ព្រះរាជាអង្គនេះមិនបានទទួលព្រះរាជពិធីអភិសេកទេកាលពីទ្រង់សោយរាជ្យលើកមុន ព្រោះនៅក្មេងពេក គឺទើបតែមានព្រះជន្មាយុ១២ព្រះវស្សាប៉ុណ្ណោះ ។ ទ្រង់បានដាក់រាជសម្បត្ដិនៅក្នុងឆ្នាំ១៧០៤ ។ នៅពេលដែលព្រះអង្គឡើងគ្រងរាជបល្ល័ង្កសាជាថ្មីនេះ ទ្រង់មានព្រះជន្ម១៧ព្រះវស្សាហើយ ហើយបានត្រូវអភិសេកក្រោមព្រះនាមថា «ព្រះស្រីធម្មោរាជាធិរាជរាមាធិបតីបរមបពិត្រ» ជាព្រះរាជាស្នង ឯព្រះបិតារបស់ព្រះអង្គវិញ បានទទួលយកព្រះឋានៈជាព្រះឧភយោរាជ គឺជាឋានៈដែលគេតែងតែប្រគល់ថ្វាយដល់ព្រះរាជា ដែលមិនចង់ទទួលយករាជសម្បត្ដិ ឬក៏ត្រូវគេបំបែកពីរាជសម្បត្ដិ ។ និយាយពីពួកលាវដែលនាំគ្នាមកកម្ពុជាតាមស្ដេចរបស់ខ្លួនវិញ បានត្រូវព្រះរាជាអនុញ្ញាតឱ្យទៅរស់នៅក្នុងខែត្របាទីជាមួយពួកលាវមួយក្រុមមុនដែលកាលពីឆ្នាំ១៥៦១ក្រុមនេះគេឱ្យនៅឯបារាយណ៍ តែបន្ទាប់មក បានឱ្យមករស់នៅទីនេះដែរក្រោយពីមានបះបោរម្ដងរួចមក ។
ភូមិដែលពួកលាវនេះរស់នៅ គេដាក់ឈ្មោះឱ្យថា ភូមិបារាយណ៍ក្បាតជុំ មានន័យថាភូមិពួកអ្នកបះបោរនៅបារាយណ៍ ។ ដោយមានការជួយគាំទ្រពីបណ្ដាជនរួមជាតិគេ ពួកអ្នកមកដល់ថ្មីបានបង្កការលំបាកដល់អាជ្ញាធរមូលដ្ឋានម្ដងនៅក្នុងឆ្នាំ១៧០៨ ។ ព្រះរាជាបានចាត់ឱ្យមន្ដ្រី២នាក់មកនាំពួកនេះទៅរស់នៅឯកោះរាពណ៍វិញ តែពួកនេះមិនព្រម ហើយក៏ប្រមែប្រមូលគ្នាបះបោរជាចំហឡើង ។ ព្រះរាជាក៏ចាត់ឱ្យកងទ័ពចេញមកបង្ក្រាប ជាហេតុធ្វើឱ្យពួកលាវនេះបំបែកគ្នាជា៣កង គឺកងទី១រត់ចូលព្រៃ កងទី២រត់ទៅកូសាំងស៊ីន រីឯកងទី៣រត់ទៅរកព្រះកែវហ្វ៊ាអង្គឯម ដែលត្រូវជាព្រះភាគិនេយ្យរបស់ព្រះជ័ជេដ្ឋាផង និងត្រូវជាបុត្រសុណិសាព្រះអង្គផង ។ ព្រះកែវហ្វ៊ានេះបានដកព្រះកាយឆ្ងាយពីរាជវាំងប្រកបទៅដោយចរិតប្រឆាំង តាំងតែពីពេលដែលទ្រង់បានដាក់រាជសម្បត្ដិថ្វាយព្រះបិតាក្មេកវិញ នៅក្នុងឆ្នាំ១៧០១ ។ គេបារម្ភព្រះកែវហ្វ៊ានេះធ្វើតម្រាប់តាមព្រះបិតាព្រះអង្គដែរ គឺព្រះឧភយោរាជអង្គនន់ ។ តាមពិតទៅព្រះកែវហ្វ៊ាទ្រង់រង់ចាំតែឱកាសនឹងចាប់កាន់អាវុធប្រឆាំងប៉ុណ្ណោះ ។
ព្រឹត្ដិការណ៍បះបោររបស់ពួកលាវនេះជាឱកាសល្អហើយ ទ្រង់ក៏ប្រកាសខ្លួនព្រះអង្គជាអ្នកការពារពួកនោះហើយបានហៅមេធំរបស់ពួកគេឈ្មោះ សុកុណាបាទ ឱ្យត្រលប់មកពីកូសាំងស៊ីនមកវិញ ។ សុកុណាបាទត្រលប់កម្ពុជាជាមួយនឹងទ័ពអាណ្ណាម២ម៉ឺននាក់ដែលគេបានកេណ្ឌជាមួយអាជ្ញាធរមូលដ្ឋានដែលរួមគំនិតជាមួយព្រះកែវហ្វ៊ា ។ ក្នុងពេលជាមួយគ្នានោះ ព្រះកែវហ្វ៊ា កេណ្ឌបានទ័ពកួយ និងសំរែ១ម៉ឺននាក់ដែរ ។ ព្រះកែវហ្វ៊ាដឹកនាំទ័ពធ្វើដំណើរឆ្ពោះទៅកាន់រាជធានីឧត្ដុង្គ រីឯសុកុណាបាទចាប់វាយយកអាណាខែត្រខាងកើត ។ ទ័ពទាំង២ធ្វើសកម្មភាពលឿនរហ័សណាស់ ទាល់តែព្រះរាជា និងព្រះអនុជអង្គទងដែលមានព្រះជន្ម១៨ព្រះវស្សាហើយត្រូវព័ទ្ធជាប់នៅក្នុងបន្ទាយឧត្ដុង្គ ។ ព្រះរាជាទប់ទល់ជាមួយទ័ពសត្រូវអស់ពេល៣ខែ ទ្រាំលែងបានទើបទ្រង់វាយបើកខ្សែត្រៀមរត់គេចចេញនាពេលយប់មួយសំដៅទៅស្រុកសៀម ដោយនាំយកព្រះរាជបុត្រារបស់ព្រះរាជាមួយអង្គ ដែលប្រសូតនៅក្នុងឆ្នាំ១៧០៦ ទៅជាមួយផង ។
No comments:
Post a Comment