លោក សួង សុភ័ណ្ឌ ក្លាយជាប្រធានបក្សអំណាចខ្មែរ ជំនួសលោក សួន សេរីរដ្ឋា ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ ដែលជាអតីតបេក្ខជនតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោតធ្វើជាប្រធានគណបក្សអំណាចខ្មែរ តាមរយៈសមាជវិសាមញ្ញមួយ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២0១៧ នេះ។ជាតិ
នយោបាយជាតិ លោក សួង សុភ័ណ្ឌ ក្លាយជាប្រធានបក្សអំណាចខ្មែរ ជំនួសលោក សួន សេរីរដ្ឋា
07, Sep 2017 , 9:59 pm
លោក សួន សុភ័ណ្ឌ (កណ្តាល) និងអនុប្រធានរបស់ខ្លួន ដែលបានជាប់ឆ្នោត។ រូបថត ហ្វេសប៊ុក Hemrali Kacheat ដោយ: ម៉ៅ សុផា
ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ ដែលជាអតីតបេក្ខជនតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានជាប់ឆ្នោតធ្វើជាប្រធានគណបក្សអំណាចខ្មែរ តាមរយៈសមាជវិសាមញ្ញមួយ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២0១៧ នេះ។
ក្រោយលោក សួន សេរីរដ្ឋា ដែលជាស្ថាបនិក និងជាប្រធានគណបក្សអំណាចខ្មែរ ត្រូវបាន ចាប់ខ្លួន ទាក់ទងនឹងការញុះញង់កងទ័ព សមាជវិសាមញ្ញ ក៏បានកើតឡើង នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២0១៧ របៀបវារៈ មានតែពីរប៉ុណ្ណោះ នៅក្នុងអង្គសមាជវិសាមញ្ញនេះ គឺការជ្រើសរើសប្រធាននិងអនុប្រធានគណបក្សថ្មី។
លោក សួង សុភ័ណ្ឌ ដែលពីមុនមានឋានៈជាអនុប្រធាន បានក្លាយជាប្រធានគណបក្សអំណាចខ្មែរ តាមរយៈការបោះឆ្នោតរបស់អង្គសមាជវិសាមញ្ញ។ ចំណែកឯ អនុប្រធានថ្មីនៃគណបក្សអំណាចខ្មែរ ដែលត្រូវបានជ្រើសរើសក្នុងអង្គសមាជវិសាមញ្ញ មានពីររូប គឺលោក ស៊ុយ សាវិត និងលោក ប៉ែន ស៊ាប ។
ក្រោយក្លាយជាប្រធានគណបក្ស លោក សួង សុភ័ណ្ឌ បានប្រាប់សារព័ត៌មានថ្មីៗថា ការរៀបចំរចនាសម្ព័ន្ធ និងពង្រឹងបញ្ហាផ្ទៃក្នុង គឺជារឿងចាំបាច់ ដែលត្រូវធ្វើមុនគេ។ លោកសង្កត់ធ្ងន់ថា បញ្ហាសំខាន់មួយទៀត គឺការបែងចែកការងារនៅក្នុងគណបក្ស ឲ្យបានច្បាស់លាស់។
លើសពីនេះ លោក សួង សុភ័ណ្ឌ ក៏គ្រោងចុះជួបប្រជាពលរដ្ឋនិងសកម្មជននៅតាមមូលដ្ឋានឲ្យបានញឹកញាប់ ផងដែរ។ បើតាមលោក សួង សុភ័ណ្ឌ ការបណ្តុះបណ្តាលយុជវនក៏ជា គោលការណ៍ចំណងដែរ សម្រាប់គណបក្សអំណាចខ្មែរ។ លោក ជឿថា ការចុះជួបប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលយុវជន គឺជាចំណុច ដែលធ្វើឲ្យគណបក្សអំណាចខ្មែរ កាន់តែមានភាពរឹងមាំ។
ប្រធានគណបក្សអំណាចខ្មែររូបនេះ បញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំសង្ឃឹមថា គណបក្សអំណាចខ្មែរ នឹងមានកេរ្តិ៍ឈ្មោះល្អ ហើយល្បីល្បាញ។ យើង នឹងពង្រឹងធនធានមនុស្សនិងអ្នកដឹកនាំឲ្យបានច្រើន។ ដូចខ្ញុំធ្លាប់និយាយអ៊ីចឹង ថា អត់ពីសួន សេរីរដ្ឋា គឺមានសួង សុភ័ណ្ឌ ហើយបើអត់សួង សុភ័ណ្ឌ នឹងមានអ្នកផ្សេងទៀត»។
លោក សួង សុភ័ណ្ឌ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយ ធ្លាប់ជាមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។ កាលនៅក្នុងគណបក្សសង្គ្រោះជាតិ លោក ធ្លាប់ឈរឈ្មោះធ្វើជាបេក្ខជនតំណាងរាស្ត្រ។ តែក្រោយមក លោក ក៏ប្រកាសលាលែងពីគណបក្សសង្គ្រោះជាតិ ហើយទៅចុះចូលជាគណបក្សអំណាចខ្មែរ ដែលមានលោក សួន សេរីរដ្ឋា ជាអតីតប្រធាន។ ពេលចូលរួមជាមួយគណបក្សអំណាចខ្មែរ លោក បានទទួលតំណែងជាអនុប្រធាន។ ទាំងនេះគឺប្រវត្តិសង្ខេប ដែលោកសួង សុភ័ណ្ឌ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ។
សូមរម្លឹកថា ការចាប់ខ្លួនលោក សួន សេរីរដ្ឋា គឺជាមូលហេតុ ដែលគណបក្សអំណាចខ្មែរ ត្រូវតែរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ ដើម្បីបន្តសកម្មភាពនយោបាយ និងដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០១៨។ លោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោក បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដែលសមត្ថកិច្ចនិងតុលាការ ចាត់ទុកថាជាការញុះញង់កងទ័ព៕
04:13 PM 09.01.2013 សួង សុភណ្ឌ៖ សម្តេច ហ៊ុន សែន មិនហ៊ាន ប្តឹងបកមក លោកវិញទេ ភ្នំពេញ៖ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី បាននិយាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ នេះថា លោកនឹងមិនប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ទៀតនោះទេ ជុំវិញពាក្យបណ្តឹងជាមួយសម្តេច តេជោ ហ៊ុន សែន ព្រោះលោកគ្មានជំនឿ ទៅលើប្រព័ន្ធតុលាការនៅកម្ពុជាទៀតឡើយ ហើយ លោកជឿជាក់ថា សម្តេច ហ៊ុន សែន ក៏មិនប្តឹងបកមករូបលោកវិញនោះដែរ។ លោក សួង សុភណ្ឌ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី៩ មករា ២០១៣នេះថា លោកបានសម្រេច ចិត្តហើយថា មិនប្តឹងជំទាស់ ទៅកាន់សាលាឧទ្ធរណ៍ទៀតនោះទេ ពាក់ព័ន្ធទៅនឹងបណ្តឹង ជាមួយសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចតម្កល់សំណុំរៀងនេះ មិនចាត់ការបន្តនោះ ហើយដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ ដែលបានស្លាប់ និងរបួសនៅលើស្ពានកោះពេជ្រ លោក សូមឲ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួម បោះឆ្នោតទាំងអស់គ្នា។ លោកថា “មានតែការបោះឆ្នោតទម្លាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនទេ ដែលអាចមានតុលា ការយុត្តិធម៌ ហើយអាចរកយុត្តិធម៌ ជូនជនរងគ្រោះបាន និងរកមុខអ្នក ដែលប្រព្រឹត្តបទល្មើសមក ផ្តន្ទាទោស ហើយឆ្លងកាត់ការមិនចាត់ការ លើសំណុំរឿងរបស់ខ្ញុំនេះ ខ្ញុំយល់ឃើញថា តុលាការ គឺស្ថិតនៅក្រោមការគាប សង្កត់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន”។ លោក សួង សុភណ្ឌ បញ្ជាក់ថា ចំពោះការដាក់ពាក្យប្តឹងសម្តេច ហ៊ុន សែន ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិនោះ គឺលោករង់ចាំឲ្យចប់នូវព្រះរាជពិធីបូជា ព្រះបរមសព ព្រះបាទ នរោត្តម សីហនុ រួចរាល់សិន ទើបសម្រេចចិត្តថាប្តឹង ឬមិនប្តឹង។ លោក បញ្ជាក់បន្ថែមថា “រហូតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលដំណឹង ពីការប្តឹងបកមក លើរូបលោក ពីសំណាក់សម្តេច ហ៊ុន សែននៅឡើយទេ ហើយ លោកមានជំនឿយ៉ាងមុតមាំថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនប្តឹងនោះទេ”។ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី រូបនេះ បានប្រាប់ពីមូលហេតុមួយចំនួន ដែលបង្ហាញ ថាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនហ៊ានប្តឹងមកលើរូបលោក៖ ទី១-លោក សូរិយា ប្រាសាទ ស៊ូបេឌី ទើបតែបាននិយាយហើយ ជុំវិញបញ្ហាសិទ្ធិមនុស្ស។ទី២-លោក ប្រធានាធិបតីសហរដ្ឋអា មេរិក ក៏ទើបតែបាននិយាយដែរ ក្នុង សកម្មភាព គោរពសិទ្ធិមនុស្សនៅកម្ពុជា។ទី៣-ក្នុងឱកាស ដែលប្រទេសកម្ពុជា កំពុងតែប្រារព្ធពិធីកាន់ព្រះមរណទុក្ខ របស់សម្តេច ព្រះបាទនរោត្តសីហនុ បើ ប្តឹងនោះ ជាការមើលងាយ និងប្រមាថដល់ព្រះបាទ នរោត្តម សីហនុ។ ទី៤-នៅក្នុងឆ្នាំ២០១៣នេះ គឺជាឆ្នាំដែលត្រូវបោះឆ្នោត និងទី៥-បើសម្តេចហ៊ុន សែនប្តឹង គឺជាការវាយ បំបាក់ ទឹកចិត្តរបស់យុវ ជនកម្ពុជា ដែលជាទំពាំងស្នងប្ញស្សី។ លោក បានលើកឡើងទៀតថា “ក្នុងករណី បើសិនជាសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ហ៊ានប្តឹង សូមមេត្តាចុះចេញពីតំណែង ដូចលោក ប្រធានាធិបតី អ៊ីស្រាអែល ព្រោះមុននឹងប្តឹងជនសាមញ្ញ ត្រូវតែចុះចេញពីតំណែង ហើយបើសម្តេចនាយករដ្ឋមន្រ្តីនៅតែប្តឹង គឺជាថ្ងៃអន្សាចុងក្រោយ របស់ សម្តេចជាមិនខាន”។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា អ្វីដែលប្រធានចលនាយុវជន គណបក្សសម រង្ស៊ី បានធ្វើ នេះ គឺគ្រាន់តែជាទិសដៅមួយរបស់គេ ក្នុងការបរិហាកេរិ៍្តសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។ ហើយនៅពេលដែល សម្តេចមិនយកចិត្ត ទុកដាក់ នឹងអំពើដែលខ្វះសតិគិតគូរ ទើបគេធ្វើយ៉ាងណា ដើម្បីឲ្យសម្តេចឮសំឡេង ដែលជាយុទ្ធសាស្រ្តរបស់គេ ទៅតតាំងជាមួយកូនក្មេង។ លោកបន្តថា “យើងជារាជរដ្ឋាភិបាល គឺមើលទៅតាមផ្លូវច្បាច់តែប៉ុណ្ណោះ ហើយក៏មិនឆ្លងឆ្លើយជា មួយនឹងមនុស្សម្នាក់ដែលគ្មានការគិតគូរនោះទេ ហើយចំពោះរឿង ហ៊ានប្តឹង ឬមិនប្តឹង យើងមិន មែនជាកូនក្មេងទេ ព្រោះយើងជារាជរដ្ឋាភិបាល ដោយនេះមិនមែនជារឿងលេងសើច ដូចកូនក្មេង លេង ជាមួយនាយករដ្ឋមន្រ្តីទេ”។ គួររម្លឹកថាប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភណ្ឌ បានដាក់ពាក្យប្ដឹងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ពីបទឃាតកម្មគិតទុកជាមុន ដែលបានធ្វើឲ្យប្រជាពលរដ្ឋ សា្លប់ប្រមាណ៣៥៣នាក់ និងរបួសជា ច្រើនរយនាក់ផ្សេងទៀត នៅ លើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជ ពិធីបុណ្យអុំទូក។ មិនយូរប៉ុន្មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន ប្រ កាសជាសាធារណៈ ថា សម្តេចនឹងប្ដឹងបកប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី វិញ ប្រសិន ជាតុលាការ រកមិនឃើញកំហុសសម្តេច ដូចការចោទប្រកាន់ នោះ។ ក្រោយពីការដាក់ពាក្យបណ្តឹង សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សួង សុភណ្ឌ ឲ្យ ចូលបំភ្លឺ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ហើយលោកក៏ បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការ ក្នុងនោះ លោកបានយកភស្ដុតាងមួយចំនួន ដូចជារូបភាពសោកនាដកម្ម និងឯកសារពាក់ព័ន្ធមួយចំនួនដោយ គ្មានអ្នក ហែរហមអមដំណើរ ជាមួយ សូម្បីតែមេធាវីក៏គ្មានដែរ។ លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់សំណុំរឿងនេះ មិនចាត់ការលើ បណ្តឹងប្រឆាំងសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធ និងការធ្វើឲ្យប្រជាពលរដ្ឋ សា្លប់ប្រមាណ ៣៥៣ នាក់ និងរបួស ជាច្រើនរយនាក់ផ្សេងទៀត នៅលើស្ពានកោះ ពេជ្រ កាលពីឆ្នាំ២០១០៕
04 ធ្នូ 2012 តុលាការកោះហៅតំណាងយុវជនគណបក្សប្រឆាំងក្រោយពីប្តឹងនាយករដ្ឋមន្ត្រី ហេង រស្មី
ភ្នំពេញ៖ តុលាការក្រុងភ្នំពេញនៅថ្ងៃចន្ទនេះបានចេញដិកាកោះហៅលោកសួង សុភណ្ឌ ប្រធានក្រុមចលនាយុវជនគណបក្សសម រង្ស៊ីឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ឋនឹងបណ្តឹងរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបទឃាតកម្មគិតទុកជាមុន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសា្លប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់នៅលើស្ពានកោះពេជ្រ។
ការកោះហៅរបស់តុលាការបានធ្វើឡើងរយៈពេលតែបីថ្ងៃប៉ុណ្ណោះក្រោយពីប្រធានក្រុមចលនាយុវជនរបស់គណបក្សប្រឆាំងបានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបានកើតឡើងក្រោយពេលតែមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានព្រមានថា នឹងប្តឹងបកលោកសួង សុភណ្ឌវិញ។
លោក សួង សុភណ្ឌ បាននិយាយថា លោកទើបតែបានទទួលដិកាកោះរបស់តុលាការនៅថ្ងៃចន្ទនេះឲ្យចូលបំភ្លឺនៅក្នុងតុលាការនៅថ្ងៃទី៧ខាងមុខនេះពាក់ព័ន្ឋនឹងបណ្តឹងរបស់លោកប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកមានប្រសាសន៍ថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការដោយមានភស្តុតាងមួយចំនួនផង។ «រដ្ឋាភិបាលត្រូវទទួលស្គាល់ការពិត កុំយកអំណាចមកគាបសង្កត់តុលាការដើម្បីឲ្យខ្លួនឈ្នះ ពីព្រោះរឿងកន្លងមកជាក់ស្តែងអ្នកដែលមិនមែន (នៅក្នុង) ជួររដ្ឋាភិបាលតែងតែចាញ់ដូចជារឿងក្តីមួយចំនួន»។
លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញដែលបានចេញដីកាកោះហៅលោក សួង សុភណ្ឌ ឲ្យចូលបំភ្លឺក្នុងតុលាការមិនបានពន្យល់បន្ថែមទៀតទេដោយលោកបាននិយាយថា កំពុងរវល់ប្រជុំ។
កាលពីថ្ងៃទី២២ ឆ្នាំ២០១០ នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកមានព្រឹត្តិការណ៍រត់ជាន់គ្នាមួយនៅលើស្ពានពេជ្រនៃមជ្ឃមណ្ឌលកំសាន្តកោះពេជ្រដែលទើបអភិវឌ្ឃន៍ថ្មី។
ព្រឹត្តិការណ៍នោះបានបណ្តាលឲ្យមានមនុស្សយ៉ាងតិច៣៥៣បានស្លាប់បាត់បង់ជីវិត និងជាង៤០០នាក់ផ្សេងទៀតបានរងរបួស។
លោកសួង សុភណ្ឌ បានបន្ទោសមនុស្សបួននាក់ដែលទទួលខុសត្រូវខ្ពស់បំផុតក្រោយពីមានមនុស្សស្លាប់យ៉ាងច្រើន។ មនុស្សទី១គឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ទី២ លោកគង់ សំអុល រដ្ឋមន្ត្រីព្រះបរុមរាជវាំង និងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ ទី៣ លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ និងទី៤ លោកទូច ណារុថ អតីតស្នងការប៉ូលីសក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យកន្លងមកនេះបានថ្លែងជាសារធារណៈពីខេត្តព្រះសីហនុថា ប្រសិនណាបើតុលាការរកមិនឃើញមានភស្តុតាងណាមួយថា លោកជាប់ពាក់ព័ន្ឋនឹងឃាតកម្មគិតទុកជាមុនទេ លោកនឹងប្តឹងបកទៅលោកសួង សុភណ្ឌ វិញ។
លោកបាននិយាយថា លោកសុំសិទ្ឋិប្តឹងបក ពីព្រោះនេះជាសិទ្ឋិស្របច្បាប់ ហើយកុំថានេះជាការគំរាមកំហែងផ្នែកនយោបាយ។ លោកមិនបានធ្វើអត្ថាធិប្បាយច្រើនទេចំពោះពាក្យបណ្តឹងនេះដោយលោកបានបញ្ជាក់ថា ទុកឲ្យតុលាការជាអ្នកស៊ើបអង្កេត។
លោក សួង សុភណ្ឌ បាននិយាយថា នៅចុងខែនេះលោកនឹងដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងប្រទេសហូ ឡង់ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបទឃាតកម្មគិតទុកជាមុន និងដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុងភ្នំពេញប្តឹងលោកគង់ សំអុល លោកកែប ជុតិមា និងលោកទូច ណារុថ។
លោកបានសង្ឃឹមថា តុលាការនឹងអនុវត្តតាមខ្លឹមសារច្បាប់ តែបើតុលាការអនុវត្តផ្ទុយពីខ្លឹមសារច្បាប់ តុលាការនឹងប្រឈមមុខនឹងការប្តឹងនៅពេលក្រោយទៀត៕
No comments:
Post a Comment