ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកដើម)
ឥណ្ឌូចិន និងប្រជាជន នៅដើមគ្រិស្ដសករាជ និងដើមមហាសករាជហិណ្ឌូ
១- អំពីទឹកដី
ប្រសិនបើ គេពិនិត្យមើលផែនទីទ្វីបអាស៊ី ជាដំបូងគេសង្កេតឃើញមានទៀបកោះធំៗបីស្ថិតនៅភាគខាងត្បូង ៖ ទៀបកោះមួយនៅខាងលិចគឺទៀបកោះអារ៉ាប់ ដែលយើងនឹងមិនយកចិត្ដទុកដាក់ទេ ។ ទៀបកោះមួយទៀតនៅកណ្ដាល គឺឧបទ្វីបឥណ្ឌា ដែលមានរាងត្រីកោណ និងមានកោះសិរីលង្កានៅត្រង់កំពូល តែខិតមកខាងឦសានបន្ដិច កោះនោះប្រៀបបានទៅនឹងពេជ្រមួយគ្រាប់ដែលច្នៃឡើងដោយជាងមកពី ប្រទេសហុល្លង់ ។ ទៀបកោះទីបីនៅខាងកើតនោះគឺឧបទ្វីបឥណ្ឌូចិន ។ ទៀបកោះនេះមានរាងដូចជាថង់រៃអង្គាសប្រាក់ ហើយមានទៀបកោះមួយតូចព្យួរជាប់នឹងចង្កេះ មានរាងដូចជាខ្សែបន្ដោងដែលមានខាងចុងរីកធំដូចជាថ្នក់អ្វី មួយ ៖ នោះគឺ ទៀបកោះម៉ាឡាកា រាងវែងហើយរៀវដែលមានឈ្មោះថា «ដែនដីសុវណ្ណភូមិ» នៅក្នុងផែនទីរបស់ ផ្ដូលេមេ ។ តាមមើលទៅ ទៀបកោះនេះប្រហែលជានៅដាច់ផុតពីទ្វីបនៅឡើយកាលពីដើមគ្រិស្ដសករាជ ដោយដៃសមុទ្រមួយត្រង់បួរដី មានឈ្មោះថា «ក្រា» ។
ផែនទី កាលវរិច្ឆេទនៃ អាណាចក្រនានា ជុំវិញ កម្ពុជា
- អាណាចក្រ បាកាន Bagan Kingdom
- អាណាចក្រ ចម្ប៉ា Champa Kingdom ( មណ្ឌលតាំងសមាធិព្រះពុទ្ធសាសនាចាម គគីរ កៀនស្វាយ)
- អាណាចក្រអាយុធ្យា Ayuthia Kingdom
- អាណាចក្រ អង្គរ Angkor Kingdom
- អាណាចក្រ ស្រីវិជ័យជ្វា Srivirajaya Kingdom
- អាណាចក្រ មាតារាម Mataram Kingdom
- អាណាចក្រ ម៉ាហ្សាបាហិត Majapahit Empire
- អាណាចក្រ ធម្មក្សត្រា Dharmasraya Kingdom
បើ គេទុកផែនទីដែលបង្ហាញប្រទេសជាច្រើននេះ រួចយកផែនទីដែលបង្ហាញពីឥណ្ឌូចិនក្នុងមាត្រដ្ឋានធំ ព្រមទាំងមានកោះទាំងឡាយនៅក្នុងសមុទ្រខាងត្បូង ពោលគឺ អាំស៊ុឡាំងផងមកមើលវិញ គេឃើញមានសមុទ្រតូចមួយនៅចន្លោះឧបទ្វីបឥណ្ឌូចិន និងទៀបកោះម៉ាឡាកា សមុទ្រនោះមានឈូងមួយនៅពីខាងជើង ៖ សមុទ្រនោះគឺសមុទ្រសៀម រីឯឈូងសមុទ្រគឺឈូងសមុទ្របាងកក ។ នៅពីខាងនិរតីនៃទៀបកោះម៉ាឡាកាដ៏វែង មានកោះធំមួយ គឺកោះស៊ូម៉ាត្រា ហើយនៅខាងចុងកោះនេះ គឺកោះជ្វាដ៏ល្អត្រកាល ។ ទៅខាងកើតនោះទៀតគឺ កោះប៊័រណេអូដែលជាកោះធំជាងគេនៅលើលោករួចហើយ មានកោះរាប់ពាន់ មានតូចមានធំ នៅប្រមូលផ្ដុំគ្នាជាប្រជុំកោះ ដែលតភ្ជាប់ចេញពីទៀបកោះម៉ាឡាកា និងកោះទាំងឡាយរបស់ម៉ាឡេស៊ី ទៅទិសខាងកើតចម្ងាយប្រហែល៨០០គីឡូម៉ែត្រ ។ កោះតូចធំទាំងអស់នេះ អាចជាកំពូលភ្នំនៃទ្វីបធំមួយ ដែលបានលិចកប់បាត់ទៅនៅក្រោមទឹកសមុទ្រ រីឯវាលទំនាប និងជ្រលងភ្នំ ស្ថិតក្នុងទីជម្រៅ ។
នៅពេលដែល គេពិនិត្យឃើញថាទៀបកោះម៉ាឡាកាដ៏វែងនេះនៅផ្ដុំគ្នាជាមួយនឹង ឧបទ្វីបឥណ្ឌូចិនដ៏ធំដែលមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសចិននោះ គេអាចយល់បានអំពីភាពទាក់ទងគ្នាខាងប្រវត្ដិសាស្ដ្រនៃបណ្ដាប្រជាជន ដែលកកើតបានជាជាតិសាសន៍ផ្សេងៗឡើងនៅលើទឹកដីដ៏ធំទូលាយ នេះ ។ហើយគេក៏យល់បានដែរថា គេមិនអាចនិយាយអំពីជាតិសាសន៍ណាមួយ ដោយមិននិយាយអំពីជាតិសាសន៍ផ្សេងទៀតសោះនោះទេ ។
ឥឡូវនេះ សូមបែរមកពិនិត្យមើលផែនទីលម្អិតរបស់ឧបទ្វីបឥណ្ឌូចិនវិញ ម្ដង ។ បើលោកអ្នកពិនិត្យជួរភ្នំដ៏វែង ដែលលាតសន្ធឹងនៅលើឧបទ្វីបនេះ លោកអ្នកនឹងឃើញថាមានទន្លេស្ទឹងធំៗ ដែលហូរកាត់ជួរភ្នំនេះ ទន្លេ ស្ទឹងទាំងនោះ ហូរនាំទឹកចេញពីជ្រលងភ្នំទាំងឡាយ ដែលបញ្ជាក់ឱ្យឃើញថាឥណ្ឌូចិន គឺជាកូនស្រីនៃទន្លេទាំងអស់នោះ នឹងថា ជាតិសាសន៍ប្រកបដោយអារ្យធម៌ទាំងឡាយ ដែលគេប្រទះឃើញនៅទីនេះ សុទ្ធតែបានកកើតឡើងនៅលើដីល្បប់ដែលទន្លេស្ទឹងហូរនាំយកមកចាក់ បំពេញបន្ដិចម្ដងៗ ហើយទឹកទន្លេស្ទឹងទាំងអស់នោះ បានហួតស្ងួតអស់ទៅដោយកម្ដៅព្រះអាទិត្យ ។
យ៉ាងណាមិញ តុងកឹង គឺជាកូនរបស់ទន្លេក្រហម និងទន្លេសុងម៉ា ។ កម្ពុជា គឺជាកូនរបស់ទន្លេមេគង្គ (ឬមេទឹក) ។ ប្រទេសសៀម គឺជាកូននៃទន្លេមេណាម ដែលមានន័យថាមេទឹកដែរ ។ ប្រទេសភូមា ជាកូនរបស់ទន្លេឥរាវតី និងទន្លេសាលូអង់ ។ ទន្លេទាំងអស់សុទ្ធតែមានប្រភពចេញពីភ្នំដ៏ធំ គឺភ្នំហិមាល័យ (ខ្មែរហៅ ភ្នំហេមពាន្ដ) នៅទីបេ ។
ក្រោយ ពីបានពិនិត្យមើលភ្នំ និងសិក្សាទន្លេទាំងឡាយរួច នោះគេនឹងមិនលំបាកនឹងគិតស្រមៃក្នុងចិត្ដទេ ដើម្បីគូសវាសផែនទីនៃប្រទេសទៅតាមដែលព្រះឥន្ទ្រលោកអាចនឹងពិនិត្យ មើលឃើញ ពេលលោកគង់នៅលើទីដ៏ខ្ពស់ដោយក្រឡេកតែមួយភ្លែតអាចមើលឃើញ ឧបទ្វីបទាំងមូល ។ជាដំបូងនៅខាងជើងគឺភ្នំធំក្រាស់ដែលលាត សន្ធឹងពីកើតទៅលិចព័ទ្ធជុំវិញឈូងសមុទ្រតុងកឹង ។ ចុះមកខាងត្បូងភ្នំធំក្រាស់នេះសណ្ឋានដីបានត្រូវកត់សម្គាល់ដោយ ជួរភ្នំអាណ្ណាម ដែលចោតបន្ដិចពីខាងកើត ប៉ុន្ដែ រាងទេរនៅខាងលិច មានខ្ពង់រាបខ្ពស់ទាបបន្ដបន្ទាប់ បន្លាយត្រង់កន្លែងខ្លះរហូតជិតដល់ទន្លេមេគង្គ ។ នៅខាងទិសនិរតីជួរភ្នំអាណ្ណាមរីកជាភ្នំធំក្រាស់ដែលលាតសន្ធឹងពី សមុទ្ររហូតដល់ខាងត្បូងដាឡាត់ និងទៅដល់កូសាំងស៊ីនទៀត ។ នៅទិសខាងលិចវិញ មានជួរភ្នំ ភ្នំតូចៗ និងខ្ពង់រាប ដែលបន្ដភ្ជាប់ចេញពីភ្នំហិមាល័យដែរ ហើយញែកប្រទេសសៀមចេញពីប្រទេសលាវ និងកម្ពុជា និងជាបន្ទាត់ខណ្ឌចែកទឹករវាងអាងទន្លេមេគង្គ និងទន្លេមេណាម ។
ទីបំផុត មានជួរភ្នំទីបីមួយទៀត ដែលបែកចេញពីភ្នំធំក្រាស់ហិមាល័យនៅទីបេដែរ ។ ជួរភ្នំដ៏វែងតែតូចចង្អៀតនេះ លាតសន្ធឹងចេញពីប្រទេសភូមាខាងលើ បែងចែកភូមាជាពីរ ហើយជាទ្រនុងឆ្អឹងរបស់ទៀបកោះម៉ាឡាកា បន្ដមកបញ្ចប់នៅក្នុងសមុទ្រខាងត្បូងជាកោះជាច្រើន ខណ្ឌដោយដៃសមុទ្រតូចធំ ឬដោយសមុទ្រតូចៗ និងស្ងប់ស្ងាត់ ។
ដូច្នេះ គេពិនិត្យឃើញថាមានជួរភ្នំបីនៅឥណ្ឌូចិន ជួរភ្នំទាំងនោះមានប្រភពចេញពីភ្នំធំក្រាស់ហិមាល័យនៅទីបេ ហើយសន្ធឹងមកខាងត្បូងទាំងអស់គ្នា បង្កើតបានជាអាងធំៗបួន ដែលមានទន្លេវែងៗបួន ហូរកាត់អាងទន្លេទាំងនោះជាជម្រករស់នៅនៃជាតិសាសន៍ប្រាំគឺ ៖ អាងទន្លេមេគង្គដែលជាជម្រកនៃប្រទេសលាវនៅខាងជើង រួចប្រទេសកម្ពុជា និងកូសាំងស៊ីននៅខាងត្បូង អាងទន្លេមេណាមជាជម្រកនៃប្រទេសសៀម អាងទន្លេឥរាវតី ជាជម្រកនៃប្រទេសភូមា និងអាងនៃទន្លេក្រហម ដែលជាជម្រកនៃប្រទេសតុងកឹង ។
នៅ មានជួរភ្នំមួយទៀត ដែលជាព្រំដែនរវាងប្រទេសកម្ពុជា និងខេត្ដមួយចំនួនរបស់ប្រទេសសៀមនោះគឺ ភ្នំដងរែក ។ ភ្នំនេះមានចង្កេះខាងត្បូងចោតខ្លាំង ក៏ប៉ុន្ដែតាមពិតភ្នំនេះជាខ្ពង់រាបដ៏ធំមួយដែលនៅជាប់នឹងឈូង សមុទ្រដ៏ជ្រៅមួយកាលពីសម័យដើម ។ ជួរភ្នំនេះសន្ធឹងកាត់អាងទន្លេមេគង្គពីកើតទៅលិច ក៏ប៉ុន្ដែ វាមិនបានបង្វែរទិសរបស់ទន្លេនេះទេ ។ ទឹកហូរនាំយកដីគ្រប់ទិសទីចាក់ទៅក្នុងទន្លេ រួចហូរពីទន្លេសំដៅទៅសមុទ្រខាងត្បូង ។
តាម មើលទៅ កាលពីសម័យមួយដ៏យូរលង់ដែលនៅពេលនោះប្រទេសកម្ពុជា និងកូសាំងស៊ីនមិនទាន់កកើតនៅឡើយ ទឹកសមុទ្របានឡើងមកដល់ត្រឹមជើងភ្នំដងរែកនេះឯង រីឯមាត់ពាមរបស់ទន្លេមេគង្គគឺស្ថិតនៅត្រង់ចន្លោះបាសាក់ និងខោន ។ ពេលនោះទឹកដីកូសាំងស៊ីន និងកម្ពុជាស្ថិតនៅក្នុងបាតឈូងសមុទ្រនៅឡើយ កន្លែងឈូងសមុទ្រនោះ សព្វថ្ងៃនេះគឺ បឹងទន្លេសាប ។
កាលនោះ មានបឹងធំមួយនៅខាងជើងភ្នំដងរែក ។ ទឹកបឹងនេះរីងខះបន្ដិចម្ដងៗក្លាយទៅជាវាលទំនាបមួយប្រកបដោយ ជីជាតិ ដែលលោក បារតេឡេមី បានបរិយាយនៅឆ្នាំ១៩០៧ ហើយដែលមានទន្លេសេមូន និងដៃរបស់ទន្លេនេះគឺ ស្ទឹងសេស៊ី ហូរកាត់សព្វថ្ងៃនេះ ។ ទាំងអស់នេះ គឺជាកាកសំណល់ដែលនៅសេសសល់ពីកូនសមុទ្រមេឌីទែរ៉ាណេតូចមួយដែលទឹក សមុទ្របានស្រកថយបាត់អស់ទៅតែឡើងមកលិចម្ដងៗដែរកាលណាទឹក ជោរ ។ ដីនៅទីនេះរាបស្មើ តែនៅរក្សាជាតិប្រៃនៅឡើយ ។ ក្រោយរដូវភ្លៀងម្ដងៗ គេឃើញមានឡើងក្រាមជាតិប្រៃក្រាលនៅលើដី ដែលអ្នកស្រុករមែងប្រមូលយកមកស្លជាអំបិល គ្រប់គ្រាន់សម្រាប់តម្រូវការនៅក្នុងតំបន់ ។ បាតុភាពនេះអាចនឹងកើតមានឡើងដូចគ្នានៅក្នុងអនាគតដប់ ឬដប់ប្រាំសតវត្សរ៍តទៅមុខទៀតចំពោះ បឹងទន្លេសាប ដែលទឹកពីមុនប្រៃ ហើយការដែលគេដាក់ឈ្មោះថា «សាប» នេះ អាចជាការបញ្ជាក់ថា ទឹកទន្លេនេះ កាលពីមុននៅប្រៃតិចៗ ឬមិនស្រួលទទួលទានប៉ុន្មានទេ ទោះបីជាឥឡូវ ទឹកនេះបានសាបទៅហើយក៏ដោយ ។
នៅ ប្រទេសសៀមឯណោះវិញ កាលពីសម័យនោះ ទឹកសមុទ្រប្រហែលជាឡើងរហូតមកដល់ត្រឹមនគរសុវណ្ណ ត្រង់ខាងលើចំណុចដែលមានស្ទឹងពីរហូរចូលមកក្នុងទន្លេមេណាម ឥឡូវ ។ ប្រជាជនដែលរស់នៅទីនេះ កាលពីពេលនោះ មានដីខ្ពស់តែត្រង់ផ្នែកខាងលើនៃអាងទន្លេមេណាមនៅខាងជើងប៉ុណ្ណោះ និងចម្រៀកដីធំទូលាយមួយនៅតាមជើងភ្នំប៉ាតាវី ប៉េទ្រូ និងប៉ាយ៉ង់ នៅខាងកើត និងនៅតាមជើងភ្នំតេណាសេរីមនៅខាងលិច ។ តំបន់ទាំងអស់ជុំវិញអយុធ្យា ត្រង់កោះណងស្នោ ដែលជាទីតាំងរបស់ទីក្រុងនេះ ហើយនិងតំបន់ជុំវិញបាងកក ដែលជាទីក្រុងទំនើបរបស់សៀមសព្វថ្ងៃ កាលនោះស្ថិតនៅក្រោមទឹកសមុទ្រនៅឡើយ ។ ដីកន្លែងនេះ ចាប់លេចចេញពីទឹកនៅដើមគ្រិស្ដសករាជយើងនេះ ប៉ុន្ដែបាងកកនៅតែជាតំបន់សម្បូរទៅដោយបឹងបួដដែល ។
ហេតុការណ៍ ដូចគ្នានេះក៏កើតមាននៅឯរ៉ង់ហ្គូន នៅបាសេន និងហេងសាដា របស់ប្រទេសភូមាផងដែរ ។ ទឹកដីទាំងអស់នេះផ្អៀងទម្លាក់ខ្លួននៅចន្លោះភ្នំអារៈកយ្យម៉ានៅ ខាងលិចចុះទៅត្បូង រហូតដល់ជ្រោយនេហ្គ្រេ និងភ្នំពេគូយ៉ាម៉ានៅខាងកើត បង្កើតបានជាឈូងសមុទ្រមួយ ដែលទន្លេឥរាវតីហូរចូលមក ។
ឥឡូវ យើងត្រលប់មកមើលប្រទេសកម្ពុជា និង ទន្លេមេគង្គ ដែលជាទន្លេមួយក្នុងបណ្ដាទន្លេដែលវែងជាងគេនៅលើលោកនេះវិញ ម្ដង ។
ផែនទី ភូមិសាស្រ្តឥណ្ឌូចិន
សូមពិនិត្យមើលផ្លូវទឹក របស់ទន្លេមេគង្គនៅលើផែនទី ។ ទន្លេនេះមានប្រវែង៣០០០គីឡូម៉ែត្រ និងមានផ្លូវទឹកបត់បែនយ៉ាងខ្លាំង ។ ជលមាគ៌ានេះ ទទួលយកបរិមាណទឹកភ្លៀងចំនួនពាក់កណ្ដាលដែលធ្លាក់មកលើឥណ្ឌូចិន ហើយដែលមិនបានហួតអស់ទៅដោយកម្ដៅព្រះអាទិត្យទេ ។ ទន្លេនេះហូរចេញពីភ្នំហិមាល័យនៅទីបេ ប្រទេសចិន ដោយមានជម្រាលចោតយ៉ាងខ្លាំង និងមានដៃទន្លេច្រើនរាប់រយ ។ នៅចម្ងាយ៥០គីឡូម៉ែត្រពីខាងក្រោមព្រំប្រទល់រវាងចិន និងឥណ្ឌូចិន ទន្លេមេគង្គរីកធំតែរាក់ ទឹកនៅតែត្រឹមជង្គង់ មនុស្សអាចដើរកាត់បាននៅរដូវរងា ។ ចាប់ពីត្រឹមនេះទៅ ទន្លេមេគង្គបានចូលមកដល់ទឹកដីឥណ្ឌូចិនហើយ នៅត្រង់ខាងលើទន្លេក្វេនហុង ដោយហូរកាត់របាំងថ្មធម្មជាតិខ្ពស់ៗ ចង្អៀត និងជ្រៅ មិនអាចធ្វើនាវាចរបានទេ ។
មក ដល់ត្រង់ហ្លួងប្រាបាង ទន្លេមេគង្គប្រែជាល្អឡើងវិញ ហើយរឹតតែល្អឆើតឆាយនៅត្រង់វៀងច័ន្ទ ។ ក៏ប៉ុន្ដែ នៅចន្លោះពីហ្លួងប្រាបាងមកដល់វៀងច័ន្ទ ការធ្វើនាវាចរពេលខ្លះមានការលំបាក គេត្រូវផ្ទេរទំនិញយ៉ាងតិចម្ដង បើគេចង់ធ្វើដំណើរចុះឡើង ។
ចាប់ពី ក្រោមវៀងច័ន្ទចុះមកក្រោម ទន្លេមេគង្គល្អត្រកាលណាស់ ហើយនាវាសមុទ្រ និងនាវាចម្បាំង អាចធ្វើនាវាចរបាននៅរដូវប្រាំង រហូតមកដល់សុវណ្ណខែត្រ ។ ចុះទៅក្រោមទៀត ផ្ទៃទន្លេរីកធំ ក៏ប៉ុន្ដែទឹករាក់ កន្លែងខ្លះមានដុំថ្មរដិបរដុប ឬមានជួរទឹកហូរខ្លាំង ប្រកបដោយគ្រោះថ្នាក់រហូតដល់ដូនសា (1) ។ បន្ទាប់មក ទឹកចាប់ជ្រៅគ្មានប្រទះដុំថ្មទៀតទេ កប៉ាល់ប្រើចំហាយអាចប្រើពេលតែមួយថ្ងៃប៉ុណ្ណោះដើម្បីចុះមកដល់ កេង (ល្បាក់ទឹកធ្លាក់) កាឡាហៃ (2) ។
គេ អាចចុះជួរទាំងអស់នេះបានតែដោយសារទូកតូចៗ ដោយប្រើពេល៤ម៉ោងនៅពេលទឹកស្រក ។ ចុះទៅក្រោមទៀត គឺជាទន្លេមួយដ៏ល្អដែលគេត្រូវប្រើពេល២ថ្ងៃ ដើម្បីចុះពីកេងយ៉ាពើតមកដល់កោះខុង ។ នៅចន្លោះខុង និងកោះខោន ផ្ទៃទន្លេមានកោះជាច្រើន ទឹករាក់ និងមានដុំថ្មលិចប៉ប្រះៗបាតទូកនៅរដូវសម្រក ។ នាវាប្រើចំហាយអាចធ្វើដំណើរបានតែពេលទឹកឡើង ពីខែកក្កដាដល់ខែវិច្ឆិកា ។ បន្ទាប់មកទៀត គឺល្បាក់ខោន ដែលប្រៀបបានទៅនឹងសន្ទះរាំងទឹក ធ្វើឱ្យទឹកហូរធ្លាក់ចុះយ៉ាងខ្លាំងដូចបាក់ទំនប់បញ្ចេញសំឡេង ទ្រហឹងអឺងអាប់ បែកផ្កាត្រែងសក្បុសនៅសងខាងកោះខោន ។ គេឆ្លងកាត់កោះនេះតាមផ្លូវដែកតូចមួយ មានប្រវែងប្រហែល៥គីឡូម៉ែត្រ ។
ចុះ ទៅខាងត្បូងកោះខោន ទន្លេមេគង្គរីកធំ គ្មានកោះគ្មានត្រើយ ទូកតូចៗអាចឆ្លងកាត់បានតែនៅរដូវសម្រក ។ នៅរដូវទឹកធំ ផ្ទៃទន្លេមានទទឹងពី៥ទៅ៦គីឡូម៉ែត្រ ។ នាវាចរប្រព្រឹត្ដទៅកាត់ព្រៃលិចទឹក ដែលគេមើលឃើញតែចុងលើប៉ុណ្ណោះ ។
នៅ ខាងក្រោមស្ទឹងត្រែង និងដៃទន្លេខាងឆ្វេង មានជួរព្រះត្រពាំងរួចកោះរ៉ុងហ្សូដ៏ធំដែលមានប្រវែង៤០គីឡូម៉ែត្រ រួចហើយគឺសម្បូរដែលជារាជធានីសម្ភុបុរៈពីមុន ហើយដែលពួកហុល្លង់ហៅថា «សំបាបឿ»។ បន្ទាប់មក គឺជួរសម្បុកសម្បូរ រួចសម្បុកដែលចាប់ពីនេះទៅ ទឹកទន្លេហូរជាធម្មតា មានទទឹងពី១៥០០ម៉ែត្រ ដល់២០០០ម៉ែត្រ ហើយគេអាចធ្វើនាវាចរបានគ្រប់រដូវ ។
មក ដល់ភ្នំពេញចតុម្មុខ ទន្លេមេគង្គចែកផ្លូវទឹកជាពីរធំៗ ដើម្បីងាយហូរចូលទៅសមុទ្រ ។ នៅរដូវទឹកឡើង ទឹកទន្លេមេគង្គហូរចាក់តាមទន្លេសាបបញ្ច្រាសទៅជើង ចូលទៅបឹងទន្លេសាប ។ ដោយអំណាចទឹកហូរចូលដ៏ច្រើននេះ ទឹកបឹងទន្លេសាបឡើងរហូតដល់កម្ពស់៥ ៦ ឬ៨ម៉ែត្រជន់លិចផ្ទៃដីដែលនៅជុំវិញរហូតដល់ទៅចម្ងាយ៥០ គីឡូម៉ែត្រ ។ ទឹកបឹងទន្លេសាបគ្របដណ្ដប់វាលទំនាបធំធេងពោរពេញទៅដោយទូក និងហ្វូងក្អែកទឹក ហ្វូងទុង ចចាត ក្រសា ទោម ពណ៌ប្រផេះឬពណ៌កុលាប ដែលហិចហែលចាប់ត្រីដ៏សម្បូរ ។ អ្នកនេសាទខ្មែរ យួន និងចិន រាប់ពាន់នាក់ចាប់យកត្រីទាំងអស់នេះ នៅខែកុម្ភៈ មីនា និងមេសា ។
ពេល ផុតរដូវភ្លៀង វាលទំនាបទាំងឡាយរីងស្ងួតអស់ដោយកាំរស្មីព្រះអាទិត្យ មិនមានទឹកហូរចាក់ចូលដៃទន្លេទៀតទេ ។ នៅពេលនោះ ទឹកទន្លេសាបចាប់ហូរបញ្ច្រាសពីជើងមកត្បូងវិញម្ដងក្នុងរយៈពេល៦ ខែ ដើម្បីបញ្ចេញទឹកដែលហូរចូលកាលពី៦ខែមុន ។ ទឹកចាប់ស្រកចេញពីវាលទំនាបលិចទឹកនៅជុំវិញបឹងទន្លេសាប បន្ដិចម្ដងៗ រួចកាន់តែឆាប់រហ័សឡើងៗ ។ ទឹកបឹងទន្លេសាបក៏ស្រកចុះដែរ មកត្រឹមមាត់ទន្លេខ្លួនឯង រួចស្រកចុះថែមទៀត រហូតទាល់តែនៅសល់ជម្រៅត្រឹម ១ ឬ២ម៉ែត្រប៉ុណ្ណោះនៅត្រង់កន្លែងខ្លះ ។ អាងទឹកដ៏ធំនេះ ក៏ប្រែក្លាយខ្លួនមកត្រឹមជាសមុទ្រតូចមួយ ដែលមានប្រវែងបណ្ដោយ១៥០គីឡូម៉ែត្រ និងទទឹង៤៥គីឡូម៉ែត្រ ។
ទឹក ហូរចូលមកក្នុងបឹងទន្លេសាបត្រាំត្រែងអស់រយៈពេល៦ខែ រួចទើបហូរចេញទៅវិញ នាំយកទាំងដីល្បាប់ទៅកាន់សមុទ្រផង បង្កើតបានជាដីដុះថ្មីនៅខាងត្បូងកូសាំងស៊ីន ។ ការចម្រើនដីល្បប់ឥតឈប់ឈរបានធ្វើឱ្យដីដុះកាន់តែច្រើនឡើងៗ ឯដើមកោងកាងប្រកបដោយឫសស្មូញស្មាញក៏ចាប់ដុះ ដូចជារឹតតែជួញទប់ល្បប់ឱ្យកកនៅ រួចមនុស្សក៏មកតាំងទីលំនៅបង្កើតបានជាភូមិស្រុកឡើង ។
ទឹកដី កម្ពុជាទាំងមូលចាប់កកើតឡើងតាមរបៀបនេះ ពីត្រឹមសម័យកាលមួយដែលមានរយៈពេលមិនជាយូរប៉ុន្មានពីយើងទេ គឺកកើតឡើងដោយដីល្បប់ ដែលធ្វើឱ្យទឹកទន្លេមេគង្គប្រែពណ៌ទៅជាលឿង ដីល្បប់នោះមិនមែនមកតាំងពីភ្នំហិមាល័យឯទីបេនោះទេ ព្រោះទឹកដែលហូរចេញពីភ្នំហិមាល័យមកនោះ មានតែប្រមាណជាមួយភាគមួយរយនៃទឹកទន្លេមេគង្គទាំងមូល ប៉ុណ្ណោះ ។ តាមពិត ដីល្បប់ទាំងនោះបានមកពីដីនៃអាងទន្លេមេគង្គទាំងមូល ដែលទឹកភ្លៀងហូរនាំចូលមកក្នុងទន្លេតាមរយៈដៃទន្លេទាំងឡាយ រួចហូរនាំរហូតទៅដល់សមុទ្រ ។ ទឹកដីកូសាំងស៊ីនសព្វថ្ងៃ ក៏កកើតឡើងរបៀបនេះដែរក្នុងសម័យកាលមុននេះបន្ដិច ។
សូម ពិនិត្យមើលផែនទីឥណ្ឌូចិន នោះលោកនឹងសង្កេតឃើញវិសាលភាពនៃអាងទន្លេគង្គាឥណ្ឌូចិន សម្បូរទៅដោយដៃទន្លេ ដែលគ្របដណ្ដប់ពាសពេញផ្ទៃដីប្រមាណជា៨០០.០០០គីឡូម៉ែត្រក្រឡា ដៃទន្លេទាំងអស់នោះទទួលទឹកហូរមកពីស្ទឹងរាប់ពាន់ ហើយលោកអាចប្រមើលមើលឃើញទំហំទឹកយ៉ាងច្រើន ដែលហូរសំដៅមករកភ្នំពេញ ។ គឺទឹកទាំងនេះហើយដែលហូរនាំយកដីល្បាប់មកចាក់តាំងពីច្រើនសតវត្សរ៍ មុនគ្រិស្ដសករាជទៅទៀត បង្កើតបានជាប្រទេសកម្ពុជាទាំងមូល ហើយដែលយើងនឹងធ្វើការសិក្សាអំពីប្រវត្ដិសាស្ដ្រប្រទេសនេះនៅខាង មុខទៀត ។ គឺជាដីល្បាប់ដែលផុសលេចចេញពីក្នុងទឹកមក ។ អ្នកស្រុកដែលមករស់នៅទីនេះចាំបាច់ត្រូវតែសង់ផ្ទះបន្ដើតឱ្យខ្ពស់ ផុតពីទឹកនៅពេលទឹកធំ ហើយផ្ទះមួយត្រូវមានទូកមួយ ។ ដីនេះល្អណាស់សម្រាប់ដំណាំស្រូវ ហើយទន្លេ ស្ទឹង បឹងបួ ត្រពាំង សម្បូរទៅដោយត្រីច្រើនឥតគណនា ទាំងអស់នេះអាចចិញ្ចឹមប្រជាជនបានច្រើនជាងសព្វថ្ងៃ៦ដង ។
គឺជាដីមានជីជាតិ សើមហើយក្ដៅ កាលបើទទួលបាននូវអារ្យធម៌ឥណ្ឌា ក៏រីកចម្រើនលើសម្ចាស់ដើមទៅជាស្ថាបត្យកម្មមួយដ៏សម្បើមមហស្ចារ្យ ចម្លែកពោរពេញទៅដោយអត្ថន័យ ។ នេះជាអារ្យធម៌មួយគួរឱ្យចង់ស្គាល់នៅចុងបូព៌ា ដែលបានមកសណ្ឋិតនៅលើប្រជាជនប្រមាណជាសាមសិបលាននាក់ នៅក្នុងឥណ្ឌូចិនអស់រយៈកាល៨សតវត្សរ៍ ។ នោះគឺអាណាចក្រខ្មែរ ដែលមានទឹកដីកកើតឡើងអាស្រ័យដោយ «មេទឹក» ដោយទន្លេគង្គានៃឥណ្ឌូចិនសម្បូរភោគផលមិនចាញ់ទន្លេនីល (3) ដែលវែងជាង ធំជាង និងមានគុណប្រយោជន៍ល្អដូចទន្លេគង្គានៅឥណ្ឌាដែរ ។ មុននឹងប្រគល់ឱ្យនូវគុណប្រយោជន៍ទាំងអស់ដែលខ្លួនមាន ទន្លេមេគង្គត្រូវរង់ចាំនូវការកែច្នៃដូចដែលពួកហិណ្ឌូ ពួកមហាម៉ាត់ និងពួកអង់គ្លេសបានធ្វើទៅលើទន្លេគង្គាដែលផ្ដល់ទឹកទាំងអស់បីដង បួនដង ផ្ដល់នូវជីជាតិទៅឱ្យវាលទំនាបដែលស្ងួតហែងទៅដោយកម្ដៅថ្ងៃ ។ វាលទំនាបទាំងនោះនឹងមិនផ្ដល់ផលស្រូវសូម្បីតែមួយគ្រាប់ បើគ្មានទន្លេទឹកមេនេះទេ ។ គឺទន្លេនេះឯងដែលគ្របដណ្ដប់ទឹកដីទាំងអស់នោះ ដើម្បីផ្ដល់ទៅឱ្យនូវទឹកដោះ ពោលគឺ ទឹកសម្រាប់បាចស្រោចស្រព ផ្ដល់ឱ្យនូវចំណីអាហារ ពោលគឺ ជីជាតិដែលធ្វើឱ្យទឹកល្អក់កករ ក៏ប៉ុន្ដែធ្វើឱ្យទឹកមានជីជាតិ ។
អាស្រ័យ ហេតុនេះ សូមគោរពចំពោះទន្លេគង្គានៃឥណ្ឌូចិន ចំពោះមេទឹកដែលបានបង្កបង្កើតកម្ពុជា និងកូសាំងស៊ីនឡើង ។ ដើម្បីធ្វើឱ្យទឹកដីនេះក្លាយទៅជាប្រទេសមួយមានភោគទ្រព្យដូចជា ប្រទេសអេហ្ស៊ីប គេនៅគ្រាន់តែត្រូវការការកែច្នៃពីមនុស្សដែលមករស់នៅទីនេះតែ ប៉ុណ្ណោះ ។ មនុស្សដែលមករស់នៅទីនេះនឹងមានសិរីដែលគេអាចសុំពីទន្លេនេះ បាន ។
ទាំងអស់នេះ គឺជាឧបទ្វីបឥណ្ឌូចិនដែលយើងនឹងពិនិត្យមើលប្រជាជនកកើតឡើង រីកធំធាត់ លាស់ផ្លែផ្កា បង្កបង្កើតផល រួចហើយស្រយុតស្រយង់ រលត់បាត់បង់ទៅ បន្ទាប់ពីបានរស់រានមានជីវិត បានធ្វើសង្គ្រាមបំផ្លិចបំផ្លាញរវាងគ្នានឹងគ្នា ដណ្ដើមទឹកដីគ្នាបំពេញមហិច្ឆតារៀងៗខ្លួន ។ អ្វីទាំងអស់មានលក្ខណៈជាបណ្ដោះអាសន្ន និងកើតមានឡើងតែមួយរយៈពេលប៉ុណ្ណោះ ។
ឥឡូវនេះ យើងពិនិត្យមើលបណ្ដាប្រជាជនផ្សេងៗទៀតដែលរស់នៅលើទឹកដីនេះកាលពី សតវត្សរ៍ទី១ ថាតើគេធ្វើយ៉ាងណានៅលើទឹកដីល្បាប់ដ៏ធំធេង ស្ទើរទឹកស្ទើរគោកនេះ ដែលត្រូវតែសង់ផ្ទះបន្ដើតឱ្យផុតទឹក តើពួកគេធ្វើយ៉ាងណាទើបអាចបង្កើតជាក្រុមជាប្រទេសមានអំណាចដែល យើងនឹងសរសេរជាប្រវត្ដិសាស្ដ្រនេះ ។
២- អំពីប្រជាជន
នៅដើមគ្រិស្ដសករាជរបស់អឺរ៉ុប និងដើមមហាសករាជ (4) របស់ពួកហិណ្ឌូ ប្រជាជនដែលមករស់នៅក្នុងឥណ្ឌូចិនហាក់ដូចជាបញ្ជ្រាបខ្លួនក្នុង ហ្វូងប្រជាជនសព្វថ្ងៃនេះ ក៏ប៉ុន្ដែនៅពេលនោះពួកគេរស់នៅបែកគ្នាជាកុលសម្ព័ន្ធ ឬជារដ្ឋអធិបតេយ្យតូចៗ ច្បាំងគ្នាទៅវិញទៅមក ហើយមិនទាន់ស៊ីវីល័យនៅឡើយទេ ។
ពួកខ្មែរ ឬ កម្ពុជៈ
ប្រជាជន ដែលកសាងប្រជាជាតិខ្មែរឡើង រស់នៅលើទឹកដីដែលមានឈ្មោះសព្វថ្ងៃថា កូសាំងស៊ីន និង កម្ពុជា បើហោចណាស់ក៏រហូតដល់ល្បាក់ខោន និងប្រទេសសៀម (5) ផងដែរ ។ ប្រវត្ដិសាស្ដ្រដែលយើងនឹងសរសេរ គឺជាប្រវត្ដិសាស្ដ្ររបស់ប្រជាជនទាំងនោះ ដោយហេតុនេះ យើងមិនទាន់ចាំបាច់ត្រូវនិយាយពីពួកនេះ ច្រើនពេកទេនៅពេលនេះ ។
ពួកចាម ឬ ចម្ប៉ា
នៅ ពីខាងកើតពួកខ្មែរ ឬកម្ពុជៈ មានពួកចាមដែលជាពួកអ្នកផ្សងព្រេង ឬជាចោរសមុទ្រ ធ្វើដំណើរចេញពីកោះធំៗដែលមានឈ្មោះសព្វថ្ងៃថា កោះស៊ូម៉ាត្រា កោះជ្វា និងប្រហែលជាចេញពីកោះតូចៗក្បែរៗនោះផង ដែរ ។ ពួកនេះមកតាំងទីនៅតាមមាត់សមុទ្រ រួចហើយបានដណ្ដើមយកទឹកដីមាត់សមុទ្រត្រង់កន្លែងកូសាំងស៊ីន និងអាណ្ណាមសព្វថៃ (6) ទាំងស្រុង ឬក៏មួយចំណែក មុនពួកហិណ្ឌូមកដល់ ។ បន្ទាប់មក អាស្រ័យដោយចំណងមេត្រីភាពជាមួយអ្នកស្រុកដែលរស់នៅតាមមាត់សមុទ្រ នេះ ក៏សម្រេចបង្កើតបានជាជាតិមួយនៅរវាងសតវត្សរ៍ទី២មុនគ្រិស្ដសករាជ ដែលពួកចិនហៅថា «នគរលីនយី» ហើយដែលក្រោយមកមានឈ្មោះថា «ចាម្ប៉ា» (7) ។ ពួកនេះចេញមកពីប្រទេសដែលមិនទាន់ស៊ីវីល័យ គេពិតជាមិនទាន់ទទួលយកអារ្យធម៌ព្រាហ្មណ៍នៅឡើយ នៅពេលមកដល់ឥណ្ឌូចិន ក៏ប៉ុន្ដែបន្ទាប់មក ពួកនេះបានទទួលយកការគោរពបូជា និងប្រពៃណីព្រហ្មញ្ញសាសនាខ្លះៗ គឺប្រហែលជានៅសតវត្សរ៍ទី១នៃគ្រិស្ដសករាជរបស់អឺរ៉ុប ។
ពួក នេះបានបង្កើតរដ្ឋសក្ដិភូមិជាច្រើននៅតាមមាត់សមុទ្រ ជារដ្ឋពាក់កណ្ដាលឯករាជ មានមេកោយរៀងៗខ្លួន ក៏ប៉ុន្ដែ ចំណុះឱ្យស្ដេចអធិរាជណាមួយជាផ្លូវការ តាមទំនៀមទម្លាប់ ទោះបីជាមិនសូវមានប្រសិទ្ធភាពក៏ដោយ ។ ពួកនេះក៏មានទីតាំងមួយចំនួននៅខាងទិសទក្សិណ និងនិរតីផងដែរ ចាប់ពីប៊ិញធន់ រហូតដល់ កំពត ដែលក្រោយមកត្រូវពួក កម្ពុជៈមកពីឥណ្ឌាដណ្ដើមយក (8) ។ នេះជាការសរសេរខុស ព្រោះ ខ្មែរ ឬ កម្ពុ រស់នៅទាំង ឧបទ្វីប អូរកែវ ម៉ាឡេ និងសេណាសេរី....សម័យណាក៍មានដែរពួក លើកជើង ទ្រពង បៀបពង ដូច្នេះ បានជាស្តេច ត្រូវមាន មន្រ្តីប្រវត្តិសាស្រ្តផ្ទាល់ខ្លួន។ ពួកបារាំង ឈ្លានពានខ្មែរយើង បន្ទាប់មក នាំទ័ពដឹកជញ្ជូនថ្មអង្គរវត្តយកទៅ សាងសង់នៅ បារាំង !! តែ បាន អគ្លេស គាត់ជួយខ្មែរ ឈឺឆ្អាល គាត់ថា ខ្មែរមានកំណើតនៅ ហ្នឹង មិនមែន ពួកអារិយាង អារីយួយណាទេ ! អារីយាង គឺពូជឥណ្ឌា បួកបារាំង !! នេះជា រដ្ឋសម័យដើម..
ផែនទីប្រវត្តិសាស្រ្តខ្មែរ ខុស ក្នុងការកំណត់ទីតាំងនៃនគរភ្នំ ដោយសារ អ្នកប្រវត្តិសាស្រ្ត មាននិន្នាការឥណ្ឌា យល់ថា ខ្មែរហ្នឹង មក មកពី ឥណ្ឌា ! មានតែ សៀម យួន ចាម ទេ ដែលមានកំណើតលើទឹកដីសព្វថ្ងៃ។ តាមឯកសារ កាលពី ១០០០០ ឆ្នាំ មុន គ.ស រហូតដល់ ឆ្នាំ ទី ៣០០ នៃ គ ស គេឃ់ើញ មាន នគរចិន ឈ្មោះ ប៉ាន់ ប៉ាន់ និង នគរ ឥណ្ឌា ឈ្មោះ កេដាស ដូច្នេះ ឥណ្ឌា និង ចិន គឺនៅត្រង់ ឧបទ្វីប សេណាសេរីម និង ឧបទ្វីបម៉ាឡេ ដែលកាលណោះ ខ្មែរ គ្រប់គ្រងទាំង ឧបទ្វីប អូរកែវ និង សេណាសេរីម ឬ ភូមារ ( មន) ៕
ពួកលាវ
នៅ ពីខាងជើងទឹកដីដែលពួកខ្មែរ ឬកម្ពុជៈរស់នៅ មានប្រជាជនផ្សេងទៀតដែលមិនសូវជាស៊ីវីល័យរស់នៅដែរគឺពួកលាវដើម ចាប់ពីខោនរហូតដល់ព្រំប្រទល់ខេត្ដយុនណាន ប្រទេសចិន ។
រឿងព្រេង របស់លាវនិយាយថា ពួកវិប្រជា (ក្រុមមនុស្សដែលមានការរៀបចំមិនទាន់គ្រប់សព្វ) នៅប្រទេសលាវមានដើមកំណើតចេញមកពីបុព្វបុរសរួមតែមួយ ។ ពាក្យថា «វិប្រជាលាវ» នេះ មិនមែនសំដៅយកតែប្រជាជនលាវសព្វថ្ងៃប៉ុណ្ណោះទេ គឺរាប់បញ្ចូលទាំងប្រជាជនដែលរស់នៅក្នុងអាងទន្លេមេណាមខាងលើផងដែរ មុនពេលដែលពួកថៃមកដល់ ពួកមួងនៅតុងកឹង ពួកម៉ង់ ពួកចាវជី ឬពួកធុក មុនពេលជ័យជម្នះរបស់ពួកង៉ាមណន់ ឬអាណ្ណាម ព្រមទាំងរដ្ឋសាន មុនពេលពួកសានដែលមានដើមកំណើតថៃមកដល់ ។
តាម រឿងព្រេងទាំងនោះ មេៗរបស់ពួកគេមានឋានៈជាគួន ដែលមាននៅបន្ដរហូតមកដល់សព្វថ្ងៃនៅលាវ ក៏ដូចជានៅថៃ និងកម្ពុជាផងដែរ គឺជាឋានៈមន្ដ្រីថ្នាក់ទាប ។
ពួកមន ឬ ប៉ាកាន
ពួក មនរស់នៅលើច្រាំងខាងត្បូងនៃទន្លេឥរាវតី និងទន្លេសាលូអង់ ។ ក្រោយពីរៀបចំកសាងរាជធានីប៉េហ្គូរួច ពួកនេះដាក់ឈ្មោះខ្លួនឯងថា «ប៉េហ្គូ» ដែរ ហើយបានត្រូវពួកអឺរ៉ុបកែដាក់ថា «ប៉ាកាន» (9) វិញ ដើម្បីកុំឱ្យច្រឡំនឹងឈ្មោះរាជធានី និងឈ្មោះស្រុកផង ។
ពួក នេះធ្វើដំណើរចេញមកពីរមញ្ញទេស ដែលស្ថិតនៅតាមមាត់សមុទ្របឹងហ្កាល់ ។ នៅទីនោះមានទីក្រុងផ្សេងទៀតគឺ តាវ៉យ តេណាស់សេរីម មែរគុយ និងម៉ាតាបាន (10) ដែលកំបាំងបាត់នៅពីក្រោយកោះជាច្រើនរយ ។ តាមពិត ពួកនេះមានដើមកំណើតនៅឥណ្ឌា គឺប្រហែលជានៅតាមមាត់សមុទ្រកូរ៉ូម៉ង់ដែល ឬអូរីស្សាដែលពីមុនហៅថា «កលិង្គៈ» (11) ។ ពួកនេះបានកសាងរាជធានីទីមួយរបស់គេមានឈ្មោះថា «តាលឹង» តាំងពីមុនគ្រិស្ដសករាជ ហើយក៏ត្រូវបានគេហៅថា «តាលឹងៗ» យ៉ាងនេះរហូតដល់សតវត្សរ៍ទី១៨ តែពួកអឺរ៉ុបហៅថា «តាលៀង» ។ គឺចាប់ពីរាជធានីនេះហើយ ដែលពួកគេចេញទៅលុកលុយទឹកដីសុវណ្ណភូមិ គឺប្រទេសភូមាភាគខាងត្បូងសព្វថ្ងៃ ។ នៅសុវណ្ណភូមិនេះ ពួកកលិង្គៈដែលមកពីខាងត្បូង នឹងជួបជាមួយពួកភូមាដែលចុះមកពីខាងជើង ។
មាន ពួកតាលឹងមួយចំនួនដើរកាត់ភ្នំតេណាស់សេរីមទៅរស់នៅច្របូកច្របល់ ជាមួយប្រជាជនដែលមានដើមកំណើតជាខ្មែរនៅត្រង់ទឹកដីសៀម សព្វថ្ងៃ ។មួយក្រុមទៀតចុះទៅក្រោមទៅកាន់ទៀបកោះម៉ាឡាកា ទៅរស់នៅជាមួយអ្នកស្រុកដើមដែលមានរួចទៅហើយ ។
ពួកសៀម ឬ ថៃ
នៅ សតវត្សរ៍ទី១នៃគ្រិស្ដសករាជ មិនទាន់មានពួកសៀម ឬថៃមកនៅជាមួយពួកខ្មែរ ចាមឬចាម្ប៉ា និង អាណ្ណាមទេ ។ មានប្រភពដើមចេញពីឥណ្ឌាត្រង់និរតីប្រទេសចិនពីសម័យកាលដ៏យូរលង់ មួយ (12) ពួកនេះបានមកដណ្ដើមយកទឹកដីនៅចន្លោះយុនណានពីខាងកើត ទីបេពីខាងលិច និងភូមាភាគខាងលើពីខាងត្បូង ។ ពួកនេះបានបង្កើតជាក្សត្រប្រទេស (Principauté) របស់ថៃបានចំនួន៦នៅសតវត្សរ៍ទី២នៃសករាជយើង ដែលពួកចិនដាក់ឈ្មោះថា «ណានឆាវ» មានន័យថា «ក្សត្រទិសខាងត្បូង» ។ ពេលនោះពួកថៃមិនទាន់មានគំនិតចង់ធ្វើដំណើរមកត្បូង គឺមកកាន់ឥណ្ឌូចិននៅឡើយទេ ។ ពួកនេះ ប្រហែលជាធ្លាប់មានធ្វើចម្បាំងជាមួយនឹងពួកភូមាខ្លះហើយនៅពេលនោះ ក៏ប៉ុន្ដែ គ្មានឯកសារណាបញ្ជាក់ពីរឿងនេះទេនៅសតវត្សរ៍ដំបូងៗនៃគ្រិស្ដសករាជ ហើយវាហាក់ដូចជាមិនទាន់មានសង្គ្រាមធំដុំទេមុនសតវត្សរ៍ទី ៥ ។ យើងមានតែព័ត៌មានស្ដីពីរឿងណានឆាវចុះមកវាយភូមានៅសតវត្សរ៍ទី៧ ប៉ុណ្ណោះ ។
ចំណែកទឹកដីដែលសព្វថ្ងៃ យើងហៅថាសៀមកាលពីពេលនោះមានប្រជារាស្ដ្ររួចហើយគឺពួកដែលរស់នៅ តាមមាត់ទន្លេមេណាមខាងក្រោមដូចគ្នាទៅនឹងប្រជាជនដែលរស់នៅតាមមាត់ ទន្លេមេគង្គខាងក្រោម រីឯពួកដែលរស់នៅតាមមាត់ទន្លេមេណាមខាងលើដូចគ្នាទៅនឹងប្រជាជនដែល រស់តាមមាត់ទន្លេមេគង្គក្នុងប្រទេសលាវដែរ ។
នា ពេលនោះ តាមមើលទៅវាហាក់ដូចជាមានពួកបរទេសចូលមករស់លាយឡំជាមួយពួកខ្មែរ នៅត្រង់មេណាមភាគខាងក្រោម និងកណ្ដាលស្រេចទៅហើយ គឺពួកមនដែលយើងបានរៀបរាប់ពីខាងលើរួចហើយ តែការលាយឡំនេះ មិនអំណោយផលល្អដល់ការត្រួតត្រារបស់ពួកកម្ពុជៈទេ ដែលលាយសព្វល្អជាង ។ ចាប់ពីដំបូងម្ល៉េះ ពួកមនខ្មែរនេះដូចជាប្រាកដខ្លួនឡើងជារដ្ឋមិនចំណុះហើយប្រជែង ជាមួយនគរកម្ពុជា ។ ដល់ពេលដែលពួកថៃ ឬសៀម ចុះមកច្បាំងដណ្ដើមយកទឹកដីនេះបាន ពួកថៃ ឬសៀមនេះ បានទទួលជាមរតកនូវកំហឹងរបស់ប្រជាជនដែលត្រូវគេត្រួតត្រា ហើយចាប់បន្ដការប្រឆាំងទល់នឹងការត្រួតត្រារបស់ខ្មែររហូតដល់ពួក គេទទួលបាននូវជោគជ័យមកទល់នឹងសព្វថ្ងៃ គឺ៧សតវត្សរ៍ក្រោយពេលដណ្ដើមបានឥន្ទបត្ដជាលើកទី១ ។
បណ្ដាក្រុមឧបនិវេសន៍ហិណ្ឌូ
នៅ ដើមនៃគ្រិស្ដសករាជ វាហាក់ដូចជាមានក្រុមឧបនិវេសន៍ (អ្នកចេញទៅនៅប្រទេសក្រៅ) ជ្វា-ម៉ាឡេ និងហិណ្ឌូ ដែលចេញផ្ទាល់មកពីប្រជុំកោះអាំងស៊ុយឡាំង និងកលិង្គៈ មកតាំងនៅតាមមាត់សមុទ្រខាងត្បូង និងខាងលិចនៃឥណ្ឌូចិនរួចទៅហើយ ។ ក្រោយមក ពួកនេះបានច្របល់លាយគ្នាចូលជាមួយអ្នកស្រុកដើម គឺពួកខ្មែរនេះឯង ។ គឺក្រុមឧបនិវេសន៍កលិង្គៈទាំងអស់នេះហើយដែលបានកសាងរាជាណាចក្រតូចៗ ប្រកបដោយអារ្យធម៌ហិណ្ឌូនៅផ្នែកខាងត្បូងនៃឥណ្ឌូចិន រាជាណាចក្រទាំងនោះក្រោយមកក្លាយជាប្រទេសកម្ពុជា ឬ ស្រុកខ្មែរ ។ ចំណែកនៅតាមមាត់សមុទ្រខាងលិចនៃឥណ្ឌូចិន ដែលបែរមុខទៅរកឈូងសមុទ្របឹងហ្កាល់វិញ មានរាជាណាចក្រតូចៗដែលពួកព័រទុយហ្គេ ហៅថា មែរតាបាន មែរគុយ តាវ៉យ តេណាស់សេរីម ព្រមទាំងរាជាណាចក្រតូចៗនៅតាមឆ្នេរសមុទ្រខាងកើតនៃទៀបកោះម៉ាឡាកា មានលីហ្គ័រ ឬ ស្រីធម្មរាជនគរជាដើម ។
អាណ្ណាម ឬ តុងកឹង
កាលពី២សតវត្សរ៍មុនគ្រិស្ដសករាជ នៅប៉ែកពាយ័ព្យនៃតុងកឹងសព្វថ្ងៃ មានរាជាណាចក្រតូចមួយដែលពួកចិនហៅថា «ធុក ឬណាមយែ» ។ អ្នកស្រុករដ្ឋនេះមានអម្បូរជាមន ប៉ុន្ដែពួកនេះប្រហែលជាស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណ្ណាម ដែលមកពីភាគខាងត្បូងនៃទន្លេយ៉ង់សេក្យាង ឬទន្លេខៀវ ។ រាជធានីគឺ ភានងូ ។
ព្រះរាជាមួយអង្គនៃរាជាណាចក្រនេះ ព្រះនាម មន ឬ យ៉ាវជី បានប្រកាសសង្គ្រាមជាមួយចិន រួចវាយដណ្ដើមយកបានខែត្រក្វាងទុង (កាលនោះមានឈ្មោះថា តៃវៀត) ខែត្រក្វាងសេ និងភូគៀន (កាលនោះមានឈ្មោះថា ដុងអូ) ព្រមទាំងរដ្ឋតូចៗមួយចំនួនទៀត ។ ព្រះអង្គត្រូវបានព្រះចៅអធិរាជចិនទទួលស្គាល់ថា ជាព្រះរាជានៃង៉ានណាម ឬអាណ្ណាមដែរ ។ អាណ្ណាមនាពេលនោះ គឺតុងកឹងសព្វថ្ងៃនេះឯង ។
ចាប់ពី ពេលនោះមក រាជាណាចក្រធុក ក្រោមឈ្មោះថ្មីថា អាណ្ណាម ឬង៉ានណាម មានទឹកដីលាតសន្ធឹងចាប់ពីព្រំដែនភាគខាងត្បូងយុនណាន រហូតដល់ឈូងសមុទ្រតុងកឹង និងរហូតដល់ព្រំដែនភាគខាងជើងនគរចាម្ប៉ា គឺអាណ្ណាមសព្វថ្ងៃ ។
រាជាណាចក្រនេះ ដែលចិនហៅថា «ណាមយែ ឬ ណាមវៀត» នៅឆ្នាំ១១១ (មានន័យថា ទក្សិណបែកខ្ញែក) បន្ទាប់មកបានត្រូវធ្លាក់នៅក្រោមការត្រួតត្រារបស់ឧត្ដមសេនិយ មេទ័ពចិនដែលព្រះចៅអធិរាជចិនតែងតាំងឱ្យធ្វើជាចៅហ្វាយ ខែត្រ ។ ពួកនេះគ្រប់គ្រងអំណាចតៗគ្នាពីឪពុកដល់កូន ហើយពង្រឹងអំណាចតែក្នុងគ្រួសារឯងយ៉ាងដូច្នេះ ។
ពួកឧត្ដមសេនិយចៅហ្វាយខែត្រទាំងនេះបានបែងចែកទឹកដីព្រះរាជាណាចក្រអាណ្ណាមជា៩ខែត្រហៅថា «ក្វាន់» ក្នុងនោះមាន៤ស្ថិតនៅចិនភាគខាងត្បូង ៣នៅតុងកឹងខាងក្រោម និង២ទៀតនៅតុងកឹងខាងលើ ។ ចំណែកឯផ្នែកកណ្ដាលនៃរាជាណាចក្រអាណ្ណាម ដែលសោយរាជ្យដោយឧបរាជចិន មានចែកចេញជា ៣ក្វាន់គឺ ក្វាន់យ៉ាវជី គូជឿន និងញុតណាម ។ ក្វាន់ទាំងនេះ គេហៅថា «ទួងក្វាង» ក្រោយមកក្លាយជា «តុងកឹង» ដែលសព្វថ្ងៃនេះជាឈ្មោះរបស់ប្រទេសទាំងមូល និងស្ថិតនៅចន្លោះ យុនណាន លាវ ឈូងសមុទ្រតុងកឹង ជួរភ្នំអាណ្ណាម និងមាត់ច្រកអាណ្ណាម ។
គេដំណាលថា នៅឆ្នាំ១៦៦នៃគ្រិស្ដសករាជ មានពួកឈ្មួញដែលអះអាងថា ខ្លួនជារាជទូតរបស់ព្រះអធិរាជរ៉ូម៉ាំងព្រះនាមថា ម៉ាក់អូរ៉ែល ហើយដែលប្រហែលមិនមែនមានសញ្ជាតិរ៉ូម៉ាំងទេ (13) បានមកចុះសំពៅនៅខាងត្បូងនគរយ៉ាវជី ឬអាណ្ណាមនេះ ។
តាម មើលទៅនៅក្នុងផែនទីរបស់ផ្ដូលេមេ ហាណូយ គឺ អាកាណាការ៉ា ហើយប្រជាជនដែលរស់នៅត្រង់ពាមទន្លេក្រហម បានហៅខ្លួនឯងតាមរបៀបសាមញ្ញថា «អ៊ិនដូយ» ។
ពួកម៉ារ៉ាម៉ា ឬ មិយ៉ាម៉ា ឬ ភូមា
នៅ ពាយ័ព្យឥណ្ឌូចិនមានទឹកដីដែលមានឈ្មោះសព្វថ្ងៃថា ភូមាខាងលើដែលមានពួកម៉ារ៉ាម៉ារស់នៅ ពួកនេះក្រោយមកបានដូរឈ្មោះជាភូមាវិញ ។ ពួកនេះចុះមកពីទីបេកាលពីរវាង២ ឬ៣សតវត្សរ៍មុនគ្រិស្ដសករាជ រួចមកដណ្ដើមយកទឹកដីរបស់ពួកការ៉េននៅ ។ពួកការ៉េននេះជា ប្រជាជនគ្មានអារ្យធម៌ ស្លូត ចូលចិត្ដធ្វើកសិកម្ម ។អាស្រ័យដោយភាពអៀនប្រៀន និងទំនៀមទម្លាប់អន់ថយ ពួកគេត្រូវរស់នៅឆ្ងាយពីទីក្រុងរហូតមកដល់សព្វថ្ងៃនេះ ។
វត្ដមាន របស់ពួកម៉ារ៉ាម៉ានៅត្រង់ផ្នែកខាងលើនៃទន្លេឥរាវតីនេះ បានបង្ខំឱ្យពួកសាន ដែលមានអម្បូរថៃដែរ ហើយដែលយើងនឹងលើកមកនិយាយខាងក្រោមនេះ ត្រូវគេចខ្លួនទៅរស់នៅឯស្រុកលាវ ហើយពេលធ្វើដំណើរទៅដល់ឥណ្ឌូចិន ក៏បង្កើតបានជាក្សត្រប្រទេសជាច្រើន រស់នៅឆ្ងាយពីសមុទ្រ ពីទន្លេដោយមិនគិតពីការអភិវឌ្ឍន៍ឡើយ ។
ពួក ម៉ារ៉ាម៉ាបានទុកឱ្យពួកសានរស់នៅលើទឹកដីផ្នែកខាងជើង ហើយមិនបានរំខានពួកនេះក្នុងការវាតយកទឹកដីឯខាងកើតទេពីព្រោះពួក ម៉ារ៉ាម៉ាមានបំណងចង់តែចុះមកខាងក្រោមទន្លេឥរាវតីសំដៅមករក សមុទ្រដោយគ្មានចង់វាតយកទឹកដីប្រទេសលាវឡើយ ។
តាម មើលទៅ នៅដើមសតវត្សរ៍នៃគ្រិស្ដសករាជ ពួកភូមា ឬម៉ារ៉ាម៉ាបានដណ្ដើមយកបានទឹកដីដែលសព្វថ្ងៃនេះ គឺប្រទេសភូមាភាគខាងលើរួចទៅហើយ ។
ពួកសាន
នៅ ខាងលិចប្រទេសលាវភាគខាងលើ បន្ទាប់ពីទឹកដីមួយកន្លែងនៅលើច្រាំងខាងស្ដាំនៃទន្លេមេគង្គ ដែលជាចំណែកមួយនៃព្រះរាជាណាចក្រហ្លួងប្រាបាងសព្វថ្ងៃនេះ មានប្រជាជនមួយក្រុមរស់នៅគឺពួកសាន ។ ដូចដែលបានរៀបរាប់ពីខាងលើរួចមកហើយ ពួកសាននេះមានអម្បូរជាមួយពួកថៃ ឬសៀម ។ ប្រជាជនសាននេះចុះមកពីកន្លែងមួយដែលក្រោយមកក្លាយជារាជាណាចក្រ តាលី ។ ពួកនេះបានមករស់នៅពីខាងកើតពួកភូមា នៅពេលដែលពួកភូមានេះកំពុងវាយដណ្ដើមយកទឹកដីពីពួកមន ឬប៉ាកាន តែត្រូវពួកមនវាយដេញឱ្យរត់ឡើងទៅផ្នែកខាងលើនៃទន្លេឥរាវតីវិញ ទៅ ជាកន្លែងដែលពួកមននេះធ្លាប់នៅកាលពីពីរ-បីសតវត្សរ៍មុន ។
នៅ ដើមគ្រិស្ដសករាជ ពួកសានបានត្រួតត្រាពេញទឹកដីដែលពួកគេរស់នៅសព្វថ្ងៃនេះ ដោយបង្កើតបានជាក្សត្រប្រទេសមួយចំនួន មានស្វ័យភាពរៀងៗខ្លួន ក៏ប៉ុន្ដែទាំងអស់គ្នាស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះចៅអធិរាជ មួយអង្គ ការត្រួតត្រានោះអាចមានតែនាម និងអាចជាការត្រួតត្រាពិតប្រាកដតែនៅក្នុងកាលៈទេសៈខ្លះ ប៉ុណ្ណោះ ។
ក្សត្រប្រទេសទាំង អស់នោះស្ថិតនៅឆ្ងាយពីសមុទ្រ ពីទន្លេធំៗ និងពីពាណិជ្ជកម្មផងដែរ ដូចនេះពួកគេមិនសូវជាលូតលាស់ប៉ុន្មានទេ ។ ដោយហេតុនោះ ពួកគេខិតខំបង្កបង្កើនផលតែលើដីដែលគេដណ្ដើមបានពីពួកលាវ ប៉ុណ្ណោះ ហើយមិនបានយកចិត្ដទុកដាក់នឹងស្ថាបនាផ្លូវថ្នល់ធ្វើដំណើរអ្វី ឡើយ ។
គេគិតថា មានកុលសម្ព័ន្ធសានមួយនៅផ្នែកខាងលើរដ្ឋអាសាមដែរ ប៉ុន្ដែគឺជាក្សត្រប្រទេសមួយដែលមិនសូវជាមានសារសំខាន់ប៉ុន្មាន ទេ ។
អំពីប្រទេសចិន
នៅ ដើមគ្រិស្ដសករាជ ប្រទេសចិនបានមានអត្ថិភាពប្រហែលជា៣០០០ឆ្នាំរួចមកហើយ ។ ពួកចិនមានអារ្យធម៌រីកចម្រើនខ្លាំងណាស់ទៅហើយ គឺមានទស្សនវិជ្ជាប្រកបដោយគតិបណ្ឌិតតាំងពី៥សតវត្សរ៍មុនមកម្ល៉េះ និងមានសាសនាច្រើន ដែលមានមូលដ្ឋានស្ថិតនៅលើសីលធម៌ប្រកបដោយវិចារណញ្ញាណ និងនៅលើការគោរពបូជាបុព្វបុរសព្រមទាំងទំនៀមទម្លាប់បុរាណផង ។
ពេល នោះ ប្រទេសចិនមិនធំដូចសព្វថ្ងៃនេះទេ ។ បណ្ដាខែត្រខាងលិចមិនស្ថិតនៅក្រោមអាណាព្យាបាលរបស់ពួកគេទេ ។ ប្រទេសទីបេកាលនោះនៅឯករាជ មិនទាន់ជាទឹកដីរបស់ចិននៅឡើយ ។ ហើយចិនប្រហែលជាត្រួតត្រាបណ្ដាខែត្រដែលនៅឆ្ងាយពីរាជធានីមិនជា ច្រើនប៉ុន្មានទេ ។ អំណាចរបស់ចិននៅពេលនោះ គឺជាអំណាចដែលមានតែឈ្មោះប៉ុណ្ណោះ ចំពោះប្រជាជនជាច្រើននៅទិសខាងជើង និងខាងនិរតី ។ ពួកអាណ្ណាមនៅខាងត្បូង និងពួកកូរ៉េនៅខាងជើង ដែលមិនត្រឹមតែមិនទទួលយកអនុត្ដរភាពរបស់ចិនប៉ុណ្ណោះទេ ថែមទាំងបះបោរប្រឆាំងទៀតផង ។ទោះជា យ៉ាងនេះក្ដី នៅកន្លែងណាដែលចិនវាតអំណាចទៅដល់ ពួកគេផ្សព្វផ្សាយអារ្យធម៌របស់គេ ហើយប្រជាពលរដ្ឋទទួលយកទំនៀមទម្លាប់ ឧត្ដមគតិ ប្រពៃណី និងទស្សនវិជ្ជារបស់គេ ។
អ្វីដែល បានរៀបរាប់មកខាងលើនេះគឺជាអ្វីដែលមាននៅលើទឹកដីឥណ្ឌូចិន នៅដើមគ្រិស្ដសករាជ គឺមានប្រជាជនដែលរស់នៅក្នុងឧបទ្វីបឥណ្ឌូចិន ប្រជាជនដែលគំរាមកំហែងមកពីខាងត្បូង និងប្រជាជនដែលរស់នៅភាគខាងជើងដែលនៅតែមានឥទ្ធិពលយ៉ាងខ្លាំង និងមានប្រសិទ្ធភាពមកលើឥណ្ឌូចិនរហូតដល់សព្វថ្ងៃនេះ ។
នៅ ពេលដែលនិយាយអំពីប្រវត្ដិសាស្ដ្ររបស់ប្រជាជនកម្ពុជា យើងត្រូវតែនិយាយអំពីប្រទេសទាំងអស់នោះដែរ ពីព្រោះក្រៅតែពីប្រទេសចិន និងប្រទេសឥណ្ឌាដែលច្រើនតែមានទំនាក់ទំនងមិត្ដភាពជាមួយកម្ពុជា ប្រទេសជិតខាងឯទៀតច្រើនតែមានចម្បាំងជាមួយកម្ពុជា និងមានប្រទេសជាច្រើនដែលកម្ពុជាបានវាយកាន់កាប់ដាក់ជា ចំណុះ ។
ឥឡូវនេះយើងពិនិត្យមើលថា តើអាណាចក្រខ្មែរដ៏ខ្លាំងក្លាមួយនេះចាប់ផ្ដើមឡើងយ៉ាងដូចម្ដេច រីកចម្រើន យ៉ាងណា ហើយតើក្រោយពីដណ្ដើមបានទឹកដីឥណ្ឌូចិនភាគកណ្ដាលតាំងពីជើងរហូតមក ដល់ត្បូង ពោលគឺ អាងទន្លេមេគង្គទាំងមូលរួចហើយ ហេតុអ្វីក៏ស្រាប់តែត្រូវកាត់ផ្ដាច់អំពីនគរចំណុះទាំងឡាយអស់រលីង នៅសល់តែទឹកដីតូចមួយយ៉ាងដូច្នេះ ។ យើងនឹងស្រាវជ្រាវមើលបន្ទាប់មក ថាតើការមកដល់របស់ពួកបារាំងបានជួយស្រោចស្រង់ប្រទេសនេះពី កណ្ដាប់ដៃពួកសៀមដែលជាសត្រូវ១០០០ឆ្នាំ និងពីកណ្ដាប់ដៃពួកអាណ្ណាម ដែលឈ្លោះជាមួយខ្មែរ៣សតវត្សរ៍រួចមកហើយដោយរបៀបណា ។ នៅទីបញ្ចប់ យើងនឹងពិនិត្យមើលថា ក្រោមឥទ្ធិពលនៃអារ្យធម៌បារាំង ប្រទេសនេះហាក់ដូចប្រែជាមានវាសនាមួយផ្សេង ដទៃពីវាសនានៃការធ្លាក់ចុះរបស់ខ្លួនដែលត្រៀមទុកដោយឡែកកាលពី ថ្មីៗនៅឡើយ ។
(1) ពាក្យឡាវ «ដូន» មានន័យថា ភូមិ ។
(2) «កេង» មានន័យថា ល្បាក់ ។ «កាឡាហៃ» ជាពាក្យត្រាប់តាមសំឡេងទឹកជួដែលហូរនៅចន្លោះដុំថ្មត្រូវនឹងពាក្យខ្មែរថា ឆាយ កាឆាយ ។
(3) ទន្លេ មេគង្គមានកម្លាំងចម្រើនដីល្បប់ស្មើនឹងទន្លេនីលគឺ ១៥ភាគ១០.០០០, ១០ដងខ្លាំងជាងទន្លេរ៉ាំង ៨ដងខ្លាំងជាងទន្លេសែន ។
(4) មហាសករាជចាប់ផ្ដើមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ៧៩ នៃគ្រិស្ដសករាជ ។
(5) តាមមើលទៅ ពួកលេស្ដៃនៅក្នុងផែនទីរបស់ផ្ដូលេមេ គឺជាប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា និងកូសាំងស៊ីនបច្ចុប្បន្ន ។ រីឯទឹកដីរបស់ពួកសកៈនៅក្នុងរឿងមហាភារតៈ ក៏គឺទឹកដីនេះដែរ ។
(6) សិលាចារឹកវ៉ូកាញ់បញ្ជាក់ថា មានពួកចាមរស់នៅជ្រលងភ្នំញ៉ាត្រាងនៅសតវត្សរ៍ទី៣ ឯសិលាចារឹកមីសឺនថា មានចាមនៅឆកសមុទ្រទួរ៉ាន ។ ពួកចាមអាចនឹងមានវត្ដមាននៅផានរ៉ាង និងប៊ិញធន់ រួចហើយ ។
(7) គេ មិនបានដឹងអំពីឈ្មោះដែលប្រទេសនេះដាក់ឱ្យខ្លួនឯងមុននឹងប្រកាន់ យកឈ្មោះចាម្ប៉ានេះទេ ។ ចំពោះឈ្មោះចាម្ប៉ានេះវិញ ប្រហែលជាគេដាក់តាមរដ្ឋចាម្ប៉ារបស់ពួកហិណ្ឌូមួយដែលស្ថិតនៅជិត ភ្នំហិមាល័យ នៅផ្នែកខាងជើងរដ្ឋបញ្ចាប ។ អាចនិយាយថា ឈ្មោះចាម្ប៉ានេះវាប្រហាក់ប្រហែលនឹងឈ្មោះដើមថា ជាម ឬ ជែម ឬ សាន នៅរវាងសតវត្សរ៍ទី២ ។ លោក ផ្ដូលេមេ ដូចជាបានស្គាល់តែឈ្មោះរាជធានីបាលអង់វៃ ដែលលោកហៅថា សាបាន មានន័យថារាជធានីរបស់ចា ឬសានប៉ុណ្ណោះ ។ តាមមើលទៅគឺឈ្មោះ សាន នេះឯងដែលក្លាយមកជា ចាម្ប៉ា ហើយដែលពួកអ្នកនិពន្ធអារ៉ាប់ហៅថា ហ្សាង នៅសតវត្សរ៍ទី៨ ។
(8) រឿងព្រេងកម្ពុជានិយាយថា មានស្ដេចចាម៦អង្គសោយរាជ្យ ហើយមានពួកខ្មែរចេញមកពីឥទ្ទ្រប្រាស្ថៈ ក្បែរទីក្រុងដែល្លីសព្វថ្ងៃ មកសុំរស់នៅត្រង់កន្លែងដែលពួកគេរៀបចំរួចស្រេចហើយ ក្រោយមកពួកខ្មែរនេះត្រូវរ៉ូវជាមួយពួកនាគ បះបោរប្រឆាំង ដេញពួកចាមចេញទៅ ។ តាមពួកបញ្ញវន្ដកម្ពុជាមួយចំនួនដែលជឿទៅលើរឿងព្រេង បានរៀបរាប់ទៀតថា ពួកចាមបានគេចខ្លួនទៅដល់ប្រទេសលាវ រួចបង្កើតរដ្ឋចំប៉ាសាក់នៅទីនោះ ។ រឿងស្ដេចចាម៦អង្គពិតជាមានសារសំខាន់ណាស់ ក៏ប៉ុន្ដែរឿងព្រេងគ្មានអ្វីជាសំអាងច្បាស់លាស់ទេ ។ យើងនឹងត្រលប់មកមើលរឿងនេះទៀតនៅពេលក្រោយ ។
(9) ពាក្យ ប៉េហ្គូ នេះ ប្រហែលជាត្រូវនឹងពាក្យ ខៃសេ របស់ផែនទីផ្ដូលេមេ និងពាក្យបទសាទ្វីបរបស់ពួកហិណ្ឌូ ។
(10) ភាសាអ្នកស្រុកហៅថា តាវ៉យ ទនៈស្រី មន្ថ និងមធមៈ ។
(11) កលិង្គៈ ជារដ្ឋមួយក្នុងឥណ្ឌាសម័យបុរាណ ស្ថិតនៅលើច្រាំងខាងកើតនៃឧបទ្វីបឥណ្ឌា បែរមុខមករកឥណ្ឌូចិនពីម្ខាងនៃឈូងសមុទ្របឹងហ្កាល់ ។ រដ្ឋនេះមានស្រុក៣ ដែលគេហៅរួមគ្នាថា ត្រៃលិង្គៈ ក្រោយមកក្លាយជា តិលិង្គៈ ឬតាលិង្គៈ ទីបញ្ចប់ជា តាលឹង ដែលជាស្រុកដើមរបស់ពួកហិណ្ឌូដែលមករស់នៅឥណ្ឌូចិន ។ តាលឹង ក៏ជាឈ្មោះដំបូងរបស់ពួកប៉ាកាននៅភូមាផងដែរ ។ ទាល់តែច្រើនសតវត្សរ៍ក្រោយពេលដែលគេមកដល់ឥណ្ឌូចិន ទើបពួកកលិង្គៈដូរឈ្មោះទៅជា មន ម៉ង់ ឬម៉ាង វិញ ដែលជាឈ្មោះស្រុកចំណុះឥណ្ឌាសម័យបុរាណគឺ រមនញ្ញៈ ក្លាយទៅជា រមញ្ញៈ ជា ម័ញ ។
ពាក្យ កលិង្គៈ ឬក្លឹងនេះ សព្វថ្ងៃប្រជាជនកម្ពុជាប្រើសម្រាប់ហៅពួកហិណ្ឌូ រីឯស្រុកក្លឹងគឺសំដៅយកឥណ្ឌាជាទូទៅ ។ទាំងអស់នេះគឺដោយហេតុ ថា ពួកគេកន្លងមកធ្លាប់មានទំនាក់ទំនងតែជាមួយពួកហិណ្ឌូនៅកូរ៉ូម៉ង់ ដែលគឺពួកកលិង្គៈនេះឯង ។
(12) ប្រហែលជា៨សតវត្សរ៍មុនគ្រិស្ដសករាជ ។
(13) នៅឥណ្ឌាគេហៅទាំងពួកក្រិក ពួកអ្នកស្រុកទៀបកោះអារ៉ាប់ និងពួកអ្នករស់នៅខាងលិចស្រុកពែរ្សថាជា រ៉ូម៉ាំង រហូតមកដល់ពេលថ្មីៗ
នេះ ពីព្រោះពួកនោះធ្លាប់ជាចំណុះរបស់រ៉ូម ។
ផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា (ភាគ១)
ប្រវត្តិសាស្ត្រប្រទេសកម្ពុជា (ជំពូកទី១)
ព្រះរាជាណាចក្រភ្នំ ឬ នគរភ្នំ (សតវត្សរ៍ទី១ ដល់សតវត្សរ៍ទី៦ នៃគ.ស.)
១. ផែនទីភូមិសាស្ត្រនៃប្រទេសកម្ពុជា
ក្នុងរយៈកាលនៃសម័យរុងរឿង ព្រះរាជាណាចក្រកម្ពុជា បានលាតសន្ធឹងពីសមុទ្រចិន ដល់ទន្លេមេណាម។ កាលណោះ ដែនដីកូសាំងស៊ីន ឬកម្ពុជាក្រោម រួមនិងខេត្តទាំងឡាយនៅភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសឡាវ ហើយស្ទើរតែទាំងអស់នៃដែនដីនៃប្រទេសថៃ សព្វថ្ងៃនេះ គឺជាអតីតដែនដីរបស់ខ្មែរទាំងអស់ ហើយក្នុងរយៈកាលដ៏យូរលង់មកហើយនោះ មានពេលខ្លះខ្មែរក៏បានកាន់កាប់ជ្រោយម៉ាឡេស៊ី និងប្រទេសភូមា ផងដែរ។
តាំងពីច្រើនសតវត្សមកហើយ ពិសេសពីសតវត្សទី១៣ រហូតដល់សតវត្សទី១៨ និងទី១៩ នៃគ្រិស្ដសករាជ ទឹកដីប្រទេសកម្ពុជា កាន់តែរួញតូចទៅៗ បន្តិចម្តងៗ ដោយសារសត្រូវទាំងឆ្វេងទាំងស្តាំ គឺថៃ និងវៀតណាម ដែលមានបំណងយកទន្លេមេគង្គជាព្រំដែនរួមរបស់គេ។
ដោយមានអន្តរាគមន៍របស់ប្រទេសបារាំង តាមការស្នើសុំរបស់ព្រះរាជាខ្មែរ ប្រទេសជិតខាងរបស់កម្ពុជា បានព្រមចុះសន្ធិសញ្ញាព្រមព្រៀងបីជាសំខាន់ គឺសន្ធិសញ្ញាឆ្នាំ១៨៦៣ សន្ធិសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលជួយអោយប្រទេសខ្មែរនៅគង់វង្សស្ថិតស្ថេរ ដោយរក្សាបាននូវវត្តមាននយោបាយរបស់ខ្លួន ហើយអាចកាន់កាប់ទឹកដីខ្លះរបស់ខ្លួនដែលនៅសល់ ហើយដែលខ្មែរធ្លាប់កាន់កាប់តាំងពីសតវត្សទី១៨ មក។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរច្រើនលាននាក់បានត្រូវកាត់ផ្តាច់ ឬបំបែកអោយទៅរស់នៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសនៅលើទឹកដីកំណើតរបស់ខ្លួន។
ស្ថិតនៅចំកណ្ដាលប្រទេសអាស៊ីនៃខ្យល់រដូវ ព្រះរាជាណាចក្រកម្ពុជា ឬស្រុកខ្មែរ ដែលមានផ្ទៃក្រឡាប្រមាណ ១៨២.០០០គីឡូម៉ែត្រក្រឡា ហើយមានព្រំប្រទល់ដែនជាប់នឹងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងឈូងសមុទ្រសៀម។
លក្ខណៈភូមិសាស្ត្ររបស់ស្រុកខ្មែរ អាចចែកជាពីរតំបន់ដាច់ពីគ្នា គឺតំបន់ភ្នំ ខ្ពង់រាប ស្ថិតនៅភាគខាងជើង ភាគឦសាន និងភាគនិរតីនៃប្រទេស។ ចំណែកខាងតំបន់វាលទំនាបវិញ គឺស្ថិតតាមបាតខ្ទះ ភាគកណ្ដាល តំបន់បឹងបួ វាលទំនាបទន្លេមេគង្គ និងតំបន់មាត់សមុទ្រ។ មួយភាគធំនៃផ្ទៃប្រទេស ត្រូវគ្របដណ្ដប់ទៅដោយសម្បត្តិធម្មជាតិ ព្រៃឈើ ហើយតំបន់ដីខ្ពស់ គឺខ្ពង់រាបហាក់មានលក្ខណៈជាខ្សែក្រវាត់ធម្មជាតិ ដែលហ៊ុមព័ទ្ធវាលទំនាបរបស់ប្រទេសខ្មែរទាំងមូល។
នៅភាគនិរតីនៃប្រទេស មានភ្នំធំ ហើយខ្ពស់ចោត ដូចជាជួរភ្នំក្រវាញ ជាដើម ដែលលាតសន្ធឹងដល់មាត់សមុទ្រ ហើយមានកម្ពស់ពី ១.០០០ម៉ែត្រ រហូតដល់ ១.៧៤៤ម៉ែត្រ នៅភ្នំសង្កុស។ នៅភាគខាងជើង មានជួរភ្នំដងរែក ដែលខណ្ឌដែនប្រទេសកម្ពុជា និងប្រទេសថៃ ហើយជួរភ្នំនេះជាប់ទៅនឹងភ្នំដែក ដែលជាភ្នំសម្បូរដោយរ៉ែលោហធាតុ ដែលបុព្វបុរសដូនតាខ្មែរធ្លាប់ដឹកយកមកប្រើប្រាស់ ហើយដឹកជញ្ជូនតាមផ្លូវទឹក គឺស្ទឹងមួយដែលអាចប្រើប្រាស់បានរយៈពេល ៨ខែក្នុងមួយឆ្នាំ។ ស្ទឹងនេះហូរចាក់ចូលមកក្នុងបឹងទន្លេសាប ដោយឆ្លងតំបន់ភ្នំគូលែន ជាតំបន់មួយដែលព្រះបាទជ័យវរ្ម័នទី២ ធ្លាប់បានរៀបចំកសាងជារាជធានីមួយរយៈ នៅដើមសតវត្សរ៍ទី៩ នៃគ្រិស្ដសករាជផង។
នៅភូមិភាគឦសាននៃប្រទេស គឺនៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាតំបន់ដែលសម្បូរដោយខ្ពង់រាបដែលមានធាតុកសិណសិលា ថ្មក្រានីត និងថ្មបបុះ ដែលមានដើមកំណើតមកពីកម្អែលភ្នំភ្លើងក្នុងសម័យអតីតកាលដ៏យូរ ហើយកន្លែងខ្លះមានកម្ពស់រហូតដល់ ១.០០០ម៉ែត្រ ពិសេស គឺតំបន់ដែលមានព្រំដែនប្រសព្វគ្នារវាងប្រទេសទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម។ ហើយទន្លេសំខាន់ៗបីដែលហូរពីខ្ពង់រាបខាងលើនេះ ឆ្ពោះទៅទិសខាងលិច គឺហូរភ្ជាប់ទៅនឹងទន្លេទាំងបីនោះ គឺទន្លេសេកុង សេសាន និងទន្លេស្រែពក។
ភាគកណ្ដាលនៃប្រទេសកម្ពុជា ជាតំបន់បាតខ្ទះ ដែលសម្បូរទៅដោយដីល្បប់មានជីជាតិ ហើយនិងមានភ្នំខ្លះដែរ តែស្ថិតនៅដាច់ៗពីគ្នា គឺជាតំបន់ដែលដីសម្បូរទៅដោយជីជាតិជាងគេបំផុតនៅក្នុងជ្រោយឥណ្ឌូចិន នេះ។ នេះជាហេតុទាក់ទាញប្រជាពលរដ្ឋអោយមករស់នៅកុះករក្នុងតំបន់នោះ ពិសេស គឺប្រជាពលរដ្ឋដែលរស់រាន ហើយទាញយកផលពីមុខរបរកសិកម្ម ទាញផលប្រយោជន៍ពីវាលទំនាបមានជីជាតិ ផលប្រយោជន៍ពី បឹង ស្ទឹង ទន្លេ ទាំងឡាយនៃភូមិភាគនោះ។
បឹងទន្លេសាប គឺជាបឹងមួយដែលធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ នៅរដូវវស្សា បឹងនេះមានបណ្តោយរហូតដល់ទៅ ១៦០គីឡូម៉ែត្រ និងទទឹង ៣៦គីឡូម៉ែត្រ។ នៅរដូវប្រាំង ខែមីនា-មេសា បឹងនេះមានក្រឡាផ្ទៃប្រមាណ ៣.០០០គីឡូម៉ែត្រក្រឡា។ គេអាចចែកបឹងនេះជាពីរផ្នែក គឺបឹងធំ ស្ថិតនៅភាគខាងលិច បឹងតូច វាលភក់ តំបន់កដប ស្ថិតនៅភាគខាងកើត។ នៅពេលទឹកទន្លេមេគង្គឡើងខ្ពស់ ទឹកបឹងទន្លេសាបនេះ មានជម្រៅរហូតដល់ជាង ១០ម៉ែត្រ ហើយបែកវាលលិចគ្របដណ្ដប់លើព្រៃមាត់បឹងទាំងអស់ដែលនៅជុំវិញបឹងទន្លេសាបនោះ។
ទន្លេមេគង្គដែលមានប្រភពចេញមកពីតំបន់ទីបេ ជាទន្លេធំតែមួយគត់ដែលហូរកាត់ប្រទេសកម្ពុជា ពីព្រំដែនខាងជើងទៅព្រំដែនខាងត្បូង ត្រង់ល្បាក់ខោន គឺត្រង់ព្រំប្រទល់ដែនរវាងប្រទេសឡាវ និងកម្ពុជា ទឹកទន្លេមេគង្គត្រូវហូរមកជួបនឹងរបាំងថ្មខ្ពស់ ដូចជាទំនប់ចោតត្រេង ដែលធ្វើអោយទន្លេមេគង្គត្រង់ល្បាក់ខោននេះ ក្លាយជាអាងទឹកដ៏ធំសម្បើម ដែលមានជម្រៅរហូតដល់ជាង ២០ម៉ែត្រ ហើយហូរធ្លាក់ចុះយ៉ាងខ្លាំងមកក្រោម ដែលកប៉ាល់មិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបានឡើយ។
ក្រៅពីតួទន្លេមេគង្គ ក៏មានដៃទន្លេជាច្រើន ខ្លះមានទទឹងរហូតទៅដល់ជាង ២គីឡូម៉ែត្រ ហូរប្រសព្វគ្នាចាក់ទៅត្រង់ដែនដីសណ្ដទន្លេមេគង្គ ដែលមានទំហំប្រមាណ ៦០០គីឡូម៉ែត្រ ពិសេស គឺត្រង់ដែនដីដែលបារាំង ហៅថា កូសាំងស៊ីន ហើយធ្វើអោយតំបន់នេះក្លាយជាតំបន់មានជីជាតិបំផុតរបស់ជនជាតិខ្មែរ។ បច្ចុប្បន្ននេះ ដែនដីកូសាំងស៊ីន គឺដែនដីកម្ពុជាក្រោម ដ៏មានជីជាតិរបស់ខ្មែរ ក្លាយទៅជារបស់វៀតណាម ទៅហើយ។ ចំណែកវាលទំនាបទន្លេមេគង្គវិញ គឺជាតំបន់ដែលលាតសន្ធឹងពីខេត្តក្រចេះ រហូតទៅដល់មាត់សមុទ្រផ្នែកខាងត្បូង។ នៅភ្នំពេញ ដែលជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងតាំងពីអំឡុងសតវត្សទី១៥ នៃគ្រិស្ដសករាជនោះ ទន្លេមេគង្គត្រូវបែកចេញជាទន្លេបួន ដែលគេនិយមហៅថាចតុមុខ។ នៅត្រង់ចតុមុខនេះ ទន្លេមេគង្គត្រូវភ្ជាប់ទៅនឹងទន្លេសាប ដែលបែកទៅទិសខាងជើងទន្លេធំ និងទន្លេបាសាក់ ដែលហូរចាក់ទៅក្នុងសមុទ្រ។
នៅរដូវប្រាំង ខែផល្គុណ ចែត្រ គឺខែមីនា មេសា ទឹកទន្លេមេគង្គត្រូវនឹងថ្កល់ ហើយជោរនាចទៅតាមពេលវេលា។ រហូតដល់ខែវស្សា រដូវភ្លៀងធ្លាក់ ចាប់ផ្ដើមឡើងនៅខែកក្កដា ទឹកទន្លេមេគង្គត្រូវឡើងផ្ទៃទន្លេមេគង្គក៏រីកធំម្តងបន្តិចៗ។ ឯទន្លេធំ និងទន្លេបាសាក់វិញ ទឹកក៏កាន់តែបន្ថែមល្បឿនឡើងជារៀងរាល់ថ្ងៃ ហូរត្របាញ់ចាក់ទៅក្នុងសមុទ្រ។ ចំណែកខាងបឹងទន្លេសាបវិញ ពេលនោះបានក្លាយជាអាងស្តុកទឹកយ៉ាងធំ រហូតលិចអស់តំបន់ទាំងឡាយដែលនៅជុំវិញទីនោះ អស់រយៈពេល ៥ខែក្នុងមួយឆ្នាំ គឺមានរយៈកាលស្មើនឹងទឹកទន្លេមេគង្គឡើងដូច្នោះដែរ។
នៅរដូវសម្រក ពិសេស គឺពេលដែលទឹកទន្លេសាបចាប់ផ្ដើមហូរវិលត្រឡប់ចេញមកវិញ ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី រួមទាំងជនជាតិខ្មែរនៅទឹកដីកម្ពុជាក្រោមផង តែងតែប្រារឰធ្វើពិធីបុណ្យប្រពៃណីមួយ គឺបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដើម្បីសាទរបាតុភូតធម្មជាតិដ៏កម្រមាននៅលើពិភពលោកយើងនេះ៕
ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ១ ជំពូកទី ១)
Posted: Oct-10-2016
ជំពូកទី១
១- អំពីប្រទេសហ្វូណន
ពួកចិនដែលស្គាល់ឥណ្ឌូចិនតាំងតែពី២០០០ឆ្នាំមុន ដោយមានពួកអ្នកដើរសំពៅមកចុះចតជាញឹកញយផងនោះ បានហៅទឹកដីនៃអាងទន្លេមេគង្គខាងក្រោមរហូតដល់មាត់សមុទ្រខាងត្បូង ថា «ហ្វូណន ឬប៉ូណន» ។ តាមមើលទៅ ពួកវិប្រជា ឬកុលសម្ព័ន្ធដែលរស់នៅទីនោះ មិនបានស្គាល់ឈ្មោះដែលចិនដាក់ឱ្យគេនេះទេ (1) ។ បើតាមប្រជាជនកម្ពុជា និងតាមរឿងព្រេង អ្នកស្រុកបានហៅចំណែកដែលត្រូវនឹងកម្ពុជាសព្វថ្ងៃថា «គោកធ្លក ឬនគរគោកធ្លក» (2)។ គឺពេលក្រោយយូរមកទៀតទើប អ្នកស្រុកប្រែហៅថា ស្រុកខ្មែរវិញ រួចក្រោយៗមកទៀតហៅ «កម្ពុជា» ជាសំស្ក្រឹតថា «កម្វុជា» ជាឈ្មោះដែលជ្រើសរើសដោយពួកអ្នកមកច្បាំងដណ្ដើមស្រុក និងអ្នកដែលនាំអារ្យធម៌ហិណ្ឌូមកផ្ដល់ឱ្យ ។
ប៉ុន្ដែ បើទោះជាឈ្មោះនោះជាពាក្យចិន ជាពាក្យរបស់អ្នកស្រុក ឬក៏ជាពាក្យសំស្ក្រឹតក្ដី ក៏នៅឥណ្ឌាភាគខាងជើងគេស្គាល់ប្រទេសខ្មែរក្រោមឈ្មោះថា «សក្កទ្វីប» មានន័យថា ទ្វីប ឬទឹកដីរបស់ដើមសកៈ គឺដើមម៉ៃសាក់ ។ ដើមម៉ៃសាក់ខុសគ្នាពីដើមធ្លក ក៏ប៉ុន្ដែដើមឈើទាំង២មានផ្លែដូចគ្នា ដែលពួកក្មេងៗតែងយកមកកកេរ ហើយគេអាចយកមកចម្រាញ់យកប្រេងបាន ។ បើដូច្នេះ គេអាចទទួលស្គាល់ថា ឈ្មោះដែលគេដាក់ឱ្យកម្ពុជា ទោះជាដាក់ឱ្យដោយប្រជាជនខ្លួនឯង ឬក៏ដាក់ឱ្យដោយពួកហិណ្ឌូក្ដី គឺជាពាក្យតែមួយ ហើយដោយហេតុនេះ ប្រពៃណីរបស់ប្រជាជន គឺពិតជាត្រូវនឹងសញ្ញាណរបស់ហិណ្ឌូដែរ ។
គួរ កត់សម្គាល់ថានៅសតវត្សរ៍ទី២នៃគ្រិស្ដសករាជ ពួកក្រិក និងរ៉ូម៉ាំងស្គាល់ស្រុកខ្មែរដោយផែនទីរបស់ ផ្ដូលេមេ ដែលគូសឡើងតាមការនិទានរបស់អ្នកធ្វើដំណើរតាមសមុទ្រ ផែនទីនោះដាក់ឈ្មោះឱ្យថា ជាស្រុករបស់ពួកលេស្ដៃ (3) ដែលខុសគ្នាឆ្ងាយណាស់នឹងពាក្យកម្ពុជា ។ លោកវរសេនីយ៍ឯក ហ្សេរីនី បានសន្និដ្ឋានថា ឈ្មោះនេះមិនមែនជាឈ្មោះដែលថាតាមពាក្យអ្នកស្រុកដើមនោះទេ តែគឺជាពាក្យប្រែទៅវិញ ។ បើនិយាយដូច្នេះ «លេស្ដៃ» ជាពាក្យក្រិកដែលមានន័យថា ចោរ ឬចោរសមុទ្រ ។ ខ្ញុំនៅមិនទាន់យល់នៅឡើយអំពីនិរុត្ដិសាស្ដ្រដ៏ប៉ិនប្រសប់បែបនេះ តែខ្ញុំហាក់ដូចជាទាល់ប្រាជ្ញក្នុងការដែលចង់ពន្យល់ពាក្យខ្មែរ បែរជាលេចពាក្យ លេស្ដៃ ទៅវិញ ។ តែលោកវរសេនីយ៍ឯកបានរំលឹកថា ពាក្យកម្ពុ ដែលមាននៅក្នុងសិលាចារឹកជាឈ្មោះរបស់ទេវៈបុព្វបុរសរបស់ កម្ពុស្វ័យម្ភុ ដែលមានន័យថាកើតមានឡើងដោយខ្លួនឯង ពោលគឺ ព្រះព្រហ្ម ។ ហើយពាក្យនេះជាភាសាសំស្ក្រឹតមានន័យថា ចោរ ឬចោរសមុទ្រ ។ដោយហេតុនេះលោកវរសេនីយ៍សន្និដ្ឋានថាពាក្យក្រិកថា លេស្ដៃត្រូវគ្នានឹងពាក្យ កម្ពុ ពាក្យទាំងពីរម៉ាត់នេះមានន័យថា ចោរ ចោរសមុទ្រ ឬបើហោចណាស់ក៏សំដៅយកពួកអ្នកដែលរស់នៅជាក្រុមប្រដាប់ដោយអាវុធ ដែរ ។ លោកសន្និដ្ឋានបន្ដទៀតថា នៅស្រុកនេះ អ្នកស្រុកប្រកបមុខរបរជាចោរសមុទ្រ ឬបើពុំនោះទេ ក៏ត្រូវជាកូនចៅរបស់មេចោរសមុទ្រ ឬចោរប្លន់តាមសមុទ្រណាម្នាក់ដែលបុគ្គលិកលក្ខណៈបានរលុបបាត់តាម ពេលវេលាទៅហើយនៅសតវត្សរ៍ទី៥ (4)។
ទាំងរឿងព្រេង ទាំងប្រពៃណីកម្ពុជានិយាយថា ពួកអ្នករស់នៅក្នុងនគរគោកធ្លកមានឈ្មោះថា «នាគ» ដែលក្រោយមកដូរជា «ខ្មែរ» រួចជា «កម្ពុជា» វិញ (5) ។ តែវាមានមូលហេតុដែលអាចឱ្យជឿបានថា ពាក្យ «នាគ» នេះ មិនមែនជាឈ្មោះដើមដែលគេហៅខ្លួនគេនោះទេ ប៉ុន្ដែ គឺជាពាក្យដែលពួកនិរប្រវេសន៍ហិណ្ឌូដាក់ឱ្យ ។ ពាក្យដែលគេហៅខ្លួនគេនោះ គឺប្រហែលជាពាក្យដែលមាននៅរហូតដល់សព្វថ្ងៃ គឺខ្មែរនេះឯង គ្រាន់តែពាក្យនេះមានសរសេរប្លែកៗគ្នាទៅតាមពេលវេលាទីកន្លែង និងតាមគ្រាមភាសារបស់អ្នកស្រុកនីមួយៗ គឺមានពាក្យ ខម កៅមេក្មេន ក្មី គិមី គួរ ក្មៀរ កុមារ ដែលជាពាក្យតាមភាសាអ្នកវិប្រជាដើម (6) ។
នៅចំពោះមុខពួកបរទេស ហិណ្ឌូដែលមានអារ្យធម៌ជឿនលឿនជាង ពួកអ្នករដ្ឋវាសី (អ្នកនៅក្នុងរដ្ឋ) ដែលមិនសូវមានអាវុធផង ហើយក៏អាចជាអ្នកចូលចិត្ដសន្ដិភាពជាងផង មិនបានវាយតបតទេ គេដកថយទុកកន្លែងឱ្យពួកនោះតាំងទីលំនៅកសាងបានជាក្រុមឧបនិវេសន៍ ពាណិជ្ជករ ដែលធ្វើដំណើរចេញចូលស្រុកដោយស្ថិតនៅដាច់ស្រឡះពីអ្នកស្រុកដើម តែក្រោយមកបានក្លាយទៅជាមេដឹកនាំស្រុកវិញ ។
ក្រុម ឧបនិវេសន៍ដំបូងៗជាក្រុមឧបនិវេសន៍ពួកជ្វាមកពីកោះជ្វា ឬពួកម៉ាឡេមកពីកោះស៊ូម៉ាត្រាដែលបានទទួលអារ្យធម៌ហិណ្ឌូរួចមក ហើយ ។ ពួកក្រុមឧបនិវេសន៍ដែលមកបន្ទាប់ទៀត គឺពួកហិណ្ឌូមកពីរដ្ឋកលិង្គៈ ។
ឯកសារ ចិនបានរក្សាទុកនូវរឿងរ៉ាវដ៏សំខាន់មួយដែលអាចជាការចងចាំសេស សល់ពីការឈ្លានពានលើកទីមួយរបស់ពួកម៉ាឡេមកលើកម្ពុជានៅត្រង់ ម្ដុំចូវដុកពីព្រោះថា មាត់ពាមរបស់ទន្លេមេគង្គកាលពីពេលនោះ ប្រហែលជានៅខ្ពស់ជាងសព្វថ្ងៃ ហើយដីដែលអាចសង់លំនៅស្ថានបាននៅកាន់តែឆ្ងាយបន្ដិចទៅ ខាងជើង ។ រឿងរ៉ាវដែលពួកចិនបានរក្សាទុកនោះ បានត្រូវគេរៀបរាប់នៅសតវត្សរ៍ទី៣នៃគ្រិស្ដសករាជ ក៏ប៉ុន្ដែរឿងនោះប្រហែលជាអាចមានឫសគល់តាំងពី១០០ ឬ២០០ឆ្នាំមុន ។
កាលនោះ ប្រទេសនេះដឹកនាំដោយក្សត្រីមួយអង្គ ព្រះនាមថា «លីវយី» (7) ប្រែថាស្លឹកស្រូល ។ ពេលនោះ មានបុរសម្នាក់ឈ្មោះហួនហ៊្វី ឬ ហ៊ុនទៀន ដែលគោរពបូជាព្រហ្មញ្ញសាសនាធ្វើដំណើរមកពីទិសទក្សិណ គឺចេញពីសមុទ្រខាងត្បូង (8) មកចតសំពៅនៅនឹងរាជធានី ហើយបានវាយឈ្នះទ័ពដែលព្រះនាងលីវយីបានបញ្ជូនទៅទប់ទល់ ។ ក្រោយពីបានរៀបចំស្រុកឱ្យមានសន្ដិភាពរួចហើយ ព្រាហ្មណ៍នោះក៏រៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងលីវយី រួចឡើងសោយរាជ្យនៅនគរហ្វូណន ដែលអ្នកស្រុកដើមហៅថា គោកធ្លកតទៅ ។
ដូចនេះព្រះនាង លីវយីគឺជាស្ដេចសោយរាជ្យដំបូងនៅនគរគោកធ្លក ។ ព្រះរាជាទី២គឺព្រះបាទហ៊ុនទៀន ដែលជាជនបរទេសបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងលីវយី គឺអាចជាម៉ាឡេ ឬជ្វា ព្រោះធ្វើដំណើរមកពីទិសខាងត្បូង ហើយនៅពីត្បូងកម្ពុជាពេលនោះគឺកោះជ្វា ឬកោះស៊ូម៉ាត្រា ឬបើពុំនោះទេ គឺសិង្ហបុរី ។
ព្រះបាទ ហ៊ុនទៀន និងព្រះនាងលីវយីមានព្រះរាជបុត្រមួយព្រះអង្គ ។ ពេលព្រះរាជបុត្រានេះចម្រើនព្រះជន្មធំឡើង ព្រះបាទហ៊ុនទៀនបានរៀបចំដីសាមន្ដរាជមួយមានទីក្រុង៧ឱ្យគ្រប់គ្រង ដីនេះដែលជាដីសាមន្ដរាជទីមួយនៃព្រះរាជាណាចក្រ ។ ក្រោយមក មានស្ដេចស្នងរាជ្យបន្ដពីព្រះបាទហ៊ុនទៀនមួយអង្គ ព្រះនាម ហ៊ុនប៉ាងហួង បានប្រើល្បិចបំបែកបំបាក់ទីក្រុងទាំង៧រួចក៏វាយយកដាក់ជាចំណុះ ទើបទ្រង់ចាត់តាំងព្រះរាជបុត្រ ព្រះរាជនត្ដាឱ្យទៅសោយរាជ្យលើទីក្រុងនីមួយៗនោះទៀត ។ សរុបមក ដីសាមន្ដរាជមួយដែលព្រះបាទហ៊ុនទៀនបានរៀបចំឱ្យព្រះរាជបុត្ររបស់ ព្រះអង្គសោយរាជ្យ តែស្ដេចទឹកដីមួយៗចង់រើខ្លួនឱ្យបានឯករាជ្យ បានត្រូវព្រះអង្គវាយដាក់ជាចំណុះឡើងវិញ រួចបែងចែកឱ្យស្ដេចត្រាញ់៧រូបសោយរាជ្យ ។
ព្រះរាជា អង្គនេះបានគ្រងរាជ្យរហូតដល់ព្រះជន្ម៩០ព្រះវស្សាទើបសោយទិវង្គត ទៅ ពេលនោះព្រះរាជបុត្រទី២របស់ព្រះអង្គ ព្រះនាមថា ផាន់ ផាន់ (9) ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យបន្ដពីព្រះបិតា ។ ប៉ុន្ដែ ស្ដេចអង្គនេះ មិនបានយកចិត្ដទុកដាក់នឹងកិច្ចការប្រទេសជាតិទេ ទ្រង់បានប្រគល់កិច្ចការទាំងអស់ឱ្យមេទ័ពព្រះអង្គឈ្មោះ ហ្វាន់ចេម៉ាន់ ឬ ហ្វាន់ម៉ាន់ កាន់កាប់ជំនួសវិញ ហើយព្រះអង្គបានសោយទិវង្គតទៅក្រោយពីសោយរាជ្យបាន៣ឆ្នាំ ។ ពេលនោះសេនាមុខមន្ដ្រីក៏បានលើកមេទ័ពហ្វាន់ម៉ាន់ឱ្យឡើងសោយរាជ្យ បន្ដ ។ ការលើក ហ្វាន់ម៉ាន់ ឱ្យសោយរាជ្យនេះមិនបានទទួលការគាំទ្រពីមហាជនទេ ជាពិសេសពីពួកស្ដេចត្រាញ់ដែលសោយរាជ្យនគរចំណុះទាំងឡាយ ពីព្រោះឯកសារចិនបានបញ្ជាក់ថា ក្រោយពីបានឡើងសោយរាជ្យព្រះបាទហ្វាន់ម៉ាន់ដ៏អង់អាច និងមានសមត្ថភាព បានធ្វើសឹកសង្គ្រាមវាយបង្ក្រាបប្រទេសចំណុះទាំងឡាយឱ្យរាបទាបឡើង វិញ ។ មើលទៅព្រះរាជាអង្គនេះ ជាក្សត្រអង់អាចក្លាហាន និងជាអ្នកចម្បាំងផង ។ ព្រះអង្គបានចាត់ឱ្យកសាងនាវាធំៗ ដែលព្រះអង្គជិះកាត់សមុទ្រជ្រៅៗ ធ្វើចម្បាំងវាយប្រទេសលើសពី១០ ក្នុងនោះ មួយចំនួនធំស្ថិតនៅក្នុងទៀបកោះដែលពួកអឺរ៉ុបហៅថា ម៉ាឡាកា ។
ព្រះអង្គមានរាជធានីដែលហៅ និងសរសេរតាមភាសាចិនថា «តូមូ» (10) នៅចម្ងាយប្រមាណជា១៨០គីឡូម៉ែត្រពីមាត់ពាមទន្លេមេគង្គ និងមាត់ច្រាំងនៃទន្លេដ៏ធំមួយដែលនាវាសមុទ្រអាចចូលចតបានយ៉ាង ស្រួល ។
ព្រះបាទហ្វាន់ម៉ាន់បាន ប្រឈួននៅពេលកំពុងធ្វើសង្គ្រាមមួយ ទ្រង់បានចាត់ឱ្យព្រះរាជបុត្រច្បងព្រះនាម គិនចេង បញ្ជាទ័ពជំនួសព្រះអង្គ ហើយទ្រង់ទុកព្រះភាគិនេយ្យព្រះអង្គព្រះនាម ចាន់ ជាបុត្ររបស់ព្រះអនុជក្សត្រីព្រះអង្គឱ្យកាន់ទ័ព២០០០នាក់នៅ ការពារព្រះអង្គ ។ ព្រះភាគិនេយ្យនេះបានឆ្លៀតយកឱកាសដែលព្រះបាទហ្វាន់ម៉ាន់ប្រឈួន ក៏ប្រកាសខ្លួនជា ហ្វាន់ចាន់ គឺជាព្រះរាជានៃនគរហ្វូណន ឬប៉ូណន ។ រួចព្រះអង្គបានចាត់កម្លាំងឱ្យទៅធ្វើឃាតរជ្ជទាយាទគិនចេងដើម្បី កុំឱ្យមកដណ្ដើមរាជ្យពីព្រះអង្គវិញប្រហែលជានៅឆ្នាំ២៣០នៃ គ្រិស្ដសករាជ ។
ព្រះបាទ ហ្វាន់ម៉ាន់នៅមានព្រះរាជបុត្រមួយអង្គទៀតដែលនៅជាព្រះរាជឱរសនៅ ឡើយពេលព្រះបិតាសុគត ។ ពេលទ្រង់ចម្រើនវ័យគ្រប់២០ព្រះវស្សា ព្រះអង្គក៏សម្រេចចិត្ដដណ្ដើមរាជ្យសម្បត្ដិពីព្រះរៀមជីដូនមួយដែល បានជ្រែករាជ្យ និងសម្លាប់ព្រះបិតាព្រះអង្គ ។ ព្រះអង្គកទ័ព ជ្រើសរើសយកពលទាហានសុទ្ធតែអ្នកអង់អាចក្លាហានរួចធ្វើឃាតព្រះបាទ ហ្វាន់ចាន់ទៅ ។ត្រង់នេះគេមិនបានដឹងថាតើព្រះអង្គធ្វើឃាតនៅ ក្នុងសង្គ្រាមតតាំងទល់មុខគ្នា ឬក៏នៅក្នុងការលបវាយប្រហារស្ងាត់ៗទេ ។ ពេលនោះ មេទ័ពរបស់ព្រះបាទហ្វាន់ចាន់ ឈ្មោះ ស៊ីយុន ដោយយកលេសថាសងសឹកថ្វាយព្រះរាជាបានសម្លាប់ឃាតកររួចហើយក៏ប្រកាស ខ្លួនជា ហ្វាន់ស៊ីយុន (11) ជាព្រះរាជានៃនគរហ្វូណននៅឆ្នាំ២៥០នៃគ្រិស្ដសករាជ ត្រូវនឹងឆ្នាំ១៧២នៃមហាសករាជ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនរៀបរាប់អំពីព្រះបាទហ្វាន់ស៊ីយុននេះថាជាស្ដេច កសាងប្រទេស យកចិត្ដទុកដាក់នឹងរាជកិច្ចខ្លាំងណាស់ ។ ទ្រង់បើកសវនាការឱ្យប្រជារាស្ដ្រចូលគាល់រាល់ថ្ងៃ នៅពេលព្រឹក និងថ្ងៃត្រង់ ។ តាមមើលទៅ ព្រះរាជាដែលសោយរាជ្យនៅនគរហ្វូណនទាំងអស់ រួមទាំងស្ដេចជ្រែករាជ្យផង សុទ្ធតែមានខ្សែលោហិតរាជវង្សតែមួយ ព្រោះយើងមកដល់ពាក់កណ្ដាលសតវត្សរ៍ទី៣ហើយ ហើយតាមឯកសារប្រវត្ដិសាស្ដ្រចិនបាននិយាយថា បច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន បានគ្រប់គ្រងរាជសម្បត្ដិនៅហ្វូណនអស់រយៈកាល២សតវត្សរ៍ (12) ។
បើសិនជា ការប្រកាន់តាមប្រពៃណីខ្មែរដែលលើកឡើងថា មានស្ដេចចាម៦អង្គសោយរាជ្យមុនគេនៅកម្ពុជា ស្ដេចទាំងអស់នោះមានព្រះនាមថា យូយូវរ្ម័នទិ កវាលរាជកុមារ សុរិយាវរ្ម័នទិ ទរនិន្ទ្រាវរ្ម័នទិ អាទិត្យវរ្ម័នទិ និងអស្សកៃ ជាការពិតនោះមានន័យថា ព្រះរាជាទាំងអស់នោះជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងជ្វាហ៊ុនទៀនទាំងអស់ហើយមិនមែនជាចាមទេព្រោះនៅពេលនោះមិនទាន់ មានពួកចាមនៅឡើយតែជាជ្វា ឬម៉ាឡេ គឺជាអម្បូរជនដែលក្រោយពីបានត្រូវដេញចេញពីកម្ពុជាទៅ បានគេចទៅនៅចំប៉ាសាក់ខាងជើងកម្ពុជា ឬក៏ទៅនៅខាងកើតត្រង់ដែលចិនហៅថា លីនយី ដែលក្រោយមកទើបក្លាយទៅជាចាម្ប៉ានោះឯង ។ ឈ្មោះ «ចាម្ប៉ា» នេះ ខ្មែរនៅចងចាំនៅឡើយរហូតមកដល់២សតវត្សរ៍មុននេះ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនក៏មានរៀបរាប់ជាច្រើនដែរអំពីស្រុកហ្វូណន ទោះបីជាការរៀបរាប់នីមួយៗមិនគ្រប់ជ្រុងជ្រោយ ហើយសរសេរនៅពេលខុសៗគ្នាក៏ដោយ តែបើយកមកផ្ដុំគ្នា អាចឱ្យយល់ដឹងបានខ្លះអំពីប្រទេសនោះនៅសតវត្សរ៍ទី៣ និងទី៤ ។ដូចនេះវាមានសារសំខាន់នៅពេលនេះដែលត្រូវអធិប្បាយ សង្ខេបអំពីឯកសារទាំងនោះ ។
ឯកសារ នោះនិយាយថា មុនដែលស្ដេចហ៊ុនទៀនមកដល់ អ្នកស្រុកហ្វូណនច្រើនសាក់ខ្លួនដូចដែលពួកភូមា និងលាវនៅអនុវត្ដរហូតដល់សព្វថ្ងៃ ។ ការសាក់ខ្លួននេះហាក់ដូចជាគ្មានទៀតទេពេលដែលស្ដេចហ៊ុនទៀនមកដល់ តែអ្នកស្រុកនៅដើរស្រាត មិនទាន់មានស្លៀកពាក់នៅឡើយ ។ ស្ដេចហ៊ុនទៀនដែលចេញមកពីប្រទេសមួយមានអារ្យធម៌រួចហើយ ម្យ៉ាងទៀតជាព្រាហ្មណ៍ផង ទ្រង់មិនសប្បាយចិត្ដនឹងឃើញព្រះជាយានៅស្រាតដូច្នេះទេ ទ្រង់ក៏យកក្រណាត់មួយផ្ទាំងមកស្លៀកឱ្យ ដោយចោះប្រហោងកណ្ដាលសម្រាប់ច្រកព្រះកេស (13) ។
ក្រោយមក នៅដើមសតវត្សរ៍ទី៣ ស្រីៗអ្នកស្រុកក៏ប្រកាន់យកសម្លៀកបំពាក់នេះរហូត ហើយស្ដេច ហ្វាន់ស៊ីយុន ក៏បានហាមមិនឱ្យប្រុសៗស្រាតទៀតដែរដោយឱ្យបិទបាំងកេរ្ដិ៍ខ្មាស នឹងក្រណាត់ប៉ឹងដែលចិនហៅថា កេនម៉ាន ហើយពួកម៉ាឡេហៅថា កំបាន (14) ។ ពួកអ្នកមានគេប្រើក្រណាត់ប៉ាក់ រីឯអ្នកក្រប្រើក្រណាត់ផាឌិប ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនដដែលនិយាយថា អ្នកស្រុកហ្វូណន គគ្រិច សម្បុរខ្មៅ ហើយមានសក់ក្រញាញ់ (15) ។ ពួកនេះចូលចិត្ដការចារ និងចម្លាក់ ។ឧបករណ៍របស់គេជាច្រើនធ្វើអំពីប្រាក់ គេបង់ពន្ធជាមាសប្រាក់ ឬជាគ្រាប់គជ់ និងទឹកអប់ ។ គេមានសៀវភៅ និងកន្លែងសម្រាប់ទុកដាក់ឯកសារ និងសម្ភារផ្សេងៗ ។ គេមានអក្សរ ហើយគេចូលចិត្ដប្រជល់មាន់ និងប្រជល់ជ្រូក ។ អ្នកស្រុកនេះចូលចិត្ដអនុវត្ដការស្បថស្បែ និងការសាកល្បងផ្សេងៗ ដូចជាឱ្យអ្នកជាប់ចោទកាន់ផ្លែពូថៅដែលដុតឡើងក្រហម ហើយដើរឱ្យបាន៧ជំហាន ឬដាក់ចិញ្ចៀន ឬពងមាន់នៅក្នុងទឹកពុះ ហើយឱ្យយកដៃលូកចាប់យកចេញជាដើម ។ ការអនុវត្ដន៍បែបនេះ នៅមានគេប្រតិបត្ដិនៅឡើយក្នុងចំណោមជនជាតិដើម ។ នៅកម្ពុជាពេលមុននេះបន្ដិច ក៏នៅមានអនុវត្ដបែបនេះដែរ ។
ឯកសារ ប្រវត្ដិសាស្ដ្រចិនរៀបរាប់ទៀតថា នៅមានវិញ្ញាសាមួយទៀតដែលគេអនុវត្ដចំពោះតែម្ចាស់ និងខ្ញុំបម្រើប៉ុណ្ណោះក្នុងករណីសង្ស័យថាខ្ញុំនោះលួចរបស់ៈ គឺឱ្យខ្ញុំនោះស៊ីស្រូវ ។បើខ្ញុំនោះបានលួចមែនស្រូវនឹងមុត មាត់ចេញឈាម ប៉ុន្ដែបើមិនបានលួចទេ គឺអាចទំពាស្រូវលេបចូលពោះដោយស្រួល ។ ពេល នោះមិនទាន់មានគុកដាក់អ្នកទោសទេ ។ ជនឧក្រិដ្ឋត្រូវបោះឱ្យក្រពើស៊ី ដែលគេចិញ្ចឹមនៅក្នុងប្រឡាយជុំវិញទីក្រុង ឬសត្វសាហាវ ដែលគេចិញ្ចឹមដាក់ក្នុងទ្រុងពិសេស ។
អ្នកស្រុក មិនជីកអណ្ដូងយកទឹកទេ ក៏ប៉ុន្ដែគេមានស្រះទឹកតាមក្រុមគ្រួសារ ហើយប្រើធុងសម្រាប់ដងទឹកយកមកប្រើកាលណាគេត្រូវការ ។
គេ គោរពបូជាអាទិទេពដែលរស់នៅលើមេឃ ហើយសាងរូបសំណាកតំណាងអំពីសំរឹទ្ធដែលជួនកាលមានមុខពីរ និងដៃបួន ជួនកាលទៀតមានមុខបួន និងដៃប្រាំបី ។តាមពិតទាំងអស់នេះគឺជាបដិមាតំណាងឱ្យអាទិទេព នៃព្រហ្មញ្ញសាសនាដែលមានដូច្នេះរហូតដល់សព្វថ្ងៃនៅឥណ្ឌា និងមានក្បាលមិនតិចជាងដៃប៉ុន្មានទេ ។ នៅកម្ពុជា គេបានរកឃើញបដិមាបែបនេះជាច្រើនដែលគេយកមកទុកនៅសារមន្ទីរ សព្វថ្ងៃ ។
ព្រះរាជាជិះដំរី កាលណាត្រូវយាងចេញពីវាំង ។ មហេសី និងស្រីស្នំទាំងឡាយក៏ដូច្នោះដែរ ។ កាលណាព្រះអង្គទ្រង់គង់ ទម្រេតព្រះកាយបន្ដិច បញ្ឈរជង្គង់ស្ដាំ ឯជង្គង់ឆ្វេងទម្លាក់ដល់ដី (16)។ នៅពីមុខព្រះភ័ក្ដ្រព្រះអង្គ គេលាតក្រណាត់ស រួចដាក់ព្រះរាជសង្ហារ ភាជន៍មាស និងផើងដុតឈើក្រអូប ។
ការ បូជាខ្មោច និងអាពាហ៍ពិពាហ៍របស់អ្នកស្រុកហ្វូណនប្រព្រឹត្ដទៅដូចនៅលីនយី ឬចាម្ប៉ាដែរ ។ គេកាន់ទុក្ខដោយកោរសក់ និងកោរពុកមាត់ ។ មានវិធីយ៉ាងសម្រាប់ទុកដាក់សព ៖ បោះសពចូលក្នុងទឹកទន្លេ បូជា ដោយភ្លើង កប់ និងទុកចោលកណ្ដាលវាលឱ្យសត្វស៊ី ។ នេះគឺជាអ្វីដែលជនកម្ពុជាហៅរហូតមកដល់សព្វថ្ងៃថា «ការបំបែកធាតុទាំងបួន» ។
ចុង ក្រោយបង្អស់ ឯកសារចិនបានកត់សម្គាល់ថាអ្នកស្រុកហ្វូណនលោភលន់ណាស់ ។គេមិន គោរពពិធី ឬ ចរិយាធម៌អ្វីទេ ។ ទំនៀមទម្លាប់គ្មាន ហើយកុមារីក៏ដូចកុមារា ធ្វើអ្វីតាមតែអំពើចិត្ដ ។
ឯកសារ ក៏បានបញ្ជាក់ផងដែរថា នគរហ្វូណនពេលនោះធំណាស់ លាតសន្ធឹងពីនគរចាម្ប៉ានៅខាងកើត រហូតដល់ទ្វារវតី (17) នៅខាងលិច (ប្រទេសនេះគឺអយុធ្យាឬសៀមសព្វថ្ងៃ ពេលនោះប្រហែលជាគ្រប់គ្រងដោយក្រុមឧបនិវេសន៍ហិណ្ឌូមួយរួចទៅហើយ) និងលាតសន្ធឹងរហូតដល់ព្រំប្រទល់ខែត្រយេណនានរបស់ចិន គឺខែត្រក្វាងប៊ិញរបស់តុងកឹងសព្វថ្ងៃ (18) ។ ក៏ប៉ុន្ដែវាហាក់ដូចជាពិបាកនឹងជឿណាស់ដែលនិយាយថា ស្ដេចនៃនគរហ្វូណនដែលមានទីតាំងនៅតំបន់ចូវដុក ឬក្នុងខែត្រព្រៃកប្បាស អាចវាតអំណាចទៅបានឆ្ងាយពីរាជធានីបែបនេះ ។
២- រឿងព្រេង
រឿងព្រេង ខ្មែរចាប់កំណើតអស់កាលជាយូរលង់ណាស់មកហើយ ហើយបានក្លាយទៅជាប្រពៃណីរបស់ជាតិខ្មែរផងដែរ ។ រឿងព្រេងទាំងនោះមានប្រជាប្រិយភាពខ្លាំងណាស់ ហើយបានត្រូវប្រជាជនខ្មែរជឿជាក់ និងចាត់ទុកដូចជាព្រះឱង្ការរបស់ព្រះដែលពួកគេការពារយ៉ាងខ្លាំង ថ្វីបើនៅមានការប្រទាំងប្រទើសគ្នាខ្លះក៏ដោយ ។
តើ រឿងព្រេងទាំងអស់នោះគ្រាន់តែជារឿងដែលគេប្រឌិតឡើងតាមតែការស្រមើ ស្រមៃគ្មានទាក់ទិនទៅនឹងហេតុការណ៍ប្រវត្ដិសាស្ដ្រអ្វីសោះឬ យ៉ាងណា ? មិនមែនទេ ។ តាមមើលទៅ រឿងព្រេងទាំងអស់នោះហាក់ដូចជាមានចំណែកខ្លះជារឿងពិតតាម ប្រវត្ដិសាស្ដ្រដែលគេយកមកប្រឌិតបំផ្លើសផ្សំធ្វើឱ្យមានភាព អច្ឆរិយៈខ្លះ ទោះជារឿងទាំងនោះចាប់កំណើតចេញពីការនិទានតៗគ្នាពីមាត់មួយទៅ មាត់មួយ រួចបានត្រូវគេត្រងត្រាប់ទុកតែរចនាបថ ឬក៏ជាប្រវត្ដិពិតពីបុរាណកាលដែលបានរលុបស្ទើរបាត់អស់ទៅហើយក្ដី (19) ។
ទោះជាយ៉ាងណាក្ដី ថ្វីបើគេមិនឃើញមានចំណារនៅលើសិលាចារឹក ឬក៏មិនមានរៀបរាប់នៅក្នុងកំណត់ត្រារបស់ប្រវត្ដិវិទូចិនក៏ដោយ ក៏គេមិនអាចបដិសេធមិនទទួលស្គាល់រឿងរ៉ាវដែលគេនិទានផ្ទាល់មាត់តៗ គ្នា និងរឿងព្រេងដែលគេបានសរសេរកត់ត្រាទុកមកថា ពួកចាមមានវត្ដមាននៅកម្ពុជាមុនពួកឥណ្ឌា ។ គឺរឿងទាំងអស់នោះ ហើយដែលជំរុញឱ្យប្រជាជនខ្មែរបច្ចុប្បន្នហ៊ានកំណត់នៅពេលដែលគេជួប សិលាចារឹកមួយថា សិលាចារឹកនេះជារបស់ចាម សិលាចារឹកនោះជារបស់ខ្មែរ ។ គេអាចនឹងទទួលស្គាល់បានដូចដែលគេបានឃើញពីខាងលើរួចមកហើយថា ពួកចាមបានមកដល់កម្ពុជាមុនពួកកម្ពុជៈ ដោយគ្មានប៉ះពាល់អ្វីដល់ប្រវត្ដិសាស្ដ្រដែលផ្អែកទៅលើកំណត់ត្រា របស់ពួកចិន ពីព្រោះថា កំណត់ត្រាទាំងនោះមិនមែនសុទ្ធតែរៀបរាប់ប្រាប់យើងទាំងអស់អំពីអ្វី ដែលចិនបានដឹងពីប្រជាជនដែលគេលើកឡើងនោះទេ ។
ប៉ុន្ដែ ខ្ញុំជឿថាការដែលចង់អះអាងថាប្រវត្ដិសាស្ដ្រដែលទាក់ទងទៅនឹង រឿងព្រេងពីរដែលយើងបានដឹងគឺរឿងជ្វាព្រាហ្មណ៍ និងរឿងព្រះថោងនាងនាគដែលខ្ញុំនឹងរៀបរាប់ខាងក្រោម គឺជារឿងដែលកើតឡើងបន្ដបន្ទាប់គ្នានៅក្នុងក្សត្រប្រទេសតែមួយ គឺព្រះរាជាណាចក្រខ្មែរ ពីព្រោះថា នៅពេលនោះមានក្សត្រប្រទេសជាច្រើនទៀតក្រៅពីហ្វូណន ។ ខ្ញុំគិតថា រឿងដែលកើតមានក្នុងក្សត្រប្រទេសនីមួយៗ ដល់ពេលយូរក្រោយមកក៏បានក្លាយទៅប្រវត្ដិរួមរបស់ប្រទេស ទាំងមូល ។ដោយហេតុនេះព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រដែលកើតមានឡើង ហើយដែលកប់បាត់ទៅតាមពេលវេលា មិនចាំបាច់ត្រូវតែឆ្លើយតបគ្នា និងកើតមានបន្ដបន្ទាប់គ្នាដើម្បីបញ្ជាក់ថា ជាការពិតនោះទេ ។
រហូត មកដល់សព្វថ្ងៃនេះ មានការបញ្ជាក់ច្បាស់ហើយថា ហ្វូណន (20) គឺជាអាណាចក្រមួយដែលរួមផ្សំឡើងដោយក្សត្រប្រទេសជាច្រើន ដែលមានព្រះរាជានៃក្សត្រប្រទេសតូមូជាអធិរាជ ហើយបើមិនមែនដូច្នេះ តាំងពីដើមដំបូងមកទេនោះ ក៏ចាប់តាំងពីពេលដែលព្រះបាទហ្វាន់ម៉ាន់បានធ្វើសង្គ្រាមដណ្ដើម ទឹកដីមកដែរ ។
ហើយខ្ញុំក៏ដូច ជាមានជំនឿច្រើនថា គឺពួកម៉ាឡេដែលជាបុព្វបុរសរបស់ពួកចាមនៅពេលក្រោយមកដែលជា ស្ថាបនិកនៃបណ្ដាក្សត្រប្រទេសទាំងអស់នោះ ។ រាជាណាចក្រចាម ឬចាម្ប៉ានេះ ស្ថិតនៅពីខាងកើត ហើយបានកកើតឡើងយ៉ាងតិចណាស់ក៏២សតវត្សរ៍មុនកម្ពុជាដែរ ពីព្រោះគេបានរកឃើញសិលាចារឹកសំស្ក្រឹតដែលមានវ័យចំណាស់ជាងគេនៅ ក្នុងឥណ្ឌូចិននៅចាម្ប៉ានេះឯង ។ បើតាមសិលាចារឹកទាំងនោះ ប្រទេសចាម្ប៉ាមានអរិយធម៌ជឿនលឿនជាងហ្វូណននៅសតវត្សរ៍ទី៤ ។
អំពីជ្វាព្រាហ្មណ៍
ប្រសិនបើ គេទទួលស្គាល់ថាការលុកលុយរបស់ពួកម៉ាឡេ ឬជ្វា ជាការលុកលុយពីខាងក្រៅដែលកើតមានមុនគេមកលើកម្ពុជានោះ រឿងរ៉ាវដែលនិទានអំពីការលុកលុយរបស់ពួកជ្វាព្រាហ្មណ៍គឺជារឿងមួយ ក្នុងបណ្ដារឿងទាំងនោះ ។ រឿងនេះរៀបរាប់អំពីការលុកលុយរបស់ស្ដេចហ៊ុនទៀនដែលយាងមកពីទិស ខាងត្បូងដូចដែលបានលើកនៅខាងលើ ។ ទោះជាយ៉ាងណាក៏ដោយ ពួកជ្វាព្រាហ្មណ៍ ឬព្រាហ្មណ៍ នៅកោះជ្វាទាំងនោះ ធ្វើដំណើរចេញមកពីប្រជុំកោះអាំងស៊ូឡាំង ។ ពួកនោះប្រហែលជាបច្ឆាញាតិរបស់ពួកព្រាហ្មណ៍ប្រមាណជា២ម៉ឺនគ្រួសារ ដែលបានធ្វើនិរប្រវេសន៍ចេញពីប្រទេសឥណ្ឌានៅដើមមហាសករាជមកតាំង ទីលំនៅលើកោះជ្វា ហើយផ្សព្វផ្សាយព្រហ្មញ្ញសាសនាដល់ប្រជាជនដើមនៅទីនោះ ។ រឿងនិទានរៀបរាប់ថា ក្រៅពីប្រជាជន ឬពួកពលទាហាន និងពួកសំពៅ ពួកព្រាហ្មណ៍ដែលជាមេគេទាំងនោះ មានសក់វែង មានសម្បុរខ្មៅ ហើយបានអះអាងថា ពួកគេមកពីនគរពារាណសី ។ រឿងនិទានក៏បានរៀបរាប់ផងដែរថា នគរដែលពួកជ្វាព្រាហ្មណ៍ទាំងនោះបានបង្កើតឡើងគឺនគរគោកធ្លក គឺស្រុកខ្មែរនេះឯង និងថា មានព្រះមហាក្សត្រចាម៦ព្រះអង្គសោយរាជ្យបន្ដបន្ទាប់គ្នា ព្រះមហាក្សត្រទាំងនោះជាបច្ឆាញាតិរបស់ព្រះនាងលីវយី និងព្រះបាទហ៊ុនទៀន ដែលជាជ្វា ។
ស្ដេច ជ័យវរ្ម័នសោយរាជ្យ៥០ឆ្នាំ ។ តាមរឿងនិទាន ព្រះអង្គគោរពបូជាព្រះវិស្ណុ ហើយទ្រង់សោយទិវង្គតទៅក្នុងព្រះជន្មាយុ៧០ឆ្នាំ ។
រាជបុត្រ របស់ព្រះបាទជ័យវរ្ម័នព្រះនាម កវលៈរាជកុមារ បានសោយរាជ្យបន្ដពីព្រះបិតា ហើយគោរពបូជាថ្មស្វ័យម្ភុ (21) ដែលមានន័យថា កើតមានឡើងដោយឯងៗ ។ ព្រះរាជាអង្គនេះសោយរាជ្យបាន២០ឆ្នាំ ។
ព្រះរាជាចាមទី៣ ទ្រង់ព្រះនាមថា សុរិយាវរ្ម័ន ទ្រង់គ្រងរាជ្យបាន២០ឆ្នាំដែរ និងគោរពបូជាថ្មស្វ័យម្ភុដូចគ្នា ។
ព្រះរាជាទី៤ ទ្រង់ព្រះនាមថា ធរណិន្ទ្រៈវរ្ម័ន ។ ទ្រង់សោយរាជ្យបាន២០ឆ្នាំ ។
ព្រះរាជាទី៥ គឺព្រះបាទអាទិត្យវរ្ម័ន សោយរាជ្យបាន២០ឆ្នាំ ។
ព្រះរាជាចាមទី៦ និងចុងក្រោយគេ គឺព្រះបាទអសជ្ជ័យ ដែលសោយរាជ្យបានតែ១១ឆ្នាំប៉ុណ្ណោះ ។
រឿងព្រះថោង
តាមមើលទៅ រឿងរបស់ពួកហិណ្ឌូស្ដីអំពីព្រះថោង ក៏ដូចជារឿងជ្វាព្រាហ្មណ៍ដែរ គឺមិនមែនជាការប្រឌិតសុទ្ធសាធនោះទេ ។ បើកុំគិតអំពីភាពអស្ចារ្យដែលគេបន្ថែមឱ្យរឿងនេះហាក់ដូចជារំលឹក នូវហេតុការណ៍ប្រវត្ដិសាស្ដ្រមួយនោះគឺការឈ្លានពានរបស់ពួកហិណ្ឌូ ដែលបានមកវាយយកជ័យជម្នះ រួចបណ្ដេញពួកចាមចេញពីនគរគោកធ្លក ។
ដំណើររឿងត្រួសៗមានដូចតទៅ ៖ «មាន ស្ដេចមួយព្រះអង្គសោយរាជ្យនៅនគរឥន្ទ្រប្រទេស (22) មានព្រះរាជបុត្រា៥ព្រះអង្គ ។ ព្រះអង្គបានបែងចែកខែត្រខណ្ឌ៤ចំណែកឱ្យព្រះរាជបុត្រាច្បងទាំង បួនគ្រប់គ្រង ឯព្រះរាជបុត្រាពៅនៅជាមួយនឹងព្រះអង្គ ។ ដល់ពេលព្រះរាជបុត្រាពៅនេះចម្រើនវ័យធំឡើង ព្រះរាជាក៏ដាក់រាជ្យថ្វាយព្រះរាជបុត្រាពៅនេះឱ្យសោយរាជ្យបន្ដពី ព្រះអង្គ ។ ធ្វើយ៉ាងនេះបានសេចក្ដីថា ព្រះអនុជពៅនេះជាអធិរាជលើព្រះរៀមទាំង៤ព្រះអង្គ ។ ព្រះរៀម៣ព្រះអង្គយល់ព្រមទទួលយកស្ថានភាពបែបនេះ ប៉ុន្ដែព្រះរៀមទី៤ព្រះនាមថា ព្រះថោង មិនយល់ព្រមទេ ហើយទ្រង់មិនព្រមយាងមកកាន់ឥន្ទ្រប្រទេសចូលរួមក្នុងពិធីអភិសេក ព្រះអនុជឡើយ ។ ដំបូងឡើយ ព្រះវររាជបិតាប្រុងនឹងបញ្ជូនព្រះរាជបុត្រាទាំងបួនអង្គទៀត ឱ្យលើកទ័ពមកច្បាំងនឹងព្រះថោងដែលទ្រង់ចាត់ទុកថាបានបះបោរ ប្រឆាំង ។ ក៏ប៉ុន្ដែដោយព្រះថោងមានការគាំពារច្រើនពីប្រជាជន ព្រះអង្គក៏ប្រែព្រះទ័យ គ្រាន់តែសម្រេចបណ្ដេញព្រះថោង ព្រមទាំងបរិវារទាំងអស់ចេញពីព្រះនគរ ប៉ុណ្ណោះហើយទ្រង់ឱ្យនាំយកប្រជាជនពីខែត្រខណ្ឌ៤ទៀតមករស់នៅបំពេញ វិញ ។
ព្រះថោងដែលត្រូវបានគេចាត់ទុកថា កាត់សាសនា ក៏ដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គចាកចេញពីប្រទេសមកតាំងនៅលើ ទឹកដីនគរគោកធ្លក ដែលមានពួកចាមរស់នៅមុនរួចទៅហើយ ។ ការរស់នៅលើទឹកដីគោកធ្លកនេះមិនបានស្រួលទេ ដោយចេះតែមានទំនាស់រវាងពួកចាមម្ចាស់ស្រុកជាមួយប្រជារាស្ដ្ររបស់ ព្រះថោង ក៏ក្លាយទៅជាជម្លោះប្រយុទ្ធគ្នាស្លាប់រស់ ។ ពេលនោះ ប្រហែលជាដោយសារមានជំនួយពីជនជាតិដើមផង ព្រះថោងក៏វាយបណ្ដេញពួកចាមបង្ខំឱ្យពួកនេះចាកចេញពីចំប៉ាសាក់ ទៅ ។ ព្រះអង្គក៏ឡើងគ្រងរាជ្យជាព្រះរាជា រួចបានអភិសេកបុត្រីរបស់ស្ដេចនាគជាអគ្គមហេសី ។ ពាក្យថា «នាគ» នេះ ប្រហែលសំដៅយកអ្នកស្រុកដើម គឺពួកខ្មែរនេះឯង ។ ព្រះថោង មិនគ្រាន់តែគ្រប់គ្រងលើទឹកដីក្រុមឧបនិវេសន៍ជ្វាហិណ្ឌូដែលព្រះ អង្គដណ្ដើមបានប៉ុណ្ណោះទេ ប៉ុន្ដែក៏គ្រប់គ្រងលើទឹកដីដែលស្ថិតក្រោមអំណាចរបស់ព្រះបិតាក្មេក ព្រះអង្គផងដែរ ។ ហេតុការណ៍នេះជាភស្ដុតាងបញ្ជាក់អំពីឃ្លានៃរឿងនិទានដំបូងៗដែល និយាយថា ព្រះថោងជាព្រះរាជាទីមួយរបស់ពួកខ្មែរ បានសេចក្ដីថាពួកជនជាតិដើមដែលបានរួបរួមជាមួយពួកហិណ្ឌូ ។»
កម្ពុ
ក្រៅពី រឿងនិទានទាំងពីរខាងលើនេះដែលគេនិយាយតៗគ្នាពីមាត់មួយទៅមាត់ មួយរហូតមកដល់យើងសព្វថ្ងៃ ប្លែកៗពីគ្នាខ្លះ ក៏ប៉ុន្ដែរក្សាបាននូវរចនាបថដើម ហើយដែលគ្មានសិលាចារឹកណាមួយបានលើកឡើងសោះ ។
នៅ មានរឿងព្រេងមួយទៀតស្ដីអំពីទេវបុព្វបុរសរបស់ប្រជាជនកម្ពុជា ហើយដែលសិលាចារឹកមួយបានលើកឡើងដែរ ។ បុព្វបុរសនោះអាចចាត់ទុកបានថាជាមនុស្សរបស់ឥណ្ឌូចិនទ្រង់មានព្រះ នាមថា «កម្ពុ» ហើយជាជីទួត ជីលួតរបស់រាល់ព្រះរាជាវរ្ម័នក្រោយៗមក ។ ព្រះអង្គបង្ហាញរូបរាងឡើងក្នុងឋានៈជាទេវកថាមួយរបស់ជាតិ ។
តាម កំណត់សម្គាល់មួយនៅទំព័រខាងលើ គេបានឃើញថាពាក្យសំស្ក្រឹត «កម្ពុ» មានន័យថា «ចោរ ចោរសមុទ្រ» ដែលលោក ហ្សេរីនី បានបកតម្រូវនឹងពាក្យក្រិក «លេស្ដៃ» ដែលផែនទីរបស់ ផ្ដូលេមេ ប្រើសម្រាប់សម្គាល់ប្រជាជនដែលរស់នៅកូសាំងស៊ីន និងកម្ពុជា ។ ក្នុងករណីនេះ ពាក្យ «លេស្ដៃ» គ្រាន់តែជាពាក្យបកប្រែប៉ុណ្ណោះ មិនមែនជាពាក្យសរសេរតាមឈ្មោះដើមរបស់ប្រជាជនដែលរស់នៅទីនោះ ទេ ។ ខ្ញុំគ្មានជំនឿថា ការដែលមានរឿងប្រហាក់ប្រហែលគ្នានេះ វាមានមូលដ្ឋានច្បាស់លាស់នោះទេ ក៏ប៉ុន្ដែការដែលទេវបុព្វបុរសរបស់ប្រជាជនកម្ពុជាមានឈ្មោះដូច ពាក្យដែលមានប្រើនៅលើផែនទីក្រិក ជាកត្ដាគ្រប់គ្រាន់សម្រាប់គាំទ្រមតិរបស់លោក ហ្សេរីនី ស្ដីអំពីបុព្វបុរសរបស់ប្រជាជនដែលយើងកំពុងធ្វើការសិក្សានេះ ។
៣- កោណ្ឌញ្ញជ័យវរ្ម័ន
ថ្វីបើ មានរឿងព្រេងដែលបានក្លាយទៅជាប្រពៃណីរបស់ប្រជាជនកម្ពុជាទៅហើយ ហើយបើទោះជារឿងព្រេងទាំងនោះមានមូលដ្ឋានផ្អែកទៅលើប្រវត្ដិសាស្ដ្រ ខ្លះក៏ដោយ ក៏គេមិនអាចយករឿងទាំងអស់នោះជាគោលដើម្បីសរសេរប្រវត្ដិសាស្ដ្រនៃ សម័យកាលនោះបានទាំងស្រុងដែរ ។
ក៏ ប៉ុន្ដែ ជាសំណាងល្អសម្រាប់សតវត្សរ៍ទី៥ដែលយើងនៅមានប្រភពព័ត៌មាន ច្បាស់លាស់ផ្សេងទៀតគឺដំបូងមានសិលាចារឹក និងបន្ទាប់មកទៀតមានឯកសារប្រវត្ដិសាស្ដ្រចិនដែលយើងបានប្រើប្រាស់ ជាច្រើនណាស់មកហើយសម្រាប់សតវត្សរ៍មុនៗ ។
មក ដល់ត្រឹមនេះ រឿងរ៉ាវដែលយើងបានដឹងអំពីព្រាហ្មណ៍ឈ្មោះ កោណ្ឌញ្ញៈ ឬក៏ព្រាហ្មណ៍ត្រកូលកោណ្ឌញ្ញៈ ដែលធ្វើដំណើរចេញពីប្រទេសឥណ្ឌាមកសោយរាជ្យនៅប្រទេសកម្ពុជា មានព្រះនាមថា ជ័យវរ្ម័ន មិនប្រាកដថា សុទ្ធតែជារឿងព្រេងទាំងអស់នោះទេ ។
តាម មើលទៅ វាហាក់ដូចជាមានការលុកលុយរបស់ពួកហិណ្ឌូ ប្រហែលជានៅពាក់កណ្ដាលសតវត្សរ៍ទី៥នៃគ្រិស្ដសករាជ ។ ពួកនោះចេញមកពីប្រទេសឥណ្ឌាភាគខាងត្បូង គឺចេញពីតំបន់ដេកង់ ធ្វើដំណើរកាត់រាជាណាចក្រប៉ានប៉ាន នៅខាងជើងទៀបកោះម៉ាឡាកា មកកាន់កម្ពុជា ។ មេកោយរបស់ពួកនោះឈ្មោះ កោណ្ឌញ្ញៈ បានត្រូវប្រកាសលើកជាស្ដេចតាំងតែពីពេលមកដល់ភ្លាម រួចហើយបានប្រកាន់យកឋានៈជា «វរ្ម័ន» មានន័យថា «អ្នកការពារ» ដូចដែលស្ដេចនៃនគរបល្លវៈ នៅឥណ្ឌា និងស្ដេចចាមនៅតាមមាត់សមុទ្រខាងកើតនៃឥណ្ឌូចិនតែងតែប្រកាន់យក រួចមកហើយ ។ ស្ដេចចាមដែលសោយរាជ្យនៅហ្វូណន ដូចដែលរៀបរាប់ពីខាងលើសុទ្ធតែបានប្រកាន់យកឋានៈនេះដូចគ្នា ទោះជាសោយរាជ្យនៅវយធបុរៈ ឬនៅសម្ភុបុរៈ ឬនៅទូទាំងព្រះរាជាណាចក្រទាំងមូលផងក៏មិនដឹង បើរដ្ឋទាំងពីរនេះស្ថិតនៅក្រោមអាណាព្យាបាលរបស់ព្រះរាជាតែមួយ ព្រះអង្គ ។
រាជធានីរបស់ព្រះបាទកោណ្ឌញ្ញៈនៅហ្វូណននាពេលនោះ មានឈ្មោះថា «អនិន្ទត្តបរុៈ» ដែលគេមិនទាន់កំណត់រកឃើញទីតាំងពិតប្រាកដបាននៅឡើយ ។ កំណត់ត្រារបស់ពួកចិនហៅរាជធានីនេះថា «តូមូ» ដែលក្រោយមក គឺជារាជធានីវយធបុរៈ គឺស្រុកព្រៃកប្បាសសព្វថ្ងៃ ។
ព្រះរាជា អង្គនេះ បានក្លាយទៅជាអធិរាជដ៏មានអំណាច មានស្ដេចចំណុះជាច្រើន ព្រោះសិលាចារឹកព្រះឥន្ទកោសីយ៍ ដែលខ្ញុំបានរៀបរាប់ខាងលើ ហើយដែលគេចារ៤សតវត្សរ៍ក្រោយមក បានរៀបរាប់ថា «ក្រចក ព្រះបាទរបស់ព្រះអង្គទៅជារលោងភ្លឺចិញ្ចាច អាស្រ័យដោយប៉ះនឹងមកុដដាំពេជ្ររបស់ស្ដេចចំណុះទាំងឡាយនៅលើលោក នេះ ដែលចូលមកក្រាបថ្វាយបង្គំគាល់ព្រះអង្គ ។ ព្រះអង្គប្រៀបបានទៅនឹងព្រះអាទិត្យទើបនឹងរះ ឬព្រះច័ន្ទពេញវង់ ដែលល្អលើសផ្កាឈូកនៃពូជជួរទាំងឡាយ ។ ព្រះអង្គជាព្រះចន្ទនៃត្រកូលកោណ្ឌញ្ញៈ ជាទីប្រជុំនៃគុណធម៌ ។ ជោគជ័យរបស់ព្រះអង្គមានពន្លឺចាំងដូចជាស្វេតច្ឆត្រ ហើយរាជធានីមានពន្លឺភ្លឺចិញ្ចាចដោយស្នាព្រះហស្ដដ៏ខ្លាំងក្លារបស់ ព្រះអង្គ ។ មហារាជទាំងឡាយដែលចំណុះព្រះអង្គ គោរពបូជាព្រះអង្គប្រៀបបានទៅនឹងទេវតា ស្រីរបាំ និងតន្ដ្រីករនៅស្ថានសួគ៌គោរពបូជាព្រះអាទិត្យ» ។
ព្រះបាទ កោណ្ឌញ្ញៈគោរពបូជាព្រះសិវៈ ។សិលាចារឹកបានឱ្យយើងដឹងថាព្រះ អង្គបានកសាង និងសម្ពោធលិង្គប្រមាណជា១០០នៅពាសពេញផែនដីនេះ ពោលគឺនៅក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គ ។
ឯកសារប្រវត្ដិសាស្ដ្រចិនហៅព្រះអង្គថា «កាវឆេនយូ» គឺកោណ្ឌញ្ញៈ តាមត្រកូលរបស់ព្រះអង្គ ឬក៏ហៅថា «ចូយេប៉ាម៉ូ» គឺ «ជ័យវរ្ម័ន» (23) តាមព្រះនាមរបស់ព្រះអង្គពេលគ្រងរាជ្យ ហើយបានកំណត់រជ្ជកាលរបស់ព្រះអង្គចាប់ពីចុងសតវត្សរ៍ទី៥ ដល់ដើមសតវត្សរ៍ទី៦ ពីព្រោះព្រះអង្គបានបញ្ជូនសួយសារអាករថ្វាយស្ដេចក្រុងចិន២ដង គឺម្ដងនៅឆ្នាំ៤៨៣ និងម្ដងទៀតនៅឆ្នាំ៥០៣ ។ ប្រទេសចិនតែងតែចាត់ទុកប្រទេសជិតខាង ទោះជានៅឆ្ងាយបន្ដិចក៏ដោយថាជានគរចំណុះ ហើយបានដាក់ឋានៈថ្វាយព្រះបាទកោណ្ឌញ្ញៈថាជា «ឧត្ដមសេនីយ៍នៃទក្សិណ សន្ដិភាព ជាព្រះរាជានៃនគរហ្វូណន» ។
ព្រះបាទ កោណ្ឌញ្ញជ័យវរ្ម័ន បានធ្វើសង្គ្រាមជាមួយប្រទេសចាមនៅរវាងឆ្នាំ៤៨៤ ។ អគ្គរាជទូតដែលព្រះអង្គបានបញ្ជូនទៅគាល់ស្ដេចក្រុងចិននាពេលនោះ គឺដើម្បីសុំជំនួយពីស្ដេចស្រុកចិនធ្វើសង្គ្រាម ។
អគ្គរាជទូត ដែលព្រះបាទកោណ្ឌញ្ញជ័យវរ្ម័នបញ្ជូនទៅប្រទេសចិនជាពុទ្ធសាសនិកជន ម្នាក់មានឈ្មោះថា សក្យនាគសេន រីឯរាជសារដែលផ្ញើទៅនោះជាលិខិតសាមញ្ញ បង្ហាញអំពីជីវិតមនុស្សម្នាក់ដែលត្រូវការនូវជំនួយជាចាំបាច់ ។ ព្រះរាជសារនោះបានបង្ហាញឱ្យយើងដឹងអំពីព្រឹត្តិការណ៍សំខាន់មួយនៅ ប្រទេសចាម្ប៉ា គឺថាព្រះរាជាចាមពេលនោះ ជាស្ដេចជ្រែករាជ្យដែលមានកំណើតជាខ្មែរ គឺពីដើមជាទាសករ ឬបើហោចណាស់ក៏ជាអ្នកបម្រើដែរ (ខ្ញុំ) ។
មានឯកសារខ្លះនិយាយថា ស្ដេចចាមនោះជារាជបុត្ររបស់ព្រះបាទកោណ្ឌញ្ញៈ មានព្រះនាមថា គាវឈាវឡូ ។ ក្រោយពីបានភៀសខ្លួនចេញពីហ្វូណន ខ្ញុំបម្រើនេះបានបញ្ចុះបញ្ចូលពួកបះបោរហើយធ្វើដំណើរទៅកាន់ប្រទេស លីនយី ឬចាម ដែលធ្លាប់ច្បាំងចាញ់ម្ដងរួចទៅហើយនៅឆ្នាំ៤៤៦ ដោយ តាន់ហូឆេ រួចក៏ឡើងគ្រងរាជ្យខ្លួនឯងទៅ ។ ពួកចាមក្រោមរជ្ជកាលនៃស្ដេចជ្រែករាជ្យនេះ ធ្លាប់បានវាយប្រហារទៅលើក្បួនដង្ហែរាជទូត សក្យនាគសេន ពេលត្រលប់មកពីប្រទេសចិនវិញលើកទី១ ប្លន់យកទ្រព្យសម្បត្ដិទាំងអស់ដែលស្ដេចចិនផ្ញើថ្វាយស្ដេចនគរ ហ្វូណន ។ ព្រះបាទកោណ្ឌញ្ញៈបានបញ្ជូនរាជទូតទៅរាយការណ៍ថ្វាយស្ដេចស្រុកចិន ដោយទូលថា ទ្រព្យសម្បត្ដិទាំងឡាយជាទ្រព្យរបស់ស្ដេចស្រុកចិន និងទូលថា ក្នុងនាមខ្ញុំជាស្ដេចចាមនេះព្រងើយកន្ដើយ មិនបានបញ្ជូនសួយសារអាករថ្វាយព្រះចៅអធិរាជចិនទេ ។ ព្រះរាជសារស្ដេចហ្វូណនចែងថា «បើព្រះ អង្គជា ម្ចាស់ទ្រង់ចង់ចាត់តាំងព្រះរាជាថ្មីឱ្យសោយរាជ្យនៅនគរចាម្ប៉ានោះ ទូលព្រះបង្គំជាខ្ញុំទទួលព្រះរាជបញ្ជាដោយគោរព» ។ រាជសារបានបញ្ចប់ដោយស្នើសុំឱ្យមានការចាត់បញ្ជូនទ័ពមួយកងតាម ហែហមស្ដេចហ្វូណនគ្រប់ទិសទី ដើម្បីដាក់ទោសពួកក្បត់ និងជួយសង្គ្រោះអ្នកស្លូតត្រង់ ។
តាម មើលទៅ ស្ដេចចិនប្រហែលជាបានបញ្ជូនទ័ពតាមការស្នើសុំមែន ហើយនៅពេលដែលនគរចាម្ប៉ាបានត្រូវបង្ក្រាបធ្វើឱ្យមានសន្ដិភាពរួច មក ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័នក៏ត្រូវបានស្ដេចស្រុកចិនដាក់ព្រះឋានៈ ឱ្យជា «ឧត្ដមសេនីយ៍នៃទក្សិណសន្ដិភាព ជាព្រះរាជានគរហ្វូណន» ។ ព្រះរាជាអង្គនេះ បានសោយទិវង្គតនៅឆ្នាំ៥១៤នៃគ្រិស្ដសករាជ ត្រូវនឹងឆ្នាំ៤៣៦នៃមហាសករាជ ។
៤- រុទ្រវរ្ម័ន
ព្រះរាជ បុត្រាច្បងរបស់ព្រះបាទកោណ្ឌញ្ញជ័យវរ្ម័នព្រះនាម រុទ្រវរ្ម័ន ពួកចិនហៅថា លាវតូប៉ាម៉ូ ជាព្រះរាជបុត្រជាមួយនឹងស្រីស្នំម្នាក់ បានធ្វើគុតព្រះអនុជដែលជាព្រះរាជបុត្ររបស់ព្រះបាទកោណ្ឌញ្ញ ជ័យវរ្ម័នជាមួយព្រះរាជអគ្គមហេសី រួចហើយដណ្ដើមយករាជ្យសម្បត្ដិ (24) ។
ឯកសារចិននាពេលនោះ លែងរៀបរាប់អំពីព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទកោណ្ឌញ្ញ ជ័យវរ្ម័នទៀតហើយ ។ បើមាននិយាយពីនគរហ្វូណន គឺមានរៀបរាប់តែអំពីទំនៀមទម្លាប់ និងការប្រកបកិច្ចការផ្សេងៗដូចដែលខ្ញុំបានរៀបរាប់ពីខាងលើរួចមក ហើយ ។ គ្មាននិយាយអ្វីដែលទាក់ទងដល់ព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ឬរឿងរ៉ាវអ្វីសំខាន់ទេ ។
រហូត ទាល់តែដល់គ្រិស្ដសតវត្សរ៍ទី៦ ទើបឯកសារប្រវត្ដិសាស្ដ្រចិនមានរៀបរាប់អំពីស្ថានភាពនយោបាយឡើង វិញ ។ នេះគឺមកពីមានព្រឹត្ដិការណ៍ធ្ងន់ធ្ងរមួយបានកើតឡើងនៅហ្វូណន ដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ពួកចិន ។
ខ្មែរសម័យបុរេប្រវត្តិ និងការទទួលឥទ្ធិពលឥណ្ឌា (ភាគ២)
តើលោកអ្នកនាងជ្រាបទេថា ជនជាតិខ្មែរជាជនជាតិមួយបានរស់មុនគេបង្អស់នៅលើជ្រោយឥណ្ឌូចិន នេះ ហើយថែមទាំងមានវប្បធម៌ និងជំនឿរបស់ខ្លួនស្រាប់ទៅហើយ មុនការទទួលឥទ្ធិពលឥណ្ឌា។ ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរសម័យបុរេប្រវត្តិ និងការទទួលឥទ្ធិពលឥណ្ឌា លើកទីមួយ។
២. សម័យបុរេប្រវត្តិ
ប្រជាពលរដ្ឋកម្ពុជា ដែលសម្គាល់ ឬហៅខ្លួនឯងថាជាជនជាតិខ្មែរនោះ គឺជាមនុស្សមួយក្រុម ក្នុងចំណោមពូជសាសន៍អូស្ត្រូអាស៊ី ហើយដែលបានមកតាំងទីរស់នៅក្នុងតំបន់ឥណ្ឌូចិន នេះតាំងពីសម័យយុគថ្មរំលីង គឺប្រមាណ ១៥សតវត្សមុនគ្រិស្តសករាជ។ ឯកសារខ្លះបញ្ជាក់ថា មានស្លាកស្នាមតាំងលំនៅនៅតំបន់នេះប្រមាណ ៥ពាន់ឆ្នាំមុនគ្រិស្តសករាជឯណោះ។ ក្រុមមនុស្សទាំងឡាយក្នុងអំបូរអូស្ត្រូអាស៊ី នេះនៅមានរស់រានរហូតដល់សព្វថ្ងៃនៅប្រទេសភូមាភាគខាងក្រោម ហើយនិងនៅតាមជួរភ្នំអណ្ណាម។ ឯលក្ខណៈកាត់ជាមួយធាតុម៉ុងហ្គោល គឺជាការកើតឡើងថ្មីៗខាងក្រោយ។
ក្នុងចំណោមជនជាតិឥណ្ឌូចិន គឺពួកមនុស្សរស់នៅត្រង់ចន្លោះប្រទេសចិន និងឥណ្ឌា ប្រជាពលរដ្ឋខ្មែរជាជនជាតិចាស់ជាងគេ ដែលបានតាំងទីលំនៅនៅលើទឹកដីរបស់ខ្លួនសព្វថ្ងៃនេះ គឺរហូតមកដល់សតវត្សទី១៣ នៃគ្រិស្តសករាជ ទាក់ទាញដោយដែនដីសណ្ដមានជីជាតិ វាលទំនាប និងសមុទ្រផង ព្រមដោយការរុញច្រានរបស់ពួកម៉ុងហ្គោលពីប្រទេសចិន មកផង ទើបជនជាតិវៀតណាម ជនជាតិថៃ និងភូមា បានលេចមុខមកនៅក្នុងតំបន់ឥណ្ឌូចិន នេះ ដោយពួកនេះបានវាយរុញច្រានជនជាតិខ្មែរ និងបងប្អូនរបស់ខ្លួន គឺជនជាតិមន អោយខ្ទាតពីតំបន់វាលទំនាបមេណាម និងពីតំបន់វាលទំនាបទន្លេឥរ៉ាវតី។
នៅតាមស្ថានីយបុរេប្រវត្តិនានារបស់ជនជាតិខ្មែរពីសម័យថ្មរំលីងនោះ គេបានរកឃើញ ដូចជានៅស្ថានីយម្លូព្រៃ អន្លង់ផ្ដៅ សំរោងសែន និងនៅលើខ្នងទួល ឬខ្នងភ្នំតំបន់ដីក្រហម គឺមេមត់ស្នួល នូវឧបករណ៍ផ្សេងៗជាច្រើនដែលធ្វើអំពីថ្មរំលីង។ ប្រជាជនក្នុងសម័យនោះចេះធ្វើពូថៅ កន្ត្រៃ និងកងដៃអំពីថ្មរំលីង។ គេចេះសូនដីឥដ្ឋធ្វើក្អមឆ្នាំង តុបតែងលំអដោយក្បាច់រចនាជារង្វង់ក្បាច់ហៀនគូទខ្យង និងចេះធ្វើក្រវិល សម្រាប់ពាក់ត្រចៀកថែមទៀតផង។ គេចេះនេសាទត្រីដោយស្ន ដែលមានងៀង និងស្ទូចត្រីដោយសន្ទូច ដែលមានផ្លែធ្វើអំពីឆ្អឹងសត្វ។ គេចេះផ្សាំង ឬចិញ្ចឹមសត្វគោក្របី ចិញ្ចឹមជ្រូក និងដាំស្រូវ។ ផ្ទះរបស់គេសង់បន្តើតលើសសរខ្ពស់ពីដី ដែលអាចការពារសត្វកណ្ដៀរ ឬសត្វសាហាវផ្សេងៗ ហើយនិងការពារទឹកលិចនៅរដូវវស្សា។ នៅក្នុងតំបន់ភាគខាងកើតក្នុងការកាប់ឆ្ការព្រៃស្បាត រានដីធ្វើចម្ការ ដើម្បីពង្រីកដំណាំកៅស៊ូនៅប្រទេសកម្ពុជា គេបានរកឃើញភូមិមូល ជាភូមិសម័យបុរេប្រវត្តិ ដែលមានគ្រឹះនៅសល់ដែលយើងអាចមើលឃើញយ៉ាងច្បាស់។ ក្នុងចំណោមភូមិទាំងនោះ ភូមិមួយត្រូវគេបានរកឃើញនៅមេមត់ ដែលយើងអាចឃើញច្បាស់នូវកំពែង ឬជញ្ជាំងក្រាស់ ហើយខ្ពស់ ធ្វើអំពីដីមានរាងជារង្វង់មូល ដែលមានវិជ្ឈមាត្រខាងក្រៅរហូតដល់ ២០០ម៉ែត្រ ហើយមានផ្លូវចូលពីរ។ ភូមិមូលពីសម័យបុរេប្រវត្តិនេះ ការពារដោយគូទឹកសងខាង ហើយគូទឹក ឬរណ្ដៅនោះ មានជម្រៅរហូតដល់ ៦ម៉ែត្រនៅឡើយសព្វថ្ងៃនេះ។
គេបានរកឃើញរោងជាង ឬកន្លែងកាត់បំបែកថ្ម និងដុសរំលីង ឬខាត់ថ្ម ដែលមានសំណល់វត្ថុផ្សេងៗយ៉ាងច្រើនសន្ធឹកធ្វើអំពីថ្មរំលីង ព្រមទាំងមានបំណែកចាន ឬក្រឡ ឬហៅម៉្យាងទៀតថា កុលាលភាជន៍យ៉ាងច្រើននៅទីនោះ។ តាមការស្រាវជ្រាវថ្មីៗបន្ថែមទៀត ដោយប្រើប្រព័ន្ធផ្កាយរណបថតពីទីអវកាសមក មន្ទីរពិសោធន៍ ណាសា (NASA) នៃសហរដ្ឋអាមេរិក បានប្រកាសថា បានរកឃើញភូមិមូលសម័យបុរេប្រវត្តិយ៉ាងច្រើននៅតំបន់សៀមរាបអង្គរ ផងដែរ។
ជនជាតិខ្មែរនៅសម័យបុរេប្រវត្តិ អនុវត្តជំនឿគោរពបុព្វបុរសដូនតា ហើយធ្វើសក្ការបូជាអ្នកតាម្ចាស់ទឹកម្ចាស់ដី ជាទង្វើដែលអាចអោយយល់បានថា នៅក្នុងប្រទេសមួយដែលទឹក និងដី មិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយហាក់ដូចជាច្រឡូកលាយឡំភ្ជាប់គ្នាទៅនឹងមេឃ ក្នុងគំនិតចក្រវាឡដ៏អស្ចារ្យមួយ។
សត្វនាគ គឺជានិមិត្តរូបនៃកម្លាំងអាទិទេព ឬវត្ថុស័ក្ដិសិទ្ធិ វត្ថុទិព្វរបស់ជនជាតិខ្មែរ។ ជំនឿនេះ គេបានឃើញកើតមានមកពីយូរយារណាស់មកហើយ ជាពិសេសមានរឿងរ៉ាវនាងនាគ ដែលទាក់ទងទៅនឹងរយៈកាលចាប់ផ្ដើមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ថែមទៀតផង។ ថ្វីត្បិតតែរឿងរ៉ាវព្រះនាងនាគមានលក្ខណៈដូចជារឿងព្រេងនិទានបន្តិចក្តី ក៏សព្វថ្ងៃជំនឿនេះនៅមានជីវិតរស់រវើកក្នុងជីវភាពនៃជនជាតិខ្មែរ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរគោរពបូជាយ៉ាងសកម្ម ហើយតម្កល់ទុកថា គឺអ្នកតាម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដី ដ៏មានគុណនេះហើយជាអ្នកថែរក្សាការពារជនជាតិខ្មែរ និងមាតុភូមិខ្មែរនេះឯង។
៣. ការទទួលឥទ្ធិពលឥណ្ឌាលើកទី១
ក្នុងរង្វង់សតវត្សទី១ នៃគ្រិស្តសករាជ ជនជាតិខ្មែរដែលតាំងពីយូរលង់ណាស់មកហើយ ធ្លាប់មានទំនាក់ទំនងជាមួយអ្នកដើរសមុទ្រជាតិឥណ្ឌា ដែលភាគច្រើនជាអ្នកជំនួញ និងពួកព្រាហ្មណ៍ ក៏បានទទួលឥទ្ធិពលជាបន្តបន្ទាប់ពីពួកឥណ្ឌា ទាំងនោះ។ គ្មានអ្វីគួរអោយសង្ស័យឡើយ វប្បធម៌ និងសាសនានៃប្រទេសឥណ្ឌា បានក្លាយជាវប្បធម៌ និងសាសនារបស់វណ្ណៈអ្នកដឹកនាំខ្មែរ។ ចំណែកប្រជាពលរដ្ឋសាមញ្ញទូទៅវិញ រហូតដល់សព្វថ្ងៃនេះហើយ នៅតែមានជំនឿទៅលើព្រលឹងដូនតា គោរពបូជាអារុក្ខអារក្ខអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលជាជំនឿដើមរបស់ខ្មែរដដែល ទោះបីស្ថិតនៅក្រោមទង់ ឬរូបភាពព្រះពុទ្ធសាសនា ដែលនាំចូលពីឥណ្ឌា ក៏ដោយ។ ម៉្យាងទៀត គឺដោយសារការទទួលឥទ្ធិពលឥណ្ឌា ដែលមានភាសាសំស្ក្រឹតជាយាននេះហើយ ដែលបានជំរុញជនជាតិខ្មែរអោយចាប់ផ្ដើមសម័យប្រវត្តិសាស្ត្រជាតិរបស់ខ្លួន នាដើមសតវត្សទី១ នៃគ្រិស្តសករាជនេះ។
ការធ្វើដំណើរដែលកាន់តែរីកចម្រើនឡើងជាលំដាប់របស់ជនជាតិឥណ្ឌា មកកាន់តំបន់សុវណ្ណភូមិនេះ ដើមហេតុសំខាន់ គឺការមកធ្វើជំនួញជួញដូរខាងសេដ្ឋកិច្ច។ ពីដើមឡើយ ពួកឈ្មួញឥណ្ឌា ទិញមាសពីតំបន់ស៊ីបេរី ដែលពួកទូរចរធ្វើដំណើរដោយរទេះឆ្ងាយៗមកលក់អោយ ដោយឆ្លងកាត់តំបន់បាក់ទ្រីយ៉ាន។ ប៉ុន្តែ ប្រហែលជាពីរសតវត្សមុនគ្រិស្ដសករាជ ដោយមានការរំជើបរំជួលក្នុងចំណោមជនជាតិផ្សេងៗនៅភូមិភាគអាស៊ីកណ្ដាល បានធ្វើអោយផ្លូវនេះកាត់ផ្តាច់ ធ្វើគមនាគមន៍តទៅទៀតលែងកើត។
ក្រោយមក គឺក្នុងអំឡុងសតវត្សទី១នៃគ្រិស្តសករាជ ពួកឥណ្ឌា ក៏ធ្វើដំណើរបែរទៅទិសខាងលិច ហើយបានទិញ និងដឹកជញ្ជូនមាសពីពិភពរ៉ូម៉ាំង ក្នុងនោះមានទាំងកាក់មាសដែលគេបានរំលាយ ហើយបោះពុម្ពជារូបិយវត្ថុជាប្រាក់ ដាក់អោយប្រើប្រាស់នៅក្នុងចក្រភពរ៉ូម៉ាំង ថែមទៀតផង។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះចៅវ៉េស្ប៉ាស្យាង ដែលគ្រងរាជនៅចន្លោះឆ្នាំ៦៩-៧៩ នៃគ្រិស្ដសករាជ នៃចក្រភពរ៉ូម៉ាំង បានចេញបញ្ញត្តិហាមឃាត់មិនអោយនាំមាសចេញ ដែលជាប្រការបង្ខំអោយឈ្មួញឥណ្ឌា ស្វែងរកប្រភពទិញមាសពីកន្លែងផ្សេងទៀត។ ទីបំផុត ពួកនេះក៏បានធ្វើដំណើរបែរមករកតំបន់សុវណ្ណភូមិនេះ។ ការធ្វើដំណើរស្វែងមករកមាសនៅជ្រោយសុវណ្ណភូមិនេះ បានត្រូវសម្រួលដោយកត្តាជាច្រើនដូចជា ការរីកចម្រើនខាងផ្នែកនាវាចរសមុទ្រ ដោយពេលនោះគេអាចរកឃើញបច្ចេកទេសធ្វើសំពៅធំៗ មាំៗដែលអាចផ្ទុកទំនិញ និងមនុស្សចំនួនរហូតដល់ ៧០០នាក់ ការរកឃើញភាពឆ្លាស់គ្នានៃខ្យល់រដូវ ដោយអ្នកបើកសំពៅជនជាតិក្រិក បានជំរុញអោយមានភាពទៀងទាត់ក្នុងការធ្វើដំណើរ និងញ៉ាំងការស្វែងរកមាសនៅតំបន់សុវណ្ណភូមិនេះ កាន់តែមានសន្ទុះកើនឡើង។
ម៉្យាងទៀត ក្នុងពេលជាមួយគ្នានេះដែរ ព្រះពុទ្ធសាសនាក៏កាន់តែរីកចម្រើនឡើង ហើយសាសនានេះបានលុបបំបាត់ចោលប្រព័ន្ធវណ្ណៈក្នុងសង្គម ដែលជាហេតុនាំអោយពួកឥណ្ឌា ឈប់ខ្លាចបាត់ភាពបរិសុទ្ធក្នុងឈាម ក្នុងពូជសាសន៍របស់ខ្លួន ហើយធ្វើការទាក់ទងដោយទូលាយជាមួយជនបរទេស។
ក្រោយមក ពួកឈ្មួញឥណ្ឌា ទាំងនោះ បានមកបោះទីតាំងដោយបានបង្កើតជាហាងលក់ទំនិញ ឬសាខាគ្រឹះស្ថានជំនួញរបស់ខ្លួនក្នុងដែនដីសុវណ្ណភូមិ ហើយជាបន្តបន្ទាប់ បានប្រើប្រាស់គ្រឹះស្ថានទាំងនោះជាមជ្ឈមណ្ឌលផ្សព្វផ្សាយនយោបាយ និងសាសនារបស់ខ្លួន ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពួករដ្ឋវាសី គឺជាជនជាតិម្ចាស់ស្រុក។ មិនត្រឹមតែប៉ុណ្ណោះទេ ដើម្បីពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួន ពួកនេះបានរឹតចំណងចងស្ពានមេត្រី រៀបចំអាពាហ៍ពិពាហ៍ចម្រុះជាមួយពួករដ្ឋវាសីម្ចាស់ស្រុក ដើម្បីបង្កើតចំណងទាក់ទងជាគ្រួសារយ៉ាងជិតស្និទ្ធថែមទៀតផង។
ជាក់ស្តែង គឺអាពាហ៍ពិពាហ៍បែបនេះហើយដែលបានបង្កើតឡើងនូវសន្តតិវង្សដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា យើងនេះ៕
ប្រវត្តិសាស្ត្រខ្មែរនាសម័យអាណាចក្រភ្នំ (ភាគ៣)
ប្រវត្តិសាស្ត្រស្តីអំពីការកកើតសន្តតិវង្សខ្មែរដំបូង មានប្រភពមកពីអ្នកដំណើរជាជនជាតិចិន ដែលបានមកដល់ដែនដីនេះនាសម័យកាលនោះ ហើយបានកត់ត្រាទុក។ ហេតុដូច្នេះហើយ បានជាឈ្មោះមនុស្ស ឬទីតាំងមានសូរសៀងស្រដៀងចិន ដូចជាព្រះរាជាខ្មែរទីមួយ និងព្រះជាយារបស់ព្រះអង្គមានព្រះនាមថា ព្រះបាទ ហ៊ុន ទៀន និងព្រះនាងលីវយី ហើយឈ្មោះនគរជានគរហ្វូណន ឬចេនឡា ជាដើម។
៤.អាណាចក្រនគរភ្នំ
ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិន របស់ លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើដំណើរមកកាន់នគរភ្នំ នេះ ព្រោះយប់មួយព្រះបាទ ហ៊ុន ទៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាអោយព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោក កាំង ថៃ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិន្ដមែន។ ដោយសុបិន្ដឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បានពើបប្រយុទ្ធជាមួយរាជធានីនៃរដ្ឋនេះ ដែល លោក កាំង ថៃ ថាមានព្រះនាមថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះបាទ ហ៊ុន ទៀន មុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លីវយី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវយី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក។
ប្រភពមួយទៀតដែលរៀបរាប់ពីព្រឹត្តិការណ៍នេះដែរ គឺសិលាចារិកចាម នៅមីសឺន (គ្រិស្ដសករាជ ៦៥៨) បានអោយយើងដឹងថា ព្រះបាទ ហ៊ុន ទៀន ដែលចិន ហៅនោះឈ្មោះ កៅណ្ឌិន្យ ឯព្រះនាង លីវយី វិញ គឺព្រះនាង សោមាកូនព្រះច័ន្ទ។ ឯខាងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា វិញ បានហៅព្រះនាមស្ដេចនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលទំនៀមទម្លាប់ប្រពៃណីជាច្រើន អោយជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះ។
ដូច្នេះ រួមសេចក្តីមក គឺព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និងព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាងនាគ នេះហើយ ដែលជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះ។ ម៉្យាងទៀត គឺពេលនោះហើយដែលព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែលជាជាតិឥណ្ឌា បាននាំយកនូវទំនៀមទម្លាប់ប្រពៃណីផ្សេងៗពីប្រទេសឥណ្ឌា មានសាសនា ភាសា អ្នកប្រាជ្ញអក្សរសាស្ត្រ ច្បាប់ទម្លាប់ផ្សេងៗ ពិសេស គឺរបៀបរៀបចំ ឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមអោយ ឬបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយ ដូចជាជំនឿលើព្រលឹងដូនតា គោរពមេបា អារក្ខអ្នកតា និងលទ្ធិមាតាធិបតេយ្យយកមេជាធំ ដែលជាហេតុធ្វើអោយសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។
ចំពោះឈ្មោះនគរ វិញ គឺប្រហែលពីពេលនោះមកហើយដែលមានឈ្មោះថា នគរភ្នំ ព្រោះតាមឯកសារចិន បាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមានឋានន្តរនាមថា គូឡុង គឺក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ ម៉្យាងទៀត តាមការនិយមរបស់ជនជាតិចិន គេច្រើនប្រើឈ្មោះ ឬពាក្យតែមួយសម្រាប់សម្គាល់ប្រទេសផង ប្រជារាស្ត្រផង រាជធានីផង ឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផង។ ដូច្នេះ ពាក្យ ហ្វូណន ចិន ប្រហែលជាហៅតាមឋានន្តរនាមព្រះចៅអធិរាជ គឺកុរុងវ្នំ ហើយ ហ្វូណន គឺជាសំនៀងចិន នៃពាក្យវ្នំ ឬភ្នំរបស់ខ្មែរនេះឯង។ ឯការដែលអធិរាជអាណាចក្រភ្នំមានឋានន្តរនាមក្រុងវ្នំដូច្នេះ គឺប្រហែលជាមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនិងព្រះឥសូរ។ ឯកសារចិន បានរៀបរាប់ថា ព្រះអាទិទេពយាងចុះពីលើភ្នំម៉តាន់ ជាញឹកញាប់ ព្រះអង្គបានយកទីនោះដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះចៅអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចម្រើន ដោយសារសកម្មភាពនោះផងដែរ។
ចំណែកខាងរាជធានីនៃអាណាចក្រនគរភ្នំវិញ មានឈ្មោះថា វ្យាធៈបុរៈ ប្រហែលស្ថិតនៅម្តុំបាភ្នំ មានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីសមុទ្រ។
៥- ការបង្កើតរាជវង្សដំបូង
អ្នកស្នងរាជ្យតពីព្រះបាទ កៅណ្ឌិន្យ គឺជាកូនចៅរបស់ព្រះអង្គ ក្នុងនោះមានព្រះបាទ ហ៊ុន ផានហួង ដែលជាព្រះរាជាមួយអង្គខ្លាំងពូកែ មានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាល ហើយវាយពង្រីកអាណាចក្រអោយធំទូលាយ។ ស្ដេចអង្គនេះសោយទិវង្គតក្នុងព្រះជន្ម ៩០ព្រះវស្សា នៅដើមសតវត្សទី៣នៃគ្រិស្ដសករាជ។ ព្រះរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិន ថាមានព្រះនាម ប៉ាន-ប៉ាន (Phan-Phan) ត្រូវជ្រើសតាំងអោយឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ប៉ុន្តែ ព្រះរាជាអង្គថ្មីនេះ បានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅអោយមេទ័ពម្នាក់ឈ្មោះ ស្រីមារៈ មើលកិច្ចការជំនួស។ ព្រះអង្គសោយរាជ្យបានតែបីឆ្នាំក៏សុគតទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ជ្រើសមេទ័ព ស្រីមារៈ អោយឡើងសោយរាជ្យ។
ជាទូទៅ ព្រះរាជាខ្មែរតែងតែមានព្រះនាមបី គឺ៖
១. ព្រះនាមកំណើត
២. ព្រះនាមគ្រងរាជ្យ
៣. ព្រះមរណនាម គឺជាព្រះនាមពេលដែលព្រះអង្គសុគតទៅ។
ព្រះអង្គ ស្រីមារៈ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វរ្ម័ន" ដែលមានន័យថា អ្នកការពារ មកប្រើដំបូងគេបង្អស់ ហើយព្រះនាមវរ្ម័ននេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត លុះត្រាដល់ពេលដែលបដិវត្តន៍នយោបាយ និងសាសនារបស់នាយត្រសក់ផ្អែម កើតមានឡើង។
ព្រះបាទ ស្រីមារៈ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម "កម្ពុជាក្រោមសព្វថ្ងៃ" លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របឹងហ្គាល និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ី។
ក្មួយរបស់ព្រះអង្គព្រះនាម ហ្វានឆាន ដែលប្រហែលជាមានព្រះនាមក្នុងរាជ្យថា ធរណិន្ទ្រវរ្ម័ន បានជ្រែករាជ្យដោយបានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រច្បងរបស់ព្រះបាទ ស្រីមារៈ ហើយឡើងសោយរាជ្យ។ ព្រះអង្គសោយរាជ្យបានរយៈពេល ២០ឆ្នាំ។
នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានរឹតចំណងការទូតជាមួយនឹងរាជវង្សឥណ្ឌា មុរុណ្ឌ។ នៅឆ្នាំ២៤៣ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន ដើម្បីនាំដង្វាយជាអ្នកភ្លេង និងផលិតផលផ្សេងៗ ទៅថ្វាយស្ដេចក្រុងចិន។ គឺនៅក្នុងរាជ្យព្រះអង្គ ហ្វានឆាន នេះហើយ ដែលគេបានសាងសិលាចារិកខ្មែរ ដែលចាស់ជាងគេជាភាសាសំស្ក្រឹត ក្នុងដែនសាមន្តរដ្ឋមួយរបស់អាណាចក្រនគរភ្នំ។ សិលាចារិកនេះ ត្រូវបានគេរកឃើញនៅរមណីយដ្ឋាន "វ៉ូកាញ់" ក្នុងតំបន់ញ៉ាត្រាង ប្រទេសវៀតណាម សព្វថ្ងៃនេះ។
ប្រហែលនៅក្នុងឆ្នាំ២៥០ ព្រះអង្គ ហ្វានឆាន ត្រូវធ្វើគត់ដោយព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ ដោយយកលេសថាសងសឹក។ មេទ័ពម្នាក់របស់ព្រះអង្គ ហ្វានឆាន មានឈ្មោះថា អាសុចៃ ដែលតាមឯកសារចិន ថាឈ្មោះ ស៊ីយុនហ្វាន់ស៊ីយុន បានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ ហើយប្រកាសខ្លួនឡើងសោយរាជ្យជា "កុរុងវ្នំ"។
ព្រះបាទ ហ្វាន់ស៊ីយុន ជាព្រះរាជាដែលស្រឡាញ់សន្តិភាព ទ្រង់យកព្រះទ័យទុកដាក់នឹងព្រះរាជភារកិច្ចរបស់ព្រះអង្គយ៉ាងខ្លាំង។ ដើម្បីរក្សាកិត្យានុភាព ព្រះអង្គបានប្រើប្រាស់ការទូតច្រើនជាងកម្លាំងទ័ព។ ព្រះអង្គទ្រង់រក្សាចំណងទាក់ទងជាប្រក្រតីជាមួយព្រះរាជវាំង មុរុណ្ឌ នៃប្រទេសឥណ្ឌា។ ពីឆ្នាំ២៦៨ ដល់ឆ្នាំ២៨៧ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន។ ក្រៅពីនោះ ជាមួយនឹងអាណាចក្រចំប៉ា ដែលស្ថិតនៅភាគខាងកើតនគរភ្នំ ព្រះអង្គបានរឹតចំណងទាក់ទងយ៉ាងជិតស្និទ្ធបំផុត រហូតដល់គេអាចជឿបានថា ប្រហែលជាព្រះអង្គបានពង្រីកអធិរាជភាពរបស់ព្រះអង្គលើប្រទេសចំប៉ា នោះ ថែមទៀតផង៕