ចៅហ្វ៊ាប៉ុក នាយករដ្ឋមន្ដ្រី បានដឹកនាំកិច្ចការព្រះរាជាណាចក្រដោយមិនបានខិតខំប្រឹងប្រែងជ្រើសរើសព្រះរាជាថ្មីមួយអង្គណាទេ ។ ព្រះរាជវង្សានុវង្សពេលនោះស្ទើរតែរលត់បាត់ផុតពូជអស់ទៅហើយនៅសល់តែរាជបុត្រារបស់ព្រះអង្គអេង ដែលនៅតូចៗនៅឡើយ ។ ចៅហ្វ៊ាបែនដែលសុខស្រួលទៅហើយនៅក្នុងដីរបស់គាត់ ក៏នៅស្ងៀមមិនបានខ្វល់ខ្វាយនឹងអ្វីបន្ដិចសោះ ។ ចំណែកស្ដេចសៀមដែលតែងតែប្រកាសខ្លួនថា ជាអ្នកការពាររជ្ជទាយាទ និងនាម៉ឺនសព្វមុខមន្ដ្រី ដែលហាក់ដូចជាមានការភ័យខ្លាចចំពោះការទិតៀនអំពីការគ្រប់គ្រងគួរឱ្យអៀនខ្មាសនេះ ម្ល៉ោះហើយក៏នៅស្ងៀមដែរទៅ ។ រីឯប្រជាជនទៀតសោត ក៏ហាក់ដូចជាបាត់បង់អស់នូវសេចក្ដីក្លាហាន មិនចង់ធ្វើសង្គ្រាម ចង់បានសន្ដិភាពវិញម្ដង សមនឹងពេលដែលគេទុកឱ្យរស់ទៅតាមតែសម្មាអាជីវោ ។ ពួកចៅហ្វាយខែត្រកាន់តែឯករាជ្យឡើងៗ ដោយមកពីគ្មានការដឹកនាំ ហើយពេញចិត្ដណាស់នឹងសភាពការណ៍បែបនេះ ប្រមូលពន្ធបានរក្សាទុកបង់មកឱ្យនាយករដ្ឋមន្ដ្រីតែអ្វីដែលខ្លួនចង់បង់ ជួនកាលមិនទាំងបង់ឱ្យទៀតក៏មាន ។ និយាយដោយខ្លីគឺ ព្រះរាជាណាចក្រពេលនោះកំពុងតែរលួយពុកផុយ បាត់បង់ទៅៗដោយខ្សោះអស់កម្លាំង អ្នកណាចង់ធ្វើយ៉ាងណាក៏បាន ។ ប្រសិនបើកម្ពុជាមិនត្រូវអាណ្ណាមចូលមកកាន់កាប់លុកលុយរាតត្បាត វាយដណ្ដើមយក រួចកាត់យកដីកូសាំងស៊ីនដាក់ជារបស់គេទេ ពោលគឺថា បើសិនណាជាស្រុកខ្មែរគ្មានពួកអ្នកឈ្លានពានមកពីទិសខាងត្បូង មានតែសត្រូវសៀមតែមួយគត់នោះ ប្រហែលជាសៀមកាត់យកប្រទេសទាំងមូលដាក់ទៅក្នុងស្រុកគេបាត់ទៅហើយ នៅចុងសតវត្សរ៍ទី១៨ ហើយវាសនាកម្ពុជាក៏ដូចជាវាសនាប្រជាជនខ្មែរទាំងមូលក៏ត្រូវចប់បាត់ទៅហើយដែរ ។ ក៏ប៉ុន្ដែ អាចនិយាយថាយើងមានសំណាងដែរ ដែលមានសត្រូវ២នាក់នៅសងខាងដែលស្រេកឃ្លានសង្គ្រឺតចង់បានទឹកដីយើងដូចគ្នា ម្ល៉ោះហើយ ក៏តាមដានត្រួតពិនិត្យគ្នាទៅវិញទៅមក ។ សត្រូវទាំង២នេះខ្លាចរអាគ្នាទៅវិញទៅមក ចំណែកចំណីដែលស្ថិតនៅកណ្ដាលវិញ ភ័យញ័រចំប្រប់ រង់ចាំតែឱ្យអ្នកណាដែលមកមុនហើយលេបបាត់ ។ ប៉ុន្ដែសត្រូវម្នាក់ៗស្ទាក់ស្ទើរមិនទាន់ហ៊ានលូកដៃមកប៉ះចំណីនោះទេ ដោយខ្លាចធ្វើឱ្យម្ខាងទៀតភ្ញាក់ដឹងខ្លួន ។ ស្ថានភាពបែបនេះបានរក្សាកម្ពុជារហូតដល់ពេលដែលពួកបារាំងមកដល់ ជួយប្រទេសនេះកុំឱ្យស្លាប់ មិនតែប៉ុណ្ណោះ បានជួយដាស់ប្រជាជនឱ្យភ្ញាក់ក្រោកឡើងវិញធានាបាននូវឯករាជ្យជាតិជួយការពារព្រះរាជាជួយផ្ដល់កម្លាំងឱ្យប្រទេសទាំងមូលផ្ដល់សុភមង្គលដោយការធានាបាននូវសុខសន្ដិភាព ពាណិជ្ជកម្ម រួចបន្ទាប់មក ផ្ដល់ឱ្យនូវរាជរដ្ឋាភិបាលអចិន្ដ្រៃយ៍មួយ សុចរិត មាននាម៉ឺនមន្ដ្រីធ្វើការទទួលបាននូវប្រាក់បៀវត្សទៀងទាត់ ម្ល៉ោះហើយមិនបានទិញមុខតំណែងរបស់ខ្លួនទេ ។
ពួកបារាំងទើបតែបានប្រគល់មកឱ្យប្រជាជនខ្មែរវិញនូវទឹកដីដែលសៀមបានកាត់យក តាំងពីមាត់សមុទ្រ រហូតទៅដល់ភ្នំដងរែក ទឹកដីទាំងនោះសៀមមិនដែលបានសន្យាថានឹងប្រគល់មកឱ្យខ្មែរវិញម្ដងណាទេ តែបានយល់ព្រមប្រគល់ឱ្យបារាំង ។ ដោយហេតុនេះ អតីតកម្ពុជានៃសតវត្សរ៍ទី១៧ អាចរស់រានមានជីវិតឡើងវិញ មានស្ដេចសោយរាជ្យ ដោយមានអ្នកចាំជួយការពារខ្លាំងក្លាដែលមិនដែលនឹកគិតចង់លុបបំបាត់ព្រះរាជាណាចក្រនេះទេ ផ្ទុយទៅវិញ មានតែចង់ឱ្យប្រជារាស្ដ្រខ្មែររស់នៅមានសេរីភាព នៅក្នុងស្រុកមួយដែលមានការគ្រប់គ្រងល្អ មានអារ្យធម៌ ហើយគ្មានសង្គ្រាមមករំខាន ។
ព្រះរាជាសៀមបានទាមទារឱ្យគេយកសពព្រះអង្គអេងទៅបូជានៅអយុធ្យា ។ ក៏ប៉ុន្ដែនៅពេលដែលគេដឹកព្រះសពមកដល់ខែត្រមង្គលបុរី ស្រាប់តែមានបញ្ជាមកថាត្រូវដឹកព្រះសពយកទៅឧត្ដុង្គវិញ (65) ហើយឆាប់បញ្ជូនទ័ពទៅជួយវាយពួកភូមា ដែលចូលមកលុកលុយស្រុកសៀម ។ លោកចក្រីកែប បានដឹកនាំទ័ព៥ពាន់នាក់ចេញទៅភ្លាម ហើយគេនិយាយថា ទ័ពខ្មែរនេះពូកែអស្ចារ្យ បានវាយពួកភូមាឱ្យបរាជ័យ រួចទើបវិលត្រលប់មកកម្ពុជាវិញ ពោរពេញទៅដោយជ័យជម្នះ ។
ទ័ពនេះមកដល់មិនទាន់រំសាយចេញទេ ស្រាប់តែព្រះរាជាអយុធ្យាផ្ញើបញ្ជាមកចៅហ្វ៊ាប៉ុក ឱ្យបញ្ជូនទៅជួយស្ដេចយ៉ាឡុង ដែលបានស្រែកសុំជំនួយ ។ ទ័ពនោះក៏ចេញដំណើរទៅ ក្រោមបញ្ជាការរបស់ឧកញ៉ាវាំងឡាង ។ ក៏ប៉ុន្ដែការដែលរដ្ឋាភិបាលមួយគោរពស្ដាប់តាមបញ្ជារបស់ស្ដេចបរទេសប្រៀបបានទៅនឹងហ្វូងទាសករបែបនេះ បានធ្វើឱ្យកើតការក្ដៅក្រហាយ និងអាម៉ាស់ជាខ្លាំងក្នុងចំណោមប្រជាជន ។ ម្ល៉ោះហើយកងទ័ពនោះមិនបានទៅណាឆ្ងាយ គឺបានធ្វើដំណើរមកដល់ត្រឹមរំដួល ក៏បែកខ្ញែកគ្នាអស់ទៅ ព្រោះទាហានម្នាក់ៗវិលត្រលប់ទៅរកគ្រួសាររបស់គេ ។ ចៅហ្វ៊ាប៉ុកបានចេញបញ្ជាឱ្យគេតាមចាប់ទាហានដែលរត់ចោលជួរទាំងអស់នោះយកមកវិញ ហើយធ្វើទោសសម្លាប់ចោល ។ មានទាហានជាច្រើនដែលត្រូវគេអារកសម្លាប់ សេសសល់ប៉ុន្មានគេបញ្ជូនទៅរាជធានីវ៉េ ។ ប្រជាជនរឹតតែមានទោមនស្សខ្លាំងឡើងៗ ។ នៅទីបញ្ចប់ ស្ដេចយ៉ាឡុង ទទួលបានជ័យជម្នះលើពួកតៃសឺន ដណ្ដើមយកអំណាចបានមកវិញ រួចហើយបានបញ្ជូនកាំភ្លើងធំ២ដើម មានរំលេចដោយរូបមករមកកម្ពុជា កាំភ្លើងនេះបានត្រូវមេទ័ពអាណ្ណាមអុងហ៊ូយកទៅ ក្រោយពីគាត់បានធ្វើឃាតព្រះរាមរាជារួច ។
កងទ័ពខ្មែរដែលទៅច្បាំងនៅអាណ្ណាមនោះល្បីល្បាញខ្លាំងណាស់ រហូតទាល់តែមេទ័ពគឺឧកញ៉ាក្រឡាហោមព្រហ្ម ទៅជាក្រអឺតក្រទម គិតថាខ្លួនបានជួយស្ដេចយ៉ាឡុងឱ្យឡើងគ្រងរាជបល្ល័ង្កវ៉េវិញបាន ហើយក៏ចាប់មើលងាយមើលថោកចៅហ្វ៊ាប៉ុក មិនមកចូលរួមប្រជុំគណៈរដ្ឋមន្ដ្រីទេ ។ ចៅហ្វ៊ាប៉ុកបានឱ្យគេចាប់ខ្លួនក្រឡាហោមព្រហ្ម បញ្ជូនទៅថ្វាយស្ដេចសៀមដើម្បីដាក់ទោសទណ្ឌ ។ ព្រះរាជាបាងកករក្សាព្រហ្មទុក រួចបានឱ្យហ្លួងពេជ្រណាពិចិត្រមឿងមកជំនួសវិញ ហើយបានទាំងបញ្ជូនអ្នកអង្គម្ចាស់អង្គចន្ទមកដែរ ដើម្បីគ្រប់គ្រងប្រទេសជាតិ ។
នៅឆ្នាំ១៨០៥ ក្រោយពីស្ដេចអាណ្ណាមបានបញ្ជូននក្រណាត់សូត្រ៦៨ដុំមកថ្វាយ ព្រះអង្គចន្ទ បានយាងនាំយកកំណាត់ទាំងអស់នោះមកបាងកកជាមួយចៅហ្វ៊ាប៉ុក ដើម្បីចូលគាល់ស្ដេចសៀម ។ ចៅហ្វ៊ាប៉ុក ក៏ស្លាប់នៅឯបាងកកនោះទៅ ក្នុងអាយុ៦៥ឆ្នាំ ។ គាត់បានថែរក្សារាជបុត្ររបស់ព្រះអង្គអេង និងជារាជានុសិទ្ធិ ព្រះរាជាណាចក្រកម្ពុជាអស់ពេល១១ឆ្នាំ ។
No comments:
Post a Comment