Wednesday, February 21, 2024

ស្រីសុរិយោទ័យ ១៤៦៨-១៤៧៦

ស្រីសុរិយោទ័យ (អង់គ្លេស: Srei Soriyoatey) (ប្រ.ស|គ.ស ០០០០-១៤៧៦) រជ្ជកាលគ្រងរាជ (គ.ស ១៤៦៨-១៤៧៦) ព្រះអង្គជាព្រះរាជបុត្រទី៣ របស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិលើកទី២ក្នុងឆ្នាំជូត ចត្វាស័ក ព.សករាជ ២០១២ ត្រូវនិង គ.សករាជ ១៤៦៨ ត្រូវនិង មហាសករាជ ១៣៩១ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះស្រីសុរិយោទ័យ" និងបានឡើងសោយរាជបន្តពីព្រះជេស្ឋា (បង) របស់ខ្លួនគឺ ព្រះស្រីរាជា ដោយការធ្វើរាជប្រហារ ក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ និង បានកាត់យកទឹកដីភាគឦសាន និង ភាគខាងកើតប្រទេស តាមបណ្ដោយដង ទន្លេមេគង្គ

សង្គ្រាមពូ និង ក្មួយ
Uncle and nephew war

ក្រោយពេល ព្រះស្រីសុរិយោទ័យ ត្រួតត្រា ទឹកដីភាគឦសាន និង ភាគខាងកើតប្រទេស ទ្រង់បានបន្តពង្រីកឥទ្ធិពលរបស់ខ្លួន ទៅភាគខាងលិច ដោយលើកទ័ពច្បាំងនិងក្មួយរបស់ខ្លួនគឺ "ពញ្ញាអង្គធម្មខាត់" ដែលជាបុត្ររបស់ ព្រះស្រីរាជា ដែលមានព្រះជន្មក្មេងវ័យផងដែរនោះ បណ្ដារស្រុកភាគខាងលិច ទន្លេមេគង្គ ត្រូវបានដណ្ដើមកាន់កាប់ជាបន្តបន្ទាប់ ដូចជា ស្រុកអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ព្រះវិហារ និង ស្រុកមហានគរ (បច្ចុប្បន្ន: សៀមរាប) ផងដែរ ។ ដូចនេះ ស្រីសុរិយោទ័យ បានគ្រប់គ្រងតំបន់ខាងជើងដូចជា ភាគខាងលិចចាប់ពី មហានគរ ព្រះវិហារ ដល់ ម្លូព្រៃ ទល់និង ព្រំប្រទល់ឡាវ ភាគឦសាន ចាប់ពីក្រចេះ ដល់ រតនៈគិរី ខាងត្បូងឈៀងខាងកើត ចាប់ពី ទួលបាសាន (បច្ចុប្បន្ន កំពង់ចាម) ចុះមក ព្រៃវែង រោងដំរី ព្រៃនគរ ដល់ លង់ហោរ ឡើងទៅលើដល់ កំពង់ស្រកាត្រី ទល់និង ព្រំប្រទល់ ចាម្ប៉ា ។ ដោយ ពញ្ញាអង្គ មានគំនុំ និង ព្រះបិតុលារបស់ខ្លួន ស្រីសុរិយោទ័យ ជាខ្លាំងទ្រង់បាន ផ្ញើសារលិខិត ទៅស្ដេចសៀមនាម "តិលោករាជ" ឱ្យទំនុកបំរុងកងទ័ពដើម្បីធ្វើសង្គ្រាម និង ស្រីសុរិយោទ័យ ហើយទ្រង់បានសន្យា និង ស្ដេចសៀមថា និងកាត់ទឹកដី នៃបណ្ដារស្រុកភាគខាងលិច ដែលបិតាទ្រង់ ស្រីរាជា ធ្លាប់បានច្បាំងឈ្នះយកពីមុននោះ និងព្រមកាត់ប្រគល់ទៅឱ្យស្ដេចសៀមវិញ ដែលសង្គ្រាមរវាងពូ និង ក្មួយនេះ បានផ្ទុះឡើងចាប់ពីឆ្នាំ ១៤៦៩ នៃគ.សករាជ រហូតដល់ ស្រីសុរិយោទ័យ ចូលព្រះទីវង្គត់ ក្នុងឆ្នាំ ១៤៧៦ នៃគ.សករាជ ។

ព្រឹត្តិការណ៍សង្គ្រាមរវាង អណ្ណាម និង ចាម្ប៉ា
War events between Annam and Champa

ក្នុងឆ្នាំ ១៤៧១ នៃគ.សករាជ ស្ដេចចាម នាម "ប៉ោធុន" បានលើកទ័ព ចាម្ប៉ា ១០០,០០០ (១សែននាក់) ទៅវាយអណ្ណាម យកបានស្រុក២ មកគ្រប់គ្រងបានរយៈពេលតែ១ឆ្នាំ ស្ដេចអណ្ណាម នាម "លីតាញ់តុង" (Lê Thánh Tông) ក៏លើកទ័ព ៣០០,០០០ (៣សែននាក់) ចែកចេញជា ៣ច្រក វាយបកត្រឡប់មកវិញ ក្នុងឆ្នាំ ១៤៧២ នៃគ.សករាជ ស្ដេចចាម មានការភិតភ័យជាខ្លាំង ក៏បញ្ជូនតំណាងបេសកជន មកសុំជំនួយទ័ពខ្មែរពី ស្រីសុរិយោទ័យ ដោយកម្ពុជាពេលនេះ កំពុងមានចម្បាំងក្មុងស្រុកផងដែរនោះ ទើបទ្រង់មិនបញ្ជូនទ័ពជំនួយ ទៅជួយស្ដេចចាម្ប៉ា នោះទេ នៅទីបំផុត ពួក អណ្ណាម បានវាយយកទឹកដីចាម្ប៉ាបានទាំងស្រុង ។ ចាម្ប៉ា ដែលជាប្រទេសទ្រនាប់ ដែលជារបងការពារ នូវឥទ្ធិពលរបស់អណ្ណាម ក្នុងការពង្រីកទឹកដីចុះមកផ្នែកខាងក្រោម មកលើភូមិសាស្ត្រានយោបាយកម្ពុជា ត្រូវបានបាត់បង់ដោយសារ ការមិនអើពើពីព្រះរាជាខ្មែរ ដោយមិនខ្វាយខ្វល់ពី សុវត្ថិភាពជាតិនៅថ្ងៃអនគត បានធ្វើឱ្យទឹកដីចាម្ប៉ា រលាយចាប់ពីពេលនោះមក ដោយគ្មានថ្ងៃអាចស្ដារមកវិញបាន ហើយក៏ជាពេលដែលកម្ពុជាត្រូវបាត់បង់ទឹកដីជាបន្តបន្ទាប់ទៅពួកអណ្ណាម រហូតមកដល់បច្ចុប្បន្ននេះ ។

ចម្បាំងបីកងទ័ព
Battle of the three armies

ចម្បាំងបីកងទ័ព រវាង ស្រីសុរិយោទ័យ, ធម្មរាជាទី២ និង ពញ្ញាអង្គ ដែលជាបុត្រ ស្រីរាជា បានអូសបន្លាយអស់ពេលជាច្រើនឆ្នាំ ដោយ ពញ្ញាអង្គ មិនអាចកំចាត់ ព្រះបិតុលារបស់ខ្លួនបាន ទ្រង់បានយល់ព្រមធ្វើជាបុត្រធម៌ស្ដេចសៀម និង ព្រមបង្រួបទឹកដីដែលខ្លួនគ្រប់គ្រងនោះ រួមជាផែនដីតែមួយ ជាមួយនិងស្ដេចសៀម បើសិនជាស្ដេចសៀមអាចកំចាត់ ព្រះបិតុលាទាំងពីរបាន ។ ពេលនោះ ស្ដេចសៀម ទ្រង់អំណរណាស់ដោយលើកទ័ពជើងទឹក ២០,០០០ (២មុឺននាក់) ជាមួយទូកចម្បាំង ៣០០ គ្រឿង ចូលវាយ ធម្មរាជាទី២ នៅ ស្រុកពាម កម្ពុជាក្រោម និង លើកទ័ព ២០០,០០០ (២សែននាក់) មកបោះជុំរំនៅ កំពង់ឆ្នាំង និង លើកទ័ពមួយចំនួនទៅវាយ ស្រីសុរិយោទ័យ នៅស្រុកកំពង់សៀម (បច្ចុប្បន្ន:កំពង់ចាម) ហើយ ធម្មរាជាទី២ បានចេញទ័ពពីសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) ទៅវាយ ស្ដេចសៀម និង ពញ្ញាអង្គវិញ នៅកំពង់ឆ្នាំង ហើយឱ្យទ័ពបោះជុំរំនៅ ឧដុង្គ ចាំការពារក្រុងចតុមុខ កងទ័ពទាំងបីភាគី បានច្បាំងគ្នា ពីឆ្នាំ ១៤៧០ រហូតដល់ឆ្នាំ ១៤៧៥ នៃគ.សករាជ ទើបបញ្ឈប់ចម្បាំង និង បើកកិច្ចចរចារគ្នាជាត្រីភាគី ដោយរៀបចំដោយស្ដេចសៀម ។ ស្ដេចសៀម បានចាត់តំណាង បេសកជន ឱ្យអញ្ជើញ ធម្មរាជាទី២ និង ស្រីសុរិយោទ័យ ទៅចរចារបញ្ចប់ជម្លោះ ជាមួយនិង ពញ្ញាអង្គធម្មខាត់ ដោយយកតំបន់ក្បែរឧដុង្គ ជាតំបន់កណ្ដាល នៃកិច្ចចរចារ នៅក្នុងកិច្ចចរចារនេះ ស្ដេចសៀមបានប្រើល្បិច ដោយបន្ថែមនៅសំបុត្រសម្ងាត់មួយទៀតទៅកាន់ស្ដេចទាំងពីរ ដោយមានពំនោលថា ខ្លួននិងជួយភាគីម្ខាងឱ្យឈ្នះភាគីម្ខាងទៀត មានន័យថា ស្ដេចសៀមអាចនិងជួយ ធម្មរាជាទី២ កំចាត់ ស្រីសុរិយោទ័យ ឬ អាចនិងជួយ ស្រីសុរិយោទ័យ កំចាត់ ធម្មរាជាទី២ វិញ ។ ក្នុងពេលចរចារ បានមកដល់ ក្នុងឆ្នាំ ១៤៧៥ នៃគ.សករាជ ភាគី ធម្មរាជាទី២ ទ្រង់មិនបានយាងទៅដោយផ្ទាល់នោះទេ ទ្រង់បានចាត់ ព្រះរាជអាមាត្យ ជាតំណាងព្រះមហាក្សត្រ ក្នុងការចរចារ រីឯ ស្រីសុរិយោទ័យ ដែលចាញ់ល្បិចស្ដេចសៀម តាមសំបុត្រនោះ បានយាងទៅដោយផ្ទាល់ ទៅចូលរួមក្នុងការចរចារនោះ ហើយក្រោយមក ទ័ពសៀមក៏ឡោមព័ទ្ធ ស្រីសុរិយោទ័យ ជាប់នៅក្នុងជុំរំ រួចបង្ខាំងព្រះអង្គយកទៅស្រុកសៀម ចំណែកឯមន្ត្រីនិងកងទ័ព របស់ ស្រីសុរិយោទ័យ បានបាត់បង់អ្នកដឹកនាំ ក៏ប្រមូលបក្សពួកខ្លួន ចុះចូល និង ធម្មរាជាទី២ ក្រោយមក ស្រីសុរិយោទ័យ ដែលត្រូវបានស្ដេចសៀមយកទៅបង្ខាំង ទ្រង់ឈឺព្រះទ័យយ៉ាងខ្លាំង ក៏មិនសូវសោយបាយទឹក ហើយក៏ធ្លាក់ខ្លួន ប្រឈួនឈឺជាទម្ងន់ រហូតដល់ សោយព្រះទីវង្គត់ក្នុងឆ្នាំ ១៤៧៦ នៃគ.សករាជ ។ ក្រុមមន្ត្រីយល់ឃើញថា ព្រធម្មរាជាទី២ មិនមានមាតា ជាជនជាតិសៀមផងដែរនោះ ក៏លើកទ្រង់ឱ្យឡើងសោយរាជសម្បត្តិជាលើកទី២ នៅទួលបាសាន ចំណែកឯស្ដេចសៀម ក៏ដកទ័ពត្រឡប់ទៅវិញផងដែរ ហើយព្រះធម្មរាទី២ បានយល់ព្រម ចំនុះ ឱ្យនគរសៀម ដើម្បីរក្សាតុល្យភាពអំណាចរបស់ព្រះអង្គ ដោយសុខចិត្តថ្វាយសួយសារអាករទៅឱ្យស្ដេចសៀមចាប់ពីពេលនោះមក ។

No comments:

Post a Comment