Friday, July 21, 2017

30. ​សម្ព័ន្ធភាព រ​វាង​ខ្មែរ ចិន និង ចាម សម័យ​មហានគរ

នយោបាយ​សម្ព័ន្ធភាព រ​វាង​ខ្មែរ ចិន និង ចាម សម័យ​មហានគរ
November 8th- 2016 at 8:56 AM
Tags: យល់ដឹង
(យល់ដឹង)៖ ដូចយើងបានជ្រាបហើយថា ក្នុងសម័យមហានគរ ជាពិសេសសម័យវប្បធម៌បាយ័ន នៅចុងស.វទី១២ ដើមស.វទី១៣ វឌ្ឍនភាពខ្មែរ ត្រូវបានកើតចេញពីកត្តាធំទាំងពីរខាងលើនេះ គឺនយោបាយទឹក និងភាពសុខសន្តិភាព។ ក៏ប៉ុន្តែយើងក៏មិនត្រូវភ្លេចដែរថា ក្រៅពីកត្តាចម្បងទាំងពីរខាងលើនេះ វឌ្ឍនភាពកប់កំពូលនៃសម័យមហានគរនេះ ពិតជាមិនអាចនឹងកើតមានឡើងបាន បើសិនជាគ្មានធាតុគួបផ្សំផ្សេងៗឯទៀតដូចជា អភិបាលកិច្ចល្អ បច្ចេកវិទ្យាសាងសង់សមស្រប និងគោលការណ៍នយោបាយស៊ីជម្រៅធំៗជាក់ស្តែង ដែលក្នុងនោះមាននយោបាយចងសម្ព័ន្ធភាពជាមួយប្រទេសជិតខាងមួយចំនួនដែលជាបច្ច័យ ឬក៏ជាគន្លឹះចូលរួមជាវិភាគទានក្នុងការផ្តល់នូវសុខសន្តិភាព ស្ថិរភាពសង្គមជូនមាតុភូមិខ្មែរ។

មានន័យថា ស្ថានភាពអំណោយផលទាំងនោះក៏មិនមែនកើតឡើងដោយចៃដន្យ ឬដោយឯងៗនោះទេ ក៏ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាលខ្មែរនាជំនាន់នោះ ដឹកនាំដោយព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី៧ មានចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់មួយក្នុងការអភិវឌ្ឍជាតិ ពោលគឺមានឆន្ទះនយោបាយត្រឹមត្រូវ។ ហើយនេះជាអ្វីមួយដែលយើងព្យាយាមនឹងបង្ហាញបញ្ជាក់តាមរយៈគោលការណ៍នយោបាយចសម្ព័ន្ធភាពជាមួយប្រទេសជាមិត្តជិតខាង ព្រមទាំងការធ្វើឲ្យប្រសើរឡើងវិញ ឬនវានុវត្តនូវសស្ត្រាវុធ។

temple03

ការប្រើសំណាញ់ និង ស្នាយន្តដូចនៅស្រុកចិនបុរាណ (ម.ត ២០០០)

សូមជម្រាបថា ដោយយល់ឃើញថា កន្លងមកសង្គ្រាមរ៉ាំរៃរវាងខ្មែរ-ចាម មិនចេះចប់មិនចេះហើយ ដែលជាមូលហេតុនៃសោកនាដកម្មគ្រប់បែបយ៉ាងទាំងអស់ ហើយមួយវិញទៀតសោត កងទ័ពខ្មែរស្ថិតក្នុងឱនភាពគ្រប់វិស័យ ដោយមិនអាចយកជ័យជំនះលើកងទ័ពចាមបាន។ ម្ល៉ោះហើយព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈ្វេងយល់ថា ត្រូវតែមានកំណែទម្រង់យោធា តាមរយៈទំនើបកម្មនៃសស្ត្រាវុធខ្មែរជាដាច់ខាត។

ទន្ទឹមនឹងនេះ ទំព័រប្រវត្តិសាស្ត្រក៏បានឲ្យដឹងថា ដើម្បីសំរេចនូវមហិច្ឆតាដ៏ពិសិដ្ឋនេះ មហារាជខាងលើនេះ បានពង្រឹងពង្រីកនយោបាយចងសម្ព័ន្ធភាពជាមួយប្រទេសជិតខាង រួមទាំងចិន និងចាមថែមទៀតផង ដូចវត្តមានរបស់ចម្លាក់ជាច្រើនផ្ទាំងឆ្លាក់លើប្រាសាទបាយ័ន និងបន្ទាយឆ្មារ ដែលយើងនិងសូមភ្ជាប់មកនេះជាតឹកតាងស្រាប់។

ដូចនេះ វត្តមានរបស់កងទ័ពចាមក៏ដូចកងទ័ពចិនដែរ ដែលច្បាំងជាមួយខ្មែរ ត្រូវបានឆ្លាក់នៅលើប្រាសាទសិលាទាំងពីរខាងលើនេះ មិនមែនជារឿងចៃដន្យទេ ក៏ប៉ុន្តែឆ្លុះបញ្ចាំងនូវគោលការណ៍ចម្បងខាងលើនេះដែរ។ ទាក់ទងទៅនឹងវត្តមានរបស់កងទ័ពចាម ក្នុងជួរទ័ពខ្មែរ ទាំងទ័ពថ្មើរជើង និងទាំងទ័ពទូក យើងត្រូវកត់សម្គាល់បន្ថែមថា ការសហប្រតិបត្តិការសឹកនេះឆ្លុះបញ្ចាំងឲ្យឃើញជាប្រយោលថា ចម្បាំងខ្មែរ-ចាម ប្រហែលជាមិនមែនជារឿងវាតទីទឹកដីនោះទេ។ ផ្ទុយទៅវិញ វិវាទ គឺប្រហែលជាបណ្តាលមកពីការមិនចុះសម្រុងគ្នា ក្នុងការបែងចែកអំណាច នៅនគរចម្ប៉ាទៅវិញ។

temple02

ចម្លាក់ទូកខ្មែរ ដឹកជញ្ជូនកងទ័ពចាម និង ទ្រមាក់ដំរី និងមេទ័ពខ្មែរ កំពុងច្បាំងនិងទ័ពចាម (ម.ត ២០១២)

បើនិយាយម្យ៉ាងទៀត ចំពោះយើងៗសូមស្នើថា រឿងរាជបល្ល័ង្ក ក្នុងសន្តតិវង្សចាម មិនត្រូវមើលរំលងបានទេ។ ព្រោះថា បើពឹងផ្អែកលើទិន្នន័យមួយចំនួន ដែលនៅរាយប៉ាយ តាមសិលាចារឹក ឬកំណត់ហេតុចិន យើងនឹងដឹងថា នៅសម័យកាលនោះ មានរឿងវិវាទរវាងព្រះរាជវង្សានុវង្សចាមមែន។ ជាហេតុបណ្តាលឲ្យភាគីម្ខាងទៀតនៃសន្តតិវង្សចាមដែល កាន់អំណាចចុះទន់ខ្សោយរហូតដល់ទទួលបរាជ័យលើលានប្រយុទ្ធខ្មែរ។ គឺក្នុងបរិបទនេះ កងទ័ពចាមដែលកាន់កាប់ទន្ទ្រានមាតុភូមិខ្មែរ ត្រូវដកថយជារៀងរហូត មុននឹងខ្មែរទទួលការឈ្លានពានម្តងនេះពីសំណាក់សៀម មកពីសុខោទ័យ អាយុធ្យា។ ហើយដោយសារតែគោលការណ៍នយោបាយសម្ព័ន្ធភាពដ៏ប្រសិទ្ធិភាពខាងលើដ៏ស្អិតរមួតនេះ ហើយរវាងខ្មែរ និងចាម គួបផ្សំនិងកំលាំងទ័ពចិនផង ទើបព្រះបាទជ័យវរ្ម័នទី៧ បានយកជ័យជម្នះជាស្ថាពរលើកងទ័ពចាម ដែលជាសត្រូវរបស់ទ្រង់។

ជារួម ក្នុងវិស័យសហប្រតិបត្តិការអន្តរជាតិ ជាពិសេសផ្នែកយោធា យើងអាចនិយាយបានថា ក្នុសម័យបាយ័ន កងទ័ពចិនបាននាំមកជូនខ្មែរនូវគ្រឿងអាវុធចម្បាំងដ៏សំខាន់ៗ ដែលធ្លាប់បានប្រើប្រាស់នៅស្រុកកំណើតរបស់ខ្លួន ដូចជា សំណាញ់ និង ស្នាយន្តជាដើម ដែលគេពុំបានឃើញវត្តមាន នៅលើប្រាសាទអង្គរវត្ត ឬក៏នៅប្រាសាទមួយណាទៀតក្នុងសម័យបុរាណឡើយ។ រីឯកងទ័ពចម្ប៉ាវិញ ភាពស្ទាត់ជំនាញ និងវីរភាពនៅលើសមរភូមិរបស់ពួកគេ ដូចជាការធ្វើចម្បាំងដោយប្រើទូកដែលអុំដោយទ័ពខ្មែរ និងការបរដំរីដ៏ចំណាន គួបផ្សំនិងវីរភាពរបស់កងទ័ពខ្មែរ ទាំងនេះជាគុណឧត្តមភាព ឬគុណសម្បត្តិដ៏ល្អប្រពៃ ដែលបាននាំមកនូវជ័យជំនះរបស់ខ្មែរលើកងទ័ពចាមឈ្លានពាន ដឹកនាំដោយព្រះបាទជ័យវរ្ម័ន ដែលជាស្តេចសឹក ដូចដែលចម្លាក់មួយចំនួនបានពិពណ៌នាយ៉ាងជាក់ច្បាស់៕

temple01

មេទ័ព និង ទ័ពចិន រួមជាមួយទ័ពខ្មែរ ក្នុងចម្បាំងខ្មែរ-ចាម (ម.ត ២០១២)

ប្រភព៖ CEN

No comments:

Post a Comment