Sunday, February 18, 2024

ព្រះ​ធម្មោរាជា​-​រជ្ជកាល​ទី​៣ (១៧៣៨-១៧៤៧)

ព្រះ​ធម្មោរាជា​អង្គ​សូរ​ទ្រង់​មាន​ព្រះ​ជន្ម​៤៨​ព្រះ​វស្សា​នៅ​ពេល​ដែល​ទ្រង់​ត្រូវ​បាន​អភិសេក​ជា​លើក​ទី​៣ ។ ពេល​អភិសេក​លើក​នេះ​ទ្រង់​មាន​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ​ព្រះ​ជ័យជេដ្ឋា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ។ ទ្រង់​ត្រូវជា​ព្រះរាជ​បុត្រា​របស់​ព្រះរាជា​ជ័យជេដ្ឋា ដែល​ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ ។ ទ្រង់​សោយរាជ្យ​ម្ដង​បាន​មួយ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​១៧០២​-​១៧០៣ រួច​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​បិតា​វិញ ។ បន្ទាប់​មក ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ព្រះ​បិតា​ព្រះ​អង្គ​ក៏​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ​ទៀត ហើយ​សោយរាជ្យ​ពី​ឆ្នាំ​១៧០៦ ដល់​១៧១៤ ក៏​ត្រូវ​ព្រះកែវហ្វ៊ា​អង្គ​ឯម​បណ្ដេញ​ចេញពី​រាជបល្ល័ង្ក ។ ឥឡូវ​នេះ ក្រោយ​ពី​២៣​ឆ្នាំ​កន្លង​ផុត​ទៅ​ទ្រង់​បាន​ឡើង​គ្រង​រាជបល្ល័ង្ក​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត ។

អ្នក​អង្គ​ម្ចាស់​អង្គ​ទង ត្រូវជា​បុត្រា​របស់​ព្រះ​ឧទ័យ ដែល​យាង​ពី​ចន្ទតាប៊ុន មក​ចុះ​ចត​នៅ​កំពត មាន​ព្រះ​ជន្ម​៤៧​ព្រះវស្សា ហើយ​បាន​ត្រូវ​លើក​ឱ្យ​ឡើង​ជាទី​ឧភយោរាជ ។ ព្រះ​ឧទ័យ​ជា​បុត្រា​បាន​ត្រូវ​លើក​ឱ្យ​ឡើង​ជា​ព្រះឧបរាជ ។ ព្រះ​អគ្គមហេសី​ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះជាតិ​ក្សត្រី ។ ចំណែក​ឯ​ព្រះ​ធម្មោរាជា​អង្គ​ឯម​ជា​ព្រះរាជ​បុត្រា​មួយ​អង្គ​ទៀត​ដែល​មាន​ព្រះ​ជន្ម​២៩​ព្រះ​វស្សា​បាន​ទទួល​ព្រះ​ឋានៈ​ជា​ព្រះកែវហ្វ៊ា​ ហើយ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ម្ចាស់​ក្សត្រី​អ្នក​អង្គ​ម៉ី ជា​បុត្រី​របស់​នាង​អង្គ​សូរ​ដែល​សុគត​ទៅ​នៅ​ពេល​ប្រសូត​បុត្រ ។

រាជពង្សាវតារ​បាន​លើក​ឡើង​ថា នៅ​ពេល​នោះ​ទន្លេមេគង្គ​មាន​ជំនន់​មួយ​ធំ​ខុស​ប្លែក​ពី​រៀង​រាល់​ឆ្នាំ ហើយ​និង​មាន​ការ​ឈ្លោះ​ប្រកែក​ប្រយុទ្ធ​គ្នា​រវាង​ពួក​ខ្មែរ និង​ពួក​អាណ្ណាម​នៅ​ក្នុង​ខែត្រ​បាសាក់ (សុកទ្រាំង) ។ ពួក​អាណ្ណាម ត្រូវ​បាន​វាយ​ឱ្យ​បរាជ័យ ក៏​នាំ​គ្នា​ដកថយ​ទៅ​នៅ​លើ​កោះ​ហុងពាម​មីសា ក្នុង​ទន្លេ​មេគង្គ ហើយ​បាន​យក​ទីនោះ​រស់នៅ​រៀបចំ​ហាក់បី​ដូចជា​ម្ចាស់​កម្មសិទ្ធិ​តែ​ម្ដង ។

ពីរ​ឆ្នាំ​ក្រោយ​ពី​ម៉ាក់​គូ​ទទួល​មរណភាព​បាត់​ទៅ​ក្នុង​អាយុ​៧៨​ឆ្នាំ ឆ្នាំ​១៧៣៨ ព្រះរាជា​កម្ពុជា​ធម្មារាជា បាន​ឆ្លៀត​ឱកាស​ដែល​មាន​ជម្លោះ​មួយ​កើត​ឡើង​រវាង​ពួក​ខ្មែរ​ជាមួយ​នឹង​បក្សពួក​របស់​ម៉ាក់​តុង ជា​កូន​របស់​ម៉ាក់​គូ ដែល​ឡើង​កាន់​អំណាច​ត​ពី​ឪពុក បាន​មាន​បំណង​ចង់​ដណ្ដើម​យក​ហាទៀង​មក​វិញ ។ ក៏​ប៉ុន្ដែ​ហាទៀង មាន​កម្លាំង​ការពារ​យ៉ាង​រឹង​មាំ និង​ប៉ិន​ប្រសប់ ធ្វើ​ឱ្យ​ខាង​កម្ពុជា​ខាត​បង់​កម្លាំង​អស់​ជា​ច្រើន ក៏​ដកថយ​មក​វិញ ។

នៅ​ឆ្នាំ​១៧៤៧ ព្រះរាជា​បាន​អាពាធ ហើយ​សុគត​ទៅ​នៅ​ក្នុង​ព្រះ​ជន្ម​៥៧​ព្រះ​វស្សា ។ ព្រះ​អង្គ​សោយ​រាជ្យ​៣​ដង បាន​១២​ឆ្នាំ ហើយ​មាន​រយៈពេល​យូរ​ជាងគេ​នៅ​ក្នុង​រជ្ជកាល​ចុង​ក្រោយ គឺ​បាន​១០​ឆ្នាំ ។

No comments:

Post a Comment