ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៣
Posted: Oct-12-2016
១៥. រយៈកាលចន្លោះរាជ្យ-ព្រះឧភយោរាជអង្គនន់ (១៦៧៤-១៦៧៥)
ស្ដេចនេះជាបុត្រារបស់ព្រះអង្គឯម ដែលបានគាំទ្រព្រះរាជាចោលសាសនាប្រឆាំងនឹងព្រះអនុជទាំង២ ដែលបានរត់ទៅសុំជំនួយពីស្ដេចកូសាំងស៊ីន ។ ទ្រង់បាននាំព្រះរាជវង្សមកគង់នៅឯរាជធានីឧត្ដុង្គវិញ ហើយក៏ចាប់កាន់កាប់អំណាចក្នុងព្រះនាមថា «សម្ដេចបទុមរាជាឧភយោរាជ» គឺទ្រង់មិនគ្រងរាជ្យទេ ។ មានឯកសារខ្លះនិយាយថា ទ្រង់មានព្រះឋានៈជាសម្ដេចព្រះកែវហ្វ៊ា ។ ការដែលទ្រង់ប្រកាន់យកព្រះឋានៈជាព្រះឧភយោរាជនេះ គឺដើម្បីឱ្យស្របទៅនឹងព្រះរាជបន្ទូលដែលទ្រង់បានប្រកាសពីមុនមក ថា ទ្រង់មិនមែនមកប្រយុទ្ធដើម្បីរាជបល្ល័ង្កនោះទេ គឺដើម្បីតែការសងសឹកប៉ុណ្ណោះ ។
ព្រះអង្គនន់កាន់អំណាចមិនបានទាំង៥ខែផង ព្រះអង្គសូរដែលត្រូវជារាជបុត្ររបស់ព្រះបទុមរាជា ដែលសុគតទៅ ហើយត្រូវជាព្រះអនុជរបស់សពអ្នកអង្គជ័យ ដែលពេលនោះមានព្រះជន្ម១៨ព្រះវស្សាហើយ បានប្រមែប្រមូលកងទ័ពប្រឆាំងនឹងព្រះឧភយោរាជអង្គនន់ ។ ព្រះអង្គសូរបានទទួលជោគជ័យល្អបង្គួរ ធ្វើឱ្យព្រះឧភយោរាជទ្រាំមិនបានក៏រត់គេចខ្លួនទៅនៅឯកូសាំងស៊ីន ក្បែរភ្នំដឺកា (ត្រង់ព្រំប្រទល់ដែនកម្ពុជា-អាណ្ណាមបច្ចុប្បន្ន) នៅប្រាំតម្លឹង ។ បន្ដិចក្រោយមក រាជវង្សានុវង្សរបស់ព្រះអង្គ ក្នុងនោះមានស្រីស្នំម្នាក់ដែលមានដើមកំណើតជាចិន បាននាំគ្នារត់មករស់នៅជាមួយព្រះអង្គដែរ ។
១៦. ព្រះជ័យជេដ្ឋាទី៤-ព្រះអង្គសូរ រជ្ជកាលទី១ (១៦៧៥-១៦៨៨)
ព្រះអង្គសូរពេលនោះមានព្រះជន្ម១៩ព្រះវស្សាហើយ ។ កាលពីឆ្នាំកន្លងទៅ ទ្រង់បានទាមទារយកអំណាចដែលព្រះអង្គត្រូវទទួលបន្ដពីព្រះអង្គជ័យ ជាព្រះរៀម ដែលបានសុគតនៅក្នុងការប្រយុទ្ធជាមួយនឹងព្រះអង្គតន់ និងព្រះអង្គនន់ ។ នៅពេលដែលព្រះអង្គនន់រត់ភៀសព្រះកាយទៅនៅឯកូសាំងស៊ីន ព្រះអង្គសូរក៏ចូលកាន់អំណាចនៅក្នុងឆ្នាំ១៦៧៥ ហើយបានឱ្យគេអភិសេកព្រះអង្គនៅរាជធានីឧត្ដុង្គក្រោមព្រះនាមថា «សម្ដេចព្រះជ័យជេដ្ឋាបរមសុរិន្ទ្រធិរាជ» ។ ទ្រង់បានលើកអ្នកព្រះអង្គនន់ ជាបងប្អូនជីដូនមួយឱ្យឡើងជាព្រះឧភយោរាជ ។
នៅក្នុងឆ្នាំបន្ទាប់ ព្រះរាជាបានយាងមកគង់នៅទ្រនំជ្រឹង ក្នុងខែត្រសំរោងទង ហើយបានបញ្ជាឱ្យគេសង់រាជវាំងមួយថ្វាយ ។
នៅសម័យនោះ ប្រហែលជាក្នុងរវាងឆ្នាំ១៦៨០ មានឧត្ដមសេនីយ៍ចិនម្នាក់ខាងរាជវង្សមិញឈ្មោះថា ឌួងង៉ានឌីច ក្រោយពីច្បាំងចាញ់កងទ័ពរបស់ខាងហ៊ី អ្នកកសាងសន្ដតិវង្សថាញ់ បាននាំទ័ពដែលនៅសល់ចុះសំពៅ២០០ ធ្វើដំណើរមកអាណ្ណាម ។ ប៉ុន្ដែខ្យល់ព្យុះបក់បោកលិចសំពៅអស់ សល់តែសំពៅ៥០ និងទ័ព៣ពាន់នាក់ប៉ុណ្ណោះដែលអាចឡើងគោកបាន ក៏នាំគ្នាមកសុំចុះចូលនឹងស្ដេចអាណ្ណាមនៅនឹងទូរ៉ានតែម្ដង ហើយសំណូមពរសុំដីធ្លីដើម្បីរស់នៅ ។ ស្ដេចអាណ្ណាមមិនចង់រក្សាពួកបរទេស៣ពាន់នាក់នេះឱ្យនៅជិតខ្លួន ព្រះអង្គទេ ក៏បញ្ជូនឱ្យមករស់នៅក្នុងកម្ពុជាវិញដោយថ្វាយដំណឹងដល់ព្រះ ជ័យជេដ្ឋាបានជ្រាបផងដែរគឺឱ្យនៅខែត្របារាជ និងដុងណាយ ដែលមានពួកអន្ដោប្រវេសន៍អាណ្ណាមចូលមករស់នៅច្រើនបង្គួររួចទៅហើយ ហើយបានចាត់ទុកថា នេះគឺជាទឹកដីដែលខ្លួនដណ្ដើមបាន ។ ឧត្ដមសេនីយ៍ឌួងង៉ានឌីច មិនសប្បាយចិត្ដនឹងទឹកដីដែលគេបានធ្វើសម្បទានឱ្យរស់នៅទេ ក៏នាំទ័ពពាក់កណ្ដាលទៅរស់នៅឯមីថ វិញទុកឱ្យមេបញ្ជាការរងឈ្មោះ ត្រាន់ រស់នៅនឹងបារាជជាមួយនឹងទ័ពពាក់កណ្ដាលទៀត ។
ពួកចិនទាំងអស់នេះត្រូវរ៉ូវគ្នាជាមួយនឹងពួកអាណ្ណាមណាស់ ព្រោះជាអ្នកមកពីក្រៅដូចគ្នា ប៉ុន្ដែមិនសូវត្រូវគ្នាជាមួយពួកខ្មែរទេ ជាពិសេសជាមួយអាជ្ញាធរខ្មែរដែលគ្រប់គ្រងទឹកដីក្នុងនាមព្រះរាជា កម្ពុជា ។ ម្យ៉ាងទៀត ពួកនេះចូលចិត្ដបង្កចលាចលយ៉ាងខ្លាំង មិនចូលចិត្ដធ្វើការងារ ហើយមិនចង់គោរពច្បាប់ទម្លាប់របស់ព្រះរាជាណាចក្រលើសពីពួកអាណ្ណាម ទៅទៀត ។ គេរស់នៅជាកងមិនមែនជាអ្នកស្រុកសមទៅតាមអត្ថន័យរបស់ពាក្យនេះទេ ហើយហាក់ដូចជាចូលចិត្ដនឹងការធ្វើសង្គ្រាមជាជាងរស់នៅក្នុង សន្ដិភាពដូចនៅកម្ពុជានេះ ។
គឺដោយហេតុនេះហើយបានជានៅពេលដែលព្រះអង្គនន់ធ្លាក់ចេញពីអំណាច ទ្រង់បានសម្រេចព្រះទ័យចាប់ផ្ដើមធ្វើការប្រយុទ្ធតបតទៅនឹងព្រះ អង្គសូរឡើងវិញនៅក្នុងឆ្នាំ១៦៨២ បើទោះបីថាព្រះអង្គសូរ ធ្លាប់បានលើកទ្រង់ឱ្យឡើងជាទីឧភយោរាជហើយក៏ដោយ ក៏ព្រះអង្គនន់បានមកទាក់ទងនឹងពួកចិនខាងលើនេះ ដែលមានមេកងឈ្មោះថា បាងកន ឱ្យធ្វើជាស្នូលនៃកងទ័ពមួយដ៏រឹងមាំដែរ ។ ព្រះអង្គបានទទួលយកពួកចាម ដែលកំពុងតែរត់គេចខ្លួនពីស្រុកទេសមកឱ្យចូលក្នុងកងទ័ពរបស់ព្រះ អង្គថែមទៀត ។ បន្ទាប់មក ទ្រង់ក៏ចាប់វាយដណ្ដើមយកខែត្របាសាក់ ព្រះត្រពាំង ភ្នំពេញ និងឧត្ដុង្គ ។
ព្រះជ័យជេដ្ឋាព្រះអង្គសូរ ពេលនោះមិនបានគិតថានឹងមានកើតសង្គ្រាមដូច្នោះទេ ម្ល៉ោះហើយគ្មានប្រុងប្រៀបអ្វីនឹងទប់ទល់ឡើយ ។ នៅពេលដែលកងទ័ពរបស់ព្រះអង្គនន់ធ្វើដំណើរចេញពីភ្នំពេញ ដែលកាលនោះមានឈ្មោះថា ចតុម្មុខមក ទ្រង់ក៏ភៀសព្រះកាយទៅគង់នៅឯទ្រនំជ្រឹងក្នុងខែត្រសំរោងទង ដែលទ្រង់បានចាត់ឱ្យគេសង់ព្រះរាជដំណាក់មួយថ្វាយពីមុនរួចហើយ ។ បន្ដិចក្រោយមកទើបទ្រង់យាងចេញពីទ្រនំជ្រឹងមកវិញជាមួយនឹងទ័ពមួយ កងដែលទ្រង់កេណ្ឌបានពីបណ្ដាខែត្រនៅតំបន់នោះ រួមជាមួយទ័ពជំនួយរបស់សៀមមួយកង ដែលស្ដេចសៀមបានបញ្ជូនឱ្យមកជួយ ។ ទ័ពរបស់ព្រះអង្គបានវាយទ័ពព្រះឧភយោរាជឱ្យបរាជ័យ ពួកចិនរត់ចោលអស់ ព្រះឧភយោរាជក៏គេចខ្លួនព្រះអង្គទៅគង់នៅឯកោះតេង (គឺកោះគូឡាវយាងសព្វថ្ងៃ) ហើយលាក់ខ្លួននៅទីនោះទៅ នៅឆ្នាំ១៦៨៤ ។ ព្រះរាជាក៏យាងត្រលប់ពីទ្រនំជ្រឹង មកគង់នៅឧត្ដុង្គវិញ (ឆ្នាំ១៦៨៥) ។ ក្នុងពេលនោះ ព្រះឧភយោរាជ ក៏បានយាងមកគង់នៅក្នុងខែត្រស្រីសន្ធរ ហើយបានឱ្យគេសង់បន្ទាយការពារមួយនៅទីនោះ ។
នៅក្នុងឆ្នាំបន្ទាប់មកទៀត ព្រះឧភយោរាជបានទទួលទ័ពសៀមមួយកងពីព្រះរាជាអយុធ្យា ដែលតែងតែចង់ដុតភ្លើងសង្គ្រាមស៊ីវិលឱ្យឆេះរោលរាលនៅកម្ពុជា ទ័ពនោះមកតាមជើងគោកផង និងតាមជើងទឹកផង ។ ទ្រង់បានប្រមូលទ័ពចិន និងទ័ពខ្មែររបស់ព្រះអង្គបញ្ចូលជាមួយគ្នា រួចបានចាប់បើកការប្រយុទ្ធជាថ្មី វាយសម្រុកមកដល់ភ្នំពេញនៅដើមឆ្នាំ១៦៨៤ ។ ព្រះរាជាជ័យជេដ្ឋាអង្គសូរបានដឹកនាំទ័ពចេញទៅប្រយុទ្ធទប់ទល់ វាយទ័ពព្រះឧភយោរាជឱ្យបរាជ័យ បង្ខំឱ្យព្រះឧភយោរាជដកថយទៅស្រីសន្ធរដែលរាជពង្សាវតារ២ច្បាប់នៅ តែហៅ ស្រីសឈរតាមឈ្មោះដើមដដែល ។ក្រោយបរាជ័យនេះព្រះឧភយោរាជអង្គនន់បាន បញ្ជូនរាជទូតទៅសុំជំនួយបន្ថែមពីស្ដេចសៀម ។ គឺរាជទូតរបស់ព្រះអង្គនន់នេះឯង ដែលពួករាជទូតរបស់ស្ដេច ល្វីទី១៤ បានជួបនៅអយុធ្យាក្នុងឆ្នាំ១៦៨៥ ហើយនិយាយថាមានតែព្រះភាគិនេយ្យរបស់ព្រះឧភយោរាជមួយអង្គទេក្នុង ចំណោមពួកបរទេសទាំងអស់ ដែលមានសិទ្ធិទទួលព្រះរាជសង្ហាមាស ។ លោក ដឺសូម៉ុង បាននិយាយថា រជ្ជទាយាទកម្ពុជាមួយអង្គដែលបានភៀសព្រះអង្គមកគង់នៅស្រុកសៀម បានសំណូមពរស្ដេចសៀមឱ្យជួយព្រះអង្គបានគង់លើរាជបល្ល័ង្កវិញ ហើយលោកបានបន្ថែមទៀតថា សៀមបានធ្វើអន្ដរាគមន៍រួចមកហើយកាលពីពេលថ្មីៗនេះ ។
នៅក្នុងឆ្នាំ១៦៨៧ ព្រះរាជាជ័យជេដ្ឋាអង្គសូរ បានជាសះស្បើយពីជំងឺអុតធំដែលស្ទើរតែធ្វើឱ្យព្រះអង្គក្ស័យព្រះ ជន្ម ។ ទ្រង់បានដាក់រាជសម្បត្ដិថ្វាយព្រះមាតា ដើម្បីយាងសាងផ្នួស៧ថ្ងៃ លាបំណន់ដែលបានបន់ស្រន់នៅពេលទ្រង់អាពាធ ។
នៅឆ្នាំ១៦៨៨ សម្ដេចចៅពញាកន និងចិនម្នាក់ឈ្មោះថា តាងចុងស៊ា ឯកសារមួយទៀតថាឈ្មោះ កាន ចុងអ៊ា មានបំណងទម្លាក់ព្រះរាជាពីរាជបល្ល័ង្ក ក៏នាំគ្នាទៅស្រីសន្ធរសុំទ័ព និងអាវុធយុទ្ធភណ្ឌពីព្រះឧភយោរាជ រួចនាំគ្នាមកឈរជើងនៅភ្នំពេញ ។ ពួកនេះហៀបតែនឹងចេញដំណើរទៅឧត្ដុង្គទៅហើយ ស្រាប់តែទ័ពព្រះរាជាមកដល់មុន ហើយបើកការប្រយុទ្ធមកលើ ធ្វើឱ្យពួកនេះភ្ញាក់ខ្លួនភ័យរត់គេចអស់ទៅដោយចោលអាវុធ និងសំពៅ២គ្រឿងនៅលើសមរភូមិ ។ ក្មួយស្រីម្នាក់របស់សម្ដេចពញាកនឈ្មោះ អ្នកអង្គអី ដែលនៅក្នុងសំពៅមួយ ក៏ត្រូវព្រះរាជាចាប់បានជាឈ្លើយ ហើយទទួលយកធ្វើជាព្រះជាយាប៉ុន្មានខែក្រោយមក ។ នៅក្នុងឆ្នាំនោះ ក្រោយពីទ្រង់កាន់អំណាចអស់ពេល១៤ឆ្នាំ ព្រះរាជាក៏បង្គាប់ឱ្យគេរៀបចំអភិសេកព្រះអង្គក្រោមព្រះនាមថា «សម្ដេចព្រះជ័យជេដ្ឋាបរមោសុរិន្ទរាជាធិរាជរាមា» ។
ហើយនៅក្នុងឆ្នាំដដែល ព្រះឧភយោរាជអង្គនន់ ក្រោយពីមិនបានទទួលជំនួយអ្វីពីពួកសៀម ព្រះអង្គក៏យាងទៅកាន់កូសាំងស៊ីន (អតីតនគរចាម្ប៉ា) ដើម្បីសុំជំនួយពីស្ដេចហ៊ានវឿង (37) បានទ័ព២ម៉ឺននាក់បញ្ជាដោយឧត្ដមសេនីយ៍អាណ្ណាមឈ្មោះ អុងធានឃួន និងអុងធុមមូ ។ ទ្រង់បានដឹកនាំទ័ពនេះរហូតមកដល់រាជធានីឧត្ដុង្គ ។
ទ័ពអាណ្ណាមរបស់ព្រះឧភយោរាជវាយដណ្ដើមយករាជធានីបាន រួចហើយបានកៀរអ្នកស្រុកកំពង់ហ្លួង និងបន្ទាយលើយកមកដាក់នៅជ្រោយចង្វាពីមុខភ្នំពេញ ។ សម្ដេចព្រះទាវជាព្រះមាតុច្ឆារបស់ព្រះរាជា ព្រះជន្ម១៥ព្រះវស្សាក៏ស្ថិតនៅក្នុងចំណោមអ្នកស្រុកទាំងនោះ ដែរ ។ ចំណែកឯព្រះរាជាជ័យជេដ្ឋាបានគេចព្រះអង្គទៅឯស្រុកប្រាំតម្លឹង រួចហើយបានចាត់ឱ្យចៅពញាភក្ដីសង្គ្រាមសួសតាមមករកព្រះមាតុច្ឆាយក ទៅវិញ ។ ទ្រង់បានប្រទានចិញ្ចៀនមួយវង់ដើម្បីឱ្យសម្ដេចព្រះទាវជឿទុកចិត្ដ រួចហើយចៅពញាភក្ដី ក៏ចេញដំណើរមកជាមួយអ្នកបម្រើម្នាក់ឈ្មោះ អាគោ នៅថ្ងៃអាទិត្យពេញបូណ៌ខែផល្គុណ (ចុងខែកុម្ភៈ) ។ មកដល់ស្ទឹងឧកញ៉ាហ្លួង ពេលព្រលប់ ចៅពញាភក្ដី ក៏ហែលទឹកឆ្លងកាត់ទៅជ្រោយចង្វា ចូលគាល់ព្រះក្សត្រីបង្ហាញព្រះទម្រង់ ហើយយាងព្រះនាងមកភ្លាមតែម្ដង ។ ចៅពញាភក្ដីដាក់ព្រះក្សត្រីនៅលើស្មា រួចហែលទឹកឆ្លងទន្លេមកវិញ ឯអាគោក៏ហែលចម្លងភីលៀងព្រះនាងមកដែរ ។ ហែលមកដល់ត្រើយម្ខាង ចៅពញាភក្ដីធ្វើអង្រឹងសែងព្រះក្សត្រីរួចចេញដំណើរបន្ដទៀតដោយមិន ឱ្យនរណាឃើញទាន់ ។ មកដល់ទំនប់ព្រះទេពរួចមកដល់លំហាចជាកន្លែងដែលព្រះរាជាទ្រង់ រង់ចាំព្រះមាតុច្ឆា និងសេនាអង់អាចក្លាហាន ជាមួយនឹងសេនាហែហមមួយកង និងដំរីជាច្រើន ។ ព្រះក្សត្រីយាងគង់លើដំរីមួយក្បាលរហូតមកដល់ប្រាំតម្លឹង ។
ពេលទ្រង់ជ្រាបអំពីការបាត់ខ្លួនរបស់សម្ដេចទាវ ព្រះឧភយោរាជអង្គនន់បានចាត់ឱ្យទ័ពអាណ្ណាម៥ពាន់នាក់ធ្វើដំណើរ ដេញតាម ។ ទ័ពអាណ្ណាមមកជួបជាមួយទ័ពរបស់ព្រះរាជា ដែលដឹកនាំដោយចៅពញាភក្ដីសង្គ្រាម នៅត្រង់វាលហុង ក៏ត្រូវទ័ពព្រះរាជាវាយឱ្យបរាជ័យរត់ត្រលប់ទៅជ្រោយចង្វាវិញ ។ ឃើញទ័ពអាណ្ណាមបាក់រត់គ្មានសណ្ដាប់ធ្នាប់ដូច្នេះទ័ពព្រះរាជាក៏ ដេញតាមវាយរហូតរួចឆ្លងក្បូនឡើងវាយយកបានបន្ទាយជ្រោយចង្វា ។
ពេលនោះទ័ពអាណ្ណាមភិតភ័យខ្លាំងណាស់ បែកបាក់ខ្ចាត់ខ្ចាយ រត់នាំមេកោយរបស់គេ និងព្រះឧភយោរាជយកទៅដល់កូសាំងស៊ីនវិញដោយលំបាក ។ អ្នកស្រុកឧត្ដុង្គ និងកំពង់លែងក៏វិលត្រលប់ពីជ្រោយចង្វាមកទីលំនៅរៀងៗខ្លួនវិញ ។
ពេលនោះសម្ដេចទាវក្សត្រីបានស្នើសុំព្រះរាជាឱ្យយាងជាមួយព្រះ នាងសាដាន ត្រលប់តាមផ្លូវដែលព្រះនាងរត់គេចជាមួយចៅពញាភក្ដី ដើម្បីពិនិត្យមើលទីកន្លែងដែលព្រះអង្គបានឈប់សម្រាកលាក់ខ្លួន រួចទ្រង់បានឱ្យគេសង់វត្ដអារាមទុកជាអនុស្សាវរីយ៍ ។ វត្ដទី១គឺវត្ដកានឡាល សង់នៅលើទួលប្រាំតម្លឹង ជាទីកន្លែងដែលព្រះរាជាបាននាំព្រះនាងទៅដល់ក្រោយពីគេចព្រះអង្គ រួចមក ។
ដោយយាងបន្ដមកទៀត ឈប់មើលគ្រប់ទីកន្លែងដែលបានឈប់សម្រាក រហូតមកដល់ព្រៃពួនជាទីកន្លែងដែលព្រះក្សត្រីត្រូវពួនលាក់ខ្លួន កុំឱ្យពួកអ្នកដែលតាមមករកព្រះនាងឃើញ ។ ព្រះរាជាក្រោយពីព្រះសណ្ដាប់ដំណើររឿងឃើញថា ព្រះនាងគេចផុតពីគ្រោះថ្នាក់ដោយអព្ភូតហេតុទ្រង់ក៏បញ្ជាឱ្យកសាង វត្ដមួយនៅទីនោះ ។ ទ្រង់បានលើកចៅពញាភុកឱ្យឡើងជាទីឧកញ៉ាធម្មា រួចប្រគល់ភារកិច្ចឱ្យសាងសង់វត្ដនេះ និងជីកស្រះទឹកធំមួយផង ។
នៅពេលនោះ មានលេចពាក្យចចាមអារ៉ាមមិនល្អចំពោះព្រះរាជា និងព្រះក្សត្រី ពាសពេញព្រះរាជាណាចក្រដោយចោទថា ហេតុតែព្រះរាជាយកព្រះទ័យទុកដាក់នឹងព្រះមាតុច្ឆាក្មេងយ៉ាងនេះ ពីព្រោះព្រះនាងបានសហាយស្មន់ជាមួយព្រះរាជា ។ ព្រះក្សត្រីដែលកំពុងតែគ្រងព្រះពស្ដ្រាតាមរបៀបអ្នកស្រុក ទ្រង់ខ្ញាល់ខ្លាំងណាស់ ហើយបានជេរប្រទេចផ្ដាសាតបតទៅអ្នកដែលបាននិយាយប្រហារព្រះនាងវិញ ថា «អ្នកណាក៏ដោយ ទោះជាមន្ដ្រីថ្នាក់ណាក៏ដោយ ឬក៏ជាប្រជារាស្ដ្រក៏ដោយដែលបានសង្ស័យមកលើរូបខ្ញុំ និយាយមិនល្អពីអតីតកាលរបស់ខ្ញុំ សូមឱ្យអ្នកទាំងអស់នោះស្លាប់ទៅហើយធ្លាក់ចុះនរកដ៏សែនជ្រៅ កុំឱ្យព្រះពុទ្ធលោកប្រោសបាន» ។
១៧. រយៈកាលចន្លោះរាជ្យ (១៦៨៨)
វត្ដព្រៃពួនកសាងរួចក៏រៀបចំពិធីបញ្ចុះសីមា ពិធីនោះបានធ្វើឱ្យព្រះរាជាទ្រង់នឹកឃើញកាលគ្រងចីវរ ៧ថ្ងៃក្រោមម្លប់ព្រះរតនត្រ័យ ទ្រង់ក៏សម្រេចព្រះទ័យបោះបង់រាជសម្បត្ដិសាងព្រះផ្នួសម្ដងទៀត ។ ព្រះអង្គបានដាក់រាជសម្បត្ដិថ្វាយចៅពញាយ៉ង ត្រូវជាចៅក្មួយ ព្រះជន្ម២២ព្រះវស្សា ដែលបួសជាភិក្ខុ ឯព្រះក្សត្រីក៏បួសជាដូនជី ក្នុងវត្ដព្រៃពួននោះដែរ ។ ក្សត្រទាំង២អង្គគង់នៅក្នុងវត្ដនេះប្រហែលជា៣ខែ រហូតដល់ចេញវស្សា ទើបចាកលាសិក្ខាបទមកវិញ ។ ព្រះរាជាបានយកអំណាចមកកាន់ជាថ្មី ឯព្រះក្សត្រីបានឡើងជាព្រះក្សត្រីឯកនៅក្នុងព្រះរាជវាំង ។
១៨. ព្រះជ័យជេដ្ឋា រជ្ជកាលទី២ (១៦៨៨)
ក្រោយពីលាចាកសិក្ខាបទ ព្រះរាជា និងព្រះវររាជមាតុច្ឆាបានចេញព្រះរាជបញ្ជាឱ្យគេកសាងវត្ដថ្មីមួយ ទៀតនៅក្នុងខែត្រសំរោងទងត្រង់កន្លែងដែលពេលកំពុងរត់គេចពីសត្រូវ ស្នំព្រះនាងឈ្មោះនាងអំបានថ្វាយផ្កាដល់ព្រះនាងនៅក្រោមម្លប់ ដើមជ្រឹង ។ វត្ដនោះមានឈ្មោះថា វត្ដអូជ្រឹង ។
នៅទីបញ្ចប់ ព្រះរាជាបានឱ្យគេសង់វត្ដមួយទៀតនៅគោកចំបក់ ត្រង់កន្លែងមួយដែលអ្វីៗទាំងអស់នៅជុំវិញព្រះរាជាកំពុងតែរំជើប រំជួល អ្នកទាំងអស់គ្នាកំពុងតែភ័យខ្លាច រាជាទតឃើញមេគោមួយក្បាលបំបៅកូន ធ្វើវាហី ជាហេតុធ្វើឱ្យព្រះអង្គមានសេចក្ដីក្លាហានឡើងវិញ ។ វត្ដនោះមានឈ្មោះថា វត្ដមេគោបំបៅកូន ។
បន្ទាប់មក ព្រះរាជាបានឱ្យគេសង់ដំណាក់មួយនៅក្បែរវត្ដចុងក្រោយនេះ រួចហើយទ្រង់ក៏ចាប់រៀបចំរចនាសម្ព័ន្ធរដ្ឋបាលរបស់ព្រះរាជាណាចក្រ ឡើងវិញ ប្រទានរង្វាន់ដល់អ្នកទាំងឡាយណាដែលធ្លាប់តាមដង្ហែព្រះអង្គដោយ ស្មោះស្ម័គ្រ ។ ទ្រង់បានចាត់តាំងចតុស្ដម្ភ គឺឧកញ៉ាយោមរាជ ឧកញ៉ាវាំង ឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រីឡើងវិញ បន្ទាប់មកមានរាជតេជោ និងមហាតលិកឆ្វេងស្ដាំគឺមហាទេព និងមហាមន្ដ្រី ។
ព្រះរាជាក៏បានចាត់តាំងផងដែរនូវមន្ដ្រី៥រូបសម្រាប់តាមបម្រើ សម្ដេចព្រះទាវជាព្រះមាតុច្ឆា ក្នុងនោះមានឈ្មោះ សួស ជាអ្នកបានជួយសង្គ្រោះព្រះក្សត្រី ដែលមានឋានៈជាក្រឡាពាស ហើយដំឡើងឱ្យទៅជាថ្នាក់សម្ដេចចៅពញា ទទួលបានភូមិ៩ រួមទាំងខ្ញុំ និងអ្នកស្រុក ដែលរស់នៅក្នុងភូមិនោះទាំងអស់ (38) ជាកម្មសិទ្ធិ ។ មន្ដ្រី២រូប គឺអ្នកអ៊ីម ដែលបានចាប់កាន់អាវុធមុនគេ និងចៅជៃលី ដែលបានបង្កការលំបាកជាច្រើនដល់ព្រះរាជាណាចក្រត្រូវដាក់ទោស ប្រហារជីវិតបង់ ម្នាក់ដោយជ្រមុជក្នុងទឹកស្រះ ម្នាក់ទៀតជ្រមុជក្នុងទឹកព្រែក ។ បន្ទាប់ពីផ្ដល់យុត្ដិធម៌រួច ព្រះរាជាបានយាងត្រលប់វិលមកគង់នៅឯឧត្ដុង្គ ជាព្រះរាជធានីវិញ ។ ពេលនោះនៅឯខែត្រស្រីសន្ធរមានរាជវង្ស២អង្គគឺ ព្រះអង្គអ្នកចន្ទ និងព្រះអង្គអ្នកអុក ដែលជាមិត្ដភក្ដិរបស់អតីតព្រះឧភយោរាជ បានដឹកនាំអ្នកស្រុកឱ្យបះបោរឡើង ហើយនាំគ្នាធ្វើដំណើរទៅកាន់ខែត្រព្រៃវែងជាទីកន្លែងដែលពួកកាន់ សាសនាកាតូលិករស់នៅ ពួកនេះពីមុនដឹកនាំដោយលោកឪពុក សឺវ្រឺយ ។ ព្រះរាជាបានបញ្ជាឱ្យសម្ដេចព្រះស្រឡៅដឹកនាំទ័ពទៅបង្ក្រាបពួកនោះ ចាប់រាជវង្សទាំង២បានហើយធ្វើឃាតចោលនៅនឹងជ្រោយបន្លៀ រួចទ្រង់បានបែងចែកភូមិទាំង៩ជាកម្មសិទ្ធិរបស់រាជវង្សទាំង២ឱ្យ ទៅសម្ដេចពញាស្រឡៅ និងរាជវង្សផ្សេងៗទៀត (39) ។
ការបះបោរខាងលើនេះមានរយៈពេលប្រហែលជា៣ខែ ។ ក្រោយព្រឹត្ដិការណ៍នេះ ព្រះរាជាបានយាងចេញពីរាជធានីឧត្ដុង្គ មកគង់នៅឯកំពង់ក្រសាំង ត្រង់ទួលព្រះស្រីវិញ ។ នៅទួលក្រសាំងនេះព្រះអង្គបានចាត់តាំងគណៈរដ្ឋមន្ដ្រី ដោយរាប់បញ្ចូលទាំងបុរោហិត ចៅក្រមជាន់ខ្ពស់ ចៅហ្វាយឃ្លាំងទាំង៤ និងចៅហ្វាយស្រុកទាំង១០ថ្នាក់ ។ គឺនៅក្នុងភូមិទួលក្រសាំងនេះឯងដែលអាគោ ខ្ញុំរបស់ពញាភក្ដីសង្គ្រាមបានរៀបអាពាហ៍ពិពាហ៍ជាមួយនាងអំ ភីលៀងដែលបានថ្វាយផ្កាមួយទងដល់ព្រះទាវ ហើយត្រូវបានលើកឱ្យធ្វើជាចៅហ្វាយខែត្រគោកសេះឡើង (40) ។
មានបញ្ហាមួយធំជាងបញ្ហាអាពាហ៍ពិពាហ៍នោះទៅទៀត ដែលធ្វើឱ្យគណៈរដ្ឋមន្ដ្រីឈឺក្បាល គឺបញ្ហាផ្លាស់ប្ដូររាជធានី ។ ក្រោយពីបានសាកសួរទីប្រឹក្សា ហោរា និងព្រះសង្ឃរាជរួចមក គេសម្រេចថារាជធានីទួលក្រសាំងនេះ មានប្រជាជនច្រើន ចង្អៀតណាស់ គួរដូររាជធានីទៅដាក់នៅឯបឹងក្បិនវិញ ។ ការផ្លាស់ប្ដូររាជធានីនេះប្រព្រឹត្ដទៅនៅឆ្នាំបន្ទាប់ ហើយរាជធានីថ្មីមានឈ្មោះថា ដំណាក់ ។
មានការបះបោរមួយទៀតកើតឡើងធ្វើឱ្យសភាពការណ៍ក្នុងព្រះរាជាណាចក្រ ភាគខាងត្បូងល្អក់កករបន្ដិច ។ នោះគឺការបះបោររបស់ពួកចិននៅមីថ ក្រោមការអុជអាលរបស់ឈ្មោះ ហ៊ិញតាំ ជាជំនួយការម្នាក់របស់ឧត្ដមសេនីយ៍ឌួងង៉ាន់ឌីច ។ ពួកបះបោរបានសម្លាប់ឌួងង៉ាន់ឌីច រួចហើយលើកហ៊ិញតាំឱ្យធ្វើមេ និងប្រកាសទឹកដីម្ដុំនោះជាក្សត្រប្រទេសមួយឯករាជ្យ ។ ពួកបះបោរបានស្លដែកចាក់ធ្វើកាំភ្លើងធំ និងកេណ្ឌបានទូកក្ដារបានជាច្រើន ។ គេបិទផ្លូវចរាចរ បង្កើតគយយាមល្បាត ហើយឃាត់ពួកខ្មែរឱ្យបង់ប្រាក់លោះ ។
ព្រះរាជាកម្ពុជាឈ្វេងយល់ថា ពួកចិននេះនឹងមកវាយប្រហារព្រះរាជាណាចក្រនៅថ្ងៃណាមួយជាមិនខាន ទើបទ្រង់បញ្ជាឱ្យគេសង់កំពែងការពារនៅភ្នំពេញនៅបាក់ណាម និងនៅគោប៊ីច រួចហើយបានឱ្យគេធ្វើធ្នស់បិទទន្លេ នៅត្រង់បាណាម ដោយចងក្បូននឹងច្រវាក់មាំៗ ។
ព្រះឧភយោរាជអង្គនន់ ពេលនោះទ្រង់គង់នៅឯព្រៃនគរ ។ ទ្រង់មានពិភាល់ខ្លាំងណាស់នឹងការបះបោររបស់ពួកចិននេះ ដែលគ្មានសម្ព័ន្ធភាពអ្វីជាមួយព្រះអង្គទេ ក៏សំណូមពរសុំជំនួយពីពួកអាណ្ណាម ។ ពេលនោះពួកអាណ្ណាមប្រុងប្រៀបតែនឹងប្រកាសសង្គ្រាមជាមួយកម្ពុជាទៅ ហើយ បានហៅហ៊ិញតាំឱ្យមកចុះចូលនឹងខ្លួន រួចឱ្យដឹកទ័ពដើរមុខ ។ ហ៊ិញតាំពេលនោះរីករាយណាស់នឹងបានត្រូវគេទទួលស្គាល់ ចាត់ទុកដូចជាស្ដេច ក៏ចាប់ចេញដំណើរ ហើយធ្លាក់ចូលក្នុងអន្ទាក់របស់ពួកអាណ្ណាម ដែលមានទូកសំពៅច្រើនលើសលុបព័ទ្ធជិតជុំ ។ ហ៊ិញតាំ ក៏ត្រូវពួកអាណ្ណាមចាប់បាន រួចសម្លាប់ចោលទៅ ឯបន្ទាយទាំងឡាយក៏ត្រូវគេបំផ្លាញចោលគ្មានសល់ ។ អាណានិគមចិននៅមីថក៏ត្រូវបានគេប្រគល់ឱ្យអុងប៉ាងចិននៅបារាជ ឈ្មោះ ត្រាន់ កាន់កាប់គ្រប់គ្រងវិញ ។ ទ័ពអាណ្ណាមក្រោយពីបានកម្ទេចទ័ពពួកបះបោរចិននៅ មីថ រួចហើយ មិនបានឈប់នៅស្ងៀមទេ ។ បានបន្ដដំណើរមកវាយដណ្ដើមយកភ្នំពេញទៀត រហូតទាល់តែបាន ។
ព្រះរាជាកម្ពុជាបានភៀសព្រះកាយមកគង់នៅឯកំពង់ហ្លួង លើច្រាំងខាងស្ដាំទន្លេសាប ត្រឹមឧត្ដុង្គ រួចទ្រង់បានផ្ញើទូតមកសុំចរចាសន្ដិភាព ។ ប៉ុន្មានថ្ងៃក្រោយមក សន្ធិសញ្ញាសន្ដិភាពរវាងកម្ពុជា និងអាណ្ណាម ក៏បានត្រូវចុះហត្ថលេខាជាថ្មី ដោយកំណត់ឱ្យកម្ពុជាលើកសួយសារអាករថ្វាយព្រះរាជាអាណ្ណាមជារៀងរាល់ ឆ្នាំ ។
មានការនិទានតៗគ្នាថា ក្បួនច្បាប់ផ្សេងៗរបស់ព្រះរាជាណាចក្របានត្រូវខ្ចាត់ខ្ចាយរប៉ាត់រប៉ាយ បាត់អស់ជាមួយនឹងការបាក់បែកលង្វែកកាលពីឆ្នាំ១៥៩៣ ធ្វើឱ្យពួកចៅក្រមមានការលំបាកណាស់ក្នុងការកាត់សេចក្ដី ព្រោះគ្មានអ្វីជាសំអាង កាត់សេចក្ដីទៅតាមតែការចងចាំប៉ុណ្ណោះ ។ ព្រះរាជាមុនៗបានបញ្ជាឱ្យខិតខំប្រមែប្រមូលក្បួនច្បាប់ទាំងអស់ពី តាមបណ្ដាខែត្រ និងវត្ដអារាមឡើងវិញដែរ ហើយគេប្រមូលបានមកវិញជាច្រើន ក៏ប៉ុន្ដែក្បួនច្បាប់ទាំងអស់នោះមិនត្រូវគ្នាទេ មួយចំនួនប្រែខុសច្បាប់ដើមដោយការចម្លងតៗគ្នាមក ។ ដោយពិនិត្យឃើញដូច្នេះ ព្រះរាជាបានចេញបញ្ជាឱ្យប្រមូលក្បួនច្បាប់ទាំងអស់យកមកសិក្សាប្រៀប ធៀបគ្នាមើល ហើយបើចាំបាច់ទ្រង់ឱ្យធ្វើវិសោធនកម្ម ។ ទ្រង់បានបន្ទុកបណ្ដាក់ឱ្យអ្នកប្រាជ្ញបណ្ឌិត៦រូបធ្វើការសើរើ ពិនិត្យច្បាប់ទាំង១២ក្បាលឡើងវិញ ។ ពួកអ្នកប្រាជ្ញបណ្ឌិតបានធ្វើការងារនេះសម្រេចក្នុងរយៈពេល៥ឆ្នាំ រួចហើយព្រះជ័យជេដ្ឋាក៏ប្រកាសឱ្យប្រើ ។
មានសេសសល់ច្បាប់នេះរហូតមកដល់សព្វថ្ងៃចំនួន២ច្បាប់ដែលមាន ភស្ដុតាងបញ្ជាក់អំពីការសើរើពិនិត្យឡើងវិញនេះគឺ ក្រមចោរ រៀបរៀងតាំងពីឆ្នាំ៩៨៣នៃចុល្លសករាជត្រូវនឹងគ្រិស្ដសករាជ១៦២១ និងក្រមសុភាធិបតី រៀបរៀងពីឆ្នាំ៩៨០នៃចុល្លសករាជត្រូវនឹងគ្រិស្ដសករាជ១៦១៨ ។ ច្បាប់ផ្សេងៗទៀតដែលមើលទៅប្រហែលជារៀបរៀងឡើងក្នុងសម័យកាលនោះដែរ ប៉ុន្ដែមិនមានបញ្ជាក់ឈ្មោះព្រះរាជា ឬកាលបរិច្ឆេទច្បាស់លាស់ គឺប្រហែលជាត្រូវបានគេសើរើពិនិត្យឡើងវិញជាច្រើនដង (41) ។
ក្រមចោរមានសេចក្ដីបញ្ជាក់ឱ្យឃើញច្បាស់អំពីព្រះរាជបញ្ជាឱ្យ សើរើពិនិត្យឡើងវិញ «ព្រះរាជាជ័យជេដ្ឋា ដែលសោយរាជ្យនៅរាជធានីឧត្ដុង្គ មានព្រះទ័យសន្ដោសត្រាប្រណីដល់រាស្ដ្ររបស់ព្រះអង្គ ។ ព្រះអង្គឈ្វេងយល់ថាទណ្ឌកម្មដែលដាក់ទៅលើពួកឧក្រិដ្ឋថ្នាក់លេខ១ នោះមានសភាពធ្ងន់ធ្ងរព្រៃផ្សៃខ្លាំងពេកណាស់ ទ្រង់មានព្រះទ័យចង់ឱ្យលុបចេញវិញ ។ ដោយហេតុនេះ ទ្រង់បានបញ្ជាឱ្យយកទណ្ឌកម្មដែលបានកំណត់ឱ្យដាក់លើឧក្រិដ្ឋកម្ម ថ្នាក់លេខ២ មកដាក់លើឧក្រិដ្ឋកម្មថ្នាក់លេខ១ ហើយយកទណ្ឌកម្មសម្រាប់ឧក្រិដ្ឋកម្មថ្នាក់លេខ៣ មកដាក់លើឧក្រិដ្ឋកម្មថ្នាក់លេខ២វិញ ។ល ។» សេចក្ដីត្រង់នេះមានន័យថា លុបបំបាត់ទណ្ឌកម្មប្រហារជីវិតបង់ ។ យើងបានឃើញពីខាងលើរួចមកហើយថា មានស្ដេចលាវមួយអង្គគឺ ហ្វាងោម ក៏បានបញ្ជាឱ្យលុបទណ្ឌកម្មនេះចោលដែរ ដោយទ្រង់ពន្យល់ថា គេមិនត្រូវសម្លាប់មនុស្សដែលបានសម្លាប់គេនោះទេព្រោះវានឹងធ្វើ ឱ្យមានមរណភាពមួយថែមទៀត ។
ក្រោយមក មានច្បាប់មួយទៀតបានកែច្បាប់ព្រះជ័យជេដ្ឋា ដោយប្រែដាក់ឱ្យមានទោសប្រហារជីវិតឡើងវិញ ។ ច្បាប់នោះរៀបរៀងឡើងនៅក្នុងឆ្នាំ១៦៦០ ។ ខ្ញុំជឿថាច្បាប់ឆ្នាំ១៦២១មិនត្រូវបានគេគោរពតាមប៉ុន្មានទេ បើយ៉ាងហោចណាស់ក៏ក្នុងការអនុវត្ដដែរ ។ ជាក់ស្ដែងគឺមានរឿងរ៉ាវទាក់ទងទៅនឹងសម្ដេចព្រះទាវក្សត្រី ដែលមានលើកឡើងនៅក្នុងច្បាប់ទំនៀមពីបុរាណ ក្នុងនោះមាននិយាយអំពីករណីមនុស្សជាច្រើនដែលត្រូវប្រហារជីវិតដោយ កាត់ក្បាល (42) ។ ទោះជាយ៉ាងណាក្ដី ប្រហែលជា៧០ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៦៩០ ព្រះជ័យជេដ្ឋាដែលយើងកំពុងតែសិក្សានេះ ទ្រង់បានបញ្ជាឱ្យគេពិនិត្យច្បាប់ឆ្នាំ១៦២១ទាំង១២ច្បាប់ឡើងវិញ រួចបានប្រទាននាមឱ្យថា «ច្បាប់ព្រះជ័យជេដ្ឋា» ប៉ុន្ដែឱ្យដាក់កាលបរិច្ឆេទត្រឹមឆ្នាំ១៦៧៥ ជាឆ្នាំដែលព្រះអង្គឡើងសោយរាជ្យ ។
នៅក្នុងឆ្នាំ១៦៨១គឺ១ឆ្នាំបន្ទាប់ពីច្បាប់ទាំងឡាយបានត្រូវ ប្រកាសឱ្យប្រើរួចហើយ ព្រះឧភយោរាជអង្គនន់ បានយាងត្រលប់ចូលមកក្នុងស្រុកខ្មែរវិញ ហើយក៏សុគតទៅនៅស្រីសន្ធរ ។ ពេលនោះព្រះអង្គមានព្រះជន្ម៣៧ព្រះវស្សា និងកាន់អំណាចបាន១ឆ្នាំ ហើយការបះបោររបស់ព្រះអង្គមានរយៈពេលពី១៥ទៅ១៦ឆ្នាំ ។ ពេលនោះ ព្រះរាជាទ្រង់គង់នៅឯបឹងក្បិន ។ មិនយូរប៉ុន្មានក្រោយមក ទ្រង់បានយាងត្រលប់មកគង់នៅឯឧត្ដុង្គវិញ ។
រាជពង្សាវតារបានរៀបរាប់ថា នៅក្នុងឆ្នាំ១៦៩២ ព្រះរាជវង្សានុវង្សរបស់ព្រះរាជានគរចាម្ប៉ាបាននាំគ្នាយាងមកដល់ ព្រះរាជាណាចក្រកម្ពុជា ដោយមានទាំងសេនាហែហម៥ពាន់នាក់មកជាមួយផង ដើម្បីសុំជ្រកកោនជាមួយព្រះរាជាកម្ពុជា ។ ព្រះជ័យជេដ្ឋា បានប្រទានដីធ្លី និងអនុញ្ញាតឱ្យពួកនោះរស់នៅជិតលង្វែក ។
មួយឆ្នាំបន្ទាប់មកទៀត ច្បាប់អយ្យកោទាក់ទិនទៅនឹងស្ថានសម្រាលទោសបានត្រូវប្រកាសឱ្យ ប្រើ ។ ហើយច្បាប់មន្ទីររដ្ឋបាល គឺច្បាប់ទាក់ទងនឹង «កងរក្សាព្រះអង្គ» ដែលមិនមែនជាច្បាប់យើងមានសព្វថ្ងៃ តែជាច្បាប់មួយចាស់ជាង ដែលគេបានធ្វើវិសោធនកម្មជាច្បាប់ថ្មីនេះ ក៏ត្រូវបានប្រកាសឱ្យប្រើផងដែរ ។ តាមច្បាប់នេះ អ្នកស្រុកមិនត្រូវចងត្រដោកគោទេនៅពេលបររទេះកាត់រាជធានី មិនត្រូវបាំងឆត្រពេលជិះរទេះ មិនត្រូវក្រៀវគោ មិនត្រូវកាប់សម្លាប់គោយកសាច់បរិភោគទេ រទេះក៏មិនឱ្យលាបពណ៌ឆើតៗចន្ទោល រទេះមិនឱ្យដាក់ចង្កំពណ៌មាសដែរ ។
បីឆ្នាំម្ដងអ្នកស្រុកត្រូវបង់ពន្ធរទេះ និងគោចំនួនស្មើនឹង១ភាគ១០ ហើយព្រះរាជាបានសម្រេចថាគោណាដែលមានសម្បុរពព្រុសដូចរោមលលកត្រូវ ដកហូតទុកជាព្រះរាជទ្រព្យ ។ នៅក្នុងឆ្នាំ១៦៩៥ ព្រះរាជាដែលមានព្រះជន្ម៣០ព្រះវស្សា ហើយសោយរាជ្យសម្បត្ដិតាំងពីទ្រង់មានព្រះជន្ម២០ព្រះវស្សាម្ល៉េះ បានដាក់រាជថ្វាយដល់ព្រះភាគិនេយ្យ ព្រះឧទ័យ ដែលមានព្រះជន្ម២២ព្រះវស្សា (43) ។
១៩. ព្រះនរាយរាមាធិបតី-ព្រះឧទ័យ ចៅពញាយ៉ង (១៦៩៥-១៦៩៦)
ព្រះរាជាអង្គនេះទ្រង់បានទទួលការអភិសេកនៅក្នុងឆ្នាំ១៦៩៥ ក្នុងព្រះជន្ម២៣ព្រះវស្សា ក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះនរាយរាមាធិបតីព្រះឧទ័យរាជា បរមបពិត្រ» ។ ព្រះអង្គបានយកព្រះមាតុច្ឆាជាបុត្រីរបស់ព្រះបាទសម្ដេចព្រះ បរមរាជាធិរាជជាអគ្គមហេសី ។ទ្រង់សោយរាជ្យបាន១០ខែរួចក៏សុគតទៅ ក្នុងឆ្នាំ១៦៩៦ ។