Saturday, August 29, 2020

សុន ឆ័យ

សុន ​ឆ័យ ជាមន្រ្តីនៃគណបក្ស សម រង្សី ចាស់ សុន ​ឆ័យ ជាមនុស្សមកពី បក្សសាធារណរដ្ឋខ្មែរ មាននិន្ធាការបែប កម្ពុជាក្រោម លើកតម្តើងខ្មែរណាដែលមកពីកម្ពុជាក្រោម។ សុន ​ឆ័យ ជាមនុស្សសិក្សានៅអូស្រ្តាលី ជាប្រធានសមាគមន៍ខ្មែរអូស្រ្រ្តាលី។ សុន ​ឆ័យ មិនច្បាស់ជា ខ្មែរក្រោម ឬ វៀតណាម? មានត្រកូល ស្រដៀង សឺន ដូចជា សឺនសាន Son Chhay...សុន ឆ័យ ទំនងជាបង្កើតបក្សថ្មី ព្រោះបក្ស សម រង្សី ជាឈ្មោះបុគ្គលការពារខ្លាចបក្សប្រហារ បក្ស សិទ្ធិមនុស្ស ក៍មានកូនស្រីគេសម្រាប់ស្នងដំណែង ដូច្នេះ សុន ឆ័យ មានតែអាច ចូលជាមួយបក្សណាមួយសិនដែលចុះបញ្ជីរួច បន្ទាប់អាចធ្វើ បក្សប្រហារ ដាក់ឈ្មោះបក្សខ្លួនឯង។ សុន ឆ័យល្បីល្បាញដោយសារ ភាសាបែបជាមនុស្សពាល ព្រហើននិយាយគ្មានញញើត គ្មានការគោរពមនុស្សក្នុងស្រុក សុន ឆ័យ ដំបូងចូលធ្វើនយោបាយជាមួយ បក្សសឺន សាន ឆ្នាំ ១៩៩៣ គណបក្ស សម រង្សី និងចុងក្រោយ ជាមួយគណបក្ស សង្រ្គោះជាតិ ។ សុន ឆ័យ មានប្រវត្តិជាជន ហក់លោតដើម្បីតែឪកាសការងារ ព្រោះ គណបក្សហ្វុនស៊ិនប៉ិច កកើតឡើងដោយមនុស្សជាង ១០០ បក្ស ចុងក្រោយបក្សនេះរលាយ ដោយសារ សម រង្សី តាំងខ្លួនជាស្តេច ស តូច ស្តើង សោយរាជ្យ នគរ ៣ ! ចំណេក បក្ស សឺន សាន ផ្សំដោយសមាសភាពជាង ៤០ បក្ស ឬ ក្រុមយោធាមានទាំងចោរលួច ចោរប្លន់ ខ្មែរសេរី នៅសៀម និង យួនសេរីនៅវៀតណាមត្បូង ដូច្នេះ​បក្សសឺនសាន ក៍រលាយដូចគ្នាដែរ។ ចុងក្រោយ ក្រោយគេបណ្តេញសម រង្សីចេញ ពី FUNCINPEC សម រង្សី បង្កើត បក្សខ្លួនឯង ចំណែក សុន ឆ័យ ចូលជាមួយ សម រង្សីវិញ តើ សម រង្សី និង សុន ឆ័យ​ ស៊ីសង្វាក់គ្នាដែរទេ បើ ពីដើម សម សារី ជាសត្រូវសួរពូជ ជាមួយ លោកតា​សឺន សាន?  ទោះបីសុន ឆ័យ ថាខ្លួនជាអ្នកបង្រួមបង្រួមជាតិ តែ ៣០ ឆ្នាំមកនេះ ឃើញមានការបង្រួមបង្រួមអ្វីបានទេ? 

តាមពត៍មានថា គណបក្សថ្មីឈ្មោះថា « គណបក្ស កែទម្រង់ » ៖ថ្ងៃ 28 សីហា 2020 ៚ ឥស្សរជន 3 នាក់ ដែលសុំសិទ្ឋិធ្វេីនយោបាយម្សិលមិញ ត្រូវបាន ខ្ញុំ ដឹងថា នឹងសាកល្បង ប្រមូលម្តុំ មនុស្សធ្លាប់ល្បីឈ្មោះ ក្នុងបក្សសង្រ្គោះជាតិកន្លងមក បង្កេីតបក្សថ្មីមួយ ដែលកែទម្រង់ពីបក្សសង្រ្គោះជាតិ ទៅជាបក្ស កែទម្រង់ ដោយប្រមូលផ្តុំត្រកូល គង់ , រៀល ខេមរិន្រ្ទ, បូករួមជាមួយបក្សលោក យ៉ង់ សាំងកុមា និង បក្សបង្កេីតថ្មី ហេីយលេីកយកទៅប្រាប់សហគមន៍អន្តរជាតិ ថាតេីបក្សហ្នឹង ចូលប្រកួតជាមួយបក្សកាន់អំណាចឆ្នាំ 2022 និង ឆ្នាំ 2023 អាចទទួលយកបានអត់ ?
  1. ៚ លោក សុន ឆ័យ ដែលគេមេីលឃេីញថា ជាមន្រ្តីជាន់ខ្ពស់ក្នុងបក្សជាអចិន្រ្តៃយ៍បក្សសឺន សាន, បក្ស សម រង្សុី និង បក្សសង្រ្គោះជាតិ ជាមន្រ្តីម្នាក់ដែលមានសមត្ថភាពការងារ ប្រហាក់ប្រហែល សម រង្សុី តែអំណាចក្នុងបក្ស 0 % ទំនងជាមិនសូវសប្បាយចិត្ត នឹងអ្នកនៅក្បែរ សម រង្សុី លេបថ្ម លេបគ្រួស យូរមកហេីយ ទេីបគាត់ធ្វេីដូច្នេះ ។
  2. ៚ លោក វ៉ា សាម៉ុន ជាមន្រ្តីថ្នាក់ល្មមភាគី កឹម សុខា ដែលមិនសប្បាយចិត្តនឹងមន្រ្តីក្បែរ កឹម សុខា ម្នាក់ ក៏បានសម្រេចចិត្តដូច្នេះដែរ ។ គាត់គេតែងឃេីញមានរូបភាពជិតដិតញឹកញាប់ជាមួយកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ដែលចេញចូល វិមានរដ្ឋសភា ព្រឹទ្ឋសភា និង សេតវិមានញឹកញាប់ ។
  3. ៚ លោក វ៉ា សាម៉ុន ប្រហែលជាមិនភ្លេចទេ ដែលក្រុមកូនស្រី កឹម សុខា ធ្លាប់ប្រាប់ច្រេីនដងថា ទោះមនុស្សជាប់ឆ្នោតដោយរាស្រ្តទាំង 5007 រូប ចូលគណបក្សប្រជាជនទាំងអស់ តាមការអំពាវនាវរបស ហ៊ុន សែន ក៏សហគមន៍អន្តរជាតិ និង មហាអំណាចលោកសេរីមិនគាំទ្រដែរ ។
  4. ៚ ដូច្នេះ ការឆ្វេចឆ្វាចសុំសិទ្ឋិនយោបាយ រៀបចំប្រមូលផ្តុំឥស្សរជន លេីកយកបង្ហាញសហគមន៍អន្តរជាតិ ក៏ទំនងជាទៅមិនរួចទេ តែអ្វីដែលគេចង់បានគឺ កឹម សុខា មានសិទ្ឋិ សេរីភាព និង ដឹកនាំ បក្សនយោបាយមួយ ដែលមានតុល្យភាព ជាមួយបក្សអំណាច ។
អតីតតំណាងរាស្ត្របក្សប្រឆាំងលោក សុន ឆ័យ និងមន្ត្រីជាន់ខ្ពស់២នាក់ទៀតដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញលោក សុន ឆ័យ អតីតតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងសមាជិកគណៈកម្មការនាយក២រូបទៀតនៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន នៅថ្ងៃទី២៧ខែសីហានេះ បានដាក់លិខិតទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលើកបម្រាម ផ្តល់នីតិសម្បទាឲ្យពួកគេអាចធ្វើនយោបាយឡើងវិញ។ ការស្នើសុំរបស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៣រូបបន្ថែមទៀតនាពេលនេះ ធ្វើឲ្យអ្នកស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញសរុប ១២នាក់ហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសាលដីកាតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ លោក ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថាក្រសួងមហាផ្ទៃបានទទួលរួចហើយលិខិតទាំង៣នេះ ហើយកំពុងធ្វើការតាមនីតិវិធី៖សូមរំលឹកថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកន្លងមក មានដូចជា: លោក គង់ គាំ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ្រ លោក ជីវ កត្តា លោក កង គឹមហាក់ លោក អ៊ូ ច័ន្ទរ័ត្ន លោក ច័ន្ធ សិលា លោក ស៊ិន សុវណ្ណនី និងលោកស្រី ទេព សិទ្ធី។

អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចំនួនបីរូបស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីរូប បានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់នីតិសម្បទាឡើងវិញ។ ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។
អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញរួមមានៈ
១. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។
២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
៣. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតរបស់មន្ត្រីទាំងបីរូបបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា រូបខ្លួនទាំងបីនាក់ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ សូមស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់ពួកខ្លួនដោយក្តីអនុគ្រោះ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន១២នាក់ហើយ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមាន ៩នាក់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ មានដូចជា:
១. លោក គង់ គាំ
២. លោក គង់ បូរ៉ា
៣. លោក រៀល ខេមរិន្ទ្រ
៤. លោក ជីវ កត្តា
៥. លោក កង គឹមហាក់
៦. លោក អ៊ូ ច័ន្ទរ័ត្ន
៧. លោក ច័ន្ធ សិលា
៨. លោកស្រី ទេព សិទ្ធី
៩. លោក ស៊ិន សុវណ្ណនី។ ហើយអតីតមន្ត្រីដែលទទួលបានសិទ្ធិធ្វើនយោបាយ គឺមានមួយចំនួនបានបង្កើតគណបក្សដោយខ្លួនឯង។
ចំណែកអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនបីរូបដែលទើបតែដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មានដូចជាៈ លោក សុន ឆ័យ លោក តាវ គឹមឈន និងលោក វ៉ា សាម៉ុន៕

បក្ស​ប្រឆាំង​ថា មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ​ដែល​អាច​បញ្ចប់​ភាព​តានតឹង​នយោបាយ​បាន!
គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កម្ពុជា​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា នឹង​មាន​ដំណោះ​ស្រាយ​មួយ​ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ ហើយ​ដំណោះ​ស្រាយ​នោះ គឺ​មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ ដែល​អាច​និយាយ​គ្នា​បាន។ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់​ការ​គណបក្ស​​ លោក សុន​ ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ពី​ភាព​វិជ្ជមាន​នេះ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ។

លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

បណ្តា​ប្រទេស​លោក​ខាង​លិច​និង​ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​មួយ​ចំនួន បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ហើយ​បាន​និយាយ​ថា វា​បង្កើន​ការ​សង្ស័យ​ថា​តើ​ការ​បោះឆ្នោត​សកល​ឆ្នាំ​ក្រោយ​អាច​យុត្តិធម៌​បាន ឬ​​យ៉ាងណា។

លោក សុន​ ឆ័យ បាន​និយាយ​ថា ខណៈ​ដែល​បរទេស​ដាក់​គំនាប​នោះ​ នៅ​ចុង​បញ្ចប់ មាន​តែ​ខ្មែរ​និង​ខ្មែរ​ទេ ដែល​អាច​រក​វិធី​ដោះស្រាយ​បញ្ហា​បាន។លោក សុន ឆ័យ បាន​និយាយ​យ៉ាង​ដូច្នេះ ៖ «យើង​នៅ​តែ​មាន​សង្ឃឹម ហើយ​នៅ​តែ​មាន​ជំនឿ។ ការ​ដោះស្រាយ​បញ្ហា​ប្រទេស​មួយ អ្វី​ដែល​ធ្វើ​ហើយ​ជោគជ័យ ហើយ​ប្រសិទ្ធ​ភាព គឺ​ការ​ដោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ។ បរទេស​គ្រាន់​តែ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​រវាង​ខ្មែរ​និង​ខ្មែរ។ ចំពោះ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​គឺ​វា​អាស្រ័យ​លើ​ខ្មែរ​និង​ខ្មែរ។ ដូច​យើង​មាន​បទ​ពិសោធន៍​នៅ​ឆ្នាំ​១៩៩១​ដូច្នោះ។»

លោក សុន ឆ័យ បាន​បន្ត​ថា ទោះបី​ជា​ស្ថានភាព​អាប់​អួរ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​អត់​ធ្មត់​ណាស់ ក្នុង​ការ​បន្ត​ការ​តស៊ូ​នយោបាយ​ដោយ​សន្តិវិធី។

លោក សុន ឆ័យ បាន​និយាយ​ថា​ «ដូច្នេះ យើង​មិន​ខាត​ពេល​វេលា​របស់​យើង​ បន្ត​ឲ្យ​សភាព​ការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ត​ទៅ​ទៀត​ទេ។ សង្ឃឹម​ថា មាន​យន្តការ​ដែល​យើង​អាច​និយាយ​គ្នា​បាន។»

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​កន្លង​មក គឺ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រទេស​ជាតិ ដែល​ជា​ការ​ចាំបាច់ និង​ជា​ធម្មតា​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ៕

លោក ស ខេង ព្រលះ លោក ​សុន ឆ័យ ​ចំពោះការ​លើកឡើង​នូវរឿង​ខុសប្រធានបទ​ នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​ ថ្ងៃពុធ ទី ២១ មិថុនា ២០១៧​
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រលះ លោក សុន ឆ័យ តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ ចំពោះការលើកឡើងនូវរឿងខុសប្រធានបទ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ ស្ដីពីអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

លោក សុន ឆ័យ តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំសភានោះ បានលើកនូវប្រធានបទផ្សេង ដែលពាក់ព័ន្ធនឹងរោងចក្រកាត់ប្រាក់បំណាច់ថ្ងៃកម្មករ ដែលឈប់សម្រាក នៅក្នុងថ្ងៃបោះឆ្នោត ហើយតំណាងរាស្រ្តបក្សប្រឆាំងរូបនេះ ស្នើតំណាងរាជរដ្ឋាភិបាលឆ្លើយបំភ្លឺ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងថា ការលើកឡើងរបស់លោក សុន ឆ័យ មិនចំប្រធានបទនោះទេ ហើយគួរលើកឡើងនៅថ្ងៃក្រោយ ដោយសារតែកិច្ចប្រជុំថ្ងៃនេះ គឺពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មិនមែនរឿងរោងចក្រកាត់ដេរទេ។

រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបន្ថែមកៅអី ១អសនៈទៀត នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលអាចនឹងធ្វើឲ្យសមាជិកព្រឹទ្ធសភាកើនឡើងដល់ចំនួន៦២រូប នាពេលខាងមុខ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តទាំងស្រុងហើយ ក្រោមសំឡេងគាំទ្រ ៩៧ លើ១០៨ នៃសមាជិកព្រឹទ្ធសភាសរុប ដែលចូលរួមប្រជុំ៕

ឯកឧត្តម គឹម សន្តិភាព ឆ្លើយតបនឹងការលើកឡើងគ្មានមូលដ្ឋានរបស់ ឯកឧត្តម សុន ឆ័យ
ឯកឧត្តម គឹមសន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ បានធ្វើការឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តម សុន ឆ័យ ដែលបានចោទទាំងបិតភ្នែកថា រដ្ឋមន្ត្រីយុត្តិធម៌ផ្គើននឹងរដ្ឋសភា ដោយនៅតែទៅឆ្លើយនៅរដ្ឋសភាកាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១៦។
ឯកឧត្តម បានបញ្ជាក់ជូនឯកឧត្តម សុន ឆ័យ ជ្រាបថា៖ កាលដែលឯកឧត្តម រដ្ឋមន្ត្រីអញ្ជើញទៅឆ្លើយផ្ទាល់មាត់ជូនរដ្ឋសភាកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នោះ គឺតាមការអញ្ជើញរបស់រដ្ឋសភាយោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦!
ការឆ្លើយផ្ទាល់មាត់តបតាមការអញ្ជើញពីរដ្ឋសភាបែបនេះ ជាការបង្ហាញអោយឃើញច្បាស់ពីភាពទទួលខុសត្រូវរបស់រដ្ឋមន្ត្រីយុត្តិធម៌ចំពោះមុខអង្គសភា ដែលស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា!
តើស្មារតីទទួលខុសត្រូវបែបនេះ ជាសកម្មភាពផ្គើននឹងរដ្ឋសភា ?
ឯកឧត្តម បានសម្តែងការហួសចិត្ត ដែលលឺសម្តីគ្មានមូលដ្ឋាន ចេញពីមាត់អ្នកតំណាងរាស្ត្ររូបនេះ!

លោក សុន ឆ័យ ស្នើ​ឲ្យ​ព្យួរ​តួនាទី​អគ្គលេខា​រដ្ឋសភា ភ្នំពេញៈ លោក ស៊ុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយ​ស្នើ​ឲ្យ​ព្យួរ​ការងារ​អគ្គ​លេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​ដក​តួនាទី​លោក មិត្ត ការ៉េន អគ្គ​លេខាធិការ​រង​រដ្ឋសភា រួម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ដែល​កំពុង​កាន់​តួនាទី​សំខាន់ៗ​ក្នុង​រដ្ឋសភា។

លិខិត​របស់​លោក សុន ឆ័យ បាន​សរសេរ​ថា៖ «ក្នុង​គោល​បំណង​ការពារ​កិត្តិយស​ស្ថាប័ន​រដ្ឋសភា​រួម​មាន​ថ្នាក់​ដឹក​នាំ និង​អ្នក​តំណាង​រាស្រ្ត​ទាំង​អស់​ពី​ការ​ចោទ​ប្រកាន់​ថា មាន​ការ​រួម​គំនិត​នូវ​រឿង​អាស្រូវ​ទាំង​នេះ ហើយ​ក្នុង​បំណង​ចង់​ជួយ​ដល់​ការ​កែលម្អ​ស្ថាប័ន​ជាតិ​ដ៏​សំខាន់​នេះ ... ខ្ញុំ​សូម​ឲ្យ​សម្តេច​ប្រធាន​មេត្តា​ចាត់​វិធានការ...»។

លោក​បាន​សង្កត់​ធ្ងន់​ថា លោក​បាន​ស្នើ​លោក ប៉េងឡុង ផ្តល់​បញ្ជី​ឈ្មោះ​បុគ្គលិក​រដ្ឋសភា ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋសភា ប៉ុន្តែ លោក ប៉េងឡុង មិន​បាន​ឆ្លើយ​តប ឬ​ផ្តល់​ឯកសារ​ដល់​លោក​ទេ រហូត​មក​ដល់​ពេល​នេះ​ដោយ​លោក​អះអាង​ថា នេះ​គឺ​ផ្ទុយ​នឹង​គោល​ការណ៍​ច្បាប់។

លោក ឡេង ប៉េងឡុង អគ្គ​លេខាធិការ​រដ្ឋសភា​មិន​បាន​ផ្តល់​ការ​អត្ថា​ធិប្បាយ​លម្អិត​ទេ ដោយ​លោក​គ្រាន់​តែ​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ការ​រដ្ឋបាល។ ប្រសិន​បើ​ខ្ញុំ​ជា​តំណាង​រាស្រ្ត ខ្ញុំ​អាច​ពន្យល់​បាន»។ លោក មិត្ត ការ៉េន មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក ញ៉ែម ថាវី អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​ថ្លែង​ថា លោក​បាន​ដំណឹង​ពី​លិខិត​របស់​លោក ឆ័យ នេះ ប៉ុន្តែ​លោក​មិន​ទាន់​ឃើញ​លិខិត​នោះ​ទេ។ លោក​ថ្លែង​ថា លោក ហេង សំរិន ប្រធាន​រដ្ឋសភា សម្រេច​ព្យួរ ឬ​ដក​អ្នក​ទាំង​ពីរ​ដោយ​ខ្លួន​លោក​ផ្ទាល់​ឬ​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​ឬ​យ៉ាង​ណា គឺ​ជា​សេចក្តី​សម្រេច​របស់​ប្រធាន​រដ្ឋសភា៕

សុន ឆ័យ អះអាងថា គោលដៅរបស់សង្គ្រោះជាតិគឺការបោះឆ្នោត ឆ្នាំ២០១៨ភ្នំពេញ៖ នៅក្នុងសន្និសីទកាសែតកាល ពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក សុន ឆ័យ ប្រធានក្រុមសមាជិកសភាគណ បក្សសង្គ្រោះជាតិបានបដិសេធពាក្យសម្តីដែលគ្មានការសម្រេចចិត្តត្រឹមត្រូវនិងគ្មានការទទួលខុសត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ហើយលោក សុន ឆ័យ ប្រកាសថា គណ បក្សសង្រ្គោះជាតិនឹងចូលរួមបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ ។

ការប្រកាសរបស់លោក សុន ឆ័យ បានធ្វើឡើងបន្ទាប់ពីលោកស្រី មូរ សុខហួរ បានប្រកាសនៅមុខពន្ធនាគារត្រពាំងប្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ថា គណបក្សសង្គ្រោះ ជាតិនឹងមិនចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះនោះទេបើសិនជាមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិឱ្យមានសេរីភាពឡើងវិញ ។

លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា «យើងត្រូវការការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនជា លោកប្រធាន កឹម សុខា ដែលជាប្រធាន នៃគណបក្សសង្គ្រោះជាតិមិនមានការដោះលែងមិនបានមកចូលរួមក្នុងការបោះឆ្នោតខាងមុខនិងលក្ខខណ្ឌដទៃទៀតដើម្បីឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ទេ យើងមិនអាចចូលរួមនៅក្នុងការ បោះឆ្នោតមួយដែលមិនសេរី មិនយុត្តិធម៌ ពីព្រោះធ្វើខុសនឹងឆន្ទៈប្រជារាស្រ្តយើង»។

ជាការចំអកលោក សុន ឆ័យ បាន បញ្ជាក់តបវិញថា «គណបក្សសង្គ្រោះជាតិ មានទិសដៅតែមួយទេគឺឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ២០១៨។ នេះជាបំណងប្រាថ្នារបស់គណបក្សសង្គ្រោះជាតិហើយគណៈកម្មាធិការអចិន្រៃ្តយ៍បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជា ធម្មតា» ។

លោក សុន ឆ័យ បានបន្តថា «គណបក្ស សង្គ្រោះជាតិមានសមាជិកច្រើនមានអ្នក ដឹកនាំច្រើន ប៉ុន្តែគណៈកម្មាធិការអចិន្រៃ្តយ៍ គឺជាក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការ មានមតិជាឯកជនជាបុគ្គលដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍មិនមែនជាការសម្រេចរបស់ គណៈកម្មាធិការនាយកមិនមែនជាការ សម្រេចរបស់សមាជនោះមិនមែនជាសម្តី របស់គណបក្សសង្គ្រោះជាតិទេ»។

លោកបានបន្ថែមទៀតថា «ត្រង់ចំណុច នេះយើងសូមបញ្ជាក់ថា យើងមិនអាចទទួល យកសម្តីជាឯកជនណាមួយដែលមិនមែនជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍មិនមែនជាការសម្រេចរបស់គណៈ កម្មាធិការនាយក មិនមែនជាការសម្រេច របស់សមាជគណបក្សថា ជាសម្តីជាទង្វើ របស់គណបក្សសង្គ្រោះជាតិបានទេ»។

លោក សុន ឆ័យ បានបញ្ជាក់ទៀតថា «ការប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខរបស់សមាជិកណាម្នាក់នោះវាមិនមែនជាការ សម្រេចរបស់គណៈកម្មាធិការកណ្តាល របស់គណបក្សឡើយ។ គោលជំហររបស់គណបក្សសង្គ្រោះជាតិនឹងបន្តដំណើរដើម្បីចូលរួមប្រកួកប្រជែងក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ដោយ ឥតងាកថយទេ។ គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើការងារជាធម្មតាដើម្បីឆ្ពោះទៅ រកការបោះឆ្នោតឆ្នាំ២០១៨ ទោះបីលោក កឹម សុខា នៅតែបន្តស្ថិតក្នុងការឃុំខ្លួនក៏ដោយ» ។

លោក សុន ឆ័យ បានប្រកាសថា «បើ សិនមានគេសួរថា ចុះបើស្ថានភាពបែបហ្នឹង តើគណបក្សសង្គ្រោះជាតិនៅតែចូលរួមបោះឆ្នោត ឬយ៉ាងណា? លោកថា គណ បក្សមានគោលការណ៍ច្បាស់លាស់មិន អាចកែប្រែបានទេគឺបក្សចង់ឲ្យមានការ ផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោត ដូច្នេះបក្សមិនរារែកទេក្នុងការសម្រេចចិត្ត ឆ្ពោះទៅរកការបោះឆ្នោត» ។

លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា រហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមមន្រ្តី គណបក្សសង្គ្រោះជាតិគ្មាន គម្រោងឬផែនការណាមួយដើម្បីធ្វើបាតុ កម្មនោះទេបន្ទាប់ពីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ។

លោកបានថ្លែងថា គណបក្សបានហៅថ្នាក់ដឹកនាំទាំងអស់ពីខេត្តក្រុមការងារ ខេត្តសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មកប្រជុំគ្នាដើម្បីជម្រាបជូនហើយសូមការគាំទ្រ។ មកទល់ពេលនេះគណបក្ស សង្គ្រោះជាតិយើងគ្មានផែនការដើម្បីធ្វើ បាតុកម្មទេ ។

លោកបានបន្ដថា គណបក្សសង្គ្រោះជាតិនឹងពង្រឹងសមត្ថភាពមេឃុំចៅ-សង្កាត់ របស់ខ្លួនដែលបានបោះឆ្នោតជាប់ថ្មីៗនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ចិត្ត និងមានការរៀបចំប្រព័ន្ធការងារ ជាពិសេសការងារបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខនេះ ៕ ហេង​ សូរិយា

ប្រធាន ជាម យៀប ព្រលះ​អនុ​ប្រធាន សុន ឆ័យ ក្នុង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា (vdo)លោក ជាម យៀប បានប្រកាសថា លោកទើបជាថ្នាក់ដឹកនាំ នៃគណៈកម្មការទី២ក្នុងរដ្ឋសភា មិនមែនជាលោក សុន ឆ័យ ឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ប្រធានគណៈកម្មការទី២ នៃរដ្ឋសភារូបនេះ បានចាត់ទុកលោក សុន ឆ័យ ថា​កំពុង​បំប៉ោង​សភាព​ការណ៍ និងបំផ្លើសនូវការពិត លើបញ្ហានៃប្រាក់ចំណូល ដែលបានមកពីប្រាសាទអង្គរវត្ត។លោក សុន ឆ័យ បាន​យក​រឿង​«ប្រាសាទ​អង្គរវត្ត»​ជា​ដើម​ហេតុ ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន ដើម្បី​ទាញ​យក​ប្រយោជន៍ និង​ផល​ចំណេញ​នយោបាយ ហើយ​វា​ក៏​ជា​មូលហេតុ​មួយ ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សុន ឆ័យ ប្រកាន់​នូវ​ជំហរ​ប្រឆាំង ក្នុង​ចេតនា​បង្កាច់​បង្ខូច​រដ្ឋាភិបាល។ នេះ​ជា​ការ​ថ្លែង​របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​មន្ទីររដ្ឋសភា​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។

លោក ជាម យៀប បាន​ពន្យល់​ថា ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ពី​សំណាក់​មហាជន​នោះ ទើប​លោក​ចេញ​មុខ​មក​ធ្វើការ​បក​ស្រាយ​ក្នុង​នាម​លោក ជា​ប្រធាន និង​ជា​អ្នក​ដឹកនាំ​គណប្រតិភូ ដែល​បាន​ចុះ​ធ្វើការ​អង្កេត​នោះ។ ហើយ​ជាង​នេះ​ទៅ​ទៀត លោក សុន ឆ័យ មិន​គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​អនុ​ប្រធាន​របស់​គណៈកម្មការ​នេះ​ទេ។

បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ ថាជាការចោទប្រកាន់ខុសពីការពិតនោះ លោក ជាម យៀប បានថ្លែងឡើងទៀតថា លោក សុន ឆ័យ បានឆ្លៀតឱកាសចេញពីជំនួបជាមួយអាជ្ញាធរអប្សរា ទៅ​ផ្តល់ព័ត៌មានមិនពិត ដល់អ្នកសារព័ត៌មានទៅវិញ។ តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បាន​និយាយ​ទៀតថា៖ «កាលណាធ្វើខុសនឹងច្បាប់ មិនអាចទទួលយកបាន។ ខ្ញុំទទួលយកមិនបានទេ អ្វីដែល​គាត់លើក​ឡើង»។

ប្រធានគណៈកម្មការទី២ បានបញ្ជាក់ពីជំហររបស់គណកម្មការលោកថា គាំទ្រចំពោះសកម្មភាព និងការងារ​ដែល​អាជ្ញាធរជាតិអប្សរាកំពុងធ្វើ ហើយថែមទាំងធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រង និងថែរក្សាសម្បត្តិវប្បធម៌ខ្មែរ នៅខេត្តសៀមរាប។ លោកបញ្ជាក់ដូច្នេះថា៖ «ការលក់សំបុត្រនេះ យើងឃើញថា ឯកឧត្តម ប៊ុន ណារិទ្ធ បាន​លើកឡើង នៅក្នុងស្លាយក្នុងឯកសារ ក៏ដូចជាការរាយការណ៍ផ្ទាល់មាត់បានច្បាស់ ដែលគួរឲ្យកោតសរសើរ។ ការរកចំណូលសក្ដានុពល បំពេញការចំណាយ របស់អាជ្ញាធរអប្សរាផង និងបំពេញការចំណាយ​របស់ថវិកា​ជាតិ​ផង។ (…) ខ្ញុំសោកស្ដាយណាស់ ដែលឯកឧត្តម សុន ឆ័យ និយាយបំភ្លើស ព្រោះគាត់ជាគណបក្ស​ប្រឆាំង គាត់ដឹងតែពីប្រឆាំងប៉ុណ្ណោះ។ មិនមែនខ្ញុំរុញទូកបណ្ដោយទឹកទេ តែវាជាការពិត។»។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ថ្មីៗនេះ ក្រុមការងារគណៈកម្មការទី២ នៃរដ្ឋសភា បានចុះទៅត្រួតពិនិត្យ និង​ស្រង់ព័ត៌មានទាក់ទងនឹងភ្ញៀវទេសចរណ៍ ព្រមទាំងបានចូលមើលប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ក្រោយការពិនិត្យ និងសួរដេញដោល ទៅកាន់អាជ្ញាធរអប្សារា ដែលជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការ​គ្រប់​គ្រង់​តំបន់ប្រាសាទបូរាណនោះ លោក សុន ឆ័យ បានរកឃើញថា មានភាពមិនប្រក្រតីមួយចំនួន ក្នុងការ​គ្រប់​គ្រងប្រាសាទអង្គរវត្ត និងការជួលដីនៅតំបន់នោះ ក្នុងតម្លៃថោក មានភាពអាថ៌កំបាំង និងគ្មានតម្លាភាព។

លោក ជាម យៀប បានលើកយកលិខិតមួយច្បាប់ ដែលគណបក្សសង្គ្រោះជាតិ បានបដិសេធថា ជាលិខិត​ក្លែងក្លាយ មកបង្ហាញអ្នកសារព័ត៌មានថា សូម្បីគណបក្សសង្គ្រោះជាតិរបស់លោក ក៏មិនគាំទ្រ និងឯកភាព​ទៅលើសម្ដីចោទប្រកាន់លោក សុន ឆ័យ លើអាជ្ញាធរអប្សរានោះដែរ។

» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

សូមបញ្ជាក់ថា បន្ទាប់ពីមានការលើកឡើងដោយ លោក សុន ឆ័យ ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងអំពើ​ពុករលួយក្នុងការលក់សំបុត្រ ក៏ដូចជាការជួលដីតំបន់អង្គ អាជ្ញាធរអប្សរាក៏បានចេញលិខិតមួយ​ដែរ ដោយ​អះអាង​​ថា កាលើកឡើងរបស់លោក សុន ឆ័យ កំពុង«ភូតភរកុហកបោកប្រាស់»មតិសាធារណៈជន។ ក្នុង​លិខិតដដែល លោក ប៊ុន ណារិទ្ធ បានសរសេរបន្តថា នៅពេលជួបប្រជុំ លោក សុន ឆ័យ បានសុំឯកសារចំនួន​អ្នកទេសចរបរទេស ដែលចូលទស្សនាអង្គររយៈពេល១០ខែ ឆ្នាំ២០១៤ ដែលមានចំនួនជាង ១.៦លាននាក់ និងអាចទទួលបានចំណូលជាង ៤៧លានដុល្លារប៉ុណ្ណោះ។

លោក ប៊ុន ណារិទ្ធ បានសរសេរទៀតថា៖ «ដូច្នេះអ្វីដែលលោកសុន ឆ័យ បាន ថ្លែងបំភាន់ប្រាប់សាធារណៈ​ជនជាតិ និងអន្ដរជាតិ។ ចោទប្រកាន់អាជ្ញាធរជាតិ អប្សរាថា លាក់បាំងព័ត៌មាន ធ្វើឱ្យបាត់បង់ថវិកាជាតិ តាម​រយៈការប្រមូលចំណូល ពីការលក់ប័ណ្ណចូលទស្សនាអង្គរ។ ការជួលដីក្នុងបុរីវប្បធម៌ និងទេសចរណ៍ គឺគ្រាន់​តែជាការនិយាយ បំផ្លើសបំភ្លៃ មួលបង្កាច់ និងបំភាន់ សាធារណជនជាតិ និងអន្ដរជាតិឱ្យ មានការភាន់ច្រឡំ មកលើអាជ្ញាធរជាតិអប្សរា ក៏ដូចជារាជរដ្ឋាភិបាល និងយកគំនុំផ្ទាល់ខ្លួន មកធ្វើការសងសឹកក្នុងគោលដៅកេង​ចំណេញនយោបាយ ដើម្បីបម្រើគណបក្សរបស់ខ្លួនតែប៉ុណ្ណោះ។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងព្យាយាមសុំប្រតិកម្មពីលោក សុន ឆ័យ ហើយនឹងធ្វើការផ្សាយជូន នៅក្នុង​អត្ថបទលើកក្រោយរបស់ខ្លួន។


ជីវិត​អ្នក​នយោបាយ​ដែល​តស៊ូ​ដើម្បី​ការ​ផ្សះផ្សា​ជាតិ លោក សុន ​ឆ័យ បាន​ចាត់​ទុក​ខ្លួន​លោក​ជា​អ្នក​ផ្សះផ្សា​នយោបាយ​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ។ ហើយ​ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​បាន​ស្ម័គ្រចិត្ត​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​សមាជិក​ដទៃ​ទៀត​នៃ​គណបក្ស​នេះ​បាន​សម្រេច​និរទេស​ទៅ​ក្រៅ​ប្រទេស​ ដោយសារ​ស្ថានភាព​នយោបាយ​តានតឹង។

អូន ឆេងប៉រ | VOA Khmer | 6 កក្កដា 2018

ភ្នំពេញ ទោះ​បី​យ៉ាង​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ លោក សុន ឆ័យ នៅ​តែ​ញញឹម។

បើ​ទោះ​បី​ជា​រូប​លោក និង​សហការី​ចំនួន​១១៨​នាក់​ក្នុង​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ក្រោយ​ពី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ក៏​ដោយ ​ក៏​អតីត​តំណាងរាស្ត្រ​ល្បី​ឈ្មោះ​រូប​នេះ នៅ​តែ​ញញឹម​ពព្រាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA កាលពី​ចុង​ខែ​មីនា ដោយ​រំឭក​ពី​ប្រវត្តិ និង​ការ​តស៊ូ​នយោបាយ​អស់​ពេល​ពីរ​ទសវត្សរ៍​របស់​លោក មុន​ដំណើរការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី ២៩ ខែ​ កក្កដា​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សម្ព័ន្ធភាព​នយោបាយ​ជំទាស់ ​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​កាលពី​ឆ្នាំ​២០១២ ត្រូវ​បាន​រំលាយ​ដោយ​ចម្រូងចម្រាស ក្រោម​អំណាច​សាលក្រម​តុលាការ​កំពូល​របស់​កម្ពុជា។ សមាជិក​គណបក្ស​ប្រឆាំង​នេះ​ចំនួន​១១៨​នាក់​ ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ ហើយ​សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួន​ធំ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារ​ភ័យខ្លាច​ការ​ចាប់​ខ្លួន។

ខណៈ​ដែល​​​សហការី​របស់​លោក​មួយ​ចំនួន​បាន​រត់ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស ស្វះ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឲ្យ​បែរ​ត្រឡប់​ក្រោយ និង​បើក​លំហ​នយោបាយ​ឡើង​វិញ​នោះ លោក សុន ឆ័យ បាន​សម្រេច​ចិត្ត​ផ្ទុយ​ពី​នេះ ដោយ​បន្ត​រស់​នៅ​ក្នុង​ប្រទេស មិន​ចេញ​ទៅ​ណា។

បើ​និយាយ​ពី​ឆាក​នយោបាយ​ខ្មែរ​សម័យ​ទំនើប​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក សុន ឆ័យ ក៏​ដូចជា​អ្នក​នយោបាយ​ដទៃ​ទៀត​ដែល​មាន​ឈ្មោះ​ល្បី​រន្ទឺ​ដែរ កម្រ​នឹង​ចាក​ឆ្ងាយ​ពី​ឧគ្ឃោសនស័ព្ទ និង​ប្រព័ន្ធ​ឃោស​នានា​ណាស់។ ជា​ញឹកញយ គេ​ឃើញ​លោក​និយាយ​ទៅ​កាន់​មហាជន​តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​បណ្ដាញ​សារព័ត៌មាន ការ​ចុះ​ទៅ​ជួប​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ការ​ចោទ​សួរ​សំណួរ​ពិបាកៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​រាប់​មិន​អស់​ ដែល​មិន​សូវ​ចូលចិត្ត​សំណួរ​ទាំង​នេះ។

តាំង​តែ​ពី​ឆ្នាំ​១៩៩៣​មក លោក សុន ឆ័យ បាន​ជាប់​ឆ្នោត និង​ដើរ​តួ​នាទី​ជា​អ្នក​តំណាងរាស្ត្រ​នៅ​គណបក្ស​បី​ផ្សេងៗ​ពី​គ្នា ចាប់​តាំង​ពី​អតីត​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធសាសនា អតីត​គណបក្ស​ សម រង្ស៊ី និង​ចុង​ក្រោយ​បង្អស់​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មក​ទល់​នឹង​ពេល​រំលាយ​គណបក្ស​នេះ លោក សុន ឆ័យ ដើរ​តួ​នាទី​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស ដែល​តាំង​ទី​ដុះ​ឫស​ការងារ​នៅ​សភា​ជាន់​ទាប​នេះ​តែម្ដង។

លោក សុន ឆ័យ បាន​និយាយ​ក្នុង​កិច្ច​សន្ទនា​ជាមួយ VOA យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា សភា​គឺ​ជា​ស្ថាប័ន​ជាតិ​មួយ​ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ទូទៅ ត្រូវ​តែ​អ្នក​ដឹកនាំ​ឆ្លើយ​បំភ្លឺ​ពលរដ្ឋ​តាម​សភា តាម​រយៈ​ការ​សួរ​ដេញដោល»។ អតីត​អ្នក​តំណាងរាស្ត្រ​រូប​នេះ​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖

«ភាសា​អង់គ្លេស គេ​ឧស្សាហ៍​និយាយ​ជា​ញឹកញាប់​ដែរ​ថា៖ There is no peace without justice [ដែល​មាន​ន័យ​ថា] ដូច្នេះ​សង្គម​ដែល​គ្មាន​​យុត្តិធម៌ វា​អត់​មាន​សន្តិភាព​ទេ។ ដូច្នេះ​ដើម្បី​មាន​សន្តិភាព វា​ទាល់តែ​មាន​យន្តការ​គ្រប់គ្រង​ដែល​ផ្ដល់​យុត្តិធម៌​បាន​ដល់​ពលរដ្ឋ​គ្រប់រូប»។

គ្មាន​វិប្បដិសារី ទាំង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​សំឡេង​គាំទ្រ​ខ្ទង់លាន​សំឡេង ប្រមូល​បាន​អាសនៈ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ដ្បិតតែ​មិន​ទាន់​ដល់​ថ្នាក់​វ៉ា​ប្រជែង​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ពិត​មែន ​ប៉ុន្តែ​សំឡេង​គាំទ្រ​ក៏​ល្មម​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ច្រើន​ទសវត្សរ៍​មួយ​នេះ​រសើប​នៅ​លែង​សុខ។

ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល ខណៈ​ពេល​ដែល​ព្រះអាទិត្យ​បន្ទាប​ខ្លួន​ទាប​ទៅៗ សន្សឹមៗ ហៀប​អស្ដង្គត។ វេលា​រសៀល​ហក់​ចូល​ពេល​ល្ងាច​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ វា​ហាក់​ដូចជា​បាន​ដើរ​តួ​ជា​ប្រផ្នូល​នៃ​ទី​បញ្ចប់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​មែន​ទែន​នៅ​មាន​សុខភាព​នយោបាយ​ល្អ​ប្រសើរ​នៅ​ឡើយ ប្រៀប​ដូចជា​យុវជន​ពេញ​កម្លាំង​ម្នាក់។

នៅ​ពេល​ដែល លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល អុក​ញញួរ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និង​សហការី​ទាំង​១១៨រូប ត្រូវ​អស់​ការងារ​ធ្វើ​នៅ​រដ្ឋសភា​ជា​ស្វ័យ​ប្រវត្តិ ក្រោយ​ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​ជំនុំជម្រះ​ពេញ​មួយ​ថ្ងៃ ក្រោម​ការ​យាមកាម​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ក្រាស់​ឃ្មឹក​ ព័ទ្ធ​ជុំ​វិញ​មន្ទីរ​តុលាការ​ជាន់​ខ្ពស់​របស់​ប្រទេស ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​ចោទ​ថា ​បាន​ធ្វើ​នយោបាយ​ក្រោម​ការ​ដឹក​ច្រមុះ​របស់​រដ្ឋាភិបាល​បរទេស ដែល​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក ដោយ​បាន​អនុវត្ត​គម្រោង​ការ​តូច​ធំ​នានា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បទ​ចោទ​នេះ​ត្រូវ​បាន​ច្រាន​ចោល និង​មិន​ទទួល​ស្គាល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល​អាមេរិក។

យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ការ​រំលាយ​តែ​ប៉ុន្មាន​សប្ដាហ៍ ប្រធាន​គណបក្ស​គឺ​លោក កឹម សុខា ត្រូវ​បាន​កម្លាំង​នគរបាល​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ ហើយ​លោក​ត្រូវ​បាន​គេ​ឃុំ​មកទល់​នឹង​ពេល​នេះ គិត​តាំង​ពី​ខែ កញ្ញា ឆ្នាំ ២០១៧ ដោយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ«ក្បត់​ជាតិ»។

ដ្បិត​តែ​ក្រុម​អ្នក​រិះគន់​និង​តាម​ដាន​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ន័យ​ស្មើ​នឹង​«មរណភាព​នៃ​របប​ប្រជាធិបតេយ្យ»​នៅ​កម្ពុជា​យ៉ាង​ណា​ក្ដី ក៏​របប​ដឹកនាំ​រដ្ឋាភិបាល​នៅ​រាជធានី​ភ្នំពេញ បាន​ចាត់​ទុក​ការ​ចាត់​វិធានការ​វាយ​បង្ក្រាប​ក្រុម​ជំទាស់​នេះ ថា​ជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​នីតិវិធី​នានា​នៃ​ច្បាប់​ប្រទេស ធានា​រក្សា​សន្តិភាព ស្ថិរភាព និង​កសាង​នីតិរដ្ឋ​ឲ្យ​ខាង​តែ​បាន។

ដោយ​បាន​ជ្រើស​យក​ជម្រើស​ផ្សេង​ពី​សហការី​រាប់សិប​នាក់​ដែល​រត់​គេច​ខ្លួន លោក សុន ឆ័យ ដែល​បន្ត​រស់​នៅ​ក្នុង​ប្រទេស​តាម​យថាកម្ម បាន​ចំណាយ​ពេល​ទំនេរ«គ្មាន​ការ​ងារ​ធ្វើ»​របស់​លោក ឆ្លុះបញ្ចាំង​ឡើង​វិញ​នូវ​ជីវភាព និង​ទស្សនវិជ្ជា​នយោបាយ​របស់​លោក ដែល​ដាក់​ចេញ​ជា​ការ​អនុវត្ត​នា​ពេល​កន្លង​មក។

«អត់ទេ! ខ្ញុំ​អត់​មាន​ស្ដាយ​ក្រោយ ក៏​អត់​មាន​ស្ដាយ​តួ​នាទី​ដែរ! អត់ទេ! ទី​មួយ​វា​គឺជា​ឱកាស​ឲ្យ​ខ្ញុំ​បាន​សម្រាក​ផង ព្រោះ​ធ្វើ​ការ​យូរ​ហើយ ជា​តំណាងរាស្ត្រ​ប្រាំ​អាណត្តិ! យូរ​ដែរ! … ទី​ពីរ អ្វី​ដែល​សំខាន់ គឺ​ក្នុង​រយៈកាល​ម្ភៃ​ប្លាយ​ឆ្នាំ​នេះ គឺ​យើង​បាន​ធ្វើ​ការងារ​របស់​យើង ដោយ​ស្មោះ​ត្រង់ ដោយ​កិត្តិយស! អាហ្នឹង​ដែល​សំខាន់!»

លោក សុន ឆ័យ បាន​បន្ថែម​ថា៖ «យើង​ជា​អ្នក​ដឹក​នាំ យើង​ត្រូវ​កែប្រែ​ទម្លាប់​អាក្រក់​យើង​ទៅ​តាម​ការ​ប្រែប្រួល​នៃ​សង្គម ណា៎! យើង​ធ្វើ​ប្រឆាំង​នឹង​ពលរដ្ឋ​អត់​បាន​ទេ! យើង​ត្រូវ​ដឹង​ថា ការ​ធ្វើ​ប្រឆាំង​នឹង​ចរន្ត​ពលរដ្ឋ​នេះ មិន​អាច​ជោគ​ជ័យ​នោះ​ទេ សម័យ​ណា​ក៏​ដូច​សម័យ​ណា​ដែរ។ ដូច្នេះ​ធ្វើ​ម៉េច​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ត្រូវ​អប់រំ​ខ្លួន​ឯង​បន្ថែម ផ្លាស់​ប្ដូរ​ទម្លាប់​របស់​ខ្លួន​ហ្នឹង ឱ្យ​ស្រប​ទៅ​តាម​ការ​ប្រែប្រួល​នៃ​សង្គម ធ្វើ​ម៉េច​ឱ្យ​ពលរដ្ឋ​ទទួល​យក​បាន។ នេះ​ជា​យោបល់​របស់​ខ្ញុំ!»

បច្ចុប្បន្ន​នេះ លោក សុន ឆ័យ ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ គាស់​រំលើង​ឡើង​វិញ​នូវ​ឯកសារ​ប័ណ្ណសារ​ការងារ​ចាស់ៗ ដែល​លោក​បាន​សន្សំ​រៀបចំ​ទុក​ក្នុង​រយៈពេល​២៥ឆ្នាំ​ចុង​ក្រោយ​នៃ​ការងារ​នយោបាយ ក្រែង​លោ​អាច​សរសេរ​អត្ត​ជីវប្រវត្តិ​បែប​ប្រវត្តិសាស្ត្រ​មួយ​ទុកជា​ឯកសារ​ស្រាវជ្រាវ​សម្រាប់​សាធារណជន​ទៅ​ថ្ងៃ​អនាគត។

ក្រៅ​ពី​នោះ លោក សុន ឆ័យ ក៏​មាន​ពេល​អង្គុយ​សញ្ជឹង​អាន​ជីវប្រវត្តិ​អ្នក​នយោបាយ​ល្បីៗ​នានា​ផង​ដែរ ដែល​ក្នុង​នោះ​លោក​ចាប់​អារម្មណ៍​ជាង​គេ ខ្សែ​ជីវិត​នយោបាយ​ប្រែប្រួល​ពីរ​រនោច​មក​ខ្នើត នៃ​អតីត​រដ្ឋ​បុរស​ចិន​កុម្មុយនីស្ត តេង សៀវភីង ដែល​ជា​បិតា​ស្ថាបនិក​យុគ​សម័យ​វិបុលភាព​សេដ្ឋកិច្ច​ចិន​សម័យ​ទំនើប តាម​រយៈ​ការ​បើក​ទ្វារ​ប្រទេស​ទទួល​យក​មនោគមវិជ្ជា​សេដ្ឋកិច្ច​មូលធន​និយម។

ចំពោះ​លោក សុន ឆ័យ អំណាន​អំពី​លោក តេង សៀវភីង បាន​នាំ​ឱ្យ​លោក​មាន​ការ​វាយ​តម្លៃ​ទៅ​លើ​បុរស​មាឌ​ក្រអាញ​របស់​ចិន​រូប​នេះ​យ៉ាង​ដូច្នេះ​ថា ជា​មនុស្ស​ដាក់​ខ្លួន និង​ស្គាល់​កាលៈទេសៈ សំងំ​អភិវឌ្ឍ​ខ្លួន កសាង​គំនិត រង់ចាំ​ពេល​វេលា​មក​ដល់​នឹង​យក​ទៅ​អនុវត្ត​​តែម្ដង។

ហក់​ចូល​សមរភូមិ​នយោបាយ លោក សុន ឆ័យ មាន​កំណើត​កើត​ជា​អ្នក​ភូមិ​ស្វាយ​ធំ ក្បែរ​ក្រុង​សៀមរាប​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​អង្គរវត្ត នៅ​លើ​ទឹក​ដី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស។ លោក​ចាប់​កំណើត​ក្នុង​ទសវត្សរ៍ ១៩៥០ ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​បុគ្គលិក​ដឹក​ជញ្ជូន​របស់​សាជីវកម្ម​រដ្ឋ​មួយ​នៃ​របប​សង្គមរាស្ត្រនិយម​នៃ​អតីត​សម្ដេច​ព្រះ​ឧបយុវរាជ នរោត្តម សីហនុ និង​ម្ដាយ​ជា​មេ​ផ្ទះ​មើល​ថែ​កូន​ប្រុស​ស្រី​ចំនួន​១១​នាក់ រួម​ទាំង​លោក សុន ឆ័យ ផង។

លុះ​បាន​ចម្រើន​វ័យ​ដល់​ដំណាក់កាល​ទទួល​ការ​អប់រំ​សិក្សាធិការ​និង​នៅ​ពេល​ទំនេរ​ពី​ម៉ោង​រៀន​សូត្រ លោក សុន ឆ័យ តែង​ចំណាយ​ពេល​អង្គុយ​ដំ​កង់​ផ្ទៀង​ត្រចៀក​ស្ដាប់​ការ​ជជែក​ដេញដោល​ក្នុង​រដ្ឋសភា ដែល​ផ្សាយ​តាម​វិទ្យុ​ជាតិ​គ្រប់គ្រង​ដោយ​រដ្ឋ​ ផ្សាយ​ចេញ​ពី​ភ្នំពេញ។ ពេល​នោះ​ហើយ​ដែល​លោក​បាន​ស្គាល់​នូវ​អ្វី​ទៅ​ដែល​ហៅ​ថា​ឆាក​នយោបាយ។

ក៏​ប៉ុន្តែ​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា​ត្រូវ​តែ​ចូល​ប្រឡូក​ក្នុង​នយោបាយ​ដើម្បី​កែកុន​ស្ថានភាព​ស្រុក​ទេស​នោះ លោក​មិន​ដែល​មាន​ទាល់តែ​សោះ ​រហូត​ទាល់​តែ​យុវជន សុន ឆ័យ ដូច​នឹង​ខ្មែរ​មួយ​នគរ​ដែរ ហែល​ប្រឡូក​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​កុម្មុយនីស្ត ដែល​បាន​នាំ​ឱ្យ​ឪពុក​និង​បងប្អូន​របស់​លោក​ពីរ​រូប​ទទួល​មរណភាព ទើប​ឆន្ទៈ​នយោបាយ​របស់​លោក​កើត​ចេញ​យ៉ាង​ពុះ​កញ្ជ្រោល។ លោក សុន ឆ័យ បាន​ប្រាប់ ​VOA យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​មាន​ការ​ឈឺ​ចាប់ ដោយ​ប្រទេស​កម្ពុជា​យើង​តែង​តែ​ទទួល​បាន​នូវ​អ្នក​ដឹក​នាំ​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយ​សារ​តែ​អ្នក​ដឹក​នាំ​ប្រទេស​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​នេះ​ឯង ដែល​ធ្វើ​ឱ្យ​យើង​រង​ទុក្ខ​វេទនា។ យើង​ឃើញ​ហើយ​ពី​របប​មួយ​ទៅ​របប​មួយ អ្នក​ដឹក​នាំ​យក​ចិត្ត​ទុក​ដាក់​តែ​ពី​រឿង​អំណាច ពី​រឿង​មុខ​មាត់​ច្រើន ហើយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ដោយសារ​តែ​អំណាច​ហ្នឹង ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀបចំ​សង្គម​ឱ្យ​មាន​យន្តការ​រឹងមាំ​​ដើម្បី​ធានា​សុខសាន្ត​របស់​សង្គម​ទេ»។ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រំលំ​ដោយ​ការ​វាយ​សម្រុក​ចូល​របស់​កងទ័ព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ឆ្នាំ​១៩៧៩ លោក សុន ឆ័យ បាន​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​នាម​ជា​ជន​ភៀសខ្លួន ដែល​លោក​បាន​សិក្សា​រៀន​សូត្រ​បន្ត​ផ្នែក​គណិតវិទ្យា មុន​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩១ ពេល​ដែល​អង្គការ​សហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ជួយ​ទំនុកបម្រុង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​បួន​ភាគី​ឲ្យ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។

ជាមួយ​នឹង​ឆន្ទៈ​និង​ក្ដី​ប្រាថ្នា​ចង់​ចូល​នយោបាយ​ស្រាប់ លោក សុន ឆ័យ បាន​វិវត្ត​ខ្លួន​យ៉ាង​រហ័ស​ពី​ការងារ​ជា​គ្រូ​បង្រៀន​នៅ​អូស្ត្រាលី មក​ក្លាយ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធ​សាសនា​របស់​អតីត​នាយករដ្ឋមន្ត្រី លោក សឺន សាន នៅ​ទឹកដី​កម្ពុជា។ នៅ​ឆ្នាំ​១៩៩៣​ លោក​ជាប់​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប។

ក៏​ប៉ុន្តែ​ភាព​ប្រទាញ​ប្រទង់​ដណ្ដើម​អនុភាព​ផ្នែក​អំណាច​នយោបាយ ចេះ​តែ​បន្ត​កើត​មាន​រហូត​ដល់​មាន​ការ​បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​តំណែង​ជា​តំណាងរាស្ត្រ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ជួយ​គូស​វាសនា​អនាគត​នយោបាយ​របស់​លោក សុន ឆ័យ និង​លោក សម រង្ស៊ី ដែល​លោក​បាន​ចូល​រួម​ដើរ​ទន្ទឹម​គ្នា​រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ។

ឆក់​យក​សន្តិភាព​មក​វិញ​

អភិក្រម​នៃ​ការ​ដណ្ដើម​អំណាច​ក្នុង​រដ្ឋាភិបាល​ចម្រុះ​សហ​នាយករដ្ឋមន្ត្រី នៃ​គណបក្ស​ហ៊្វុនស៊ីនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វិវត្ត​ពី​សមរភូមិ​ត្រ​ជាក់ ទៅ​ជា​ចម្បាំង​រាំង​ជល់​មួយ​ចម្អិន​កំពឹស តែ​ប្រកប​ដោយ​ភាព​មហន្តរាយ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ពេល​ដែល​កម្លាំង​ពីរ​ក្រុម​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​រៀងៗ​ខ្លួន​ក្នុង​ចំណោម​គណបក្ស​ទាំង​ពីរ បាន​ពើប​ប្រយុទ្ធ​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ និង​តំបន់​យុទ្ធសាស្ត្រ​ដែល​នៅ​ជុំ​វិញ។

លទ្ធផល​នៅ​ទី​ចុង​បញ្ចប់​នៃ​សមរភូមិ​បង្ហូរ​ឈាម​កណ្ដាល​រាជធានី​ដែល​ទើប​ទទួល​បាន​សន្តិភាព​ថ្មី​ថ្មោង បាន​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​សន្ធឹក​សន្ធាប់ ហើយ​នាយករដ្ឋមន្ត្រី​ទី​មួយ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវ​បាន​ទម្លាក់​ពី​តំណែង និង​ជំនួស​ដោយ​អ្នក​ថ្មី។ ចំណែក​ឯ​ឧត្ដមសេនីយ៍​ជា​មេទ័ព​ហ៊្វុនស៊ីនប៉ិច​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ចង និង​ពិឃាដ​ក្ស័យ​ជីវិត ហើយ​រចនា​សម្ព័ន្ធ​មិន​ផ្លូវ​ការ​នៃ​កង​ទ័ព​ជាតិ​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ក៏​ត្រូវ​រលត់​រលាយ​បាត់​រូប។

នៅ​ពេល​នោះ​ហើយ ដែល​លោក សុន ឆ័យ ដែល​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​នា​គ្រា​នោះ បាន​សម្រេច​ចិត្ត​ហោះហើរ​ត្រឡប់​ពី​ទី​ក្រុង​បាងកក ប្រទេស​ថៃ ចូល​មក​វិញ​ ដើម្បី​ស្វែងរក​ការ​សម្រុះ​សម្រួល​គ្នា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភាគី​ពាក់​ព័ន្ធ ធានា​យ៉ាង​ណា​ដោះ​ស្រាយ​បញ្ហា និង​ធានា​អប្រក្រតីភាព​នៃ​ដំណើរ​ប្រជាធិបតេយ្យ​ថ្មី​ថ្មោង​របស់​ប្រទេស​ឡើង​វិញ ក្រោយ​ពី​លោក​និង​សហការី​ជា​ច្រើន​រូប​ទៀត​រត់​គេច​ខ្លួន ដើម្បី​សុវត្ថិភាព​នៃ​អាយុ​ជីវិត ចេញ​ក្រៅ​តំបន់​ប្រយុទ្ធ​ថ្មី​កណ្ដាល​បេះដូង​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​ជាតិ។

ក្រៅ​តែ​ពី​បាន​ជជែក​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើរ​របស់​លោក សុន ឆ័យ ក៏​បាន​នាំ​ឱ្យ​លោក​មាន​ភ័ព្វ​ត្រូវ​បាន​អតីត​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ ​ប្រទាន​សវនាការ​ភ្លាមៗ​នៅ​ឯ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​អង្គ ក្នុង​សង្កាត់​ស្វាយ​ដង្គំ មាត់​ស្ទឹង​ខេត្ត​សៀមរាប ក្បែរ​ស្រុក​កំណើត​លោក សុន ឆ័យ។

«សំណាង​ដែរ ព្រះ​ករុណា​លោក​ទទួល។ ខ្ញុំ​ជួប​ព្រះ​ករុណា​បី​ម៉ោង ហើយ​រឿង​នេះ​ជា​រឿង​ដែល​ខ្ញុំ​ចងចាំ​មួយ​ជីវិត​របស់​ខ្ញុំ … កាល​នោះ លោក​ព្រះ​កន្សែង លោក​យំ ហើយ​នៅ​ពេល​ដែល​ជួប​នោះ មាន​តែ​ខ្ញុំ​[​និង​ទ្រង់]​ពីរ​នាក់​ទេ»។

ជា​ច្រើន​ខែ បន្ទាប់​ពី​ជំនួប​ទាំង​នោះ ដំណោះ​ស្រាយ​នយោបាយ​មួយ​ក៏​កើត​ចេញ​ឡើង ក្រោម​គំនិត​ផ្ដួចផ្ដើម​ជា​រូបមន្ត​របស់​ប្រទេស​ជប៉ុន ក្នុង​ការ​បើក​សវនាការ​សម្រេច​កំបាំង​មុខ​កាត់​ទោស ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ និង​មាន​ការ​ព្រះ​រាជទាន​លើក​លែងទោស ឱ្យ​ផុត​ទោស​ទណ្ឌ​ធានា​ឲ្យ ហ៊្វុនស៊ីនប៉ិច អាច​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ បាន​ដោយ​ពេញ​ដៃ​ពេញ​ជើង។

ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះ​ពុទ្ធសាសនា រង​នូវ​ការ​ប្រេះស្រាំ​បែក​បាក់​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​១៩៩៨ លោក សុន ឆ័យ ក៏​បាន​ចាក​ចេញ​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​នឹង​គណបក្ស​ដែល​យក​ឈ្មោះ​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ជា​ឈ្មោះ​ចលនា​នយោបាយ​តែម្ដង​គឺ គណ​បក្ស​ សម រង្ស៊ី។

រូបមន្ត​នៃ​ការ​ជជែក​រវាង​ខ្មែរ​នឹង​ខ្មែរ​ ក្រោយ​ពី​ព្រឹត្តិការណ៍​ខែ​កក្កដា​ឆ្នាំ​១៩៩៧​នោះ​ហើយ ដែល​នៅ​តែ​នាំ​ឲ្យ​លោក សុន ឆ័យ ហាក់​នៅ​មាន​ក្ដី​សង្ឃឹម និង​សុទិដ្ឋិនិយម​ថា ការ​ជជែក​គ្នា​ផ្សះផ្សា​ផ្នែក​នយោបាយ​រវាង​របប​ដឹក​នាំ​រាជការ​នៅ​រាជធានី​ ភ្នំពេញ និង​ក្រុម​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ជា​ជម្រើស​មួយ​ដែល​ចៀស​មិន​ផុត។
គិញ?

ជា​រឿង​កម្រ​មួយ​កាលពី​ឆ្នាំ​២០១២ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​សភា​ជាន់​ទាប តប​នឹង​សំណើ​ចោទ​សួរ​ពី​សំណាក់​លោក សុន ឆ័យ ទាក់​ទិន​បញ្ហា​នៃ​ការ​កំណត់ និង​បោះ​បង្គោល​ព្រំដែន​ដី​គោក​ខាង​កើត និង​ខាង​ត្បូង​ជាមួយ​នឹង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

ក្នុង​សុន្ទរកថា ដែល​បិទ​មិន​ឱ្យ​មាន​ការ​ឆ្លើយ​ឆ្លង​ចោទ​សួរ មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​និង​មាន​រយៈពេល​សរុប​៥​ម៉ោង​និង​២០​នាទី​នោះ​ ត្រង់​ចំណុច​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​អ្នក​តំណាងរាស្ត្រ​ដែល​មាន​សាច់​ឈាម​ស​ជ្រះថ្លា ពាក់​វ៉ែនតា​ធំៗ​ថា «ប្អូន សុន ឆ័យ» និង​ការ​ព្យាយាម​បង្ហាញ​ពី​ភាព​ជិតស្និទ្ធ ដោយ​លើក​ឡើង​ពី​ពេល​វេលា​ដែល​បុគ្គល​ទាំង​ពីរ​បាន​ជជែក​ធ្វើ​ការ​ជាមួយ​គ្នា​កាលពី​ទសវត្សរ៍​ ​១៩៩០ នៅ​ក្នុង​អ្វី​ដែល​អ្នក​តាម​ដាន​នា​ជំនាន់​នោះ​ បាន​បរិយាយ​ថា​ ជា​ការ​ប៉ុនប៉ង​របស់​លោក​នាយករដ្ឋមន្ត្រី ដើម្បី​បង្កើត​ក្ដី​សង្ស័យ​ក្នុង​ចំណោម​សហការី​របស់​លោក សុន ឆ័យ ក្នុង​គណបក្ស​ជំទាស់​ថា លោក សុន ឆ័យ អាច​ជា​មនុស្ស​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើ​ការ​កំបាំង​មុខ​ក្នុង​ជួរ​អ្នក​ជំទាស់។

ក៏​ប៉ុន្តែ​លោក សុន ឆ័យ នៅ​ក្នុង​បទសម្ភាសន៍​ជា​បន្តបន្ទាប់​និង​​ចុង​ក្រោយ​បំផុត​ដល់​ VOA នេះ បាន​​បដិសេធ​យ៉ាង​ដាច់​អហង្ការ ហើយ​ថា​ លោក​មាន​ភាព«ឈឺ​ចាប់»​ដែល​រង​ការ​ចោទ​ប្រកាន់​បែប​នេះ។ លោក សុន ឆ័យ និយាយ​ថា មកទល់​នឹង​ពេល​ទ័ល​ច្រក​នេះ លោក​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ដើរ​តួ​និយាយ​ចរចា សន្ទនា​ជាមួយ​រដ្ឋ​អំណាច​ក្រុងភ្នំពេញ តែ​ការណ៍​នេះ​អាច​នាំ​ឲ្យ​កើត​ក្ដី​សង្ស័យ​ពី​សំណាក់​សហការី​របស់​លោក​នៅ​ក្រៅ​ប្រទេស និង​ការណ៍​ដែល​ពិបាក​ទុក​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ក្នុង​បរិបទ​នយោបាយ​ថ្មី​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​លោក​ស្ទាក់ស្ទើរ។

យ៉ាង​ណាក្ដី លោក សុន ឆ័យ បាន​វាយ​តម្លៃ​ខ្លី​មួយ​អំពី​បុគ្គលិក​លក្ខណៈ និង​ទឹ្រស្ដី​នយោបាយ​របស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​នៅ​តែ​ជឿ នៅ​តែ​ជឿ​ថា​សម្ដេច ហ៊ុន សែន ជា​មនុស្ស​ឈ្លាសវៃ! ហើយ​គាត់​ជា​មនុស្ស​ដែល​ចូល​ចិត្ត គាត់​និយាយ​បែប​ម៉េច គាត់​ធ្វើ​បែប​ហ្នឹង។ ហើយ​ធម្មតា​ដូច​ដែល​ខ្ញុំ​បាន​និយាយ យើង​ត្រូវ​យល់​ពី​គាត់​ដែរ យើង​មិន​ត្រូវ​ថា​ គាត់​អាក្រក់​ទាំង​អស់​ទេ … យើង​ត្រូវ​ទទួល​ស្គាល់ យើង​ត្រូវ​ឲ្យ​យុត្តិធម៌​ទៅ​គេ»។

​ប៉ុន្តែ​លោក សុន ឆ័យ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា យន្តការ​នៃ​ការ​គ្រប់គ្រង​ប្រទេស មិន​គួរ​ប្រមូល​ផ្ដុំ​លើ​បុគ្គល​ទេ តែ​គួរ​តែ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្ថាប័នរូបនីយកម្ម។ ហើយ​ទឹ្រស្ដី​នេះ​ក៏​មាន​ទំនាក់​ទំនង​នឹង​អភិបាលកិច្ច​គណបក្ស​ផង​ដែរ។

«ដូច្នេះ​បើ​យើង​រំពឹង​តែ​ទៅ​លើ​បុគ្គល ចុះ​បើ​បុគ្គល​ហ្នឹង​អត់​នៅ​តទៅទៀត តើ​ឲ្យ​ប្រទេស​ជាតិ​យើង​ហ្នឹង​រំពឹង​អ្វី? តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា? ដូច្នេះ​បាន​ជា​ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​ស្ថាប័ន​ជាតិ​ហ្នឹង​ហើយ»។
ទះ​ដៃ​ម្ខាង​មិន​ឮ​ទេ!

បន្ទាប់ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​គ្រា​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​អាច​ផ្ដួល​គណបក្ស​ប្រជាជន​កម្ពុជា​បាន មាន​ការ​ធ្វើ​មហាបាតុកម្ម​អស់​រយៈពេល​ជា​ច្រើន​ខែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​ការ​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ និង​រហូត​ដល់​មាន​ការ​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ថែម​ទៀត​ផង។

លោក សុន ឆ័យ បាន​លើក​យក​ឧទាហរណ៍​នៃ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ​ មក​ធ្វើ​ជា​អំណះអំណាង​គាំទ្រ​សម្មតិកម្ម​របស់​លោក​មួយ​ថា ប្រជាធិបតេយ្យ​មិន​ទាន់​លូតលាស់​ដល់​កម្រិត​ចាស់​ទុំ​នៅ​ឡើយ​ គឺ​អ្នក​នយោបាយ​រមែង​ទាស់ទែងគ្នា​យក​ស្លាប់​រស់។

«ខ្មែរ​យើង​មាន​ពាក្យ​ធ្លាប់​ប្រើ​ហើយ៖ ដៃ​ទាល់តែ​ទះ​ទាំង​ពីរ​បាន​ឮ​សំឡេង ឬ​បញ្ហា​មួយ​ដែល​ថា បើ​មិន​មាន​ភ្លើង វា​គ្មាន​ផ្សែង​នោះ​ទេ ឧទាហរណ៍​អីចឹង។

ការណ៍​នេះ​ហើយ​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​បរាជ័យ​នៃ​វប្បធម៌​សន្ទនា​មួយ​ដង្ហើម​ខ្លី​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ នា​ពេល​ក្រោយ​មក​ កម្តៅ​ឈាន​ដល់​ចំណុច​រំពុះ​មួយ​ រហូត​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ប្រឆាំង។ នេះ​បើ​តាម​លោក សុន ឆ័យ។

«សូម​បញ្ជាក់​ដែរ​ណា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង យើង​អត់​ទាន់​មាន​ពិសោធន៍ ឬ​ក៏​មាន​ការ​វិវត្ត​មួយ​នៅ​ក្នុង​ប្រទេស​យើង​ដែល គណបក្ស​មួយ​ឈ្នះ​ឆ្នោត ហើយ​មក​គ្រប់​គ្រង​ប្រទេស មាន​ការ​ផ្ដល់​អំណាច​ដោយ​សន្តិវិធី​នៅ​ឡើយ​ទេ​ណា! អត់​ដែល​មាន​ទេ​ណា! … ដូច្នេះ​ខ្ញុំ​ថា អា​វប្បធម៌​នៃ​ការ​ផ្លាស់​ប្ដូរ​អំណាច​ដោយ​សន្តិវិធី​នេះ វា​ត្រូវ​ការ​ពេល​វេលា ត្រូវ​ការ​ការ​ជឿ​ទុក​ចិត្ត​គ្នា ត្រូវ​ការ​ការ​ធានា​ច្បាស់​លាស់ ដើម្បី​ឲ្យ​ការ​វិវត្ត​ទៅ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​អំណាច​នេះ អាច​វិវត្ត​ទៅ»។
មិន​មែន​ឧទ្ទាម!

ពេញ​ក្នុង​បទសម្ភាសន៍​ទាំង​មូល​ជាមួយVOA មាន​ច្រើន​លើក​ច្រើន​សា​ណាស់ ដែល​លោក សុន ឆ័យ បាន​លើក​ឡើង​អំពី​វិន័យ​ការងារ​និង​ការ​យក​គោលការណ៍​ជា​ធំ​ក្នុង​ការ​សម្រេច​ក្តី​បំណង​នៃ​គណបក្ស​នយោបាយ ក្នុង​នាម​លោក​ជា​អ្នក​នយោបាយ​ដែល​មាន​មេ​កើយ។

មេ​កើយ​ទាំង​ពីរ​រូប​គឺ លោក កឹម សុខា និង​លោក សម រង្ស៊ី សុទ្ធ​តែ​បាន​ទទួល​ការ​សរសើរ​និង​កោត​ស្ញប់ស្ញែង​ពី​សំណាក់​លោក សុន ឆ័យ ចំពោះ​អ្វី​ដែល​លោក សុន ឆ័យ ហៅ​ថា ជា​ពលីកម្ម​លះបង់​របស់​លោក​ទាំង​ពីរ ទោះ​ជា​កន្លង​មក​មាន​ចំណុច​មួយ​ចំនួន​ក្នុង​គណបក្ស​ប្រឆាំង ដែល​លោក​មិន​ពេញ​ចិត្ត​ក៏​ដោយ។

«ក៏​ប៉ុន្តែ​ គំនិត​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង ការ​សម្រេច​នយោបាយ ទង្វើ​នយោបាយ កិច្ចការ​មួយ​ចំនួន​ខ្ញុំ​មិន​យល់​ស្រប ហើយ​ពេល​ណា​ដែល​ខ្ញុំ​មិន​យល់​ស្រប ខ្ញុំ​មិន​ធ្វើ​តាម។ ហើយ​ពេល​ដែល​ក្នុង​នយោបាយ​ជាមួយ​គ្នា ពេល​ណា​ដែល​គេ​មេ យើង​មិន​សូវ​ធ្វើ​តាម ក៏​មេ​មិន​សូវ​ចូល​ចិត្ត​យើង​ដែរ អាហ្នឹង​ជា​ការ​ពិត​មួយ​ដែល​ខ្ញុំ​ចង់​បញ្ជាក់»។

នៅ​ពេល​ត្រូវ​បាន​ចុច​សួរ​ថា តើ​មាន​ករណី​ណា​មួយ​ដែល​មាន​ការ​ជំទាស់​ខ្វែង​គំនិត​ជា​មួយ​មេ​គណបក្ស​របស់​លោក​ក្នុង​កម្រិត​មួយ​ខ្លាំង​ទេ លោក សុន ឆ័យ បាន​ផ្ទុះ​សំណើច​និង​បន្ថែម​ដូច្នេះ​ថា៖

«ខ្ញុំ​មិន​មាន​អ្វី​ធំ​ដុំ​ទេ! មិន​មាន​អ្វី​ធំ​ដុំទេ គ្រាន់​តែថា ដូច​ខ្ញុំ​បាន​បញ្ជាក់​អីចឹង របៀប​ធ្វើ​ការ ខ្ញុំ​មាន​របៀប​ខ្ញុំ។ ហើយ​បើ​កាលណា​ប្រើ​ទទឹង​ទទែង ប៉ុណ្ណេះ​ហើយ​ដល់​តែ​ធ្វើ​ទៅ ដូរ​ចិត្ត ឲ្យ​ខ្ញុំ​ធ្វើ​បែប​នេះ​ផ្សេង ឬ​មួយ​យ៉ាង​ម៉េច ខ្ញុំ​ប្រកែក​ហើយ។ និយាយ​ទៅ​ វា​មាន​ករណី​មួយ​ចំនួន​ដែរ ដែល​ខ្ញុំ​តែង​រិះគន់ តែ​ជា​ធម្មជាតិ​មនុស្ស​មិន​សូវ​ចង់​ឲ្យ​គេ​រិះគន់​ទេ ប៉ុន្តែ​ខ្ញុំ​រិះគន់​ថា​ ធ្វើ​នេះ​អត់​ត្រូវ! បើ​យើង​រិះគន់​គណបក្ស​ប្រជាជន​ថា​គ្រួសារនិយម យើង​ក៏​មិន​គួរ​តែង​តាំង​គ្រួសារ​អី​ច្របូក​ច្របល់​ដែរ អាហ្នឹង​ជា​ឧទាហរណ៍​មួយ!»

អតីត​តំណាងរាស្ត្រ​រូប​នេះ​បាន​និយាយ​ទៀត​ថា សង្គម​ខ្មែរ​មិន​ទាន់​មាន​វប្បធម៌​ពេញលេញ​ក្នុង​ការ​ទទួល​ពាក្យ​រិះគន់ និង​បញ្ចេញ​ពាក្យ​រិះគន់​បែប​ស្ថាបនា​នៅ​ឡើយ​ទេ ដែល​នាំ​ឲ្យ​មាន​កង្វះ​ការ​ជឿ​ទុក​ចិត្ត​គ្នា រវាង​គណបក្ស​និង​គណបក្ស និង​រវាង​អ្នក​នយោបាយ​និង​អ្នក​នយោបាយ។

តែ​ក្រោយ​ពី​ព្រឹត្តិការណ៍​នៃ​ការ​វាយ​បង្ក្រាប​លើ​គណបក្ស​ជំទាស់​​រយៈកាល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឡើង​នៅ​ចំ​ពេល​មុន​ការ​បោះ​ឆ្នោត​ជាតិ ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​ទាំង​លោក សុន ឆ័យ និង​គណបក្ស​សង្គ្រោះ​​ជាតិ មិន​អាច​ចូល​រួម​ឈរ​ឈ្មោះ​និង​ប្រកួត​ប្រជែង​បាន​នោះ បណ្ដាញ​សារព័ត៌មាន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ងារ​លើ​ក្រុម​អ្នក​នយោបាយ​សង្គ្រោះ​ជាតិ​ថា​ជា «ក្រុម​ឧទ្ទាម» ឬ​ជា«ក្រុម​ក្បត់​ជាតិ»​ជា​ដើម។

ការណ៍​នេះ នាំ​ឲ្យ​លោក សុន ឆ័យ មិន​ពេញ​ចិត្ត​ពេញ​ថ្លើម​ទាល់តែ​សោះ ដោយ​ហេតុ​ថា​ មក​ទល់​នឹង​ពេល​សម្ភាស​នេះ លោក​មិន​ទាន់​យល់​ទាល់តែ​សោះ ថា​ខ្លួន​លោក​ផ្ទាល់​បាន​ប្រព្រឹត្ត​កំហុស​អ្វី៖ «ហើយ​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​នឹង​មិន​បន្ត​ហៅ​បែប​ហ្នឹង​ទៀត​ទេ​បាទ!»៕

No comments:

Post a Comment