Saturday, February 24, 2024

សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស

សម័យឧត្ដុង(១៦២០ ១៨៦៣ គស) មានការខុសប្កែកគ្នា ក្នុងការកត់ត្រាប្រវត្តិសាស្រ្ត ឬ ជាសញ្ញា នៃការ បែងចែងទឹកដី ដោយសារ រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម ចម្បារ និង យួន ដែល រជ្ជកាល រយៈពេល ២៤០ ឆ្នាំ ដែលមានស្តេចសោយរាជ្យ ៣៧ អង្គ ស្មើរ ៨ ឆ្នាំ/អង្គ ដើម្បីដឹងថា កម្ពុជា ក្រោម អាណានិគម ចាម យួន សៀម សូមអាច ប្រទេស ចម្ប៉ារ
ផែនទីប្រទេសកម្ពុជាឆ្នាំ ១៧៧០

ផែនទីកម្ពុជា ឆ្នាំ ១៧៧០

ផែនទី ខ្សែព្រំដែន រដ្ឋ សៀម ជាមួយ ឥណ្ឌូចិន បារាំង ឆ្នាំ ១៨០៥

សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស បញ្ជីព្រះរាជាសម័យ ឧត្តុង្គ


សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស
ប្រភពឯកសារយោង  សម័យឧដុង្គ ចាប់ផ្ដើមក្រោយពីព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បានឡើងសោយរាជ្យពីព្រះបិតាគឺព្រះស្រីសុរិយោពណ៌ ដែលទ្រង់បានផ្សំផ្គុំព្រះជ័យជេដ្ឋាទី២ នឹង បុត្រីស្ដេចត្រាញ់យួន ដើម្បីធ្វើជាសម្ព័ន្ធមិត្តទប់ទល់នឹងការលុកលុយទន្ទ្រានរបស់សៀម។ សម័យកាលនោះមេទ័ពដែលល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ គឺ តេជោមាស និង តេជោយ៉ត។ ឧដុង្គបើតាមរឿងនិទានយកឈ្មោះតាម តាចាស់ ម្នាក់ឈ្មោះតាដុង្គ រឿងតំណាលថានៅពេលនោះមានក្សត្រមួយអង្គ បានពេញចិត្តនឹងកូនស្រីរបស់គាត់ទើបក្រោយពីរៀបអភិសេកនឹងបុត្រីលោក ហើយព្រះរាជាកតាំងឈ្មោះនៅត្រង់នោះថា ឧដុង្គមានជ័យ លុះក្រោយមកទៀតក៏នៅហៅថា ឧដុង្គ ដូចសព្វថ្ងៃនេះ។

ព្រះមហាក្សត្រខ្មែរដែលឡើងសោយរាជ្យនិងព្រះរាជ្យវង្សានុវង្សខ្មែរដែលទទួលបានគោរមងារដោយមានការគាំទ្រព្រមទាំងជ្រោមជ្រែងពីសំណាក់សៀមមានព្រះនាមដូចតទៅៈ
ខ្សែរាវង្សអាណាចក្រទិសខាងលិច
  1. ១.ព្រះបាទធម្មរាជា (អង្គចន្ទទី ១ ) ១៤៨៦-១៥០៤
  2. ២.ព្រះពញ្ញាអុង(ញាតិវង្ស)សៀមតែងតាំងជាចៅហ្វាយខេត្តសុវណ្ណខ័តលោក
  3. ៤.ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨
  4. ៥.សម្តេចព្រះកែវហ្វាអង្គអឹម រាជ្ជកាលទី១ ១៦៩៩-១៧០០
  5. (រាជ្ជកាលទី២ ១៦១០-១៧២២ រាជ្ជកាលទី៣ ១៧២៩
  6. ៦.ព្រះរាមាធិបតីព្រះអង្គនន់ អង្គនន់ទី២ [១៧៧៥-១៧៧៩]
  7. ៧.ព្រះនារាយ៍រាមាធិបតីព្រះអង្គអេង [១៧៧៩-១៧៩៦]
  8. ៨.ព្រះឧទ័យរាជាអង្គចន្ទ (អង្គចន្ទទី២) ១៨០៦-១៨៣៤
  9. ៩.ព្រះអង្គស្ងួន(ព្រះញាតិវង្ស)សៀមតែងតាំងជាមហាឧបរាជ
  10. ១០.ព្រះអង្គអឹម(ព្រះញាតិវង្ស) សៀមតែងតាំងជាមហាឧបរាជ
  11. ១១.ព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង ១៨៤០-១៨៥៩


ការយាងត្រឡប់របស់ព្រះស្រីសុរិយោពណ៌ ប្រភពឯកសារយោង 

នៅឆ្នាំ ១៦០១ ព្រះបាទស្រីសុរិយោពណ៌បានត្រឡប់ពីប្រទេសសៀម ស្របតាមបំណងប្រាថ្នា របស់ប្រជារាស្ត្រខ្មែរ ដែលបានសុំយាងព្រះអង្គពីទីក្រុងអយុធ្យា ចូលមកតាមច្រកកំពតមកគង់នៅកោះស្លាកែត ជិតភូមិកៀនស្វាយសព្វថ្ងៃ។ ភាពស្ងប់ស្ងាត់ហាក់បីកើតមាននៅតាមកន្លែងខ្លះនៅក្នុងប្រទេស ប៉ុន្តែកន្លែងខ្លះទៀតមានកាកើតចលនាបះបោរ ធ្វើឲ្យប្រជារាស្ត្រភិតភ័យនៅឡើយ។ ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះអង្គទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។ ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីនៅឆ្នាំ ១៦១៣។ ព្រះស្រីសុរិយោពណ៌មានរាជបុត្រពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយ គឺព្រះបាទជ័យជេដ្ឋា និងឧទ័យ។ ឆ្នាំ ១៦០៥ ជ័យជេដ្ឋា និងឧទ័យជាអនុជ បានបង្ក្រាបមេបះបោរចាមពីរនាក់ដែលបានត្រួតត្រាលើខេត្តបារា និងដូនណៃ តាំងពីរជ្ជកាលស្ដេចអង្គតន់មកម្ល៉េះ។


ការបាក់បែកក្រុងលង្វែកឆ្នាំ ១៥៩៤ គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀម។

ការលូកដៃ កកូរតាមល្បិចកល និងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបទឹកដី នាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់នឹងមេរៀនដដែលៗរបស់សត្រូវសៀម។ ដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួន។ ប៉ុន្តែសម្ព័ន្ធថ្មីនេះ មិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរមនាឡើយ។ ផ្ទុយទៅវិញវាជាទម្ងន់មួយទៀតមកលើខ្មែរ។ យើងនឹកឃើញតាមរយៈប្រវត្តិសាស្ត្រខ្មែរ ដែលអូសបន្លាយអស់រយៈពេល ២ សតវត្សកន្លះ ទម្រាំដល់ពេលដែលពួកអាណានិគមនិយមបារាំងចូលត្រួតត្រាប្រទេសខ្មែរ។

ព្រះរាជាសោយរាជ្យនៅសម័យឧដុង្គ(១៦២០-១៨៦៣) លេខរៀង ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ រជ្ជកាល រយៈពេល ២៤០ ឆ្នាំ ដែលមានស្តេចសោយរាជ្យ ៣៧ អង្គ ស្មើរ ៨ ឆ្នាំ/អង្គ

👉 ០១ ជ័យជេដ្ឋាទី២ ជ័យជេដ្ឋា ១៦១៩-១៦២៧
👉 ០២ ឧទ័យរាជាទី១ ឧទ័យ ១៦២៧-១៦៤២
👉 ០៣ ធម្មរាជាទី២ រឺ រាជសំភារ ពញាតូ ១៦២៧-១៦៣២
👉 ០៤ អង្គទងរាជា ពញានូរ ១៦៣២-១៦៤០
👉 ០៥ បទុមរាជាទី១ អង្គនន់ទី១ ១៦៤០-១៦៤២
👉 ០៦ រាមាធិបតីទី២ ពញាចន្ទ រឺ អង្គចន្ទទី២ ១៦៤២-១៦៥៨  កាន់សាសនាឥស្លាម
👉 ០៧ បរមរាជាទី៨ អង្គសូរទី១ ១៦៥៩-១៦៧២
👉 ០៨ រាមាធិបតីទី៣ អង្គតន់ទី១ ១៦៦៤-១៦៧៤
👉 ០៨ បទុមរាជាទី២ ស្រីជ័យជេដ្ឋទី១ ១៦៧២-១៦៧៣
👉 ១០ កែវហ៊្វាទី២ អង្គជីទី១ ១៦៧៣-១៦៧៧
👉 ១១ បទុមរាជាទី៣ អង្គនន់ទី២ ១៦៧៤-១៦៩១
👉 ១២១ ជ័យជេដ្ឋាទី៣ (រាជ្យទី១) អង្គសូរទី២ ១៦៧៧-១៦៩៥
👉 ១៣ អ្នកម្នាងទៃ ទៃ ១៦៨៨ (៣ខែ)
👉 ១៤ រាមាធិបតីទី៤ អង្គយ៉ង ១៦៩៥-១៦៩៦
👉 ១៥២ ជ័យជេដ្ឋាទី៣ (រាជ្យទី២) អង្គសូរទី២ ១៦៩៦-១៧០០
👉 ១៦១ កែវហ៊្វាទី៣ (រាជ្យទី១) អង្គឥមទី១ ១៧០០-១៧០១
👉 ១៧៣ ជ័យជេដ្ឋាទី៣ (រាជ្យទី៣) អង្គសូរទី២ ១៧០១-១៧០២
👉 ១៨១ ធម្មរាជាទី៣ (រាជ្យទី១) ជ័យជេដ្ឋាទី៤ ១៧០២-១៧០៤
👉 ១៩៤ ជ័យជេដ្ឋាទី៣ (រាជ្យទី៤) អង្គសូរទី២ ១៧០៤-១៧០៧
👉 ២០២ ធម្មរាជាទី៣ (រាជ្យទី២) ជ័យជេដ្ឋាទី៤ ១៧០៧-១៧១៤
👉 ២១២ កែវហ៊្វាទី៣ (រាជ្យទី២) អង្គឥមទី១ ១៧១៤-១៧២២
👉 ២២ សត្ថាទី២ (រាជ្យទី១) អង្គជីទី២ ១៧២២-១៧២៩
👉 ២៣១ កែវហ៊្វាទី៣ (រាជ្យទី៣) អង្គឥមទី១ ១៧២៩ (៧ខែ)
👉 ២៤ បរមរាជាទី១០ (រាជ្យទី២) អង្គជីទី២ ១៧២៩-១៧៣៨
👉 ២៥៣ ធម្មរាជាទី៣ (រាជ្យទី៣) ជ័យជេដ្ឋាទី៤ ១៧៣៨-១៧៤៧
👉 ២៦ ស្រីធម្មរាជា អង្គឥមទី២ ១៧៤៧-១៧៤៨
👉 ២៧១ រាមាធិបតីទី៥ (រាជ្យទី១) អង្គទង ១៧៤៨-១៧៤៩
👉 ២៨ ស្រីជ័យជេដ្ឋទី២ អង្គស្ងួន ១៧៤៩-១៧៥៥
👉 ២៩២ រាមាធិបតីទី៥ (រាជ្យទី២) អង្គទង ១៧៥៦-១៧៥៧
👉 ៣០ នារាយណ៍រាជាទី២ ឧទ័យរាជាទី២ រឺ អង្គតន់ទី២ ១៧៥៨-១៧៧៥
👉 ៣១ រាមាធិបតីទី៦ អង្គនន់ទី៣ ១៧៧៥-១៧៧៩
👉 ៣២ នារាយណ៍រាជាទី៣ អង្គអេង ១៧៧៩-១៧៩៦
អន្តររជ្ជកាល: ១៧៩៦-១៨០៥
👉 ៣៣ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥
👉 ៣៤ ឧទ័យរាជាទី៣ អង្គចន្ទទី៣ រឺ ឧទ័យរាជា ១៨០៦-១៨៣៤
👉 ៣៥ អង្គម៉ី អង្គម៉ី ១៨៣៤-១៨៤៧
👉 ៣៦ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ១៨៤៨-១៨៦០

សម័យឧដុង្គចូលមកដល់ ប្រភពឯកសារយោង 

ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម ៣៤ វស្សា។ ព្រះអង្គមានមហេសីនាមអង្គចូវជាបុត្រីស្ដេចយួន។ នៅឆ្នាំ ១៦២០ ព្រះអង្គបានលើករាជធានីពីល្វាឯមមកឧដុង្គ។ ព្រះរាជកិច្ចដំបូងគឺ កំណែទម្រង់ច្បាប់នៅក្នុងប្រព័ន្ធតុលាការខ្មែរ ដោយយល់ឃើញថាមានក្រមមួយចំនួនមិនទាន់មានភាពយុត្តិធម៌នៅឡើយ។ ព្រះអង្គបានកែប្រែក្រមបានចំនួន ២៤។ ប៉ុន្តែការងារនេះត្រូវរំខាន ដោយសារការឈ្លានពានរបស់សៀមពីរលើក គឺនៅឆ្នាំ ១៦២១ និង ១៦២២។ ច្បាប់ដែលពិនិត្យរួចត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ ១៦២៤ នៅក្នុងតុលាការ។

ផែនទី សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស

ផែនទី សម័យឧត្តុង្គ ១៦២០ ១៨៦៣ គស

ជាលើកទី១ ចាប់តាំងពីរជ្ជកាលព្រះបាទស្រីសុរិយោពណ៌ រហូតដល់ជ័យជេដ្ឋាទី២ ពួកសៀមបានធ្វើការសាកល្បង ដើម្បីដាក់ខ្មែរជាចំណុះម្ដងទៀត។ នៅឆ្នាំ ១៦២១ ស្ដេចសៀមឈ្មោះសុងថាម បានលើកទ័ពដោយផ្ទាល់ជាពីរផ្នែក មួយផ្នែកចូលតាមខេត្តបាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែត្រូវទ័ពខ្មែរវាយឲ្យខ្ចាត់ខ្ចាយរត់ចេញតាមខេត្តចន្ទបុរី។ មួយផ្នែកទៀតជាទ័ពជើងទឹក ចូលមកតាមខេត្តកំពត និងបន្ទាយមាសក្នុងបំណងវាយយកខេត្តទ្រាំង ប៉ុន្តែទ័ពសៀមត្រូវបរាជ័យម្ដងទៀត ដោយសារខ្មែរបំពុល។ មួយឆ្នាំក្រោយមក គឺឆ្នាំ ១៦២២ សៀមបានសាកល្បងលើកទ័ពមកម្ដងទៀត ប៉ុន្តែត្រូវបរាជ័យ។ ចាប់តាំងពីពេលនោះមក រហូតដល់ដំណាច់សតវត្សទី១៧ សៀមពុំបានបញ្ចេញសកម្មភាពគាបសង្កត់ខ្មែរគួរឲ្យកត់សម្គាល់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពួកយួនបានចាប់ផ្ដើមកកេរទឹកដីខ្មែរបន្តិចម្តងៗ ពីខាងកើត។ ការរៀបអភិសេករវាងជ័យជេដ្ឋាទី២ និងក្សត្រីអង្គចូវ បានធ្វើឲ្យប្រទេសខ្មែរជាប់ជំពាក់រឿងចម្រូង​ចម្រាស់យ៉ាងខ្លាំង នៅពេលដែលពួកយួនបានលេបយកទឹកដីចាម្ប៉ាទាំងស្រុងនៅសតវត្សទី​១៧។ នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួន បានលើកសំណើសុំឲ្យយួនបង្កើតគ្រឹះស្ថានជំនួញនៅប៉ែកខាងត្បូងប្រទេសខ្មែរពីរ មានខេត្តព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅទីនោះផង។ ចំណុចនេះអ្នកប្រវត្តិសាស្ត្របានចាត់ទុកថា ខ្មែរចាញ់កលល្បិចបោកបញ្ឆោតរបស់យួន ដែលសុំត្រួតពិនិត្យពន្ធដារ និងរស់នៅជាបណ្ដោះអាសន្ន។

ផែនទី ឆ្នាំ ១៦០៥ ការបះបោរផ្តាច់ខ្លួន ភាគខាង កើត


ផែនទី ឆ្នាំ ១៦០៥ ការបះបោរផ្តាច់ខ្លួន ភាគខាង កើត

កាលដែលមិនទាន់សោយរាជ្យ ព្រះជ័យជេដ្ឋាទី២ មានព្រះជន្ម ២៦ វស្សា មានបុត្រពីរអង្គ នាមចៅពញាតូ និង ចៅពញានូ។ លុះសោយរាជ្យបាន ២ ឆ្នាំ ព្រះអង្គមានបុត្រនាមចៅពញាចន្ទ និងបុត្រីនាម ចន្ទវតី (ឬបុប្ផាវតី)។ ឯព្រះឧទ័យរាជា មានបុត្រ៤អង្គ គឺ អ្នកអង្គនន់ទី១ អ្នកអង្គសូរ អ្នកអង្គតន់ និងអ្នកអង្គអិម

ផែនទី ឆ្នាំ ១៦០៣ វត្តមាន ពាណិជ្ជកម្មជប៉ុន នៅ ក្រុងឧត្តុង្គ និង ឈ្មោះទន្លេជប៉ុន (ទន្លេ បាសាក់ ទន្លេ មេគង្គក្រោម ) ជំលោះពាណិជ្ជកម្ម រវាង អឺរ៉ុប កាន់សាសនាគ្រឹស្តិ និង ចាម ជ្វា ម៉ាឡេស៊ី ដែលគ្រប់គ្រង ដណ្តើមរាជ្យ នៅ ឧត្តុង្គ


វិបត្តិក្នុងរាជវង្សខ្មែរ  ប្រភពឯកសារយោង 
ក. ព្រះបាទស្រីធម្មរាជាទី២ ឬរាជសំភារចៅពញាតូ (១៦២៩ - ១៦៣៤)

នៅក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងពីដើម្បីសតវត្សទី១៧ រហូតដល់សតវត្សទី១៩ ធ្វើឲ្យខ្មែរបាត់បង់នូវឯករាជ្យភាព។ ហេតុការណ៍នេះបណ្ដាលមកពីការលូក កកូរកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ពីសំណាក់សត្រូវជិតខាងទាំងពីរ។ ឆ្នាំ ១៦២៦ ព្រះធម្មរាជា ឬព្រះរាជសំភារបានសាងព្រះផ្នួសនៅវត្តមួយក្នុងខេត្តមហានគរ។ កាលដែលព្រះបាទជ័យជេដ្ឋាទី២ សោយទិវង្គតទៅ កិច្ចការប្រទេសជាតិត្រូវប្រគល់ឲ្យព្រះឧទ័យជាឧបរាជដែលមានមហេសីឈ្មោះនាងចន្ទវតី (ឯកសារខ្លះបាននិយាយថា បុប្ផាវតី) ដែលត្រូវជាគូដណ្ដឹងរបស់ពញាតូ។ កាលដែលព្រះបាទជ័យជេដ្ឋាសោយទិវង្គតទៅ ពួកនាម៉ឺនបានយាងព្រះឧទ័យជាព្រះអនុជឲ្យឡើងសោយរាជសម្បត្តិ តែព្រះអង្គប្រកែក។ ព្រះធម្មរាជាបានយល់ព្រមឡើងសោយរាជ្យនៅឆ្នាំ ១៦២៩ នៅរាជវាំងកោះឃ្លោក នៅប៉ែកឦសានជ្រោយចង្វា។ នៅឆ្នាំ ១៦៣៣ ព្រះអង្គបានលើកទ័ពទៅវាយសៀម ក្នុងបំណងដណ្ដើមយកខេត្តនគររាជសីមាមកវិញ ប៉ុន្តែមិនបានសម្រេច ព្រោះសៀមបានលើកទ័ពជើងទឹកចូលតាមកំពតក្នុងបំណងវាយយកខេត្តភាគ​ខាងត្បូងនៃប្រទេសកម្ពុជា។ ព្រះធម្មរាជាត្រូវសុគតយ៉ាងអណោចអធមនៅឆ្នាំ ១៦៣៤ ដោយស្នាដៃទាហានរបស់ព្រះឧទ័យ និងទាហានព័រទុយហ្គាល់។ ឃាតកម្មនេះបណ្ដាលមកពីរឿងស្នេហារវាងចន្ទវតី និងព្រះធម្មរាជាកាលនៅវ័យជំទង់។ ស្នេហានេះបានត្រូវបំភ្លេចម្ដងរួចមកហើយ នៅពេលដែលធម្មរាជាបានឃ្លាតចាកទៅសាងព្រះផ្នួស លុះដល់ធម្មរាជាឡើងសោយរាជ្យទើបរឿងស្នេហានេះបានឆាបឆេះឡើងវិញ បណ្ដាលឲ្យឧទ័យត្រូវជាស្វាមីព្រះនាងមានការក្រេវក្រោធជាខ្លាំង ក៏លើកទ័ពតាមប្រហារ។

ស្រីធម្មរាជាជាស្ដេចមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ព្រមទាំងមានចំណេះជ្រៅជ្រះខាងអក្សរសាស្ត្រ។ ព្រះអង្គបានទុកស្នាដៃជាច្រើនសម្រាប់ទូន្មានកូនខ្មែរ។

ខ. ព្រះបាទអង្គទងរាជា ចៅពញានូ (១៦៣៥ - ១៦៣៩  ប្រភពឯកសារយោង 

បុត្រព្រះជ័យជេដ្ឋាមួយអង្គទៀត ព្រះនាមចៅពញានូ (នាមសម្រាប់រាជ្យ ព្រះបាទសម្ដេច ព្រះអង្គទង រាជាធិរាជរាមាធិបតី) បានឡើងសោយរាជ្យនៅឆ្នាំ ១៦៣៥។ ប៉ុន្តែក្រោយមកទៀត រាជសម្បត្តិនេះបានធ្លាក់ក្នុងដៃបុត្រព្រះឧទ័យនាមបទុមរាជា (ឬ ព្រះអង្គនន់) ដោយសារមានការជ្រែករាជ្យ (១៦៣៩ - ១៦៤១)។ ដូចនេះចៅពញាចន្ទដែលត្រូវជាបុត្រពៅព្រះជ័យជេដ្ឋា មានព្រះទ័យក្រេវក្រោធជាខ្លាំង ក៏នាំបក្សពួកទៅធ្វើឃាតបទុមរាជា ហើយក៏ឡើងសោយរាជ្យ (១៦៤១ - ១៦៥៩)។ នៅឆ្នាំ ១៦៤៤ ព្រះពញាចន្ទបានចាប់ចិត្តប្រតិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែក ស្ថិតនៅលើត្រើយខាងលិចទន្លេសាប ចម្ងាយ ១០ គីឡូម៉ែត ខាងត្បូងកំពង់លួង។ ដំណឹងនេះធ្វើឲ្យប្រជារាស្ត្រក្នុងនគរមានការអាក់អន់ចិត្តជាខ្លាំង ក៏នាំគ្នាហៅថាព្រះរាមចូលសាសន៍ (ឯកសារខ្លះបាននិយាយថា ព្រះអង្គបានប្ដូរនាមពីពញាចន្ទមក អ៊ីប្រាហ៊ីម)។ ទ្រង់បានបោះបង់ជំនឿព្រះពុទ្ធសាសនា ប្រកាន់យកឥស្លាមសាសនា។ នៅក្នុងរាជវាំងឧដុង្គ គេឃើញមានមន្ត្រីចាមចូលមកធ្វើការជំនួសមន្ត្រីខ្មែរ។ ការប្រព្រឹត្តផ្ដេសផ្ដាសខុសទម្លាប់នាំឲ្យព្រះពញាចន្ទបាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជារាស្ត្រខ្មែរ ហើយប្រការនេះធ្វើឲ្យបុត្រព្រះឧទ័យពីរអង្គ គឺ អង្គសូរ និងអង្គតន់មានឱកាសនឹងសងសឹក ដើម្បីដណ្ដើមរាជ្យសម្បត្តិ។ ក្សត្រទាំងពីរអង្គនេះបានដើរប្រមូលបក្សពួក និងប្រជារាស្ត្រដែលមានទឹកចិត្តស្អប់ព្រះរាមចូលសាសន៍។ លុះដល់ប្រមូលទាហានបានហើយ ទ័ពទាំងសងខាងក៏បានបើកសមរភូមិនៅសំរោងទងក្នុងឆ្នាំ ១៦៥៣។ តែទ័ពអង្គសូរ និងអង្គតន់ត្រូវទទួលបរាជ័យ។

ប្រទេសកម្ពុជាក្រោមអាណាព្យាបាលយួន  ប្រភពឯកសារយោង 

នៅឆ្នាំ ១៦៥៥ អង្គសូរដែលមានបង្អែកពីក្សត្រីអង្គចូវ បានទៅពឹងទ័ពយួនដើម្បីវាយជាមួយទ័ពព្រះរាម (ពញាចន្ទ)។ ឆាកសង្គ្រាមជើងទឹកមួយបានផ្ទុះឡើងរវាងទ័ពយួន ដែលបញ្ជាដោយឧត្តមសេនីយអុង-ហ៊ាងធូ (អុង-បៀងធូ) និងទ័ពព្រះរាមនៅព្រែកតាទែន។ ព្រះរាមត្រូវទ័ពយួនចាប់បានហើយបញ្ជូនទៅឃុំឃាំងនៅក្រុងវ៉េ។ ដោយដឹងជាមុននូវគម្រោងការរបស់យួន ដើម្បីវាយយកក្រុងឧដុង្គព្រមទាំងមានបំណងចង់ត្រួតត្រាប្រទេសកម្ពុជាទាំងមូល ទើបអង្គសូរ និងអង្គតន់រៀបចំទ័ពដើម្បីទប់ទល់ នៅក្រុងឧដុង្គដូចគេស្មានមែន ប៉ុន្តែត្រូវបរាជ័យ ដកទ័ពទៅវិញ។ ឧត្ដមសេនីយយួនអុង-ហ៊ាងធូ មានការក្ដៅក្រហាយ ព្រោះវាយយកក្រុងឧដុង្គមិនបាន ក៏ចុះទៅប្រទេសយួន ដើម្បីក្រាបបង្គំថ្វាយស្ដេចយួន អំពីភាពរមិលគុណរបស់ខ្មែរ លុះជ្រាបដូចនេះហើយ ស្ដេចង្វៀងក៏បានបញ្ជាឲ្យគេដោះលែងព្រះរាម ឲ្យមកច្បាំងជាមួយអង្គសូរ និងអង្គតន់វិញ ប៉ុន្តែចៃដន្យអាក្រក់ ស្ដេចអង្គនេះត្រូវសុគតនៅតាមផ្លូវដោយជំងឺ។

អង្គសូរបានឡើងសោយរាជ្យចាប់ពីឆ្នាំ ១៦៥៩ ដល់ ១៦៧២។ ស្ដេចអង្គនេះត្រូវព្រះរាជសុណិសានាមស្រីជ័យជេដ្ឋា (បុត្រអង្គនន់ទី១) ធ្វើឃាតហើយឡើងសោយរាជ្យ (១៦៧២ - ១៦៧៣) ដោយយកអង្គឡីជាមហេសីអង្គសូរ ដែលត្រូវជាព្រះមាតុច្ឆាធ្វើជាមហេសី។ ប៉ុន្តែបទុមរាជាបានត្រូវមហេសីអង្គសូរទៅពឹងចាមឲ្យមកធ្វើឃាតម្ដងវិញ។ ប្រទេសខ្មែរកើតវឹកវរដោយវិបត្តិផ្ទៃក្នុង ដែលបណ្ដាលមកពីការល្មោភអំណាចឥតឈប់ឈរ។ ប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមឥតស្រាកស្រាន្ត។
ពួកបរទេសដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នាំរត់ចោលហាងទំនិញ។ ឆ្លៀតឱកាសនេះ សៀមបានទាក់ទាញក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេសឲ្យមករកស៊ីនៅក្នុងប្រទេសសៀមវិញ ព្រោះប្រទេសសៀមមានសន្តិភាពល្អ។

នៅពេលដែលអង្គសូរសុគត ក្សត្រអង្គតន់ដែលជាអនុជ និងអង្គនន់ជាក្មួយ (កូនអង្គអិម) បានចុះទៅប្រទេសយួនដើម្បីសុំជំនួយទ័ព។ នៅពេលត្រឡប់ពីប្រទេសយួនមកវិញក្នុងឆ្នាំ ១៦៧៣ ក្សត្រទាំងពីរអង្គបានឃើញក្សត្រអង្គជីដែលត្រូវជាបុត្រច្បងរបស់អង្គសូរ កំពុងស្ថិតនៅក្នុងរាជសម្បត្តិនៅឡើយ ក៏កើតក្ដីត្រេកអរឥតឧបមា ព្រោះឃើញក្រុមញាតិវង្សរបស់ទ្រង់បានឡើងសោយរាជ្យ។ តែផ្ទុយទៅវិញ អង្គជីបែរជាមិនសប្បាយព្រះទ័យកើតក្ដីព្រួយបារម្ភព្រោះខ្លាចក្សត្រទាំងពីរលើកទ័ពយួនមក​ក្នុងពេលនេះដើម្បីដណ្ដើមរាជ្យសម្បត្តិទៅវិញ។ ការភ័ន្តច្រឡំនេះ បានតម្រូវឲ្យស្ដេចអង្គជីលើកទ័ពច្បាំងជាមួយអង្គតន់ជាមា និងអង្គនន់ជាប្អូន។ ទ័ពទាំងសងខាងបានប៉ះទង្គិចគ្នាយ៉ាងសាហាវ។ សង្គ្រាមចេះតែបន្តទៅមិនទាន់ដឹងឈ្នះចាញ់។ ចំណែកឯអង្គតន់បានប្រឈួនជាទម្ងន់ហើយក៏សុគតទៅ ដោយទុកឲ្យអង្គនន់ជាក្មួយបញ្ជាទ័ពជំនួស។ ឯស្ដេចអង្គជីក៏បានសុគតនៅឆ្នាំ ១៦៧៥ រួចព្រះអនុជនាមអង្គស៊ូក៏បានឡើងសោយរាជ្យជំនួស។ ស្ដេចអង្គនេះបានធ្វើឲ្យទ័ពយួនបរាជ័យ ហើយអង្គនន់ក៏បានរត់ទៅជ្រកកោនក្នុងប្រទេសយួនវិញ។ ប្រាំឆ្នាំក្រោយមក អង្គនន់បានត្រឡប់មកតាំងទីបន្ទាយជាថ្មីនៅជ្រោយចង្វាទល់មុខភ្នំពេញ រួចទើបចាប់ផ្ដើមវាយរំខានទីក្រុងឧដុង្គឥតឈប់ឈរ ប៉ុន្តែមិនបានទទួលជ័យជំនះធំដុំឡើយ។ អង្គស៊ូ បានទៅគង់នៅក្នុងរាជវាំងសំរោងទងដែលស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែតពីឧដុង្គ ទុកតែព្រះមាតាឲ្យគង់នៅក្រុងឧដុង្គ។ អង្គនន់បានវាយចូលឧដុង្គបាននៅឆ្នាំ ១៦៨៤ រួចក៏ចាប់មាតាអង្គស៊ូមកឃុំទុកនៅក្នុងបន្ទាយជ្រោយចង្វារ។ ប៉ុន្តែក្រោយមកអង្គស៊ូបានចូលទៅរំដោះមាតាចេញដោយគ្មានការបង្ហូរឈាម។

ព្រះបាទអង្គអេង (១៧៧៩ - ១៧៩៦)  ប្រភពឯកសារយោង 

នៅចុងឆ្នាំ ១៧៧៩ ព្រះអង្គអេងបានត្រូវលើកឲ្យគ្រងរាជ្យក្នុងព្រះជន្ម​ ៧ ព្រះវស្សា។ ប៉ុន្តែកិច្ចការផែនដីស្ថិតនៅក្នុងដៃចៅហ្វ៊ាមូទាំងអស់។
ក្នុងឆ្នាំ ១៧៩៤ ព្រះអង្គអេងបានរៀបអភិសេកនៅក្នុងព្រះជន្ម ២២ វស្សានៅទីក្រុងបាងកកគ្រឿងបញ្ចក្សេតជាពិសេសគឺព្រះខ័ឌ្គរាជ្យដែលចៅហ្វ៊ាបែនបានលួចយកទៅឲ្យសៀម ក៏ត្រូវបង្វិលមកឲ្យខ្មែរវិញ នៅដើមខែ មីនា ១៧៩៤។ ព្រះអង្គអេងទ្រង់យាងចូលមកក្នុងនគរតាមផ្លូវគោកឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង អស់រយៈពេល ២១ ថ្ងៃ។ នៅសងខាងផ្លូវមានប្រជារាស្ត្រឈរទទួលស្វាគមន៍ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ នៅរាជវាំងឧដុង្គ ពួកមន្ត្រីបាននាំគ្នារៀបចំពិធីទទួលយ៉ាងអឹកធឹក ដើម្បីទទួលព្រះមហាក្សត្រថ្មី។ ប៉ុន្តែមានមន្ត្រីក្បត់ខ្លះដូចជា បែន កែប និងកន ដូចជាពុំសូវពេញចិត្ត ក៏ធ្វើជាទទួលរាក់ទាក់ទាំងបង្ខំចិត្ត។ នៅក្នុងរជ្ជកាលព្រះអង្គ ប្រជារាស្ត្រនៅក្នុងនគរហាក់ដូចជាបានសុខស្រួល លើកលែងតែខេត្តភាគខាងត្បូង រាស្ត្រខ្មែរត្រូវរងទុក្ខវេទនាដោយសារគូបដិបក្ខយួន គឺពួកចលនាតៃសឺន និងពួកស្ដេចង្វៀនតែងតែយកប្រទេសខ្មែរធ្វើជាសមរភូមិ។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទ័ព ដោយសារស្ដេចខ្មែរកែនទៅជួយយួន ខ្មែរជាអ្នកផ្ដល់ស្បៀង និងដឹកជញ្ជូនឲ្យយួន។ បក្សពួកយួនដែលឈ្លោះគ្នានៅលើទឹកដីខ្មែរ បានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ដុតបំផ្លាញផ្ទះសម្បែង និងឆក់ប្លន់ទ្រព្យសម្បត្តិរបស់ខ្មែរឥតឈប់ឈរ។ ជួនកាលទៀតសមរភូមិបានធ្វើឡើងនៅរដូវវស្សា នាំឲ្យការស្ទូងដករាំងស្ទះ បណ្ដាលឲ្យខ្មែរដាច់ស្បៀងគ្មានអ្វីចិញ្ចឹមគ្រួសាររហូតដល់ដាច់ពោះស្លាប់ក៏មាន។

ការលេបយកខេត្តភាគខាងលិចដោយពួកសៀម  ប្រភពឯកសារយោង 

ឆ្នាំ ១៧៨៣ ស្ដេចសៀមបានតែងតាំងមន្ត្រីបីនាក់ មានឈ្មោះ បែន កែប និងកន ដោយខុសច្បាប់ ឲ្យធ្វើជាចៅហ្វាយខេត្តបាត់ដំបង និងពោធិ៍សាត់។ ដើម្បីបំពេញបំណងចៅហ្វាយសៀម មន្ត្រីទាំងនោះក៏បានសរសេរសំបុត្រមួយដោយចាត់ឲ្យមន្ត្រីសៀមយកមកថ្វាយព្រះអង្គអេងនៅឧដុង្គ មានសេចក្តីថា យើងទាំងអស់គ្នាប្រាថ្នាចង់ឲ្យព្រះចៅសៀមផ្ញើសារមកឲ្យស្ដេចស្រុកខ្មែរ ដើម្បីបញ្ចូលខេត្តបាត់ដំបង មហានគរ និងចុងកាល់ ទៅក្នុងទឹកដីសៀមដើម្បីជាកិច្ចតបស្នងដល់ព្រះចៅសៀម ដែលបានចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គ (អង្គអេង) នៅពេលដែលព្រះអង្គបានរស់នៅក្នុងស្រុកសៀម។ លុះអានសំបុត្រនោះចប់ហើយ ព្រះអង្គអេង មានការក្ដុកក្ដួលក្នុងព្រះទ័យដោយនឹកស្ដាយទឹកដីយ៉ាងក្រៃលែងរួចក៏បាន​ផ្ញើរសារត្រឡប់ទៅឲ្យសៀមវិញដែលមានសេចក្តីថា ខេត្តទាំងនេះរួមគ្នាបានជាទឹកដីមួយភាគធំរបស់ប្រទេសកម្ពុជា បើខ្មែរលើកខេត្តទាំងនោះទៅឲ្យព្រះចៅសៀម នោះប្រទេសកម្ពុជានៅសល់តែចម្រៀកដីមួយដ៏តូច មិនសក្ដិសមឈ្មោះជាប្រទេសឡើយ។ ចម្លើយរបស់ស្ដេចអង្គអេង ធ្វើឲ្យព្រះចៅរាមាទី១ ក្រេវក្រោធជាខ្លាំង រួចក៏ប្រើពាក្យគំរាមកំហែងនៅក្នុងសារមួយដែលផ្ញើជាលើកចុងក្រោយថា បើមហាក្សត្រខ្មែរមិនព្រមកាត់ខេត្តទាំងនោះទៅឲ្យសៀមទេនោះ ប្រទេសយើងទាំងពីរនឹងក្លាយជាសត្រូវនឹងគ្នា។

ប្រទេសកម្ពុជាពេលនោះបានបាត់បង់ពួកមន្ត្រីដែលមានសមត្ថភាព និងស្មោះត្រង់ ចំណែកឯវិស័យការពារប្រទេស យើងក៏គ្មានទ័ពសម្រាប់ការពារខ្លួនទប់ទល់នឹងការវាយលុកណាមួយពីខាងក្រៅ។ ចំណែកឯវិស័យសេដ្ឋកិច្ចទៀតសោត បានធ្លាក់ចុះដុនដាបដោយសង្គ្រាមក្នុងស្រុក។ កត្តាអស់ទាំងនេះដែលធ្វើឲ្យព្រះអង្គពុំហ៊ានតបតនឹងការលោភលន់របស់សៀម ក៏សូមអង្វរឲ្យព្រះចៅសៀមយកខេត្តទាំងនោះតែក្នុងខណៈដែលព្រះចៅសៀម (រាមាទី១) មានព្រះជន្មនៅឡើយ។ លុះដល់ព្រះអង្គសុគត ខ្មែរសុំយកខេត្តនេះមកបញ្ចូលក្នុងនគរកម្ពុជាដូចដើមវិញ។ ខេត្តទាំងនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ ១៧៩៥ ដោយសារមន្ត្រីក្បត់ជាតិល្ងង់ខ្លៅឆ្កួតវង្វេងនឹងបុណ្យសក្តិ ភ្លេចគិតដល់កំណើតខ្លួន។

ខែ មីនា ១៧៩៦ ព្រះអង្គអេងបានផ្ទេរកិច្ចការប្រទេសទៅឲ្យឧបរាជប៉ុក រួចក៏យាងទៅកាន់រាជធានីបាងកក ក្នុងបំណងសុំឲ្យព្រះចៅសៀមប្រគល់ខេត្តខ្មែរមកវិញ។ តែស្ដេចសៀមធ្វើឫកក្រអឺតក្រទមមិនព្រមស្ដាប់សេចក្ដីទទូចអង្វរឡើយ។ បន្ទាប់ពីគង់នៅប្រទេសសៀមមិនបានផ្លែផ្កាមកព្រះអង្គក៏បានយាងនិវត្តន៍ចូលប្រទេសវិញ នៅខែ ឧសភា ឆ្នាំ ១៧៩៦។ ប្រាំពីរខែក្រោយមក ព្រះអង្គក៏សុគតនៅរាជធានីឧដុង្គដោយជំងឺគ្រុនចាញ់។ ចាប់ពីឆ្នាំ ១៧៩៦ ដល់ ១៨០៥ មក កិច្ចការប្រទេសស្ថិតនៅក្នុងដៃចៅហ្វ៊ាប៉ុក។ មន្ត្រីប៉ុកបានបញ្ជាឲ្យគេសង់ចេតិយ៍នៅលើកំពូលភ្នំឧដុង្គប៉ែកខាងកើតសម្រាប់ដាក់​អដ្ឋិធាតុព្រះអង្គអេង។ ពេលព្រះអង្គអេងចូលទិវង្គត ព្រះអង្គចន្ទជារាជបុត្រទើបតែមានព្រះជន្មបាន ៦ វស្សា ដូចនេះកិច្ចការប្រទេសជាតិត្រូវមន្ត្រីប៉ុកជាអ្នកទទួលបន្ទុក។

អន្តរាគមន៍របស់ខ្មែរដើម្បីជួយសៀម និងយួន  ប្រភពឯកសារយោង 

នៅក្នុងការគ្រប់គ្រងរបស់ខ្លួនមន្ត្រីប៉ុកបានលើកទ័ពទៅជួយសៀម នៅពេលដែលស្ដេចភូមាឈ្មោះ ប៉ូដាវប៉ាយា វាយលុកប្រទេសសៀមពីប៉ែកខាងជើងនៅចន្លោះឆ្នាំ ១៧៨២ - ១៨១៩។ ស្ដេចយួនក៏បានបញ្ជាឲ្យខ្មែរកែនទ័ពចំនួន ១០ ពាន់នាក់នៅឆ្នាំ ១៧៩៩ នៅតាមខេត្តព្រៃវែង បាភ្នំ រំដួល និងស្វាយទាប បញ្ជាដោយឧកញ៉ាវាំងឈ្មោះឡុង ដើម្បីជួយស្ដេចង្វៀង ប្រឆាំងនឹងចលនាតៃសឺន។ ទ័ពខ្មែរធ្វើដំណើរកាត់ប្រទេសទៅទិសខាងជើងតាមតំបន់ព្រៃក្រាស់ដែលសម្បូរជំងឺគ្រុនចាញ់ រួចចុះមកតាមទិសខាងជើងក្នុងខេត្តង៉ែអាន ដោយបានធ្វើឲ្យទ័ពតៃសឺនបរាជ័យ រួចក៏ត្រឡប់មកប្រទេសវិញនៅឆ្នាំ ១៨០២។

ព្រះអង្គចន្ទ (១៨០៦ - ១៨៣៤)  ប្រភពឯកសារយោង 

ព្រះអង្គចន្ទដែលជាបុត្ររបស់ព្រះបាទអង្គអេង បានរៀបអភិសេកនៅឆ្នាំ ១៨០៦ នៅទីក្រុងបាងកក ដែលមាននាមសម្រាប់រាជ្យថាឧទ័យរាជា។ ព្រះអង្គត្រូវយាងមកសោយរាជ្យនៅឧដុង្គវិញ។ នៅស្រុកសៀមឯនោះវិញ ស្ដេចសៀមឈ្មោះតាកស៊ីនបានចូលទិវង្គតនៅឆ្នាំ ១៨០៩។ រាជសម្បត្តិត្រូវប្រគល់ឲ្យបុត្រឈ្មោះរាមាទី២។ ព្រះអង្គចន្ទទ្រង់បានចាត់ព្រះអនុជ និងមន្ត្រីខ្មែរខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀម។ ចំណែកឯនៅខេត្តបាត់ដំបងឯណោះវិញ អភ័យធីបែសបែនបានស្លាប់នៅឆ្នាំ ១៨០៩ ដែរ។ ព្រះចៅរាមាទី២ បានតែងតាំងកូនប្រុសមន្ត្រីបែន ឈ្មោះវិបុលរាជបែន ជាចៅហ្វាយខេត្តបាត់ដំបងជំនួសឪពុក។ ការតែងតាំងមន្ត្រីថ្នាក់ខេត្តនេះបានស្ដែងឲ្យឃើញការកាន់កាប់ខេត្តភាគខាងលិចយ៉ាងស៊ប់ ដោយបង្កើតបែបផែនរដ្ឋបាលតាមបែបសៀម។ នៅឆ្នាំ ១៨១០ ព្រះអង្គចន្ទបានទទួលដំណឹងពីអយ្យកោថា មានមន្ត្រីពីរនាក់ឈ្មោះក្រឡាហោមមឿង និងចក្រីកែប បានផ្សំគំនិតគ្នាដើម្បីធ្វើឃាតព្រះអង្គ។ ជ្រាបដូចនេះហើយ ស្ដេចអង្គចន្ទបានប្រគល់កិច្ចការទៅឲ្យមន្ត្រីតីរៀបចំផែនការសម្លាប់មន្ត្រីទាំងពីរនាក់។ ពេលនោះតីបានទៅពឹងជ្វាម្នាក់ឈ្មោះទួនវ៉ា។ រឿងអាស្រូវនេះបានលេចឮទៅដល់ប្រជារាស្ត្រទូទាំងនគរ ដែលកើតក្ដីអាណិតអាសូរដល់មន្ត្រីទាំងពីរនេះ ព្រោះគេយល់ថាជាមន្ត្រីល្អ។ ការធ្វើឃាតនេះនាំឲ្យមានការសន្និដ្ឋានពីរយ៉ាង៖អាចនិយាយបានថាមន្ត្រីតីធ្វើនេះដើម្បីបុណ្យសក្តិ ជារឿងមួលបង្កាច់មន្ត្រីស្មោះត្រង់។

ម្យ៉ាងទៀតអាចនិយាយថា រឿងនេះជាការពិត ព្រោះកាលនៅបាងកកប្រហែលជាមន្ត្រីទាំងពីរនេះបានរួមគំនិតគ្នា ធ្វើឃាតព្រះអង្គចន្ទ ដើម្បីលើកក្សត្រអង្គស្ងួនឲ្យឡើងសោយរាជ្យ។ ដោយសាររឿងនេះធ្វើឲ្យចៅហ្វាយខេត្តខ្លះ ដូចជាកំពង់ស្វាយ និងបាត់ដំបង ដែលជាសត្រូវនឹងអង្គចន្ទបានរៀបចំទ័ព ដើម្បីទប់ទល់ការវាយប្រហារណាមួយរបស់ទ័ពព្រះរាជា។

ប្រទេសកម្ពុជាក្រោមអាណានិគមយួន  ប្រភពឯកសារយោង 

នៅក្នុងរជ្ជកាលព្រះអង្គចន្ទ មានព្រឹត្តិការណ៍មួយកើតឡើងក្នុងខេត្តកំពង់ចាម។ យួនឈ្មោះឧត្ដមសេនីយអុងតាគុនបានបញ្ជាឲ្យអង្គចន្ទកាប់ឈើហ៊ុបល្អៗ នៅភ្នំហាន់ជ័យ ដើម្បីយកទៅស្រុកយួន។ ប្រជារាស្ត្រខ្មែរត្រូវជាប់កំណែនទាំងមនុស្ស ទាំងសត្វដើម្បីយកទៅកាប់ឈើ ចាំងឈើ និងដឹងជញ្ជូន។ យួនបានប្រើខ្មែរដោយវាយវាត់នឹងរំពាត់ បង្ខំឲ្យធ្វើការតាំងពីព្រលឹមទល់ព្រលប់ ទាំងមនុស្សទាំងសត្វអស់រយៈពេលពី ៥ ទៅ ៦ ខែ រហូតងាប់សត្វពាហនៈអស់។ ចំណែកឯមនុស្សវិញ អ្នកខ្លះក៏ស្លាប់ដោយជំងឺគ្រុនចាញ់ និងរាករូស អ្នកខ្លះត្រូវឈឺបាក់កម្លាំង ដោយសារការងារធ្ងន់ធ្ងរពេក។ នៅចំពោះមុខទារុណកម្មនេះ គេពុំឃើញមានស្ដេច ឬមន្ត្រីណាហ៊ានបញ្ចេញប្រតិកម្មអ្វីឡើយ។

ព្រឹត្តិការណ៍មួយទៀតដែលគួរឲ្យខ្មែរឈឺចាប់ គឺយួនបានកែនកម្មករខ្មែរឲ្យជីកព្រែកពីរនៅឆ្នាំ ១៨១៥ ឧត្ដមសេនីយអុងតាគុនបានបញ្ជាព្រះអង្គចន្ទកែនរាស្ត្រខ្មែរឲ្យជីកព្រែកវិញតេ ខ្មែរហៅថាព្រែកជីកព្រែកយួនដែលភ្ជាប់ពីមាត់ជ្រូក ទៅពាម ទម្លាក់ទៅក្នុងសមុទ្រចិនមានប្រវែង ៥៣ គីឡូម៉ែត ទទឹង ៣៣ ម៉ែត។ ព្រែកជីកមួយទៀត ឈ្មោះព្រែកវិញអាន ខ្មែរហៅថាឡុងសែន ភ្ជាប់ពីទន្លេបាសាក់ទៅមេគង្គមានប្រវែង ១៤ គីឡូម៉ែត។ យួនបានបែងចែករាស្ត្រខ្មែរជាក្រុម ហើយបង្ខំឲ្យខ្មែរធ្វើការតាំងពីព្រលឹមទល់ព្រលប់មិនអាចឈប់សម្រាកបាន។ នៅពេលនោះហើយ ដែលគេហៅថាសម័យតែអុង ព្រោះយួនយកខ្មែរទៅកប់ទាំងរស់យកក្បាលធ្វើជាមុំចង្ក្រាន។ រីឯបាយទឹកដាំនឹងទឹកមានជាតិកំបោរ ធ្វើឲ្យមានជំងឺរាករូសរហូតដល់ស្លាប់។ ដោយខ្វះទឹកស្អាតទទួលទាន ខ្មែរមួយចំនួនត្រូវស្លាប់នៅលើការដ្ឋានគួរឲ្យអាណោចអាធ័ម។ ពេលជីកព្រែករួច យួនក៏បង្ហូរទឹកចូលមិនឲ្យខ្មែរដឹង បណ្ដាលឲ្យខ្មែរស្លាប់ជាច្រើនដោយសារលង់ទឹក។ រឿងដែលគ្រោះថ្នាក់ចំពោះប្រទេសជាតិ គឺនៅក្រោយពេលស្ដេចអង្គចន្ទសុគតនៅឆ្នាំ ១៨៣៤ ព្រោះស្ដេចអង្គនេះគ្មានបុត្រាដើម្បីស្នងរាជ្យមានតែបុត្រី ៤ អង្គ គឺក្សត្រីអង្គប៉ែន អង្គម៉ី អង្គពៅ និងអង្គស្ងួន ដែលមិនអាចមានកម្លាំងទប់ទល់នឹងល្បិចលេបត្របាក់ទឹកដីរបស់យួនបាន។ ចំណែកព្រះអង្គអឹម និងអង្គឌួងត្រូវសៀមនាំយកទៅឃុំឃាំងនៅបាងកក។

យួនបានលើកក្សត្រីអង្គម៉ី (១៨៣៤ - ១៨៤០) ឲ្យឡើងសោយរាជ្យនៅកោះស្លាកែត។ ប៉ុន្តែកិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅក្នុងដៃឧត្ដមសេនីយយួន ឈ្មោះទ្រឿងមិញយ៉ាង។ យួនបានរៀបចំប្រព័ន្ធរដ្ឋបាលខ្មែរជាថ្មីទៅតាមបែបផែនរដ្ឋបាលយួន តាំងពីថ្នាក់ខេត្តដល់ស្រុក ព្រមទាំងយកពន្ធដារធ្ងន់ធ្ងរពីប្រជារាស្ត្រខ្មែរ។ ខេត្តខ្មែរនីមួយៗត្រូវប្ដូរឈ្មោះពីខ្មែរទៅយួន គ្រប់គ្រងដោយចៅហ្វាយខេត្តខ្មែរម្នាក់ និងអមដោយមន្ត្រីយួនម្នាក់ ដើម្បីងាយស្រួលក្នុងការអនុវត្តតាមផែនការលេបទឹកដី។

ឧទាហរណ៍ ខេត្តសំរោងទង ទៅជា ឡុងតូន ឧដុង្គទៅជាបាកកូណាម ស្រុកឃ្លាំង ទៅជាស្រុកត្រាំង ភ្នំពេញទៅជាណាមវ៉ាង។ យួនអនុវត្តផែនការលុបបំបាត់ប្រពៃណី និងវប្បធម៌ខ្មែរចោលដូចជាបង្ខំខ្មែរឲ្យស្លៀកពាក់អាវផាយ បំបាត់ព្រះពុទ្ធសាសនាបែបហីនយាន ឲ្យមកកាន់មហាយានដូចយួនដែរ គឺកោរសក់ទុកចិញ្ចើម ប្ដូរចីពរទៅស្លៀកពាក់ខោអាវផាយពណ៌ឈាមជ្រូក ពេលសូត្រធម៌មានវាយត្រដោកផង ដែលខ្មែរតែងហៅថា វាយក្បាលត្រី។ ពេលនោះមានមន្ត្រីខ្មែរ និងអ្នកស្នេហាជាតិខ្មែរបានងើបបះបោរ ហើយត្រូវយួនសម្លាប់ឥតញញើតដៃ។ យួនបានចាប់ក្សត្រីទាំងបីអង្គយកទៅខេត្តលង់ហោរ។ ចំណែកឯក្សត្រីអង្គប៉ែនត្រូវយួនធ្វើឃាតដោយចោទថាចូលដៃនឹងសៀម។ ដំណឹងនេះមិនស្ងាត់ឡើយ ខ្មែរក្នុងនគរនាំគ្នាបះបោរព្រោះយល់ថាយួន ចង់រំលាយនគរខ្មែរឲ្យសាបសូន្យ រួចក៏នាំគ្នាទៅកាប់សម្លាប់យួនអស់ជាច្រើន។ ដោយយល់ស្ថានភាពប្រទេសជាតិធ្លាក់ក្នុងភាពអស់សង្ឃឹម ទើបពួកនាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្របានមូលមតិគ្នាយាងក្សត្រអង្គឌួងឲ្យវិលពីប្រទេសសៀមចូលព្រះនគរ ដើម្បីបង្រួបបង្រួមជាតិ និងកសាងប្រទេសឡើងវិញ។

រជ្ជកាលព្រះបាទអង្គឌួង  ប្រភពឯកសារយោង 

ឆ្នាំ ១៨៤០ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ ក្នុងនាមជាព្រះរាជាដែលគិតដល់អាយុជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅពេលទ្រង់ជ្រាបថាមានទឹកដីខ្មែរជាច្រើនបាត់បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយ និងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុង ទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀត ដើម្បីរំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួន និងសៀម មានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។ ស្នាព្រះហស្ថរបស់ព្រះបាទអង្គឌួងមាន៖


នៅក្នុងរជ្ជកាលព្រះអង្គឌួង គេបានបោះពុម្ពប្រាក់ថ្មី ឈ្មោះប្រាក់ប្រាសាទ ដែលមានបួនប្រភេទ។ ប្រាក់ប្រាសាទមានរូបម្ខាងហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរវត្ត

ការសាងសង់ទំនប់ និងផ្លូវ  ប្រភពឯកសារយោង 

នៅឆ្នាំ ១៨៥០ ព្រះអង្គឌួងបានបញ្ជាឲ្យពួកមន្ត្រីកែនប្រជាជន ដើម្បីលើកទំនប់មួយសម្រាប់ការពាររាជធានីឧដុង្គពីខាងកើត។ ព្រះអង្គបានកសាងផ្លូវមួយទៀតតភ្ជាប់ពីក្រុងឧដុង្គទៅកំពង់លួងមានប្រវែង ៦៤០០ ម៉ែត។ នៅលើចិញ្ចើមផ្លូវមានកសាងសាលាសំណាក់ជាច្រើន សម្រាប់ឲ្យប្រជាជនដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាកនៅពេលហត់នឿយ។ ដើម្បីសម្រួលដល់ប្រជាជននៅម្ដុំពោធិ៍ចិនតុងក្នុងការដឹកជញ្ជូនទំនិញមកកំពង់ផែក្រុងភ្នំពេញ ព្រះអង្គក៏បានបញ្ជាឲ្យគេកសាងផ្លូវមួយទៀត។ ប្រទេសខ្មែរក្នុងសម័យអង្គរមានផ្លូវខ្វាត់ខ្វែង ប៉ុន្តែដោយសារចម្បាំងទើបផ្លូវអស់ទាំងនោះត្រូវគេបោះបង់ចោល មិនបានថែរក្សា។ ចាប់ពីឆ្នាំ ១៨៤៧ ពួកយួនបានគាបសង្កត់មកលើសេដ្ឋកិច្ចតាមផ្លូវទន្លេមេគង្គ ដោយយកពន្ធដារលើទំនិញឆ្លងកាត់ ទើបព្រះអង្គបានសម្រេចព្រះទ័យសាងកំពង់ផែមួយនៅខេត្តកំពត ដើម្បីរំដោះសេដ្ឋកិច្ចប្រទេសជាតិឲ្យផុតពីការហ៊ុមព័ទ្ធរបស់សត្រូវ។ ជាមួយគ្នានេះដែរ ព្រះអង្គក៏បានកសាងផ្លូវមួយខ្សែភ្ជាប់ពីឧដុង្គទៅកំពង់ផែកំពត ដើម្បីសម្រួលទំនាក់ទំនងជាមួយកំពង់ផែ និងសម្រាប់ប្រជារាស្ត្រខ្មែរធ្វើដំណើរទៅមក។

ផ្នែកព្រះពុទ្ធសាសនា[ ប្រភពឯកសារយោង 

ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គដែលមានព្រះទ័យជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ នៅឆ្នាំ ១៨៥៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​រាជប្រតិភូ​មួយ​ក្រុម ដែលដឹកនាំដោយឧកញ៉ាយមរាជម៉ុក និង ឧកញ៉ាចក្រីមាស ដើម្បីនិមន្តព្រះសង្ឃខ្មែរមួយអង្គព្រះនាម ព្រះមហាប៉ាន មក​ពង្រឹង​ព្រះពុទ្ធ​សាសនា ដែលត្រូវធ្លាក់ចុះដោយសារសង្គ្រាមប្រតិភូនេះបានត្រូវព្រះចៅសៀមឆោមក្លាវ (រាមាទី៤) ទទួល​រាក់ទាក់​ព្រោះ​យល់​ថា​ជា​ឱកាស​មួយសម្រាប់ផ្សព្វផ្សាយវប្បធម៌សៀម។ ដូចនេះព្រះពុទ្ធសាសនាធម្មយុត្តិកនិកាយ​ តាមបែបសៀម បាន​ត្រូវ​នាំ​ចូល​ប្រទេស​កម្ពុជា​ចាប់តាំងពីពេលនោះមក។ ចំណែកឯពុទ្ធសាសនា​និកាយ​ថេរវាទ​ផ្នែក​មហានិកាយ គឺជានិកាយ​មួយ​ចម្បង​នៅ​ក្នុង​ប្រទេស​ខ្មែរ។

ព្រះបាទអង្គឌួង គឺ​ជា អ្នកនិពន្ធ​ខ្មែរល្បីល្បាញ​មួយ​រូប។ ព្រះអង្គពូកែខាងកំណាព្យកាព្យឃ្លោង។ ព្រះអង្គ​បាននិពន្ធ​រឿង​ជា​ច្រើន​ដូច​ជា រឿងចំប៉ាថោង នៅ​ឆ្នាំ ​១៨១០, រឿងកាកី​ នៅ​ឆ្នាំ ១៨១៥ និង ច្បាប់ស្រី ​នៅ​ឆ្នាំ ១៨៣៧ ជាដើម។ ព្រះបាទអង្គឌួង​ទ្រង់​សុគត​នៅ​ក្នុង​រាជវាំង​ឧដុង្គដោយជំងឺ នៅក្នុងឆ្នាំ ១៨៥៩។

រឿងតាដុងយាយជ័យ ប្រភពឯកសារ

មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ ពង នោះចោលក្នុងព្រៃ

 ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានវិង ឃើញចំលែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះ ត្រាតែធំ បានដាក់ឈ្មោះថា “ប្រមាញ់ វិងស៊ុង” ។ ចៅប្រមាញ់ វិងស៊ុង លុះចំរើនវ័យឡើង មានរូបឆោមលោមពណ៌ល្អ ឆើតឆាយ លើសលុបបុរសទាំងពួង ចៅប្រមាញ់ វិងស៊ុង បានហាត់ថ្នឹកខាងដើរបរបាញ់សត្វជាមួយព្រានវិង ជាឪពុក អ្នកស្រុកភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។

 ស្លេះរឿងព្រានវិង និទានពី តាដុង យាយជ័យ ។ តាយាយនេះគាត់មានកូនស្រីក្រមុំមួយឈ្មោះនាង “ត្រចើល ដោះក្រាល”  មានរូបឆោមលោមពណ៌ល្អស្រស់លើសនារី ទាំងពួងសាច់ស បបូរមាត់ដឹតស្លា ភ្នែកទាំងគូរភ្លឺដូចនិល ចិញ្ចើមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមព្រឿងៗ ដោះ ទាំងគូរឡើងក្បំណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូស ឱ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់សមឬកពារ ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។ តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនិងកូន លើដីទួលមួយមានទឹកព័ទ្ធជុំវិញ ការពារកុំឱ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលមកដល់ សព្វថ្ងៃ ស្ថិតនៅមុខក្លោងទ្វារចូល វត្ដទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៥ ចំងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ នៅក្នុង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។ តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះ នាងទែន នៅភូមិស្រែរនោង តាយាយបាននាំនាងត្រចើលដោះក្រាល ទៅលេងផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងផ្ទះម្ដាយមីង នាង តែងដើរកាត់ភូមិ កាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានទៅជាកន្លែងមានឈ្មោះថា ភូមិ ឃុំញ៉ែងញ៉ង ដល់សព្វថ្ងៃ ។

 លុះនាងដើរមក ដល់កន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថា សស្គុស ទើបមានជាប់ពាក្យ សរសើររាល់ពេលវេលា ដែលនាងមកដងទឹកជាប់ពាក្យហៅមកដល់សព្វថ្ងៃថា “ភូមិគូស”ឃុំញ៉ែងញ៉ង និង ឃុំគូស នេះ នៅជិតជាប់គ្នាក្នុង ស្រុកត្រាំកក់ ខេត្ដតាកែវ ។ ពេលនោះនាងនៅលេងនិងផ្ទះម្ដាយមីងពីរបីថ្ងៃ តាដុងយាយជ័យ ក៏មក យកនាងវិលទៅកាន់លំនៅវិញ ។ តាដុង យាយជ័យ និងនាង ត្រចើល ដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះមាន លោះខែតិចណាស់ ថ្ងៃមួយតានិងយាយ បាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវបានជួប និង ព្រានវិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ។ ដោយព្រានវិង និងតាដុងយាយជ័យនោះបានស្គាល់គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏ មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើឃើញ គ្នាហើយ ចេះតែគយគន់គ្នាទៅវិញទៅមក។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ដុះដាលឡើង ពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឬកពារទៅវិញទៅមកលុះត្រាតែ ដឹងចិត្ដគ្នា។ ឯតាដុងយាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុង មានរូបល្អក៏នឹកក្នុងចិត្ដថា បើបានធ្វើជា គូស្វាមី ភរិយាកូនអញ សក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរទៅព្រានវិងថា “អ្នកកំលោះនោះត្រូវជាអ្វីនិងលោក?” ព្រានវិងឆ្លើយប្រាប់ថា “កូន” ។ ដោយពេញចិត្ដនិងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឱ្យគូ ស្នេហាទាំងពីរនាក់នោះ និយាយឆ្លើយឆ្លងគ្នាតាមចិត្ដ ។ លុះចប់ការសន្ទនានិងគ្នាហើយ អ្នកដំណើរទាំងពីរក៏លាបែក ចាកគ្នាចេញទៅ ដោយញំយកទាំងសេចក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។

 ចៅប្រមាញ់វិញស៊ុង បានដឹងដំណើររឿង ត្រចើលដោះក្រាល មកលេងផ្ទះនាងទែនជាញឹកញាប់ក៏ចេះតែដើរកាត់ស្វែងរកជួបនិងនាងនៅផ្ទះនាងទែនជានិច្ចមកដែរ។ ឯព្រានវិង និងមេបាខាងនាង ក៏ពេញចិត្ដនិងគូរស្នេហ៍ទាំងពីរនោះ ចាំតែពេលចូលស្ដីដណ្ដឹង និងរៀបការផ្សំផ្គុំឱ្យ ប៉ុណ្ណោះ ។ លុះនៅយូរទៅសេចក្ដីស្នេហា ក៏រីកដុះធំឡើងតែរាល់ថ្ងៃ តែដោយហេតុតាដុងយាយជ័យពុំបានជូននាងមក លេងផ្ទះ នាងទែនជាញឹកញាប់ដូចកាលមុន ព្រោះគាត់មានការរវល់ច្រើន នាងក៏លបលួចមកផ្ទះនាងទែនតែម្នាក់ឯង ។ 

ថ្លែងពីព្រះរាជាដែលគង់សំចត នៅ ព្រះពន្លាលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា៤នាក់ដង្ហែព្រះអង្គ ទៅផង លុះចូលទៅដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាល ដើរត្រាច់តែម្នាក់ឯង។ ត្រង់ព្រៃដែល ស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា “ព្រៃប្រទះនាង” ដែលសព្វថ្ងៃគេហៅក្លាយមកថា “ប្រទះឡាង” ទៅវិញ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមលោមពណ៌ល្អដូចទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះ យាងសំដៅទៅរក រូបនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាងត្រចើលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានឆ្លើយ អ្វីទៅព្រះរាជទេ នាងបែរជារត់ត្រលប់មកក្រោយវិញ។ ពេលនោះព្រះរាជា និងសេនា៤នាក់ក៏រត់ដេញតាមនាង។ ដោយកំលាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញ ក៏ខិតជិតណាស់មកផង នាងបានឃើញ ដំបូកមួយនៅក្នុងព្រៃពីខាងមុខ នាងក៏លើកដៃបួងសួង “ថាបើខ្លួននាងពិតជាគូរនិងចៅប្រមាញ់វិងស៊ុង សូមឱ្យនាងចូល ទៅពួនលាក់ខ្លួននៅដំបូកនោះឱ្យបាត់” បួងសួងហើយ នាងក៏រត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនា ៤នាក់ ក៏រត់ទងមើលពីចំងាយមក ឃើញនាងចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញ បានជាមានពាក្យហៅទីនោះថា “ដំបូងមានលក្ខណ៍។ កន្លែងនោះក្រោយមក អ្នកស្រុកបានសាងវត្ដ ហៅ វត្ដដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នោះគេហៅថា “ត្រពោក មានលក្ខណ៍។ ពេលនោះព្រះរាជាទ្រង់ឆ្ងល់ និងដំណើរនាងដែលរត់បាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះនិងសេនា ។ សេនាទាំងបួននាក់តបវិញថា “ស្ដ្រីដែល មានរូបល្អអំបាញ់មិញនេះ បានរត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនិងលាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំនាង ប្រហែលជាមានទេវតាជួយយកអាសារនាងជាមិនខាន” ។

 ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឬទ័យនិងរូបនាង សូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹង ដល់ ឪពុកម្ដាយនាងតាម ប្រពៃណីវិញ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្ដេចនិងបានស្គាល់ទីកន្លែងឪពុកនាង?” សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គ និងបានសំរេចតាម ព្រះរាជបំណងមិនខាន” ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង៤នាក់សព្វគ្រប់ហើយ ទ្រង់ យាងត្រលប់ចូលព្រះពន្លាវិញ។ ចាប់តាំងពីថ្ងៃនោះមក សេនា៤នាក់ក៏ព្យាយាមស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកអស់ពេលជាយូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរក មិនឃើញនោះ ។

 ព្រះរាជាក៏ប្រជុំអស់ពួលសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឱ្យរៀបធ្វើពិធីប្រណាំងទូកងឱ្យអ្នកស្រុក មើលក្រែងបានប្រទះនាង ហើយពួកយើងដើរតាមមើលឱ្យស្គាល់ទីលំនៅរបស់នាង។ សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹង ដល់អ្នកស្រុកភូមិជនបទជិតឆ្ងាយ ឱ្យមកមើលប្រណាំងទូក។ លុះដល់ថ្ងៃប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូរឆរមីដេរដាស ដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ ។ ចំណែកនាងត្រចើលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំស្គាល់ជាស្ដេចទេ លុះស្ដេចយាងចេញផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញពីដំបូកនោះ ត្រលប់ទៅផ្ទះនាងវិញ។ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនាង នៅហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយ ថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលប់ទៅលើចៅប្រមាញ់ វិងស៊ុង។ ឪពុកម្ដាយបានដឹងចិត្ដកូនសព្វគ្រប់អស់ ហើយក៏មានចិត្ដអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។ ពេលដែលអ្នកស្រុកផ្អើលឈូរឆរទៅ មើលប្រណាំងទូក តាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាលទៅមើលនិងគេដែរ ។

 លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសំរស់របស់នាងត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮទៅដល់សេនា របស់ព្រះរាជាដែលកំពុងដើរត្រាច់រកមើល នាង។ សេនាទាំងបួននាក់បានដើរមកឃើញផ្ទាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើរនាងត្រលប់ទៅផ្ទះវិញ។ លុះពិធី ប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រលប់ទៅទីលំនៅរៀងខ្លួន ។ សេនា៤នាក់លួចធ្វើដំណើរតាមក្រោយតាដុងយាយ ជ័យ លុះបានស្គាល់ទីលំនៅនាង និងឪពុកម្ដាយនាងហើយ ក៏ត្រលប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយ និងសេនា៤នាក់ ។ តាដុងយាយជ័យបានឃើញព្រះរាជាទ្រង់ស្ដេច យាងមកដល់ផ្ទះខ្លួនក៏រៀបទីកន្លែងទទួលព្រះអង្គ។ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនិងតាដុងយាយជ័យ សូម យកដណ្ដឹងយកនាងត្រចើលដោះក្រាល ជាអគ្គមហេសី ហើយព្រះអង្គបញ្ជាក់ថា សូមឱ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់។ ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្ដកូនច្បាស់ តែមិនទាន់ហ៊ាន សំរេចចិត្ដថា ថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្ដកូនសិន។ លុះសួរទៅនាងត្រចើលដោះក្រាល នាងប្រកែកចំពោះ ឪពុកម្ដាយនាងថា “នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយចៅប្រមាញ់វិងស៊ុង ជាគូរបណ្ដូលចិត្ដនាងហើយ ” ។

 តាដុងយាយជ័យ ឮកូនប្រកែកតឹងរ៉ឹងដូច្នេះក៏ពិគ្រោះគ្នា ពីរនាក់ប្ដីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខ ជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្ដកូនយើងដែលគ្នាស្រលាញ់ទៅ លើចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្ដយើងដែរទៅហើយ បើដូច្នោះយើងបង្គាប់ព្រះរាជាឱ្យធ្ងន់ កុំឱ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គច្បាស់ជា ចាត់ការធ្វើមិនទាន់ដែរ” ។ លុះគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តាយាយក៏មកទូលព្រះរាជាថា “មិនហ៊ានបង្គាប់ ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល” ។ ព្រះរាជាមានព្រះបន្ទូលថា “ព្រះអង្គហ៊ានទទួលទាំងអស់ ឱ្យតែលើកនាងថ្វាយព្រះអង្គចុះ” ។ តាយាយក៏បង្គាប់ព្រះរាជាថា “សូមព្រះអង្គលើក ផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឱ្យបានស្រេចតែមួយរាត្រី បើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ ”។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថា ការនោះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឬទ័យ លើរូបនាងត្រចើលដោះក្រាលលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុង យាយជ័យ។ លុះព្រះអង្គថយទៅវិញទ្រង់ប្រាប់ពលរេហ៍មកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា “ចូរសេនារេហ៍ពល ទាំងអស់ លើកផ្លូវថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដុងម៉ែជ័យ ធ្វើតែមួយយប់ឱ្យហើយស្រេច” ។ 

ពាក្យដែលហៅ ថាឪដុង ម៉ែជ័យ តែក្រោយមកគេហៅក្លាយជា “ឪដុងមានជ័យ ” ។ គ្រានោះសេនាពលរេហ៍លើកផ្លូវថ្នល់ក្នុងមួយរាត្រី នោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជាប់គ្នា បានជាមានពាក្យហៅថា “ភូមិថ្នល់ដាច់” នៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ តាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា បើព្រះអង្គលើកផ្លូវថ្នល់ក្នុងមួយយប់ហើយមែន នឹងនាំនាងត្រចើលដោះក្រាលទៅតែម្ដង ។ លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនទាន់ហើយ តានិងយាយត្រេកអរ ណាស់ក៏ចូលចតទូក ត្រង់កន្លែងផ្លូវថ្នល់ដាច់នោះ តាដុង និង យាយជ័យឡើងទៅមើលផ្លូវថ្នល់ ។ គាត់កំពុងពិនិត្យមើល ផ្លូវថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាស្ដេច យាងមកទតមើល។ តាដុងយាយជ័យ ឮដំណឹងថាស្ដេចយាង មកហើយក៏បបួលគ្នារត់ចុះទូកកុំឱ្យស្ដេចឃើញមុខ ។

 ពេលនោះយាយជ័យប្រពន្ធតាដុង ភ័យញីញ័ររត់ចុះទៅទូកមិនកើត ក៏វាចុះតាមច្រាំជង្ហុកទទួលនិងសេនាស្ដេចមក ដល់ក៏ស្រែកឃាត់ថា “យាយកុំវាចុះទូកអីស្ដេចយាងមកដល់ឥឡូវហើយ” ។ យាយជ័យមិនស្ដាប់សោះ ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ។ កន្លែងដែលយាយជ័យវានោះ ពីដើមគេហៅថា កំពង់យាយវារ តែសព្វថ្ងៃគេហៅ ថា កំពង់ជវារស្ថិតក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ លុះស្ដេចមកដល់ទតឃើញទូកតាដុង យាយជ័យ ចេញពីកំពង់ឆ្ងាយ ហើយព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង ម៉ែជ័យ មុខជាខឹងព្រះអង្គលើកផ្លូវថ្នល់ មិនហើយហើយ បានជាមិនចាំជួបព្រះអង្គ ព្រះរាជាក៏ចាត់សេនា៤នាក់ទៅ តាមក៏តាមទៅជួបនិងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនា ទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាង ព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពី របស់ព្រះអង្គ។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចជានាងទេពធិតា ក៏លុតជង្គង់សំពះប្រណម្យ ទៅសេនាទាំង៤នាក់វិញថា “នាងខ្ញុំសូមក្រាបថ្វាយបង្គំ ទូលព្រះរាជាថា “នាងខ្ញុំមិនសុខចិត្ដទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបនាងខ្ញុំជារាស្ដ្រ បើព្រះអង្គនៅតែបង្ខំ យកនាងខ្ញុំ នាងខ្ញុំនឹងសំលាប់ខ្លួនជាមិនខាន” ។

 ខណៈនោះតាដុងយាយជ័យ បាននិយាយទៅកាន់សេនាទាំង៤នាក់ថា “សូមលោកទូលព្រះរាជាផង កុំឱ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្ដកូនស្រីឱ្យបានស្រួលសិន” ។ សេនា៤នាក់ក៏លា ថយត្រលប់ទៅវិញ។ ចំណែកតានិង យាយក៏នាំនាងចូលក្នុងផ្ទះ ។ ពេលរាត្រីនោះតាដុងយាយជ័យ នាំនាងត្រចើល ដោះក្រាល រត់បណ្ដោះទៅទុកនៅផ្ទះនាងទែន នៅភូមិស្រែរនោង ហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូន តាមរឿងសព្វគ្រប់ និង ប្រាប់ឱ្យហៅព្រានវិង ឱ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសពេលការឱ្យហើយទៅ។ តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសារនិងស្ដេច ។ ត្រង់កន្លែងសេនា៤នាក់មកអង្វរ តាដុងយាយជ័យ សុំនាងត្រចើលដោះក្រាល ធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងបានសំពះប្រណម្យទៅសេនាវិញ ថា នាងមិនសុខចិត្ដទៅទេនោះ គេហៅថាទេពធិតាប្រណម្យ ដែលឥឡូវមានវត្ដមួយឋិតនៅកន្លែងនោះឈ្មោះថា “វត្ដទេពប្រណម្យ” គឺពីដើមគេហៅថា “វត្ដទេពធីតាប្រណម្យ” តែក្រោយមកទៅជាវត្ដទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល សព្វថ្ងៃនេះ ។

 គ្រានោះព្រះរាជា លុះទ្រង់សណ្ដាប់សេនាទាំង៤នាក់ថា ចាំឪដុងម៉ែជ័យអង្វរ លួងលោមចិត្ដកូនឱ្យបានស្រួលសិន ដូច្នោះតាំងពីថ្ងៃនោះមក ព្រះអង្គទ្រង់ចាត់ឱ្យសេនាមកស្ដាប់ដំណឹងនៅផ្ទះ ឪដុងម៉ែ ជ័យជារាល់ថ្ងៃ។ ឯតាដុង យាយជ័យចេះតែដោះសារ “ចិត្ដនាងពុំទាន់ស្រួលនៅឡើយទេ” ។ ចំណែកនាងទែនកាល បើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ហៅព្រានវិង និងចៅប្រមាញ់វិងស៊ុង ឱ្យចូលមកស្ដីដណ្ដឹងនាង ត្រចើលដោះក្រាល រួចឱ្យអាចារ្យមើលវេលាការបានហើយ ក៏ឱ្យដំណឹងទៅបងឱ្យមករៀបការកូន។ តាដុងយាយជ័យ មិនទាន់បានមកដល់ភ្លាមទេ ព្រោះនៅជាប់ដោះសារនិងស្ដេច លុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរ តាមផ្លូវក្នុងព្រៃ មានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម។ ការគិតរបស់តានិងយាយច្រើនពេករហូតធ្វើឱ្យគាត់ ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃ រកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ 

ទទួលពេលនោះតានិងយាយបានជួបនិងក្មេង គង្វាលក្របីម្នាក់ តាយាយស្រែកសួរថា “អើអាវ៉ា ! ផ្លូវណាទៅវាំងពន្លូស ផ្លូវណាទៅគុស ទៅស្រែរនោង?។ ក្មេង គង្វាក្របីគិតថា បើអញចង្អុរបង្ហាញប្រាប់ផ្លូវតែម្ដងទៅ វាគ្មានប្រយោជន៍ អ្វីមកដល់អញសោះ បើដូច្នេះអញប្រាប់ឱ្យ តានិងយាយនេះ បន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឱ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង។ ក្មេងគង្វាលក្របីគិតដូច្នេះហើយ ក៏ឆ្លើយតបទៅតានិងយាយថា “បើតានិងយាយចង់រកផ្លូវឱ្យឃើញដូចបំណង សូម ឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយក៏មានទាំងក្មេងប្រគំភ្លេងបទខ្ទោរខ្នងភ្នំ របងមាស បន្ទាយប្រាសាទទឹកទប់ ជ្រង់ជ្រងសំងាត់ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ” ។ តាដុងយាយ ជ័យឮពាក្យក្មេងកង្វាលក្របីបង្គាប់ឱ្យធ្វើដូច្នេះក៏ជឿធ្វើតាម ហើយតានិងយាយ ក៏ឡើងទៅបន់អ្នកតា លើខ្នងភ្នំលុះចុះ មកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញ បងស្ទុះមកទទួល តាដុងយាយជ័យក៏និយាយប្រាប់ពីហេតុវង្វេងផ្លូវហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។

 ពេលនោះលោកអាចារ្យបាន ឮថាតាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងមង្គលការដែលជិតបង្ហើយ មានជាប់បំណន់ដូច្នោះ ក៏ឃាត់ផ្អាក ដំណើរតាយាយឱ្យឈរនៅក្រៅរបងសិន មិនឱ្យជាប់បំណន់ចូលមកក្នុងមង្គលការនោះឡើយ។ លោកអាចារ្យប្រាប់ មេបាទាំងសងខាងថា “ឱ្យរៀបសំណែនមានទាំងភ្លេង យកទៅប្រគំលា បំណន់អ្នកតាឱ្យហើយសិនទើបអាចចូលមកក្នុង មង្គលការនេះបាន។ នាងទែនបានចាត់ចែងរៀបចំសំណែន មានបង្អែមចង្អាប ព្រមទាំងភ្លេងយកទៅប្រគំបទខ្ទោរខ្នង ភ្នំ របស់មាសបន្ទាយប្រាសាទ ទឹក ទប់ ជ្រង់ ជ្រង សំងាត់ដោះក្រាល កន្ទែន ព្រមទាំងភ្លេង៩បទនេះ ក៏បានចូលមក នៅក្នុងទំលាប់ ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យបានឱ្យនាំកូនប្រុសស្រីយកមកផ្ទឹមឱ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅ ព្រះពន្លាបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុថា តាដុងយាយជ័យលួចពង្រាត់ នាងត្រចើលដោះក្រាលយកទៅរៀបការ នៅឯផ្ទះនាងទែន នៅស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនា សំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គទតឃើញនាងត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រោបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ដោយទ្រង់ទតឃើញគូរស្វាមីភរិយាទាំងពីរអ្នកនោះ មានរូបសម្ផស្ស ល្អសក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឱ្យគេធ្វើកិច្ចផ្ទឹម នោះឱ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឱ្យសេនាទាំងសងខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់មកជួបជុំចំពោះមុខ ព្រះភក្ដ្រព្រះអង្គ។ អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យ ញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិង ស៊ុងថា“អ្នកឯងជាកូនអ្នកណា? បានជាហ៊ានរៀបការ និងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?។ 

ពេលនោះ ចៅប្រមាញ់វិងស៊ុង ក៏ក្រាបទូលតបវិញថា “ទូលព្រះបង្គំជាកូនព្រានវិង ” ហើយចង្អុរទៅព្រានវិងជាឪពុករបស់ខ្លួន ព្រះរាជាទតឃើញព្រានវិង ជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា “ព្រានឯងមានកូនប្រុសពីកាលណាមក? បានជា យើងមិនដែលឃើញ?” ។ ព្រានវិងឱនសិរសា ក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចិម ព្រោះកាលថ្ងៃមួយនោះ ទូលបង្គំទៅបរបាញ់ សត្វក្នុងព្រៃបានប្រទះស៊ុតមួយធំ ចំលែកលើសសត្វទាំងអស់លើកទី១ ដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញ ហើយក៏រើសយកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើងស្រាប់តែចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូន ចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំបានឱ្យឈ្មោះថា “ចៅប្រមាញវិងស៊ុង។ ព្រានវិងក្រាបទូលហើយ ក៏ចង្អុរទៅចៅ ប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះព្រះភក្ដ្រព្រះអង្គ ។ ចៅប្រមាញ់វិញស៊ុង ក៏ភ្ញាក់ខ្លួនពេល នោះថាខ្លួនកើតពីពង។ ខណៈនោះព្រះរាជាក៏ស្ទុះទៅឱក្រសោប ចៅប្រមាញ់វិងស៊ុង ទ្រង់ហៅថា “ឱកូនសំលាញ់ឪពុក! ពុកនេះហើយជាឪពុករបស់កូន” ។

 ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតព្រះរាជបុត្រទៅជាស៊ុត ក៏កាយដីកប់ក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយ ព្រះរាជាក៏ទ្រង់ចាត់ចែង ឱ្យដង្ហែព្រះរាជបុត្រ ព្រមទាំងព្រះនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់ វិងស៊ុង និងនាងត្រចើលដោះក្រាល ឱ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដី ដំណរពីព្រះអង្គក្នុងពេលនោះទៅ ហើយ ព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា តាដុងម៉ែជ័យជាប់រហូតមក ។ ទីក្រុងឧដុង្គមានជ័យ មានព្រះមហាក្សត្រ គង់នៅអស់ថេរវេលាជាង ២សតវត្ស គឺ២៤៣ឆ្នាំ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គរជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យនៅព.ស ២២៧៣-២២៧៩ គ.ស ១៧៣០ - ១៧៣៦ ស្ដេចចាកចេញពីក្រុង ឧដុង្គមានជ័យ ទៅគង់នៅទី ក្រុងលង្វែក ជាទីក្រុងចាស់ដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គរជ័យស្ដេច គង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ ២០ ឆ្នាំ ក្រោយពី២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ ។
គំនូសបំព្រួញខ្សែរាជវង្ស នៃ ព្រះរាជាណាចក្រកម្ពុជា សម័យឧត្តុង្គ

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ

No comments:

Post a Comment