Wiki Pedia បរមរាជាទី៤ ឬ ស្រីសុរិយោពណ៌ (អង់គ្លេស: Borom Reachea IV) or (Srei Soriyoapor) (ប្រ.ស|គ.ស ១៥៥៦-១៦២០) រជ្ជកាលគ្រងរាជ (គ.ស ១៦០២-១៦១៨) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ ជាលើកទី២ នៅរាជធានីល្វាឯម ព.សករាជ ២១៤៧ ត្រូវនិង គ.សករាជ ១៦០៣ ត្រូវនិង មហាសករាជ ១៥២៦ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ ព្រះស្រីសុរិយោពណ៌" ទ្រង់គឺជាបុត្រាទី២ នៃ ព្រះបរមរាជាទី២ និង ត្រូវជាព្រះអនុជ (ប្អូនបង្កើត) ព្រះសត្ថាទី១ ដែលត្រូវបានស្ដេចសៀមចាប់បញ្ជូនទៅដែនអាយុធ្យា អំឡុងពេលដែលកងទ័ពសៀមវាយបែកបន្ទាយក្រុងលង្វែក ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ។
ការបង្ក្រាបពួកបះបោរ Repression of insurgents
ក្រោយពេល ព្រះស្រីសុរិយោពណ៌ធ្វើរដ្ឋប្រហារដណ្ដើមរាជបល្ល័ងពី ព្រះកែវហ្វាទី១ ក្នុងឆ្នាំ ១៦០២ នៃគ.សករាជ រួចហើយ ទ្រង់បានផ្លាសរាជធានីពី កោះស្លាកែត ទៅតាំងរាជធានីថ្មីនៅ ក្រុងល្វាឯម (Lvea Aem) ក្នុងឆ្នាំ ១៦០៣ នៃគ.សករាជ ។
បញ្ជីរាយនាមព្រះមហាក្សត្រ
អំឡុងពេលដែល ព្រះស្រីសុរិយោពណ៌ ប្រកាសរាជជាព្រះមហាក្សត្រនៅកម្ពុជា ព្រះអង្គទ្រង់បានចេញព្រះរាជសារលិខិត ស្នើសុំបុត្រទាំងពីរអង្គរបស់ខ្លួនដែលជាប់ជាចំណាត់ខ្មាំងនៅ អាយុធ្យា សុំឱ្យយាងត្រឡប់មកដែនកម្ពុជាវិញ ដើម្បីទុកស្នងរាជបល្ល័ង ដោយទ្រង់បានបញ្ជូននូវសួយសារអាករមួយចំនួន ថ្វាយទៅព្រះចៅក្រុងសៀម ហើយនិងបានសន្យាថាដាក់ការគោរព ប្រតិបត្តិពុទ្ធសាសនា តាមបែបបទ នៃលទ្ធិថេរវាទផងដែរ ។ ព្រះចៅនរេ ក្រុងស្រីអាយុធ្យា មានការអល់អែកចិត្តជាខ្លាំង តែទ្រង់ក៏យល់ព្រមតាមសំណើររបស់ ស្រីសុរិយោពណ៌ ប៉ុន្តែទ្រង់សូមរក្សាទុកនៅរាជបុត្រច្បងគឺ ជ័យជេស្ឋា/ ជ័យជេដ្ឋា ឱ្យបន្តស្នាក់នៅក្រុងអាយុធ្យាដដែល ហើយទ្រង់បានបញ្ជូននូវរាជបុត្រទី២ គឺ ឧទ័យរាជា ដែលជាបុត្រាពៅ ឱ្យយាងត្រឡប់មកនគរកម្ពុជាវិញ ។ ក្រោយពេលព្រះស្រីសុរិយោពណ៌ បានកំចាត់ ព្រះកែវហ្វាទី១ រួចមក ប៉ុន្តែប្រទេសជាតិ នៅមិនទាន់មានការឯកភាពជាតិនៅឡើយ ដោយសារតែចៅហ្វាយស្រុកជាច្រើនបានបង្កើតបក្សពួកងើបបះបោរ និង អតីតមហាក្សត្រមុន ហើយពួកគេសុទ្ធតែមានមហិច្ឆិតារៀងៗខ្លួនក្នុងការពុះជ្រៀកប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងតាមតំបន់រៀងៗខ្លួន ដោយបែបនេះហើយ ទើបព្រះស្រីសុរិយោពណ៌ បានចាត់ឱ្យមេទ័ពខ្លាំងពូកែពីររូប នាម តេជោមាស និង តេជោយ៉ត ចេញទ័ពទៅបង្ក្រាបពួកបះបោរទាំងអស់នេះ ដោយផ្ដើមចេញវាយប្រហារ ទៅចៅហ្វាយស្រុកបារាយណ៍ នៃខេត្តអសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) បន្ទាប់មកទៅបង្ក្រាបពួកបះបោរនៅ ខេត្តគោកសេះ (បច្ចុប្បន្ន: បន្ទាយមានជ័យ) និង បន្តទៅបង្ក្រាបពួកបះបោរជាបន្តបន្ទាប់ដូចជា៖ ស្រុកកំពង់សៀម និង ស្រុកស្ទឹងត្រង់ នៃ ខេត្តកំពង់ចាម, ស្រុកជើងព្រៃ (បច្ចុប្បន្ន: ខេត្តត្បូងឃ្មុំ)
ព្រំដែន សម័យឧត្តុង្គ
ការបង្ក្រាបពួកបះបោរញាត្តិវង្សSuppression of relative insurgents
ការបង្ក្រាបពួកបះបោរចុងក្រោយ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលគ្រប់គ្រងដោយ ពញ្ញាឧទ័យធិរាជ ដែលមិនមែនជាឈ្មោះពិត របស់ទ្រង់ឡើយ ទ្រង់មានឈ្មោះពិតថា ពញ្ញានូ ជាបុត្រាទី៣ នៃ ព្រះបរមរាជាទី២ ទ្រង់ត្រូវជាបងបង្កើត និង ស្រីសុរិយោពណ៌ តែមានព្រះមាតាផ្សេងគ្នា អំឡុងពេលដែលពួកសៀម វាយបែកក្រុងលង្វែក ទ្រង់បានលាក់ខ្លួន និង ប្ដូរឈ្មោះមិនឱ្យកងទ័ពសៀមតាមរកឃើញនោះទេ ។ ដោយស្រីសុរិយោពណ៌បានដឹងថា ឧទ័យធិរាជ ជាបងរបស់ខ្លួន អង្គពញ្ញានូ ដូចនេះទ្រង់បានបញ្ជារឱ្យមេទ័ពនាម តេជោមាស ធ្វើយ៉ាងណាចាប់ឧទ័យធិរាជ ឱ្យបានទាំងរស់ដោយត្រាសបង្គាប់ឱ្យសម្គាល់ហៅទ្រង់ថា ព្រះរាមថ្មគោល ។ នៅទីបំផុតឧទ័យធិរាជត្រូវបានចាប់ខ្លួនយកមកគាល់ព្រះមហាក្សត្រ អង្គពញ្ញានូ មិនបានដឹងទេថា ស្រីសុរិយោពណ៌ ជាព្រះមហាក្សត្របច្ចុប្បន្នព្រោះគិតថាទ្រង់សោយទីវង្គត់ក្នុងចម្បាំងលង្វែកបាត់ទៅហើយ ដោយក្ដីអំណរនិងការនឹករលឹក ស្រីសុរិយោពណ៌ មិនបានដាក់ទោស អង្គពញ្ញានូ នោះទេ ដោយទ្រង់បានតែងតាំង អង្គពញ្ញានូ ជាចៅហ្វាយស្រុក ខេត្តសំរោងទង (បច្ចុប្បន្ន: ខេត្តកំពង់ស្ពឺ) ផងដែរ ក្នុងឆ្នាំ ១៦០៤ នៃគ.សករាជ
ការចងសម្ព័នមិត្តជាមួយអណ្ណាមAlliances with Annam
ព្រះស្រីសុរិយោពណ៌ ដែលមានព្រះនាមក្នុងរាជថា បរមរាជាទី៤ ព្រះអង្គបានបង្រួមបង្រួបប្រទេសកម្ពុជាឱ្យមានឯកភាពជាតិឡើងវិញ អំឡុងពេលដែលព្រះអង្គធ្វើចម្បាំងបង្ក្រាបពួកបះបោរអស់រយៈពេល៥ឆ្នាំ ដែលចាប់ផ្ដើមពីឆ្នាំ ១៦០១ ដល់ឆ្នាំ ១៦០៥ នៃគ.សករាជ ទើបព្រះអង្គ បង្ក្រាបពួកបះបោរ ទូទាំងព្រះនគរ បានទាំងស្រុង ។ ព្រះស្រីសុរិយោពណ៌ ព្រះអង្គបានស្ដារប្រទេសជាតិកម្ពុជាឡើងវិញ តាមរយៈការរៀបចំនៅប្រព័ន្ធរដ្ឋបាលក្នុងស្រុក និង ការលើកស្ទួយដល់វិស័យសាសនាផងដែរ ដោយទ្រង់អនុញាតឱ្យមានការផ្សព្វទូលាយនូវសាសនាផ្សេងៗផងដែរ រីឯព្រះពុទ្ធសាសនា ព្រះអង្គប្រកាសដាក់ជាសាសនារបស់រដ្ឋ ដោយគោរពតាមបែបបទ នៃលទ្ធិថេរវាទ ក្រោមឥទ្ធពលរបស់ព្រះចៅក្រុងសៀម ។
ព្រំដែន សម័យឧត្តុង្គ
ក្នុងគ.សករាជ ១៦១៨ ដើម្បីងាកចេញពីឥទ្ធិពលរបស់សៀម ព្រះអង្គមានបំណងចង់ចងសម្ព័ន្ធមិត្តនិង នគរអណ្ណាម ដើម្បីប្រើទំនាក់ទំនងជាមួយអណ្ណាម ដោះខ្លួនចេញពីការគាបសង្កត់របស់សៀម ដូចនេះព្រះអង្គបានបញ្ជូនបេសកទូត ចូលគាល់អធិរាជអណ្ណាម ព្រះចៅ ក្រុងហ្វេ (Huế) ព្រះនាម "សៃវួង" (Sai Vuong) ដើម្បីចូលស្ដីដណ្ដឹងបុត្រីទី២ របស់ទ្រង់ព្រះនាម "សៃង៉ុកវៀន" (Sai Ngọc Vạn) មករៀបអភិសេក និង បុត្ររបស់ទ្រង់ ជ័យជេស្ឋាទី២ អធិរាជអណ្ណាម បានយល់ព្រមតាមសំណើរ និង បានរៀបចំបញ្ជូនបុត្រីរបស់ខ្លួន តាមសំពៅ ១៥គ្រឿង ជាមួយនិង បាវបម្រើស្រី ៥០០នាក់ និង បាវបម្រើប្រុស ៥០០នាក់ ហែមហមមកជាមួយផងដែរ ពិធីរាជាភិសេកបានធ្វើឡើងនៅរាជធានីល្វាឯម ដោយ បុត្រីរបស់អណ្ណាម ត្រូវតម្រូវឱ្យផ្លាសឈ្មោះ មកជា "អង្គចូវ" ដើម្បីងាយស្រួលក្នុងការសម្គាល់ហៅតាមឈ្មោះ ជាភាសាខ្មែរ ។ ការចងសម្ព័នមិត្តនេះ បានធ្វើឱ្យព្រះចៅក្រុងសៀមមិនសុខចិត្តនោះទេ និងបានលើកទ័ពមួយចំនួនធំចូលមកឈ្លានពានកម្ពុជាផងដែរ ក្រោយពេល ព្រះស្រីសុរិយាពណ៌ យាងចូលព្រះទីវង្គត់ ក្នុងឆ្នាំ ១៦២០ នៃគ.សករាជ៕
ព្រះបាទស្រីសុរិយោពណ៌ផ្លាស់ប្ដូរយុទ្ធវិធីរកជំនួយបរទេសការពារព្រះនគរ (ភាគ៣៩)
នៅដើមសតវត្សទី១៧ ព្រះរាជាខ្មែរមួយអង្គ គឺព្រះបាទស្រីសុរិយោពណ៌ ទ្រង់ផ្លាស់ប្ដូរយុទ្ធវិធីក្នុងការស្វែងរកជំនួយបរទេសមកការពារព្រះនគរ ពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ប្រហែលជាព្រះអង្គឈ្វេងយល់ថា ការពឹងពាក់ពួកអឺរ៉ុប មិនបានលទ្ធផលគាប់ប្រសើរនោះហើយ ទើបព្រះអង្គងាកមកចងស្ពានមេត្រីជាមួយប្រទេសជិតខាងវិញ។ គឺព្រះបាទស្រីសុរិយោពណ៌ នេះហើយដែលបានស្តីដណ្ដឹងបុត្រីព្រះចៅយួន ក្រុងវ៉េ មកឲ្យធ្វើជាព្រះអគ្គមហេសីរបស់បុត្រាច្បងរបស់ព្រះអង្គ។
គ.១៥ ព្រះបាទស្រីសុរិយោពណ៌ (ឆ្នាំ១៦០៣-ឆ្នាំ១៦១៨) និងការរៀបចំឲ្យប្រទេសកម្ពុជា បានស្ងប់ស្ងៀមឡើងវិញក្រោយពីបានយាងវិលត្រឡប់មកដល់មាតុភូមិកម្ពុជា វិញ ហើយព្រះស្រីសុរិយោពណ៌ បានឡើងសោយរាជ្យនៅកម្ពុជា ក្នុងឆ្នាំ១៦០៣ នៃគ្រិស្ដសករាជនៅព្រះរាជវាំងកោះស្លាកែត ស្រុកល្វាឯម ឬស្រុកព្រៃល្វាផ្អែម ដោយមានព្រះនាមក្នុងរាជ្យថា សម្ដេចព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា។
នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះរាជឱង្ការស្រីសុរិយោពណ៌ បានប្រឈមមុខនឹងការបះបោរជាច្រើន ដូចជាការបះបោររបស់ព្រះកែវហ្វាពញាញោម ដែលត្រូវដកចេញពីរាជ្យសម្បត្តិ។ ការបះបោររបស់ពពួកចៅហ្វាយខេត្តធំៗដែលមានងារជាព្រះរាម ដូចជា៖
- ព្រះរាមកែវព្រះភ្លើង
- ព្រះកែវហ្វាពញាញោម
- ព្រះរាមត្បូងឃ្មុំ
- ព្រះរាមទ្រាំង
- ព្រះរាមបាភ្នំ
- ព្រះរាមថ្មគោល
- ព្រះរាមបាទី
- ព្រមទាំងអ្នកសិល្ប៍ដែលប្រកាសតាំងខ្លួនជាស្ដេច ដូចជា បាឡីកងចក្រ ជាដើម។
នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះអង្គទ្រង់បានទទួលមេទ័ពឈ្មោះ តេជោមាស និងតេជោយ៉ត ដែលជាសិស្សជំនិតរបស់តេជោមាស ដែលសុទ្ធតែជាមេទ័ពខ្លាំងពូកែ ហើយបានយកអសារវាយកម្ចាត់សត្រូវគ្រប់ទិសទីបានដោយជោគជ័យដូចជា៖
- ច្បាំងជាមួយពួក ព្រះកែវហ្វាពញាញោម ដែលត្រូវដកចេញពីរាជបល្ល័ង្ក ដែលបានស្ម័គ្របក្ខពួកដែលសុទ្ធតែជាពួកមន្ត្រីឡែឡ ប្រុងឡោមធ្វើគតព្រះស្រីសុរិយោពណ៌ ក្នុងពិធីបុណ្យរាជាភិសេកព្រះអង្គឡើងសោយរាជ្យ។ ប៉ុន្តែទីបំផុត បក្ខពួកព្រះកែវហ្វាពញាញោម ទាំងអស់ ត្រូវធ្លាក់ក្នុងអន្ទាក់មេទ័ពស្ដេចផែនដី ផឹកស្រាដែលគេដាក់លក់ជាធ្នាក់ ស្រវឹងនិយាយអួតអាងឡូឡា ហើយត្រូវចាប់ខ្លួនបានទាំងអស់។ ព្រះកែវហ្វាពញាញោម ក៏ត្រូវគេប្រហារជីវិតចោលទៅ។ ប៉ុន្តែ ឯកសារព្រះរាជពង្សាវតារខ្លះនិយាយផ្សេងពីនេះទៅវិញ គឺថា ដោយការមិនសប្បាយចិត្តពីការដកចេញពីរាជបល្ល័ង្ក ព្រះកែវហ្វាពញាញោម បានទៅបំបះបំបោររាស្ត្រនៅខេត្តកំពង់ស្វាយ នាំចៅមឿងសែន និងចៅមឿងស្ទោង ក្រោកធ្វើចំបាំងប្រឆាំងនឹងព្រះស្រីសុរិយោពណ៌ ជាឪពុកមា។ ព្រះស្រីសុរិយោពណ៌ ទ្រង់ប្រើទ័ពខ្មែរផង និងបានសុំជំនួយទ័ពសៀម ដែលដឹកនាំដោយព្រះមហាធម្មរាជា បុត្រព្រះនរេនសូរ ផង ដើម្បីបង្ក្រាបការបះបោរនេះ។ ទីបំផុត ព្រះកែវហ្វាពញាញោម ត្រូវគេចាប់បាន ហើយត្រូវប្រហារជីវិតតាមច្បាប់ប្រពៃណី។
- ច្បាំងនឹងព្រះរាមកែវព្រះភ្លើង ដែលខ្លាំងពូកែ ដែលឯកសារខ្លះថា ចេះបែងភាគផង ប៉ុន្តែកែវព្រះភ្លើង ត្រូវគេចាប់បាន ហើយត្រូវប្រហារជីវិតបង់នៅទីអវសាន។
- ច្បាំងនឹងព្រះរាមបាទី ដែលមានបរិវារសុទ្ធតែជាមេធ្មប់ខ្លាំងពូកែ ៧៨នាក់ និងព្រះរាមទ្រាំង ដែលមានបរិវារជាអាចារ្យខ្លាំងពូកែទាំង ៨នាក់ ដែលចេះជប់ទ័ពដោយបាចអង្ករឲ្យកើតទៅជាសត្វខ្លា ដំរី ស្រាំង ឪម៉ាល់ តតាំងនឹងទ័ពព្រះរាជា។ តែទីបំផុត ត្រូវគេបន្សាបសិល្ប៍បាន ហើយត្រូវគេចាប់ខ្លួន និងប្រហារជីវិតទាំងពីរនាក់។
- ច្បាំងជាមួយព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំ តែអ្នកទាំងពីរត្រូវចាប់បាន ហើយត្រូវប្រហារជីវិតបានទៀត។
- ច្បាំងជាមួយអ្នកសិល្ប៍ខ្លាំងពូកែម្នាក់ដែលបានតាំងខ្លួនជាស្ដេច ឈ្មោះព្រះបាទបាឡីកងចក្រ ដែលជាសិស្សរួមគ្រូជាមួយតេជោមាស តែទីបំផុតត្រូវតេជោមាស បន្សាបមន្តអាគមគាថាបាន ហើយបាឡីកងចក្រ ត្រូវចាប់ខ្លួន និងទទួលទោសប្រហារជីវិត។
- វាយជាមួយព្រះរាមថ្មគោល ដែលមាននាមដើមពញានូ ជាព្រះញាតិវង្ស។ ទ័ពព្រះរាមថ្មគោល ត្រូវទទួលបរាជ័យ ហើយព្រះរាមថ្មគោល បានសុំចុះចូលវិលមកបម្រើព្រះស្រីសុរិយោពណ៌ ជាស្ដេចផែនដីវិញ។
សម្ដេចព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា ជាព្រះមហាក្សត្រសឹកមួយអង្គដ៏អង់អាចក្លាហាន។ រាជ្យរបស់ព្រះអង្គខាងដើម ពោរពេញទៅដោយចំបាំងរាំងជល់ ហើយត្រូវចំណាយពេលអស់រយៈជាង ប្រាំឆ្នាំ ដើម្បីវាយបង្ក្រាប “ពួកថ្លើងឡើងចាង មហាត ដែលបះបោរ” ហើយកើតមានតាំងពីរាជ្យមុនៗមក ដោយសារអំណាចកណ្ដាលចុះខ្សោយនោះ។
ទីបំផុត ព្រះអង្គរៀបចំស្រុកទេសឲ្យបានរៀបរយ បានសុខសន្តិភាពស្ងប់ស្ងៀមជាធម្មតាឡើងវិញ។ ឯកសារខ្លះបាននិយាយថា ព្រះស្រីសុរិយោពណ៌ ជាព្រះមហាក្សត្រខ្មែរដែលបានទទួលឥទ្ធិពលសៀម យ៉ាងខ្លាំង។ ប៉ុន្តែឯកសាររាជពង្សាវតារមហាបុរសខ្មែរវិញ បាននិយាយផ្ទុយទៅវិញថា ព្រះអង្គទ្រង់យល់ថា នគរសៀម តែងតែបៀតបៀនពាធានគរខ្មែរតាំងពីយូរយារណាស់មកហើយ ហើយទឹកដីភាគខាងជើងរបស់ខ្មែរ ក៏ត្រូវបានសៀម រឹបយកអស់ជាច្រើនណាស់ទៅហើយផង។ ដើម្បីរំដោះខ្លួនចេញពីការជិះជាន់របស់សៀម នេះ ព្រះអង្គមិនបានគិតរកបង្អែកពីពួក អឺរ៉ុប ដូចជាព្រះមហាក្សត្រខ្មែរដែលបានសោយរាជ្យមុនៗព្រះអង្គទេ។ ដោយពេលនោះ ប្រទេសវៀតណាម បានទន្ទ្រានលេបយកប្រទេស ចំប៉ា បានជិតអស់ទៅហើយ ហើយវៀតណាម បានក្លាយទៅជាមហាអំណាចមួយជាអ្នកជិតខាងរបស់ខ្មែរផង ព្រះអង្គក៏ទ្រង់ចងសម្ព័ន្ធមេត្រីជាមួយវៀតណាម ដោយស្តីដណ្ដឹងព្រះអង្គម្ចាស់ក្សត្រីអង្គចូវ បុត្រីព្រះចៅយួន ក្រុងវ៉េ ឲ្យបានជាព្រះអគ្គមហេសីរបស់បុត្រាច្បងរបស់ព្រះអង្គ ព្រះនាមព្រះបាទជ័យជេស្តា ក្នុងបំណងធ្វើឲ្យមានទម្ងន់ស្មើគ្នានៅក្នុងជញ្ជីងមួយសម្រាប់ខ្មែរ។ គឺព្រះអង្គទ្រង់ឈ្វេងយល់ថា បើសៀម ចង់ប្រមាថខ្មែរតទៅទៀតនោះ សៀម ក៏គង់គិតកោតញញើតទៅដល់ស្ដេចយួន ខ្លះជាមិនខាន។ ចំណែកយួន វិញ បើនឹងប្រមាថខ្មែរ ក៏គង់គិតកោតញញើតទៅដល់ស្ដេចសៀម ខ្លះមិនខាន។
ព្រះបាទព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា ទ្រង់សោយរាជ្យគ្រប់គ្រងរាស្ត្រប្រជាដោយយុត្តិធម៌ ហើយរៀបចំប្រទេសជាតិឲ្យបានសុខសន្តិភាព និងរីកចម្រើន។ ដល់ឆ្នាំ១៦១៨ នៃគ្រិស្ដសករាជ ព្រះអង្គទ្រង់ដាក់រាជ្យថ្វាយទៅព្រះរាជបុត្រច្បងរបស់ព្រះអង្គ គឺ ព្រះជ័យជេស្តា ដែលវិលត្រឡប់មកពីប្រទេសសៀម វិញឲ្យសោយរាជ្យស្នងព្រះអង្គ។
ព្រះអង្គទ្រង់ចូលទិវង្គតនៅឆ្នាំ១៦១៩ គឺមួយឆ្នាំក្រោយពីព្រះអង្គបានដាក់រាជ្យ។ ព្រះអដ្ឋិធាតុរបស់ព្រះអង្គ ត្រូវគេបញ្ចុះនៅព្រះចេតិយត្រៃត្រិង្សលើភ្នំព្រះរាជទ្រព្យ គឺភ្នំឧដុង្គសព្វថ្ងៃនេះ៕
ផែនដីសម្ដេចព្រះស្រីសុរិយោពណ៌
សម្ដេចព្រះទេវីក្សត្រីជាសម្ដេចព្រះអយ្យកា និងសម្ដេចព្រះសុគន្ធាធិបតី ហើយនិងព្រះរាជគ្រូបុរោហិតថ្វាយនាមសម្ដេចព្រះស្រីសុរិយោពណ៌គ្រងរាជ្យព្រះបរមរាជាធិរាជ ក្នុងឆ្នាំឆ្លូវ ត្រីស័ក ពស.២១៣៥ គស.១៦០៣ មស.១៥២៣ ចស.៩៦២ ក្នុងព្រះជន្មាយុ ៤៦ ឆ្នាំ។ ក្នុងវេលាព្រះរាជពិធី ដែលរៀបចំថ្វាយព្រះអង្គគ្រងរាជសម្បត្តិនេះសម្ដេចព្រះកែវហ្វាពញាញោម ជួបនឹងមន្ត្រីពាលកំណាចជាមនុស្សប្រចុបប្រចែងនោះហើយប្រឹក្សាថា : យើងធ្លាប់ត្រេកសប្បាយនឹងល្បែងផ្សេងៗ។ យើងនឹងល្វែងរកចាប់ប្រពន្ធកូនក្រមុំ ព្រហ្មចារីរបស់ឈ្មោះណាក៏ឥតមាននរណាទើសទាល់នឹងយើងឡើយ។ យើងចង់ចាក់ជង់ ទាក់មាន់ បាញ់សត្វ ក៏អាចធ្វើបានតាមអំពើចិត្តយើងទាំងអស់។ ឥឡូវនេះ សម្ដេចព្រះអយ្យកាស្ដេចលើករាជសម្បត្តិនេះថ្វាយទៅសម្ដេចព្រះសុរិយោពណ៌ហើយ។
ផែនទី ការបះបោរបំបែករដ្ឋ ដើមសម័យ ឧត្តុង្គ
ព្រះរាជពិធីគ្រងរាជ្យនឹងធ្វើនៅថ្ងៃ ១៣ កើត ខែកត្តិកនេះហើយ។ រឿងនេះបើអស់យើងឥតបណ្ដោយ ទៅតាមព្រះទ័យសម្ដេចព្រះបិតុលា 'មាខាងឪពុក" នេះ ព្រះអង្គនេះប្រព្រឹត្តិខុសពីពួកយើង កាលណាឡើយស្ដេចនឹងទ្រង់បណ្ដែតបណ្ដោយ ឱ្យពួកយើងធ្វើតាមអំពើចិត្តបាន។ ខណៈនោះ មន្ត្រីឡេឡពួកខាងសម្ដេចព្រះកែវហ្វាឆ្លើយថា យើងនឹងស្ងៀមនៅព្រងើយមិនបានទេ កុំថាឡើយតែអំពើដែលយើងប្រុងនឹងប្រព្រឹត្តទៅខាងមុខទៀតនោះសូម្បីតែអំពើដែលយើងបានធ្វើកន្លងមកហើយ ដូចជាការកំហែងរាស្ត្រមកពីជាន់មុននោះក្ដី បើយើងបណ្ដោយឱ្យសម្ដេចព្រះស្រីសុរិយោពណ៌ស្ដេចសោយរាជសម្បត្តិកាលណា មុខជារាស្ត្រប្ដឹងរងដីកាសារទុក្ខនឹងយើងវិញមិនខាន ហើយពួកយើងនឹងមានទុក្ខវេទនាជាពុំខានឡើយ។ ដូច្នេះហើយពួកយើងគួរគិតធ្វើតាម ព្រះរាមកែវព្រះភ្លើងដែលពញាថី ទៅពឹងបុណ្យហើយលុកធ្វើគត សម្ដេចព្រះបរមរាជាពញាអន នេះ។ ព្រះរាមកែវព្រះភ្លើងធ្វើដូចម្ដេច យើងត្រូវធ្វើដូច្នោះដែរ ទើបបានរួចខ្លួន។ គិតព្រមគ្នាស្រេចហើយ សម្ដេចព្រះកែវហ្វាពញាញោម និងមន្ត្រីឡេឡេ ទាំងនោះក៏បានចាត់អ្នកស្ម័គ្របក្សពួកខ្លះឱ្យដើរចូលទៅក្នុងពិធីនោះថា មកពីខេត្តនេះខេត្តនោះ។ ពួកខ្លះទៀតឱ្យបបួលទៅទូលសូមពឹងបុណ្យជ្រកក្រោមម្លប់ព្រះបារមីដូច្នេះជាដើម។ សម្ដេចចៅហ្វាទឡ្ហៈសមុហនាយក ដែលនៅចាំព្រះរាជវាំងបានដឹងសេចក្ដីនេះហើយក៏ធ្វើសំបុត្រចាត់បំរើឱ្យយកទៅព្រះរាជវាំងកោះស្លាកែត។ បំរើនាំទៅជូនសេនាបតី សេនាបតីនាំចូលក្រាបបង្គំទូលសម្ដេចព្រះមហាទេវីក្សត្រីសម្ដេចព្រះមហាទេវីក្សត្រីក៏ម្នីម្នាទៅទូលសម្ដេចព្រះរាជនត្តាចៅ ប៉ុន្តែឯកសារច្រឡំហើយព្រោះស្រីសុរិយោពណ៌ ស្ដេចត្រូវជាព្រះភាគិនេយ្យោរបស់សម្ដេចព្រះមហាទេវីក្សត្រី មិនមែនត្រូវជាចៅទេតាមសបត្រមករបស់សម្ដេចចៅហ្វាទឡ្ហៈសមុហនាយក។ ក្នុងខណៈនោះ សម្ដេចព្រះមហាឧភយោរាជទ្រង់ជ្រាបហើយទ្រង់ត្រាស់ហៅ
- ចៅពញាតេជោប៉ាអង្គចៅហ្វាយស្រុកខេត្តសំរោងទងកាលទើបនឹងមកពីធ្វើសង្គ្រាមមួយ
- ពញាជ័យយោធា ចៅហ្វាយស្រុកខេត្តព្រៃកប្បាសមួយ
- ពញារាជាមេត្រីចៅហ្វាយស្រុកភ្នំពេញមួយ
- ពញាស្រែន្យសេនាឫទ្ធីចៅហ្វាយស្រុកលង្វែកមួយ
- ចៅហ្វាយស្រុកក្រគរមួយ
ខណៈនោះព្រះអង្គកែវហ្វា និងទាំហាន ក៏ស្រវឹងស្រាដួលដេកទាំងអស់គ្នា។ ចៅពញាតេជោប៉ាអង្គដែលត្រៀមខ្លួនចាំនៅទីនោះឃើញហើយក៏ស្គាល់ជាក់ជាប័ក្សពួកសម្ដេចព្រះកែវហ្វាហើយក៏បង្គាប់ឱ្យសេនាទាហានចូលចាប់ចងបានទាំងអស់ព្រមទាំងសម្ដេចព្រះកែវហ្វាផង។ លុះព្រឹកឡើងចៅហ្វាយស្រុកទាំង ៧ ខេត្ត នាំឈ្លើយ ៤៥០ នាក់និងព្រះកែវហ្វាទៅថ្វាយព្រះមហាឧភយោរាជគ្រងរាជ្យបរមរាជាធិរាជ។ ទើបសម្ដេចព្រះមហាឧភយោរាជ ព្រះអង្គត្រាស់ឱ្យចៅពញាតេជោប៉ាអង្គនាំឈ្លើយទាំងនោះ យកទៅឱ្យធ្វើជាពលព្រះរាជយានខ្លះ ជាពលស្មៅដំរីខ្លះ លើកលែងតែសម្ដេចព្រះកែវហ្វាមួយព្រះអង្គចេញស្ដេចត្រាស់ឱ្យប្រហារជីវិតបង់ នឹងខ្លឹមចន្ទន៍ ហើយយកទៅទំលាក់ទឹកចោលទៅ។ ក្នុងគ្រានោះ អាណាប្រជានុរាស្ត្រត្រេកអរសាទរ ហើយឱ្យសព្ទសាធុការពរជាសន្ធឹកគឹកកងពន់ប្រមាណ។ ខ្លះយកគោក្របី សំពត់អាវសាវស្បៃមកក្រាបទូលថ្វាយព្រះបរមបពិត្រច្រើនជាអនេក។
តាំងតែពីនោះរៀងមក ស្រុកតូចធំមកចុះចូលនឹងព្រះអង្គខ្លះៗហើយ នៅឡើយតែព្រះរាមបាទី ព្រះរាមត្បូងឃ្មុំ ព្រះរាមបាភ្នំ ព្រះរាមថ្មគោល ព្រះរាមទ្រាំងទាំង ៥ នេះនៅរឹងទទឹងពុំព្រមចំណុះព្រះអង្គឡើយ។ ពេលនោះព្រះបរមបពិត្រគ្រងរាជ្យ ព្រះអង្គមានសុភអក្សរចាត់ឧកញ៉ាប្រាជ្ញាធិបតីមួយ ឧកញ៉ាបំរើបុរីរក្សមួយ ព្រះស្រសារទេពមួយជារាជទូត ទោទូត ត្រីទូតនាំរាជបណ្ណាការ និង សុភអក្សរនេះទៅថ្វាយស្ដេចទេពបុរីស្រីអយុធ្យា។ អំពីរឿងធ្វើគតព្រះកែវអង្គហ្វា ពញាពោមនោះ ព្រះរាជពង្សាវតាររបស់រាជបណ្ណាល័យភាគ៤ លេខ ៥៣-៤ មានសេចក្ដីប្លែកពីសាស្ត្រាវត្តកំពង់ត្រឡាចក្រោមដូចតទៅនេះ :
ផែនទី ការបះបោរបំបែករដ្ឋ ដើមសម័យ ឧត្តុង្គ
ផែនទី ការបះបោរបំបែករដ្ឋ ដើមសម័យ ឧត្តុង្គ
ឯពញាញោម ដែលត្រូវបន្ថយពីតំណែងគ្រងរាជ្យចេញ គង់នៅខេត្តស្រីសឈរនោះ ពួកមហាមាត្យទាំងប៉ុន្មាននាំញុះញង់ក៏តូចព្រះទ័យគិតក្បត់ដណ្ដើមយករាជសម្បត្តិ។ ចាត់ពួកមហាមាត្យឱ្យទៅប្រមូលពួកក្បត់ត្រើយខាងជើងបានខ្លះ នៅខែផល្គុន ឆ្នាំថោះ បញ្ចស័កនោះ ពញាញោមនាំពួកមហាត លបចេញទៅខេត្តកំពង់ស្វាយហើយបញ្ចុះបញ្ចូលបានចៅមឿងសែន ចៅមឿងស្ទោង ចៅហ្វាយស្រុកដែលឈរខេត្តកំពង់ស្វាយ ប្រមូលសេនាទាហានដាក់ក្នុងបន្ទាយចាំទទួលច្បាំងហើយធ្វើសំបុត្រប្ដឹងមកអ្នកឧកញ៉ាក្រឡាហោមកែវ ឱ្យយកសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាប។ អ្នកឧកញ៉ាក្រឡាហោមកែវក៏ក្រាបបង្គំទូលតាមការណ៍ទ្រង់មានព្រះតំរាស់ថា អានេះពេញជាព្រហើននឹងបណ្ដោយពុំបាន។ មួយទៀតក្រែងវាដោះខ្លួនរត់ទៅនគរសៀម ទូលស្ដេចសៀមដោយសេចក្ដីទុច្ចរិត។ ឯសៀមចិត្តពុំសត្យាចង់តែសង្កត់ ព្រះនគរយើងឱ្យរាបដូចជាផ្ទៃស្គរមិនឱ្យតាំងខ្លួនបាន។ ហេតុនេះហើយ យើងត្រូវតែចាត់ព្រះរាជទូតឱ្យទៅទូលស្ដេចសៀមដើម្បិសុំកងទ័ពមកជួយវាយផ្ទប់ពីខាងលិច ខាងជើង។ សៀមនឹងជឿថាយើងសុចរិត ហើយឱ្យកងទ័ពលើកមកជួយ យើងជាពុំខាន។ បើទ្រង់ព្រះរាជបញ្ជាឧកញ៉ាក្រឡាហោមកែវ១ ព្រះទេពបវរជូនអ៊ុក១ ឧកញ៉ាវង្សាភូបេស្វ័រសៅ១ ឱ្យអញ្ជើញព្រះរាជសារទៅក្រុងស្រីអយុធ្យា។ លុះទៅដល់ហើយ ក៏ថ្វាយព្រះរាជសារនោះទៅព្រះនរេឝ្វរៗ ទ្រង់ឱ្យព្រះឯកាឧយរដ្ឋប្រែសេចក្ដីថ្វាយសេចក្ដីថា : ដ្បិតព្រះកែវហ្វាក្បត់នឹងទ័ពទៅព័ទ្ធចាប់ក្រែងរត់ចូលមកក្នុងស្រីអយុធ្យា។ សូមទ្រង់ព្រះមេត្តាឱ្យលើក កងទ័ពទៅផ្ទប់ពីខាងលិច ខាងជើង។ ខ្ញុំនឹងលើកមកវាយពីខាងត្បូង ខាងកើត ដើម្បីកុំឱ្យរត់រួច។ ស្ដេចសៀមទាំងពីរអង្គកាលបើបានជ្រាបហើយក៏ទ្រង់ចាត់ព្រះមហាធម្មារាជាជាព្រះរាជបុត្រាជាមេទ័ពធំ។ ពញាធម្មាធិបតីជាទ័ពមុខ។ ពញាកំពែងពេជ្រជាប៉ែកឆ្វេង។ ពញាសួគ៌លោកប៉ែកស្ដាំ។ ពញាលោកថៃជាទ័ពក្រោយ ព្រមដោយនូវរេហ៍ពលជាច្រើន។ លើកចេញមកជាពីរផ្លូវគឺ ខាង មហានគរវត្តមួយផ្លូវ ខាងខេត្តបាត់ដំបង មួយផ្លូវលុះលើកទ័ពមកដល់ស្រុកព្រំប្រទល់ដែននោះ អ្នកឧកញ៉ាក្រឡាហោមកែវចាត់ឧកញ៉ាវង្សាភូបេស្វ័រសៅឱ្យចូលមកក្រាបបង្គំទូលសម្ដេចព្រះមហាឧភយោរាជ "ព្រះស្រីសុរិយោពណ៌" សូមទ្រង់ជ្រាបជាមុខសព្វគ្រប់ប្រការ។ សម្ដេចព្រះមហាឧភយោរាជទ្រង់ជ្រាបហើយ ទ្រង់ចាត់ឱ្យប្រមូលសេនាទាហាននិងដំរីសេះជាស្រេច ទើបទ្រង់ចាត់ព្រះឧទ័យរាជបុត្រាឱ្យធ្វើជាមេទ័ពធំ។ ឧកញ៉ាចក្រីបីជាទ័ពមុខ។ ឧកញ៉ាអធិរាជវង្សាសួសជាប៉ែកឆ្វេង។ ឧកញ៉ាវិបុលរាជសូរជាប៉ែកស្ដាំ។សេនាទាហានមានចំនួន ៥០០០ នាក់។ ថ្ងៃ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ជាថ្ងៃបានឫក្សបវរជ័យមង្គល។ សម្ដេចព្រះឧទ័យទ្រង់ក្រាបថ្វាយបង្គំព្រះវររាជបិតា ស្ដេចឱ្យគោះគងទូងភេរីជាសញ្ញាឱ្យមេទ័ពគ្រប់កង គ្រប់ផ្នែកលើកកងទ័ពឆ្លងទៅត្រើយខាងជើង។ ដំណើរទ័ពរៀងទៅដល់ខេត្តស្ទោង។
ចំណែកព្រះមហាធម្មរាជាជារាជបុត្រស្ដេចសៀម និងឧកញ៉ាក្រឡាហោមកែវបានចំលងសេនាទាហានទៅដល់ខេត្តស្ទោងដែរ បានជួបនឹងទ័ពសម្ដេចព្រះឧទ័យហើយក៏សន្ធប់ទ័ពខ្មែរ-សៀម ចោមវាយបន្ទាយខេត្តស្ទោង។ នៅពេលនោះ សម្ដេចព្រះអង្គកែវហ្វាពញាញោមក៏លើកកងទ័ពចេញមកទទួលច្បាំងនឹងទ័ពខ្មែរ សៀមទាល់តែបែកទ័ព ហើយនាំមហាតលិករត់ដោះខ្លួនរួចទៅ។ កាលបើទ័ពខ្មែរសៀមវាយ បន្ទាយស្ទោង បែកហើយនោះ ព្រះមហាធម្មរាជាជារាជបុត្រស្ដេចសៀមក៏លាសម្ដេចព្រះឧទ័យលើកទ័ពត្រឡប់ទៅក្រុងស្រីអយុធ្យាវិញ។ ចំណែកខាងសម្ដេចព្រះឧទ័យធិរាជ លុះព្រះរាជបុត្រស្ដេចសៀមលើកទ័ពត្រឡប់ទៅវិញហើយ ស្ដេចចាត់ឧកញ៉ាចក្រីបីឱ្យលើកទ័ពដេញតាមសម្ដេចព្រះកែវហ្វា។ ពេលនោះកងទ័ពលើកទៅទាន់ក៏ចោមព័ទ្ធចាប់ ប៉ុន្តែពួកមហាតលិកសម្ដេចព្រហកែវហ្វាសុទ្ធតែមនុស្សខូចបានឃើញកងទ័ពព័ទ្ធជុំវិញហើយ ក៏នាំគ្នារត់ចោលម្ចាស់ខ្លួនអស់ទៅនោះទ័ពខាងសម្ដេចព្រះឧទ័យចោមចាប់សម្ដេចព្រះកែវហ្វាបាន ហើយចង់នាំមកថ្វាយសម្ដេចព្រះឧទ័យ។ សម្ដេចព្រះឧទ័យទ្រង់ចាត់ឱ្យកងទ័ពឃុំសម្ដេចព្រះកែវហ្វា ហើយស្ដេចលើកទ័ពត្រឡប់មកកោះស្លាកែតវិញ យកទាំងសម្ដេចព្រះកែវហ្វាមកជាមួយផង ចូលក្រាបបង្គំទូលគាល់សម្ដេចព្រះវររាជបិតា ទូលពីព្រះរាជបុត្រសៀម លើកទ័ពមកជួយធ្វើសង្គ្រាមសព្វគ្រប់។ សម្ដេចព្រះវររាជបិតា ទ្រង់ព្រះសោមន្សណាស់ទើបប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ចំពោះព្រះរាជបុត្រ និងនាយកង នាយទ័ពតាមដែលបានគុណបំណាច់។ ខណៈនោះ សម្ដេចព្រះមហាឧបយោរាជទ្រង់វិនិច្ឆ័យកាត់ទោសសម្ដេចព្រះកែវហ្វាពញាញោមថា: ការណ៍ដែលពញាញោមប្រព្រឹត្តក្បត់យ៉ាងនេះ នឹងទុកឱ្យរស់នៅតទៅទៀតមិនបាន ព្រោះសម្ដេចព្រះកែវហ្វា ពុំព្រមស្រឡាញ់រាប់អានយើងជាមាសោះ។
ទើបទ្រង់ចាត់ភ្នាក់ងារជាមុខក្រសួងឱ្យនាំយកសម្ដេចព្រះកែវហ្វា ទៅធ្វើគត ដោយច្រកក្នុងការុងបំផ្លេង ក្នុងទឹកទន្លេចតុមុខនៅថ្ងៃ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក។ រីឯស្ម័គ្រប័ក្សពួកទាំងប៉ុន្មាន ក៏ប្រហារជីវិតទាំងអស់ដែរ។ ចំណែកព្រះញាតិខាងព្រះមាតាពញាញោម និងប្រពន្ធកូន ទ្រង់ឱ្យរឹបបញ្ចូលទៅក្នុង ពួកពលព្រះស្រីរតនត្រ័យ ខ្លះជាពលពិសេសខ្លះ។ សេចក្ដីដែលមានប្លែកគ្នារវាងព្រះរាជវង្សាវតារ របស់ព្រះរាជបណ្ណាល័យ និងសាស្ត្រាវត្តកំពង់ត្រឡាចក្រោមអស់សេចក្ដីតែប៉ុណ្ណោះ។ នៅពេលដែលព្រះរាជទូតនាំទូត នាំព្រះសុភអក្សរនេះទៅនេះ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូងត្រាស់ប្រើចៅពញាតេជោប៉ាអង្គជាមេទ័ពឱ្យចេញប្រាប់ប្រាមព្រះរាមបាទី និងព្រះរាមទ្រាំង។ ទ្រង់ព្រះរាជទានឱ្យចៅពញាតេជោប៉ាអង្គមានអំណាចជាក្រស័ត្រសឹកដូចដើមដដែល។ ខណៈនោះចៅពញាតេជោប៉ោអង្គក៏ក្រាបថ្វាយបង្គំលាចេញទៅ ហើយចាត់ចៅពញាស្នេហាតេជោបាឡាត់ស្ដាំឱ្យឃុំពល ៦០០ នាក់ជាទ័ពឆ្វេង។ ចាត់ពញាចក្រីតេជោបាឡាត់ឆ្វេងឱ្យឃុំពល ៥០០ ជាទ័ពស្ដាំ។ ចាត់ឧកញ៉ាមន្ត្រីតេជោស្នងស្ដាំឱ្យឃុំពល ៥០០ នាក់ជាទ័ពឆ្វេង។ ឱ្យសុភតេជោស្នងឆ្វេងឃុំ ៥០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនពញាតេជោប៉ាអង្គឯងឃុំពល ៥៤០០ នាក់ជាទ័ពហ្លួង។ លុះដល់បានឫកពារពេលាល្អហើយ ចៅពញាតេជោប៉ាអង្គក៏បង្គាប់ឱ្យលើកទ័ពចេញទៅបោះទ័ពនៅភូមិចំបក់ ហើយបោះទ័ពធំនៅត្រង់ទន្លេបាទី។ ព្រះរាមបាទីតាំងបន្ទាយសេនារេហ៍ពល នៅប្រាសាទវាំងរាជភ្នំជីសូរ គឺភ្នំជីសូរសព្វថ្ងៃនេះមានគ្រូធ្មប់អាប ៧៨ នាក់ដែលពូកែសក្ដិសិទ្ធិ។ លុះដឹងថាទ័ពពញាតេជោប៉ាអង្គលើកទៅដល់ហើយ បានបោះទ័ពនៅត្រង់ភូមិចំបក់ នោះ ព្រះរាមបាទីក៏ចាត់រេហ៍ពល និងគ្រូធ្មប់អាបទាំង ៧៨ នាក់ឱ្យឃុំពលរួចហើយឱ្យលើកចេញទៅ។ ខណៈនោះចៅពញាតេជោប៉ាអង្គដែលជាមេទ័ពមុខ កាលដែលលើកកងទ័ពចេញទៅនោះ ក៏បានជួបនឹងទ័ពព្រះរាមបាទី ហើយក៏បញ្ជាឱ្យពលចូលច្បាំងតតាំងគ្នា។ មេកងទ័ពខាងព្រះរាមបាទី បានសំដែងសិល្ប៍អាសិរពិសធ្មប់អាបទៅត្រូវ កងទ័ពខាងពញាស្នេហាតេជោ។ ទ័ពទាំងនោះ ខ្លះត្រូវវាឈឺពោះ ខ្លះសៀតឆ្អល់ នឹងទ្រាំនៅច្បាំង តទៅទៀតពុំបាន។ ទ័ពទាំងនោះ ក៏រត់បែកខ្ញែកចេញពីទីនោះ មករកទ័ពខាងចៅពញាតេជោប៉ាអង្គ ដែលជាមេទ័ពធំ ហើយជំរាបតាមដំណើរការណ៍។ ចៅពញាតេជោប៉ាអង្គចាត់ឱ្យយកហៅយកខ្លួនអ្នកស្រុកខ្លះមកសាកសួរសេចក្ដី ហើយទើបបានដឹងថាព្រះរាមបាទីនេះ ចិញ្ចឹមធ្មប់អាបចំនួន ៧៨ នាក់។ ថាបើមានឈ្មោះណាហើយ ហ៊ានរឹងទទឹងមិនព្រមស្ដាប់បង្គាប់ព្រះរាមបាទី ឬ មិនព្រមចុះចូលនឹងខ្លួនគេទេ ព្រះរាមបាទីនឹងចាត់ឱ្យគ្រូធ្មប់-អាបទាំងនោះ ធ្វើឈ្មោះនោះឱ្យឈឺចុកសៀតមិនខាន។ បណ្ដាលហេតុដូច្នេះហើយ ទើបបានជារាស្ត្រកោតខ្លាចចុះចូលនឹងព្រះរាមនេះជាច្រើននាក់។ ចៅពញាតេជោប៉ាអង្គ បានដឹងការណ៍នេះច្បាស់ហើយ ក៏បកសំបុត្រចូលមកក្រាបបង្គំទូល ព្រះបរមបពិត្រសូមទ្រង់ជ្រាបគ្រប់ប្រការ។ ខណៈនោះ ព្រះបរមបពិត្រទ្រង់ត្រាស់បង្គាប់ ឧកញ៉ាក្រឡាហោមឱ្យកេណ្ឌរេហ៍ពលបាន ៦០០០ នាក់ចែកនាយកងនាយទ័ព ឱ្យឃុំពល មុខ ក្រោយ ឆ្វេង ស្ដាំ ហើយព្រះអង្គចូលស្រង់ទ្រង់គ្រឿងរៀបពាក់គ្រឿងរណរង្គយុទ្ធឡើងគង់ព្រះទីនាំងនាវា ព្រមដោយស្វេតឆ័ត្រ ៧ ជាន់និងបាំងសែត បាំងសែង ព្រះសុរិយាតូរ្យតន្ត្រី ចាមរ បាយម៉ន សែនត្វាន់ ទង់ជ័យប្រពៃ នូវគ្រឿងអាវុធមុតថ្លា សេនាទាហានលើកចេញទៅ ទៅប្រថាប់កងទ័ពនៅកំពង់ជើងលោង។ ចៅពញាតេជោប៉ាអង្គ ក្រោយពេលដែលបានចាត់សំបុត្រ ឱ្យបំរើនាំយកទៅក្រាបបង្គំទូលថ្វាយនោះ លុះដល់វេលាយប់ក៏នាំមេកងទ័ពទាំង ៤ នាក់ក្លែងខ្លួនធ្វើជារាស្ត្រអ្នកស្រុកសាមញ្ញដើរទៅដល់ស្រះកែវ ប្របភ្នំរាជឥសូរ ជីសូរ " និងទន្លេអុំ នៅខាងត្បូងភ្នំរាជឥសូរ ហើយក៏បង់ថ្នាំបន្សាបអាសិរពិសនោះ រួចហើយក៏លបឡើងទៅលើភ្នំនោះឈរពិនិត្យមើលកន្លែងសឹកទៀត។ បានឃើញមេកងមេទ័ពខាងព្រះរាមបាទីកំពុងតែនាំគ្នាស៊ីផឹកសើចលេងសប្បាយពញាតេជោប៉ាអង្គ ក៏តាំងតែយកថ្នាំមកផ្លុំបង្ហើរពីលើភ្នំតំរង់ទៅលើកកងទ័ពព្រះរាមបាទីទាំង ៥ កង។ លុះចាត់ការនេះស្រេចហើយ ចៅពញាតេជោប៉ាអង្គ ក៏តាំងយិតមេយច្ឆាយអនាប្រាណ មេយច្ឆាយស្រមោលមេឃ។ ឈ្មោះវិជ្ជាម្យ៉ាងប្រើវិធីសំឡឹងមេឃ ហើយទាយតាមចំណាំឃើញថានៅ ៧ ថ្ងៃទៀតទើបសិល្ប៍ធ្មប់អាបទាំងនោះសាប។ ខណៈនោះព្រះរាមបាទីរៀបចំបំរុងនឹងចុះទៅកំពង់ជើងលាង។
ចៅពញាតេជោប៉ាអង្គដឹងហើយ ក៏នាំគ្នាចុះពីលើភ្នំត្រឡប់មកបន្ទាយរបស់ខ្លួនវិញ។ ពញាតេជោប៉ាអង្គប្រុងថានឹងចាត់កងទ័ពអោយរាយគ្នាចាំស្ទាក់ផ្លូវសត្រូវ តែទទួលជាបានដំណឹងថា ព្រះបរមបពិត្រស្ដេចទ្រង់លើកកងទ័ពមកដល់កំពែងជើងលោងនោះដែរ ហើយទ្រង់ចាត់ឧកញ៉ាក្រឡាហោមមួយ ឧកញ៉ាចក្រីមួយឱ្យបោះកងទ័ពជាពីរផ្លូវនោះ ពញាតេជោប៉ាអង្គត្រេកអរណាស់ ប្រាប់នាយកងនាយទ័ពរបស់ខ្លួនថា: យើងមុខជានឹងបានសំរេចការណ៍នេះឆាប់រហ័ស ថានៅកំណត់តែ ៧ ថ្ងៃទៀតទេយើងអាចនឹងចាប់សត្រូវបានជាមិនខាន បើដូច្នេះត្រូវនាយកងទាំងឡាយ ខំប្រឹងព្រួតគ្នាដើម្បីនឹងដណ្ដើមយកថ្វីដៃឱ្យខាងតែបាន។ នាយកងនាយទ័ពទាំងអស់ក៏ព្រឺក្នុងចិត្តមានគំនិតព្រមគ្នាជាធ្លុងមួយ។ នៅពេលនោះ នាយកងនាយទ័ពទាំងអស់ក៏តាំងសំពះគំនាប់ចៅហ្វាយនាយរបស់ខ្លួនហើយជំរាបថាសូមព្រះតេជគុណកុំព្រួយបារម្ភអ្វីឡើយ យើងខ្ញុំប្របាទម្ចាស់ទាំងអស់គ្នាបានប្រុងស្នៀតជាស្រេចហើយ។ ឯគ្រូធ្មប់ទាំង ៧៨ នាក់នោះ កាលបើឈ្នះទ័ពឧកញ៉ាស្នេហាតេជោហើយ ក៏កំរើកចិត្តឥតមានគិតការណ៍អ្វីសោះ។ គ្រូអាបធ្មប់ទាំង ៧៨ នាក់នេះទៅងូត ផឹកទឹកស្រះកែវទន្លេអុំ ហើយក៏ត្រូវថ្នាំបន្សាបនោះដោយមិនដឹងខ្លួនក៏ស្រាប់តែអស់កំលាំងទន់ដៃទន់ជើងវិលមុខល្ងីល្ងើគ្រប់គ្នា។ លុះឮថាកងទ័ពចៅពញាតេជោប៉ាអង្គចោមព័ទ្ធហើយ ក៏បរពលឱ្យចូលតតាំង តែគ្រួទាំង ៧៨ នាក់នោះ ទន់ដៃទន់ជើងភ្លាត់ស្មារតីនិងរាយមន្តអាបធ្មប់ ដូចពេលមុនទៀតក៏ពុំបាន។ ខណៈនោះ កងទ័ពមុខក្រោយ ឆ្វេងស្ដាំ និងចៅពញាតេជោប៉ាអង្គក៏តាំងរត់ឡើងទៅលើភ្នំ។ ឯព្រះរាមបាទីឃើញហើយក៏នាំសេនាទាហានចូលតតាំងច្បាំងនឹងចៅពញាតេជោប៉ាអង្គ និងអាយ៉តជាបាវជំនិត។ នាយកងនាយទ័ព ទាំងប៉ុន្មាននាក់នេះក៏ចូលកាប់ទាហានព្រះរាមបាទី ស្លាប់អស់ ៥៧ នាក់ និងរបួសពិការអស់ជាច្រើននាក់ទៀត។ ព្រះរាមបាទីទ្រាំពុំបានក៏នាំសេនាទាហាន ៧០ នាក់រត់ចុះពីលើភ្នំមកដើម្បីនឹងរត់ទៅកំពង់ជើងលោងប្រយោជន៍ និងកាត់ទៅរកព្រះរាមបាភ្នំ នឹងគិតកិច្ចការសឹកសង្គ្រាមតទៅទៀត។ លុះរត់ក៏ជួបនឹងទ័ពឧកញ៉ាចក្រីមួយ ឧកញ៉ាក្រឡាហោមមួយ ជាមេកងទ័ពហ្លួងដែលចាំស្កាត់ផ្លូវនៅទីនោះ។ មេទ័ពហ្លួងទាំង ២ នាក់បានឃើញព្រះរាមបាទីព្រមទាំងស្ម័គ្រប័ក្សពួកកំពុងតែនាំគ្នាគេចខ្លួនរត់ដូច្នេះហើយ ក៏បញ្ជាឱ្យសេនាទាហានចូលកាប់ចាក់ មានស្លាប់ខ្លះ ចាប់ខ្លួនបានខ្លះ ចាប់បានទាំងខ្លួនព្រះរាមបាទីនោះផង។ កាលនោះមេទ័ពហ្លួងទាំង ២ ចាប់បានប័ក្សពួកព្រះរាមបាទីទាំងអស់ចំនួន ៣២ នាក់ហើយនាំយកទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រ។ ព្រះបរមបពិត្រស្ដេចត្រាស់បង្គាប់ឱ្យប្រហារជីវិតចោលទាំងអស់។ ឯញាតិសន្តានបុត្រភរិយា របស់ខ្មោចទាំង ៣២ នាក់នោះ ទ្រង់ត្រាស់ឱ្យដាក់ជាពលដំរីខ្លះ ជាពលអង្គរ័ក្សខ្លះ។ ចៅពញាតេជោប៉ាអង្គ ជាមេទ័ពបានជោគជ័យ ហើយចាប់បានគ្រូអាបធ្មប់ទាំង ៧៨ នាក់ និងសេនាទាហានរបស់ព្រះរាមបាទី ១១ នាក់ទៀត ទាំងអស់រួមត្រូវជា ៨៩ នាក់ ហើយចាត់ឱ្យបំរើនាំយកមកក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រនៅព្រះពន្លាកំពង់ជើងលោង។ ព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ឱ្យក្រុមព្រះនគរបាល និងក្រុមតុលាការជំនុំសំរេចទោសតាមច្បាប់។
ក្រុមព្រះនគរបាលក៏នាំយកខ្លួនទាំង ៨៩ នាក់នោះទៅប្រហារជីវិតតាមសេចក្ដីសំរេចរបស់តុលាការ។ ចៅពញាតេជោប៉ាអង្គ ក្រោយដែលបានចាត់ឱ្យបំរើនាំមនុស្សទោស ៨៩ នាក់ទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រស្រេចហើយ ក៏លើកទ័ពមុខក្រោយសំដៅទៅខេត្តទ្រាំងទៀត។ ដល់ហើយក៏បញ្ឈប់កងទ័ពនៅវាលខាងជើង បន្ទាយព្រះបាទជានជុំ ចំងាយពី ភ្នំបាយ៉ង់កោ ទៅប្រមាណជា ៧០ សិន ហើយចៅពញាតេជោប៉ាអង្គចាត់ឱ្យសេនាទាហានចាប់អ្នកស្រុកបាន ៣ នាក់យកមកសាកសួរតាមដំណើរ។ លុះដឹងថាព្រះរាមទ្រាំង នៅលើភ្នំព្រះបាទជាន់ជុំហើយថាព្រះរាមទ្រាំងខ្លាំងពូកែណាស់ ដោយមានឈ្មោះអាចារ្យជ័យមួយ អាចារ្យឃ្លោកមួយ គ្រូសំរិតមួយ គ្រូសាំងមួយ គ្រូព្រាបមួយ គ្រូថោងមួយ ហ្មកែវមួយ ហ្មថោងមួយ ទាំង ៨ នាក់នេះសុទ្ធសឹងតែមានតំរិះ វិជ្ជាការសិល្ប៍សាស្ត្រដោយខ្លួនៗពីគ្នា។ ថាគ្រូទាំង ៨ នាក់នេះចេះចាប់បាចអង្ករ ឱ្យកើតទៅជាស្រាំង ឱម៉ាល់ តាឪ និងឃ្មុំជាដើម ក៏បានឱ្យកើតទៅជាខ្លា ដំរី ក្របីព្រៃ ដេញជាន់ ជល់វ័ធក៏បាន។ ខណៈនោះចៅពញាតេជោប៉ាអង្គ ដឹងហើយពុំទាន់សំរេចឱ្យកងទ័ពចេញទៅវាយទេ ដោយនៅកំពុងតែគិតរកកលកិច្ចក្នុងការធ្វើសង្គ្រាមនេះ ប៉ុន្តែគ្រាន់តែបានចាត់ឱ្យតាំងបន្ទាយរាយទ័ពតាមក្បួនពិជ័យសង្គ្រាមនៅទីនោះរួចជាស្រេច។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចបានលើកកងទ័ពទៅប្រថាប់នៅកំពង់ក្បាលពោធិ៍ ក្នុងខេត្តទ្រាំង។
ចំណែកឯរាជទូតដែលនាំព្រះសុភអក្សរនោះ កាលបានទៅដល់ក្រុងទេពបុរីស្រីអយុធ្យាហើយ ក៏ចូលទៅប្ដឹងសេនាបតីសៀម។ សេនាបតីនាំរាជទូតខ្មែរឡើងបង្គំទូលព្រះចៅក្រុងទេពបុរីស្រីអយុធ្យា។ ព្រះចៅក្រុងទេពបុរីទ្រង់ត្រាស់ឱ្យលាមប្រែសេចក្ដីមើលទៅឃើញថា: ព្រះស្រីសុរិយោពណ៌សុំយកសម្ដេចឧទ័យ និង សម្ដេចព្រះជ័យចេស្ដា រាជបុត្រទាំងពីរព្រះអង្គឱ្យសាងចេញទៅជួយប្រាបប្រាមសឹកសត្រូវ។ ដ្បិតមានព្រះថ្កើងបះក្នុងខេត្ត ធំៗ ទាំងប៉ុន្មាននៅក្នុងដែនកម្ពុជា។ សម្ដេចព្រះពុទ្ធចៅទ្រង់ជ្រាបហើយស្ដេចត្រាស់បង្គាប់ចៅពញាក្រឡាហោមឱ្យចាត់កងទ័ពខ្មែរ ខ្មែរ-លាវ បាន៥០០ នាក់ ឱ្យជូនសម្ដេចព្រះឧទ័យនិងសម្ដេចព្រះជ័យចេស្ដាជាព្រះរាជបុត្រ សម្ដេចព្រះស្រីសុរិយោពណ៌ទៅក្រុងកម្ពុជាធិបតីតាមផ្លូវជើងទឹក។ ខណៈនោះ ចៅពញាក្រឡាហោមចាត់ពលឱ្យតាក់តែងទូកចំបាំងថ្វាយតាមព្រះរាជបញ្ជា។ រួចស្រេចហើយសម្ដេចព្រះឧទ័យ និងសម្ដេចព្រះជ័យចេស្ដាក៏ថ្វាយបង្គំលាចុះទូកព្រះទីនាំងត្រាច់ចរតំរង់មកខេត្តកំពត។ លុះទ្រង់ជ្រាបអំពីកិច្ចរាជការថា ចៅពញាតេជោប៉ាអង្គលើកទ័ពមកបោះនៅចុងខាងជើងភូមិព្រះបាទជាន់ជុំ ថាសម្ដេចព្រះវររាជបិតាក៏ស្ដេចយាងមកគង់ប្រថាប់នៅត្រង់កំពង់ក្បាលពោធិ៍ដែរនោះ ទើបទ្រង់ត្រាស់បង្គាប់ទៅចៅហ្វាយស្រុកខេត្តកំពត ឱ្យដាក់គយយាមល្បាត កុំឱ្យសត្រូវចូលមកប្លែមប្លមបាន ហើយស្ដេចក៏បន្តព្រះរាជដំណើរទៅដល់ខេត្តទ្រាំង ប៉ែកខាងត្បូង ជើងកញ្ចុំ ហើយទ្រង់ចាត់ឱ្យតែងព្រះរាជបន្ទូលប្រែប្រាប់ទៅចៅហ្វាយស្រុក ខេត្តបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ សងវិហារមួយ មាត់ជ្រូកមួយ ឱ្យមកជួបជុំហើយទ្រង់ត្រាស់បង្គាប់ ឱ្យឈរខាំងរាំងខេត្តត្រៀមខ្លួនកុំឱ្យព្រះរាមទ្រាំងកេណ្ឌយកបណ្ដារាស្ត្រទៅធ្វើជាកងទ័ព ព្រមទាំងចូលមកប្លែមប្លមបានឡើយ។
លុះចាត់ការនេះរួចស្រេចបាច់ហើយទើបស្ដេចធ្វើព្រះរាជដំណើរឆ្ពោះទៅដល់កំពង់ក្បាលពោធិ៍ ហើយចូលក្រាបបង្គំគាល់សម្ដេចវររាជបិតា។ សម្ដេចវររាជបិតា កាលទ្រង់ឃើញព្រះរាជបុត្រទាំងពីរព្រះអង្គយាងមកដល់ហើយ ទ្រង់មានព្រះរាជអំណរណាស់។ ទ្រង់ត្រាស់សាកសួរសេចក្ដីសុខទុក្ខសព្វគ្រប់ប្រការហើយ ទើបសម្ដេចព្រះស្រីសុរិយោពណ៌គ្រងរាជ្យបរមរាជាធិរាជ ជាសម្ដេចព្រះវររាជបិតាត្រាស់បង្គាប់ព្រះរាជបុត្រទាំងពីរព្រះអង្គឱ្យឃុំពល ៦០០០ នាក់លើកទៅជួយចៅពញាតេជោប៉ាអង្គ។ សម្ដេចព្រះរាជបុត្រទាំងពីរព្រះអង្គ ទទួលព្រះឱង្ការសម្ដេចព្រះវររាជបិតា ហើយក៏ចាត់ចែងរៀបទ័ពដូចតទៅនេះ។ ១. ឱ្យសម្ដេចព្រះឧទ័យជាព្រះអនុជឃុំពល ១០០០ នាក់ជាទ័ពមុខ ២. ឱ្យឧកញ៉ាក្រឡាហោម ឃុំពល ៥០០០ នាក់នៅរក្សាសម្ដេចព្រះវររាជបិតា ៣. ឱ្យឧកញ៉ាចក្រីឃុំពល ៥០០ នាក់ជាទ័ពស្រួច ៤. ឱ្យឧកញ៉ារាជាមេត្រី ឃុំពល ៥០០ នាក់ជាទ័ពប៉ែកស្ដាំ ៥. ឱ្យឧកញ៉ាវិបុលឃុំពល ៥០០ នាក់ជាទ័ពប៉ែកឆ្វេង ៦. ឱ្យឧកញ៉ានរិន្ទនាយក ឃុំពល ៥០០ នាក់ជាទ័ពប៉ែកក្រោយ ៧. ឱ្យឧកញ៉ាសស្ត្រាភោជនាពហុទេពឃុំពល ៥០០ នាក់ជាទ័ពរបៀងស្បៀង ៨. សម្ដេចព្រះជ័យចេស្ដាព្រះអង្គឯង ឃុំពល ២០០០ នាក់ជាកងទ័ពហ្លួង។ លុះបាន ឫក្សស្រេចហើយ ទើបសម្ដេចព្រះជ័យចេស្ដា ព្រះរាជបុត្រច្បងទ្រង់គ្រឿងរាជរណយុទ្ធ ឡើងគង់លើព្រះទីនាំងខជេន្ទ្រាដែលចងគ្រឿងរឿណរង្គ រចនាគ្រប់ប្រការ។ ព្រះរាជហោរាគោះគងទូងភារី មានមន្ត្រីជិះដំរីចំលងសឹករាំកាន់កន្ទុយក្ងោក បោកបង្គាប់សេនាទាហាន។ រេហ៍ពលតាំងហ៊ោលើកទ័ពចេញទៅ ទៅតាំងបន្ទាយប្រថាប់នៅ ភូមិព្រីងធំ ក្នុងខេត្តទ្រាំង ដើម្បីរង់ចាំស្ដាប់ជើងរាជការសឹក។ ព្រះរាមទ្រាំង ឃើញកងទ័ពទាំងពីរកងលើកទៅដល់ហើយ ទើបអាចារ្យជ័យមួយ គ្រូព្រាបមួយ គ្រូថោងមួយ ហ្មកែវមួយ ទាំង ៤ នាយនេះ ឃុំពល ២០០០ នាក់ចេញទៅខ្ទាស់ទ័ពសម្ដេចព្រះជ័យចេស្ដា។ ព្រះរាមទ្រាំងចាត់ឱ្យអាចារ្យឃ្លោកមួយ គ្រូសំរិតមួយ ហ្មថោងមួយ ហ្មកែវមួយ ទាំង ៤ នាយនេះឃុំពល ២០០០ ទៅខ្ទាស់ទ័ពចៅពញាប៉ាអង្គ។ ទ័ពមុខខាងព្រះនគរទាំងពីរផ្លូវក៏បរពលចូលដេញកាប់ចាក់កងទ័ពអាចារ្យទាំងពីរផ្លូវ របស់ព្រះរាមទ្រាំងជាសន្ធឹកគឹកកងកោលាហល។ នាយកងទ័ពទាំងពីរកងរបស់ព្រះរាមទ្រាំង ក៏សំដែងសិល្ប៍មន្តវិជ្ជាការ តាមចំណេះវិជ្ជារបស់ខ្លួន គឺយកអង្ករមកសែកបាចសាចទៅកើតជាឱម៉ាល់ ជាឃ្មុំដេញទេចកងទ័ពសម្ដេចព្រះឧទ័យ។ ទ័ពសម្ដេចព្រះឧទ័យទ្រាំពុំបាន ក៏បែកបាក់ទ័ពសម្ដេចព្រះជ័យចេស្ដា។ ពញាស្នេហាតេជោជាមេទ័ពមុខនៃចៅពញាតេជោប៉ាអង្គ ក៏បែកទ័ពរត់ថយ ទៅរកទ័ពចៅពញាតេជោប៉ាអង្គដែរ។ ចៅពញាតេជោប៉ាអង្គក៏ប្រមូលរេហ៍ពលឱ្យចូលទៅក្នុងបន្ទាយវិញបានខណៈដែលដឹងថា សម្ដេចព្រះចេស្ដា និងសម្ដេចព្រះឧទ័យលើកទ័ពមកប្រថាប់នៅភូមិព្រីងជ្រំដូច្នេះហើយ ចៅពញាតេជោប៉ាអង្គ ក៏នាំសេនាទាហានក្រមការ ៣០ នាក់ឡើងជិះសេះទៅក្រាបបង្គំគាល់។ សម្ដេចព្រះរាជបុត្រាទាំងពីរយល់ថាចៅពញាតេជោប៉ាអង្គ ព្រមទាំងសេនាទាហានចូលក្រាបបង្គំគាល់ហើយ ទ្រង់ក៏សោមនស្សណាស់ " ទ្រង់ត្រាស់ប្រឹក្សាអំពី កិច្ចការសង្គ្រាម ដែលសេនាព្រះរាមទាំង ៨ នាក់សំដែងសិល្ប៍នោះតែយើងត្រូវគិតដូចម្ដេច? ចៅពញាតេជោប៉ាអង្គក្រាបបង្គំទូលថា ព្រះរាមទ្រាំងនេះ ពុំសូវអាងកំលាំងសេនាទាហានទេ គឺអាងចំពោះតែសិល្ប៍វិជ្ជាការនៃសេនាទាំង ៨ នាក់របស់ខ្លួន ត្រង់នេះទូលព្រះបង្គំជាខ្ញុំមកដល់ទីនេះមុខព្រះករុណាពិសេស ហើយកំពុងតែគិតរកកល នឹងបន្សាបសិល្ប៍នេះសិន ទើបអាចរំលាយសត្រូវនោះបាន។ តែក្នុងរឿងនេះទូលព្រះបង្គំជាខ្ញុំសន្យាតែ ៧ ថ្ងៃទៀតនឹងចាប់យកខ្លួនព្រះរាមទ្រាំងមកក្រាបបង្គំទូលថ្វាយឱ្យបានទាំងរស់។ ចៅពញាតេជោ លុះក្រាបបង្គំទូលតែប៉ុណ្ណោះហើយ ក៏ថ្វាយបង្គំលាចេញត្រឡប់មកបន្ទាយរបស់ខ្លួនវិញ។ លំដាប់ពីនោះ ចៅពញាតេជោប៉ាអង្គចាត់ឱ្យចាប់អ្នកស្រុកចាស់ៗបាន ៣ នាក់យកមកសាកសួរថា តើព្រះរាមទ្រាំងនឹងសេនាទាំងនោះ តែងផឹកទឹកងូតទឹកក្នុងស្ទឹងក្នុងបឹងណា? ចាស់ៗអ្នកស្រុកទាំង ៣ នាក់នោះជំរាបថា គ្មានស្ទឹង បឹង ទន្លេទេនៅស្រុកនេះដ្បិតស្រុកនេះជាស្រុកភ្នំ។ ថាអ្នកស្រុកភ្នំបាយ៉ង់កោនេះ អាស្រ័យតែទឹកអណ្ដូង ទឹកស្រះតែប៉ុណ្ណោះ។ ចាស់ៗអ្នកស្រុកនោះ បានជំរាបថែមទៀតថាទឹកអណ្ដូងនេះ ស្រះនេះសម្រាប់ព្រះរាមទ្រាំង និងអស់អ្នកខាងក្នុងសេនាទាំង ៨ នាក់នោះតែងងូតទឹកជាធម្មតា។ ឯអាណាប្រជានុរាស្ត្រវិញ គាស់តែថ្មភ្នំនេះមួយដុំឬ ពីរដុំជំរៅតែមួយចំអាម ក៏បានទឹកផឹកមិនអស់ទេ ទឹកបរិបូណ៌ណាស់។ ចៅពញាតេជោប៉ាអង្គបានឮហើយ ក៏ឱ្យគេស្វែងរកសំពត់ដែលមានប្រឡាក់ឈាមស្រីដែលមករដូវ និងផ្លែត្រឡាចឱ្យបានច្រើន ហើយឱ្យកំលោចវត្ថុទាំងនេះបុកលាយនឹងប្រទាល ១០០ មុខនិងមើមឈើ ដើមឈើផ្សេងៗទៀត តាមក្បួនពេទ្យមកធ្វើជាថ្នាំបន្សាប។ លុះធ្វើបានស្រេចហើយ វេលាយប់ចៅពញាតេជោប៉ាអង្គ និងក្រមការ ៥ នាក់សែកមន្តកំបាំងកាយដើរឡើងទៅលើភ្នំ ដល់ហើយក៏យកថ្នាំនោះទៅដាក់ក្នុងទឹកអណ្ដូងខ្លះ ទឹកស្រះខ្លះ។ បានយកថ្នាំនោះទៅដាក់ក្នុងបំពង់កាំភ្លោះ ហើយផ្លុំបង្ហើរទៅលើកងទ័ពព្រះរាមទ្រាំង។ រួចហើយចៅពញាតេជោប៉ាអង្គ និងក្រមការក៏ត្រឡប់មកបន្ទាយរបស់ខ្លួនវិញ។ អាចារ្យគ្រូហ្មទាំង ៨ នាយ និងនាយកងនាយទ័ព នៃព្រះរាមទ្រាំងកាលច្បាំងបានជ័យជំនះហើយ លុះត្រឡប់ទៅវិញសឹងតែអួតក្អេងក្អាងគ្រប់គ្នាថា: " ពីរបីថ្ងៃទៀត យើងនឹងលើកត័ពទៅវាយយកក្រុងស្លាកែត យកត្រាសំរាប់ផែនដី និងព្រះខ័នរាជមង្គលថ្វាយអម្ចាស់យើងសោយរាជ្យឱ្យបាន។ ថាលុះសំរេចការណ៍នេះកាលណាហើយ យើងនឹងលើកកងទ័ពទៅវាយយកក្រុងទេពបុរីស្រីអយុធ្យាទៀត " ។ លុះដល់ព្រឹកឡើង គ្រូហ្មអាចារ្យទាំងនោះ និងព្រះរាមទ្រាំង ក៏ទៅងូតទឹកជំរះកាយ សោយផឹកតាមដូចសព្វដង។ ខណៈនោះ នាយកងទ័ពទាំង ៨ នាក់និងព្រះរាមទ្រាំង ត្រូវថ្នាំនោះហើយក៏សាបសិល្ប៍អស់ លែងខ្លាំងពូកែ បែរជាល្ងីល្ងើគ្រប់ៗគ្នាបីដូចជាមនុស្សឆ្កួតព្រើល។ ចៅពញាតេជោប៉ាអង្គ តែងចាត់មនុស្សឱ្យទៅស៊ើបយកការណ៍ ឯបន្ទាយព្រះរាមទ្រាំងជានិច្ច។ លុះដឹងហេតុថាសត្រូវត្រូវថ្នាំបន្សាបរបស់ខ្លួនហើយ ដល់ថ្ងៃជាគំរប់ ៧ ចៅពញាតេជោប៉ាអង្គឱ្យកងទ័ពទាំង ៥ កងរបស់ខ្លួន និងទ័ពសម្ដេចព្រះរាជបុត្រទាំងពីរព្រះអង្គ ឱ្យចូលចោមវាយបន្ទាយព្រះរាមទ្រាំងជាថ្មីម្ដងទៀត។ នាយទ័ពទាំង ៨ នាក់របស់ព្រះរាមទ្រាំង និង ព្រះរាមទ្រាំងខ្លួនឯងផងចែកនាទីគ្នា រួចឡើងលើក្បាលបន្ទាយ ហើយចាប់អង្ករ និង លាជសែកមន្តវិជ្ជាការបាចសាចទៅដែលធ្លាប់កើតទៅជាស្រាំង ឃ្មុំ តាឪ ឱម៉ាល់នោះ ក៏ស្រាប់តែម្ដងនេះពុំកើតដូចមុននោះឡើយ។ ពួកគ្រូសិល្ប៍ទាំងនោះក៏ស្ទុះទៅយក ផាហ៊ុំ ក្រមា មកស្រែកជាដំរីខ្លាទៀត តែក៏សែកនៅតែពុំកើតដូចក្ដីប្រាថ្នាទៀតទើបពួកយកចំបើងដែលចងទូកជាសំរាប់នោះ មកសែកឱ្យកើតទៅជាពល ចំបើងនោះក៏សែកទៅពុំកើតជាអ្វីទៀតដែរ លុះប្រើមន្តវិជ្ជាការគ្រប់បែបយ៉ាងពុំបានសំរេចដូចបំណងហើយ ពួកគ្រូសិល្ប៍ទាំងនោះទើបបានដឹងខ្លួនថា ខ្លួនត្រូវអស់បុណ្យអស់អំណាច " សិល្បវិជ្ជាការហើយ ហើយក៏លោតចុះពីលើក្បាលបន្ទាយស្ទុះទៅខាងទិសទក្សិណ បំរុងនឹងរត់ទៅខេត្តបាសាក់។ តែដែលរត់ទៅ គ្រូសិល្ប៍ទាំងនោះក៏បានជួបប្រទះនឹងទ័ពសម្ដេចព្រះឧទ័យ នឹងរត់ទៅទៀតមិនបាន ដូច្នេះទើបនាំគ្នារត់គេចមកខាងទិសបស្ចិមវិញ។ នៅទីនោះគ្រូសិល្ប៍ និង នាយពលទាំងនោះបានជួបនឹងទ័ពចៅពញាតេជោប៉ាអង្គទៀត។ ចៅពញាតេជោប៉ាអង្គឱ្យកងទ័ពចេញចាប់បានទាំងរស់ ១៩ នាក់។ ខណៈនោះកងទ័ពសម្ដេចព្រះរាជបុត្រទាំងពីរអង្គឡើងបន្ទាយវាយបែកហើយ ក៏ចូលទៅដេញចាប់ កាប់សំលាប់ទ័ពព្រះរាមទ្រាំង ស្លាប់អស់ជាច្រើន។ កាលបានជ័យជំនះសព្វគ្រប់ហើយ សម្ដេចព្រះរាជបុត្រទាំងពីរព្រះអង្គទ្រង់ប្រជុំនាយកង នាយទ័ពរាប់គ្នាមើលឱ្យដឹងចំនួនស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន។ លុះជួបជុំកងទ័ពព្រមគ្នា អស់ហើយក៏លើកទ័ពត្រឡប់មកវិញ នាំទាំងមនុស្សទោសទាំងនោះ យកមកក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រនៅកំពង់ក្បាលពោធិ៍។ ព្រះបរមបពិត្រទ្រង់ត្រាស់បង្គាប់ ឱ្យបណ្ដើរអាក្រោះ ៣ ថ្ងៃ ហើយឱ្យកាត់ក្បាលដោតជាបំរាម។ លំដាប់មក ទ្រង់បញ្ជាឱ្យព្រះរាជបុត្រទាំងពីរព្រះអង្គ ចេញទៅបញ្ចុះបញ្ចូលប្រមូលរាស្ត្រប្រជា ឱ្យចូលមកនៅភូមិស្រុកវិញ។ រួចហើយទ្រង់តែងតាំងចៅហ្វាយស្រុកខេត្តទ្រាំងឡើងជាថ្មី ទើបត្រឡប់ព្រះរាជដំណើរមកព្រះរាជវាំងវិញ។ អំពីរឿងដែលសម្ដេចព្រះស្រីសុរិយោពណ៌ ស្ដេចចាត់រាជទូតឱ្យទៅសុំព្រះរាជបុត្រព្រះអង្គពីស្ដេចសៀមនោះ ព្រះរាជពង្សាវតាររបស់ព្រះរាចបណ្ណាល័យ ភាគ ៤ លេខ គ. ៥៣ - មានសេចក្ដីដូចតទៅនេះ ព្រះស្រីសុរិយោពណ៌ ស្ដេចបានឡើងគ្រងរាជ្យតពីពញាញោម ជាព្រះភាគិនេយ្យោរួចហើយ ទ្រង់ព្រះប្រារព្ធនឹងសេនាបតីមន្ត្រីថា: យើងធ្វើសង្គ្រាមវាយយកខេត្តត្រើយខាងត្បូង ខាងលិចរាបទាបអស់ហើយ នៅតែខេត្តត្រើយខាងជើង ខាងកើត ពុំទាន់បានលើកទៅវាយខេត្តទាំងនេះ គួរតែចាត់បុត្រាឱ្យទៅវាយទើបគួរ រួចទ្រង់ព្រះរាជបញ្ជាមុខក្រសួងឱ្យតែងព្រះរាជសារស្រេចហើយ ស្ដេចចាត់ឧកញ៉ាវង្សាអគ្គរាជហែម១ ឧកញ៉ាសេនាឫទ្ធីក្រៃណុប១ និងខ្ញុំរាជការ២០ នាក់ជារាជទូត ឧបទូតឱ្យអញ្ជើញព្រះរាជសារ និងដំរីភ្លុក ៤ សេះ១០ ក្រវាញ១០ ហាប រង្គ១០ ហាប ជ័រមានសម្បុរលឿងសំរាប់ប្រើជាថ្នាំគំនូរឬប្រើថ្នាំរំងាប់រោគខ្លះក៏បាន "ក្រកោ១០ ហាប សំពត់ហូល ១០០ ជារាជបណ្ណាការទៅថ្វាយព្រះនរេឝ្វរ។ ថ្ងៃ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក រាជទូត ឧបទូតក្រាបថ្វាយបង្គំលា អញ្ជើញព្រះរាជសារទៅតាមរយៈផ្លូវបាត់ដំបងមួយខែទើបដល់ក្រុងស្រីអយុធ្យា។ ពញាចក្រីសៀម នាំចូលគាល់នោះ ព្រះនរេឝ្វរទ្រង់ទទួលព្រះរាជសារ និងរាជបណ្ណាការ ហើយមានព្រះអំណរណាស់ ស្ដេចឱ្យប្រែព្រះរាជសារថ្វាយមានសេចក្ដីថា: ដ្បិតខ្ញុំបានចេញទៅបង្ក្រាបរាជសត្រូវក្នុងក្រុងកម្ពុជាធិបតីនោះ បានរាបទាបខ្លះ នៅសល់ច្រើនខេត្ត។ សេចក្ដីនេះសូមមេត្តា បើកព្រះឱរសាទាំងពីរព្រះអង្គទៅ នឹងបានឱ្យជួយ ប្រាប់ប្រាមខេត្តទាំងនោះឱ្យរាបទាបជាឆាប់។ ព្រះនរេឝ្វរបានជ្រាបហើយ ទ្រង់ចាត់ទូលទៅឱ្យរាជទូតទៅតាមគួរ រួចទ្រង់ប្រឹក្សា នឹងព្រះឯកទសរដ្ឋនូវអស់សេនាបតីមន្ត្រីផងទាំងពួងថា ឥឡូវនេះព្រះចៅក្រុងកម្ពុជាធិបតី ឱ្យមកសុំព្រះរាជបុត្រាទាំងពីរព្រះអង្គ គួរយើងឱ្យទៅឬដូចម្ដេច? ព្រះឯកាទសរដ្ឋ និងសេនាបតីទូលថា យើងគួរឱ្យទៅតែព្រះឧទ័យចុះ ទុកព្រះជ័យជេដ្ឋាឱ្យនៅ ព្រោះព្រះជ័យជេដ្ឋានេះ មានកិរិយាមាយាទ តំរិះប្រាជ្ញា វៀងវៃក្លៀវក្លា នឹងបើកឱ្យទៅពុំទាន់។ ទូលព្រះបង្គំជាខ្ញុំទាំងអស់ គ្នាយល់ឃើញថា តែបានព្រះរាជបុត្រទាំងពីរព្រះអង្គទៅវិញហើយ ក្រែងត្រឡប់រឹងទទឹង មិនព្រមនាំសួយឡើងមកនគរយើង។ ព្រះនរេឝ្វរទ្រង់ព្រះសណ្ដាប់ហើយ ស្ដេចក៏យល់ព្រមហើយ ឱ្យព្រះជ័យជេដ្ឋាចូលគាល់ ទ្រង់មានព្រះតំរាស់ថា: ឥឡូវបិតាក្មួយ ឱ្យមកសុំអ្នកទៅជួយប្រាប់ប្រាមទ័ពចោរក្នុងព្រះនគរ តែវេលានេះ មាត្រូវឃាត់ក្មួយទុកនៅស្រុកនេះសិន ឱ្យតែក្មួយឧទ័យទៅក្រុងកម្ពុជាមុនសិនចុះ។ មានឹងចិញ្ចឹមក្មួយឱ្យដូចបុត្របង្កើតរបស់មា ហើយមានឹងប្រើក្មួយឱ្យធ្វើសង្គ្រាមនឹងមន ដើម្បីឱ្យបានស្ទាត់ក្នុងកិច្ចការសង្គ្រាមឱ្យដូចជាខ្លួនមា។ លុះអំណើះ ឥតអំពីព្រះបិតាក្មួយទៅនោះ សឹមមាឱ្យចេញទៅគ្រប់គ្រងក្រុងកម្ពុជាធិបតី ជាតំណពីព្រះវររាជបិតាតទៅ។ ក្មួយកុំតូចព្រះទ័យនឹងមា ព្រោះមានិយាយនេះពិតប្រាកដណាស់ រួចហើយ ព្រះនរេឝ្វរទ្រង់ព្រះរាជទានគ្រឿងឥស្សរិយយស និងគ្រឿងប្រដាប់ជាច្រើនដល់ព្រះឧទ័យ និងព្រះរាជទានរង្វាន់ដល់រាជទូតតាមគួរ ហើយទ្រង់ចាត់របស់ថ្វាយតបវិញតាមគួរការណ៍ទ្រង់ចាត់សេនាទាហានឱ្យហែជូនព្រះឧទ័យ តាមផ្លូវជើងគោកឆ្ពោះមកក្រុងកម្ពុជាធិបតី។ ថ្ងៃ១១ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព្រះឧទ័យថ្វាយបង្គំលាស្ដេចសៀមចេញ មកក្រុងកម្ពុជាជាមួយនឹងរាជទូតតាមរយៈផ្លូវរៀងមក។ ថ្ងៃ ៣ កើត ខែអាសាធ ឆ្នាំថោះ បញ្ចស័កដល់មកក្រុងកម្ពុជាធិបតី ទើបព្រះឧទ័យនាំសេនាទាហានចូលក្រាបបង្គំគាល់សម្ដេចព្រះវររាជបិតា ព្រះស្រីសុរិយោពណ៌ ក្នុងព្រះរាជវាំងភ័ក្ត្រកោះស្លាកែត ក្រាបបង្គំទូលរឿងអំពីក្រុងស្រីអយុធ្យាគ្រប់ប្រការ។ សម្ដេចព្រះស្រីសុរិយោពណ៌ ទ្រង់ពុំបានព្រះជ័យជេដ្ឋាជាព្រះរាជបុត្រាច្បងយាងចេញពីក្រុងស្រីអយុធ្យានោះមក ទ្រង់តូចព្រះរាជហឫទ័យណាស់ តែទ្រង់ធ្វើហាក់ដូចជាពុំទោមនស្សសោះ ព្រោះព្រះនគរ ពុំទាន់រាបទាប ខ្លាចសៀមលើកមកសង្កត់ជាថ្មីម្ដងទៀត។ ព្រះអង្គទ្រង់មានព្រះតំរាស់ នឹងនាយទ័ពសៀមថាដែលសម្ដេចព្រះនរេឝ្វរទ្រង់ព្រះមេត្តាប្រោសទុកព្រះជ័យជេដ្ឋា ដើម្បីទំនុកបំរុងនោះយើងត្រេកអរណាស់ ហើយទ្រង់ព្រះរាជទានទៅទាហានសៀមដែលដង្ហែព្រះរាជបុត្រមកនគរតាមគួរ។ ហើយទ្រង់ចាត់របស់ថ្វាយទៅព្រះនរេឝ្វរវិញ តាមគួរនឹងការណ៍។ ក្រោយនោះស្ដេចឱ្យមន្ត្រីសៀមនាំសេនាទាហានត្រឡប់ទៅក្រុងស្រីអយុធ្យាវិញ។ ទ្រង់មានព្រះរាជបណ្ដាំថា ឱ្យចូលស្ដេចសៀមឱ្យល្អផង។ នាយទ័ពសៀមក៏ក្រាបថ្វាយបង្គំលា នាំសេនាត្រឡប់ទៅក្រុងស្រីអយុធ្យាវិញ។ លុះដល់ហើយក៏យកសេចក្ដីក្រាបបង្គំទូលព្រះនរេឝ្វរថា: នៅក្រុងកម្ពុជាមានកើត អំពើក្បត់គ្រប់ខេត្ត តែសម្ដេចព្រះស្រីសុរិយោពណ៌ព្រះអង្គទ្រង់ប្រាប់ប្រាមបានរាបទាបជិតពាក់កណ្ដាលព្រះនគរហើយ។ សព្វថ្ងៃស្ដេចគង់នៅព្រះវាំងកោះស្លាកែតជិតភ្នំពេញ។ អំពីដំណើរនៃព្រះជ័យចេស្ដា ឬ ព្រះជ័យជេដ្ឋានោះ ព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យដដែលនេះមានសេចក្ដីថា នេះនឹងពណ៌នា អំពីព្រះដំណើរនៃព្រះជ័យជេដ្ឋាព្រះរាជបុត្រាច្បងនៃសម្ដេចព្រះស្រីសុរិយោពណ៌នោះវិញ។ នៅពេលក្រោយដែលព្រះឧទ័យជាព្រះអនុជយាងត្រឡប់មកក្រុងកម្ពុជាវិញនោះ ព្រះជ័យជេដ្ឋាទ្រង់ព្រួយព្រះទ័យពេកណាស់។ កាលដែលឧកញ៉ាក្រឡាហោមកែវអញ្ជើញព្រះរាជសារទៅនោះ បានទូលថាសម្ដេចព្រះវររាជបិតាព្រះស្រីសុរិយោពណ៌កាន់តែទ្រង់ព្រះជរាហើយ ល្មមទ្រង់គិតយាងត្រឡប់ទៅព្រះនគរវិញហើយ។ សម្ដេចព្រះវររាជបិតា ក៏ទ្រង់ទន្ទឹងណាស់ តែនឹងទូលសុំមកទៀតក្រែងសៀមសង្ស័យព្រោះពុំទាន់បានឱកាស។ ក្រោយនោះមានសំបុត្រពីស្រុកជៀងថ្មី គឺស្រុកលាវទូលមកព្រះនរេឝ្វរថាមានដំរីសភ្លុកធំមួយ ស្របដាច់រោមនៅដើមឈើ រោមសហើយទន់ដូចរោមចាមរី វាស់កំពស់បាន ៥ ហាត់ ៨ ធ្នាប់នៅក្នុងព្រៃឈើម៉ៃសាក់។ បានចាត់ហ្មឱ្យចេញទៅទាក់តែពុំបាន។ សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទានធ្នាក់ និងហ្មឱ្យចេញពីក្រុងទៅជួយ។ ព្រះនរេឝ្វរ ទ្រង់ជ្រាបហើយសព្វព្រះទ័យណាស់។ ស្ដេចប្រឹក្សានឹងព្រះឯកាទសរដ្ឋ ព្រមទាំងសេនាបតីមន្ត្រីទាំងពួងថា: គួរតែយើងចាត់ព្រះជ័យជេដ្ឋាឱ្យចេញទៅទាក់ ព្រោះទ្រង់ជ្រាបថាព្រះជ័យជេដ្ឋានេះ ព្រះមាតាជាពូជខាងហ្មថាវ មានថ្វីដៃ ស្ទាត់ជំនាញខាងទាក់ដំរីនោះណាស់ ដែលមកនៅក្នុងស្រុកយើងនេះ យើងបានចាត់ឱ្យជួយបង្ហាត់ដំរីព្រះទីនាំងក៏ឃើញថាចេះស្ទាត់ពិតប្រាកដមែន។ វេលានេះគួរតែយើងចាត់ព្រះជ័យជេដ្ឋា ជាអាជ្ញាហ្លួងទទួលព្រះរាជអាជ្ញា ឱ្យចេញទៅធ្វើជាមេសំរាប់ខាងទាក់ដំរី ព្រោះចេះដឹងស្គាល់កិរិយារបស់ដំរី សេនាបតីក៏យល់ព្រម។ ក្រោយនោះស្ដេចឱ្យព្រះជ័យជេដ្ឋាចូលគាល់ហើយទ្រង់មានព្រះតំរាស់ថា: ស្រុកជៀងថ្មីមានសំបុត្រទូលមកថាមានដំរីសភ្លុកធំមួយ ដំរីខ្មៅក៏មានច្រើនណាស់ដែរ។ រួចព្រះរាជទានសំបុត្រឱ្យទត ហើយត្រាស់តទៅទៀតថា: មាចង់ឱ្យក្មួយធ្វើជាមេក្នុងការធ្វើដំណើរចេញទៅទាក់ដំរីស-ខ្មៅក្នុងស្រុកជៀងថ្មីនេះ។ ក្មួយចូលចិត្តទៅដែរឬដូចម្ដេច? ព្រះជ័យជេដ្ឋាមានព្រះទ័យអំណរណាស់ ព្រោះត្រូវនឹងគំនិតព្រះមេត្តាប្រោសយ៉ាងក្រៃលែង កុំថាត្រឹមតែទ្រង់ចាត់ឱ្យទូលព្រះបង្គំជាខ្ញុំចេញទៅទាក់ដំរី សូម្បីទ្រង់មានព្រះរាជបញ្ជាឱ្យទូលព្រះបង្គំជាខ្ញុំចេញទៅវាយយកស្រុកលាវ នឹងទទួលយកអាសារទៅវាយឱ្យបានសំរេចថ្វាយព្រះអង្គដែរ ដើម្បីនឹងបានតបស្នងព្រះរាជគុណ ព្រមទាំងឱ្យបានឮល្បីទៅនានាប្រទេសផង។ ព្រះនរេឝ្វរនិងព្រះឯកាទសរដ្ឋទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មានព្រះអំណរណាស់ហើយត្រាស់ថា: ចិត្តក្មួយក៏ដូចជាចិត្តមាដែរ ព្រោះកើតមកជាវង្សក្រស័ត តោងតែឱ្យក្លៀវក្លាអង់អាចពុះពារចំពោះកិច្ចការគ្រប់ជំពូក។ រួចហើយស្ដេចត្រាស់បង្គាប់ឱ្យនាយឃ្លាំងប្រាក់ បើកប្រាក់ព្រះរាជទ្រព្យថ្វាយព្រះជ័យជេដ្ឋាតាម សព្វព្រះទ័យ។ ទ្រង់ចាត់ពញាចក្រីឱ្យកេណ្ឌធ្នាក់ និងហ្មប្រគល់ថ្វាយ។ លុះដល់ថ្ងៃបានឫក្សហើយព្រះជ័យជេដ្ឋា ក៏ថ្វាយបង្គំលាស្ដេចសៀមទាំងពីរព្រះអង្គចេញទៅ ចុះព្រះទីនាំងនាវាកំពង់ចំលង ទៅត្រើយម្ខាងបានជួបជុំនឹងពួកហ្មដែលប្រជុំប្រចាំការណ៍នៅទីនោះ ហើយស្ដេចឡើងគង់លើព្រះទីនាំងគជេន្ទ្រលើកចេញទៅតាម លើកចេញទៅតាមផ្លូវជើងគោកទៅដល់ស្រុកជៀងថ្មី។ ដល់ហើយស្ដេចត្រាស់បង្គាប់ឱ្យស្ដេចស្រុកជៀងថ្មី កេណ្ឌហ្មនិងធ្នាក់ព្រមទាំងស្បៀងអាហារប្រគល់ថ្វាយថែមទៀត។ ស្ដេចស្រុកជៀងថ្មីចាត់មនុស្សឱ្យនាំផ្លូវទៅភ្នំម៉ៃសាក់។ គ្រានោះព្រះជ័យជេដ្ឋា ទ្រង់ចាត់ហ្មឱ្យទាក់បានដំរីខ្មៅបារ៉ាសជាច្រើន ហើយទ្រង់ឱ្យផ្សាំងនៅទីនោះ ទើបបានជាប់មានឈ្មោះហៅថាព្រៃផ្សាំងលុះដល់សព្វថ្ងៃ។ ស្ដេចចាត់ហ្មឱ្យស៊ើបរកដំរីសពុំឃើញ។ ទ្រង់លើកចេញពីទីនោះទៅទៀតជាយូរថ្ងៃ ហើយបានទៅដល់ភ្នំធំមួយទ្រង់ឡើងទៅលើភ្នំនោះជាមួយនឹងដែលទ្រង់ទុកព្រះទ័យ។ ទ្រង់ទតឃើញព្រះពុទ្ធរូបបដិមាករមួយព្រះអង្គយ៉ាងធំ ចាស់ស្ថិតនៅលើភ្នំ ជាវត្ថុបុរាណកំរនឹងមានអ្នកណាបានឡើងទៅដល់ទីនោះណាស់។ ទ្រង់ព្រះចិន្តាថាទីនេះជាទីរហោឋានគួរជាវត្ថុសក្ដិសិទ្ធិ។ ទ្រង់ឱ្យយកទៀន ធូបអុជធ្វើសក្ការបូជាក្រាបថ្វាយបង្គំអធិដ្ឋានថា: បើខ្ញុំព្រះករុណានឹងបានទៅព្រះនគរក្រុងកម្ពុជាធិបតីវិញ ហើយបានទំនុកបំរុងព្រះពុទ្ធសាសនាឱ្យបានថ្កុំថ្កើងរុងរឿងនោះ សូមព្រះមានបុណ្យជាអម្ចាស់ និងព្រះបច្ចេកពុទ្ធ ហើយនិងព្រះអសីតិមហាសាតតាំងពីព្រះពុទ្ធទីបង្ករ ដរាបមកដល់បច្ចុប្បន្ននេះ ជាទីគោរពរបស់ខ្ញុំ ព្រះករុណាដែរ ខ្ញុំព្រះករុណាសូមធ្វើសក្ការបូជាថ្វាយសូមព្រះអង្គជួយឱ្យបានជួបនឹងដំរីសកុំបីខាន។ លុះទ្រង់អធិដ្ឋានរួចហើយ បណ្ដារាស្ត្រខ្ញុំក្រឡេកទៅឃើញព្រះឱស្ឋព្រះពុទ្ធបដិមាករនោះហាក់ដូចជាទ្រង់ញញឹមទទួល។ បណ្ដារាស្ត្រខ្ញុំទាំងនោះក៏ទូលតាមហេតុការណ៍។ ទ្រង់ជ្រាបហើយទ្រង់ព្រះទ័យបីតិសោមនស្សណាស់។ ស្ដេចប្រាប់ទៅ បណ្ដាជាខ្ញុំទាំងនោះថាកុំឱ្យលេចឮពាក្យទាំងនេះដល់ពួកសៀមឱ្យសោះស្ដេចត្រឡប់ចុះមកទីទំនាបវិញ ទើបស្ដេចលើកទៅទៀតអស់ ៦ ថ្ងៃជិតផុតដែនជៀងថ្មីទៅខាងត្បូងបានឃើញដានជើងដំរីធំៗ។ លុះតាមដានទាំងនោះបន្តិចទៅ ក៏បានជួបនឹងហ្វូងដំរី។ ស្ដេចឱ្យឡើងដើមឈើ ឃ្លាំមើលឃើញដំរីសមួយធំនៅក្នុងហ្វូងឈ្មោលញីចោមជុំវិញ។ ទ្រង់មានព្រះតំរាស់ថា បើរួចមុខអ្នកណានឹងយកទោសអ្នកនោះដល់ជីវិត។ ពួកហ្មសឹងកោតខ្លាចព្រះចេស្ដា។ ទ្រង់ឱ្យរៀបគ្រឿងពលីថ្វាយរុកខទេវតា និង ម្រេញគង្វាលក្នុងព្រៃផង ហើយស្ដេចចាត់ដំរីធ្នាក់ ៥០ ប្លាយចូលចោមជុំវិញទាក់បែកហ្វូងពុំគិតទាក់យកដំរីឯទៀតតំរង់តែដំរីសនោះតែមួយ។ កាលនោះមានហ្មជាតិខ្មែរម្នាក់ឈ្មោះសេក ទាក់ដំរីសនោះជាប់ជើងខាងក្រោយ ហើយហ្មទាំងប៉ុន្មានក៏ព្រួតគ្នាជួយ។ ព្រះជ័យជេដ្ឋាទ្រង់គង់លើ ធ្នាក់ដេញតាមជាប់ ត្រាស់បង្គាប់ឱ្យចូលចាប់ឱ្យបានដំរីសនោះ ធំហួសកំលាំង ធ្នាក់ចូលជិតវា ដេញព្រេច ទើបទ្រង់ត្រាស់ឱ្យបង្អន់កំលាំងហើយចាប់បានផ្សាំងនៅទីនោះ។ ឯហ្វូងដំរីដែលបែកទៅនោះ ស្ដេចឱ្យតាមធ្នាក់ទាក់បានដំរីជាច្រើនរួចផ្សាំងនៅទីនោះជាយូរថ្ងៃ។ កាលបើផ្សាំងរួចហើយ ក៏នាំដំរីទាំងនោះមកដល់ខេត្តណា ចៅហ្វាយស្រុកខេត្តនោះរៀបចំសម្បោធិទទួល យកសំពត់សថ្វាយធ្វើប្រកាំរៀងដរាបមកដល់ខេត្តអាងថង។ ចៅហ្វាយស្រុកអាងថងធ្វើសំបុត្រក្រាបទូលចូលមកព្រះនរេឝ្វរថា ដែលទ្រង់ប្រើព្រះជ័យជេដ្ឋាអធិបតីហ្មឱ្យចេញទៅទាក់ដំរីនោះ ព្រះអង្គទាក់បានដំរីនោះព្រះអង្គទាក់បានដំរីសមានភ្លុករួចល្អកំពស់ ៤ ហាត់ ១២ ធ្នាប់។ សំបុរសដូចឆ្នាំងថ្មី និងដំរីខ្មៅជាច្រើន។ ព្រះនរេឝ្វរ កាលបានជ្រាបហើយទ្រង់មានព្រះអំណរណាស់។ ស្ដេចត្រាស់អោយធ្វើព្រះពន្លាមានកំពូលចាំទទួលនៅកំពង់។ លុះព្រះជ័យជេដ្ឋានាំដំរីទាំងនោះមកដល់កំពង់ហើយ ស្ដេចទាំងពីរព្រះអង្គទ្រង់យាងចេញព្រមដោយក្បួនព្យូហយាត្រា ទៅទ័ពដំរីនោះ ទ្រង់សព្វព្រះទ័យណាស់។ ទ្រង់ត្រាស់សរសើរថ្វីដៃព្រះជ័យជេដ្ឋាដោយប្រការផ្សេងៗ។ ព្រះជ័យជេដ្ឋាទ្រង់ថ្វាយដំរីស ខ្មៅទាំងអស់ នៃពួកហ្មទាំងអស់ដែលបានខិតខំតស៊ូ ក្នុងការទាក់ដំរីទាំងនោះអោយទ្រង់ជ្រាប។ ព្រះនរេឝ្វរ ព្រះឯកាទសរដ្ឋទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះរាជទានរង្វាន់ជាច្រើនថ្វាយព្រះជ័យជេដ្ឋា និងទ្រង់ត្រាស់ថាព្រះជ័យជេដ្ឋាអង្គនេះក្លៀវក្លាណាស់ តទៅមុខនឹងអោយទៅគ្រប់គ្រងស្នងព្រះវររាជបិតាជាមិនខាន ព្រះជ័យជេដ្ឋាទូលថា ថ្ងៃនេះបានព្យាករណ៍ហើយ តែមិត្តចង់នៅធ្វើការថ្វាយទ្រង់ព្រះមេត្តាប្រោស។ ព្រះនរេឝ្វរទ្រង់ព្រះសណ្ដាប់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ព្រះមេត្តាប្រោសតាំងអោយត្រួតលើមុខក្រសួងកាន់កាប់ថែរក្សាដំរី។ អ្នកធ្វើការនៅក្នុងមុខក្រសួងនេះ ទាំងប៉ុន្មានត្រូវស្ដាប់បង្គាប់ព្រះជ័យជេដ្ឋាទាំងអស់។ ចំណែកដំរីសនោះទ្រង់ព្រះរាជទាននាម អោយហៅថា: ចៅពញាស្វេតប្រាម។ ព្រះជ័យជេដ្ឋាទ្រង់ នឹកមមៃតែអំពីការដែលនឹងត្រូវបានត្រឡប់មកប្រទេសកម្ពុជាវិញ។ មានថ្ងៃមួយនោះទ្រង់ហៅមន្ត្រី និងបណ្ដាជាខ្ញុំ ធ្លាប់ទុកព្រះហឫទ័យមកប្រឹក្សាថា: ហើយចង់ត្រឡប់ទៅព្រះនគរវិញណាស់ តែស្ដេចសៀមពុំព្រមបើកអោយយើងចេញទៅសោះ។ ឥឡូវនេះយើងគិតឃើញឧបាយមួយហើយត្រាស់ថា: យើងគិតត្បាញជាលភ្នែកក្រួចឱ្យធំហើយយកអាចម៍ដំរីដែលវាជុះថ្មីៗ មកញាត់ឱ្យពេញណែនក្នុងជាលឱ្យបានច្រើនដុំ រួចយកឈើរលួសមកឆ្លាក់ធ្វើជាជើងដំរីយ៉ាងធំរួចយកទៅជាន់នៅដីភក់ ឱ្យបានឃើញស្នាម ដូចជាស្នាមជើងដំរីជាន់មែនទែនហើយយករោមចាមរីទៅភ្ជាប់នឹងដើមឈើឱ្យដូចជាដំរីឈរស្របត្រដុស រួចទំលាក់អាចម៍២ ឬ ៣ដុំនៅខាងត្បូងស្រុកបស្ចឹម ឱ្យធ្វើយ៉ាងនេះជាច្រើនអន្លើ រៀងទៅដល់ស្រុកសុរិន្ទសិង្គៈ និងក្នុងព្រៃធំៗដែលជាដែនក្រុងកម្ពុជា។ ទ្រង់ត្រាស់ថាឧបាយនេះឃើញថាត្រូវល្អ ហើយបើកាលណាពួកព្រានហ្មបានឃើញមុខជានឹងទៅប្ដឹងចៅហ្វាយៗ នឹងធ្វើចុតហ្មាយក្រាបបង្គំទូលថ្វាយព្រះនរេឝ្វរ ព្រះអង្គមុខជានឹងត្រាស់ប្រើយើងឱ្យចេញទៅទៀត ហើយនឹងបានចេញរួច ត្រឡប់ទៅព្រះនគរវិញដោយឧបាយនេះ។ ក្នុងរឿងនេះដូចអ្នករាល់គ្នាបានដឹងរួចមកហើយថា កាលដែលយើងទៅទាក់ដំរីសនោះយើងបានបន់ព្រះនៅលើកំពូលភ្នំ ក្នុងដែនលាវស្រាប់។ មន្ត្រីទាំងនោះក៏ទទួលយល់ព្រម ទើបថ្វាយបង្គំលាចេញមកធ្វើឧបាយក្នុងព្រៃស្ងាត់តាមទ្រង់ត្រាស់បង្គាប់គ្រប់ប្រការ ផុតដែនសៀមចូលមកក្នុងដែនកម្ពុជា។ ដល់មកខែផល្គុន ឆ្នាំរោង ឆស័ក ចៅហ្វាយស្រុកសៀមបានធ្វើសំបុត្រប្ដឹងចៅហ្វាយស្រុកនគររាជសីមាតាមរៀង។ ចៅហ្វាយស្រុកនគររាជសីមាធ្វើសំបុត្រមកចូលមកក្រាបទូលព្រះចៅសៀមថា បានឃើញដានដំរីធំបណ្ដោយ ពីរហាត់ ទទឹងមួយហាត់មួយបួនធ្នាប់ ហើយនាំយកទាំងអាចម៍ដំរីមួយដុំមកជាមួយផង។ រាជបំរើនោះទូលថា លេចដំណឹងរៀងចូលទៅក្រុងកម្ពុជា។ ព្រះនរេឝ្វរ ព្រះឯកាទសរដ្ឋ ស្ដេចជ្រាបហើយទ្រង់មានព្រះតំរាស់ថា: ដំរីនេះធំល្អណាស់ដោយក្នុងសំបុត្រថាមានកំពស់បួនហាត់ប្លាយ យើងចង់បានដំរីនេះមកទុកជាសិរីនៃព្រះនគរឱ្យឈ្នះ ទាំងមន ភូមា លាវ។ វេលានេះតើយើងគួរចាត់អ្នកណាឱ្យចេញទៅទាក់។ សេនាបតីទូលថា : ឃើញតែព្រះជ័យជេដ្ឋា ដែលធ្លាប់មានថ្វីដៃ។ ព្រះនរេឝ្វរនិងព្រះឯកាទសរដ្ឋ ទ្រង់ឱ្យហៅព្រះជេដ្ឋាចូលគាល់ ហើយត្រាស់ថា : មានសំបុត្របកមកថា: មានធំណាស់មានដំណឹងថាឃើញដាន ឃើញអាចម៍រឿងទៅដល់ដែនចម្បាសក្ដិ ដែននគររាជសីមា សូមឱ្យក្មួយជួយឈឺឆ្អាលចេញទៅតាមទាក់យកជាព្រះរាជពាហនៈ បើទាក់បានមាននឹងថ្វាយរង្វាន់ដល់ក្មួយឱ្យពេញព្រះទ័យ។ ទើបព្រះនរេឝ្វរទ្រង់ប្រោសព្រះរាជទានលែង គឺដាវមួយជាអាជ្ញាសឹកហើយព្រះរាជទានធ្នាក់និងហ្មជាច្រើនហើយ និង សេនាទាហាន ៣០០ នាក់ដង្ហែផង។ ព្រះនរេឝ្វរទ្រង់ផ្ដាំថា: បើឈ្មោះណាមិនស្ដាប់បង្គាប់ឱ្យប្រហារជីវិត នឹងដាវនេះចុះ។ ព្រះជ័យជេដ្ឋាទូលថា ទូលព្រះបង្គំជាខ្ញុំសុំយកបណ្ដាជាខ្ញុំ ដែលជាប់មកពីស្រុកឱ្យទៅជាមួយផងដែរ។ ព្រះនរេឝ្វរទ្រង់ប្រោសព្រះរាជទានតាមសុំ។ ទើបព្រះជ័យជេដ្ឋាថ្វាយបង្គំលាស្ដេចសៀមហើយឡើងគង់លើព្រះទីនាំងគជេន្ទ្រ នាំសេនាទាហាន ៣០០ នាក់និងខ្ញុំរាជការទាំងអស់ចេញពីក្រុងស្រីអយុធ្យា មកដល់ស្រុកដែលថាបានឃើញដានជាដំបូងនោះ ឃើញដានដំរីបែកទៅខាងទិសឯកើត ទើបស្រុកនោះហៅថាស្រុកដានត្រង់បែកយូរៗមកហៅថា: ដានត្របែកវិញ ព្រះជ័យជេដ្ឋាស្ដេចនាំសេនាទាហានសៀម និងបណ្ដាជាខ្ញុំ រាជការស្វែងរកដំរីនោះរៀងមកដរាបដល់ផុតដែនសៀម ដល់មកស្រុកសុរិន្ទសិង្គជាដែនក្រុងកម្ពុជាធិបតី។ នៅពេលនោះបណ្ដារាស្ត្រខ្មែរ ដឹងថាព្រះជ័យជេដ្ឋាស្ដេចយាងមកដល់ហើយ ក៏នាំគ្នាចូលមកក្រាបបង្គំគាល់ថ្វាយខ្លួនជាច្រើន។ ចំណែកពួកមន្ត្រីដែលចេញមកធ្វើឧបាយនោះបានមកជួបជុំនៅក្នុងទីនោះដែរ។ ស្ដេចឱ្យប្រថាប់ក្រោមម្លប់ឈើធំមួយ ទ្រង់ប្រាប់ទៅពួកទាហានសៀមដែលមកជាមួយនោះថា យើងតាមដានដំរីមកផុតដែនសៀមបាត់ដានក្នុងដែនកម្ពុជាហើយៗ វេលានេះយើងថាស៊ើបរកក្នុងក្រុងកម្ពុជាមើលសិន បើឃើញនិងខំទាក់នាំយកទៅថ្វាយពុំហ៊ានខាន ចំណែកអ្នករាល់គ្នា ចូរត្រឡប់ទៅក្រុងស្រីអយុធ្យាវិញចុះ ហើយក្រាបបង្គំទូលព្រះចៅយូហួតាមសេចក្ដីដូចដែលយើងប្រាប់ខាងលើនេះចុះ។ សេនាទាហានសៀមទាំងនោះទូលតបវិញថា បើទ្រង់មិនយាងទៅក្រុងស្រីអយុធ្យាវិញទេ ទូលបង្គំទាំងឡាយនឹងចាប់ទ្រង់នាំយកទៅថ្វាយឱ្យខាងតែបាន ដ្បិតដែលត្រាស់ឱ្យទូលព្រះបង្គំមកនេះ ប្រយោជន៍នឹងតាមថែរក្សាព្រះអង្គមិនឱ្យបាត់។ ពេលនោះព្រះជ័យជេដ្ឋាទ្រង់សំដែងព្រះសូរសីហនាទ ដោយព្រះសូរសៀងយ៉ាងខ្លាំងថា: កាលដែលត្រាស់ ប្រើអញមកទ្រង់ប្រោសព្រះរាជទានដាវអាជ្ញាសឹកនេះមកជាមួយផង ថាបើឈ្មោះណាមិនព្រមស្ដាប់អញទេ ឱ្យអញប្រហារជីវិតអ្នកទាំងនោះ តើនៅពេលនោះអ្នករាល់គ្នាបានឮដែរឬទេ?។ ពួកសៀមទាំងនោះដោយបានឃើញបណ្ដារាស្ត្រចុះចូលច្រើននឹង ព្រះសូរសីហនាទយ៉ាងខ្លាំងដូច្នេះ ក៏ខ្លបខ្លាចព្រះចេស្ដាទាល់ប្រាជ្ញក៏សំងំស្ងៀម។ ព្រះជ័យជេដ្ឋា ទ្រង់តែងព្រះសារលិខិត និងព្រះយោបល់មានសេចក្ដីថា: ព្រះរាជសារលិខិតព្រះជ័យជេដ្ឋា សូមក្រាបបង្គំទូលព្រះបាទយុគលទាំងពីរព្រះអង្គសូមទ្រង់ជ្រាប។ ដែលទ្រង់ចាត់ ទូលព្រះបង្គំជាខ្ញុំ ឱ្យចេញទៅទាក់ដំរីឆ្ងាយនោះ។ ទូលព្រះបង្គំជាខ្ញុំនិងសេនាទាហានទាំងអស់បានស៊ើបសួរតាមដានតាំងពីដែនក្រុងស្រីអយុធ្យា រៀងដរាបមកបាត់ដាននៅក្នុងដែនក្រុងកម្ពុជា ខ្លួនដំរីនោះពុំទាន់ឃើញឡើយ។ សេចក្ដីនេះ សូមក្រាបដើម្បិសុំមកយកក្នុងដែនកម្ពុជាតទៅទៀត បើឃើញកាលណានឹងទាក់ដំរីនោះឱ្យទាល់តែបាននាំយកមកថ្វាយពុំហ៊ានខាន បើរកពុំឃើញទេសូមព្រះរាជានុញ្ញាត ឈប់នៅក្រុងកម្ពុជានោះ និងជួយប្រាប់ប្រាមខេត្តធំតូចដែលសម្ដេចព្រះវររាជបិតាកំពុងតែប្រាប់ប្រាមនេះឱ្យបានសុខសាន្តតទៅ។ មួយទៀតដែលព្រះចៅយូហួទ្រង់មេត្តាប្រោសចិញ្ចឹមទូលព្រះបង្គំ ជាខ្ញុំរៀងមក មានព្រះរាជគុណយ៉ាងក្រៃលែង។ សេចក្ដីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស។ រួចហើយទ្រង់ហុចព្រះសារលិខិតនេះទៅឱ្យសេនាទាហានសៀម ដោយទាល់គំនិតប្រាជ្ញាក៏ទទួលយក ហើយក្រាបថ្វាយបង្គំលាត្រឡប់ទៅក្រុងស្រីអយុធ្យាវិញ។ លុះដល់នាំព្រះសារលិខិតនោះយកទៅទូលថ្វាយព្រះនរេឝ្វរ និងព្រះឯកាទសរដ្ឋទាំងពីរព្រះអង្គទ្រង់បានជ្រាបសេចក្ដីគ្រប់ប្រការ។ កាលនោះព្រះនរេឝ្វរ ទ្រង់មានព្រះតំរាស់នឹងព្រះឯកាទសរដ្ឋនៅអស់សេនាបតីទាំងពួងថា: ឥឡូវមានសំបុត្រពីព្រះជ័យជេដ្ឋាមកថារកដំរីពុំឃើញទេ ហើយថ្វាយបង្គំលាហួសទៅក្រុងកម្ពុជាតែម្ដង។ បើដូច្នេះដែលថាមានដំរីនោះ ប្រហែលជាមិនមែនទេ គឺជាឧបាយកលរបស់ព្រះជ័យជេដ្ឋាដែលចង់ត្រឡប់ទៅព្រះនគរវិញតែប៉ុណ្ណោះ ព្រោះបានលាយើងជាច្រើនដងមកហើយ។ ដោយហេតុតែគិតដល់សម្ដេចព្រះវររាជបិតា និងព្រះរាជវង្សានុវង្សខ្លាំងណាស់ ទើបបានជាគិតធ្វើឧបាយយ៉ាងនេះ។ ព្រះជ័យជេដ្ឋាស្វាហិចស្វាហា ក្លៀវក្លាណាស់ ល្មមនឹងតែងតាំងឱ្យគ្រងព្រះនគរមួយបាន ហើយមានព្រះសុភអក្សរមកប្រាប់យើងថា នឹងខំស៊ើបដំរីនោះឱ្យឃើញ ហើយនិងទាក់យកមកថ្វាយយើងពុំហ៊ានខាន។ ព្រះនរេឝ្វរទ្រង់មានសុភកអក្សរ ទៅព្រះជ័យជេដ្ឋាវិញថា បើចង់យាងត្រឡប់ទៅស្រុកវិញ ហើយនឹងរៀបចំឱ្យសមតាមព្រះកិត្តិយសឱ្យតែខំទាក់ដំរីនោះយកមកថ្វាយយើងកុំឱ្យខាន។ ព្រះជ័យជេដ្ឋាលុះទ្រង់បញ្ជូនពួកសៀមឱ្យត្រឡប់ទៅក្រុងស្រីអយុធ្យាវិញហើយ ស្ដេចនាំបណ្ដាជាខ្ញុំចូលក្រុងកម្ពុជា។ ពេលនោះចៅហ្វាយស្រុក និងក្រមការខេត្តប្រទល់ដែន ដែលកេណ្ឌរាស្ត្រ ដំរី សេះ និង រទេះ ហែជូនព្រះរាជដំណើរស្ដេចរៀងមកដល់ព្រះរាជវាំងកោះស្លាកែតនៅថ្ងៃ ១០ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក។ ក្រោយមកសម្ដេចព្រះជ័យជេដ្ឋាទ្រង់នាំមន្ត្រី ខ្ញុំរាជការចូលក្រាបបង្គំគាល់សម្ដេចព្រះវររាជបិតាមាតា និងសម្ដេចព្រះមហាទេវីក្សត្រជាព្រះអយ្យកា។ ព្រះអង្គបានក្រាបបង្គំទូលអំពីហេតុដែលព្រះនរេឝ្វរ ទ្រង់ព្រះមេត្តាប្រោសជប់លៀងនិងកិច្ចកលដើម្បីឱ្យបានចេញមកប្រទេសកម្ពុជាវិញគ្រប់ប្រការ។ សម្ដេចព្រះវររាជបិតាព្រះស្រីសុរិយោពណ៌កាលបើទ្រង់បានជ្រាបហើយ ស្ដេចទ្រង់មានព្រះរាជអំណរណាស់។ បន្ទាប់ពីនោះ មកព្រះអង្គទ្រង់ចាត់រាជការ មុខក្រសួងឱ្យរៀបសម្ភោធព្រះរាជបុត្រអស់ពេល ៣ ថ្ងៃមានល្បែង និង មហោស្រពផ្សេងៗ។ ថ្ងៃក្រោយទ្រង់ចាត់មន្ត្រី ៣ នាក់ឱ្យអញ្ជើញព្រះរាជសារ និង គ្រឿងបណ្ណាការទៅថ្វាយព្រះនរេឝ្វរ។ ព្រះរាជសារនោះមានសេចក្ដីថា: សុំឃាត់ព្រះជ័យជេដ្ឋា រាជបុត្រាឱ្យជួយប្រាមពួកចោរបះបោរក្នុងព្រះនគរឱ្យបានរាបទាបសិន ហើយនិងត្រឡប់មកបង្គំគាល់បំរើវិញ។ ព្រះនរេឝ្វរទ្រង់បានជ្រាបហើយ ក៏ទ្រង់យល់ព្រមទាំងទាល់ហើយទ្រង់ចាត់ថ្វាយគ្រឿងព្រះរាជបណ្ណាការតបមកវិញតាមការគួរ។ សេចក្ដីប្លែគ្នានៃព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យ និងសាស្ត្រាវត្តកំពង់ត្រឡាចក្នុងរឿង ដែលសម្ដេចព្រះជ័យជេដ្ឋាត្រឡប់ពីក្រុងព្រះស្រីអយុធ្យា ចូលមកក្រុងកម្ពុជាវិញ អស់តែប៉ុណ្ណោះ។ សូមអញ្ជើញទ្រង់លោកអ្នកវិលមកអាន ឯកសារមហាបុរសខ្មែរតាមសាស្ត្រាវត្តកំពង់ត្រឡាចក្រោមតទៅទៀត។ ចំណែកខាងព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំកាលបានដឹងថាព្រះបរមបពិត្រទ្រង់ពុំគង់នៅព្រះនគរទេ គឺថាព្រះអង្គយាងចេញទៅធ្វើសង្គ្រាមនឹងព្រះរាមបាទី ព្រះរាមទ្រាំង ដូច្នោះហើយក៏មានសេចក្ដីត្រេកអរណាស់ ទើបគិតព្រមគ្នាថា: ម្ដងនេះយើងនឹងបានសំរេចផែនដីហើយ។ កាលបើបានសំរេចផែនដីកាលណា យើងនឹងបែងផែនដីចែកគ្នាសោយរាជ្យ។ ដូច្នេះយើងត្រូវលើកទ័ពទៅវាយបន្ទាយកោះស្លាកែតជាប្រញាប់។ លុះគិតស្រុះស្រួលព្រមគ្នាហើយ ព្រះរាមទាំងពីរក៏បង្គាប់ចៅមឿង និងចៅបានគ្រប់ស្រុកឱ្យកេណ្ឌរេហ៍ពលបាន ២០០០០ នាក់ហើយចាត់ព្រះរាមត្បូងឃ្មុំឱ្យធ្វើជាមេទ័ពមុខ ចាត់ចៅហ្វាយស្រុកកោះប្រាសាទជាមេទ័ពប៉ែកខាងស្ដាំ ចាត់ចៅហ្វាយស្រុកព្រៃវែងជាមេទ័ពខាងឆ្វេង ចាត់ចៅមឿងរំដួល និងចៅមឿងស្វាយទាបជាមេទ័ពកងក្រវែល។ លុះដល់ថ្ងៃ ១២ កើត ខែកត្តិក ដែលជាថ្ងៃខ្មោចស៊ីមនុស្ស តែដោយហេតុតែអកុសលបណ្ដាលឱ្យហោរាទស្សន៍ទាយភាន់ច្រឡំថាថ្ងៃ ១២ កើត ខែកត្តិកនេះជាថ្ងៃមានជោគជ័យសេរីមង្គលទៅវិញ ហើយហោរាក៏គោះគងទូងស្គរ អ្នកកាន់ទង់ជ័យ ក៏បោកទ័ពជ័យជាសញ្ញាឱ្យលើកទ័ពចេញទៅ។ លុះលើកទ័ពមកដល់មាត់ក្រសះ មេទ័ពខាងមុខបានបញ្ជាឱ្យកងទ័ពឈប់ហើយចំលងរេហ៍ពល ទៅស្រុកកោះស្លាកែត។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់សម្ដេចព្រះរាជបុត្រទាំងពីរព្រះអង្គ និងចៅពញាតេជោប៉ាអង្គ ព្រមទាំងអស់ចៅហ្វាយស្រុកក៏លើកទ័ពត្រឡប់មកដល់ព្រះរាជវាំងកោះស្លាកែតនោះដែរ។ លុះទ្រង់ជ្រាបអំពីទ័ពព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំដែលបានលើកទ័ពមកដោយសព្វគ្រប់ប្រការហើយ ទើបទ្រង់ចាត់ឱ្យសម្ដេចព្រះឧទ័យជាព្រះរាជបុត្រពៅ ឱ្យលើកកងទ័ពទៅបោះនៅជ្រោយតាព្រហ្ម ឱ្យសម្ដេចព្រះជ័យជេដ្ឋាជាព្រះរាជបុត្រច្បង លើកកងទ័ពឡើងជាបន្ទាន់ ស្រូតរូតឱ្យដល់កំពង់ចាម រួចឱ្យឆ្លងសំដៅទៅមាត់ឃ្មង់ដោយវាយព្រះរាមត្បូងឃ្មុំឱ្យបាន។ ទ្រង់ចាត់ឱ្យចៅពញាតេជោប៉ាអង្គលើកទ័ពទូកចេញទៅទន្លេខាងលិច ហើយឱ្យចូលទៅតាមព្រែកដាច់ កាត់ទៅពាំម ដើម្បីទៅវាយព្រះរាមបាភ្នំ ដែលតាំងបន្ទាយនៅកំពង់ខ្សាច់សនោះឱ្យបាន។ សម្ដេចព្រះរាជបុត្រាទាំងពីរព្រះអង្គ និងចៅពញាតេជោប៉ាអង្គក៏ថ្វាយបង្គំលាព្រះបរមបពិត្រចេញមកចាត់នាយកងនាយទ័ពឃុំពលជាទ័ពមុខក្រោយឆ្វេងស្ដាំរួចលើកកងទ័ពចេញទៅ។ សម្ដេចព្រះឧទ័យព្រះរាជបុត្រពៅ លុះលើកកងទ័ពទៅដល់ជ្រោយតាព្រហ្មហើយ ទ្រង់ឱ្យតាំងបន្ទាយជា ៥ កងឱ្យឧកញ៉ាស្រែន្យសេនាចៅហ្វាយស្រុកខេត្តលង្វែកមួយ ចៅហ្វាយស្រុកភ្នំពេញមួយ ឱ្យតាំងបន្ទាយពីរ នៅខាងស្ដាំ ចៅហ្វាយស្រុកព្រៃកប្បាសមួយ ចៅហ្វាយស្រុករលាប្អៀរមួយឱ្យតាំងបន្ទាយពីរនៅខាងឆ្វេង។ ឯព្រះអង្គ និងចៅហ្វាយស្រុកបាទី ចៅហ្វាយស្រុកខេត្តក្រគរតាំងបន្ទាយមួយជាកណ្ដាល។ ទ្រង់ព្រះរាមកំណត់ថា បើព្រះរាមទាំងពីរចូលលុកវាយបន្ទាយកណ្ដាល ឱ្យចៅហ្វាយដែលតាំងនៅក្នុងបន្ទាយទាំង ៤ ជាឆ្វេងស្ដាំ ឱ្យលើកកងទ័ពវាយផ្ទប់ចូលមក។ ថាបើព្រះរាមទាំងពីរចូលវាយបន្ទាយខាងស្ដាំ ឱ្យចៅហ្វាយស្រុកដែលតាំងបន្ទាយខាងឆ្វេងនិងបន្ទាយកណ្ដាល លើកកងទ័ពវាយផ្ទប់ជាឆ្វេងស្ដាំចូលមកទំរាំកងទ័ពរបស់សម្ដេចព្រះរាម (ព្រះជ័យជេដ្ឋា) និងកងចៅពញាតេជោប៉ាអង្គចូលដល់បន្ទាយត្បូងឃ្មុំ និងបន្ទាយបាភ្នំ។ សម្ដេចព្រះជ័យជេដ្ឋា និងចៅពញាតេជោប៉ាអង្គ លើកកងទ័ពទៅដល់បន្ទាយព្រះរាមទាំងពីរខេត្តនោះហើយលុះដល់វេលាយប់ ក៏លើកទ័ពចេញទៅព័ទ្ធបន្ទាយ ហើយឱ្យពលក្លែងស្រែកប្រាប់ទាហានក្នុងបន្ទាយថា : លោកអម្ចាស់យើងលើកទ័ពចេញទៅមានជ័យជំនះវាយយកបានបន្ទាយកោះស្លាកែតហើយឱ្យអស់ទាហានក្នុងបន្ទាយបើកទទួលផង។ ខណៈនោះនាយកងទ័ពក្នុងបន្ទាយស្រុក ហេតុតែវេលាយប់មើលមិនច្បាស់នឹកស្មានថាចៅហ្វាយរបស់ខ្លួនចេញទៅប្រតិបត្តិការសឹកបានជ័យជំនះពិតមែន ក៏បើកទ្វារឱ្យ។ ពួកទ័ពសម្ដេចព្រះជ័យជេដ្ឋានិងពួកទ័ពចៅពញាតេជោប៉ាអង្គកាលបើសត្រូវចាញ់កលហើយក៏លើកទ័ពចូលលុកក្នុងបន្ទាយ ហើយវាចាក់កាប់សំលាប់ទាហានសត្រូវក្នុងបន្ទាយស្លាប់អស់ជាច្រើន។ ពេលនោះទាហាននៅក្នុងបន្ទាយទ្រាំតស៊ូមិនបាន ក៏រត់បែកខ្ញែកខ្ចាត់ខ្ចាយគ្នាអស់ទៅ។ សម្ដេចព្រះជ័យជេដ្ឋា ព្រះអង្គក៏ចូលទៅប្រថាប់ក្នុងបន្ទាយត្បូងឃ្មុំ បានហើយស្ដេចឱ្យតាំងបន្ទាយមួយទៀត នៅខាងក្រោយបន្ទាយស្រុក រួចស្ដេចចូលទៅប្រថាប់ខាងក្រៅនៃបន្ទាយនោះវិញ។ ឯចៅពញាតេជោប៉ាអង្គក៏ចូលទៅក្នុងបន្ទាយបាភ្នំបានដែរ ហើយចាត់ឱ្យចាប់បុត្រ ភរិយា ញាតិសន្តានរបស់ព្រះរាមបាភ្នំដាក់ក្នុងគុក ហើយឱ្យប្រុងប្រយ័ត្នក្រែងសេនាទាហានរបស់ព្រះរាមបាភ្នំនេះ បានដឹងការណ៍នេះ នឹងចូលមកវាយដណ្ដើមយកបុត្រភរិយាវិញ។ ព្រះជ័យជេដ្ឋាទ្រង់ព្រះអាយ័តថា បើឃើញព្រះរាមត្បូងឃ្មុំលើកទ័ពត្រឡប់មកវិញហើយ ឱ្យបង្កប់ទ័ពចំនួន ១០០ នាក់នៅក្នុងបន្ទាយឱ្យទាហានខ្វះនាំរេហ៍ពលធ្វើជារត់ចេញពីបន្ទាយ។ ចំណែកព្រះរាមត្បូងឃ្មុំ និងព្រះរាមបាភ្នំខំប្រឹងច្បាំងនឹងព្រះឧទ័យដោយពុំបានដឹងថាទ័ពហ្លួងចូលទៅលុក វាយយកបន្ទាយខ្លួនទាំងពីរនាក់នោះបាននៅឡើយ។ លុះកងទ័ពរៀបចំខ្លួនប្រាណរួចស្រេចសព្វគ្រប់ហើយថ្ងៃមួយព្រះរាមទាំងពីរក៏លើកទ័ពចូលវាយបន្ទាយសម្ដេចព្រះឧទ័យ ដែលតាំងជាកណ្ដាលនោះ។ ខណៈនោះចៅហ្វាយស្រុកទាំង ៤ ខេត្តដែលនៅក្នុងបន្ទាយឆ្វេងស្ដាំ លើកទ័ពចេញមកវាយផ្ទប់ពីខាងក្រៅ ពីឆ្វេងពីស្ដាំ។ ព្រះរាមទាំងពីរ វាយបន្ទាយនោះមិនបែកក៏សារទ័ព ត្រឡប់ទៅតាំងបន្ទាំយនៅកៀនស្វាយវិញ។ លុះដល់ថ្ងៃជាគំរប់ ៧ ព្រះរាមទាំងពីរចូលវាយបន្ទាយខាងស្ដាំម្ដងវិញ។ កងទ័ពព្រះឧទ័យ ដែលនៅបន្ទាយកណ្ដាលនិងកងទ័ពចៅហ្វាយស្រុក ដែលនៅបន្ទាយខាងឆ្វេងលើកគ្នាទៅវាយផ្ទប់កងទ័ពព្រះរាមទាំងពីរទៀត។ កងទ័ពព្រះរាមទាំងពីរក៏នៅតែវាយបន្ទាយទាំងពីរនោះមិនបែកដដែល ទើបថយកងទ័ពទៅនៅក្នុងបន្ទាយដដែលវិញ។ លុះកន្លង ៣ ថ្ងៃក្រោយមក ព្រះរាមទាំងពីរក៏ចូលទៅវាយបន្ទាយខាងឆ្វេងទៀត។ ខណៈនោះចៅហ្វាយស្រុកដែលនៅបន្ទាយខាងស្ដាំ និងបន្ទាយរបស់សម្ដេចព្រះឧទ័យក៏ចេញទៅវាយផ្ទប់កងទ័ពព្រះរាមទាំងពីរទៀត។ កងទ័ពព្រះរាមទាំងពីរនាក់ ក៏នៅតែវាយបន្ទាយនោះមិនបែកទៀត ហើយក៏ថយទ័ពទៅនៅក្នុងបន្ទាយដដែលវិញ។ លុះបានវាយបន្ទាយព្រះឧទ័យនោះជាគំរប់ ៣ លើកហើយ តែវាយមិនបែកដូច្នេះ ទើបព្រះរាមទាំងពីរនាក់គិតគ្នាថា: យើងបានវាយបន្ទាយនេះ ៣ លើកមកហើយ តែវាយមិនបែកសោះ ព្រោះថា បើយើងវាយបន្ទាយខាងនេះនោះបន្ទាយទាំង ៤ ដែលនៅខាងក្រោយលើកមកជួយគ្នា ដូច្នេះយើងគួរបែងចែកកងទ័ពជា ៥ កង ហើយចូលទៅវាយបន្ទាយទាំង ៥ នោះតែម្ដងទើបបាន។ លុះដល់វារៈជាគំរប់លើកទី៤ ព្រះរាមទាំងពីរក៏បែងទ័ពជា ៥ ផ្នែកមែន ចាត់ឱ្យពញាមន្ត្រីអរជូន ឃុំពល ១០០០ នាក់ចូលចោមវាយបន្ទាយ ចៅហ្វាយស្រុកខេត្តលង្វែក ឱ្យពញាពិភ័ក្ដិអរជូន ឃុំពល ១០០០ នាក់វាយបន្ទាយចៅហ្វាយស្រុកខេត្តរលាប្អៀរ ឱ្យពញាពិភ័ក្ដិតេជោបាឡាត់ខេត្តបាភ្នំចូលវាយបន្ទាយចៅហ្វាយស្រុកខេត្តក្រគរ ឱ្យពញាស្នេហាតេជោចូលវាយបន្ទាយចៅហ្វាយស្រុកភ្នំពេញ រីឯខ្លួនព្រះរាមទាំងពីរនាក់ ចូលចោមវាយបន្ទាយសម្ដេចព្រះឧទ័យ។ លុះព្រះរាមទាំងពីរបែងចែកកងទ័ពរបស់ខ្លួនជា ៥ ផ្នែកដូច្នេះរួចហើយ ក៏ចូលចោមបន្ទាយទាំង ៥ នោះ តែវាយពុំបែកសោះ វាយអស់រយៈពេល ៣ យប់ ៣ ថ្ងៃ បូករួមត្រូវជា ៧ ថ្ងៃ។ នៅពេលដែលកំពុងតែវាយប្រហារគ្នានោះ មានអ្នកបំរើក្លែងពីមេទ័ពហ្លួងក្នុងខេត្តបាភ្នំ និងខេត្តត្បូងឃ្មុំមកប្រាប់ឱ្យដឹងថា មានកងទ័ពហ្លួងចូលទៅវាយបន្ទាយខេត្តទាំងពីរនោះបែកហើយ ហើយថាមេទ័ពហ្លួងទាំងពីរចាត់ឱ្យចាប់បុត្រភរិយាប្របាទម្ចាស់និងបុត្រភរិយារបស់ក្រមការសេនាទាហាន យកទៅធ្វើទោសស្រែកយំរងំពេញតែក្នុងបន្ទាយ ថាខ្លះទៀតរត់ចេញបានពីបន្ទាយ តែត្រូវពួកទាហានហ្លួងដេញចាប់យកមកចងដៃឱ្យរត់តាមសេះ ត្រឡប់ទៅបន្ទាយវិញអស់។ លោកស្រីប្របាទម្ចាស់ ប្រើខ្ញុំប្របាទម្ចាស់ឱ្យមកអញ្ជើញប្របាទម្ចាស់វិលត្រឡប់មកវិញ។ ឯលោកស្រីប្របាទម្ចាស់ បានគិតនឹងភ្នាក់ងារនិងក្រមការដែលនៅឯនោះ ឱ្យក្លែងធ្វើជាចុះចូលនឹងមេទ័ពហ្លួងជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំតែប្របាទម្ចាស់លើកទ័ពត្រឡប់ទៅវិញកាលណា នឹងទទួលជាកន្សៃសឹក វាយកំចាត់កងទ័ពហ្លួងឱ្យចេញពីក្នុងបន្ទាយមកវិញឱ្យខាងតែបាន។ ព្រះរាមទាំងពីរនិងក្រមការសេនាទាហានរេហ៍ពលបានឮពាក្យក្លែងនេះហើយ ក៏នឹងអាណិតបុត្រ ភរិយាពន់ប្រមាណណាស់ ទន់អស់សរសៃដៃជើងពុំអាចនឹងតស៊ូចូលវាយបន្ទាយខាងទ័ពហ្លួងទាំង ៥ នោះបានឡើយ។ ក្នុងពេលមួយរំពេចនោះព្រះរាមទាំងពីរ និងរេហ៍ពលចំលងកងទ័ពលើកត្រឡប់ថយទៅស្រុកវិញ ដើម្បីឱ្យពលចូលចោមវាយបន្ទាយរបស់ខ្លួននោះ ប្រាថ្នានឹងដណ្ដើមយកបុត្រភរិយារបស់ខ្លួនវិញ។ ព្រះរាមបាភ្នំ កាលឆ្លងទៅដល់ខេត្តបាភ្នំវិញហើយ ក៏នាំនាយកងនាយទ័ព និងរេហ៍ពលចូលទៅដល់ស្រុករបស់ខ្លួន។ ខណៈនោះ ចៅពញាតេជោប៉ាអង្គបានចាប់បុត្រភរិយារបស់ព្រះរាមបាភ្នំ និងបុត្រភរិយារបស់ក្រមការសេនាទាហានរបស់ព្រះរាមបាភ្នំទាំងនោះចងឆ្កាងនៅលើក្បាលបន្ទាយ ហើយបង្គាប់ឱ្យសេនាទាហានស្រែកប្រាប់ទៅសេនាទាហានព្រះរាមបាភ្នំថា: ម្ចាស់ឯងរាល់គ្នានេះគិតក្បត់នឹងម្ចាស់ផែនដី។ ឥឡូវនេះអស់អម្ចាស់ផែនដី បញ្ជាឱ្យចៅហ្វាយរបស់យើង មកចាប់ឱ្យពួកឯងព្រមទាំងបុត្រភរិយានិងញាតិសន្តានទាំង ៧ ជួរគោត្រ យកទៅសំរេចតាមទោសានុទោស។ ដូច្នេះបើឈ្មោះណាចង់ឱ្យបុត្រភរិយា និងញាតិសន្តានរបស់ខ្លួនរួចទោសនោះ ត្រូវព្រួតគ្នាចាប់ព្រះរាមបាភ្នំតែម្នាក់នោះមកជូនចៅហ្វាយម្ចាស់យើងចុះ នោះលោកចៅហ្វាយម្ចាស់យើង នឹងឱ្យឈ្មោះនោះរួចទោសទាំងបុត្រភរិយាព្រមទាំងញាតិសន្តាន ហើយលែងឱ្យចេញត្រឡប់ទៅទីលំនៅរបស់ខ្លួន ដើម្បីនឹងប្រកបមុខរបរតាមធម្មតារៀងរាល់ខ្លួនវិញ។ បុត្រភរិយា និងញាតិសន្តាននៃក្រុមសេនាទាហានដែលត្រូវបានគេចងឆ្កាងនៅលើក្បាលបន្ទាយនោះ កាលសេនាទាហានខាងព្រះរាមបាភ្នំមកដល់ហើយ ទាហានខាងចៅពញាតេជោប៉ាអង្គវាយឱ្យស្រែកយំរកស្វាមី និងបិតាតែរៀងខ្លួន។ សូរសព្ទសំរែកស្រែកយំថ្ងូរនៃបុត្រភរិយា និង ញាតិសន្តានរបស់ក្រមការសេនាទាហាន ខាងព្រះរាមបាភ្នំទាំងនោះ លាន់ឮឡើងហាក់បីដូចជាផ្គរ រន្ទះ ភ្លៀងខែដើមឆ្នាំ ឥតបីនឹងស្រាកស្រាន្តឡើយ។ សេនាទាហានខាងព្រះរាមបាភ្នំ កាលឮសូរសំឡេងទាហានពញាតេជោប៉ាអង្គ ស្រែកប្រាប់ពីក្នុងបន្ទាយមកព្រមទាំងឮសំរែកបុត្រភរិយារបស់ខ្លួន ស្រែកទ្រហ៊ោយំ ទ្រហឹងអឺងកងបន្ថែមមកទៀត ក៏ទោរទន់សរសៃជើង អាណិតអាសូរស្រណោះដល់បុត្រភរិយា និងញាតិសន្តានទាំងនោះហើយទើបនាំគ្នាព្រួតចាប់ព្រះរាមបាភ្នំមែន ព្រះរាមបាភ្នំឃើញសេនាទាហានរបស់ខ្លួន ប្រែចិត្តដូច្នោះហើយ ក៏កាន់អាវុធនាំសេនាទាហានប្រមាណ ៥០ ផ្សេងទៀត ដែលស្ម័គ្រចិត្តទទួលចូលកាប់ចាក់នឹងពលរបស់ខ្លួនដែលបែកចិត្តទាំងប៉ុន្មាន។ សូរសន្ធឹកដំបង ដាវដែលកាប់ចាក់គ្នានោះ លេចឮប្រាកដឡើងហាក់បីដូចជាលាជផ្ទុះ បណ្ដាលឱ្យស្លាប់អស់បណ្ដារាស្ត្រនឹងរេហ៍ពលអស់ជាច្រើន។ កាលនោះចៅពញាតេជោប៉ាអង្គ ដែលឈរនៅលើក្បាលបន្ទាយឃើញហើយ ខ្លាចក្រែងបណ្ដារាស្ត្រនិងសេនាទាហានដែលប្រែចិត្តទាំងនោះ ទ្រាំតស៊ូនឹងព្រះរាមបាភ្នំពុំបាន ក៏នាំសេនាទាហានចេញពីបន្ទាយទៅជួយច្បាំងសេនាទាហានស្រុកនោះទៀត។ ពេលនោះសេនាទាហានរបស់ព្រះរាមបាភ្នំស្លាប់អស់ ២១ នាក់ចាប់បានឈ្លើយ ២៥ នាក់រួមទាំងខ្លួនព្រះរាមបាភ្នំផង។ សេនាទាហានរបស់ព្រះចៅពញាតេជោប៉ាអង្គ លុះចាប់បានសេនាទាហានរបស់ព្រះរាមបាភ្នំ និង ខ្លួនព្រះរាមបាភ្នំហើយ ក៏នាំចូលបន្ទាយទើបស្រាយចំណងបុត្រភរិយា ញាតិសន្តានទាំងនោះហើយលែងទៅ។ ឈ្មោះណាដែលមានចិត្តស្មោះត្រង់ល្អ ក៏ឱ្យត្រឡប់ទៅលំនៅស្ថានរបស់ខ្លួនវិញរៀងរាល់គ្នា។ ចំណែកឯព្រះរាមត្បូងឃ្មុំ កាលនាំសេនាទាហានទៅដល់ទីកន្លែងខ្លួនហើយក៏ឱ្យទ័ពខ្លួនចោមវាយ ជា ៣ ផ្លូវហើយឱ្យទាហានស្រែកប្រាប់ថា: បើបើកលែងបុត្រភរិយាយើងទាំងអស់មក ទើបយើងឱ្យរួចខ្លួនទាំងអស់គ្នា។ ទាហានសម្ដេចព្រះជ័យជេដ្ឋា កាលបើឃើញទាហានព្រះរាមត្បូងឃ្មុំទៅដល់ហើយ ក៏ធ្វើជាភិតភ័យដុតផ្ទះក្នុងបន្ទាយ ហើយរត់ចោលបន្ទាយនោះចូលទៅក្នុងព្រៃគ្រប់គ្នានៅសល់តែទាហាន ១៥០ នាក់ដែលបង្កប់ខ្លួនឱ្យនៅក្នុងបន្ទាយនោះ ព្រះរាមត្បូងឃ្មុំឃើញទាហានព្រះជ័យជេដ្ឋារត់ចេញទៅដូច្នោះ ក៏ភ័យខ្លាចក្រែងស្លាប់បុត្រភរិយា ទើបបរពលចូលទៅក្នុងបន្ទាយនោះដោយម្នីម្នា។ ខណៈនោះទាហានហ្លួង ដែលរត់ចូលទៅក្នុងព្រៃនោះ ក៏ចេញពីព្រៃមកផ្ទប់ទាហានព្រះរាមត្បូងឃ្មុំពីក្រៅ ទាហានហ្លួងក្នុងបន្ទាយក៏ចេញមកកាប់ចាក់ទាហាន ព្រះរាមត្បូងឃ្មុំ យ៉ាងសន្ធឹកគឹកកង។ ទាហានព្រះរាមត្បូងឃ្មុំទ្រាំមិនបាន ក៏បែកទ័ពរត់ចេញមកក្រៅ ខ្លះក៏រត់រួច ខ្លះក៏ស្លាប់ តែរស់តិចណាស់ឯស្លាប់ទើបច្រើន។ ឯព្រះរាមត្បូងឃ្មុំមិនបានដឹងថា មានបន្ទាយនៅខាងក្រោយក៏រត់ទៅពានលើបន្ទាយនោះ។ សម្ដេចព្រះជ័យជេដ្ឋាដែលប្រថាប់ក្នុងបន្ទាយក្រៅឃើញហើយ ក៏ដេញសេនាទាហានឱ្យចូលកាប់ ហើយចាប់បានព្រះរាមត្បូងឃ្មុំ និងសេនាទាហាន ២៤ នាក់។ ទ្រង់ត្រាស់បង្គាប់ឱ្យប្រហារជីវិតទាំង ២៤ នាក់ទាំងព្រះរាមត្បូងឃ្មុំព្រមទាំងបុត្រភរិយា។ ស្រេចហើយព្រះអង្គយាងបញ្ចុះបញ្ចូលបណ្ដារាស្ត្រតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ខេត្តសំបុកសម្បូរ។ លុះបានរាបទាបហើយទើបព្រះអង្គចូលមកក្រាបថ្វាយបង្គំគាល់សម្ដេចព្រះវររាជបិតា ហើយក្រាបបង្គំទូលអំពីកិច្ចរាជការគ្រប់ជំពូក។ ឯចៅពញាតេជោប៉ាអង្គ កាលបានសំរេចការសង្គ្រាមក្នុងខេត្តបាភ្នំ ព្រៃវែង រំដួល ស្វាយទាបស្រេច ក៏លើកកងទ័ពទៅប្រាប់ប្រាមដល់ទៅស្រុករោងដំរី ព្រៃនគរ(១)។ កាលបើបានរាបទាបល្អហើយ ទើបចៅពញាតេជោប៉ាអង្គចូលមកក្រាបបង្គំគាល់ព្រះបរមបពិត្រ ក្រាបបង្គំទូលតាមកិច្ចរាជការគ្រប់ប្រការ។ ព្រះបរមបពិត្រទ្រង់ព្រះមេត្តាប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។ ទ្រង់ព្រះរាជទានងារសក្ដិដល់ចៅពញាតេជោប៉ាអង្គ ជាឧកញ៉ាតេជោបុរារាជខ្នងពោះក្រៅ "គឺស្ដេចត្រាញ់ដែលមានបណ្ដាសក្ដិ ១០ ហ៊ូពាន់" ទាំងក្រមការដែលជាសេនាទាហាន ក៏ទ្រង់ប្រោសឱ្យឡើងជាទីឧកញ៉ាទាំងអស់គ្នា។ ហេតុនេះហើយបានជាសម័យនោះចៅហ្វាយស្រុក និងក្រមការខេត្តសំរោងទងសុទ្ធតែមានទីជាឧកញ៉ាទាំងអស់។ ចៅហ្វាយស្រុក និងក្រមការទាំងនេះ ក៏ថ្វាយបង្គំលាទៅរក្សាស្រុកខេត្តទីទៃៗ។ លុះដល់ឆ្នាំខាល ចត្វាស័ក ពស.២១៤៦ គស.១៦០២ មស.១៥២៤ ចស.៩៦៤ សម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់ប្រឹក្សានឹងសម្ដេចព្រះសុគន្ធាមហាសង្ឃរាជា រាជាគណៈព្រះរាជវង្សានុវង្ស និង អង្គអគ្គមហាសេនា សេនាបតី មន្ត្រីធំតូច ខ្ញុំព្រះរាជការទាំងពួងថា: យើងបានមកតាំងចតនៅទីនេះចំនួន ១ ឆ្នាំប្លាយហើយយើងបានប្រាប់ប្រាមសឹកសត្រូវ "គឺបង្ក្រាបសឹកសត្រូវ" ថ្លើងនោះ " អ្នកដែលឡើងចាង អ្នកដែលព្រហើនមហាត ពួកបះបោរ " ក៏រាបទាបអស់ហើយ តែយើងនឹងតាំងបន្ទាយព្រះនគរនៅទីនេះតទៅទៀតពុំបានទេ ពីព្រោះទីនេះមានទឹកលិចជ្រៅ ហើយមិនមែនជាទីជ័យភូមិផង។ ញោមយល់ឃើញថានៅត្រើយអរិយក្សត្រនោះ មានទីទួលសមគួរ។ បើសៀមលើកទ័ពជើងគោកទៅប៉ះពារបន្ទាយយើង ក៏វាពិបាកដែរ។ ញោមយល់ថាគួរយើងទៅ សាងព្រះរាជវាំងតាំងបន្ទាយនៅទីនោះវិញ តើជីតុន "សម្ដេចព្រះសុគន្ធាធិបតី" និងអស់សេនាបតីមន្ត្រីទាំងពួង អ្នកណាយល់ដូចម្ដេចខ្លះ? សម្ដេចព្រះសុគន្ធាមហាសង្ឃរាជា រាជាគណៈ បរមវង្សានុវង្សអគ្គមហាសេនា សេនាបតី មន្ត្រីទាំងពួង ក្រាបបង្គំទូលថា ទីនោះឃើញថាប្រសើរជាងទីលង្វែកមែន បើសៀមនឹងមកប្រមាថព្រះនគរពីខាងមុខយើង មានទន្លេខ័ណ្ឌទាំងសងខាង បើមកពីខាងក្រោយយើងក៏មានបឹងមានព្រៃខ័ណ្ឌដែរ បើសៀមលើកមកយើងតែងឧបាយកលជាច្រើនសង្គ្រាមក៏នឹងមានទីខាបខែប (ទីដែលល្មមអែបអាងជារបាំងរាំងទ័ពសត្រូវ) នឹងបង្កប់ទ័ពបានច្រើនអន្លើ អាត្មាភាពទូលព្រះបង្គំយល់ថាគួរណាស់ហើយ។ លុះព្រះអង្គប្រជុំយល់ព្រមហើយ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ចៅហ្វាយកំណាន់ខេត្តឱ្យកេណ្ឌរាស្ត្រទៅលើកផ្លូវ ត្រាស់បង្គាប់ក្រុមក្រសួងសុរិយោដីឱ្យកេណ្ឌរាស្ត្រមកកាប់ឈើ ទ្រង់ត្រាស់បង្គាប់ឱ្យក្រុមមេការជាងឈើ ឱ្យទៅធ្វើដំណាក់ប្រាសាទព្រះរាជរោងក្រៅ-ក្នុង បំរុងសំរាប់ព្រះអង្គទ្រង់រាជ្យឱ្យសាងដំណាក់កំពែងសំរាប់សម្ដេចព្រះអយ្យកាមហាទេវីក្សត្រី និងដំណាក់សម្ដេចព្រះជ័យជេដ្ឋា ព្រះរាជបុត្រច្បង និងកំពែងវាំងដំណាក់សម្ដេចព្រះឧទ័យព្រះរាជបុត្រពៅ។ ទ្រង់ឱ្យសង់ថែវ រោងក្រៅក្នុង និងព្រះពន្លាសំរាប់ព្រះបរមបពិត្រទ្រង់រាជ្យ សុទ្ធសឹងតែរូបចំលាក់ លាបម្រ័ក្សណ៍ជាតិហិង្គុល ទឹកមានឱភាសសោភា។ លុះសូរេចហើយ ទើបមន្ត្រីទាំងនោះនាំសេចក្ដីទៅរាយការណ៍ ក្រាបបង្គំទូលគ្រប់ប្រការ។ ក្នុងថ្ងៃ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក នោះព្រះបរមបពិត្រព្រះអង្គនាំអស់ព្រះបរមរាជវង្សារាជសេវកា សេនាបតីមន្ត្រីគ្រប់ក្រុម ចុះព្រះទីនាំងនាវា ព្រមដោយនូវបុស្សបុក និងបាំងសែតបាំងសែងព្រះសុរិយាតូរ្យតន្ត្រី។ ទាហានពាក់អាវក្រហមចែវទូកសំបកបង្កង យោងមុខព្រះទីនាំង ៣០ គូ។ លុះដល់បានឫក្សពារពេលាជាន់ឆាយាល្អហើយ ព្រះរាជហោរាគោះគងរគាំង ទូងភេរី ព្រមទាំងបុរោហិតផ្លុំត្រែស័ង្ខ ព្រះសុរិយាតូរ្យតន្ត្រី ក៏លេងប្រគំរងំខ្ទរខ្ទារជលធា។ ក្រុមយោធាទាហាន ក៏ស្រែកហ៊ោគឹកកងរំពងទាំងព្រឹក្សព្រៃលើកពលសេនាចេញទៅ។ លុះដល់ទៅមុខបន្ទាយហើយ ព្រះបរមបពិត្រ ក៏ទ្រង់ប្រថាប់ព្រះទីនាំងនៅព្រះដំណាក់ផែ។ ពួករេហ៍ពលដែលដង្ហែទាំងប៉ុន្មានក៏ចតទូករាយរៀងគ្នាតាមលំដាប់។ ក្នុងខណៈដែលនឹងរៀបឡើងព្រះដំណាក់នោះ សម្ដេចព្រះសុគន្ធាធិបតីមហាសង្ឃរាជា រាជាគណៈ និង ព្រះរាជគ្រូបុរោហិតព្រមទាំងព្រះបរមវង្សា អគ្គមហាសេនា សេនាបតីមន្ត្រីធំតូចជំនុំព្រមក្រាបបង្គំសូមអញ្ជើញស្ដេចប្រាប្ដ្រាភិសេក (១ អភិសេកស្ដេចដែលបានឈ្នះអស់សឹកសត្រូវ ព្រះអង្គក៏ព្រមព្រះរាជហឫទ័យ)។ ខណៈនោះសម្ដេចចៅហ្វាទឡ្ហៈសមុហនាយក និងសេនាបតីមន្ត្រី កំណាន់ខេត្តមានរាជប្រកាសប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខេត្តឱ្យរៀបបណ្ដាការចូលមក ឱ្យប្រាប់មន្ត្រីគ្រប់ក្រសួង ត្បូងងារ (គឺនាយក្រសួង ដែលជាមេធំជាងគេ ក្នុងក្រសួង) ឱ្យធ្វើរោងរាជពិធី ៣៧ ខ្នងមានរាជវ័តី ឆ័ត្ររួត ទន់គ្រប់ទិសទី ឱ្យធ្វើរោងពិធី ៣៧ ខ្នងទៀត មានទងឆ័ត្រ រាជវ័តី និង រោងមហោស្រពនានាជាច្រើន។ ឯរាជហោរា លុះគន់គូរហើយបានថ្វាយឫក្សថា ថ្ងៃនេះជាថ្ងៃមហាសិទ្ធិជោគល្អហើយ បុណ្យក៏ចាប់ចូល ក្នុងពិធីនៅថ្ងៃ ៩ កើត ខែបុស្ស ព្រះរាជគ្រូស្រោចទឹកយោងព្រះកេសថ្វាយ ទ្រង់ព្រះខ័នព្រះនរាយណ៍។ នៅថ្ងៃ ២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កហោរាក៏រៀបព្រះរាជ ប្រាប្ដ្រាភិសេក នោះដូចមានតទៅនេះ: ១. ក្នុងថ្ងៃទី១ នៃថ្ងៃចូលកាន់ពិធីបុណ្យនោះ ភ្នាក់ងារក្រុមព្រះរាជក្រិត្យ សង្ឃការីនិមន្តព្រះសង្ឃថ្វាយទឹកមន្ត។ ព្រះករុណាស្ដេចចេញនមស្ការ ព្រះរតនត្រ័យ ក្រុមព្រះរាជបណ្ឌិត ព័ទ្ធសីមាព្រះរាជរោង ក្រុមទាហានកាំភ្លើងធំ តូច ចាំយាមទ្វារទាំង ៨ ទិស ក្រុមល្បែងមហោស្រព សុរិយាតូរ្យតន្ត្រីក៏តាំងរៀបរណ្ដាប់ព្រះពិស្ណុការលេងខោល លេងងីវ (របាំចិន) លេងហាតបាយ យោងទោងសួរព្រ័ត្រ ចូលកង់ដាំដូង រត់ម៉ៃលុយកងភើង លេងភ្លេងតូរ្យតន្ត្រីប្រគំទាំង ៨ ទិស។ ២. លុះព្រឹកឡើង ជាថ្ងៃគំរប់ពីរ សម្ដេចព្រះរាជគ្រូ បុរោហិត អញ្ជើញ ស្ដេចគង់ព្រះទីនាំងគជេន្ទ្រដ៏បវរទ្រង់គ្រឿងបរប្រទក្សិណព្រះនគរ អគ្គមហាសេនាបតី ពាក់អាវសាក្លាត ស្លៀកសាក្លាត ពាក់អាវផាយសពាក់មួយសុងប្រពាត (សព្វថ្ងៃគេទំលាប់ហៅតាមសំនៀងសៀមថាមួកសុងប្រផាត) ជិះដំរីហែជាគូឃៀង។ មន្ត្រីក្រុងព្រះទីនាំងគជេន្ទ្រជិះដំរីហែយោងមុខឆ្វេងស្ដាំ។ មន្ត្រីក្រុងព្រះទីនាំងអស្សតរតែងខ្លួនជិះរទេះហែ។ ក្រុងព្រះទីនាំងអស្សតរមន្ត្រីក្រុងទាហានថ្មើរជើង និងទាហានកាំភ្លើងធំតូចតែងខ្លួនអូសកាំភ្លើងធំ លីកាំភ្លើងតូច។ បន្ទាប់ពីក្រុមកាំភ្លើងធំមកមន្ត្រីក្រុងព្រះរាជយានតែងខ្លួនកាន់នូវបាំងសែត បាំងព្រះទិនករជាមរ បាយមន អភិរម្យ សែនត្វាន់។ មន្ត្រីក្រុងមហីសាតែងខ្លួនជិះក្របីចងគ្រឿង។ ចៅហ្វាយស្រុកខេត្តក្រៅពាក់អាវផាយ ពាក់លំគកកាន់ផ្កាឈូក ហែប្រទក្សិណព្រះនគរ។ លុះដល់វេលាល្ងាច របៀបព្រះរាជពិធីដូចថ្ងៃទី១។ ៣.លុះព្រឹកឡើងក្នុថ្ងៃជាគំរប់ ៣ សម្ដេចព្រះសុគន្ធាធិបតីមហាសង្ឃរាជា រាជាគណៈនិងសម្ដេចព្រះរាជគ្រូអញ្ជើញស្ដេចគង់ព្រះទីនាំងកញ្ចោងជ័យចេញប្រទក្សិណព្រះនគរ។ របៀបហែដូចថ្ងៃទី២។ នៅវេលាល្ងាចដូចថ្ងៃទី១។ ៤. លុះព្រឹកឡើងក្នុងថ្ងៃគំរប់ ៤ សម្ដេចព្រះសុគន្ធាធិបតីមហាសង្ឃរាជ និង សម្ដេចព្រះរាជគ្រូបុរោហិតអញ្ជើញស្ដេចគង់ព្រះទីនាំងរាជរថ ចេញប្រទក្សិណព្រះនគរ។ របៀបហែដូចថ្ងៃទីពីរ។ វេលាល្ងាចដូចថ្ងៃទី១។ ៥. លុះព្រឹកឡើងដល់ថ្ងៃទី៥ សម្ដេចព្រះសុគន្ធាធិបតីមហាសង្ឃរាជ រាជាគណៈ និងសម្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចគង់លើព្រះទីនាំងអស្សតរ ចងគ្រៀងហែប្រទក្សិណព្រះនគរ។ របៀបហែដូចថ្ងៃទី២។ ពេលល្ងាចដូចថ្ងៃទី១ ៦. ដល់ថ្ងៃជាគំរប់ ៦ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងសម្ដេចព្រះរាជគ្រូបុរោហិតអញ្ជើញស្ដេចគង់លើព្រះទីនាំងនាវា យាងចេញប្រទក្សិណព្រះនគរ។ របៀបហែ និងប្រដាប់ប្រដាដូចថ្ងៃជាគំរប់ ២។ ប្លែកតែពេលនោះនាម៉ឺនមន្ត្រី ទាំងអស់ ត្រូវជិះទូកចែវ។ ក្នុងល្ងាចមានកម្មវិធីដូចថ្ងៃទី១។ ៧. លុះដល់ថ្ងៃជាគំរប់ ៧ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និង សម្ដេចព្រះរាជគ្រូបុរោហិតអញ្ជើញស្ដេចគង់ព្រះទីនាំង យានុមាត្យយាងចេញប្រទក្សិណព្រះនគរទៀត។ របៀបរៀបក្បួនហែដូចថ្ងៃជាគំរប់ ២។ លុះយាងដល់ទ្វារព្រះបរមរាជវាំងហើយ ក្រុមព្រះរាជវង្សានុវង្សស្ដេចយាងមកអញ្ជើញ ស្ដេចយាងចូលក្នុងព្រះនគរវិញ។ លុះដល់ទីភ្នំកៃលាស (ឈ្មោះភ្នំជាពិសេសមួយក្នុងពួកភ្នំហិមាល័យ។ ក្នុងទីនេះភ្នំកៃលាសគឺជាភ្នំដោយបន្ទះ ឫស្សីពាសក្រដាសមានទំនងជាភ្នំ) បុស្សបុកមណ្ឌប សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ និងស្ដេចព្រះរាជគ្រូបុរោហិត អញ្ជើញស្ដេចឡើងលើភ្នំកៃលាសប្រថាប់នៅក្រោមមណ្ឌល ហើយសម្ដេចទាំងពីរព្រះអង្គ ស្រោចទឹកយោព្រះកេស។ ព្រះបរមនាថទ្រង់ព្រះខ័ន នៅព្រះឥសូរព្រះនរាយណ៍។ ព្រះបុរោហិតថ្វាយទឹកមុទ្ធាភិសេក ស្លៀកស្លឹកព្នៅតាមដោយនូវបុរាណរាជបវេណីហើយ ក្រុមព្រះបុរោហិតក៏តាំងផ្លុំត្រៃស័ង្ខប្រគំតូរ្យតន្ត្រី វាយនូវរគាំង គងរំពកក្រៃ។ ផ្នែកក្រុមកាំភ្លើងធំក៏បាញ់សាឡទ២០ កាំភ្លើងហើយសម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ និង សម្ដេចព្រះមហាឥសីភ័ទ្ទ ក៏ស្ដេចនិមន្តចុះចាកមណ្ឌប ត្រឡប់ចូលមកក្នុងព្រះបរមរាជវាំងវិញ។ ក្រុមព្រះភូសា មាលា អញ្ជើញគ្រឿងកកុធភណ្ឌថ្វាយគ្រឿងនូវព្រះខ័តរតន៍មង្គល យាងចេញគង់ចុងព្រះរាជរោងរម្យ ទើបសម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជា រាជាគណៈ ថានានុក្រម និង ព្រះបរមរាជវង្សានុវង្ស អគ្គមហាសេនា សេនាបតី ក្រាបបង្គំថ្វាយរាជសម្បត្តិនិងចំរើនព្រះពរ ថ្វាយព្រះបរមពិត្រ។ ព្រះបរមពិត្រទ្រង់ក៏ព្រះរាជទាំនព្រះពរតបវិញ ហើយក្រុមព្រះរាជគ្រូបុរោហិតថ្វាយស្លុតី។ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជ រាជាគណៈ ថានានុក្រម ក៏សូត្រព្រះពុទ្ធមន្ត ចំរើនព្រះជន្មថ្វាយជាសូរេចហើយ ទើបស្ដេចទ្រង់យាង ឡើងចូលក្នុងព្រះរាជមន្ទីរធំ តូរ្យតន្ត្រីក៏ចាប់ផ្ដើមប្រគំរងំ ខ្ទរខ្ទារ ក្នុងព្រះរាជពិធីបុណ្យប្រាប្ដាភិសេកដ៏រុងរឿងត្រកាលនេះ។ ព្រះស្រីសុរិយោពណ៌ ឡើងសោយរាជ្យប្រាប្ដាភិសេក ក្នុងឆ្នាំខាល ចត្វាស័ក ពស. ២១៤៦ គស.១៦០២ មស.១៥២៤ ចស.៩៦៤ ទ្រង់ព្រះនាមជាព្រះបាទសម្ដេចរាជឱង្ការព្រះស្រីសុរិយោពណ៌បរមរាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌ ធម្មិករាជាធិរាជ បរមចក្រពត្រា មហាធិបតិន្ទនរិន្ទរតនាកាស ឱកាសជាតិមហិស្សរ វរអគ្គមហាបុរសរដ្ឋ វិវឌ្ឍនាតិរេក ឯករាជជាមហាមេចង្កូល កំពូលក្រុងកម្ពុជាធិបតី មហាបុរីរដ្ឋ សណ្ឋិតជាមកុដភូមិន្ទឥន្ទបត្តកុរុរដ្ឋ រាជមន្ទីរសិលាមហាស្ថានបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ទ្រង់អភិសេកសម្ដេចព្រះក្សត្រីជាសម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ។ ព្រះអង្គទ្រង់មានព្រះរាជបញ្ជាឱ្យដោះលែងមនុស្សដែលមានទោស ទ្រង់ត្រាស់បង្គាប់ឱ្យលែងសត្វ និងឱ្យរួចពន្ធព្រះរាជបវេណតាមព្រះរាជប្រពៃណី។ តាំងតែពីថ្ងៃនោះរៀងរាបមក ភ្លៀងក៏បង្អុរចុះរះរាយខុសរដូវ បណ្ដាលរាស្ត្រជនទាំងពួងប្រកបមុខរបរធ្វើស្រែចំការច្បារដំណាំគ្រប់ប្រភេទ បានសម្បូណ៌ហូរហៀរពោរពាសចំរើនផលទ្វេឡើងមួយជាពីរ មួយជាបួន។ អ្នកប្រទេសបានថ្វាយគ្រឿងបណ្ណាការពឹងបុណ្យព្រះបារមីជាច្រើន។ លុះដល់មកឆ្នាំថោះ បញ្ចស័ក ពស.២១៤៧ គស.១៦០៣ មស.១៥២៥ ចស.៩៦៥ នេនឡី (នេនឡីនេះគឺជាសិស្សទីពីររបស់លោកគ្រូព្រះបទុមបារមីចៅអធិការវត្តទ្រៀល ក្នុងស្រុកបារាយណ៍សព្វថ្ងៃ ជាសិស្សរួមអាចារ្យជាមួយនឹងចៅពញាតេជោប៉ាអង្គមាស) តាំងសិល្ប៍បាន ៣ ឆ្នាំប្លាយមកហើយ ក៏តាំងប្រសិទ្ធីបានច្រើនប្រការ គឺចង់ឱ្យកើតទៅជាឃ្មុំ ស្រាំង ឪម៉ាល់ តាឪ ខ្លា និងដំរី ជាដើមបានទាំងអស់។ នេនឡីនេះពុំទាន់ទាំងតាំងសិល្ប៍នោះបានគ្រប់ ៧ ឆ្នាំផងទេ ក៏កំរើកចិត្ត ចង់ធ្វើជាស្ដេចសោយរាជ្យណាស់។ លុះគិតថាដែលខ្លួនតាំងប្រសិទ្ធីបានតាមបំណងនេះ មុខជានឹងតាំងនៅស្ថិតស្ថេរចីរកាលតរៀងទៅហើយ ទើបយកជាតិហិង្គុល មកលាយលាបធ្វើជាកងចក្រ លាយលក្ខណ៍នៅបាតដៃ បាតជើងហើយដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រកាលតាំងខ្លួនថា: ខ្លួននោះគឺជាព្រះបាទបាឡីកងចក្រ អាចក្រឡះក្រឡាធ្វើដូចម្ដេចបានតាមបំណងទាំងអស់ឥតមានសល់ចន្លោះហើយ។ អាណាប្រជារាស្ត្រ កាលបើឃើញដូច្នោះហើយក៏ជឿចុះចូលជាច្រើន ព្រោះយល់ឃើញថាឡីនេះពិតជាអ្នកមានបុណ្យមែន។ ព្រះបាទ ឡាឡីកងចក្រនេះបានតែងតាំងសេនាបតីមន្ត្រីគ្រប់តំណែងការ តាំងកំពែងព្រះនគរនៅក្នុងខេត្តគោកសេះ (ស្រុកបារាយណ៍ក្នុទីរួមខេត្តកំពង់ធំសព្វថ្ងៃនេះ) ហើយចាត់កងទ័ពអោយចេញទៅវាយសង្កត់រឹបយកបានខេត្តកំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ ដេញអស់ចៅហ្វាយស្រុក។ ចៅហ្វាយស្រុកទាំងនោះកេណ្ឌទ័ពតាំងទប់ពុំបាន ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយចោលស្រុកទីទៃ។ ចៅហ្វាយស្រុកទាំងនោះ កេណ្ឌពលយកទៅច្បាំងតទល់ទៀត តែរាស្ត្រពុំហ៊ានចុះកំណែនដោយជឿស្ដាប់ថា បាឡីកងចក្រនេះជាអ្នកបុណ្យពិតប្រាកដមែន។ អស់ចៅហ្វាយស្រុកទាំងនោះ ក៏បកសំបុត្រប្ដឹងចូលមកសេនាបតី។ សេនាបតី ក៏យកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង នៅក្នុងព្រះបរមរាជវាំង នាក្រុងល្វាឯមតាមហេតុដំណើរ សិល្ប៍របស់បាឡីកងចក្រនោះ។ សេចក្ដីថា : ត្បិតឥឡូវនេះ មានកើតអ្នកមានសិល្ប៍ម្នាក់ឈ្មោះបាឡីកងចក្រ បណ្ដារាស្ត្របាក់បបខ្លបខ្លាចចុះចូលជាច្រើន បានទាំងលើកកងទ័ពទៅសង្កត់យកអស់ខេត្តត្រើយខាងកើតទាំងប៉ុន្មាន ព្រមទាំងសំលាប់បានពញាស្រែន្យខាំងហ្វា (កោះ) ជាចៅហ្វាយស្រុកខេត្តបារាយណ៍គោកសេះមួយ ពញាពេជ្រតេជោ (សុខ) ជាចៅហ្វាយស្រុកជើងព្រៃមួយផង។ ឯចៅហ្វាយកំពង់សៀម និងចៅហ្វាយស្រុកខេត្តស្ទឹងត្រង់បានរត់គេចខ្លួនរួចខ្លួន។ បាឡីកងចក្រសំលាប់តែបាឡាត់ខេត្តទាំងពីរនាក់។ ចៅមឿង ចៅបានទាំងប៉ុន្មានចុះចូលទៅខាងវាទាំងអស់ហើយ។ វាបានទៅតាំងបន្ទាយនៅខេត្តបារាយណ៍គោកសេះ វាបានទាំងតែងតាំងសេនាបតី មន្ត្រីគ្រប់តំណែងទៀតផង ហើយតាំងឈ្មោះវាថាព្រះបាទបាឡីកងចក្រ។ ឈ្មោះនេះដែលបានជាវាធ្វើដូច្នេះកើត ព្រោះវាចេះមន្តវិជ្ជាការ សិល្ប៍សាស្ត្រ អាចក្រឡះក្រឡាធ្វើអ្វីក៏បាន គឺធ្វើជា ឃ្មុំ ខ្លា ដំរី ជាដើម ដេញចឹងទិចព្រេចជល់ខាំបាន។ នៅទីនោះគ្មានចៅហ្វាយ ស្រុកណាអាចហ៊ានច្បាំងតតាំងទប់ទល់នឹងបានសោះឡើយ។ អ្នកសិល្ប៍នេះខ្លាំងពូកែលើសអ្នកមានសិល្ប៍សព្វដង។ ព្រះបាទសម្ដេចព្រះស្រីសុរិយោពណ៌ បរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ព្រួយព្រះរាជហឫទ័យខ្លាំងណាស់ ទើបទ្រង់ត្រាស់ប្រើឧកញ៉ារាជតេជៈមួយ ឧកញ៉ាវិបុលរាជមួយ ឱ្យធ្វើជាមេទ័ពលើក ទ័ពចេញទៅជាពីរផ្លូវដើម្បីទៅចាប់អាបាឡីកងចក្រនោះឱ្យបាន។ ឧកញ៉ាទីពីរក៏ថ្វាយបង្គំលាចេញមកហើយចាត់នាយកងនាយទ័ព ឱ្យឃុំពលជាមុខក្រោយឆ្វេងស្ដាំ តាមក្បួនពិជ័យសង្គ្រាម។ ស្រេចហើយឧកញ៉ាទាំងពីរ លើកកងទ័ពចេញទៅជាពីរផ្លូវ។ ឧកញ៉ារាជតេជៈ លើកកងទ័ពទៅដល់កំពង់ឆ្នាំងចំលងកងទ័ពទៅឡើងកំពង់ហាវ (តាំងនៅក្នុងស្រុកកំពង់លែងទីរួមខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ) ហើយលើកទ័ពកាត់ចុងខេត្តអាសន្ទុក ទិសខាងត្បូងតំរង់ទៅខេត្តបារាយណ៍គោកសេះ។ ឯឧកញ៉ាវិបុលរាជចំលងកងទ័ពទៅល្វាទេរ ហើយឆ្លងទៅរកាកោងលើកកាត់សំដៅជើងព្រៃតំរង់ទៅខេត្តបារាយណ៍គោកសេះ។ លុះដល់ថ្ងៃដែលសន្មតគ្នារួចហើយនោះ មេទ័ពទាំងពីរក៏ចូលចោមវាយបន្ទាយបាឡីកងចក្រជាពីរទិស។ ពេលនោះបាឡីកងចក្រដឹងហើយ ក៏ចាត់ឱ្យកងទ័ពរុំស្មៅ រុំចំបើងធ្វើជារូបមនុស្សហើយឱ្យយកទៅដាក់លើភាគបន្ទាយបង្គាប់ឱ្យរេហ៍ពលស្រែកហ៊ោកញ្ជ្រៀវពីក្នុងបន្ទាយមក។ ទ័ពខាងព្រះនគរទាំងពីរខាង កាលបើឃើញរូបមនុស្សហើយក៏បញ្ជាឱ្យពលបាញ់តំរង់ទៅ តែបាញ់ពុំត្រូវបន្តិចសោះ។ លុះទ័ពខាងព្រះនគរបាញ់ អស់គ្រាប់រំសេវហើយ បាឡីកងចក្រក៏ឡើងលើកភាគបន្ទាយ យកអង្ករ យកលាជមកសែកសិល្ប៍វិជ្ជាការឱ្យកើតជាឃ្មុំ ស្រាំង ឪម៉ាល់ដេញទិចទ័ពខាងព្រះនគរទាំងពីរកងនោះរត់បាក់បែកខ្ចាត់ខ្ចាយអស់ទៅ ឧកញ៉ារាជតេជៈ និងឧកញ៉ាវិបុលរាជក៏អនិច្ចកម្មក្នុងសង្គ្រាមនោះទៅ។ ហេតុការណ៍ដែលមេទ័ពទាំងពីរបរាជ័យនោះ ទ្រង់ជ្រាបដល់ព្រះបាទសម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ ព្រះអង្គក៏ត្រាស់ប្រើឧកញ៉ាចក្រី (ប្រាជ្ញ) ឧកញ៉ាក្រឡាហោម (ពេជ្រ) ឱ្យលើកទ័ពទៅទៀត ដើម្បីនឹងទៅរំលាយអ្នកសិល្ប៍បាឡីកងចក្រនោះឱ្យបាន។ ឧកញ៉ាទាំងពីរនាក់ក៏ថ្វាយបង្គំលាព្រះបាទអ្នកអម្ចាស់ចេញមកកេណ្ឌរាស្ត្រខេត្តរលាប្អៀរ និងខេត្តលង្វែក។ លុះកេណ្ឌបានហើយសេនាបតីទាំងពីរក៏ចាត់បែងកងទ័ពជាពីរកងឱ្យឧកញ៉ាក្រឡាហោមពេជ្រទទួលយកពលខេត្តលង្វែក ឱ្យឧកញ៉ា ចក្រីប្រាជ្ញទទួលយកពលខេត្តរលាប្អៀរ ហើយចាត់ក្រុមការភ្នាក់ងារ តាមក្រសួងឱ្យមានជានាយកង នាយទ័ពកាន់ពលជាកងមុខក្រោយឆ្វេងស្ដាំ។ លុះស្រេចហើយ ឧកញ៉ាទាំងពីរ ក៏ចំលងពលទៅឡើងនៅភូមិរកាកោង ហើយចេញទៅដល់បារាយណ៍ខេត្តគោកសេះ។ ឯបាឡីកងចក្រក្នុងគ្រានោះរៀបចេញមកត្រួតខេត្តជើងព្រៃ ដើម្បីនឹងលើកទៅសង្កត់យកខេត្តកំពង់សៀមហើយចាត់ចៅហ្វាយស្រុកខេត្តបារាយណ៍គោកសេះ ឱ្យឃុំពលជាកងមុខ ចាត់ចៅមឿងគោកសេះឱ្យឃុំពលប៉ែកខាងស្ដាំឱ្យចៅមឿងទ្រៀលឃុំពលជាប៉ែកឆ្វេង ឱ្យចៅមឿងសំពងជ័យឃុំពលជាប៉ែកខាងក្រោយ បាឡីកងចក្រខ្លួនឯងឃុំពលជាទ័ពលួងរួចទើបលើកចេញទៅ។ នៅក្នុងកងទ័ពនីមួយៗ បាឡីកងចក្រចាត់ឱ្យមានភ្លេងពិណពាទ្យ ភ្លេងចិននិងភ្លេងជ្វាលេងហែចេញទៅ។ សូរសព្ទនៃតូរ្យតន្ត្រី រងំឧត្តមក្រៃពេក។ ខណៈនោះកងទ័ពក្នុងនគរ ហើយមកដល់ខេត្តជើងព្រៃខាងបាឡីកងចក្រ ក៏លើកទ័ពទៅដល់ទីនោះដែរ ហើយក៏ជួបនឹងកងទ័ពឧកញ៉ាក្រឡាហោម ឧកញ៉ាចក្រី។ មេទ័ពហ្លួងទាំងពីរកងជួបហើយ ក៏បរពលឱ្យចូលច្បាំងនឹងទ័ពមុខទ័ពឆ្វេងទ័ពស្ដាំ របស់បាឡីកងចក្រ។ កងទ័ពមុខរបស់បាឡីកងចក្រទទួលច្បាំងដែរ តែទ្រាំពុំបានក៏រត់ប្រាសថយក្រោយ។ ទាហានជាកងទ័ពខាងព្រះនគរ ដេញចាក់កាប់ទ័ពបាឡីកងចក្រស្លាប់ និងពិការអស់ជាច្រើន។ មេកងទ័ពហ្លួងទាំងពីរកងបានជ័យជំនះ ហើយក៏លើកពលដេញតាមទៅដល់ទ័ពបាឡីកងចក្រទៀត បាឡីកងចក្រសែកមន្តហើយស្រែកថាឱ្យកើតទៅជាដំរី ជាខ្លាក៏កើតជាដំរី ជាខ្លាទាំងហ្វូងមែន ហើយដេញខាំ ដេញព្រេចមេកង មេទ័ពហ្លួងទាំងពីរកងរត់បែកចេញខ្ចាត់ខ្ចាយអស់ទៅ។ រីឯមេទ័ពហ្លួងទាំងពីរក៏រត់យកតែខ្លួនចូលទៅក្រុងល្វាឯមវិញ។ ពេលដែលព្រះបាទសម្ដេចព្រះស្រីសុរិយោពណ៌ទ្រង់ជ្រាបហើយ ព្រះអង្គទ្រង់ព្រះពិរោធណាស់ ទើបទ្រង់ត្រាស់ឱ្យដកហូតងារពីមេទ័ពទាំងពីរនាក់នោះចេញពីរាជការ ហើយទ្រង់ឱ្យរើសយកខ្លួនអ្នកដទៃទៀតតែងតាំងជាថ្មីមកជំនួសវិញ ទើបទ្រង់ជ្រើសរើសរកមន្ត្រីណាដែលមានសមត្ថភាពឱ្យធ្វើជាមេទ័ពដើម្បីឱ្យទៅប្រាប់សឹកសង្គ្រាម។ ខណៈនោះសម្ដេចព្រះជ័យចេស្ដា ព្រះឱរសាធិរាជស្ដេចយកសេចក្ដីក្រាបបង្គទូលថា: ទូលព្រះបង្គំជាខ្ញុំ ឮសម្ដេចព្រះមហាទេវីក្សត្រី ជាព្រះអយ្យកាដំណាលប្រាប់ថា: បាឡីកងចក្រនេះ ដើមឡើយជាសិស្សរបស់លោកគ្រូមហាបទុមបារមី ចៅអធិការវត្តទ្រៀល (វត្តនេះសព្វថ្ងៃស្ថិតនៅក្នុងសង្កាត់ទ្រៀល ស្រុកបារាយណ៍ កំពង់ធំ) លួចយកតំរាមាសរបស់លោកបាន ហើយក្រឡា ខ្លួនជាសត្វក្រួចពាំតំរាមាសនោះហើរចេញទៅ ហើយទៅតាំងពិធីនៅលើភ្នំ។ ថាបើបានតាំងពិធីនោះគ្រប់ ៧ ឆ្នាំហើយនឹងបានជាស្ដេចសោយរាជ្យនៅមហានគរ។ ថាបើបាឡីកងចក្រនោះតាំងពិធីពុំទាន់គ្រប់ ៧ ឆ្នាំទេនោះទើបមានសេនា គិតចង់ចេញទៅប្រាប់ប្រាមបាន។ ថាលោកគ្រូបទុមបារមីនោះមានសេចក្ដីបារម្ភនឹងមហានគរនេះណាស់ ទើបបានយកសិស្សម្នាក់ឈ្មោះម៉ឺនមាសមកថ្វាយសម្ដេចព្រះកែវហ្វាពញាញោម ដើម្បីឱ្យទ្រង់យាងចេញទៅបង្ក្រាបអ្នកសិល្ប៍នោះ។ ប៉ុន្តែគ្រានោះសម្ដេចព្រះកែវហ្វាយពុំបានយកព្រះទ័យទុកដាក់រាប់អានម៉ឺនមាសនោះទេ ដូច្នេះម៉ឺនមាសនោះក៏ខ្ចាត់ភ្លាត់ព្រាត់ចេញពីព្រះអង្គទៅ ហើយទៅនៅខេត្តក្រៅក៏បានធ្វើជាក្រឡាពាស រួចធ្វើជាចៅហ្វាយស្រុកសំរោងទង គឺឧកញ៉ាបុរារាជសព្វថ្ងៃនោះ។ ថាមានតែឧកញ៉ាមាសនេះទេ ទើបទៅប្រាប់ប្រាមអ្នកសិល្ប៍បាឡីកងចក្រនោះបាន។ បើគិតតាំងពីផែនដីសម្ដេចព្រះកែវហ្វាពញាញោម មកដល់ផែនដីល្អងធូលីព្រះបាទនេះ បានត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះទេក៏ចាកចេញមកតាំងខ្លួនជាស្ដេច។ ដូច្នេះបាឡីកងចក្រនេះមិនយឺតយូរប៉ុន្មានទេ គង់តែរលាយសិល្ប៍នោះពុំខាន។ តែបាឡីកងចក្រនេះត្រូវទំនាយថា: ត្រូវចៅហ្វាយស្រុកមាសនេះចេញមុខទៅ ទើបអាចនឹងរំលាយវាបាន។ មួយរំពេចនោះ សម្ដេចព្រះបរមនាថ បរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់បង្គាប់ឧកញ៉ា ដូរុងវិជ័យនាយទាហានសេះឱ្យចំលងសេះជិះទៅតាមយកខ្លួនឧកញ៉ាតេជោបុរារាជ ឱ្យចូលមកក្រាបបង្គំគាល់។ គ្រានោះអាយ៉តជាបាវជំនិតរបស់ឧកញ៉ាតេជោបុរារាជ ដែលលោកឧកញ៉ានេះបានបង្ហាត់បង្ហាញសិល្ប៍វិជ្ជាការឱ្យចេះដឹង អស់ពិចិត្រទុកជាតំណាងខ្លួនដ្បិតខ្លួនអាឥតមានបុត្រ ហើយបានតែងតាំងអាយ៉តនោះជាឧកញ៉ារាមរាជតេជោ។ បើឧកញ៉ាតេជោបុរារាជត្រូវការបង្គាប់បញ្ជាការអ្វីៗទៅក្រមការ ឬ បណ្ដារាស្ត្រណា ឧកញ៉ាតេជោតែងឱ្យឧកញ៉ារាមរាជតេជោ បង្គាប់បញ្ជាស្នងវាចាខ្លួន។ នោះអស់ក្រមការនិងបណ្ដារាស្ត្រ កោតខ្លាចស្រឡាញ់រាប់អាន ឧកញ៉ារាមរាជតេជោទាំងអស់។ ក្នុងគ្រាដែលព្រះរាជបំរើទៅដល់ហើយ អញ្ជើញឧកញ៉ាតេជោបុរារាជ នោះ ឧកញ៉ាតេជោបុរារាជ និង ឧកញ៉ារាមរាជតេជោក៏ឡើងជិះសេះ មានទាំងសេនាទាហានជិះសេះបំបោលផាយ ហែហមអមផងចូលមកជាប្រញាប់ លុះមកដល់ភ្នំពេញហើយ ឧកញ៉ាតេជោបុរារាជ និង ឧកញ៉ារាមរាជតេជោក៏ចុះទូកឆ្លងចូលទៅក្រាបបង្គំគាល់ព្រះបាទបរមនាថបរមបពិត្រនៅក្រុងល្វាឯម។ ព្រះបាទអ្នកជាអង្គម្ចាស់ទតឃើញហើយ ក៏ត្រាស់សួរទៅឧកញ៉ាតេជោបុរារាជថា អ្នកដែលចូលមកជាមួយនេះឈ្មោះអ្វី ហើយធ្វើការរាជការមាននាទីតំណែងជាអ្វី?។ ឧកញ៉ាតេជោបុរារាជក្រាបបង្គំទូលថា ឈ្មោះនេះមានងារជាឧកញ៉ារាមរាជតេជោធិរាជ រាជការ ជាជំនួសទូលព្រះបង្គំជាខ្ញុំ។ ទូលព្រះបង្គំជាខ្ញុំបានបង្ហាត់បង្ហាញ ឈ្មោះនេះឱ្យរៀនសព្វសិល្ប៍វិជ្ជាការ ជាតំណាងខ្លួនទូលព្រះបង្គំ ព្រោះទូលព្រះបង្គំជាខ្ញុំ អាឥតមានបុត្រ។ ពេលនោះទើបសម្ដេចព្រះបរមបពិត្រជាអង្គម្ចាស់ជីវិតលើត្បូងទ្រង់ត្រាស់ថា: ឥឡូវនេះ នេនឡីដែលចូលយកតំរាលោកគ្រូព្រះបទុមបារមី ហើយបានទៅតាំងសិល្ប៍នោះ ឥឡូវចេញមកតាំងខ្លួន ជាព្រះបាទកងចក្រលាយល័ក្ខណ៌ហើយលើកទ័ពចេញទៅសង្កត់ខេត្តខ្លះ ស្លាប់ចៅហ្វាយស្រុកអស់ជាច្រើនហើយ។ ដូច្នេះរឿងកាលដែលលោកគ្រូព្រះបទុមបារមីបង្ហាត់បង្រៀនឧកញ៉ាទុកឱ្យប្រាប់ប្រាមអ្នកសិល្ប៍នេះ នោះតើត្រូវធ្វើដូចម្ដេចខ្លះ ឱ្យឧកញ៉ាធ្វើឱ្យបានសំរេច ដើម្បីទុកជាកេរ្តិ៍ឈ្មោះ ក្នុងក្រុងកម្ពុជាធិបតីនេះទៅ។ សម្ដេចព្រះជ័យចេស្ដាជាព្រះរាជបុត្រច្បង ដែលក្រាបបង្គំគាល់គង់នៅជួបជុំ ក្នុងទីនោះដែរ ទ្រង់មានព្រះបន្ទូលថា: កាលនៅក្នុងផែនដី ព្រះបទុមសូរ្យវង្ស នោះក៏ធ្លាប់មាឮឈ្មោះចៅហ្វាយស្រុកសំរោងទងនោះល្បៅលាន់រន្ទឺថា: សម្ដេចចៅពញាតេជោដោមឌីនជាអ្នកខ្លាំងពូកែមុជជ្រែកដី លេចឮល្បីសុះសាយ ហើយកេរ្តិ៍ឈ្មោះ នៅមានរហូតដល់សព្វថ្ងៃនេះដែរ លុះដល់មកជំនាន់ពូដែលបានធ្វើជាចៅហ្វាយស្រុកខេត្តសំរោងទងដែរនោះ ក៏លេចឮល្បីឈ្មោះពូ ថាជាអ្នកខ្លាំងពូកែមិនតិចដែរទេ ដូច្នេះហើយសូមឱ្យពូខំប្រឹងប្រាប់ប្រាមបាឡីកងចក្រនេះ ឱ្យបានរាបទាបទៀត ដើម្បីយកកេរ្តិ៍ឈ្មោះទុកឱ្យដូចជាសម្ដេចចៅពញាតេជោជ្រែកដីនោះកុំបីខាន។ ក្នុងពេលនោះឧកញ៉ាតេជោបុរារាជ ក្រាបបង្គំទទួលព្រះរាជឱង្ការដំកល់លើត្បូង ឱ្យខ្សឹបក្រាបទូលឧបាយមួយថា ជាការណ៍អាថ៌កំបាំងមួយដែលពូកែយ៉ាងឆុតឆាប ហើយក៏ក្រាបថ្វាយបង្គំលាព្រះបរមបពិត្រលើកទ័ពចេញទៅ លុះលើកទ័ពទៅដល់ខេត្តកោះសេះហើយ ឧកញ៉ាបុរារាជក៏ប្រស្នាប្រាប់ទៅកងទ័ពទាំងអស់ថា : សិស្សរួមគ្រូនឹងខ្ញុំឈ្មោះ បាលីកងចក្រនេះឯង ដែលខ្លាំងពូកែទាំងគំនិតប្រាជ្ញា ព្រមទាំងមន្តវិជ្ជាការផង។ ដូច្នេះយើងនឹងចូលវាយវាតែម្ដងពុំទាន់បានទេ។ លុះប្រឹក្សារួចហើយ ឧកញ៉ាតេជោបុរារាជក៏ឱ្យកងទ័ពផឹកទឹកស្រះពីរគឺ ឈ្មោះស្រះសំបួរមួយ ស្រះរាជអង្គរែសមួយ។ រួចស្រេចហើយ អ្នកបញ្ជាឱ្យធ្វើរោងរានរាជវតីព័ទ្ធសីមា ដោតទង់ជាតិតាំងពិធីគ្រប់ទាំង ៩ ទិស និមន្តព្រះសង្ឃចូលចំរើនព្រះពុទ្ធមន្តទាំង ៨ ទិសទៀតឱ្យឧកញ៉ារាជអង្គរេន្ទ្រ ដែលសុំពីព្រះបាទអ្នកជាអង្គម្ចាស់មកនោះចូលតាំងពិធី។ ឯស្រះនោះ អ្នកឱ្យគាស់ហើយដាំសុទ្ធសឹងតែដើមសំបួរព្រមទាំងប្រសិទ្ធីថ្នាំដាក់ក្នុងស្រះនោះឱ្យរេហ៍ពលផឹក ដើម្បីការពារមិនឱ្យស្រាំង ឪម៉ាល់ ឃ្មុំ ដំរី ខ្លា រមាស ទិចខាំព្រេចដល់បាន។ ឯព្រះបាទបរមនាថ បរមបពិត្រ ទ្រង់ឱ្យជ្រើសរើសបានស្រីម្នាក់ឈ្មោះ ម៉ែន ក្នុងចំណោមពួកពិសេស ដែលចេះធ្វើម្ហូបចំណីយ៉ាងឯក។ ទ្រង់ធ្វើជាចាប់ទោសស្រីនោះថាធ្វើព្រះក្រយ៉ាស្ងោយយឺតយូរ ទ្រង់ឱ្យវាយខ្នង ៣០ ខ្វាប់ ហើយទ្រង់ឱ្យដាក់ច្រវ៉ាក់ទុក។ លុះដល់ពេលយប់ ទ្រង់ត្រាស់ឱ្យខ្ញុំរាជការ ដែលជិតស្និទនឹងព្រះអង្គទៅនិយាយប្រាប់នាងម៉ែននោះថា ដែលទ្រង់ឱ្យវាយខ្នងដាក់ក្ដីនេះ នឹងបានទ្រង់ព្រះក្រោធឱ្យប្រាកដនោះក៏ទេដែរ។ កិច្ចដែលទ្រង់បានបញ្ជាឱ្យធ្វើនេះ គឺធ្វើដើម្បីតែនឹងឱ្យនាងម៉ែនឯង រត់ចេញទៅធ្វើកលឧបាយបន្សាបសិល្ប៍របស់បាឡីកងចក្រតែប៉ុណ្ណោះទេ។ ថាបើនាងអាចធ្វើការណ៍នេះឱ្យសំរេចបាន ទ្រង់នឹងព្រះរាជទានងារជាខុនណាង ហើយនឹងព្រះរាជទានមាសប្រាក់ជាច្រើន។ នាងម៉ែន បានដឹងសេចក្ដីនោះហើយ មានចិត្តត្រេកអរពន់ប្រមាណណាស់ ទើបលើកដៃប្រណម្យថ្វាយបង្គំតំរង់ទៅចំព្រះបាទអ្នកជាអម្ចាស់ហើយពោលថា: ខ្ញុំម្ចាស់នឹងទទួលធ្វើការណ៍នេះថ្វាយដោយចិត្តភក្ដី សុច្ចរិត ស្មោះត្រង់លុះត្រាតែបានសំរេច ហើយនឹងបំរើក្រោមល្អងធូលីព្រះបាទដរាបដល់អវសានជីវិត។ លុះគិតបានការណ៍សព្វគ្រប់ហើយ វេលាយប់អ្នកម៉ឺន ដែលស្និទព្រះអង្គក៏ប្រញាប់ប្រញាល់រវាសរវៃត្រឡប់មកវិញ។ ចំណែកនាយយាមទ្វារបន្ទាយរបស់បាឡីកងចក្រ កាលឃើញស្ត្រីប្លែកមុខ មានរូបឆោមលោមពណ៌ស្អាតសក្ដិសម តែបែកខ្នងមុខកើតទុក្ខព្រួយពន់ប្រមាណ ក៏ចូលទៅប្ដឹងសេនាបតី។ សេនាបតីយល់ឃើញហើយ ក៏យកសេចក្ដីនោះទៅក្រាបបង្គំព្រះបាទបាឡីកងចក្រ។ បាឡីកងចក្រឱ្យហៅយកខ្លួននាងម៉ែនទៅសាកសួរ។ នាងម៉ែនឆ្លើយថា ខ្ញុំម្ចាស់ឈ្មោះម៉ែនជាពួកពិសេសហ្លួង។ (គឺពួកចុងភៅធ្វើព្រះស្ងោយថ្វាយហ្លួង) មានមួយថ្ងៃនោះ ខ្ញុំម្ចាស់ឈឺពោះទទួលទានដំណេកលង់លក់ទៅ។ ពេលនោះហ្លួងយកទោសដាក់ក្ដីខ្ញុំម្ចាស់ ហើយត្រាស់បង្គាប់ឱ្យវាយខ្ញុំម្ចាស់ដរាបដល់បែកខ្នងនេះ។ ក្នុងរឿងនេះ ខ្ញុំម្ចាស់តូចចិត្តណាស់ក៏រត់មកសូមជ្រកកោន ពឹងបុណ្យព្រះបារមីព្រះអង្គដើម្បីសូមឱ្យបានសេចក្ដីសុខតរៀងទៅ។ កាលដែលទ្រង់ព្រះករុណាដាក់ក្ដីឃុំខ្ញុំម្ចាស់នោះ ពុំគួរនឹងខ្ញុំម្ចាស់រត់រួចខ្លួនឡើយ ប៉ុន្តែជាភ័ព្វសំណាងរបស់ខ្ញុំម្ចាស់នឹងបានមកជ្រកកោនពឹងបុណ្យព្រះបារមីព្រះអង្គ ព្រោះខ្ញុំម្ចាស់បានបួងសួងទេវតាថា បើព្រះអង្គនឹងគ្រប់គ្រងផែនដី ជាមហាចក្រពត្តិមែន សូមទេវមេត្តាបំបាំងភ្នែក ភូឃុំទាំងពួង កុំឱ្យមើលខ្ញុំម្ចាស់ឃើញឡើយ។ ក្នុងខែផល្គុននេះ ជារដូវប្រាំងរាំងស្មោះក៏ស្រាប់តែមានភ្លៀង ផ្គរ រន្ទះពន់ប្រមាណ មើលផ្លូវពុំឃើញសោះ។ ខណៈនោះខ្ញុំម្ចាស់ក៏រត់រួចមក ហើយក៏ស្រាប់តែមានសត្វអំពិលអំពែកមួយហើយបំភ្លឺផ្លូវមកដល់ មាត់កំពង់ខ្ញុំម្ចាស់ ក៏យកទូកគេជិះ ហើយសត្វអំពិលអំពែកនោះក៏ចេះតែហើរបំភ្លឺផ្លូវពីខាងមុខជាដរាប លុះមកដល់ជ្រោយចង្វារ ខ្ញុំម្ចាស់ក៏ឡើងដើរមកហើយជួលរទេះគេជិះបន្តមកទៀត។ ក្នុងពេលដែលខ្ញុំម្ចាស់ធ្វើដំណើរមកនោះគ្មាននរណាម្នាក់សាកសួរឃាត់ខ្លាំងថាអ្វីៗឡើយ ការណ៍ដែលបានសំរេចដូច្នេះ ក៏ដោយសារតែបុណ្យបារមីព្រះអង្គ ដែលនឹងត្រូវបានគ្រប់គ្រងខ្ញុំម្ចាស់ ឱ្យឃើញជាក់ស្ដែងថែមទៀតថាអំណើះតទៅ ព្រះអង្គមុខជានឹងបានសោយរាជសម្បត្តិ គ្រប់គ្រងក្រុងកម្ពុជានេះដោយងាយពុំខានឡើយ។ ឯបាឡីកងចក្រ បានស្ដាប់នាងម៉ែនពួកពិសេសយកសេចក្ដីក្រាបទូលដូច្នេះហើយ ក៏ត្រូវព្រះទ័យណាស់។ ទ្រង់ព្រះ សំរួលសើចក្អាកក្អាយ ហើយក៏ទទួលយកខ្លួននាងម៉ែននោះទុកជាពួកពិសេស។ តាំងពីពេលនោះមក ទ្រង់ឱ្យតែនាងម៉ែននេះតាក់តែងភោជនាអាហារ ជាក្រយាស្ងោយថ្វាយសោយនិងលៀងសេនាបតី មន្ត្រីទាំងឡាយជារឿយៗ។ នាងម៉ែនក៏តែងតែធ្វើម្ហូបចំណីថ្វាយ និងថ្វាយទាំងឫកពារ សំរស់ជាទីតំរេកហឫទ័យ ទាល់តែបាឡីកងចក្រដប់មិនបាន ក៏ចូលរួមប្រវេណីនឹងនាងម៉ែននោះទៅ ហើយលើកនាងនេះឱ្យឡើងជាស្នំឯក ទ្រង់ឱ្យនាងម៉ែននេះបង្គាប់បញ្ជាលើពួកស្រីស្នំក្រមការទាំងអស់។ កាលនោះនាងម៉ែនឃើញបាឡីកងចក្រទន់ចិត្តហើយ ក៏រឹតតែធ្វើឫក គួរឱ្យស្រឡាញ់ចាប់ចិត្តមេត្រី សំរស់សំរួលពន់ប្រមាណ។ លុះយល់ថាបានការណ៍ហើយនាងម៉ែនក៏ទូលសួរអំពីត្រណមនោះ។ ពេលនោះបាឡីកងចក្រដែលកាន់ទោរទន់ចិត្ត ជឿស្លុងណាស់ទៅហើយនោះ ក៏ប្រាប់ទៅនាងម៉ែនអំពីត្រណមផ្សេងៗដែលខ្លួនត្រូវតមនោះគ្រប់ប្រការ។ ក្រោយនោះមក នាងម៉ែនកាលបើនឹង ដាំស្ល ធ្វើម្ហូបចំណីអ្វីៗ ក៏យកទឹកត្រឡាច និងឈាមរដូវស្រីមកលាយធ្វើជាក្រយាស្ងោយជាដរាប។ លុះធ្វើបានការណ៍សព្វគ្រប់ហើយ នៅក្នុងវេលាយប់នាងម៉ែនក៏លបរត់ទៅរកកងទ័ពឧកញ៉ាតេជោបុរារាជ។ ឧកញ៉ាតេជោបុរារាជយល់ជាបានការណ៍ហើយ ក៏ត្រៀមកងទ័ពលើកចេញទៅចោមវាយបន្ទាយបាឡីកងចក្របាឡីកងចក្រក៏ចេញទៅឈរលើភាគបន្ទាយរាយមន្តកាឡា ឱ្យកើតទៅជាពលតែមិនសំរេច បាឡីកងចក្ររាយមន្តម្ដងទៀត សែកឱ្យកើតទៅជាដំរី ខ្លាតែសត្វទាំងនោះក៏ពុំកើតដូចសព្វដងដែរ។ បាឡីកងចក្រយល់ថាខ្លួន នឹងត្រូវអស់បុណ្យហើយ ក៏លោតចុះពីលើភាគបន្ទាយ ហើយរត់ចេញទៅចូលទៅក្នុងចំការរបស់អ្នកស្រុកឈ្មោះ សួស-ជៃ និងចំការអ្នកឯម។ ឧកញ៉ាតេជោបុរារាជបានយល់បាឡីកងចក្ររត់ចោលបន្ទាយដូច្នេះហើយ ក៏ឱ្យលើកកងទ័ពចូលទៅក្នុងបន្ទាយនោះហើយចាត់ប្រើឧកញ៉ារាមរាជតេជោយ៉តឱ្យលើកទ័ពទៅតាមបាឡីកងចក្រ ដែលរត់ចូលទៅក្នុងចំការសួស-ជៃ និង អ្នកឯម។ ឧកញ៉ារាមរាជតេជោ យ៉តដេញទាន់បាឡីកងចក្រ បាឡីកងចក្រក៏រាតនឹងឧកញ៉ារាមរាជតេជោយ៉តវិញ តែត្រូវឧកញ៉ារាមរាជតេជោ សំលាប់បាឡីកងចក្របានហើយក៏នាំយកក្បាលនោះមកជូន ឧកញ៉ាតេជោបុរារាជ។ ឧកញ៉ាតេជោបុរារាជមាសបានឃើញក្បាលបាឡីកងចក្រនោះហើយ ក៏ចាត់ឱ្យយកក្បាលនោះទៅដោតផ្ទាល់ទុកជាបំរាម ហើយលើកកងទ័ពចូលទៅក្នុងបន្ទាយ បង្គាប់ឱ្យរឹបរើសយករបស់ទ្រព្យទាំងអស់ ដែលមាននៅក្នុងឃ្លាំងទាំងប៉ុន្មាន។ ក្នុងពេលនោះកងទ័ពរើសយកបានមាស ប្រាក់ ភ្លុក និងកុយជាច្រើន ហើយនាំចូលមកក្រាបថ្វាយបង្គំទូលតាមដែលខ្លួនបានដឹងពីថ្វីដៃដែលឧកញ៉ារាមរាជយ៉តបានធ្វើការ ដរាបដល់មានជ័យជំនះក្នុងគ្រានោះគ្រប់ប្រការ។ លំដាប់នោះព្រះបាទបរមនាថបរមបពិត្រទ្រង់ព្រះរាជទានរង្វាន់ដល់សេនាទាហានដែលបាននឿយហត់ ក្នុងការបង្ក្រាបពួកថ្លើងនោះតាមសមគួរ ហើយឧកញ៉ាតេជោបុរារាជ និងឧកញ៉ារាមរាជតេជោ ហើយ និងអស់សេនាទាហាន ក៏ក្រាបថ្វាយបង្គំលាទៅរក្សាខេត្ត ស្រុក ភូមិ ដូចដែលវិញ។ នេះនឹងនិយាយអំពីពញានូ ដែលត្រូវជាព្រះអនុជផ្សេងព្រះមាតា នឹងព្រះបរមនាថបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងវិញ។ ឯពញានូ កាលដែលបែកបន្ទាយលង្វែកនឹងព្រះចៅនរេឝ្វរហើយនោះបានរត់ភៀសព្រះអង្គទៅនៅថ្មគោលក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះ ហើយបានបញ្ចុះបញ្ចូលបណ្ដារាស្ត្រព្រៃលើបានជាច្រើន ហើយក៏តាំងព្រះអង្គជាស្ដេច ព្រះនាមជាសម្ដេចព្រះរាមថ្មគោល។ លុះដល់ ពស. ២១៤៦ គស.១៦០២ មស.១៥២៤ ចស.៩៦៤ ឆ្នាំខាល ចត្វាស័កនោះ ព្រះរាមថ្មគោលក៏កំរើកចិត្តចង់បានជាស្ដេចសោយរាជសម្បត្តិ ក៏ចាត់មន្ត្រី ដែលព្រះអង្គបានតែងតាំងនោះឱ្យធ្វើជានាយកងនាយទ័ព លើកទៅសង្កត់ដេញឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកខេត្តអាសន្ទុក ហើយចៅហ្វាយស្រុកនេះ ក៏ស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមនោះទៅ។ ព្រះរាមថ្មគោលបានលើកកងទ័ពទៅសង្កត់យកមឿង (គឺឃុំពល ឬសង្កាត់ក្នុងសម័យឥឡូវនេះ) ដែលត្រូវឡើងទៅខេត្តអាសន្ទុកទាំង ២៤ មឿង បានហើយក៏លើកទៅដេញចៅហ្វាយស្រុកបារាយណ៍ជើងព្រៃទៀត ហើយចៅហ្វាយស្រុកបារាយណ៍ជើងព្រៃនោះក៏រត់ចោលស្រុកនេះទៅទៀត។ តាំងតែពីពេលដែលព្រះរាមថ្មគោលសង្កត់យកបានខេត្តទាំងបីនេះហើយ ព្រមទាំងយកបានមឿងទាំង ២៤ ទៀតនោះព្រះរាមថ្មគោលក៏កំរើកចិត្ត ហើយក៏ចាប់ផ្ដើមតែងតាំងសេនាបតី មន្ត្រីគ្រប់តំណែងការ។ ក្នុងគ្រានោះចៅហ្វាយស្រុកបារាយណ៍ជើងព្រៃ ដែលគេរត់ភៀសខ្លួនទៅនោះ ក៏ចូលទៅក្រាបបង្គំទូលព្រះបរមនាថបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងនៅក្រុងល្វាឯម។ ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ព្រះតំរិះថា: ពញានូនេះត្រូជាព្រះបរមរាជវង្សផង បើនឹងឱ្យលើកកងទ័ពទៅធ្វើឱ្យខ្លាំងតែម្ដង ឃើញថាមិនកើត ទើបត្រាស់ប្រើឧកញ៉ា ព្រះស្ដេចធិបតី១ ឧកញ៉ាធម្មឧទ័យ១ ទៅពិត (ប្រាប់) លោកគ្រូចៅអធិការវត្តហ្លួង ក្នុងខេត្តបរិបូរណ៌នោះដែលត្រូវជាគ្រូបាធ្យាយរបស់ពញានូថា ឱ្យពិតលោកឱ្យលោកទៅក្លៀវក្លមបញ្ចុះបញ្ចូលដឹកនាំឱ្យព្រះអង្គនូវស្ដេចយាងមកនៅក្នុងក្រុងវិញ ទ្រង់នឹងទំនុកបំរុង ព្រះរាជទាននាទីរាជការ និង បៀវត្សឱ្យសមគួរនឹងព្រះកេរ្តិ៍ ព្រះកិត្តិយស។ ឧកញ៉ាទាំងពីរនាក់បានធ្វើតាមទ្រង់ត្រាស់បង្គាប់។ ខណៈនោះ លោកគ្រូចៅអធិការវត្តហ្លួងក្នុងខេត្តបរិបូរណ៍បានស្ដាប់មន្ត្រីទាំងពីរនាក់ ជាព្រះរាជបំរើពិតទូលដូច្នេះហើយក៏ម្នីម្នានិមន្តចុះទូកឡើងគោក ហើយនិមន្តរហូតទៅដល់ថ្មគោល។ ពញានូព្រះរាមថ្មគោល កាលបើបានទ្រង់ជ្រាបថា លោកជាគ្រូនិមន្តទៅដល់ហើយ ក៏យាងចេញមកទទួលថ្វាយបង្គំគ្រូតាមទំនៀមដែលសិស្សានុសិស្សផងទាំងពួង តែងគោរពប្រណិប័តន៍ចំពោះគ្រូទាំងឡាយ។ ទើបលោកគ្រូចៅអធិការនោះមានថេរដីកាទូលថ្វាយថា : សម្ដេចព្រះស្រីសុរិយោពណ៌ស្ដេច បានឡើយសោយរាជសម្បត្តិឡើងកាលណា ទ្រង់តាំងព្រះរាជហឫទ័យប្រកបដោយយុត្តិធម៌ណាស់។ ឥឡូវនេះព្រះអង្គទ្រង់បានជ្រាបថា ទ្រង់ឯនេះមកតាំងព្រះអង្គនៅក្នុងព្រៃនេះមិនជា ទើបទ្រង់សូមយាងស្ដេចឱ្យចូលទៅគង់ក្នុងក្រុងល្វាឯម រួមទីរាជការមួយទៅ តែបើទ្រង់រឹងទទឹង នឹងនៅតែព្រះអង្គនៅក្នុងព្រៃឱ្យព្រះនគរបែកបាក់ជាពីរយ៉ាងនេះនឹងនាំឱ្យវិនាសរាស្ត្រនឹងស្លាប់ ព្រាត់បុត្រភរិយាជាមិនខាន។ ដូច្នេះគួរតែស្ដេចយាងទៅគង់នៅក្រុងល្វាឯមតាមព្រះរាជហឫទ័យ នៃសម្ដេចព្រះរៀមរួមបិតាទៅ។ ពេលនោះពញានូព្រះរៀមថ្មគោល ក៏ប្រកែកពុំព្រមយាងមកសោះទោះបីលោកគ្រូចៅអធិការនោះលួងលោមដូចម្ដេចក៏ដោយ ក៏នៅតែពុំព្រមយាងមកដែរ ទើបលោកគ្រូចៅអធិការនោះនិមន្តត្រឡប់ចូលទៅក្រុងល្វាឯមវិញ យកសេចក្ដីថ្វាយព្រះពរ ព្រះបរមបពិត្រតាមដំណើរការណ៍។ ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ទាហានសេះ ឱ្យជិះសេះទៅយកខ្លួនឧកញ៉ាតេជោបុរារាជចូលគាល់ហើយទ្រង់តែងតាំងជាមេទ័ពកាន់អាជ្ញាសឹកសំរេចការរាជការ ឱ្យចេញទៅប្រាប់ប្រាមព្រះរាមថ្មគោលក្នុងខេត្តសន្ទុក។ ទើបឧកញ៉ាតេជោបុរារាជថ្វាយបង្គំលាត្រឡប់ទៅដល់ខេត្តវិញ ហើយក៏ចាត់ចែងកេណ្ឌរេហ៍ពលរួចស្រេច ឧកញ៉ាតេជោបុរារាជ ចាត់សេនាទាហានរេហ៍ពលដូច្នេះ : - ឱ្យឧកញ៉ា រាមរាជតេជោ ឃុំពល ៥០០ នាក់ជាកងទ័ពជន្ល - ឱ្យឧកញ៉ាស្នេហាតេជោ បាឡាត់ស្ដាំឃុំពល ៥០០ នាក់ជាកងទ័ពមុខ - ឱ្យឧកញ៉ាភក្ដីតេជោ បាឡាត់ឆ្វេង ឃុំពល ៥០០ នាក់ជាប៉ែកស្ដាំ - ឱ្យឧកញ៉ាពិភ័ក្ដិតេជោស្នងស្ដាំឃុំពល ៥០០ នាក់ជាប៉ែកឆ្វេង - ឱ្យឧកញ៉ាជំនិតតេជោ ស្នងឆ្វេង ឃុំពល ៥០០ នាក់ជាទ័ពក្រោយ - ឱ្យឧកញ៉ាវិជិតតេជោ ស្នងកណ្ដាលឃុំរេហ៍ពល ៥០០ នាក់ជាទ័ពស្បៀង។ លុះបានឫក្សជាពេលាល្អហើយ ហោរាពិនិត្យជាន់ឆ្នាំយ៉ាងពណ្ណរាយបរិបូរណ៍ ឡើងរាសី ៣ ជាន់ហើយក៏ឱ្យគោះគងទូងភេរី លើកយោធាទៅដល់កំពង់ឆ្នាំង តាំងឱ្យចំលងរេហ៍ពល និងសេះដំរីទៅដាក់នៅកំពង់ហៅ។ នៅពេលដែលកំពុង តែចំលងរេហ៍ពលទៅនោះ ពញាយសតេជោឯក ចៅមឿងខេត្តកំពង់ហៅដែលពញានូព្រះរាមថ្មគោល សង្កត់យកបានហើយនោះដឹងហើយ ក៏កេណ្ឌពលបាន ៥០០ នាក់ លើកមកស្នាក់មិនឱ្យឆ្លងរួចសោះ ខណៈនោះពញាយសតេជោបានជួបនឹងកងទ័ពរបស់ឧកញ៉ារាមរាជតេជោយ៉ត ឧកញ៉ាយ៉តក៏ទទួលច្បាំង។ ចៅមឿងឯកស៊ូទ្រាំ នឹងកំលាំងហើយនិងវិជ្ជាការរបស់ឧកញ៉ារាមរាជតេជោយ៉តពុំបាន។ ពេលនោះឧកញ៉ារាមរាជតេជោយ៉តកាប់ពញាយសតេជោ នឹងផ្ដាក់ធ្លាក់ពីខ្នងសេះស្លាប់មួយរំពេច។ ក្រមការនិងនាយកងទ័ពខាងចៅមឿងឯកឃើញចៅហ្វាយរបស់ខ្លួនស្លាប់ហើយ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះចំលងកងទ័ពរួចហើយ ឧកញ៉ាតេជោប៉ាអង្គចាត់នាយទ័ពឆ្វេងស្ដាំ ឱ្យទៅវាយយកខេត្តបារាយណ៍ជើងព្រៃ។ ទ័ពវាយបានយកមកជាចំណុះចុះចូលដូចដើមវិញ ហើយឧកញ៉ាតេជោប៉ាអង្គ ក៏លើកកងទ័ពតំរង់ទៅស្រុកថ្មគោល វាយទ័ពចៅមឿងដែលនៅតាមផ្លូវទៅបានជាច្រើនខេត្ត។ លុះលើកកងទ័ពទៅដល់ភូមិកំពង់ស្វាយឧកញ៉ាតេជោប៉ាអង្គ បង្គាប់ឱ្យបញ្ឈប់កងទ័ពហើយប្រឹក្សានឹងនាយកងទ័ពទាំងនោះថា ពញានូនេះ ជាព្រះបរមវង្សក្នុងព្រះរាជត្រកូល ទោះបីម្ដេចម្ដា យើងគួរកុំធ្វើឱ្យអន្តរាយព្រះអង្គនឹងអាវុធ។ លុះប្រឹក្សាការណ៍នេះរួចហើយ ទើបឧកញ៉ាតេជោប៉ាអង្គចាត់កងទ័ពឱ្យទៅបង្កប់ទៅជន្លដូច្នេះ: - ឧកញ៉ាពិភ័ក្ដិតេជោ បាឡាត់១ - ឧកញ៉ារាមរាជតេជោ១ - ឧកញ៉ាពេជ្រតេជោ១ - ចៅហ្វាយស្រុកជើងព្រៃ១ ឱ្យឃុំពល កាន់ទង់ជ័យសំរាបងាររបស់ឧកញ៉ាតេជោប៉ាអង្គ ហើយលើកពលបរចូលទៅជាកងជន្ល។ បន្ទាប់មកឧកញ៉ាតេជោប៉ាអង្គ ចាត់ឱ្យ - ចៅហ្វាយស្រុក ខេត្តកំពង់សៀម១ - ស្នងឆ្វេង ខេត្តសំរោងទង១ ឃុំរេហ៍ពល ទៅបង្កប់នៅស្ទឹងស្រគំឱននាត្រើយខាងឆ្វេងដៃ។ បន្ទាប់មកទៀតឧកញ៉ាតេជោចាត់ឱ្យ: - ស្នងស្ដាំ ខេត្តសំរោងទង១ - ចៅមឿងទូកមាស១ - ចៅមឿងក្រកោះ១ - ចៅមឿងស្រងែ១ ក៏លើកកងទ័ពចេញទៅប្រតិបត្តិការតាមបញ្ជា។ ពញានូព្រះរាមថ្មគោល កាលបានសំលាប់ចៅពញាឧទ័យធិរាជហើយ ក៏ឡើងគ្រប់គ្រងស្រុក ហើយតាំងព្រះនាមខ្លួនថា សម្ដេចចៅពញាឧទ័យធិរាជ។ កាលដឹងដោយកងទ័ពខាងសេះដែលចាត់ឱ្យយាមល្បាតថា ឧកញ៉ាតេជោបុរារាជលើកទ័ពមកដល់ហើយ សម្ដេចចៅពញាឧទ័យធិរាជនូ ក៏នាំសេនាទាហានជាអ្នកស្រែទាំងនោះ ឃុំពលរេហ៍ពល លើកទ័ពចេញទៅជួបនឹងកងជន្ល របស់ឧកញ៉ាតេជោបុរារាជ។ ទ័ពជន្ល ក៏បរពលចូលច្បាំងជាបួនផ្លូវ។ ឯនាយកងទ័ពជន្លរបស់ឧកញ៉ាតេជោបុរារាជទាំងបីផ្នែកក្លែងធ្វើជាចាញ់ ហើយរាថយរត់ប្រាស់ទៅក្រោយវិញ។ ពេលនោះសម្ដេចចៅពញាឧទ័យធិរាជអង្គនូពុំទ្រង់ជ្រាបនូវកលឧបាយនៃកិច្ចការសឹកសង្គ្រាមហើយនឹកស្មានថាកងទ័ពទាំងនោះ ពិតជាចាញ់ថ្វីដៃព្រះអង្គប្រាកដនោះក៏បរពលដេញតាមទៅ។ លុះទ័ពអង្គនូដេញទ័ពរបស់ឧកញ៉ាតេជោបុរារាជទៅដល់ស្ទឹងស្រគំឱនហើយស្រាប់តែកងទ័ពរបស់ឧកញ៉ាតេជោបុរារាជ វាយផ្ទប់ទាំងសងខាង ហើយវាយបង្អង់អោយយូរ ល្មមតែឧកញ៉ាបុរារាជលើកទ័ពទៅដល់។ លុះទៅដល់ហើយ ឧកញ៉ាតេជោក៏លើកទ័ពព្រមគ្នា ចូលកាប់សំលាប់កងទ័ពសម្ដេចចៅពញាឧទ័យធិរាជអង្គនូ ឥតមានសំចៃដៃឡើយ។ កងទ័ពខាងព្រះអង្គនូទ្រាំពុំបាន ក៏រត់បែកខ្ញែកខ្ចាត់ខ្ចាយអស់ទៅ។ ខណៈនោះ ឧកញ៉ាតេជោបុរេរាជស្រែកហាមថា កុំឱ្យសំលាប់ពញានូនោះឡើយ ឱ្យព្រួតគ្នាចាប់ព្រះអង្គឱ្យបានទាំងរស់នោះនាយកងទ័ពក៏ចូលចាប់នឹងដៃបានខ្លួនសម្ដេចចៅពញាឧទ័យធិរាជអង្គនូ ហើយក៏នាំយកទៅជូនមេទ័ពសំរេចរាជការឃើញហើយមេទ័ពសំរេចរាជការក៏ឱ្យស្រាយចំណង ហើយទទួលថ្វាយបង្គំតាមទំនៀម។ តមកមេទ័ពព្រះនគរ អញ្ជើញសម្ដេចចៅពញាឧទ័យធិរាជអង្គនូឱ្យចូលក្នុងទ្រុង ហើយចាត់សេនាទាហានឃុំព្រះអង្គ ទូលថ្វាយព្រះបរមនាថ បរមបពិត្រសូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រទ្រង់លើកលែងទោស ឱ្យពញានូឱ្យនៅគាល់បំរើខាងក្នុងជាអ្នកជា។ តមកព្រះបរមបពិត្រទ្រង់ព្រះចិន្តាថា ខេត្តសន្ទុកនេះជាខេត្តមួយធំទូលាយណាស់ ហើយមានព្រំប្រទល់ផែនដីជាប់នឹងដែនដីលាវផង មនុស្សកំណាចខូចកាចក៏មានច្រើនទើបទ្រង់តែងតាំងចៅពញាឧទ័យធិរាជអង្គនូ ឱ្យទៅនៅគ្រប់គ្រងស្រុកសំរោងទង ឱ្យឧកញ៉ាតេជោបុរារាជដែលកាលពីដើមជាឧកញ៉ាតេជោប៉ាអង្គនោះ ទៅគ្រងខេត្តសន្ទុក ទុកជាចៅហ្វាយស្រុកខ្នងពស់ក្រៅ។ គោរម្យ៍ងារឧទ័យធិរាជ និងតេជោបានត្រូវផ្លាស់ប្ដូរគ្នាតាំងពីគស.១៦០៤ ចស.៩៦៦ ក្នុងឆ្នាំរោង ឆស័ក រៀងមក។ ទើបឧកញ៉ាតេជោបុរារាជចាត់បំរើឱ្យទៅទទួលទ្រព្យសម្បត្តិនិងអ្នកជំទាវមហេសីសោភីនារីសោភ័ណស្រែន្យពីខេត្តសំរោងទងទៅខេត្តសន្ទុក លើកទីតាំងក្រុងពីព្រះឥន្ទកុមារ មកតាំងនៅទីភូមិកំពង់ស្វាយធ្វើជាទីក្រុងប្រជុំជនវិញដោយហេតុថានៅទីនោះមានទឹកថ្លា ជ្រះល្អ។ ចំណែកទីប្រជុំជន ខែត្រគ្រប់ទីដែនសន្ទុកចាស់នោះ តាំងឱ្យចៅមឿងនៅថែរក្សាព្រះចេតិយ ព្រះពុទ្ធបដិមាករដែលសម្ដេចព្រះធម្មរាជា ទ្រង់បានកសាងទុកមកនោះរៀងមក។ លុះដល់រដូវទ្វារទសមាស ព្រះបរមពិត្រស្ដេចយាងចូលទៅធ្វើបុណ្យក្នុងក្រុងនោះ។ ឧកញ៉ាតេជោបុរោរាជ យកសេចក្ដីក្រាបបង្គំទូលស្នើសូមប្រែឈ្មោះខេត្តនោះជាខេត្តកំពង់ស្វាយវិញ នោះព្រះករុណាក៏ទ្រង់ព្រះរាជានុញ្ញាតិ ព្រមតាមសេចក្ដីក្រាបបង្គំទូលស្នើសុំ។ ហេតុនេះហើយបានជាជាប់ហៅខេត្តសន្ទុកនោះថាជាខេត្តកំពង់ស្វាយរៀងមក។ ឧកញ៉ាតេជោបុរារាជគ្រប់គ្រងចៅមឿង ២៤ មឿងគឺ
ល.រ. ស្រុក ឬ មឿង
១. គោកសេះ
២. ជីក្រែង
៣. ស្ទោង
៤. ព្រះឃ្លាំង
៥. ព្រហ្មទេព
៦. ព្រះខ័ណ្ឌ
៧. ម្លូព្រៃ
៨. ជាំក្សាន្ត
៩. វារីសែន
១០. ព្រែកក្ដី
១១. សន្ទុក
១២. កំពង់លែង
១៣. ប្រាសាទដប់
១៤. កោះកែ
១៥. ត្បែង
១៦. ពស់រោង
១៧. ត្រឡែងកែង
១៨. ងន
១៩. ឈើទាល
២០. សែន
២១. សានគ
២២. ជ័យសម្បូណ៌
២៣. កំពូលពេជ្រ
២៤. ព្រះប្រសព្វ
ទាំង ២៤ មឿងនេះឱ្យឡើងស្ដាប់ឧកញ៉ាតេជោប៉ាអង្គគឺឧកញ៉ាតេជោបុរារាជទាំងអស់។ មឿងទាំង ២៤ នេះបានប្រកបដោយសេចក្ដីសុខក្សេមក្សាន្តរៀងមកឥតមានសឹកសត្រូវអ្វីមកបៀតបៀនបានឡើយ។ លុះដល់ពស.២១៤៩ គស.១៦០៥ មស.១៥២៧ ចស.៩៦៧ ឆ្នាំម្សាញ់ សប្តស័ក ព្រះបាទបរមនាថបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង សម័យថ្ងៃមួយនោះព្រះអង្គទ្រង់យាងចេញគង់ចុងព្រះរាជរោងរម្យជួបជុំអស់ព្រះបរមវង្សាមហាមាត្យាភិមុខមន្ត្រី ហើយទ្រង់ត្រាស់ថា យើងរវល់តែប្រាប់ប្រាមសឹកសង្គ្រាមក្នុងរយៈវេលា ៥ ឆ្នាំកន្លងមកនេះពុំទាន់បានគិតការរៀបចំព្រះបរមវង្ស និងព្រះរាជសីមាអាណាខេត្តក្នុងក្រុងកម្ពុជាធិបតីនេះ ឱ្យបានសក្ដិសមត្រឹមត្រូវនៅឡើយទេ។ យើងយល់ថាខាងក្រុងទេពបុរីស្រីអយុធ្យានគរសៀមនោះ តែងតែគិតមកពាធាបៀតបៀន នគរយើងច្រើនគ្រា ច្រើនដងមកហើយដូច្នេះយើងគួរចងសម្ព័ន្ធមិត្ត នឹងព្រះចៅក្រុងហ្វេ ចង់ចងស្ពានព្រះរាជមេត្រីសុំយកព្រះអង្គម្ចាស់ក្សត្រីអង្គចូវ ឱ្យបានមកផ្សំជាព្រះរាជទេពី នឹងព្រះជ័យចេស្ដាជាព្រះរាជបុត្រច្បងរបស់យើង។ ថាកាលណាបើបានដូចសេចក្ដីប្រាថ្នារបស់យើងហើយ នគរសៀមក៏គង់តែនឹងកោតញញើតយួនខ្លះ ពុំសូវនឹងគិតមកញាំញីនគរយើងពេក។ តើអស់អ្នកគ្រប់គ្នាយល់ឃើញដូចម្ដេច? ទើបព្រះបរមវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីមន្ត្រីទាំងពួងក្រាបបង្គំទូលថា: ទ្រង់ព្រះចិន្តានេះជាត្រឹមត្រូវណាស់ ប្រសិនបើបានដូចប្រាថ្នាហើយ មុខជាសៀមដែលតែងតែគិតប្រមាថស្រុកយើងនោះ វានឹងគិតកោតញញើតទៅស្ដេចយួននោះខ្លះដែរ។ កាលបើយួនគិតញាំញីស្រុកយើងវិញ ក៏មុខជានឹងគិតកោតញញើតដល់ទៅស្ដេចស្រុកសៀមពុំខានដែរ។ លុះជំនុំប្រឹក្សាយល់ព្រមដូច្នេះហើយ ទើបសម្ដេចព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ត្រាស់បញ្ជាឱ្យ ១ ឧកញ៉ាមហាមន្ត្រី ២ ឧកញ៉ាមហាទេព ៣ ឧកញ៉ាធិរាជវង្សា ជាឧបទូត ទោទូត ត្រីទូត អញ្ជើញព្រះសុភអក្សរ និងគ្រឿងបណ្ណាការចុះទូកសមុទ្ទចេញទៅក្រុងហ្វេ។ ដល់ហើយរាជទូតក៏នាំសេចក្ដីទៅប្ដឹងអុង ជាសេនាបតីនាំឡើងក្រាបបង្គំទូលព្រះចៅក្រុងហ្វេ។ ព្រះចៅក្រុងហ្វេប្រែឱ្យសេចក្ដីថា សូមចងសម្ព័ន្ធមិត្ត សូមព្រះអង្គចូវជាព្រះរាជបុត្រីយកទៅផ្សំផ្គុំឱ្យធ្វើជាព្រះរាជទេពី សម្ដេចព្រះជ័យចេស្ដាអភិសេកកាលណា នឹងបានតាំងជាព្រះអគ្គមហេសីគ្រប់គ្រងព្រះរាជបុរីតប្រយូរវង្សទៅ។ កាលដែលសម្ដេចព្រះចៅក្រុងហ្វេរាជបូរីទ្រង់ព្រះសណ្ដាប់ហើយ ត្រូវត្រាស់ឱ្យមន្ត្រីប្រឹក្សា។ ពេលនោះសេនាបតីក្នុងក្រុងហ្វេស្រុកយួនយកសេចក្ដីក្រាបបង្គំទូលថា: ពីដើមរៀងមក មហានគរក្រុងកម្ពុជានោះឯករាជ្យ មាននគរយើង និងនគរដទៃទៀតជាចំណុះចុះចូលព្រះបារមីជាច្រើន។ តែក្រោយមក មានក្សត្រពុំទ្រង់យុត្តិធម៌ ក៏ទាបព្រះកិត្តិយសថយចុះមក តែនៅពុំទាន់ដាច់ព្រះបរមវង្សាព្រះមហាក្សត្រនោះឡើយ គឺនៅពេញជាព្រះរាជត្រកូលដដែល។ ថាព្រះបាទសម្ដេចព្រះស្រីសុរិយោពណ៌ អង្គនេះក៏ល្បីល្បាញឮរន្ទឺព្រះរាជានុភាព ខាងការបោបប្រាមសឹកសត្រូវដ៏មាំមួនណាស់ ទាំងព្រះរាជហឫទ័យក៏ប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌ណាស់ដែរ។ ថាបើព្រះចៅក្រុងហ្វេយល់ព្រមតាមសេចក្ដីសុំនូវព្រះរាជត្រកូលយួននេះ យើងនឹងបាននគរកម្ពុជាជាពីរព្រះនគរគួរសមជាចងស្ពានមានព្រះរាជមេត្រីបាន។ ទើបសម្ដេចព្រះចៅក្រុងហ្វេ បរមរាជាធិរាជទ្រង់យល់ថា មន្ត្រីប្រឹក្សាព្រមហើយ ព្រះអង្គក៏ឱ្យរើសរកស្ត្រីយួនចំនួន ៥០០ នាក់ ជាសាវលិក (ស្រីជំទង់អ្នកបំរើព្រះអង្គម្ចាស់ក្សត្រា) ឱ្យរើសរកប្រុស ៥០០ នាក់ដាក់ជាចំណងព្រះហស្ថ ហើយ ព្រះអង្គឱ្យចាស់ទុំអញ្ជើញសម្ដេចព្រះរាជបុត្រី និង បរិវារចុះសំពៅ ១៥ នាំព្រះរាជបុត្រី មកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រ។ ព្រះបរមនាថបរមពិត្រទ្រង់ចាត់ឱ្យរៀបវំទទួលយ៉ាងធំ អញ្ជើញសម្ដេចព្រះអង្គចូវ ឡើងទៅគង់ក្នុងព្រះមហាប្រាសាទ។ លុះដល់ថ្ងៃជាវេលាល្អ ក្នុងខែផល្គុន ឆ្នាំរោង ឆស័ក (ឆ្នាំរោងដូចជាខុសទេ ព្រោះកាលទ្រង់ត្រាស់ប្រើឱ្យទៅសុំបុត្រីយួននោះ ពីឆ្នាំម្សាញ់ សប្តស័ក ទៅហើយ នោះទ្រង់អភិសេកសម្ដេចព្រះជ័យចេស្ដា ឱ្យឡើងជាមហាឧបរាជ អភិសេកព្រះអង្គម្ចាស់ចូវ ព្រះរាជបុត្រីស្ដេចយួន ព្រះរាជទេពី អភិសេកសម្ដេចព្រះឧទ័យព្រះរាជបុត្រពៅជាព្រះកែវហ្វា។ ព្រះនគរក្រុងកម្ពុជាធិបតីក៏បានសេចក្ដីសុខក្សេមក្សាន្ត ហើយយួនបានចូលចេញក្នុងនគរកម្ពុជាធិបតីនេះតាំងតែពីថ្ងៃនោះរៀងមក សំបូរសម្បត្តិធម្មជាតិជាច្រើន។ ក្នុងរាជ្យព្រះអង្គនេះ ទ្រង់ឱ្យនាម៉ឺនសព្វមុខមន្ត្រីពាក់អាវផាយ ហើយព្រះអង្គទ្រង់បញ្ញតិឱ្យនាម៉ឺនសព្វមុខមន្ត្រីឆ្លើយទូលថា ព្រះស្រីសារពេជ្រសម្ដេចនរនាថ។
No comments:
Post a Comment