Sunday, February 18, 2024

ព្រះ​ជ័យជេដ្ឋា​ទី​៥ អង្គ​ស្ងួន (១៧៤៩-១៧៥៥)

ព្រះ​ជ័យជេដ្ឋា ពេល​នោះ​មាន​ព្រះ​ជន្ម​៤២​ព្រះ​វស្សា​ហើយ ។ ព្រះ​អង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ធម្មោរាជា ដែល​ព្រះ​សុរិយោពណ៌​អង្គ​ហ៊ីង​បាន​ធ្វើ​គុត ។ ព្រះ​អង្គ​ត្រូវ​បាន​អភិសេក​ឱ្យ​ឡើង​សោយរាជ្យ​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ស្រី​ជ័យជេដ្ឋា​ធិរាជ​បរម​បពិត្រ» ។

ព្រះ​អង្គ​ទទួល​ស្គាល់​គុណូបការៈ​របស់​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់ ដែល​បាន​ស៊ូ​ប្ដូរ​នឹង​ព្រះ​អង្គ​នៅ​ក្នុង​ពេល​មាន​សង្គ្រាម​ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​ក៏​តែង​តាំង​ឱ្យ​ធ្វើ​ជា​ចៅហ្វ៊ា​គឺ​នាយក​រដ្ឋមន្ដ្រី ។​ ការ​លើក​តម្កើង​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​នេះ បាន​ធ្វើ​ឱ្យ​នាម៉ឺន​មន្ដ្រី​ចាស់ៗ​កើត​ការ​ច្រណែន ក៏​ឃុបឃិត​គ្នា​ធ្វើ​យ៉ាង​ណា​បំបែក​លោក​ចៅហ្វ៊ា​ចេញ​ពី​ព្រះ​ទ័យ​ព្រះរាជា ។​ ពួក​មន្ដ្រី​ទាំង​អស់​នោះ​ចាក់រុក​ថា​លោក​ចៅហ្វ៊ា​ក្បត់​មាន​បំណង​ចង់​ដណ្ដើម​យក​រាជសម្បត្ដិ​រហូត​ដល់​ព្រះរាជា​ជឿ​ ហើយ​បាន​ចាត់​ឱ្យ​ជន​ម៉ាឡេ​ម្នាក់​ឈ្មោះ​ថា​ ប៉ូឡឺម៉ែន​លួច​ធ្វើឃាត​លោក​ចៅហ្វ៊ា​ចោល ។​ លោក​ចៅហ្វ៊ា​អុក​ដឹង​រឿង​នេះ​ក៏​គេច​ខ្លួន​ទៅ​នៅ​ឯ​ស្រុក​សៀម​ទៅ​ ហើយ​ព្រះរាជា​ក៏​លើក​ឧកញ៉ា​ចក្រី​ពូ​ឱ្យ​ឡើង​ជំនួស​វិញ ។

នៅ​ឆ្នាំ​១៧៥១ ពួក​អ្នក​អង្គ​ម្ចាស់​ដែល​ភៀស​ព្រះ​កាយ​ទៅ​គង់​នៅ​ឯ​ស្រុក​សៀម​តាំងពី​ឆ្នាំ​១៧៤៨ បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះរាជា​សៀម​ឱ្យ​វិល​ត្រលប់​មក​ស្រុក​វិញ ហើយ​បាន​មក​តាំង​ព្រះរាជ​ដំណាក់​នៅ​ពាម​ចាស់ ក្នុង​ស្រុក​ពោធិ​មេបា ។ ព្រះ​ឧបរាជ​ឧទ័យ ដែល​ប្រហែល​ជា​មិន​គាំទ្រ​ផែនការ​របស់​ព្រះ​បិតា​របស់​ព្រះ​អង្គ​ក្នុង​ការ​ទម្លាក់​ព្រះរាជា​ស្រី​ជ័យជេដ្ឋា​ពី​រាជសម្បត្ដិ​បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​នៅ​អង្គរវត្ដ ។​ ចំណែក​ព្រះ​អង្គ​ទង​ដែល​គេ​បង្ខំ​ឱ្យ​ទទួល​តួនាទី​ជា​ព្រះ​ឧភយោរាជ បន្ទាប់​ពី​ការ​ជ្រើស​រើស​ព្រះ​មហាក្សត្រ​ថ្មី​ឱ្យ​គ្រង​រាជបល្ល័ង្ក​ហើយ​នោះ បាន​យាង​ទៅ​គង់​នៅ​ក្នុង​ខែត្រ​ក្រង ស្ថិត​នៅ​តាម​មាត់​ច្រាំង​ទន្លេ​ខាងស្ដាំ​ភាគ​ខាងត្បូង​បំផុត​នៃ​បឹង​ទន្លេសាប ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ មាន​មន្ដ្រី​ម្នាក់​ឈ្មោះ​ថា ក្សេត្រ​ឯក ដែល​ភៀសខ្លួន​ទៅ​នៅ​ស្រុក​សៀម បាន​រៀបចំ​ផែនការ​ទម្លាក់​ព្រះ​ស្រី​ជ័យជេដ្ឋា​ចេញ​ពី​រាជបល្ល័ង្ក ដើម្បី​លើក​អ្នក​អង្គ​ម្ចាស់​តន់ បុត្រា​របស់​ព្រះ​ឧបរាជ ដែល​យាង​ចូល​សាង​ព្រះ​ផ្នួស​នៅ​អង្គរវត្ដ​ឱ្យ​ឡើង​សោយរាជ្យ​វិញ ។ មន្ដ្រី​នោះ​បាន​បញ្ជូន​កូន​ប្រុស​របស់​ខ្លួន​ឱ្យ​ទៅ​កេណ្ឌ​ទ័ព​ក្នុង​ចំណោម​អ្នកស្រុក​ដែល​រស់នៅ​ឯ​ភ្នំ​ខ្ជោល ។ ទៅ​ដល់​ភ្នំ​ខ្ជោល កូន​មន្ដ្រី​នោះ​បាន​ជួប​ជាមួយ​មនុស្ស​ឡប់សតិ​ម្នាក់​ឈ្មោះ សួស ដែល​អ្នកស្រុក​គោរព​ស្រលាញ់ ជឿ​ថា​ជា​មនុស្ស​មាន​បុណ្យ​មាន​កម្លាំង​មហិមា ហើយ​នាំ​គ្នា​ហៅ​ថា សីល​សួស ។ ផែនការ​ក្បត់​នេះ​បាន​ធ្វើ​ឱ្យ​រំខាន​ដល់​ព្រះ​ឧភយោរាជ​ជា​ខ្លាំង ព្រះ​អង្គ​ក៏​រៀបចំ​អន្ទាក់​ចាប់​ក្សេត្រ​ឯក​បាន រួច​ហើយ​ក៏​សម្លាប់​ចោល​ទៅ ។ ពេល​នោះ​សីល​សួស​មាន​ទ័ព​៣​ពាន់​នាក់ បាន​ប្រកាស​ខ្លួន​ឡើង​ជា​ព្រះ​អង្គ​យ៉ង ជា​ឈ្មោះ​អ្នក​អង្គ​ម្ចាស់​មួយ​អង្គ​ដែល​សុគត​យូរ​ណាស់​មក​ហើយ ហើយ​បាន​លើក​ជន​ខ្វិនខ្វង់​ម្នាក់​ជា​ស្ដេច ដាក់​ឈ្មោះ​ថា ព្រះបាទ​អង្គុលី​រាជ ។ ព្រះ​ឧភយោរាជ​បាន​កេណ្ឌ​កម្លាំង រួច​ហើយ​យាង​ទៅ​កាន់​ភូមិ​ក្បាល​ក្របី នៅ​ខាងលិច​ឧត្ដុង្គ ជាទី​កន្លែង​ដែល​កូន​របស់​ក្សេត្រ​ឯក និង​សីល​សួស​រស់​នៅ ដោយ​មាន​ព្រះកែវ​ហ្វ៊ា និង​ព្រះ​អង្គ​អាត ទៅ​ជាមួយ​ផង ។ មនុស្ស​ទាំង​២​នាក់​នេះ ត្រូវ​គេ​ចាប់​បាន ហើយ​សម្លាប់​ចោល​ទៅ ។ បន្ទាប់​មក ព្រះ​ឧភយោរាជ​បាន​នាំ​ទ័ព​ទៅ​វាយ​ស្ដេច​អង្គុលីរាជ​ទៀត ។ ទ្រង់​បាន​វាយ​បំបែក​ទ័ព​របស់​ស្ដេច​នេះ រួច​ចាប់​ស្ដេច​អង្គុលីរាជ​យក​ទៅ​សម្លាប់​ចោល​នៅ​ឯ​កំរែង​ភ្នំ​ស្រង់ នៅ​ក្នុង​ខែត្រ​ក្រង ។

ប្រហែល​នៅ​ចុង​ឆ្នាំ​១៧៥៣ ព្រះ​ឧភយោរាជ​បាន​យាង​មក​គង់​នៅ​ឧត្ដុង្គ​វិញ ដើម្បី​ឱ្យ​បាន​ជិត​ព្រះរាជា ជា​ព្រះ​ភាគិនេយ្យ ។​ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត​ បុត្រា​របស់​ព្រះ​អង្គ​គឺ​អ្នក​អង្គ​សូរ​ ហៅ​ព្រះ​ឧបរាជ​ឧទ័យ​បាន​សោយ​ទិវង្គត​នៅ​ក្នុង​វត្ដ​អង្គរវត្ដ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤០​ព្រះ​វស្សា ។ បុត្រា​របស់​ព្រះ​អង្គ បាន​ប្រកាន់​យក​នាម​ព្រះ​បិតា​ថា ព្រះ​ឧទ័យ ដើម្បី​ជា​ការ​បញ្ជាក់​ថា​ព្រះ​អង្គ​ទ្រង់​ឡើង​ស្នង​បន្ដ​ពី​ព្រះ​បិតា ។ ប៉ុន្ដែ​ឋានៈ​ជា​ព្រះ​ឧបរាជ​បាន​ត្រូវ​ធ្លាក់​ទៅ​លើ​ព្រះ​អង្គ​ហ៊ីង​ស្រី​សុរិយោពណ៌ ដែល​ត្រូវជា​បុត្រា​របស់​អតីត​ព្រះរាជា​ព្រះ​ជ័យជេដ្ឋា ហើយ​ជា​ឃាតក​ព្រះរាជា​ធម្មោរាជា​អង្គ​ឯម​នៅ​ឆ្នាំ​១៧៤៧ ។

ព្រះរាជា​ជ័យជេដ្ឋា​បាន​សុគត​នៅ​ក្នុង​ឆ្នាំ​១៧៥៥​ក្នុង​ព្រះ​ជន្មាយុ​៤៦​ព្រះ​វស្សា​ក្រោយ​ពី​ទ្រង់​សោយរាជ្យ​សម្បត្ដិ​បាន​៧​ឆ្នាំ ។

No comments:

Post a Comment