៣៥. ព្រះស្រីសុរិយោពណ៌-ព្រះឧទ័យ (១៧៥៨-១៧៧៥)
ក្រោយពីទ្រង់បានប្រព្រឹត្ដអំពើឧក្រិដ្ឋផ្សេងៗដូចដែលបាន រៀបរាប់ខាងលើរួចហើយ អ្នកអង្គតន់ ហៅថា ព្រះឧទ័យជាបុត្រារបស់ព្រះឧបរាជព្រះឧទ័យដែលសុគតទៅនៅអង្គរវត្ដ កាលពីឆ្នាំ១៧៥៣ និងត្រូវជាព្រះនត្ដារបស់ព្រះរាជាអង្គទង និងជាកូនចិញ្ចឹមរបស់ម៉ាក់តុង បានឡើងសោយរាជ្យនៅក្នុងព្រះជន្ម២០ព្រះវស្សាក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះនរាយណ៍រាជាធិរាជរាមាធិបតី ព្រះស្រីសុរិយោពណ៌បរមសុរេន្ទ» ។
ព្រះចៅអាណ្ណាមបានប្រកាសទទួលស្គាល់ស្ដេចកម្ពុជានេះភ្លាម ។ ស្ដេចនេះមិនគ្រាន់តែជាជនឧក្រិដ្ឋចំពោះរាជវង្សានុវង្សប៉ុណ្ណោះទេ ក៏ប៉ុន្ដែបានក្បត់ប្រទេសជាតិថែមទៀត ។ ទ្រង់បានប្រគល់ទឹកដីខែត្រពីរដែលគេហៅសព្វថ្ងៃថា សុកត្រាំង និងត្រាវិញទៅឱ្យពួកអាណ្ណាម ។ គឺដោយបែបនេះហើយដែលរដ្ឋាភិបាលក្រុងវ៉េបានឆ្លៀតយកឱកាសដែលប្រទេស កម្ពុជាជួបប្រទះនឹងការលំបាក ដណ្ដើមយកទឹកដីកូសាំងស៊ីនដាក់បញ្ចូលមកក្នុងការគ្រប់គ្រងរបស់ខ្លួន បន្ដិចម្ដងៗ ។ ហើយពួកអាណ្ណាមនេះលោភលន់មិនចេះស្កប់ស្កល់ទេ ។ រៀបចំខែត្រទាំង២មិនទាន់ទាំងបានស្រួលបួលផង ពួកនេះក៏ចាប់តាំងកសាងបន្ទាយនៅសាដែក (ផ្សារដែក) នៅគូឡាវយាង (កោះតេង) និងនៅចូវដុក (មាត់ជ្រូក) ថែមទៀត ។
ប៉ុន្ដែរាជពង្សាវតារខ្មែរបានលើកឡើងថា ព្រះរាជាឧទ័យជាស្ដេចល្អ មានព្រះទ័យទូលាយ ហើយចូលចិត្ដដាក់ទាន ។ ទ្រង់បានបរិច្ចាគព្រះរាជទ្រព្យជាច្រើនដាក់ទានដល់ស្មូមយាចក និងបូជាថ្វាយព្រះពុទ្ធ និងពុទ្ធសាសនិក ដើម្បីសន្សំបុណ្យជៀសវាងអកុសលកម្មទាំង៥យ៉ាង និងបាបកម្មទាំង១៤បែប ។ មានទុគ៌តជនជាច្រើនកាត់ពីទីឆ្ងាយៗ មកទទួលទានពីព្រះអង្គ ។ នេះគឺជាការវិនិច្ឆ័យអំពីអត្ថប្រយោជន៍ផ្សេងៗដែលគេអាចឆ្លៀតទាញយក បានពីព្រះអង្គ ។
ព្រះអង្គសព្វព្រះទ័យនឹងផ្ដល់ដំបូន្មាន យោបល់ល្អៗដល់នាម៉ឺនមន្ដ្រី និងជំរុញឱ្យពួកនោះធ្វើទាន ជៀសវាងបាបកម្ម ។ ទ្រង់ឈ្វេងយល់ថាព្រះអង្គគឺជាពោធិសត្វមួយអង្គដែលត្រូវចុះមកជួយ សង្គ្រោះសត្វលោក ថ្ងៃណាមួយ ព្រះអង្គនឹងនាំអ្នកទាំងអស់នោះជាច្រើនរយពាន់ឡើងជិះលើសំពៅមាស មួយឆ្លងកាត់មហាសមុទ្រ បើទោះជាមានព្យុះបក់បោកយ៉ាងណាក្ដី ។ នៅឆ្នាំ១៧៦៣ ពេលដែលសភាពការណ៍ក្នុងប្រទេសស្ងប់ស្ងាត់ល្អហើយ ព្រះឧទ័យបានប្រគល់ការដឹកនាំប្រទេសឱ្យមន្ដ្រីធំៗទទួល រួចហើយទ្រង់យាងគ្រងស្បង់ពណ៌លឿង សាងព្រះផ្នួស៣ខែ ទើបលាចាកសិក្ខាបទ មកគង់លើរាជបល្ល័ង្កវិញ ។ នៅក្នុងឆ្នាំ១៧៦៥ ព្រះរាជាបានលើកព្រះមហេសីអ្នកម្នាងមាលិន្ទបុប្ផាវតី ឱ្យឡើងជាសម្ដេចព្រះភគវតី រួចហើយបានកែសម្រួលពិធីការដោយឱ្យមន្ដ្រីទាំងឡាយឆ្លើយនឹងព្រះ មហាក្សត្រីថា ព្រះករុណាពិសេស ចំណែកឯភរិយាមន្ដ្រីទាំងនោះវិញ ទ្រង់ឱ្យហៅព្រះមហាក្សត្រីថា ព្រះម៉ែ ។ ២ឆ្នាំក្រោយមក ស្ដេចភូមា (50) ដែលធ្វើសង្គ្រាមជាមួយស្ដេចសៀមតាំងពីខែមករា ឆ្នាំ១៧៦៥ ក្រោយពីបានដណ្ដើមយកតាវ៉យ មែរគុយ ហើយនិងតេណាស់សេរីមរួចមក បានដណ្ដើមយកអយុធ្យាទៀត ក្រោយពីហ៊ុមព័ទ្ធជាប់អស់រយៈពេល២ខែ រួចដុតកម្ទេចខ្ទេចខ្ទី (ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៧៦៧) ។ ពេលនោះមានអ្នកអង្គម្ចាស់សៀមមួយអង្គ ដែលរាជពង្សាវតារខ្មែរហៅថា ព្រះចៅឡេសាង បានរត់គេចទៅឡើងគោកនៅហាទៀង ដោយទទួលការថែទាំពីព្រះសង្ឃកាតូលិកឈ្មោះ ពីញ៉ូ រួចហើយបានមកស្នើសុំជ្រកកោននៅរាជវាំងឧត្ដុង្គ (51) ។
ក្រោយពីរាជធានីសៀមធ្លាក់ចូលក្នុងដៃសត្រូវរួចមក មានកើតជំងឺប៉េស្ដ និងអាសន្នរោគ ព្រមទាំងមានចោរលួចចោរប្លន់ពាសពេញប្រទេស ។ ពេលនោះមានកូនកាត់ចិនក្នុងសហគមន៍ហៃហុងម្នាក់ឈ្មោះថា ភ្យាតាក ឬ ចៅពញាតាក ជាចៅហ្វាយខែត្រមួយនៅទិសខាងជើង ដែលមានទ័ព១ពាន់នាក់ បានវាយពួកភូមាឱ្យបរាជ័យជាច្រើនលើកច្រើនសា ។ ដោយរាជធានីអយុធ្យាបានត្រូវបំផ្លាញខ្ទេចខ្ទីអស់ ហើយព្រះរាជាក៏ត្រូវបានគេធ្វើគុតទៀតធ្វើឱ្យរាជបល្ល័ង្កនៅទំនេរ ភ្យាតាកក៏ប្រកាសខ្លួនឡើងជាព្រះរាជាសៀម នៅឯបាងផ្លាសយ ។ ភ្យាតាក ដែលធ្វើដំណើរមកដល់រយ៉ងបានត្រូវប្រជាជនអបអរទទួលចាត់ទុកថាជា អ្នករំដោះ ហើយនាំគ្នាចូលបម្រើកងទ័ពធ្វើឱ្យចំនួនកើនឡើងដល់២ពាន់នាក់ ។ ពេលនោះចៅហ្វាយខែត្រចន្ទតាប៊ុនមិនព្រមចំណុះ ទទួលស្គាល់អំណាចរបស់ភ្យាតាកទេ ភ្យាតាកក៏វាយលុកដណ្ដើមយកខែត្រចន្ទតាប៊ុន រួចហើយក៏ដឹកនាំទ័ពដែលមានចំនួនកាន់តែច្រើនឡើងទៅវាយពួកភូមា ទៀត ។ ភ្យាតាកវាយឈ្នះពួកភូមានៅសមរភូមិជាច្រើន ហើយបានរុញច្រានពួកនេះឱ្យដកថយចេញពីព្រះរាជាណាចក្រទៅ ។ ជ័យជម្នះទាំងអស់នេះ បានធ្វើឱ្យភ្យាតាកក្លាយទៅជាមនុស្សអស្ចារ្យជាងគេនៅក្នុងស្រុក សៀម ប្រជារាស្ដ្រទាំងអស់ទទួលស្គាល់ក្នុងឋានៈជាមេដឹកនាំ ។ ភ្យាតាកបានមកតាំងរាជវាំងនៅបាងកក ប្ដូរឈ្មោះដាក់ថា ចាណាបុរី វិញ ត្រង់កន្លែងដែលព្រះនរាយណ៍បានធ្វើសម្បទានប្រគល់ឱ្យប្រទេសបារាំង ពីមុន ដែលនៅជាកម្មសិទ្ធិរបស់ពួកបារាំងនៅឡើយ ថ្វីបើបារាំងមិនបានមកតាំងទីនៅក៏ដោយ ។
ភ្យាតាកចង់ឱ្យព្រះរាជាខ្មែរទទួលស្គាល់អធិរាជភាពរបស់សៀម ហើយចាត់ទុកកម្ពុជាជានគរសាមន្ដរាជមួយ ដូចដែលស្ដេចសៀមមុនៗតែងតែគិតអីចឹងដែរ ក៏ចាត់បញ្ជូនរាជទូតឱ្យនាំសារមកថ្វាយ មានអត្ថន័យថា «សូមឱ្យព្រះរាជាកម្ពុជារក្សាទុកនូវប្រពៃណីដែលធ្លាប់មានតាំងតែ ពីមុន កុំបីគិតដល់ការផ្លាស់ប្ដូរដែលកើតមានឡើងអាស្រ័យដោយព្រឹត្ដិការណ៍ ធំៗប៉ះពាល់ដល់ព្រះរាជាណាចក្រសៀមនោះ» ហើយថាព្រះរាជាកម្ពុជាត្រូវលើកសួយសារអាករទៅថ្វាយ ដូចដែលព្រះរាជាមុនៗធ្លាប់បានអនុវត្ដកន្លងមក ។ រាជពង្សាវតារក៏មាននិយាយ ផងដែរថា ព្រះអង្គបានទាមទារឱ្យខ្មែរបញ្ជូនអ្នកអង្គម្ចាស់សៀមមួយអង្គ ដែលរត់មកជ្រកកោននៅក្នុងរាជវាំង ឧត្ដុង្គទៅវិញទៀតផង ។
ពេលនោះព្រះរាជាកម្ពុជាព្រះឧទ័យសុរិយោពណ៌ដែលធ្លាប់តែជាស្ដេច បះបោរមួយអង្គ ហើយដែលបានឡើងសោយរាជ្យដោយសារតែការចងសម្ព័ន្ធមេត្រីជាមួយអាណ្ណាម រួចបានប្រគល់ខែត្រ២ឱ្យ និងធ្លាប់បានធ្វើឃាតរាជវង្សជាច្រើនអង្គដើម្បីកុំឱ្យមករារាំង ការឡើងគ្រងរាជបល្ល័ង្ករបស់ព្រះអង្គ គឺជាសត្រូវនឹងអតីតព្រះរាជាណាចក្រសៀមដែលតែងតែទំនុកបម្រុង ជំរុញឱ្យមានស្ដេចប្រឆាំងនឹងស្រុកខ្មែរឥតដាច់ ទ្រង់មិនទទួលស្គាល់ថា រាស្ដ្រសាមញ្ញម្នាក់អាចឡើងសោយរាជ្យលើរាជបល្ល័ង្កសៀមបានទេ ទោះបីថាជននោះបានជួយសង្គ្រោះរំដោះប្រទេសពីការត្រួតត្រារបស់ សត្រូវក៏ដោយ ។ ទ្រង់បានចាត់ទុកភ្យាតាកថាមិនមានឋានៈស្មើនឹងព្រះអង្គទេ ។ ព្រះអង្គបានតបព្រះរាជសារទៅវិញថា «ទ្រង់មិនអាចចរចាស្មើភាពគ្នាជាមួយមនុស្សម្នាក់ដែលកើតចេញពី ពាណិជ្ជករចិនម្នាក់ជាមួយនឹងស្រីសៀមសាមញ្ញម្នាក់បានទេបើទោះជា ថាជននោះមានសមត្ថភាពផ្ទាល់ខ្លួនដូចម្ដេចក្ដី» ។
ទទួលបានរាជសារនេះ ភ្យាតាកច្រឡោតខឹងយ៉ាងខ្លាំង ហើយបានប្ដេជ្ញាថានឹងទម្លាក់ព្រះរាជាកម្ពុជានេះចេញពីរាជបល្ល័ង្ក ឱ្យបាន ។ ដើម្បីសម្រេចបំណងនេះ ទ្រង់បានចាប់ផ្ដើមបំផុសបំផុលរកស្ដេចប្រឆាំងមួយអង្គ ហើយបានជ្រើសរើសយកអ្នកអង្គម្ចាស់អង្គនន់រាមា ដែលបានរត់ភៀសព្រះកាយមកគង់នៅស្រុកសៀម ជាមួយមន្ដ្រីម្នាក់ដែលធ្លាប់កាប់បំបាក់ទ្រុងរំដោះព្រះអង្គមក ។ ភ្យាតាកបានឱ្យទ័ពសៀមមួយកងជូនព្រះអង្គនន់រាមាធ្វើដំណើរមក កាន់ឧត្ដុង្គកាត់តាមផ្លូវនគរវត្ដ ដើម្បីស្នើប្រគល់ឱ្យនាម៉ឺនសព្វមុខមន្ដ្រីនៅក្នុងព្រះរាជាណាចក្រ ដែលមិនសូវជាពេញចិត្ដនឹងព្រះឧទ័យស្រីសុរិយោពណ៌ប៉ុន្មាននោះ សម្រេច ។ ពេលធ្វើដំណើរមកដល់អង្គរវត្ដ កងទ័ពនេះបោះជំរំសម្រាករង់ចាំការប្រយុទ្ធ ។ ព្រះរាជាកម្ពុជាពេលនោះ បានចាត់ឱ្យកេណ្ឌទ័ពមួយកង ដាក់នៅក្រោមបញ្ជាការរបស់លោកក្រឡាហោមប៉ាង ។ ក្រឡាហោមប៉ាងបានត្រូវគេប្រហារបាននៅក្នុងការប្រយុទ្ធដំបូង ក៏ប៉ុន្ដែកងទ័ពខ្មែរដែលមិនមានការតក់ស្លុតព្រោះបាត់បង់មេកោយនោះ បានបន្ដការប្រយុទ្ធរហូតទាល់តែទទួលបានជ័យជម្នះលើទ័ពសៀម ធ្វើឱ្យពួកនេះបែកបាក់រត់ខ្ចាត់ខ្ចាយទៅស្រុកវិញអស់នៅក្នុង ឆ្នាំ១៧៦៩ (52) ។
នៅពេលនោះ ម៉ាក់តុងដែលខ្មែរយើងហៅថា ព្រះសុទត្ដ ចៅហ្វាយខែត្រហាទៀង ដែលទទួលដំណឹងពីការវាយប្រហារនេះពីស្ដេចអាណ្ណាម បានសម្រេចចិត្ដធ្វើអន្ដរាគមន៍ជួយព្រះរាជាកម្ពុជា ។ គាត់បានកេណ្ឌទ័ពខ្មែរមួយកងចេញពីខែត្រទ្រាំង និងបន្ទាយមាសរួចបានដឹកនាំទាំងតាមជើងគោក និងតាមជើងទឹកទៅវាយលុកអាណាខែត្រមាត់សមុទ្ររបស់សៀម ។ នៅពេលមកដល់ចន្ទតាប៊ុន ទ័ពម៉ាក់តុងបានជួបប្រយុទ្ធជាមួយទ័ពសៀមមួយកងដែលកំពុងនៅរង់ចាំ ទ័ពសៀមនោះបានវាយឱ្យម៉ាក់តុងបរាជ័យ រត់ចោលទូកក្ដារ និងសម្ភារមួយចំនួន ចូលទៅហាទៀងវិញ ។
ស្ដេចសៀមបានយាងត្រលប់មកបាងកកវិញហើយបានរៀបចំនាវាមួយកងរួច នាំទ័ពឡើងជិះសំពៅជាមួយព្រះអង្គម្ចាស់អង្គនន់រាមា ចេញដំណើរសំដៅមកហាទៀង វាយដណ្ដើមយកខែត្រនេះបាន និងចាប់ក្រុមគ្រួសារម៉ាក់តុងមួយចំនួនជាចំណាប់ខ្មាំង ឯម៉ាក់តុងបានរត់គេចខ្លួនបាត់ទៅ ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពជើងគោកសៀមមួយកង ដែលនៅក្រោមបញ្ជាការរបស់យមរាជសៀមម្នាក់ បានឆ្លងកាត់ព្រំដែនខ្មែរភាគខាងជើងធ្វើ ដំណើរកាត់នគរវត្ដ បាត់ដំបង និងពោធិ៍សាត់សំដៅមករករាជធានីឧត្ដុង្គ ។ ភ្យាតាក និងអ្នកអង្គនន់រាមា ក៏បានមកដល់ភ្នំពេញដែរ ដោយធ្វើដំណើរពីហាទៀងមកមិនដល់៦ថ្ងៃផង ព្រោះគ្មានជួបទ័ពទប់ទល់បន្ដិចណាសោះ ។
ដោយខ្លាចសៀមចាប់បាន ព្រះរាជាកម្ពុជាបាននាំព្រះរាជវង្សានុវង្ស និងបរិពារគេចចេញពីឧត្ដុង្គមកចុះនាវានៅកំពង់ហ្លួង ហើយធ្វើដំណើរទៅកាន់ត្រឡុងខ្លុះបាក់អញ្ចៀន ឱ្យលោកយមរាជដឹកនាំទ័ពនាំមុខ ប្រយុទ្ធយ៉ាងអង់អាចជាមួយទ័ពសៀម ។ ពួកអ្នកស្រុកដែលខ្លាចសៀមក៏រត់តាមព្រះរាជាទៅដែរ អ្នកខ្លះទៅដល់មាត់ក្រសះ និងអន្លង់ឫស្សី ខ្លះទៀតទៅដល់ត្រឡុងខ្លុះបាក់អញ្ចៀនដែរ ។
នៅពេលដែលព្រះរាជាកំពុងតែរត់គេចទៅនោះ ទ័ពភ្យាតាក និងអ្នកអង្គនន់រាមាបានធ្វើដំណើរតាមមាត់ទន្លេច្រាបឈាម ចាប់ស្រីៗ និងយករបស់របរអ្នកស្រុកដែលរត់ទៅមាត់ក្រសះអស់ទៅ ។
នៅពេលនោះហើយដែលពួកអាណ្ណាមចាប់ផ្ដើមធ្វើអន្ដរាគមន៍ (53) ដោយកេណ្ឌទ័ពមួយកងមកជួបគ្នាជាមួយនឹងទ័ពលោកយមរាជនៅពាម បញ្ចូសពាស ។ ទ័ពអាណ្ណាម និងខ្មែរបានទទួលជ័យជម្នះលើទ័ពសៀមរួចបានមកដេញភ្យាតាក និងអ្នកអង្គនន់ ចេញពីភ្នំពេញ ឱ្យធ្វើដំណើរទៅហាទៀងវិញ រួចទ័ពសៀម និងភ្យាតាក ក៏ចុះទូកទៅស្រុកសៀមវិញអស់ទៅ ។ ឯអ្នកអង្គនន់ ទ្រង់គង់នៅនឹងហាទៀងនេះជាមួយទ័ពសៀម៥រយនាក់ ប៉ុន្ដែបន្ទាប់មក បានទៅគង់នៅឯកំពតវិញ ដោយមិនអាចការពារហាទៀងទប់ទល់នឹងម៉ាក់តុងបាន ។ ទៅដល់កំពត ទ្រង់បានបន្ដជ្រើសរើសទ័ពបន្ថែមទៀតពីខែត្រជិតខាង ។
នៅភាគខាងជើង ទ័ពសៀមច្បាំងចេះតែចាញ់ជាញឹកញយ ។ ដល់ទទួលដំណឹងថា ភ្យាតាកចុះទូកជាមួយកងទ័ពចេញពីហាទៀងទៅវិញ ក៏យល់ថាខ្លួនកំពុងតែស្ថិតនៅក្នុងគ្រោះមហន្ដរាយហើយ បានបោះបង់ការប្រយុទ្ធ វិលត្រលប់ទៅស្រុកវិញដែរដោយនាំយកទៅជាមួយនូវឈ្លើយសឹក១ម៉ឺន នាក់ដែលគេបានប្រមូលផ្ដុំនៅពោធិ៍សាត់ ។ គេនិយាយថា មានអ្នកស្រុកជាច្រើនត្រូវស្លាប់ដោយអត់អាហារតាមផ្លូវ ។
នៅពេលអស់ទ័ពសៀមហើយ ទ័ពលោកយមរាជក៏បែកចេញពីទ័ពអាណ្ណាម ហើយធ្វើដំណើរទៅរកទ័ពអ្នកអង្គនន់រាមា ជួបគ្នានៅនឹងពាមរកា ក៏វាយឱ្យបរាជ័យទៅ (១៧៧១) ។
នៅចុងឆ្នាំ១៧៧១ ព្រះរាជាបានយាងមកគង់ជាបណ្ដោះអាសន្ននៅមាត់កណ្ដុរ ស្ថិតនៅលើទន្លេសាប ចម្ងាយ១០គីឡូម៉ែត្រពីភ្នំពេញ ។ ទ្រង់បានទទួលយករ៉េស៊ីដង់អាណ្ណាមម្នាក់ហៅ បាវហូ មកនៅនឹងព្រះរាជវាំង ។ ធ្វើយ៉ាងនេះ មានន័យថា ព្រះអង្គបានដាក់ព្រះរាជាណាចក្រនៅក្រោមអាណាព្យាបាលរបស់អាណ្ណាម ហើយ ។ បន្ទាប់មកព្រះរាជាបានយាងមកគង់នៅនឹងពាក់ព្រ័ត (54) រួចបានចាត់រាជទូតទៅបាងកក ចរចាសន្ដិភាពជាមួយភ្យាតាក ដោយលែងចាត់ស្ដេចសៀមថ្មីនេះថារាស្ដ្រសាមញ្ញមកជ្រែករាជសម្បត្ដិ ដូចកាលពីប៉ុន្មានឆ្នាំមុនទៀតហើយ ។ ភ្យាតាកមិនព្រមទទួលរាជទូតទាំងអស់នោះទេ ក៏បានឱ្យគេចាប់ឃុំទុក រួចផ្ញើរាជសារមួយមកថ្វាយព្រះរាជាកម្ពុជា និយាយថាការចរចាអាចនឹងមានទៅបានលុះណាតែទ្រង់បញ្ជូនព្រះមាតា និងរាជវង្សានុវង្សទាំងអស់ឱ្យទៅគង់នៅឯស្រុកសៀមសិន ។ ចំណែកឯម៉ាក់តុងវិញ គេក៏ចាប់ចរចាជាមួយស្ដេចសៀម ហើយហាក់ដូចជាបានបោះបង់ការគាំទ្រស្ដេចខ្មែរដែរ ហើយបានទទួលការអនុញ្ញាតពីភ្យាតាកឱ្យក្រុមគ្រួសារដែលស្ដេចសៀម ចាប់ទុកជាចំណាប់ខ្មាំងនៅឯបាងកកនោះវិលត្រលប់ទៅហាទៀងវិញ ។ ដើម្បីជាថ្នូរ ម៉ាក់តុងបានយល់ព្រមប្រគល់អ្នកអង្គម្ចាស់សៀមមួយអង្គដែលភៀសខ្លួន មកគង់នៅរាជវាំងកម្ពុជា ហើយដែលព្រះរាជាកម្ពុជាប្រកែកមិនព្រមប្រគល់ឱ្យទៅភ្យាតាក ។ ភ្យាតាកក៏នាំយកអ្នកអង្គម្ចាស់សៀមនោះទៅបាងកកវិញរួចធ្វើឃាតចោល ទៅ ។ នៅក្នុងឆ្នាំ១៧៧៤ ព្រះរាជាកម្ពុជាបានយាងចេញពីរាជដំណាក់ពាក់ព្រ័ត មកគង់នៅឯកោះចិន ជាកោះមួយនៅក្នុងទន្លេសាប ស្ថិតនៅចំពីមុខកំពង់ហ្លួង មិនទាន់ហ៊ានយាងត្រលប់ចូលរាជធានីវិញទេ ដោយខ្លាចព្រះអង្គម្ចាស់អង្គនន់រាមា ដែលកំពុងតែឃោសនារើសទ័ពនៅក្នុងអាណាខែត្រខាងលិច ចាប់ព្រះអង្គបាន ។
អនាធិបតេយ្យមានគ្រប់ទីកន្លែង នគរទាំងមូលវិលត្រលប់មករកភាពព្រៃផ្សៃឡើងវិញ ។ មានខែត្រជាច្រើនដែលមិនគោរពព្រះរាជា តែក៏មិនស្ដាប់បញ្ជារបស់ស្ដេចបះបោរដែរ ។ ចៅហ្វាយខែត្រប្រមូលពន្ធបាន តែមិនបានយកមកបង់ជូនរាជការទេ ឯអ្នកប្រមូលពន្ធត្រូវប្រជារាស្ដ្រដេញមិនឱ្យចូលក្នុងភូមិ ។ នៅកន្លែងខ្លះ ប្រជាជនត្រូវគេបង្ខំឱ្យបង់ពន្ធឱ្យភាគីទាំង២ ។ រាស្ដ្ររងទុក្ខវេទនា ជំងឺអាសន្នរោគរាតត្បាត ហើយជំងឺអុតបានធ្វើឱ្យអ្នកស្រុកស្លាប់អស់ជាច្រើន ។ រាជពង្សាវតារបាននិយាយថា នៅទីបញ្ចប់ ដោយទ្រង់មានមេត្ដាករុណាដល់ប្រជានុរាស្ដ្រខ្លាំងពេក ព្រះរាជាក៏សុខព្រះទ័យលះបង់រាជសម្បត្ដិថ្វាយដល់ព្រះអង្គនន់រាមា ជាគូប្រណាំងប្រជែង និងជាសត្រូវផង នៅក្នុងឆ្នាំ១៧៧៥ ។ ទ្រង់សោយរាជ្យបាន១៧ឆ្នាំ ហើយរជ្ជកាលរបស់ព្រះអង្គមានតែទុក្ខវេទនា ។
No comments:
Post a Comment