ព្រះ រាជ ជីវប្រវត្តិ ទ្រង់អ្នក អង្គ ម្ចាស់ នរោត្តម ចន្ទរង្សី
បាន ប្រសូត នៅ ឆ្នាំ១៩២៦ ត្រូវ នឹង ឆ្នាំខាល នៅ ក្នុង ស្ថានភាព មួយ ដែល ប្រទេស កម្ពុជា ស្ថិតនៅ ក្រោម នឹម អាណានិគម បារាំង ។ បិតា ព្រះ អង្គ មាន ព្រះនាម ថា ព្រះអង្គម្ចាស់ ចន្ទលេខា ហៅ ព្រះអង្គម្ចាស់ តូ ដែល ត្រូវ ជា បុត្រ របស់ ព្រះបាទ នរោត្តម ជាមួយ នឹង អ្នកម្នាង តាត ។ មាន ប្អូនស្រី រួម ផ្ទៃ ម្នាក់ ឈ្មោះ អ្នកអង្គម្ចាស់ ង៉ែត។ ព្រះ អង្គ បាន ចូល ប្រឡូក ក្នុង ជីវភាព នយោបាយ ដំបូង នៅ មាន វត្តមាន ជប៉ុន មក ប្រទេស កម្ពុជា កំឡុង ពាក់កណ្ដាល ចុងក្រោយ នៃ ទសវត្ស ឆ្នាំ ១៩៤០ ។ ព្រះ អង្គ បាន ចូល រួម ជា សមាជិក ក្នុង“ទាហាន ស្ម័គ្រចិត្ត” ដែល ត្រូវ បាន បង្កើត ឡើង ក្រោម ការ ឧបត្ថម្ភ គាំទ្រ ពី សំណាក់ យោធា ជប៉ុន ។
ចលនាខ្មែរ ឥស្សរៈ ( ពុត ឆាយ សម សារី សឺង ង៉ុកថាញ់ ទូសាមុត...។
ផែនទី ចលនាខ្មែរឥស្សរៈ ដែលជា ចលនាសង្រ្គាម ប្រឆាំងបារាំង ANTI -FRANCE WAR ប្រែក្លាយមកជា ចលនាសេរីប្រឆាំងបារាំង ចលនា កំម្មុយនីស្តប្រឆាំងបារាំង រួចឈានទៅ ចលនារួម គឺ ចលនាឥស្សរៈ ដែលមាន ខ្មែរឥស្សរៈ ចាមឥស្សរៈ លាវឥស្សរៈ ថៃឥស្សរៈ វៀតណាមឥស្សរៈ ស្ថិតក្រោម ការដឹកនាំបញ្ជាដោយ កងទ័ពជប៉ុន និង កងទ័ពអាមេរិក
នៅ ថ្ងៃ ០៩ មីនា ឆ្នាំ១៩៤៥ ជប៉ុន បាន ចាប់ខ្លួន កងទ័ព អ្នក រដ្ឋការ និង ជនស៊ីវិល បារាំង ហើយ បី ថ្ងៃ ក្រោយមក ពួកគេ បាន ជួយ ជំរុញ ឱ្យ សម្ដេច នរោត្ដម សីហនុ ប្រកាស ឯករាជ្យ កម្ពុជា ។ វាសនា ជប៉ុន នៅ លើ ទឹកដី កម្ពុជា មិន មាន រយៈពេល វែង ឡើយ ដោយ សារ ឥទ្ធិពល របស់ ពួកគេ បាន ធ្លាក់ ចុះ ក្រោយពេល គេ ចាញ់ សង្គ្រាមលោក លើក ទី២ ។ បារាំង ក៏ បាន វិល ត្រលប់ មក កាន់ ទឹកដី កម្ពុជា វិញ ដែល ជាហេតុ ធ្វើ ឱ្យ អ្នក ទាំងឡាយ ណា បាន ធ្វើ សហប្រតិបត្តិការ ជាមួយ ជប៉ុន ដូចជា “ក្រុម ទាហាន ស្ម័គ្រចិត្ត” ជា ដើម មាន ការ ភ័យ ខ្លាច បារាំង ចាប់ ខ្លួន។ “ក្រុមទាហាន ស្ម័គ្រ ចិត្ត” ត្រូវ រំសាយ ខ្លួន ជា ស្វ័យប្រវត្តិ ។ ចំណែក ទ្រង់ ចន្ទរង្សី ក៏ បាន គេច ចេញទៅ ខេត្ត បាត់ដំបង ដែល កាលនោះ ជា ទឹកដី ស្ថិតនៅ ក្រោម ការ គ្រប់គ្រង របស់ ថៃ ។ នៅ ទី នោះ ទ្រង់ បាន ចូលរួម ជាមួយ ចលនា ខ្មែរ ឥស្សរៈ ដែល ត្រូវ បាន បង្កើត ដោយ លោក ប៉ុក គុណ និង លោក រស់ យឿន រួច ទៅ ហើយ ។ គេ បាន ឱ្យ ទ្រង់ កាន់ តំណែង ជា មេបញ្ជាការ កងវរសេនាតូច ។ ពួក គេ បាន ធ្វើ សកម្មភាព ផ្សេងៗ ក្រោម ការ ជួយ គាំទ្រ ពី ថៃ រហូត ដល់ ពេល ដែល ខេត្ត បាត់ដំបង ត្រូវ ផ្ទេរ មក ក្រោម ការគ្រប់គ្រង របស់ ប្រទេស កម្ពុជា វិញ ។ក្រុម ខ្មែរ ឥស្សរៈ ទាំង ឡាយ ត្រូវ រត់ គេច ទៅ ក្រុង បាងកក ។ នៅចន្លោះ ខែ តុលា និង ខែ វិច្ឆិកា ពួក មេ ខ្មែរឥស្សរៈ ទាំងឡាយ នាំ គ្នា ប្រជុំ មួយ ដែល ដឹកនាំ ដោយ ប៉ុក គុណ ។ ក្រោយ ការពិភាក្សា ដ៏ ល្អិតល្អន់ រវាង មេ ដឹក នាំ ល្បីៗ ដូច ជាៈ ហូល វង្ស អានុភាព, ដាប ឈួន, កៅ តក់, ស៊ីវ ហេង, ហែម សាវាង, តំណាង មកពី រដ្ឋាភិបាល ថៃ និង ពួក យៀក មិញ, សេចក្ដី សម្រេច ចំនួន បួន ត្រូវ បាន អនុម័ត ។ តាម រយៈ សេចក្ដី សម្រេច ទី៣ ទ្រង់ ចន្ទរង្សី និង ប៉ុក គុណ ត្រូវ បាន គេ បញ្ជូន ឱ្យ ទៅ បាងកក ដើម្បី ធ្វើ ជា តំណាង អន្តរជាតិ របស់ ខ្មែរ ឥស្សរៈ និង ទទួល ខុស ត្រូវ ផ្នែក ទំនាក់ ទំនង ជាមួយ អាជ្ញាធរ ថៃ និង ពួក យៀក មិញ ។ ទន្ទឹម នឹង នេះ តាម រយៈ សេចក្ដី សម្រេច ទី ៤ ទ្រង់ ត្រូវ បាន គេ តែង តាំង ជា តំណាង និង ជា និមិត្តរូប នៃ ក្រុម រាជវង្សានុវង្ស ដែល ប្រឆាំង នឹង បារាំង។
អង្គ ប្រជុំ សម្រេច ថា ខ្មែរ ឥស្សរៈ ត្រូវ ពង្រីក សកម្មភាព សង្គ្រាម ទ័ពព្រៃ ក្នុង ប្រទេស កម្ពុជា ឱ្យ បាន គ្រប់ ច្រកល្ហក ក្នុងពេលឆាប់ៗ និង ប្រកាស ឱ្យ បង្កើត រដ្ឋាភិបាល ឯករាជ នៃ ចលនា ខ្មែរឥស្សរៈ ដែល នឹង បណ្ដេញ បារាំង និង សម្ដេច សីហនុ ដោយ រក្សា សមាជិក រាជវង្ស ណា មួយ អង្គ ជា និមិត្តរូប គឺ ទ្រង់ ចន្ទរង្សី។ នៅ ក្នុងរយៈពេល រដ្ឋាភិបាល លោក ព្រីឌី ផាណុមយ៉ុង (ប្រីតី ភ្នំយង្គ) កាន់ កាប់ អំណាច ក្នុង ប្រទេស ថៃ ពួក ខ្មែរ ឥស្សរៈ បាន ទទួល នូវ ការ គាំទ្រ ជាច្រើន ពី រដ្ឋាភិបាល ថៃ ។ ប៉ុន្តែ សកម្មភាព របស់ ពួកគេ ត្រូវ បាន បញ្ចប់ ក្រោយ មាន “ពលប្រហារ” មួយ នៅ ទីក្រុង បាងកក នា ថ្ងៃ ទី០ ៧ វិច្ឆិកា ឆ្នាំ១៩៤៧ ។
ផែនទី ឥណ្ឌូចិន ឆ្នាំ ១៨៨៨ ( រដ្ឋកុលសម្ព័ន្ធភ្នំ នៅមានឯករាជ្យ មិនចំណុះ ចម្ប៉ា និង អណ្ណាម)
រដ្ឋាភិបាល ថ្មី បាន សម្រេច បញ្ឈប់ និង ចាប់ខ្លួន បណ្ដា មេ ដឹក នាំ ខ្មែរឥស្សរៈ ទាំងឡាយ ។ ចំណែក ព្រះអង្គម្ចាស់ ចន្ទរង្សី បម្រុង តែ នឹង រត់ ទៅ ហើយ តែ សំណាង ល្អ ទ្រង់ ត្រូវ បាន ប៉ុក គុណ ធានា និង រា រាំង មិន ឱ្យ គេ ចាប់ខ្លួន ទ្រង់ ទេ។ នៅ ចន្លោះ ខែ វិច្ឆិកា ឆ្នាំ១៩៤៧ និង ដើម ឆ្នាំ១៩៤៨ ទ្រង់ ចន្ទរង្សី និង បណ្ដា មេ ដឹក នាំ ខ្មែរឥស្សរៈ ដទៃ ទៀត រួម មានៈ ហែម សាវាង, ម៉ី ផូ, ស៊ីវ ហេង និង កៅ តក់ ជា ដើម បាន រត់គេច មក ទឹកដី កម្ពុជា វិញ ។ ទ្រង់ ចន្ទរង្សី បាន ប៉ះទង្គិច គ្នា ជាមួយ ពួក យៀក មិញ ព្រោះ ពួកគេ បាន ចោទប្រកាន់ ថា ទ្រង់ គឺជា ពួក សក្ដិភូមិ ប្រតិកិរិយា ។ ដូចនេះ ទ្រង់ ក៏ បាន បង្កើត ក្រុម ឥស្សរៈ មួយ ដោយខ្លួនឯង ដែល ប្រតិបត្តិការ នៅ ភាគ ខាងត្បូង នៃ ខេត្ត បាត់ដំបង ដំណាល ពេល ដែល មេដឹកនាំ ឥស្សរៈ ដទៃ ទៀត ដូចជាៈ លាវ កែវមុនី និង កៅ តក់ បាន រួម សហការ គ្នា នៅ ភាគ ខាង ជើង ខេត្ត បាត់ដំបង និង ខេត្ត សៀមរាប ។ ទ្រង់ បាន ផ្ដាច់ ខ្លួន ចេញពី “គណៈកម្មាធិការ រួបរួម ជាតិ” ដោយ ដាក់ ឈ្មោះ ចលនា របស់ ទ្រង់ ថា ចលនា ឆ្ពោះ ទៅ “ មាគ៌ា សន្តិភាព” ។ ចលនា នេះ មាន ទស្សនៈ ផ្ទុយពី ទ្រឹស្ដី កុម្មុយនិស្ត ហើយ លើក តម្កើង ការ គោរព សិទ្ធិមនុស្ស ។ ក្រុម របស់ ទ្រង់ បាន ធ្វើ ប្រតិបត្តិការ ជា បន្ត បន្ទាប់ និង ពង្រីក ដែនដី ត្រួតត្រា បន្តិច ម្តងៗ រហូតដល់ ទឹកដី ខេត្ត កំពង់ស្ពឺ ។
ផែនទី រដ្ឋបាល ខ្មែរ បារាំង
២.ការ បង្កើត ចលនាតស៊ូ ថ្មី
តាំងពី ពេល នោះ មក ក្រុម ឥស្សរៈ របស់ ទ្រង់ នរោត្តម ចន្ទរង្សី ត្រូវ បាន គេ ស្គាល់ ថា ជា “គណៈកម្មាធិការ ខ្មែរ កសាង ជាតិ ភាគ៤” ដែល មាន ដែនដី គ្រប់គ្រង ចាប់ ពី ផ្នែក ព្រំ ប្រទល់ ខ្មែរ-ថៃ ភាគ ខាងក្រោម រហូតដល់ ខេត្ត កំពង់ស្ពឺ ម្ដុំ តំបន់ រលាក់កងជើង កន្ទេល ឬស្សីជ្រំ ស្រីស្រំ វាល វែង ។ បើ តាម ប្រសាសន៍ លោក នី វ៉ាន់ ធី បាន ឱ្យ ដឹង ថា កាល ពី ដើម ឡើយ ក្រុម នេះ មាន កម្លាំង ប្រហែល ៣០ នាក់ ដែល ត្រូវ បាន គេ បញ្ជា ឱ្យ ចុះ មក កាន់ ត្បូង ឃ្មុំ ខេត្ត កំពង់ ចាម ដើម្បី បំផ្លិច បំផ្លាញ សេដ្ឋកិច្ច ខ្មាំង រួម មាន ចម្ការកៅស៊ូ បារាំង ជាដើម ។
បុគ្គល សំខាន់ៗ ទាំងនោះ មាន ដូច ជាៈ លោក ហែម សាវ៉ាង, លោក ហ៊ឹម ខាន់, លោក ចន្ទ តោត្រេស និង លោក សុក សេង រឿង មុនី ។ កាលណោះ ក្រុម នេះ ធ្វើ ដំណើរ តាម អាណា ខេត្ត ភាគ ខាងលិច បឹងទន្លេសាប នៅចន្លោះ ខេត្ត កំពង់ ឆ្នាំង កំពង់ ហ្លួង និង ពញា ឮ ប៉ុន្តែ ដោយសារ កងទ័ពជើងទឹក បារាំង យាម កាម តាម ដង ទន្លេ តឹងរ៉ឹង ពេក ជាហេតុ ធ្វើ ឱ្យ ទ្រង់ មិន អាច បន្ត ដំណើរ ឆ្លងកាត់ ទៅ ត្រើយ ខាងកើត ទន្លេ សាប បាន ហើយ ក៏ សម្រេច ព្រះ ទ័យ តាំង ទី នៅ ទីនោះ សិន ។
ក្រោយ ពី ទ្រង់ បាន ពង្រឹង អំណាច ត្រួត ត្រា បាន រឹង មាំ ហើយ ទ្រង់ ក៏ បាន រៀប ចំ ពិធី ប្រកាស បង្កើត “គណៈ កម្មាធិការ ខ្មែរ កសាង ជាតិ ភាគ ទី៤” នៅ ក្នុង កំឡុង ឆ្នាំ១៩៤៩ ។ ក្រុម នេះ មាន សញ្ញា សម្គាល់ ទង់ ព័ណ៌ ក្រហម ដែល មាន រូប ប្រាសាទ កំពូល បី ព័ណ៌ លឿង នៅ ចំ កណ្ដាល ។ ទោះ បី ទ្រង់ ស្ថិតនៅ ក្នុង ត្រកូល ក្សត្រ ដែល ត្រូវ បាន តំណាង ដោយ ជាយ ទង់ ព័ណ៌ ខៀវ ដូច ជា ទង់ របស់ ជាតិ ទ្រង់ មិន បាន ជ្រើស យក ព័ណ៌ ខៀវ នេះ ជា សញ្ញា សម្គាល់ ដែរ ដោយ ហេតុ ថា ទ្រង់ មិន ចូល ចិត្ត របប រាជនិយម តែ ចូល ចិត្ត របប សាធារណរដ្ឋ ដូច លោក លន់ នល់ នៅ ពេល ២០ឆ្នាំក្រោយ ។
សូម រំលឹក ថា មុន ពេល ដែល លាវ កែវមុនី រត់ ចូលរួម ក្នុង គណៈ មុត្តគាហា (គណៈ មោក្ខ គាហក?) គាត់ បាន ផ្ញើ លោក នី វ៉ាន់ធី ឱ្យ នៅ ជាមួយ លោក អ៊ូច និល ពេជ្រ ។ តែ ក្រោយ ពេល ដែល លោក អ៊ូច ចុះចូល ជាមួយ រដ្ឋាភិបាល មក នី វ៉ាន់ធី ក៏ ត្រូវ បាន ទាក់ទាញ ដោយ អាចារ្យ ប៊ុន ដើម្បី ឱ្យ ចូលរួម ជាមួយ ចលនា របស់ ទ្រង់ នរោត្តម ចន្ទរង្សី នៅ ខេត្ត កំពង់ ស្ពឺ វិញ ។ នៅ ក្នុង ក្រុម នេះ គាត់ បាន ចូលរៀន សាលា នាយទាហាន នៅ តានៀវ ក្នុង ខេត្ត កំពង់ ស្ពឺ ដោយ សារ មេ ទ័ព ឈ្មោះ ហ៊ឹម ខាន់ ចង់ ឱ្យ គាត់ ជួយ ធ្វើ ការងារ ខ្លួន ។ ដំណាល គ្នា នោះ ដែរ នៅ ថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ១៩៥២ លោក សឺង ង៉ុក ថាញ់ រត់ ចូល ព្រៃ ម្តងទៀត ក្នុង គោល បំណង បង្រួប បង្រួម ចលនា ខ្មែរ ឥស្សរៈ ទាំង អស់ ។ អ្វី ដែល ជំរុញ ឱ្យ គាត់ ធ្វើ បែប នេះ គឺ ដោយ សារ ពួក គាត់ យល់ ឃើញ ពី គ្រោះថ្នាក់ ដែល បង្ក ពី ការ លូកដៃ ចូល របស់ ពួក យៀក មិញ ក្នុង ចលនា ខ្មែរ ឥស្សរៈ ។ ដូច្នេះ ពួក គាត់ ត្រូវ តែ ទៅ បង្រួប បង្រួម ពួក ខ្មែរ ឥស្សរៈ ឡើង វិញ ។ ក្រោយ ពេល ដែល លោក អ៊ីវ យ៉ាង ដែល ជា មនុស្ស ទុកចិត្ត របស់ លោក សឺង ង៉ុក ថាញ់ បាន ស្វែងរក កន្លែង តាំងមូលដ្ឋាន បាន ល្អ នៅ សៀមរាប និង ភ្នំ ដង រែក ហើយ នោះ លោក ថាញ់ ក៏ បាន ទៅ ស្នាក់នៅ ជាមួយ ក្រុម របស់ កៅ តក់ ។ នៅ ទីនេះ ដដែល មាន បុគ្គល សំខាន់ៗ ដទៃ ទៀត ដូច ជាៈ លោក គិរី ចិន្តា, លោក កែវ យឿន, លោកអៀ ស៊ីចូវ, លោក ឡឹក សំអឿន ផ្កាយព្រឹក, និងលោក គាំ រ៉េត ។
គឺ ក្នុង ទិសដៅ ខាងលើ នេះ ហើយ ដែល លោក សឺង ង៉ុក ថាញ់ បាន បញ្ជូន លោក អៀ ស៊ីចូវ ទៅ ចូលរួម ក្នុង ក្រុម ទ្រង់ ចន្ទរង្សី ។ នៅ ទីនេះ លោក អៀ ស៊ីចូវ បាន បង្កើត សាលា នយោបាយ និង សាលា ទាហាន ដែល មាន រូបលោក ផ្ទាល់ ជា គ្រូបង្ហាត់ នយោបាយ និង មាន ជនជាតិ ជប៉ុន ម្នាក់ ឈ្មោះ តៈដៈគឹម៉ៈ (Tadakuma) ជា គ្រូ បង្វឹក យុទ្ធសាស្ត្រ កងទ័ព។ ក្រោយ ពី បង្វឹក ទាហាន ចប់ ភ្លាម ទ្រង់ ចន្ទរង្សី បាន បញ្ជា ឱ្យ វាយ ពង្រីក ដែនដី ត្រួតត្រា ។ ដោយ ឡែក លោក វ៉ាន់ធី ត្រូវ បាន គេ បញ្ជូន ឱ្យ ដឹកនាំ កងទ័ព មួយ ក្រុម ទៅ សមរភូមិ ស្រែអំបិល និង កោះ កុង ។ យ៉ាងណាមិញ ការ ប្រយុទ្ធ ពង្រីក អាណាខេត្ត ត្រួតត្រា តែង ទទួល បាន ជោគជ័យ ជា លំដាប់ ដែល ជំរុញ ឱ្យ ទ្រង់ ចន្ទរង្សី កាន់ តែ មាន កិត្តិសព្ទ និង កេរ្តិ៍ ឈ្មោះ ល្បីល្បាញ ថែម ទៀត ។ កំឡុង ពេល នោះ ដែនដី ដែល ពួកគេ ត្រួត ត្រា មាន ទំហំ ធំ គ្រាន់បើ គឺ ព្រំ ប្រទល់ ខាងត្បូង ជាប់ នឹង ផ្លូវ ជាតិ លេខ ៤ សព្វ ថ្ងៃ ខាង លិច ទល់ នឹង ស្រែ អំបិល និង ខេត្ត កោះ កុង ខាង ជើង ទល់ នឹង ស្រុក វាល វែង និង លាជ នៃ ខេត្ត ពោធិ៍ សាត់ និង ខាង កើត ទល់ នឹង ជាយ ខាង លិច នៃ ខេត្ត កំពង់ ឆ្នាំង ។
៣.ការ ដណ្ដើម ឥទ្ធិពល គ្នា
ហេតុអ្វីបានជា ក្រុម ឥស្សរៈ របស់ ទ្រង់ចន្ទរង្សី មាន កិត្តិសព្ទ ល្បីល្បាញ នៅ ខេត្ត កំពង់ស្ពឺ និង តំបន់ខាងលិច នៃ ប្រទេស កម្ពុជា ?
បើ តាម លោក សាស្ត្រាចារ្យ វង់ សុធារ៉ា យល់ថា វា អាច មកពី របៀបរបប ធ្វើការ ជា ក្រុម មាន ទីប្រឹក្សា យោធា ដ៏ ល្អ ដូចជា Tadakuma នៅ ជាមួយ និង យក ចិត្ត ប្រជាពលរដ្ឋ ក្នុង តំបន់ ឈរជើង បាន ។
នៅ ពេល ក្រុម មានអំណាច និង ឥទ្ធិពល គ្រាន់បើ ឡើង ពួក មេក្រុម សំខាន់ៗ នៅ ក្នុង ចលនា ចាប់ផ្ដើម មាន ការ ប្រជែង ដណ្ដើម អំណាច ផ្ទៃក្នុង រវាង គ្នា ។ ក្នុង ក្រុម ទ្រង់ ចន្ទរង្សី ចាប់ផ្ដើម មាន អ្នក រៀបចំ គម្រោងការ ធ្វើគត ទ្រង់ ដើម្បី ដណ្ដើមយក សិទ្ធិ មេបញ្ជាការ ក្រុម ធំ ។ សំណាង ល្អ ទ្រង់ បាន គេច ផុត ពី គ្រោះភ័យ និង ចាប់ បាន អ្នក ប៉ុនប៉ង ជាមួយ ភស្តុតាង ។ អ្នកក្បត់ ទ្រង់ មុនគេ នោះ គឺ លោក ហែម សាវ៉ាង ដែល ជាហេតុ ធ្វើ ឱ្យ ទ្រង់ អនុវត្ត តាម វិន័យ ក្រុម ដោយ សម្លាប់ចោល និង បោសសំអាត អ្នកឃុបឃិត ទាំងអស់ ចោល ។ លោក នី វ៉ាន់ធី ថា ទ្រង់ មិន ចង់ សម្លាប់ លោក សាវ៉ាង ចោល ទាល់តែសោះ ប៉ុន្តែ លោក មិន អាច ប្រឈមមុខនឹង មេក្រុម ដទៃ ទៀត ដែល ឱ្យ យោបល់ ត្រង់ថា ត្រូវតែ សម្លាប់ចោល ដើម្បី ទុកជា ការព្រមាន ។ ប៉ុន្តែ តាម លោក ប៊ុណ្ណ ចាន់ម៉ុល ថា លោក សាវ៉ាង ត្រូវ ដាប ឈួន សម្លាប់ចោល ក្រោម កលល្បិច ហៅ ប្រជុំ ពិភាក្សា គ្នា ។ ទោះជា យ៉ាងណា លោក ម៉ុល គាត់ មិន បាន នៅ ក្នុង ក្រុម ឥស្សរៈ ផ្ទាល់ ទៀត ទេ ក្រោយ ពី ពួក នេះ នាំគ្នា ដកថយ ទៅកាន់ ប្រទេស ថៃ និង ប្រមូលផ្ដុំ គ្នា ឡើងវិញ នៅ ភាគ ខាងជើង ខេត្ត សៀមរាប ឯនាយ ជួរភ្នំ ដងរែក ។ លើស នេះ ទៀត គាត់ បាន ឈប់ ទាក់ទង ជាមួយ ក្រុម នោះ មុន ពេល ទ្រង់ ចន្ទរង្សី បំបែក ខ្លួន ទៅទៀត ។
ក្រោយមក ក្រុម ទ្រង់ ចន្ទរង្សី កាន់តែ មានអំណាច ធំ អាច វាតទី ទឹកដី បាន កាន់កាប់ ឈរជើង យ៉ាង ធំ ទូលាយ ។ សមត្ថភាព នេះ ប្រហែលជា មក ពី ស៊ាប ដ៏ ក្លាហាន និង ក្លៀវក្លា ក្នុង ការ ប្រយុទ្ធ ធ្វើពុត ជា ចុះចូល ជាមួយ ក្រុម ទ្រង់ អស់ មួយរយៈពេល ។ ក្រោយ ពី បាន ដឹង ថា គាត់ ជា ចារបុរស របស់ ក្រុម ពុត ឆាយ ដែល ជា មេ ខ្មែរឥស្សរៈ ម្នាក់ទៀត ហើយនិង ការ កម្ចាត់ ស៊ាប ចេញពី ក្រុម វិញ គេ សង្កេតឃើញ ថា ក្រុម របស់ ទ្រង់ មិន សូវ បាន ជោគជ័យ ក្នុង ការ វាតទី តំបន់ កាន់កាប់ របស់ ខ្លួន បន្ត ទៅទៀត ឡើយ ។
ប្រហែល វត្តមាន និង កេរ្តិ៍ឈ្មោះ របស់ ទ្រង់ ចន្ទរង្សី បាន ធ្វើ ឱ្យ ក្រុម ឥស្សរៈ ចល័ត របស់ ពុត ឆាយ មិន សប្បាយចិត្ត ឡើយ ទើប នាំ ឱ្យ កើត ក្ដី ច្រណែន និង ការ ក្ដៅក្រហាយ ។ ម៉្យាងទៀត ជារឿយៗ ក្រុម ទាំងពីរ ប៉ះទង្គិច គ្នា និង ប្រឈមមុខ ដាក់គ្នា ដោយ អាវុធ គួរ ឱ្យ តក់ស្លុត ជាពិសេស នៅ តំបន់ ស្រះឃ្លាំង អង្គខ្មៅ នៃ ស្រុក សំរោងទង និង ឧដុង្គ សព្វថ្ងៃ ។ ហេតុនេះ ហើយ ទើប ពុត ឆាយ ដែល ជា មេ ឥស្សរៈ ម្នាក់ គ្មាន ទីតាំង ឈរជើង ពិតប្រាកដ នេះ បាន រៀបចំ ផែនការ ធ្វើគត ទ្រង់ ចន្ទរង្សី ដោយ បញ្ជូន ឱ្យ ស៊ាប និង គ្នីគ្នា ប្រហែល ៣០ នាក់ ផ្សេងទៀត ទៅ ចូល ធ្វើការ ក្នុង ក្រុម ឥស្សរៈ ទ្រង់ ចន្ទរង្សី ។
នៅ ក្នុង ឋានៈ ជា មេទ័ព ម្នាក់ នៅ ក្នុង ក្រុម ថ្មី ស៊ាប បាន ខិតខំ ចូល ប្រយុទ្ធ យ៉ាង អង់អាច ក្លាហាន ក្នុង សមរភូមិ ផ្សេងៗ ហាក់ ឥត ញញើត នឹង សេចក្ដី ស្លាប់ ឡើយ ដើម្បី សាង សេចក្ដីទុកចិត្ត ពីសំណាក់ ទ្រង់ ចន្ទរង្សី ។ ទាំង នៅ ក្នុង សមរភូមិ នៅ ខេត្ត កោះកុង គាត់ ខិតខំ វាយប្រហារ ពួក វៀតមិញ ។ដោយ ក្ដី អាណិត និង ស្រលាញ់ ខ្លាចក្រែង ស៊ាប មាន ការនឿយហត់ ព្រោះ បាន ប្រឹងប្រែង យក ជ័យជម្នះ លើ សមរភូមិ ជាច្រើន ហើយ នោះ ទើប ទ្រង់ ចន្ទរង្សី បាន បញ្ជូន សារ ឱ្យ ហៅ គាត់ មក ឈប់សម្រាក នៅ ម្ដុំ ភូមិ ក្រាំងម្កាក់ ។
ពី មួយថ្ងៃ ទៅ មួយថ្ងៃ ទ្រង់ ចន្ទរង្សី កាន់តែ មាន សេចក្ដី ពេញចិត្ត នឹង ស្នាដៃ របស់ ស៊ាប ខ្លាំង ឡើង ។ ចៃដន្យ អ្វី ថ្ងៃមួយ យុទ្ធជន របស់ ទ្រង់ ចាប់ បាន សំបុត្រ សម្ងាត់ មួយ ច្បាប់ ផ្ញើ មក ពី មេ ឥស្សរៈ ពុត ឆាយ ដែល តឿន ឱ្យ ស៊ាប ឆាប់ សម្លាប់ ទ្រង់ ចន្ទរង្សី ។ ស៊ាប មិន បាន ដឹងខ្លួន ជាមុន ថា គម្រោងការ របស់ ខ្លួន ត្រូវ បែក ការណ៍ សម្ងាត់ ឡើយ ។ គាត់ បែរ ជា នាំ គ្នីគ្នា ជប់លៀង ផឹកស៊ី ចំនួន ៧ យប់ ៧ ថ្ងៃ ដើម្បី ជា ការ អបអរ សាទរ ដល់ ជ័យជម្នះ របស់ គាត់ ដំណាល ពេល ដែល ទ្រង់ ចន្ទរង្សី បាន រៀបចំ ជើង ព្រួល កម្ចាត់ គាត់ ចោល វិញ ។ ទ្រង់ បាន សម្រិតសម្រាំង ជ្រើសរើស យក អ្នក ដែល មាន ស្នាដៃ ប្រយុទ្ធ ល្អ ៗ និង ស្មោះស្ម័គ្រ ចំពោះខ្លួន ។ ទោះជា យ៉ាងណា ពួក យុទ្ធជន ឆ្នើម របស់ ទ្រង់ ទាំងនោះ នៅតែ មាន ភាព ញញើត នឹង ចូល ទៅ កម្ចាត់ ស៊ាប ដែរ ។ ពួកគេ សុទ្ធ សឹង ញញើត កោតខ្លាច វីរភាព ក្លៀវក្លា របស់ ស៊ាប ក្នុង អារម្មណ៍ ជានិច្ច ។ ពួក ខ្មាន់ ប្រយុទ្ធ ទាំងនោះ មាន ការប្រុងប្រយ័ត្ន ណាស់ ក្នុង ការ រៀប ជើង ព្រួល ។ ពួកគេ រៀបចំ គ្នីគ្នា ឡោមព័ទ្ធ កន្លែង ស៊ាប និង បក្សពួក ជប់លៀង រហូតដល់ ទៅ បី ជាន់ ឯណោះ ដើម្បី ក្រសោប ចាប់ និង សម្លាប់ ឱ្យ អស់ កុំ ឱ្យ មាន ការ ថ្លោះធ្លោយ ។ អ្នក រៀបចំ ផែនការ មាន ការ កោតសរសើរ ស៊ាប គ្រប់ៗ គ្នា ព្រោះ គាត់ តែង មាន ការប្រុងប្រយ័ត្ន ខ្លួន ជាប់ ជានិច្ច ។ ទោះបី គាត់ និង បក្សពួក ស្រវឹងជោក យ៉ាងណាក៏ដោយ ក៏ គាត់ នៅតែ ចុះ ពី លើ ផ្ទះ ខ្ពស់ របស់ គាត់ មក ដាស់ ឱ្យ កូនចៅ យាម រវាំង ជាប់ ជានិច្ច និង បញ្ជា ម្នាក់ ឱ្យ អង្គុយ លើ កាំជណ្ដើរ ផ្ទះ ដែល គាត់ ដេក ។ប៉ុន្តែ ពួក នោះ ស្រវឹងជោក ពេក ក៏ ទន់ ក ដេកលក់ បាត់ ទៅ ។
ឱកាស ល្អ របស់ ខ្លួន មកដល់ លោក សុក សេងរឿងមុនី និង លោក នី វ៉ាន់ធី បាន លប លួច ចូល ទៅ ក្រោម ផ្ទះ បម្រុង នឹង បាញ់ សម្លាប់ ស៊ាប ពី ក្រោម ផ្ទះ ទាំង ក្នុង ចិត្ត ភ័យ រអា យ៉ាង ខ្លាំង ។ ស្រាប់តែ ខ្មាន់ ប្រយុទ្ធ ម្នាក់ ដែល ចូលរួម ការឡោមព័ទ្ធ នៅ ក្នុង យប់ នោះ ដែរ បាន រាល កៃ កាំភ្លើង ផ្ទុះឡើង ដែល ប្រហែល មកពី សេចក្ដី តក់ស្លុត ញញីញញ័រ ខ្លាច តេជដៃ របស់ ស៊ាប ។ ភ្លាម នោះ ស៊ាប ស្ទុះក្រោក កញ្ឆក់ យក កាំភ្លើងយន្ត ដែល បញ្ឈរ នៅ ក្បែរ ដៃ បាន ហើយ រត់ លោត ចុះ ពី លើ ផ្ទះ បាញ់រះ រំដោះ ខ្លួន ចេញ ។ លោក សុក សេងរឿងមុនី និង នី វ៉ាន់ធី មាន ឱកាស បាញ់ សំដៅ ស៊ាប ពីក្រោយខ្នង ហើយ ក៏ នៅតែ មិន អាច ធ្វើអ្វី ស៊ាប បាន ព្រោះ កាំភ្លើង របស់ ពួកគេ បាញ់ មិន ផ្ទុះ ទាំង ២ ទាំង ៣ គ្រាប់ ដំបូង ។ ចំណែក ពួក អ្នក ឡោមព័ទ្ធ ភ័យខ្លាច តេជដៃ របស់ ស៊ាប ក៏ មិន ហ៊ាន ខ្ទប់ ផ្លូវ គាត់ ឡើយ ។ បណ្ដោយ ឱ្យ គាត់ អាច នាំ ប្រពន្ធ យួន និង គូកន ប៉ុន្មាន នាក់ វាយ រំដោះ ខ្លួន រត់ រួច ដោយ សុវត្ថិភាព ។ សល់ ពី នេះ កូនចៅ របស់ គាត់ ប៉ុន្មាន នាក់ ត្រូវ ស្លាប់ និង មួយ ចំនួន ទៀត រួម នឹង ប្រពន្ធ ជនជាតិ ខ្មែរ របស់ គាត់ ត្រូវ ចាប់ខ្លួន បាន សម្រាប់ អ្នក គ្មាន ឱកាស បាញ់ តដៃ ចំណែក អ្នក តដៃ បាន បាញ់ បើកផ្លូវ រត់ តាម ស៊ាប អស់ ទៅ ។
ការ រត់ ប្រាស យកអាយុ យ៉ាង ទាន់ហន់ របស់ ស៊ាប លើក នេះ ធ្វើ ឱ្យ គាត់ យក តាម ខ្លួន មិនទាន់ នូវ ខ្សែក មាស មួយ ខ្សែ មាន បន្តោង គោ ដេក ដ៏ ស័ក្ដិសិទ្ធិ ដែល គេ ល្បី ថា ជា វត្ថុ ពូកែ ស័ក្ដិសិទ្ធិ របស់ គាត់ ត្រូវ ក្រុម ទ្រង់ ចន្ទរង្សី រឹបអូស យក ។ ជា លទ្ធផល ប្រតិបត្តិការ កម្ចាត់ ស៊ាប (ចារបុរស របស់ ពុត ឆាយ) ទទួល បាន ជោគជ័យ ដោយ ទប់ស្កាត់ មិន ឱ្យ ស៊ាប អាច មាន ឱកាស សម្លាប់ ទ្រង់ ចន្ទរង្សី បាន ឡើយ ។
៤.វិន័យ កងទ័ព
ទោះបី ខ្លួន ជា ទ័ពព្រៃ យ៉ាងណា ខ្មែរឥស្សរៈ នៅ ជា មនុស្ស មាន វិន័យ យ៉ាង តឹងរ៉ឹង និង ជំនឿ យ៉ាង មុតមាំ ផង ដែរ ។ បើ តាម លោក នី វ៉ាន់ធី បាន បញ្ជាក់ ប្រាប់ យើង ថា ទ្រង់ ចន្ទរង្សី បាន ដាក់ វិន័យ យ៉ាង ម៉ឺង ម៉ាត់ សម្រាប់ ពួកគាត់ អនុវត្ត ប្រយោជន៍ កសាង ក្រុម ឥស្សរៈ របស់ ទ្រង់ ឱ្យ មាន កេរ្តិ៍ឈ្មោះ ល្អ មិន ធ្វើ ឱ្យ អ្នក ស្រុក ដែល ជា អ្នក គាំទ្រ មាន ការ ក្ដៅក្រហាយ ឬ ខឹងសំបា ឡើយ ។ វិន័យ ដ៏ ល្អ និង សំខាន់ បំផុត គឺ ការ ហាមប្រាម របស់ ពួក នាយទាហាន មិន ឱ្យ ធ្វើបាប អ្នកស្រុក និង កូនចៅ ទាំង ស្រី ទាំង ប្រុស របស់ ពួកគេ ឡើយ ។ ប្រសិនបើ យុទ្ធជន ណា ម្នាក់ ត្រូវ បាន គេ ទាន់ ថា បាន ប្រព្រឹត្ត ខុស នឹង វិន័យ នេះ ដូចជា ការ ចាប់ រំលោភ កូនក្រមុំ អ្នកភូមិ អ្នកនោះ នឹង ត្រូវ គេ នាំ យក ទៅ បាញ់ ចោល ជាមិនខាន ដើម្បី ជា ការព្រមាន កុំ ឱ្យ អ្នក ក្រោយ យកតម្រាប់តាម ។
លោកតា តិប ផន បាន បញ្ចេញ ទស្សនៈ របស់ គាត់ ចំពោះ ចលនា ខ្មែរឥស្សរៈ របស់ ទ្រង់ ចន្ទរង្សី ថា “ទ្រង់ ចន្ទរង្សី ជា មេដឹកនាំ ចេះ សន្ដោស អាណិត ប្រជារាស្ត្រ ហើយ ទ្រង់ មាន បទបញ្ជា តឹងរ៉ឹង ។ ចំពោះ នាយទាហាន និង ពលទាហាន របស់ ទ្រង់ មិន ដែល ធ្វើបាប ឬ ជិះជាន់ សង្កត់សង្កិន ប្រជារាស្ត្រ ដែល រស់នៅ ជុំវិញ បន្ទាយ ដូចជា ពួក យើង នោះ ទេ” ។ ដូច្នោះ ហើយ ពួក យុទ្ធជន ទាំងនោះ មាន របៀបរៀបរយ ល្អ មិន ច្រឡើមច្រឡោង ខាម ឡើយ ។ ស្ទើរតែ រៀងរាល់ ពេល ដែល ពួក ទាហាន វិលត្រឡប់ មកពី សមរភូមិ វិញ ទ្រង់ បាន ចាត់ចែង ឱ្យ មាន ពិធី រាំ កម្សាន្ត លេង សប្បាយ ជាមួយ នឹង តន្ត្រី ដែល ប្រគំ ដោយ ដៃ នាយទាហាន ដែល ធ្លាប់ តែ កាន់ អាវុធ ។ តែ ឱកាស នេះ គេ បែរ ជា កាន់ អន្លូង វាយ ស្គរ វាយ ប៉ោត នៅ ក្នុង បន្ទាយ ដើម្បី បង្កើត សូរស័ព្ទ ចង្វាក់ភ្លេង រាំវង់ ។ កូនចៅ អ្នកស្រុក ជាពិសេស នារី ក្រមុំៗ ក៏ មក រាំ លេង សប្បាយ នឹងគេ ដែរ ។ ព្រោះ ពួកគេ ជឿជាក់ ថា ពួក នាយទាហាន និង ពលទាហាន ទាំងនោះ មិន ដែល ប្រព្រឹត្តិ អ្វី ហួសហេតុ ខុស ទំនង នោះ ឡើយ ។
៥.ជំនឿ លើ កម្លាំង ក្រៅ ខ្លួន និង ទំនាក់ទំនង ជាមួយ យួន វៀតមិញ
ជំនឿ នៅ កម្លាំង ក្រៅ ខ្លួន គឺ ជា មនោគមវិជ្ជា ដ៏ ពេញ និយម របស់ អ្នក កាន់ អាវុធ ។ គេ បាន ចាត់ ទុក ថា ជា កត្តា មួយ ដែល អាច ជំរុញ ឱ្យ មាន ប្រសិទ្ធភាព ក្នុង ការ ប្រយុទ្ធ របស់ កងទ័ព ខ្មែរ ឥស្សរៈ ផង ដែរ ព្រោះ វា ធ្វើ ឱ្យ ពួក គេ មាន ភាព កក់ ក្ដៅ និង ការ ជឿជាក់ ក្នុង ខ្លួន ។ ទ្រង់ ចន្ទរង្សី ជា មនុស្ស ម្នាក់ មាន ជំនឿ យ៉ាង មុត មាំ លើ មន្ត អាគម និង អភិនីហារ បែប នេះ ដែរ ។ ក៏ ដូច ជា មេ ខ្មែរ ឥស្សរៈ ដទៃ ទៀត ដែរ ទ្រង់ តែង ពាក់ បន្តោង យ័ន្ត និង គ្រឿង ស័ក្ដិ សិទ្ធិ ផ្សេងៗ ដែល គេ ហៅថា “ផ្ទៃគ្រូ”។ ពួក គេ តែង សាក ល្បង “ផ្ទៃគ្រូ” ជា រៀង រាល់ សប្ដាហ៍ ដើម្បី ល្បងមើល ថា តើ “ផ្ទៃគ្រូ” នេះ មាន បារមី យ៉ាងណា ?
លោក នី វ៉ាន់ធី តែង សង្កេត ឃើញ ថា ភាគ តិច ណាស់ ដែល ពួក គេ បាញ់ “ផ្ទៃគ្រូ” ត្រូវ ។ ដូច្នេះ ហើយ កំឡុង ពេល នោះ គាត់ ពិបាក នឹង ជឿ លើ បារមី បាញ់ មិន ត្រូវ ដុត មិន ឆេះ របស់ កន្សែងយ័ន្ត នេះ ណាស់ ។ ប៉ុន្តែ គាត់ ត្រូវ ស្ទាក់ ស្ទើរ វិញ ដោយ សារ ការភ្នាល់ គ្នា រវាង ក្រុម គាត់ ជាមួយ នឹង ពួក យួន យៀក មិញ ។ នាយទាហាន រស់ ហឿន ដែល ជា កូន ចៅ ម្នាក់ របស់ ទ្រង់ មាន ជំនឿ ងប់ ងល់ លើ គ្រឿង វត្ថុ ស័ក្ដិ សិទ្ធិ ទាំងនេះ ដំណាល ពេល ដែល មេ ទ័ព យួន យៀក មិញ មិន ជឿ លើ ជំនឿ ផ្ដេសផ្ដាស បែប នេះ ។ រឿង ភ្នាល់ គ្នា នេះ បាន កើតឡើង នៅ កំឡុង ឆ្នាំ១៩៤៩ នៅ ចំ ពីមុខ បន្ទាយ របស់ ក្រុម ទាំងពីរ នេះ ។ កាល នោះ ទាំង ពីរ ក្រុម បាន បោះ ទីតាំង ទ័ព នៅ ទល់មុខគ្នា ដោយ ដាក់ ទង់ សម្គាល់ របស់ ផង ខ្លួន នៅ ទន្ទឹម គ្នា មិន ឱ្យ ទាប ឬ ខ្ពស់ ជាង គ្នា ឡើយ ។ ដូច សព្វ មួយដង នៅ ព្រឹក មួយ ទាំង ពីរ ក្រុម បាន ចេញ មក គោរព ទង់ សម្គាល់ រៀងៗ ខ្លួន ។ការ ភ្នាល់ គ្នា បាន ចាប់ផ្ដើម កើតឡើង។
ដំបូង ទាំង សង្ខាង សាក ល្បង ផ្សង ចង់ ដឹង មើល ថា តើ យួន ឬ ខ្មែរ ដែល នឹង ទទួល បាន ឯករាជ្យ ពី បារាំង មុន ? ពួក គេ សន្មត ថា បើ ខាង ណា បង្ហូត ទង់ ជាតិ ដល់ លើ កំពូល មុន វា អាច ជា ប្រផ្នូល ថា ក្រុម នោះ នឹង ទទួល ឯករាជ្យ មុន ។ ត្រៀម ខ្លួន ជាស្រេច តំណាង ទាំងពីរ ក្រុម ចាប់ផ្ដើម ទាញ ខ្សែ ទង់ សម្គាល់ ឡើង លើ កំពូល ។ ដោយ តំណាង ខាង យួន រហ័ស រហួន ជាង ខាង តំណាង ខ្មែរ មុន ដំបូង ទង់ សម្គាល់ របស់ យួន បាន រំកិល ឡើង លើ លឿន ជាង ។ ដំណាល ពេល ខាង ខ្មែរ កំពុង ញាប់ ញ័រ ហើយ ខាង យួន អប អរ នឹង ស្ថានភាព នេះ ស្រាប់ តែ ខ្សែ ទង់ សម្គាល់ របស់ យួន ដែល ចាស់ ផុយ បូក រួម នឹង កម្ដៅ ដែល កកិត ជាមួយ រ៉ក ប្រែ ជា ដាច់ មួយរំពេច ទុក ឱកាស ឱ្យ តំណាង ខាង ខ្មែរ បង្ហូត ទង់ ឡើង ដល់ លើ កំពូល ដោយ សុវត្ថិភាព ។
បាតុភូត នេះ បាន បណ្ដាល ឱ្យ ឥរិយាបថ ចំពោះ ជំនឿ របស់ លោក នី វ៉ាន់ ធី ចាប់ ផ្ដើម ផ្លាស់ ប្ដូរ បន្តិច ។ ក្រោយ ថ្ងៃ កម្ពុជា ទទួល បាន ឯករាជ្យ គាត់ ចេះ តែ នឹក គិត ពិចារណា ក្នុង ចិត្ត ម្នាក់ ឯង ថា ការ ផ្សង ខាងលើ ហាក់ ត្រូវ ជាមួយ ស្ថានភាព អាណានិគម នៅ ឥណ្ឌូចិន ខ្លាំង ណាស់ ។ ព្រោះ គាត់ សង្កេត តាម ប្រវត្តិសាស្ត្រ ទៅ ឃើញ ថា បើ ប្រៀប ធៀប ជាមួយ ជន ជាតិ ខ្មែរ យួន ហាក់ បាន ស្រូតរូត រហ័សរហួន ប្រឆាំង នឹង បារាំង ជាង ។ ចំណែក ស្ថានភាព នៅ ស្រុកខ្មែរ វិញ មាន សភាព ស្ងប់ស្ងាត់ ច្រើន ដោយ សារ ជន ជាតិ ខ្មែរ មិន សូវ ក្រោក ឡើង ប្រឆាំង នឹង បារាំង ឡើយ ។ លោក បន្ត ទៀត ថា បើ ទោះ បី ជា មាន ការ ទប់ ទល់ ប្រឆាំង នឹង បារាំង ក៏ វា មិន ត្រូវ បាន ដឹក នាំ ធ្វើ ដោយ ប្រជារាស្ត្រ សាមញ្ញ ទេ តែ វា ត្រូវ បាន ធ្វើ ដោយ ពពួក វណ្ណៈ អ្នកចេះដឹង និង ពួក អភិជន ដែល មាន ទំនាស់ ផល ប្រយោជន៍ ជាមួយ បារាំង តែប៉ុណ្ណោះ ។
រហូតដល់ ថ្ងៃ បាន ឯករាជ្យ ដោយ សន្តិវិធី មុន វៀតណាម ដែល បាន ឯករាជ្យ ដោយ ការ ប្រយុទ្ធ គ្នា យ៉ាង ខ្លាំងក្លា នៅ ដៀន បៀន ហ្វា គាត់ កាន់ តែ នឹក ឃើញ ការ ផ្សង គ្នា ដែល ខ្មែរ បាន បង្ហូត ទង់ សម្គាល់ របស់ ខ្លួន ដោយ សុវត្ថិភាព ដែរ ។ ពួក យួន យៀក មិញ មិនទាន់ អស់ចិត្ត ទេ ដោយ យក លេស ថា ខ្សែ ទង់ សម្គាល់ របស់ ខ្លួន ចាស់ ងាយ ផុយ ទើប មិន បាន បង្ហូត ឱ្យ ដល់ លើ ។ ដោយ ឮ ល្បី ពី កូនទាហាន របស់ ខ្លួន អួត សរសើរ ពី បារមី របស់ ទង់ សម្គាល់ ទ័ព ខ្មែរ មេ ទ័ព យួន យៀក មិញ ម្នាក់ បាន បបួល ខ្មែរ ឥស្សរៈ បាញ់ ទង់ សម្គាល់ ដាក់ កាំភ្លើង យន្ត មួយ ដើម ។ គាត់ បាន អួត អាង ថា គាត់ បាញ់ ត្រង់ មិនដែល ខុស ហើយ បន្តុះ បង្អាប់ ថា មិន ដែល មាន ទង់ សម្គាល់ ខាង ខ្មែរ ឯណា ដែល គាត់ បាញ់ មិន ត្រូវ នោះ ទេ ។ គាត់ បន្ត ដោយ តម្កើង ឫក ពា ប្រមាថ ខ្មែរ ថា ចាំ មើល តើ បារមី ទង់ សម្គាល់ របស់ ខ្មែរ ឥស្សរៈ ពូកែ ស័ក្ដិ សិទ្ធិ ឬ ក៏ គ្រាប់ កាំភ្លើង គាត់ ត្រង់ ជាង ។ លោក នី វ៉ាន់ធី នៅ ពេល នោះ មាន ការ បារម្ភ ជា ខ្លាំង ខ្លាច បាត់បង់ កាំភ្លើង យន្ត មួយ ដើម ។ ព្រោះ ថា គាត់ នៅ តែ មិន ទាន់ ទុកចិត្ត លើ “ផ្ទៃគ្រូ” ទេ ។ ដោយ សារ ជា រៀង រាល់ សប្ដាហ៍ ដែល គេ សាក ល្បង បារមី “ផ្ទៃ គ្រូ” គាត់ ឃើញ តែ វា ឆេះ ស្ទើរ រាល់ តែ លើក ។ ជួន កាល ចៃដន្យ ទៅ វា ក៏ មាន ពេល គេ បាញ់ មិន ឆេះ ទៅ ដែរ ហើយ មកដល់ ពេល នោះ លោក រស់ ហឿន យក វា មក លេងសើច ភ្នាល់ គ្នា ដាក់ កាំភ្លើង យន្ត មួយ ដើម ដូច្នោះ គាត់ ដូចជា មិន ស្រួល ក្នុង ចិត្ត សោះ ។
លោក វ៉ាន់ធី បាន បន្ត បញ្ជាក់ ទៀត ថា តាម ពិត ទៅ ទង់ សម្គាល់ ដែល យក មក បាញ់ ភ្នាល់ នោះ គ្រាន់តែ ជា ក្រណាត់ ធម្មតា របស់ លោក រស់ ហឿន ទេ ។ លោក រស់ ហឿន បាន ស្រែក សន្មត បញ្ជាក់ ថា ឱ្យ មេ យួន យៀក មិញ បាញ់ តែមួយ គ្រាប់ គត់ តែ ប្រសិន បើ បាញ់ ទៅ ហើយ មិន ឆេះ ឬ ក៏ មិន ត្រូវ នោះ ទេ កាំភ្លើង យន្ត ដែល យួន បាន អូស មក ដាក់ ក្បែរ ដង ទង់ នោះ នឹង ក្លាយ ជា របស់ ខ្មែរ (ឥស្សរៈ) ហើយ និង បាន ស្រែក ឱ្យ កូន ទាហាន ទាំង សង្ខាង ជួយ ធ្វើជា សាក្សី ។ សន្មត គ្នា មិន ទាន់ បាន ចប់ ស្រួល បួល ផង គេ បាន ឮ ស្នូរ គ្រាប់កាំភ្លើង ការ៉ាប៊ីន មួយ គ្រាប់ លាន់ឮ រំពង ព្រៃ តែ គេ មិន ឃើញ ទង់ សម្គាល់ របស់ ខ្មែរ ឆេះ ឬ ត្រូវ គ្រាប់ ឡើយ ។ ពួក ខ្មែរ ឥស្សរៈ របស់ ទ្រង់ នរោត្តម ចន្ទរង្សី បាន ចាប់ ស្រែក ហ៊ោ កញ្ជ្រៀវ ដោយ សារ ភ្ញាក់ ផ្អើល នឹង ភាព អស្ចារ្យ នេះ ។
ពួក ខាង យួន ស្ងាត់ មាត់ ច្រៀប ដំណាល ពេល ដែល មេ ទ័ព របស់ ពួកគេ ធ្វើ ជា និយាយ លុបលាង ភាព អាម៉ាស់ របស់ ខ្លួន ដោយ ស្ដី បន្ទោស ទៅ កាន់ កូន ចៅ ខ្លួន ថា ខ្ជិល មិន ចេះ ជូត សម្អាត លាង កាណុង កាំភ្លើង ឱ្យ ស្អាត ល្អ ធ្វើ ឱ្យ ស្ទះ កាណុង បាញ់ ទង់ សម្គាល់ ខ្មែរ មិន ត្រូវ ។ គិត ទៅ ខ្មែរ ឥស្សរៈ ដូចជា លោក រស់ ហឿន មាន អំនួត ណាស់ ដែរ នៅ ចំពោះ ស្ថានការណ៍ នេះ ព្រោះ គាត់ ចង់ ឱ្យ ពួក យួន ចាញ់ ដោយ អស់ ចិត្ត ។ លោក បាន ស្រែក ទៅកាន់ ពួក យួន ដែល មិនទាន់ អស់ ចិត្ត ថា ឱ្យ ពួក យួន បាញ់ បី គ្រាប់ ថែមទៀត ហើយ បើ នៅតែ មិន ត្រូវ ទេ ខាង ខ្មែរ ឥស្សរៈ នឹង យក កាំភ្លើងយន្ត នោះ ហើយ ។
មេ ទ័ព យួន ដដែល បាន ឱ្យ គេ យក កាំភ្លើង ថ្មី មក ទាញ បាញ់ ទង់ សម្គាល់ ខ្មែរ ទាំង កំរោល ។ មួយ គ្រាប់ ហើយ នៅតែ មិន ត្រូវ (ឆេះ) មួយ គ្រាប់ ទៀត នៅតែ មិន ឆេះ ទង់ សម្គាល់ ខ្មែរ ឥស្សរៈ ដែល ប្រហែល ជា ពួក ទាហាន ឥស្សរៈ ស្រែក ហ៊ោ ខ្លាំង ធ្វើ ឱ្យ យួន នោះ ស្លន់ ស្លោ បាញ់ មិន ត្រូវ ។ មួយ គ្រាប់ ចុងក្រោយ នៅតែ មិន ត្រូវ ពួក ខ្មែរ ឥស្សរៈ មិន បង្អង់ យូរ ក៏ ហក់ ចូល ទៅ អូស យក កាំភ្លើងយន្ត ។ ចំណែក ពួក យួន ក្ដៅ មួហ្មង នាំ គ្នា ថយ ក្រោយ តែ មិនមែន ថយ ទៅ ណា ទេ គឺ ថយក្រោយ ឡោមព័ទ្ធ ដេញ បាញ់ យក កាំភ្លើង យន្ត វិញ ។ ពួក ខ្មែរ ឥស្សរៈ ក៏ នៅតែ ខំ ប្រឹង ទាញ យក កាំភ្លើង រត់ ឯ ខ្លះ ទៀត ខំ ប្រឹង បាញ់ ត ទល់ ជាមួយ ពួក យួន យៀក មិញ រហូតដល់ អូស វា ដាក់ ចូល ក្នុង បន្ទាយ របស់ ខ្លួន ។
ហេតុការណ៍ ក៏ បញ្ជាក់ ឱ្យ យើង ឃើញ ដែរ ថា ខ្មែរ ចូលចិត្ត មាន អំណួត ភ្លេចខ្លួន និង ស្មោះត្រង់ រហូត ក្លាយ ជា ឆោតល្ងង់ លង់ ខ្លួន ចូល អន្ទាក់ សត្រូវ ដែល មាន ពុតត្បុត ។ ភាគច្រើន ដោយសារ អំណួត ខ្មែរ តែង តែ អត់ អោន ឱ្យ សត្រូវ មុន ។ ប៉ុន្តែ សត្រូវ ដូចជា យួន វិញ ពិតជា មាន ល្បិច កិច្ចកល ហើយ មិនដែល គោរព តាម ពាក្យសន្យា របស់ ខ្លួន នោះ ទេ ។ គ្រាន់ តែ ឧទាហរណ៍ កំប៉ិក កំប៉ុក ខាងលើ ក៏ អាច បញ្ជាក់ បង្ហាញ អំពី ពុត ត្បុត របស់ ពួក យួន បាន ដែរ ។ ម៉្យាង ទៀត ប្រហែល ជា ខ្មែរ ឥស្សរៈ ភាគ ច្រើន ឆោត ល្ងង់ បែប នេះ ឯង ទើប លង់ ជឿ លើ ហេតុផល ដែល យួនយៀក មិញ ឃោសនា ថា ចូល មក ជួយ ច្បាំង ដើម្បី បណ្ដេញ សត្រូវ រួម គ្នា ដោយ មើល មិន ឃើញ មហិច្ឆតា ធំ របស់ គេ នៅ ក្រោយ ថ្ងៃ ទទួល បាន ជោគ ជ័យ ពិត ប្រាកដ ។ ឬ មួយ មក ពី គេ គិត ថា ខ្មែរ ឥស្សរៈ ងាយ ស្រួល ឱ្យ ពួកគេ លេង ខ្សែ លើ ទេ ដឹង ។ នាយ ទាហាន ខ្មែរ ឥស្សរៈ មាន ជំនឿ លើ វត្ថុ ដែល គេ ជឿ ថា ស័ក្ដិសិទ្ធិ ជាច្រើន ទៀត មាន ដូចជា កន្សែង យ័ន្ត ខ្សែគាថា ចង្កូម សត្វ ព្រៃ ចែ កាច់ កុយ ភ្លុក ដើម ឬ មើម ប្រទាល ជា ដើម ។ ក្រៅ ពី នេះ ខ្មែរ ឥស្សរៈ នៃ ក្រុម ទ្រង់ ចន្ទរង្សី មាន ជំនឿ លើ រឿង កាប់ មិន មុត ផង ដែរ ។
ពួកគេ មាន វិធី ចាស់ គំរិល ដើម្បី បង្កើត រូប មន្ត និង ថ្នាំ កាប់ មិន មុត ដុត មិន ឆេះ ។ ពួកគេ យល់ថា ដង្កូវនាង គឺ ជា សត្វ ដែល មាន ប្រយោជន៍ ត្រូវ បាន គេ ចិញ្ចឹម យក សរសៃ សំបុក សូត្រ ដែល បាន ពី ទឹក មាត់ របស់ វា យក មក ធ្វើ ហូល ឬ ផាមួង ដោយ សារ សូត្រ នោះ មាន គុណភាព ដ៏ មាំ ស្វិត មិន ងាយ ដាច់ ឬ ផុយ ឡើយ ។ ដូច្នេះ នាង ពិតជា មាន ភាព ស្វិត មាំ នៅ ក្នុង ខ្លួន របស់ វា ហើយ ធ្វើ ឱ្យ ពួកគេ ជឿ ថា អាច យក វា មក ធ្វើ ជា ថ្នាំផឹក ឱ្យ សាច់ គង់ សម្រាប់ ការពារ ខ្លួន បាន ។ ចំណែក គ្រឿងផ្សំ មាន ដូចជា កូន ដង្កូវ នាង ប្រទាល បាលី ទឹក ឃ្មុំ ឬ ស្រា ។ ដំបូង ពួក គេ យក កូន ដង្កូវ នាង ចំនួន ១ នាឡិ មក បុក ឱ្យ បែកចេញ ពពុះ ស្គុល ដើម្បី យក ទឹកមាត់ របស់ វា មក លាយ ជាមួយ ស្រា ផឹក ។
រី ឯ កាក របស់ វា ត្រូវ ពួកគេ យក ទៅ លាយ ជាមួយ ទឹក ឃ្មុំ សម្រាប់ ហូប ការពារ ជំងឺ ផ្សេងៗ ។ លោក នី វ៉ាន់ធី បាន រៀប រាប់ បន្ត ទៀត ថា មាន គ្នី គ្នា និង កូនទាហាន គាត់ ជាច្រើន ដែល នាំ គ្នា ជឿ លើ ភាព ស័ក្ដិសិទ្ធិ របស់ សំបុក ដង្កូវ នាង នេះ ។ ក្រោយ ពី ផឹក “ថ្នាំ កាប់ មិន មុត ដុត មិន ឆេះ” បែប នេះ សាច់ របស់ ពួក អ្នក ផឹក ប្រែ ជា ព័ណ៌ ខៀវ ហើយ ពួកគេ តាំង យក ដាវ ឬ កាំបិត មក កាប់ សាក ល មើល ។ ពួក គេ ត្រេក អរ ដោយ ជំនឿ ជាក់ កាន់តែ ខ្លាំង នៅ ពេល គេ កាប់ គ្នា មិន មុត គ្រាន់ តែ ត្រុត សាច់ តែប៉ុណ្ណោះ ។ ប្រហែល ជា ដាវ ឬ កាំបិត ទាំងនោះ គំរឹល ដែរ ផង ក៏ មិន ដឹង ។ ព្រោះ នៅ ក្នុង សមរភូមិ គាត់ សង្កេត ឃើញ មាន នាយទាហាន ទាំងនោះ ត្រូវ សត្រូវ បាញ់សម្លាប់ ឬ ត្រូវ គេ កាប់ មុត ដាច់ សាច់ ទាំងដុំៗ ដូចតែ មនុស្ស ធម្មតា ដែរ ។
លើស ពី នេះ ទៅទៀត ការ ផឹក “ថ្នាំ កាប់ មិន មុត ដុត មិន ឆេះ” បែប នេះ មិន បាន ជួយ ពួក ខ្មែរឥស្សរៈ នោះ ទេ តែ វា កាន់តែ នាំ ភាព លំបាក ដល់ ពួកគេ ថែមទៀត ។ ជា ការពិត ប្រហែលជា វា អាច ជួយ ឱ្យ ពួកគេ មាន សាច់ ស្វិត ប៉ុន្តែ សាច់ ស្វិត របស់ ពួកគេ នោះ នឹង ធ្វើ ឱ្យ ពួកគេ ឈឺ រហូត ដល់ ស្លាប់ ។ ព្រោះ គ្មាន ម្ជុល សឺរ៉ាំង ចាក់ ថ្នាំ ណា មួយ អាច ចាក់ ថ្នាំ បញ្ចូល សាច់ ពួក គេ បាន ឡើយ ប្រសិន ណា ពួកគេ ឈឺ ថ្កាត់ ។ ម៉្លោះហើយ ពួក គេ នៅតែ បន្ត ប្រើ ឱសថ បុរាណ ដែល ពុំ មាន ប្រសិទ្ធភាព ដដែល ទោះ ជា មាន ឱសថ ពេទ្យ ទំនើប ស័ក្ដិសិទ្ធិ ក៏ ដោយ ។
បើ តាម ប្រសាសន៍ របស់ លោក នី វ៉ាន់ធី បាន ឱ្យ ដឹង ថា យួន យៀកមិញ ធ្លាប់ បាន រួម ជាមួយ ខ្មែរ ឥស្សរៈ របស់ ទ្រង់ ចន្ទរង្សី ទៅ វាយ បារាំង តែ ក្រោយ ពី ការ ប្រទូស្តរ៉ាយ ខាងលើ ទំនាក់ ទំនង នោះ បាន ចាប់ ផ្ដើម ប្រេះ ឆា។
សូម បញ្ជាក់ ថា មុន ពេល កើត ហេតុនេះ ទ្រង់ ចន្ទរង្សី បាន ត្រូវ ពួក យួន អញ្ជើញ ទៅ ប្រជុំ នៅ ណាមបូ នៃ វៀតណាម ខាងត្បូង ហើយ ទ្រង់ ក៏ បាន ដាស់ តឿន កុំ ឱ្យ កូន ចៅ របស់ ទ្រង់ តប ត ឈ្លោះប្រកែក គ្នា ជាមួយ ពួក យួន យៀក មិញ ដែល នៅ ទល់មុខ បន្ទាយ ឱ្យ សោះ ខ្លាច មាន ការ លំបាក និង រំខាន ដល់ គោល ដៅ នៃ ក្រុម តស៊ូ របស់ ខ្លួន ក្នុង ការ វាយ ទាមទារ ឯករាជ្យ ពី បារាំង ។ ម៉្យាង ទៀត ទ្រង់ បារម្ភ ដល់ សុវត្ថិភាព ផ្ទាល់ របស់ ទ្រង់ ដែល ទៅ ប្រជុំ នៅ ស្រុក យួន នោះ ផង ខ្លាច ក្រែង យ៉ាងម៉េច យ៉ាងម៉ា ទៅ គេ ធ្វើបាប ទ្រង់ ។ “មែន! ដូច ការ បារម្ភ របស់ ទ្រង់ មែន,” លោក នី វ៉ាន់ធី បាន គូស បញ្ជាក់ ។
គាត់ បាន បន្ត ថា ពួក កូន ចៅ របស់ ទ្រង់ មាន រឿងរ៉ាវ ដូច ខាងលើ ហើយ ត្រូវ ពួក យួន ខិលខូច ក្បត់ ពាក្យសន្យា មិន ព្រម ផ្ដល់ កាំភ្លើង យន្ត ដោយ សន្តិវិធី ទេ តែ បែរ ជា តាម ដេញ បាញ់ ពួកគាត់ យក កាំភ្លើងយន្ត វិញ ។ ទី បំផុត ទំនាក់ ទំនង ល្អ ជាមួយ ពួក គេ ត្រូវ បញ្ចប់ ។ ឯ រូប ទ្រង់ ចន្ទរង្សី ផ្ទាល់ ត្រូវ ពួក យួន ចាប់ ឃាត់ខ្លួន ដាក់ ក្នុង គុក អស់ មួយ រយៈ ទម្រាំ បាន រត់ ចេញ មក វិញ បាន ដោយសារ បាន អ្នកយាមគុក ម្នាក់ ជា ជនជាតិ វៀតណាម ធ្លាប់ រាប់ អាន និង មាន សមាន ចិត្ត ដល់ ទ្រង់ បាន ប្រើ ឧបាយ កល ក្បត់ ក្រុម ខ្លួន ដើម្បី លួច ដោះលែង ទ្រង់ តែ ត្រូវ ពួកគេ ដឹង ទាន់ ពេល ហើយ ដេញ ចាប់ ទ្រង់ វិញ ស្ទើរតែ រត់ មិនទាន់ ។ តាំង តែពី ពេល នោះ មក ពួកគេ ចេះតែ មាន ការ ប៉ះទង្គិច នឹង គ្នា ជា រឿយៗ ។
សក្ខីភាព នៃ ការ មិន ចុះសម្រុង គ្នា រវាង ទ្រង់ ចន្ទរង្សី និង ពួក យៀក មិញ ត្រូវ បាន បញ្ជាក់ ដោយ ទ្រង់ ចន្ទរង្សី ផ្ទាល់ នៅ ក្នុង បទ សម្ភាសន៍ ទ្រង់ ជាមួយ លោក ស្ទីវិន ហេឌ័រ នា ពេល ក្រោយមក ថា “ខ្ញុំ…ឈប់ ធ្វើ បដិវត្តន៍ ជាមួយ យួន ព្រោះ ក្រោយពេល ខ្ញុំ សហការ ជាមួយ ពួកគេ តាំងតែពី ក្រោយពេល មាន សង្គ្រាម លោក លើក ទី ២ភ្លាម ច្បាស់ ណាស់ ដែល ថា ពួកគេ កំពុង ប្រើប្រាស់ ខ្ញុំ ដោយ ប្រើ ឈ្មោះ រាជវង្សានុវង្ស របស់ ខ្ញុំ ។ ពួក គេ ថែមទាំង បាន ព្យាយាម ត្រួតត្រា លើ ចលនា (ឥស្សរៈ) របស់ ខ្ញុំ ទៀត ផង ។ ហើយ ពេល ដែល ខ្ញុំ ជំទាស់ លើ អ្វី ដែល ពួកគេ ស្នើសុំ ពួក កូន ចៅ របស់ គេ លែង ហៅ ខ្ញុំ ថា ជា ក្សត្រ ស្នេហា ជាតិ ទៀត ទេ ។ ផ្ទុយ មក វិញ ពួក គេ នឹង ហៅ ខ្ញុំ ចោទ ខ្ញុំ ថា ជា ក្សត្រ ក្បត់ ឬ ជន សក្ដិភូមិ ក្បត់ ។
៦.សមរភូមិ សំខាន់
កំលុងពេល ឆ្នាំ១៩៥១ បន្ទាប់ពី បាន បង្វឹក ហាត់ យុទ្ធជន របស់ ខ្លួន នៅ សាលា នាយទាហាន ជំនាន់ ទី ១ ទ្រង់ ចន្ទរង្សី បាន បញ្ជា ឱ្យ កូនទាហាន របស់ ខ្លួន ជាង ៨០០នាក់ ចេញ ធ្វើ សមយុទ្ធ ទៅ ខេត្ត កោះកុង ដែល ជា ទឹកដី ក្រោម ការត្រួតត្រា ដ៏ សំខាន់ មួយ របស់ ទ្រង់ ។ លោក មេទ័ព ហ៊ឹម ខាន់ ទទួលភារៈ ដឹកនាំ នាយទាហាន ទាំងនោះ ចេញពី សាលា នាយទាហាន នៅ តានៀវ កាត់តាម ផ្លូវ ទៅ ស្រែអំបិល ។ បើ តាម ប្រសាសន៍ របស់ លោក នី វ៉ាន់ធី ដែល ពេល នោះ ជា លេខា លោក មេទ័ព ហ៊ឹម ខាន់ បាន រៀបរាប់ ឱ្យ យើង ដឹង ថា នាយទាហាន ជំនាន់ ទី ១ ទាំង ៨០០នាក់ បាន ធ្វើ ដំណើរ កាត់តាម មាត់សមុទ្រ ទៅ បោះ ទីតាំង នៅ ខ្សាច់ស អស់ រយៈពេល មួយ អាទិត្យ ។ នៅ ភូមិ ខ្សាច់ស នេះ ពួកគេ ជាថ្មី ម្ដងទៀត បាន ប៉ះទង្គិច ប្រដាប់ អាវុធ ជាមួយ ពួក យួន វៀតមិញ បន្តិចបន្តួច ដែរ ។ ជាក់ស្ដែង លោក លេខា នី វ៉ាន់ធី ដែល មាន ភារកិច្ច ជួយ កិច្ចការ ផ្សេងៗ របស់ លោក មេទ័ព ហ៊ឹម ខាន់ ដូចជា ខាង កិច្ចការ រដ្ឋបាល ផ្សេងៗ និង ស្ពាយ ថង់ អាហារ ផែនទី និង ត្រា របស់ មេទ័ព ហ៊ឹម ខាន់ ជាដើម ។
លោក គិត ថា ពេល នោះ ពួក យួន វៀតមិញ ពិតជា ត្រៀម ខ្លួន គុំគួន ចាំ វាយ ទ័ព របស់ ទ្រង់ ចន្ទរង្សី ដូចជា ពួកគេ មាន កំហឹង ធំដុំ ពី កាលណា អញ្ចឹង ។ នៅ វេលា ថ្ងៃ មួយ ពេល ដែល គាត់ ទៅ ដង ទឹក គាត់ ត្រូវ បាន ពួក យួន វៀតមិញ ដេញ បាញ់ ។ គាត់ ខំ ប្រឹង រត់គេច ពី ការ តាម ចាប់ នេះ រហូត មិន ដឹង ខ្លួន ថា ជ្រុះ ត្រា របស់ មេទ័ព ហ៊ឹម ខាន់ បាត់ តាំង ពី ពេលណា ឬ នៅ កន្លែងណា ។ បន្ទាប់ពី រត់គេច ដោះ ខ្លួន រួច គាត់ បាន យក ដំណឹង អាក្រក់ នេះ ទៅ ប្រាប់ លោក ហ៊ឹម ខាន់ តែ គាត់ បែរជា ច្រឡោតខឹង ដេញ បាញ់ លោក ស្មៀន ភ័យ រត់ ស្ទើរ ស្លាប់ ម្ដង ទៀត ។ លោក នី វ៉ាន់ធី និយាយ ការពារ ដើមហេតុ នៃ អំពើ ដែល លោក ហ៊ឹម ខាន់ ច្រឡោតខឹង នឹង គាត់ ថា ព្រោះ លោក ហ៊ឹម ខាន់ បារម្ភ ខ្លាច ពួក សត្រូវ ខិលខូច រើស ត្រា នោះ បាន ហើយ មាន គំនិត អាក្រក់ បន្លំ ធ្វើ ជា កោះហៅ ឬ បញ្ជា ឱ្យ កូនទាហាន របស់ គាត់ ទៅ ទី ណាមួយ ដើម្បី កម្ចាត់ ពួកគេ ចោល នាំ ឱ្យ មាន លទ្ធផល ខ្លោចផ្សា ពន់ពេក សម្រាប់ ទ្រង់ ចន្ទរង្សី ។
បន្ទាប់ពី នោះ មក ពួក នាយទាហាន ទាំងឡាយ បាន បន្ត ដំណើរ ទៅ បោះ ទីតាំង ចាស់ នៅ ភូមិ ជីឃ នៅ ក្បែរ ស្រុក ស្រែអំបិល ខេត្ត កោះកុង ។ លោក វ៉ាន់ធី ថា បន្ទាយ ជីឃ នេះ មាន ទីតាំង យុទ្ធសាស្ត្រ ល្អ ណាស់ ។ វា មាន ទីតាំង លើ ទីទួល មួយ ដែល ព័ទ្ធជុំវិញ ដោយ រុក្ខជាតិ សំរុង ដែល ជា អន្លង់ ធម្មជាតិ ជាច្រើន ។ វា ក៏ ជា ប្រភព សេដ្ឋកិច្ច មួយ ដ៏ សំខាន់ ផង ដែរ សម្រាប់ ក្រុម ទ្រង់ ចន្ទរង្សី ។ ព្រោះ គេ អាច ប្រមូល រុក្ខផល បាន ជាច្រើន ដូចជា គ្រាប់ ម្រេច ជ័ររោម ខ្លឹមច័ន្ទ និង ក្រវាញ ជាដើម ។ ដូច ដែល ត្រូវ បាន រៀបរាប់ ខាងលើ រុក្ខផល ទាំងអស់ នេះ ត្រូវ បាន ខ្មែរឥស្សរៈ ដឹកជញ្ជូន ដោយ សេះ និង ដំរី ដើម្បី យក ទៅ លក់ដូរ នៅ ខេត្ត ត្រាត នៃ ប្រទេស ថៃ ។ ដោយសារ គុណសម្បត្តិ ទាំងអស់ នេះ ហើយ ទើប ពួក យួន វៀតមិញ តែង ព្យាយាម វាយឆ្មក់ ដណ្ដើម យក ទីតាំង នេះ ជាច្រើន លើក ជាច្រើន សារ ។
ជាក់ស្ដែង នៅ ពេល ពួក នាយទាហាន ជំនាន់ ទី ១ របស់ ទ្រង់ ចន្ទរង្សី ធ្វើ សមយុទ្ធ នៅ ទីនោះ ពួកគេ បាន លួច វាយ ឡើង លើ បន្ទាយ នោះ ។ ពួកគេ មានគ្នាច្រើន ដើម្បី ឡោមព័ទ្ធ តែ ត្រូវ ពួក នាយទាហាន របស់ ទ្រង់ ចន្ទរង្សី វាយ រុញច្រាន ចុះ វិញ រហូតដល់ ពួកគេ ធ្លាក់ ចុះ ចូល ក្នុង សំរុង នោះ ស្លាប់ អស់ ជាច្រើន នាក់ ។ ទីបំផុត ខ្មែរឥស្សរៈ អាច ការពារ បន្ទាយ ដ៏ ល្អ របស់ ខ្លួន បាន ដោយ សុវត្ថិភាព ហើយ បាន អបអរ សាទរ ជោគ ជ័យ ដំបូង របស់ ខ្លួន ក្រោយពេល ចេញពី សាលា ហ្វឹកហ្វឺន ថ្មីថ្មោង ។
៧.យុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃ
ខុសពីចលនាជាតិនិយមកម្ពុជាទំនើបដទៃទៀត ចលនាខ្មែរឥស្សរៈបានជ្រើសរើសយកផ្លូវតស៊ូ ដោយអាវុធចេញពីក្នុងព្រៃ ដើម្បីតាមទារឯករាជ្យពីបារាំង។ តើពួកគេមានយុទ្ធសាស្ត្រអ្វី ជាទីអាង? លោក វ៉ាន់ធី បានឆ្លើយតបយ៉ាងខ្លីថា គឺ “សង្គ្រាមទ័ពព្រៃ”។ តើអ្វីជាសង្គ្រាមទ័ពព្រៃ? តើពួកយុទ្ធជន ខ្មែរឥស្សរៈ មានជំនាញធ្វើសង្គ្រាមទ័ពព្រៃកំរិតណា? លោក នី វ៉ាន់ធី ដែលបានរៀនសូត្រជាមួយ អតីត នាយទាហានជប៉ុនមួយរូប ដែលមិនបានដកថយក្រោយអធិរាជជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី២ គឺលោក តាដាកុមា (Tadakuma) និងអនុវត្តផ្ទាល់ក្នុងអំឡុងពេលតស៊ូ បានរៀបរាប់ប្រាប់យើងឱ្យ ដឹងដូចតទៅ ៖ សង្គ្រាមទ័ពព្រៃ គឺជារបៀបនៃការវាយលុក ដែលប្រើមនុស្សរស់នៅជុំវិញតំបន់ ដែលខ្មាំងកាន់ កាប់ ឬ ឡោមព័ទ្ធ។ សង្គ្រាមទ័ពព្រៃនេះ មានលក្ខណៈសំគាល់ចំបងៗ ដែលយុទ្ធជនរបស់ពួកគេ ត្រូវ ដឹងខ្លួនជាមុនដូចខាងក្រោម៖
គ្មានរណសិរ្ស ឬ មូលដ្ឋានបង្អែកច្បាស់លាស់។
ប្រតិបត្តិការដោយក្រុមតូចៗ ហើយប្រដាប់ដោយគ្រឿងអាវុធខ្សោយបំផុត។
ដឹងជាមុនថា ខ្មាំងខ្លាំងជាងខ្លួនជានិច្ច។
អាចរស់នៅឆ្ងាយពីភូមិស្រុកបាន ពេលធ្វើប្រតិបត្តិការងារ ដូចជាចូលស៊ើបការណ៍ជាដើម។
មានគំនិតផ្តួចផ្តើមជានិច្ចក្នុងការពេលប្រតិបត្តិការ ព្រោះក្នុងកាលៈទេសៈភាគច្រើនបំផុត ពួកយុទ្ធជនទ័ពព្រៃ នឹងគ្មាននរណាជួយណែនាំឱ្យធ្វើអ្វីឡើយ គឺពួកគេខ្លួនឯង ជាអ្នកផ្តួចផ្តើម។
ត្រូវទាក់ទាញឱ្យមានការគាំទ្រពីប្រជាជន។
សំខាន់បំផុត ត្រូវជៀសវាងកុំប្រើទ័ពព្រៃ ដើម្បីទប់ទល់នឹងទ័ពព្រៃមួយទៀត ផ្ទុយទៅវិញ គេត្រូវតែប្រើប្រាស់យុទ្ធវិធីនេះ ជាមួយកម្លាំងទ័ព ដែលនៅទីចំហរតែប៉ុណ្ណោះ។លើសពីនេះទៀត លោក វ៉ាន់ធី បានពន្យល់ប្រាប់ថា ក្នុងនាមគាត់ជាយុទ្ធជនទ័ពព្រៃមួយរូប គាត់ត្រូវចងចាំ និងមានសមត្ថភាព៧ ផ្សេងទៀត ផងដែរ។
ទីមួយ គាត់ត្រូវចេះកម្រើកដោយប៉ិនប្រសប់។ ក្នុងន័យនេះ គាត់ថា គាត់ត្រូវធ្វើប្រតិបត្តិការ ឱ្យបានរហ័សបំផុត។
ទីពីរ គាត់ត្រូវចេះបំភ័ន្ត ដូចជា ធ្វើជាផ្តល់ពត៌មានខុសដល់ខ្មាំង ឬ នៅពេលទ័លច្រកត្រូវខ្មាំង ចាប់បាន គួរប្រគល់ខ្លួនឱ្យខ្មាំង បន្ទាប់មក ពេលខ្មាំងសួរចម្លើយ ត្រូវឱ្យចម្លើយខុសទៅខ្មាំង ឬ ជួនកាល ពួកគាត់ត្រូវចេះធ្វើវិទ្ធង្សនា ហើយចូលជ្រៀតជ្រែកខាងក្នុងផ្ទៃដីសត្រូវ។
ទីបី គឺជាចំណុចសំខាន់ជាងគេ ដែលយុទ្ធជនឥស្សរៈត្រូវចេះ “ការធ្វើឱ្យភ្ញាក់ផ្អើល”។ ដើម្បីធ្វើឱ្យ ខ្មាំងភ្ញាក់ផ្អើល គេត្រូវធ្វើគំរោងការជាមុនសម្រាប់បំភ័ន្តខ្មាំង ឬ ក៏ធ្វើការបង្វែងដាន ដោយវាយបញ្ឆោត ទីតាំងតូច ដើម្បីងាយស្រួលឆ្មក់វាយទីតាំងធំ។
ម៉្យាងទៀត ពួកគាត់ត្រូវត្រៀម ខ្លួនជានិច្ចសម្រាប់វាយលុកកន្លែង ដែលស្ងាត់ស្ងៀម និង មូលដ្ឋានខ្មាំងតូចៗ ដែលនៅឆ្ងាយពីមូលដ្ឋានធំរបស់ខ្មាំង។ ទន្ទឹមនឹងនេះ ពួកគាត់ត្រូវធ្វើដំណើរឱ្យបាន លឿនបំផុត និងមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់សណ្ឋានទីតាំងភូមិសាស្ត្រ ថា តើគួរលាក់បំពួន ឬ ធ្វើអ្វីនៅកន្លែងណា ដើម្បីឱ្យស័ក្តិសមបំផុត សម្រាប់គំរោងការត្រៀមប្រយុទ្ធណាមួយ។សំខាន់ជាងនេះ ទៅទៀត ពួកគេត្រូវចេះត្រួតត្រាក្តោបក្តាប់ភូមិស្រុក ដែលខ្លួនធ្វើសកម្មភាពឱ្យ បានដូចជា ត្រូវដឹងពីសមានចិត្តប្រជាពលរដ្ឋចំពោះពួកគេ ឬទៅលើសត្រូវ។ ក្នុងដូចករណីខាងក្រោយនេះ យុទ្ធជនទ័ពព្រៃ ត្រូវចេះឃោសនាឱ្យប្រជាពលរដ្ឋស្រលាញ់ និងជួយទំនុកបម្រុងផ្នែកផ្សេងៗ។
ពួកគេត្រូវដឹងថា សង្គ្រាមនេះ នឹងមិនងាយបញ្ចប់ទេ។ ដូច្នេះ គេត្រូវរៀបខ្លួនត្រៀមលក្ខណៈ តស៊ូយូរអង្វែង សម្រាប់សង្គ្រាមមួយយូរអង្វែង ហើយមុននឹងចូលធ្វើសង្គ្រាមទ័ពព្រៃ យុទ្ធជនម្នាក់ៗត្រូវ សំរេចចិត្តជាមុនឱ្យបានត្រឹមត្រូវ។ចំណុចសំខាន់ចុងក្រោយ ពួកគាត់ត្រូវរៀបចំឱ្យមានខ្សែរយៈពត៌មានឱ្យបានគ្រប់ទីកន្លែង ដើម្ប៉ី យកជោគជ័យទៅលើខ្មាំង។ ដំណាលគ្នានេះដែរ ពួកគេក៏ត្រូវចេះក្បួនរត់គេច និងយល់ដឹងនូវប្រការ សំខាន់ៗមួយចំនួន ផងដែរ ៖
គប្បីបំបែកជួរ ដើម្បីរត់នៅពេលដំបូងបង្អស់ តែគប្បីរកកន្លែងពួន។
ត្រូវបំបែកជួរ ហើយរត់។ តែបើ កាលណាសត្រូវហេវហត់ គេត្រូវឱ្យមានការឈ្លប គយគន់នៅពេលយប់ ដើម្បីចាត់ការពួកសត្រូវវិញ។
ឱ្យមានការរត់ចេញនៅពេលយប់។
ត្រូវធ្វើការប្រៀបផ្ទឹម ដល់ការប្រមូលប្រជុំទ័ពខ្លាំងឡើងវិញ ព្រមទាំងពេលបាយ។
ត្រូវធ្វើ ឬ រៀបចំជាមុននូវចំណុចជួបជុំទាំងឡាយ ដូចដែលគាត់បានណាត់ក្រុមគាត់ជួបគ្នា នៅអូរស្រឡៅក្រោយពេលពួកគាត់ចាប់ជំរិតប្រាក់ពីថៅកែទឹកឃ្មុំ ដែលត្រូវបានលាតត្រដាងក្នុង ផ្នែកខាងលើ។
ត្រូវប្រើប្រាស់អន្ទាក់ផ្ទុះ ដើម្បីបង្អាក់ល្បឿននៃដំណើរខ្មាំង។
ត្រូវឱ្យបានល្អ ឬ មានប្រៀបជាងសត្រូវជាដរាប។
ឱ្យមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការចេះរស់ ក្នុងពេលអាសន្ន។បើនិយាយកាលដែលក្រុមលោក នី វ៉ាន់ធី ចូលទៅចាប់ជំរិតនៅផ្ទះថៅកែទឹកឃ្មុំ ពួកគាត់ក៏មិន មែន ចេះតែចូលទៅដោយមិនបានស៊ើបការជាមុននោះទេ គឹគាត់ត្រូវបានភ្នាក់ងារ ឬ រនុកក្នុងរបស់គាត់ រាយការណ៍ពីកន្លែង ដែលថៅកែនោះលាក់លុយ និងពេលវេលាដែលគាត់នៅផ្ទះជាដើម។ នេះបញ្ជាក់ថា ពួកខ្មែរឥស្សរៈក៏យល់នឹងចាត់ទុកការស៊ើបការ ឬ ការយកពត៌មានជាការសំខាន់បំផុត សម្រាប់ពួកគេធ្វើ ប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ សង្គ្រាមទ័ពព្រៃ មានការទាក់ទងទៅលើទំហំដ៏ធំទូលាយនៃសកម្មភាពមនុស្ស។ ក្នុងការធ្វើឱ្យ កិច្ចប្រតិបត្តិការមានជោគជ័យ ពួកខ្មែរឥស្សរៈត្រូវដឹងថា មនុស្សណាខ្លះគាំទ្រក្រុមរបស់គេ ហើយ អ្នកណាគាំទ្រសត្រូវ។
បើតាមការចេះដឹងបានពីបទពិសោធន៍របស់លោក នី វ៉ាន់ធី សង្គ្រាមបែបនេះ គេមិនត្រូវធ្វើឱ្យមានការខុសឆ្គង ចំពោះមជ្ឈដ្ឋានអ្នកស្រុកអាយឡើយ។ លើសពីនេះទៅទៀត ទ័ពព្រៃ ត្រូវប្រយ័ត្ន មិនគួរធ្វើឱ្យមានការបាត់បង់នូវយុទ្ធជនរបស់ខ្លួន គ្រឿងសម្ភារៈ រួមទាំងអ្នកគាំទ្ររបស់ ផងខ្លួនទេ។ ពីព្រោះទ័ពព្រៃ គឺធ្វើការប្រយុទ្ធបែបអ្នកក្រ ដោយសារសក្តានុពលសម្ភារៈសឹក មិនសូវមាន ច្រើនទេ។ ដូចគ្នានេះដែរ គេក៏ត្រូវមាន តំរេះវិជ្ជា និងបទពិសោធន៍គ្រប់គ្រាន់ ដែលក្លាយជាកត្តា មានឥទ្ធិពលលើលទ្ធផលជោគជ័យ ឬ បរាជ័យផងដែរ។ កាលណោះ ពួកគាត់បានបែងចែកពាក្យ “ដំណឹង” និង“ពត៌មាន”ក្នុងន័យខុសគ្នាថា ៖
ដំណឹង គឺជាផលដែលត្រូវបានផ្តុំប្រមូល ដោយប្រភពទីទៃជាច្រើន។
ពត៌មាន គឺជាការចេះដឹងអំពីខ្មាំងទៅលើទីដី ទៅលើប្រជាពលរដ្ឋ ព្រមទាំងទៅលើធាតុ អាកាស ដែលបានមកអំពីដំណឹង ដែលប្រមូលផ្តុំហើយច្នៃ(ឱ្យតំលៃផ្តុំគ្នា និងឆ្លងកាត់ការពិភាក្សារួច)។ចំពោះមេបញ្ជាការ ត្រូវដឹងអំពីពត៌មានស្តីពីខ្មាំង ធាតុអាកាស និងស្ថានភាពដីជាមុន ទើបអាច មើលឃើញជោគជ័យមកខាងខ្លួន។
៨.សន្និសីទក្រុងហ្សឺណែវ
ដោយសារគ្រោងការសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ ទើបទ្រង់ ចន្ទរង្សី ដាក់អាវុធ ចុះចូល ជាមួយរាជរដ្ឋាភិបាលរបស់សម្តេច នរោត្តម សីហនុ។ ដើម្បីដោះស្រាយជម្លោះនៅឥណ្ឌូចិន មានតំណាងប្រទេសចំនួន១៩ បានចូលរួមក្នុងសន្និសីទមួយួ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៥៤ ដែលមានប្រទេសមហាអំណាចសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស សហភាពសូវៀត និងប្រទេសចិន បានព្រមព្រៀងគ្នា ប្រារព្វធ្វើសន្និសីទមួយ នៅ ទីក្រុងហ្សឺណែវ ដើម្បីបញ្ចប់សង្គ្រាម និងស្តារឡើងវិញនូវសន្តិភាពនៅកូរ៉េ និងនៅឥណ្ឌូចិន។ តែបើ និយាយឱ្យស្រួលស្តាប់ គឺដើម្បីឱ្យប្រទេសបារាំងដកខ្លួនចេញ និងប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន បារាំង។
ក្រោយពីឮសេចក្តីប្រកាសនេះភ្លាម បណ្តារដ្ឋសាមី និងភាគីសាមី ក្នុងជម្លោះទាំងអស់ចាប់ផ្តើម ពិចារណារកស្នៀត និងធ្វើការយ៉ាងញាប់ដៃជើង ឆ្ពោះទៅរកសិទ្ធិចូលរួមក្នុងអនាគតសន្និសីទក្រុង ហ្សឺណែវនេះ។ រដ្ឋាភិបាលវៀតណាមខាងជើង ដែលដឹកនាំដោយហូ ជីមិញ និង ផាម វ៉ាន់ដុង បានរៀបចំ ល្បិចយុទ្ធសាស្ត្រយ៉ាងញាប់ដៃ ដើម្បីបង្កើតជារដ្ឋាភិបាលមួយ ឱ្យចលនាតស៊ូខ្មែរឥស្សរៈកុំមុយនីស្ត នៅ កម្ពុជា ដែលមាន ស៊ឺង ង៉ុកមុញ៉ិ ជាប្រមុខ និងបណ្តាវរជនជាច្រើនទៀត ដែលគេធ្លាប់ស្គាល់យូរមកហើយ នោះ ដូចជា ស៊ីវ ហេង, ទូ សាមុត, លាវ កែវមុនី និងលោក ម៉ី ផូ។
ចំពោះមុខស្ថានការណ៍បែបនេះ សម្តេច នរោត្តម សីហនុ បានប្រើប្រាស់នយោបាយដ៏ឈ្លាសវៃ មួយ ដើម្បីបញ្ឆោតមតិសាធារណៈអន្តរជាតិ។ ព្រះអង្គ ដែលក្រោយមកត្រូវបាន ទ្រង់ នរោត្តម ចន្ទរង្សី ហៅថា “ល្បិចព្រួញមួយបាញ់បានសត្វពីរ”។ ជាដំបូងព្រះអង្គ បានចាត់ឱ្យ លោក ប៊ូ ហ៊ង ទៅនិយាយ បញ្ចុះបញ្ចូលមេខ្មែរឥស្សរៈ ឱ្យចូលរួមជាធ្លុងតែមួយួក្នុងរាជរដ្ឋាភិបាល កុំឱ្យបែកបាក់គ្នា នាំឱ្យគេពុះចែក ទឹកដីខ្មែរជាមួយខ្មែរវៀតមិញ នៅពេលអនាគត។ តែទោះជាយ៉ាងណា លោក ហ៊ិន ស៊ីថាន បានចោទថា ពួកមេខ្មែរឥស្សរៈ ដែលចុះចូលជាមួយរដ្ឋាភិបាលនេះ គឺដើម្បីបានលាភសក្ការៈ និងយសសក្តិផ្ទាល់ខ្លួន។
ក្រោយចរចាគ្នាបានសំរេច ព្រះអង្គបាននាំយកមេៗខ្មែរឥស្សរៈទាំងឡាយ ដូចជា លោក ដាបឈួន, ទ្រង់ នរោត្តម ចន្ទរង្សី, លោក សាវ៉ាង វង្ស, និងលោក ពុត ឆាយ ទៅចូលរួមសន្និសីទក្រុងហ្សឺណែវ ដើម្បីធ្វើ ជាសាក្សីប្រាប់ពិភពលោក ថា គឺពួកគេឯណេះទេ ដែលជាអ្នកតស៊ូពិតប្រាកដ ក្នុងបុព្វហេតុវាយបណ្តេញ បារាំង ហើយកំពុងមានដែនដីត្រួតត្រា និងកងទ័ពច្រើនជាងភាគីដទៃទៀត។ ពួកគេបានពោលអះអាង បន្ថែមថា ពួកគេបានធ្វើការតស៊ូដើម្បីបម្រើផលប្រយោជន៍ប្រទេសខ្មែរពិតៗ ហើយឥឡូវពួកគេព្រមដាក់ អាវុធចុះ ដើម្បីរួមរស់ជាមួយគ្នាដោយសុខសន្តិភាព។ ជាចុងក្រោយ ពួកគេបានវាយប្រហារ ដោយពាក្យសំដីដាក់ពួក ស៊ឺង ង៉ុកម៉ិញ ថា ជាជនក្បត់ជាតិចង់ពុះបំបែកដែនដីខ្មែរ។
ក្រោយសន្និសីទនេះ ភាគីពាក់ព័ន្ធបានសំរេចបញ្ឈប់សកម្មភាពប៉ះទង្គិចយោធាទាំងស្រុង ចាប់ពី ថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ។ នៅក្រោយពេលបញ្ចប់សង្គ្រាម ជាធម្មតានៅប្រទេសភាគច្រើន ក្នុងពិភពលោក គេត្រូវគិតគូដល់ពួកអ្នកតស៊ូដែលបានរងរបួសពិការដៃជើង ភ្នែក ឬរាងកាយ ដោយការ ផ្តល់រង្វាន់ ឬ មុខតំណែងតួនាទី ឬការងារផ្សេងៗប្រយោជន៏ពួកគេអាចចិញ្ចឹមជីវិតបាន។ ដូច្នេះជាថ្នូរ នឹងការចុះចូលជាមួយរដ្ឋាភិបាល សម្តេច សីហនុ បានសន្យាថា នឹងបញ្ចូលកងទ័ពខ្មែរឥស្សរៈទាំងអស់ នៅក្នុងកងទ័ពខេមរភូមិន្ទ ជាបន្តបន្ទាប់ តាមដំណាក់កាល។
ឯកសារយោងប្រភព៖ សារពត៌មានសេរី
(ស្រង់ពី សារណា បញ្ចប់ បរិញ្ញាបត្រ ប្រវត្តិវិទ្យា ស្ដីពី ប្រធានបទ “ស្វែងយល់ ពីចលនា ខ្មែរឥស្សរៈ ករណី សិក្សា អំពី អតីត អ្នកតស៊ូ ខ្មែរឥស្សរៈ នី វ៉ាន់ធី” របស់ លោក “ថា លាងអាង” )។
រូបភាព បាតុករខ្មែរនៅ ប្រទេសជប៉ុន ឆ្នាំ ២០២៤ ដែលប្រឆាំង រដ្ឋាភិបាលខ្មែរ ដោយស្នើរជប៉ុនផ្តាច់ជំនួយ និង គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការបោះឆ្នោត
រូបភាព បាតុករខ្មែរនៅ ប្រទេសជប៉ុន ឆ្នាំ ២០២៤ ដែលប្រឆាំង រដ្ឋាភិបាលខ្មែរ ដោយស្នើរជប៉ុនផ្តាច់ជំនួយ និង គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការបោះឆ្នោត
រូបភាព បាតុករខ្មែរនៅ ប្រទេសជប៉ុន ឆ្នាំ ២០២៤ ដែលប្រឆាំង រដ្ឋាភិបាលខ្មែរ ដោយស្នើរជប៉ុនផ្តាច់ជំនួយ និង គាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការបោះឆ្នោត
No comments:
Post a Comment