សង្គ្រាមខ្មែរ-សៀម ក្នុងរាជព្រះបាទលំពង់រាជា ឆ្នាំ១៣៥១
=========================
លោក លោកស្រី មិត្តអ្នកអានជាទីមេត្រី !.
នៅក្នុងសង្គ្រាមខ្មែរ-សៀម នាពាក់កណ្តាលសតវត្សទី១៤ តាមព្រះរាជពង្សាវតារខ្មែរក្តី សៀមក្តី ហាក់មានការស៊ីសង្វាក់គ្នា អំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅគ្រានោះ។ ប៉ុន្តែ ពង្សាវតារសរសេរដៃរបស់ខ្មែរ ហាក់មានការកំណត់មិនច្បាស់អំពីក្សត្រខ្មែរគ្រងរាជ្យនាពេលនោះពីរព្រះអង្គ គឺព្រះលំពង់រាជា និងព្រះស្រីសុរិយោទ័យ។ បើផ្អែកតាមសៀភៅប្រវត្តិសាស្ត្ររលោក ត្រឹង ងា និងសៀភៅក្រោយៗមកទៀត ដែលថា គឺជារាជ្យរបស់ព្រះបាទលំពង់រាជា។
ទោះយ៉ាងណាក្តី ក្នុងអត្ថបទដែលយើងលើកយកមកនិយាយគ្រានេះ គឺជាដំណើររឿងដែលពណ៌នា ដូចទៅនឹងអត្ថបទវីរកថា ដែលបានបង្ហាញភាពស្វាហាប់របស់ព្រះមហាក្សត្រ និងកងទ័ពខ្មែរនាសម័យនោះ យកមកជម្រាបជូនលោកអ្នក ទុកគ្រាន់ពិចារណាបន្ត ដូចតទៅ៖
បើតាមពង្សាវតារសម្ដេចវាំងជួន បានចារថា ព្រឹត្តិការណ៍នាឆ្នាំថោះ ព.ស ១៨៩៥ ត្រូវនឹង គ.ស ១៣៥១ ស្ដេចសៀមនាម ឧទងរាជា បានលើកទ័ពយ៉ាងធំសម្បើមអស្ចារ្យ ចេញមកចូលវាយប្រហារប្រទេសខ្មែរ នៅរាជធានីអង្គរ។ ស្ដេចសៀមបានតែងតាំងព្រះរាមេសូរ ដែលជាកូន ឲ្យធ្វើជាមេទ័ពធំ ហើយចៅរបស់ព្រះអង្គ ឈ្មោះព្រះស្រីសុវត្ថិ ដែលជាកូនព្រះរាមេសូរ បានទទួលតំណែងជាមេទ័ពស្រួច។
ព្រះរាមេសូរ បាននាំកងពលសេនាធ្វើដំណើរទាំងយប់ទាំងថ្ងៃកាត់ចុះ មកតាមនគររាជសីមា។ ចៅហ្វាយខេត្ដខ្មែរនៅទីនោះដែលមិនបានប្រុងប្រយ័ត្នដឹងខ្លួនជាមុន ហើយដែលមិនបានប្រុងប្រៀបប្រមូលកងទ័ពទប់ទល់សត្រូវឲ្យទាន់ពេលវេលាឡើយ ក៏ត្រូវបង្ខំចិត្ដនាំក្រុមគ្រួសារខ្មែរ និងនាម៉ឺនមន្ដ្រីរាជការ រត់ចាកចោលទីកន្លែងដែនសីមា។ ជាមួយគ្នានោះដែរ គេក៏បានធ្វើចុតហ្មាយមួយ ថ្វាយទៅព្រះមហាក្សត្រខ្មែរ រៀបរាប់គ្រប់ព្រឹត្ដិការណ៍ និងកិច្ចការទាំងឡាយ ដែលកំពុងតែកើតមានឡើង។ ព្រះស្រីសុរិយោទ័យ ព្រះមហាក្សត្រខ្មែរ ក៏ចាត់ចែងចេញបញ្ជាឲ្យប្រមែប្រមូលកេណ្ឌកងទ័ព ពលសេនាតាមខេត្ដខណ្ឌនានាក្នុងព្រះនគរ។
ឧកញ៉ាចក្រីវង្ស ត្រូវបានព្រះរាជាតែងតាំងជាមេទ័ព ទទួលបេសកកម្ម ត្រូវលើកកងពលយោធា ចេញទៅទប់ទល់នឹងទ័ពសៀមនៅក្នុងខេត្ដបស្ចិមបុរី។
ប៉ុន្តែ បើតាមពង្សាវតារវត្ដទឹកវិល និងពង្សាវតារគណៈកម្មការសម្ដេចសង្ឃនាយកទៀង បានចារថា មេទ័ពធំ ដែលព្រះមហាក្សត្របានតែងតាំងនោះ មានឋានៈជាឧបរាជ ហើយត្រូវជាប់ជាព្រះញាតិវង្សទៀតផង។
កងទ័ពសៀមដែលមើលងាយទ័ពខ្មែរ បានធ្វេសប្រហែស មិនសូវយកចិត្ដទុកដាក់ប្រុងប្រយ័ត្នឡើយ។ ឆ្លៀតឱកាសដ៏ល្អនេះ ព្រះឧបរាជមេទ័ពខ្មែរ ក៏បញ្ជាកងពលរេហ៍ឲ្យវាយឆ្មក់សន្ធប់សម្រុកបុកយ៉ាងខ្លាំង ទៅលើសៀម បំបែកបំបាក់ធ្វើឲ្យទ័ពអស់របៀបរៀបរយ ភ័យស្លន់ស្លោរ រត់ប្រសេកប្រសាចទៅគ្រប់ទិសទី។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពយ៉ាងសាហាវខ្លាំងក្លាគួរឲ្យរន្ធត់តក់ស្លុតក្រៃលែង។
គ្រានោះឧបរាជខ្លួនឯង បានបំបោលដំរី រុលចូលលុកទៅច្បាំងកាប់ចាក់តទល់ផ្ទាល់នឹងព្រះស្រីសុវត្ថិ (ចៅរបស់ស្ដេចសៀម)។ នៅទីបំផុត ព្រះឧបរាជក៏បានកាប់ចំកព្រះស្រីសុវត្ថិ មេទ័ពសៀម ដាច់ត្មិល ធ្លាក់ពីលើខ្នងដំរី។
ដោយកំពុងតែបានទទួលជោគជ័យ ព្រះឧបរាជខ្មែរក៏បញ្ជាកងយោធាឲ្យលុករុលសម្រុកតទៅមុខដេញតាម កងទ័ពសៀម។ ដេញទៅៗកងទ័ពខ្មែរបានទៅជួបប៉ះទង្គិចគ្នា ជាមួយនឹងកងទ័ពធំសៀម ដែលដឹកនាំដោយព្រះរាមេសូរ។ ព្រះរាមេសូរ រៀបចំពលសេនាទប់ទល់មិនទាន់ ក៏បញ្ជាឲ្យវាយដកថយរត់យករួចខ្លួនសិន។ កងទ័ពសៀមត្រូវទទួលបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយអស់ ហើយត្រូវដកឃ្លាត្រលប់ចូលនគរវិញ។ ពលសេនាសៀមជាច្រើន ត្រូវកងទ័ពខ្មែរចាប់បានយកមកធ្វើជាឈ្លើយ ហើយគ្រឿងអាវុធយុទ្ធភណ្ឌជាច្រើនត្រូវរឹបអូសយកបាន។
កូនស្ដេចសៀម ព្រះរាមេសូរ កាលបើរត់បានឆ្ងាយចេញផុតពីទឹកដីខ្មែរហើយ ហើយដោយពុំឃើញមានទ័ពខ្មែរដេញតាមប្រកិតពីក្រោយ ក៏បញ្ជាឲ្យទ័ពដែលនៅសេសសល់ទាំងប៉ុន្មានឈប់សម្រាកនៅនឹងមួយកន្លែង។ បន្ទាប់មកព្រះអង្គ បានរៀបចំចុតហ្មាយមួយ ផ្ញើថ្វាយទៅព្រះបិតាព្រះឧទងរាមាធិបតី ដែលគង់នៅទីក្រុងស្រីអយុធ្យា។ ព្រះរាមាធិបតីឈឺចុកចាប់ខ្លាំងណាស់ ក្រោយដែលដឹងថាចៅព្រះអង្គ ព្រះស្រីសុវត្ថិ ត្រូវបានមេទ័ពខ្មែរ ប្រហារជីវិតដោយកាត់ក្បាលលើសមរភូមិ។
មិនបង្អង់យូរ ស្តេចសៀមអង្គនេះ ចេញបញ្ជាឲ្យរៀបចំប្រមែប្រមូល បង្ហាត់បង្រៀនកងពលយោធាឲ្យបានចំនួនច្រើនកុះករជាទីបំផុត។ ដោយបានតែងតាំងបងថ្លៃ ព្រះនាមព្រះបរមរាជា ជាប្រមុខទ័ពធំ ដែលមានកូនប្រុសទាំងបីរបស់ព្រះអង្គ នៅអមធ្វើជាជំនួយផង។
កូនស្ដេចសៀមទាំងបីអង្គ ដែលត្រូវជាប្អូនរបស់ព្រះរាមេសូរ មានចៅប៉ាសាត ចៅប៉ាអាត និងចៅដំបងពិសី។
ក្រោយពីរៀបចំកងពលសេនាបានល្អិតល្អន់ សព្វគ្រប់កាលណា ស្ដេចសៀមចេញបញ្ជាឲ្យលើកទ័ពចេញទៅវាយប្រហារស្រុកខ្មែរម្ដងទៀតជា លើកទីពីរ។ គឺនៅក្នុងឆ្នាំរោង មួយឆ្នាំក្រោយការវាយប្រហារលើកទី១។
នាសម័យនោះ ព្រះមហាក្សត្រខ្មែរមិនបានទទួលដំណឹង ដឹងអ្វីជាមុនសោះឡើយ។ កាលបើកងទ័ពសៀម បានវាយសម្រុកចូលមកដល់ខេត្ដបស្ចិមបូរី ទើបព្រះអង្គចេញបញ្ជាឲ្យព្រះមហាឧបរាជលើកទ័ពចេញទៅទប់ទល់នឹងខ្មាំង។ ការប្រយុទ្ធគ្នាមានសន្ទុះយ៉ាងខ្លាំងក្លា មានមនុស្សស្លាប់ និងរបួសជាច្រើន ដេកដួលរនៀលពាសពេញដី តែម្ខាងៗពុំទាន់មានប្រៀបឈ្នះ ចាញ់ស៊ីសងលើគ្នាឡើយ។ ជួនចំជារដូវវស្សា បានចូលមកដល់។ កងទ័ពសៀមបានបោះជំរំការពារនៅខេត្ដបស្ចិមបុរី។ ចំណែកខាងខ្មែរវិញ កងទ័ពទាំងអស់ត្រូវវិលត្រលប់ចូលក្នុងនគរវិញ។ ពលរេហ៍ទាំងប៉ុន្មាន ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅតាមគ្រួសារ ផ្ទះសម្បែងភូមិស្ថានរៀងៗខ្លួន ដើម្បីប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ចិញ្ចឹមជីវិតដូចប្រក្រតី។
ឯកសារពង្សាវតារខ្មែរបានបញ្ជាក់ថា កាយវិការនេះជាការធ្វេសប្រហែស និងជាកំហុសមួយយ៉ាងធំរបស់ខ្មែរអ្នកដឹកនាំប្រទេសជាតិ។
ថ្ងៃ ៥កើត ខែមិគសិរ ឆ្នាំរោង ដដែល មេទ័ពសៀមព្រះបរមរាជា បានលើកទ័ពយ៉ាងច្រើនមហិមា ចូលមកស្រុកខ្មែរម្ដងទៀត។ កងទ័ពឈ្លានពានសៀម បានបោះជំហានជិតមកដល់មហានគរហើយ ទើបដំណឹងនេះត្រូវបានគេយកមកទូលព្រះមហាក្សត្រ។ ព្រះស្រីសុរិយោទ័យ ក្សត្រខ្មែរមានការភ្ញាក់ផ្អើល ភ័យព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ និងព្រឹត្ដិការណ៍ដែលមិនបានព្រាងទុកមុខនេះ។ ពីព្រោះចំជារដូវវស្សា ប្រជានុរាស្ដ្រកំពុងតែជាប់ដៃធ្វើស្រែចម្ការ ព្រះអង្គពុំមានលទ្ធភាពអាចនឹងប្រមូលកេណ្ឌទ័ពបានច្រើនដូចបំណង ឡើយ។ ទ័ពដែលប្រមែប្រមូលរៀបចំបានទាំងប៉ុន្មាន ព្រះរាជាដាក់ឲ្យស្ថិតនៅក្រោមបញ្ជាការបស់ព្រះមហាឧបរាជ ដោយមានឧកញ៉ាចក្រីវង្ស និងឧកញ៉ាមហាសេនាសួស ជាមេទ័ពរង។ បេសកកម្មធំដំបូង គឺត្រូវទៅទប់ទល់កងទ័ពសៀមនៅក្នុងខេត្ដនគររាជសីមា។ នៅលើសមរភូមិ កងទ័ពខ្មែរដែលហ្វឹកហ្វឺនមិនបានមាំមួន ពិតប្រាកដពីដើមទី ហើយដោយមានចំនួនតិចជាងសត្រូវ ត្រូវទទួលបរាជ័យយ៉ាងដំណំ បាក់ទ័ពដកឃ្លារត់មកបោះជំរំនៅខេត្ដនាងរោង។ តែកងទ័ពសៀមបានដេញប្រកិតជាប់ពីក្រោយ។ ការប្រយុទ្ធកាប់ចាក់គ្នាមានសភាពសាហាវឃោរឃៅអស្ចារ្យ។ មនុស្សស្លាប់ និងរបួសមានច្រើនឥតគណនា។ ទ័ពខ្មែរមួយចំនួន ដោយដឹងខ្លួនថាមិនអាចឈ្នះសត្រូវ បាននាំគ្នារត់ចាកចោលជួរ យកឲ្យរួចតែជីវិត។ ទោះបីជាដូច្នេះក៏ដោយ ក៏ទ័ពខ្មែរមួយចំនួន នៅតែគ្មានតក់ស្លុត ខំតស៊ូប្រយុទ្ធដោយអង់អាចក្លាហានដដែល។ មេទ័ពខ្មែរពីរនាក់ ព្រះមហាឧបរាជ និងឧកញ៉ាចក្រីវង្ស ត្រូវបានបូជាជីវិតនៅលើសមរភូមិ។ ចំណែកលោកមេទ័ពឧកញ៉ាមហាសេនាសួស នៅតែខំប្រឹងតស៊ូ ច្បាំងទប់ទល់នឹងខ្មាំងដោយឥតសំចៃដៃដដែល។ ដោយទ្រាំទ្រទប់ទល់បច្ចាមិត្ដតទៅទៀតមិនបាន លោកឧកញ៉ាមហាសេនាសួស ក៏ប្រមូលផ្ដុំទ័ព ដែលនៅសេសសល់ទាំងប៉ុន្មាន វាយប្រយុទ្ធសម្រុកដកឃ្លានាំសាកសពព្រះមហាឧបរាជ និងលោកឧកញ៉ាចក្រីវង្សចូលមហានគរវិញ។ ទ័ពសៀមនៅតែវាយប្រហារកាប់សម្លាប់យ៉ាងសាហាវ ហើយដេញតាមជាប់ប្រកិតពីក្រោយខ្នងជាដរាប។ ទ័ពខ្មែរចេះតែវាយដកថយចូលមហានគរជាលំដាប់។ នៅទីបំផុត ទ័ពសៀមបានលើកចូលមកដល់ប្រឈមមុខទល់នឹងមហានគរ។ មេទ័ពសៀមបរមរាជា បានបញ្ជាឲ្យកងទ័ពទាំងអស់បញ្ឈប់ដំណើរ ហើយបោះជំរំព័ទ្ធជិតជុំវិញព្រះមហានគរ។ ក្រោយដែលបានពិនិត្យស្ថានការណ៍សឹកអស់បីថ្ងៃមក មេទ័ពសៀមបរមរាជាក៏ចេញបញ្ជាឲ្យទ័ពសៀមតូចធំ រៀបចំខ្លួនដើម្បីចូលវាយសម្រុក លុកលុយដណ្ដើមយកព្រះរាជធានីខ្មែរឲ្យបាន។ កូនស្ដេចសៀម ព្រះរាមេសូរ ទទួលបេសកកម្មវាយប្រហារពីទិសខាងជើង ចៅប៉ាសាត វាយពីទិសខាងកើត ចៅប៉ាអាត វាយពីទិសខាងត្បូង និងចៅដំបងពិសី វាយពីទិសខាងលិច។ ការប្រយុទ្ធកាប់ចាក់គ្នា មានសភាពសាហាវខ្លាំងក្លាជារៀងរាល់ថ្ងៃ។ ពលទាហានទាំងសងខាងមានរបួស និងស្លាប់ច្រើនពាសពេញ ដេករនៀលរណែល តាមជើងកំពែងមហានគរ។ តែសៀមនៅតែដណ្ដើមយកមហានគរមិនទាន់បាន។
លោកឧកញ៉ាមហាសេនាសួស បានទទួបញ្ជាចេញទៅវាយឆ្មក់សត្រូវសៀមពីរដងដែរ តែមិនបានជោគជ័យឡើយ។
ចំពោះពង្សាវតារវត្ដទឹកវិល បានសរសេរបន្ថែមទៀតថា កងទ័ពខ្មែរបានបើកទ្វារចេញពីមហានគរជាញឹកញាប់ ដើម្បីវាយឆ្មក់ទ័ពសៀម។ ឯចៅហ្វាយខេត្ដ និងមេទ័ពខ្មែរ ដែលស្ថិតនៅខេត្ដខណ្ឌជិតឆ្ងាយ ក៏បានលើកទ័ពពលរេហ៍ ចេញមកជួយវាប្រហារទប់ទល់ នឹងទ័ពសៀម នៅមហានគរដែរ។ តែប្រតិបត្ដិការសឹកទាំងប៉ុន្មាន មិនបានទទួលជ័យជំនះឡើយ។ គ្រានោះកងទ័ពសៀមបាននាំគ្នាដើរលួចប្លន់ទ្រព្យសម្បត្តិ ច្រូតកាត់ស្រូវ ដឹកជញ្ជូនភោគផលកសិកម្ម និងដុតបំផ្លាញផ្ទះសម្បែង ភូមិស្ថានប្រជាពលរដ្ឋខ្មែរ។ ប្រជានុរាស្ដ្រខ្មែរជាច្រើន ត្រូវទ័ពសៀមដេញតាមកាប់ចាក់សម្លាប់ ធ្វើបាប ចាប់យកធ្វើជាឈ្លើយ។ ដើម្បីឲ្យរួចរស់រានមានជីវិត ផុតអំពីការចាប់ចង កាប់សម្លាប់ ធ្វើទុក្ខបុកម្នេញជិះជាន់របស់ទ័ពសៀម រាស្ដ្រខ្មែរស្លូតត្រង់ ទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់ នាំគ្នារត់គេចវេះ លាក់ខ្លួនពួនអាត្មា រស់នៅតាមព្រៃភ្នំក្រមថ្ម។
រីឯពង្សាវតារ វង្សាសព៌េជ្ញនង វិញ បានចារថា នៅក្នុងគ្រានោះដែរ ដែលព្រះលំពង្សរាជាមានជំងឺជាទម្ងន់ ហើយបានចូលទិវង្គត។ ម្យ៉ាងទៀត គេមិនបានដឹងអំពីបុព្វហេតុដែលបណ្ដាលឲ្យនាម៉ឺនមន្ដ្រីទាំងអស់នាំ គ្នាមូលមតិជ្រើសរើស និងសុំយាងព្រះស្រីសុរិយោទ័យ បុត្រព្រះបាទនិព្វានបាទ ព្រះមហាក្សត្រទី២៦ ឲ្យឡើងសោយរាជ្យបន្ដពីព្រះបាទលំពង្សនោះឡើយ៕
-----------------------------------------------------
ដោយ៖ Ny Watthanak
No comments:
Post a Comment