១១. ព្រះបាទធរណិន្ទ្រវរ្ម័នទី១ (១១០៩-១១១២)
ព្រះបាទ ធរណិន្ទ្រវរ្ម័នទី១ ដែលត្រូវជាព្រះរៀមរបស់ព្រះបាទជ័យវរ្ម័នទី៧ បានឡើងសោយរាជ្យបន្ដនៅឆ្នាំ១១០៩ នៃគ្រិស្ដសករាជត្រូវនឹងឆ្នាំ១០៣១នៃមហាសករាជ ។ ព្រះអង្គមិនចង់សោយរាជ្យទេ ហើយបើតាមសិលាចារឹក ទ្រង់បានបដិសេធម្ដងរួចមកហើយ នៅពេលដែលព្រះបាទហស៌វរ្ម័នទី៣ ជាព្រះរៀមសោយទិវង្គត ។ ក៏ប៉ុន្ដែ ដោយមានការស្នើសុំយ៉ាងទទូចពីប្រជានុរាស្ដ្រ ព្រះអង្គក៏យល់ព្រម «ទទួលយកនូវបន្ទុកដ៏ធ្ងន់» នេះ ។ ព្រះអង្គបានដឹកនាំព្រះនគរដោយប្រុងប្រយ័ត្ន និងយុត្ដិធម៌ខ្លាំងណាស់ ជាពិសេស គឺបានយកព្រះទ័យទុកដាក់ចំពោះសុខុមាលភាពរបស់វណ្ណៈទាំង៧ ដែលមាននៅក្នុងស្រទាប់ប្រជាជននាសម័យនោះ គាប់ជួនជាប្រទេសមានសុខសន្ដិភាព ហើយព្រះអង្គក៏មានព្រះជន្មចំណាស់ផង ។ ព្រះអង្គជាមិត្ដនៃច្បាប់ ក៏ប៉ុន្ដែមុននឹងអនុវត្ដច្បាប់ ព្រះអង្គសព្វព្រះទ័យឱ្យអ្នកប្រាជ្ញបណ្ឌិត សុភទ្រៈ ដែលចេះចាំអក្សរសិល្ប៍គ្រប់បែប ធ្វើការបកស្រាយពន្យល់សិន (12) ។
ព្រាហ្មណ៍ ដែលរៀបចំអភិសេកព្រះបាទធរណិន្ទ្រវរ្ម័ន គឺបណ្ឌិតទេវការៈ ជាវីរជនម្នាក់ដែលមានឥទ្ធិពលតាំងតែពីរជ្ជកាលព្រះបាទសុរិយាវរ្ម័ន ទី១មក ហើយធ្លាប់បានធ្វើការអភិសេកព្រះរាជាពីរព្រះអង្គមុននេះរួចមក ហើយនិងត្រូវរៀបចំការអភិសេកព្រះរាជាដែលត្រូវសោយរាជ្យបន្ដគឺ ព្រះបាទសុរិយាវរ្ម័នទី២ថែមទៀត ។ ព្រះបាទធរណិន្ទ្រវរ្ម័ន បានបោះបង់រាជសម្បត្ដិក្រោយពីដឹកនាំប្រទេសបាន៣ឆ្នាំ ។ ព្រះអង្គមានព្រះមរណនាមថា បរនិស្កាលៈបទៈ ។
No comments:
Post a Comment