Saturday, March 16, 2024

ប្រាសាទកំពង់ព្រះ ៦៨១ ដល់ ៧១៣

 ប្រាសាទកំពង់ព្រះ គឺជាប្រាសាទមួយមានអាយុកាលចំណាស់ជាងគេក្នុងចំណោមប្រាសាទនានានៅក្នុងខេត្តកំពង់ឆ្នាំង។ ប្រាសាទកំពង់ព្រះ ត្រូវបានកសាងឡើងក្នុងសតវត្សទី8 ក្នុងរាជក្សត្រិយ៍ជ័យទេវីដែលមានរចនាបថមុនសម័យអង្គរ។ ប្រាសាទនេះបុព្វបុរសយើងធ្វើឡើងសម្រាប់ឧទិ្ទសចំពោះលិទ្ធិទេវរាជតាមបែបព្រហ្មញ្ញសាសនា។ប្រាសាទកំពង់ព្រះស្ថិតក្នុងភូមិកំពង់ព្រះ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ប្រាសាទកំពង់ព្រះ មានចម្ងាយប្រមាណ 43គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ5 ឆ្ពោះទៅស្រុកបរិបូរណ៍ ប្រហែល 34គីឡូម៉ែត្រ អ្នកនឹងទៅដល់ផ្លូវបំបែកជាពីរមុខសាលាស្រុកបរិបូរណ៍ រួចអ្នកត្រូវបន្ដដំណើរតាមផ្លូវលេខ52 ទៅត្រង់ប្រហែល 7គីឡូម៉ែត្រ រួចអ្នកត្រូវបត់ស្ដាំទៅត្រង់ប្រហែល 2គីឡូម៉ែត្រ អ្នកនឹងទៅដល់ប្រាសាទកំពង់ព្រះ។ បញ្ជាក់នៅរដូវវស្សាកំណាត់ផ្លូវលំប្រមាណ 4គីឡូម៉ែត្រ មិនអាចធ្វើដំណើរចូលទៅទីទួលប្រាសាទបានទេ លុះត្រាតែធ្វើដំណើរតាមទូក ឬកាណូត។


ក្រុមប្រាសាទកំពង់ព្រះមានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ដើម្បីទៅដល់ទីទួលប្រាសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរស្របតាមបណ្ដោយផ្លូវជាតិលេខ៥ ចេញពីក្រុងកំពង់ឆ្នាំង មានចម្ងាយ ៤១គីឡូម៉ែត្រ។មកដល់ចំណុចផ្សារពន្លៃ មានផ្លូវបំបែកមួយ(ច្រមុះជ្រូក)នៅខាងស្ដាំដៃ ឃើញសាលាស្រុកបរិបូណ៌ រួចបត់តាមផ្លូវនោះជិះទៅត្រង់ ប្រមាណ ៣គីឡូម៉ែត្រ។យើងនឹងទៅដល់ទីតាំងជាក់ជាមិនខាន។សូមបញ្ជាក់ផងដែរ នៅរដូវវស្សាយើងអាចធ្វើដំណើរតាមផ្លូវទឹក ដោយជិះទូកឬកាណូត នៅរដូវប្រាំងទឹកស្រកវិញ យានយន្តគ្រប់ប្រភេទអាចបើកទៅដល់កន្លែងប្រាសាទបានយ៉ាងងាយស្រួលតែម្ដង។ប្រាសាទកំពង់ព្រះកសាងឡើងនៅលើដីកោះមួយកន្លែង ក្នុងបរិវេណវត្ត ទួលព្រះស្រីពិជ័យសូរ្យវង្សកំពង់ព្រះ ឬវត្តកំពង់ព្រះ។នៅទីនោះយើងឃើញមានតួប្រាសាទពីរឈរទន្ទឹមគ្នា យ៉ាងសង្ហា ដែលប្រាសាទទាំងពីរនេះ អ្នកស្រុកហៅថា ប្រាសាទប្រុស ប្រាសាទស្រី និងគ្រឹះប្រាសាទទីបីមួយទៀតនៅក្បែរនោះដែលរលំបាក់កប់ទៅក្នុងដីបាត់រូបរាងស្ទើរតែស្រុងអស់ទៅហើយ។

ក្រុមប្រាសាទកំពង់ព្រះសាងសង់អំពីថ្មភក់និងឥដ្ឋក្រហម បែរមុខទៅទិសខាងជើង ពោលគឺបែរមុខទៅរកបឹងទន្លេសាប ដែលនៅជិតនោះប្រមាណតែ ១គីឡូម៉ែត្រប៉ុណ្ណោះ។ បើយើងពិនិត្យទៅលើផ្នែកស្ថាបត្យកម្មប្រាសាទ យើងអាចសន្និដ្ឋានបានថា ក្រុមប្រាសាទកំពង់ព្រះ កសាងនៅក្នុងសម័យមុនអង្គរ នៅចុងសតវត្សទី៧ ដើមសតវត្សទី៨ ក្នុងរាជព្រះមហាក្សត្រិយ៍ ព្រះនាងជ័យទេវី ដែលគេដឹងថា ព្រះនាងឡើងសោយរាជ្យពីឆ្នាំ ៦៨១ ដល់ ៧១៣ នៃគ្រិស្តសករាជ ត្រូវជាបុត្រីរបស់ព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៧-៦៨១) ស្ថិតក្នុងរចនាប័ទ្មកំពង់ព្រះ សម្រាប់ឩទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។

នៅលើទីទួលនេះ គឺមានប្រាសាទចំនួនពីរ គឺប្រាសាទប្រុស (ប្រាសាទតូច) និងប្រាសាទស្រី (ប្រាសាទធំ) ដែលត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៧ និងដើមសតវត្សទី៨ ក្នុងរជ្ជកាលព្រះមហាក្សត្រិយ៍ «ជ័យទេវី» នាចុងសម័យចេនឡា។ បច្ចុប្បន្ននៅលើទីទួលប្រាសាទបុរាណនេះ ក៏ជាទីអារាមមួយមានឈ្មោះថា វត្តទួលព្រះសី្រជ័យសូរ្យវង្ស ហៅវត្តកំពង់ព្រះ ដែលត្រូវបានកសាងឡើងជាច្រើនសតវត្សមកហើយ។



ព្រះតេជគុណ អ៊ំ សុគុណ ព្រះចៅអធិការវត្តព្រះស្រីជ័យសូរ្យវង្ស ហៅវត្តកំពង់ព្រះ មានសង្ឃដីការៀបរាប់ឲ្យដឹងថា បើតាមការចេះចាំពីប្រវត្តិសាស្រ្តខ្លះៗ ហើយក៏ដូចជាចាស់ៗបានដំណាលតៗគ្នាថា ប្រាសាទនេះកសាងឡើងដោយមេទ័ពស្រីដ៏អង់អាចមួយរូប ដែលមុននឹងចេញច្បាំងម្ដងៗ គាត់ក៏បានបួងសួង​សុំសេចក្តីសុខ និងសុំឱ្យទទួលបានជ័យជម្នះ ដោយសុំឱ្យវត្ថុស័ក្តិសិទ្ធិគង់នៅលើទីទួលនេះតាមជួយថែរក្សា ដោយសន្យាថាបើទទួលបានជ័យជម្នះពិតមែន មេទ័ពស្រីរូបនេះនឹងកសាងប្រាសាទថ្វាយ ដើម្បីជាការតបស្នង ក៏ដូចជាការថ្វាយលាបំណន់។


លុុះច្បាំងបានជោគជ័យដូចបំណងហើយ ពេលត្រឡប់មកវិញ មេទ័ពស្រីរូបនោះក៏ចាប់ផ្ដើមសាងសង់ប្រាសាទទាំងពីរនេះឡើង ដោយប្រាសាទមួយសាងសង់ដោយកងទ័ពប្រុសៗ និងប្រាសាទមួយទៀត គឺកងទ័ពស្រីជាអ្នកសាងដោយផ្ទាល់ដៃ ដោយសារតែទ័ពស្រីមានគ្នាច្រើន និងឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ជាង ទើបប្រាសាទស្រីមានរចនាប័ទ្មល្អស្រស់ប្រណីតជាងប្រាសាទប្រុស។

No comments:

Post a Comment