Thursday, July 20, 2017

១៦.បន្តវិបត្តិដល់ ១៦៩៦

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៣
Posted: Oct-12-2016


១៥. រយៈកាល​ចន្លោះ​រាជ្យ​-​ព្រះ​ឧភយោរាជ​អង្គ​នន់ (១៦៧៤-១៦៧៥)
ស្ដេច​នេះ​ជា​បុត្រា​របស់​ព្រះ​អង្គ​ឯម ដែល​បាន​គាំទ្រ​ព្រះរាជា​ចោល​សាសនា​ប្រឆាំង​នឹង​ព្រះ​អនុជ​ទាំង​២ ដែល​បាន​រត់​ទៅ​សុំ​ជំនួយ​ពី​ស្ដេច​កូសាំងស៊ីន ។ ទ្រង់​បាន​នាំ​ព្រះរាជ​វង្ស​មក​គង់នៅ​ឯ​រាជធានី​ឧត្ដុង្គ​វិញ ហើយ​ក៏​ចាប់​កាន់​កាប់​អំណាច​ក្នុង​ព្រះ​នាម​ថា «សម្ដេច​បទុមរាជា​ឧភយោរាជ» គឺ​ទ្រង់​មិន​គ្រងរាជ្យ​ទេ ។ មាន​ឯកសារ​ខ្លះ​និយាយ​ថា ទ្រង់​មាន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះកែវហ្វ៊ា ។ ការ​ដែល​ទ្រង់​ប្រកាន់​យក​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ​នេះ គឺ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ព្រះរាជ​បន្ទូល​ដែល​ទ្រង់​បាន​ប្រកាស​ពី​មុន​មក​ ថា ទ្រង់​មិន​មែន​មក​ប្រយុទ្ធ​ដើម្បី​រាជបល្ល័ង្ក​នោះ​ទេ គឺ​ដើម្បី​តែ​ការ​សងសឹក​ប៉ុណ្ណោះ ។

ព្រះ​អង្គ​នន់​កាន់​អំណាច​មិន​បាន​ទាំង​៥​ខែ​ផង ព្រះ​អង្គ​សូរ​ដែល​ត្រូវជា​រាជបុត្រ​របស់​ព្រះ​បទុមរាជា ដែល​សុគត​ទៅ ហើយ​ត្រូវជា​ព្រះ​អនុជ​របស់​សព​អ្នក​អង្គ​ជ័យ ដែល​ពេល​នោះ​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​ហើយ បាន​ប្រមែ​ប្រមូល​កងទ័ព​ប្រឆាំង​នឹង​ព្រះ​ឧភយោរាជ​អង្គ​នន់ ។ ព្រះ​អង្គ​សូរ​បាន​ទទួល​ជោគជ័យ​ល្អ​បង្គួរ ធ្វើ​ឱ្យ​ព្រះ​ឧភយោរាជ​ទ្រាំ​មិន​បាន​ក៏​រត់​គេច​ខ្លួន​ទៅ​នៅ​ឯ​កូសាំងស៊ីន​ ក្បែរ​ភ្នំ​ដឺកា​ (ត្រង់​ព្រំប្រទល់​ដែន​កម្ពុជា​-​អាណ្ណាម​បច្ចុប្បន្ន) នៅ​ប្រាំតម្លឹង ។ បន្ដិច​ក្រោយ​មក​ រាជវង្សានុវង្ស​របស់​ព្រះ​អង្គ ក្នុង​នោះ​មាន​ស្រីស្នំ​ម្នាក់​ដែល​មាន​ដើម​កំណើត​ជា​ចិន បាន​នាំ​គ្នា​រត់​មក​រស់នៅ​ជាមួយ​ព្រះ​អង្គ​ដែរ ។

១៦. ព្រះ​ជ័យជេដ្ឋា​ទី​៤​-​ព្រះ​អង្គ​សូរ រជ្ជកាល​ទី​១ (១៦៧៥-១៦៨៨)
ព្រះ​អង្គ​សូរ​ពេល​នោះ​មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា​ហើយ ។ កាលពី​ឆ្នាំ​កន្លង​ទៅ ទ្រង់​បាន​ទាមទារ​យក​អំណាច​ដែល​ព្រះ​អង្គ​ត្រូវ​ទទួល​បន្ដ​ពី​ព្រះ​អង្គ​ជ័យ ​ជា​ព្រះ​រៀម ដែល​បាន​សុគត​នៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះអង្គ​តន់​ និង​ព្រះ​អង្គ​នន់ ។​ នៅ​ពេល​ដែល​ព្រះ​អង្គ​នន់​រត់​ភៀស​ព្រះ​កាយ​ទៅ​នៅ​ឯ​កូសាំងស៊ីន​ ព្រះ​អង្គ​សូរ​ក៏​ចូល​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​១៦៧៥​ ហើយ​បាន​ឱ្យ​គេ​អភិសេក​ព្រះអង្គ​នៅ​រាជធានី​ឧត្ដុង្គ​ក្រោម​ព្រះ​នាម​ថា​ «សម្ដេច​ព្រះ​ជ័យជេដ្ឋា​បរម​សុរិន្ទ្រ​ធិរាជ» ។ ទ្រង់​បាន​លើក​អ្នក​ព្រះ​អង្គ​នន់ ជា​បងប្អូន​ជីដូនមួយ​ឱ្យ​ឡើងជា​ព្រះ​ឧភយោរាជ ។
នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ព្រះរាជា​បាន​យាង​មក​គង់នៅ​ទ្រនំជ្រឹង​ ក្នុង​ខែត្រ​សំរោងទង ហើយ​បាន​បញ្ជា​ឱ្យ​គេ​សង់​រាជវាំង​មួយ​ថ្វាយ ។
នៅ​សម័យ​នោះ ប្រហែលជា​ក្នុង​រវាង​ឆ្នាំ​១៦៨០ មាន​ឧត្ដមសេនីយ៍​ចិន​ម្នាក់​ខាង​រាជវង្ស​មិញ​ឈ្មោះ​ថា ឌួង​ង៉ានឌីច ក្រោយ​ពី​ច្បាំង​ចាញ់​កងទ័ព​របស់​ខាងហ៊ី អ្នក​កសាង​សន្ដតិវង្ស​ថាញ់ បាន​នាំ​ទ័ព​ដែល​នៅ​សល់​ចុះ​សំពៅ​២០០ ធ្វើ​ដំណើរ​មក​អាណ្ណាម ។ ប៉ុន្ដែ​ខ្យល់ព្យុះ​បក់​បោក​លិច​សំពៅ​អស់ សល់​តែ​សំពៅ​៥០ និង​ទ័ព​៣​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​អាច​ឡើង​គោក​បាន​ ក៏​នាំ​គ្នា​មក​សុំ​ចុះចូល​នឹង​ស្ដេច​អាណ្ណាម​នៅ​នឹង​ទូរ៉ាន​តែ​ម្ដង​ ហើយ​សំណូមពរ​សុំ​ដីធ្លី​ដើម្បី​រស់នៅ ។ ស្ដេច​អាណ្ណាម​មិន​ចង់​រក្សា​ពួក​បរទេស​៣​ពាន់​នាក់​នេះ​ឱ្យ​នៅ​ជិត​ខ្លួន​ ព្រះ​អង្គ​ទេ ក៏​បញ្ជូន​ឱ្យ​មក​រស់នៅ​ក្នុង​កម្ពុជា​វិញ​ដោយ​ថ្វាយ​ដំណឹង​ដល់​ព្រះ​ ជ័យជេដ្ឋា​បាន​ជ្រាប​ផង​ដែរ​គឺ​ឱ្យ​នៅ​ខែត្រ​បារាជ​ និង​ដុងណាយ ដែល​មាន​ពួក​អន្ដោប្រវេសន៍​អាណ្ណាម​ចូល​មក​រស់នៅ​ច្រើន​បង្គួរ​រួច​ទៅ​ហើយ ហើយ​បាន​ចាត់​ទុក​ថា នេះ​គឺជា​ទឹកដី​ដែល​ខ្លួន​ដណ្ដើម​បាន ។ ឧត្ដមសេនីយ៍​ឌួង​ង៉ានឌីច មិន​សប្បាយ​ចិត្ដ​នឹង​ទឹកដី​ដែល​គេ​បាន​ធ្វើ​សម្បទាន​ឱ្យ​រស់​នៅ​ទេ ក៏​នាំ​ទ័ព​ពាក់​កណ្ដាល​ទៅ​រស់នៅ​ឯ​មីថ​ វិញ​ទុក​ឱ្យ​មេបញ្ជាការ​រង​ឈ្មោះ​ ត្រាន់​ រស់នៅ​នឹង​បារាជ​ជាមួយ​នឹង​ទ័ព​ពាក់​កណ្ដាល​ទៀត ។

ពួក​ចិន​ទាំង​អស់​នេះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​ពួក​អាណ្ណាម​ណាស់ ព្រោះ​ជា​អ្នក​មក​ពី​ក្រៅ​ដូច​គ្នា ប៉ុន្ដែ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​ពួក​ខ្មែរ​ទេ​ ជា​ពិសេស​ជាមួយ​អាជ្ញាធរ​ខ្មែរ​ដែល​គ្រប់គ្រង​ទឹកដី​ក្នុង​នាម​ព្រះរាជា​ កម្ពុជា ។​ ម្យ៉ាង​ទៀត ពួក​នេះ​ចូល​ចិត្ដ​បង្ក​ចលាចល​យ៉ាង​ខ្លាំង មិន​ចូល​ចិត្ដ​ធ្វើ​ការងារ ហើយ​មិន​ចង់​គោរព​ច្បាប់​ទម្លាប់​របស់​ព្រះរាជា​ណាចក្រ​លើស​ពី​ពួក​អាណ្ណាម​ ទៅ​ទៀត ។​ គេ​រស់នៅ​ជា​កង​មិន​មែន​ជា​អ្នកស្រុក​សម​ទៅ​តាម​អត្ថន័យ​របស់​ពាក្យ​នេះ​ទេ ហើយ​ហាក់​ដូចជា​ចូល​ចិត្ដ​នឹង​ការ​ធ្វើ​សង្គ្រាម​ជា​ជាង​រស់​នៅ​ក្នុង​ សន្ដិភាព​ដូច​នៅ​កម្ពុជា​នេះ ។
គឺ​ដោយហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ព្រះ​អង្គ​នន់​ធ្លាក់​ចេញពី​អំណាច ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ចាប់​ផ្ដើម​ធ្វើការ​ប្រយុទ្ធ​តបត​ទៅ​នឹង​ព្រះ​ អង្គ​សូរ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​១៦៨២ បើ​ទោះបី​ថា​ព្រះ​អង្គ​សូរ ធ្លាប់​បាន​លើក​ទ្រង់​ឱ្យ​ឡើង​ជាទី​ឧភយោរាជ​ហើយ​ក៏​ដោយ ក៏​ព្រះ​អង្គ​នន់​បាន​មក​ទាក់ទង​នឹង​ពួក​ចិន​ខាងលើ​នេះ ដែល​មាន​មេកង​ឈ្មោះ​ថា បាង​កន ឱ្យ​ធ្វើ​ជា​ស្នូល​នៃ​កងទ័ព​មួយ​ដ៏​រឹង​មាំ​ដែរ ។ ព្រះ​អង្គ​បាន​ទទួល​យក​ពួក​ចាម ដែល​កំពុង​តែ​រត់គេច​ខ្លួន​ពី​ស្រុក​ទេស​មក​ឱ្យ​ចូល​ក្នុង​កងទ័ព​របស់​ព្រះ​ អង្គ​ថែម​ទៀត ។ បន្ទាប់​មក​ ទ្រង់​ក៏​ចាប់​វាយ​ដណ្ដើម​យក​ខែត្រ​បាសាក់ ព្រះត្រពាំង ភ្នំពេញ និង​ឧត្ដុង្គ ។

ព្រះ​ជ័យជេដ្ឋា​ព្រះ​អង្គ​សូរ ពេល​នោះ​មិន​បាន​គិត​ថា​នឹង​មាន​កើត​សង្គ្រាម​ដូច្នោះ​ទេ ម្ល៉ោះហើយ​គ្មាន​ប្រុង​ប្រៀប​អ្វី​នឹង​ទប់ទល់​ឡើយ ។ នៅ​ពេល​ដែល​កងទ័ព​របស់​ព្រះ​អង្គ​នន់​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ ដែល​កាល​នោះ​មាន​ឈ្មោះ​ថា ចតុម្មុខ​មក ទ្រង់​ក៏​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ទ្រនំជ្រឹង​ក្នុង​ខែត្រ​សំរោងទង ដែល​ទ្រង់​បាន​ចាត់​ឱ្យ​គេ​សង់​ព្រះរាជ​ដំណាក់​មួយ​ថ្វាយ​ពី​មុន​រួច​ហើយ ។ បន្ដិច​ក្រោយ​មក​ទើប​ទ្រង់​យាង​ចេញពី​ទ្រនំជ្រឹង​មក​វិញ​ជាមួយ​នឹង​ទ័ព​មួយ​ កង​ដែល​ទ្រង់​កេណ្ឌ​បាន​ពី​បណ្ដា​ខែត្រ​នៅ​តំបន់​នោះ រួម​ជាមួយ​ទ័ព​ជំនួយ​របស់​សៀម​មួយ​កង ដែល​ស្ដេច​សៀម​បាន​បញ្ជូន​ឱ្យ​មក​ជួយ ។ ទ័ព​របស់​ព្រះ​អង្គ​បាន​វាយ​ទ័ព​ព្រះ​ឧភយោរាជ​ឱ្យ​បរាជ័យ ពួក​ចិន​រត់​ចោល​អស់ ព្រះ​ឧភយោរាជ​ក៏​គេច​ខ្លួន​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​កោះ​តេង (គឺ​កោះ​គូឡាវយាង​សព្វថ្ងៃ) ហើយ​លាក់​ខ្លួន​នៅ​ទីនោះ​ទៅ នៅ​ឆ្នាំ​១៦៨៤ ។ ព្រះរាជា​ក៏​យាង​ត្រលប់​ពី​ទ្រនំជ្រឹង មក​គង់នៅ​ឧត្ដុង្គ​វិញ (ឆ្នាំ​១៦៨៥) ។ ក្នុង​ពេល​នោះ ព្រះ​ឧភយោរាជ ក៏​បាន​យាង​មក​គង់នៅ​ក្នុង​ខែត្រ​ស្រីសន្ធរ ហើយ​បាន​ឱ្យ​គេ​សង់​បន្ទាយ​ការពារ​មួយ​នៅ​ទីនោះ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រះ​ឧភយោរាជ​បាន​ទទួល​ទ័ព​សៀម​មួយ​កង​ពី​ព្រះរាជា​អយុធ្យា ដែល​តែង​តែ​ចង់​ដុត​ភ្លើង​សង្គ្រាម​ស៊ីវិល​ឱ្យ​ឆេះ​រោលរាល​នៅ​កម្ពុជា ទ័ព​នោះ​មក​តាម​ជើង​គោក​ផង និង​តាម​ជើង​ទឹក​ផង ។ ទ្រង់​បាន​ប្រមូល​ទ័ព​ចិន និង​ទ័ព​ខ្មែរ​របស់​ព្រះ​អង្គ​បញ្ចូល​ជាមួយ​គ្នា រួច​បាន​ចាប់​បើក​ការ​ប្រយុទ្ធ​ជា​ថ្មី វាយ​សម្រុក​មក​ដល់​ភ្នំពេញ​នៅ​ដើម​ឆ្នាំ​១៦៨៤ ។ ព្រះរាជា​ជ័យជេដ្ឋា​អង្គ​សូរ​បាន​ដឹកនាំ​ទ័ព​ចេញ​ទៅ​ប្រយុទ្ធ​ទប់ទល់ វាយ​ទ័ព​ព្រះ​ឧភយោរាជ​ឱ្យ​បរាជ័យ បង្ខំ​ឱ្យ​ព្រះ​ឧភយោរាជ​ដក​ថយ​ទៅ​ស្រីសន្ធរ​ដែល​រាជពង្សាវតារ​២​ច្បាប់​នៅ​ តែ​ហៅ ស្រីសឈរ​តាម​ឈ្មោះ​ដើម​ដដែល ។​ក្រោយ​បរាជ័យ​នេះ​ព្រះ​ឧភយោរាជ​អង្គ​នន់​បាន​ បញ្ជូន​រាជទូត​ទៅ​សុំ​ជំនួយ​បន្ថែម​ពី​ស្ដេច​សៀម ។ គឺ​រាជទូត​របស់​ព្រះ​អង្គ​នន់​នេះ​ឯង ដែល​ពួក​រាជទូត​របស់​ស្ដេច ល្វី​ទី​១៤ បាន​ជួប​នៅ​អយុធ្យា​ក្នុង​ឆ្នាំ​១៦៨៥ ហើយ​និយាយ​ថា​មាន​តែ​ព្រះ​ភាគិនេយ្យ​របស់​ព្រះ​ឧភយោរាជ​មួយ​អង្គ​ទេ​ក្នុង​ ចំណោម​ពួក​បរទេស​ទាំងអស់ ដែល​មាន​សិទ្ធិ​ទទួល​ព្រះរាជ​សង្ហា​មាស ។ លោក ដឺ​សូម៉ុង បាន​និយាយ​ថា រជ្ជទាយាទ​កម្ពុជា​មួយ​អង្គ​ដែល​បាន​ភៀស​ព្រះ​អង្គ​មក​គង់នៅ​ស្រុក​សៀម បាន​សំណូមពរ​ស្ដេច​សៀម​ឱ្យ​ជួយ​ព្រះ​អង្គ​បាន​គង់​លើ​រាជបល្ល័ង្ក​វិញ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា សៀម​បាន​ធ្វើ​អន្ដរាគមន៍​រួច​មក​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ។
នៅ​ក្នុង​ឆ្នាំ​១៦៨៧ ព្រះរាជា​ជ័យជេដ្ឋា​អង្គ​សូរ បាន​ជា​សះស្បើយ​ពី​ជំងឺ​អុតធំ​ដែល​ស្ទើរតែ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ក្ស័យ​ព្រះ​ ជន្ម ។ ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​មាតា ដើម្បី​យាង​សាង​ផ្នួស​៧​ថ្ងៃ លា​បំណន់​ដែល​បាន​បន់ស្រន់​នៅ​ពេល​ទ្រង់​អាពាធ ។
នៅ​ឆ្នាំ​១៦៨៨ សម្ដេច​ចៅពញា​កន និង​ចិន​ម្នាក់​ឈ្មោះ​ថា តាង​ចុងស៊ា ឯកសារ​មួយទៀត​ថា​ឈ្មោះ កាន ចុងអ៊ា មាន​បំណង​ទម្លាក់​ព្រះរាជា​ពី​រាជបល្ល័ង្ក ក៏​នាំ​គ្នា​ទៅ​ស្រីសន្ធរ​សុំ​ទ័ព និង​អាវុធ​យុទ្ធភណ្ឌ​ពី​ព្រះ​ឧភយោរាជ រួច​នាំ​គ្នា​មក​ឈរជើង​នៅ​ភ្នំពេញ ។​ ពួក​នេះ​ហៀប​តែ​នឹង​ចេញ​ដំណើរ​ទៅ​ឧត្ដុង្គ​ទៅ​ហើយ​ ស្រាប់តែ​ទ័ព​ព្រះរាជា​មក​ដល់​មុន ហើយ​បើក​ការ​ប្រយុទ្ធ​មក​លើ ធ្វើ​ឱ្យ​ពួក​នេះ​ភ្ញាក់​ខ្លួន​ភ័យ​រត់គេច​អស់​ទៅ​ដោយ​ចោល​អាវុធ និង​សំពៅ​២​គ្រឿង​នៅ​លើ​សមរភូមិ ។ ក្មួយ​ស្រី​ម្នាក់​របស់​សម្ដេច​ពញា​កន​ឈ្មោះ អ្នក​អង្គ​អី ដែល​នៅ​ក្នុង​សំពៅ​មួយ ក៏​ត្រូវ​ព្រះរាជា​ចាប់​បាន​ជា​ឈ្លើយ ហើយ​ទទួល​យក​ធ្វើ​ជា​ព្រះ​ជាយា​ប៉ុន្មាន​ខែ​ក្រោយ​មក ។ នៅ​ក្នុង​ឆ្នាំ​នោះ ក្រោយ​ពី​ទ្រង់​កាន់​អំណាច​អស់​ពេល​១៤​ឆ្នាំ ព្រះរាជា​ក៏​បង្គាប់​ឱ្យ​គេ​រៀបចំ​អភិសេក​ព្រះ​អង្គ​ក្រោម​ព្រះ​នាម​ថា «សម្ដេច​ព្រះ​ជ័យជេដ្ឋា​បរមោ​សុរិន្ទ​រាជា​ធិរាជ​រាមា» ។
ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល ព្រះ​ឧភយោរាជ​អង្គ​នន់ ក្រោយ​ពី​មិន​បាន​ទទួល​ជំនួយ​អ្វី​ពី​ពួក​សៀម ព្រះ​អង្គ​ក៏​យាង​ទៅ​កាន់​កូសាំងស៊ីន (អតីត​នគរ​ចាម្ប៉ា) ដើម្បី​សុំ​ជំនួយ​ពី​ស្ដេច​ហ៊ាន​វឿង (37) បាន​ទ័ព​២​ម៉ឺន​នាក់​បញ្ជា​ដោយ​ឧត្ដមសេនីយ៍​អាណ្ណាម​ឈ្មោះ អុង​ធាន​ឃួន និង​អុង​ធុម​មូ ។ ទ្រង់​បាន​ដឹកនាំ​ទ័ព​នេះ​រហូត​មក​ដល់​រាជធានី​ឧត្ដុង្គ ។

ទ័ព​អាណ្ណាម​របស់​ព្រះ​ឧភយោរាជ​វាយ​ដណ្ដើម​យក​រាជធានី​បាន រួច​ហើយ​បាន​កៀរ​អ្នកស្រុក​កំពង់ហ្លួង និង​បន្ទាយលើ​យក​មក​ដាក់​នៅ​ជ្រោយចង្វា​ពីមុខ​ភ្នំពេញ ។ សម្ដេច​ព្រះទាវ​ជា​ព្រះ​មាតុច្ឆា​របស់​ព្រះរាជា ព្រះ​ជន្ម​១៥​ព្រះ​វស្សា​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​ទាំង​នោះ​ ដែរ ។ ចំណែក​ឯ​ព្រះរាជា​ជ័យជេដ្ឋា​បាន​គេច​ព្រះអង្គ​ទៅ​ឯ​ស្រុក​ប្រាំតម្លឹង រួច​ហើយ​បាន​ចាត់​ឱ្យ​ចៅពញា​ភក្ដី​សង្គ្រាម​សួស​តាម​មក​រក​ព្រះ​មាតុច្ឆា​យក ​ទៅ​វិញ ។ ទ្រង់​បាន​ប្រទាន​ចិញ្ចៀន​មួយ​វង់​ដើម្បី​ឱ្យ​សម្ដេច​ព្រះទាវ​ជឿ​ទុកចិត្ដ រួច​ហើយ​ចៅពញា​ភក្ដី ក៏​ចេញដំណើរ​មក​ជាមួយ​អ្នក​បម្រើ​ម្នាក់​ឈ្មោះ អា​គោ នៅ​ថ្ងៃ​អាទិត្យ​ពេញបូណ៌​ខែ​ផល្គុណ (ចុង​ខែ​កុម្ភៈ) ។ មក​ដល់​ស្ទឹង​ឧកញ៉ា​ហ្លួង ពេល​ព្រលប់ ចៅពញា​ភក្ដី ក៏​ហែល​ទឹក​ឆ្លង​កាត់​ទៅ​ជ្រោយចង្វា ចូល​គាល់​ព្រះ​ក្សត្រី​បង្ហាញ​ព្រះ​ទម្រង់ ហើយ​យាង​ព្រះ​នាង​មក​ភ្លាម​តែ​ម្ដង ។ ចៅពញា​ភក្ដី​ដាក់​ព្រះ​ក្សត្រី​នៅ​លើ​ស្មា រួច​ហែល​ទឹក​ឆ្លង​ទន្លេ​មក​វិញ ឯ​អា​គោ​ក៏​ហែល​ចម្លង​ភីលៀង​ព្រះ​នាង​មក​ដែរ ។​ ហែល​មក​ដល់​ត្រើយ​ម្ខាង​ ចៅពញា​ភក្ដី​ធ្វើ​អង្រឹង​សែង​ព្រះ​ក្សត្រី​រួច​ចេញ​ដំណើរ​បន្ដ​ទៀត​ដោយ​មិន​ ឱ្យ​នរណា​ឃើញ​ទាន់ ។​ មក​ដល់​ទំនប់​ព្រះ​ទេព​រួច​មក​ដល់​លំហាច​ជា​កន្លែង​ដែល​ព្រះរាជា​ទ្រង់​ រង់ចាំ​ព្រះ​មាតុច្ឆា និង​សេនា​អង់អាច​ក្លាហាន ជាមួយ​នឹង​សេនា​ហែហម​មួយ​កង និង​ដំរី​ជា​ច្រើន ។ ព្រះ​ក្សត្រី​យាង​គង់​លើ​ដំរី​មួយ​ក្បាល​រហូត​មក​ដល់​ប្រាំតម្លឹង ។
ពេល​ទ្រង់​ជ្រាប​អំពី​ការ​បាត់​ខ្លួន​របស់​សម្ដេច​ទាវ ព្រះ​ឧភយោរាជ​អង្គ​នន់​បាន​ចាត់​ឱ្យ​ទ័ព​អាណ្ណាម​៥​ពាន់​នាក់​ធ្វើ​ដំណើរ​ ដេញ​តាម ។ ទ័ព​អាណ្ណាម​មក​ជួប​ជាមួយ​ទ័ព​របស់​ព្រះរាជា ដែល​ដឹកនាំ​ដោយ​ចៅពញា​ភក្ដី​សង្គ្រាម នៅ​ត្រង់​វាល​ហុង ក៏​ត្រូវ​ទ័ព​ព្រះរាជា​វាយ​ឱ្យ​បរាជ័យ​រត់​ត្រលប់​ទៅ​ជ្រោយចង្វា​វិញ ។ ឃើញ​ទ័ព​អាណ្ណាម​បាក់​រត់​គ្មាន​សណ្ដាប់​ធ្នាប់​ដូច្នេះ​ទ័ព​ព្រះរាជា​ក៏​ ដេញ​តាម​វាយ​រហូត​រួច​ឆ្លង​ក្បូន​ឡើង​វាយ​យក​បាន​បន្ទាយ​ជ្រោយចង្វា ។

ពេល​នោះ​ទ័ព​អាណ្ណាម​ភិត​ភ័យ​ខ្លាំង​ណាស់ បែកបាក់​ខ្ចាត់ខ្ចាយ រត់​នាំ​មេកោយ​របស់​គេ និង​ព្រះ​ឧភយោរាជ​យក​ទៅ​ដល់​កូសាំងស៊ីន​វិញ​ដោយ​លំបាក ។ អ្នកស្រុក​ឧត្ដុង្គ និង​កំពង់លែង​ក៏​វិល​ត្រលប់​ពី​ជ្រោយចង្វា​មក​ទីលំនៅ​រៀងៗ​ខ្លួន​វិញ ។
ពេល​នោះ​សម្ដេច​ទាវ​ក្សត្រី​បាន​ស្នើ​សុំ​ព្រះរាជា​ឱ្យ​យាង​ជាមួយ​ព្រះ​ នាង​សាដាន​ ត្រលប់​តាម​ផ្លូវ​ដែល​ព្រះនាង​រត់គេច​ជាមួយ​ចៅពញា​ភក្ដី ដើម្បី​ពិនិត្យ​មើល​ទីកន្លែង​ដែល​ព្រះ​អង្គ​បាន​ឈប់​សម្រាក​លាក់​ខ្លួន រួច​ទ្រង់​បាន​ឱ្យ​គេ​សង់​វត្ដ​អារាម​ទុក​ជា​អនុស្សាវរីយ៍ ។ វត្ដ​ទី​១​គឺ​វត្ដ​កានឡាល សង់​នៅ​លើ​ទួល​ប្រាំតម្លឹង ជាទី​កន្លែង​ដែល​ព្រះ​រាជា​បាន​នាំ​ព្រះ​នាង​ទៅ​ដល់​ក្រោយ​ពី​គេច​ព្រះ​អង្គ ​រួច​មក ។
ដោយ​យាង​បន្ដ​មក​ទៀត ឈប់​មើល​គ្រប់​ទីកន្លែង​ដែល​បាន​ឈប់​សម្រាក រហូត​មក​ដល់​ព្រៃពួន​ជាទី​កន្លែង​ដែល​ព្រះ​ក្សត្រី​ត្រូវ​ពួន​លាក់​ខ្លួន​ កុំ​ឱ្យ​ពួក​អ្នក​ដែល​តាម​មក​រក​ព្រះ​នាង​ឃើញ ។ ព្រះរាជា​ក្រោយ​ពី​ព្រះ​សណ្ដាប់​ដំណើរ​រឿង​ឃើញ​ថា​ ព្រះ​នាង​គេច​ផុត​ពី​គ្រោះថ្នាក់​ដោយ​អព្ភូតហេតុ​ទ្រង់​ក៏​បញ្ជា​ឱ្យ​កសាង​ វត្ដ​មួយ​នៅ​ទីនោះ ។​ ទ្រង់​បាន​លើក​ចៅពញា​ភុក​ឱ្យ​ឡើង​ជាទី​ឧកញ៉ា​ធម្មា រួច​ប្រគល់​ភារកិច្ច​ឱ្យ​សាងសង់​វត្ដ​នេះ និង​ជីក​ស្រះ​ទឹក​ធំ​មួយ​ផង ។

នៅ​ពេល​នោះ មាន​លេច​ពាក្យ​ចចាម​អារ៉ាម​មិន​ល្អ​ចំពោះ​ព្រះរាជា និង​ព្រះ​ក្សត្រី ពាស​ពេញ​ព្រះរាជា​ណាចក្រ​ដោយ​ចោទ​ថា​ ហេតុតែ​ព្រះរាជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ព្រះ​មាតុច្ឆា​ក្មេង​យ៉ាង​នេះ​ ពីព្រោះ​ព្រះ​នាង​បាន​សហាយ​ស្មន់​ជាមួយ​ព្រះរាជា ។ ព្រះ​ក្សត្រី​ដែល​កំពុង​តែ​គ្រង​ព្រះ​ពស្ដ្រា​តាម​របៀប​អ្នកស្រុក ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​បាន​ជេរ​ប្រទេច​ផ្ដាសា​តបត​ទៅ​អ្នក​ដែល​បាន​និយាយ​ប្រហារ​ព្រះ​នាង​វិញ​ ថា «អ្នក​ណា​ក៏​ដោយ ទោះជា​មន្ដ្រី​ថ្នាក់​ណា​ក៏​ដោយ​ ឬ​ក៏​ជា​ប្រជារាស្ដ្រ​ក៏​ដោយ​ដែល​បាន​សង្ស័យ​មក​លើ​រូប​ខ្ញុំ​ និយាយ​មិន​ល្អ​ពី​អតីតកាល​របស់​ខ្ញុំ សូម​ឱ្យ​អ្នក​ទាំង​អស់នោះ​ស្លាប់​ទៅ​ហើយ​ធ្លាក់​ចុះ​នរក​ដ៏​សែន​ជ្រៅ កុំ​ឱ្យ​ព្រះពុទ្ធ​លោក​ប្រោស​បាន» ។

១៧. រយៈកាល​ចន្លោះ​រាជ្យ (១៦៨៨)
វត្ដ​ព្រៃពួន​កសាង​រួច​ក៏​រៀបចំ​ពិធី​បញ្ចុះសីមា ពិធី​នោះ​បាន​ធ្វើ​ឱ្យ​ព្រះរាជា​ទ្រង់​នឹកឃើញ​កាល​គ្រងចីវរ ៧​ថ្ងៃ​ក្រោម​ម្លប់​ព្រះរតនត្រ័យ ទ្រង់​ក៏​សម្រេច​ព្រះ​ទ័យ​បោះបង់​រាជសម្បត្ដិ​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត ។ ព្រះ​អង្គ​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ចៅពញា​យ៉ង ត្រូវជា​ចៅ​ក្មួយ ព្រះ​ជន្ម​២២​ព្រះ​វស្សា ដែល​បួស​ជា​ភិក្ខុ ឯ​ព្រះ​ក្សត្រី​ក៏​បួស​ជា​ដូនជី ក្នុង​វត្ដ​ព្រៃពួន​នោះ​ដែរ ។ ក្សត្រ​ទាំង​២​អង្គ​គង់នៅ​ក្នុង​វត្ដ​នេះ​ប្រហែលជា​៣​ខែ រហូត​ដល់​ចេញ​វស្សា ទើប​ចាក​លា​សិក្ខាបទ​មក​វិញ ។ ព្រះរាជា​បាន​យក​អំណាច​មក​កាន់​ជា​ថ្មី ឯ​ព្រះ​ក្សត្រី​បាន​ឡើងជា​ព្រះ​ក្សត្រី​ឯក​នៅ​ក្នុង​ព្រះរាជវាំង ។

១៨. ព្រះ​ជ័យជេដ្ឋា រជ្ជកាល​ទី​២ (១៦៨៨)
ក្រោយ​ពី​លាចាក​សិក្ខាបទ ព្រះរាជា និង​ព្រះ​វររាជ​មាតុច្ឆា​បាន​ចេញ​ព្រះរាជ​បញ្ជា​ឱ្យ​គេ​កសាង​វត្ដ​ថ្មី​មួយ​ ទៀត​នៅ​ក្នុង​ខែត្រ​សំរោងទង​ត្រង់​កន្លែង​ដែល​ពេល​កំពុង​រត់គេច​ពី​សត្រូវ​ ស្នំ​ព្រះ​នាង​ឈ្មោះ​នាង​អំ​បាន​ថ្វាយ​ផ្កា​ដល់​ព្រះ​នាង​នៅ​ក្រោម​ម្លប់​ ដើម​ជ្រឹង ។ វត្ដ​នោះ​មាន​ឈ្មោះ​ថា វត្ដ​អូជ្រឹង ។
នៅ​ទី​បញ្ចប់ ព្រះរាជា​បាន​ឱ្យ​គេ​សង់​វត្ដ​មួយ​ទៀត​នៅ​គោកចំបក់ ត្រង់​កន្លែង​មួយ​ដែល​អ្វីៗ​ទាំងអស់​នៅ​ជុំវិញ​ព្រះរាជា​កំពុង​តែ​រំជើប​ រំជួល អ្នក​ទាំងអស់​គ្នា​កំពុង​តែ​ភ័យ​ខ្លាច ​រាជា​ទត​ឃើញ​មេគោ​មួយ​ក្បាល​បំបៅ​កូន ធ្វើ​វា​ហី ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​អង្គ​មាន​សេចក្ដី​ក្លាហាន​ឡើង​វិញ ។ វត្ដ​នោះ​មាន​ឈ្មោះ​ថា វត្ដ​មេគោ​បំបៅ​កូន ។

បន្ទាប់​មក ព្រះរាជា​បាន​ឱ្យ​គេ​សង់​ដំណាក់​មួយ​នៅ​ក្បែរ​វត្ដ​ចុង​ក្រោយ​នេះ រួច​ហើយ​ទ្រង់​ក៏​ចាប់​រៀបចំ​រចនាសម្ព័ន្ធ​រដ្ឋបាល​របស់​ព្រះរាជា​ណាចក្រ​ ឡើង​វិញ ប្រទាន​រង្វាន់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ធ្លាប់​តាម​ដង្ហែ​ព្រះ​អង្គ​ដោយ​ ស្មោះស្ម័គ្រ ។ ទ្រង់​បាន​ចាត់​តាំង​ចតុស្ដម្ភ គឺ​ឧកញ៉ា​យោមរាជ ឧកញ៉ា​វាំង ឧកញ៉ា​ក្រឡាហោម និង​ឧកញ៉ា​ចក្រី​ឡើង​វិញ បន្ទាប់​មក​មាន​រាជ​តេជោ និង​មហាតលិក​ឆ្វេង​ស្ដាំ​គឺ​មហាទេព និង​មហាមន្ដ្រី ។
ព្រះរាជា​ក៏​បាន​ចាត់តាំង​ផង​ដែរ​នូវ​មន្ដ្រី​៥​រូប​សម្រាប់​តាម​បម្រើ​ សម្ដេច​ព្រះទាវ​ជា​ព្រះ​មាតុច្ឆា ក្នុង​នោះ​មាន​ឈ្មោះ សួស ជា​អ្នក​បាន​ជួយ​សង្គ្រោះ​ព្រះ​ក្សត្រី ដែល​មាន​ឋានៈ​ជា​ក្រឡាពាស ហើយ​ដំឡើង​ឱ្យ​ទៅ​ជា​ថ្នាក់​សម្ដេច​ចៅពញា ទទួល​បាន​ភូមិ​៩ រួម​ទាំង​ខ្ញុំ និង​អ្នកស្រុក ដែល​រស់នៅ​ក្នុង​ភូមិ​នោះ​ទាំងអស់ (38) ជា​កម្មសិទ្ធិ ។ មន្ដ្រី​២​រូប គឺ​អ្នក​អ៊ីម ដែល​បាន​ចាប់​កាន់​អាវុធ​មុន​គេ និង​ចៅ​ជៃលី ដែល​បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​ព្រះរាជា​ណាចក្រ​ត្រូវ​ដាក់​ទោស​ ប្រហារ​ជីវិត​បង់​ ម្នាក់​ដោយ​ជ្រមុជ​ក្នុង​ទឹកស្រះ​ ម្នាក់​ទៀត​ជ្រមុជ​ក្នុង​ទឹក​ព្រែក ។ បន្ទាប់​ពី​ផ្ដល់​យុត្ដិធម៌​រួច ព្រះរាជា​បាន​យាង​ត្រលប់​វិល​មក​គង់នៅ​ឯ​ឧត្ដុង្គ ជា​ព្រះរាជ​ធានី​វិញ ។​ ពេល​នោះ​នៅ​ឯ​ខែត្រ​ស្រីសន្ធរ​មាន​រាជវង្ស​២​អង្គ​គឺ​ ព្រះ​អង្គ​អ្នក​ចន្ទ​ និង​ព្រះ​អង្គ​អ្នក​អុក​ ដែល​ជា​មិត្ដភក្ដិ​របស់​អតីត​ព្រះ​ឧភយោរាជ​ បាន​ដឹកនាំ​អ្នកស្រុក​ឱ្យ​បះបោរ​ឡើង​ ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ខែត្រ​ព្រៃវែង​ជាទី​កន្លែង​ដែល​ពួក​កាន់​ សាសនា​កាតូលិក​រស់នៅ ពួក​នេះ​ពី​មុន​ដឹកនាំ​ដោយ​លោក​ឪពុក សឺវ្រឺយ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​សម្ដេច​ព្រះ​ស្រឡៅ​ដឹកនាំ​ទ័ព​ទៅ​បង្ក្រាប​ពួក​នោះ​ ចាប់​រាជវង្ស​ទាំង​២​បាន​ហើយ​ធ្វើឃាត​ចោល​នៅ​នឹង​ជ្រោយ​បន្លៀ​ រួច​ទ្រង់​បាន​បែងចែក​ភូមិ​ទាំង​៩​ជា​កម្មសិទ្ធិ​របស់​រាជវង្ស​ទាំង​២​ឱ្យ​ ទៅ​សម្ដេច​ពញា​ស្រឡៅ និង​រាជវង្ស​ផ្សេងៗ​ទៀត (39) ។

ការ​បះបោរ​ខាងលើ​នេះ​មាន​រយៈពេល​ប្រហែលជា​៣​ខែ ។ ក្រោយ​ព្រឹត្ដិការណ៍​នេះ ព្រះរាជា​បាន​យាង​ចេញ​ពី​រាជធានី​ឧត្ដុង្គ មក​គង់នៅ​ឯ​កំពង់ក្រសាំង ត្រង់​ទួល​ព្រះស្រី​វិញ ។ នៅ​ទួលក្រសាំង​នេះ​ព្រះ​អង្គ​បាន​ចាត់​តាំង​គណៈរដ្ឋមន្ដ្រី ដោយ​រាប់​បញ្ចូល​ទាំង​បុរោហិត​ ចៅក្រម​ជាន់ខ្ពស់​ ចៅហ្វាយ​ឃ្លាំង​ទាំង​៤ និង​ចៅហ្វាយ​ស្រុក​ទាំង​១០​ថ្នាក់ ។ គឺ​នៅ​ក្នុង​ភូមិ​ទួលក្រសាំង​នេះ​ឯង​ដែល​អា​គោ ខ្ញុំ​របស់​ពញា​ភក្ដី​សង្គ្រាម​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​នាង​អំ ភីលៀង​ដែល​បាន​ថ្វាយ​ផ្កា​មួយ​ទង​ដល់​ព្រះ​ទាវ ហើយ​ត្រូវ​បាន​លើក​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​គោកសេះ​ឡើង (40) ។

មាន​បញ្ហា​មួយ​ធំ​ជាង​បញ្ហា​អាពាហ៍ពិពាហ៍​នោះ​ទៅ​ទៀត ដែល​ធ្វើ​ឱ្យ​គណៈរដ្ឋមន្ដ្រី​ឈឺក្បាល គឺ​បញ្ហា​ផ្លាស់​ប្ដូរ​រាជធានី ។ ក្រោយ​ពី​បាន​សាកសួរ​ទីប្រឹក្សា ហោរា និង​ព្រះ​សង្ឃរាជ​រួច​មក គេ​សម្រេច​ថា​រាជធានី​ទួលក្រសាំង​នេះ មាន​ប្រជាជន​ច្រើន ចង្អៀត​ណាស់ គួរ​ដូរ​រាជធានី​ទៅ​ដាក់​នៅ​ឯ​បឹងក្បិន​វិញ ។ ការ​ផ្លាស់​ប្ដូរ​រាជធានី​នេះ​ប្រព្រឹត្ដ​ទៅ​នៅ​ឆ្នាំ​បន្ទាប់ ហើយ​រាជធានី​ថ្មី​មាន​ឈ្មោះ​ថា ដំណាក់ ។
មាន​ការ​បះបោរ​មួយ​ទៀត​កើត​ឡើង​ធ្វើ​ឱ្យ​សភាពការណ៍​ក្នុង​ព្រះរាជាណាចក្រ ​ភាគ​ខាងត្បូង​ល្អក់​កករ​បន្ដិច ។ នោះ​គឺ​ការ​បះបោរ​របស់​ពួក​ចិន​នៅ​មីថ ក្រោម​ការ​អុជអាល​របស់​ឈ្មោះ ហ៊ិញ​តាំ ជា​ជំនួយការ​ម្នាក់​របស់​ឧត្ដមសេនីយ៍​ឌួង​ង៉ាន់ឌីច ។ ពួក​បះបោរ​បាន​សម្លាប់​ឌួង​ង៉ាន់ឌីច រួច​ហើយ​លើក​ហ៊ិញ​តាំ​ឱ្យ​ធ្វើ​មេ និង​ប្រកាស​ទឹកដី​ម្ដុំ​នោះ​ជា​ក្សត្រ​ប្រទេស​មួយ​ឯករាជ្យ ។ ពួក​បះបោរ​បាន​ស្លដែក​ចាក់​ធ្វើ​កាំភ្លើង​ធំ និង​កេណ្ឌ​បាន​ទូក​ក្ដារ​បាន​ជា​ច្រើន ។ គេ​បិទ​ផ្លូវ​ចរាចរ បង្កើត​គយ​យាម​ល្បាត ហើយ​ឃាត់​ពួក​ខ្មែរ​ឱ្យ​បង់ប្រាក់​លោះ ។
ព្រះរាជា​កម្ពុជា​ឈ្វេង​យល់​ថា ពួក​ចិន​នេះ​នឹង​មក​វាយប្រហារ​ព្រះរាជាណាចក្រ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ទើប​ទ្រង់​បញ្ជា​ឱ្យ​គេ​សង់​កំពែង​ការពារ​នៅ​ភ្នំពេញ​នៅ​បាក់ណាម​ និង​នៅ​គោប៊ីច រួច​ហើយ​បាន​ឱ្យ​គេ​ធ្វើ​ធ្នស់​បិទ​ទន្លេ នៅ​ត្រង់​បាណាម ដោយ​ចង​ក្បូន​នឹង​ច្រវាក់​មាំៗ ។
ព្រះ​ឧភយោរាជ​អង្គ​នន់ ពេល​នោះ​ទ្រង់​គង់នៅ​ឯ​ព្រៃនគរ ។ ទ្រង់​មាន​ពិភាល់​ខ្លាំង​ណាស់​នឹង​ការ​បះបោរ​របស់​ពួក​ចិន​នេះ ដែល​គ្មាន​សម្ព័ន្ធភាព​អ្វី​ជាមួយ​ព្រះ​អង្គ​ទេ ក៏​សំណូមពរ​សុំ​ជំនួយ​ពី​ពួក​អាណ្ណាម ។ ពេល​នោះ​ពួក​អាណ្ណាម​ប្រុងប្រៀប​តែ​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​កម្ពុជា​ទៅ​ ហើយ បាន​ហៅ​ហ៊ិញ​តាំ​ឱ្យ​មក​ចុះចូល​នឹង​ខ្លួន ​រួច​ឱ្យ​ដឹក​ទ័ព​ដើរ​មុខ ។ ហ៊ិញ​តាំ​ពេល​នោះ​រីករាយ​ណាស់​នឹង​បាន​ត្រូវ​គេ​ទទួល​ស្គាល់ ចាត់​ទុក​ដូចជា​ស្ដេច ក៏​ចាប់​ចេញ​ដំណើរ ហើយ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​អាណ្ណាម ដែល​មាន​ទូក​សំពៅ​ច្រើន​លើស​លុប​ព័ទ្ធ​ជិតជុំ ។ ហ៊ិញ​តាំ ក៏​ត្រូវ​ពួក​អាណ្ណាម​ចាប់​បាន រួច​សម្លាប់​ចោល​ទៅ ឯ​បន្ទាយ​ទាំងឡាយ​ក៏​ត្រូវ​គេ​បំផ្លាញ​ចោល​គ្មាន​សល់ ។ អាណានិគម​ចិន​នៅ​មីថ​ក៏​ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​អុងប៉ាង​ចិន​នៅ​បារាជ​ ឈ្មោះ ត្រាន់ កាន់​កាប់​គ្រប់​គ្រង​វិញ ។ ទ័ព​អាណ្ណាម​ក្រោយ​ពី​បាន​កម្ទេច​ទ័ព​ពួក​បះបោរ​ចិន​នៅ មីថ រួច​ហើយ មិន​បាន​ឈប់​នៅ​ស្ងៀម​ទេ ។ បាន​បន្ដ​ដំណើរ​មក​វាយ​ដណ្ដើម​យក​ភ្នំពេញ​ទៀត រហូត​ទាល់តែ​បាន ។

ព្រះរាជា​កម្ពុជា​បាន​ភៀស​ព្រះ​កាយ​មក​គង់នៅ​ឯ​កំពង់ហ្លួង លើ​ច្រាំង​ខាងស្ដាំ​ទន្លេសាប ត្រឹម​ឧត្ដុង្គ រួច​ទ្រង់​បាន​ផ្ញើ​ទូត​មក​សុំ​ចរចា​សន្ដិភាព ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ សន្ធិសញ្ញា​សន្ដិភាព​រវាង​កម្ពុជា និង​អាណ្ណាម ក៏​បាន​ត្រូវ​ចុះ​ហត្ថលេខា​ជា​ថ្មី ដោយ​កំណត់​ឱ្យ​កម្ពុជា​លើក​សួយសារ​អាករ​ថ្វាយ​ព្រះរាជា​អាណ្ណាម​ជា​រៀង​រាល់ ​ឆ្នាំ ។

មាន​ការ​និទាន​តៗ​គ្នា​ថា ក្បួនច្បាប់​ផ្សេងៗ​របស់​ព្រះរាជាណាចក្រ​បាន​ត្រូវ​ខ្ចាត់ខ្ចាយ​រប៉ាត់រប៉ាយ ​បាត់​អស់​ជាមួយ​នឹង​ការ​បាក់បែក​លង្វែក​កាលពី​ឆ្នាំ​១៥៩៣ ធ្វើ​ឱ្យ​ពួក​ចៅក្រម​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​កាត់​សេចក្ដី ព្រោះ​គ្មាន​អ្វី​ជា​សំអាង កាត់​សេចក្ដី​ទៅ​តាមតែ​ការ​ចង​ចាំ​ប៉ុណ្ណោះ ។ ព្រះរាជា​មុនៗ​បាន​បញ្ជា​ឱ្យ​ខិតខំ​ប្រមែ​ប្រមូល​ក្បួនច្បាប់​ទាំងអស់​ពី​ តាម​បណ្ដា​ខែត្រ និង​វត្ដ​អារាម​ឡើង​វិញ​ដែរ ហើយ​គេ​ប្រមូល​បាន​មក​វិញ​ជា​ច្រើន ក៏​ប៉ុន្ដែ​ក្បួនច្បាប់​ទាំង​អស់​នោះ​មិន​ត្រូវ​គ្នា​ទេ មួយ​ចំនួន​ប្រែ​ខុស​ច្បាប់​ដើម​ដោយ​ការ​ចម្លង​តៗ​គ្នា​មក ។ ដោយ​ពិនិត្យ​ឃើញ​ដូច្នេះ ព្រះរាជា​បាន​ចេញ​បញ្ជា​ឱ្យ​ប្រមូល​ក្បួនច្បាប់​ទាំងអស់​យក​មក​សិក្សា​ប្រៀប ​ធៀប​គ្នា​មើល ហើយ​បើ​ចាំបាច់​ទ្រង់​ឱ្យ​ធ្វើ​វិសោធនកម្ម ។ ទ្រង់​បាន​បន្ទុក​បណ្ដាក់​ឱ្យ​អ្នកប្រាជ្ញ​បណ្ឌិត​៦​រូប​ធ្វើការ​សើរើ ពិនិត្យ​ច្បាប់​ទាំង​១២​ក្បាល​ឡើង​វិញ ។ ពួក​អ្នកប្រាជ្ញ​បណ្ឌិត​បាន​ធ្វើ​ការងារ​នេះ​សម្រេច​ក្នុង​រយៈពេល​៥​ឆ្នាំ រួច​ហើយ​ព្រះ​ជ័យជេដ្ឋា​ក៏​ប្រកាស​ឱ្យ​ប្រើ ។

មាន​សេសសល់​ច្បាប់​នេះ​រហូត​មក​ដល់​សព្វថ្ងៃ​ចំនួន​២​ច្បាប់​ដែល​មាន​ ភស្ដុតាង​បញ្ជាក់​អំពី​ការ​សើរើ​ពិនិត្យ​ឡើង​វិញ​នេះ​គឺ​ ក្រម​ចោរ​ រៀបរៀង​តាំងពី​ឆ្នាំ​៩៨៣​នៃ​ចុល្លសករាជ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៦២១​ និង​ក្រម​សុភាធិបតី​ រៀបរៀង​ពី​ឆ្នាំ​៩៨០​នៃ​ចុល្លសករាជ​ត្រូវ​នឹង​គ្រិស្ដ​សករាជ​១៦១៨ ។​ ច្បាប់​ផ្សេងៗ​ទៀត​ដែល​មើល​ទៅ​ប្រហែល​ជា​រៀបរៀង​ឡើង​ក្នុង​សម័យ​កាលនោះ​ដែរ ប៉ុន្ដែ​មិន​មាន​បញ្ជាក់​ឈ្មោះ​ព្រះរាជា ឬ​កាល​បរិច្ឆេទ​ច្បាស់​លាស់ គឺ​ប្រហែលជា​ត្រូវ​បាន​គេ​សើរើ​ពិនិត្យ​ឡើង​វិញ​ជា​ច្រើន​ដង (41) ។

ក្រម​ចោរ​មាន​សេចក្ដី​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​អំពី​ព្រះរាជ​បញ្ជា​ឱ្យ​ សើរើ​ពិនិត្យ​ឡើង​វិញ «ព្រះរាជា​ជ័យជេដ្ឋា ដែល​សោយរាជ្យ​នៅ​រាជធានី​ឧត្ដុង្គ មាន​ព្រះ​ទ័យ​សន្ដោស​ត្រាប្រណី​ដល់​រាស្ដ្រ​របស់​ព្រះ​អង្គ ។ ព្រះ​អង្គ​ឈ្វេង​យល់​ថា​ទណ្ឌកម្ម​ដែល​ដាក់​ទៅ​លើ​ពួក​ឧក្រិដ្ឋ​ថ្នាក់​លេខ​១ ​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​ព្រៃផ្សៃ​ខ្លាំង​ពេក​ណាស់​ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឱ្យ​លុប​ចេញ​វិញ ។ ដោយ​ហេតុ​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​យក​ទណ្ឌកម្ម​ដែល​បាន​កំណត់​ឱ្យ​ដាក់​លើ​ឧក្រិដ្ឋកម្ម​ ថ្នាក់​លេខ​២ មក​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​១ ហើយ​យក​ទណ្ឌកម្ម​សម្រាប់​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​៣ មក​ដាក់​លើ​ឧក្រិដ្ឋកម្ម​ថ្នាក់​លេខ​២​វិញ ។ល ។» សេចក្ដី​ត្រង់​នេះ​មាន​ន័យ​ថា លុប​បំបាត់​ទណ្ឌកម្ម​ប្រហារ​ជីវិត​បង់ ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ មាន​ស្ដេច​លាវ​មួយ​អង្គ​គឺ ហ្វា​ងោម ក៏​បាន​បញ្ជា​ឱ្យ​លុប​ទណ្ឌកម្ម​នេះ​ចោល​ដែរ ដោយ​ទ្រង់​ពន្យល់​ថា​ គេ​មិន​ត្រូវ​សម្លាប់​មនុស្ស​ដែល​បាន​សម្លាប់​គេ​នោះ​ទេ​ព្រោះ​វា​នឹង​ធ្វើ​ ឱ្យ​មាន​មរណភាព​មួយ​ថែម​ទៀត ។

ក្រោយមក មាន​ច្បាប់​មួយ​ទៀត​បាន​កែ​ច្បាប់​ព្រះ​ជ័យជេដ្ឋា ដោយ​ប្រែ​ដាក់​ឱ្យ​មាន​ទោស​ប្រហារជីវិត​ឡើង​វិញ ។ ច្បាប់​នោះ​រៀបរៀង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៦៦០ ។ ខ្ញុំ​ជឿ​ថា​ច្បាប់​ឆ្នាំ​១៦២១​មិន​ត្រូវ​បាន​គេ​គោរព​តាម​ប៉ុន្មាន​ទេ បើ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​ការ​អនុវត្ដ​ដែរ ។ ជាក់ស្ដែង​គឺ​មាន​រឿង​រ៉ាវ​ទាក់​ទង​ទៅ​នឹង​សម្ដេច​ព្រះទាវ​ក្សត្រី ដែល​មាន​លើក​ឡើង​នៅ​ក្នុង​ច្បាប់​ទំនៀម​ពី​បុរាណ ក្នុង​នោះ​មាន​និយាយ​អំពី​ករណី​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​ប្រហារ​ជីវិត​ដោយ ​កាត់​ក្បាល (42) ។ ទោះជា​យ៉ាងណា​ក្ដី ប្រហែលជា​៧០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ​១៦៩០ ព្រះ​ជ័យជេដ្ឋា​ដែល​យើង​កំពុង​តែ​សិក្សា​នេះ ទ្រង់​បាន​បញ្ជា​ឱ្យ​គេ​ពិនិត្យ​ច្បាប់​ឆ្នាំ​១៦២១​ទាំង​១២​ច្បាប់​ឡើង​វិញ រួច​បាន​ប្រទាន​នាម​ឱ្យ​ថា «ច្បាប់​ព្រះ​ជ័យជេដ្ឋា» ប៉ុន្ដែ​ឱ្យ​ដាក់​កាលបរិច្ឆេទ​ត្រឹម​ឆ្នាំ​១៦៧៥ ជា​ឆ្នាំ​ដែល​ព្រះ​អង្គ​ឡើង​សោយរាជ្យ ។

នៅ​ក្នុង​ឆ្នាំ​១៦៨១​គឺ​១​ឆ្នាំ​បន្ទាប់​ពី​ច្បាប់​ទាំងឡាយ​បាន​ត្រូវ​ ប្រកាស​ឱ្យ​ប្រើ​រួច​ហើយ​ ព្រះ​ឧភយោរាជ​អង្គ​នន់ បាន​យាង​ត្រលប់​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​វិញ ហើយ​ក៏​សុគត​ទៅ​នៅ​ស្រីសន្ធរ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៧​ព្រះ​វស្សា និង​កាន់​អំណាច​បាន​១​ឆ្នាំ ហើយ​ការ​បះបោរ​របស់​ព្រះ​អង្គ​មាន​រយៈពេល​ពី​១៥​ទៅ​១៦​ឆ្នាំ ។ ពេល​នោះ ព្រះរាជា​ទ្រង់​គង់នៅ​ឯ​បឹងក្បិន ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទ្រង់​បាន​យាង​ត្រលប់​មក​គង់នៅ​ឯ​ឧត្ដុង្គ​វិញ ។

រាជពង្សាវតារ​បាន​រៀបរាប់​ថា នៅ​ក្នុង​ឆ្នាំ​១៦៩២ ព្រះរាជ​វង្សានុវង្ស​របស់​ព្រះរាជា​នគរ​ចាម្ប៉ា​បាន​នាំ​គ្នា​យាង​មក​ដល់​ ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ទាំង​សេនា​ហែហម​៥​ពាន់​នាក់​មក​ជាមួយ​ផង ដើម្បី​សុំ​ជ្រក​កោន​ជាមួយ​ព្រះរាជា​កម្ពុជា ។ ព្រះ​ជ័យជេដ្ឋា បាន​ប្រទាន​ដីធ្លី និង​អនុញ្ញាត​ឱ្យ​ពួក​នោះ​រស់នៅ​ជិត​លង្វែក ។

មួយ​ឆ្នាំ​បន្ទាប់​មក​ទៀត ច្បាប់​អយ្យកោ​ទាក់ទិន​ទៅ​នឹង​ស្ថាន​សម្រាល​ទោស​បាន​ត្រូវ​ប្រកាស​ឱ្យ​ ប្រើ ។ ហើយ​ច្បាប់​មន្ទីរ​រដ្ឋបាល គឺ​ច្បាប់​ទាក់ទង​នឹង «កងរក្សា​ព្រះអង្គ» ដែល​មិន​មែន​ជា​ច្បាប់​យើង​មាន​សព្វថ្ងៃ តែ​ជា​ច្បាប់​មួយ​ចាស់​ជាង ដែល​គេ​បាន​ធ្វើ​វិសោធនកម្ម​ជា​ច្បាប់​ថ្មី​នេះ ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ផង​ដែរ ។ តាម​ច្បាប់​នេះ អ្នកស្រុក​មិន​ត្រូវ​ចង​ត្រដោក​គោ​ទេ​នៅ​ពេល​បររទេះ​កាត់​រាជធានី មិន​ត្រូវ​បាំង​ឆត្រ​ពេល​ជិះរទេះ មិន​ត្រូវ​ក្រៀវ​គោ​ មិន​ត្រូវ​កាប់​សម្លាប់​គោ​យក​សាច់​បរិភោគ​ទេ​ រទេះ​ក៏​មិន​ឱ្យ​លាប​ពណ៌​ឆើតៗ​ចន្ទោល​ រទេះ​មិន​ឱ្យ​ដាក់​ចង្កំ​ពណ៌​មាស​ដែរ ។
បី​ឆ្នាំ​ម្ដង​អ្នកស្រុក​ត្រូវ​បង់ពន្ធ​រទេះ​ និង​គោ​ចំនួន​ស្មើនឹង​១​ភាគ​១០​ ហើយ​ព្រះរាជា​បាន​សម្រេច​ថា​គោ​ណា​ដែល​មាន​សម្បុរ​ពព្រុស​ដូច​រោម​លលក​ត្រូវ ​ដកហូត​ទុកជា​ព្រះរាជ​ទ្រព្យ ។ នៅ​ក្នុង​ឆ្នាំ​១៦៩៥ ព្រះរាជា​ដែល​មាន​ព្រះ​ជន្ម​៣០​ព្រះ​វស្សា ហើយ​សោយរាជ្យ​សម្បត្ដិ​តាំងពី​ទ្រង់​មាន​ព្រះជន្ម​២០​ព្រះ​វស្សា​ម្ល៉េះ បាន​ដាក់​រាជ​ថ្វាយ​ដល់​ព្រះ​ភាគិនេយ្យ ព្រះ​ឧទ័យ ដែល​មាន​ព្រះ​ជន្ម​២២​ព្រះ​វស្សា (43) ។

១៩. ព្រះ​នរាយរាមាធិបតី​-​ព្រះ​ឧទ័យ ចៅពញា​យ៉ង (១៦៩៥-១៦៩៦)
ព្រះរាជា​អង្គ​នេះ​ទ្រង់​បាន​ទទួល​ការ​អភិសេក​នៅ​ក្នុង​ឆ្នាំ​១៦៩៥ ក្នុង​ព្រះ​ជន្ម​២៣​ព្រះ​វស្សា ក្រោម​ព្រះនាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះនរាយ​រាមាធិបតី​ព្រះឧទ័យ​រាជា​ បរមបពិត្រ» ។ ព្រះ​អង្គ​បាន​យក​ព្រះ​មាតុច្ឆា​ជា​បុត្រី​របស់​ព្រះបាទ​សម្ដេច​ព្រះ​ បរមរាជាធិរាជ​ជា​អគ្គមហេសី ។​ទ្រង់​សោយរាជ្យ​បាន​១០​ខែ​រួច​ក៏​សុគត​ទៅ​ ក្នុង​ឆ្នាំ​១៦៩៦ ។

No comments:

Post a Comment