ព្រះរាជាដែលឡើងសោយរាជ្យបន្ដពីព្រះអង្គសូរ គឺចៅពញានូ ដែលទទួលការអភិសេកក្រោមព្រះនាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះអង្គទងរាជាធិរាជរាមាធិបតីបរមបពិត្រ» នៅក្នុងព្រះជន្មាយុ២៣ព្រះវស្សា ។ រាជពង្សាវតារនិយាយថាទ្រង់សោយរាជ្យបាន៥ឆ្នាំ ក៏ប៉ុន្ដែការគណនាបង្ហាញថាទ្រង់សោយរាជ្យបាន៩ឆ្នាំយ៉ាងតិច ។ ទ្រង់បានបង្ក្រាបការបះបោរមួយរបស់អ្នក ស្រុករលាំងទ្រុល ដឹកនាំដោយជនហិណ្ឌូម្នាក់ ដែលត្រូវចាប់ខ្លួនបាន រួចហើយទ្រង់បានបញ្ជាឱ្យគេកាត់ក្បាលសម្លាប់ចោល ។
ព្រះរាមាធិបតីទ្រង់បានផ្លាស់ប្ដូររូបមន្ដពិធីការដែលកំណត់ឡើងដោយព្រះធម្មោរាជា ដោយទ្រង់ឱ្យអ្នកផងហៅព្រះអង្គថា ព្រះករុណាពិសេសព្រះអង្គរាជ ។ ទ្រង់សោយរាជ្យសម្បត្ដិនៅរាជធានីឧត្ដុង្គ ។ ព្រះរាមាធិបតីបានចូលទិវង្គត នៅក្នុងខែមិថុនា ឆ្នាំ១៦៤០ (25) ។
ព្រះរាមាធិបតីពញានូ (ឆ្នាំ១៦៣៥-ឆ្នាំ១៦៣៩)
ក្រោយពីទ័ពរបស់មហាឧបយោរាជព្រះឧទ័យ បានធ្វើគត់ព្រះរាជសម្ភារពញាតូ ហើយ ព្រះឧទ័យ និងនាម៉ឺនសព្វមុខមន្ត្រី ក៏ថ្វាយរាជ្យសម្បត្តិទៅព្រះអនុជរបស់ព្រះរាជសម្ភារ ព្រះនាមពញានូ ឲ្យឡើងសោយរាជ្យស្នងព្រះជេដ្ឋា នៅក្នុង រាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះរាជារាមាធិបតី។
នៅក្នុងរាជ្យព្រះរាជារាមាធិបតីពញានូ នេះ នៅឆ្នាំ១៦៣៨ មានការបះបោរមួយយ៉ាងធំដែលដឹកនាំដោយអ្នកសិល្ប៍ពីរនាក់ ឈ្មោះ ពេជ្រ និងរ័ត្ន នៅ ភូមិរលាំងគ្រើល (ស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មាន ភូមិ÷. ឃុំរលាំងគ្រើល )ដែលបានប្រកាសខ្លួនជាស្ដេចបល្ល័ង្កពេជ្រ និងបល្ល័ង្ករ័ត្ន។
ពីដំបូង ចលនាបះបោរនេះបានទទួលជោគជ័យដ៏ធំធេងលើកម្លាំងទ័ពព្រះរាជា តែទីបំផុត អ្នកសិល្ប៍ទាំងពីរនាក់ត្រូវគេចាប់ខ្លួនបាន ហើយត្រូវទទួលទោសប្រហារជីវិតបង់។ ឯកសារខ្លះថា អ្នកដឹកនាំចលនាបះបោរនោះជាជនជាតិឥណ្ឌៀ ទៅវិញ។ ឯកសារខ្លះទៀតបានរៀបរាប់ថា នៅដើមរាជ្យរបស់ព្រះអង្គឆ្នាំ១៦៣៥ ពួកហូល្លង់ដ៍ បានចាប់យកសំពៅរបស់ខ្មែរដែលផ្ទុកទៅដោយទំនិញក្នុងដែនទឹកម៉ាកាសា (Maccasar)។ ព្រះរាមាធិបតីពញានូ ទ្រង់បានតវ៉ា ហើយពួកហូល្លង់ដ៍ ក៏បានដោះលែងសំពៅនោះមកវិញ។
នៅឆ្នាំបន្ទាប់មក កប៉ាល់ហូល្លង់ដ៍ ពីរគ្រឿង មកពីក្រុងបាតវ្យា គឺក្រុងហ្សាកាតា (Jakarta) សព្វថ្ងៃ បាននាំសំបុត្រពីលោកទេសាភិបាល ស្នើលក់កាំភ្លើងធំឲ្យខ្មែរ។ កប៉ាល់មួយគ្រឿងត្រូវបានកឿងជាប់នៅលើខ្សាច់ត្រង់មាត់ពាមទន្លេមេគង្គ។ ព្រះរាជាទ្រង់បញ្ជាឲ្យរឹបអូសយកកាំភ្លើងធំ ៣០ដើម និងស្ពាន់ ៥០០ហាបពីកប៉ាល់នោះ។
ឆ្នាំ១៦៣៧ លោកទេសាភិបាលហូល្លង់ដ៍ បានបញ្ជូនឈ្មួញឈ្មោះ ហែនរីក ហាហ្គែនហា (Hendrik Hagenhaar) ជាមួយកប៉ាល់ ៤គ្រឿងទៀតមកក្នុងឋានៈជាទូត ដើម្បីផ្សះផ្សាវិវាទខាងលើនេះទៀតផង។ ចំណែកខាងព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថា ឆ្នាំ១៦៣៨ ព្រះរាមាធិបតីពញានូ បានទ្រង់ទាមទារយក ដីកំពង់ក្របីព្រៃនគរ ដែលព្រះចៅអណ្ណាម ក្រុងវ៉េ បានខ្ចី ដើម្បីបង្ហាត់ទ័ពក្នុងរយៈពេល ៥ឆ្នាំនោះមកវិញ ប៉ុន្តែត្រូវព្រះអង្គចូវ ក្សត្រីបុត្រីស្ដេចយួន ជាអតីតអគ្គមហេសីព្រះជ័យជេស្តា ដែលពេលនោះបានឡើងងារជាព្រះទាវធិតាមហារាជិនី យកលេសថាសង្គ្រាមរវាង ចិន និងយួន មិនទាន់ចប់ ហើយសុំអង្វរខ្ចីបន្តទៅមុខមួយរយៈទៀតសិន។
ព្រះរាមាធិបតីពញានូ សោយរាជ្យដល់ឆ្នាំ១៦៣៩ ក៏ទ្រង់ប្រឈួនជាទម្ងន់ ហើយទ្រង់សុគតក្នុងរាជធានីឧដុង្គ ក្នុងឆ្នាំនោះទៅ។ ឯអដ្ឋិធាតុរបស់ព្រះអង្គ ត្រូវគេយកទៅបញ្ចុះក្នុងព្រះចេតិយត្រៃត្រិង្សលើភ្នំព្រះរាជទ្រព្យ គឺភ្នំឧដុង្គ សព្វថ្ងៃនេះដែរ។
No comments:
Post a Comment