ព្រះបាទជ័យជេដ្ឋា បានឡើងសោយរាជ្យជាលើកទី៤ នៅក្នុងព្រះជន្មាយុ៤៥ព្រះវស្សា ។
ទើបឡើងគ្រងរាជបល្ល័ង្កមិនទាន់បានប៉ុន្មានផង ព្រះអង្គត្រូវប្រយុទ្ធប្រឈមមុខនឹងជនបះបោរម្នាក់ឈ្មោះថា ភីរែនគីម ជាកូនរបស់មន្ដ្រីព្រះរាជវាំងម្នាក់ ។ ជនក្បត់នេះដែលបានទទួលទ័ពជំនួយពីស្ដេចអាណ្ណាម ក៏ដឹកនាំឡើងតាមផ្លូវទឹករហូតមកដល់ត្រឹមឧត្ដុង្គ ។ ពេលទ័ពសត្រូវមកជិតដល់ហើយ ព្រះរាជាក៏នាំព្រះរាជវង្ស និងសេនា មន្ដ្រីទាំងអស់ គេចព្រះអង្គទៅគង់នៅឯខែត្រពោធិ៍សាត់ ។ ភីរែនគីមបានដឹកនាំទ័ពដេញតាម ក៏ប៉ុន្ដែព្រះរាជាទ្រង់មានឱកាសអាចកេណ្ឌបានទ័ពមួយកងតូចទាន់ ហើយបានបើកការវាយប្រហារបកមកលើទ័ពក្បត់វិញ វាយឱ្យពួកនេះបរាជ័យបែកបាក់គ្នាអស់ទៅ ឯភីរែនគីមត្រូវចាប់ខ្លួនបាន ។
ឆ្នាំបន្ទាប់មក ព្រះជ័យជេដ្ឋាបានដាក់រាជសម្បត្ដិម្ដងទៀតក៏ប៉ុន្ដែម្ដងនេះថ្វាយដល់ព្រះរាជបុត្រាច្បងព្រះនាមស្រីធម្មោរាជាដែលមានព្រះជន្ម១២ព្រះវស្សា ។ រួចហើយព្រះអង្គក៏យាងចូលសាងព្រះផ្នួសម្ដងទៀតចំនួន៣ថ្ងៃ ។
No comments:
Post a Comment