ក្សត្រអង្គនេះមានព្រះជន្ម៥៦ព្រះវស្សា និងមានព្រះឋានៈជាព្រះឧភយោរាជអស់កាល១០ឆ្នាំមកហើយ ។ គេបានលើកឱ្យទ្រង់ឡើងកាន់អំណាច ក៏ប៉ុន្ដែមិនមែនលើកឱ្យឡើងគ្រងរាជបល្ល័ង្កទេ គឺទុកឱ្យតែព្រះអង្គចាត់ចែងរាជកិច្ចក្នុងឋានៈជាព្រះឧភយោរាជប៉ុណ្ណោះ ។
នៅឆ្នាំ១៧៤៨ ពួកក្សត្រាដែលភៀសព្រះកាយទៅគង់នៅកូសាំងស៊ីនកាលពី១០ឆ្នាំមុនជាមួយព្រះសត្ថា បានចាប់ដឹកនាំទ័ពអាណ្ណាមចូលលុកលុយកម្ពុជា ។ ពួកគេបានវាយចៅហ្វាយខែត្របាសាក់ លោកឧកញ៉ានរេន្ទគុក ដែលដឹកនាំទ័ពមួយកងតូចដែលកេណ្ឌបានទាំងប្រញិបប្រញាប់ទៅទប់ទល់ ហើយត្រូវបង្ខំឱ្យដកថយមកកាន់កោះហុងពាមមេសវិញ ។ រួចហើយកងទ័ពរបស់ព្រះអង្គបានធ្វើដំណើរឆ្ពោះមកខាងជើង និងមកជិតដល់ឧត្ដុង្គ ។ មកដល់ទីនោះ គេជួបជាមួយទ័ពរបស់លោកនាយករដ្ឋមន្ដ្រី ចៅហ្វ៊ាឯក ក៏វាយទ័ពនោះឱ្យបែកខ្ញែក ខ្ចាត់ខ្ចាយអស់ទៅ ។ ព្រះរាជាអង្គទង ព្រះឧបរាជព្រះឧទ័យជារាជបុត្រាព្រះស្រីជ័យជេដ្ឋា (អ្នកអង្គស្ងួន) ជាបងប្អូនជីដូនមួយ និងត្រូវជាបុត្រារបស់ព្រះស្រីបទុមរាជា និងជាព្រះអនុជរបស់ព្រះធម្មោរាជាដែលព្រះសុរិយោពណ៌បានធ្វើឃាត ក៏នាំគ្នារត់ទៅស្រុកសៀមសុំជំនួយ ។
អតីតព្រះមហាក្សត្របរមរាជា និងព្រះអនុជអ្នកអង្គឯមក៏ឡើងជាម្ចាស់ស្រុក ហើយបានយាងមកគង់នៅឧត្ដុង្គ នៅក្នុងរាជវាំងរបស់ព្រះឧភយោរាជ ដែលស្ថិតនៅពីខាងលិចបឹងប៉ាម៉ា ។ ព្រះអង្គមិនអាចបញ្ជាទៅលើកងទ័ពអាណ្ណាមបានទេ ក៏បណ្ដោយឱ្យពួកនោះដឹកនាំប្រទេស ធ្វើបាបប្រជារាស្ដ្រ នាំឱ្យរាស្ដ្រក្ដៅក្រហាយ ខឹងសម្បាកាន់តែខ្លាំងឡើងៗរាល់ថ្ងៃ ។
លោកក្រឡាហោមអុក និងចៅហ្វាយខែត្រពោធិ៍សាត់លោកឧកញ៉ាសួគ៌ាលោក អ៊ុក ក្រោយពីបានជូនដំណើរព្រះឧភយោរាជឆ្លងកាត់ទល់ដែនរួចហើយ ក៏ត្រលប់មកពោធិ៍សាត់វិញ រៀបចំជ្រើសរើសកងទ័ព ។ ពួកឧត្ដមសេនីយ៍អាណ្ណាមក៏ដឹកនាំទ័ពធ្វើដំណើរសំដៅមកកាន់ខែត្រពោធិ៍សាត់ ។ ក្នុងពេលជាមួយគ្នានោះ ព្រះអង្គហ៊ីងស្រីសុរិយោពណ៌ក៏បានដឹកនាំទ័ពខ្មែរមួយកង តាមជើងទឹកមកដែរ ។ មេដឹកនាំទ័ពក្រោយនេះបានត្រូវស្លាប់នៅពេលក្រោយបន្ដិចមក តែទ័ពអាណ្ណាមបានធ្វើដំណើរមកដល់វាលស្រាបអង្កាម (រលាប្អៀរ) ហើយបោះទីតាំងនៅកន្លែងនោះតែម្ដង ។ ពេលនោះលោកក្រឡាហោមក៏លើកទ័ពមកដល់វាយប្រហារទៅលើទ័ពអាណ្ណាមដែលដឹកនាំដោយអ្នកអង្គអេងឱ្យបរាជ័យទាំងស្រុង ហើយរត់គេចខ្លួនកាត់មុខឧត្ដុង្គមិនហ៊ានចូលក្នុងក្រុងទេ ។ អ្នកអង្គឯម និងអតីតព្រះរាជាធម្មោរាជាក៏រួសរាន់នាំគ្រួសាររត់តាមពួកអាណ្ណាមវិលត្រលប់ទៅកូសាំងស៊ីនវិញដែរ ។ អ្នកអង្គឯម យាងមកដល់កំពង់ឆ្នាំងមិនបានប៉ុន្មានផង ក៏សុគតទៅ (១៧៤៨) ។ ចំណែកឯអតីតព្រះរាជាធម្មោរាជ បានយាងទៅដល់អាណ្ណាម ប៉ុន្ដែដោយនឿយហត់ជាខ្លាំង ក៏សុគតទៅក្នុងឆ្នាំនោះដែរ ក្នុងជន្មាយុ៤៣ព្រះវស្សា ។
លោកក្រឡាហោមអុក និងចៅហ្វាយខែត្រពោធិ៍សាត់ក៏ចាត់ចែងរៀបចំស្រុកទេសឡើងវិញ ផ្លាស់ប្ដូរចៅហ្វាយខែត្រណាដែលគ្មានសមត្ថភាព គេចវេះមិនបានទប់ទល់ជាមួយសត្រូវ រួចបានស្នើសុំស្ដេចសៀមឱ្យបញ្ជូនព្រះស្រីជ័យជេដ្ឋាអង្គស្ងួន ដែលត្រូវជាបុត្រារបស់ព្រះរាជាស្រីបទុមរាជា ដែលអង់អាចក្លាហានជាង ឱ្យមកទួលរាជសម្បត្ដិនៅកម្ពុជា គឺមិនបានសុំឱ្យបញ្ជូនព្រះរាជាអង្គទង ឬព្រះឧភយោរាជឧទ័យ ដែលអស់សេចក្ដីក្លាហានទៅហើយនោះទេ ។ ស្ដេចសៀមបានយល់ព្រមតាមសំណើនេះ ហើយក៏បញ្ជូនព្រះស្រីជ័យជេដ្ឋា ឱ្យវិលត្រលប់មកវិញជាមួយមន្ដ្រីសៀមជាច្រើននាក់ សម្រាប់ធ្វើជាទីប្រឹក្សាជួយព្រះអង្គ ។
No comments:
Post a Comment