ការវិភាគ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស
- ជាការវិភាគរបស់ម្ចាស់ប្លុកនេះ គឺថា ព្រះបាទ ត្រសក់ផ្អែម ជាជនជាតិ អាណាចក្រសំរែ ដែល នគរសំរ៉ែ ពីមុន ចំណុះឲ្យប្រទេស ចម្ប៉ា ដោយសារសង្រ្គាម ខ្មែរ ចាម អូសបន្លាយពេលជាង ៣០ ឆ្នាំ និង សង្រ្គាម ចម្ប៉ា យួន អស់ពេល ៧០ ឆ្នាំ ដូច្នេះ នគរចំណុចចម្ប៉ា ដូចជា អាណាចក្រសំរែ នេះ បានដូរ មកកាន់ ពុទ្ធសាសនាដូចខ្មែរដែរ ឬ ហៅថា ក្បត់ជាតិចាម មកចូលជាខ្មែរ។ ការចុះចូលនេះ ធ្វើឡើងដើម្បីរស់នៅក្នុងសន្តិភាព ព្រោះសង្រ្កាមនាំឲ្យ អតីរដ្ឋចម្បារវិនាសធ្ងន់ធ្ងរ តែ ក្រោយមក ពួកគេ ឬ សំរែ កួយ ស្ទឹង ចារាយ ភ្នង អស់នេះ បែរជាធ្វើរដ្ឋប្រហារសម្លាប់ស្តេចខ្មែរ ដណ្ត់ើមរាជសម្បត្តិទៅវិញ-- នេះជា ជំហានដំបូងនៃ អាណានិគម ចាម លើកម្ពុជា ៕
- ជំលោះ សាសនាពុទ្ធសាសនា និង ព្រហ្មមញ្ញសាសនា ដែលគម្បីជ្រាបថា អាណាចក្រខ្មែរ កាន់ព្រហ្មមញ្ញសាសនា ដូចគ្នាជាមួយ ប្រទេសចម្ប៉ាដែរ ដែលខាង ចម្ប៉ា គេវិភាគថា ការចាញ់សង្រ្គាម គឺដោយសារ សាសនាដូចគ្នា។ ក្រោយមក កម្ពុជា បានដូរទៅជា ពុទ្ធសាសនាវិញ ចំណែក ចម្ប៉ា ក៍ដូរទៅជា ឥស្លាម សាសនា។ ប្រជាជនចម្ប៉ា សំរែ ខ្លះគេបានដូរ រដ្ឋបាលមកចំណុះខ្មែរ និង កាន់ពុទ្ធសាសនា ដូចជា វត្តចម្ប៉ា !!!
- ការវិភាគថា ព្រឹត្តិការណ៍តាត្រសក់ផ្អែម ជារឿងពិត អាច នាំឲ្យមានជំលោះ រវាង ជនជាតិ ចាម ជាមួយ ជនជាតិ ខ្មែរ ព្រោះជារឿង ជនជាតិសំរែ និង ចាម ធ្វើឃាដស្តេចខ្មែរ ដូចឃើញស្រាប់់ សោយរាជ្យបានតែ ៤ ឆ្នាំ ( ១៣៣៦ ដល់ ១៣៤០ ) ត្រូវ អស់អាយុ ឬ អស់រាជ្យ
- ការវិភាគថា ព្រឹត្តិការណ៍តាត្រសក់ផ្អែម ជារឿង មិនពិត fake គឺសំដៅ ក្រឡៃប្រវត្តិសាស្រ្តថា ស្រុកខ្មែរ គ្មានជនជាតិណាផ្សេងក្រៅពី ជនជាតិ ខ្មែរ និង ដើម្បី ថា ខ្មែរ និង ចាម គឺជា ជនជាតិ តែ ១ ដូចគ្នា មានទឹកដី តែមួយ ជាមួយគ្នា ។
ប្រវត្តិ តាត្រសក់ផ្អែម ជនជាតិ សំរែ ( យួន ម៉ុងតាញ៉ា ឬ យួន ដេហ្គា នៅក្បែរ កម្ពុជាក្រោម
( កូនប្រសារធ្វើឃាដឪពុកក្មេក)
- - ក្នុងប្រវត្ដិស្ដេចត្រសក់ផ្អែម យើងកត់សំគាល់ឃើញមានភាពស្រពេចស្រពិល មិនច្បាស់លាស់ ច្របូកច្របល់និងអាថ៌កំបាំងច្រើនណាស់ ដូចជា ៖ ដើម កំណើតតាត្រសក់ផ្អែម ដែលគេបានអះអាងថាជាកូនរបស់ព្រះបទុមរាជា ព្រះរាជបុត្រព្រះជេដ្ឋាជ័យ មហាក្សត្រទី១៤។ តាត្រសក់ផ្អែមបានមានអាយុវែង រស់បាន១០ជំនាន់ស្ដេច រហូតមកដក់សីហនុរាជ មហាក្សត្រទី២៤។ ព្រះ នាងសុភវត្តី ដែលជាបុត្រីរបស់ព្រះជេដ្ឋាជ័យដែរនោះ កាលបើបានប្រសូតបុត្ររួចហើយ បានជួបអ្នកស្រុក អ្នកភូមិ ម្ដេចក៏មិនប្រាប់បញ្ជាក់គេឯងថាខ្លួនជាកូនស្ដេច ហើយម្ដេចក៏មិនធ្វើដំណើរត្រលប់ចូលទៅព្រះបរមរាជវាំង ជួបជុំនឹងព្រះមាតាបិតាវិញ ? ហើយបែរជាមកសុខចិត្ដនាំកូនមករស់នៅរសាត់អណ្ដែតដូចចកយ៉ាងវេទនា ដូច្នេះទៅវិញ? ព្រឹត្តិការណ៍ តាត្រសក់ផ្អែមសម្លាប់ព្រះមហាក្សត្រ ត្រូវបានរួចខ្លួន បានឡើងសោយរាជ្យហើយ បានកូនស្រីស្ដេច សីហនុមកធ្វើជាមហេសីទៀត គឺហាក់បីដូចជា មានការឃុបឃិតរួមគំនិតគ្នារវាងតាត្រសក់ផ្អែម និងនាម៉ឺនមុខមន្ដ្រីដើម្បីធ្វើឃាតស្ដេច។ នាម៉ឺនទាំងនោះបានត្រឹមតែពោលប្រកាសថាៈ ”នេះជាកម្មរបស់ស្ដេច”។ ឯការពិត ឬយុត្ដិធម៌ គេមិនបាននាំគ្នារុករក លើកយកមករិះគិតពិចារណា រកខុសត្រូវ សខ្មៅសោះឡើយ។ គេយកពាក្យ ”កម្ម” មកប្រើធ្វើជាពិធីដោះស្រាយការប្រហារជីវិតសម្លាប់ស្ដេច ហើយប្រៀបផ្ទឹមព្រឹត្ដិការណ៍នេះ ទៅនឹងកម្មពៀររបស់សត្វក្របីដែលងាប់ដោយស្នាដៃតាត្រសក់ផ្អែម។ មើលទៅ ដូចជាព្រះមហាក្សត្រព្រះសីហនុរាជគ្មានតម្លៃអ្វីទាំងអស់ ហើយក៏ដូចជានាម៉ឺនមន្ត្រីទាំងអស់ បន់ស្រន់ឲ្យតែស្ដេចអស់ជីវិតប៉ុណ្ណោះ។
- - ក្នុងន័យនេះ គេត្រូវតែនាំគ្នាតាក់តែង អួតសរសើរ បង្ហាញនូវភាពអច្ឆរិយៈ បញ្ជាក់ថា តាត្រសក់ផ្អែមជាអ្នកមានបុណ្យ ខ្លាំងពូកែអស្ចារ្យ មានអាយុវែង ខុសប្លែកអំពីមនុស្សធម្មតា។ ដើម្បីឲ្យឃើញសម្បើម ហើយសមស្របទៅតាមកាលបរិច្ឆេទពេលវេលា គេបានពន្យល់បញ្ជាក់ថា តាត្រសក់ផ្អែមមានអាយុវែងដល់ទៅ ៥០០ ឆ្នាំ ។ គាត់មានឈាមជ័រសែស្រឡាយពូជពង្សជាស្ដេច សម័យមហានគរ។ ព្រះអង្គមិនមែនជា អ្នក សំរែ ដូចដែលគេតែងតែនិយាយនិទាននោះឡើយ។ ម្យ៉ាងទៀត ដើម្បីឲ្យរឹងរឹតតែមានបុណ្យអស្ចារ្យទៅទៀត គេបានរៀបចំអធិប្បាយធ្វើឲ្យតាត្រសក់ផ្អែមទៅរស់នៅ ឯ ភ្នំប្រសិទ្ធិ ដូចព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រទី ១៩។ ពីព្រោះភ្នំប្រសិទ្ធិ ជាទឹកដីស័ក្ដិសិទ្ធិ។ ដូច្នេះនៅភ្នំប្រសិទ្ធិ ទោះបីជាគេមិនបានហ៊ានសរសេរអះអាងក៏ដោយ ក៏គេចង់បង្ហាញបញ្ជាក់ដែរថា បារមីតូចធំព្រៃទាំងឡាយបានប្រសិទ្ធិពរជ័យរៀបចំឲ្យ តាត្រសក់ផ្អែម ឡើងសោយរាជ្យប្រទេសកម្ពុជា បន្ដវង្សត្រកូលតរៀងមក។ គឺតាត្រសក់ផ្អែមមានទាំងមនុស្សមានទាំងទេវតាវត្ថុស័ក្ដិសិទ្ធ បានតែងតាំង តម្រូវលើកឡើងធ្វើជាស្ដេចផែនដី។
- - ទស្សនៈ ”កម្មផល” ក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា ត្រូវអ្នកកាន់អំណាចយកមកប្រើធ្វើជាឧបករណ៍សម្រាប់បម្រើ ផលប្រយោជន៍ក្រុមបក្សពួក។ សាសនាក្លាយទៅជាឈ្នាន់ បម្រើវណ្ណៈស្ដេច វណ្ណៈអ្នកដឹកនាំ ពន្យល់បន្លំបំភិតបំភ័យ បំភាន់បំពុលស្មារតីសតិអារម្មណ៍ វាយបំបាក់ឆន្ទៈប្រជាពលរដ្ឋតូចតាចទន់ខ្សោយឲ្យបាក់ស្បាតតក់ស្លុត ខ្លបខ្លាច សុខចិត្ដសុខកាយ លែងហ៊ានប្រឆាំងជំទាស់ ហើយដាក់ខ្លួនបម្រើពួកអភិជនទាំងនោះ តាមព្រេងវាសនាកម្មផល បុណ្យបាបកសាងពីអតីតជាតិ។ ក្នុងស្ថានភាពនេះរាស្ត្រខ្មែរត្រូវភ្លេចភ្លាំង លែងចេះស្គាល់ហេតុផល លែងយកចិត្ដទុកដាក់ លែងគិតគូរអំពីជីវិតខ្លួនផ្ទាល់ លែងរវីរវល់អើពើអំពីបច្ចុប្បន្នកាល ហើយគិតតែអំពីកម្មផល អំពីអតីតកាល និងអនាគតកាល។ ការយកទស្សនៈ ”កម្មផល” មកធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយគ្រប់បញ្ហាធំៗ ដូចដែលយើងឃើញមានក្នុងប្រវត្ដិស្ដេចត្រសក់ផ្អែម អាចបង្ហាញឲ្យយើងបានស្គាល់យ៉ាងច្បាស់ណាស់នូវផ្នាត់គំនិតខ្មែរ ជំនាន់នោះ ជាពិសេស ការវិវឌ្ឍ និងគ្រប់ផលវិបាកទាំងប៉ុន្មានរបស់ប្រទេសជាតិខ្មែរ ដែលមានជារហូតមកដល់សព្វថ្ងៃនេះ។
- ទោះបីជាខំអួតសរសើរឃោសនា ដូចនេះក៏ដោយ ដើម្បីនឹងឡើងសោយរាជ្យជាម្ចាស់ផែនដី ហើយដើម្បីសម្របសម្រួលទៅតាមច្បាប់ទំនៀមទម្លាប់នគរ និងតាមកាលទេសៈ នាយត្រសក់ផ្អែមត្រូវតែរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់ក្សត្រី ច័ន្ទតារាវត្តី បុត្រីរបស់ព្រះមហាក្សត្រព្ រះសីហនុរាជ។ ត្រង់ចំណុចនេះ យើងធ្លាប់ឃើញមកហើយករណីស្ដេចជំនាន់មុនជាច្រើន។ បើតាមការកត់សំគាល់របស់លោក Adhémard Leclere នាយត្រសក់ផ្អែមដែលមានដើមកំណើតជាជនជាតិសំរែ វណ្ណៈទាបថោក បានឡើងគ្រងរាជសម្បត្តិប្រទេសកម្ពុជា ប្រហែលជាដោយសារការបះបោរ ឬការបដិវត្ដន៍របស់ប្រជាជនខ្មែរ។ សូម្បីតែព្រះមហាក្សត្រ ព្រះបាទនរោត្តម ក៏បានទទួលស្គាល់ថា ព្រះរាជវង្សព្រះអង្គជាពូជ សំរែ ចុះមកពីស្ដេចត្រសក់ផ្អែមដែរ។ ឯកសារអ្នកដំណើរចិន ដែលបានទៅដល់នគរខ្មែរ បានបញ្ជាក់ថា នៅចុងសតវត្សទី១៣ ប្រហែលជា គ.ស ១២៩៦ បុត្រីស្ដេចខ្មែរមួយអង្គ បានលួចព្រះខ័នរាជយកទៅឲ្យស្វាមីរបស់ខ្លួន ដើម្បីដណ្ដើមរាជកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃបងប្រុសបង្កើត មួយទៀត ដែលត្រូវទទួលឋានៈបន្តជាព្រះមហាក្សត្រ។ ដោយត្រូវគេលួចរាជសម្បត្តិ ស្ដេចអង្គនេះក៏រៀបចំធ្វើការបះបោរប្រឆាំងរាំងជល តែមិនបានសម្រេច ហើយត្រូវគេចាប់យកទៅកាត់ម្រាមជើង ដាក់ឃុំឃាំងក្នុងគុកងងឹត។ ឈ្មោះស្ដេចទាំងនោះ គេមិនបានស្គាល់ទេ ពីព្រោះអ្នកដំណើរចិនមិនបានកត់ត្រា។ ក៏ប៉ុន្ដែកាលបរិច្ឆេទហាក់បីដូចជាជាន់ចំពេលព្រឹត្ដិការណ៍ស្ដេចត្រសក់ផ្អែមដែរ ។ ព្រឹត្ដិការណ៍នេះមានទំហំធំ ណាស់ ហើយបានជះឥទ្ធិពលយ៉ាងខ្លាំង មកលើប្រទេសជាតិសង្គមខ្មែរ។ គឺជាបដិវត្ដន៍មួយដែលបានផ្លាស់ប្ដូរ រំលំព្រហ្មញ្ញសាសនាទូទៅក្នុងប្រទេស ប្ដូរប្រកាន់យកព្រះពុទ្ធសាសនាជាធំ។ បើនិយាយឲ្យចំទៅ គេអាចប៉ាន់ស្មានថា ជាសង្គ្រាមសាសនា។ នៅទីបញ្ចប់ ក្រុមអ្នកកាន់ព្រះពុទ្ធសាសនាបានទទួលជោគជ័យ ឈ្នះលើក្រុមព្រហ្មញ្ញសាសនានិយម។ អ្នកដំណើរចិនឈ្មោះ ជីវតាក្វាន់ ដែលធ្លាប់បានទៅស្រុកខ្មែរ បានកត់ត្រាថា នាសម័យនោះព្រះពុទ្ធសាសនាជាសាសនាធំជាងគេបង្អស់ ហើយបានជះឥទ្ធិពលទៅគ្រប់ទិសទីក្នុងនគរ។ គេសង្កេតឃើញព្រះសង្ឃនិមន្ដដើរផ្សព្វផ្សាយបង្ហាត់បង្រៀន ចំណេះចេះដឹងដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ហើយបង្កបង្កើតឲ្យមានសាលារៀន។ បណ្ដាជនជាច្រើនបានស្រឡាញ់ រាប់អានគោរពកោតខ្លាចប្រតិបត្ដិ មានជំនឿទៅលើព្រះពុទ្ធសាសនា ហើយរួបរួមចុះចូលជាមួយ។ ផ្ទុយទៅវិញពួកវណ្ណៈព្រាហ្មណ៍តែងតែឱបក្រសោបលួចលាក់ក្បួនគម្ពីរ បិទបាំងមិនបញ្ចេញបង្ហាត់បង្រៀនអ្នកដទៃ ឬវណ្ណៈផ្សេងទៀតឡើយ។ ចំណែកឯព្រះបាទត្រសក់ផ្អែម កាលបានឡើងសោយរាជ្យ ក៏ដាក់ឈ្មោះទៅតាមរបៀបព្រះពុទ្ធសាសនាដែរ ព្រះបាទសម្ដេចមហាបពិត្រធម្មិករាជាធិរាជ។ ព្រះរាជបុត្រព្រះអង្គទាំងប៉ុន្មាន ក៏មានឈ្មោះរបៀបព្រះពុទ្ធសាសនាដែរ ដូចជាព្រះបរមនិព្វានបាទ និងព្រះសិទ្ធានរាជ។
- ប៉ុន្ដែ បើយើងសំអាងទៅលើការវិវត្ដរបស់ប្រវត្ដិសាស្ដ្រ យើងអាចអះអាងបានថាព្រឹត្ដិការណ៍ស្ដេចត្រសក់ផ្អែមជារដ្ឋប្រហារមួយ ដែលពឹងផ្អែកយកកម្លាំងអ្នកកាន់ពុទ្ធសាសនា និងទ្រឹស្ដីព្រះពុទ្ធមកធ្វើជាឈ្នាន់ សម្រាប់ទៅវាយប្រហាររំលំព្រះមហាក្សត្រ ដណ្ដើមយករាជបល្ល័ង្ក និងអំណាច។ គឺនាយត្រសក់ផ្អែមបានឆ្លៀតពេលដែលស្ដេចអស់ប្រជាប្រិយភាពអស់អំណាច រាស្ដ្រស្អប់ខ្ពើមមិនសប្បាយចិត្ដ ដើម្បីធ្វើឃាតស្ដេចផ្ដាច់ពូជតែម្ដង។ ដូចដែលយើងឃើញស្រាប់មកហើយ ការក្ដៅក្រហាយ ចលាចលរំជើបរំជួលក្នុងនគរ ទុក្ខព្រួយវេទនារបស់ប្រជានុរាស្ដ្រខ្មែរ បានកើតកម្រើកមានតាំងពីរាជស្ដេចពាល ព្រះបិតាព្រះសីហនុមកម្លេះ។ ខ្មែរម្នាក់ៗ ចាំតែឱកាសល្អហុចឲ្យមកដល់ដើម្បីងើបប្រឆាំងនឹងស្ដេច។ ព្រះពុទ្ធសាសនាក្លាយជាឧបករណ៍ ជាទ្រឹស្ដីសម្រាប់បំបះបំបោរប្រជារាស្ដ្រ សម្រាប់គ្រប់គ្រងផែនដី ជំនួសស្ថាប័នរបៀបព្រហ្មញ្ញសាសនា។ ពីព្រោះជាយូរយាណាស់មកហើយ ព្រហ្មញ្ញសាសនា ដែលជាមូលដ្ឋានស្ថាប័ន និងនយោបាយជាតិ បានបែងចែកវណ្ណៈ ធ្វើការគៀបសង្កត់សង្កិន ប្រើកម្លាំងបាយ និងអំណាចផ្ដាច់ការ ជាន់ឈ្លី មើលងាយមើលថោកប្រជានុរាស្ដ្រ។ ការគ្រប់គ្រងរដ្ឋរបៀបព្រហ្មញ្ញសាសនា មិនបានវិវត្ដទៅតាមពេលវេលាកាលៈទេសៈឡើយ។ ដូច្នេះ ព្រះពុទ្ធសាសនាដែលជាទ្រឹស្ដី ជាទស្សនៈ និងជាមនោគមវិជ្ជាថ្មី គ្មានការបែងចែកវណ្ណៈ គ្មានការជិះជាន់សង្កត់សង្កិន ហើយដែលមានតែការខំកសាង ធ្វើទាន ធ្វើបុណ្យមានមេត្ដាធម៌ សន្ដោសប្រោសប្រណី បានក្លាយទៅជាសេចក្ដីសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ។ ទិដ្ឋភាពនិងបរិយាកាសនយោបាយនេះហើយ ដែលជំរុញឲ្យស្ដេចត្រសក់ផ្អែម និងបក្សពួកអាចសម្រេចគោលបំណង ទទួលជោគជ័យក្នុងការធ្វើឃាតស្ដេចសីហនុរាជ។ ការផ្លាស់ប្ដូររបៀបគ្រប់គ្រងរដ្ឋ ក៏ចាប់ផ្ដើមមានពីពេលនោះមកដែរ។ ហើយឆ្លៀតឱកាសដែលខ្មែរកំពុងតែមានបញ្ហាផ្ទៃក្នុង ស្រុកតូចធំដែលធ្លាប់ចំណុះទាំងប៉ុន្មាន ក៏រើបង្រះយកឯករាជភាព ផ្ដាច់ខ្លួនពីនគរខ្មែរដែរ។ មហាប្រទេសខ្មែរត្រូវរួមរួញរៀវតូចទៅៗជាលំដាប់លំដោយ។
- មួយចំណែកទៀត យើងឃើញរឿងព្រេងនិទានបរទេសខ្លះ មានលំនាំប្រហាក់ប្រហែលនឹងប្រវត្ដិនាយត្រសក់ផ្អែមដែរ នៅប្រទេសភូមា ក៏ដូចជានៅ ប្រទេសឥណ្ឌា ជំនាន់ដើមដែលជាហេតុបញ្ជាក់ថា ប្រវត្ដិស្ដេចត្រសក់ផ្អែមពិតប្រាកដ យើងមិនអាចដឹង និងស្គាល់បានឡើយ។ ប្រវត្ដិដែលយើងមាននៅក្នុងពង្សាវតារខ្មែរ អាចជាការប្រឌិត ដែលគេនាំគ្នាតាក់តែងចងក្រងសម្រាប់បិទបាំងការពិត និងបោកប្រាស់ភូតភរកុហករាស្ដ្រតែប៉ុណ្ណោះ។ យើងសង្កេតឃើញថា វិធីនិពន្ធមានបែបផែនដូចព្រេងនិទានខ្មែរ មានរឿងចៅកាំបិតបន្ទោះ រឿងពាក្យសុភាសិតតម្លៃ៣០តម្លឹង ដែលស្ដេចសុទ្ធតែចេញមុខទៅតាមស៊ើបលួចចាំឃ្លាំចាំមើលសមត្ថភាព និងការស្មោះត្រង់របស់នាម៉ឺនមន្ដ្រីក្រោមបង្គាប់ និងរឿងកឹងកន្ដ្រៃ ទាំងប៉ុន្មានដែលស្ដេចជាចៅក្រមកំពូល វិនិច្ឆ័យរកការពិតរកយុត្ដិធម៌ជូនប្រជាជន ដូចស្ដេចសីហនុរាជ ដែលបានកាត់ក្ដីឲ្យនាយត្រសក់ផ្អែមរួចខ្លួន។
រឿងតាត្រសក់ផ្អែម ត្រូវបានអ្នកស្រាវជ្រាវចាត់រឿងជាប្រវត្តិសាស្រ្ដមួយ ។ រឿងនេះមាន ការទាក់ទងយ៉ាងអាថ៌កំបាំងនៅឡើយទៅ នឹង ព្រឹត្តិការណ៍តំណវាជវង្ស "វរ្ម័ន" នៅសម័យអង្គរ។ ប៉ុន្ដែទោះជាយ៉ាងណា ក៏អ្នកស្រាវជ្រាវទាំងជនជាតិបារាំងទាំងជនជាតិខ្មែរ បាន ចាត់ទុកតាត្រសក់ផ្អែម ជាស្ដេចខ្មែរមួយអង្គដែល បានឡើងសោយរាជ្យ នៅក្នុងកំឡុងឆ្នាំ ១៣៣៦ ដល់ ១៣៤០ នៃ គ.ស. ។ អ្វីជាការយកចិត្តទុកដាក់ របស់អ្នកស្រាវជ្រាវនោះ គឺ៑ថារឿងតាត្រសក់ផ្អែមនេះមាន នៅក្នុងរឿងព្រេងប្រទេសភូមាផង ប្រទេសថៃផង ប្រទេសឡាវផង និងប្រទេសកម្ពុជាផង ។ ទាំងបួនប្រទេស តែងតែចាត់ទុករឿងនេះជារឿងព្រេងប្រចាំជាតិរៀងៗខ្លួន។បើនិយាយពីនៅ កម្ពុជាវិញ រឿងនេះ ត្រូវបានគេនិទានឡើងដោយមានការទាក់ទងទៅនឹងទីតាំង ស្ថាននាម និងព្រះមហាក្សត្រ ។
កន្លងមកយើងធ្លាប់ឮ ធ្លាប់អានរឿងនេះតាមរយ:អត្ថបទអក្សរសិល្ប៍សៀវភៅប្រវត្តិសាស្រ្ដ សៀវភៅប្រជុំរឿងព្រេង ហើយស្នាដៃទាំងនោះមានភាពស្រដៀងៗគ្នា។ ចំណែកពេលនេះ ខ្ញុំនឹងបង្ហាញជូននូវរឿងព្រេងនិទាន ស្ដីពីប្រវត្តិតាត្រសក់ផ្អែមមួយទៀតដោយមានការទាក់ទងទៅនឹងប្រវត្តិទីតាំង ស្ថាននាម មួយចំនួន នៅតំបន់អង្គរភាគ ខាងជើង និងខាងកើត ដែលត្រូវបានរក្សា រហូតដល់សព្វថ្ងៃនេះ ។ ហេតុផល នៃការលើកយករឿងនេះមកអធិប្បាយ ក្នុងគោលបំណងតែមួយគត់គឺ“រក្សាមរតកអក្សរសិល្ប៍ខ្មែរ” ។ ពីព្រោះថារឿងនេះមានលក្ខណ:ប្លែកគ្នាពី រឿងមុនៗ ត្រង់ថា វាមានទាក់ទងទៅនឹង ស្ថាននាមនៅតំបន់អង្គរ ហើយយើងក៏ធ្លាប់សរសេរក្នុងសៀវភៅ "ដប់ថ្ងៃនៅទីក្រុង អង្គរ" តម្កល់ទុកនៅមហាវិទ្យាល័យប្រវត្តិវិទ្យាដែរ ។
សៀវភៅនោះត្រូវបានរៀបរៀងឡើងដោយនិស្សិតប្រវត្តិវិទ្យាចំនួន ១១ នាក់ រួម ទាំងខ្ញុំផង ប៉ុន្ដែ ការផ្សាយមិនមានលក្ខណ:ទូលំទូលាយ ។ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្ត ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយានាពេលនេះ ជូនមិត្តអ្នកអាន ពិចារណា ប៉ុន្ដែ សូមមិត្តអ្នកអាន យប់ថានេះពុំមែនជារឿងប្រវត្តិសាស្រ្ដជាក់ស្ដែងនោះទេ វាគ្រាន់តែជារឿងព្រេងនិទាន ដែលប្រជារាស្រ្ដខ្មែរចេះចាំហើយនិទានតៗគ្នាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀត ចំពោះចំណោទមួយដែល បានចោទសួរថា បើរឿងព្រេងតាត្រសក់ផ្អែម ត្រូវបានជនជាតិ ៤ ប្រទេសចាត់ទុក ថាជារឿង របស់ខ្លួនរៀងៗខ្លួននោះ តើយើងអាចវែកញែករកហេតុផលមកពន្យល់បានទេ ?
ចំពោះទស្សន:ខ្ញុំ យល់ថា បាន, ទោះបីជារឿងតាត្រសក់ផ្អែមរបស់ភូមាគេថាបានចាប់កំណើតឡើងតាំងពីសតវត្សទី១០ ក៏ដោយ ។ យើងត្រូវសង្កេតពិនិត្យរកទីតាំងជាក់លាក់ ដែលមានទាក់ទងក្នុងដំណើររឿង ។ បានសេចក្ដីថា យើងត្រូវធ្វើការសិក្សាស្ថាននាមដែល មានទាក់ទងក្នុងរឿង ។ ខ្ញុំក៏ជឿជាក់ថា រឿងព្រេងតាត្រសក់ផ្អែម គឺជារឿងរបស់ខ្មែរពិតៗ ព្រោះវាមានទាក់ទងនៅនឹង ស្ថាននាម ព្រឹត្តិការណ៍សង្គម ជីវភាពរបស់ខ្មែរ នៅចុងសម័យអង្គរ ។ ពេលនេះ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន ពិចារណាទៅលើប្រវត្តិតាត្រសក់ផ្អែម របស់អ្នកស្រុកប្រដាក់ ដូចតទៅនេះ :
កាលដើមឡើយ មានឥសីមួយអង្គ គង់ចង្រ្កមភាវនានៅក្នុងព្រៃមួយសម័យថ្ងៃមួយមានសត្វចាបមួយគូ ហើររកកន្លែងធ្វើសំបុកសំរាប់ ពង ចាបទាំងគូ ហើររកកន្លែង ពងមិនបាន ក៏ទៅជួបតាឥសីកំពុងសមាធិ ។ ដោយឃើញពុកចង្ការតាឥសី ទំនងអាចឲ្យ ខ្លួនងាយ ស្រួល កាច់ សំបុក ចាបទាំងគូក៏ចាប់សរសៃពុកមាត់ចាក់ជាសំបុក ។ ក្រោយមកចាបញីក៏ពង ដាក់ក្នុងសំបុកវារួចហើរទៅទំលើមែកឈើមួយ នៅជិត ទីនោះ ។ ចាបទាំងពីរនិយាយសាសងគ្នាថា : អឺ ឯងអើយ !ថាយើងចុះជាសត្វតិរច្ឆានក៏គង់នៅមានកូនតពូជពង្ស រួចចុះ តាឥសី នោះ វិញ ទៅអនាគត មានអ្នកណាបន្ដពូជពង្ស ? ចាបនិយាយតែប៉ុណ្ណោះ តាឥសីចាប់ភ្លឹកកើតពិចារណាថា : ឱ អញអើយ ! បើអាត្មាអញមិនចាកសិក្ខាបទ ស្វែងរកប្រពន្ធម្ល៉េះសមអញកំបុកឆ្ងុងត្រឹមនេះ គ្មានកូនចៅតទៅមុខទៀតទេ ។
ក្រោយពេលពងចាបញាស់ កូនៗចេះហើរ ហើរចេញអស់ទៅ តាឥសីឈប់តាំងសីល រួចត្រឡប់មកអាស្រមវិញ ចាកសិក្ខាបទដើម្បី ចាកចេញទៅរកភរិយា ។ ក្ រោយពេលស្វែងរកអស់រយ:ពេលយ៉ាងយូរមក អតីតតាឥសីបានទៅជួបនឹងយាយ រិ ដែលរស់នៅក្បែរស្រះ ដូនរិ (សព្វថ្ងៃ ស្រះដូនរិ ស្ថិតនៅឃុំត្បែងខេត្តសៀមរាប ជួបកាលគេហៅថា “ ស្រះខ្វាវ ” ) ។ អ្នកទាំងពិរបានយកគ្នាជាប្ដីប្រពន្ធតរៀងមក ។ នៅពេលមានគ្រួសារហើយអតីតតាឥសីបានខិតខំប្រឹងប្រកបរបររកស៊ីចិញ្ចឹមជីវិតជា ធម្មតាក្នុងតួនាទីជាមេគ្រួសារ។ មិនយូរប៉ុន្មាន យាយរិ មានគភ៌ ហើយគភ៌ចេះតែចំរើនវ័យ ប្ដីយាយក៏កាន់តែខិតខំប្រឹង រកអដ្ឋបរិក្ខារយ៉ាង គ្រប់គ្រាន់ទុកឲ្យ ។ ពេលនោះ បុត្រយាយរិ មិនទាន់ប្រសូតនៅឡើយទេ តែប្ដីរបស់យាយ ក៏លាយាយទៅសាងផ្នួសវិញ ។ គ្រប់ទសមាស យាយរិប្រសូតបានបុត្រមួយ ហើយបុត្រនេះក៏មិនទាន់មានឈ្មោះជាអ្វីដែរ ។ ទារកចេះតែចំរើនវ័យបន្តិចម្ដងៗ រហូតដល់ ពេលវាចេះនិយាយ ។
ថ្ងៃមួយ កុមារតូច ក៏សួរទៅម្ដាយថា : ម៉ែ ឯណាឪពុក ខ្ញុំ ? ម្ដាយឆ្លើយថា : អឺ ! ឪពុកឯង នៅឆ្ងាយណាស់ អញប្រាប់ឯងឥឡូវនេះមិនបានទេ ចាំឯងធំសិនចាំអញប្រាប់ !
ពេលវេលាចេះតែកន្លែងផុតទៅយ៉ាងយូរ ចំណែកគ្រួសារយាយរិ ប្រកបរបរបរកស៊ីធ្វើស្រែកចំការជាធម្មតា ។ បុត្រយាយរិ ចំរើនវ័យបាន ១៨ ឬ ១៩ ឆ្នាំហើយក៏នៅតែមិនទាន់មានឈ្មោះនៅឡើយ ។ ថ្ងៃមួយ បុរសកំលោះក៏បានសួរម្ដាយម្ដងទៀតថា : ម៉ែ ឪពុកកូនជា នរណា ? គាត់នៅឯណា ? ម្ដាយក៏ឆ្លើយទៅប្រាប់កូនវិញថា : ឪពុកកូន ជាតាឥសី គាត់នៅឯភ្នំ (មិនដឹងថាឈ្មោះភ្នំអ្វី) ។ កូនសួរទៀតថា : បើដូច្នោះទៅរក ម្ដេចឃើញ ! ម្ដាយឆ្លើយថា : អឺ កូនអ្ហើយ ! ដើរតាមផ្លូវគេកាច់តម្រុយនោះទៅឃើញហើយ !
ក្រោយមក កូនប្រុសយាយរិ ក៏ចាកចេញដំណើតតាមផ្លូវដែលម្ដាយបង្ហាញ ។ គាត់ដើរទៅដើរទៅ នៅតែមិនជួប នៅតែមិនឃើញស្អី ក៏ មិនឃើញៗ គាត់ក៏នៅតែដើរទៅមុខជានិច្ច រហូតដល់អស់កំលាំង ។ អ្នកកំលោះបានប្រាស់ខ្លួនដេកនៅក្រោមដើមឈើមួយ ។ នៅពេល គាត់ ដេកលក់ តាឥសីបានយកគ្រាប់ត្រសក់មួយបង្វេច កាំបិតមួយ និង បាយមួយកញ្ចប់ រួចនិម្មិតប្រាប់បុត្ររបស់ខ្លួន កំពុង ដេកលក់ ប៉ុន្ដែ លោកមិនបានឲ្យឃើញរូបឡើយ ។ រួចរាល់កិច្ចហើយ តាឥសីបាន និមន្ដទៅកាន់កន្លែងចង្រ្កាមភាវនា វិញ ។ លុះបុរសភ្ញាក់ពីដេក បានឃើញវត្ថុដូចគ្នា នឹង និម្មិត បានប្រាប់មែន ។ ដោយមានសេចក្ដីស្រេកឃ្លានផង បុរសលាកញ្ចប់បាយ បរិភោគ យ៉ាងប្រញាប់ រួចម្នីម្នាវិលត្រឡប់មកផ្ទះវិញ តាមបំរាប់និម្មិត ។ មកដល់ផ្ទះ បុរសបានជួបម្ដាយ ហើយជំរាបថា : ម៉ែ ! ខ្ញុំបាទឥតបានឃើញតាឥសីជាឪពុកទេ ។ ប៉ុន្ដែ ពេលខ្ញុំបានដេកលក់ទៅ មាន និម្មិតប្រាប់ចំណែករូបរាងក៏មិនបានឃើញដែរ ។ ម្ដាយក៏សួរទៅវិញថា : តើនិម្មិតប្រាប់យ៉ាងដូចម្ដេច ? កូនឆ្លើយ : ប្រាប់ថាមានគ្រប់ត្រសក់នេះមួយកញ្ចប់ កាំបិតនេះមួយនិងបាយមួយកញ្ចប់ ប៉ុន្ដែបាយខ្ញុំបាទហូបអស់ហើយ ។ លោក ប្រាប់ទៀតថា បើបានវត្ថុនេះកាលណា សូមយកត្រឡប់ទៅផ្ទះវិញ ហើយទៅរកត្រួសត្រាយចំការនៅឯភ្នំ(ក្រោយមក ភ្នំនេះមានឈ្មោះថា ភ្នំ ចំការ) ដើម្បីដាំត្រសក់ ព្រមទាំងបណ្ដាំមួយទៀត នៅពេលត្រសក់ផ្លែទុំដំបូង កុំឲ្យស៊ី គប្បីបេះយកទៅថ្វាយស្ដេចនៅក្រុងអង្គរធំ កុំខាន ព្រឹកឡើង បុរសឲ្យម្ដាយធ្វើម្ហូបអាហារឲ្យខ្លួន វេចខ្ទប់យកទៅហូប នៅពេលនៅត្រួសចំការ ។ គាត់បានទៅដល់ភ្នំមួយតាមនិម្មិត ដែលបានប្រាប់ ។ ដល់ហើយ គាត់បានត្រួសត្រាយកាប់ឆ្ការ អស់ពេលមួយថ្ងៃ ដោយត្រួសត្រាយ កាប់ ឆ្ការ តាមកំលាំងធម្មតា ដែល ខ្លួនអាចធ្វើទៅបាន លុះថ្ងៃល្ងាចបន្តិច គាត់វិលត្រឡប់មកផ្ទះវិញ ។ ព្រឹកឡើង បុរសឲ្យម្ដាយធ្វើបានឲ្យខ្លួនទៀត ដើម្បីនឹងយកទៅចម្ការ។ ពេលទៅដល់ ចំការនោះត្រូវបានគេកាប់ឆ្ការរួចអស់ បុរស ក៏ ត្រឡប់ មកផ្ទះវិញប្រាប់ម្ដាយថា : ម៉ែ ចំការត្រូវគេត្រួសត្រាយរួចហើយ ។ ប៉ុន្ដែ ថ្ងៃស្អែក ខ្ញុំបាទនឹង ទៅកាប់ចិញ្រ្ចាំឲ្យវាយ ។ ស្អែកឡើង ម្ដាយដាំបាយខ្ទប់ម្ហូបឲ្យកូនទៅចំការទៀត ។ ពេលទៅដល់ឃើញចំការត្រូវគេកាប់ចិញ្រ្ចាំពង្រាបរួចទៅទៀត ។ បុរសយើង ក៏ត្រឡប់ មកផ្ទះប្រាប់ម្ដាយវិញថា : ម៉ែ ! ចំការកាប់ពង្រាបរួចអស់ទៀតហើយ ។ ម្ដាយក៏ប្រាប់ទៅកូនវិញថា : នែកូន, ចាស់បុរាណលោកថា ចំការត្រួសត្រាយកាប់ឆ្ការថ្មីដូច្នេះ ចាំកន្លះខែក្រោយសឹមទៅដុត ។ លុះចាំដល់ពេលវេលាបានកន្លះខែ បុរសក៏ទៅដុតព្រៃងាប់ដែលខ្លួនឆ្ការរួច ។ ពេលទៅដល់ព្រៃដែលងាប់នោះ ឆេះអស់មុនគាត់ដុត ។ ឃើញដូច្នេះបុរសក៏ដាំគ្រាប់ត្រសក់ នៅចំការនោះតែម្ដង ។ ដាំរួច គាត់វិល ត្រឡប់មកផ្ទះវិញ ។ ក្រោយពេលភ្លៀងធ្លាប់ម្ដង បុរសទៅមើលចំការត្រសក់របស់ខ្លួន ស្រាប់តែឃើញដើមត្រសក់ដុះចេញ វារពេញដីរួចជាស្រេច ។ ពេលគាត់ ត្រឡប់មកផ្ទះវិញយប់នោះ ស្រាប់តែមាននិម្មិតប្រាប់ទៀតថា : កាលណាត្រសក់មានផ្លែទុំល្មមដំបូងគេ កុំហូបត្រូវអ្នកបេះយកទៅថ្វាយ ស្ដេចទៅក្រុងអង្គរធំ ។ ពេលត្រសក់ចាប់ផ្ដើម បុរសជាម្ចាស់ទៅដេកចាំចំការជាធម្មតា។ មិនយូរប៉ុន្មាន ផ្លែត្រសក់ក៏ទុំរបេះចេញពីទង។ ឃើញត្រសក់ទុំហើយ បុរស ក៏ធ្វើតាមបណ្ដាំនិម្មិតដែលប្រាប់ឲ្យយកផ្លែត្រសក់នេះទៅថ្វាយស្ដេច ។ ដោយហេតុខ្លួនជាអ្នកក្រីក្រ គ្មានអ្វីផ្សេងទៀត ជាដង្វាយ ក៏ យួរតែផ្លែត្រសក់ទុំធំមួយ សំដៅទៅរាជវាំង ។
ព្រះបាទអង្គជ័យ រឺ ត្រសក់ផ្អែម (គ.ស ១២២១-១៣៤១) អាយុ ១២០ ឆ្នាំ ? រជ្ជកាល (គ.ស ១២៩០-១៣៤១) ព្រះបាទសីហនុរាជ ព្រះមហាក្សត្រខ្មែរទី២៤ បានសុគតនៅឆ្នាំខាលក្នុងព្រះជន្ម ៧១ វស្សា។ ព្រះអង្គសោយរាជសម្បត្តិប្រទេសកម្ពុជាបានចំនួន ៥៣ ឆ្នាំ។ ថ្ងៃ ១១ កើត ខែផល្គុន ឆ្នាំខាល ព.ស ១៨៣៤ ត្រូវជា ម.ស ១២១២ ច.ស៦៥២ និងត្រូវជា គ.ស ១២៩០ តាត្រសក់ផ្អែមបានទទួលរាជាភិសេក សោយរាជសម្បត្តិប្រទេសកម្ពុជា។ នាកាលនោះព្រះអង្គបានព្រះជន្ម ៧០ វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី ២៥ ហើយព្រះអង្គក៏ជាព្រះមហាក្សត្រដែលបើកយុគ្គសន្ដតិវង្សជាន់ថ្មី មួយទៀត ដាច់ស្រឡះពីព្រះមហាក្សត្រសម័យអង្គរដែរ។ បរមនាមរបស់ព្រះអង្គគឺ ព្រះបាទសម្ដេចមហាបពិត្រ ធម្មិករាជាធិរាជ ជាអង្គម្ចាស់ផែនដីក្រុងកម្ពុជាធិបតី។ ព្រះអង្គគង់នូវមហានគរដដែល។ ព្រះនាងច័ន្ទតារាវត្តី ត្រូវបានព្រះអង្គប្រទានឋានៈជាព្រះរាជអគ្គមហេសី មានព្រះបរមនាមថា សម្ដេចព្រះភគវត្តី សិរីច័ន្ទតារា មហាក្សត្រី។ ព្រះបាទត្រសក់ផ្អែម ព្រះមហាក្សត្រទី២៥ ចូលទិវង្គតនៅឆ្នាំរោង ក្នុងព្រះជន្ម ១២០ វស្សា ក្រោយដែលបានសោយរាជ្យ ៥១ ឆ្នាំ។ តែពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គមានព្រះជន្មបានដល់ទៅ ៥០០ វស្សា។
ប្រវត្តិតាមបែបរឿងព្រេង
នៅក្នុងប្រវត្ដិសាស្ដ្រខ្មែរ ប្រវត្ដិ ឬឫសគល់ដើមកំណើត តាត្រសក់ផ្អែម គ្មានបញ្ជាក់ជាច្បាស់លាស់ពិតប្រាកដឡើយ។
ពង្សាវតារវត្ដកោកកាក មិនបានសរសេរបញ្ជាក់កត់ត្រាអំពីពូជអំបូរសែស្រឡាយស្ដេចអង្គនេះឡើយ។ ព្រះអង្គនព្វរតន៍ព្រះរាជបុត្រព្រះបាទអង្គឌួង ក្នុងពង្សាវតារបស់ព្រះអង្គ ក៏មិនបានបកស្រាយអំពីប្រវត្ដិតាត្រសក់ផ្អែមដែរ។ ពង្សាវតាររបស់គណៈកម្មការសម្ដេចសង្ឃរាជទៀង ដែលមានសម្ដេចសង្ឃសុគន្ធប៉ាន់ជាសមាជិក មិនបំភ្លឺរៀបរាប់អធិប្បាយត្រង់ចំណុចនេះឲ្យបានច្បាស់លាស់ ទេ។ ក្នុងសាច់រឿងតាត្រសក់ផ្អែមនេះវាក៏មាននៅក្នុងរឿងនិទានរបស់ប្រទេសជាតិជិតខាងរបស់យើងដែរ ដូចជា ភូមា សៀម និង លាវ ដែរ ប្រហែលទំនងវាជាស្លាកស្នាមដែលបន្សល់ទុកក្នុងអតីតទឹកដីអាណាចក្រខ្មែរ រឺ ក៏មិនដឹង ការកត់សំគាល់មួយទៀតរាល់ប្រទេសអស់ទាំងនេះគឺកាន់ពុទ្ធសាសនាថេរវាទដូចៗគ្នា។
មានតែពង្សាវតារ ដែលរុះរើរៀបចំសរសេរសាជាថ្មី របស់គណៈកម្មការសម្ដេចវាំងជួន និងពង្សាវតារវត្ដទឹកវិលទេដែលបានរៀបចំតាក់តែងអធិប្បាយបញ្ជាក់ យ៉ាងពិស្ដារ អំពីដើមកំណើតពូជពង្សស្ដេចត្រសក់ផ្អែម។ គឺក្នុងន័យហាក់បីដូចជាចង់អះអាងថា ស្ដេចអង្គនេះមានឈាមជ័រជាប់ពីព្រះមហាក្សត្រខ្មែរសម័យអង្គរ ហើយព្រះអង្គក៏ជាអ្នកមានបុណ្យមានឫទ្ធិអានុភាពខ្លាំងពូកែអស្ចារ្យ មិនចាញ់ស្ដេចជំនាន់មុនដែរ។
តែការរៀបចំ សម្របសម្រួលប្រទាក់ប្រទងពូជពង្ស ឲ្យបានសមរម្យល្អមើល ល្អស្ដាប់របស់ពង្សាវតារទាំងពីរមិនស៊ីសង្វាក់គ្នាទេ។ ដូចជាបញ្ហាឈ្មោះ ឫសគល់ ដើមកំណើតឪពុក និងកាលបរិច្ឆេទផ្សេងៗជាដើម៘ ទោះបីជាមានការច្របូកច្របល់ដូច្នេះក៏ដោយ ក៏សាច់រឿងក្នុងពង្សាវតារទាំងពីរ មានដំណើររឿងប្រហាក់ប្រហែលដូចគ្នាដែរ។
បិតា របស់ស្ដេចត្រសក់ផ្អែម មានព្រះនាមព្រះបទុមរាជា។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គត្រូវជាព្រះរាជបុត្រព្រះជេដ្ឋាជ័យ ព្រះមហាក្សត្រខ្មែរទី១៤។ ព្រះអង្គបានប្រសូតក្នុងឆ្នាំរោងព.ស ១០៧៦ ត្រូវជាម.ស៤៥៤ និងត្រូវជាគ.ស ៥៣៣។ ព្រះអង្គជាបងរបស់ព្រះស័ង្ខចក្រ ឬស្ដេចគម្លង់ ព្រះមហាក្សត្រទី១៥ ក្នុងឆ្នាំម្សាញ់ព.ស ១០៧៧ ម.ស ៤៥៦ ត្រូវជាគ.ស ៥៣៤ ជាមួយនឹងអ្នកម្នាងមាលាវត្តី ព្រះបាទជេដ្ឋាជ័យបានបុត្រីមួយអង្គព្រះនាមសុភវត្តី។
តែបើពង្សាវតារសម្ដេចវាំងជួនវិញ ព្រះបទុមកុមារត្រូវជាបុត្រច្បងរបស់ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី១៦ ហើយត្រូវជាបងរបស់ស្ដេចពញាក្រែក ឬព្រហ្មកិល និងព្រះបាទបក្សីចាំក្រុង។ ព្រះអង្គប្រសូតក្នុងឆ្នាំឆ្លូវ។
ថ្ងៃមួយក្នុង ឆ្នាំឆ្លូវ ដោយតប់ប្រមល់ខ្វល់រសាប់រសល់ នៅមិនសុខមិនសាប់ក្នុងព្រះបរមរាជវាំងតទៅមុខទៀតកើត ព្រះបទុមរាជាក៏សុំព្រះបិតា ព្រះជេដ្ឋាជ័យ ទៅសាងផ្នួសនៅភ្នំគូលែន។
ចំណែកឯព្រះនាង សុភវត្តី កាលបានព្រះជន្ម ១៦ ឆ្នាំ បានធ្វើដំណើរកំសាន្ដតាមព្រះបិតាទៅលេងមាត់សមុទ្រ។ នៅពេលដែលព្រះនាងកំពុងតែដើរប្រពាតព្រៃលេង ដោយសប្បាយរីករាយ ស្រាប់តែមានភ្លៀងផ្គរខ្យល់ព្យុះសង្ឃរាបោកបក់មកយ៉ាងខ្លាំងក្លា ចំនួនបីយប់បីថ្ងៃ ធ្វើឲ្យព្រះនាងវង្វេងក្នុងព្រៃជ្រៅម្នាក់ឯង រកផ្លូវច្រកចេញវិលមកដំណាក់មិនឃើញ។ បាត់កូនគ្មានដំណឹង ព្រះរាជាក៏បញ្ជាឲ្យនាម៉ឺនពលរេហ៍ និងប្រជានុរាស្ដ្រ កាប់ឆ្ការព្រៃរកបុត្រី។ កាប់ឆ្ការរកគ្រប់ទិសទីទាំងក្នុងព្រៃក្រំថ្ម ទាំងមុជទឹករាវរកក្នុងបាតសមុទ្រទៀត ក៏គេនៅតែរកព្រះនាងសុភវត្តីមិនឃើញ។ កន្លែងដែលស្ដេច និងពលសេនានាំគ្នាកាប់ឆ្ការព្រៃ ជ្រាវរកបុត្រីនេះ បានជាប់ឈ្មោះថា ភ្នំជ្រាវរៀងរហូតមកដល់សព្វថ្ងៃ។ ព្រះអង្គខំប្រឹងរកបុត្រី អស់រយៈពេលបីខែ តែនៅតែរកមិនឃើញ។ ទីបំផុត ដោយក្ដីអស់សង្ឃឹម ព្រះមហាក្សត្រក៏សម្រេចចិត្ដនាំនាម៉ឺនមន្ដ្រីពលរេហ៍ និងបរិវារ ធ្វើដំណើរវិលត្រលប់មកមហានគរវិញ។
ចំណែកព្រះនាងសុភវត្តី ព្រះនាងវង្វេងវង្វាន់ លែងដឹងទិសតំបន់អ្វីទាំងអស់ ក្នុងព្រៃជ្រៅស្ងាត់ជ្រងំភ្នំជ្រាវ។ នាងរសាត់អណ្ដែត ភ័យព្រួយកំសត់វេទនាតែម្នាក់ឯង គ្មានទិសដៅ និងគ្មានទីពឹងពំនាក់។ ដោយស្រេកឃ្លានខ្លាំងពេក ព្រះនាងបានលូកដៃទៅក្បង់ទឹកដក់ក្នុងដានជើងដំរីយកមកសោយចម្អែត កាយ តែនេះជាទឹកនោមដំរីស។ មិនយូរប៉ុន្មាន អស្ចារ្យណាស់ ព្រះនាងសុភវត្តីចាប់ផ្ដើមទ្រង់គភ៌។ នាកាលសម័យនោះ ព្រះនាងបានទទួលការទំនុកបម្រុងជួយយកអាសាអំពីសំណាក់អ្នកស្រុកអ្នក ភូមិភ្នំជ្រាវ ដែលបានសង់សំណាក់មួយថ្វាយទុកគ្រាន់នឹងសម្រាកជ្រកកោនសំណាក់ នៅ។ កន្លែងសំណាក់នោះជាប់ឈ្មោះ គោកព្រះរាជមន្ទីរ រហូតមកដល់បច្ចុប្បន្ន។ ក្នុងឆ្នាំថោះ ព្រះនាងសុភវត្តីប្រសូតបានព្រះរាជបុត្រមួយព្រះអង្គ ដែលព្រះនាងដាក់ឈ្មោះឲ្យថា ពញាជ័យ។
បើតាម ពង្សាវតារវត្ដទឹកវិលដដែល នៅឆ្នាំមមែ កាលនោះ ព្រះនាងបានជន្ម៦៥វស្សា ហើយពញាជ័យបានអាយុ៤៩ឆ្នាំ ទាំងពីរនាក់ម្ដាយ និងកូននាំគ្នាមករស់នៅក្នុងម្ដុំផ្សារ នាជើងភ្នំរូងឬភ្នំប្រសិទ្ធិ។ ដើម្បីចិញ្ចឹមជីវិត ពញាជ័យបានតាក់តែងបង្កើតឲ្យមានជាល្បែងលេងសើច និងប្រគំវង់ភ្លេងតន្ដ្រី។
រី ព្រះបទុមរាជា ឬបទុមកុមារ ដែលទៅសាងផ្នួសនៅភ្នំគូលែន បើតាមពង្សាវតារសម្ដេចវាំងជួន បាននិមន្ដមកគង់នៅភ្នំខ្ចោល (ស្ថិតនៅខេត្តកំពង់ឆ្នាំង ជិតជួរភ្នំក្រវាញ)។ ថ្ងៃមួយដែលព្រះអង្គកំពុងតែស្មឹងស្មាធិ៍ភាវនាធម៌តាំងសីល ព្រះអង្គស្ដាប់សូរសត្វនិយាយជជែកគ្នាថា “គួរឲ្យអាណិតព្រះសង្ឃអង្គនេះណាស់ ព្រះអង្គគ្មានប្រពន្ធកូន សម្រាប់បន្ដពូជពង្សវង្សត្រកូលតទៅអនាគត ដូចគេឯងឯទៀតឡើយ។ សូម្បីព្រះពុទ្ធអង្គបរមគ្រូ ម្លេះក៏មានមហេសី និងកូនដែរ មុននឹងសាងព្រះផ្នួស” (ត្រង់កន្លែងនេះដូចជាឈុតមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលឥសីបានជប់ភរិយាដោយសារតែលឺសត្វចចារដល់ឥសីហើយដែលភរិយារបស់ឥសីកើតបានជា សុគ្រីព ពាលី ត្រូវជាកូនព្រះឥន្ទ និងព្រះព្រហ្ម ហើយ នាងស្វាហាយ ជាកូនឥសី)។ ស្ដាប់យល់ឃើញថា សត្វនិយាយត្រឹមត្រូវចំល្អ ព្រះបទុមរាជា ក៏សឹកចាកសិក្ខាបទ ហើយចាកចេញធ្វើដំណើរទៅរកគូស្រកររៀបចំយកព្រះនាងសុភវត្តីជាមហេសី (បើតាមព្រះរាជពង្សាវតារខេម្មរឡេកឱង្ការរបស់គណៈកម្មការមួយទៀត តែងតាំងដោយព្រះបាទនរោត្ដម ក្នុងគ.ស ១៩០៣ ព្រះសង្ឃដែលបានមកយកព្រះនាងសុភវត្តីធ្វើជាភរិយាត្រូវជាសិស្ស ព្រះសង្ឃធុតង្គនៅភ្នំខ្ចោល)។
ត្រង់នេះពង្សារតារវត្ដទឹកវិលបានបញ្ជាក់ថា ទេវតាបានបំបាំងខ្លួន ចុះមកនិយាយប្រាប់ឲ្យព្រះបទុមរាជាលាចាកសិក្ខាបទ ហើយត្រូវរៀបការជាមួយនឹងព្រះនាងសុភវត្តី ដើម្បីបន្ដពូជពង្សនៅអនាគត (ដូច្នេះ បើតាមពង្សាវតារវត្តទឹកវិល ព្រះបទុមរាជា និងព្រះនាងសុភវត្តី ត្រូវជាបងប្អូនបង្កើត។ បើតាមពង្សាវតារសម្ដេចវាំងជួន ព្រះនាងសុភវត្តីត្រូវជាម្ដាយមីងបង្កើតរបស់ព្រះបុទមរាជា)។ កាលណាបំពេញសកម្មភាពមានកូនចៅហើយ នោះទើបព្រះអង្គអាចយាងត្រលប់មកសាងផ្នួសវិញបាន។ ស្ដាប់ចងចាំគ្រប់អស់សេចក្ដី ព្រះបទុមរាជា មិនយឺតយាវបង្អាក់បង្អង់យូរឡើយ ព្រះអង្គក៏ហោះហើរជ្រែកទឹកជ្រែកដី មករករួមរក្សមេត្រី សោយសុខសប្បាយជាមួយនឹងព្រះនាងសុភវត្តី តាមពាក្យបណ្ដាំរបស់ទេវតា។ បន្ទាប់មក កាលព្រះនាងសុភវត្តីទ្រង់គភ៌បាន៥ខែ ព្រះបទុមរាជាក៏រៀបចំខ្លួនធ្វើដំណើរចាកចោលព្រះនាង ត្រលប់ទៅសាងផ្នួសវិញ។ តែបើតាមពង្សារតារសម្ដេចវាំងជួន ព្រះបទុមរាជាបានយាងទៅសាងផ្នួសវិញ នៅពេលដែលព្រះនាងសុភវត្តីបានប្រសូតបុត្ររួចហើយ ហើយព្រះរាជបុត្រនោះក៏បានធំពេញវ័យបន្តិចហើយដែរ។ មុននឹងចេញដំណើរ ព្រះអង្គបានប្រគល់ដំបងមួយឲ្យទៅព្រះនាង ដោយមានបន្ទូលថា “កាលណាកូនធំឡើង ហើយបើវាចង់ទៅរកឪពុក ត្រូវប្រគល់ដំបងនេះឲ្យទៅកូន ដើម្បីទុកជាចំណាំ”។
ផ្ដាំផ្ញើ រួចស្រេចបាច់ហើយកាលណា ព្រះបទុមរាជាលាព្រះនាងសុភវត្តីជាភរិយាត្រលប់ទៅបួសជាសង្ឃដូច ដើមវិញ។ ព្រះអង្គបានតាំងសីល រៀនសូត្រចេះចងចាំមន្ដអាគមគ្រប់មុខវិជ្ជាការ មានមហិទ្ធិឫទ្ធិខ្លាំងពូកែ ចេះបំបាំងខ្លួនមើលមិនឃើញ ចេះជ្រែកទឹក ជ្រែកដី ហើយចេះប្រស់មនុស្សស្លាប់ឲ្យរស់រានមានជីវិតឡើងវិញ៘ និង ៘
ឆ្នាំវក ព្រះនាងសុភវត្តីទ្រង់គ្រប់ខែគ្រប់ថ្ងៃ ប្រសូតបានរាជបុត្រមួយព្រះអង្គ ដែលព្រះនាងដាក់ឈ្មោះថាពញាសួស។ តែពង្សាវតារសម្ដេចវាំងជួន បានសរសេរថា ព្រះរាជបុត្រនេះឈ្មោះចៅតា ហើយបានប្រសូតក្នុងឆ្នាំម្សាញ់។ ពញាសួស ឬចៅតា មានរូបសម្បត្តិល្អល្អាច់ និងមានប្រាជ្ញាភ្លឺថ្លាឈ្លាសវៃណាស់។ អាយុ៧ឆ្នាំ ពញាសួស ឬចៅតាបានសាកសួរចង់ដឹងអំពីប្រវត្ដិរបស់ឪពុក។ ព្រះនាងសុភវត្តីបាននិទានរៀបរាប់ប្រាប់ប្រវត្ដិទាំងប៉ុន្មានឲ្យ កូនសណ្ដាប់។ ព្រះនាងបាននិយាយអំពីដំបងដែលព្រះបទុមរាជាជាឪពុក បានទុកជារបស់សម្រាប់ចំណាំដែរ។ ស្ដាប់យល់ដឹងឮអស់សេចក្ដី ពញាសួស ឬចៅតា និងពញាជ័យជាបងក៏សុំលាម្ដាយទៅរកឪពុក។ ព្រះអង្គបានយកដំបងសំគាល់ខ្លួនទៅជាមួយដែរ។ នៅទីបំផុត អ្នកទាំងពីរបានទៅជួបនឹងព្រះបិតាដូចក្ដីបំណង។ គ្រានោះ គឺចំពេលដែលព្រះបទុមរាជាកំពុងខឹងខ្ញាល់យ៉ាងខ្លាំងនឹងព្រះស័ង្ខចក្រ ឬស្ដេចគម្លង់ ដែលបានសម្លាប់សិស្សជំនិតព្រះអង្គ ដែលព្រះអង្គបានបញ្ជូនឲ្យទៅជួយព្យាបាលជំងឺឃ្លង់ភ្លើង។ ព្រះបទុមរាជាឃើញយល់ច្បាស់ថាជាកូនព្រះអង្គពិតប្រាកដហើយ ព្រះអង្គក៏រៀបរាប់ប្រាប់ប្រវត្ដិឲ្យដឹងអស់នូវពូជពង្សសែស្រឡាយ ព្រះអង្គជាក្សត្រ។ ព្រះអង្គបានប្រដែប្រដៅកូនទាំងពីរថា “កូនទាំងពីរមិនត្រូវទៅលុតក្រាប សុំបុណ្យស្ដេចពាលអង្គហ្នឹងទេ! ៤០០ឆ្នាំទៀត កូននឹងបានឡើងគ្រងរាជសម្បត្តិប្រទេសកម្ពុជាជាមិនខាន! ដើម្បីបន្ដព្រះរាជវង្សយើងទៅអនាគត”។ ព្រះបទុមរាជា ព្រះអង្គបានប្រក់ព្រំប្រសិទ្ធិពរជ័យដល់កូនទាំងពីរឲ្យបាន សេចក្ដីសុខចម្រុងចម្រើន មានអាយុវែងយឺនយូរ។ ហើយជាចំណងដៃដល់កូន ព្រះអង្គបានប្រគល់ឲ្យដុំថ្មដែក និងគ្រាប់ពូជត្រសក់៧គ្រាប់ម្នាក់ សម្រាប់យកទៅដាំចិញ្ចឹមជីវិត (ពង្សាវតារសម្ដេចវាំងជួនសរសេរថា ព្រះបទុមរាជាបានឲ្យគ្រាប់ត្រសក់៣គ្រាប់ទៅឲ្យកូនម្នាក់ៗ)។ ព្រះអង្គផ្ដាំទៀតថា ត្រូវទៅធ្វើចម្ការដាំត្រសក់នៅឯខេត្ដគោកសេះ។ ដូច្នេះហើយ បានជារៀងរហូតមកមានឈ្មោះ ចម្ការសួស ចម្ការជ័យ ចម្ការត្រសក់ផ្អែម ដែលក្លាយបន្ដិចម្ដងៗទៅជាចម្ការអ្នកអែម។
យូរឆ្នាំក្រោយមក ព្រះនាងសុភវត្តីបានចូលទិវង្គត ដោយជំងឺរោគាព្យាធិចាស់ជរា។ បុត្រទាំងពីរ ពញាជ័យ និងពញាសួស បានរៀបចំធ្វើបុណ្យថ្វាយព្រះមាតា តាមទំនៀមទម្លាប់ប្រពៃណីរបៀបជារាស្ដ្រសាមញ្ញ។
ពញាជ័យ និងពញាសួស ក្រោយដែលទៅរស់នៅខេត្ដគោកសេះ អស់រយៈពេលបីឆ្នាំ ដោយក្ដីអផ្សុក នឹកនាដល់មិត្ដភ័ក្ដិជិតស្និទ្ធញាតិសន្ដាន ក៏បាននាំគ្នាវិលត្រលប់មករស់នៅភ្នំរូងកន្លែងចាស់វិញ។ បងប្អូនទាំងពីរនាក់នាំគ្នាដាំត្រសក់លក់ដោះដូររកស៊ីដើម្បី ចិញ្ចឹមជីវិត (បើតាមពង្សាវតារសម្ដេចវាំងជួន ចម្ការត្រសក់នេះស្ថិតនៅភ្នំជ្រាវ)។ ត្រសក់ទាំងនោះមានរសជាតិផ្អែមឆ្ងាញ់ពិសា ខុសប្លែកពីធម្មតា បណ្ដាលឲ្យមនុស្សម្នាជិតឆ្ងាយចូលចិត្ដនិយមមកទិញដូរហូរហែជាប់រដឹក។ ដោយសារត្រសក់មានរសជាតិផ្អែមឆ្ងាញ់ខុសគេមិនដែលមាន ទើបបានជាគេដាក់ងារឲ្យពញាជ័យថា នាយត្រសក់ផ្អែម ឬតាត្រសក់ផ្អែម។ ប្រជាពលរដ្ឋជាច្រើនស្រឡាញ់រាប់អានពញាជ័យ និងពញាសួស ហើយចូលរួបរួមធ្វើបក្សពួកជាមួយ។ អ្នកទាំងពីរក៏ធ្លាប់បានបង្ហាត់បង្រៀនអ្នកស្រុកអ្នកភូមិ ឲ្យចេះលេងភ្លេងប្រគំតូរ្យតន្ដ្រីដែរ។ កេរ្ដិ៍ឈ្មោះនាយត្រសក់ផ្អែមចេះតែល្បីល្បាញ ឮសូរខ្ចរខ្ចាយបន្ដិចម្ដងៗ ទៅគ្រប់ទិសទីក្នុងខេត្ដខណ្ឌ។
ថ្ងៃមួយ ក្របីបានដើរចូលមកស៊ីចម្ការត្រសក់ផ្អែមពញាជ័យ និងពញាសួស។ ឃើញដូច្នោះ ចៅតា ឬនាយត្រសក់ផ្អែមក៏ឆក់យកដុំថ្មដែកដែលឪពុកបានចងដៃ គប់ចោលទៅលើក្របី។ រំពេចភ្លាមនោះ ក្របីក៏ដួលងាប់នៅនឹងកន្លែង ដោយសារដុំថ្មដែកបុកប៉ះចំឆ្អឹងជំនី ធ្លាយពីម្ខាងទៅម្ខាង។ ម្ចាស់ក្របីក៏យករឿងនេះទៅប្ដឹងដល់ចៅក្រម ឲ្យជួយវិនិច្ឆ័យរកយុត្ដិធម៌ និងបង្ខំនាយត្រសក់ផ្អែមឲ្យសងក្របីវិញ។ នាយត្រសក់ផ្អែមដោះសាថា នាយគ្មានបំណងនឹងសម្លាប់ក្របីនោះទេ នាយគ្រាន់តែដេញ និងចោលដុំថ្មកំញើញប៉ុណ្ណោះ។ ហើយក្របីដែលត្រូវធ្លាយឆ្អឹងជំនីងាប់នោះ គឺបណ្ដាលមកពីកម្មរបស់វាពីជាតិមុនតែប៉ុណ្ណោះ។ ចៅក្រមបង្គាប់ឲ្យនាយត្រសក់ផ្អែមសងក្របីវិញ។ តែនាយមិនព្រម ហើយសុំតវ៉ាឡើងទៅថ្នាក់លើទៀត។
ដោយ បញ្ហាចោទប្រកាន់ និងដោះសា ពិបាកស្មុគស្មាញពេក ចៅក្រម និងនាម៉ឺនមន្ដ្រីមិនហ៊ានកាត់សេចក្ដីសំណុំរឿងនេះឡើយ ហើយក៏លើកទៅទូលថ្វាយព្រះរាជាឲ្យសម្រេច ។ ព្រះមហាក្សត្រព្រះសីហនុរាជទ្រង់បញ្ជាឲ្យនាម៉ឺនអាមាត្យរៀបធ្វើការ ពិសោធន៍ ជីកអន្លង់ ហើយយកខ្មោចក្របី(ពង្សាវតារវត្ដទឹកវិលបញ្ជាក់ថា គឺក្របីរស់ទេ ដែលស្ដេចបានយកមកពិសោធ) មកចងភ្ជាប់នឹងបង្គោលឈើ។ បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យនាយត្រសក់ផ្អែមយកដុំថ្មដែក គប់ទៅលើពោះក្របី ពោះក្របីក៏ត្រូវធ្លាយពីម្ខាងទៅម្ខាងដូចលើកមុនមែន។ ព្រះមហាក្សត្រឃើញហេតុការណ៍ដ៏អស្ចារ្យ កើតមានដូច្នេះ ក៏កាត់សេចក្ដីឲ្យនាយត្រសក់ផ្អែមរួចខ្លួន ដោយមានបន្ទូលថា “នេះជាកម្មពីអតីតរបស់សត្វក្របី”។
ព្រះមហាក្សត្រ ដែលបានភ្លក់ត្រសក់ពញាជ័យពញាសួស បានស្គាល់រសជាតិថាផ្អែមឆ្ងាញ់ពិសា ខុសពីត្រសក់ធម្មតាមែន។ ចាប់ពីថ្ងៃនោះមក ព្រះអង្គបង្គាប់ឲ្យបងប្អូនទាំងពីរនាក់បេះត្រសក់យកមកថ្វាយព្រះអង្គតាមរដូវ។ ព្រះអង្គបានដាក់ងារឲ្យថា នាយត្រសក់ផ្អែម ទទួលបេសកកម្មដាំថែរក្សាការពារ និងបេះត្រសក់ផ្អែមសម្រាប់ព្រះមហាក្សត្រ។ ព្រះអង្គបានបង្គាប់ ពួកក្រុមជាងស្មិត ឲ្យយកដុំថ្មដែកនោះ សិតធ្វើជាលំពែង ហើយប្រគល់ទៅនាយត្រសក់ផ្អែមទុកចាំយាមការពារចម្ការ។ ព្រះអង្គថែមទាំងបញ្ញត្តិប្រកាសផ្ដល់អំណាចដល់នាយត្រសក់ផ្អែម អាចប្រហារជីវិតជនណា ឬសត្វណាដែលហ៊ានចូលមកឈ្លានពានស៊ីចម្ការ និងលួចត្រសក់ផ្អែមដោយគ្មានទោសពៃរ៍អ្វីទាំងអស់។ បទបញ្ជាស្ដេចនេះ នាម៉ឺនមន្ដ្រីតូចធំ និងប្រជានុរាស្ដ្រជិតឆ្ងាយដឹងឮគ្រប់ៗគ្នា។
ថ្ងៃមួយ មិនដឹងពិភាល់មកអំពីហេតុអ្វី ស្រាប់តែព្រះបាទសីហនុរាជបញ្ជាឲ្យសព្វមុខមន្ដ្រីពលសេនា បរិវាររៀបចំក្បួនដង្ហែព្រះអង្គទៅក្រសាលលំហែកាយតាមព្រៃភ្នំ ក្នុងខេត្ដសំរោងទង ហើយបានឈប់បោះពន្លាជ័យនៅម្ដុំខាងជើងចម្ការត្រសក់នាយ ត្រសក់ផ្អែម។ នៅគង់ប្រថាប់លេងទីនេះ ស្រាប់តែព្រះអង្គកើតមានចិត្ដមន្ទិលសង្ស័យ មិនអស់ចិត្ដនឹងការស្មោះត្រង់របស់នាយត្រសក់ផ្អែម ខ្លាចក្រែងនាយបេះត្រសក់យកទៅលក់ដូរឲ្យអ្នកផ្សេងដទៃ។ ពេលយប់ ព្រះសីហនុរាជនាំមហាត្លឹកជំនិតពីរនាក់ទៅជាមួយ ដើម្បីស៊ើប លបលួចចូលក្នុងចម្ការត្រសក់ រង់ចាំមើលកាយវិការនាយត្រសក់ផ្អែម។ ព្រះអង្គចូលទៅដល់ទួលមួយក្នុងចម្ការ។ គ្រានោះ នាយត្រសក់ផ្អែមមិនទាន់ដេកលង់លក់នៅឡើយទេ។ នាយកំពុងលេងភ្លេងលំហែកាយ។ ទោះជាកំពុងលេងភ្លេងក៏ដោយ ក៏ភ្នែកនាយរំពៃមើលយាមចម្ការត្រសក់ដែរ។ ភ្លាមនោះ នាយមើលឃើញស្រមោលមនុស្ស កំពុងតែដើរលបលួចចូលក្នុងចម្ការ។ ស្មានថាចោរ មិនបង្អង់យូរនាយត្រសក់ផ្អែមចាប់យកលំពែងគប់ចោលភ្លែត សំដៅស្រមោលនោះ។ ផ្លែលំពែងបានបុកទម្លុះធ្លាយចំដើមទ្រូងស្ដេចសីហនុ សុគតក្នុងពេលនោះភ្លាមទៅ។ នាយត្រសក់ផ្អែមឃើញមនុស្សដេកដួលស្លាប់នៅនឹងកន្លែង ក៏យកភ្លើងមកឆ្លុះមើល។ ស្រាប់តែនាយឃើញជាក់ច្បាស់ថា ចោរនោះ គ្មាននណាក្រៅពីស្ដេចឡើយ។ នាយភ័យតក់ស្លុតឥតឧបមា ស្រែកដង្ហោយយំនឹកស្រណោះព្រះករុណា។ កន្លែងដីទួលដែលតាត្រសក់ផ្អែមចាក់សម្លាប់ស្ដេចបានជាប់ឈ្មោះជា រៀងរហូតមកថា ទួលចាក់ស្ដេច។
ព្រះបាទសីហនុរាជ ព្រះមហាក្សត្រខ្មែរទី២៤ បានសុគតនៅឆ្នាំខាលក្នុងព្រះជន្ម ៧១ វស្សា។ ព្រះអង្គសោយរាជសម្បត្តិប្រទេសកម្ពុជាបានចំនួន ៥៣ ឆ្នាំ។
មហាត្លឹក ទាំងពីរឃើញដូច្នោះភ័យស្លន់ស្លោរត់ប្រាសយករួចខ្លួន ហើយយករឿងរ៉ាវព្រឹត្ដិការណ៍ទាំងប៉ុន្មានទៅប្រាប់អស់គ្រប់នាម៉ឺន មុខមន្ដ្រីតូចធំក្នុងនគរ។ នាម៉ឺនមុខមន្ដ្រីតូចធំគ្រប់ជាន់ថ្នាក់ ក្រុមបុរោហិត ហោរា និងអាចារ្យ ដែលដង្ហែតាមស្ដេច បាននាំគ្នាទៅដល់ទីកន្លែងស្ដេចសុគត ឃើញពិតដូចដែលអាមាត្យបានអធិប្បាយ។ អ្នកទាំងនោះប្រជុំពិភាក្សាវែកញែកប្ដូរយោបល់គ្នាទៅ យល់ឃើញថា នេះជាកម្មរបស់ព្រះមហាក្សត្រតែប៉ុណ្ណោះ។ កម្មនេះ បាននាំឲ្យព្រះអង្គគិតយល់ខុស ហើយដែលជាហេតុបណ្ដាលឲ្យព្រះអង្គអស់ព្រះជន្ម។ ដូច្នេះ គេមិនអាចទម្លាក់កំហុសទៅលើនាយត្រសក់ផ្អែមបានឡើយ។
នាម៉ឺន មន្ដ្រីទាំងអស់បានកត់សម្គាល់ថា ព្ររាជវង្សព្រះមហាក្សត្រព្រះសីហនុត្រូវចប់ ដោយគ្មានអ្នកស្នងរាជ្យបន្ដហើយក៏មូលមតិគ្នា យល់ថានាយត្រសក់ផ្អែមជាមនុស្សមានបុណ្យធំអស្ចារ្យ មានដូចកាលរឿងសម្លាប់ក្របី ជាភ័ស្ដុតាង។ គាត់មានមាឌធំដំបង ហើយកាលគាត់ដេកលក់ម្ដងៗ គាត់ស្រមុកលាន់ឮរំពងដូចផ្គរ(ពង្សាវតាររបស់ព្រះអម្ចាស់នព្វរត្ន)។ ម្យ៉ាងវិញទៀត គេយល់ថា ពញាជ័យ និងពញាសួសពីរនាក់បងប្អូននេះ មានអាយុវែងជាងមនុស្សធម្មតា មានលំពែងមុតមាំខ្លាំងពូកែ ជាប់វង្សត្រកូលជាក្សត្រ ហើយប្រជាជនជិតឆ្ងាយស្រឡាញ់គោរពរាប់អាន ចុះចូលជាច្រើន (ពង្សាវតារវត្ដទឹកវិល)។ ដូចនេះគួរថ្វាយរាជសម្បត្តិនគរខ្មែរដល់តាត្រសក់ផ្អែម។ ព្រឹកព្រហាម នាម៉ឺនមុខមន្ដ្រីតូចធំគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមបុរោហិត ហោរា និងអាចារ្យ បាននាំគ្នារៀបចំក្បួនមកដង្ហែសុំយាងតាត្រសក់ផ្អែមឲ្យឡើងសោយរាជ្យ។ តែ តាត្រសក់ផ្អែមមិនព្រមទទួល ពីព្រោះកាលណាឡើងធ្វើស្ដេចទៅរស់នៅក្នុងវាំង គាត់លែងបានជួបជុំមិត្ដភ័ក្ដិ លែងបានលេងភ្លេង ប្រគំតូរ្យតន្ដ្រី លែងបានស្ដាប់សំឡេងគោក្របី បក្សាបក្សី ហ៊ីងកង្កែប យំទៀតហើយ។ នាម៉ឺនមន្ដ្រីទាំងឡាយនាំគ្នាអង្វរករ ហើយសន្យាថា នឹងរៀបចំឲ្យមានប្រគំភ្លេងតូរ្យតន្ដ្រី រៀងរាល់ថ្ងៃ រាល់ពេលវេលា នៅក្នុងបរមរាជវាំង។
តន វិបុល រឿងរ៉ាវទាក់ទងនឹងតាត្រសក់ផ្អែមធ្វើឃាតស្ដេច ហើយឡើងសោយរាជ្យបន្តកាលពីពាក់កណ្ដាលសតវត្សរ៍ទី១៤ ដែលមានការនិទានតគ្នារហូតមានសរសេរក្នុងសៀវភៅព្រះរាជពង្សាវតារខ្មែរត្រូវបានអះអាងដោយអ្នកស្រាវជ្រាវថា គួរតែគ្មាននៅក្នុងប្រវត្តិសាស្ត្រខ្មែរទេ ហើយការណ៍ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលប្រវត្តិសាស្ត្រមិនពិតនេះក្នុងកម្មវិធីសិក្សាគួរតែមានការកែសម្រួលឡើងវិញ។ អ្នកប្រវត្តិសាស្ត្រ៖ គ្មានស្ដេចត្រសក់ផ្អែមសោយរាជ្យក្នុងសតវត្សរ៍ទី១៤ទេ គំហើញថ្មីនេះត្រូវបានលោក វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើបទបង្ហាញក្នុងបាឋកថារបស់លោកដែលរៀបចំដោយពុទ្ធសាសនបណ្ឌិត្យកាលពីថ្ងៃសៅរ៍ ដោយមានអ្នកសិក្សាស្រាវជ្រាវជាច្រើនបានចូលរួមស្ដាប់ការបង្ហាញរបស់លោក។
មូលហេតុដែលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្ររូបនេះអះអាងដូចនេះ ដោយសារតែលោករកឃើញភស្ដុតាងមួយចំនួនតាមរយៈសិលាចារឹក ពង្សាវតាររបស់ប្រទេសឡាវ និងឯកសាររបស់លោក ហ្សកសឺដេស អ្នកប្រាជ្ញប្រវត្តិសាស្ត្រជនជាតិបារាំង ព្រមទាំងលោកត្រឹងងា អ្នកប្រវត្តិសាស្ត្រជនជាតិខ្មែរជាដើម។
លោក វង់ សុធារ៉ា បាននិយាយថា៖ «ប្រវត្តិសាស្ត្រស្ដេចត្រសក់ផ្អែមត្រូវបាននិពន្ធនិងចងក្រងឡើងវិញនៅក្នុងអំឡុងសតវត្សរ៍ទី១៨ និងសតវត្សរ៍ទី១៩ ដែលគ្មានក្បួនច្បាប់ស្រាវជ្រាវត្រឹមត្រូវ។ ដូច្នេះវាជាមូលហេតុមួយមិនបានឆ្លុះបញ្ចាំងដល់ប្រវត្តិសាស្ត្រត្រឹមត្រូវក្នុងសតវត្សរ៍ទី១៤នោះទេ»។
លោកបន្តថា៖ «លោក ហ្សកសឺដេស អ្នកស្រាវជ្រាវជនជាតិបារាំងដែលគេចាត់ទុកជាបិតាប្រវត្តិសាស្ត្រខ្មែរ ក៏មិនបានយល់ស្របក្នុងប្រវត្តិសាស្ត្រខ្មែរមានព្រះមហាក្សត្រជាអ្នកដាំត្រសក់នោះដែរ ដោយអ្នកស្រាវជ្រាវបញ្ជាក់រកឃើញថា ប្រវត្តិសាស្ត្រដែលទាក់ទងនឹងស្ដេចត្រសក់ផ្អែម ជារឿងនិទានដែលមានប្រភពចេញមកពីប្រទេសភូមាក្នុងសតវត្សរ៍ទី១០»។
វាជារឿងនិទាននិយាយពីអ្នកដាំត្រសក់ដែលបានធ្វើឃាតស្ដេចដោយការភាន់ច្រឡំពេលដែលស្ដេចយាងទៅឃ្លាំមើលអ្នកដាំត្រសក់។ រឿងនិទាននេះបានបន្តថា បន្ទាប់ពីស្ដេចសុគត ហើយមិនមានអ្នកស្នងរាជ្យបន្ត ក៏លើកម្ចាស់ចម្ការត្រសក់ផ្អែមឡើងសោយរាជ្យជាស្ដេច។
រឿងនិទាននេះត្រូវបានគេដាក់បញ្ចូលជាតំណប្រវត្តិសាស្ត្រនៃព្រះរាជពង្សាវតារខ្មែរ ហើយត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ចំណែកលោក ហ្សកសឺដេស បានសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរដោយមិនបញ្ចូលតួអង្គត្រសក់ផ្អែមក្នុងប្រវត្តិសាស្ត្រខ្មែរឡើយ។
លោក វង់ សុធារ៉ា ពន្យល់ថា តាមពិតក្នុងអំឡុងពេលពាក់កណ្ដាលសតវត្សរ៍ទី១៤ ព្រះបាទជ័យវរ្ម័នទី៩ ដែលគេស្គាល់តាមសិលាចារឹក K.៤០៧ និងសិលាចារិក K.៣០០ ទ្រង់គង់នៅមានព្រះជន្មនៅឡើយ បន្ទាប់ពីព្រះអង្គបានបញ្ជូនទូតទៅកាន់ប្រទេសចិននៅឆ្នាំ ១៣៣០ និងទូតចិនមកកាន់ប្រទេសកម្ពុជា១៣៣៥ គឺគេពុំបានដឹងថាព្រះបាទជ័យវរ្ម័នទី៩ នៅមានព្រះជន្មរហូតមកដល់ពេលណាទេ។
លោកបកស្រាយបន្តថា ក្រៅពីភស្ដុតាងប្រវត្តិសាស្ត្រទាំងនោះ លោកផ្អែកលើភស្ដុតាងប្រវត្តិសាស្ត្រមួយទៀត គឺព្រះរាជពង្សាវតាររបស់ប្រទេសឡាវ ដែលអះអាងថា នៅឆ្នាំ១៣៥៨ ព្រះបាទជ័យវរ្ម័នទី៩មិនទាន់សោយទីវង្គតនៅឡើយ ទេ។ ដូច្នេះក្នុងព្រះរាជពង្សាវតារខ្មែរសរសេរថា មានស្ដេចត្រសក់ផ្អែមសោយរាជ្យកំឡុងពេលជាមួយនឹងគ្នានេះមិនត្រឹមត្រូវទេ។
លោកនិយាយថា៖ «ឆ្លងកាត់តាមការរកឃើញគំហើញថ្មីនេះ ខ្ញុំយល់ថា ស្ដេចត្រសក់ផ្អែម គឺជាការប្រឌិតឡើងក្នុងប្រវត្តិសាស្ត្រយើង ឬអ្នកសរសេរប្រវត្តិសាស្ត្រចេះតែចាប់ដាក់បញ្ចូលក្នុងប្រវត្តិសាស្ត្រដែលធ្វើឱ្យមានការភាន់ច្រឡំដោយសារតែចាប់តាំងពីក្រោយឆ្នាំ ១៣២៧ មក យើងលែងមានសិលាចារិកកត់ត្រាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ»។
លោកបន្ថែមថា៖ «ការសិក្សាស្រាវជ្រាវនូវប្រវត្តិសាស្ត្រពិត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយបញ្ហា ជាពិសេសការផ្សះផ្សារបញ្ហាក្នុងប្រវត្តិសាស្ត្រជាមួយប្រទេសជិតខាង។ ជាងនេះទៅទៀត យើងមិនគួរឱ្យកូនខ្មែររៀនអំពីអ្វីដែលជាប្រវត្តិសាស្ត្រមិនពិតនោះទេ»។
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្ញើចសរសើរចំពោះការលះបង់ក្នុងបុព្វហេតុស្រាវជ្រាវស្វែងរកប្រវត្តិសាស្ត្រពិត ប៉ុន្តែគំហើញថ្មីនេះហាក់ប្រឆាំងទៅនឹងឯកសារមហាបុរសខ្មែរ ព្រះរាជពង្សាវតារខ្មែរ និងឯកសារប្រវត្តិសាស្ត្រខ្មែរផ្សេងទៀត ដែលបានសរសេរថា ព្រះបាទត្រសក់ផ្អែមបានឡើងសោយរាជ្យក្នុងប្រវត្តិសាស្ត្រខ្មែររវាងពាក់កណ្ដាលសតវត្សរ៍ទី ១៤ បន្ទាប់ពីបានធ្វើឃាតស្ដេចដោយការភាន់ច្រឡំ។
លោកបន្តថា ការរកឃើញថ្មីពុំមានជាការអាក្រក់ទេ ក៏ប៉ុន្តែការរកឃើញតឹកតាងថ្មីដោយលោក វង់ សុធារ៉ា គឺត្រូវការពេលវេលាជាច្រើនទៀត ដើម្បីបញ្ជ្របនូវគំនិត ទស្សនៈ ការយល់ដឹងថ្មីរបស់លោកក្នុងការដាក់ចូលទៅក្នុងសង្គមទទួលស្គាល់។
លោកបន្ថែមថា៖ «ប្រសិនបើយើងចង់កែប្រែប្រវត្តិសាស្ត្រលុះត្រាតែយើងចូលទៅក្នុងក្រុមប្រឹក្សាមួយ ដើម្បីជួយបំពេញលក្ខខណ្ឌសម្រាប់ឱ្យអ្នកសិក្សាទាំងឡាយកាលពីមុនបានយល់ដឹងទាំងអស់គ្នា។ ដូច្នេះទស្សនៈទាំងអស់នេះ គឺត្រូវការពេលវេលា»៕
No comments:
Post a Comment