះបង់​ចោល​ហើយ ។ ភាព​អយុត្ដិធម៌​នេះ​បាន​បណ្ដាល​ឱ្យ​មាន​ការ​សងសឹក​គួរ​ឱ្យ​ភ័យ​ខ្លាច​កើត​មាន​ឡើង ។ មាន​ការ​លួច​ដុត ការ​កាប់​សម្លាប់ ការ​កាយ​ភ្លឺស្រែ​ទម្លាយ ការ​លែង​សត្វ​ពាហណៈ​ឱ្យ​ស៊ី​បំផ្លាញ​ភោគផល​ជាដើម ដែល​បន្ទាប់​មក​បាន​ត្រូវ​ចៅក្រម​អាណ្ណាម​ដាក់​ទណ្ឌកម្ម​ជា​ទម្ងន់ ។ បើសិនជា​គេ​រក​ជន​ប្រព្រឹត្ដ​ល្មើស​មិន​ឃើញ​ទេ គេ​ប្រគល់​ឱ្យ​ភូមិ​ទាំងមូល​ទទួល​ខុសត្រូវ ។ គេ​ចាប់​មេ​ភូមិ​ចាប់​ចាស់ទុំ និង​កសិករ​សាមញ្ញ​ឱ្យ​សង​សំណង​យ៉ាង​ធ្ងន់ធ្ងរ​ ឬ​វាយ​នឹង​ដំបង​ផ្ដៅ​សួរ​ចម្លើយ​រហូត​ដល់​ស្លាប់ ។​ ជួនកាល​ទៀត​មាន​កើត​ជា​ការ​ប្រយុទ្ធ​រវាង​ពួក​យួន​ជាមួយ​ពួក​ខ្មែរ​ទាំង​ហ្វូងៗ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្មែរ​មិន​អាច​ទ្រាំ​បាន ក៏​នាំ​គ្នា​រត់​បោះបង់​ដី​ចោល​ទុក​ឱ្យ​យួន ហើយ​មក​រក​ជ្រកកោន​នៅ​ឯ​កម្ពុជា​វិញ ។ ពួក​អាណ្ណាម​បាន​ប្ដូរ​ឈ្មោះ​ភូមិ​ស្រុក​ដែល​ពួក​គេ​បាន​មក​តាំងនៅ រហូត​ទាល់តែ​គេ​ភ្លេច​ឈ្មោះ​ដើម​ជា​ខ្មែរ​របស់​ភូមិ​ស្រុក​នោះ​អស់ ។ បើសិនជា​ឈ្មោះ​នោះ​មាន​អត្ថន័យ​អាច​ឱ្យ​គេ​បកប្រែ​បាន គេ​នឹង​បកប្រែ​ឈ្មោះ កម្ពុជា​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​បាត់​ឈ្មោះ​នោះ​រហូត​តែ​ម្ដង ។

ខែត្រ​ព្រៃនគរ​គេ​ដូរ​ឈ្មោះ​ទៅ​ជា​ខែត្រ​យ៉ាឌិញ ។ កំពាប​ស្រកាត្រី​ដូរ​ទៅ​ជា បៀនវ៉ា​ បារិយា ទៅ​ជា បារាជ (82) ផ្សារ​ដែក​ទៅ​ជា​ អានយ៉ាង​រួច​ជា​សាដែក​ ពោធិលើ​ទៅ​ជា​បាក់លីវ​ ទឹកខ្មៅ​ទៅ​ជា​កាម៉ៅ​ បាយឆៅ ទៅ​ជា​បាយសាវ​ ពាមមានជ័យ ទៅ​ជា មីថាង​ ស្រុកទ្រាំង ទៅ​ជា សុកត្រាង​ ពាម​មេសែន ទៅ​ជា ដុងណាយ ង៉ាយ​ ក្រមួនស ទៅ​ជា រ៉ាជយ៉ា​ ព្រែកឫស្សី​ទៅ​ជា កាន់ថឺ​ អូរមរ ទៅ​ជា អូម៉ូន នៅ​ក្នុង​ខែត្រ​កាន់ថឺ​ កំពូលមាស ទៅ​ជា ប៊ិញធុយ​ មាត់ជ្រូក ទៅ​ជា ចូវដុក ហើយ​ភ្នំ​ស្វាម ទៅ​ជា នូយសាម​ បារាជ ទៅ​ជា ឡុងស្វៀង ឯ​ភ្នំ​បាធី ទៅ​ជា​ នូយបាធី ។​ ខែត្រ​មួញខាំ​ទៅ​ជា​ហាទៀង​ ហើយ​ពាម​ដែល​គេ​ហៅ​ថា​ មួញខាំ​ដែរ​ក៏​ទៅ​ជា​ហាទៀង​ដែរ ។ ព្រះត្រពាំង​ទៅ​ជា​ត្រាវិញ​ កំពង់ឫស្សី​ទៅ​ជា​ បេនត្រែ​ លង់ហោ​ទៅ​ជា​វិញឡុង​ មេសរ​ទៅ​ជា​មីថ​ កោះកុង ទៅ​ជា​ហ្គូកុង​ កំពង់គោ​ទៅ​ជា​ទ្រឿងអាញ់​ សព្វថ្ងៃ​គឺ​តាន់អាន​ បានលិច​ទៅ​ជា​បេនលុក​ រោងដំរី​ទៅ​ជា​តៃនិញ ឯ​ភ្នំ​រោងដំរី​ដែល​គេ​ហៅ​ពី​មុន​ថា​ភ្នំ​ជើងមេដែង​ទៅ​ជា​ភ្នំ​តៃនិញ​ កោះ​ត្រឡាច​ទៅ​ជា​កោះ​ពូឡូកុងឌ័រ​ កោះត្រល់ ទៅ​ជា​ភូគ្វួក​ ភ្នំ​យួក​ទៅ​ជា​នូយ​កាវុយ​ ពាម​ជើងកញ្ជើ​ទៅ​ជា​កាន់យ៉ើ (ជ្រោយ​សាំងហ្សាក់),ឈើទាល​មួយ​ដើម ទៅ​ជា​ធូដូ​ម៉ូត​ បន្ទាយ​ជីឫស្សី​ទៅ​ជា​ហុង​ង្វៀង​ កំពង់​កោះក្របី​ទៅ​ជា​បេនងែ (សាយហ្គន) ផ្សារធំ​ទៅ​ជា​ ចឺឡឺង តាម​ពាក្យ​ចិន​ដែល​មាន​ន័យ​ដូច​គ្នា​ដែរ​ កង្វារ​ដាក់ពាង ទៅ​ជា បៀនវ៉ា​ ដូងណាយ ទៅ​ជា តុងថាញ់ និង​ដុងណាយ​ កនកាវ ទៅ​ជា បាថាក់ គឺជា​ស្រុក​មួយ​នៅ​លើ​ត្រើយ​ទន្លេ​មេគង្គ​ខាងលិច ។

នៅ​ពេល​នោះ ពួក​អាណ្ណាម​ក៏​ដូច​ជា​ពួក​សៀម មិន​បាន​បោះបង់​ចោល​គំនិត​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ទេ ក៏​ប៉ុន្ដែ​ព្រះបាទ​អង្គឌួង ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ពួក​នោះ​មាន​ឱកាស​ល្អ​ឡើយ ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​បារម្ភ​នឹង​ពួក​សៀម​តិច​ជាង​ពួក​អាណ្ណាម ព្រោះ​ទ្រង់​ធ្លាប់​បាន​ស្គាល់​ចិត្ដសាស្ដ្រ​ និង​គម្រោងការ​របស់​សៀម​រួច​មក​ហើយ ឯ​ពួក​អាណ្ណាម​វិញ​ទ្រង់​មិន​ទាន់​យល់​អំពី​ការ​គិតគូរ​របស់​គេ​នៅ​ឡើយ ម្ល៉ោះហើយ​ទ្រង់​បាន​ខិតខំ​ថ្លឹងថ្លែង​អធិរាជ​ទាំង​២ ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​មាន​លម្អៀង​នឹង​គ្នា​ទេ ។ ពួក​អាណ្ណាម​បាន​ចាត់​គ្នីគ្នា​គេ​ឱ្យ​តាម​ដាន​ព្រះ​អង្គ​ជាប់ ព្រោះ​គេ​យល់​ច្បាស់​ណាស់​ថា នៅ​កម្ពុជា​បើ​គេ​មិន​ស្រលាញ់​សៀម​ទេ គេ​ក៏​ស្អប់​អាណ្ណាម​ណាស់​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៨៤៨ ព្រះរាជា​បាន​បញ្ជូន​អ្នក​អង្គ​ម្ចាស់​ច្រឡឹង (83) និង​អង្គភឹម (84) ដែល​ទើបតែ​កោរ​ជុក​រួច​កាលពី​ឆ្នាំ​មុន ហើយ​បាន​សាង​ផ្នួស​ប៉ុន្មាន​ខែ​នៅ​ក្នុង​វត្ដ​ក្រាំងពន្លៃ​ទៅ​កាន់​បាងកក ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ស្ដេច​អាណ្ណាម​ខឹង​ជា​ខ្លាំង ។ កំហឹង​នេះ​បាន​ស្ដែង​ចេញ​ឱ្យ​គេ​ឃើញ​តាម​រយៈ​ការ​លំបាក​ដែល​ពួក​អាណ្ណាម​បាន​បង្ក​ឡើង​ចំពោះ​ទូក​ខ្មែរ នៅ​ពេល​ធ្វើ​ដំណើរ​ចុះឡើង​តាម​ទន្លេ ចេញ​ចូល​កម្ពុជា ដែល​ត្រូវ​ឆ្លង​កាត់​គយ និង​ការ​ត្រួតពិនិត្យ​ពី​មន្ដ្រី​អាណ្ណាម​ច្រើន​អន្លើ ហើយ​ក៏​មាន​ការ​លំបាក​ដែល​បង្ក​ឡើង​ដោយ​ពួក​ពាណិជ្ជករ​អាណ្ណាម​ផង​ដែរ ។ នេះ​ស​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​របស់​ស្ដេច​អាណ្ណាម ដែល​ចង់​បិទ​ខ្មែរ​មិន​ឱ្យ​ចេញ​ទៅ​សមុទ្រ​រួច ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ទៅ​ជា​ឯកោ​ពី​ពិភពលោក ។

ព្រះបាទ​អង្គឌួង​ទ្រង់​គោរព​បូជា​សាសនា​ណាស់ ហើយ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​លើស​គេឯង​នៅ​ក្នុង​ព្រះរាជា​ណាចក្រ ។ ទ្រង់​មាន​សុភនិច្ឆ័យ​ល្អ ហើយ​ជា​មិត្ដ​របស់​កវី​បណ្ឌិត​ទាំងឡាយ ។ ព្រះ​អង្គ​មាន​គំនិត​រីក​ចម្រើន ហើយ​មាន​គម្រោងការ​ល្អៗ ក៏​ប៉ុន្ដែ​ព្រះរាជា​ណាចក្រ​ពេល​នោះ​ចុះ​ក្រ​ខ្លាំង​ពេក​ណាស់​ទៅ​ហើយ ប្រជាជន​ក៏​នៅ​សេស​សល់​តិចតួច មិន​អាច​ឱ្យ​ទ្រង់​ធ្វើ​អ្វី​កើត​ក្រៅ​តែ​អំពី​ស្រោច​ស្រង់​សេវកាមាត្យ​ជា​ព្រះរាជ​បរិពារ ព្រះរាជវាំង និង​ព្រះរាជ​វង្សានុវង្ស​ឱ្យ​នៅ​ស្ថិតស្ថេរ​តទៅ​ប៉ុណ្ណោះ ។ អ្នក​ដែល​នៅ​បម្រើ​ព្រះ​អង្គ​តាំងពី​ស្រីស្នំ​ក្រមការ​រហូត​ដល់​អ្នក​អង្គ​ម្ចាស់​ក្សត្រី និង​មហាក្សត្រី​ផង ទទួល​បាន​នូវ​រង្វាន់ និង​ប្រាក់​បៀវត្ស​យ៉ាង​តិចតួច​បំផុត ។ នៅ​ពេល​ដែល​ព្រះ​វររាជ​មាតា​សុគត​ទៅ ប្រាក់​កាស​ដែល​ព្រះ​អង្គ​បាន​សន្សំ​សំចៃ មាន​នៅ​សល់​ត្រឹមតែ​ប្រាក់​៦​ណែន ស្មើនឹង​៤៨០​ហ្វ្រង់ (សព្វថ្ងៃ​គឺ​នៅ​តែ ២៣៥​ហ្វ្រង់) ប៉ុណ្ណោះ ។

ព្រះរាជា​បាន​ប្រគល់​ភារកិច្ច​ទារ​យក​ភាស៊ី​ទៅ​ឱ្យ​ពួក​ចិន​ដែល​តែងតែ​កេងកិប ក៏​ប៉ុន្ដែ​មិន​សូវ​ជា​សង្កត់​សង្កិន​ប្រជារាស្ដ្រ​ណាស់​ណា​ទេ ។ ប្រាកដ​ណាស់​ថា ប្រជារាស្ដ្រ​ក្រ​ជាង​ពួក​មេ​ភាស៊ី​ទាំង​នោះ ។

ពាណិជ្ជកម្ម​ប្រព្រឹត្ដ​ទៅ​តែ​តាម​ការ​ដោះ​ដូរ ។ ពួក​ចិន​យក​ទំនិញ​ពី​ស្រុក​ចិន ឬ​ពី​សិង្ហបុរី មក​ដូរ​យក​ស្រូវ ឬ​ស្បែក​សត្វ ស្នែង ម្រ័ក្សណ៍ និង​ផលិតផល​ព្រៃឈើ​ផ្សេង​ទៀត ហើយ​ចំណេញ​៥​ដង ។ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ទៅ​ដោយ​មិន​ដែល​មាន​ប្រាក់​មួយ​កាក់​សោះ​ក្នុង​ហោប៉ៅ ធ្លាប់​ស្គាល់​តែ​ប្រាក់​កាក់​ធ្វើ​ពី​ស័ង្កសី (85) ដែល​គេ​បោះ​នៅ​អាណ្ណាម មាន​រន្ធ​៤​ជ្រុង​នៅ​កណ្ដាល និង​មាន​អក្សរ​ចិន​នៅ​ពីលើ ។ មាស​ដែល​មាន​តែ​បន្ដិច​បន្ដួច គេ​យក​ទៅ​ធ្វើ​ជា​គ្រឿង​អលង្ការ​សម្រាប់​ពួក​មន្ដ្រី និង​ភរិយា និង​ធ្វើ​ប្រអប់​ស្លា​ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​អំណាច​អស់​ទៅ​ហើយ ។​ គេ​លែង​យក​សន្លឹក​មាស​ដែល​ពួក​ចិន​កិន​ឱ្យ​សំប៉ែត​រួច​កាត់​ជា​រាង​ការ៉េ​មាន​ជ្រុង​ប្រវែង​ប្រហែល​៣​សង់ទី​ម៉ែត្រ​ ហើយ​លក់​ថ្លៃ​ណាស់​មក​ស្រោប​ព្រះពុទ្ធ​បដិមា​ទៀត​ហើយ ។ កាល​ពីមុន​គេ​ធ្លាប់​ឃើញ​មន្ដ្រី​ធំ​ម្នាក់ ឬ​ស្ដ្រី​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​មាស​សន្លឹក​នោះ​យក​មក​ស្រោប​ព្រះពុទ្ធ​បដិមា​ធំៗ ។ ឥឡូវនេះ​គ្មាន​អ្នក​ណា​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​បាន​ទេ​លើក​លែងតែ​ព្រះរាជា ។ អ្នក​ដែល​គោរព​បូជា​ព្រះ​ពុទ្ធសាសនា​ខ្លាំង គេ​អាច​ធ្វើ​បាន​ត្រឹមតែ​យក​សន្លឹក​មាស​តូចៗ​មក​ស្រោប​ពីលើ​ទ្រូង​ព្រះ​ពុទ្ធរូប ហើយ​ដល់​យូរៗ​ទៅ​ទើប​ព្រះ​ពុទ្ធរូប​នោះ​អាច​ត្រូវ​បាន​ស្រោប​ជុំ​ជិត ដោយ​មាន​អ្នក​ឯទៀតៗ ចេះ​តែ​យក​សន្លឹក​មាស​មក​ស្រោប​តៗ​គ្នា ។ កម្ពុជា​លែង​ជា​ប្រទេស​មួយ​សម្បូរ​សប្បាយ មាន​កេរ្ដិ៍ឈ្មោះ​ល្បី​សុះសាយ​រហូត​ទៅ​ដល់​ស្រុក​ចិន​ដូច​ពី​មុន​ទៀត​ហើយ ។ សង្គ្រាម​ជាមួយ​បរទេស ជា​ពិសេស គឺ​សង្គ្រាម​រវាង​គ្នា​ឯង​នឹង​គ្នា​ឯង បាន​ធ្វើ​ឱ្យ​ប្រទេស​ហិន​ហោច​ទៅៗ ៖ គេ​បាន​នាំ​យក​ភោគផល​ទាំងអស់​របស់​កម្ពុជា យក​មាស​ប្រាក់​ទាំងអស់ ព្រមទាំង​ប្រជាជន​ផង ទៅ​កូសាំងស៊ីន ទៅ​ស្រុក​សៀម បន្សល់​ទុក​នៅ​តែ​អ្នកស្រុក​ស្គាំង​ស្គម ទីទ័ល​ក្រ​នៅ​លើ​ដី​ដែល​ខ្សោះ​អ្វីៗ​អស់​ទៅ​ហើយ អ្នក​ទាំង​អស់នោះ​ភ័យ​ខ្លាច​តែ​ពួក​សៀម ឬ​អាណ្ណាម​លេច​ខ្លួន​មក​ទៀត កាប់​សម្លាប់​ប្រជាជន រំលោភ​នារី មេម៉ាយ និង​កុមារី (86) ដុត​បំផ្លាញ​វត្ដ​អារាម ផ្ទះ​សម្បែង កាប់​ដើម​ឈើ​ស៊ីផ្លែ និង​ដើម​ត្នោត​ចោល រួច​ដុត​ភូមិ​ទាំងមូល មុន​នឹង​កៀរ​អ្នកស្រុក​យក​ទៅ​ជា​ឈ្លើយ​ទាំង​ពាន់ៗ​នាក់ ។

ព្រះបាទ​អង្គឌួង​នៅ​ពេល​ដែល​អស់​រតនសម្បត្ដិ​ហើយ​នៅ​សល់​តែ​ពន្ធ​អាករ​ដែល​ប្រមូល​បាន​ពី​ពួក​ខ្ញុំ ទ្រង់​ស្ទើរតែ​មិន​អាច​ស្ដារ​ព្រះរាជា​ណាចក្រ និង​ប្រជារាស្ដ្រ​ឱ្យ​ងើប​ក្រោក​ឈរ​ឡើង​វិញ​បាន​ទេ ។ ដោយ​ពួក​អាណ្ណាម​ដែល​កាន់​កាប់​ទឹកដី​កូសាំងស៊ីន​នៅ​លើ​ទន្លេ​មេគង្គ​ខាង​ក្រោម កាត់​ផ្ដាច់​រារាំង​មិន​ឱ្យ​កម្ពុជា​ធ្វើ​ដំណើរ​ចុះ​ទៅ​សមុទ្រ​បាន​ ទ្រង់​ក៏​សម្រេច​ព្រះរាជ​ហឫទ័យ​បើក​ច្រក​មួយ​ចេញ​ទៅ​ខាង​ឈូង​សមុទ្រ​សៀម​វិញ​ដើម្បី​អាច​ដឹក​ផលិតផល​ដែល​បាន​មក​ពី​ពន្ធ​អាករ​ជា​វត្ថុ​យក​ទៅ​ក្រៅ​បាន ហើយ​រក្សា​បាន​នូវ​ទំនាក់​ទំនង​ជាមួយ​ពិភពលោក ។ ព្រះ​អង្គ​បាន​ជ្រើសរើស​យក​កំពង់​ផែ​កំពត រួច​ហើយ​ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​សំពៅ​សមុទ្រ​ធំ​មួយ​ប្រគល់​ឱ្យ​ជនជាតិ​ម៉ាឡេ​ម្នាក់ ដែល​ជា​អ្នក​ដើរ​សមុទ្រ​ដ៏​ពូកែ ស្គាល់​សិង្ហបុរី ស្គាល់​កំពង់​ផែ​ទាំងឡាយ​នៅ​ទៀបកោះ​ម៉ាឡាកា និង​សៀម​ច្បាស់ ។ រួច​ហើយ ដើម្បី​ត​ភ្ជាប់​កំពង់​ផែ​នេះ​នឹង​រាជធានី​ឧត្ដុង្គ ទ្រង់​បានឱ្យ​គេ​សង់​ផ្លូវ​វែង​មួយ​ចម្ងាយ​១៤០​គីឡូម៉ែត្រ មាន​ស្ពាន​ធ្វើ​អំពី​ឈើ ​និង​សាលា​សំណាក់​សង់​នៅ​ក្បែរ​ត្រពាំង​មួយ​ និង​ដាក់​បង្គោល​គីឡូ​ម៉ែត្រ​រួច​ទ្រង់​ប្រគល់​ឱ្យ​ភូមិ​ដែល​នៅ​ក្បែរៗ​ផ្លូវ​នោះ​មើលថែ​រក្សា​ឱ្យ​បាន​ល្អ និង​ឱ្យ​ផ្លាស់​វេន​គ្នា​យាម​សាលា​សំណាក់​ដើម្បី​បម្រើ​អ្នក​ធ្វើ​ដំណើរ ។ ព្រះ​អង្គ​ក៏​បាន​ចំណាយ​ថវិកា​ឱ្យ​គេ​លើក​ដី​សង់​ផ្លូវ​ពី​រាជវាំង​ឧត្ដុង្គ​មក​កាន់​កំពង់ហ្លួង​ផង​ដែរ ។

ក៏​ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ​ណាស់ ពីព្រោះ​ប្រភព​ធនធាន​របស់​ព្រះ​អង្គ​ពេល​នោះ​មាន​កំណត់ ។ នៅ​តាម​បណ្ដា​ខែត្រ​ជា​ច្រើន​គេ​មិន​ដែល​បាន​ធ្វើ​កំណែន​ប្រជាជន​ឱ្យ​ធ្វើ​ពលកម្ម​ដោយ​ទៀង​ទាត់​អស់​ជា​ច្រើន​ឆ្នាំ​ច្រើន​សតវត្ស​មក​ហើយ ម្ល៉ោះ​ហើយ​នៅ​ពេល​ដែល​មាន​កំណែន​ម្ដងៗ អ្នកស្រុក​មិន​ចង់​ចូល​រួម​ទេ ហើយ​អាជ្ញាធរ​ក៏​មិន​សូវ​ហ៊ាន​បង្ខិត​បង្ខំ​ប៉ុន្មាន​ដែរ ។ ការ​មិន​ចូលរួម​របស់​ប្រជាជន​នេះ​បាន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​គម្រោងការ​របស់​ព្រះរាជា បង្ខំ​ឱ្យ​ទ្រង់​កាត់​បន្ថយ​គម្រោង​ផែនការ​សាងសង់​ផ្លូវ ស្ពាន ដែល​ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ធ្វើ​ដើម្បី​ទុកជា​កេរ្ដិ៍​ដំណែ​ល​ជូន​ប្រជាជន​ពេល​អត់​ពី​ព្រះ​អង្គ​ទៅ ។

ដោយ​ទ្រង់​មិន​អាច​កសាង​អ្វី​បាន​ដោយសារ​ខ្វះ​ថវិកា ព្រះ​អង្គ​ក៏​មិន​អាច​រៀបចំ​អំណាច​រាជា​ធិបតេយ្យ​ឡើង​វិញ​បាន​ដែរ ពីព្រោះ​ថា​កម្ពុជា​ពេល​នោះ​បាក់បែក​ខ្ទេចខ្ទាំ​ខ្លាំង​ណាស់ ព្រះ​អង្គ​បាន​បែរ​ទៅ​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ​វិញ ។ មុន​ដំបូង​ទ្រង់​បាន​សើរើ​ពិនិត្យ​ច្បាប់​ឡើង​វិញ កែសម្រួល​ជា​ច្រើន ហើយ​បាន​ចេញ​ព្រះរាជក្រឹត្យ​បំពេញ​បន្ថែម ។ ព្រះ​អង្គ​បាន​បង្កើត​សាលា​ឧទ្ធរណ៍​តាំងពី​ឆ្នាំ​១៨៤៧ ដែល​ព្រះ​អង្គ​បាន​យាង​ទៅ​ចូលរួម​ផ្ទាល់​ព្រះ​អង្គ​ផង បើសិនជា​ចាំបាច់ ។ ទ្រង់​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រះសង្ឃ​ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​វត្ដ​នីមួយៗ​មាន​សិស្ស​យ៉ាង​ច្រើន​មក​សិក្សា ។ ព្រះ​អង្គ​បាន​ដក​អ្នក​ល្ងង់ខ្លៅ និង​អ្នក​គ្មាន​សមត្ថភាព​ចេញពី​កិច្ចការ​រាជការ ហើយ​បាន​បដិសេធ​ជំនូន​ផ្សេងៗ​ដែល​ពួក​ចៅហ្វាយ​ខែត្រ​តែងតែ​ថ្វាយ​ព្រះរាជា​នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ត្រា ។ ទ្រង់​ម៉ឺងម៉ាត់​ណាស់​ចំពោះ​អ្នក​ណា​ដែល​បំពាន​ច្បាប់ ហើយ​បាន​ដាក់​ទោស​ធ្ងន់ៗ​ដល់​មន្ដ្រី​ធំ​ណា​ដែល​មិន​ព្រម​គោរព​ព្រះរាជ​បញ្ជា ។ ក៏​ប៉ុន្ដែ​ព្រះ​អង្គ​ប្រកប​ទៅ​ដោយ​យុត្ដិធម៌ មាន​ព្រះ​ទ័យ​ល្អ​ចំពោះ​អ្នក​ក្រីក្រ ទ្រង់​មាន​អំណត់​អត់ធន់​ចំពោះ​អ្នក​ទាំងនោះ លើក​លែងតែ​ការ​ប្ដឹងផ្ដល់​ដែល​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ សរសេរ​មិន​ត្រូវ​តាម​ក្បួនខ្នាត​នោះ​ព្រះ​អង្គ​មិន​អត់ឱន​ឱ្យ​ទេ ពីព្រោះ​ព្រះ​អង្គ​មិន​ចង់ឱ្យ​សរសេរ​ចម្លង​តាម​តែ​គ្នា មិន​ច្បាស់​លាស់ ចង់​ប្ដឹងផ្ដល់​ត្រូវរត់​ទៅ​រក​អ្នកចេះ​ដឹង​ឱ្យ​គេ​សរសេរ​ពាក្យ​ឱ្យ ។

ព្រះ​អង្គ​បាន​ហាម​ប្រាម​មន្ដ្រីរាជការ​មិន​ឱ្យ​ផឹក​សុរា អ្នក​ណា​ជក់​អាភៀន​ត្រូវ​បណ្ដេញ​ចោល ទ្រង់​តឹង​តែង​ត្រង់​ចំណុច​នេះ​រហូត​ទាល់តែ​គ្មាន​មន្ដ្រី​ណា​ម្នាក់​ជក់​អាភៀន​ទេ​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ ។ ទ្រង់​បាន​ហាម​មិន​ឱ្យ​ធ្វើ​ធ្នស់​បិទ​ជិត​ស្ទឹង​ទេ ដើម្បី​ឱ្យ​មាន​ត្រី​មួយ​ចំនួន​រួច​ផុត​ពី​អ្នកនេសាទ និង​ដើម្បី​ឱ្យ​ត្រី​អាច​ធ្វើ​ចរាចរ​ទៅ​មក​បាន​ផង ។ តាម​ស្មារតី​គោរព​ព្រះពុទ្ធ​សាសនា ទ្រង់​ក៏​បាន​ហាម​ប្រាម​ការ​បរបាញ់​សត្វ​ផង​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៨៤៨ ទ្រង់​បាន​សម្រេច​ប្ដូរ​ពិធីការ​ឱ្យ​គេ​ហៅ​ព្រះរាជា​ថា «ព្រះករុណា​ពិសេស» និង «អង្គ​ម្ចាស់​ជីវិត​លើ​ត្បូង» វិញ ។ ព្រះរាជ​មាតា​ទទួល​ព្រះ​ឋានៈ​ថា​ព្រះ​វររាជ​ជននី ហើយ​ទ្រង់​មាន​ត្រា​មួយ​មាន​រូប​កិន្នរី​ផង ។ ព្រះរាជ​បុត្រី​ច្បង ព្រះ​អង្គ​ថ្វាយ​ព្រះ​ឋានៈ​ថា​សម្ដេច​ព្រះ​រាជធីតា ព្រះ​ជាយា​របស់​ព្រះ​អង្គ អ្នក​ម្នាង​ប៉ែន ដែល​ជា​មាតា​របស់​ព្រះរាជ​បុត្រា​ច្បង​ទ្រង់​បាន​លើក​ឱ្យ​ឡើង​ជា​ព្រះ​ជាតិ​ក្សត្រី ។ ​អ្នក​ម្នាង​ពៅ​មាតា​របស់​ព្រះរាជបុត្រា​បន្ទាប់ ទ្រង់​លើក​ឱ្យ​ឡើង​ជា​ព្រះ​អច្ឆរា​អក្សរ ។ រួច​ហើយ​ទ្រង់​បាន​រៀបចំ​ព្រះរាជ​សង្ហារ​សម្គាល់​អ្នក​ទាំងអស់​នោះ ព្រមទាំង​ពាក្យពេចន៍​ដែល​ត្រូវ​ប្រើ​ផង គឺ​ឆ្លើយ​ថា​ព្រះបាទម្ចាស់​ចំពោះ​បុរសៗ និង​ព្រះ​ម៉ែ​ចំពោះ​នារីៗ ។ ទ្រង់​ក៏​បាន​រៀបចំ​ឋានៈ​ស្ដ្រីៗ​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ផង​ដែរ ហើយ​បាន​សម្រេច​ឱ្យ​ហៅ​ភរិយា​របស់​មន្ដ្រី​សក្ដិ​៤ ដល់​សក្ដិ​១០​ថា​ ជំទាវ​ ហើយ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​បង់​កន្សែង​ពណ៌​ពាក់​រយ៉ា​មាស​ដោត​ផ្កា​លើ​សក់​ ហើយ​មាន​ប្រអប់​ស្លា​ដូច​របស់​ប្ដី​ដែរ​នៅ​ពេល​ចូល​មក​ក្នុង​វាំង ។

ព្រះ​អង្គ​បាន​ឱ្យ​កាត់​បន្ថយ​ក្បួន​ដង្ហែ​មន្ដ្រី​ធំៗ ហើយ​ចេញ​បញ្ជា​ឱ្យ​ពួក​មន្ដ្រី​ទាំងនោះ​ត្រូវ​ស្លៀក​ខោ​វែង​ធំ​ទូលាយ​មាន​ជរ​មាស​ ឬ​ស្លៀក​សំពត់​សូត្រ នៅ​ក្នុង​ពេល​មាន​ពិធី​ផ្សេងៗ ពាក់អាវ​ពណ៌ ក្រវាត់​ក្រណាត់​ប៉ាក់ឌិន​ពណ៌​មាស ក្រវាត់​ដាវ​នៅ​ចង្កេះ ទៅ​ណា​មក​ណា​ជិះ​គ្រែ​ស្នែង បាំង​ក្លស់​ពណ៌​ក្រហម​១​ជាន់ ។

ការ​កែទម្រង់​នេះ​មើល​ទៅ​ដូច​ជា​រឿង​កំប៉ិកកំប៉ុក​ទេ ក៏​ប៉ុន្ដែ​ត្រូវ​បាន​គេ​អបអរសាទរ​ណាស់ ព្រោះ​វា​បាន​ជួយ​រៀបចំ​ឱ្យ​ព្រះរាជវាំង​របស់​ព្រះរាជា​កម្ពុជា​មាន​របៀប​របប​ឡើង​វិញ​ និង​ជួយ​ស្ដារ​កិត្ដិនាម​ដែល​បាន​បាត់បង់​អស់​កាល​ជា​យូរ​ណាស់​មក​ហើយ​នៅ​ចំពោះ​មុខ​ប្រជារាស្ដ្រ ។

នៅ​ក្នុង​ឆ្នាំ​១៨៤៩​ ជំងឺ​ប៉េស្ដ​បាន​កើត​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​១​ថ្ងៃៗ​មាន​មនុស្ស​នៅ​ជុំវិញ​រាជធានី​ឧត្ដុង្គ​ស្លាប់​រហូត​ដល់​ទៅ​៥​រយ​នាក់ ។ ជំងឺ​នេះ​រាតត្បាត​អស់​ពេល​៣​ខែ បន្ទាប់​មក​ក៏​រលាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រដូវ​វស្សា ។

ក្នុង​ឆ្នាំ​នោះ​ដែរ ដោយ​មាន​មេត្ដាធម៌​ដល់​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សង់​សាលា​ឆទាន​ដើម្បី​ទ្រង់​បាន​យាង​ទៅ​ចែក​បាយ​សម្ល និង​ក្រមា​ដល់​អ្នកបួស និង​ទុគ៌ត​ជន ។

ព្រះ​អង្គ​បាន​រៀបចំ​ខែត្រ​សា​ជា​ថ្មី ខែត្រ​ណា​ធំ​ទ្រង់​ឱ្យ​ចែក​ជា​២ ឬ​៣ ឬ​៤​ស្រុក ។ រួច​ហើយ​ទ្រង់​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ឱវាទ​មន្ដ្រី​ធំៗ​ត្រួតត្រា ។

ព្រះ​អង្គ​បាន​កំណត់​កាលបរិច្ឆេទ​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស​ទាំង​១៧ ហើយ​បាន​ឱ្យ​យក​ចិត្ដ​ទុក​ដាក់​គោរព​ថ្ងៃ​សីល និង​សិក្ខាបទ ។

នៅ​ក្នុង​ឆ្នាំ​១៨៥៣ ព្រះរាជា​មាន​បំណង​ផ្លាស់​ប្រាក់​បាត​ថៃ​ដែល​ចេះ​តែ​ក្រ​ទៅៗ​ចេញ ហើយ​បាន​ឱ្យ​បោះពុម្ព​កាក់​សំប៉ែត​ជា​ប្រាក់សុទ្ធ​៣​ប្រភេទ ដែល​មាន​តម្លៃ​នៅ​ពេល​នោះ​ស្មើនឹង​៤​ហ្វ្រង់ ១​ហ្វ្រង់ និង​៥​កាក់ ។ នៅ​លើ​មុខ​ម្ខាង​មាន​រូប​ហង្ស​ក​វែង​ដូច​រូប​ហង្ស​ដែល​គេ​តែងតែ​ដាក់​នៅ​លើ​ចុង​ដងទង់​ខាង​មុខ​ព្រះ​វិហារ ។ ​នៅ​លើ​មុខ​ម្ខាង​ទៀត មាន​រូប​ប្រាសាទ​បុរាណ​កំពូល​៣ ដែល​តំណាង​អង្គរវត្ដ ។

បើ​តាម​សម្ដី​មន្ដ្រី​ចាស់​ម្នាក់​ដែល​ព្រះរាជា​ឧស្សាហ៍​ពិគ្រោះ​យោបល់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា មើល​ពី​ខាង​ក្រៅ​គេ​ឃើញ​ព្រះរាជា ដូច​ជា​សប្បាយ​រីករាយ​ណាស់ ក៏​ប៉ុន្ដែ​ក្នុង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​វិញ ទ្រង់​ដូច​ជា​គ្មាន​ទំនុក​ចិត្ដ​ចំពោះ​អនាគតកាល​សោះ ម្យ៉ាង​ទ្រង់​ខ្លាច​ពួក​សៀម​ដែល​ព្រះ​អង្គ​ចាត់​ទុក​ដូចជា​សត្រូវ (87) ស្ទើរតែ​ដូច​ពួក​អាណ្ណាម ដែល​ព្រះ​អង្គ​ស្អប់​ខ្លាំង​ណាស់​អីចឹង​ដែរ ។ ពួក​អាណ្ណាម​នេះ​មាន​ទំនៀម​ទម្លាប់ សាសនា សម្លៀក​បំពាក់ សក់​បួង និង​ទម្លាប់​ផ្សេងៗ ដែល​ព្រះ​អង្គ​មិន​ចូល​ចិត្ដ​សោះ ណា​មួយ​ពួក​នេះ​ឈ្លាន​ពាន​អាណា​ខែត្រ​ភាគ​ខាងត្បូង​ឥត​ឈប់​ឈរ​ផង ។ ព្រះ​អង្គជា​អ្នកគាំទ្រ​សន្ដិភាព មិន​ចូល​ចិត្ដ​សង្គ្រាម ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​សង្គ្រាម​មិន​អាច​ដណ្ដើម​យក​ខែត្រ​ដែល​បាត់បង់​ទៅ​នោះ​មក​វិញ​បាន​ទេ ។ ក៏​ប៉ុន្ដែ​ដើម្បី​រារាំង​សត្រូវ​កុំឱ្យ​ចូល​មក​រុក​គួន​ព្រះរាជា​ណា​ចក្រ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​សង់​បន្ទាយ​ការពារ​ជា​ច្រើន ។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា «មិន​ត្រូវ​គិត​ពី​រឿង​ដណ្ដើម​យក​អ្វី​ដែល​បាត់បង់​ទៅ​ហើយ​មក​វិញ​ទេ ប៉ុន្ដែ​ត្រូវ​ការពារ​អ្វី​ដែល​នៅ​សល់​ឱ្យ​បាន» ។ ព្រះ​អង្គ​បារម្ភ​ណាស់​ចំពោះ​អនាគត ហើយ​បាន​ពិភាល់​ថា​កម្ពុជា​នឹង​ត្រូវ​បែងចែក​គ្នា​រវាង​សៀម និង​អាណ្ណាម ។ ពួក​សៀម​នឹង​យក​ទឹកដី​ពោធិ៍សាត់ កំពង់ស្វាយ ឧត្ដុង្គ សម្បូរ ក្រចេះ ត្បូងឃ្មុំ ឯ​អាណ្ណាម​វិញ​នឹង​យក​អាណា​ខែត្រ​ខាងត្បូង​ទាំងអស់​រួម​មាន បាភ្នំ ទ្រាំង ភ្នំពេញ ផង ។ បើ​សិនជា​មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង ទោះជា​ជាមួយ​សៀម ឬ​ជាមួយ​កូសាំងស៊ីន​ក៏​ដោយ ក៏​សង្គ្រាម​នោះ​នឹង​ធ្វើ​ឱ្យ​ការ​បែងចែក​ទឹកដី​គ្នា​នេះ​កើត​មាន​កាន់តែ​ឆាប់ ម្ល៉ោះហើយ​ព្រះ​អង្គ​មិន​ចង់​ឱ្យ​កើត​មាន​សង្គ្រាម​ជាមួយ​នរណា​ម្នាក់​ទេ ។

គំនិត​ដែល​គិត​ថា​ថ្ងៃ​ណា​មួយ​ជា​ពិសេស​កាលណា​អត់​ពី​ព្រះ​អង្គ​ទៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ដិត​ជាប់​នឹង​ព្រះ​ទ័យ​របស់​ព្រះ​អង្គជា​និច្ច ហើយ​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​គិត​ងាក​ទៅ​រក​សុំ​ជំនួយ​ការពារ​ពី​ប្រទេស​អឺរ៉ុប​ណា​មួយ ដើម្បី​ផ្ញើ​វាសនា​ស្រុក​ខ្មែរ និង​សន្ដតិវង្ស​ព្រះរាជា​វិញ​ម្ដង ។ គំនិត​សុំ​ជំនួយ​របស់​ព្រះ​អង្គ​ពេល​នោះ មិនមែន​ជា​ការ​សុំ​អាណាព្យាបាល​ក្នុង​ន័យ​ដូច​ដែល​យើង​យល់​សព្វ​ថ្ងៃនេះ​ទេ គឺ​សុំ​ឱ្យ​ការពារ​ព្រះរាជា​ណាចក្រ​កុំឱ្យ​នគរ​ផ្សេង​ដណ្ដើម​យក​បាន ទោះជា​នៅ​ក្នុង​អាស៊ី ឬ​ក៏​នៅ​អឺរ៉ុប​ក្ដី ។

ទ្រង់​បាន​នឹក​គិត​ទៅ​ដល់​ប្រទេស​បារាំង ដែល​មិន​ទាន់​មាន​ដែនដី​ជា​កម្មសិទ្ធិ​នៅ​ចុង​បូព៌ា​នៅ​ឡើយ ហើយ​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ឮ​ល្បី​កិត្ដិនាម​កាលពី​ពេល​ដែល​ព្រះ​អង្គ​គង់នៅ​ឯ​រាជធានី​បាងកក ។ ដល់​មក​ខែវិច្ឆិកា ឆ្នាំ​១៨៥៣ ក្រោយ​ពី​បាន​ពិចារណា​ល្អិន​ល្អន់​រួច​ហើយ ព្រះបាទ​អង្គឌួង​បាន​ចាត់​បច្ឆាញាតិ​២​រូប​របស់​ពួក​ព័រទុយហ្គាល់ ដែល​កាន់​សាសនា​កាតូលិក​គឺ​ចៅពញា​កុយ​ និង​ចៅពញា​ប៉ែន​ ឱ្យ​ធ្វើ​ដំណើរ​ជា​សម្ងាត់​ទៅ​សិង្ហបុរី​នាំ​យក​សារលិខិត​សរសេរ​ជា​ភាសាបារាំង​ដោយ​ព្រះសង្ឃ​កាតូលិក (អេវ៉ែក) នៅ​កម្ពុជា​ឈ្មោះ មីស្ហ តាម​សម្ដី​របស់​ព្រះ​អង្គ ទៅ​ប្រគល់​ជូន​កុងស៊ុល​បារាំង​នៅ​ទីនោះ ឱ្យ​ផ្ញើ​បញ្ជូន​បន្ដ​ទៅ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ណាប៉ូ​ឡេអុង​ទី​៣ «ដើម្បី​សម្ដែង​មិត្ដភាព និង​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ពី​ព្រះ​អង្គ» ។ ជាប់​ជាមួយ​នឹង​សារលិខិត​នេះ​មាន​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ហិប រួម​មាន​ភ្លុក​ដំរី​ធំៗ​៤ កុយ​រមាស​២ ជ័ររង្គ​៧​បាវ​ទម្ងន់​៣០០​គីឡូក្រាម ស្កសរ​៧​បាវ​ទម្ងន់ ៣០០​គីឡូក្រាម និង​ម្រេច​៧​បាវ​ទម្ងន់​៣០០​គីឡូក្រាម​ផង​ដែរ ។ កុងស៊ុល​បារាំង​ប្រចាំ​សិង្ហបុរី​បាន​ទទួល​យក​ព្រះ​សារលិខិត និង​អំណោយ​ទាំង​អស់ពី​ទូត​ទាំង​២ រួច​បាន​ផ្ញើ​សារ​ឆ្លើយ​តប​មក​ព្រះបាទ​អង្គឌួង​វិញ​ថា​ខ្លួន​នឹង​ផ្ញើ​ព្រះរាជ​សារ និង​អំណោយ​ទាំងអស់​ទៅ​ប្រទេស​បារាំង​តាម​នាវា​ចម្បាំង​ក្ដោង​៣​ឈ្មោះ ឡាកា​ព្រីស៊ីយ៉ឺ មាន​វរសេនីយ៍ត្រី រ៉ូកឺ​ម៉ូរ៉ែល ជា​មេបញ្ជាការ ដែល​នឹង​នាំ​របស់​ទាំង​អស់​នេះ​ទៅ​សាលា​ខែត្រ​ទូឡុង ភ្លាម​នៅ​ពេល​ដែល​កប៉ាល់​ទៅ​ដល់ ដើម្បី​ឱ្យ​បញ្ជូន​បន្ដ​ទៅ​ថ្វាយ​ព្រះ​ចៅ​អធិរាជ (១៨៥៤) ។

នៅ​ឆ្នាំ​បន្ទាប់​មក លោក​ដឺម៉ុង​ទីញី បេសកជន​របស់​បារាំង​ប្រចាំ​ស្រុក​សៀម និង​ស្រុក​ចិន​បាន​ទទួល​បញ្ជា​ឱ្យ​មក​ចុះ​សន្ធិសញ្ញា​មេត្រីភាព និង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ព្រះរាជា​កម្ពុជា​តាម​បំណង​ប្រាថ្នា​របស់​ព្រះបាទ​អង្គឌួង ។ ឯកអគ្គរាជទូត​នេះ​ទើប​តែ​បាន​ចុះ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​មួយ​ជាមួយ​ស្ដេច​សៀម ព្រះ​មហា​មង្គត ដែល​ថ្វាយ​ដំណឹង​តាម​រយៈ​អេវ៉ែក​មីស្ហ តាំងពី​ខែឧសភា ថា​នឹង​មក​កម្ពុជា​ឆាប់ៗ​នេះ តែ​បាន​ប្រហែស​និយាយ​ប្រាប់​គេឯង​នៅ​បាងកក​ឱ្យ​ដឹង​ពី​គម្រោងការ​ថា​នឹង​មក​ចុះ​សន្ធិសញ្ញា​ជាមួយ​ព្រះបាទ​អង្គឌួង ។ ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​ស្ដេច​សៀមៗ​មិន​យល់​ព្រម​ឱ្យ​កម្ពុជា​ដែល​ទ្រង់​ចាត់ទុកជា​នគរ​សាមន្ដរាជ​មួយ អាច​ចុះ​សន្ធិសញ្ញា​ណា​មួយ​បាន​ដោយ​គ្មាន​ការ​ឯកភាព​ពី​ព្រះ​អង្គ​ទេ ។ ស្ដេច​សៀម​បាន​ចាត់​មន្ដ្រី​ម្នាក់​ឱ្យ​ចុះ​កប៉ាល់​ជាមួយ លោក​ដឺម៉ុង​ទីញី ជា​សម្ងាត់ ដើម្បី​ត្រួតពិនិត្យ​មើល​សកម្មភាព​របស់​រាជទូត​បារាំង​នេះ​ផង និង​ដើម្បី​នាំសារ​ណែនាំ​មួយ​មក​ថ្វាយ​ព្រះរាជា​កម្ពុជា​ផង ដែល​អ្នកខ្លះ​និយាយ​ថា​គឺជា​រាជសារ​ហាម​ឃាត់​មិន​ឱ្យ​ព្រះ​អង្គ​ធ្វើ​អ្វី​ជា​មួយ​បារាំង ។ លោក ដឺម៉ុង​ទីញី បាន​ឡើង​កប៉ាល់​មក​ចុះ​នៅ​កំពត​នៅ​ក្នុង​ខែសីហា ឆ្នាំ​១៨៥៦ ។ រាជសារ​របស់​ស្ដេច​សៀម​ពោរពេញ​ទៅ​ដោយ​ពាក្យ​គំរាម​កំហែង ដែល​ធ្វើ​ឱ្យ​ព្រះបាទ​អង្គឌួង​វិតក្ក​យ៉ាង​ខ្លាំង ។ ទ្រង់​មាន​បំណង​ចង់​ចុះ​សន្ធិសញ្ញា​ជាមួយ​បារាំង​ជា​សម្ងាត់​សិន កាល​ណា​បាន​សច្ចានុមតិ​រួច​ហើយ​សឹម​ផ្សព្វផ្សាយ​ឱ្យ​គេ​ដឹង​ឮ នៅ​ពេល​នោះ​ទ្រង់​នឹង​គ្មាន​បារម្ភ​អំពី​សៀម​ ឬ​អាណ្ណាម​ទៀត​ទេ ព្រោះ​បាន​ទទួល​ការ​ការពារ​ពី​ប្រទេស​អឺរ៉ុប​មួយ​រួច​ហើយ ។ ក៏​ប៉ុន្ដែ​ឥឡូវ ព្រះរាជ​បំណង​នេះ​បាន​ត្រូវ​គេ​ដឹង​មុន​អស់​ទៅ​ហើយ​នៅ​បាងកក​តាំងពី​មុន​ពេល​ដែល​រាជទូត​បារាំង​ចេញ​ដំណើរ​មក​ម្ល៉េះ ។ ឯកអគ្គរាជទូត​បារាំង​អាច​នឹង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការ​គំរាម​កំហែង​របស់​ស្ដេច​សៀម​មក​លើ​ព្រះរាជា​កម្ពុជា ហើយ​ជួយ​រំងាប់​ការ​ព្រួយ​បារម្ភ​របស់​ព្រះបាទ​អង្គឌួង​បាន ដោយ​ធ្វើ​ដំណើរ​រហូត​មក​ដល់​ឧត្ដុង្គ រួច​ហើយ​រាយការណ៍​ថ្វាយ​អំពី​អំណាច​ដ៏​ខ្លាំងក្លា​របស់​បារាំង ។ ក៏​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ លោក ដឺម៉ុង​ទីញី ដែល​មិន​បាន​យល់​ច្បាស់​អំពី​ល្បិច​កល​របស់​សៀម​មក​លើ​ព្រះរាជា​កម្ពុជា​មាន​ការ​ប្រហែស បែរ​ទៅ​ជា​មិន​ចង់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ឆ្ងាយ​ចម្ងាយ​ជាង​១៤០​គីឡូម៉ែត្រ កាត់​ទីរហោឋាន​តាម​ដែល​គាត់​ឮ​គេ​និយាយ​ប្រាប់​ទេ ។ គាត់​ឈប់​នៅ​នឹង​កំពត ហើយ​បាន​ចាត់​ព្រះសង្ឃ​កាតូលិក (អាបេ) ហេស្ដ្រិស ដែល​អេវ៉ែក​មីស្ហ ទើប​នឹង​តែងតាំង​មក​ឈរជើង​នៅ​ទី​នេះ ឱ្យ​នាំ​យក​សន្ធិសញ្ញា​ពាណិជ្ជកម្ម​មួយ​ចម្លង​តាម​សន្ធិសញ្ញា ដែល​បាន​ចុះ​ជាមួយ​សៀម មក​ថ្វាយ​ព្រះបាទ​អង្គឌួង​ឡាយ​ព្រះហស្ដ​លេខា ។ សន្ធិសញ្ញា​នោះ គ្មាន​អត្ថន័យ​គ្រប់គ្រាន់​សម​តាម​បំណង​របស់​ព្រះបាទ​អង្គឌួង​ទេ ព្រោះ​មិនមែន​ជា​សន្ធិសញ្ញា​មេត្រីភាព​ដែល​ទ្រង់​ចង់​បាន ហើយ​ក៏​មិន​បាន​ធានា​អត្ថិភាព​របស់​កម្ពុជា​ក្រោម​អាណាព្យាបាល​ភាព​របស់​ប្រទេស​បារាំង​ដែរ បើ​ទោះជា​ថា មាន​តែ​ក្នុង​ពាក្យ​សម្ដី​ក៏​ដោយ​ចុះ ។ ព្រះបាទ​អង្គឌួង​បាន​ឱ្យ​គេ​សង់ផ្ទះ​សំណាក់​មួយ​សម្រាប់​ទទួល​លោក ដឺម៉ុង​ទីញី នៅ​កំពត ហើយ​ទ្រង់​រង់ចាំ​ទទួល​គាត់​នៅ​ឧត្ដុង្គ ។ ព្រះ​អង្គ​ខក​ព្រះ​ទ័យ​ជា​ខ្លាំង​នៅ​ពេល​ឃើញ​កូន​សង្ឃ​កាតូលិក​តូច​មួយ​មក​ចូល​គាល់​ព្រះ​អង្គ​ទៅ​វិញ ជា​ជាង​បាន​ឃើញ​ឯកអគ្គរាជទូត​ដែល​ព្រះ​អង្គ​កំពុង​តែ​រង់ចាំ​ទាំង​អេវ៉ែក​មីស្ហ ក៏​មិន​យល់​ស្រប​តាម​ដែរ ម្ល៉ោះ​ហើយ​ទ្រង់​បាន​ប្រកែក​មិន​យល់​ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​គ្មាន​កិច្ចធានា​អ្វី​បន្ដិច​សោះ​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ជាមួយ​ពួក​សៀម​ទៀត​ផង ។

ភាព​ខ្វះ​ការ​ប៉ិន​ប្រសប់ និង​ការ​ធ្វេស​ប្រហែស​របស់​ឯកអគ្គរាជទូត​នៃ​ព្រះ​ចៅ​អធិរាជ​បារាំង​បាន​ធ្វើ​ឱ្យ​ព្រះរាជា​កម្ពុជា​ជួប​ប្រទះ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង​ដែល​ព្រះ​អង្គ​កំពុង​តែ​ខ្លាចរអា​ផង ហើយ​ក៏​ធ្វើ​ឱ្យ​បារាំង​បាត់បង់​ឱកាស​ក្នុង​ការ​ដាក់​អាណាព្យាបាល​មក​លើ​កម្ពុជា​តាំងពី​ឆ្នាំ​១៨៥៦ គឺ​នៅ​មុន​សង្គ្រាម​ឥណ្ឌូចិន​ជា​ច្រើន​ឆ្នាំ ។ ប្រសិនបើ​បារាំង​បាន​ដាក់​អាណាព្យាបាល​មក​លើ​កម្ពុជា​តាំង​តែ​ពី​ពេល​នោះ​មក បារាំង​អាច​ប្រើ​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ប្រតិបត្ដិការ ដែល​នឹង​ផ្ដល់​ការ​ងាយ​ស្រួល​ជា​ច្រើន​ដល់​សង្គ្រាម​នោះ ។ ហើយ​បើសិនណា​ជា​បារាំង​បាន​មក​ឈរជើង​នៅ​កម្ពុជា ហើយ​ធ្វើ​សកម្មភាព​ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះរាជា​កម្ពុជា​ផង​នោះ ម្ល៉េះ​សម​បារាំង​អាច​ដណ្ដើម​យក​កូសាំងស៊ីន​ទាំងមូល​បាន​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​ទៅ​ហើយ ។

ពេល​នោះ​មាន​ការ​បះបោរ​មួយ​របស់​អ្នកស្រុក​នៅ​រលាប្អៀរ និង​បរិបូណ៌ ដឹកនាំ​ដោយ​មេ​បះបោរ​ឈ្មោះ អា​សុខ និង​អា​ជ្រុម ។ ព្រះបាទ​អង្គឌួង​បាន​ចេញ​បញ្ជា​ឱ្យ​គេ​ចាប់​ពួក​មេ​បះបោរ​នោះ​ជាមួយ​បក្សពួក​មួយ​ចំនួន​សម្លាប់​ចោល ។

មាន​ការ​បះបោរ​មួយ​ទៀត​កើត​ឡើង​នៅ​រវាង​ឆ្នាំ​១៨៥៧ ដោយ​ពួក​ខ្មែរ​រស់នៅ​ក្នុង​ខែត្រ​តៃនិញ នៅ​កូសាំងស៊ីន ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​ខ្មែរ​ជា​ច្រើន​នាក់​មក​ពី​កម្ពុជា ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​តែ​ពួក​អាណ្ណាម​ឆ្លៀត​ឱកាស​គាំទ្រ​ជនជាតិ​គេ​ហើយ​តាម​វាយ​ពួក​បះបោរ​ចូល​មក​ដល់​ព្រះរាជា​ណាចក្រ ។ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​សង់​បន្ទាយ​ការពារ​នៅ​តាម​ព្រំដែន​ខាងត្បូង ហើយ​បាន​ហាម​ប្រាម​ប្រជារាស្ដ្រ​នៅ​កម្ពុជា​លើ​មិន​ឱ្យ​ផ្ដល់​ជំនួយ​ទៅ​ពួក​ខ្មែរ​នៅ​កូសាំងស៊ីន​ដែល​ទ្រង់​ចាត់​ទុក​ថា ជា​ប្រជារាស្ដ្រ​របស់​ព្រះ​អង្គ​ដែរ បើ​ទោះជា​ថា​ពួក​នោះ​ធ្លាប់​បាន​ជួយ​វាយ​ពួក​អាណ្ណាម​ឱ្យ​បរាជ័យ ដោយ​ជិះ​តែ​លើ​ក្របី ហើយ​មាន​អាវុធ​មិន​គ្រប់គ្រាន់​ក៏​ដោយ ។ នៅ​ពេល​នោះ ការ​ចាកចោល​ស្រុក​មួយ​លើក​ទៀត​បាន​កើត​មាន​ឡើង​នៅ​កូសាំងស៊ីន ។ ប្រជាជន​ខ្មែរ​ដ៏​កម្សត់​ជា​ច្រើន​នាក់​ដែល​ងើប​បះបោរ​ឡើង​ប្រឆាំង​នឹង​ការ​គាប​សង្កត់​ពី​ពួក​អាជ្ញាធរ​អាណ្ណាម​ និង​ញាតិ​ជិតខាង​យួន​ដែល​លួច​ឆក់​សម្បត្ដិទ្រព្យ​ វាយដំ​ធ្វើបាប​បំបែក​បំបាក់​ឥត​មាន​លស់​ពេល បាន​នាំ​គ្នា​រត់​កាត់​ព្រំដែន​ឆ្លង​មក​ជ្រកកោន​នៅ​កម្ពុជា​វិញ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ទៀត ពួក​ចាម​នៅ​ខែត្រ​ត្បូងឃ្មុំ ដែល​ធ្លាប់​បាន​បះបោរ​២​លើក​រួច​មក​ហើយ​ប្រឆាំង​នឹង​ព្រះរាជា​កម្ពុជា​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៥៩៩ និង​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​១៦៦០ បាន​នាំ​គ្នា​ចាប់​កាន់​អាវុធ​ប្រឆាំង​នឹង​ចៅហ្វាយ​ខែត្រ​ដែល​មិន​យល់​ព្រម​អនុញ្ញាត​ឱ្យ​ពួក​នេះ​បង្កើត​រដ្ឋ​តូច​មួយ​នៅ​ក្នុង​រង្វង់​ទឹកដី​ខែត្រ​របស់​គាត់ ។ ពួក​នេះ​ស្ដាប់​តែ​បញ្ជា​របស់​មេ​គេ​ប៉ុណ្ណោះ (88) ។ ព្រះរាជា​បាន​បញ្ជូន​លោក​យោធា​សង្គ្រាម​ឱ្យ​ទៅ​បង្ក្រាប​ពួក​នេះ តែ​ត្រូវ​ពួក​នេះ​សម្លាប់​បាន ព្រោះ​គាត់​មាន​កងការពារ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ។ ព្រះរាជា​បាន​កេណ្ឌ​ទ័ព​មួយ​កង​ភ្លាម រួច​ដឹកនាំ​ចេញ​ទៅ​ត្បូងឃ្មុំ​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ ពួក​ចាម​ដែល​ជួនកាល​ត្រូវ​ទ័ព​ព្រះរាជា​វាយប្រហារ​ឱ្យ​បរាជ័យ ជួនកាល​ទៀត​ទទួល​បាន​ជ័យជម្នះ​វិញ ប៉ុន្ដែ​នៅ​ទី​បញ្ចប់​ក៏​ត្រូវ​បរាជ័យ បែកខ្ញែក​គ្នា រួច​បង្ខំ​ឱ្យ​គេច​ទៅ​ជ្រកកោន​នៅ​ឯ​ចូវដុក បង្កើត​បាន​ជា​ភូមិ​ចាម​៥ ដែល​គេ​ប្រទះ​ឃើញ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ពួក​ចាម​ដែល​មិន​អាច​គេច​ខ្លួន​បាន​ត្រូវ​គេ​ប្រមូល​ចាប់​យក​ទៅ​ទុក​នៅ​ពោធិ៍សាត់ នៅ​លង្វែក នៅ​កំពង់ត្រឡាច និង​នៅ​កំពង់ហ្លួង ។ អ្វីៗ​ហាក់​ដូចជា​បាន​ចប់​ទៅ​ហើយ ស្រាប់តែ​ពួក​ចាម​ដែល​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ​ចូវដុក​នោះ បាន​នាំ​គ្នា​ឡើង​មក​តាម​ទន្លេ​យ៉ាង​រហ័ស ការពារ​ដោយ​កម្លាំង​ថ្មើរ​ជើង​មួយ​កង​ឆ្លង​កាត់​ភ្នំពេញ រហូត​ទៅ​ដល់​ជំរំ​ដែល​គេ​ដាក់​ពួក​ចាម​នាំ​មក​ពី​ត្បូងឃ្មុំ ជម្លៀស​ពួក​នោះ​យក​ទៅ​អស់ ។ ប្រតិបត្ដិការ​នេះ​ត្រូវ​បាន​គេ​ត្រៀម​អស់​ពេល​ជា​យូរ​មក​ហើយៗ​ទទួល​ពួក​ចាម​នៅ​កម្ពុជា​ប្រុង​តែ​លួច​រត់គេច​ផង ម្ល៉ោះ​ហើយ​ក៏​ប្រព្រឹត្ដ​ទៅ​យ៉ាង​លឿន រហូត​ទាល់​តែ​ព្រះរាជា​កម្ពុជា​មិន​អាច​ចាត់​វិធានការ​អ្វី​ទប់ទល់​ទាន់ ធ្វើ​ឱ្យ​ពួក​អ្នក​កាន់​សាសនា​មហាម៉ាត់​នាំ​គ្នា​រត់​ឆ្លង​ចូល​ទៅ​កូសាំងស៊ីន​អស់​ទៅ ។ ចាស់ៗ​បាន​និយាយ​ថា ហេតុការណ៍​នេះ​អាច​កើត​ឡើង​បាន មក​ពី​ភាគ​ច្រើន​នៃ​ពួក​ចាម​ដែល​ព្រះរាជា​បាន​ចាប់​ជា​ឈ្លើយ​នោះ​ច្រើន​តែ​ជា​ស្ដ្រី កុមារ និង​មនុស្ស​ចាស់ ពួក​បុរសៗ​បាន​រត់គេច​ទៅ​កូសាំងស៊ីន​អស់​ទៅ​ហើយៗ​ការ​ដែល​ព្រះ​អង្គ​ធ្វើ​ដូច្នេះ ព្រោះ​មិន​ចង់​ឱ្យ​ពួក​គេ​ចាកចោល​ព្រះរាជា​ណាចក្រ ។

ឯកសារ​មួយ​និយាយ​ថា ព្រះរាជា​ខ្ញាល់​ខ្លាំង​ណាស់ ណា​មួយ​ខ្មាស់​នឹង​ល្បិច​ពួក​ចាម​ផង ទ្រង់​បាន​ព្រមាន​ឱ្យ​អាណ្ណាម​ដែល​គ្រប់គ្រង​ចូវដុក​បញ្ជូន​ពួក​បះបោរ​នោះ​មក​ថ្វាយ​ព្រះ​អង្គ​វិញ ។ ចៅហ្វាយ​ខែត្រ​អាណ្ណាម​នោះ​ប្រកែក​មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​ព្រះ​អង្គ​ទេ ព្រះបាទ​អង្គឌួង​ក៏​បញ្ជូន​ទ័ព​មួយ​កង​តូច ដឹកនាំ​ដោយ​ស្ដេចត្រាញ់​ដែនដី​ទ្រាំង ឈ្មោះ កែប ដើម្បី​ទៅ​នាំ​យក​ពួក​ចាម​ទាំង​នោះ​មក​វិញ ។ ពួក​ចាម​នោះ​បាន​ព្រួត​ដៃ​គ្នា​ជាមួយ​ទ័ព​អាណ្ណាម​ដែល​គេ​បញ្ជូន​ឱ្យ​មក​ជួយ​ច្បាំង​ជាមួយ​ទ័ព​ខ្មែរ​តែ​មិន​អាច​ទប់ទល់​មិន​ឱ្យ​ទ័ព​ខ្មែរ​ឆ្លង​ចូល​ទៅ​ឆ្ងាយ​ពី​ព្រំដែន​បាន​ទេ ។ ដូច្នេះ​សង្គ្រាម​បាន​កើត​មាន​ឡើង​ម្ដង​ទៀត​ជាមួយ​អាណ្ណាម ដែល​នឹង​ធ្វើ​ឱ្យ​មាន​អន្ដរាគមន៍​ពី​សៀម​ដោយ​ចៀស​មិន​រួច ប្រសិនបើ​គ្មាន​វត្ដមាន​របស់​បារាំង​នៅ​កូសាំងស៊ីន​ទេ (89) ។

នៅ​ពេល​នោះ ពួក​អាណ្ណាម​គ្មាន​លទ្ធភាព​ទប់ទល់​ជាមួយនឹង​ទ័ព​ខ្មែរ​ទេ ។ ក្រោយ​ពី​ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​អង់គ្លេស និង​ចាប់​បង្ខំ​ព្រះ​ចៅ​អធិរាជ​ចិន​ឱ្យ​ចុះ​សន្ធិសញ្ញា​រួច​ហើយ ពួក​បារាំង​បាន​វិល​ត្រលប់​ពី​ស្រុក​ចិន​មក​វិញ ហើយ​ដើម្បី​ជា​ការ​សងសឹក​ឱ្យ​ពួក​សាសនទូត​របស់​បារាំង និង​ពួក​អាណ្ណាម​កាន់​សាសនា​កាតូលិក ដែល​ត្រូវ​ពួក​មន្ដ្រី​ដេញ​ចេញ​ពី​ស្រុក និង​បង្ខំ​ឱ្យ​អាណ្ណាម​អនុវត្ដ​តាម​កិច្ចសន្យា​កាល​ពីមុន​ផង​នោះ ពួក​បារាំង​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​ទីក្រុង​ទួរ៉ាន​នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​១៨៥៨​ ចូល​កាន់កាប់​សាយហ្គន​នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​១៨៥៩ ហើយ​កំញើញ​ថា នឹង​ដណ្ដើម​យក​កូសាំងស៊ីន​ទាំងមូល​ថែម​ទៀត ។

ព្រះបាទ​អង្គឌួង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ដំណឹង​នេះ ហើយ​ទ្រង់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ មិន​ដឹង​ថា​តើ​ហេតុការណ៍​នោះ​នឹង​នាំ​មក​នូវ​ផល​ល្អ​ ឬ​ផល​អាក្រក់​ចំពោះ​កម្ពុជា ម្ល៉ោះ​ហើយ​ទ្រង់​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ។ ព្រះ​អង្គ​ចង់​ដឹង​អំពី​គោលបំណង​របស់​ពួក​បារាំង ថា​តើ​គេ​ធ្វើ​នេះ​គ្រាន់តែ​ដើម្បី​សងសឹក​ទៅ​នឹង​ការ​ប្រមាថ​មើល​ងាយ​របស់​អាណ្ណាម រួច​កាន់កាប់​ចំណុច​ណា​មួយ​នៅ​តាម​ឆ្នេរ​សមុទ្រ ឬ​ក៏​គេ​ចង់​ដណ្ដើម​យក​កូសាំងស៊ីន​ផ្នែក​ខាងក្រោម​ទាំងអស់ ។ បើ​ដូច្នោះ​មែន បារាំង​នឹង​ក្លាយ​ទៅជា​អ្នក​មាន​ព្រំដែន​ជាប់​នឹង​កម្ពុជា ហើយ​ដើរតួ​ជំនួស​អាណ្ណាម​ក្នុង​ការ​ទាមទារ​សិទ្ធិ​អធិរាជ​ភាព​មក​លើ​កម្ពុជា​ទេ​ដឹង ? តាម​ពិត​ទៅ សកម្មភាព​របស់​បារាំង​នៅ​ពេល​នោះ​គ្មាន​អ្វី​ជាក់​លាក់​ទេ ហើយ​កំហុស​របស់​លោក ដឺម៉ុងទីញី បាន​ធ្វើ​ឱ្យ​ព្រះបាទ​អង្គឌួង​ទីទើ ណា​មួយ​បារាំង​ក៏​មិន​បាន​បញ្ជូន​តំណាង​ឱ្យ​មក​រាយការណ៍​ថ្វាយ​ដើម្បី​ឱ្យ​ទ្រង់​អស់​សង្ស័យ​ផង​ដែរ ។ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ដែល​បារាំង​វាយ​ដណ្ដើម​យក​សាយហ្គន​បានៗ​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ ហើយ​នៅ​ពេល​ឃើញ​ថា​ទ័ព​បារាំង​មិន​បាន​ឈរជើង​នៅ​ទីនោះ គឺ​វិល​ត្រលប់​មក​ទួរ៉ាន​វិញ ប៉ុន្ដែ​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​អតីត​សត្រូវ​របស់​ព្រះ​អង្គ​គ្រប់​ទីកន្លែង ព្រះ​អង្គ​ក៏​សម្រេច​ចិត្ដ​ចាប់​វាយ​មក​លើ​អាណ្ណាម​នៅ​ចូវដុក ចូល​មក​ក្នុង​កូសាំងស៊ីន​របៀប​ជា​កង​ជំនួយ​ឱ្យ​ពួក​បារាំង​ដោយ​គ្មាន​ការ​ចរចា​ឯកភាព​គ្នា​ជា​មុន​ទេ ។​ គេ​និយាយ​ថា នោះ​ហើយ​ជា​ការ​សម្ងាត់​នៃ​សង្គ្រាម​ដែល​ហាក់​ដូចជា​ផ្ទុយ​ទៅ​នឹង​នយោបាយ​របស់​ព្រះ​អង្គ​ដែល​មាន​ពី​មុន ។

បន្ដិច​ក្រោយមក ព្រះរាជា​បាន​យាង​ទៅ​កំពត​ដើម្បី​ទៅ​ទត​មើល​សំពៅ​ពាណិជ្ជកម្ម​មួយ ដែល​ទ្រង់​បាន​ឱ្យ​គេ​ធ្វើ​ឡើង​រួច​ប្រគល់​ឱ្យ​ជន​ម៉ាឡេ​ម្នាក់​នៅ​ត្រីកា​កាន់​កាប់ ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ជួប​ជាមួយ​អ្នក​ស្រាវជ្រាវ មូហូត ជជែក​ជាមួយ​បាន​បន្ដិច ទ្រង់​ក៏​បញ្ជា​ឱ្យ​គេ​ផ្ដល់​មធ្យោបាយ​សម្រាប់​គាត់​ធ្វើ​ដំណើរ​មក​ឧត្ដុង្គ​ទៀត ។

នៅ​ពេល​យាង​ត្រលប់​មក​កាន់​រាជធានី​វិញ ក្រោយ​ពេល​ដែល​លោក មូហូត ចូល​គាល់​ព្រះ​អង្គ​នៅ​នឹង​ព្រះរាជ​ដំណាក់​ធ្វើ​ពី​ឈើ​បាន​បន្ដិច ព្រះបាទ​អង្គឌួង​ក៏​ធ្លាក់​ព្រះ​កាយ​ប្រឈួន ហើយ​បាន​សុគត​ទៅ​នៅ​ឆ្នាំ​១៨៦០ នៃ​គ្រិស្ដ​សករាជ ត្រូវ​នឹង​មហាសករាជ​១៧៨២ ចុល្លសករាជ​១២២២ (ក្នុង​ខែកត្ដិក ថ្ងៃ​៥​កើត ចុង​ខែ​វិច្ឆិកា) ។

ការ​ចូល​ទិវង្គត​របស់​ព្រះរាជា​បាន​ធ្វើ​ឱ្យ​ចលនា​របស់​ខ្មែរ​នៅ​ចូវដុក​ត្រូវ​បញ្ចប់ ហើយ​ឧកញ៉ា​កែប​ក៏​នាំ​ទ័ព​វិល​ត្រលប់​ចូល​មក​កម្ពុជា​វិញ ។

No comments:

Post a Comment