Sunday, January 21, 2024

សម័យចតុមុខ អាណាចក្រខាងត្បូង

សម័យចតុមុខ ធ្វើអត្ថាធិប្បាយទៅលើ ប្រវត្តិសាស្រ្តយោធា សេដ្ឋកិច្ច សាសនា និង ភូមិសាស្រ្តនៃ អាណាចក្រខាងត្បូង ដែលជា ផ្នែក ១ ចំណោម ៤  នៃ នៅកម្ពុជា គឺ អាណាចក្រខាងលិច, អាណាចក្រខាងជើង, អាណាចក្រខាងកើត និង អាណាចក្រខាងត្បូង ដែល ដូចមានក្នុង ផែនទីខាងក្រោមនេះស្រាប។
ឯកសារពាក់ព័ន្ធនានានៃ សម័យចតុមុខ  រួមមាន៖
  1. ព្រះកំចាយ ឬ ព្រះចៅ វត្តភ្នំ
  2. ស្រីជេដ្ឋា -ស្ដេចកន
  3. ប្រវត្តិបុណ្យអុំទូក --កងទ័ពជើងទឹក
  4. ប្រវត្តិក្រុងភ្នំពេញ ទេសចរណ៍ ក្រុងភ្នំពេញ
  5. ភូមិសាស្រ្តក្រុងភ្នំពេញ
  6. បញ្ជីវត្តនៅរាជធានីភ្នំពេញ
  7. បណ្តាជនជាតិ សាសនា នៅកម្ពុជា
ផែនទី អាណាចក្រខាងត្បូង ( សម័យចតុមុខ ភ្នំដូនពេញ ៩៤ ឆ្នាំ)


សម័យចតុមុខ (១៤៣១ ១៥២៥ គស) រយៈពេល ៩៤ ឆ្នាំ ដែល ១៣ ឆ្នាំ/ អង្គ សោយរាជ្យ
1. បរមរាជាទី២ ( ពញាយ៉ាត)
2. នារាយណ៍រាជា ១៤៦៣-១៤៦៨
3. ស្រីរាជា(១៤៦៩-១៤៧៥)
4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)
5. ធម្មោរាជាទី១(១៤៨៥-១៥០៤)
6. ស្រីសុគន្ធបទ(១៥០៤-១៥១២)
7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥) ស្តេចកាន់ កាន់សាសនា ឥស្លាម វាំង្គតាំងនៅ ក្រុងកំពង់ចាម

សង្គ្រាមស៊ីវិល៖សង្គ្រាមរវាងពញាច័ន្ទ និងស្ដេចកន ១៥១៦-១៥២៥

នៅឆ្នាំ ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុង ខែត្រស្រីសឈរ (កំពង់ចាម) វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន្ត ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ
ការកសាងភ្នំដូនពេញ (ឯកសារយោង)

រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិនៃក្រុងភ្នំពេញដោយមានសេចក្ដីសម្រួលដូចតទៅ៖ ក្នុងកាលដែលកន្លងយូរទៅហើយ មានស្ត្រីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផងហៅថា ដូនពេញ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ)។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបោកច្រាំងរលំដើមគគីរជាច្រើន ហើយអណ្ដែតបណ្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់់ទន្លេច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួយ បានអណ្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដី ពូនដំបូកធំខាងឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩១៦ គ.ស. ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងទិសឦសានព្រះវិហារ រួចយកបដិមាថ្មទៅតំកលទុកនៅទីនោះ ហើយបានសន្មតថាអ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃហៅថា លោកតាព្រះចៅ)។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗ ទៅក្លាយនៅត្រឹមតែ ភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះ រាជពង្សាវតារ និងអត្ថបទចម្លងតៗ មកទៀត និយាយមិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា៤អង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខនិងគទា (ព្រះនរាយណ៍?) ខ្លះថាមានព្រះពុទ្ធរូបពីរព្រះអង្គមានព្រះភ័ក្ត្រឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គមានព្រះភ័ក្ត្រ៤ តាំងសមាធិនិងរូបសិលា១ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជាព្រាហ្មណ៍។ តែបើតាមរូបតំណាងដែលមានតំកល់ក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឺស្ឋ (ខ្នង) នឹងគ្នា។


ការកសាងរាជធានីចតុមុខ។



ក្នុងភាគ១ យើងបានឃើញថានៅ គ.ស. ១៤៣១ ព្រះបាទបរមរាជាចៅពញាយ៉ាត ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសាន្តក្នុងខែត្រស្រីសឈរវិញ តែគង់នៅទីនោះបានតែ ១ឆ្នាំ (ក្បួនខ្លះថាដល់៩ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសាន្តទៅតាំងនៅក្រុងភ្នំពេញវិញ នៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម។ ព្រះអង្គទ្រង់ត្រាស់បង្គាប់អោយ សម្ដេចចៅពញាកែ និង ឧកញ៉ាហោរាធិបតីខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផងអោយ ទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតៗភ្នំដូនពេញ។ លុះទៅធ្វើការពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំដូនពេញ មានជ័យភូមិល្អល្មមស្ថាបនារាជធានីបាន។ ព្រះអង្គក៏ទ្រង់ត្រាស់អោយអស់ចៅហ្វាយស្រុកកែនរាស្ត្រ មកជួយកសាងព្រះរាជនិវេសន៍ លើកដីធ្វើកំពែង សង់ប្រាសាទ និងតំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុត ។ លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយ ព្រះអង្គក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹក​ដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែមកផង ។ លុះយាងមកដល់ហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទង អោយកែនរាស្ត្រលើកដីចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំ និងក្នុងរាជវាំង។ ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់មាត់ទន្លេដែលអ្នកផងនិយមហៅកំពង់រាប ចាប់តាំងពីពេលនោះមក។ ឯទីដែលចៅពញាតេជោអោយរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេអោយឈ្មោះហៅ បឹងតេជោ តរៀងមក គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃ។ តមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខែត្របាទីអោយជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយ នៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នា ព្រែកនោះគេហៅថា ព្រែកឧកញ៉ាផ្លុង។ បើតាមស្រាវជ្រាវទៅឃើញថាពីដើមព្រែកនេះស្ថិត​នៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយកណ្ដាលនៃអយស្ម័យយាន គឺស្របនឹងវិថីឧកញ៉ាផ្លុងសព្វថ្ងៃនេះឯង។ ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាអោយជីកគូ និងលើកដីកំពែង តាំងជាសើន ជាបន្ទាយព័ទ្ធជុំវិញរាជធានី។ ដូច្នេះ នៅទិសខាងត្បូងគឺ ព្រែកតាកែវ ខាងលិច ព្រែកអូគរ ខាងជើង ព្រែកពោងពាយព្រែកចិនដំដែក ព្រោះនៅកន្លែងនោះមានជនជាតិចិនរកស៊ីរបរដំដែក ។ ក្រៅពីមុខងារការពារក្រុង ព្រែកទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀត​គឺយកទឹកសម្រាប់អោយរាស្ត្រធ្វើស្រែនៅទិសខាងលិច ។ ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានី ។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ វិញដែរ។ ក្រោយបន្តិចមក ព្រះរាជបុត្រច្បងព្រះនាម នរាយណ៍រាជា ទ្រង់បានតែងតាំងជាឧបរាជ ហើយយាងទៅគង់ក្នុងព្រះតំណាក់នៅ ជ្រោយរលួស។ ឯព្រះរាជបុត្រទីពីរព្រះនាម ស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថា ទួលព្រះស្រី (ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ)។ នៅគ្រានោះ ព្រះវិហារកសាងឡើងដោយដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា។ ព្រះបាទបរមរាជាចៅពញាយ៉ាតទ្រង់បានកសាងវិហារនោះជាថ្មីឡើងវិញ ដោយពង្រីក និងពូនភ្នំដីអោយកាន់តែខ្ពស់ជាងដើម ហើយទ្រង់ចាត់អោយក្រាលថ្មនៅកំពូលខាងលើ និងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ។ រួចព្រះអង្គទ្រង់បញ្ជាអោយទៅយកព្រះពុទ្ធបដិមាលង្ហិនដែលសេសសល់នៅនគរវត្ត ព្រមទាំងរូបសិង្ហតោ មកតំកល់និងតាំងនៅលើភ្នំនោះ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្ងៃ គេយកព្រះពុទ្ធបដិមាដែលដូនពេញបានរកឃើញពីក្នុងដើមគគីរពីមុននោះទៅតម្កល់ក្នុង​ជាន់ខាងលើនៃចេតិយធំ ឯព្រះពុទ្ធបដិមាដែលយកពីនគរវត្ត ត្រូវបានតម្កល់នៅក្នុងជាន់ក្រោម។ វត្តភ្នំដូនពេញត្រូវប្រសិទ្ធិនាមថ្មីថា វត្តព្រះចេតិយបព៌ត វិញ។ ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្តអារាម នៅច្រើនកន្លែងក្នុងរាជធានី : វត្តពីរនៅខាងកើតវត្តភ្នំគឺ វត្តធម្មលង្កា និង វត្តកោះ វត្តមួយនៅខាងត្បូងអូរចិនដំដែកគឺ វត្តព្រះពុទ្ធឃោសា (សព្វថ្ងៃហៅ វត្តព្រះពុទ្ធឃោសារាមវត្តចិនដំដែក នៅជាប់នឹងវត្ត ពិភទ្ទរង្សីមានវិថីឧកញ៉ាអ៊ុំខណ្ឌកណ្ដាល។ នៅខាងមុខព្រះវិហារវត្តនេះ សព្វថ្ងៃគេឃើញមានរូបទ្វារបាលពីរនាក់ជារូបចិន​ដែលគេអាចមើលស្គាល់យ៉ាងងាយ ដោយសារលក្ខណៈ មុខមាត់ សម្លៀកបំពាក់និងគ្រឿងអាវុធ) វត្តមួយនៅត្រង់មាត់ទន្លេក្បែរពាកព្រែកឧកញ៉ាផ្លុងគឺ វត្តពាមផ្លុង វត្តមួយនៅត្រង់ចេតិយធំ វត្តឧណ្ណាលោមហើយវត្តមួយទៀតហៅ វត្តខ្ពបតាយ៉ង។ គួរគប្បីកត់សំគាល់ថាវត្តចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្តបទុមវតី។ បើតាមអក្សរចារឹកតំកល់នៅទីនោះ ព្រះបាទបរមរាជាចៅពញាយ៉ាតបានសាងវត្តនេះនៅ គ.ស. ១៤៤២ លើទីមួយមានទំហំ ២០២ម X ២៦០​ម។ វត្តនេះគេហៅថា វត្តខ្ពបតាយ៉ង ព្រោះនៅខាងត្បូងមាន ខ្ពបរបស់តាយ៉ង។ ព្រះវិហារវត្តនេះត្រូវបានកសាងថ្មីពីរលើកទៀត​៖លើកទី១ នៅគ.ស. ១៨៦៥ ក្នុងរជ្ជកាលព្រះបាទសម្ដេចនរោត្តម លើកទី២ នៅគ.ស.១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ-មុនីវង្ស។ គួរគប្បីជ្រាបម្យ៉ាងទៀតថា វត្តឧណ្ណាលោមនៅរក្សាឈ្មោះដដែលតាំងពីពេលកសាងរហូតមកដល់សព្វថ្ងៃ ហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើង​ដោយយកតាមឈ្មោះចេតិយដែលគេបញ្ចុះព្រះឧណ្ណាលោម គឺរៀមប្រជុំចិញ្ចើមនៃព្រះ អស្សជិតត្ថេរ។ នៅខាងមុខវត្តនេះ គឺនៅជិតមាត់ទន្លេ ព្រះរាជាទ្រង់អោយសាងឃ្លាំងមឿងមួយ (អ្នកតាចាំស្រុក) ឈ្មោះ អ្នកតាប្រាជ្ញ[

សង្គ្រាមរំដោះយកអាណាខែត្រខ្មែរទិសខាងលិចពីសៀម [(ឯកសារយោង)

ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនរាយណ៍រាជា (បុត្រច្បងនៃព្រះបាទពញាយ៉ាត)។ ក្រោយពីឡើងស្នងរាជ្យនៅ ១៤៦៩ មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹប​អូស​លេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខែត្រ (មានមឿងចំណុះ) ក្រុង (រាជធានី) ស្រុក (មឿង) ឃុំ (ភូមិ) ឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។

នៅឆ្នាំ ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខែត្រទាំងអស់នោះដែលសៀមបានលេបយកដូចជា ខេត្តនគររាជ ខេត្តបស្ចឹមបុរី ខេត្តរយ៉ង និងខេត្តចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខែត្រទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជម្រុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យ​វាយកម្ទេចកម្លាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យាទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខែត្រខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។

អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ[កែប្រែ]ក្បួនរាជពង្សាវតារផ្សេងៗ សុទ្ធតែបាននិយាយពីអន្តរាគមន៍របស់សៀម ក្នុងជម្លោះរវាងស្ដេចខ្មែរប៉ុន្តែរបៀបធ្វើអន្តរាគមន៍នោះឃើញថា មានបែបផែនខុសៗគ្នា។

ក្បួនខ្លះបញ្ជាក់ថា គឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀមស្រងៀមនេះឯង​ដែលទៅពឹងកំលាំងសៀមដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផង និងដើម្បីបានសោយរាជ្យតែម្នាក់ឯងផង ។ នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ (បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខែត្រជាច្រើនមកត្រួតត្រា មានខែត្រស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ …។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខែត្រខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខែត្រដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំង​ស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រ សុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រិន្ទបូរ (បច្ចុប្បន្នស្រុកបរិបូរណ៍) ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។

ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្សព្រះអង្គទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័ឌ្គរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។
ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត។ នៅឆ្នាំ ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទង​ជាសម្ងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។

ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។

កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។

ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។
ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ ១៤៨៦ នៅរាជធានីចតុមុខ

ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខែត្រ ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។ (ត្រង់នេះគួរតែ ស្ដេចសៀមនាម បរមត្រៃលោកនាថ ត្រូវជាងត្បិតក្នុងពង្សាវតារសៀម ចំណែកចក្រពត្រាធិរាជ ប្រសូតនៅឆ្នាំ១៥០៩ ទេក្នុងវិបត្តិនេះគេខ្ចីសាច់រឿងសតវត្សទី១៦ មកបំពេញចន្លោះព្រឹត្តិការណ៍សតវត្សទី១៥ ព្រោះសម័យនោះសៀមជាប់ចំបាំងនឹង លាននា ដូច្នេះខ្មែរប្រហែលឆ្លៀតឱកាសនេះច្បាំងយកខេត្តចាស់មកវិញ រឺ ក៏ថាព្រឹត្តិការណ៍នេះអាចគ្មាន រឺ ក៏នគរបានបែកជាបីរដ្ឋដរាបដល់ចន្ទរាជាឡើងសោយរាជ្យទើបរដ្ឋទាំងបីក្លាយជារាជាណាចក្រឯកភាពមួយវិញនៅសម័យលង្វែកយ៉ាងណា)


ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទឝ្រីឝៅគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន្ត ស្រុកស្រីសឈរ (ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។

នៅឯរាជវាំងទួលបាសាន្ត ព្រះបាទឝ្រីឝៅគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសសក្តិ នាយកនជាឃុនហ្លួងព្រះស្តេច។ នៅឆ្នាំ ១៥០៩ ព្រះបាទឝ្រីឝៅគន្ធបទទ្រង់កើតមន្ទិលសង្ស័យខ្លាចឃុនហ្លួងព្រះស្ដេចកនក្បត់ ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខែត្រត្រើយខាងកើតបង្កជាកម្លាំងទ័ព​ប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខែត្រត្រើយខាងកើត នាយកនបានប្រើល្បិចបញ្ឆោតចៅហ្វាយខែត្រនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទឝ្រីឝៅគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទឝ្រីឝៅគន្ធបទជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនហ្លួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយកខែត្រនានាដែលនៅជិតរាជធានីទួលបាសាន្ត។ កងទ័ពព្រះបាទឝ្រីឝៅគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ ១៥១២ ព្រះបាទឝ្រីឝៅគន្ធបទត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន

ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានព្រះនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះ ត្បូងឃ្មុំ និងខែត្របាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុន។
សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា


ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល ៨ ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា (ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?

ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទោសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខែត្រធំស្មើនឹងខែត្រព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។

តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?
ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខែត្រពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ព​ចេញទៅច្បាំងនឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល ៣ សហាតិមាត្រពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។

ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឱឡារិកចំពោះមុខកងទ័ព និងប្រជានុរាស្ត្រក្នុងខែត្រ។ នៅដើមឆ្នាំ ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខែត្រជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើរសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចម្ការ។ ការផ្អាកឈប់ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីទាំងសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន ១០ ០០០ នាក់បានវាយលុកចូលខែត្រសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។

នៅឆ្នាំ ១៥១៩ ក្រោយដែលបានល្បងវាយលុកយកខែត្រកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខែត្រពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ ១៥២៥ ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

No comments:

Post a Comment