ព្រះអង្គរាមរាជាជាព្រះរាជបុត្រារបស់ព្រះស្រីជ័យជេដ្ឋា និងជាព្រះរាជនត្ដារបស់ព្រះធម្មោរាជាទី១ ។ ព្រះអង្គមានព្រះជន្ម៣៦ព្រះវស្សាហើយនៅពេលដែលទ្រង់ទទួលព្រះរាជាភិសេកក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះរៀមរាជាធិរាជបរមបពិត្រ» ។ ព្រះរាជាមុនដែលដាក់រាជ្យ បានទួលព្រះឋានៈជាព្រះឧភយោរាជ ឯព្រះអង្គថន ជាព្រះអនុជរបស់ព្រះអង្គរាមរាជា បានទទួលព្រះឋានៈជាព្រះឧបរាជធំ ។
ដោយមានការព្រួយបារម្ភខ្លាចពួកអាណ្ណាមដែលប្រឆាំងនឹងការឡើងសោយរាជ្យរបស់ព្រះអង្គ ធ្វើការវាយប្រហារមកលើ ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យធ្វើកាំភ្លើងធំ កាំភ្លើងតូច រំសេវ គ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងតូច ហើយបានឱ្យសង់បន្ទាយការពាររឹងមាំ២ មួយនៅភ្នំពេញ មួយទៀតនៅមុខកំពូល ។ ក៏ប៉ុន្ដែចៅហ្វាយក្រុងសាយហ្គន និងស្ដេចយ៉ាឡុង (ង្វៀងភុកធន់) ដែលសោយរាជ្យនៅរាជធានីវ៉េពេលនោះមានការរវល់នឹងរឿងផ្សេងទៅវិញ ។ នោះគឺពួកអ្នកភ្នំខាងកើត ឬតៃសឺននៅនឹងតៃភូបានបះបោរឡើងក្រោមការដឹកនាំរបស់បងប្អូន២នាក់ ឈ្មោះឌុកអុងថាញ់និងឌុកអុងឯម (៥៥) ហើយធ្វើការគំរាមកំហែងមកលើរាជធានីវ៉េក្នុងឆ្នាំ១៧៧៥ ។ ចំណែកនៅកូសាំងស៊ីនខាងក្រោមវិញ មានការបះបោរមួយកើតឡើង ធ្វើឱ្យចៅហ្វាយខែត្រអាណ្ណាមឈ្មោះ ចាសចេ មានការលំបាកនឹងបង្ក្រាបយ៉ាងខ្លាំង ។ ម្ល៉ោះហើយពួកនេះមិនបានបើកការវាយប្រហារមកលើកម្ពុជាទេ ផ្ទុយទៅវិញ គេបានសំណូមពរឱ្យកម្ពុជាជួយទៅវិញ ។ ក៏ប៉ុន្ដែព្រះរាជាកម្ពុជាបានប្រកែក មិនចង់មានទំនាក់ទំនងជាមួយពួកអាណ្ណាម ដែលធ្លាប់តែវាយប្រហារមកលើព្រះអង្គ មុនពេលដែលទ្រង់បានឡើងសោយរាជ្យឡើយ ។
ចៅហ្វាយក្រុងសាយហ្គនមិនបានអង្វរករអ្វីទៀតទេ ប៉ុន្ដែនៅពេលដែលបង្ក្រាបការបះបោររួច គេក៏បែរមករកធ្វើសង្គ្រាមសងសឹកនឹងកម្ពុជាតែម្ដង ។ គាត់បានដឹកនាំទ័ពឡើងតាមទន្លេ រហូតមកដល់ភ្នំពេញ ដោយគ្មានជួបប្រទះការទប់ទល់អ្វីឡើយ ។ ប៉ុន្ដែមកដល់ភ្នំពេញ មានទ័ពខ្មែរមួយកងកំពុងតែរង់ចាំជាស្រេច ។ មានការប្រយុទ្ធគ្នាចំនួន២០លើកនៅជុំវិញរាជធានី ពួកអាណ្ណាមត្រូវបរាជ័យស្ទើរតែរាល់លើក ។ នៅពេលដែលច្បាំងទៅបាត់បង់កម្លាំងអស់ច្រើនពេក ហើយការផ្គត់ផ្គង់ស្បៀងក៏លំបាក ព្រោះអ្នកស្រុកបះបោរប្រឆាំងគ្រប់ទិសទី ជាពិសេសពីខាងក្រោយ ពួកអាណ្ណាមក៏បែរខ្នងរត់ត្រលប់ទៅកូសាំងស៊ីនវិញទៅនៅចុងឆ្នាំ១៧៧៦ ។
ព្រះរាជាបានដឹកនាំទ័ពដេញតាមរហូតដល់ហួសព្រំដែន ដណ្ដើមយកបានខែត្រវិញឡុង និងមីថមកវិញ ។ គេនិយាយថាទ្រង់បានបំផុសបំផុលពួកអ្នកស្រុកកូសាំងស៊ីនដែលមានកំហឹងនឹងពួកអាណ្ណាមស្រាប់ឱ្យកាប់សម្លាប់ពួកអាណ្ណាមឱ្យអស់ពីទឹកដី ក៏ប៉ុន្ដែបានព្រះឧភយោរាជ និងព្រះឧបរាជធំឃាត់ ។
នៅក្នុងឆ្នាំ១៧៧៧ វិបុលរាជស្រី ដែលជាជំនួយការរបស់លោកក្រឡាហោមរដ្ឋមន្ដ្រីខាងទ័ពជើងទឹក ដោយយល់ឃើញថា ព្រះឧបរាជអង្គធំជាមនុស្សតែម្នាក់គត់ដែលអាចទាមទារយករាជបល្ល័ង្កបាន ក៏សុំការអនុញ្ញាតចូលគាល់ហើយថ្វាយយោបល់ឱ្យទ្រង់យល់ព្រមធ្វើគុតព្រះរាជាជាព្រះរៀមដើម្បីដណ្ដើមរាជសម្បត្ដិ ។ ព្រះឧបរាជធំបានច្រានចោលមតិនេះ ក៏ប៉ុន្ដែទ្រង់មិននិយាយស្ដីអ្វីទេ ព្រោះថាតាមពិតទៅទ្រង់ក៏ចង់បានរាជបល្ល័ង្កបន្ដពីព្រះរៀមដែរ ។ វិបុលរាជស្រីភ័យខ្លួន ខ្លាចព្រះឧបរាជធំចោទប្រកាន់ ក៏ទៅចូលគាល់ព្រះរាជាទូលបង្កាច់ថាព្រះឧបរាជធំក្បត់បានចាត់ឱ្យខ្លួនមកធ្វើគុតព្រះរាជា ។ ព្រះរាជាទ្រង់ជឿសម្ដីវិបុលរាជស្រី ហើយបានផ្ទុកផ្ដាក់ឱ្យជននេះធ្វើគុតព្រះឧបរាជវិញ នៅពេលដែលទ្រង់ក្រសាលបាស្កាជាមួយ ហើយញាក់ភ្នែកធ្វើសញ្ញា ។ ព្រះរាជាបានបបួលព្រះឧបរាជធំលេងបាស្កានៅនឹងរានហាលដំណាក់ឧត្ដុង្គ តែទ្រង់មិនបានឱ្យសញ្ញាសោះ ។ ស្អែកឡើង ទ្រង់ក្រសាលទៀត តែនៅតែមិនផ្ដល់សញ្ញាដដែល ធ្វើឱ្យវិបុលរាជស្រីមានការអស់សង្ឃឹមជាខ្លាំង បារម្ភខ្លាចតែព្រះរាជាបានពិភាក្សាសាកសួរព្រះអនុជដឹងរឿងរ៉ាវសព្វគ្រប់ទេដឹង ព្រោះថាព្រះឧបរាជ នឹងធឹងខ្លាំងណាស់ ហាក់ដូចជាគ្មានអារម្មណ៍ច្របូកច្របល់អ្វីបន្ដិចសោះឡើយ ។ វិបុលរាជស្រីបានចូលគាល់ព្រះរាជាម្ដងទៀត ហើយទូលព្រះអង្គអះអាងថាព្រះអនុជបានរៀបចំអាវុធយុទ្ធភណ្ឌទុកនៅក្នុងព្រះរាជដំណាក់ អំពើក្បត់នៅតែពេលនឹងផ្ទុះឡើងប៉ុណ្ណោះ ព្រះរាជាត្រូវចាត់ការឱ្យរហ័សទើបទប់ស្កាត់ទាន់សភាពការណ៍ ។ ព្រះរាជាចាប់មានការភិតភ័យជាខ្លាំង ហើយបានសន្យាថា ទ្រង់នឹងធ្វើសញ្ញាឱ្យនៅក្នុងពេលលេងបាស្កាល្ងាចនេះ ។ ពេលលេងបាស្កាម្ដងទៀត ទ្រង់នៅតែមិនបានឱ្យសញ្ញាដដែល ព្រោះខ្លាចចាញ់បញ្ឆោតវិបុលរាជ ។ ប៉ុន្ដែនៅពេលដែលទ្រង់ងាកព្រះភ័ក្ដ្រមើលទៅវិបុលរាជ ជននេះចាត់ទុកថា នោះជាសញ្ញាដែលព្រះរាជាឱ្យហើយក៏ដកកាំបិតស្នៀតចាក់មកលើចង្កេះឆ្វេងរបស់ព្រះឧបរាជ ធ្វើឱ្យព្រះឧបរាជស្រែកយ៉ាងខ្លាំង ហើយដួលទៅឱបជើងព្រះរាជា ។ ព្រះរាជារំភើបខ្លាំងណាស់ ក៏ឱនចាប់បីព្រះអនុជឡើង បបោសអង្អែល និងព្រះកន្សែងសោកាជាខ្លាំង ធ្វើឱ្យព្រះឧបរាជយល់ថា ព្រះរៀមចាញ់បោកគេហើយ ។ ព្រះឧបរាជក៏រៀបរាប់ថ្វាយព្រះរៀមអំពីរឿងដែលវិបុលរាជស្រីបានទៅបញ្ចុះបញ្ចូលព្រះអង្គ ព្រះអង្គបានប្រកែក ប៉ុន្ដែព្រះអង្គនៅស្ងៀម មិនបានទូលរឿងនេះថ្វាយ ហើយទ្រង់ថាសុំទោសចំពោះការដែលមិនបានរាយការណ៍ថ្វាយនេះ ។ ព្រះរាជាក៏ចេញបញ្ជាភ្លាម ឱ្យគេចាប់វិបុលរាជស្រី ប្រគល់ឱ្យចៅក្រមដាក់ទោសទៅតាមច្បាប់ នៅក្នុងខែធ្នូ ឆ្នាំ១៧៧៧ ។
វិបុលរាជស្រីនេះបានប្រព្រឹត្ដខុសឆ្គងម្ដងរួចមកហើយកាលពីមួយ ឬពីរឆ្នាំមុន ហើយត្រូវបានព្រះរាជាប្រោសប្រណីលើកទោសឱ្យ ។ ជននេះបានស្រលាញ់ស្នំម្នាក់ដែលព្រះរាជាសព្វព្រះទ័យ ទើបតែលើកធ្វើជាស្នំឯកនៅក្នុងព្រះរាជវាំង ។ ដោយត្រូវធ្វើឱ្យភ្ញាក់ផ្អើលពេលទតឃើញវិបុលរាជនេះនៅលើទែនសយនាស្នំឯក នៅពេលដែលទ្រង់ទើបតែយាងចេញបានបន្ដិច ដើម្បីទៅបំពេញកិច្ចការសំខាន់មួយ ជននេះបានស្ទុះទៅកញ្ឆក់យកដាវមួយមកកាន់គំរាមព្រះរាជាដើម្បីបើកផ្លូវរត់ចេញ ។ ពួកអ្នកយាមឃើញដូច្នេះ ស្រឡាំងកាំង មិនដឹងថាមានរឿងហេតុអ្វីកើតឡើងនៅក្នុងព្រះរាជដំណាក់ ក៏បណ្ដោយឱ្យវិបុលរាជរត់ចេញទៅ ។ ប៉ុន្ដែ ដល់ដឹងរឿងរ៉ាវសព្វគ្រប់ពួកអ្នកយាមនោះក៏នាំគ្នាដេញតាម ហើយបាញ់ព្រួញត្រូវវិបុលរាជត្រង់ឆ្អឹងជំនីរ ដួលដេកនឹងដី ។ ប៉ុន្ដែ ព្រះរាជាទ្រង់បានលើកទោសកំហុសឱ្យទៀត ។ វិបុលរាជមកទូលព្រះរាជាបង្ខូចព្រះឧបរាជថា មានបំណងចង់ធ្វើឃាតព្រះរាជា ដោយទូលថាដើម្បីសងគុណព្រះអង្គ ដែលបានលើកលែងទោសឱ្យពីមុននោះឯង ។ ទោសកំហុសលើកនេះជាក់ស្ដែងខ្លាំងណាស់ ក៏ប៉ុន្ដែគេគិតថាព្រះរាជាដែលធ្លាប់លើកទោសកំហុសឱ្យវិបុលរាជម្ដងមកហើយ ទ្រង់សព្វព្រះទ័យនឹងជននេះខ្លាំងណាស់ ណាមួយទ្រង់បានជឿទៅលើសម្ដីបងប្អូនរបស់វិបុលរាជទាំង៤នាក់គឺ តេជោទែន ចៅហ្វាយស្រុកកំពង់ស្វាយ ពាង ចៅហ្វាយស្រុកបារាយណ៍ សូរ ចៅហ្វាយស្រុកព្រៃក្ដី និងមូ ចៅហ្វាយស្រុកទ្រាំង ថាព្រះឧបរាជធំពិតជាបានរៀបផែនការក្បត់ព្រះអង្គមែន ហើយបានស្នើសុំឱ្យព្រះអង្គលើកលែងទោសឱ្យម្ដង ទៀត ។ ព្រះឧភយោរាជ ក្រោយពីបានជ្រាបអំពីឧក្រិដ្ឋកម្មនេះ ហើយ ដោយកំពុងតែប្រឈួន ស្រាប់ ទ្រង់ មានព្រះទ័យរំជើបរំជួលខ្លាំងណាស់ ណាមួយទ្រង់បារម្ភចំពោះខ្លួនព្រះអង្គផង ទើបថ្វាយព្រះយោបល់ដល់ព្រះរាជាថា ត្រូវដាក់ទោសវិបុលរាជស្រីឱ្យធ្ងន់ជាទីបំផុត ។ ប៉ុន្ដែព្រះឧភយោរាជបានសុគតប៉ុន្មានថ្ងៃក្រោយមកក្នុងព្រះជន្ម៣៨ព្រះវស្សា ។ គេនិយាយថាទ្រង់ក៏ត្រូវគេលួចធ្វើឃាតដូចជាព្រះអនុជអីចឹងដែរ ។ ខ្ញុំបានស្គាល់តាចាស់ម្នាក់ ដែលជីតារបស់គាត់មានជាប់ពាក់ព័ន្ធនឹងរឿងនេះ បាននិយាយថា គាត់ធ្លាប់ឮឪពុកគាត់ប្រាប់ថា ព្រះឧភយោរាជត្រូវសុគតដោយគេធ្វើឃាតចាក់នឹងដាវធ្លុះព្រះកាយ ។ ពេលនោះមន្ដ្រីទាំងឡាយមិនបានគិតដល់រឿងអ្វីវែងឆ្ងាយទេ ក៏សម្រេចកាត់ទោសសម្លាប់វិបុលរាជស្រីចោលទៅ ។
ការកាត់ទោសប្រហារវិបុលរាជស្រីនេះ បានធ្វើឱ្យម្ដាយឈ្មោះ ជំទាវឡាង មានកំហឹងជាខ្លាំង ហើយសម្រេចចិត្ដធ្វើការសងសឹកវិញ ប៉ុន្ដែមិនមែនសងសឹកនឹងពួកចៅក្រមទេ គឺសងសឹកនឹងព្រះរាជាតែម្ដង ព្រោះគឺព្រះរាជានេះឯងដែលបានឱ្យសញ្ញាឱ្យសម្លាប់ព្រះឧបរាជក្បត់ ហើយបែរមកចាប់កំហុសអ្នកទទួលរាជបញ្ជាទៅវិញ ។ ជំទាវឡាងបានទៅសុំយកសពវិបុលរាជស្រីមកធ្វើបុណ្យយ៉ាងអធិកអធម រួចហើយបញ្ចុះបញ្ចូលកូនគាត់ទាំង៤នាក់ទៀត ឱ្យនាំគ្នាបះបោរឡើងប្រឆាំងនឹងព្រះរាជា ។ ក៏ប៉ុន្ដែចៅហ្វាយខែត្រទាំងអស់នោះ ថ្វីបើគោរពម្ដាយនឹកអាណិតពេលឃើញទឹកភ្នែកគាត់ហូរធ្លាក់មក និងឃើញគាត់បញ្ចេញកំហឹងទៅលើព្រះរាជាក៏ដោយក៏ពួកគេមិនចង់ធ្វើតាមគាត់ដែរ ។ រឿងរ៉ាវហាក់ដូចជាស្ងប់ទៅវិញ ទទួលពេលបុណ្យភ្ជុំបិណ្ឌចូលមកដល់ ។ ជំទាវឡាងបានអញ្ជើញទៅវត្ដយកចង្ហាន់ទៅប្រគេនលោកឧទ្ទិសកុសលជូនដល់មាតាបិតាជីដូនជីតាដូចធម្មតា រួចហើយគាត់បានហៅកូនទាំង៤ទៅផ្ទះ ដើម្បីបំពេញពិធីក្នុងគ្រួសារបន្ថែមទៀត ។ ទៅដល់ផ្ទះ គាត់យកអដ្ឋិធាតុរបស់វិបុលរាជស្រី ដែលដាក់ក្នុងកោដិមាសមកបង្ហាញ ហើយនិយាយថាធាតុរបស់បងកូនទាំងអស់គ្នានេះកំពុងតែដង្ហោយហៅឱ្យកូនសងសឹកជួស ដូច្នេះកូនត្រូវតែប្រមែប្រមូលមិត្ដភក្ដិ បក្សពួក ញាតិមិត្ដទាំងឡាយ បង្កើតជាទ័ពមួយជាប្រញាប់ដើម្បីសងសឹកនឹងព្រះរាជា ។ ចៅហ្វាយខែត្រទាំង៤ស្រាប់តែច្រឡោតខឹងតាមការញុះញង់របស់លោកជំទាវជាម្ដាយ ក៏សន្យាថានឹងសងសឹកព្រះរាជាវិញ រួចវិលត្រលប់ទៅកាន់ខែត្ររៀងៗខ្លួន ក្នុងចិត្ដនឹកគិតតែអំពីរៀបចំផែនការសងសឹកប៉ុណ្ណោះ ។
នៅឆ្នាំបន្ទាប់ ស្ដេចសៀមភ្យាតាកបានចងសម្ព័ន្ធមេត្រីភាពជាមួយព្រះរាជាកម្ពុជាហើយបានរៀបចំផែនការទៅវាយស្ដេចលាវដែលសោយរាជ្យនៅវៀងចន្ទ ដោយសុំជំនួយពីទ័ពខ្មែរ១ម៉ឺននាក់ ។ សម្ព័ន្ធមេត្រីភាពជាមួយសៀមដើម្បីវាយលាវដែលកម្ពុជាមិនដែលមានផលរមាស់អ្វីបន្ដិចសោះនោះ បានធ្វើឱ្យព្រះរាជាអស់ប្រជាប្រិយភាព ។ នៅក្នុងខែត្រកំពង់ស្វាយដែលទ័ពត្រូវដើរកាត់ គឺមួយកងបានសំដៅទៅរកចំប៉ាសាក់ និងមួយកងទៀតសំដៅទៅរកទន្លេមេគង្គ គេបានកេណ្ឌស្រីៗឱ្យបុកស្រូវដែលប្រមូលបានពីអ្នកស្រុក ធ្វើអង្ករឱ្យកងទ័ព ធ្វើឱ្យអ្នកស្រុកខឹងសម្បាបះបោរឡើង ។ ពេលទៅដល់ស្រុកលាវ មានទាហានមួយចំនួនដែលគេរើសចេញពីខែត្រកំពង់ស្វាយនេះ បានរត់ចោលជួរត្រលប់មកវិញ ហើយពួននៅក្នុងព្រៃ ។ ព្រះរាជាបានបញ្ជូនមនុស្សឱ្យតាមដើររកពួកដែលរត់ចោលជួរទាំងអស់នោះ ដើម្បីចាប់យកមកដាក់ទោស ក៏ប៉ុន្ដែបេសកជនទាំងនោះ បានត្រូវអ្នកស្រុកព្រួតគ្នាចាប់កាប់សម្លាប់ចោលអស់ ។ តេជោទែន ជាស្ដេចត្រាញ់ដែនដីកំពង់ស្វាយ មិនបានរាយការណ៍អំពីសភាពការណ៍នេះថ្វាយព្រះរាជាទេ ចំណែកឯបងប្អូនគាត់២នាក់ទៀត គឺសែនខាងហ្វ៊ាពាង ចៅហ្វាយខែត្របារាយណ៍ និងមន្ដ្រីស្នេហាសូរ ចៅហ្វាយខែត្រព្រៃក្ដី ក៏មិនបានធ្វើអ្វីដែរ ដើម្បីចាប់ចងពួកទាហានរត់ចោលជួរ និងទប់ទល់កុំឱ្យការបះបោររីករាលដាលថែមទៀត ។ ចៅហ្វាយខែត្រទាំង៣នាក់នេះបានត្រូវគេកោះហៅឱ្យមកចូលគាល់ព្រះរាជានៅបន្ទាយពេជ្ររួចហើយកាត់ទោសប្រហារជីវិត ។ ក៏ប៉ុន្ដែទោសរបស់ពាងចៅហ្វាយខែត្របារាយណ៍ បានត្រូវព្រះរាជាសម្រាលមកត្រឹមបញ្ចុះឋានៈ និងវាយ៥០រំពាត់ ឯស្ដេចត្រាញ់ទែនត្រូវដកដំណែងចេញ ។
អតីតស្ដេចត្រាញ់តេជោទែនបានវិលត្រលប់មកក្នុងខែត្ររបស់ខ្លួនវិញជាមួយនឹងប្អូនប្រុសពាង ហើយក៏តាំងប្រកាសបះបោរប្រឆាំងនឹងព្រះរាជាចាប់ពីឆ្នាំបន្ទាប់មក គឺឆ្នាំ១៧៧៩ ។ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពទាំងអស់នេះ ព្រះរាជាបានចាត់ឱ្យបងប្រុសរបស់អ្នកទាំង២ គឺឧកញ៉ាមូ ចៅហ្វាយខែត្រទ្រាំង ដែលកាលពីមុនជាស្ដេចត្រាញ់ដែនដីកំពង់ស្វាយ ជាអ្នកចាប់អ្នកអង្គម្ចាស់អង្គនន់រាមា និងអង្គជ័យដាក់ទ្រុងដែកក្នុងឆ្នាំ១៧៥៧ ឱ្យចេញមកបង្ក្រាប ។ ឈ្មោះមូនេះ ជាមនុស្សសកម្ម នឹងនរមិនឆេវឆាវ ក៏ប៉ុន្ដែនៅក្នុងព្រះរាជវាំងមិនសូវមានគេចូលចិត្ដទេ ព្រោះជាមនុស្សលោភលន់ បើចង់បានអ្វីហើយ គាត់ហ៊ានធ្វើអ្វីៗទាំងអស់ឱ្យតែបានដូចបំណង ។
មូដឹកនាំទ័ពមកដល់កំពង់ធំ ជួបទ័ពបះបោររបស់ប្អូនទាំង២ ក៏ឈប់ចរចាគ្នាសិន ។ នៅទីបញ្ចប់ គាត់ក៏ជឿតាមសម្ដីប្អូន ហើយយល់ព្រមចូលដៃជាមួយ ធ្វើសង្គ្រាមប្រឆាំងនឹងព្រះរាជាវិញ ។ ទាំង៣នាក់បងប្អូន មូ ពាង និងទែន ក៏នាំទ័ពមកកាន់បន្ទាយពាមសែន ដែលវិបុលរាជសួសដកចេញទៅបាត់ ។
ជនក្បត់នេះមានបក្សពួកនៅឯខែត្របាសាក់ និងព្រះត្រពាំង (ត្រាវិញ) ដែលពួកអាណ្ណាមទើបតែដណ្ដើមយកដាក់ជាទឹកដីរបស់គេក៏ចាត់តាំងភ្នាក់ងារទៅជ្រើសរើសកងទ័ពក្នុងចំណោមពួកខ្មែរនៅទីនោះឱ្យឡើងមកវាយយកបន្ទាយពេជ្រ ដែលនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីឧត្ដុង្គ ។ ទ័ពបះបោរក៏លើកមកដណ្ដើមយកបន្ទាយនេះបាន ហើយចាប់អ្នកអង្គម្ចាស់អង្គអេង ជាបុត្រារបស់ព្រះឧភយោរាជឧទ័យសុរិយោពណ៌ ដែលសុគតទៅកាលពីខែធ្នូ ឆ្នាំ១៧៧៧ ហើយដែលទើបតែមានព្រះជន្ម៦ព្រះវស្សាប៉ុណ្ណោះ ។ រួចហើយជនក្បត់នេះបានចាប់បុត្រា៤អង្គទៀតរបស់ព្រះរាជានុសិទ្ធិឱ្យគេសម្លាប់ចោល ទើបចាកចេញទៅវិញ ដោយនាំយកព្រះរាជទ្រព្យទាំងអស់ទៅជាមួយផង ក្រោយពីបានបញ្ជាឱ្យដុតព្រះរាជមន្ទីរចោលរួចហើយ ។
អ្នកស្រុកត្រូវរត់ចោលផ្ទះសម្បែង ព្រោះពួកអាណ្ណាមដែលពួកបះបោរបានហៅមក ដេញពីក្រោយតាមធ្វើបាប និងដណ្ដើមយកទ្រព្យសម្បត្ដិ ។ គម្ពីរសាស្ដ្រាក្បួនច្បាប់ផ្សេងៗដែលមាននៅតាមវត្ដអារាម បានត្រូវពួកនេះបោះគ្រវាត់ចោលទៅក្នុងទឹក អណ្ដែតពាសពេញទន្លេ ធ្វើឱ្យប្រជាជនទាំងមូលអស់សង្ឃឹមយ៉ាងខ្លាំង ។ រាជពង្សាវតាររៀបរាប់ថាមាននារីៗជាច្រើននាក់ស្រែកយំនៅពេលដែលឃើញក្បួនច្បាប់ជំនឿសាសនានេះ បានត្រូវគេបំផ្លិចបំផ្លាញឱ្យខូចខាតបាត់បង់យ៉ាងនេះ ។
នៅពេលនោះព្រះរាជាទ្រង់កំពុងតែគង់នៅឯកំពង់ធំ ។ ពេលទ្រង់បានទទួលព័ត៌មានស្ដីពីអំពើឃោរឃៅទាំងនេះ ហើយឃើញវិបុលរាជសួសបង្ហាញខ្លួនក្បែរៗរាជធានី ព្រះអង្គក៏យាងត្រលប់មកវិញ ហើយបានជួបប្រយុទ្ធជាមួយទ័ពពួកបះបោរនៅកំពង់ឆ្នាំង ។ ដោយមិនអាចវាយយកជ័យជម្នះបាននៅព្រែកបូពាង ណាមួយទ្រង់បារម្ភខ្លាចវិបុលរាជ ដែលនៅកំពង់ពេជ្រលើកគ្នាមកព្រួតវាយថែមទៀតនោះ ព្រះអង្គក៏ភៀសព្រះកាយចេញពីសមរភូមិ ថយទៅជ្រកព្រះកាយនៅភ្នំកំរៀង ក្នុងខែត្រក្រង ។
គេនិយាយថា នៅទីនោះ ព្រះរាជាទ្រង់ទាល់ព្រះតម្រិះមិនដឹងថាតើត្រូវធ្វើយ៉ាងណាទេ ស្រាប់តែលេចលោកធុតង្គមួយអង្គឈ្មោះថា សីលមាស ចេញមកទូលសុំអនុញ្ញាតដឹកនាំទ័ពហើយធានាថានឹងដណ្ដើមយកជ័យជម្នះមកថ្វាយ ។ ព្រះរាជាដែលកំពុងតែអស់សង្ឃឹមទៅហើយ ក៏យល់ព្រមតាម ។ ប៉ុន្ដែសីលមាសក៏មិនមានសំណាងល្អជាងព្រះរាជាប៉ុន្មានដែរ គាត់បានចេញប្រយុទ្ធ តែមិនបានជោគជ័យសោះ ។ នៅពេលនោះ មូ បានទទួលព័ត៌មានច្បាស់ថាព្រះរាជាទ្រង់គង់នៅឆ្ងាយពីកងពលរេហ៍ និងមានតែសេនាបន្ដិចបន្ដួចប៉ុណ្ណោះនៅការពារ ហើយដាច់ស្បៀងគ្មានគ្រឿងសាស្ដ្រាវុធផង ក៏នាំទ័ពចូលរហូតមកដល់កន្លែងដែលព្រះអង្គគង់នៅ ចាប់ព្រះអង្គនាំយកទៅដល់បឹងខ្យង (៥៦) នៅខាងត្បូងឧត្ដុង្គ រួចចាប់ជ្រមុជក្នុងទឹកសម្លាប់ព្រះអង្គទៅ នៅក្នុងខែសីហា ឆ្នាំ១៧៧៩ ត្រូវនឹងមហាសករាជ១៧០១ (ចុល្លសករាជ១១៤១) ។
ព្រះអង្គរាមរាជា សោយរាជ្យបាន៤ឆ្នាំ ។ ពេលនោះ ទ្រង់មានព្រះជន្ម៣៩ព្រះវស្សា ។
No comments:
Post a Comment