៩. ព្រះបាទហស៌វរ្ម័នទី៣ (១០៧៩-១០៩០)
រជ្ជកាល របស់ព្រះបាទឧទយាទិត្យវរ្ម័នពោរពេញទៅដោយភាពវឹកវរជាកត្ដាបញ្ជាក់ ថា មហានគរស្ទើរតែគ្មានសន្ដិភាពទេ មានសង្គ្រាមក្នុងស្រុក និងការបះបោរប្រឆាំងពីស្ដេចត្រាញ់ ឬស្ដេចចំណុះជាញឹកញាប់ ។ អំណើះអស់ពីព្រះអង្គទៅ ព្រះរាជអនុជរបស់ព្រះអង្គបានឡើងសោយរាជ្យបន្ដ មានព្រះនាមថា ហស៌វរ្ម័នទី៣ ។
នៅពេលស្ដេច អង្គនេះឡើងសោយរាជ្យ មានកើតភាពវឹកវរម្ដងទៀត ក៏ប៉ុន្ដែ ព្រះអង្គបានបង្ក្រាបឱ្យរាបអស់ ធ្វើឱ្យស្រុកមានសន្ដិសុខឡើងវិញដោយ «ទ្រង់បញ្ជាឱ្យអនុវត្ដកាតព្វកិច្ចរបស់វណ្ណៈទាំងបួនយ៉ាងម៉ឺងម៉ាត់» ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនបានរៀបរាប់ថា ដោយស្ដេចអាណ្ណាមព្រះនាម លីញុញតុង បានលើកទ័ពមកវាយចិន សម្លាប់ប្រជាជនចិនអស់ជាច្រើននាក់ ព្រះចៅអធិរាជចិនបានអំពាវនាវសុំជំនួយពីព្រះរាជាខ្មែរ និងចាម្ប៉ា ដែលធ្លាប់បានចុះសន្ធិសញ្ញាសម្ព័ន្ធមេត្រីជាមួយគ្នា កាលពីឆ្នាំ១០០០នៃគ្រិស្ដសករាជ ។ ស្ដេចខ្មែរ និង ស្ដេចចាម បានកេណ្ឌទ័ពទៅជួយចិនតាមសំណូមពរ ក៏ប៉ុន្ដែត្រូវចាញ់អាណ្ណាមទៀត ដែលជាហេតុធ្វើឱ្យចិនត្រូវសុំចរចារកសន្ដិភាព ។ រឿងចម្បាំងជាមួយអាណ្ណាមនេះ ថ្វីបើមិនមានសិលាចារឹកខ្មែរ ឬចាម ឬឯកសារប្រវត្ដិសាស្ដ្រអាណ្ណាមណាមួយបានលើកឡើងក៏ដោយ ក៏ប៉ុន្ដែប្រហែលជាកើតមានឡើងមែន ពីព្រោះថា ឯកសារប្រវត្ដិសាស្ដ្រចិន ជាឯកសារដែលហ្មត់ចត់ជាងគេនៅអាស៊ីចុងបូព៌ា ។ ព្រះបាទហស៌វរ្ម័នទី៣ បានសុគតទៅនៅឆ្នាំ១០៩០ ហើយទ្រង់មានព្រះមរណនាមថា សទៈសិវបទ ។
No comments:
Post a Comment