Wednesday, July 19, 2017

រមណីយដ្ឋាន​ពើង​ត្បាល់​នៅ​ភ្នំ​គូលែន​ដែល​អ្នកទេសចរ​មិនគួរ​មើលរំលង

ថ្មី ថ្មី
ដោយ: អីុសា រ៉ហានី សៀមរាប៖ ភ្ញៀវទេសចរ តែង​ចាប់អារម្មណ៍​តែ​នៅលើ​រមណីយដ្ឋាន​ទឹកធ្លាក់ ព្រះអង្គ​ធំ និង​លិង្គ​មួយ​ពាន់​តែប៉ុណ្ណោះ នៅពេលដែល​ពួកគេ​ទៅ​កម្សាន្ត​នៅលើ​ភ្នំ​គូលែន។ តាម​ការសិក្សា​ស្រាវជ្រាវ​ឃើញថា នៅ​ភ្នំ​គូលែន​មាន​ប្រាសាទបុរាណ​ដែល​កប់​ក្នុងព្រៃ​ជ្រៅ​ចំនួន៥៦ប្រាសាទ​ឯណោះ។ សព្វថ្ងៃ​ប្រាសាទ​ខ្លះ ត្រូវបាន​គេ​រកឃើញ ខ្លះទៀត​បន្ត​នៅក្នុង​ព្រៃ ដែល​ពុំមាន​អ្នកណា​ទៅដល់។ ពើង​ត្បាល់ គឺជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ ដែល​ក្រុម​អភិរក្ស​ទើបនឹង​រកឃើញ​រយៈពេល៤ឆ្នាំ ចុងក្រោយ​នេះ។ ជា​រមណីយដ្ឋាន​មួយ​ដែល​ស្រស់ស្អាត ដែល​អ្នកទេសចរ​មិនគួរ​មើលរំលង​ឡើយ ប្រសិនបើ​ពួកគេ​បាន​ទៅដល់​ភ្នំ​គូលែន។

ពើង​ថ្ម​តូចធំ​ជាច្រើន ខ្លះ​ខ្លី ខ្លះ​វែង មាន​កម្ពស់​ចន្លោះ​ពី៧ ទៅ៨ម៉ែត្រ​ពី​ដី និង​បណ្តោយ​ពី១៥ម៉ែត្រ ទៅ២០ម៉ែត្រ បាន​លាក់ខ្លួន​នៅក្នុង​ព្រៃរបោះ​មួយ ដែល​អ្នកភូមិ​ឲ្យ​ឈ្មោះថា រមណីយដ្ឋាន ពើង​ត្បាល់។ បើតាម​ប្រវត្តិ​ដែល​ពុំមាន​ឯកសារ​ច្បាស់លាស់ ពើង​ត្បាល់​ទំនងជា​កសាងឡើង​អំឡុង ស.វ​ទី៧ ទី៨ ឫ​ទី៩ ហើយ​ស្តេច​ដែល​កសាង គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី២ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ខ្លះ​អះអាងថា មុននឹង​ព្រះបាទ​ជ័យ​វរ្ម័នទី២គ្រប់គ្រង​នៅលើ​ភ្នំ​គូលែន គឺមាន​សេ្ត​ច​ពីរ​អង្គ​រួចទៅហើយ ក្នុងនោះ​មាន ព្រះបាទ​ភ​វ​វរ្ម័ន និង​ព្រះបាទ​ម​ហិ​ន្ត​វរ្ម័ន។

ភ្ញៀវទេសចរ​អាច​ទៅដល់​រមណីយដ្ឋាន​ពើង​ត្បាល់ តាមរយៈ​ម៉ូតូ ដែលមាន​ចំងាយ​ពី​ព្រះអង្គ​ធំ​ទៅ​ប្រហែល៩ គីឡូម៉ែត្រ។ ដោយសារ​ផ្លូវ​មិនទាន់​រៀបចំ​បានល្អ រលាក់ ដូច្នេះ​ធ្វើ​ឲ្យ​ការធ្វើដំណើរ​មាន​ផល​លំបាក​តិចតួច ដែលជា​ហេតុ​ពុំ​សូវ​មាន​អ្នកទេសចរ​ណា​ទៅដល់។ ពើង​ត្បាល់ គឹ​ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។ ដំណើរ​តាម​ម៉ូតូ តាម​ផ្លូវលំ​របស់​អ្នកភូមិ និង​បន្ត​កាត់​ចំការ​ដំណាំ មាន​ស្វាយចន្ទី​ជាដើម។

ក្រៅពី​ពើង​ធំ​ដ៏ធំៗហើយ​នោះ រមណីយដ្ឋាន​ពើង​ត្បាល់ មាន​រូបចម្លាក់តូចៗជាច្រើន ដែល​គេ​ដាប់​ជាប់​នឹង​ពើង​នោះ។ តាម​អ្នកសិក្សា​ស្រាវជ្រាវ រមណីយដ្ឋាន​ពើង​ត្បាល់ គឺជា​ទីសក្ការៈ​សម្រាប់​ព​ពួក​ព្រា​ហ្ម​គោរពបូជា ក្នុង​សាសនា​ហិណ្ឌូ។

ប្រធាន​សន្តិសុខ​គ្រប់គ្រង​នៅ​ភ្នំ​គូលែន លោក ស៊ិន សួន បាន​ឲ្យ​ដឹងថា នៅក្នុង​ខែវស្សា ដែល​ការធ្វើដំណើរ​មាន​ផល​លំបាក​ច្រើន ប៉ុន្តែ​វា​ជា​រដូវ​កាល​កាល​រមណីយដ្ឋាន​ពើង​ត្បាល់ មាន​សម្រស់​ស្រស់ស្អាត ជាង​ខែប្រាំង​ទៅវិញ។ លោក ស៊ិន សួន ពន្យល់ថា ព្រោះ​ខែវស្សា​មាន​ស្លែ​ដុះ​រ៊ុំ​ព័ទ្ធ​រូបចម្លាក់តូចៗជាប់​ថ្ម ដែល​ធ្វើ​ឲ្យ​ទី​សក្ការៈបូជា​នេះ មាន​ភាព​ទាក់ទាញ​លើស​ដើម។


លោក ស៊ិន សួន ទទួលស្គាល់ថា ពុំមាន​ភ្ញៀវទេសចរ​ទៅដល់​រមណីយដ្ឋាន​ពើង​ត្បាល់​នោះទេ។ ភាគច្រើន​ជា​បរទេស ដែល​ពួកគេ​មាន​មគ្គុទ្ទេសក៍​សម្រាប់​ចង្អុលបង្ហាញ។ ក្នុង១០០នាក់ មាន​អ្នកទេសចរ​តែ១០នាក់​ប៉ុណ្ណោះ ដែល​បាន​ទៅដល់​រមណីយដ្ឋាន​មួយ​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ិន សួន។ លោក សួន បន្ថែមថា អ្នកទេសចរ​អាច​រក​ម៉ូតូឌុប ដែល​ប្រចាំការ​នៅ​កន្លែង​លក់​សំបុត្រ ហើយ​តម្លៃ១០ដុល្លារ ដើម្បី​បាន​ទៅដល់​រមណីយដ្ឋាន​ពើង​ត្បាល់។

ដូច​បានបញ្ជាក់​ខាងដើម​អញ្ចឹង នៅលើ​ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ច្រើន ដែល​អ្នកទេសចរ មិនគួរ​មើលរំលង។ គ្រាន់តែ​ប្រាសាទ​នៅ​ភ្នំ​គូលែន មាន​រហូតដល់​ទៅ៥៦ប្រាសាទ។ ក្រៅពី​តំបន់​ពើង​ត្បាល់ ដែល​បាន​រៀប​ខាងលើ មាន​រូប​ប្រជៀវ រមណីយដ្ឋាន​ស្រះ​ដំរី​ជាដើម។ល៕ 

No comments:

Post a Comment