Sunday, February 18, 2024

ព្រះ​បរមរាជា​ទី​៣​-​ពញា​សូរ (១៦៥៩-១៦៧២)

ព្រះ​បទុមរាជ​ពញា​សូរ ជា​រាជបុត្រា​ច្បង​របស់​ព្រះ​ឧភយោរាជ ដែល​ស្ដេច​ចូល​សាសនា​ជ្វា​បាន​ធ្វើឃាត ។ ទ្រង់​បាន​សុំ​ជំនួយ​ពី ​អាណ្ណាម តែ​ត្រូវ​ពួក​នេះ​ប្រុង​នឹង​កម្ទេច​ចោល​ទៅ​វិញ ។ នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​លើក​ព្រះ​អង្គ​ឱ្យ​ទទួល​ការងារ​ដឹកនាំ​ព្រះ​នគរ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​២៨​ព្រះ​វស្សា​ហើយ (34) ។


នៅ​ពេល​នោះ​ពួក ​ចាម និង​ម៉ាឡេ នៅ​ក្នុង​ខែត្រ​ត្បូងឃ្មុំ ដែល​ធ្លាប់​បាន​បះបោរ​ម្ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​១៥៩៩ មិន​សប្បាយ​ចិត្ដ​នឹង​ភាព​ក្រឡាប់​ចាក់​ក្រោយ​ពី​ព្រះរាជា​អ៊ីប្រាហ៊ីម​បាន​ត្រូវ​ធ្វើឃាត​ដែល​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ខ្លួន​អស់ ក៏​បះបោរ​ឡើង​ម្ដង​ទៀត​ក្នុង​រវាង​ឆ្នាំ​១៦៦០ ។ ព្រះរាជា​បាន​ដឹកនាំ​ទ័ព​ផ្ទាល់​ព្រះ​អង្គ ចេញ​ទៅ​បង្ក្រាប​ពួក​នេះ​ឱ្យ​បរាជ័យ រត់​គេច​កាត់​ខែត្រ​ កំពង់ស្វាយ ​រហូត​ទៅ​ដល់ ​ខែត្រ​អង្គរ តែ​ត្រូវ​ទ័ព​ព្រះរាជា​តាម​ដេញ​វាយ​ប្រហារ​រហូត ហើយ​តម្រូវ​ចុះ​អនុសញ្ញា​មួយ​បង្ខំ​ឱ្យ​ពួក​មេៗ​របស់​ពួក​នោះ​ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ ​ស្រុក​សៀម​ ទៅ ។


រាជបុត្រា​ទាំងអស់​របស់​ព្រះរាជា​ចោល​សាសនា គឺ​ ព្រះ​អង្គ​នី ព្រះ​អង្គ​ឧទ័យ និង​ព្រះ​អង្គ​អំ ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ឯ​ស្រុក​សៀម​ដែរ ជាមួយ​នឹង​ស្រីស្នំ​ក្រមការ​ទាំងអស់​របស់​រាជវាំង​មុន មាន​ទាំង​ព្រះសង្ឃ​ផង សរុប​ទាំងអស់ ២.២២៤​ នាក់ ។

ដោយ​ត្រូវ​ធ្វើ​ឱ្យ​ធូរស្រាល​ពី​សត្រូវ​ មាន​ពួក​ចាម​ម៉ាឡេ​ និង​រាជបុត្រ​របស់​អតីត​ព្រះមហាក្សត្រ​ និង​បក្សពួក ព្រះ​បទុមរាជា​ពញា​សូរ​ក៏​ចាប់​កាន់​ព្រះខ័នរាជ្យ​ឡើង​គង់​លើ​បល្ល័ង្ក​រាជ ទទួល​ព្រះ​រាជា​ភិសេក​នៅ​ក្នុង​ឆ្នាំ​១៦៦២ ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​បរមរាជា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ។

នៅ​ក្នុង​ឆ្នាំ​១៦៦១ ទ្រង់​បាន​លើក​ព្រះ​អនុជ គឺ​ព្រះ​អង្គ​តន់ ឱ្យ​ឡើង​ជាទី​ឧភយោរាជ ប្រហែល​ដើម្បី​បំបែក​ព្រះ​អនុជ​ចេញ​ឱ្យ​ឆ្ងាយ​ពី​រាជបល្ល័ង្ក​ឱ្យ​ហើយ ហើយ​ទ្រង់​បាន​ទទួល ​ព្រះ​នាង​អង្គ​ឡី ជា​បងប្អូន​ជីដូនមួយ ធ្វើ​ជា​ព្រះ​អគ្គមហេសី មាន​ព្រះ​នាម​ថា «សម្ដេចព្រះ​ភគវតី​ព្រះចម​ក្សត្រីយ៍» ។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៦៦១​នោះ មាន​ជន​បារាំង​ម្នាក់​ឈ្មោះ ល្វី​សឺវ្រឺយ បាន​ធ្វើ​ដំណើរ​ពី​ស្រុក​សៀម​មក​តាំងទី​នៅ​ត្រង់​ បាសាក់ ក្បែរ​ស្វាយរៀង ក្នុង​នាម​ជា​សាសនទូត​របស់​ក្រុម​និកាយ​ផ្សព្វផ្សាយ​ជំនឿ ហើយ​បាន​បង្កើត​និគម​កាតូលិក​អាណ្ណាម​មួយ​នៅ​ទីនោះ​បាន​មួយ​រយៈ ។ បី​ឆ្នាំ​ក្រោយ​មក ល្វី​សឺវ្រឺយ បាន​ត្អូញត្អែរ​នៅ​ក្នុង​សារលិខិត​មួយ​ផ្ញើ​ទៅ​ស្រុក​បារាំង​ថា​គាត់​មិន​អាច​បញ្ចុះ​បញ្ចូល​ឱ្យ​អ្នកស្រុក​អាយ​ណា​ម្នាក់​ប្ដូរ​មក​កាន់​សាសនា​កាតូលិក​បាន​ទេ ។ នៅ​ពេល​ដែល​គាត់​មក​ ពញាឮ​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គាត់​បាន​ឃើញ​ថា នៅ​ទី​នេះ​មាន​អ្នក​កាន់សាសនា​កាតូលិក​ប្រហែល ​៤០០​នាក់ ក្នុង​នោះ​មាន​ ចម្រុះ​ពួក​ចិន ព័រទុយហ្គាល់ និង​អាណ្ណាម ដែល​គាត់​ហៅ​ថា ជា​ពួក​កូសាំងស៊ីន

នៅ​ឆ្នាំ​១៦៧១ ព្រះ​ស្រី​ជ័យជេដ្ឋា ជា​រាជបុត្រា ​របស់​ព្រះ​បទុម​វង្សារាជា ​ដែល​ត្រូវ​ព្រះរាជា​ចោល​សាសនា​ធ្វើឃាត ហើយ​ក៏​ត្រូវ​ជា​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា និង​ជា​ព្រះរាជ​បុត្រា​ថ្លៃ​របស់​ព្រះរាជា​ផង​ដែរ បាន​ក្បត់​នឹង​ព្រះរាជា ហើយ​នាំ​ឱ្យ​ពួក​បេសកជន​ធ្វើឃាត​ព្រះរាជា​ចោល​ទៅ ។

ព្រះ​ឧភយោរាជ​តន់ និង​ព្រះ​អង្គ​នូ​ ក៏​រត់គេច​ខ្លួន​ទៅ ​កូសាំងស៊ីន សុំ​ជំនួយ​ពី​ពួក​អាណ្ណាម ដូច​ដែល​ព្រះ​ឧភយោរាជ និង​ព្រះរាជា​ទើប​សុគត​ធ្លាប់​បាន​ធ្វើ​រួច​ម្ដង​មក​ហើយ​ក្នុង​ឆ្នាំ​១៦៥៨ ។

No comments:

Post a Comment