ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ៤
Posted: Oct-10-2016
១៧. ស្ដេចកន ស្ដេចជ្រែករាជ្យ (១៤៩៨-១៥០៥)
ក្រោយ ពីវាយបំបែកទ័ពទាំង២កងរបស់ព្រះរាជារួចហើយ ហើយចៅពញាយសរាជាគេចខ្លួនបាត់ទៅ ស្ដេចកនគិតថា មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលនៅជាម្ចាស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រលប់មកនៅឯស្រីសន្ធរវិញ ។ ស្ដេចកនបានចាត់ឱ្យចៅហ្វ៊ាកែវ ជាឪពុកមា ចេញបង្ក្រាបអាណាខែត្រដែលមិនទាល់ទទួលស្គាល់អំណាចរបស់ខ្លួន ថ្វីបើមានខ្លះមិនប្រឆាំងនឹងខ្លួនក៏ដោយ ។ មិនយូរប៉ុន្មានបណ្ដាអាណាខែត្រទាំងអស់ទូទាំងប្រទេសមានចៅហ្វាយ និងនាម៉ឺនត្រួតត្រាដែលតែងតាំងដោយស្ដេចកន ។ ប៉ុន្ដែស្ដេចកនគ្មានព្រះខ័នរាជ្យដែលជានិមិត្ដសញ្ញារាជានិយមទេ ក៏បានផ្សព្វផ្សាយថានឹងឱ្យរង្វាន់ជាមាស៥០០តម្លឹង (ប្រហែល១៨គីឡូក្រាម) ដល់ជនណាដែលរកព្រះខ័នរាជ្យឃើញយកមកប្រគល់ឱ្យខ្លួន ។ ស្ដេចកនក៏បានឱ្យគេធ្វើព្រះខ័នរាជ្យមួយទៀតដែលខ្លួនកាន់នៅពេល បង្ហាញខ្លួននៅមុខសាធារណជន ។
ដោយ ប្រើប្រាស់ព្រះខ័នរាជ្យក្លែងក្លាយនេះ ស្ដេចកនបានចាត់ឱ្យគេរៀបចំអភិសេកខ្លួនជាព្រះរាជានៃ ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះនាមថា «សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី» ជាព្រះរាជាសោយរាជ្យសម្បត្ដិនៅក្រុងស្រីសន្ធរបវរបាសាន ។
ស្ដេចកនបានលើកឪពុកមាឈ្មោះ កែវ ជា ប្អូនរបស់ម្ដាយ ឱ្យឡើងជាទីចៅហ្វ៊ា គឺរដ្ឋមន្ដ្រីទី១ ត្រួតត្រាលើសមាជិករាជវង្ស និងពលព្រះស្រីរតនត្រៃទាំងអស់ ។ អនុលោមទៅតាមទម្លាប់នៅក្នុងព្រះរាជាណាចក្រ ស្ដេចកនបានលើកលែងឱ្យប្រជានុរាស្ដ្រទាំងអស់រួចពន្ធចំនួន១ឆ្នាំ នៅក្នុងឱកាសអភិសេកខ្លួននេះ ហើយរាជពង្សាវតារនិយាយថាប្រជារាស្ដ្រពេលនោះបានសុខសប្បាយខ្លាំង ណាស់ ។
បន្ទាប់មក ស្ដេចកនបានសម្រេចចិត្ដផ្លាស់រាជធានីឱ្យរាជាណាចក្រដែលខ្លួនដណ្ដើម បានដោយជ្រើសរើសកន្លែងមួយស្ថិតនៅលើព្រំប្រទល់ខែត្រត្បូងឃ្មុំ និងបាភ្នំ ត្រង់កន្លែងមួយមានឈ្មោះថា «ស្រឡប់» ហើយមកគង់នៅចាប់ពីឆ្នាំ១៥១៤រហូតមក ។ គេត្រូវប្រើពេលអស់២ឆ្នាំដើម្បីសាងសង់រាជវាំង កំផែងរាជធានី ប៉មសម្រាប់ការពារដំណាក់រាជមន្ទីរ និងត្រឡែងកែងរោងរបាំសួនច្បារ ។ ហើយដោយរាជធានីខ្វះខាតទឹក ស្ដេចកនបានចាត់ឧកញ៉ា វៀង វាំង លំពាង និងស្នល់ ឱ្យជីកស្រះទឹកធំមួយរាងការ៉េហើយជ្រុងមួយៗមានឈ្មោះតាមអ្នកទាំង បួន ។ ស្រះទឹកនេះនៅមានរហូតដល់សព្វថ្ងៃ ។
និយាយអំពីរាជធានីថ្មី គេបានដាក់ឈ្មោះឱ្យថា «ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានី» (62) ។ បីឆ្នាំក្រោយមក រាជធានីនេះមានមនុស្សរស់នៅច្រើនរាជធានីមុន២ដង ហើយមានជនបរទេសចេញចូលជាច្រើន ។ ព្រះរាជាណាចក្រមានសុខសន្ដិភាពដូចពីមុនឡើងវិញ ហើយប្រជានុរាស្ដ្របានសុខសម្បូរសប្បាយក្រោមរាជ្យស្ដេចកននេះជាង ស្ដេចមុនៗទាំងអស់ ។
ស្ដេច កន ជាព្រះរាជាកម្ពុជាមុនគេដែលបានចាត់ឱ្យបោះពុម្ពប្រាក់សម្រាប់ចាយ វាយ ជាប្រាក់ស្លឹងធ្វើពីមាសមានរូបនាគម្ខាង ។
ពេលនោះនៅអយុធ្យាឯណោះវិញ ព្រះអង្គម្ចាស់ចន្ទ និងព្រះអង្គម្ចាស់យស មានការធុញថប់ជាខ្លាំងបានស្នើសុំស្ដេចសៀមត្រលប់មកកម្ពុជាវិញ តែមិនបាន ។ ស្ដេចសៀមខ្ញាល់រហូតដល់ថាឈប់លែងឱ្យអ្នកទាំង២ចូលគាល់ ។ ព្រះអង្គម្ចាស់ចន្ទ ដែលមករស់នៅអយុធ្យានេះចំនួន៨ឆ្នាំ ពេលនោះមានព្រះជន្ម៣០ព្រះវស្សាហើយ ទ្រង់ព្រះតម្រិះរិះរកវិធីធ្វើយ៉ាងណាឱ្យស្ដេចសៀមសព្វព្រះទ័យឡើង វិញ ។ ទ្រង់បានចេញទៅទាក់បានដំរីសមួយយកមកថ្វាយស្ដេចសៀម ស្ដេចសៀមក៏ចាប់រាក់ទាក់ទទួលអ្នកទាំង២ឡើងវិញ ។ ដំរីសនោះ គេដាក់ឈ្មោះឱ្យថា «ព្រះគជេន្ទ្រណារឿនឧត្ដម» មានន័យថា «ដំរីល្អ» ។
ថ្ងៃមួយ ព្រះអង្គម្ចាស់ចន្ទបានស្នើសុំការអនុញ្ញាតពីស្ដេចសៀមវិលត្រលប់ ចូលមកស្រុកខ្មែរវិញដើម្បីកម្ចាត់ស្ដេចកន ។ ស្ដេចសៀមឆ្លើយថា សូមឱ្យរង់ចាំបន្ដិច ពេលណាឱកាសល្អមកដល់ ទ្រង់នឹងចាត់ឱ្យគេហែហមព្រះអង្គទៅកាន់ស្រុកខ្មែរ ។
ព្រះ អង្គម្ចាស់ចន្ទមិនសប្បាយចិត្ដនឹងចម្លើយនេះទេ ទ្រង់បានសម្រេចព្រះទ័យថា ត្រូវតែត្រលប់មកកម្ពុជាវិញភ្លាម ដោយមិនបាច់រង់ចាំការអនុញ្ញាតពីស្ដេចសៀមទៀតឡើយ ។ ទ្រង់បានចាត់ខ្ញុំបម្រើរបស់ព្រះអង្គឱ្យចេញទៅបំផុសបំផុលបក្សពួក ដែលព្រះអង្គមាននៅក្នុងខែត្រនាងរង នាងពាក ចុងកាល់ ទំនប់ទង្កែ ទឹកជួស មង្គលបុរី នគររាជ និងបាត់ដំបង ឱ្យអ្នកទាំងអស់នោះដើរនិយាយប្រាប់គេឯងថា ពួកគេរៀបចំនាំគ្នាចេញទៅទាក់ដំរីមួយមានសម្បុរសដូចសំឡី ។ អ្នកបម្រើព្រះអង្គម្ចាស់ចន្ទបានផ្សព្វផ្សាយដំណឹងដំរីសនេះបាន យ៉ាងលឿន រហូតទាល់តែពួកចៅមឿង ចៅបាន ចៅហ្វាយស្រុក និងមេភូមិទាំងឡាយជឿ ហើយនាំគ្នារាយការណ៍ថ្វាយព្រះរាជាអំពីរឿងដំរីសខុសធម្មតា នេះ ។ ស្ដេចសៀមមានបំណងចង់បានដំរីសនោះខ្លាំងណាស់ ដល់ពេលបើកអង្គប្រជុំ ទ្រង់ក៏សាកសួរថា តើមាននរណាស្ម័គ្រចិត្ដចេញទៅទាក់ដំរីនោះយកមកថ្វាយព្រះអង្គដែរ ឬទេ ? ចៅពញាចន្ទរាជ ដែលបានចូលរួមប្រជុំនឹងគេដែរ ហើយដែលធ្លាប់ទាក់បានព្រះគជេន្ទ្រណារឿនឧត្ដម ថ្វាយម្ដងរួចមកហើយ បានសុំខ្លួនចេញទៅទាក់យកមកថ្វាយម្ដងទៀត ក៏ប៉ុន្ដែបានស្នើសុំទាហាន៥០០នាក់ ដំរី៥០ ព្រមទាំងអាវុធយុទ្ធភណ្ឌចាំបាច់ផ្សេងៗសម្រាប់ការទាក់ដំរីនេះ និងព្រះរាជបញ្ជាពិសេសឱ្យពលសេនាទាំងអស់ស្ដាប់បង្គាប់ព្រះអង្គមិន អាចប្រកែកបាន ។ ស្ដេចសៀមយល់ព្រមតាមគ្រប់ល័ក្ខខ័ណ្ឌនៃសំណើនេះ រួចថ្វាយដាវរាជបញ្ជាមួយឱ្យផង (ឆ្នាំ១៥១៥) ។
ចៅពញាចន្ទរាជា ក៏ធ្វើដំណើរចេញមកកម្ពុជាជាមួយព្រះភាគិនេយ្យពញាយសរាជា ខ្ញុំបម្រើទាំងអស់ និងពលទាហាន៥០០នាក់ដែលស្ដេចសៀមថ្វាយឱ្យមកតាម ។ ធ្វើដំណើរ៧ថ្ងៃ មកដល់ព្រំប្រទល់ដែន ទ្រង់ឆ្លងចូលមកក្នុងកម្ពុជាឱ្យពលទាហានបោះជំរំសម្រាក រួចទ្រង់សរសេរលិខិតមួយទៅថ្វាយដំណឹងដល់ស្ដេចសៀមថា ព្រះអង្គបានធ្វើដំណើរមកដល់ព្រំប្រទល់ដែនហើយ ហើយព្រះអង្គនឹងបន្ដដំណើរចូលទៅក្នុងព្រះរាជាណាចក្រតទៅទៀត ។ ពេលទទួលសារលិខិតនេះ អ្នកអង្គម្ចាស់ពញាអុងរាជា ជារាជបុត្ររបស់ព្រះស្រីរាមាធិបតី ដែលស្ដេចសៀមបានសុំទុកជាកូនហើយលើកឱ្យធ្វើជាចៅហ្វាយខែត្រសុវណ្ណលោក (63) ក៏នៅក្នុងសវនាការនោះដែរ ។ ពញាអុងនេះបានប្រកែកមិនព្រមត្រលប់មកកម្ពុជាវិញតាមការបបួលពីពញា ចន្ទរាជាជាបងប្អូនជីដូនមួយទេ ព្រោះបានធ្វើជាចៅហ្វាយខែត្រសុវណ្ណលោកនោះវាសុខស្រួលទៅហើយ ។ ពេលស្ដេចសៀមសួរអំពីខ្លឹមសារសារលិខិត ទ្រង់ក៏ទូលតបទៅវិញថាអ្នកអង្គម្ចាស់ចន្ទជាមនុស្សមានមោទនភាព ឆ្លាតវៃ សកម្ម មិនចង់បាត់បង់នូវសិទ្ធិអំណាចរបស់ខ្លួនទេ តាមមើលទៅព្រះអង្គយាងទៅដល់ព្រំប្រទល់ដែនដើម្បីដណ្ដើមយកព្រះរាជា ណាចក្រកម្ពុជាពីស្ដេចកនដែលជ្រែករាជ្យមកវិញ ។
ពេល នោះស្ដេចសៀមបានចាត់ពលទាហានសេះ៣០ឱ្យចេញទៅតាមពញាចន្ទ ដើម្បីបញ្ចុះបញ្ចូលឱ្យលះបង់គំនិតនេះ ហើយត្រលប់មកអយុធ្យាវិញ ឬបើពុំនោះទេក៏ត្រូវបញ្ជូនទាហាន៥០០នាក់ដែលព្រះអង្គប្រគល់ឱ្យ ដើម្បីតាមទាក់ដំរីសទៅវិញដែរ ។
ពេល នោះចៅពញាចន្ទបានធ្វើដំណើរឆ្លងកាត់ព្រំដែន ហើយបានអូសទាញអ្នកស្ម័គ្រចិត្ដតាមហែហមព្រះអង្គបាន៨០០នាក់ ចំណែកឯខ្ញុំបម្រើរបស់ព្រះអង្គបានកេណ្ឌគ្នាបាន២ពាន់នាក់ថែម ទៀត ។ ជាមួយនឹងគ្នាចំនួន៣ពាន់នាក់នេះ ហើយនិងទ័ពសៀម៥០០នាក់ផង ទ្រង់បានធ្វើដំណើរយាងមកដល់ខែត្រនគរសៀមរាប (អង្គរធំ) (64) ហើយដណ្ដើមយកទីក្រុងនេះបាន ។ គឺនៅទីនោះហើយដែលអ្នកនាំសាររបស់ស្ដេចសៀមបានតាមមកទាន់ ហើយដោយយល់ថាមិនអាចយាងព្រះអង្គត្រលប់ទៅស្រុកសៀមវិញបាន ក៏សាកល្បងបញ្ចុះបញ្ចូលទ័ពសៀមទាំង៥០០នាក់ឱ្យត្រលប់ទៅវិញ ។ ពេលនោះអ្នកអង្គម្ចាស់ចន្ទក៏ដកយកព្រះសែង (ដាវ) អាជ្ញាសឹកចេញមកគ្រវីនៅពីមុខពួកសៀមហើយមានបន្ទូលថា «នេះ ជាសញ្ញានៃអំណាចរបស់យើងដែលស្ដេចរបស់ពួកឯងទ្រង់បានប្រទាន ឱ្យ ។ បើពួកឯងមិនគោរពតាមយើងទេយើងនឹងកម្ទេចពួកឯងទាំងអស់នៅទីនេះ» ។ ទ័ពសៀមខ្លាចទ័ពទើបរើសថ្មី៣ពាន់នាក់ ដែលនៅឈរព័ទ្ធជុំវិញជុំជិត ក៏លុតជង្គង់ចុះសុំការប្រោសប្រណី ។
អ្នកអង្គម្ចាស់ចន្ទទ្រង់អាណិតដល់ទ័ពសៀមទាំងនោះ ក៏មានបន្ទូលទៅកាន់ថា «អ្នកឯង វិលត្រលប់ទៅស្រុកសៀមវិញចុះ ហើយសូមទូលថ្វាយព្រះរាជាផងថា យើងសូមថ្លែងអំណរគុណព្រះអង្គដែលបានចិញ្ចឹមបីបាច់ ថែរក្សាយើងអស់កាល៩ឆ្នាំ រួចទ្រង់បានឱ្យទ័ព៥០០នាក់ជូនយើងរហូតមកដល់ទីនេះ ។ យើងមិនអាចថ្លែងអំណរគុណដល់ព្រះអង្គនៅពេលនេះបាន ពីព្រោះយើងនៅក្រ យើងគ្មានអ្វីនឹងថ្វាយដល់ព្រះអង្គជាការតបស្នងសងគុណទេ ។ តែសូមព្រះរាជាកុំបីខ្ញាល់នឹងយើងធ្វើអ្វី សូមព្រះអង្គទ្រង់មេត្ដាត្រាប្រណីលើកលែងទោសឱ្យយើងផង កាលណាយើងទទួលបានជ័យជម្នះ ហើយបានឡើងសោយរាជ្យ យើងនឹងចាត់បញ្ជូនសួយសារអាករទៅថ្វាយ ដើម្បីជាការតបស្នងសងគុណនឹងគុណូបការៈដែលព្រះអង្គមានចំពោះយើង ក្នុងពេលដែលយើងរស់នៅក្នុងរាជធានីរបស់ព្រះអង្គ» ។
ពួក សៀមត្រលប់ចូលទៅស្រុកសៀមវិញទៅ ឯពញាចន្ទក៏បន្ដព្រះរាជដំណើរចូលមកក្នុងកម្ពុជាជាបន្ដទៀត ។ មកដល់ខែត្របាត់ដំបង ពញាមនោមេត្រី ជាចៅហ្វាយខែត្រនេះ បានមកទទួលព្រះអង្គជាមួយនឹងទ័ព១ម៉ឺននាក់ ដែលខ្លួនប្រគល់ថ្វាយព្រះអង្គ ។
ចៅពញាសួគ៌ាលោកចៅហ្វាយខែត្រពោធិ៍សាត់ ដែលមិនអបអរនឹងការយាងមកដល់របស់ពញាចន្ទបានសរសេរសំបុត្រផ្ញើទៅ ប្រាប់ដំណឹងដល់ស្ដេចកន ហើយបានកេណ្ឌទ័ព៤ម៉ឺននាក់ដើម្បីទប់ទល់ ព្រមទាំងបានរៀបចំកំផែងការពារខែត្រទៀតផង ។ ទ័ពអ្នកអង្គម្ចាស់ចន្ទបានពើបប្រយុទ្ធនឹងទ័ពចៅហ្វាយខែត្រនេះ ម្ដង ក៏ប៉ុន្ដែពេលនោះមានជនប្រឆាំងម្នាក់ឈ្មោះ «តាមឿង» ដែលប្រមូលក្រុមគ្រួសារ និងមិត្ដភក្ដិបាន១៥០នាក់ទាំងអស់គ្នាសុទ្ធតែបម្រើនៅក្នុងជួរទ័ព ខែត្រ បានឆ្លៀតឱកាសដែលចៅហ្វាយខែត្រនៅតែឯង ក៏នាំគ្នាវាយប្រហារ ហើយសម្លាប់ចៅហ្វាយខែត្រនោះទៅ ។ ចប់ឃាតកម្មនេះ តាមឿងបាននិយាយបញ្ចុះបញ្ចូលប្រជាជនក្នុងខែត្រឱ្យចុះចូល រួបរួមគ្នាតាមដង្ហែអ្នកអង្គម្ចាស់ចន្ទដែលជាប់ពូជជាមួយរាជវង្ស ស្ដេចកម្ពុជាពីមុន ដែលស្ដេចកនមានកំណើតដើមជាទាសករ បានទម្លាក់ចេញពីអំណាច ។ ពេលនោះប្រជាជនទាំងអស់ក៏នាំគ្នាបើកទ្វារទីក្រុង ហើយទះដៃអបអរសាទរអ្នកអង្គម្ចាស់ចន្ទ ដែលយាងចូលមកក្នុងទីក្រុងជាមួយនឹងកងទ័ពទាំងអស់ ។ អ្នកអង្គម្ចាស់ក៏តែងតាំង តាមឿង ឱ្យ ធ្វើជាចៅហ្វាយខែត្រពោធិ៍សាត់ ហើយទ្រព្យសម្បត្ដិទាំងអស់របស់ចៅហ្វាយខែត្រមុន ក៏ត្រូវបានគេយកមកចែករំលែកឱ្យកងទ័ព ។ កូនប្រុសតាមឿងទាំង៤នាក់បានត្រូវតែងតាំងឱ្យដឹកនាំទ័ពជួរមុខ មានគ្នា ៨ពាន់នាក់ ហើយទទួលភារកិច្ចទៅវាយដណ្ដើមយកខែត្រក្រគរ ខ្លុង និងក្រាំង ។
នាពេលនោះ ស្ដេចកន ក្រោយពីងូតទឹកពេលថ្ងៃត្រង់រួច បានចេញដើរប្រពាតសួនច្បារជាមួយមេនំមេនាងរួចបាននាំនាងម្នាក់មក ក្នុងព្រះរាជដំណាក់ផ្ទំក្រសាលជាមួយស្ដាប់ភ្លេង និងចម្រៀង ។ ពេលផ្ទំលង់លក់ទៅ ទ្រង់សុបិនឃើញថាព្រះរាជវាំងត្រូវភ្លើងឆេះទោះជាព្រះអង្គខំ រត់គេចយ៉ាងណាក៏មិនផុត ហើយព្រះអង្គត្រូវភ្លើងឆេះសុសខ្លួន ។ ភ្ញាក់ពីដំណេកឡើង ស្ដេចកនបានហៅហោរាមកទស្សន៍ទាយ ហើយបានសម្លាប់ហោរាម្នាក់ដោយកំហឹង ព្រោះទស្សន៍ទាយឱ្យមិនល្អ រួចក៏យាងចេញពីព្រះរាជដំណាក់ទៅ ។ ពេលនោះឧកញ៉ាលំពាង នាយច្បារដំណាំ បានទូលដំណឹងអំពីការមកដល់នៃអ្នកនាំសំបុត្ររបស់ចៅហ្វាយខែត្រ ពោធិ៍សាត់ ។ ស្ដេចកនភ្ញាក់ខ្លួនព្រើត តែមិនឱ្យខាតពេលយូរ បានចេញបញ្ជាឱ្យឧកញ៉ាចក្រីចេញកេណ្ឌទ័ពភ្លាមដើម្បីទៅទប់ទល់នឹង អ្នកអង្គម្ចាស់ចន្ទ ។
ឧកញ៉ាចក្រី បានទូលស្ដេចកនថា សូមទ្រង់កុំបារម្ភថ្វី ព្រោះថាបើទូលព្រះបង្គំមិនអាចឃាត់ខ្លាបាន ហោចណាស់ក៏ទូលព្រះបង្គំនឹងធ្វើឱ្យវារបួសជាទម្ងន់ដែរ ។ ស្ដេចកនពេញចិត្ដនឹងសម្ដីនេះណាស់ ទ្រង់គិតថា នេះជាប្រផ្នូលល្អ ទើបទ្រង់ប្រទានកូនលំពែងមានចង្កំមាសមួយឱ្យ ។
ឧកញ៉ា ចក្រីចេញដំណើរទៅកាន់លង្វែកភ្លាមជ្រើសរើសទាហានមួយកង រីឯចៅហ្វ៊ាកៅ ត្រូវជាមាស្ដេចកន និងជាមេបញ្ជាការធំក៏ចេញទៅកំពង់សៀមដែរកេណ្ឌទ័ពមួយកងទៀតដើម្បី ធ្វើសកម្មភាពរួមគ្នា ។ ស្ដេចកនបានប្រទានព្រះសែងអាជ្ញាសឹកឱ្យ ព្រមទាំងថ្វាយមាសមួយថាស សញ្ញាសម្គាល់ឋានៈ និងស្គរជ័យ៤ ។ ពេលប្រមូលទ័ពបានចៅហ្វ៊ាកៅបានប្រគល់ទ័ពមួយចំនួនឱ្យទៅឧកញ៉ាតេជោ ដឹកនាំទៅប្រឈមមុខជាមួយទ័ពអ្នកអង្គម្ចាស់ចន្ទដែលកំពុងតែធ្វើ ដំណើរមក ។
នៅពេលនោះ ពញាចក្រីប្រមូលទ័ពបាន៤ម៉ឺននាក់នៅក្នុងខែត្រលង្វែក និងខែត្រជិតខាង ហើយបានចេញបញ្ជាឱ្យចៅពញាឧទ័យធិរាជចៅហ្វាយខែត្រសំរោងទង និងឧកញ៉ារាជាមេត្រីចៅហ្វាយខែត្រចតុម្មុខ រួមគ្នាបង្កើតជាកងទ័ពខាងឆ្វេង ឱ្យពញាវង្សាមេត្រីរៀបចំកងទ័ពខាងស្ដាំជាមួយទាហានរើសបានមកពី ខែត្របាទី និងឱ្យពញាវរានុកូល កាន់ទ័ពខាងក្រោយ ទាំងអស់គ្នាដឹកនាំទ័ពទៅកាន់ខែត្រក្រាំងជាទីកន្លែងដែលអ្នកអង្គ ម្ចាស់ចន្ទគង់នៅ ។
ការប្រយុទ្ធ កើតមានឡើងដំបូងរវាងទ័ពតាមឿងជាមួយទ័ពលោកចក្រីរបស់ស្ដេច កន ។ ថ្វីបើទ័ពរបស់គាត់មានកម្លាំងតិចជាងទ័ពរបស់សត្រូវក៏ដោយតែតា មឿងមានទំនុកចិត្ដមុតមាំទៅលើទាហានរបស់គាត់ដែលសុទ្ធតែជាអ្នក ស្ម័គ្រចិត្ដ ក៏សម្រេចចិត្ដប្រយុទ្ធ ។ ការប្រយុទ្ធចាប់ផ្ដើមជាដំបូងរវាងទ័ព២ពាន់នាក់របស់កូនច្បងរបស់ តាមឿង ជាមួយនឹងទ័ពចៅហ្វាយខែត្រសំរោងទង ដែលត្រូវសម្លាប់បានភ្លាម ប៉ុន្ដែទ័ពរបស់កូនតាមឿងត្រូវវាយដកថយទៅរកទ័ពរបស់ឪពុកវិញ ដែរ ។ ដោយយល់ឃើញថានេះជាជ័យជម្នះមួយ ព្រោះថាចៅហ្វាយខែត្រសំរោងទងបានស្លាប់ទៅហើយ ក៏នាំទ័ពចូលទៅក្នុងខែត្រពោធិ៍សាត់វិញ ។ ទ័ពរបស់ចៅហ្វាយខែត្រសំរោងទងរត់ត្រលប់ទៅក្រោយវិញជួបជាមួយទ័ព របស់ពញាចក្រីក៏នៅជាមួយគ្នានោះទៅ ។ ពញាចក្រីហៀបតែនឹងបញ្ជាឱ្យទ័ពទាំងអស់ចេញដំណើរដេញតាមទ័ពសត្រូវ ដែលខ្លួនគិតថាកំពុងតែរត់គេចទៅហើយនោះ ទទួលមានគេប្រាប់ដំណឹងថា ទ័ព៥ម៉ឺននាក់របស់ស្ដេចកនបានធ្វើដំណើរមកជិតដល់ជំរំខ្លួនហើយ ក៏ឈប់រង់ចាំសិន ។
មកដល់ភ្លាម ស្ដាប់របាយការណ៍រួច ស្ដេចកនក៏បែងចែកទ័ពចេញជាច្រើនកងតូចៗ រួចបញ្ជាឱ្យចេញដំណើរដេញតាមទ័ពអ្នកអង្គម្ចាស់ចន្ទភ្លាម និងថាឱ្យឡោមព័ទ្ធក្រុងពោធិ៍សាត់ឱ្យជាប់បើសត្រូវមិនព្រមចុះចូល ទេ ។ ទ័ពស្ដេចកនឡោមព័ទ្ធពោធិ៍សាត់ចាប់ពីថ្ងៃខានស្អែកឡើង ហើយទាហានរបស់ស្ដេចកនចូលរហូតមកដល់ជើងកំផែងទីក្រុង ស្រែកជេរដៀលត្មះអ្នកស្រុក ។ ការប្រយុទ្ធជាទូទៅក៏ចាប់ផ្ដើមឡើង ក៏ប៉ុន្ដែអ្នកស្រុកមោះមុតការពារទីក្រុងបានយ៉ាងល្អ ក្រោមបញ្ជារបស់អ្នកអង្គម្ចាស់ចន្ទ ធ្វើឱ្យពួកទាហានស្ដេចកនត្រូវដកថយចេញឆ្ងាយពីកំផែងបន្ដិច ដើម្បីកុំឱ្យរងរបួសដោយសារផ្លែព្រួញ និងដុំថ្មដែលគប់មកពីលើកំពូលកំផែង ។
ស្ដេច កនមានទ័ពពេលនោះសរុបទាំងអស់១០ម៉ឺននាក់ ឯអ្នកអង្គម្ចាស់ចន្ទមានតែ២ម៉ឺននាក់ប៉ុណ្ណោះ ក៏ប៉ុន្ដែព្រះអង្គមិនរួញរាឡើយ ។ ទ្រង់បានបែងចែកទ័ពជា២កង កងទី១មាន៥ពាន់នាក់ប្រគល់ឱ្យពញាសួគ៌ាលោកចៅហ្វាយខែត្រពោធិ៍សាត់ កាន់ ចំណែកព្រះអង្គកាន់ទ័ព១ម៉ឺននាក់ ពញាមហាសេនាចៅហ្វាយខែត្របរិបូណ៌កាន់ទ័ព២ពាន់នាក់ដឹកនាំមុខជា ទ័ពស្រួច ឯអ្នកអង្គម្ចាស់យសរាជា និងឧកញ៉ាវាំងជាភីលៀងកាន់ទ័ព៣ពាន់នាក់នៅការពារទីក្រុង ។ បែងចែករួច ទ័ពស្រួចចេញដំណើរនៅពេលយប់មកដល់ បន្ទាប់មកកងទី១របស់ពញាសួគ៌ាលោក ចេញវាយទៅលើកងទ័ពរបស់ពញាចក្រី រួចកងទ័ពរបស់អ្នកអង្គម្ចាស់ចន្ទចេញវាយទៅលើកងទ័ពស្ដេចកន ។ មានរឿងនិទានដែលនិយាយអំពីមូលហេតុធ្វើឱ្យទ័ពស្ដេចកនបាក់ចាញ់ គឺមានពួកខ្មោចដែលងើបចេញពីផ្នូរ មកស្រែកហ៊ោបន្លាច ។ តែអ្វីដែលប្រាកដ គឺទ័ពអ្នកអង្គម្ចាស់ចន្ទបានបើកការវាយប្រហារទៅលើទ័ពពួកក្បត់ ដោយមិនបានឱ្យដឹងមុន ធ្វើឱ្យពួកនេះបាត់ម្ចាស់ការ រត់បែកខ្ញែកគ្នាមិនដឹងទិសតំបន់ ។ ពញាចក្រីត្រូវគេសម្លាប់បាន ហើយកាត់ក្បាលយកទៅថ្វាយអ្នកអង្គម្ចាស់ចន្ទ អង្គម្ចាស់ចន្ទបានបញ្ជាឱ្យយកទៅដោតនឹងបង្គោលរបង ។ ទ័ពឈ្នះប្រមូលបានជ័យភណ្ឌជាច្រើន ។
អ្នកអង្គម្ចាស់ចន្ទ បានដឹកនាំទ័ពបន្ដដំណើរទៅដល់ក្រគរ ហើយបានបញ្ជាឱ្យសង់បន្ទាយ រើសទ័ពបន្ថែម និងប្រមូលស្បៀងសម្រាប់ផ្គត់ផ្គង់ទ័ព ។ រួចហើយទ្រង់យាងបន្ដទៅក្រាំង រហូតដល់ខ្លុង ប៉ុន្ដែមិនបានជួបនឹងពួកខ្មាំងទេ ។ ព្រះអង្គបញ្ជាឱ្យសង់បន្ទាយរើសទ័ពបន្ថែម និងប្រមូលស្បៀងដូចនៅក្រគរទៀត រួចហើយទ្រង់បន្ដដំណើរទៅកាន់ខែត្រអម្រិតបុរៈ នៅពេលដែលចៅហ្វាយខែត្រនេះជាបក្សពួកស្ដេចកនមិនអាចកេណ្ឌទ័ព ទប់ទល់នឹងអ្នកអង្គម្ចាស់ចន្ទបាន ក៏រត់គេចខ្លួនបាត់ទៅ ។ អ្នកស្រុកបាននាំគ្នាមកអបអរសាទររាក់ទាក់ទទួលអ្នកអង្គម្ចាស់ចន្ទ ដោយនាំយកតង្វាយជាច្រើនមកថ្វាយផង រួចនាំគ្នាកសាងបន្ទាយរឹងមាំមួយថ្វាយ ដោយប្រគល់ឱ្យចៅហ្វាយខែត្រម្នាក់ដែលទ្រង់ទើបចាត់តាំងថ្មីនៅ រក្សាការពារ ។
មកដល់វាលស្រាប អង្កាម អ្នកអង្គម្ចាស់ចន្ទ បានជួបជាមួយទ័ពរបស់ចៅហ៊្វាទឡ្ហៈ ដែលបាក់ចាញ់ដៃរត់ពីពោធិ៍សាត់មកកំពុងប្រមែប្រមូលគ្នា ។ ទ្រង់បើកការវាយប្រហារទៅលើធ្វើឱ្យពួកនេះបាក់បែករត់ខ្ចាត់ ខ្ចាយម្ដងទៀត ហើយព្រះអង្គដេញតាមសម្លាប់បានចៅហ៊្វាទឡ្ហៈដោយផ្ទាល់ដៃព្រះ អង្គ ។ បន្ទាប់ពីជ័យជម្នះថ្មីនេះ កងទ័ពបន្ដដំណើរទៅមុខទៀត ហើយបានមកបោះជំរំសម្រាកនៅខាងកើតរលាប្អៀរ ។ ពេលនោះចៅហ្វាយខែត្រដែលស្ដេចកនតែងតាំងគេចរត់បាត់ទៅ ទ្រង់ក៏ជ្រើសរើសមេទ័ពម្នាក់ឱ្យឡើងជំនួសវិញ ។
ពេល នោះ ជ័យជម្នះបានលេចចេញជារូបរាងបន្ដិចហើយចំពោះអ្នកអង្គម្ចាស់ចន្ទ ធ្វើឱ្យអ្នកស្រុកប្រែមានទំនុកចិត្ដមកលើព្រះអង្គវិញ ក៏នាំគ្នាមកស្វាគមន៍ព្រះអង្គច្រើនកុះករ ។ អ្នកស្រុកលង្វែកមកមុនគេ បន្ទាប់មកគឺអ្នកស្រុកជិតខាង នាំយកតង្វាយផ្សេងៗមកជាមួយ ឯពួកប្រុសៗស្ម័គ្រចូលទ័ពបម្រើព្រះអង្គ ។
និយាយពីស្ដេចកន វិញ ទ្រង់បានចាត់បញ្ជូនភ្នាក់ងារឱ្យចុះតាមខែត្រនានាជំរុញឱ្យចៅហ្វាយ ខែត្រនីមួយៗខិតខំប្រឹងប្រែងឡើងក្នុងការជ្រើសរើសទ័ព ។ ការងារនេះបាននាំមកនូវកងទ័ពថ្មីសម្រាប់ស្ដេចកនចំនួន១៧ម៉ឺននាក់ ដែលទ្រង់បែងចែកចេញជា២កង ស្ថិតនៅក្រោមបញ្ជាការរបស់ព្រះអង្គផ្ទាល់ ។ ទ្រង់ប្រគល់រាជធានីស្រីសន្ធរ ឱ្យបុត្រាព្រះអង្គ និងចៅហ្វ៊ាវាំងការពារ រួចក៏ចេញដំណើរមកកាន់ចតុម្មុខ មកបោះជំរំនៅក្រាំងពន្លៃ (65) ។
នៅ ក្រាំងពន្លៃនោះស្ដេចកនបានបញ្ជាឱ្យលោកយមរាជដឹកនាំទ័ព២ម៉ឺន៥ ពាន់នាក់មកវាយដណ្ដើមយកលង្វែកវិញ ។ ទទួលបានដំណឹងនេះ អ្នកអង្គម្ចាស់ចន្ទបានដឹកនាំទ័ព៤ម៉ឺននាក់មកជួយ ។ ទ្រង់បញ្ជាឱ្យទ័ពលង្វែកចេញវាយមុន ហើយឱ្យធ្វើជាចាញ់ដៃរត់គេចដើម្បីឱ្យសត្រូវដេញតាមរហូតមកដល់ កន្លែងមួយដែលព្រះអង្គនៅត្រៀមរង់ចាំ សឹមបែរវាយបកសង្គ្រុបទាំងអស់គ្នាវិញ ។ ប្រតិបត្ដិការនេះធ្វើឱ្យទ័ពសត្រូវខាតបង់មេទ័ពអស់១១នាក់ និងទាហានប្រហែលជា៥ពាន់នាក់ ហើយអ្នកនៅសល់ធ្លាក់ខ្លួនជាចំណាប់ខ្មាំងរបស់ទ័ពអ្នកអង្គម្ចាស់ ចន្ទ ។ គេកាត់ក្បាលមេទ័ពទាំង១១នាក់ រួចចាត់ឱ្យមេទ័ពនៅរស់៥នាក់ទៀតដែលគេកាត់ស្លឹកត្រចៀកនាំយក ក្បាលទាំងនោះទៅថ្វាយស្ដេចកន ជាមួយនឹងពាក្យផ្ដាំផ្ញើថា «បើ ទ្រង់មានទាហានច្រើនហើយចង់បន្ដការប្រយុទ្ធ សូមឱ្យឆាប់ចូលមក ។ ក៏ប៉ុន្ដែបើសិនជាចង់ផ្អាកសង្គ្រាម ព្រោះថាជិតដល់រដូវវស្សាហើយ ណាមួយជិតចូលឆ្នាំផង ទុកពេលឱ្យអ្នកស្រុកត្រៀមរៀបចំធ្វើស្រែចម្ការ ត្រូវលើកឡើងតាមតែចិត្ដចង់ទៅចុះ» ។
មេទ័ព ស្ដេចកនទាំង៥នាក់ចេញដំណើរផុត អ្នកអង្គម្ចាស់ចន្ទ ក៏នាំទ័ពត្រលប់មករលាប្អៀរវិញ តែទ្រង់បានចាត់សេនាឆ្លាតវៃម្នាក់ឱ្យតាមពិនិត្យមើលសភាពទ័ព សត្រូវបន្ដទៀត ។
ស្ដេចកនទទួល យល់ព្រមតាមសំណើរបស់អ្នកអង្គម្ចាស់ចន្ទ ហើយបានសរសេរសារលិខិតមួយឆ្លើយតបមកវិញ ដោយមានបោះត្រាផង រួចចាត់មន្ដ្រី៣នាក់ឱ្យនាំយកសារលិខិតនោះទៅឱ្យគូសត្រូវជាមួយ នឹងសំពត់ សូត្រ ចាក់ជរផ្កាមាស២០ដុំ សំពត់សូត្ររំលេចពណ៌ផ្សេងៗ២០ដុំ និងកម្រាលព្រំ២ផង ។
លិខិតនោះមានខ្លឹមសារដូចតទៅ ៖ «យើង សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រ ស្ដេចក្រុងកម្ពុជាធិបតីសិរីសោធនបវរឥន្ទបត្ដ យើងដែលប្រជានុរាស្ដ្រ និងរាជវង្សានុវង្សបានស្នើសុំឱ្យឡើងសោយរាជ្យលើរាជបល្ល័ង្កក្រុង ស្រឡប់ពិជ័យនគរខាងកើត សូមទូលថ្វាយព្រះអនុជាធិរាជចៅពញាចន្ទរាជាទ្រង់ជ្រាបថា យើងរីករាយណាស់នឹងឃើញអ្នកដឹកនាំទ័ពមកប្រយុទ្ធជាមួយនឹងយើង ប៉ុន្ដែដោយរដូវវស្សាជិតចូលមកដល់ ហើយយើងត្រូវទុកពេលឱ្យអ្នកស្រុកបង្កបង្កើនផលសិន ដូច្នេះសូមផ្អាកកិច្ចប្រតិបត្ដិការសង្គ្រាមមួយអន្លើក្នុងរដូវ នេះ ។ យើងយល់ព្រមតាមសំណើរបស់អ្នក តែមានលក្ខខណ្ឌថាយើងទាំងសងខាងមិនត្រូវឆ្លៀតឱកាសនេះដើម្បីលួច ដណ្ដើមយកអាណាខែត្ររបស់ម្ខាងទៀត បីដូចជាចោរខ្មួញនោះទេ ។ ការប្រយុទ្ធនឹងចាប់ផ្ដើមឡើងវិញ តែពេលណាមានការប្រកាសសង្គ្រាមពិតប្រាកដ ។ ធ្វើយ៉ាងនេះទើបត្រឹមត្រូសមជាស្ដេចផែនដី» ។
អ្នក អង្គម្ចាស់ចន្ទទ្រង់ខ្ញាល់ខ្លាំងណាស់នឹងស្ដេចកន ជាអតីតខ្ញុំម្នាក់ ដែលហៅព្រះអង្គថាអនុជដូច្នេះ ។ ទ្រង់ក៏មានព្រះបន្ទូលទៅកាន់អ្នកនាំសាររបស់ស្ដេចកនថា ៖ «យើង ទទួលយល់ព្រមតាមលក្ខខណ្ឌរបស់នាយកន ប៉ុន្ដែអ្នកត្រូវប្រាប់ទៅគេវិញថា យើងមិនពេញចិត្ដនឹងឱ្យមនុស្សដែលមានដើមកំណើតឆ្ងាយដាច់ស្រឡះពី យើង មកចាត់ទុកយើងជាអនុជនោះទេ» រួចហើយទ្រង់ចែករង្វាន់ជាមាស និងប្រាក់ខ្លះដែលព្រះអង្គបានយកពីស្រុកសៀមមកឱ្យអ្នកទាំងនោះ រួចក៏ដេញឱ្យត្រលប់ទៅវិញ ។
ពេលនោះ កងទ័ពរបស់អ្នកអង្គម្ចាស់ចន្ទមិនពេញចិត្ដនឹងការផ្អាកការប្រយុទ្ធទេ ។ ពួកមេទ័ពនាំគ្នានិយាយថា «តើ ធ្វើសង្គ្រាមដូចម្ដេច ពេលដែលយើងកំពុងតែមានជោគជ័យព្រះអង្គបែរទៅជាផ្អាកប្រតិបត្ដិការ ទុកឱ្យសត្រូវនៅរក្សាកាន់កាប់អាណាខែត្រមួយចំនួនដែលយើងអាចនឹង ដណ្ដើមយកបានទៅវិញ» ។ ពួកគេនាំគ្នាចូលគាល់អ្នកអង្គម្ចាស់ចន្ទ ហើយទូលព្រះអង្គថា «នាយ កនមានខែត្រច្រើនជាងយើង១០ដង បើចាប់រើសទ័ពនៅក្នុងបណ្ដាខែត្រចំណុះទាំងអស់នោះ ចាប់ពីមាត់សមុទ្រនៅខាងត្បូង ទៅដល់ស្រុកលាវនៅខាងជើង រហូតទៅដល់ព្រំប្រទល់ជាមួយនគរចាម្ប៉ា នឹងបានទាហានដល់ទៅរាប់រយពាន់នាក់ ។ ចំណែកខាងយើងវិញ យើងមានខែត្រតែ៦-៧ប៉ុណ្ណោះ ។ ព្រះអង្គជ្រាបស្រាប់ហើយថាយើងបានជ្រើសរើសទ័ពច្រើនណាស់ពីក្នុង ខែត្រទាំង៦-៧នេះ ដែលធ្លាប់រងគ្រោះជាដំណំដោយសារសង្គ្រាម ហើយខែត្របាត់ដំបងបានខាតបង់ប្រជាជនជាច្រើនដោយសារសៀមកៀរយកទៅ» ។ អ្នកអង្គម្ចាស់ចន្ទមានព្រះបន្ទូលតបទៅវិញថា កងទ័ពរបស់យើងនឿយហត់ខ្លាំងណាស់ទៅហើយមិនអាចបន្ដការប្រយុទ្ធតទៅ ទៀតក្នុងពេលនេះបានទេ ព្រះអង្គចង់រើសទ័ពបន្ថែមទៀតសិន ។ព្រះអង្គចរចាជាមួយស្ដេច កនដូច្នេះ ពីព្រោះព្រះអង្គមិនចង់ប្រយុទ្ធជាមួយទ័ពមកពីខែត្រកំពង់ស្វាយ ដែលមានពាក់សុទ្ធតែអាវក្រោះដែកដែលទ័ពយើងគ្មាន ណាមួយទ័ពសត្រូវមានការចាត់តាំងច្បាស់លាស់ជាទ័ពព្រះរាជា មានក្លស់ ទង់ជ័យ និងភ្លេងភ្លាត់ល្អជាងទ័ពយើង ។ ព្រះអង្គជារាជវង្សបានជានិយាយរួចទៅហើយមិនអាចលេបសម្ដីវិញបាន ទេ ។
មានព្រះបន្ទូលរួច អ្នកអង្គម្ចាស់ចន្ទធ្វើការណែនាំដល់ចៅហ្វាយខែត្រទាំងអស់ដែលប្រមូល បានមកវិញ រួចទ្រង់ដឹកនាំទ័ពចូលទៅក្រុងបរិបូណ៌ទៅ ។ ចំណែកឯស្ដេចកនវិញ ទ្រង់ក៏បានវិលត្រលប់ទៅកាន់ស្រីសន្ធរ ជារាជធានីរាជាណាចក្រខាងកើត ហើយគង់នៅស្ងប់សៀមដែរ ។
មុន នឹងមានការផ្អាកការប្រយុទ្ធគ្នានេះ ពេលទទួលដំណឹងថាចៅហ្វាយខែត្រកំពង់ស្វាយរៀបចំចេញដំណើរមកវាយយក ក្រគរ ទ្រង់បានដឹកនាំទ័ពចេញវាយប្រហារមុន សម្លាប់ចៅហ្វាយខែត្រនោះបាន ព្រមទាំងដណ្ដើមយកបានខែត្រសន្ទុក ស្ទឹងត្រង់ កំពង់សៀម បារាយណ៍ ជើងព្រៃ (66) និងខែត្រមួយចំនួនទៀត រួចបានប្រគល់ឱ្យនាយទាហានរបស់ព្រះអង្គគ្រប់គ្រងកាន់កាប់ ។ ប្រតិបត្ដិការនេះកើតមានឡើងក្នុងពេលកំពុងចរចាគ្នា ម្ល៉ោះហើយស្ដេចកនបានចោទប្រកាន់ថាគឺជាការបំពានលើ កិច្ចសន្យា ។ ប៉ុន្ដែអ្នកអង្គម្ចាស់ចន្ទអះអាងថារឿងវាកើតមានក្នុងអំឡុងពេល កំពុងចរចា មុនមានកិច្ចព្រមព្រៀង ដូច្នេះមិនខុសទេ ។
១៨. ព្រះចន្ទរាជា (១៥១៦-១៥៥៥)
នៅ ក្នុងពេលដែលមានការផ្អាកការប្រយុទ្ធគ្នានោះ នាយទាហានទាំងឡាយរួមជាមួយព្រះរាជវង្សានុវង្សផង បានឯកភាពគ្នាស្នើសុំឱ្យអ្នកអង្គម្ចាស់ចន្ទឡើងសោយរាជ្យជា ព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានយល់ព្រមទទួលតាម ក៏ប៉ុន្ដែទ្រង់បានសម្រេចព្រះទ័យថាទ្រង់នឹងទទួលយកការអភិសេក លុះណាតែទ្រង់ដណ្ដើមបានជ័យជម្នះលើនាយកនក្បត់រួចសិន ។ គេបានរៀបចំសង់ព្រះពន្លាផ្សេងៗសម្រាប់ធ្វើការប្រកាសតែងតាំង ព្រះរាជានេះ រួមមានព្រះរាជបល្ល័ង្កបាំងទៅដោយក្លស់រួត៥ជាន់ ព្រះអង្គបានឱ្យសង់៥ជាន់សិន (មិនទាន់ទទួលយកក្លស់៩ជាន់ភ្លាមទេ) គ្រឿងប្រដាប់បំពាក់ឱ្យសេះដែលអូសព្រះរាជរថ គ្រឿងប្រដាប់បំពាក់ឱ្យដំរីពេលយាងចេញធ្វើសង្គ្រាមគ្រឿងប្រដាប់ បំពាក់ឱ្យសេះចម្បាំង និងគ្រឿងប្រដាប់លម្អព្រះរាជទីនាំងនាវា ។
អ្នក អង្គម្ចាស់ចន្ទបានឡើងគង់លើរាជបល្ល័ង្កបាំងដោយក្លស់នៅក្នុង គ្រិស្ដសករាជ១៥១៦ ត្រូវនឹងមហាសករាជ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈជាព្រះរាជាមិនទាន់អភិសេកថា «សម្ដេចព្រះបរមនាថចន្ទរាជាធិរាជ ស្រីជ័យចេស្ដា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា» ។ នៅក្នុងពេលប្រកាសនោះ ពួកព្រាហ្មណ៍បុរោហិតបានផ្លុំស័ង្ខ និងមានការប្រគំភ្លេងកងរំពង ហើយមានប្រជារាស្ដ្រធ្វើដំណើរពីគ្រប់ខែត្រខណ្ឌមូលមីរ មកសម្ដែងការអបអរសាទរ ។
ព្រះរាជា បានតែងតាំងរដ្ឋមន្ដ្រី សេនាបតី ព្រះសង្ឃរាជនៃព្រះវិហារពុទ្ធសាសនាទាំង៧ នាយក្រុមព្រះរាជវង្សានុវង្ស២អង្គ ព្រះឥសីផាត ជាមេក្រុមបារគូទទួលបន្ទុកថែរក្សាអាវុធស័ក្ដិសិទ្ធិ និងរៀបចំពិធីតាមព្រហ្មញ្ញសាសនាផ្សេងៗ នាម៉ឺនតូចធំ អាស្រ័យទៅតាមគុណូបការៈដែលពួកគេបានបំពេញកន្លងមក ។ គេបាននិយាយថា ព្រះរាជាក៏បានចាត់ឱ្យគេសាងសង់វត្ដមួយនៅនឹងកន្លែងដែលគេលើកឱ្យ ព្រះអង្គសោយរាជ្យនោះ ។ គឺនៅពេលនោះហើយដែលទីរួមខែត្រអម្រិតបុរៈបានដូរឈ្មោះមកជា បរិបូណ៌វិញរហូតមកដល់សព្វថ្ងៃនេះ (67) ។
ក្នុង អំឡុងពេលនោះ ស្ដេចកនបានរៀបចំជ្រើសរើសកងទ័ពនៅតាមបណ្ដាខែត្រដែលស្ថិតនៅក្រោម អំណាចរបស់ព្រះអង្គ ហើយបានប្រមូលយកមកដាក់នៅស្រីសន្ធរនៅចុងឆ្នាំ១៥១៦ ។
ភាព ប្រទូសរ៉ាយរវាងគ្នានឹងគ្នាចាប់កើតមានឡើងវិញជាដំបូងដោយសារទ័ព ពួកបះបោរនៅសំរោងទង បានចេញមកកេណ្ឌប្រជាជនប្រមាណជា១០០គ្រួសារនៅក្នុងខែត្រ លង្វែក ។ ពេលទទួលបានដំណឹងនេះ ព្រះពញាចន្ទរាជាបានបញ្ជាឱ្យឧកញ៉ាចក្រីដឹកនាំទ័ព១ម៉ឺននាក់ទៅ ប្រដៅពួកនោះ ។ ឧកញ៉ាចក្រីបានវាយពួកនេះឱ្យបរាជ័យរួចដេញតាមវាយរហូតទៅខាងត្បូង ដណ្ដើមបានខែត្របាទី ព្រៃកប្បាស ទ្រាំង រួចទើបវិលត្រលប់មកចតុម្មុខវិញ ។
ចូល មកក្នុងឆ្នាំ១៥១៧ មានការប្រយុទ្ធជាច្រើន ក៏ប៉ុន្ដែការប្រយុទ្ធទាំងអស់នោះមិនបានធ្វើឱ្យមានការប្រែប្រួល អ្វីដល់ស្ថានភាពរបស់គូប្រឆាំងទាំង២ប៉ុន្មានទេ ។ ការប្រយុទ្ធបានត្រូវបញ្ឈប់ទាំងស្រុងនៅដើមឆ្នាំថ្មី រួចបានចាប់ផ្ដើមវិញយ៉ាងខ្លាំងក្លានៅពេលចប់រដូវវស្សា ។ ទ័ពព្រះរាជាបានទទួលជោគជ័យជាស្ថាពរលើទ័ពស្ដេចកននៅក្នុងខែមាឃធំ ជាខែទី៣នៃឆ្នាំ ហើយមិនគ្រាន់តែដណ្ដើមយកបានខែត្រទ្រាំងប៉ុណ្ណោះទេ គឺថែមទាំងដណ្ដើមយកបានខែត្រកំពត និងកំពង់សោមទៀតផង ។ ប៉ុន្ដែការដណ្ដើមយកខែត្របាសាក់ និងព្រះត្រពាំង ត្រូវបរាជ័យ ។
គឺ នៅពេលនោះឯងដែលស្ដេចកនលើកគម្រោងការលួចធ្វើឃាតព្រះចន្ទរាជាដូច ដែលខ្លួនធ្លាប់បានធ្វើចំពោះព្រះរាជាមុនរួចមកហើយ ។ ស្ដេចកនបានជ្រើសរើសទាហានស្ម័គ្រចិត្ដ១០០នាក់ដោយទ្រង់បានសន្យាថា នឹងលើកពួកគេឱ្យធ្វើជាចៅហ្វាយខែត្រលើខែត្រណាដែលដណ្ដើមយកបាន ពីព្រះរាជានៅពេលណាដែលពួកគេសម្លាប់ព្រះអង្គបាន ។ ពួកទាហានទាំងនោះបានធ្វើជានាំគ្នារត់មកសុំជ្រកកោនជាមួយកងទ័ព ព្រះរាជា ហាក់បីដូចជាគេក្បត់នឹងមេគេមុនអ៊ីចឹង ។ ព្រះចន្ទរាជាទទួលយកពួកនោះដោយបីតិសោមនស្ស និងមានការទុកចិត្ដជាខ្លាំង ហើយបានឱ្យដាក់បញ្ចូលពួកនោះទៅក្នុងកងរក្សាព្រះអង្គ ។ ថ្ងៃមួយព្រះរាជាបានចុះស្រង់ទឹកក្នុងស្ទឹងបរិបូណ៌ ដោយបានហៅឱ្យទាហានទាំងអស់ចុះងូតទឹកជាមួយព្រះអង្គដែរ ។ ពលទាហានទាំងអស់បានអនុវត្ដតាមព្រះរាជបញ្ជាលើកលែងតែពួកចុះចូលថ្មី ១០០នាក់មិនបានចុះងូតនឹងគេទេ ព្រោះមានកាំបិតស្នៀតលាក់ទុកនៅនឹងភ្លៅ ក៏មានការរំជើបរំជួលក្នុងចិត្ដជាខ្លាំង ។ ព្រះរាជាដែលពិនិត្យមើលឃើញហេតុការណ៍នេះក៏បញ្ជាឱ្យពួកនោះស្រាត សម្លៀកបំពាក់ចេញ ។ ពួកនោះគិតថាផែនការរបស់ពួកគេនឹងត្រូវបរាជ័យ បើសិនណាជាគេមិនចាប់អនុវត្ដភ្លាមទេ ក៏នាំគ្នាខិតមកជិតព្រះរាជាគិតថានឹងចាប់ធ្វើការវាយប្រហារមកលើ ព្រះអង្គភ្លាមតែម្ដង ។ ព្រះរាជាក៏ចាប់ផ្ដើមលែងទុកចិត្ដលើពួកនោះ បានរៀបចំប្រុងប្រៀបការពារខ្លួនព្រះអង្គ ដោយស្រែកហៅកងការពារឱ្យចូលមកជួយរួចទ្រង់រត់ទៅយកដាវដែលព្រះ អង្គព្យួរនៅនឹងដើមឈើមួយ ។ ទ្រង់បានលើកអាវុធត្រៀមការពារខ្លួនព្រះអង្គ រួចកាប់ទាំងដាវជាប់នៅក្នុងស្រោមទៅលើជនក្បត់ម្នាក់ដែលចូលមក ជិតព្រះអង្គជាងគេ ។ ព្រះរាជកាយវិការនេះ បានធ្វើឱ្យវាអាក់សកម្មភាពបន្ដិចដែរ ព្រមជាមួយពេលដែលស្រោមដាវត្រូវរបូតចេញទៅ ។ អាក្បត់នោះ ពេលពិនិត្យឃើញថាមានតែខ្លួនម្នាក់ឯងនៅចំពោះមុខព្រះរាជា មិនបានចាប់អារម្មណ៍ថា ពួកខ្លួនឯទៀតកំពុងតែជាប់ដៃជាមួយកងរក្សាព្រះអង្គទេ ក៏កើតមានការតក់ស្លុតជាខ្លាំង ហើយបើកមាត់ស្រែកហៅគ្នាឱ្យចូលមកជួយរួចក៏ត្រូវព្រះរាជាចាក់មួយ ដាវចូលក្នុងមាត់ស្លាប់ទៅ ។ ក្នុងពួកក្បត់១០០នាក់នោះមាន១០នាក់ដែលត្រូវបានគេសម្លាប់នៅនឹង កន្លែង ៨នាក់ត្រូវចាប់បានទាំងរស់ សេសសល់ប៉ុន្មានបានគេចរត់រួចទៅរកទ័ពស្ដេចកនវិញ ។ ចំណែកខាងទ័ពព្រះរាជា មានទាហាន១៥នាក់រងរបួស និងស្លាប់ម្នាក់ ។ ខ្មាំងដែលចាប់រស់ទាំង៨នាក់បានត្រូវគេសម្លាប់ដោយកាត់ក្បាល។
នៅ ចុងឆ្នាំនោះ ព្រះរាជាបានលើកស្នំឯកជាព្រះជាយា ហើយក៏បានប្រគល់ឋានៈផ្សេងៗទៅឱ្យពួកមេនំមេនាង ទៅតាមឋានៈរបស់គេផងដែរ ។
នៅ ខែមិគសិរ ឆ្នាំ១៥១៩ ស្ដេចកនដែលអ្នកប្រវត្ដិវិទូខ្មែរហៅថាជាព្រះរាជានៃព្រះរាជាណាចក្រ ទិសខាងកើត បានមកបង្ហាញខ្លួនព្រះអង្គនៅក្នុងខែត្រកំពង់សៀម ជាមួយកងទ័ព៨ម៉ឺននាក់ដែលមកទាំងតាមផ្លូវគោកផង និងផ្លូវទឹកផង ។ ព្រះចន្ទរាជាបានបញ្ជូនព្រះរាជបរិពារទាំងអស់ឱ្យទៅនៅឯរាជវាំងខែត្រ ពោធិ៍សាត់ រួចព្រះអង្គដឹកនាំទ័ពមានចំនួនប្រហាក់ប្រហែលគ្នាឆ្លងទន្លេចេញទៅ ធ្វើសង្គ្រាមនៅភូមិភាគបូព៌ាតែម្ដង ។ ដោយមានការយឺតយ៉ាវបន្ដិចក្នុងការឆ្លងទន្លេ ខែត្រកំពង់សៀមបានធ្លាក់ចូលទៅក្នុងដៃរបស់ស្ដេចកនមួយថ្ងៃមុនព្រះ អង្គយាងទៅដល់ ក៏ប៉ុន្ដែព្រះអង្គមិនមានញញើតទេ ទ្រង់បានបន្ដដំណើរចូលទៅបើកការវាយប្រហារលើទ័ពស្ដេចកន ធ្វើឱ្យពួកនេះបរាជ័យទាំងស្រុង រកតែរត់ចុះទូកទៅវិញក៏មិនទាន់ផង ។ ព្រះអង្គចាប់បានទាហានខ្មាំងជាច្រើននាក់ជាឈ្លើយ ។ ប៉ុន្មានថ្ងៃបន្ទាប់មក ស្ដេចកនបានបញ្ជូនទ័ពមួយកងទៀត ឱ្យមកវាយដណ្ដើមយកកំពង់សៀមវិញ ក៏ត្រូវបរាជ័យទៀត ប៉ុន្ដែនៅអាចរក្សាទីតាំងបាននៅឡើយ ។
ក្រោយ ពីបរាជ័យផ្ទួនៗនេះមក ស្ដេចកនបានសម្រេចចិត្ដថាត្រូវធ្វើការចរចាជាមួយចៅពញាចន្ទរាជាវិញ ទើបទ្រង់សរសេររាជសារមួយឱ្យនាម៉ឺនម្នាក់នាំយកមកថ្វាយព្រះ ចន្ទរាជា ។ នាម៉ឺននោះបានមកចុះទូកនៅត្រង់ខាងក្រោមកំពង់សៀមបន្ដិច ជួបនឹងពួកទាហានកំពុងដើរយាមល្បាត ក៏ត្រូវពួកនោះចាប់យកមកថ្វាយព្រះរាជា ។ ព្រះអង្គខ្ញាល់នឹងទាហានរបស់ព្រះអង្គណាស់ដែលអនុវត្ដផ្ទុយនឹង ច្បាប់សង្គ្រាម ធ្វើទុក្ខធ្វើទោសទូតរបស់សត្រូវ បណ្ដាលឱ្យធ្លាក់សារនោះជាមួយនឹងក្លងមាសទៅក្នុងទឹកស្ទឹង បាត់ ។ ទ្រង់បានឱ្យគេធ្វើទារុណកម្មនាយទាហានដែលប្រព្រឹត្ដខុសដោយវាយ២៥ រំពាត់ផ្ដៅ រួចដាក់ឃ្នាងក ។ បន្ទាប់មក ព្រះអង្គបានបញ្ជាឱ្យអ្នកនាំសាររបស់ស្ដេចកន សូត្រសេចក្ដីសំបុត្រដែលខ្លួនបានទន្ទេញចាំរត់មាត់ថ្វាយព្រះអង្គ សណ្ដាប់ ។
ក្នុងសេចក្ដីនៃ សារលិខិតនោះស្ដេចកនប្រកាសស្នើសុំសន្ដិភាពជាមួយព្រះអង្គចន្ទរាជា ដោយបែងចែកទឹកដីគ្នាដែលម្នាក់ៗមានធំសមគួរណាស់ទៅហើយ ។ ព្រះរាជាបានឆ្លើយតបទៅអ្នកនាំសារវិញថាព្រះរាជាណាចក្រទាំងមូលជា កេរ្ដិ៍ដំណែលដែលបុព្វបុរសព្រះអង្គបានបន្សល់ទុកមកឱ្យព្រះអង្គ ដែលជាបច្ឆាញាតិរបស់ព្រះរាជាពីបុរាណតរៀងមក ហើយខ្លួនព្រះអង្គនេះទៀតសោតក៏ជាម្ចាស់របស់ស្ដេចកនជាចោរក្បត់ ហើយបែរជាចង់មកសុំចែកទឹកដីជាមួយព្រះអង្គទៅវិញ ។ ព្រះអង្គមានព្រះបន្ទូលបន្ថែមប្រាប់ទៅអ្នកនាំសារនោះថា «បើសិនជាចៅហ្វាយរបស់អ្នកឯងចង់បញ្ឈប់សង្គ្រាម ត្រូវឱ្យគេដកថយចេញទៅ នោះយើងក៏នឹងដកថយចេញដែរ» ។
ស្ដេច កន នៅពេលទទួលចម្លើយនេះ ទ្រង់មានព្រះបន្ទូលថា កាលពីចរចាគ្នាលើកមុន ចៅពញាចន្ទរាជាបានប្រព្រឹត្ដបំពានដណ្ដើមយកអាណាខែត្រខាងលិចអស់មួយ ចំនួន ដូច្នេះមិនអាចទុកចិត្ដបានទេ ។ ទ្រង់បានរៀបចំដាក់ពង្រាយកងទ័ពតាមព្រំប្រទល់ខែត្រដែលទ្រង់ចង់ រក្សាទុក រួចហើយក៏យាងត្រលប់ចូលទៅក្នុងរាជវាំងនៅឯក្រុងស្រឡប់ព្រៃនគរវិញ ទៅ ។ ចំណែកព្រះចន្ទរាជាវិញ បានយាងត្រលប់មកបរិបូណ៌ រួចយាងបង្ហួសទៅពោធិ៍សាត់ ជាទីកន្លែងដែលព្រះរាជបរិពារទាំងអស់ស្ថិតនៅក្នុងអំឡុងពេលនៃការ ប្រយុទ្ធ ។ ទ្រង់បានចាត់ឱ្យគេសាងសង់ដំណាក់មួយប្រក់ស្បូវ មានសាលសវនាការនៅខាងក្នុងផង និងនៅខាងក្រៅផង ។
ពេល នោះជាពេលចូលឆ្នាំថ្មី រាជវាំងទាំង២ គឺខាងលិច និងខាងកើត បានរៀបចំពិធីបុណ្យចូលឆ្នាំដូចគ្នា ។ ពេលនោះឧកញ៉ាចក្រីខាងព្រះចន្ទរាជាមានគំនិតចង់លួចធ្វើឃាតស្ដេចកន ក៏ជ្រើសរើសបានទាហាន៤នាក់ស្ម័គ្រចិត្ដចូលទៅក្រុងស្រឡប់ព្រៃនគរ ដើម្បីលួចធ្វើឃាតស្ដេចកន ។ ប្រតិបត្ដិការនេះបរាជ័យ ទាហាន២នាក់ត្រូវគេចាប់សម្លាប់ចោល ។ រឿងនេះដឹងដល់ព្រះរាជា ទ្រង់ខ្ញាល់ជាខ្លាំង ។ ព្រះអង្គបានព្រមានឧកញ៉ាចក្រីដែលប្រព្រឹត្ដថោកទាបដូច្នេះ ហើយបានចាត់ទុកឧកញ៉ានោះថាជា «ចោរសង្គ្រាម» ។
ចាប់ពី ពេលនោះមក ទ័ពព្រះរាជាកើនចំនួនរាល់ខែ ។ ពេលចូលឆ្នាំថ្មីម្ដងៗ គេឃើញទ័ពព្រះអង្គមាននាយទាហានថ្មីៗរហូត ។ ចំនួនដំរីក៏កើនឡើងដែរ ព្រោះពេលចេញទាក់ម្ដងៗ ដែលជួនកាលព្រះរាជាយាងចូលរួមដោយផ្ទាល់ព្រះអង្គ គេទាក់បានដំរីពី២០ទៅ៣០ក្បាលយកមកផ្សាំងបង្រៀនសម្រាប់ចេញធ្វើ សង្គ្រាម ។ ទ្រង់បានតែងតាំងអ្នកណាដែលធ្លាប់បានបួសរៀននៅក្នុងវត្ដអារាមហើយ បានប្រលងជាប់ឱ្យធ្វើជាក្រមស្រុក ជាក្រមការស្រុក និងជាសុភា (ចៅក្រម) ។
នៅក្នុងឆ្នាំ១៥២២ ព្រះអង្គបានចាត់ឱ្យពួកសង្គ្រាយ គឺពួកអ្នកថែរក្សាទំនៀមទម្លាប់ ប្រមូលពួកអ្នកធ្លាប់បានបួសរៀនទាំងអស់ដែលត្រូវចូលបម្រើក្នុង កិច្ចការរាជការ ឱ្យមកជួបជុំគ្នានៅបរិបូណ៌ ធ្វើការប្រលងប្រជែងអំពីចំណេះភាសាបាលី និងការបកប្រែ ។ អ្នកណាដែលបានប្រលងជាប់នៅពេលនោះត្រូវបានព្រះអង្គចាត់តាំងឱ្យ ទទួលធ្វើការងារសាធារណៈភ្លាម សមស្របទៅតាមសមត្ថភាពរបស់គេម្នាក់ៗ ។ មានបង្កើតក្រុមល្ខោន មានតួស្រីប្រុសពូកែល្បីខាងច្រៀងរាំ ដើម្បីធ្វើឱ្យរាជវាំងមានពន្លឺរស្មីដូចកាលពីអតីតកាល ។
និយាយ អំពីស្ដេចកនវិញ កាន់តែងប់ងុលនឹងការសប្បាយ ភ្លេចអស់ផលប្រយោជន៍ប្រទេសដែលព្រះអង្គដឹកនាំ ព្រមទាំងកិច្ចការយុត្ដិធម៌ផង ។ ព្រះអាកប្បកិរិយានេះបានធ្វើឱ្យមន្ដ្រីជាច្រើនដែលធ្លាប់តែដើរ តាមព្រះអង្គ មានការខកចិត្ដជាខ្លាំង ម្យ៉ាងទៀតក្រមព្រហ្មទណ្ឌថ្មីដែលទ្រង់បានឱ្យកែប្រែដើម្បីទាក់ទាញ ចិត្ដប្រជារាស្ដ្រក៏មានការប៉ះពាល់ដល់ពួកមន្ដ្រី និងអ្នកស្មោះត្រង់ល្អដែរ ។ ចៅក្រមកាត់សេចក្ដីបានតែត្រឹមឱ្យបង់ពិន័យ ហើយសំណងនៃការខូចខាតបានត្រឹមតែ១ភាគ៣នៃច្បាប់ពីមុនប៉ុណ្ណោះ។
ព្រះចន្ទរាជាបានប្រមាថស្ដេចកនដោយមានព្រះបន្ទូលថា «នាយកនជាមនុស្សឧក្រិដ្ឋ ម្ល៉ោះហើយ តែងអនុគ្រោះឱ្យជនឧក្រិដ្ឋដូចគ្នា» ។ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ និងដាក់ទោសដល់ពួកចោរដែលមានចំនួនកាន់តែច្រើនឡើងៗក្នុងពេលស្រុក កំពុងវឹកវរ ទ្រង់បានសម្រេចឱ្យគេបង្កើនពន្ធដារមួយភាគបីឡើងវិញ ។
នៅសម័យនោះនៅខែត្រស្រីសន្ធរមានមន្ដ្រីថ្នាក់ទាបម្នាក់ឈ្មោះ ចៅហ្លួងឥន្ទកុមារ បាន យកក្មួយស្រីម្នាក់មកចិញ្ចឹមទុកដូចជាកូនបង្កើត ។ ពេលក្មួយស្រីនោះធំចម្រើនពេញវ័យហើយ គាត់ក៏រៀបចំទុកដាក់នាងធ្វើជាភរិយាបុរសម្នាក់ឈ្មោះ កំពេជ្រ សមស្រមតាមទំនៀមទម្លាប់ប្រពៃណីព្រះរាជាណាចក្រ ។ ការបាន១ឆ្នាំ នាយកំពេជ្រនេះច្រឡំប្រពន្ធខ្លួនជាមួយនឹងខ្ញុំស្រីអ្នកបម្រើរបស់ ប្រពន្ធខ្លួនម្នាក់ រួចក៏នាំខ្ញុំស្រីនោះរត់ទៅ ។ ចៅហ្លួងឥន្ទកុមារ ជាឪពុកក្មេកបានដេញតាមចាប់នាយកំពេជ្រ រហូតមកដល់កំពង់លង្វែក ប៉ុន្ដែមិនបាននាំយកទៅព្រះរាជាណាចក្រខាងកើតវិញដើម្បីធ្វើការ ជំនុំជម្រះទេ បែរជានាំចូលមកជួបចៅហ្វាយខែត្ររលាប្អៀរ ដាក់បណ្ដឹងឱ្យរកយុត្ដិធម៌ឱ្យវិញ ។ ពេលសវនាការ នាយកំពេជ្រឆ្លើយថា ឪពុកមាក្មេកនេះតាមមកចាប់ខ្លួនមិនមែនដើម្បីនាំឱ្យទៅជួបជុំជាមួយ ភរិយាវិញទេ ប៉ុន្ដែដើម្បីឃាត់ឃាំងមិនឱ្យខ្លួនដែលមកដល់ព្រះរាជាណាចក្រខាងលិច ទៅហើយបានចូលបម្រើព្រះចន្ទរាជា ។ ក្រោយពីបានស្ដាប់ចម្លើយនេះហើយ ចៅក្រមក៏ជឿ ហើយកាត់សេចក្ដីឱ្យចៅហ្លួងឥន្ទកុមារចាញ់ក្ដីទៅ ។ ចៅហ្លួងមិនសុខចិត្ដក៏ប្ដឹងឡើងឧទ្ធរណ៍ ចៅក្រមបានបញ្ជូនសំណុំរឿងទាំងអស់ទៅសាលាឧទ្ធរណ៍ទៀត ។ ក្រោយពីបានពិនិត្យសំណុំរឿងចប់សព្វគ្រប់ ចៅក្រមសាលាឧទ្ធរណ៍មិនដឹងជាកាត់សេចក្ដីយ៉ាងណា ក៏យកសំណុំរឿងនេះទៅទូលព្រះរាជា ។ ព្រះរាជាពិនិត្យមើលសំណុំរឿងយ៉ាងល្អិតល្អន់ រួចមានព្រះបន្ទូលថា នាយកំពេជ្រមិនគ្រាន់តែមានកំហុសបោះបង់ចោលភរិយាប៉ុណ្ណោះទេ តែនៅមានកំហុសដោយបានលួចយកខ្ញុំបម្រើរបស់ភរិយាខ្លួនថែមទៀត ដូច្នេះត្រូវទទួលទោសតាមកំហុសក្រោយនេះ ។ ពេលនោះ ពួកចៅក្រមបានប្រកែកមិនព្រមប្រកាសសាលក្រមតាមយោបល់ព្រះរាជាទេ ព្រោះថាខ្ញុំនោះជាខ្ញុំរបស់ប្រពន្ធ ហើយតាំងពីបុរាណកាលមក គេមិនដែលទទួលស្គាល់ថាប្ដីលួចទ្រព្យប្រពន្ធ ឬប្រពន្ធលួចទ្រព្យរបស់ប្ដីនោះទេ ។ ព្រះរាជាមានព្រះបន្ទូលតបទៅវិញថា «ពីមុនមកវាអ៊ីចឹងមែន តែឥឡូវនេះ វាមិនអ៊ីចឹងតទៅទៀតទេ» រួចព្រះអង្គក៏សម្រេចសេចក្ដីថា «នាយកំពេជ្រនេះមិនគ្រាន់តែមិនស្មោះត្រង់នឹងភរិយា បានបោះបង់នាងចោលធ្វើឱ្យនាងធ្លាក់ក្នុងភាពអាម៉ាស់ជាស្រីមេម៉ាយ ប៉ុណ្ណោះទេ ថែមទាំងលួចយកខ្ញុំបម្រើរបស់ភរិយាម្នាក់ធ្វើឱ្យនាងបាត់បង់ខាត ទ្រព្យអស់ថែមទៀត ដូច្នេះនាយកំពេជ្រត្រូវទទួលទណ្ឌកម្មដែលមានឈ្មោះថា ទោសានុទោស» ។ ទណ្ឌកម្មនេះ តម្រូវឱ្យគេបណ្ដើរនាយកំពេជ្រតាមផ្លូវក្នុងរាជធានីចំនួន៣ថ្ងៃលើ ក្បាលមានទូលកញ្ជើភ្នែកខ្មោចរួចហើយត្រូវវាយ១០០រំពាត់ ខ្សែតី ។ បន្ទាប់មក ទ្រង់បានចេញព្រះរាជបញ្ជាឱ្យប្រគល់ខ្ញុំស្រីនោះទៅឱ្យនាងជាភរិយា វិញ រួចឱ្យប្រកាសផ្ដាច់សង្វាសពីគ្នាតទៅ ។ ការសម្រេចក្ដីនោះ ក៏ត្រូវគេយកមកអនុវត្ដតាមរហូតមកចំពោះរឿងក្ដីប្រហាក់ប្រហែល គ្នា ។
ប៉ុន្មានឆ្នាំក្រោយមក ព្រះរាជាបានចេញព្រះរាជបញ្ជាឱ្យពាណិជ្ជករទាំងឡាយប្រើប្រាស់សម្រាប់ ការទិញដូររបស់ផ្សេងៗតែជាមួយប្រាក់កាក់ដែលព្រះអង្គឱ្យបោះពុម្ព មានឈ្មោះថា ហាលបីវាប៉ុណ្ណោះ ដើម្បីទុកជាអនុស្សាវរីយ៍រំលឹកដល់មេដោះដែលបានបីបាច់ថែរក្សា ព្រះអង្គ ។
នៅសម័យពេលនោះអ្នកស្រុកហៅព្រះចន្ទរាជាថាព្រះរាជាទិសខាងលិច ហើយហៅស្ដេចកនថាព្រះរាជាទិសខាងកើត តែដូច្នេះរត់មាត់ទៅហើយ ប៉ុន្ដែព្រះចន្ទរាជាបានចេញព្រះរាជបញ្ជាមួយហាមមិនឱ្យហៅស្ដេចកន ដូច្នេះទេ បើពុំនោះទេនឹងត្រូវទទួលទោសដល់ជីវិត ។ ទ្រង់មានព្រះបន្ទូលថា «បើសិនជា យើងច្បាំងចាញ់ ហើយត្រូវស្លាប់ក្នុងការប្រយុទ្ធ ពេលនោះទើបប្រជានុរាស្ដ្រអាចហៅវាថាជាព្រះរាជាជាអង្គម្ចាស់ជីវិត តម្កល់លើត្បូងបាន ប៉ុន្ដែចំពោះមុខនេះត្រូវហៅវាតាមឋានៈដែលព្រះបាទស្រីសុគន្ធបទបាន ដាក់ឱ្យមុនពេលមានការបះបោរ គឺឃុនហ្លួងព្រះស្ដេចកន ។ តែបើសិនជាវាច្បាំងចាញ់ត្រូវសម្លាប់បានទៅវិញនោះ ឋានៈតែមួយដែលសមស្របចំពោះវាគឺពាក្យថា អាក្បត់» ។
នៅ ក្នុងឆ្នាំនោះដែរ ព្រះរាជាទ្រង់បានឱ្យដឹកនាំទំនិញជាច្រើនសំពៅទៅកាន់នគរជ្វា ម៉ាឡាយូ ដើម្បីលក់ រួចហើយទិញកាំភ្លើងធំ១រយដើម និងកាំភ្លើងដៃ (កាំភ្លើងវែង) ១ពាន់ដើមយកមកវិញ ។ ស្ដេចកនក៏បានបញ្ជូនសំពៅ២គ្រឿងយកទំនិញទៅលក់ដែរ ហើយនាំយកមកវិញនូវកាំភ្លើងធំ១៥០ដើម និងកាំភ្លើងដៃ៣ពាន់ដើម ក៏ប៉ុន្ដែសំពៅទាំង២នោះបានជួបព្យុះ ក៏លើកកាំភ្លើងទាំងអស់នោះបោះចោលទៅក្នុងទឹកទៅ សំពៅទី១ បោះកាំភ្លើងចោលនៅពាមកញ្ជរ សំពៅទី២ដែលតូចជាងបោះចោលនៅពាម ។ សំពៅតូចក្រោយនេះបានត្រូវទាហានរក្សាមូលដ្ឋានចាប់បាន ឯកាំភ្លើងធំ៥០ដើម និងកាំភ្លើងដៃ១ពាន់ដើមបានត្រូវគេបញ្ជូនទៅកាន់បរិបូណ៌ ។ សំពៅរបស់ព្រះចន្ទរាជាវិលត្រលប់មកកាន់កម្ពុជាវិញមានផ្ទុក កាំភ្លើងពេញ មិនមានខូតខាតបាត់បង់អ្វីទេ ។
ទទួល បានកាំភ្លើងធំ១៥០ដើម និងកាំភ្លើងដៃ២ពាន់ដើមបន្ថែមដូច្នេះព្រះចន្ទរាជាបានជ្រើសរើស ទាហានបន្ថែមចំនួន២០ម៉ឺននាក់ទៀត ។ ទ្រង់ចាត់តាំងឧកញ៉ាមនោមេត្រី និងឧកញ៉ារាជាមេត្រីឱ្យធ្វើជាមេបញ្ជាការទ័ពឆ្វេងស្ដាំ រួចបានលើកព្រះភាគិនេយ្យពញាយសរាជាឱ្យធ្វើជាអគ្គសេនាប្រមុខលើ កងទ័ពទាំងមូលកាន់ទ័ព៥ម៉ឺននាក់ ដើម្បីចេញទៅធ្វើសង្គ្រាមនៅព្រៃវែង ។
ទ័ព ៥ម៉ឺននាក់ទៀតទ្រង់ដាក់ក្រោមបញ្ជាឧកញ៉ាសួគ៌ាលោក ជាបុត្រារបស់តាមឿង ។ ឧកញ៉ាឧទ័យធិរាជ កាន់ទ័ពស្រួចឧកញ៉ាពេជ្រតេជោ និងសហការីកាន់ទ័ពឆ្វេងស្ដាំ ។ ទ័ពនេះត្រូវធ្វើដំណើរកាត់ខែត្រកំពង់សៀមទៅបោះទីតាំងនៅខាងមុខ រាជធានីសំរោងព្រៃនគរដើម្បីរារាំងកុំឱ្យទ័ពចៅហ្វ៊ាកៅឆ្លងមកជួយ ស្ដេចកនជាក្មួយបាន ។
ព្រះរាជា កាន់ទ័ពធំមានគ្នា១០ម៉ឺននាក់ ។ ទ័ពស្រួចមានទាហាន២ម៉ឺននាក់ ស្ថិតនៅក្រោមបញ្ជាការរបស់ឧកញ៉ាចក្រីបុត្រច្បងរបស់តាមឿងចេញ ដំណើរមុន ។ ឧកញ៉ាយោមរាជបញ្ជាទ័ពស្លាបឆ្វេង ឧកញ៉ាក្រឡាហោមបញ្ជាទ័ពស្លាបខាងស្ដាំ ម្នាក់ៗចំនួន១ម៉ឺននាក់ ហើយសម្ដេចចៅពញាបញ្ជាទ័ពខាងក្រោយចំនួន១ម៉ឺននាក់ដែរ។ ចំណែកឯសម្ដេចចៅហ្វ៊ា ត្រូវព្រះអង្គចាត់ឱ្យកាន់ទ័ពនៅក្នុងរាជធានី នៅការពារព្រះរាជវាំង ។
ធ្វើដំណើរមកដល់ឧត្ដុង្គ ទ័ពព្រះរាជាឈប់សម្រាកជាលើកដំបូង ហើយទ្រង់យាងឡើងលើភ្នំព្រះរាជទ្រព្យ បន់ស្រន់អស់បណ្ដាទេវតាដែលថែរក្សាព្រះរាជាណាចក្រ សូមឱ្យលោកជួយព្រះអង្គទទួលនូវជ័យជម្នះ រួចទ្រង់យាងតាមទូកសារាយអណ្ដែតដែលព្រះសង្ឃរាជថ្វាយទៅ ពោធិ៍សាត់ ។នៅពេលត្រលប់មកពីពោធិ៍សាត់វិញ ទ្រង់បានបញ្ជាឱ្យទ័ពទាំង៤កងចេញដំណើរទៅកាន់រាជវាំងស្ដេច កន ។
និយាយពីស្ដេចកន វិញ ដែលមានជំនឿជឿជាក់ក្នុងខ្លួនថា ព្រះចន្ទរាជាមិនហ៊ានលើកទ័ពមកវាយព្រះអង្គ ក៏គិតតែពីសប្បាយ ដោយគិតថាមានសុវត្ថិភាពហើយ ។ ដល់ទទួលរបាយការណ៍ថា ទ័ពព្រះរាជាចូលមកជិតដល់ហើយ ក៏ភ្ញាក់ខ្លួនព្រើត ភិតភ័យខ្លាំងណាស់ ចេញបញ្ជាមិនដឹងខុសមិនដឹងត្រូវ ប្រមូលទ័ពបានតែ១ម៉ឺននាក់ប៉ុណ្ណោះ ។ ទ្រង់ក៏សម្រេចរត់ចោលរាជធានីបាសាន ដោយចាប់បង្ខំឱ្យប្រជារាស្ដ្រទៅតាមព្រះអង្គផង ។ ពេលរត់នោះក៏មកជួបជាមួយទ័ពរបស់ឧកញ៉ាសួគ៌ាលោកប្រយុទ្ធគ្នាពេញ១ ថ្ងៃរកតែដកដៃគេចក៏មិនរួច ។ នៅពេលនោះ ទ័ពរបស់ឧកញ៉ាចក្រី និងឧកញ៉ាតេជោ ដែលខិតខំធ្វើដំណើរឥតឈប់ឈរព្រោះចង់វាយស្ដេចកន បានមកដល់ល្មមព័ទ្ធទ័ពស្ដេចកនជាប់ពីខាងក្រោយ និងពីខាងចំហៀង ទ័ពឧកញ៉ាសួគ៌ាលោកនៅពីខាងមុខក៏ព្រួតគ្នាវាយយ៉ាងពេញ ទំហឹង ។ ចៅហ្វ៊ាកៅជាឪពុកមាស្ដេចកន ពេលបានទទួលដំណឹងអំពីការមកដល់សំរោងព្រៃនគររបស់កងទ័ពព្រះរាជាផង និងដំណឹងអំពីគ្រោះថ្នាក់ដែលស្ដេចកនកំពុងជួបប្រទះផង ក៏នាំទ័ព៥ម៉ឺននាក់ឡើងទៅទិសខាងជើងដែលគ្មានទ័ពព្រះរាជា ដើម្បីទៅផ្សារភ្ជាប់ជាមួយទ័ពស្ដេចកនដែលកំពុងតែទប់ទល់ស្វិតស្វាញ នៅឡើយ នៅកណ្ដាលកងទ័ពរបស់ព្រះរាជា ប៉ុន្ដែបានត្រូវទ័ពរបស់ឧកញ៉ាតេជោដែលដឹងអំពីល្បិចនេះជាមុនតាម វាយបំបែកពីក្រោយជាប់ ។
ស្ដេចកន មិនបានដឹងថាឪពុកមាមកជួយទេ ប៉ុន្ដែដល់ឃើញទ័ពឧកញ៉ាតេជោធ្វើចលនា ក៏កាត់យល់ថា ទ័ពនេះមានគេវាយមកលើហើយ ក៏បែរកម្លាំងវាយទៅខាងនោះ ហើយបើកផ្លូវចេញរួច តែត្រូវមកជួបជាមួយទ័ពរបស់សម្ដេចចៅពញា និងទ័ពរបស់ឧកញ៉ាមហាមន្ដ្រី ដែលកំពុងតែលាក់ខ្លួនរង់ចាំនៅក្នុងព្រៃលំបង់ ក្នុងនោះមានទាហាន២៥០នាក់ក្រោមបញ្ជាការរបស់ព្រះសូឡាត់មាន កាំភ្លើងកាន់នៅដៃ ។ មានទ័ព៥ពាន់នាក់ទៀតនៅក្រោមបញ្ជាការរបស់ឧកញ៉ាមហាទេព ឈរជើងនៅលើភ្នំពាមជាំង មានកាន់កាំភ្លើង ធ្នូ និងស្នា ។ ពេលនោះ ទ័ពពួកបះបោរទាំង១ម៉ឺននាក់បានត្រូវសម្លាប់ រងរបួស ឬក៏ត្រូវចាប់ខ្លួនបាន បើពុំនោះទេ ត្រូវរត់ខ្ចាត់ខ្ចាយ អ្នកនៅសល់ខ្លះហែលឆ្លងទន្លេតូច រត់ទៅតាមផ្លូវសរព្រះចន្ទសំដៅទៅរកទ័ពនៅសំរោងព្រៃនគរ ។ ព្រះចន្ទរាជាទ្រង់រង់ចាំពួកបាក់ទ័ពនេះនៅក្នុងវាលសរព្រះចន្ទនោះ ឯង ។ ពេលនោះទ័ពស្រួចរបស់ព្រះអង្គ ប៉ះជាមួយសត្រូវមុនគេ ហើយមេទ័ពស្រួចសម្ដេចចៅពញាបានត្រូវឪពុកមារបស់ស្ដេចកនបបួលឱ្យចូល មកប្រយុទ្ធគ្នាហើយសម្លាប់បានប៉ុន្ដែទ័ពចៅហ្វ៊ាកៅបានត្រូវទ័ព ព្រះរាជា៣កងទៀតដេញតាមប្រកិតក៏វាយដកខ្លួនថយរហូតបានទៅជួប ជាមួយនឹងទ័ពស្ដេចកន ។
បាន ជួបជុំគ្នាមា និងក្មួយ ស្ដេចកន និងចៅហ្វ៊ាកៅគិតថាពួកគេមានកម្លាំងខ្លាំងល្មមហើយ ក៏នាំគ្នាធ្វើដំណើរតាមផ្លូវទៅព្រៃលំបង់ ។ ទៅដល់ទីនោះក៏ជួបជាមួយទ័ពឧកញ៉ាមហាមន្ដ្រី១ម៉ឺននាក់ ដែលដាច់ខាតរារាំងផ្លូវពួកគេ មិនឱ្យទៅមុខ ធ្វើឱ្យស្ដេចកនដែលត្រូវវាយប្រហារជាច្រើនលើកច្រើនសារួចមកហើយ ធ្លាក់ខ្លួនអស់សង្ឃឹម ហើយស្រែកយំ ។ ចៅហ្វ៊ាកៅជាមាឃើញដូច្នេះក៏និយាយលួងលោម រួចចាប់ក្មួយដាក់លើខ្នងសេះពីខាងក្រោយ បម្រុងនាំគេចចេញពីសមរភូមិទៅដោយនិយាយថា «គ្មានអ្វីខាតបង់ទេកាលណាយើងនៅរស់» ។ ពេលនោះ ពួកទាហានរបស់ព្រះសូឡាត់២៥០នាក់ក៏ចាប់បាញ់កាំភ្លើងសំដៅមកលើ ធ្វើឱ្យទាហានពួកក្បត់ស្លាប់អស់ជាច្រើន ។ ក៏ប៉ុន្ដែចៅហ្វ៊ាកៅនៅតែស្រែកកម្លាទាហានឱ្យបន្ដការប្រយុទ្ធទាំង ស្ដេចកនក៏មានទឹកចិត្ដឡើងវិញដែរ ។ ពួកគេនៅសល់ទាហានប្រហែលតែ៥ពាន់នាក់ប៉ុណ្ណោះ ក៏ប៉ុន្ដែជាមួយទាហានប៉ុននេះ គេអាចទប់ទល់ ហើយគេចខ្លួនរួចពីការវាយសង្គ្រុបឥតបង្អង់ដៃពីគ្រប់ទិសទីរបស់ ទ័ពឧកញ៉ាមហាមន្ដ្រី១ម៉ឺននាក់។ ពួកគេគេចខ្លួនទៅដល់ច្រកនៅចន្លោះភ្នំពាមជាំង និងភ្នំពានជញ្ជាំង ដោយអស់កម្លាំងនឿយហត់ខ្លាំងពេក មិនអាចបន្ដដំណើរទៅមុខទៀតបាន ក៏នាំគ្នាឈប់សម្រាកដាំបាយហូបសិន ។ ប៉ុន្ដែឧកញ៉ាមហាទេពដែលបោះទ័ពនៅលើកំពូលភ្នំមិនបានទុកពេលឱ្យទេ ក៏ចាប់ប្រមៀលដុំថ្មទម្លាក់មកលើ ហើយបាញ់កាំភ្លើង ព្រួញធ្នូស្នាមកលើថែមទៀត ។ នៅពេលស្ងប់ទៅស្ដេចកន និងឪពុកមាមាននៅសល់ទាហានមិនដល់៥រយនាក់ផង អ្នកឯទៀតស្លាប់ ឬក៏រត់បែកខ្ញែកអស់ទៅ ។ ប៉ុន្ដែ ពួកគេនៅតែអាចរត់គេចខ្លួនរួចយ៉ាងលឿន រហូតទាល់តែទ័ពព្រះរាជាមើលមិនទាន់ មិនហ៊ានដេញតាម ។
ពេលនោះព្រះចន្ទរាជាបានចេញបញ្ជាឱ្យឧកញ៉ាយមរាជ ឧកញ៉ាវាំង ឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រី នាំ ទាហានទៅបោះទ័ពនៅពីមុខរាជធានីសំរោងព្រៃនគរ ជាកន្លែងដែលនាយកន និងឪពុកមារត់ទៅពួនលាក់ខ្លួនសម្ងំនៅ ទ័ពទាំងអស់ស្ថិតនៅក្រោមបញ្ជារបស់សម្ដេចចៅពញាយសរាជាជាព្រះ អគ្គមេបញ្ជាការ ។ ទ័ពព្រះរាជាឡោមព័ទ្ធរាជធានីនេះជាប់៣ខែ ប៉ុន្ដែមិនអាចដណ្ដើមយកបន្ទាយរឹងមាំដែលនៅលើកំពូលភ្នំបាន ទេ ។ ពេលនោះ ឧកញ៉ាចក្រីខាងទ័ពព្រះរាជា ក៏មានគំនិតចាប់សង់កំពែងឱ្យបានខ្ពស់ស្មើនឹងកំពែងរាជធានី រួចដាក់ទ័ពកាំភ្លើងបាញ់ចូលទៅក្នុងអស់ពេល៥ថ្ងៃ នៅតែមិនបានផល ។ ប៉ុន្ដែ ព្រះរាជាបានប្រកាសឱ្យដឹងថា ព្រះអង្គនឹងមិនឱ្យដកថយការហ៊ុមព័ទ្ធនេះទេ ឱ្យបន្ដរហូតទាល់តែទទួលបានជ័យជម្នះ ហើយនៅពេលនោះ មនុស្សទាំងអស់ដែលព្រះអង្គឃើញនៅក្នុងរាជធានីនឹងត្រូវដាក់ឱ្យទៅ ជាខ្ញុំទាំងអស់ ។ ឮដូច្នេះ ពួកទាហាននៅក្នុងកងទ័ពព្រះរាជាដែលមានបងប្អូនរស់នៅក្នុងរាជធានី នោះ ក៏ផ្សព្វផ្សាយដំណឹងនេះបន្ដៗគ្នា ហើយបាននិយាយបន្ថែមថា ស្ដេចសៀមនឹងបញ្ជូនទ័ពមកជួយព្រះចន្ទរាជា ជាហេតុធ្វើឱ្យរឹតតែជ្រួលច្របល់ខ្លាំងឡើងថែមទៀត ។
យប់ មួយព្រះរាជាបានបញ្ជាឱ្យគេដុតស្មៅដែលនៅជាប់នឹងអាចម៍បំណះ ភ្លឺព្រោងព្រាតជុំវិញរាជធានី ធ្វើឱ្យអ្នកដែលរស់នៅខាងក្នុងជឿថាទ័ពសៀមបានមកដល់ហើយ ភ្លើងទាំងអស់នោះជាភ្លើងដែលពួកគេដុតបំភ្លឺ ។ ពេលនោះប្រជាជនចាប់ភិតភ័យជាខ្លាំង ក៏នាំគ្នាបើកទ្វាររាជធានីរត់ចេញមកក្រៅ ដើម្បីគេចឱ្យផុតពីការកាប់សម្លាប់ និងការធ្លាក់ខ្លួនជាខ្ញុំប្រសិនបើត្រូវគេចាប់បាន ។ ទាហានស្ដេចកនក៏រត់ចេញមកដែរទាំងរញីរញ៉ៃគ្មានសណ្ដាប់ធ្នាប់ នាំគ្នាសម្រុកចេញទៅក្រៅខ្សែឡោមព័ទ្ធ តែត្រូវទ័ពព្រះរាជាដែលនៅត្រៀមចាំកាប់សម្លាប់អស់ជាច្រើន ។ ដល់ឃើញដូច្នេះ ពួកអ្នកស្រុកក៏ចូលដៃចូលជើងជាមួយទ័ពព្រះរាជា ជួយកាប់សម្លាប់ពលទាហាន និងឧត្ដមសេនីយ៍ក្បត់ដែលរត់មិនរួច ស្លាប់អស់គ្មានសល់ ។ ចៅហ្វ៊ាកៅ ឪពុកមារបស់ស្ដេចកន បានត្រូវឧកញ៉ាចក្រីកាប់នឹងដាវស្លាប់នៅមាត់ទ្វាររាជធានី ។ ចំណែកស្ដេចកនវិញ ត្រូវឧកញ៉ាវាំងរកឃើញកំពុងអង្គុយកណ្ដាលចំណោមស្រីៗនៅក្នុងដំណាក់ ក៏ចោលលំពែងធ្វើឱ្យរបួស រួចចាប់ចងដាក់ឱ្យគេយាមកាមយ៉ាងហ្មត់ចត់ ។ ស្អែកឡើងព្រះចន្ទរាជាទ្រង់បានបញ្ជាឱ្យគេសម្លាប់ស្ដេចកនចោល និងឱ្យដាក់បក្សពួកទាំងអស់ជាខ្ញុំរបស់ព្រះរាជាណាចក្រ ។
ប៉ុន្មានថ្ងៃក្រោយមក ព្រះរាជាបានចាត់តាំងឱ្យព្រះសូឡាត់ ត្រួតត្រាលើខែត្រត្បូងឃ្មុំ និងមើលខុសត្រូវបន្ទាយ ចំណែកព្រះអង្គក៏ឡើងគង់លើទូកសារាយអណ្ដែត យាងទៅកាន់រាជធានីបរិបូណ៌វិញ ។ យោលទៅតាមការស្នើសុំរបស់ព្រះសង្ឃរាជដែលបានថ្វាយទូកនេះដល់ព្រះ អង្គ ព្រះអង្គទ្រង់បានចាត់ឱ្យកសាងវត្ដមួយនៅក្នុងព្រៃងងុយដេករួចហើយ ឱ្យយកទូកនោះទៅឆ្លាក់ជាព្រះពុទ្ធរូបមួយអង្គធំ និងព្រះពុទ្ធរូបតូចៗជាច្រើនទៀតតាមដែលអាចធ្វើបាន ។ មួយឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៥០៦ វត្ដនោះមានឈ្មោះថា ព្រះពុទ្ធលាយល័ក្ខ (68) ឯព្រះចៅអធិការបានទទួលឋានៈជាព្រះឥន្ទទេពចក្រ ។
ទីក្រុងពោធិ៍សាត់បានដូរឈ្មោះទៅជា បន្ទាយមានជ័យ ហើយបានក្លាយជារាជធានីរបស់ព្រះរាជាណាចក្រអស់មួយរយៈ ។
មួយឆ្នាំមកទៀត ចៅពញាយសរាជា ជាបុត្ររបស់ស្នំឯក និងត្រូវជាក្មួយស្ដេចកន បានសុគតទៅក្នុងព្រះជន្មាយុ១៨ព្រះវស្សា។ សពរបស់ព្រះអង្គបានត្រូវគេធ្វើពិធីបូជាជាមួយសពព្រះបិតា ព្រះសុគន្ធបទដែរ ។
ក្នុង មួយរយៈពេលមានសង្គ្រាមនេះរហូតដល់ឆ្នាំ១៥២៥ ស្ដេចសៀមហាក់ដូចជាមិនបានយកចិត្ដទុកដាក់ចំពោះព្រឹត្ដិការណ៍ ទាំងឡាយដែលកើតមាននៅកម្ពុជាទេ ប៉ុន្ដែគេបានចាត់ទុកព្រះរាជាណាចក្រកម្ពុជាថា នៅចំណុះអធិរាជភាពរបស់គេហើយយោលទៅតាមទម្លាប់បុរាណដែលមានរវាង នគរអធិរាជ និងនគរសាមន្ដរាជ ស្ដេចសៀមបានស្នើឱ្យព្រះចន្ទរាជាយកដំរីសដ៏ល្អមួយដែលព្រះអង្គ មាននៅក្នុងក្រោលទៅថ្វាយ ។ ព្រះចន្ទរាជាមិនយល់ព្រមបង្ហាញឱ្យឃើញថាព្រះអង្គចំណុះស្ដេចសៀមទេ ហើយមិនបានផ្ញើដំរីសតាមសំណើឡើយ ។ ស្ដេចសៀមបានចាត់ទុកការប្រកែកមិនព្រមថ្វាយដំរីសឱ្យនេះថាជា ការមិនបានបំពេញកាតព្វកិច្ចក្នុងភាពជានគរចំណុះ ហើយដោយទ្រង់គិតថា ព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះដុនដាបដោយសង្គ្រាមរវាងគ្នាឯង និងគ្នាឯងខ្លាំងណាស់ទៅហើយ ទ្រង់ក៏ដឹកនាំទ័ពឆ្លងកាត់ព្រំប្រទល់ដែនចូលមកឈ្លានពានខែត្រ អង្គរ ។ ព្រះរាជាចាត់ឱ្យកេណ្ឌទ័ពជាប្រញាប់ ទ័ពនោះពោរពេញទៅដោយសេចក្ដីក្លាហាន រួចទ្រង់បានដឹកនាំផ្ទាល់ព្រះអង្គចេញទៅវាយទ័ពស្ដេចសៀមឱ្យ បរាជ័យ ចាប់បានឈ្លើយ១ម៉ឺននាក់នាំយកមកពោធិ៍សាត់ (69) ។
នៅ ឆ្នាំ១៥២៨ប្រហែលជា៤ឆ្នាំក្រោយពីបរាជ័យរបស់ទ័ពសៀមរួចមក ព្រះចន្ទរាជាមានព្រះតម្រិះថា រាជធានីពោធិ៍សាត់នេះស្ថិតនៅជិតព្រំប្រទល់ដែនខ្លាំងណាស់ ទ័ពសត្រូវងាយនឹងបើកការវាយប្រហារមកលើ បានយ៉ាងស្រួល បើសិនជាគេដើរស្រូតតែបន្ដិច ទ្រង់ក៏សម្រេចផ្ទេររាជធានីមកតាំងនៅខាងត្បូងបន្ដិចត្រង់ លង្វែក ។ គឺនៅលង្វែកនេះឯង ដែលព្រះអង្គទទួលព្រះពិធីរាជាភិសេកឡើងសោយរាជ្យនៅក្នុងឆ្នាំ១៥២៩ នៅពេលដែលព្រះអង្គមានព្រះជន្មាយុ៥៣ព្រះវស្សា។
ថ្ងៃមួយ ពេលយាងប្រពាតព្រៃ ព្រះរាជាបានប្រទះឃើញដុំថ្មមួយដុំដែលត្រូវមែកគគីរមួយដើមដុះ ព័ទ្ធស្ទើរជុំជិត ទ្រង់ក៏បញ្ជាឱ្យគេកាប់យកមែកគគីរនោះទៅឆ្លាក់ជាព្រះពុទ្ធរូប៤ ព្រះអង្គទល់ខ្នងគ្នា បែរព្រះភ័ក្ត្រទៅរកទិសទាំង៤ ឯដុំថ្មទ្រង់ឱ្យឆ្លាក់ធ្វើជាទម្រ ។ រួចទ្រង់បានបញ្ជាឱ្យសង់វត្ដមួយនៅលង្វែក ដាក់ព្រះពុទ្ធរូបនេះនៅក្នុងព្រះវិហារមណ្ឌប (70) សម្រាប់ឱ្យពុទ្ធសាសនិកគោរពបូជានៅក្នុងឆ្នាំ១៥៣០នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ ១៤៥២ ចុល្លសករាជ៨៩២ ។
គេ និយាយថា ព្រះចន្ទរាជាបានកសាងវត្ដមួយនៅឧត្ដុង្គដែលមានព្រះពុទ្ធរូបធំមួយ អង្គ និងកសាងវិហារតូចជាងគេនៅលើភ្នំព្រះរាជទ្រព្យដែលមានព្រះ ពុទ្ធរូបនិព្វានមួយអង្គ ព្រមទាំងឱ្យជីកស្រះទឹក៣ផង គឺស្រះធម្មកេរ្ដិ៍ នៅខាងជើងភ្នំ ស្រះដើមពោធិនៅខាងលិច និងត្រពាំងសំរឹទ្ធនៅខាងជើងដែរ ។ ទ្រង់ក៏បានបញ្ជាឱ្យគេបោះចម្រូងយ៉ាងមាំ រួចចាក់ដីជាច្រើនបិទកន្លែងមួយដែលទឹកហូរចេញពីក្នុងដីមក បង្កើតបានជាត្រពាំងមួយហៅថា ត្រពាំងផ្សារដែក (71) ។ រួចទ្រង់បានឱ្យគេត្រួសរានព្រៃនៅជុំវិញភ្នំយកដីធ្វើស្រែប្រមូល ផលផ្គត់ផ្គង់ជីវភាពព្រះសង្ឃដែលគង់នៅក្នុងវត្ដ ព្រោះថាវត្ដនោះនៅឆ្ងាយពីភូមិអ្នកស្រុក និងបានប្រគល់ពលព្រះជាច្រើនដាក់នៅក្រោមបញ្ជាការមេម្នាក់ ដើម្បីឱ្យធ្វើស្រែទាំងអស់នោះ ។ ព្រះសង្ឃរាជវត្ដនោះ មានព្រះឋានៈជា ព្រះមហាធាតុថេរ ។
ពេល នោះ សង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅឯស្រុកសៀមក្នុងឆ្នាំ១៥២៩ ។ ទទួលបានដំណឹងនេះ ព្រះចន្ទរាជាបានកោះប្រជុំរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ដ្រីនៃព្រះរាជាណាចក្រ រួចទ្រង់មានព្រះបន្ទូលថា ៖ «ពួកសៀមបាន ចូលមកលុកលុយព្រះរាជាណាចក្រកម្ពុជាយើង២ដងរួចមក ហើយហើយរាល់ពេលដែលចេញទៅវិញ គេបានកៀរយកអ្នកស្រុករបស់យើងទៅជាមួយផង ។ ដោយសារហេតុនេះហើយ បានជាព្រះបិតារបស់យើងត្រូវបង្ខំចិត្ដបោះបង់ចោលឥន្ទបត្ដបុរី ដកថយមកគង់នៅចតុម្មុខវិញ ។ ឥឡូវស្រុកសៀមមានវិបល្លាស ដោយឃុនវរវង្សាធិរាជបានធ្វើឃាតព្រះរាជាដណ្ដើមរាជសម្បត្ដិ យើងត្រូវតែឆ្លៀតយកឱកាស» ។ មានព្រះបន្ទូលរួច ព្រះរាជាបានបញ្ជាឱ្យព្រះអនុជរបស់ព្រះអង្គយាងទៅខែត្របាភ្នំ កេណ្ឌទ័ពឱ្យបាន១២ម៉ឺននាក់ហើយឱ្យកេណ្ឌសេះដំរី និងរទេះសាលីផងដែលចាំបាច់សម្រាប់ត្រៀមធ្វើសង្គ្រាម ។ ពីរបីថ្ងៃក្រោយមក ទ្រង់បានចាត់លោកចៅហ៊្វាទឡ្ហៈគឺនាយករដ្ឋមន្ដ្រីឱ្យកាន់ទ័ពស្រួច ឯព្រះអង្គកាន់ទ័ពមួយកងទៀត យាងទៅជាមួយដែរ តាមផ្លូវពីចតុម្មុខទៅពោធិ៍សាត់ និងបាត់ដំបង ។
ទ័ពស្រួច របស់ចៅហ៊្វាទឡ្ហៈទទួលបានជ័យជម្នះរហូតលើទ័ពអាជ្ញាធរខែត្ររបស់សៀម តាំងពីដំបូង រហូតដល់ព្រំប្រទល់ខែត្របស្ចិម ធ្វើឱ្យពួកមន្ដ្រីសៀមរត់គេចខ្លួនបាត់អស់ ហើយខ្មែរយើងចាប់បានសៀម៤ពាន់នាក់ជាឈ្លើយ ។
មក ដល់បស្ចិមបុរី ពលទាហានអស់កម្លាំងខ្លាំងណាស់ទៅហើយ ក៏សម្រាករង់ចាំទ័ពព្រះរាជាស្រីរាមាធិបតីយាងមកដល់ ។ ពេលទ័ពព្រះរាជាមកដល់ លោក ចៅហ៊្វាទឡ្ហៈក៏នាំចៅហ្វាយខែត្រ និងមន្ដ្រីសៀមដែលចាប់បានយកមកថ្វាយព្រះរាជាភ្លាម ។ ពួកនោះបានទូលព្រះរាជាថា គេបានរៀបចំសណ្ដាប់ធ្នាប់នៅអយុធ្យាឡើងវិញហើយ ដោយជនក្បត់ដណ្ដើមរាជបល្ល័ង្ក និងប្រពន្ធឈ្មោះ សោមាស៊ីសូដាចន្ទបានត្រូវ ឃុនគួនទេព និងមន្ដ្រីជាច្រើននាក់ទៀតចាប់បានហើយសម្លាប់ចោល ។ ឥឡូវនេះ គេបានលើកព្រះរានរាជា ត្រូវជាព្រះបិតុលាព្រះរាជាដែលសោយទិវង្គតទៅឱ្យឡើងសោយរាជ្យ ទ្រង់ព្រះនាមថា ព្រះចៅមហាចក្រពត្រារាជាធិរាជព្រះរាជានៃប្រទេសសៀម ។ ព្រះចន្ទរាជា ខ្លាចក្រែងពួកមន្ដ្រីទាំងអស់នោះនិយាយកុហក ទ្រង់ក៏បញ្ជាឱ្យទ័ពសេះរបស់ព្រះអង្គធ្វើដំណើរទៅអយុធ្យាមុន ដើម្បីស៊ើបសួរព័ត៌មាន ។ ចំណែកឯកងទ័ពព្រះរាជា នៅតែបន្ដដំណើរទៅមុខ ដោយច្បាំងវាយយកទឹកដីសៀមជាបន្ដបន្ទាប់ និងចាប់បានឈ្លើយសឹកជាច្រើនយកមកថ្វាយព្រះរាជា ។
នៅ ពេលដែលកងទ័ពបោះជំរំរង់ចាំដំណឹងពីរាជធានីសៀម និងពីព្រឹត្ដិការណ៍ដែលបានកើតឡើងស្ដេចនគរប៉េហ្កាននៅពេលដែលបាន ទទួលដំណឹងអំពីបដិវត្ដន៍នៅអយុធ្យាក៏បានកេណ្ឌទ័ព៣ម៉ឺននាក់រួច ធ្វើដំណើរមកប្រុងវាយយករាជធានីសៀមនេះ ដូចជាព្រះរាជាកម្ពុជាដែរ ។ តែដល់ទ្រង់ជ្រាបថាទ័ពខ្មែរបានមកបោះជំរំនៅពីខាងត្បូងអយុធ្យា ជិតបង្កើយ ហើយមានទាហានដល់ទៅ១២ម៉ឺននាក់ ច្រើនលើសលុបទ័ពប៉េហ្កាន ព្រះអង្គមិនអាចដណ្ដើមយកជ័យជម្នះបាន ទ្រង់ក៏បញ្ជាទ័ពឱ្យដកថយទៅក្រោយវិញ ។
នៅឆ្នាំ១៥៣១ ចៅពញាអុង ជា បុត្ររបស់ព្រះស្រីរាជាដែលសុគតទៅដោយត្រូវធ្លាក់ខ្លួនជាចំណាប់ ខ្មាំងរបស់សៀម ហើយដែលស្ដេចសៀមបានសុំយកមកធ្វើជាកូនចិញ្ចឹម និងលើកឱ្យធ្វើជាចៅហ្វាយខែត្រសុវណ្ណលោក ទ្រង់មានព្រះជន្ម៥៤ព្រះវស្សាហើយ ។ ដោយចង់ឱ្យស្ដេចខ្មែរលើកសួយសារអាករទៅថ្វាយ ស្ដេចសៀមបានប្រគល់ទ័ព៩ម៉ឺននាក់ឱ្យចៅពញាអុង ចូលមកលុកលុយរាតត្បាតកម្ពុជាពីខាងជើង ហើយឱ្យទ័ពជើងទឹក៥ម៉ឺននាក់ទៀត ចូលមកតាមមាត់សមុទ្រ ។
ព្រះ ចន្ទរាជាបានចាត់ឱ្យលោកក្រឡាហោម រដ្ឋមន្ដ្រីខាងទ័ពជើងទឹក ចេញមកប្រយុទ្ធជាមួយទ័ពជើងទឹកសៀម ឯព្រះអង្គដឹកនាំទ័ពជើងគោកទៅជួបជាមួយទ័ពពញាអុង ។ ការប្រយុទ្ធផ្ដើមឡើងនៅជិតពោធិ៍សាត់ហើយចៅពញាអុងបានត្រូវព្រួញ ស្លាប់នៅលើក្បាលដំរី មេទ័ពសៀមជាច្រើនត្រូវប្រហារ ធ្វើឱ្យទ័ពសៀមបាក់បែកខ្ចាត់ខ្ចាយអស់ទៅ ។ ក្នុងពេលជាមួយគ្នានោះទ័ពជើងទឹកសៀមដែលដឹកនាំដោយភ្យាតេជវង្សាក៏ បានត្រូវវាយឱ្យបរាជ័យ រួចឡើងទូកចេញទៅវិញអស់ដែរ ។ រាជពង្សាវតារមិនបានប្រាប់ឱ្យដឹងថាសៀមចុះទូកនៅឯណាទេ ក៏ប៉ុន្ដែគេអាចស្មានបានថា នៅក្នុងខែត្រពាម គឺហាទៀងសព្វថ្ងៃ ។
ព្រះចន្ទរាជា បានចាត់ឱ្យគេសង់វត្ដមួយដើម្បីរំលឹកដល់ជ័យជម្នះរបស់ព្រះអង្គ នេះ ហើយឱ្យយកមាសប្រាក់ដែលប្រមូលបានពីសត្រូវទៅរំលាយធ្វើជាព្រះ ពុទ្ធរូបជាច្រើនអង្គដាក់នៅក្នុងវត្ដនេះ ។ ព្រះអដ្ឋិធាតុរបស់ចៅពញាអុង ទ្រង់ឱ្យដាក់នៅក្នុងចេតិយមួយដែលសង់នៅក្នុងបរិវេណវត្ដ នេះ ។ វត្ដនេះមានឈ្មោះថា វត្ដពោធិមានបុណ្យ ដោយមកពីមានដើមពោធិ១ដើមដែលមានស្លឹកខ្ចីល្វក់ នៅពេលដែលព្រះរាជាយាងកាត់ទៅធ្វើសង្គ្រាម ។ ព្រះគ្រូចៅអធិការវត្ដនេះមានព្រះឋានៈជាព្រះពោធិវង្ស ។
នៅក្នុងឆ្នាំ១៥៣៩ ជនម្នាក់ឈ្មោះថា ក្រឡាពាសសួស (72) បានរកឃើញព្រះខ័នរាជ្យរបស់អតីតមហាក្សត្រវរ្ម័ន ដែលព្រាហ្មណ៍ព្រះឥសីផាត បានយកទៅលាក់នៅខែត្របាទីក្នុងរជ្ជកាលព្រះសុគន្ធបទ ជាមួយនឹងលំពែងរបស់តាចាយ ហើយនិងកេតនភណ្ឌផ្សេងៗទៀតនៅក្នុងរន្ធដើមចំបក់មួយដើម ។ គេបាននាំយកវត្ថុទាំងអស់នោះមករាជធានីលង្វែកវិញ ។
ព្រះមហារាជានៃព្រះរាជាណាចក្រកម្ពុជានេះ ទទួលបានជ័យជម្នះជានិច្ច ក្លាហានហើយឈ្លាសវៃ ទ្រង់សុគតទៅនៅក្នុងឆ្នាំ១៥៥៥នៃគ្រិស្ដសករាជ ត្រូវនឹងមហាសករាជ១៤៧៧ ចុល្លសករាជ៩១៧ ។ ពេលនោះ ព្រះអង្គមានព្រះជន្មាយុ៧៩ព្រះវស្សា ហើយសោយរាជ្យក្នុងរយៈពេលលើសពី៥៥ឆ្នាំ (73) ។
គឺ ដោយបែបនេះហើយដែលធ្វើឱ្យគេភ្លេចអស់រឿងរ៉ាវស្ដេចកន ដែលបានសោយរាជ្យអស់១៦-១៧ឆ្នាំដែរ ។ រាជពង្សាវតារខ្មែរ ក្រោយពីលើកសរសើរខ្លះដល់ជនក្បត់នេះ ក៏បែរមកលើកសរសើរព្រះរាជាដែលទទួលបានជ័យជម្នះម្ដង ។ ក៏ប៉ុន្ដែវាហាក់ដូចជាថាព្រះចន្ទរាជានេះជាស្ដេចត្រឹមត្រូវហើយ ល្អមែន ។ ទ្រង់មានជំនឿខ្លាំងលើព្រះពុទ្ធសាសនា ហើយសព្វព្រះទ័យក្នុងការធ្វើទាន កសាងវត្ដ និងព្រះពុទ្ធរូបជាច្រើន ។ ដោយហេតុនោះហើយបានជាព្រះអង្គត្រូវប្រជារាស្ដ្រពេលនោះស្រឡាញ់ ខ្លាំងណាស់ រហូតដល់ភ្លេចអស់សម័យសុខសប្បាយក្រោមរាជ្យស្ដេចកន ។
គេ បាននាំយកព្រះខ័នរាជ្យ និងកេតនភណ្ឌសម្គាល់រាជានិយមផ្សេងៗទៀតដែលគេរកឃើញនៅក្នុងរន្ធ ដើមចំបក់នៅក្នុងខែត្របាទី ដែលព្រះឥសីផាតយកទៅលាក់ទុកមកថ្វាយព្រះអង្គវិញ ។ វត្ថុទាំងអស់នេះគេអាចមើលឃើញនៅក្នុងហោព្រះនៃព្រះរាជវាំងស្ដេច ស៊ីសុវត្ថិនៅភ្នំពេញសព្វថ្ងៃ ។
១៩. ព្រះបរមឥន្ទរាជាទី១ (១៥៥៦-១៥៦៧)
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះចន្ទរាជា គឺរាជបុត្ររបស់ព្រះអង្គព្រះនាមថា «ព្រះបរមរាជា» មានព្រះជន្មាយុ៤៦ព្រះវស្សា ដែលព្រះអង្គបានលើកជាអ្នកស្នងរាជ្យតាំងតែពីប៉ុន្មានឆ្នាំមុន ម្ល៉េះ ។ ព្រះរាជាអង្គនេះបានត្រូវអភិសេកក្រោមព្រះនាមថា «ព្រះបាទសម្ដេចព្រះបរមឥន្ទរាជាធិរាជរាមាធិបតីបរមបពិត្រ» ។ ព្រះមហេសីទី១ ព្រះនាមអ្នកម្នាង មាលី បានត្រូវលើកជាព្រះអគ្គមហេសី ក្រោមឋានន្ដរៈជា «សម្ដេចព្រះភគវតីស្រីរតន៍» នៅក្នុងឆ្នាំ១៥៥៦ ។
មួយ ឆ្នាំក្រោយព្រះរាជពិធីអភិសេករួចមកព្រះរាជាបានសម្រេចព្រះទ័យ ឆ្លៀតយកឱកាសសៀមចាញ់ដៃពួកប៉េហ្កាន ដែលវាយយករាជធានីបាន ដើម្បីដណ្ដើមយកបណ្ដាអាណាខែត្រខ្មែរដែលសៀមយកទៅមកវិញ ។ ទ្រង់បានឱ្យកេណ្ឌទ័ព២ម៉ឺននាក់ បែងចែកជា២កង ដាក់ក្រោមបញ្ជាឧត្ដមសេនីយ៍២នាក់ គឺឧកញ៉ាមហាសេនា និងឧកញ៉ាយោធាសង្គ្រាម ហើយបញ្ជាឱ្យទៅដណ្ដើមយកខែត្រចកជើងសៅ (សាសួងសៅ-សព្វថ្ងៃគឺ ប៉េទ្រីយូ) និងខែត្រនាងរង ដែលនៅជិតគ្នានោះមកវិញ ។ ក្នុងពេលជាមួយគ្នានោះ ទ័ពជើងទឹកដែលប្រមូលផ្ដុំគ្នានៅខែត្រពាម (ហាទៀង) បានចុះទូកទៅកាន់មាត់សមុទ្រខែត្រចន្ទតាប៊ុន និងរយ៉ង ស្ថិតនៅខាងត្បូងខែត្រទាំង២ខាងលើ ។ ខែត្រទាំង៤នេះ បានត្រូវដណ្ដើមយកមកវិញ ដោយដុតបំផ្លាញខ្ទេចខ្ទី ហើយដាក់ឱ្យទ័ពខ្មែរមួយចំណែកនៅកាន់កាប់ថែរក្សា ។ ទ័ពខ្មែរបាននាំឈ្លើយសឹកចំនួន៧ម៉ឺននាក់ មានប្រុសស្រី និងកុមារផង យកមកបំពេញអាណាខែត្រភាគកណ្ដាល ដែលសៀមបានកៀរប្រជាជនយកទៅអស់ពីមុន ។ តាមការនិយាយតៗគ្នាមកថា សង្គ្រាមពេលនោះសាហាវណាស់ចៅហ្វាយខែត្រសៀមទាំង៤នាក់ច្បាំងការពារ រហូតដល់ស្លាប់ខ្លួនក្នុងសមរភូមិ ហើយខ្មែរយើងក៏មានខាតបង់មេទ័ពមិនតិចដែរទេ ។
នៅ ក្នុងឆ្នាំ១៥៦០ ព្រះរាជាកម្ពុជាបានយាងមកគង់នៅក្នុងខែត្រអង្គរ (សៀមរាប) ក្រោយពីទ្រង់បានរៀបចំកងទ័ពសាជាថ្មីរួចមក ដើម្បីបន្ដការប្រយុទ្ធដណ្ដើមយកទឹកដីតទៅទៀត ។ ព្រះអង្គយាងមកគង់នៅត្រង់ភូមិកំពង់ក្រសាំង ដើម្បីឱ្យបានជិតបន្ដិច ងាយស្រួលនឹងធ្វើប្រតិបត្ដិការ រួចទ្រង់នាំទ័ព២ម៉ឺននាក់ ចូលទៅលុកលុយខែត្រនគររាជ (កូរ៉ាត) ដែលសៀមបានផ្ដាច់ចេញពីព្រះរាជាណាចក្រ ដណ្ដើមយកមកវិញ ។
រាជពង្សាវតារបាននិយាយថា នៅក្នុងឆ្នាំ១៥៦០ដដែលនោះ ស្ដេចនគរលាវព្រះចៅក្រុងស៊ីសត្ដនាកនៈហ៊ុត ដែលសោយរាជ្យនៅវៀងចន្ទ បានបញ្ជូនដំរីចម្បាំងធំមួយកម្ពស់៨ហត្ថមកឱ្យព្រះចៅក្រុង កម្ពុជាដែលកំពុងគង់នៅបាសាន ជាទីប្រជុំជនដ៏ធំមួយ ដើម្បីឱ្យទ្រង់ជ្រើសរើសរកដំរីយកមកជល់គ្នាតាមតែព្រះទ័យ ដោយភ្នាល់ដាក់ព្រះរាជាណាចក្រទាំង២ ។ ការភ្នាល់គ្នារបៀបនេះ កើតមានញឹកញយណាស់នៅសម័យនោះ ហើយគឺជាទម្លាប់មួយនៅក្នុងបណ្ដាប្រទេសនៅចុងបូព៌ា ក៏ប៉ុន្ដែការភ្នាល់គ្នាដាក់ប្រទេសដោយជល់សត្វបែបនេះ ជាបញ្ហាមួយគួរឱ្យបារម្ភ ។ ទោះជាយ៉ាងណាក៏ដោយ រាជពង្សាវតារបាននិយាយថាព្រះរាជាកម្ពុជាបានយល់ព្រមតាមសំណើរបស់ ព្រះរាជាលាវ ហើយបានឱ្យយកដំរីមួយក្បាលកម្ពស់៧ហត្ថពីលង្វែកមកជល់ជាមួយដំរី លាវ ។ ដំរីលាវជល់ចាញ់ព្រះរាជាចាប់ដំរីនោះ និងមនុស្ស១ពាន់នាក់ដែលហែហមមកទុកឱ្យតែមន្ដ្រីលាវ២នាក់ និងមនុស្ស១០នាក់ត្រលប់ទៅស្រុកវិញប៉ុណ្ណោះ ។ មានឯកសារមួយនោះនិយាយថាព្រះរាជាទ្រង់ចាប់ទុកតែដំរីទេ ឯមន្ដ្រី និងមនុស្ស១ពាន់នាក់ ព្រមទាំងទ្រមាក់ផង ទ្រង់ឱ្យត្រលប់ទៅវិញ ។
ដោយ ទ្រង់ខ្ញាល់នឹងបរាជ័យក្នុងការជល់ដំរី ហើយប្រហែលដោយព្រះរាជាកម្ពុជាចាប់យកដំរីផង -នេះជាការបញ្ជាក់ថា កម្មវត្ថុនៃការភ្នាល់ពេលនោះមិនមែនទឹកដីព្រះនគរទេ -ដល់ដើមឆ្នាំក្រោយមក ព្រះរាជាក្រុងស៊ីសត្ដនាកនៈហ៊ុត (វៀងចន្ទ) បានចាត់ឱ្យមហាឧបរាជនាំទ័ព៥ម៉ឺននាក់ចុះទូកតាមទន្លេមកវាយ កម្ពុជាឯព្រះរាជាបានយាងមកតាមផ្លូវគោកជាមួយទ័ព៧ម៉ឺននាក់ ។
ទ័ព មហាឧបរាជបានមកជួបប្រយុទ្ធជាមួយទ័ពព្រះសត្ថារាជបុត្ររបស់ ព្រះរាជាកម្ពុជាហើយត្រូវវាយឱ្យបរាជ័យនៅព្រែកប្រសព្វ ក្នុងខែត្រស្រីសន្ធរ ថ្វីបើព្រះសត្ថាមានទ័ពតែ២ម៉ឺននាក់ប៉ុណ្ណោះក្ដី ។ ចំណែកឯទ័ពរបស់ព្រះរាជាលាវ ដែលចុះមករហូតដល់ភ្នំសន្ទុកក្នុងដីកំពង់ស្វាយ ក៏ត្រូវទ័ពខ្មែរ២កងវាយឱ្យបរាជ័យដែរ គឺទ័ពមួយកងជាទ័ពរបស់អ្នកអង្គម្ចាស់ស្រីសុរិយោពណ៌ ដែលទ្រង់កេណ្ឌនៅក្នុងខែត្រនគរវត្ដ និងកំពង់ស្វាយ និងទ័ពមួយកងទៀតជាទ័ពរបស់ព្រះរាជាដែលកេណ្ឌមកពីខែត្រសំរោងទង រលាប្អៀរ និងពោធិ៍សាត់ ។ ទ័ពខ្មែរប្រមូលបានជ័យភណ្ឌ និងចាប់ឈ្លើយបានជាច្រើន ។ ឈ្លើយទាំងអស់នោះបានត្រូវនាំយកមកដាក់នៅខែត្របារាយណ៍ និងជើងព្រៃ ក្រោមការត្រួតត្រារបស់មន្ដ្រីលាវម្នាក់ឈ្មោះថា សែនខាងហ្វ៊ាភាសា (សៀមថា ខាងឃួរ) ។ ក្នុងសង្គ្រាមនោះ មានពួកលាវជាច្រើនដែលរត់ចោលជួរ បានត្រូវអ្នកស្រុកសម្លាប់ ។ ព្រះរាជា និងមហាឧបរាជលាវ ក៏វិលត្រលប់ទៅនគរវិញទៅ ។
សង្គ្រាម ជាមួយលាវមិនទាន់ចប់សព្វគ្រប់ផង ពួកសៀមក៏តាំងចាប់ផ្ដើមចូលលុកលុយខែត្រ៤ ដែលព្រះរាជាកម្ពុជាដណ្ដើមយកក្នុងចន្លោះឆ្នាំ១៥៥៧ដល់១៥៦០ ដោយបណ្ដេញចៅហ្វាយខែត្រ និងទ័ពខ្មែរចេញអស់ ។ ព្រះរាជាខ្មែរបាននាំទ័ព៧ម៉ឺននាក់យាងទៅដណ្ដើមយកខែត្រចន្ទតាប៊ុន មកវិញ រួចបន្ដទៅដណ្ដើមយកខែត្រសុធនរាជ ពេជ្របុរី ចន្ទបុរី និងសុខនរាជធានី (៧៤) ថែមទៀត ។ ចៅហ្វាយខែត្រសៀមបានត្រូវសម្លាប់នៅក្នុងពេលប្រយុទ្ធ ។ ក៏ប៉ុន្ដែដល់មកឆ្នាំក្រោយ ទ័ពដែលនៅការពារខែត្រទាំងអស់នោះ បានត្រូវទ័ពសៀមដេញឱ្យរត់ខ្ចាត់ខ្ចាយអស់ ។
សង្គ្រាម នៅបន្ដមកជាច្រើនឆ្នាំទៀត រហូតដល់ស្ដេចសៀមស្នើសុំឱ្យមានសន្ដិភាព ដែលព្រះរាជាខ្មែរបានយល់ព្រមនៅក្នុងឆ្នាំ១៥៦៤ ។
នៅ ឆ្នាំ១៥៦៦ ស្ដេចលាវបានកេណ្ឌទ័ព២ម៉ឺននាក់ឱ្យមហាឧបរាជនាំចុះទូកប្រណាំងមក វាយកម្ពុជាម្ដងទៀត ។ ព្រះរាជាកម្ពុជាបាននាំទ័ព៥ម៉ឺននាក់ទៅកាត់ទ័ពលាវ ជួបគ្នានៅលើកោះចៅរាមទល់មុខនឹងរកាកោង ចម្ងាយ៣៤គមពីខាងជើងភ្នំពេញ ហើយវាយពួកនោះឱ្យបរាជ័យនៅត្រង់នោះ ។ ទូកពួកលាវបានត្រូវបំផ្លាញខ្ទេចខ្ទី ពួកលាវណាដែលគេចខ្លួនរួចពីការកាប់សម្លាប់រង្គាល ត្រូវដើរជាក្រុមតូចៗត្រលប់ទៅវិញ តែត្រូវអ្នកស្រុកតាមដេញវាយតទៅទៀត ។
ព្រះបរមឥន្ទរាជា បានសុគតទៅនៅក្នុងឆ្នាំបន្ទាប់ គឺឆ្នាំ១៥៦៧ ក្នុងព្រះជន្មាយុ៥៦ព្រះវស្សា ក្រោយពីទ្រង់សោយរាជ្យសម្បត្ដិបាន២ឆ្នាំ ។ ព្រះរាជបុត្រារបស់ព្រះអង្គ ព្រះជ័យចេស្ដា ទើបនឹងចុះសន្ធិសញ្ញាជាមួយសៀម ដែលកំណត់ព្រំប្រទល់ទឹកដីព្រះរាជាណាចក្រទាំង២ដោយបោះបង្គោលចំណាំ បង្គោលមួយបោះនៅត្រង់វត្ដស្រះកេត ។
២០. ព្រះបរមឥន្ទរាជាទី២ (១៥៦៧-១៥៧៥)
ព្រះសត្ថា ជារាជបុត្រារបស់ព្រះបរមឥន្ទរាជាបានត្រូវនាម៉ឺនសព្វមុខមន្ដ្រី និងព្រះរាជវង្សានុវង្សជ្រើសរើសឱ្យឡើងសោយរាជ្យសម្បត្ដិបន្ដពី ព្រះរាជវរបិតា ក្រោមព្រះនាមថា «ព្រះបាទសម្ដេចព្រះបរមឥន្ទរាជាធិរាជ រាមាធិបតីបរមបពិត្រ ព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា» ក្នុងព្រះជន្មាយុ២៥ព្រះវស្សា (75) ។ ព្រះមហេសីទី១របស់ព្រះអង្គ អ្នកម្នាងពៅ បានត្រូវអភិសេកឱ្យឡើងជាព្រះមហាក្សត្រី មានព្រះនាមថា «សម្ដេចព្រះភគវតីស្រីចក្រពោធិរាជ» ។ ព្រះអនុជរបស់ព្រះអង្គ ព្រះស្រីសុពណ៌ ព្រះជន្មាយុ១៩ព្រះវស្សា បានត្រូវតែងតាំងឱ្យធ្វើជាព្រះឧបរាជ ។
ក្រោយពិធីរាជាភិសេកព្រះរាជាកម្ពុជាបានប៉ុន្មានខែ មានដំណឹងលេចឮឡើងថា ស្ដេចនគរហង្សាវតី ឬប៉េហ្កានប៉ាគូ (បារគូ) បានចូលលុកលុយព្រះរាជាណាចក្រសៀមមកដល់រាជធានីអយុធ្យាជាមួយទ័ពមួយ កងធំ ។ ដោយផ្អែកលើសន្ធិសញ្ញាដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ កន្លងទៅជាមួយព្រះរាជាខ្មែរដែលទើបនឹងសុគតទៅ ស្ដេចសៀមបានផ្ញើរាជទូតមកសុំជំនួយពីព្រះរាជាក្មេងដែលទើបតែឡើង សោយរាជ្យ ។ ព្រះរាជាអាចនឹងមិនគោរពសន្ធិសញ្ញាដែលព្រះបិតាបានចុះហត្ថលេខា ក៏ប៉ុន្ដែ ព្រះអង្គបានសម្រេចបញ្ជូនទ័ព២ម៉ឺននាក់ទៅជួយក្រុងអយុធ្យា ។ ទ័ពប៉េហ្កានក៏ចាញ់ ហើយត្រូវវិលត្រលប់ទៅនគរវិញ ។
នៅ ពេលដែលទ័ពសៀម និងទ័ពខ្មែរវិលត្រលប់មកពីសង្គ្រាមវិញប្រកបដោយជោគជ័យ ហើយបោះជំរំសម្រាកនៅជិតគ្នាត្រង់ដើមពោធិជើងបី ស្ដេចសៀមព្រះនរេនសូរ (ព្រះណារេត) បានសង្កេតឃើញថា មហាឧបរាជខ្មែរដែលអង្គុយនៅមុខព្រះអង្គ មិនបានក្រាបបង្គំដូចជានាម៉ឺនសព្វមុខមន្ដ្រីឯទៀតទេ ។ ទ្រង់បានមានព្រះបន្ទូលធ្វើការកត់សម្គាល់លើបញ្ហានេះជាសាធារណៈនៅ ចំពោះសេនាបតីទាំងឡាយ ។ ពេលនោះ ព្រះមហាឧបរាជមានបន្ទូលតបទៅវិញថា «ទូលបង្គំ មកនេះក្នុងនាមព្រះរាជាកម្ពុជា ហើយក៏ជាអគ្គមេបញ្ជាការលើកងទ័ពខ្មែរទាំងមូល ដែលព្រះរាជាបានប្រគល់ឱ្យនាំមកផងដែរ ។ ម្យ៉ាងទៀត ទូលព្រះបង្គំជារាជវង្ស ហើយជាមហាឧបរាជទៀតផង ទូលព្រះបង្គំគួរតែត្រូវបានព្រះរាជាសៀមឱ្យតម្លៃ ហើយទទួលស្គាល់ ចាត់ទុកក្នុងឋានៈជាមេបញ្ជាការកងទ័ព ដូចជាព្រះអង្គដែរ» ។ ស្ដេចសៀមនៅស្ងៀមមិនតបតអ្វីទេ ក៏ប៉ុន្ដែដើម្បីបង្ហាញឱ្យឃើញថា ព្រះអង្គជាមេតែម្នាក់គត់នៅទីនេះ ទ្រង់បានបញ្ជាឱ្យគេនាំយកឈ្លើយសឹកម្នាក់ដែលព្រះមហាឧបរាជខ្មែរ ចាប់បានយកមកកាត់ក្បាល រួចឱ្យយកទៅដោតលើចុងឫស្សីនៅនឹងមុខសំពៅព្រះមហាឧបរាជ ។ ព្រះមហាឧបរាជខ្ញាល់ខ្លាំងណាស់ ក៏ចេញសំពៅត្រលប់មកកម្ពុជាវិញភ្លាម ។ ពេលយាងមកដល់លង្វែកវិញ ព្រះអង្គបានរាយការណ៍អំពីការប្រមាថរបស់ស្ដេចសៀមថ្វាយព្រះរាជា ព្រមទាំងបានសំណូមពរឱ្យលុបសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅអយុធ្យា ចោល នៅពេលចប់រដូវវស្សាខាងមុខ ។
ដល់ពេលពួកប៉េហ្កាន ចូលមកលុកលុយស្រុកសៀមម្ដងទៀត ពួកមេទ័ពខ្មែរបានទទួលការអនុញ្ញាតពីព្រះរាជាឱ្យចេញទៅធ្វើ សង្គ្រាមជាមួយសៀមជួយស្ដេចនគរហង្សាវតីដណ្ដើមយកស្រុកសៀម ។ ពលទាហាន១ម៉ឺននាក់ ដែលស្ថិតនៅក្រោមបញ្ជាការរបស់លោកចៅហ៊្វាទឡ្ហៈ បានចេញដំណើរទៅតាមផ្លូវលំពែងហ្វាយ ទៅវាយដណ្ដើមយកខែត្របស្ចិមបុរី និងនគរនាយក ប៉ុន្ដែទ័ពនេះធ្វើដំណើរទៅមុខលឿនពេកក៏ដាច់នៅតែឯង ។ ពេលបានជួបជាមួយទ័ពសៀម២កង ដឹកនាំដោយពញាស៊ីសាយណារ៉ុង និងពញាស៊ីរាជតេជោ ទ័ពនីមួយៗមានគ្នា១ម៉ឺននាក់ ចៅហ៊្វាទឡ្ហៈត្រូវវាយឱ្យដកថយចូលមកក្នុងកម្ពុជាវិញ ។
នៅ ឆ្នាំ១៥៧៥ (76) ដើម្បីធានាថារាជសម្បត្ដិស្ថិតនៅក្នុងដៃព្រះរាជបុត្ររបស់ព្រះអង្គ ព្រះរាជាបានលើកព្រះអនុជឧបរាជឱ្យឡើងទៅជាទីឧភយោរាជ ដើម្បីឱ្យទ្រង់បាត់បង់សិទ្ធិជាអ្នកស្នងរាជ្យ ពីព្រោះថាតាមធម្មតា ព្រះអនុជដែលជាឧបរាជតែងតែឡើងសោយរាជ្យបន្ដពីព្រះរៀមជានិច្ច រួចហើយព្រះអង្គបានលើកព្រះរាជបុត្រប្អូនព្រះនាមចៅពញាតន់ ដែលទើបតែមានព្រះជន្ម៦ព្រះវស្សាប៉ុណ្ណោះឱ្យធ្វើជាឧបរាជ វិញ ។ បន្ទាប់មកព្រះអង្គ ក៏ដាក់រាជសម្បត្ដិឱ្យព្រះរាជបុត្រច្បងព្រះនាមថា ព្រះជ័យជេដ្ឋា ដែលទើបតែមានព្រះជន្ម១០ព្រះវស្សាប៉ុណ្ណោះ ។
២១. ព្រះជ័យជេដ្ឋាទី១ (១៥៧៦-១៥៨៧)
ព្រះជ័យជេដ្ឋា បានទទួលព្រះរាជពិធីរាជាភិសេកនៅក្នុងឆ្នាំ១៥៧០ ក្រោមព្រះនាមថា «ព្រះជ័យជេដ្ឋាធិរាជ បរមបពិត្រ» ប៉ុន្ដែកិច្ចការគ្រប់គ្រងព្រះនគរស្ថិតនៅលើព្រះបិតានៅឡើយ ។
ការ ដែលព្រះរាជាដាក់រាជសម្បត្ដិ ហើយលើកព្រះរាជបុត្រជ័យជេដ្ឋាឱ្យឡើងសោយរាជ្យសម្បត្ដិយ៉ាងនេះ បានធ្វើឱ្យព្រះឧភយោរាជ និងនាម៉ឺនសព្វមុខមន្ដ្រីជាច្រើនមានការអាក់អន់ស្រពន់ចិត្ដជា ខ្លាំង ពីព្រោះបើតាមទំនៀមពីបុរាណ គឺពួកគេនេះឯងដែលជាអ្នកមានសិទ្ធិក្នុងការជ្រើសតាំង ព្រះរាជា ។ ពួកគេមិនហ៊ានប្រឆាំងតវ៉ាដោយចំហទេ ក៏ប៉ុន្ដែបានចាប់ព្រងើយកន្ដើយមិនយកចិត្ដទុកដាក់ដល់កិច្ចការ រាជការចាប់តាំងតែពីពេលនោះមក ជាហេតុធ្វើឱ្យកើតមានអនាធិបតេយ្យទូទាំងប្រទេស ហើយព្រះរាជាដាក់រាជ្យត្រូវបង្ខំព្រះទ័យលះបង់ខែត្រចន្ទបុរី និងនគររាជសីមា ដែលទើបតែដណ្ដើមបានឱ្យទៅសៀមវិញ ។
ព្រះរាជា ក្រុងអយុធ្យា នៅពេលដែលទទួលដំណឹងថា ព្រះរាជាណាចក្រកម្ពុជាកើតមានការច្របូកច្របល់ ហើយនាម៉ឺនសព្វមុខមន្ដ្រីមិនសូវស្ដាប់បញ្ជារបស់ព្រះរាជា រដ្ឋមន្ដ្រីទាំងឡាយក៏ក្លាយទៅជាអសកម្ម ក៏ចាត់ឱ្យកេណ្ឌទ័ព១០ម៉ឺននាក់ សេះ១៨៥០ក្បាល ដំរី៨០០ក្បាល នាំមកវាយកម្ពុជា ។ ទ័ពស្រួចមានពល៥ពាន់នាក់ បញ្ជាដោយឧត្ដមសេនីយ៍ខ្លាំងពូកែម្នាក់ឈ្មោះថា ព្រះរាជានូ ។
តប តទៅនឹងទ័ពសៀមនេះ ព្រះរាជានុសិទ្ធិបានរៀបចំទ័ព៣ម៉ឺន៥ពាន់នាក់ នៅក្នុងខែត្របាត់ដំបង ក្នុងនោះមានទ័ព១ម៉ឺននាក់កេណ្ឌមកពីខែត្របារាយណ៍ និងជើងព្រៃ និង១ម៉ឺននាក់ទៀតជាទ័ពដែលចៅហ្វាយខែត្រពញាសួគ៌ាលោកជ្រើសរើសបាន ក្នុងខែត្រពោធិ៍សាត់ ។ ពញាតេជោ ចៅហ្វាយខែត្រកំពង់ស្វាយ មានទ័ព៣ម៉ឺននាក់នៅនឹងអតីតរាជធានី ទ័ព២ម៉ឺននាក់ជ្រើសរើសនៅក្នុងខែត្រកំពង់ស្វាយ និងទ័ព១ម៉ឺននាក់ទៀតជ្រើសរើសនៅនឹងអង្គរវត្ដ (77) ។ ឯព្រះឧភយោរាជ កាន់ទ័ពដែលជ្រើសរើសមកពីរលាប្អៀរ ២ម៉ឺននាក់ និងមកពីបរិបូណ៌ ១ម៉ឺននាក់ ។
ព្រះរាជាជ័យជេដ្ឋា បានយាងទៅកាន់ខែត្រសំរោងទង បាទី និងខែត្រនៅខាងត្បូងភ្នំពេញ ដើម្បីជ្រើសរើសទ័ពដែរ ។
នៅ ពេលដែលខ្មែរកំពុងតែជ្រើសរើស និងរៀបចំទ័ពដូច្នេះ ស្ដេចសៀមបានចូលមកដណ្ដើមយកខែត្រពោធិ៍សាត់បាន រួចហួសមកបោះជំរំនៅពីមុខបរិបូណ៌ ឡោមព័ទ្ធទ័ពព្រះឧភយោរាជជាប់ ហើយបន្ដមកវាយយកលង្វែកទៀត ។សៀមព័ទ្ធទីក្រុងលង្វែកនេះ៣ខែ ទើបព្រះរាជាជ័យជេដ្ឋា ពញាអន ហើយនិងមន្ដ្រី១០នាក់ទៀតដែលចេញទៅជ្រើសរើសទ័ពនៅក្នុងបណ្ដា ខែត្រខាងត្បូង ខាងកើត និងខាងជើង នាំទ័ពមកដល់ ក៏វាយសង្គ្រុបទៅលើទ័ពសៀមឱ្យបរាជ័យ ដកថយទៅស្រុកវិញទៅ ។ សង្គ្រាមនេះបានកេណ្ឌមនុស្សដែលមានកាយសម្បទាល្អស្ទើរតែអស់រលីង ពីក្នុងព្រះរាជាណាចក្រ ខ្លះឱ្យចូលធ្វើទាហាន ខ្លះទៀតឱ្យបររទេះដឹកស្បៀង មានតែតិចតួចប៉ុណ្ណោះដែលគេចរត់ចូលពួនក្នុងព្រៃ ។ ចប់សង្គ្រាម ប្រទេសជួបប្រទះនឹងគ្រោះទុរ្ភិក្សយ៉ាងខ្លាំង ហើយថែមទាំងមានកើតជំងឺអាសន្នរោគទៀតផង ។
ប្រទេស ពេលនោះជួបគ្រោះចង្រៃកាន់តែខ្លាំងថែមទៀត ដោយព្រះរាជាដាក់រាជ្យបានធ្លាក់ខ្លួនទៅជាឆ្កួត ហើយរករឿងតែជាមួយព្រះពុទ្ធរូប ។ នៅលង្វែក ព្រះអង្គបានបញ្ជាឱ្យគេយកព្រះពុទ្ធរូបជាច្រើនព្រះអង្គបោះចូល ទៅក្នុងទឹក ។ មានព្រះសង្ឃសៀម២អង្គ ព្រះនាមទិក្ខណៈបញ្ញោ និងសុរៈបញ្ញោ បានមើលជំងឺព្រះរាជាឱ្យសះជាមកវិញ ក៏ប៉ុន្ដែប្រជានុរាស្ដ្របានចោទព្រះសង្ឃទាំង២អង្គនោះថាជាអ្នក ធ្វើអំពើឱ្យព្រះរាជាឆ្កួត និងធ្វើឱ្យព្រះនគរកើតវិបល្លាស ក៏នាំគ្នាបណ្ដេញព្រះសង្ឃទាំង២អង្គនោះទៅវិញ ។
ប្រជារាស្ដ្រ កើតមានការព្រួយបារម្ភច្របូកច្របល់ជាខ្លាំង ហើយវិបត្តិផ្លូវស្មារតីធ្វើឱ្យគេគិតថានឹងកើតមានភយន្ដរាយជាមិន ខាន ។ យ៉ាងណាមិញគេនិយាយថាទឹកជ្រោះស័ក្ដិសិទ្ធិនៅភ្នំបាណន់ក្នុងខែត្រ បាត់ដំបង រីងខះលែងហូរ អាងដែលធ្លាប់តែទទួលទឹកជ្រោះនោះពេញៗស្រាប់តែបែរជារីងស្ងួត អស់ ។ ព្រះខ័នរាជ្យរបស់អតីតក្សត្រវង្សវរ្ម័នដែលគេបានរកឃើញនៅក្នុង រន្ធដើមចំបក់ នៅក្នុងខែត្របាទីហើយនាំយកមកលង្វែកវិញ ចេញច្រែះ ពួកបារគូដែលថែរក្សាដុសខាត់យ៉ាងណាក៏មិនជ្រះ ហើយមានឈាមហូរចេញពីដើមទ្រូងប្រេះស្រាំរបស់ព្រះពុទ្ធរូបមួយអង្គ នៅវិហារសួគ៌ ។ និមិត្ដសញ្ញាទាំងអស់នេះបញ្ជាក់ថាស្រុកកើតទុរ្ភិក្ស មានជំងឺអាសន្នរោគ ធ្វើឱ្យមនុស្សស្លាប់អស់ស្ងាត់ស្រុក ហើយប្រជារាស្ដ្រកើតមានកំហឹងឈឺចាប់កាន់តែខ្លាំងឡើងៗធ្វើឱ្យបាក់ ទឹកចិត្ដ និងស្មារតីអស់រលីង ។
នៅពេលនោះ នៅក្នុងរាជធានីមានពួកអេស្ប៉ាញ និងព័រទុយហ្គាល់ (78) ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះសត្ថា ។ ព្រះរាជាការពារ ហើយទុកចិត្ដពួកនោះណាស់ រហូតទាល់តែទ្រង់ប្រទានប្អូនស្រីជីដូនមួយមួយអង្គឱ្យជន ព័រទុយហ្គាល់ឈ្មោះ ឌីយ៉ឺហ្គោបែឡូសូ ធ្វើជាភរិយា ។ ពួកនាម៉ឺនសព្វមុខមន្ដ្រីមិនពេញចិត្ដនឹងពួកនេះទេ ព្រោះគេខ្លាចពួកនេះ ប្រើឥទ្ធិពលមកលើព្រះរាជា ណាមួយពួកនេះជាពួកស្បែកសផង ។
បាន ជាព្រះរាជាស្រឡាញ់ និងគាំទ្រព្រោះពួកនេះដឹងរឿងរ៉ាវកិច្ចការព្រះនគរច្រើន ជាពិសេសគឺដឹងថា ស្ដេចសៀមដែលបរាជ័យក្នុងការវាយយកកម្ពុជាម្ដងហើយនៅឆ្នាំ១៥៨១ ហើយនឹងរៀបចំប្រុងធ្វើសង្គ្រាមសាជាថ្មី ហើយថាសង្គ្រាមលើកនេះធំជាងលើកមុន ម្យ៉ាងទៀតពួកនេះមានគំនិតចង់ដាក់ព្រះរាជាណាចក្រកម្ពុជានៅក្រោម អាណាព្យាបាលរបស់នគរអេស្ប៉ាញដែលទើបតែដណ្ដើមយកព័រទុយហ្កាល់បាននៅ ក្នុងឆ្នាំ១៥៧៨ ពួកព័រទុយហ្គាល់ទាំងអស់នោះ បានថ្វាយយោបល់ដល់ព្រះរាជាឱ្យព្រះអង្គចាត់ ឌីយ៉ឺហ្គោបែឡូសូ ធ្វើដំណើរទៅទីក្រុងម៉ានីល ជាមួយពួកអេស្ប៉ាញឈ្មោះ ប្លារ្វីដឺហែណន់ ហ្គុងសាឡេស អង់តូនីញ៉ូម៉ាសាដូ និងប៉ង់តាឡេ អុងការនៃរ៉ូ ដើម្បី សុំជំនួយពីអភិបាលប្រទេសហ្វីលីពីនមកទប់ទល់ជាមួយនឹងពួកសៀមដែល ប៉ុនប៉ងវាយព្រះរាជាណាចក្រ (១៥៩០) ។ ព្រះរាជសារលិខិតដែលព្រះរាជាកម្ពុជាបានប្រគល់ឱ្យពួកនោះកាន់យកទៅ មានខ្លឹមសារអួតអាងថា ព្រះរាជាណាចក្រកម្ពុជាជាមហាអំណាចមួយ ព្រះរាជាសព្វព្រះទ័យនឹងសាសនាកាតូលិកណាស់ សូមឱ្យលោកអភិបាល ហ្គោម៉េពេរ៉េដាសម៉ារីញ៉ា បញ្ជូនព្រះសង្ឃកាតូលិកមួយចំនួន ដើម្បីផ្សព្វផ្សាយសាសនាដល់អ្នកស្រុក និងសុំឱ្យផ្ដល់ទាហានមកជាមួយឱ្យបានច្រើនផងដើម្បីជួយ ការពារ ។ រាជទូតរបស់ព្រះសត្ថាបានទៅដល់ទីក្រុងម៉ានីល នៅក្នុងឆ្នាំ១៥៩០ ក៏ប៉ុន្ដែ មិនបានអ្វីយកមកវិញទេ ពីព្រោះអភិបាលហ្វីលីពីនកំពុងរៀបចំចេញធ្វើប្រតិបត្ដិការវាយយក ប្រជុំកោះម៉ូលុក ប្រតិបត្ដិការដែលធ្វើឱ្យអភិបាលនោះ និងពលទាហានស្លាប់បាត់បង់អស់ (79) ។ ពួកឌីយ៉ឺហ្គោបែឡូសូ កំពុងតែនៅហ្វីលីពីននៅឡើយទេ ដល់មកឆ្នាំ១៥៩៣ នៅពេលដែលស្ដេចសៀមព្រះណារេត ហៅស្ដេចខ្មៅ បានដឹកនាំទ័ព១០ម៉ឺននាក់មានដំរី៨រយ សេះ១ពាន់៥រយ ចែកចេញជាច្រើនកង ដឹកនាំដោយឧត្ដមសេនីយ៍ដ៏អង់អាចមកវាយយកកម្ពុជា ។
តើ ព័ត៌មានស្ដីអំពីអរិភាពនេះបានផ្សព្វផ្សាយទៅដល់ទីក្រុងម៉ានីល ហើយជំរុញឱ្យអភិបាលក្រុងនេះ សម្រេចចិត្ដផ្ដល់ជំនួយឱ្យកម្ពុជាដែលមិនបានផ្ដល់ភ្លាមៗតាមការ សន្យា ឬដូចម្ដេច ? គេមិនបានដឹងថា ការពិតយ៉ាងណាទេ ក៏ប៉ុន្ដែគេដឹងថា ឌីយ៉ឺហ្គោបែឡូសូ បានទទួលលិខិតរបស់លោកអភិបាលក្រុងម៉ានីលមួយច្បាប់ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៥៩៣ ទូលព្រះរាជាកម្ពុជាថា ខ្លួនសូមធ្វើជាអាជ្ញាកណ្ដាលនៅក្នុងជម្លោះជាមួយស្រុកសៀម ។ នៅពេលដែលឌីយ៉ឺហ្គោបែឡូសូ និងមិត្ដភក្ដិរបស់គេត្រលប់មកដល់កម្ពុជាវិញ រាជធានីលង្វែកបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមជាច្រើនសប្ដាហ៍រួចទៅ ហើយ ។
តើមានហេតុការណ៍អ្វីកើតឡើងខ្លះ ? តទៅនេះ គឺជារឿងរ៉ាវដែលឯកសារកម្ពុជាដែលខ្ញុំមានបានរៀបរាប់ ។
មុន ដំបូង ទ័ពសៀមដណ្ដើមយកខែត្រកូរ៉ាត រួចហើយនៅសម្រាកនៅទីនោះចំនួនពីរបីថ្ងៃ រើសទ័ពនៅទីនោះបាន១ម៉ឺននាក់ថែមទៀត ។ បន្ទាប់មក គេចេញដំណើរតាមផ្លូវស្ពានទិព្វ មកដើរលើស្ពានធ្វើអំពីថ្មមួយ ឆ្លងស្ទឹងឈ្មោះថា ស្ពានត្រែង រួចចូលមកដល់អង្គរវត្ដ (សៀមរាប) ទើបចុះសំពៅចំនួន២៥០ឆ្លងបឹងទន្លេសាបមកដណ្ដើមយកខែត្រ កំពង់ស្វាយ ។ មានទ័ពជើងទឹក២រយសំពៅទៀតដែលគេកេណ្ឌនៅក្នុងខែត្រនគរស្រីធម្មរាជ ពាតឆ្លោង សាអាងខ្លា និងឆាយា ផ្ទុកពលទាហាន២ម៉ឺននាក់បានមកឡើងនៅខែត្របាសាក់ (សព្វថ្ងៃគឺមណ្ឌលសុកត្រាំងនៅកូសាំងស៊ីន) ។ ទ័ពមួយកងទៀតមានពួកចាមប្រហែល (ជាពួកម៉ាឡេ ទេទើបសម) ១ម៉ឺននាក់ក្រោមបញ្ជារបស់ឧត្ដមសេនីយ៍សៀមឈ្មោះ ពញារាជវង្សា ចុះសំពៅ១៥០ មកដណ្ដើមយកខែត្របន្ទាយមាស ។ ទ័ពទាំងអស់នេះចាប់ធ្វើសកម្មភាពព្រមៗគ្នានៅក្នុងខែធ្នូ ។
ព្រះរាជា ដាក់រាជ្យបានសម្រេចចេញទប់ទល់ជាមួយទ័ពសៀមដែលដឹកនាំដោយព្រះណារេត ហើយបានចាត់ឱ្យព្រះឧភយោរាជយាងទៅតាំងទ័ពនៅអមរាទិ (បរិបូណ៌) ដែលមានកំពែងដី (80) មាំទាំគ្រាន់បើ ។ ពញាអន និងពញាជិនចាន់តុក ដឹកនាំទ័ពទៅកាន់ខែត្របន្ទាយមាស ឯព្រះរាជាជ័យជេដ្ឋាយាងទៅបាភ្នំ បំបះបំបោរប្រជាជនប្រឆាំងនឹងសត្រូវ ។ ពញាបវរនាយកទៅតាំងទ័ពនៅក្នុងខែត្របាត់ដំបង ។
មួយចំណែកទៀត លោកក្រឡាហោមដឹកនាំទ័ពជើងទឹកមួយកងនៅរក្សាដៃទន្លេធំខាងកើត ហើយលោក វិបុលរាជ នៅរក្សាដៃទន្លេធំខាងលិច ។ កងទី១មានទូក២៥០ កេណ្ឌមកពីបណ្ដាខែត្រខាងត្បូង ឯកងទី២ មានទូក២០០ កេណ្ឌមកពីខែត្រនគរស្រីធម្មរាជ ពាតឆ្លោង សាអាងខ្លា និងឆាយា ដែរ ។ លើសពីនោះ នៅមានរទេះដឹកស្បៀងទ័ពចំនួន២ពាន់គ្រឿងថែមទៀត ។ គេនិយាយថាទ័ពជើងទឹក ពួកអុំទូក និងពួកបររទេះ មានគ្នាទាំងអស់២ម៉ឺននាក់ ។
ប៉ុន្ដែ បើទោះជាខិតខំប្រឹងពង្រាយទ័ពយ៉ាងនេះក្ដី ក៏ទ័ពខ្មែរត្រូវទទួលបរាជ័យនៅគ្រប់សមរភូមិ ។ ឧត្ដមសេនីយ៍ ជិនចាន់តុក បានត្រូវខ្មាំងសម្លាប់បាននៅបន្ទាយមាស ហើយជំនួសដោយអ្នកអង្គម្ចាស់អន ។ តែត្រង់ចំណុចនេះ ទ័ពសត្រូវបានត្រូវរុញច្រានឱ្យថយក្រោយរហូតដល់ខែត្រស្រីសន្ធរនៅ លើទន្លេធំ នៅពីខាងឦសានភ្នំពេញ ។ ឯខែត្រទ្រាំង បាសាក់ បន្ទាយមាស និងគយកំពង់ក្របី សៀមដណ្ដើមយកបាន ។ នៅខាងជើងឯណោះវិញ សៀមដណ្ដើមយកបានខែត្របាត់ដំបង និងអង្គរវត្ដ ហើយឡោមព័ទ្ធអមរាទិ (បរិបូណ៌) ដែលមានព្រះឧភយោរាជគង់នៅ ។ ព្រះឧភយោរាជ មិនចង់បោះបង់ទីតាំងនេះឱ្យសត្រូវទេ ប៉ុន្ដែដល់បានទទួលដំណឹងថា ព្រះរាជា និងព្រះរាជបរិពារ បានគេចខ្លួនចេញពីរាជធានីហើយ ទ្រង់ក៏វាយបើកផ្លូវឆ្លងកាត់ទ័ពសៀមចេញទៅជួយលង្វែក ។ ទ្រង់មានព្រះតម្រិះថា បើចង់ឈ្នះ គឺត្រូវឈ្នះនៅក្នុងរាជធានី ព្រោះរាជធានីជាស្នូលនៃការទប់ទល់ទូទាំងប្រទេស ។ ទ្រង់បានយាងចូលមកគង់នៅក្នុងរាជធានី រៀបចំពង្រឹងកិច្ចការពារយ៉ាងម៉ឺងម៉ាត់ និងប៉ិនប្រសប់ ។ ទ័ពសៀមដេញតាមព្រះអង្គប្រកិតៗ រួចបោះទ័ពនៅពីមុខរាជធានីលង្វែក ។ ប៉ុន្ដែដោយព្រះរាជា និងរាជបរិពារគេចចេញបាត់ទៅ ហើយអ្នកស្រុកក៏ទៅជាអស់សង្ឃឹម គិតតែព្រួយនឹងការវាយលុករបស់សត្រូវ បានធ្វើឱ្យកិច្ចការពារជាប់គាំង ហើយនៅទីបញ្ចប់ ក៏ព្រលែងរាជធានីឱ្យសត្រូវតែម្ដងនៅចុងឆ្នាំ១៥៩៣ ។ ព្រះឧភយោរាជ និងគ្រួសារត្រូវសៀមចាប់បាន នាំយកទៅស្រុកគេជាមួយប្រជាជនរាជធានី និងទីជិតខាងចំនួន៩ម៉ឺននាក់ (81) ។
ប្រហែលគឺនៅពេលនោះហើយដែល ឌីយ៉ឺហ្គោបែឡូសូ និង មិត្ដភក្ដិរបស់គេធ្វើដំណើរត្រលប់មកដល់កម្ពុជាវិញទទួលដំណឹងថា សៀមដណ្ដើមយករាជធានីលង្វែកបានហើយ ហើយព្រះសត្ថា និងព្រះរាជាជាព្រះរាជបុត្របានភៀសព្រះកាយទៅគង់នៅឯស្រីសន្ធរ ឬក៏បានយាងទៅដល់ស្ទឹងត្រែងផងក៏មិនដឹង ដែលជាទឹកដីកម្ពុជាដែរនៅជំនាន់នោះ ។
ប្រទេស កម្ពុជាពេលនោះ បានធ្លាក់ចូលក្នុងភាពវិនាសហិនហោចជាខ្លាំងបន្ទាប់ពីសៀមដណ្ដើម យកបានរាជធានីលង្វែក ព្រះរាជាភៀសព្រះកាយបាត់ហើយពួកសៀមគ្រប់គ្រងដឹកនាំប្រទេសយ៉ាង តឹងរ៉ឹងបំផុត ។ គេរុករើកកាយរាជធានី រួចដុតខ្ទេចខ្ទី ។ ប្រជាជនត្រូវគេកៀរទាំងហ្វូងៗយកទៅដាក់នៅទីកន្លែងផ្សេងៗក្នុង ទឹកដីសៀម ហើយមានមនុស្សស្លាប់ជាច្រើនតាមផ្លូវពេលធ្វើដំណើរទៅ ។ ទ្រព្យសម្បត្ដិផ្សេងៗ សាស្ដ្រារាជពង្សាវតារ និងគម្ពីរច្បាប់បានត្រូវគេបំផ្លាញចោល ឬត្រូវព្រះណារេតនាំយកទៅកាន់រាជធានីអយុធ្យា ។ មហាណាចក្រកម្ពុជាដែលធ្លាប់តែរុងរឿង បានធ្លាក់ចុះអាប់ឱនដោយសារតែខ្សោះអស់ប្រជាជន ។ ភាពខ្សោះអស់ប្រជាជននេះ បេសកជនចិនលោក ជីវ តាក្វាន់ បានសង្កេតឃើញតាំងតែពីសតវត្សរ៍ទី១៣មកម្ល៉េះ ក្នុងឆ្នាំ១២៩៦ ហើយលោកបាននិយាយទៀតថា គឺជាផលវិបាកនៃសង្គ្រាមដែលសៀមបង្កឡើងធ្វើឱ្យកម្ពុជាចុះខ្សោយ ដោយកាត់បន្ថយនូវមធ្យោបាយដែលព្រះរាជាខ្មែរប្រើប្រាស់ដើម្បីការពា ខ្លួន ថ្វីបើប្រទេសនេះនៅតែមានអត្ថិភាពប្រកបដោយវិសាលភាព និងគោលជំហររឹងមាំក៏ដោយ ។ គឺជាមហានគរដែលនៅមានកិត្ដិនាមល្បីល្បាញរន្ទឺ ពាសពេញបូព៌ាប្រទេស តែបាត់បង់ការគាំទ្រដល់អនុត្ដរភាព និងមានតែការទទួលស្គាល់ពីបណ្ដាក្សត្រប្រទេសតូចៗនៅស្រុកលាវ ប៉ុណ្ណោះ ។
ភាពវឹកវរដែលធ្វើឱ្យ កម្ពុជានៅឯកោ ការប្រកួតប្រជែងដណ្ដើមអំណាចគ្នា សង្គ្រាមដែលកម្ពុជាត្រូវតែធ្វើជាមួយសៀម និងនគរសាមន្ដរាជ ការធ្លាក់ចុះនៃសន្ដតិវង្សវរ្ម័នកាន់ព្រហ្មញ្ញសាសនានៅដើមសតវត្សរ៍ ទី១៤ ហើយជំនួសវិញដោយសន្ដតិវង្សកាន់ព្រះពុទ្ធសាសនាដែលនាំឱ្យមាន បដិវត្ដន៍សាសនានយោបាយ និងប្រជាធិបតេយ្យ ទាំងអស់នេះបានធ្វើឱ្យព្រះរាជាណាចក្រចុះខ្សោយ ដោយព្រះរាជាត្រូវបាត់បង់អំណាចបន្ដិចម្ដងៗ ។ ព្រឹត្ដិការណ៍ទាំងអស់នេះបានធ្វើឱ្យពួកលាវរើបម្រះទាមទារសេរីភាព ហើយចុះមកនៅកាន់តែជិតឡើងៗ រហូតមកដល់ល្បាក់ខោន តាំងតែពីសតវត្សរ៍ទី១៤ ដែលជាហេតុធ្វើឱ្យអនុត្ដរភាពខ្មែរកាន់តែចុះខ្សោយជាបន្ដ បន្ទាប់ ។ ភាពអាប់ឱនកាន់តែធ្ងន់ឡើងថែមទៀត នៅពេលដែលពួកសៀមកៀរប្រជាជនទាំងហ្វូងៗជាឈ្លើយយកទៅស្រុក គេ ។
ការបោះបង់ចោលរាជធានីនគរធំ នៅសតវត្សរ៍ទី១៤ ហើយព្រះរាជាមកគង់នៅបាសាន រួចមកនៅចតុម្មុខ (ភ្នំពេញ) គង់ក្នុងវាំងឈើប្រក់ស្លឹកមិនមែនប្រក់ក្បឿងនេះជាភស្ដុតាង បញ្ជាក់ច្បាស់អំពីភាពចុះអាប់ឱនដែលមិនអាចកំបាំងពីភ្នែកពួកអ្នក ដែលបានឃើញបានដឹង ដែលយើងត្រូវតែលើកយកមកនិយាយនៅពេលនេះ ។ យើងបានឃើញពីខាងលើរួចមកហើយថាប្រជាជនកម្ពុជាពេលនោះ ជឿថាមានលេចសញ្ញាមិនល្អរួចទៅហើយនៅក្នុងសកម្មភាពផ្សេងៗរបស់ ជនឧក្រិដ្ឋដែលធ្វើឱ្យពួកគេមានការភិតភ័យហើយព្រួយបារម្ភថាពួកគេ នឹងទទួលរងនូវមហន្ដរាយដ៏ធ្ងន់ធ្ងរជាមិនខាន ។ តើមហន្ដរាយដ៏ធំដែលមកគំរាមកំហែងពួកគេនោះជាអ្វី ? ហើយតើអ្វីទៅជាមូលហេតុនៃទុក្ខព្រួយដែលធ្វើឱ្យពួកគេវង្វេង វង្វាន់ ក្លាយទៅជាប្រជាជនមួយលែងទុកចិត្ដលើខ្លួនឯង ហើយចោទប្រកាន់ទៅលើសាសនាទាំង២ថា បានទម្លាក់វាសនាមិនល្អឱ្យព្រះរាជា ដាក់បណ្ដាសាឱ្យកើតជំងឺអាសន្នរោគ ជំងឺឃ្លង់ នៅទូទាំងព្រះនគរ មិនតែប៉ុណ្ណោះបានទាំងឱ្យពួកសៀមដណ្ដើមយករាជធានីបាន ក្រោយពីឡោមព័ទ្ធជាប់ជាច្រើនឆ្នាំ ។ ទុក្ខព្រួយក្រហល់ក្រហាយរបស់ប្រជាជននេះ គឺជាសញ្ញាមួយទៀតបញ្ជាក់អំពីការអាប់ឱន ការភ័យខ្លាច និងការចុះខ្សោយ ។
ក៏ប៉ុន្ដែ ដោយប្រជាជនកម្ពុជានាសម័យនោះ ក៏ដូចជាសម័យព្រះរាជាវង្សវរ្ម័នដែរ ជាជាតិសាសន៍មួយក្លាហាន ជាពូជអ្នកចម្បាំង ត្រៀមខ្លួនជានិច្ចនឹងធ្វើសង្គ្រាម ដោយគេមានមេបញ្ជាការជាឧត្ដមសេនីយ៍ដ៏ប៉ិនប្រសប់ ដោយគេធ្លាប់បានរុញច្រានពួកចាមឱ្យដកថយចេញទៅវិញមិនតិចជាង២០ ដង ធ្លាប់វាយក្សត្រនគរចំណុះឱ្យបរាជ័យលើសពី១០០ដង ធ្លាប់បានចេញធ្វើសង្គ្រាមទៅក្រៅទឹកដីជាង១០ដង ធ្លាប់វាយពួកសៀមឱ្យបរាជ័យ២០ដងក្នុងពេលជាង៤សតវត្សរ៍ ដោយអ្នកស្រុកទៅជាមានការប្រុងប្រយ័ត្នខ្លួនជានិច្ច ព្រោះតែការចូលលុកលុយមកពីទិសពាយ័ព្យ និងឧត្ដររបស់ទ័ពសៀម និងលាវ ដោយអ្នកស្រុកមានស្មារតីជាអ្នកចម្បាំង ទាំងព្រះរាជាដាក់រាជ្យទាំងព្រះរាជាតែងតាំងថ្មីដែលនៅក្មេងមិន ទាន់សមល្មមក្នុងការដឹកនាំ ទាំងពួកឧត្ដមសេនីយ៍ រដ្ឋមន្ដ្រីនាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ មានទំនុកចិត្ដហើយបានលះបង់អស់ពីកម្លាំងកាយ និងកម្លាំងចិត្ដដើម្បីបម្រើជាតិ ។ គេសម្រេចជ្រើសរើសទ័ពបានយ៉ាងរហ័សប្រឆាំងនឹងទ័ពសៀម បាន៤កងនៅក្នុងឆ្នាំ១៥៨២ វាយបំបែកការឡោមព័ទ្ធរាជធានីលង្វែកក្នុងឆ្នាំ១៥៨៣ ថែមទាំងបានរុញច្រានពួកសៀមរហូតដល់ទល់ដែនទៀតផង ជាហេតុធ្វើឱ្យគេមានសង្ឃឹមថា អាស្រ័យដោយវិធានការដ៏ប៉ិនប្រសប់ ទប់ទល់ប្រឆាំងនឹងផែនការវាយប្រហារហ្មត់ចត់របស់សត្រូវ កម្ពុជានឹងអាចបណ្ដេញសត្រូវឈ្លានពានសួពូជបានយ៉ាងហោចណាស់ម្ដងទៀត ដែរ នៅក្នុងឆ្នាំ១៥៩៣ ។
ក៏ ប៉ុន្ដែការពិតបែរជាផ្ទុយស្រឡះ គឺទ័ពខ្មែរបានត្រូវវាយឱ្យបរាជ័យនៅលើគ្រប់សមរភូមិ ហើយសៀមដណ្ដើមយករាជធានីលង្វែកបាន ។ ព្រះឧភយោរាជ និងគ្រួសារត្រូវសៀមចាប់បានជាឈ្លើយ ចំណែកឯព្រះរាជាដាក់រាជ្យ និងព្រះរាជាក្មេងវិញ ត្រូវគេចព្រះកាយទៅគង់នៅឯខាងជើងបំផុតនៃព្រះរាជាណាចក្រ ដើម្បីកុំឱ្យសៀមចាប់បានហើយនាំយកទៅស្រុកសៀមដូចជាព្រះរាជាមុន មួយអង្គ គឺព្រះបាទស្រីរាជា នៅក្នុងឆ្នាំ១៤៧៣ ។ ដល់ពេលនេះ មិនគ្រាន់តែជាការអាប់ឱនចុះប៉ុណ្ណោះទេ គឺជាមរណភាពជាចុងបញ្ចប់នៃព្រះរាជាណាចក្រមួយតែម្ដង ។ ប្រជាជនបាត់ម្ចាស់ការភ្លេចអស់អ្វីៗ មិនដឹងថាខ្លួនជានរណា ។ គេត្រូវបាត់បង់អស់នូវតម្លៃរបស់ខ្លួន បាត់បង់ទាំងអានុភាព និងថាមពល ហើយគ្មានសល់អ្វីបន្ដិចឡើយ ។
ក្រោយពីវិបត្ដិដ៏ធំធេងនេះ នៅពេលដែលមានរាជវង្សឆ្ងាយមួយអង្គ គឺព្រះរាមាជើងព្រៃ ដែលជាសត្រូវរបស់ព្រះរាជាដាក់រាជ្យព្រោះទំនាស់ដណ្ដើមព្រះជាយាគ្នា ហើយក៏ជាសត្រូវរបស់ព្រះរាជាថ្មីផងដែរ ក្រោយពីបានពិនិត្យឃើញថាអ្វីៗរលំរលាយដល់ដីអស់ហើយ ទាំងរាជវង្សទាំងរាជបរិពារ និងមន្ដ្រីធំៗក៏បាត់បង់អស់ពីព្រះរាជាណាចក្ររាជធានីត្រូវ ត្រួតត្រាដោយឧត្ដមសេនីយ៍សៀមម្នាក់ ក្រោយពីព្រះអង្គបានបណ្ដេញទ័ពសៀម និងឧត្ដមសេនីយ៍ជាតំណាងស្ដេចសៀមចេញពីលង្វែកនៅក្នុងឆ្នាំ១៥៩៤ផុត ទៅ គ្មានសល់អ្វីទៀតទេនៅក្នុងព្រះរាជាណាចក្រ ៖ «ចិត្ដគំនិតចាស់ត្រូវរលុបបាត់អស់ មនុស្សម្នាក្លាយទៅជាទន់ជ្រាយ កំសាក នរណាក៏ដូចជានរណា មានតែក្ដីអស់សង្ឃឹម» ។
បន្ទាប់ មក ក្រោយពីព្រះរាជាដាក់រាជ្យសោយទិវង្គតទៅ ព្រះរាជាថ្មីក៏សុគតបាត់ទៅដែរ ក្រោយពីពួកអេស្ប៉ាញ និងព័រទុយហ្គាល់ធ្វើគុតព្រះរាមាជើងព្រៃនៅស្រីសន្ធរក្នុងឆ្នាំ១៥៩៥ រួចហើយពួកចាម និងម៉ាឡេ ធ្វើគុតពញាតន់ក្នុងឆ្នាំ១៥៩៦ ប្រទេសកម្ពុជាមានព្រះរាជា១៣ព្រះអង្គសោយរាជ្យក្នុងពេលតែ១ សតវត្សរ៍ ហើយនៅចងចាំឥតភ្លេចអនុស្សាវរីយ៍នៃមហាវិនាសកម្មកន្លងមក ក៏ប៉ុន្ដែគេគ្មានសេចក្ដីក្លាហាននឹងធ្វើការសងសឹកតបតនឹងពួកសៀម វិញទេ ។ សៀវភៅក្បួនខ្នាតច្បាប់ គម្ពីរសាស្ដ្រា បានត្រូវគេលួចយកទៅបាត់ ឬដុតបំផ្លាញខ្ទេចខ្ទី ។
នៅ ក្នុងគ្រិស្ដសករាជ១៦៩២ ដើម្បីបានចេះដឹងអំពីទំនៀមទម្លាប់ពីបុរាណដែលគេភ្លេចបាត់អស់ទៅ ហើយតាមការណែនាំរបស់ព្រះមាតុច្ឆាមួយព្រះអង្គ ព្រះបាទជ័យជេដ្ឋាត្រូវធ្វើសំណើសុំគម្ពីរសាស្ដ្រា ក្រាំង ច្បាប់រដ្ឋប្បវេណី និងច្បាប់សាសនាសរសេរដោយដៃទៅប្រទេសសៀមដែលបានលួចយកទៅពី មុន ។
នៅក្នុងការចងចាំរបស់ប្រជាជនខ្មែរ ការបាត់បង់រាជធានីលង្វែកគឺជាដំណាក់កាលអាក្រក់មួយ ដែលពីមុននោះ ព្រះរាជាណាចក្រមានទឹកដីធំ ហើយសម្បូរសប្បាយ ប្រជារាស្ដ្របានសុខក្សេមក្សាន្ដ ប្រទេសខ្លាំងពូកែ ។ តាមពិត កម្ពុជាបានធ្លាក់ចុះឱនថយតាំងពីមុននោះយូរយារមកហើយ បើពុំនោះទេ ការគ្រាន់តែបាត់បង់កម្ទេចកម្ទី និងត្រួតត្រាលង្វែកក្នុងពេល២-៣ឆ្នាំប៉ុណ្ណោះ នឹងមិនអាចធ្វើឱ្យប្រទេសត្រូវរលាយបាត់បង់ ខ្សោះកម្លាំង ហើយប្រជាជនធ្លាក់ចូលក្នុងដំណើរថយក្រោយដូច្នេះទេ ។ ចាប់ពីពេលបាត់បង់លង្វែកមកកម្ពុជាត្រូវបាត់ឈ្មោះពីចុងបូព៌ា ហាក់បីដូចជារលត់រលាយបាត់ពីលើពិភពលោកនេះទៅ លែងមាននរណាស្គាល់ទៀតហើយ ។ នៅពេលដែលពួកអឺរ៉ុបបានមកដល់កាលពី១សតវត្សរ៍មុននេះ ដោយចុះចតនៅនឹងឆ្នេរសមុទ្រប្រទេសឥណ្ឌា ត្រង់អវា អារ៉ាកាន់ មែរគុយ តេណាស់សេរីម ម៉ាតាបាន មកដល់ភូមា ប៉េហ្គូ ជ្វា ម៉ាឡាកា រហូតមកដល់ស្រុកសៀម ហើយធ្លាយរហូតដល់តុងកឹង អាណ្ណាម កូសាំងស៊ីន ពួកនោះមិនបានដឹងអំពីអត្ថិភាពរបស់ព្រះរាជាណាចក្រកម្ពុជាទេ ។ រាជទូតរបស់ស្ដេចល្វីទី១៤ គឺពួកលោកឪពុក សេស្វីត ទាំង៦នាក់ បានដឹងអំពីប្រទេសកម្ពុជានៅឯរាជវាំងអយុធ្យា នៅឆ្នាំ១៦៩៥ ពេលដែលពួកគាត់បានជួបអ្នកអង្គម្ចាស់ខ្មែរមួយអង្គដែលហាក់បី ដូចជាយាងមកពីប្រទេសឆ្ងាយដាច់សង្វែងមួយ គ្មានអារ្យធម៌ ហើយចំណុះស្រុកសៀម ។
(1) តាមមើលទៅព្រះនាមនេះ សមតែជាព្រះមរណនាមទៅវិញទេ ។
(2) មានន័យថា ព្រះរាជធានីរបស់ព្រះឥន្ទ្រ ។
(3) ឯកសារមួយនោះនិយាយថាទ្រង់សោយរាជ្យបានតែ៤ខែទេ ។
(4) សៀងរ៉ៃ គឺ សៀងហៃ សព្វថ្ងៃស្ថិតនៅលើខ្សែរយៈទទឹង១៩ អង្សា៥០ ក្នុងអឌ្ឍគោលខាងជើង និងខ្សែរយៈបណ្ដោយ៩៧អង្សា ១០ ខាងកើត នៅលើដៃមួយនៃទន្លេមេគង្គ ពីខាងជើងរដ្ឋសាន ។
(5) នៅលើមាត់ទន្លេមេណាមខាងស្ដាំ ត្រង់ខ្សែរយៈទទឹង១៧អង្សាខាងជើង និងខ្សែរយៈបណ្ដោយ៩៧អង្សា ៣០ខាងកើត ។
(6) ស្ថិតនៅលើមាត់ទន្លេមេពីងខាងេឆ្វេង ចម្ងាយ៤០គីឡូម៉ែត្រពីខាងពាយ័ព្យសុខោទ័យ ។
(7) មានន័យថារាជធានីរបស់ទេវតា តាមមើលទៅប្រហែលគឺមឿងទេពសព្វថ្ងៃ នៅលើមាត់ទន្លេមេងួនខាងឆ្វេង ។
(8) ពាក្យខ្មែរថា «ចៅ» សៀម និងលាវថា «ឆាវ» ចិនថា «ចូបូ» សានថា «សូបូ» អាណ្ណាមថា «ជាវ» ប៊ីរម៉ានថា «សាបូ» មានន័យថា ស្ដេច ឬអង្គម្ចាស់ ក្រោយមកគេប្រើសម្រាប់ហៅមន្ដ្រីដែលមិនមានជាប់សាច់រាជវង្សផង ដែរ ។ គឺចេញពីពាក្យនេះហើយៗរួមផ្សំ ជាមួយពាក្យដែលប៊ីរម៉ង់ថា «អួ» មានន័យថា ក្បាល មេឬប្រធាន សៀមថា «ហួ» ខ្មែរថា «ហ្វា» ដែលកើតបានជាពាក្យថា «ចៅហ្វ៊ា» គឺនាយករដ្ឋមន្ដ្រី ចៅហ្វាយស្រុក ។ ពាក្យភូមាថា «ចាបួ» មានន័យថា ស្ដេចបរទេសដែលចំណុះ ។ ពាក្យ សាន ថា «ចូបូ» ឬ «សូបូ» ក្លាយចេញមកពីពាក្យដើមនេះដែរ ។
ពាក្យសៀមថា «ហួ» ប៊ីរម៉ានថា «បួ» ខ្មែរថា «ហ្វា» លាវថា «វ៉ា» ប្រើភ្ជាប់ជាមួយពាក្យ «កែវ» មានន័យថាមានតម្លៃ បានជាពាក្យ «កែវហ្វ៊ា» ជាឋានៈមួយរបស់រាជវង្សបន្ទាប់ពីឋានៈឧបរាជ ។
(9) បើតាមការរៀបរាប់នេះអយុធ្យាដែលជារាជធានីរបស់សៀមពីឆ្នាំ១៣៥០ ដល់ ១៧៦៨ មិនមែនកសាងឡើងដោយស្ដេចមកពីសុខោទ័យដែលជាបច្ឆាញាតិរបស់ព្រះរោង ទេ គឺកសាងដោយស្ដេចសៀងសែនមួយអង្គមានដើមកំណើតជារាស្ដ្រសាមញ្ញ ដែលបានសោយរាជ្យនៅក្សត្រប្រទេសមួយនៅក្នុងអាងទន្លេមេណាម ខាងលើ ។ ក្សត្រប្រទេសនោះមានរាជធានីដំបូងនៅកំផែងពេជ្រ កសាងឡើងដោយស្ដេចលាវមួយអង្គដែលស្ដេចនគរជិតខាងបានបង្ខំឱ្យដកថយ គេចព្រះអង្គមកខាងត្បូង ។ ខ្ញុំគិតថាវាគ្មានអ្វីជាប្លែកទេ បើសិនជាថ្ងៃណាមួយគេរកឃើញថា ស្ដេចដែលមានជ័យជម្នះនោះគឺជាស្ដេចថៃមួយអង្គមកពីប្រទេសភូមា ជាមួយនឹងប្រជារាស្ដ្រថៃ ។
(10) រាជពង្សាវតារសៀមនិយាយថា ស្ដេចសៀមបានប្រកាសសង្គ្រាមឡើងដោយមកពីពួកខម គឺខ្មែរ ព្រហើនបែរខ្នងដាក់មិនព្រមគោរព ។
(11) មានន័យថា «ស្ថានសួគ៌របស់ព្រះរាមា» ឬ «ច្បារដំណាំរបស់ព្រះរាមា» ក្នុងន័យថាស្ថានសួគ៌ដែរ ។
(12) កាំភ្លើង = កាំ (គ្រាប់) ភ្លើង ។ ត្រូវដឹងថាអ្នកចុងបូព៌ាប្រទេសបានស្គាល់ និងប្រើប្រាស់រំសេវជាច្រើនសតវត្សរ៍ណាស់មកហើយ មុនពួកអឺរ៉ុបមានកាំភ្លើងធំតាំងពីសតវត្សរ៍ទី១៤ ហើយខ្មែរបានស្គាល់អាវុធនេះយូរហើយ ។ នៅក្នុងឆ្នាំ១៣៩៨ ពួកតាមែរឡង់ បានប្រើកាំភ្លើងធំនៅក្នុងសង្គ្រាមដណ្ដើមទឹកដីរបស់ពួកហិណ្ឌូ ហើយនៅអង្គរធំមានកន្លែងមួយមានឈ្មោះថា «ឃ្លាំងគ្រាប់កាំភ្លើង» ។
លោក វ៉ូស៊ីយុស បានអះអាងថា ចិនមានកាំភ្លើងធំធ្វើអំពីសំរឹទ្ធ និងដែកតាំងពីឆ្នាំ១០៥៥ ហើយចេះធ្វើគ្រាប់បែកតាំងពីឆ្នាំ១២៣២ ដែលអាចសម្លាប់មនុស្សដែលស្ថិតនៅក្នុងរង្វង់១០ម៉ែត្របាន ។
ជីវ តាក្វាន់ បាននិយាយថា នៅក្នុងឆ្នាំ១២៩៥ នៅអង្គរធំមានគេចេះធ្វើកាំជ្រួច និងផាវ កាំជ្រួចខ្លះហោះខ្ពស់អាចឱ្យគេមើលឃើញបានពីចម្ងាយ៤០គីឡូម៉ែត្រ កាំជ្រួចខ្លះទៀតធំដូចដុំថ្មហើយផ្ទុះលាន់រំពង ធ្វើឱ្យរញ្ជួយទូទាំងរាជធានី ។
អ្នកនិពន្ធ ខ្លះបាននិយាយអំពីការប្រើប្រាស់កាំភ្លើងធំដោយសូលីម៉ាន ក្នុងការវាយយកទីក្រុងបែលក្រាដនៅឆ្នាំ១០៧៣ និងដើម្បីការពារទីក្រុងសេវីលនៅឆ្នាំ១២៤៧ ។ ហើយវាប្រាកដណាស់ថា មេរបស់ពួកម័រឈ្មោះថា អ៊ីស្មាអែល បានវាយយកទីក្រុង បេហ្សា របស់អេស្ប៉ាញ នៅក្នុងឆ្នាំ១៣២៥ ដោយសារប្រើកាំភ្លើងដែរ ។
(13) ឯកសារខ្លះទៀតនិយាយថា គឺព្រះសុរិយោទ័យទេដែលកេណ្ឌទ័ពនេះ ក្រោយមកទ្រង់បានត្រូវលើកឱ្យសោយរាជ្យសម្បត្ដិ ។
(14) ជួនកាលគេប្រទះឃើញថាគេហៅថា ស៊ីសត្ដណាកាហ៊ុត ស៊ីសត្ដណាហ្គាហ៊ុត និងស៊ីសត្ដណាឧត្ដលាម៉ាចរាត់សាតានី ផងដែរ ។ ឈ្មោះជាភាសាសំស្ក្រឹតគឺ ស្រីសុទ្ធម្មន គិរី សុទ្ធម្មៈ នេះគឺជាសាលកាត់ក្ដីរបស់ព្រះឥន្ទ្រ ។
(15) រាជធានី មានគូទឹកធំ និងជ្រៅព័ទ្ធជុំវិញ ពីក្រោមជញ្ជាំងកម្ពស់ជាង១០ម៉ែត្រ ។ មានច្រកចេញចូលជាផ្លូវលំចាក់ដី មានបង្កាន់ដៃជារូបយក្សទ្រនាគរាជមួយ ។ គេការពារច្រកចេញចូលនេះដោយដាក់ទ័ពនៅលើប្រាង្គខ្ពស់នៅពីលើ ផ្លូវ និងនៅលើជញ្ជាំងពីខាងឆ្វេង និងខាងស្ដាំ ។ ក៏ប៉ុន្ដែគេមិនបានដឹងអំពីការធ្វើស្ពានលើកដាក់បាននោះទេ ម្ល៉ោះហើយសត្រូវអាចចូលមកដល់ទ្វារ ហើយបុកទម្លុះចូលមកក្នុងបាន ។
(16) យើង បានឃើញពីខាងលើថារាជពង្សាវតារបាននិយាយថា ព្រះអង្គម្ចាស់ទាំង៣ព្រះអង្គត្រូវជាចៅរបស់ព្រះរាមាសួន មិនចមែនជាបុត្រទេ ។ តែខ្ញុំគិតថាប្រហែលចជាមានចការភ័ន្ដច្រឡំនៅទំព័រមុន ដែលត្រូវនិយាយថា «ទ័ពទាំង៣កងបានត្រូវប្រគល់ឱ្យបងប្អូនទាំង៣របស់ព្រះរាមាសួន» មិនមែនឱ្យចៅរបស់ព្រះអង្គទេ ។
(17) តាមរាជពង្សាវតារ ចំនួនប្រជាជនពេលនោះមានប្រហែលជា១០ម៉ឺននាក់ប៉ុណ្ណោះ ។
(18) រាជបុត្រ ច្បងរបស់ស្ដេចសៀមគឺព្រះឧទងរាមា ឬរាមាសួន ដែលយើងបានឃើញដឹកនាំទ័ពសៀមមកវាយខ្មែរ ហើយបានឡើងសោយរាជ្យបន្ដពីព្រះបិតានៅក្នុងឆ្នាំ១៣៦៩ ។ តាមមើលទៅព្រះចៅបាសាធ ដែលព្រះឧទង លើកឱ្យសោយរាជ្យនៅកម្ពុជាជាបុត្រព្រះរាជាទី៤ ចៅបាអាតជារាជបុត្រទី៣ ហើយចៅកំបង់ពិសីជារាជបុត្រទី២ ។
(19) ខែត្របស្ចិមសព្វថ្ងៃ គឺប្រាជីម ស្ថិតនៅលើផ្លូវពីអង្គរធំទៅអយុធ្យាត្រង់ខ្សែរយៈទទឹង ១៤អង្សាខាងជើង និងខ្សែរយៈបណ្ដោយ ៩៩អង្សាខាងកើត ។
(20) ទ្រង់ ជារាជបុត្ររបស់ព្រះបាទស្រីសុរិយោទ័យជាមួយព្រះរាជអគ្គមហេសីពេលឡើង សោយរាជ្យ ទ្រង់មានព្រះជន្ម៤៣ព្រះវស្សាហើយ ។ អត្ថបទខាងដើមនិយាយថា ទ្រង់ជារាជបុត្ររបស់ព្រះសុគន្ធបទ និងត្រូវជាចៅរបស់ព្រះនិព្វានបទ បើសិនជាដូច្នោះមែន ទ្រង់ត្រូវជាចៅក្មួយរបស់ព្រះស្រីសុរិយោទ័យ ពីព្រោះថា ព្រះសុគន្ធបទជាបុត្ររបស់ព្រះនិព្វានបទ ហើយព្រះសុរិយោទ័យ ជាបុត្ររបស់ព្រះសិទ្ធានបទ ។ ប៉ុន្ដែបើសិនជាព្រះស្រីសុរិយោវង្សមានព្រះជន្ម៤៣ព្រះវស្សានៅពេល ឡើងសោយរាជសម្បត្ដិ គេពិបាកនឹងទទួលស្គាល់ថាទ្រង់ត្រូវជាបុត្រមហាឧបរាជស្រីសុរិយោទ័យ ណាស់ ព្រោះទ្រង់ត្រូវជាព្រះអនុជរបស់ព្រះសិទ្ធានដែលសុគតនៅឆ្នាំ១៣៤៦ ហើយខ្លួនព្រះអង្គឯងសុគតនៅក្នុងឆ្នាំ១៣៥២ ។ តែរឿងនេះអាចថាពិតបានបើសិនណាជាទទួលស្គាល់ថា ព្រះសិទ្ធាន និងព្រះលំពង្សរាជា ឡើងសោយរាជ្យមានវ័យចំណាស់ៗទៅហើយ ។
(21) រាជពង្សាវតារសៀមចែងថា ស្ដេចនេះមិនមែនជាប្អូនថ្លៃរបស់ព្រះឧទងទេតែគឺជាបុត្រាទី២ ។
(22) បាសាក់សព្វថ្ងៃគឺឡុងសៀង អូរម៉ូលជាចំណែកមួយនៃស្រុកសុកត្រាំង ក្រមួនសជាចំណែកមួយនៃស្រុកឡុងសៀង ទឹកខ្មៅជាចំណែកមួយនៃស្រុករ៉ាជយ៉ា ឯពាម កំពត និងកំពង់សោមស្ថិតនៅមាត់ឈូងសមុទ្រសៀម ។
(23) ខែត្រទាំង៣នេះស្ថិតនៅលើទឹកដីដែលលាតសន្ធឹងពីមាត់ឈូងសមុទ្រ បាងកករហូតមកដល់ខែត្របាត់ដំបង និងពីភ្នំដងរែករហូតដល់ឈូងសមុទ្រសៀម ។ តាមមើលទៅ ខែត្រទាំង៣នេះពេលនោះលែងជាទឹកដីកម្ពុជាទៀតហើយ ប្រហែលជាបានផ្ដាច់ចូលទៅសៀមក្នុងសម័យសង្គ្រាមមុន និងនៅពេលដែលស្ដេចសៀមសោយរាជ្យនៅឥន្ទបត្ដ ។
(24) យើងឃើញថាមាននិយាយអំពីរំសេវម្ដងទៀតហើយលើកនេះប្រហែលជានៅរវាងឆ្នាំ១៣៦០ ។
(25) ទាល់តែដល់ឆ្នាំ១៣៨៤ទើបឈៀងម៉ៃធ្លាក់ចូលក្នុងអំណាចរបស់សៀម ហើយរហូតទាល់តែដល់ឆ្នាំ១៤៣០ ទើបសៀមរៀបចំរាជធានីបានល្អ ក្រោយពីបានជម្លៀសប្រជាជនចេញអស់២ម៉ឺនគ្រួសារ ។
(26) នេះគឺជាលើកទី១ហើយដែលខ្ញុំប្រទះឃើញគេប្រើពាក្យ ខេមរា នេះ ។
និយាយ ថាព្រឹត្ដិការណ៍នេះកើតឡើងនៅក្នុងឆ្នាំ១៣៨៤ ដូចជាត្រឹមត្រូវល្អណាស់ បើសិនជាគេជឿតាមរាជពង្សាវតារសៀម ពីព្រោះថារាជធានីកម្ពុជាត្រូវសៀមវាយយកបានក្នុងឆ្នាំ១៣៨៥ ។ ប៉ុន្ដែបើដូច្នេះមែន ព្រឹត្ដិការណ៍នេះត្រូវកើតឡើងក្រោមរជ្ជកាលព្រះរាមាសួន មិនមែនក្នុងរជ្ជកាលព្រះចៅចន្ទ ជាព្រះរាជបុត្រនោះទេ ។
(27) នេះ គឺជាលើកទី១ហើយដែលខ្ញុំជួបជាមួយឋានៈនេះ ដែលយើងនឹងប្រទះឃើញទៀតនៅពេលក្រោយៗ ។ ពាក្យនេះដូចជាមានប្រភពចេញពីភាសាប៉េហ្កាន ។
(28) ការអធិប្បាយលម្អិតបែបនេះពេកដូចជាធ្វើឱ្យមានការសង្ស័យថា រាជពង្សាវតាររៀបរាប់បំភ្លៃ ពីព្រោះថា បើសិនជាសៀម៦នាក់នោះត្រូវស្ដេចសៀមដាក់ទណ្ឌកម្មដើម្បីគ្រាន់តែ បន្លំភ្នែកខ្មែរទេ វាមិនសមនឹងធ្ងន់ធ្ងររហូតដល់អាចធ្វើឱ្យមានគ្រោះថ្នាក់បែបនេះ ឡើយ ។
(29) ពាក្យខ្មែរថា «ពញា» នេះប្រហែលជាក្លាយមកពីពាក្យប៉េហ្កានថា «ប៊ីញ៉ា» ជាឋានៈរបស់ស្ដេចពីបុរាណ ឯពាក្យថា «ចៅ» ក៏សំដៅយកស្ដេចដែរ ។ ពាក្យ «ចៅពញា» នេះជាឋានៈរបស់ពួកអ្នកអង្គម្ចាស់ និងព្រះរាជាខ្មែរនៅសតវត្សរ៍ទី១៤ និង១៥ តែបន្ទាប់មកបានប្រើពាក្យនេះសម្រាប់ហៅតែពួកអ្នកអង្គម្ចាស់ ប៉ុណ្ណោះ រួចហើយសម្រាប់តែនាម៉ឺនធំៗ ។ ក្នុងភាសាលាវ គេថា «ប៉ាញ៉ា» ឬ «ផាញ៉ា» ។
គេ មិនត្រូវច្រឡំពញាព្រែកនេះ ដែលត្រូវជារាជបុត្ររបស់ស្ដេចសៀម ហើយត្រូវគេលើកឱ្យសោយរាជ្យនៅកម្ពុជាក្រោមព្រះនាមថា ព្រះឥន្ទ្ររាជា ជាមួយនឹងបុត្រស្ដេចសៀមមួយអង្គទៀតដែលមានឋានៈដូចគ្នាដែរតែធ្វើ ជាមេទ័ពសៀមទេ ។ ហើយក៏មិនត្រូវច្រឡំជាមួយព្រះឥន្ទ្ររាជាមួយទៀតដែលត្រូវជាព្រះ ញាតិរបស់ស្ដេចសៀមព្រះភ្យារាម ដែលដណ្ដើមរាជសម្បត្ដិក្នុងឆ្នាំ១៤០១ ដែរ ។
(30) មានឯកសារមួយនិយាយថា ស្ដេចពញាយ៉ាត ឡើងសោយរាជ្យក្នុងឆ្នាំ១៤៣២ ។ តាមមើលទៅប្រហែលជាឆ្នាំដែលទ្រង់ទទួលព្រះរាជាភិសេកទេ គឺឆ្នាំ១៤២៣ ឬ ១៤៣៣ ។
(31) នៅចម្ងាយ៤០គីឡូម៉ែត្រខាងឦសានរាជធានីភ្នំពេញ លើច្រាំងទន្លេមេគង្គខាងឆ្វេង ។
(32) រឿង ព្រះបាទបក្សីចាំក្រុងនេះជារឿងនិទានសុទ្ធសាធតែឈ្មោះទីកន្លែងត្រូវ ទៅនឹងឈ្មោះស្រុកទេសពិតប្រាកដមែន ។ នៅស្រុកសៀមក៏មានរឿងនិទានដូចគ្នានេះដែរ គ្រាន់តែឈ្មោះទីកន្លែងប្ដូរទៅជាឈ្មោះស្រុកទេសក្នុងប្រទេសសៀមទៅ វិញ ។
(33) ស្ដេច នេះមិនមែនជាព្រះពញាព្រែកដែលឡើងសោយរាជ្យនៅកម្ពុជាក្រោមព្រះ នាមថា ព្រះឥន្ទ្ររាជាទេ ពីព្រោះព្រះអង្គសោយរាជ្យនៅសៀមតាំងពីឆ្នាំ១៤០១ ។ បើដូច្នេះ តើព្រះអង្គជាស្ដេចមួយណា ។ ព្រះសង្ឃរាជខ្មែរប្រាប់ខ្ញុំថា ស្ដេចនេះអាចជាស្ដេចដែលសោយរាជ្យបន្ដពីព្រះឥន្ទ្ររាជា ក៏ប៉ុន្ដែបើសិនជាដូច្នោះមែន តើព្រះស្រីសុរិយោវង្ស និងព្រះបរមសោកៈសោយរាជ្យនៅពេលណា ហើយនៅឯណា ?
(34) ឯកសារមួយនោះនិយាយច្រើនដងថានៅក្នុងឆ្នាំ១៣១០ នៃមហាសករាជ ត្រូវនឹងចុល្លសករាជ៧៥១ ដែលត្រូវនឹងគ្រិស្ដសករាជ ១៣៧៤ ឬ ១៣៨៨ ឬ ១៣៨៩ ។ យើងនឹងបានឃើញនៅខាងក្រោមថា ការចាកចេញពីអង្គរគឺនៅក្នុងចុល្លសករាជ៧៣៥ ជាឆ្នាំរោងទោស័ក ។ ក៏ប៉ុន្ដែឆ្នាំ៧៣៥ នៃចុល្លសករាជដែលត្រូវនឹងគ្រិស្ដសករាជ១៣៧៣ មិនមែនជាឆ្នាំរោងទេ ហើយក៏មិនមែនជាឆ្នាំទោស័កដែរ គឺជាឆ្នាំម្សាញ់បញ្ចស័កទៅវិញទេ ។ ឯមហាសករាជ១៣១០ ដែលត្រូវនឹងគ្រិស្ដសករាជ១៣៨៨ ទើបជាឆ្នាំរោង ទោស័ក ។ គឺដោយមូលហេតុនេះហើយបានជាខ្ញុំគិតថា កាលបរិច្ឆេទនេះសមជាង ហើយម្យ៉ាងទៀតមានការរៀបរាប់នៅខាងក្រោមពីឆ្នាំចុល្លសករាជ៧៥១ និង៧៥២ (ត្រូវនឹងគ្រិស្ដសករាជ១៣៨៩ និង១៣៩០) ។ ចំណុចមួយទៀត គឺគេនិយាយខាងក្រោមថា ព្រះអង្គសោយរាជ្យបាន៤៧ព្រះវស្សា ក្នុងនោះ ១៧ព្រះវស្សានៅមហានគរ ហើយបើយក ១៧ឆ្នាំទៅបូកជាមួយឆ្នាំដែលព្រះធម្មសោកៈ សុគត១៣៧៣ យើងបាន១៣៩០ គឺខុសគ្នាតែ២ឆ្នាំប៉ុណ្ណោះ ។ ខ្ញុំពិនិត្យឃើញថាមានការមិនសូវសមជាច្រើននៅក្នុងកាលបរិច្ឆេទ តែខ្ញុំអាចបានត្រឹមតែផ្គូផ្គងដូចខាងលើ ហើយសុំឱ្យអ្នកណាដែលមានឯកសារច្រើនជាងជួយកែសម្រួលផងចុះ ។
(35) យើងបានឃើញពីខាងលើរួចហើយថា ព្រះរាជាបានស្គាល់ និងធ្លាប់បានរស់នៅក្នុងខែត្រនេះមួយរយៈរួចមកហើយ ។
(36) ព្រះសង្ឃព្រះនាមចាន់ ជាបាឡាត់វត្ដឧណ្ណាលោម បានអះអាងថាគឺ តេជោក្រហមក ដែលបានពូនកូនភ្នំនេះឡើងនៅក្នុងឆ្នាំ១៦០៥ រួចហើយបានសង់ចេតិយធំមានរាងជាពីរ៉ាមីដ ។ ក៏ប៉ុន្ដែរាជពង្សាវតារនិយាយថា ចេតិយដែលស្ថិតនៅជ្រុងខាងពាយ័ព្យនោះ គឺជាចេតិយដែលដាក់ធាតុស្ដេចចៅពញាយ៉ាត ដែលបានយកចតុម្មុខជារាជធានី ។
(37) តាម មើលទៅរាជធានីចតុម្មុខពេលនោះលាតសន្ធឹងនៅលើមាត់ទន្លេសាបខាងលិច ចាប់ពីស្ពានតាកែវ ឬសត្ដឃាតដ្ឋាន រហូតដល់ស្ពានឡឺវីស ឬស្ពានភូមិកាតូលិក និងទៅទិសខាងលិចរហូតដល់ស្ពានបាក់ទូកនៅលើផ្លូវទៅកំពត ស្ពាននេះនៅមានឃើញនៅឡើយរហូតដល់ឆ្នាំ១៩០៨ ។
(38) ជាភាសាបាលីៈ ឧវយុវរាជ ។ ឋានៈនេះមាននៅស្រុកលាវ សៀម និងភូមាដែរតែនេះគឺជាលើកទី១ហើយដែលគេប្រទះឃើញក្នុងរាជពង្សាវតារខ្មែរ ។
(39) ព្រះរាជបុត្ររបស់ព្រះពញាយ៉ាត ជាមួយអ្នកម្នាងសៀម ។
(40) ខែត្រទាំង៣នេះស្ថិតនៅលើច្រាំងទន្លេមេគង្គខាងស្ដាំ ខែត្រទី១នៅលើច្រាំងទន្លេ ខែត្រ២ទៀតនៅបន្ដពីខាងក្រោយតាមលំដាប់លំដោយ ។
(41) ខែត្រខាងត្បូងនេះសព្វថ្ងៃគឺសាយហ្គន គេហៅដំបូងបង្អស់ថា ព្រៃគរ មិនមែនព្រៃនគរទេ ។
(42) តាមមើលទៅប្រហែលគឺចង្ហូរថ្មនៅលើស្ទឹងមង្គលបុរីចម្ងាយ៤២គីឡូម៉ែត្រខាងលិចបាត់ដំបង ។
(43) អម្រឹតបុរៈ ជាឈ្មោះទីប្រជុំជនមួយនៅលើមាត់ទន្លេសាបខាងស្ដាំ ។ រាជធានីចុងក្រោយរបស់ភូមា មួយដែលសង់ឡើងដោយស្ដេចអាឡំផ្រាក៏មានឈ្មោះដូចគ្នានេះដែរថា អម្របុរៈ ។
(44) មានព្រះនាមមួយទៀតថា បង់គី ។
(45) រាជពង្សាវតារបាននិយាយថា នៅឆ្នាំនោះមានរញ្ជួយព្រះធរណីអស់រយៈពេល៥ម៉ោង តាមមើលទៅប្រហែលជាការរញ្ជួយបន្ដបន្ទាប់ក្នុងរយៈពេល៥ម៉ោង ។
(46) នេះគឺជាផ្លូវពីបាត់ដំបងទៅអយុធ្យាពីមុន ។
(47) រាជពង្សាវតារនិយាយថា គេបានយកព្រះសារីរិកធាតុរបស់ព្រះពុទ្ធអង្គមកតម្កល់នៅក្នុងចេតិយ នេះ ដោយដាក់ក្នុងកោដ្ឋមាសមួយនៅក្នុងប្រាសាទធ្វើអំពីស្ពាន់ក្រហម ប្រាសាទនោះឯងនៅពីលើទម្រធ្វើអំពីឈើខ្លឹមចន្ទន៍ ។ នៅពីលើប្រាសាទមានស្វេតច្ឆ័ត្រមាសមួយ ដែលព្រះរាជាទ្រង់បានប្រគល់ម្កុដ និងគ្រឿងអលង្ការផ្សេងៗឱ្យយកមកធ្វើ ។ នៅជុំវិញប្រាសាទនេះ គេដាក់រូបបដិមាធ្វើអំពីមាស និងប្រាក់ដែលតំណាងព្រះអរហន្ដផ្សេងៗលុតជង្គង់ប្រណម្យបែរទៅរកព្រះ សារីរិកធាតុ និងមានរូបបដិមាខ្លះទៀតធ្វើអំពីមាសដែរ កាន់ថាសដាក់សម្លៀកបំពាក់ទាំងបីតាមជំនឿ ចំណីអាហារឈ្ងុយឆ្ងាញ់ និងធូបក្រអូប ។ ព្រះមហាក្សត្រិយ៍បានប្រទានគ្រឿងអលង្ការ ឯនាម៉ឺនសព្វមុខមន្ដ្រី ស្រីស្នំ និងរាជវង្សានុវង្សសុទ្ធតែបានបរិច្ចាគទ្រព្យធនទៅតាមសមត្ថភាព ។
ព្រះរាជា មានព្រះបន្ទូលថា ព្រះសារីរិកធាតុរបស់ព្រះពុទ្ធនេះបានមកពីព្រះថោង ដែលទ្រង់នាំយកពីប្រទេសឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា ។
(48) ចំនួន២១នេះគឺជាព្រះជន្មរបស់ព្រះរាជានៅពេលដែលព្រះអង្គទទួលការ អភិសេកជាព្រះរាជានៅរាជធានីចតុម្មុខ ។ ជាធម្មតា នៅពេលដែលព្រះរាជាមួយអង្គសុគតទៅគេឆ្លាក់រូបសត្វនៅលើកោដ្ឋដែល ដាក់ព្រះសពតាមចំនួនព្រះជន្មរបស់ព្រះអង្គ ។
(49) រាជពង្សាវតារបានលើកអំពីការទាក់បានដំរីសមួយនៅក្នុងខែត្រ ពោធិ៍សាត់នៅឆ្នាំ១៤៩៤ ។ ដំរីសនោះគេបានអភិសេកដាក់ឈ្មោះថា ព្រះស្វេតមង្គលរាជហឫទ័យពិជ័យចត្រត្ដៈ ។
(50) ព្រះចន្ទរាជាទ្រង់ប្រសូតនៅក្នុងឆ្នាំ១៤៨៦ ជារាជបុត្រមហេសីទី២មានព្រះនាមថា ព្រះមយោទេពបុប្ផា ។ ទ្រង់បានត្រូវគ្រួសារលោកយមរាជយកទៅចិញ្ចឹមបីបាច់ថែរក្សា តាមមើលទៅប្រហែលដោយសារព្រះមាតានោះ ជាបុត្រីលោកយមរាជ ។ ចំណែកព្រះរៀមជាព្រះរាជាវិញទ្រង់មានព្រះជន្មច្រើនជាង១៣ព្រះ វស្សាហើយជារាជបុត្រព្រះមហេសីទី១ ដែលជាព្រះរាជវង្សដែរព្រះនាមថាព្រះព្រាកវតីស្រីធីតា ដែលបានរៀបអភិសេកជាមួយព្រះធម្មោរាជា ។ ដោយហេតុនេះព្រះរៀមនេះមានសិទ្ធិពេញលេញនឹងបន្ដរាជ្យពីព្រះ បិតា ។ យើងមិនដឹងថា ហេតុអ្វីបានជាព្រះចន្ទរាជាបះប្រឆាំងទៅវិញ ។
(51) នៅក្នុងសៀវភៅប្រវត្ដិសាស្ដ្រកម្ពុជាដែលខ្ញុំសូមធ្វើការបកប្រែជូន ដូចតទៅនេះ មានចំណុចមួយដែលលើកឡើងដូច្នេះថា ៖ «ឥឡូវនេះយើងសូមនិយាយអំពីប្រវត្ដិរបស់ពិជ័យនាគ ។ រឿងនេះគ្មាននៅក្នុងរាជពង្សាវតារទេ តែមាននៅក្នុងសាវតាររបស់ខែត្រ» ប៉ុណ្ណោះ ។
តាម មើលទៅគេបានលុបរឿងនេះចេញពីរាជពង្សាវតារតាំងពីយូរណាស់មកហើយពី ព្រោះគ្មានឯកសារណាមួយនិយាយអំពីរឿងនេះទេ ។ នេះប្រហែលដោយសារព្រះរាជាកម្ពុជាយល់ថា រឿងនេះមិនល្អ ។ តែសម្ដេចសង្ឃរាជលោកមិនបានគិតអំពីភាពអាក្រក់ល្អអ្វីទេ លោកបានស្រង់យកមកចុះក្នុងប្រវត្ដិសាស្ដ្រ ដោយមានការឯកភាពពីសមាជិកគណៈកម្មការរៀបចំ ព្រោះថា រឿងនេះនៅមានគេនិទានតៗគ្នាតែដូច្នេះរួចមកហើយ ។ យើងបានឃើញពីខាងលើរួចមក ហើយថា ស្ដេចនរោត្ដម ដែលរៀបចំបង្កើតគណៈកម្មការនេះឡើងបានយកឯកសារនេះទៅចាក់សោទុក ពីព្រោះតែរឿងត្រង់នេះឯងដែលព្រះអង្គមានព្រះបន្ទូលថាធ្វើឱ្យ ល្អក់កករដល់ប្រវត្ដិរបស់ព្រះរាជវង្សានុវង្សកម្ពុជា ។
(52) ពលព្រះរតនត្រ័យ ។
(53) ទម្លាប់យកកូនស្រីទៅថ្វាយស្ដេចនេះ ពីមុនមាននៅក្នុងប្រទេសចាម្ប៉ា ឥឡូវនេះយើងឃើញថាមានអនុវត្ដដែរនៅកម្ពុជា ។
(54) នៅសម័យនោះមានការសាងសង់ឬជួសជុលជាថ្មីឡើងវិញនូវវត្ដជា ច្រើន ។ វត្ដនាគម៉ែបានត្រូវសាងសង់ឡើងដែរដោយទ្រព្យរបស់ម៉ែបាន ។
(55) ឋានៈនេះពីមុនមកគ្មានទេ ស្ដេចបង្កើតឡើងសម្រាប់តែប្អូនថ្លៃប៉ុណ្ណោះ ។ សព្វថ្ងៃឋានៈនេះនៅមាននៅឡើយ តែបានដូរទៅជា ឧកញ៉ាព្រះស្ដេចអធិបតី ជាចាងហ្វាងលើកិច្ចការព្រះសង្ឃរាជ ទទួលបន្ទុកត្រួតពិនិត្យទំនៀមទម្លាប់សាធារណៈ និងកិច្ចការសាសនាជាពិសេស ។ យើងបានឃើញពីខាងលើរួចមកហើយថា មានព្រះរាជាកម្ពុជាបុរាណ ក៏បានបង្កើតឋានៈមួយប្រហាក់ប្រហែលនេះដែរ ។
(56) ភូមិថ្នល់នេះស្ថិតនៅពីខាងទិសពាយ័ព្យភ្នំពេញ ចម្ងាយប្រហែល៨គីឡូម៉ែត្រ ។ គេមានសង់វិហារកាតូលិកមួយនៅកន្លែងនេះ នៅសតវត្យទី១៧ ។
(57) គេថាព្រះសង្ឃបានដាក់ឈ្មោះឱ្យថា កែវ ក៏ប៉ុន្ដែឪពុកម្ដាយហៅថា កន ។
(58) គឺបណ្ដាខែត្រទាំងអស់នៅចន្លោះទន្លេសាបពីខាងលិច និងទន្លេមេគង្គពីខាងកើត ត្រឹមខែត្រលង្វែក ដែលស្ថិតនៅលើត្រើយខាងស្ដាំទន្លេសាប ។ គោកសេះមិនមែនជាខែត្រទេ ជាចំណែកមួយនៃខែត្រជើងព្រៃ ។
(59) យើងបានឃើញពីខាងលើរួចមកហើយថាមានព្រះរាជាមួយអង្គព្រះនាមថា និព្វានបទ មានន័យថាទ្រង់ជាភ្ញៀវស្ថាននិព្វាន មានព្រះរាជាមួយព្រះអង្គទៀតព្រះនាមថា សុគន្ធបទ មានន័យថាទ្រង់ជាភ្ញៀវរបស់ស្ថានសួគ៌ ។ ឥឡូវនេះ យើងឃើញមានចៅហ្វាយខែត្រម្នាក់មានឈ្មោះថា សួគ៌ាលោក ដែលមានន័យដូចគ្នាដែរ ហើយយើងនឹងឃើញនៅខាងក្រោយទៀតថា មានចៅហ្វាយខែត្រម្នាក់ទៀតមានឈ្មោះថា ពិស្ណុលោក មានន័យថា ជាភ្ញៀវរបស់ព្រះវិស្ណុ ។ ឈ្មោះទាំងអស់នេះ ធ្វើឱ្យយើងនឹកឃើញដល់ព្រះមរណនាមនៅកម្ពុជាសម័យបុរាណ គឺឈ្មោះដែលគេថ្វាយដល់ព្រះរាជា ក្រោយពីទ្រង់សុគតទៅ ។ ជារឿងមួយគួរឱ្យឆ្ងល់ថាហេតុអ្វីបានជាដល់មកកម្ពុជាសម័យថ្មី គេយកឈ្មោះបែបនេះមកដាក់ឱ្យមនុស្សរស់ទៅវិញ ។
(60) តាមឈ្មោះដែលរៀបរាប់នេះ យើងឃើញថា នៅដើមសតវត្សរ៍ទី១៦ ទឹកដីនៅខាងជើងភ្នំដងរែក ចន្លោះខែត្រឧប៊ុន និងកូរ៉ាត នៅជារបស់ខ្មែរនៅឡើយ ។
(61) បណ្ដាខែត្រទាំងអស់នេះស្ថិតនៅខាងជើង និងខាងកើតបឹងធំ និងទន្លេសាប រួមមានខែត្របាត់ដំបងទាំងមូល និងទឹកដីដ៏ធំមួយនៅខាងជើងភ្នំដងរែក ។ បរិបូណ៌ពេលនោះមានឈ្មោះថា អម្រឹតបុរៈ ។
(62) រាជធានី នេះស្ថិតនៅចម្ងាយប្រហែលជា២២គីឡូម៉ែត្រ ពីខាងកើតទីតាំងខែត្រព្រៃវែងសព្វថ្ងៃ នៅចំកណ្ដាលខ្ពង់រាបខ្ពស់មួយព័ទ្ធជុំវិញទៅដោយទំនប់ មានប្រវែងជ្រុងមួយៗប្រហែល២ពាន់ម៉ែត្រ លើជ្រុងនីមួយៗមានច្រកចេញចូល៣ ៖ ច្រកមាស ត្រាច និងត្នោត កល់ពីខាងជើង ចង្អែក លាងជីលែង និងអន្ទាកពីខាងកើត រាម ចចាតខាំ និងទំនប់តាដីពីខាងត្បូង ចិនកែ ពោធិធំ និងធ្លក ពីខាងលិច ។ បន្ទាយព្រៃនគរនេះ លោក អៃម៉ូនីញេ បានហៅថាជា «រាជធានីរបស់កម្ពុជាពីបុរាណ» តែតាមពិតនេះគឺជាបន្ទាយរបស់ស្ដេចកនទេ ។
(63) ខែត្រនេះស្ថិតនៅលើទន្លេមេណាម ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីខាងជើងសុខោទ័យ ។
(64) នេះ គឺជាលើកទី១ហើយដែលយើងប្រទះឃើញពាក្យសៀមរាបប្រើភ្ជាប់ជាមួយ ពាក្យនគរដើម្បីហៅខែត្រអង្គរ ។ តើពាក្យនេះ មានកំណើតមុនរាជ្យស្ដេចកន ឬក៏ក្រោយ ? ខ្ញុំគិតថាពាក្យនេះកើតមាននៅពេលក្រោយមកទេ ក៏ប៉ុន្ដែពួកអ្នកសរសេរប្រវត្ដិសាស្ដ្រនៅសតវត្សរ៍ទី១៩មិនបានគិត ល្អិតល្អន់ ប្រើពាក្យនេះដូចដែលខ្លួនហៅនៅសម័យក្រោយនោះអ៊ីចឹងដែរ ។
(65) ជាស្ទឹងមួយនៅលើច្រាំងខាងស្ដាំទន្លេសាប ហូរចាក់មកក្នុងទន្លេនេះនៅត្រង់ខាងលើកំពង់ហ្លួងបន្ដិច ។
(66) យើង បានឃើញពីខាងលើរួចមកហើយថា បណ្ដាខែត្រទាំងអស់នេះស្ថិតនៅចន្លោះទន្លេសាប និងទន្លេមេគង្គ មានរយៈទទឹងជាមួយនឹងលង្វែកដែរ ។ នេះគឺជាចំណុចខាងត្បូងបំផុតនៃទឹកដីដែលយើងហៅពីមុនថា មធ្យទេសៈ មានន័យថា ស្រុកកណ្ដាលប្រទេស ។
(67) គេហៅដូច្នេះមកពីទីនោះដីស្រែមានជីជាតិខ្លាំងណាស់ ក្រោយពីព្រះរាជាបានបញ្ជាឱ្យទាហានបង្វែរផ្លូវទឹកស្ទឹងឱ្យហូរកាត់ ដោយលើកទំនប់មួយ ។
(68) វត្ដនេះមាននៅរហូតដល់សព្វថ្ងៃ ហើយមានទាំងចម្លាក់រាក់ និងព្រះបដិមាល្អៗថែមទៀតផង ។
(69) ខ្ញុំជឿថា គឺនៅក្នុងឱកាសនោះឯងដែលភូមិនៅលើស្ទឹងអង្គរទទួលឈ្មោះថា សៀមរាប ។
(70) សព្វថ្ងៃ គេហៅថា វត្ដត្រឡែងកែង ស្ថិតនៅត្រង់ពាក់កណ្ដាលជ្រុងខាងកើតរាជធានី នៅមាត់បឹងធំមួយ ។ ព្រះពុទ្ធរូបព្រះភ័ក្ដ្រ៤បាត់ទៅហើយ នៅសល់តែទម្រថ្ម មានស្នាមព្រះបាទ៨ប៉ុណ្ណោះ ព្រះបាទនីមួយៗប្រវែងប្រហែល១ម៉ែត្រ ៤០សង់ទីម៉ែត្រ ។
(71) មុនពេលដែលរាជធានីត្រូវផ្លាស់មកនៅភ្នំពេញពួកកួយតែងយកដែកដែល ពួកគេចំរាញ់ចេញពីរ៉ែភ្នំដែកមកលក់នៅកន្លែងនេះ ។
(72) គួររំលឹកថាព្រះឥសីផាតមានខ្ញុំបម្រើម្នាក់ឈ្មោះថា សួស ក៏ប៉ុន្ដែរាជពង្សាវតារនិយាយថាសួសនេះមិនមែនជាសួសដែលតាមបម្រើ ព្រះឥសីពីមុននោះទេ ។
(73) មាន រឿងដំណាលថា ព្រះអង្គមានព្រះរាជបុត្រីមួយអង្គដែលបានក្លាយទៅជាព្រះមហាក្សត្រី របស់ព្រះរាជាណាចក្រលាវ ក្រោយពីទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាមួយស្ដេចលាវនៅវៀងចន្ទ ។
(74) ឈ្មោះខែត្រទាំងអស់នេះជាភាសាសៀមគឺ ភេតសាបុរី ភេតចប៊ុន ភេតចបុរី និងចន្ទតាប៊ុន ។
(75) ព្រះអង្គទ្រង់ប្រសូតនៅក្នុងឆ្នាំ១៥៤៣ ជាបុត្ររបស់អ្នកម្នាងមាលី ។
(76) លោក កាបាតុង បាននិយាយថា កាលបរិច្ឆេទនេះមិនត្រឹមត្រូវ ។ តែខ្ញុំគិតថាមិនខុសទេ ពីព្រោះព្រះជ័យជេដ្ឋាទ្រង់ប្រសូតនៅក្នុងឆ្នាំ១៥៦៤ ហើយពញាតន់ប្រសូតនៅក្នុងឆ្នាំ១៥៦៨ ។ បើសិនជាព្រះសត្ថាលើករាជបុត្រទាំង២ មួយឱ្យឡើងសោយរាជ្យក្នុងព្រះជន្ម១០ឆ្នាំ មួយឱ្យធ្វើជាឧបរាជក្នុងព្រះជន្ម៦ឆ្នាំ ពេលនោះវាត្រូវនឹងឆ្នាំ១៥៧៥ នេះឯង លើកលែងតែឆ្នាំកំណើតនោះ វាខុស ។
(77) ខែត្រនេះជួនកាលគេហៅថា អង្គរ ជួនកាលថា នគរសៀមរាប ថា អង្គវត្ដ និងជួនកាលទៀតហៅថា សៀមរាប ។
(78) ពួកអឺរ៉ុបដែលមកកាន់កម្ពុជាមុនគេ គឺពួកសាសនទូតល្វីការដូសូ និងចាវម៉ាដេរ៉ូ មកដល់ក្នុងឆ្នាំ១៥៥៣ ។ បន្ទាប់មក គឺអ្នកផ្សព្វផ្សាយសាសនាដូមីនីកាំងសញ្ជាតិអេស្ប៉ាញឈ្មោះ ហ្គាស្ប៉ាដាគ្រូស បានមកដល់ក្នុងឆ្នាំ១៥៦០ ។ លោកឪពុក ជនហ្គុងសាឡេស ដឺម៉ង់ដូហ្សូ បាននិយាយនៅក្នុងលិខិតមួយដែលគេបោះពុម្ពនៅទីក្រុងរ៉ូមក្នុងឆ្នាំ ១៥៨៥ ថា មានអ្នកផ្សព្វផ្សាយសាសនាដូមីនីកាំង សញ្ជាតិព័រទុយហ្គាល់មួយរូបឈ្មោះបងប្រុសស៊ីលវ៉េស មានឥទ្ធិពលមកលើរាជវាំងស្ដេចកម្ពុជាសម័យនោះខ្លាំងណាស់ ។ តាមពិត បេសកកម្មផ្សព្វផសាយសាសនាកាតូលិកមកក្នុងកម្ពុជាមាននៅឆ្នាំ១៥៨១ទេ ក៏ប៉ុន្ដែអាចនឹងមានពួកអឺរ៉ុបខ្លះបានមកដល់មុន ដូចដែលលោកកាបាតុងបាននិយាយថាមកពីម៉ាឡាកា ឬមកពីស្រុកសៀមមុនពេលដែលពួក «អ្នករុករកដែលគោរពបូជាសាសនា» មកដល់ ។
(79) លោក អភិបាលស្រុកហ្វីលីពីន ហ្គោម៉េពេរ៉េដាសម៉ារីញ៉ា បានដឹកនាំប្រតិបត្ដិការនោះដោយផ្ទាល់ ក៏ប៉ុន្ដែត្រូវពួកចិនដែលគេចាប់បង្ខំឱ្យមកចែវទូកឱ្យបះបោរ ប្រឆាំងឡើងនៅកណ្ដាលសមុទ្រ ដោយកាប់សម្លាប់ទាំងលោកអភិបាល នាយទាហាន និងពួកអេស្ប៉ាញចោលអស់ រួចហើយនាំយកសំពៅមកចូលចតនៅអាណ្ណាមវិញ ។
(80) នោះគឺជាកំពែងរបស់រាជធានីចាស់ដែលគេបានបោះបង់ចោលនៅក្នុងឆ្នាំ១៥២៦ ។
(81) រាជពង្សាវតារខ្មែរ រាជពង្សាវតារសៀម និងការដំណាលតៗគ្នាព្រមទាំងរឿងនិទានទាំងឡាយស្ដីអំពីការបាត់បង់ បន្ទាយលង្វែក បានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃព្រឹត្ដិការណ៍នេះក្នុងឆ្នាំ ១៥៨៣ ។ ក៏ប៉ុន្ដែលោកអៃម៉ូនីញេ បានរកឃើញអក្សរចារឹកលើឈើមួយនៅអន្លក់ ក្នុងខែត្រព្រៃកប្បាស ដែលនិយាយថា ហេតុការណ៍នេះកើតឡើងនៅក្នុងឆ្នាំកុរ ចុល្លសករាជ៩៤៩ ពុទ្ធសករាជ២១២៩ ដែលត្រូវនឹងគ្រិស្ដសករាជ១៥៨៧ទៅវិញ ។ យើងពិបាកនឹងបដិសេធកាលបរិច្ឆេទដែលមានការបញ្ជាក់ច្បាស់លាស់បែបនេះ ណាស់ក៏ប៉ុន្ដែយើងក៏ពិបាកនឹងបដិសេធកាលបរិច្ឆេទដែលរាជពង្សាវតារ សៀម និងរាជពង្សាវតារខ្មែរបានកំណត់ឱ្យដែរ ។ ចំណែកឯលោកហ្វ្រង់ស៊ីហ្គានីញេវិញ គាត់កំណត់យកឆ្នាំ១៥៨៥ ដោយមិនបានបញ្ជាក់អំពីមូលហេតុទេ ក៏ប៉ុន្ដែបាននិយាយដែរថា ឯកសារអឺរ៉ុបកំណត់យកឆ្នាំ១៥៩៣ ។ នៅឆ្នាំ១៩០៩ លោកកាបាតុង បានលើកអំពីឯកសារអេស្ប៉ាញមួយដែលគេបោះពុម្ពផ្សាយតាំងពីឆ្នាំ១៦០៤ នៅវ៉ាឡាដូលីដ ហើយដែលមានរៀបរាប់អំពីព្រឹត្ដិការណ៍ដែលកើតឡើងនៅកម្ពុជា ក៏បានទទួលស្គាល់ថា បន្ទាយលង្វែកធ្លាក់ទៅក្នុងដៃសៀមនៅក្នុងឆ្នាំ១៥៩៣នេះដែរ ។
ដូច្នេះ យើងឃើញថាមានកាលបរិច្ឆេទបី គឺឆ្នាំ១៥៨៣ ១៥៨៧ និង១៥៩៣ ដែលសុទ្ធតែសំអាងទៅលើឯកសារពិសេសៗ កាលបរិច្ឆេទទី១សំអាងទៅលើរាជពង្សាវតារខ្មែរ និងសៀម កាលបរិច្ឆេទទី២សំអាងទៅលើចារឹកលើឈើមួយ និងកាលបរិច្ឆេទទី៣ សំអាងទៅលើឯកសារអឺរ៉ុប ។ បើពិនិត្យឱ្យដិតដល់ទៅ រាជពង្សាវតារខ្មែរ និងរាជពង្សាវតារសៀម អាចនឹងមានការខុសឆ្គង ដោយមកពីឯកសារនេះ គេចម្លងតៗគ្នាជាច្រើនលើកច្រើនសា ។ ទី១ ការខុសឆ្គងនោះអាចនឹងបណ្ដាលមកពីឯកសារដើមមិនត្រឹមត្រូវខ្លួនឯង តែក៏អាចមកពីអ្នកចម្លងដែលមិនប៉ិនប្រសប់ មិនបានយល់ច្បាស់អំពីសករាជទាំងបីដែលគេនិយមប្រើព្រមៗគ្នា ឬក៏គិតតែប្រទាញឱ្យសករាជទាំងបីត្រូវគ្នាភ្លេចគិតដល់ ព្រឹត្ដិការណ៍ពិត ។ ទី២ឈ្មោះ និងស័កឆ្នាំនីមួយៗជាកត្ដាសម្រាប់បញ្ជាក់ដើម្បីកុំឱ្យគេច្រឡំ ឆ្នាំណាជាឆ្នាំណា ក៏ប៉ុន្ដែជួនកាលវាទៅជាមូលហេតុធ្វើឱ្យមានការច្រឡំទៅវិញក៏ មាន ។ ចំណែកឯចារឹកនៅលើឈើនៅអន្លក់ គ្មានចំណុចត្រង់ណាដែលបញ្ជាក់ថា ឯកសារនេះគេសរសេរនៅក្នុងឆ្នាំណា តើឯកសារនេះកើតឡើងក្នុងពេលបែកលង្វែក ឬយ៉ាងណាដែរទេ ។ តែខ្ញុំគិតថា គេគ្មានមូលហេតុអ្វីម៉ឺងម៉ាត់ដើម្បីបដិសេធកាលបរិច្ឆេទដែលលោក កាបាតុង ដកស្រង់ចេញពីឯកសារអេស្ប៉ាញណាស់ ។ ដូច្នេះគេត្រូវកំណត់យកការបែកបន្ទាយលង្វែកត្រឹមឆ្នាំ១៥៩៣ ។