ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ២
Posted: Oct-12-2016
៩. ព្រះអង្គទងរាមាធិបតី-ចៅពញានូ (១៦៣០-១៦៤០)
ព្រះរាជាដែលឡើងសោយរាជ្យបន្ដពីព្រះអង្គសូរ គឺចៅពញានូ ដែលទទួលការអភិសេកក្រោមព្រះនាមថា «ព្រះបាទសម្ដេចព្រះរាជឱង្ការព្រះអង្គទងរាជាធិរាជរាមាធិបតី បរមបពិត្រ» នៅក្នុងព្រះជន្មាយុ២៣ព្រះវស្សា ។ រាជពង្សាវតារនិយាយថាទ្រង់សោយរាជ្យបាន៥ឆ្នាំ ក៏ប៉ុន្ដែការគណនាបង្ហាញថាទ្រង់សោយរាជ្យបាន៩ឆ្នាំយ៉ាងតិច ។ ទ្រង់បានបង្ក្រាបការបះបោរមួយរបស់អ្នកស្រុករលាំងទ្រុល ដឹកនាំដោយជនហិណ្ឌូម្នាក់ ដែលត្រូវចាប់ខ្លួនបាន រួចហើយទ្រង់បានបញ្ជាឱ្យគេកាត់ក្បាលសម្លាប់ចោល ។
ព្រះរាមាធិបតីទ្រង់បានផ្លាស់ប្ដូររូបមន្ដពិធីការដែលកំណត់ឡើង ដោយព្រះធម្មោរាជា ដោយទ្រង់ឱ្យអ្នកផងហៅព្រះអង្គថា ព្រះករុណាពិសេសព្រះអង្គរាជ ។ ទ្រង់សោយរាជ្យសម្បត្ដិនៅរាជធានីឧត្ដុង្គ ។ ព្រះរាមាធិបតីបានចូលទិវង្គត នៅក្នុងខែមិថុនា ឆ្នាំ១៦៤០ (25) ។
១០. ព្រះបទុមរាជាទី១-ព្រះអង្គនន់ (១៦៤១)
តាមការបង្ហាញពីព្រះឧភយោរាជព្រះឧទ័យ អតីតព្រះយោមរាជធំ នាម៉ឺនសព្វមុខមន្ដ្រីបានលើកព្រះរាជបុត្រាច្បងរបស់ព្រះអង្គ ដែលមានព្រះជន្មាយុ២៤ព្រះវស្សាហើយ ឱ្យឡើងសោយរាជ្យបន្ដ ក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះបទុមរាជាធិរាជរាមាធិបតី» ។ បើតាមសម្ដីរបស់លោក ហ្សេរ៉ាវ៉ាន់វូសូវ ព្រះរាជាអង្គនេះត្រឹមត្រូវ ស្លូត ហើយមានព្រះរាជអាកប្បកិរិយាល្អ ។ តាមមើលទៅ គឺប្រហែលដោយទ្រង់បានការពារពួកហូឡង់ ដែលបានកសាងអគារពាណិជ្ជកម្មមួយនៅខាងក្រោមពញាឮបន្ដិច (26) ។
ក្រោយពេលទ្រង់ឡើងសោយរាជ្យបានបន្ដិច មានកើតជំងឺមួយធំនៅក្នុងខែកក្កដា ឆ្នាំ១៦៤០ ធ្វើឱ្យស្លាប់ប្រជាជនកម្ពុជាអស់ជាច្រើន ។ ជំងឺនេះបានធ្វើឱ្យមេអគារពាណិជ្ជកម្មហូឡង់នៅកម្ពុជាឈ្មោះ វ៉ាន់ឌែរហាហ្គិន ស្លាប់ក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ ។
ព្រះបទុមរាជាសោយរាជ្យសម្បត្ដិនៅឧត្ដុង្គបានប្រហែល១ឆ្នាំ ស្រាប់តែចៅពញាចន្ទ ជាព្រះរាជបុត្រាទី៣របស់ព្រះជ័យជេដ្ឋាជាមួយម៉មលាវឈ្មោះថា នាងអ្នកបុស្សា ហើយត្រូវជាព្រះអនុជរបស់ព្រះអង្គទងចៅពញានូ មិនសប្បាយព្រះទ័យនឹងព្រះឧភយោរាជព្រះឧទ័យ ដែលដកហូតរាជបល្ល័ង្កពីព្រះអង្គយកទៅឱ្យព្រះអង្គនន់វិញ ក៏បានលើកផែនការក្បត់ ហើយបានលួចធ្វើឃាតព្រះឧទ័យព្រមទាំង រាជវង្សានុវង្សជាច្រើនអង្គទៀត នៅក្នុងពិធីកំសាន្ដមួយ នៅក្នុងថ្ងៃទី៥ ខែមករា ឆ្នាំ១៦៤២ ដោយមានការជួយគាំទ្រពីពួកម៉ាឡេ និងចាម ដែលទ្រង់បានសន្យាថា នឹងផ្ដល់ផលប្រយោជន៍ឱ្យជាក្រោយ (27) ។
រួចចៅពញាចន្ទ បានបញ្ជូនទ័ព៥កង ឱ្យចេញទៅជួបជាមួយព្រះរាជាអង្គនន់ ដែលកំពុងតែប្រពាតការបរបាញ់សត្វនៅចម្ងាយប្រហែល៦០លីយឺពីរាជធានី នៅក្នុងខែត្រមួយនៅមាត់សមុទ្រ ហើយដែលមានមហាតលិកការពារតែ៦០នាក់ប៉ុណ្ណោះ ។ ព្រះអង្គត្រូវទ័ពទាំង៥កងព័ទ្ធវាយប្រហារ រួចចាប់នាំខ្លួនមកកាន់រាជធានីឧត្ដុង្គ ។
បន្ទាប់ពីឃាតកម្មមកលើព្រះឧទ័យ មានរាជកុមារ៣អង្គបានភៀសខ្លួនរួចពីការកាប់សម្លាប់រង្គាល ។ គឺរាជបុត្ររបស់ព្រះរាជា និងត្រូវជាព្រះរាជនត្ដារបស់ព្រះឧទ័យ ។ រាជកុមារទាំង៣អង្គបានគេចចូលទៅជ្រកកោននៅក្នុងវត្ដមួយ ម្ល៉ោះហើយក៏ទទួលបាននូវសិទ្ធិជ្រកកោន ដែលនៅសម័យនោះ គ្មាននរណារំលោភបានទេនៅក្នុងឥណ្ឌូចិនទាំងមូល ។ ចៅពញាចន្ទធ្វើហាក់ដូចជាបានបំភ្លេចកុមារទាំងនោះហើយ ប៉ុន្ដែបានតាមដានរហូត ។ រហូតដល់ពេលដែលមានប្រជាជន១ម៉ឺន២ពាន់នាក់ខឹងសម្បា ហើយកាន់អាវុធឡើងធ្វើឱ្យកុមារទាំង៣រត់ចេញពីវត្ដរួចចាប់កុមារ បងទាំង២មកប្រគល់ឱ្យពញាចន្ទ ។ រាជកុមារពៅបានត្រូវព្រះវររាជមាតាជួយសង្គ្រោះយកទៅចិញ្ចឹមបីបាច់ ថែរក្សា មិនព្រមប្រគល់ឱ្យពញាចន្ទទេ ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះរាជាបានលើកព្រះរាជកុមារនេះ ឱ្យឡើងធ្វើជាមហាឧបរាជ ។
ឯកសាររបស់ពួកហូឡង់បានរៀបរាប់ថា រាជកុមារទាំង២បានរងនូវការធ្វើទារុណកម្មអាក្រក់ខ្លាំងណាស់ មុននឹងត្រូវគេសម្លាប់ ។ គេយកព្រះអង្គទៅដាក់គុក ហើយឱ្យសោយតែសាច់ដែលគេកាត់ចេញពីខ្លួនព្រះអង្គ ។ តែរាជកុមារទាំង២មានសេចក្ដីក្លាហាន ខុសប្លែកពីកុមារទាំងឡាយ ។ នៅពេលដែលទ្រង់ត្រូវគេសម្លាប់ដោយចងភ្ជាប់ទៅនឹងដើមចេក ទ្រង់បានសំណូមពរហើយពិនិត្យបញ្ជាក់ថា គេបានសំលៀងកាំបិតដែលត្រូវយកមកកាប់ខ្លួនព្រះអង្គជា២កំណាត់នោះ មុតល្អហើយ ។ ការធ្វើឃាតរាជកុមារទាំង២បានធ្វើឱ្យប្រជារាស្ដ្រមានការភិតភ័យជា ខ្លាំង ហើយគ្មាននរណាម្នាក់ហ៊ានចេញមុខមកជួយឡើយ ។
តាមពិតទៅ អ្នកអង្គម្ចាស់ចន្ទ ទ្រង់ដឹកនាំប្រទេសក្នុងព្រះនាមព្រះរៀមរបស់ព្រះអង្គ ហើយអ្វីៗសុទ្ធតែធ្វើទៅតាមបញ្ជារបស់ព្រះរៀមទាំងអស់ ។ ប៉ុន្ដែដោយប្រជារាស្ដ្រស្អប់ព្រះអង្គ តែស្រលាញ់ព្រះរៀមម្ល៉ោះហើយទ្រង់ក៏សម្រេចចិត្ដកម្ចាត់ព្រះរៀម ចេញ ។ ពួកហូឡង់និយាយថា ទ្រង់បានរៀបចំធ្វើឱ្យព្រះអនុជថ្លៃរបស់ព្រះរាជាចោទប្រកាន់ ព្រះរាជាថា បានចែចង់ព្រះជាយារបស់ព្រះអង្គ រួចហើយទ្រង់បានចេញបញ្ជាឱ្យគេកាត់កព្រះរាជាទៅ ។ បន្ទាប់មក អ្នកអង្គម្ចាស់ចន្ទបានបញ្ជាឱ្យគេសម្លាប់ព្រះអនុជថ្លៃនោះចោល ទៀត ដោយចោទថា បានធ្វើការចោទប្រកាន់មិនត្រឹមត្រូវទៅលើព្រះរាជា ។ រឿងកំប្លែងទាំងអស់នោះ មានគោលបំណងជាពិសេស គឺដើម្បីរក្សារាជសម្បត្ដិទុកខ្លួនឯង ។
១១. ព្រះបទុមរាជាទី២ ពញាចន្ទ-ស្ដេចចូលសាសនាជ្វា (១៦៤២-១៦៥៩)
ក្រោយពីបានអនុវត្ដអំពើឧក្រិដ្ឋខាងលើរួចហើយ អ្នកអង្គម្ចាស់ចន្ទ ដែលមានព្រះជន្ម២៦ព្រះវស្សា បានឱ្យគេរៀបចំពិធីអភិសេកព្រះអង្គក្រោមព្រះនាមថា «ព្រះបាទសម្ដេចព្រះបទុមរាជាធិរាជរាមាធិបតី» ។ អ្នកអង្គម្ចាស់ឯម រាជបុត្រារបស់ព្រះឧទ័យ ដែលព្រះវររាជមាតាបានជួយសង្គ្រោះ ត្រូវបានលើកឱ្យឡើងឋានៈ ជាព្រះកែវហ្វ៊ា ។ ពួកហូឡង់និយាយថា ចៅពញាចន្ទនេះ មានកិត្ដិនាមល្បីខាងមានចិត្ដអាក្រក់ និងកាចសាហាវ ហើយព្រះរាជាទាំងអស់ រួមទាំងព្រះរាជាមុនៗផង ខ្លាចរអាគ្រប់គ្នា នៅពេលទតឃើញនូវអត្ដចរិតឃោរឃៅរបស់ព្រះអង្គនាថ្ងៃមួយ (28) ។
ចាប់តាំងតែពីពេលដែលបានឡើងគ្រងរាជបល្ល័ង្ក ទ្រង់បានចេញព្រះរាជបញ្ជាមួយបញ្ជាក់អំពីព្រះឋានៈរបស់ព្រះរាជ វង្សានុវង្សទាំងអស់ជាភាសាបាលី ហើយទ្រង់បានសម្រេចឱ្យឆ្លើយនឹងព្រះរាជាថា ព្រះករុណាពិសេស ហើយឆ្លើយនឹងសមាជិកព្រះរាជវង្សថា ព្រះបាទម្ចាស់ ។
នៅសម័យនោះ ពួកហូឡង់បានបើកអគារពាណិជ្ជកម្មរបស់គេនៅកម្ពុជាបាន២-៣ឆ្នាំ ហើយ។ ពួកនោះ បានជួបជាមួយពួកព័រទុយហ្គាល់ដែលមានវត្ដមានតាំងតែពីឆ្នាំ១៥៥៣មក ម្ល៉េះ ហើយថែមទាំងបានបំពេញភារកិច្ចធំៗថ្វាយដល់រាជវង្សថែមទៀតផង ដូចដែលយើងបានឃើញរួចមកហើយនៅចុងសតវត្សរ៍មុន ។ ពួកព័រទុយហ្គាល់មានអគារពាណិជ្ជកម្មនៅកំពង់ហ្លួង ឯពួកហូឡង់មានអគារនៅពញាឮ ។ ពួកជាតិសាសន៍នេះទាំង២មានការប្រកួតប្រជែងខាងពាណិជ្ជកម្មស្រួច ស្រាល់ខ្លាំងណាស់ ដូច្នេះហើយការស្អប់គ្នាទៅវិញទៅមកក៏ខ្លាំងណាស់ដែរ ។ គេបានចាប់ផ្ដើមដណ្ដើមទីតាំងគ្នាទៅវិញទៅមករួចមកហើយនៅក្នុងចុង បូព៌ាទាំងមូល ហើយគេក៏តាំងចាប់ផ្ដើមជេរគ្នាទៅវិញទៅមក ដណ្ដើមគាប់គួរជាមួយព្រះរាជាកម្ពុជា សំដៅបំផ្លាញគ្នាទៅវិញទៅមកដែរ ។
នៅក្នុងឆ្នាំ១៦៣៦ ពួកអ្នកស្រុកបានចូលយកទំនិញរបស់កប៉ាល់ឈ្មោះ ន័រវីក ដែលលិចនៅក្បែរមាត់សមុទ្រកម្ពុជា ពួកហូឡង់ក៏ប្ដឹងរកយុត្ដិធម៌ (29) ។ ពេលនោះព្រះរាជាដែលពិភាល់ថាពួកនេះជាចារកម្មរបស់ពួកសៀមបានឆ្លើយ តបទៅវិញថា ព្រះអង្គមានសិទ្ធិ និងទទួលយករាល់របស់របរផ្សេងៗដែលបានមកពីការលិចលង់របស់កប៉ាល់ បរទេស ។ ពួកហូឡង់ឆ្លើយថាពួកគេមិនមែនជាជនបរទេសទៀតទេ ព្រោះគេបានមកតាំងទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជារួចទៅ ហើយ ។ ទឡ្ហីករណ៍នេះមិនត្រឹមត្រូវទេ ពីព្រោះថា នៅឯអឺរ៉ុប គេសន្មត់ថា រាល់កប៉ាល់របស់ប្រទេសមួយដែលលិចនៅលើឆ្នេរសមុទ្ររបស់ប្រទេសមួយ ទៀត គេតែងតែចាត់ទុកជាកប៉ាល់បរទេសហើយ ។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៦៣៨ លោកឧត្ដមសេនីយ៍ វ៉ាន់ឌីយ៉ឺម៉ិន ដែលឈរជើងនៅឯ បាតាវីយ៉ា បានបញ្ជូនឈ្មោះ ប៉ូលគ្រុក ឱ្យធ្វើដំណើរមកកាន់រាជវាំងឧត្ដុង្គ ដើម្បីធ្វើការដោះស្រាយ ។ ពេលនោះ ពួកព័រទុយហ្គាល់ ដែលបានសម្លាប់ពួកហូឡង់អស់២នាក់កាលពីមួយឆ្នាំមុន បានសម្រេចចិត្ដថា នឹងធ្វើឱ្យបេសកកម្មនេះបរាជ័យ ។ រឿងរ៉ាវនេះបានអូសបន្លាយពេលជាង៣ឆ្នាំមកហើយ ដោយលោកឧត្ដមសេនីយ៍នៃក្រុមហ៊ុនពាណិជ្ជកម្មហូឡង់នឹកគិតស្មានថា ខ្លួននេះបានត្រូវព្រះរាជា និងព្រះមហាឧបរាជចាត់ទុកដូចជាបងប្អូនរួចទៅហើយ តែស្ដេចទាំង២អង្គនេះ បានប្រកែកមិនយល់ព្រមទទួលលិខិតរបស់គាត់ទេ ហើយទទួលមានព្រឹត្ដិការណ៍ចៅពញាចន្ទ និងពួកអ៊ិស្លាមធ្វើឃាតព្រះរាជា ព្រះឧភយោរាជជាមួយនឹងមន្ដ្រីអ្នកមុខអ្នកការនៅក្នុងព្រះរាជាណាចក្រ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៦៤២ ពួកហូឡង់ក៏ចាប់ផ្ដើមគិតរកដំណោះស្រាយសាជាថ្មី ។
ព្រះរាជាថ្មីបានផ្ញើព្រះរាជសារលិខិតមួយច្បាប់ទៅឱ្យឧត្ដមសេនីយ៍ (30) ក្រុមហ៊ុនហូឡង់ដែលឈរជើងនៅឯកោះជ្វា បញ្ជាក់ថាព្រះអង្គមានបំណងចង់រក្សាទំនាក់ទំនងល្អជាមួយគ្នា ។ លោកឧត្ដមសេនីយ៍នៅពេលបានដឹងថា បេសកជនរបស់គាត់មិនទាន់បានចូលគាល់ព្រះរាជានៅឡើយទេ ផ្ទុយពីពួកអេស្ប៉ាញ និងព័រទុយហ្គាល់ បែរជាទទួលបាននូវការប្រោសប្រណីជាច្រើន មិនតែប៉ុណ្ណោះព្រះរាជាបានទាំងបញ្ជូនដំរី២ក្បាលទៅជូនលោកអភិបាល ក្រុងម៉ានីលថែមទៀតផងនោះ ក៏ចាត់តាំងឱ្យលោក គ័រណីក្លែក ជាមេខាងផ្នែកពាណិជ្ជកម្ម ធ្វើដំណើរតាមកប៉ាល់២គ្រឿងមកកម្ពុជានៅក្នុងខែឧសភា ឆ្នាំ១៦៤២ ។ លោក គ័រណីក្លែក មានភារកិច្ចមកទូលសរសើរព្រះរាជាដែលទទួលបានជ័យជម្នះលើពួកខ្មាំង សត្រូវ ដែលកន្លងមកបានធ្វើឱ្យព្រះអង្គបាត់បង់អស់នូវសិទ្ធិស្របច្បាប់ ទាំងឡាយ ហើយទ្រង់បានកម្ទេចចោលពួកស្ដេចជ្រែករាជ្យទាំងអស់ ។ គាត់ក៏មានភារកិច្ចត្រូវរាយការណ៍ថ្វាយព្រះរាជា សូមឱ្យព្រះអង្គប្រុងប្រយ័ត្ននឹងល្បិចកលរបស់ពួកព័រទុយហ្គាល់ ដែលកន្លងមកបានលួចបំពុលព្រះរាជា ប៊័រណេអូ និងនាម៉ឺនសព្វមុខមន្ដ្រីមួយចំនួន និងសូមឱ្យព្រះអង្គរក្សាទំនាក់ទំនងល្អជាមួយពួកហូឡង់ ដែលជានិច្ចជាកាលជាមិត្ដដ៏ល្អសម្រាប់ព្រះរាជាដែលទទួលរាក់ទាក់ ពួកគេ ។
នៅពេលដែលការចរចាខាងលើកំពុងតែប្រព្រឹត្ដទៅ នៅក្នុងឆ្នាំដដែលនោះ ព្រះរាជាដែលបានទទួលយកនារីម៉ាឡេម្នាក់ជាព្រះជាយា ។ ប្រហែលជាដើម្បីបំពេញព្រះទ័យព្រះជាយានេះផង ហើយក៏ប្រហែលដើម្បីលើកទឹកចិត្ដពួកម៉ាឡេ និងចាមដែលបានជួយឱ្យព្រះអង្គដណ្ដើមយករាជបល្ល័ង្កមកវិញបានផង ទ្រង់បានប្ដូរចូលសាសនាមហាម៉ាត់វិញដោយឱ្យគេកាត់ស្បែក ហើយទ្រង់ប្រកាសប្ដូរព្រះនាមថា អ៊ីប្រាហ៊ីម វិញ ។ លោកហ្សេរ៉ាវ៉ាន់វូសូហ្វ បាននិយាយថា ព្រះរាជាទ្រង់បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពួកម៉ាឡេ និងចាម ។ ហេតុការណ៍នេះ បានធ្វើឱ្យប្រជាជនមិនសប្បាយចិត្ដទេ គេបានហៅព្រះរាជាថាជាស្ដេចចេញសាសនា និងជាស្ដេចចូលសាសនាជ្វា ។
ពួកម៉ាឡេ និងចាម ដែលកាន់សាសនាមហាម៉ាត់ទាំងអស់នេះច្រើនតែជាពាណិជ្ជករ ម្ល៉ោះហើយគឺជាសត្រូវនឹង ពួកអឺរ៉ុប ដែលជាដៃគូប្រកួតប្រជែង ។ ដល់ពេលបានក្លាយជាអ្នកជិតស្និទ្ធនឹងព្រះរាជា ពួកនេះក៏ប្រែក្លាយទៅជាកាចសាហាវ ។ ដោយខ្លាចរអាការវាយប្រហាររបស់ពួកនេះ និងដោយពួកព័រទុយហ្គាល់ ចេះតែផ្សព្វផ្សាយពាក្យមិនល្អពីខ្លួនផង ពួកហូឡង់ ក៏សម្រេចចិត្ដដកថយចេញពីកម្ពុជាដែលមិនមែនជាទីសុខសាន្ដ សម្រាប់ខ្លួនទេ ។ បេសកជនរបស់ឧត្ដមសេនីយ៍បាតាវីយ៉ា បានចាកចេញពីកម្ពុជា ហើយនាយអគារពាណិជ្ជកម្មហូឡង់នៅកម្ពុជា ក៏ត្រូវគេបញ្ជាឱ្យដកចេញទៅវិញដែរ ដរាបណារាជរដ្ឋាភិបាលកម្ពុជាមិនបានបំពេញសេចក្ដីត្រូវការរបស់ខ្លួន នោះ ។
តើមានអ្វីកើតឡើងក្រោយពីពួកហូឡង់ចាកចេញផុតទៅ ? យើងបានដឹងអំពីអ្វីៗដែលកើតមានជាបន្ដមកទៀតតែដោយសារឯកសារពួក ហូឡង់ប៉ុណ្ណោះ ។ ពួកហូឡង់មិនបានប្រាប់ឱ្យដឹងពិតប្រាកដថាតើអ្នកណាដែលជាមេភ្លើង ទេ ក៏ប៉ុន្ដែពួកគេបានសរសេរថា ក្រោមការញុះញង់របស់ពួកព័រទុយហ្គាល់ និងពួកម៉ាឡេ និងដោយមានការថ្វាយយោបល់ពីឧកញ៉ាពីរេស្នេដុល (?) ព្រះរាជាបានចេញបញ្ជាឱ្យកាប់សម្លាប់ ពួកហូឡង់វាយកម្ទេចអគារ និងដណ្ដើមយកកប៉ាល់ហូឡង់ឈ្មោះន័រវីក និងសំពៅឈ្មោះ រីវីក ផង ។ ព្រះរាជបញ្ជានេះត្រូវបានគេអនុវត្ដតាមនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៦៤៤ លើកលែងតែកប៉ាល់ន័រស្វ៊ីកមួយចេញដែលគេមិនអាចចាប់បាន ។ ក៏ប៉ុន្ដែចៃដន្យអាក្រក់នេះ បានធ្លាក់ទៅលើកប៉ាល់ឈ្មោះ អូរ៉ង់ហ្សេ ដែលទើបតែមកដល់ពី កោះហ្វៃយ៉ូវ៉ាន់ (តៃវ៉ាន់) (31) ទៅវិញ ដោយគ្មានបានដឹងរឿងរ៉ាវដែលកើតមាននៅកំពង់ហ្លួងទេ ។ អ្នកដើរកប៉ាល់នេះ បានត្រូវពួកជប៉ុន ដែលមានគ្នាប្រហែលជា១០នាក់ បង្ខំឱ្យចុះមកដីហើយសម្លាប់អស់មួយចំនួន មួយចំនួនទៀតត្រូវចាប់ជាឈ្លើយ ។
ពេលទទួលបាននូវដំណឹងនេះ ពួកហូឡង់នៅបាតាវីយ៉ាបានសម្រេចចិត្ដធ្វើការសងសឹកវិញ ដោយបញ្ជូនកប៉ាល់៥គ្រឿងមកកម្ពុជា និងទូកសំប៉ានជាច្រើន ដឹកនាំទាហាន ១៦០នាក់ និងនាវិក២៤០នាក់ ។ គេនឹងធ្វើការសងសឹកដោយការបង្ហូរឈាមប្រសិនបើ ព្រះរាជាអ៊ីប្រាហ៊ីម មិនព្រមប្រគល់ចំណាប់ខ្មាំងមកឱ្យវិញ ហើយមិនធ្វើឱ្យមានទំនាក់ទំនងដូចកាលពីមុនឆ្នាំ១៦៤០ទេ ។ ក្រុមហ៊ុនពាណិជ្ជកម្មហូឡង់ទើបតែបានផ្ញើការសរសើរមកថ្វាយព្រះរាជា ស្រាប់តែត្រូវធ្វើសង្គ្រាមមួយទៅវិញ ក៏ប៉ុន្ដែពួកគេចង់បានសន្ដិភាព ។ កប៉ាល់ទាំងអស់បានចេញដំណើរនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៦៤៤ ឡើងមកតាម ទន្លេបាសាក់ ហើយបានមកបោះយុថ្កានៅនឹង ពាមទន្លេសាប ពីខាងលើភ្នំពេញ-ចតុម្មុខ បន្ដិច គឺប្រហែលជាចម្ងាយ១៦គីឡូម៉ែត្រពីអគារពាណិជ្ជកម្មហូឡង់ ។
នៅពេលដែលកិច្ចចរចាចាប់ផ្ដើមឡើងនៅថ្ងៃទី៧ ខែកក្កដា ពួកមន្ដ្រីខាងកម្ពុជាបានសំណូមពរឱ្យពន្យារពេល៧ថ្ងៃ ដោយហេតុថាព្រះមាតារបស់ព្រះរាជាទើបនឹងសុគត ។ ដោយពិនិត្យឃើញថាគ្មានអ្វីប្លែក គួរឱ្យសង្ស័យនៅតាមមាត់ទន្លេ មេបញ្ជាការហូឡង់ក៏យល់ព្រមតាមសំណើ ហើយថែមទាំងបានសម្ដែងការចូលរួមមរណទុក្ខ ដោយការបាញ់កាំភ្លើងធំគោរពទៀតផង ។
កប៉ាល់ហូឡង់នៅក្នុងទឹករហូតដល់៦ខែ តែនៅមិនទាន់មានលទ្ធផលអ្វីបន្ដិចសោះ ។ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ១៦៤៥ មេបញ្ជាការហូឡង់ក៏សម្រេចចិត្ដនាំគ្នាចេញកប៉ាល់ធ្វើដំណើរបន្ដទៅ កាន់លង្វែក ។ ទៅជិតដល់កំពង់ហ្លួងទៅហើយ ស្រាប់តែមានលេចឮដំណឹងថា គេកំពុងប្រមូលឫស្សីមកគរនៅភ្នំពេញ ជាមួយនឹងអាវុធយុទ្ធភណ្ឌផ្សេងៗទៀត ។ មេបញ្ជាការក៏បញ្ជាឱ្យធ្វើដំណើរចុះមកវិញ តែត្រូវទូកតូចៗជាច្រើនស្កាត់វាយនៅពាក់កណ្ដាលផ្លូវ ។ កប៉ាល់ហូឡង់បានវាយរុញច្រានទូកទាំងអស់នោះចេញបាន តែត្រូវរងការបាញ់ឥតដាច់ពីលើគោកថែមទៀត ។ យប់មកដល់ កប៉ាល់បានបោះយុថ្កាសម្រាកសិន ។ ដល់ពេលព្រឹកស្អែកឡើង គេពិនិត្យឃើញមានស្ពានមួយប្រវែង ១២០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅកាត់ទទឹងទន្លេ និងមានកាំភ្លើងធំ ៨ដើម រៀបតម្រៀបគ្នានៅលើច្រាំងទន្លេខាងលិច ឯខាងកើតទន្លេវិញមានប៉មមួយកំពុងសង់ឡើងមិនទាន់រួច ។ មេបញ្ជាការហូឡង់បានសម្រេចថា ត្រូវតែវាយបើកផ្លូវចេញ ហើយការប្រយុទ្ធក៏ចាប់ផ្ដើមឡើង ។ មេបញ្ជាការនោះបានត្រូវគ្រាប់ដាច់ក្បាលបាត់ តាំងតែពីចាប់ផ្ដើមប្រយុទ្ធភ្លាមម្ល៉េះ ហើយខាងហូឡង់បានបាត់បង់កម្លាំងអស់ ១២០នាក់ ក៏ប៉ុន្ដែកប៉ាល់បានឆ្លងផុតចូលទៅក្នុងទន្លេធំខាងក្រោមភ្នំពេញ នៅវេលាម៉ោង៤រសៀល ហើយបោះយុថ្កាសម្រាកនៅទីនោះទៅ ។ ឯកសារហូឡង់និយាយថា នៅក្នុងការប្រយុទ្ធគ្នានោះ ខាងខ្មែរបានខូចខាតកម្លាំងរហូតដល់ទៅ ១ពាន់នាក់ ។
ដោយមិនអាចទប់ទល់នឹងការវាយប្រហារតទៅទៀត កប៉ាល់ហូឡង់ ក៏ធ្វើដំណើរចុះតាមទន្លេបន្ដទៅទៀត ហើយទៅដល់ ផានរ៉ាង នៅថ្ងៃទី១២ខែកក្កដា ។ ស្ដេចនគរចាម្ប៉ាដែលសេសសល់ពីការវាតទីរបស់ពួកអាណ្ណាមនៅពេលនោះ បានទទួលស្វាគមន៍ពួកហូឡង់ ហើយអនុញ្ញាតឱ្យពួកនេះធ្វើពាណិជ្ជកម្មនៅតាមកំពង់ផែរបស់គេ ក៏ប៉ុន្ដែ បានហាមប្រាមមិនឱ្យវាយពួកព័រទុយហ្គាល់នៅក្នុងទឹកដីគេទេ ។ ស្ដេចនគរចាម្ប៉ានោះបានប្រកាសថា អាកប្បកិរិយារបស់ ស្ដេចចន្ទអ៊ីប្រាហ៊ីម គឺជាអំពើក្បត់ តែព្រះអង្គបានផ្ដាច់ចំណងទាក់ទងជាមួយតាំងតែពីពេលដែលពញាចន្ទបាន ធ្វើឃាតព្រះឧភយោរាជឧទ័យ និងព្រះអង្គនន់ ដែលជាមិត្ដភក្ដិមកម្ល៉េះ ។ ក្នុងពេលនោះមាននាវាហូឡង់មួយគ្រឿងទៀតឈ្មោះ អេទ័លប៉ូលែរ ចេញមិនទាន់ផុតពីទន្លេបាសាក់នៅឡើយ ហើយកំពុងតែរងការវាយប្រហារពីទ័ពជើងទឹកកម្ពុជា ដែលដឹកនាំដោយព្រះរាជាផ្ទាល់ព្រះអង្គ និងពួក ព័រទុយហ្គាល់ ម៉ាឡេ និងជប៉ុន ជាអ្នកបញ្ជាផង ។ នាវានោះអាចទ្រាំទ្រការវាយប្រហារនោះបានយ៉ាងល្អ ហើយចុះផុតចូលទៅក្នុងលំហសមុទ្រ ឯនាវាកម្ពុជាក៏លែងហ៊ានដេញតាមទៀតដែរ ។
បាតាវីយ៉ាបានស្នើសុំជំនួយអន្ដរាគមន៍ពីស្ដេចសៀមៗបានបញ្ជូននាវា ១០គ្រឿងមក ក៏ប៉ុន្ដែនៅពេលមកដល់មាត់ពាមទន្លេមេគង្គ មិនឃើញកងនាវាហូឡង់ នាវាសៀមទាំងអស់នោះក៏ត្រលប់ទៅវិញអស់ទៅ នៅក្នុងខែកញ្ញា ឆ្នាំ១៦៤៥ ។ ប៉ុន្មានខែក្រោយមក ព្រះរាជាកម្ពុជាបានយល់ព្រមប្រទានសន្ដិភាព ដោយទ្រង់បានបញ្ជូនរាជទូតទៅកាន់ បាតាវីយ៉ា នៅក្នុងខែឧសភា ឆ្នាំ១៦៤៦ ។ មកខែមេសា ឆ្នាំ១៦៤៧ ទ្រង់បានដោះលែងពួកឈ្លើយសឹកដែលទ្រង់បានចាប់ពីកប៉ាល់អូរ៉ង់ហ្សេ ក៏ប៉ុន្ដែបញ្ហាលំបាកនៅតែមានបន្ដតទៅទៀត រហូតដល់ខែកក្កដា ឆ្នាំ១៦៥២ នៅពេលដែលពួកហូឡង់បានសំណូមពរឱ្យព្រះរាជាបញ្ជូនរាជទូតទៅចរចា សម្រេចជាលើកចុងក្រោយ ។
នៅខែកក្កដា ឆ្នាំ១៦៥៣ ឧត្ដមសេនីយ៍បាតាវីយ៉ាបានជូនដំណឹងទៅព្រះរាជាកម្ពុជាវិញថា ពួកហូឡង់មិនអាចមកបោះទីតាំងនៅលើទឹកដីកម្ពុជាជាមួយនឹងសត្រូវ របស់ខ្លួនបានទេ លើកលែងតែព្រះអង្គបណ្ដេញពួកនោះចេញសិន ។ តាមពិតពួកហូឡង់ពេលនោះកំពុងតែមានសង្គ្រាមជាមួយពួក អង់គ្លេស ដែលទើបតែបានធ្វើឃាតស្ដេចរបស់គេ ។ ព្រះរាជាបានច្រានសំណើនោះ ហើយការចរចាបានបន្ដរហូតដល់ខែកក្កដា ឆ្នាំ១៦៥៦ទើបមានចុះសន្ធិសញ្ញាមួយដែលមិនមានចោទប្រកាន់ទោសកំហុស អ្វីដល់ព្រះរាជាអ៊ីប្រាហ៊ីមឡើយ ឯពួកហូឡង់ក៏មិនបានទទួលនូវការសងសឹកអ្វីដែរ តែបានទទួលផលប្រយោជន៍ខាងពាណិជ្ជកម្មខ្លះ ដែលពួកគេមិនអាចថែរក្សាការពារបាន (32) ។
មកដល់ពេលនេះ គឺក្នុងឆ្នាំ១៦៥៨ ព្រះរាជាអ៊ីប្រាហ៊ីមសោយរាជ្យបាន១៨ឆ្នាំហើយ ។ ពេលនោះមានបុត្រា២អង្គរបស់អតីតព្រះឧភយោរាជព្រះឧទ័យដែលពញាចន្ទ -ព្រះអ៊ីប្រាហ៊ីមបានធ្វើឃាត គឺពញាសូរ (ពញាសូរនេះក្រោយមកបានឡើងសោយរាជ្យមានព្រះនាមថា ព្រះបទុមរាជា) មានព្រះជន្ម២៦ព្រះវស្សា និងព្រះអង្គតន់មានព្រះជន្ម១៨ព្រះវស្សាបានចាប់កាន់អាវុធបះបោរ ប្រឆាំងនឹងព្រះរាជាឡើង ។ ពេលនោះព្រះរៀមរបស់ក្សត្រាទាំង២ គឺព្រះអង្គឯម ដែលបានរួចរស់រានមានជីវិត ដោយត្រូវព្រះវររាជមាតាយកមកចិញ្ចឹមបីបាច់ថែរក្សា ហើយមានឋានៈជាព្រះកែវហ្វ៊ាមិនបានចូលដៃចូលជើងជាមួយទេ តែបែរជាកាន់ជើងខាងព្រះរាជាទៅវិញ ។
ពញាសូរ និងព្រះអង្គតន់បានត្រូវទ័ពព្រះរាជាវាយឱ្យបរាជ័យ ក៏រត់ទៅជ្រកកោននឹងព្រះមហេសីមេម៉ាយមានសញ្ជាតិអាណ្ណាមរបស់ព្រះ ជ័យជេដ្ឋា ដែលណែនាំឱ្យក្សត្រទាំង២រត់ទៅសុំជំនួយពីស្ដេចអាណ្ណាម ។ ពេលនោះមានប្រជាជនអាណ្ណាមជាច្រើនដែលជាជនអនាថា ជនរត់ចោលជួរ ជនមានទោសដែលត្រូវបណ្ដេញចេញពីស្រុក និងជនផ្សេងៗទៀតចូលមករស់នៅលាយឡំជាមួយអ្នកស្រុកដើមនៅក្នុងខែត្រ បារាជ និងដុងណាយ ។ ពេលឃើញក្សត្រខ្មែរទាំង២អង្គរត់មករកជំនួយដូច្នេះ ស្ដេចអាណ្ណាមគិតថាឱកាសល្អមកដល់ហើយក្នុងការដណ្ដើមយកប្រទេស នេះ ។ អ្នកប្រវត្ដិវិទូអាណ្ណាមឈ្មោះ ទ្រឿង វិញ គឺបានសរសេរថា ប្រទេសកម្ពុជាមានទន្លេធំៗ មានដៃច្រើន ដីស្រែក៏មានជីជាតិល្អ គួរឱ្យចង់បានណាស់ ។ ព្រះរាជាអាណ្ណាមក៏យល់ព្រមផ្ដល់ជំនួយដល់ក្សត្រទាំង២ (33) ហើយបានបញ្ជូនទ័ព២ពាន់នាក់ដឹកនាំដោយឧត្ដមសេនីយ៍ ជាងធូ ឱ្យមកជួយ ។ សង្គ្រាមក៏ចាប់ផ្ដើមឡើង ហើយព្រះអង្គឯម បុត្រាទី៣របស់ព្រះឧភយោរាជ ដែលចូលដៃចូលជើងជាមួយនឹងឃាតកសម្លាប់ព្រះបិតា ក៏ត្រូវសុគតទៅនៅក្នុងការប្រយុទ្ធមួយតាមជើងទឹកនៅឋបារាជ ។ រីឯព្រះរាជាវិញ ត្រូវពួកអាណ្ណាមចាប់បានជាមួយនឹងសេនាអាមាត្យ ហើយដាក់ក្នុងទ្រុងដែកនាំយកទៅកាន់ខែត្រក្វាងប៊ិញនៅជាប់នឹង ព្រំដែន តុងកឹង ។ ទ្រង់បានសុគតនៅទីនោះនៅក្នុងឆ្នាំ១៦៥៩ ក្នុងព្រះជន្មាយុ៤០ព្រះវស្សា ។ បើគិតទៅ ព្រះអង្គសោយរាជ្យបានប្រហែលជា១៨ឆ្នាំ ។
ពួកអាណ្ណាមបានអះអាងថា អ្នកទោសដែលគេចាប់បានក្នុងសង្គ្រាមនោះបានត្រូវគេដោះលែងមក កម្ពុជាវិញ តែនៅក្រោយពេលដែលគេបានចុះសន្ធិសញ្ញាសន្ដិភាពមួយ ដែលបញ្ជាក់ច្បាស់ថាប្រទេសកម្ពុជានឹងនាំយកសួយសារអាករទៅថ្វាយ ស្ដេចអាណ្ណាមជាទៀតទាត់ ហើយពួកប្រជាជនអាណ្ណាមដែលចូលមករស់នៅលើទឹកដីព្រះរាជាណាចក្រ កម្ពុជា នឹងទទួលបាននូវសិទ្ធិកម្មសិទ្ធិលើដីដែលខ្លួនកាន់កាប់ ហើយនឹងត្រូវចាត់ទុកដូចជាអ្នករដ្ឋវាសីប៉ុណ្ណោះ ។
ការជ្រៀតជ្រែករបស់ពួកអាណ្ណាមចូលមកក្នុងរឿងរ៉ាវរបស់កម្ពុជាតាម រយៈមហាក្សត្រីមានដើមកំណើតជាអាណ្ណាមនេះ គឺជាសេចក្ដីផ្ដើមនៃការខុសឆ្គងដ៏វែងអន្លាយ ដែលនឹងនាំមកនូវការបាត់បង់ទឹកដីបន្ដិចម្ដងៗ មិនខុសពីការលុកលុយរាតត្បាតពីសំណាក់ពួកសៀមប៉ុន្មានទេ ។ ហេតុការណ៍នេះបានបញ្ចេញឱ្យឃើញនូវអ្វីដែលអាចនឹងកើតមានភ្លាមៗតែ ម្ដង ៖ ក្រោយពីទទួលជ័យជម្នះ ហើយម្ចាស់ការលើសភាពការណ៍បានហើយ ឧត្ដមសេនីយ៍អាណ្ណាមក៏ចាប់សាកល្បងកម្ទេចក្សត្រាខ្មែរទាំង២អង្គជា បក្សពួកភ្លាមដែរ ។ ក៏ប៉ុន្ដែ ដោយមិនអាចធ្វើអ្វីបាននៅចំពោះមុខប្រទេសទាំងមូល ណាមួយត្រូវបរាជ័យនៅក្នុងការប្រយុទ្ធជាមួយទ័ពរបស់ព្រះអង្គខ្លះ ផង ឧត្ដមសេនីយ៍អាណ្ណាមនោះត្រូវបង្ខំចិត្ដវាយដកថយ រត់ចេញពីកម្ពុជាទៅវិញ នៅក្នុងឆ្នាំ១៦៥៩ ដោយនាំយកទៅជាមួយនូវជ័យភណ្ឌជាច្រើនទៅផង ។
នៅក្នុងឆ្នាំបន្ទាប់មក ពួកសៀមដែលតែងតែគិតថាកម្ពុជាជាចំណីដ៏ឆ្ងាញ់ពិសារបស់ខ្លួនទៅ អនាគត បានបញ្ជូនរាជទូតមួយទៅកាន់រាជវាំងកែចូនៅហាណូយ សុំចងសម្ព័ន្ធមេត្រីភាពប្រឆាំងនឹងពួកង្វៀងនៅខាងត្បូង (ក្រុងវ៉េ) ដែលទីបតែរើបម្រះរួចពីនឹមត្រួតត្រារបស់ពួកអាណ្ណាមខាងជើង ហើយបានបង្ហាញឱ្យឃើញតាមរយៈអន្ដរាគមន៍លើកទី១ខាងលើថា ចង់ងាកមករកដណ្ដើមយកកម្ពុជាដែរ ។
១២. ព្រះបរមរាជាទី៣-ពញាសូរ (១៦៥៩-១៦៧២)
ព្រះបទុមរាជពញាសូរ ជារាជបុត្រាច្បងរបស់ព្រះឧភយោរាជ ដែលស្ដេចចូលសាសនាជ្វាបានធ្វើឃាត ។ ទ្រង់បានសុំជំនួយពីអាណ្ណាម តែត្រូវពួកនេះប្រុងនឹងកម្ទេចចោលទៅវិញ ។ នាម៉ឺនសព្វមុខមន្ដ្រីបានលើកព្រះអង្គឱ្យទទួលការងារដឹកនាំព្រះ នគរ ។ ពេលនោះព្រះអង្គមានព្រះជន្ម២៨ព្រះវស្សាហើយ (34) ។
នៅពេលនោះពួកចាម និងម៉ាឡេ នៅក្នុងខែត្រត្បូងឃ្មុំ ដែលធ្លាប់បានបះបោរម្ដងរួចមកហើយនៅក្នុងឆ្នាំ១៥៩៩ មិនសប្បាយចិត្ដនឹងភាពក្រឡាប់ចាក់ក្រោយពីព្រះរាជាអ៊ីប្រាហ៊ីមបាន ត្រូវធ្វើឃាតដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ខ្លួនអស់ ក៏បះបោរឡើងម្ដងទៀតក្នុងរវាងឆ្នាំ១៦៦០ ។ ព្រះរាជាបានដឹកនាំទ័ពផ្ទាល់ព្រះអង្គ ចេញទៅបង្ក្រាបពួកនេះឱ្យបរាជ័យ រត់គេចកាត់ខែត្រកំពង់ស្វាយរហូតទៅដល់ខែត្រអង្គរ តែត្រូវទ័ពព្រះរាជាតាមដេញវាយប្រហាររហូត ហើយតម្រូវចុះអនុសញ្ញាមួយបង្ខំឱ្យពួកមេៗរបស់ពួកនោះភៀសខ្លួនទៅ រស់នៅឯស្រុកសៀមទៅ ។
រាជបុត្រាទាំងអស់របស់ព្រះរាជាចោលសាសនា គឺព្រះអង្គនី ព្រះអង្គឧទ័យ និងព្រះអង្គអំ ក៏បាននាំគ្នាធ្វើដំណើរទៅរស់នៅឯស្រុកសៀមដែរ ជាមួយនឹងស្រីស្នំក្រមការទាំងអស់របស់រាជវាំងមុន មានទាំងព្រះសង្ឃផង សរុបទាំងអស់ ២.២២៤នាក់ ។ ដោយត្រូវធ្វើឱ្យធូរស្រាលពីសត្រូវ មានពួកចាមម៉ាឡេ និងរាជបុត្ររបស់អតីតព្រះមហាក្សត្រ និងបក្សពួក ព្រះបទុមរាជាពញាសូរក៏ចាប់កាន់ព្រះខ័នរាជ្យឡើងគង់លើបល្ល័ង្ករាជ ទទួលព្រះរាជាភិសេកនៅក្នុងឆ្នាំ១៦៦២ ក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការបរមរាជាធិរាជរាមាធិបតី បរមបពិត្រ» ។
នៅក្នុងឆ្នាំ១៦៦១ ទ្រង់បានលើកព្រះអនុជ គឺព្រះអង្គតន់ ឱ្យឡើងជាទីឧភយោរាជ ប្រហែលដើម្បីបំបែកព្រះអនុជចេញឱ្យឆ្ងាយពីរាជបល្ល័ង្កឱ្យហើយ ហើយទ្រង់បានទទួលព្រះនាងអង្គឡី ជាបងប្អូនជីដូនមួយ ធ្វើជាព្រះអគ្គមហេសី មានព្រះនាមថា «សម្ដេចព្រះភគវតីព្រះចមក្សត្រីយ៍» ។
នៅក្នុងខែកក្កដា ឆ្នាំ១៦៦១នោះ មានជនបារាំងម្នាក់ឈ្មោះ ល្វីសឺវ្រឺយ បានធ្វើដំណើរពីស្រុកសៀមមកតាំងទីនៅត្រង់បាសាក់ ក្បែរស្វាយរៀង ក្នុងនាមជាសាសនទូតរបស់ក្រុមនិកាយផ្សព្វផ្សាយជំនឿ ហើយបានបង្កើតនិគមកាតូលិកអាណ្ណាមមួយនៅទីនោះបានមួយរយៈ ។ បីឆ្នាំក្រោយមក ល្វីសឺវ្រឺយ បានត្អូញត្អែរនៅក្នុងសារលិខិតមួយផ្ញើទៅស្រុកបារាំងថាគាត់មិន អាចបញ្ចុះបញ្ចូលឱ្យអ្នកស្រុកអាយណាម្នាក់ប្ដូរមកកាន់សាសនា កាតូលិកបានទេ ។ នៅពេលដែលគាត់មកពញាឮប៉ុន្មានឆ្នាំក្រោយមកទៀត គាត់បានឃើញថា នៅទីនេះមានអ្នកកាន់សាសនាកាតូលិកប្រហែល៤០០នាក់ ក្នុងនោះមានចម្រុះពួកចិន ព័រទុយហ្គាល់ និងអាណ្ណាម ដែលគាត់ហៅថា ជាពួកកូសាំងស៊ីន ។
នៅឆ្នាំ១៦៧១ ព្រះស្រីជ័យជេដ្ឋា ជារាជបុត្រារបស់ព្រះបទុមវង្សារាជាដែលត្រូវព្រះរាជាចោលសាសនា ធ្វើឃាត ហើយក៏ត្រូវជាព្រះភាគិនេយ្យរបស់ព្រះរាជា និងជាព្រះរាជបុត្រាថ្លៃរបស់ព្រះរាជាផងដែរ បានក្បត់នឹងព្រះរាជា ហើយនាំឱ្យពួកបេសកជនធ្វើឃាតព្រះរាជាចោលទៅ ។
ព្រះឧភយោរាជតន់ និងព្រះអង្គនូក៏រត់គេចខ្លួនទៅកូសាំងស៊ីន សុំជំនួយពីពួកអាណ្ណាម ដូចដែលព្រះឧភយោរាជ និងព្រះរាជាទើបសុគតធ្លាប់បានធ្វើរួចម្ដងមកហើយក្នុងឆ្នាំ១៦៥៨ ។
១៣. ព្រះបាទជ័យជេដ្ឋាទី៣-ធម្មោសុរិយោវង្ស (១៦៧២-១៦៧៣)
ស្ដេចនេះជារាជបុត្ររបស់ព្រះអង្គនន់ និងត្រូវជាព្រះរាជនត្ដារបស់ព្រះឧភយោរាជឧទ័យ ដែលបានត្រូវគេធ្វើឃាតនៅឧត្ដុង្គកាលពីឆ្នាំ១៦៤២ ។ ព្រះអង្គទើបតែបានឃុបឃិតធ្វើឃាតព្រះរាជាមុនរួចដែរ រួចហើយបានចាប់កាន់អំណាចភ្លាម និងបានឱ្យគេរៀបចំអភិសេកព្រះអង្គក្រោមព្រះនាមថា «ព្រះធម្មោសុរិយោវង្សរាជាធិរាជបរមបពិត្រ» ។ ពេលនោះព្រះអង្គមានព្រះជន្មាយុ៣៣ព្រះវស្សាហើយ ។ ព្រះអង្គបានចាប់បង្ខំព្រះអគ្គមហេសីរបស់ព្រះរាជាដែលទ្រង់បាន ធ្វើឃាត គឺសម្ដេចព្រះភគវតីព្រះចមក្សត្រីយ៍ឱ្យទទួលធ្វើជាព្រះអគ្គមហេសី របស់ព្រះអង្គដែរ ប៉ុន្ដែព្រះចមក្សត្រីយ៍បានធ្វើការសងសឹកនឹងព្រះអង្គវិញ ដោយនាំពួកម៉ាឡេជាកូនចៅដែលធ្លាប់គាំទ្រព្រះរាជាអ៊ីប្រាហ៊ីម ឱ្យមកធ្វើឃាតព្រះរាជា៥ខែក្រោយពីអភិសេករួច ។ តែឃាតកម្មនេះមិនបានប្រគល់រាជសម្បត្ដិទៅឱ្យព្រះរាជវង្សរបស់ ព្រះរាជាចោលសាសនាវិញទេ ។
១៤. អ្នកអង្គជ័យ (១៦៧៣-១៦៧៤)
ព្រះកែវហ្វ៊ាអ្នកអង្គជ័យ ជារាជនត្ដារបស់ព្រះឧទ័យយោមរាជធំ និងជារាជបុត្រារបស់ព្រះរាជាបទុមរាជាអង្គសូរ (35) ដែលមានព្រះជន្មាយុ២១ព្រះវស្សាហើយ បានត្រូវនាម៉ឺនសព្វមុខមន្ដ្រីលើកឱ្យឡើងកាន់អំណាច ក្រោមព្រះនាមថា «សម្ដេចព្រះកែវហ្វ៊ា» គឺថាជាព្រះរាជាដែលមិនបានទទួលការអភិសេក ។ នៅឆ្នាំបន្ទាប់មក ព្រះឧភយោរាជអង្គតន់ និងព្រះអង្គនន់ ដែលបានរត់ភៀសព្រះកាយទៅជ្រកកោននឹងពួកអាណ្ណាមក្រោយព្រឹត្ដិការណ៍ មានឃាតកម្មទៅលើព្រះរាជាបទុមរាជា បានចូលលុកលុយប្រទេសពីខាងត្បូងមក និយាយថាមិនមែនមកដណ្ដើមអំណាចអ្វីទេ គ្រាន់តែចង់សងសឹកនឹងព្រះរាជា ដែលបើតាមពិតទៅគ្មានមូលហេតុអ្វីនឹងមកសងសឹកសោះ ពីព្រោះថាអ្នកអង្គជ័យនេះមិនមែនជារាជវង្សខាងព្រះរាជាអ៊ីប្រាហ៊ីម ឯណា ។ ព្រះឧភយោរាជបាននាំទ័ពអាណ្ណាមយ៉ាងធំមកជាមួយ ហើយធ្វើសង្គ្រាមពេញ១ឆ្នាំ ។ ព្រះរាជាបានដឹកនាំទ័ពចេញប្រយុទ្ធនឹងទ័ពព្រះឧភយោរាជ ហើយត្រូវសុគតនៅមុខកងទ័ពនោះទៅ (36) ។ ទ្រង់បានសោយរាជ្យមិនបាន៣ឆ្នាំផងទេ ។
ពេលនោះ ព្រះឧភយោរាជអង្គតន់ ដែលមានព្រះជន្ម៥១ព្រះវស្សាហើយ បានអាពាធហើយសុគតទៅដែរ ។ ដូច្នេះនៅសល់តែព្រះអង្គនន់មួយអង្គឯងប៉ុណ្ណោះ ។
No comments:
Post a Comment