សង្ខេប៖ នៅ Youtube មានការផ្សបផ្សាយថា សុន សេន មិនមែនជា ភ្នាក់ងារសម្ងាត់របស់ យួនទេ គាត់គ្រាន់តែជា ជនជាតិខ្មែរក្រោម មានស្រុកកំណើតនៅកម្ពុជាក្រោម។ ប៉ុលពត ក៍គ្មានបំណងសម្លាប់ សុន សេន ដែរ គឺ អង្គរក្សប៉ុលពតធ្វើជ្រុល សម្លាប់មួយពូជ ថែមទាំង រំលោភកូនស្រី ក្មូយស្រី..រួចសម្លាប់ចោលទាំងអស់។ សំនួរថា តើគេគាំទ្រ សុន សេន បំណងអ្វី?-- តាមផែនទីខាងក្រោម រណសិរ្សខ្មែរក្រោមមាន ០៥ នាក់់ សុទ្ធតែជា អគ្គបញ្ជាការទ័ព និងជា រដ្ឋាភិបាលរៀងៗខ្លួន។ សុន សេន មានទ័ព មានរដ្ឋាភិបាល មានប្រជាជនគាំទ្រ ហើយសុន សេន ប្រគល់ទ័ព ប្រជាជនឲ្យទៅ ប៉ុលពត ដោយសន្តិវិធី គ្មានការធ្វើសង្រ្គាម ដូច តាឌុច ទេ ហេតុនេះ ឌុច ឡើងជា អគ្គបញ្ជាការទ័ព ចំណែក សុន សេន គ្រាន់តែជា រដ្ឋមន្រ្តីការពារជាតិខ្មែរក្រហម។ ប៉ុល ពត មិនទុកចិត្ត សុន សេនទេ ដោយោមសារ សុន សេនជា ខ្មែរក្រោម។ អ្នកលើកទ័ពទៅធ្វើសង្រ្គាម ជាមួយ វៀតណាមពីឆ្នាំ ១៩៧៦ ដល់ ១៩៧៩ គឺ តាឌុច ។ អ្នកមានអំណាចក្នុងការចាប់ សម្លាប់មនុស្សគឺ តាឌុច ជំនួយការប៉ុលពត សរុបទៅ សុន សេន ជាមនុស្សមិនគួរទុកចិត្ត ដោយសារ សុន សេន មកពី កម្ពុជាក្រោម។ អ្នកដាំបាយឲ្យ ប៉ុលពត គឺ ប្រពន្ធ នួន ជា ប្រពន្ធ ខៀវសំផន ព្រោះមនុស្សដែលចូលមកធ្វើឃាដប៉ុលពតដោយថ្នាំបំពុល គឺជា ជនជាតិ ចាម និង យួន ចំណែក នួន ជា ជាជនជាតិ សៀម ឯ ខៀវ សំផន ជាខ្មែរនៅ បាត់ដំបង ព្រះវិហារ។ ឆ្នាំ ១៩៨៦ ដល់ ១៩៩០ មនុស្សជាង ២០ ម៉ឺននាក់ បាត់ចេញពី ការគ្រប់គ្រង របស់ សុន សេន ដែលគេជឿថា ប្រជាជន រត់ចូលមកនៅជាមួយ កងទ័ព រដ្ឋកម្ពុជា គណបក្សប្រជាជន។ ជំរំនីមួយៗ មាន ចំណូល មានសេដ្ឋកិច្ច មានប្រជាជន និង មានកងទ័ពដៃ តែ សុន សេន តែងតែ ប្រកែកថា ខ្លួនគ្មានទ័ព គ្មានអាវុធ ចំណុចនេះ បញ្ជាក់ថា ស៊ុនសេន ក្បត់ ប៉ុលពត ក្បត់ តាម៉ុក និង អាច មនុស្សរបស់ ខាង អៀង សារី...សរុបទៅ ភស្តុតាងថា សុន សេន ជាភ្នាក់ងារ យួន ( វៀតណាមសេរី) រឹងមាំ ជាង ការដែលថា សុន សេន ស្អាតស្អាត ស្នេហារជាតិពិតៗ ពីព្រោះ គេសរសើរ សុន សេន គឺ ដើម្បី ខ្ចីដៃ ខ្មែរក្រហម ប្រឆាំង រដ្ឋាភិបាលកម្ពុជា គឺដូចជា អ្វីដែល ក្រុម ប៉ុលពត ខៀវសំផន វិភាគថា ពួកនយោបាយប្រើប្រាស់រូបភាពខ្មែរដើម្បីច្បាំង ពេលបានអំណាច ពួកគេ មិនឲ្យអំណាចមក ខ្មែរក្រហមឡើយ !!
សុន សេន ជាមនុស្សម្នាក់ល្បីខ្លាំងក្នុងជួរខ្មែរក្រហម ដោយសារ សុន សេន គឺជាគ្រូធំ របស់ ឌុច ជាមេដឹកនាំចលនាខ្មែរក្រហមនៅភ្នំពេញ។ ការស្លាប់របស់ សុន សេន និងក្រុមគ្រួសារ ១ ពូជមានសមាជិក ១៣ នាក់ ត្រូវគេ ចាប់រំលោភ និង បាញ់សម្លាប់ គឺរឿងមួយដែលគេស្មានមិនដល់ថា ខ្លាសំលាប់ខ្លា ឬ ពាលស្៊ពាល។ មនុស្សមួយក្រុមទៀត លើកថា ខ្មែរស្លាប់ ១,២ លាននាក់ គឺជាស្នាដៃ របស់ សុន សេន ជាចារកម្មយួន មិនមែនជា កំហុស ប៉ុលពត។ សូម្បីការស្លាប់របស់ ប៉ុលពត គេចោទថាជាស្នាដៃ របស់ តាម៉ុក។ ឌុច លើកឡើងថា ប៉ុលពត ជាអ្នកបញ្ជាឲ្យមានការតាមសម្លាប់ ក្រុមគ្រួសារ ឌុច...រឿងច្របូលប្របល់បែបហ្នឹង បានជាខ្ញុំសម្រេចចិត្តថា ត្រូវ ចងក្រងជាឯកសារ Documentary ដើម្បីខ្ញុំវិភាគ សម្រាប់ជាមេរៀនរបសកូនខ្មែរទៅថ្ងៃក្រោយ។
- សុន សេន ត្រូវ ក្រុមរបស់ ប៉ុលពត និង ឌុច សង្ស័យតាំងពីឆ្នាំ ១៩៧៧ ដោយសារគេចាប់បានឯកសារនានា និងការចាញ់សង្រ្គាមនៅតាមព្រំដែន កម្ពុជា វៀតណាម
- ផែនការធ្វើឃាដប៉ុល ពត ច្រ់ើនលើកច្រើនសារនៅភ្នំេពញ គឺជាផែនការរបស់ CIA និង ខ្មែរសេរី ដែលប្រឆាំងរបប ប៉ុល ពត។
- របាយការណ៍ខ្លះ លើកឡើងអំពីការ បាត់បង់ប្រជាពលរដ្ឋ ប្រមាណ ២០ ម៉ឺននាក់ ក្នុងដែនដីរបស់ រណសិរ្ស ១៤ នៃ សុន សេន ដែលគេសង្ស័យថា សុន សេនក្បត់ ព្រោះខ្មែរក្រហមមានច្រើន ក្រុម សូមមើលផែនទី។
- របាយការណ៍មួយចំនួន លើកឡើងពី ទឹកចិត្តប្រជាពលរដ្ឋ មានក្តីប្រាថ្នាចុះចូលជាមួយ រដ្ឋាភិបាល ក្នុងភ្នំពេញ ជាជាងនៅបន្តការប្រយុទ្ធ ឃើញឪកាសបែបនេះ ចលនា ហ្វ៊ុន ស៊ិនប៉ិច មានបំណង ទាក់យក ក្រុមខ្មែរក្រហម ប្រឆាំងជាមួយ រដ្ឋាភិបាលភ្នំពេញ។កត្តានេះ គឺខុសជាមួយ គំនិតរបស់ ប៉ុលពត ដែលយល់ថា ប្រឆាំងទាំង ភ្នំពេញ ប្រឆាំងទាំង រាជានិយម គ្រាដែល ក្រុម សុន សេន យល់ថា ចូលរួមជាមួយ ភ្នំពេញ ល្អជាងចូលរួមជាមួយ Funcinpec . នយោបាយប៉ុល ពត គឺហាមនិយាយរឿង ចុះចូល !!! បានន័យថា ប៉ុល ពតពីតជាមានភស្តុតាងច្បាស់លាស់ថា សុន សេន ក្បត់បក្សមែន តែមិនបានបញ្ជាឲ្យសម្លាប់ទាំងគ្រួសារបែបនេះទេ !។
Wikipedia សុន សេន Son Sen (ហៅសមមិត្ត ខៀវ) សុន សេន កើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ប្រពន្ធរបស់ សុន សេន ឈ្មោះ យុន យ៉ាត (ហៅសមមិត្តនារី អាត) រដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សុន សេន បានទៅសិក្សានៅប្រទេសបារាំងចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៥៦ ហើយបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង។ ឆ្នាំ១៩៦៣ សុន សេន បានរត់ចូលព្រៃ គេចពីការតាមចាប់របស់ប៉ូលីស។ សុន សេន បានក្លាយទៅជាអគ្គមេបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេន ជាឧបនាយករដ្ឋមន្ត្រីទីបី ទទួលបន្ទុកការពារជាតិ និងគ្រប់គ្រង់ផ្ទាល់ទៅលើមន្ទីរស២១។ សុន សេន និងក្រុមគ្រួសារត្រូវបានសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៩។
ស្វែងរកការពិត ប្រវត្តិរូប សុន សេន ហៅ ខៀវ ឬ បង ៨៩
- សុន សេន កើតនៅឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។ ប្រពន្ធឈ្មោះ យុន យ៉ាត មានតួនាទីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសិក្សាធិការអប់រំនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឆ្នាំ១៩៤៦ សុន សេន បានចូលរៀននៅសាលាគរុកោសល្យភ្នំពេញ ហើយនៅឆ្នាំ១៩៥០ ទទួលបានអាហារូបករណទៅសិក្សានៅប្រទេសបារាំង។ ចាប់ពីពេលនោះមក សុន សេន ក៏បានក្លាយជាសម្ព័ន្ធមិត្ត និងជាអ្នកយុទ្ធសាស្ត្រយោធារបស់ ប៉ុល ពត។ឆ្នាំ១៩៥៦ សុន សេន វិលត្រឡប់ពីប្រទេសបារាំងវិញ ហើយធ្វើជានាយកគ្រប់គ្រងនៅសាលាគរុកោសល្យ និងវិក្រឹតការ។ បន្ទាប់មកត្រឡប់ទៅបង្រៀននៅសាលាកំពង់កន្ទួត។
- សុន សេន បានទៅទស្សនកិច្ចនៅប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំ១៩៥៩។ ឆ្នាំ១៩៦០ បានចូលរួមជាមួយគណៈកម្មាធិការបក្សក្រុង។ សុន សេន ត្រូវបានផ្លាស់ឲ្យទៅធ្វើជានាយកវិទ្យាល័យរដ្ឋមួយនៅខេត្តតាកែវ ដោយត្រូវបានចោទប្រកាន់ថាប្រឆាំងនឹងរបបរាជានិយម។សុន សេន ជាផ្នែកមួយនៃគណៈកម្មាធិការមជ្ឈិមនៅក្នុងមហាសន្និបាតបក្សលើកទី៣។ ឆ្នាំ១៩៦៤ សុន សេន ចូលបង្កប់ខ្លួននៅទីក្រុងភ្នំពេញ ដល់ឆ្នាំ១៩៦៨ បានក្លាយទៅជាប្រធានគណៈកម្មាធិការនយោបាយភូមិភាគនិរតី។ នៅឆ្នាំ១៩៦៩ សុន សេន គឺជាអ្នកគ្រប់គ្រងមន្ទីរភូមិភាគឦសាន និងបានចូលរួមប្រជុំមហាសន្និបាតបក្សកុម្មុយនីស្តកម្ពុជានៅឆ្នាំ១៩៧១។ ឆ្នា ១៩៧២ សុន សេន មានតួនាទីជាប្រធានអគ្គសេនាធិការរបស់កម្ពុជាប្រជាធិបតេយ្យ។
- ឆ្នាំ១៩៧៦ សុន សេន មានតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៧ កងទ័ពរបស់ សុន សេន បានសម្លាប់ជនស៊ីវិលអស់៣០០នាក់ក្នុងពេលតែមួយក្នុងអំឡុងពេលវាយលុកតាមព្រំដែន។ ឆ្នាំ១៩៧៨ សុន សេន មានចំណែកនៅក្នុងការបញ្ជាឲ្យមានការសម្លាប់រង្គាល ប្រជាជនខ្មែរអស់ជាង១សែននាក់នៅភូមិភាគបូព៌ាក្នុងរយៈពេល៦ខែ។ នៅក្រោមបញ្ជារបស់ សុន សេន មន្ទីរសន្តិសុខ ស-២១ បានធ្វើទារុណកម្ម និងសម្លាប់មនុស្សអស់ជាង១ម៉ឺននាក់។ ដោយៈ ឆាំង យុ
ស្វែងរកការពិត តើ សុន សេន ជាខ្មាំងបង្កប់ដូចដែល ប៉ុល ពត ចោទប្រកាន់មែនឬទេ?
សុន សេន ហៅ ខៀវ ឬ បង៨៩ អតីតសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការបក្សកុម្មុយនីស្តកម្ពុជា និងគណៈកម្មាធិការអចិន្ត្រៃយ និងជារដ្ឋមន្ត្រីសន្តិសុខជាតិ រួមជាមួយប្រពន្ធឈ្មោះ យុន យ៉ាត ហៅ អាត អតីតរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងពត៌មាន ក្នុងរបបខ្មែរក្រហម និងសមាជិកក្រុមគ្រួសារ ត្រូវបាន ប៉ុល ពត បញ្ជាឲ្យទាហានសម្លាប់ចោលនៅតំបន់ចុងក្រោយបង្អស់របស់ពួកឧទទាមខ្មែរក្រហមអន្លុងវែងក្នុងខែមិថុនា ឆ្នាំ១៩៩៧។
មូលហេតុនៃការសម្លាប់ក្រុមគ្រួសារ សុន សេន គឺដោយសារ ប៉ុល ពត ចោទប្រកាន់ថា សុន សេន គឺជាខ្មាំងបង្កប់នៃរបបក្រុងភ្នំពេញ។ ប៉ុល ពត បានផ្តល់បទសម្ភាសន៍ដល់អ្នកយកពត៌មាន នេត ថេយ័រ ថា «ចាប់តាំងពីមានការផ្តាច់ខ្លួន...មានពួកខ្ញុំបាទចាប់បានឯកសារ ប្អូនថ្លៃ សុន សេន បញ្ចោញផ្ញើមកពីកំពង់ធំ បីឯកសារ បីសំបុត្រ ហើយកំពង់ធំនេះនៅក្នុង ក្របខ័ណ្ឌ ហ៊ុន សែន»។ តើការចោទប្រកាន់នេះពិតឬទេ? តើ សុន សេន ក្បត់នឹងរបបខ្មែរក្រហមតាំងពីពេលណា? តើ សុន សេន យ៉ុន យ៉ាត ពិតជាក្បត់នឹង ប៉ុល ពត ប្រាកដមែនដែរឬទេ?
ចម្លើយសារភាពរបស់ ស៊ុន ទី ហៅ ទាញ តួនាទីជាភ័ស្តុភារសេនាធិការ ដែលត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបញ្ជូនមកទួលស្លែងដើម្បីសួរចម្លើយបាននិយាយអំពីផែនការក្បត់បដិវត្តន៍ ដែលមានការចូលរួមរបស់ សុន សេន។ ចម្លើយសារភាពនេះចែកជាពីរផ្នែក ផែនការទី១ សម្លាប់បងលេខាបក្សទីមួយ សមមិត្ត ប៉ុល ពត លេខាទីពីរ សមមិត្ត អៀង សារី ហៅ វ៉ាន់ និងផែនការទី២ គឺការវាយបក្សនៅរដូវប្រាំងខែមករា ឆ្នាំ១៩៧៩ ។ ខាងក្រោមនេះ ជាសេចក្តីរាយការណ៍អំពីផែនការធ្វើឃាតបងៗកម្មាភិបាលដឹកនាំ៖
សូមរាយការណ៍អំពីផែនការធ្វើឃាតបងៗ និងធ្វើទៅលើភ្ញៀវបក្សនិងរដ្ឋដែលមកទស្សនកិច្ចនៅកម្ពុជា (ខ្ញុំដឹងតាម កន ប្រាប់)
អំពីផែនការសម្លាប់បងទី១ (ដកស្រង់ពីឯកសារ D០៧៣៧៧) ខ្ញុំស្គាល់ កន ត្រូវជាប្អូន ខៀវ តាមរយៈ ខៀវ កាលខ្ញុំចេញពីភ័ស្តុភារ។ ខ្ញុំទៅដល់ក្រសួងការពារប្រទេសដំបូងបានតែប៉ុន្មានថ្ងៃ ខ្ញុំត្រូវចេញទៅក្រៅជាមួយបង វ៉ាន់។ ប្រហែលពាក់កណ្តាលខែសីហា ឆ្នាំ១៩៧៨ ខ្ញុំមកវិញ ក្នុងរយៈពេលទៅក្រសួងការបរទេសមុនថ្ងៃ៩-កញ្ញាឆ្នាំ១៩៧៨ ខ្ញុំត្រូវចេញពីញូវយ៉កក៏មិនទាន់មានការទាក់ទងដែរ។ ខ្ញុំមកដល់ភ្នំពេញវិញដើមខែវិច្ឆិកា ឆ្នាំ១៩៧៨។ ពេលល្ងាចក្នុងពេលក្រោយបាយ ខ្ញុំមកលេងបន្ទប់មិត្ត កន មិត្តកន បាននិយាយប្រាប់ខ្ញុំថា ផែនការរបស់យើងធ្វើតទៅចេះតែខុយ។ ខ្ញុំសួរថាផែនការយ៉ាងណា? ផែនការអី។ ដំបូងនិយាយអំពីផែនការសម្លាប់បងទី១ដោយប្រើថ្នាំពុល។ ប្រើតាមរយៈបង អាត កន និយាយនៅមន្ទីរអង្គការ បង អាត អាចចេញចូលបាន ហើយពេលខ្លះមានពេលម្តងមួយ ហាម នៅហូបបាយទីនោះដែរ ឆ្លៀតពេលនោះដាក់ថ្នាំបំពុល។ ក្នុងការជជែកគ្នា កន និយាយថាថ្នាំពុលនេះបានកាលជំនាន់នារី ណាន ប្រពន្ធ ឆយ (ឆយ នៅខាងឃោសនាការអប់រំ) កន ប្រាប់ថាថ្នាំនេះបានតាមខ្សែហុងកុងតាមរយៈប្រពន្ធ សុខ។ កន និយាយថាការដែលដាក់មិនបានមកពីអ្វីដែលបងទី១ហូប ត្រូវកងការពារបងយកដោយខ្លួនឯងធ្វើដោយខ្លួនឯង ធ្វើបានភ្លាមយកជូនបងភ្លាម គឺតាំងពីបងមិនទាន់ហូប រហូតបងហូបហើយទើបកងការពារដើរចេញនិងយកចេញ។
អំពីផែនការសម្លាប់ភ្ញៀវចិន (តឹង យុង គុយ)
ក្នុងផែនការសម្លាប់ តឹង យុង គុយ ផែនការនេះ កន និយាយថា បងខៀវ បានចាត់តាំងឲ្យគាត់សម្លាប់ភ្ញៀវមានវិធីពីរយ៉ាង ម៉្យាងដាក់ថ្នាំបំពុល និងម៉្យាងទៀតលបបាញ់សម្ងាត់។
ការប្រើថ្នាំបំពុល គឺ កន ជាអ្នកទទួល ឯការបាញ់ប្រើនារី។ កន និយាយថា ហេតុដែលខ្លួនគេទទួលខាងថ្នាំបំពុលពីព្រោះខ្លួនគេជាអ្នកទទួលពិធីការផ្ទះភ្ញៀវនៅពេលគេចេញចូលបាន ដូច្នេះលទ្ធភាពមានច្រើន ពីព្រោះបំពុលមិនប្រើទូទៅទេ ប្រើតែលើបុគ្គលម្នាក់ ហើយប្រើក្នុងទឹកហូបឬពេលបាយ។ កន និយាយថាគាត់ពិនិត្យថ្ងៃដំបូងចង់ដាក់ក្នុងដបទឹក តែឃើញកងការពារគាត់ពិនិត្យណាស់ដបទឹកហូប បើគាស់ធូរតែបន្តិចមិនចាក់ឲ្យហូបទេ។ ឯដបដែលថាល្អ ហើយ ក៏គេហូបបន្តិចសិន ប្រហែល២-៣នាទីទើបចាក់ឲ្យហូប។ ឃើញដូច្នេះគេអស់លទ្ធភាពធ្វើ។ ឯខាងផ្នែកបាយវិញ ធ្វើអត់បានទេដោយអ្នកធ្វើបាយធ្វើរួចហើយប្រគល់ឲ្យអ្នករៀបអ្នករៀបគេទទួល គេឈរចាំនៅទីនោះ អ្នកគ្មានភារកិច្ចគេអត់ឲ្យទៅជិតទេ ឯតុហូបមានអ្នកនៅយាមជាប់ ពេលហូបគឺ ភ្ញៀវមកអង្គុយទើបលើកទៅភ្លាមៗ កន និយាយថាគាត់ទៅជិតកន្លែងរៀបបាយដែរ តែគេតាមមើលជាប់។ ការបាញ់ កន ថាប្រគល់ភារកិច្ចឲ្យនារី ស៊ីន ត្រូវជាប្អូនថ្លៃ កន ហើយនិងនារីបីនាក់ទៀត។ ពីព្រោះនារីទាំងបួនរូបនេះនៅប្រចាំការជាប់ក្នុងរយៈកាលទស្សនកិច្ចរបស់ភ្ញៀវនៅភ្នំពេញ។ កន និយាយថា នារី ស៊ីន ជាអ្នកទី១ ហើយមាននារីម្នាក់ទៀតជាអ្នកទី២ បន្ទាប់ពីនារី ស៊ីន នារីពីរនាក់នេះជាអ្នកបាញ់ ឯនារី២នាក់ទៀត នាំស៊ើបការណ៍ បើឃើញភ្ញៀវដើរចេញក្រៅខ្វះការប្រុងប្រយ័ត្ន។
កន និយាយថា នារីទី២បន្ទាប់ពី ស៊ីន ជាអ្នករៀបចំបន្ទប់មាឌក្រអាញទាប គាត់ជាមនុស្សរួសរាយបន្តិច។ ឯនារី២នាក់ទៀតជាអ្នករៀបបន្ទប់ដែរ។ សូមជម្រាបសមមិត្តដោយត្រង់ថានារីបីនាក់នេះ កន អត់បាននិយាយឈ្មោះទេ បើខ្ញុំដឹងខ្ញុំរាយការណ៍ជូនអត់លាក់ទេ។ កន និយាយថា ការបាញ់ក៏ធ្វើមិនបាន តាតឹង យុង គុយ អត់ដើរចេញផ្តេសផ្តាសទេ អ្នកដទៃចេញមកយ៉ខាងក្រៅផ្ទះខ្លះតែមួយភ្លែតគេចូលវិញ។ កន និយាយថាផែនការសម្រាប់តែធ្វើនៅភ្នំពេញ ឯចេញក្រៅអត់មានផែនការអីទេ។ កាំភ្លើង កន ថាមានតែមួយដើមទេ(កាំភ្លើងតូច) កាំភ្លើងនេះបានមកពីបង ខៀវ។
អំពីការចាត់តាំងបាញ់បង វ៉ាន់ (អៀង សារី)
កន និយាយថា មានម្តងនោះបង ខៀវ ខឹងនឹងបង វ៉ាន់ ខ្លាំងណាស់ បានចាត់តាំងឲ្យនីរសារគាត់ឈ្មោះ នឿន បាញ់បង វ៉ាន់ ម្តង តែបាញ់មិនបាន។ បញ្ហានេះគឺខឹងថាបង វ៉ាន់ និង វន ត្រូវគ្នារកពេលតែផ្តួលបង ខៀវ។ ថ្ងៃ២៥ ខែធ្នូ ឆ្នាំ១៩៧៨ ទាញ។
សូមរាយការណ៍អំពីសកម្មភាពរបស់ខ្ញុំជាមួយ វន
ការទាក់ទងរបស់ខ្ញុំជាមួយ វន ញឹកញាប់តាំងពីអង្គការ បានចាត់តាំងឲ្យ វន គ្រប់គ្រងផ្នែកគ្រាប់រំសេវមក ក្នុងពេលជួបម្តងៗ វន អប់រំខ្ញុំ ពង្រឹងខ្ញុំឲ្យខំធ្វើការតាមផែនការកសាងសេ.អ៊ី.អា ពិសេសឲ្យកសាងយកកម្មាភិបាលមុនគេ ឲ្យខ្ញុំខំធ្វើការកុំឲ្យព្រួយបារម្ភដោយមានវានិងសមមិត្ត ខៀវ រ៉ាប់រងដោះស្រាយ។
ប្រហែលពាក់កណ្តាលខែមិថុនា ឆ្នាំ១៩៧៨ វន ហៅខ្ញុំឲ្យទៅមន្ទីរសេដ្ឋកិច្ចប្រញាប់បំផុត។ នៅមន្ទីរសេដ្ឋកិច្ចដំបូង វន ឲ្យលិខិតមួយសន្លឹកគឺជាប័ណ្ណចេញគ្រាប់គ្រប់ធុន ពិសេសគ្រាប់របស់ចិន លិខិតនេះមានបោះត្រាគណៈកម្មាធិការ៨៧០ ពីចំហៀងត្រាស៊ីញ៉េ វន។ ចំនួនគ្រាប់រំសេវដឹកពេលនោះចេញពីរលើកទើបអស់ គិតជាឡានជាង១០០ឡាន គ្រាប់នេះដឹកឲ្យសមមិត្ត ខៀវ នៅស្វាយរៀង។ ក្រោយពីខ្ញុំទទួលប័ណ្ណនេះហើយ វន បានអប់រំរំលឹកសាចុះសាឡើង និងពង្រឹងជំហរឲ្យជឿជាក់លើវានិងលើសមមិត្ត ខៀវ។ វានិយាយយូរណាស់ប្រហែលជាង១ម៉ោងទើបវានិយាយថាខ្ញុំសុំប្រគល់ការងារថ្មីមួយទៀតក្រៅពីការងារដឹកគ្រាប់រំសេវ។ សមមិត្ត ខៀវ គាត់នៅឆ្ងាយគាត់ឲ្យប្រាប់សមមិត្តថែម ដើម្បីសមមិត្តកក់ក្តៅ ឯទូរស័ព្ទសម្ងាត់និយាយក៏មិនស្រួលដែរ ការងារនោះគឺជាការងាររបស់ខ្ញុំ(វន) នឹងគាត់ ខៀវ។ វន និយាយទៀតថា ខ្ញុំនិងសមមិត្ត ខៀវ មានផែនការវាយបក្សរដូវប្រាំងនេះ។ ការងាររបស់សមមិត្ត នៅ តួនាទីសំខាន់ទី២ គឺការងារផ្តល់គ្រាប់រំសេវ បើសមមិត្តសម្រេចបានជាជ័យជម្នះមួយ។ គ្រាប់កាំភ្លើងមានអស់ហើយវានៅតែបញ្ហាដឹក គិតគូរបញ្ហានេះអស់លទ្ធភាពរបស់ភ័ស្តុភារ ទាំងខាងជើងគោក ទាំងខាងជើងទឹក។ ដឹកវាស្រូលនៅសភាពធម្មតា តែពេលមានឧបសគ្គបើដោះស្រាយរួចទើបបានជ័យជម្នះ។ មតិទី១ គឺគ្រាប់រំសេវគ្រប់ប្រភេទដាក់តាមប្រភេទតាមឃ្លាំងនីមួយៗ ដាក់ផ្លាកឲ្យច្បាស់លាស់ត្រូវមានប្លង់ឃ្លាំង តើឃ្លាំងណាដាក់គ្រាប់អីកុំយកការចាំពីព្រោះដល់ពេលប្រញាប់ច្បាស់ជាមានការច្រឡំតែកន្លះម៉ោងក៏ខាតពេលដែរ។ ធ្វើការត្រូវវិទ្យាសាស្ត្រ។ សមមិត្តទៅវិញប្រជុំគ្នាគិតគូរតាមមតិនេះ ជាមួយសមមិត្ត ម៉ូត, ធឹម, ផុន ទៀតឲ្យល្អិត។ មតិទី ២ គឺ មធ្យោបាយដឹកចេញឡានអត់ខ្វះខាតទេ ឯកាណូតក៏មានមួយចំនួនហើយនៅតែយើងរៀបចំវា។ មតិទី៣ ត្រូវរៀបចំតាមប្រភេទ ដូចជាគ្រាប់ និងកាំភ្លើង ពិសេសបញ្ហាគ្រាប់ ឯកាំភ្លើងបញ្ហារួមផ្សំត្រូវរៀបចំឲ្យហើយ តាមមតិណែនាំខាងលើមុនខែមករា ឆ្នាំ១៩៧៩ យ៉ាងយូរបំផុតពាក់កណ្តាលខែថធ្នូ ឆ្នាំ១៩៧៨ ហើយស្រេចបាច់ទាំងអស់។ មតិទី៤ បញ្ហាកម្លាំងមិនចោទទេ ពេលត្រូវការយើងប្រមូលវាពេលនោះអស់គិតលក្ខការណ៍អីទៀតទេ។ តែត្រូវគិតកម្លាំងការពារបរិវេណឃ្លាំងគឺថ្ងៃណាពេលណាក៏នៅជាឃ្លាំងរបស់យើង។ មតិទី៥ ចាំដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨ ចាំខ្ញុំឲ្យប័ណ្ណសម្រាប់ដឹកសម្ភារចេញរបស់មន្ទីរ៧៨០ មួយក្បាលសម្រាប់ប្រើការ ពីព្រោះប្រើបានទូទាំងប្រទេស។ ប្រហែលម៉ោងជាង១០ ខ្ញុំចេញមកមន្ទីរវិញ ដើម្បីចាត់តាំងដឹកគ្រាប់ចេញ។ ប្រហែល៣ថ្ងៃក្រោយមកទើបខ្ញុំអញ្ជើញសមមិត្ត ម៉ូត សមមិត្ត ផុន សមមិត្ត ធឹម មកប្រជុំ។ ខ្ញុំយកមតិណែនាំរបស់ វន ដែលខ្ញុំក្តាប់បានឧទ្ទេសនាមជូនអង្គប្រជុំ។ ទាំងអស់គ្នាពិគ្រោះគ្នាហើយឯកភាពធ្វើតាមមតិណែនាំរបស់ វន លើកទាំងអស់។ ក្នុងរយៈពេលបីថ្ងៃនេះខ្ញុំមិនទៅប្រជុំ ខ្ញុំមិនបានគិតច្រើនឥឡូវដល់វេលាក្បត់បក្សច្បាស់លាស់ហើយ តើត្រូវរាយការណ៍ជូនបក្សឬមិនរាយការណ៍ ខ្ញុំគិតឃើញថាបើរាយការណ៍ជូនបក្សខ្លាចបក្សមិនជឿពីព្រោះ វន ជាគណៈអចិន្ត្រៃយ៍ ហើយសមមិត្ត ខៀវ គណៈមជ្ឈិមទទួលកងទ័ពទាំងមូលទៀត ឃើញយ៉ាងដូច្នេះហើយបានជាខ្ញុំមិនហ៊ានរាយការណ៍ជូនបក្សទេ សុខចិត្តធ្វើតាម វន នឹង ខៀវ។ ក្រោយពីខ្ញុំបានប្រជុំប្រហែលពីរថ្ងៃ វន បានទូរស័ព្ទហៅឲ្យខ្ញុំទៅជួប នៅមន្ទីរសេដ្ឋកិច្ច ។ នៅមន្ទីរសេដ្ឋកិច្ចវាឲ្យខ្ញុំរាយការណ៍ អំពីលទ្ធផលការងាររៀបចំគ្រាប់រំសេវកាំភ្លើងតាមផែនការវា។ ខ្ញុំបានរាយការណ៍តាមលទ្ធផលដែលខ្ញុំបានប្រជុំ ដូចបានរាយការណ៍ខាងលើតែខ្ញុំបានរាយការណ៍ថែមអំពីសភាពទុកដាក់គ្រាប់រំសេវ កាំភ្លើងដែលបានរៀបចំកន្លងមកនៅតាមឃ្លាំងធំៗ គឺមិនទាន់ស្រួលធានា១០០ភាគរយទេ បើប្រញាប់ច្បាស់ជាមានការច្រឡំមិនខាន។ ឥឡូវសមមិត្ត ម៉ូត សមមិត្ត ធឹម ចុះទៅកែសម្រួលថែមទៀត បើដល់ខែធ្នូ ឆ្នាំ១៩៧៨ អាចរៀបចំឲ្យហើយបាន។ វន និយាយថា យ៉ាងម៉េចក៏ត្រូវខំធ្វើឲ្យបាន។ ខ្ញុំជួប វន ពេលណាក៏ពង្រឹងសតិអារម្មណ៍ជាប់។ មុនខ្ញុំចេញមកមន្ទីរវិញ វាផ្តាំខ្ញុំថាឲ្យទៅមន្ទីរសេដ្ឋកិច្ចឲ្យសមមិត្ត ម៉ូត ទៅជាមួយផង ខ្ញុំចាំថ្ងៃមិនច្បាស់ ប្រហែលថ្ងៃ២៦ ឬ២៧ ខែមិថុនា ឆ្នាំ១៩៧៨។ ខ្ញុំ និង ម៉ូត ទៅរក វន តាមកាលកំណត់។ ពេលជួប វន វាសួរសុខទុកជាធម្មតា មានមិត្តកងការពារនៅជិតនោះវាដេញឲ្យចុះក្រោម។ បន្ទាប់មក វន ឲ្យរាយការណ៍ថែមទៀត តើសភាពការណ៍រៀបចំគ្រាប់រំសេវ កាំភ្លើង តើដល់ណា? លើកនេះខ្ញុំឲ្យសមមិត្ត ម៉ូត រាយការណ៍។ រាយការណ៍លើកនេះអត់មានអីលើសមុនៗទេ។ វន និយាយថាបើសមមិត្ត ទាញ មិននៅតើសមមិត្ត ម៉ូត ទៅរួចទេ? ខ្ញុំ ទាញ ឆ្លើយថាអត់អីទេ មានសមមិត្តច្រើនទៀតគេធ្វើជាមួយ។ វន និយាយទៀតថា សមមិត្ត ទាញ អត់នៅភ័ស្តុភារទៀតទេ ដូចនេះសមមិត្ត ម៉ូត រ៉ាប់រងការងារដែលសមមិត្តបានប្រជុំគ្នាពីថ្ងៃមុន តែនៅក្នុងនោះក៏មានសមមិត្ត ផុន សមមិត្តធឹម ទៀត។ ខ្ញុំនិង ម៉ូត ជួបវន ព្រឹកនោះប្រហែល២ម៉ោង។ ពេលវេលាចុះមកវិញ វន ឲ្យ ម៉ូត ចេញមកមុនហើយ វន និយាយថា សមមិត្តទៅក្រសួងការបទេស ថ្ងៃ២៩ មិថុនា ឆ្នាំ១៩៧៨ នេះ ល្ងាចម៉ោង១កន្លះមកដល់នេះដើម្បីជួបបងខាងលើ។ នៅថ្ងៃ២៩ មិថុនា ឆ្នាំ១៩៧៨ តាមពេលកំណត់ខ្ញុំទៅដល់ឃើញសមមិត្ត ណាត និងសមមិត្ត ហុក នៅទីនោះដែរ។ ប្រហែលម៉ោងជិត២ វន ទៅដល់ហើយហៅឡើងលើ។ ម៉ោង២លើសបន្តិចបងទី២ក៏ទៅដល់។ ពេលប្រជុំបងទី២មានមតិណែនាំប្រហែល១ម៉ោងបន្ទាប់មក វន មានមតិដូចបងដែរ ក្រោយមកបងទី២ ឲ្យម្នាក់ៗចាប់អារម្មណ៍ ម្នាក់ៗគ្មានមតិអីច្រើនទេគឺឯកភាពនឹងបក្សចាត់តាំង។ ប្រជុំលើកនេះចប់ប្រហែលម៉ោងជិត៤ ទើបបងទី២ត្រឡប់ទៅវិញ។ ខ្ញុំ វន ឃាត់ឲ្យនៅជួបវារហូតដល់ម៉ោងជាង៥។ ថ្ងៃ២៤ ខែធ្នូឆ្នាំ១៩៧៨ ទាញ។
បក្សជាទីគោរព
ខ្ញុំជាមួយ វន ខៀវ ស្គាល់យូរមកហើយពុំមែនទើបតែស្គាល់ទេ ពីមុនស្គាល់តែក្នុងលក្ខណៈពាក់កណ្តាល។ ទើបតែនៅពេលដែលយួនវាយចូលជិតដល់ស្វាយរៀង ប្រហែលខែវិច្ឆិកា ឆ្នាំ១៩៧៧ ពេលដែលសមមិត្ត ខៀវ ត្រូវទៅជាប់សមរភូមិ ពេលនោះហើយដែល វន បានឲ្យដឹងថាខ្លួន វន និងសមមិត្ត ខៀវ ជាខ្សែជាមួយគ្នា។
ក្រោយពីខ្ញុំបានទទួលភារកិច្ចមួយក្នុងការផ្តល់គ្រាប់តាមផែនការក្បត់វាយបក្សនៅរដូវប្រាំងនេះ ខ្ញុំខ្វល់ខ្វាយណាស់ ដោយយកចលនារបស់បក្សឆ្លុះបញ្ចាំង ព្រមទាំងមាគ៌ារបស់បក្សមកប្រៀបធៀបនឹងអំពើក្បត់ ឃើញថាធ្វើយ៉ាងម៉េចក៏ពុំអាចឈ្នះបក្សបានទេ។ ដំបូងខ្ញុំគិតថាត្រូវតែរាយការណ៍ជូនបក្សគិតសាចុះសាឡើងខ្លាចរាយការណ៍ជូនបក្ស បក្សមិនជឿពីព្រោះ វន ជាគណៈអចិន្ត្រៃយ៍ ហើយសមមិត្ត ខៀវ ជាគណៈមជ្ឈិមជាមនុស្សសំខាន់របស់បក្សដែលទទួលយោធារួមទៀត ឃើញធំៗណាស់ ហើយគេសន្យាធានាដល់អាយុជីវិតខ្ញុំទៀត។
បក្សជាទីគោរព ថ្វីត្បិតតែខ្ញុំបានរស់នៅជិតបងៗរយៈពេលខ្លី ប្រហែល១ឆ្នាំប៉ុណ្ណោះ ហើយនោះខ្ញុំជាបក្ខជនផងជាខ្មែរសេរីផង ធាតុពិតរបស់ខ្ញុំពេលនោះការយល់ដឹងចូលជ្រៅក្នុងខ្លឹមសាររបស់ខ្មែរសេរី បើប្រៀបមកបក្សគឺខ្ញុំនៅខាងបក្សខ្លាំងជាងពេលនោះ។ នៅឦសាន១ឆ្នាំនេះ ខ្ញុំស្គាល់បង វ៉ាន់ ច្រើនជាងបងលេខា ពេលនោះខ្ញុំមានមនោសញ្ចោតនាគោរពស្រឡាញ់ទៅលើបង វ៉ាន់ ខ្លាំង។ នៅពេលខ្ញុំបានធ្វើដំណើរចុះមកវាលរាបវិញជាមួយបងៗលេខា ខ្ញុំកាន់តែគោរពស្រឡាញ់បងៗកាន់តែខ្លាំងថែមទៀត ឃើញបងៗទ្រាំទ្រការលំបាកវេទនាដើរទាំងថ្ងៃដើរទាំងយប់កាត់ព្រៃភ្នំក្រមថ្មដើម្បីដឹកនាំប្រជាជនធ្វើបដិវត្តន៍រំដោះខ្លួន រំដោះប្រទេសជាតិ រំដោះវណ្ណៈក្រីក្រ ពេលនោះខ្ញុំតាំងចិត្តថាត្រូវតែបោះបង់អំពើខុសឆ្គងរបស់ខ្ញុំក្រោយពីខ្ញុំបានមកនៅជាមួយឈ្មោះ វន វិញ ការតាំងចិត្ត ការប្តេជ្ញាចិត្តត្រូវរលាយខ្សុលដោយ វន វាចេះអូសទាញខ្ញុំ វន មានឥទ្ធិពលលើខ្ញុំខ្លាំងជាងឪពុកម្តាយខ្ញុំទៀត ពេលជាបន្តបន្ទាប់ខ្ញុំឈានទៅក្បត់បក្សកាន់តែខ្លាំង ក្រោយការគ្រប់គ្រងរបស់ឈ្មោះ វន ហើយចុងក្រោយជាមួយឈ្មោះ ខៀវ នេះទៀត។ ថ្ងៃ២៤ ខែធ្នូ ឆ្នាំ១៩៧៨ ទាញ។
ខ្ញុំសូមរាយការណ៍អំពីសតិអារម្មណ៍របស់ខ្ញុំ នៅពេលបក្សចាប់ខ្លួន ខ្ញុំត្រូវបក្សចាប់ខ្លួននៅយប់ថ្ងៃ១០ ខែធ្នូ ឆ្នាំ១៩៧៨។ ពេលខ្ញុំមកដល់សាលាអប់រំភ្លាមខ្ញុំគិតឃើញថា បើឆ្លើយថានៅខ្សែជាមួយវន ខ្លាចសមមិត្តមិនជឿដោយគិតថាមកដល់ទើបឆ្លើយ។ ដំបូងខ្ញុំឆ្លើយថាត្រង់នឹងបក្ស សមមិត្តសួរលើកទី១ ខ្ញុំឆ្លើយដដែលសួរលើកទី២ លើកទី៣ ទើបខ្ញុំសុខចិត្តឆ្លើយ សមមិត្តសួរចម្លើយលើបញ្ហាឲ្យឆ្លើយគឺ៖ ១) អំពីផែនការក្បត់វាយបក្សរដូវប្រាំង ២) ចូលសេ.អ៊ី.អាឆ្នាំណា ៣) អ្នកណាបន្តវេនផែនការក្បត់ពី វន។ ដំបូងសមមិត្តទទួលខុសត្រូវឲ្យខ្ញុំសរសេរផែនការក្បត់វាយបក្សរដូវប្រាំងសតិអារម្មណ៍ខ្ញុំពេលនោះគិតថាផ្ទាល់ខ្លួន ផែនការរួមវាយបក្សអត់ដឹងសោះ ដឹងត្រឹមតែវាប្រគល់ភារកិច្ច ផ្តល់គ្រាប់រំសេវ ដូច្នេះខ្ញុំសរសេរលើកទី១ប្រឌិតផងពិតផង។ សមមិត្តសួរចម្លើយមិនព្រម សួរម្តងទៀត ខ្ញុំថាសុខចិត្តសារភាពហើយលើកនេះ គឺប្រឌិតទាំងស្រុង។ បន្ទាប់មក សមមិត្តសួរចម្លើយឲ្យខ្ញុំសរសេរប្រវត្តិសកម្មភាពក្បត់របស់ខ្ញុំតាំងពីក្បត់រហូតដល់ថ្ងៃអង្គការចាប់ខ្លួន ខ្ញុំកំពុងសរសេរសមមិត្តសួរចម្លើយ សួរអ្នកបន្តពី វន សួរដំបូងធម្មតា ខ្ញុំឆ្លើយថាអត់ដឹងទេ ខ្ញុំគិតថាបើឆ្លើយខ្លាចសមមិត្តសួរចម្លើយ ចាប់សួរមួយសន្ទុះសួរផង អប់រំផងលើកឧទាហរណ៍ ដូចសមមិត្តមួយចំនួនឆ្លើយជូនបក្សស្មោះត្រង់ទោះមកដល់ទីនេះក៏បក្សបន្តោសបាន។ ពេលនេះខ្ញុំលែងខ្លាចទៀតហើយ ខ្ញុំសារភាពថា ខ្ញុំសូមឆ្លើយជូនបក្សតាមអំពើដែលខ្ញុំបានធ្វើ និងអ្នកដែលត្រូវរាយការណ៍ជូនបក្ស។ ទោះបីខ្ញុំប្តេជ្ញាចិត្តហើយក៏សតិអារម្មណ៍ មិនទាន់ជ្រះស្រឡះទេ នៅស្មុគ្រស្មាញច្រើនណាស់ នៅតែសង្ស័យថាសន្តោសនៅតែមិនច្បាស់តែដល់ឃើញសមមិត្ត ដាំ ដែលធ្លាប់ស្គាល់កាលពីនៅឦសាន គាត់ត្រូវបានបក្សសន្តោសជូន សមមិត្តសួរចម្លើយគាត់បានអប់រំខ្ញុំ គឺនៅពេលដែលគាត់មកលាងរបួសឲ្យខ្ញុំ។ តាំងពីពេលនោះមកខ្ញុំប្តេជ្ញាចិត្តថា នឹងរាយការណ៍ជូនបក្សទាំងអស់នូវអំពើដែលខ្ញុំបានធ្វើដោយឃើញជាក់ស្តែងនូវមាគ៌ាសន្តោសរបស់បក្ស ខ្ញុំប្តេជ្ញាក្នុងសតិអារម្មណ៍របស់ខ្ញុំខំសរសេរឲ្យបានល្អបានល្អិត ហើយរង់ចាំពេលសមមិត្តសួរចម្លើយ មកបញ្ជាក់លើបញ្ហាទៀតខ្ញុំខិតខំឆ្លើយឲ្យច្បាស់ថែមទៀត។ ថ្ងៃ២៤ ខែធ្នូ ឆ្នាំ១៩៧៨ សុនទី ហៅ ទាញ៕ ដោយៈ អៀ ម៉េងទ្រី
(11-ធ្នូ-2015)
ភ្នំពេញប៉ុស្ត ប្អូនប្រុសសុន សេន ចូលផ្តល់សក្ខីកម្មនៅសាលាក្តីភ្នំពេញៈ ប្អូនប្រុសលោក សុន សេន អតីតមេដឹកនាំកំពូលក្នុងរបបខ្មែរក្រហម បានឡើងសវនាការ សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ដោយបានរៀបរាប់ពីការមើលឃើញនៃរបបដែលពោរពេញទៅដោយអាថ៌កំបាំង និងការលាក់លៀមព័ត៌មាននោះ។
លោក នី កាន ប្អូនប្រុសលោក សុន សេន បានថ្លែងថា លោកពុំច្បាស់ទេថា បងប្រុសលោកមានតួនាទីអ្វី នៅក្នុងរបបនោះ ដោយគ្រាន់តែអះអាងថា គាត់ធ្លាប់ដឹកនាំកងទ័ពមួយរយៈពេល។ ទីប្រឹក្សាក្រសួងការពារជាតិបច្ចុប្បន្នរូបនេះថ្លែងថា៖«ការ រក្សាការសម្ងាត់ មានខ្ពស់ខ្លាំងណាស់វិន័យមានភាពតឹងរ៉ឹងខ្លាំង ខ្ញុំទទួលបានការងារតែពីអ្នកផ្សេង»។
ការភ្លេចភ្លាំង ការចងចាំ ឬការតក់ស្លុតភ័យខ្លាច គ្របដណ្តប់ចម្លើយរបស់លោក នី កាន នៅក្នុងការសួរដេញដោលរបស់ព្រះរាជអាជ្ញា កាលពីថ្ងៃម្សិលមិញ។ លោកត្រូវបានគេរំឭកជាច្រើនលើក អំពីបទសម្ភាស ដែលគាត់បានផ្តល់ឲ្យអ្នកឆ្លើយឆ្លងព័ត៌មាន BBC មួយរូបឈ្មោះ Philip Short នៅក្នុងបទយកការណ៍មួយ ដែលមានចំណងជើងថា«ប៉ុល ពត៖ កាយវិភាគវិទ្យានៃសុបិនអាក្រក់»។
យ៉ាងណាក្តី នៅពេលត្រូវបានសួរថា តើគាត់មានអារម្មណ៍ខ្លាចរអា ក្នុងការផ្តល់សក្ខីកម្មដែរឬទេ? លោក នី កាន បានឆ្លើយថា៖ «ខ្ញុំចូលរួមជាមួយកងទ័ពរណសិរ្សបដិវត្តប្រជាជនកម្ពុជា ដូច្នេះខ្ញុំពុំមានអារម្មណ៍រងសម្ពាធអ្វីឡើយ។ ខ្ញុំផ្តល់ចម្លើយពេលនេះ ដោយមានសេរីភាពជាងមុន»។
បុរសវ័យ ៦៩ ឆ្នាំរូបនេះ បន្តថា លោកចូលរួមចលនាបដិវត្ត នៅទសវត្សរ៍ ១៩៦០ ដោយសារលោកជាអ្នកចេះដឹង។
ក្នុងពេលធ្វើជាមន្ត្រីឃោសនា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ លោក នី កាន បានថ្លែងថា លោកបានធ្វើដំណើរទៅច្រើនកន្លែង ហើយត្រូវបានប្រគល់ភារកិច្ចឲ្យធ្វើបដាសម្រាប់ជម្លៀសប្រជាជនចេញពី ទីក្រុងភ្នំពេញ កាលពីខែមេសា ឆ្នាំ ១៩៧៥។
លោកបានបរិយាយស្ថានភាពនោះថា មានភាពវឹកវរយ៉ាងខ្លាំង។ លោកបានថ្លែងសំដៅដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីទីក្រុង ដោយដើរថា៖«មានមនុស្សជាច្រើនរស់នៅទីក្រុងភ្នំពេញ មុនពេលរំដោះ ហើយអ្នកទាំងនោះ ត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ធ្វើដំណើរពេញតាមដងផ្លូវ»។ ប្អូនប្រុស សុន សេន រូបនេះ បន្តថា ការគំរាមកំហែងពីការទម្លាក់គ្រាប់បែក ដែលបក្សកុម្មុយនីស្តកម្ពុជាអះអាងថា ជាដើមចមនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនោះ ធ្វើឲ្យមនុស្សគ្រប់រូប រស់នៅដោយក្តីភ័យខ្លាច។
លោកបានរៀបរាប់ឡើងវិញ អំពីការដែលកងទ័ពខ្មែរក្រហម បានជីករន្ធក្រោមដី និងរណ្តៅជាបណ្តាញតភ្ជាប់គ្នានៅក្រោមដំបូកដីកម្ពស់ប្រមាណ ២០ ហ្វូត តាមបណ្តោយផ្លូវរថភ្លើង ដែលត្រូវបានបោះបង់ចោល ពីទីក្រុងភ្នំពេញទៅខេត្តបាត់ដំបង ដើម្បីជាការការពារពួកគេ ពីការវាយប្រហារតាមផ្លូវអាកាស ដែលគាត់អះអាងថា ទាំងកងទ័ពសេនាប្រមុខ លន់ នល់ និងពីយន្តហោះទម្លាក់គ្រាប់បែក B52 របស់អាមេរិក។ លោកបានបន្តថា នៅពេលនោះ វត្តអារាមទាំងឡាយ ក្នុងប្រទេសនេះ រងនូវការបំផ្លិចបំផ្លាញ ដោយសារយន្តហោះ B52 ហើយព្រះសង្ឃ បានចូលរួមជាមួយកងទ័ពបដិវត្តន៍។ លោកបានបន្តទៀតថា ចាប់ពីពេលនោះ វាលែងមានវត្តអារាមដែលជាទីប្រជាពលរដ្ឋ អាចទៅគោរពបូជា ក្នុងនាមជាអ្នកមានជំនឿលើសាសនាទៀតហើយ។
ក្នុងពេលសវនាការនោះលោក អៀង សារី ដែលកំពុងទទួលការព្យាបាល បានស្ថិតនៅក្នុងបន្ទប់ឃុំឃាំងខាងក្រោមសាលាក្តី។ ការផ្តល់សក្ខីកម្មរបស់លោក នី កាន នឹងត្រូវធ្វើឡើងបន្តទៀតនាថ្ងៃអង្គារនេះ៕ CR
រចនាសម្ព័ន្ធទទួលខុសត្រូវនៅ ស-២១ គុកទួលស្លែង៖ ឌុច ជាអ្នកមើលការខុសត្រូវទូទៅ និងសម្រេចកិច្ចការផ្ទាល់នៅទីនេះ។ ឌុច មានជំនាញខាងវិភាគចម្លើយ ដែលមានភាពប្រទាក់ក្រឡាគ្នា ហើយស្នើយោបល់ទៅថ្នាក់លើ ដើម្បីស្រាវជ្រាវចាប់មនុស្សបន្ថែម ឬសុំយោបល់សម្រេចយកអ្នកទោសទៅកម្ទេចចោល «សម្លាប់»។ ឌុច សុំយោបល់ទៅមនុស្ស២នាក់សំខាន់គឺ សុន សេន ហៅ «បងខៀវ» ជារដ្ឋមន្ត្រីសន្តិសុខនិងការពារជាតិ ដែលទទួលពីលើផ្ទាល់ និងសុំយោបល់ទៅ ប៉ុល ពត ហៅ «អង្គការ, បងទី១, បងប៉ុល, ឬបង៨១»។ នៅលើឯកសារចម្លើយសារភាព ឌុច ច្រើនប្រើប៊ិចពណ៌បៃតង ហើយ ប៉ុល ពត ប្រើប៊ិចហ្វឺតធំ ស្មើប៊ិចសរសេរលើក្តាខៀន ចារលើឯកសារ។ ក្នុងឆ្នាំ១៩៧៧ ប្រហែលដោយសារ សុន សេន ត្រូវបានចាត់តាំងឲ្យទៅសមរភូមិនៅព្រំដែន នួន ជា បានទទួលជួយពិនិត្យឯកសារចម្លើយសារភាព កម្មាភិបាលជាន់ខ្ពស់ដែលត្រូវបានចាប់មក ស-២១។ ចុងឆ្នាំ១៩៧៧ ប៉ុល ពត សម្រេចឲ្យចាប់កម្មាភិបាលធំៗជាច្រើនដោយសង្ស័យថា ក្បត់បដិវត្តន៍។ យោងតាមឯកសារ សូម្បី សុន សេន ជារដ្ឋមន្ត្រីការពារជាតិ ក៏មានតម្រុយត្រូវចាប់ខ្លួនដែរ ដោយសង្ស័យថា ធ្វើឲ្យសមរភូមិជាច្រើនចាញ់។ ដោយសារចាញ់នៅថ្ងៃ៧ មករា ១៩៧៩ សុន សេន បានបន្តរស់។ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន និងក្រុមគ្រួសារត្រូវ ប៉ុល ពត បញ្ជាឲ្យសម្លាប់ចោលនៅអន្លង់វែង ដោយសង្ស័យថាក្បត់។
ត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះ តាមបញ្ជារបស់លោក ប៉ុល ពត នៅឆ្នាំ១៩៩៧នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សុន សេន ជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជាចារកិច្ចសម្ងាត់របស់យួន ខាងផ្នែកទទួលបន្ទុកក្នុងការរៀបចំផែនការបញ្ជូនបន្តទៅកម្មាភិបាលខ្មែរក្រហមជាខ្មែរយៀកមិញ(ក្បាលយួនខ្លួនខ្មែរ) នៅតំបន់ផ្សេងៗ។ រយៈពេល២ឆ្នាំដំបូង ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧ ប្រជាពលរដ្ឋខ្មែរបានស្លាប់អស់ជាង១លាននាក់ ដោយសារស្នាដៃសុន សេន និងកម្មាភិបាលតំបន់ផ្សេងៗ បានបញ្ជាឲ្យខ្មែរសម្លាប់ខ្មែរ នៅតាមមូលដ្ឋាន រួចប្រើឈ្មោះអង្គការជាអ្នកបញ្ជាពីខាងលើមក(នរណាហ៊ានជំទាស់គឺត្រូវស្លាប់ខ្លួនឯង)។
ចាប់ពីឆ្នាំ១៩៧៧ ចិនបានផ្ដាច់ជំនួយជួយប្រទេសយួន ហើយងាកមកផ្ដល់ជំនួយជាសម្ភាវុធជាច្រើនឲ្យប្រទេសខ្មែរ ព្រោះចិនដឹងថាយួនជាពស់ក្បាលពីរ ដៃទទួលជំនួយពីចិនក៏ប៉ុន្តែនយោបាយងាកទៅសូវៀត (ចិននិងសូវៀត ត្បិទថាកុម្មុយនិស្តដូចគ្នា ក៏ប៉ុន្តែមានគំនិតនយោបាយប្រឆាំងគ្នាច្រើន នៅក្នុងពេលនោះ)។ ចំណែកលោកប៉ុលពត ក៏ចាប់ផ្ដើមមានគំនិតប្រឆាំងយួននៅក្នុងពេលនោះដែរ ហើយយកចិនជាខ្នងបង្អែក ព្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានទទួលរងសម្ពាធជាច្រើនពីយួន ណាមួយលោកប៉ុលពត ក៏ដឹងច្បាស់ថា យួនមានមហិច្ឆតាចង់លេបយកប្រទេសខ្មែរយូរណាស់មកហើយ តាំងពីឆ្នាំ១៩៧៥ កុំតែលោកវ៉ៃយកទីក្រុងភ្នំពេញមុនយួន កុំអីយួនវ៉ៃយកស្រុកខ្មែរបង្កើតជាឥណ្ឌូចិន(ខ្មែរ.យួន.ឡាវ)បាត់ទៅហើយ។ #ខ្ញុំចង់ពន្យល់បន្ថែមនៅកន្លែងនេះបន្តិច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បែងចែកជា៤ក្រុម: ក្រុមទី១.ជាក្រុមលោកប៉ុល ពត និយមម៉ៅអុិស។ ក្រុមទី២: ជាក្រុមនិយមម៉ាក់សុីសឡេនីន ដែលមាន ហ៊ូ យន់ ហ៊ូ នឹម ជួនមុំ ជួន ជឿន ជួន ប្រសិទ្ធ កុយ ធួន ទីវ អុល។ល។ ក្រុមទី៣: ជាក្រុមខ្មែរវៀតមិញ មានដូចជា មូល សម្បត្តិ សោ ភឹម សាយ ភូថង ចាន់សុី ប៉ែន សុវណ្ណ។ល។ សរុបប្រមាណ៥០០០០នាក់។ ក្រុមទី៤:ជាក្រុមរណសិរ្យរំដោះជាតិ របស់ ស្ដេចសីហនុ។
នៅពេលលោកប៉ុលពត ងាកទៅយកចិនជាខ្នងបង្អែក ហើយប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយខ្មែរក្រហមថា ប្រឆាំងដាច់ខាតនឹងយួន ក្រុមខ្មែរយៀកមិញ ជាទី៣ និងក្រុមនិយមម៉ាក់ស៊ីលឡេនីន ជាក្រុមទី២ ក៏បានចាប់ផ្ដើមសហការគ្នាដើម្បីធ្វើរដ្ឋប្រហារប្រឆាំងនិងលោកប៉ុលពត ដោយបានបើកច្រកឲ្យកងទ័ពយួនវ៉ៃចូលស្រុកខ្មែរ សល់តែ ២០គីឡូ ទៀតដល់ទីក្រុងភ្នំពេញ(នៅចុងឆ្នាំ១៩៧៧) វាក៏ស្របពេលដែលលោកពលពត កំពុងបើកប្រតិបត្តិការសឹកប្រឆាំងនឹងយួន នៅក្នុងបញ្ហាព្រំដែន និងលើកកងទ័ពវ៉ៃយកកោះត្រល់និងខ្មែរកម្ពុជាក្រោមពីយួនវិញ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៧ (កុំតែកងទ័ពខ្មែរក្រហមដែលប្រចាំការនៅក្រវ៉ាត់ទីក្រុងភ្នំពេញខ្លាំង កុំអីយួនវ៉ៃបានទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៧៧បាត់ទៅហើយ)។ ក្រោយពីលោកប៉ុលពត បានដឹងថាមានការរដ្ឋប្រហារ តែបានមិនជោគជ័យ និងប្រតិបត្តិការវ៉ៃយកទឹកដីកម្ពុជាក្រោមមកវិញ ត្រូវការអន្តរជាតិថ្កោលទោសផងនោះ(ព្រោះមានការសម្លាប់កងទ័ពយួននិងប្រជាជនយួនស្លាប់អស់ច្រើនណាស់ នៅក្នុងសង្រ្គាមមួយនោះ) លោកប៉ុលពតក៏សម្រេចចិត្តដកកងទ័ពរបស់ខ្លួនត្រឡបមកវិញ។ ពេលត្រឡប់មកដល់ទីក្រុងភ្នំពេញ លោកប៉ុលពត ក៏បានជាឱ្យ តាម៉ុក ជាមេបញ្ជាការកងទ័ពប្រចាំនៅភូមិភាគនិរតី បើកការស៊ើបអង្កេតជាបន្ទាន់ ទី១.អ្នកដែលរួមគំនិតធ្វើរដ្ឋប្រហារ ទី២.អ្នកដែលប្រើឈ្មោះអង្គការ ក្នុងការសម្លាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ភ្លាមៗនោះ តាម៉ុកបានបើកប្រតិបត្តិការការស៊ើបអង្កេត ហើយក៏ស្រាវជ្រាវបានឈ្មោះជាច្រើន ប្រគល់ឲ្យលោកប៉ុលពត ភាគច្រើនអ្នកដែលរួមគំនិតនោះ គឺពួកខ្មែរយៀមិញដែលប្រចាំការនៅភូមិភាគបូព៌ា គ្រាន់តែលោកប៉ុលពត បានដឹងភ្លាម ក៏បញ្ជាអោយតាម៉ុក លើកកងទ័ពខ្មែរក្រហម៦ពាន់នាក់ ទៅដោយសម្ងាត់ ដើម្បីវ៉ៃកម្ទេចពួកបូព៌ាស្លាប់គ្មានសល់ និងចាប់ខ្លួនបានប៉ុន្មាននាក់ទៀតតែមិនសម្លាប់ឡើយ ទុកយកមកសួរចម្លើយនៅគុកទួលស្លែង សម្រាប់ជាការបកស្រាយទៅអន្តរជាតិ នៅថ្ងៃក្រោយ ក្នុងការសម្លាប់់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានអស់ជាង១លាននាក់ និងយួនមានគំនិតចូលមកឈ្លានពានក្នុងទឹកដីខ្មែរ ធ្វើរដ្ឋប្រហា ដែលសហការជាមួយពួកខ្មែរយៀកមិញ (មានអ្នកនៅរស់ជាង១០០នាក់ទៀត បានរត់ទៅស្រុកយួនទាន់ពេល នៅក្នុងនោះក៏មានសម្ដេចយើងជាច្រើនរូប គ្រប់គ្រងរដ្ឋភិបាលសព្វថ្ងៃនេះដែរ។ ហើយនៅថ្ងៃយួនវ៉ៃបែកទីក្រុងភ្នំពេញដំបូង យួនបានបង្កើតរបបដឹកនាំថ្មី ដើម្បីរៀបប្រព័ន្ធគ្រប់គ្រងដោយយួនសារឡើងវិញ គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយក៏បានបោះពុម្ពក្រដាស់ប្រាក់ រូបសឺងង៉ុកមិញ ជាខ្មែរជាមេខ្មែរយៀកមិញផងដែរ តែដោយសារមានការតវ៉ានិងរិះគន់ច្រើន ទើបបញ្ឃប់បោះពុម្ពដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ រូបសឺងង៉ុកមិញនោះបន្តទៀត។ ចំណែកក្នុងប្រព័ន្ធផ្សព្វផ្សាយរឿងពួកបូព៌ា ដូចជាហូនឹម ហូយន់ សោភឹម កុយ ធួន ជាដើម សុទ្ធតែជាមនុស្សល្អ ក៏ជាផែនការរបស់គេដែរ ដើម្បីបំភាន់ភ្នែកខ្មែរឲ្យមើលឃើញថាប៉ុលពត អាក្រក់ ហើយខ្មែរយៀកមិញគ្នាគេគឺជាមនុស្សល្អ )។
ព្រឹត្តិការណ៍បន្តបន្ទាប់ ពីការកម្ទេចពួកបូព៌ាចប់ លោកប៉ុលពតចាប់ផ្តើមងាកទៅខាងលោកសេរី ដើម្បីដោះស្រាយបញ្ហានៅក្នុងស្រុកខ្មែរ ដូចខ្ញុំបានរៀបរាប់ច្រើនហើយនៅសំណេរខ្ញុំកន្លងមក សុំបញ្ចប់សំណេរត្រឹមហ្នឹងសិនចុះ ចាំបន្តសំណេរថ្ងៃក្រោយទៀត នេះគ្រាន់តែជាចំណុចដែលខ្ញុំចង់ឲ្យបងប្អូនស្វែងយល់បន្ថែមប៉ុណ្ណោះ បើសិនបងប្អូនមិនយល់នៅត្រង់ចំនុចណាអាចខមមិនសួរបានខាងក្រោម។
សម្រង់សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៦ ពី ថ្នល់កែង-អង្គ្រង ខេត្តសៀមរាបខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។
ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។
កំពង់ធំ ជាឈ្នាន់ទាក់ទងទៅអន្លង់វែង នាំដល់ការសម្លាប់ សុន សេន និងគ្រួសារយ៉ាងអាណោចអធ័ម
អ្នកខ្លះចង់ឲ្យយើងធ្វើតាមគេ ដែលគេអភិវឌ្ឍរាប់សិបឆ្នាំហើយ។ យើងត្រូវចាំថា ឆ្នាំ ១៩៧៩ យើងសល់តែបាតដៃទទេ ហើយបាតដៃនោះក៏ត្រូវរបួសទៀតផង។ សង្គ្រាមនៅញាំញីនៅតំបន់នេះ តំបន់កំពង់ធំអាចចាត់ទុកថាជាតំបន់ បើនិយាយពីរំលត់សង្រ្គាមឲ្យផុតពីទឹកដី ស្មើនឹងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យដែរ ព្រោះជាផ្នែកដែលជាឈ្នាន់ទាក់ទងទៅអន្លង់វែង។ ខ្ញុំចាំមិនភ្លេចទេ យកប្អូនថ្លៃ សុន សេន ឲ្យមកឈរជើងនៅប្រាសាទបល្ល័ង្កដើម្បីធ្វើឈ្នាន់ចូលទៅអន្លង់វែង។ ដូច្នេះហើយបាន ប៉ុល ពត សង្ស័យ សុន សេន។ ពេលនោះ នី កន និង សុន ឈុន ត្រូវតែងតាំងជាទីប្រឹក្សាក្រសួងការពារជាតិ ហើយប្អូន សុន សេន ឈ្មោះ លោក ឆន ត្រូវបានបញ្ចូនឲ្យមកធ្វើឈ្នាន់រុញចូលទៅអន្លង់វែង បង្កើតជាការសង្ស័យ ដែល ប៉ុល ពតសម្លាប់ សុន សេន ទាំងគ្រួសារ។ ជារឿងអាណោចអធ័មមួយ។ ក៏ប៉ុន្តែ នេះជាបញ្ហាពាលស៊ីពាល។ របៀបសម្លាប់មនុស្សរបស់ ប៉ុល ពត ធ្វើតាំងពីលើរហូតដល់ក្រោម មិនរើសមុខអ្នកណាមួយនោះទេ។
នៅខែសីហា ឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហមប្រមាណ៤ពាន់នាក់ ដឹកនាំដោយ អៀង សារី បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ព្រមទាំងក្រុមគ្រួសារ ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ ដោយចោទថា មានគម្រោងក្បត់ ទៅចុះចូលជាមួយរដ្ឋាភិបាល។ នៅក្នុងបទសម្ភាសន៍ជាមួយលោក Nate Thayerប៉ុល ពត បានអះអាងថា គាត់បានបញ្ជាឲ្យគេសម្លាប់តែសុន សេន និងប្រពន្ធតែប៉ុណ្ណោះ មិនបានឲ្យសម្លាប់ទាំងគ្រួសារនោះទេ។
ក្រោយពីសម្លាប់ សុន សេន ហើយ ប៉ុល ពត បានព្យាយាមរត់គេចចេញពីជំរំរបស់គាត់ ក៏ប៉ុន្តែ ត្រូវបានទាហានខ្មែរក្រហម ដែលស្ថិតក្រោមបញ្ជារបស់ តាម៉ុក ចាប់ខ្លួនបាន។
នៅខែវិច្ឆិកា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯងកាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិត ពីបទថាបានបញ្ជាឲ្យគេសម្លាប់ សុន សេន និងក្រុមគ្រួសារ។
ជីវិតនយោបាយរបស់ ប៉ុល ពត ក៏បានឈានមកដល់ទីបញ្ចប់។ ក៏ប៉ុន្តែ ទោះជាមកដល់ដំណាក់កាលនេះហើយក៏ដោយ ក៏ ប៉ុល ពត នៅតែជឿថាខ្លួនគឺជាមេដឹកនាំស្នេហាជាតិមួយរូប ដែលលះបង់អ្វីៗទាំងអស់ ដើម្បីការពារប្រទេសជាតិ ប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក និង ជាពិសេស ប្រឆាំងនឹងវៀតណាម។ បើទោះជាការតស៊ូនេះបានបណ្តាលឲ្យជនស្លូតត្រង់កម្ពុជារាប់លាននាក់បាត់បង់ជីវិត ហើយប្រទេសជាតិត្រូវខ្ទេចខ្ទាំដោយសារសង្រ្គាមរ៉ាំរ៉ៃក៏ដោយ ក៏ ប៉ុល ពត មិនមានវិប្បដិសារីដែរ។ ប៉ុល ពត ទម្លាក់កំហុសអស់ទាំងនេះទៅលើមន្រ្តីខ្មែរក្រហម ដែលគាត់ចោទថាជាភ្នាក់ងាររបស់វៀតណាម។ ប៉ុល ពត ទទួលស្គាល់ថា គាត់ខុសតែមួយចំណុចគត់ គឺគាត់មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងចលនាបដិវត្តន៍របស់គាត់។
គេសង្កេតឃើញថា ការទម្លាក់កំហុសដាក់គ្នាពីមួយទៅមួយ គឺជាវប្បធម៌របស់មេដឹកនាំខ្មែរក្រហម ទាំង ប៉ុល ពត ដែលបានស្លាប់ទៅ និងទាំងមេដឹកនាំខ្មែរក្រហម ដែលកំពុងនៅរស់រានមានជីវិត ហើយដែលកំពុងតែប្រឈមមុខនឹងការកាត់ទោសពីតុលាការខ្មែរក្រហម។
មកដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ ប៉ុល ពត បានបាត់បង់អ្វីៗស្ទើរតែទាំងអស់ រស់នៅយ៉ាងកណ្តោចកណ្តែង រង់ចាំតែថ្ងៃស្លាប់។
នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៨ ប៉ុល ពត ដែលមានឈ្មោះដើមថា សាឡុត ស បានស្លាប់នៅក្នុងផ្ទះរបស់គាត់ ដែលស្ថិតនៅក្នុងស្រុកអន្លង់វែង។ តាម៉ុក បានអះអាងថា ប៉ុល ពត ស្លាប់ដោយគាំងបេះដូង ក៏ប៉ុន្តែបានបដិសេធសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពិនិត្យសាកសពរបស់ ប៉ុល ពត ដែលជាហេតុនាំឲ្យមានការមន្ទិលសង្ស័យ ចំពោះមូលហេតុពិតប្រាកដនៃការស្លាប់នេះ។ តើ ប៉ុល ពត ពិតជាស្លាប់ដោយគាំងបេះដូងពិតមែន ឬក៏ត្រូវគេដាក់ថ្នាំបំពុលសម្លាប់? ឬមួយក៏ ប៉ុល ពត បានធ្វើអត្តឃាតខ្លួនឯង? មកទល់ពេលនេះ មូលហេតុពិតប្រាកដនៃការស្លាប់របស់ ប៉ុល ពត នៅតែស្ថិតក្នុងភាពស្រពិចស្រពិលដដែល។
No comments:
Post a Comment