ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ក្បាលទី ២ ជំពូកទី ៤) - វគ្គ៤
Posted: Oct-12-2016
៦-ប៉េហ្គូ ឬប្រទេសភូមា
ខ្ញុំបានជម្រាបពីខាងលើរួចមកហើយថាពួកមនតាលិង្គ ឬប៉េហ្កានមានដើមកំណើតហិណ្ឌូដែលធ្វើដំណើរមកពីទិសខាងត្បូងបានមក ជួបជាមួយពួកម៉ារ៉ាម៉ា មាមម៉ា ឬភូមា មានដើមកំណើតចេញមកពីតំបន់ទីបេដែលមកពីទិសខាងជើងនៅលើទឹកដី សុវណ្ណភូមិ ហើយនៅបន្ដឈ្លោះគ្នាដណ្ដើមទឹកដីភូមាសព្វថ្ងៃនៅឡើយនៅក្នុង សតវត្សរ៍ទី១៦ ។ ខ្ញុំក៏បានជម្រាបផងដែរថាពួកប៉េហ្កានបានស្រែកហៅរកជំនួយពីពួក ថៃ ឬសៀមដែលបានមកតាំងទីលំនៅនៅខាងកើតបង្កើតបានជារដ្ឋសានផ្សេងៗ និងបានមកតាំងទីនៅខាងត្បូងត្រង់ព្រះរាជាណាចក្រសៀមសព្វថ្ងៃ ដោយដណ្ដើមយករដ្ឋមនខ្មែរទាំងឡាយ ។ ខ្ញុំសូមនិយាយបន្ថែមបន្ដិចទៀតថាពួកប៉េហ្កាននោះមិនដែលបានស្រែក រកជំនួយពីពួកចិនដែលជាអ្នកជិតខាងនៅខាងជើង ឬក៏ស្រែករកជំនួយពីពួកអារ៉ាកាន (23) ដែលមានឈាមជ័រប្រហាក់ប្រហែលនឹងពួកភូមាដែរ ហើយជាអ្នកជិតខាងនៅខាងទិសពាយ័ព្យម្ដងណាទេ ។ ក៏ប៉ុន្ដែពួកនេះមិនតឹងរ៉ឹងជាមួយពួកអឺរ៉ុបទេ និងបានហៅរកពួកនេះជាញឹកញយ ។
នៅក្នុងសតវត្សរ៍ទី១៦ ដោយមានជំនួយពីពួកព័រទុយហ្គាល់ ពួកភូមាដែលមានរាជធានីនៅអវៈ (24) បានច្បាំងឈ្នះពួកប៉េហ្កាន ដណ្ដើមយករាជធានីប៉េហ្គូបានហើយចាប់តាំងពីនោះមកក៏គិតថាគ្មាន អ្វីនឹងមកឈ្លោះដណ្ដើមយកទៀតទេនៅភាគខាងត្បូង ។
ភូមាដូចជាមិនបានយកចិត្ដទុកដាក់ចំពោះថាមពលរបស់ពួកប៉េហ្កាន ចំពោះកំហឹងឈឺចាប់ដែលគេបានបង្កឱ្យមានឡើងនៅក្នុងស្រទាប់ប្រជាជន ប៉េហ្កានទេ ហើយហាក់ដូចជាភ្លេចថាជ័យជម្នះរបស់គេបានមកពីជំនួយរបស់ពួកអឺរ៉ុប ដែលអាចនឹងទៅស៊ីឈ្នួលអ្នកដទៃផ្សេងផងដែរ ។ ចំណែកពួកប៉េហ្កានវិញមិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន មិនពេញចិត្ដនឹងការដឹកនាំរបស់ពួកភូមាទេ ។ គេបង្កការបះបោរជាច្រើនលើកច្រើនសា ក៏ប៉ុន្ដែហេតុការណ៍ទាំងអស់នោះមុនដំបូងបានត្រឹមតែធ្វើឱ្យពួក ភូមាគាស់រំលើងឫសគល់ចោល ហើយនឹងធ្វើឱ្យអម្រែកនឹមត្រួតត្រារបស់ភូមាមកលើស្មារបស់ពួកគេ រឹតតែធ្ងន់ឡើងៗប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្ដីគេនៅតែសន្សំចិត្ដសង្ឃឹមថានឹងអាចដណ្ដើមយក ឯករាជ្យមកវិញបាននៅថ្ងៃណាមួយជាមិនខាន ។
នៅថ្ងៃមួយ ការបះបោរបានពុះកញ្ជ្រោលខ្លាំងរហូតដល់មានអ្នកចូលរួមជាច្រើនកាន់ អាវុធប្រឆាំងគ្រប់ដៃ ខែត្រដែលឡាម៉ាតាបានតុងហ្គោ និងព្រោមបានងើបឡើងព្រមៗគ្នា មិនតែប៉ុណ្ណោះពួកប៉េហ្កានមានលុយទិញអាវុធល្អៗពីពួកអឺរ៉ុបដែលមក ចុះចតនៅនឹងតាមកំពង់ផែនានាដែលពួកភូមានៅភាគខាងជើងមិនអាចទិញ បាន ហើយថែមទាំងជួលពួកហូឡង់ និងព័រទុយហ្គាល់ដែលរត់ចោលជួរឱ្យជួយច្បាំងគេបានទៀតផង ។ ពេលនោះពួកប៉េហ្កានមានអាវុធល្អៗជាង ហើយមានមេបញ្ជាការជាពួកនាយទាហានអឺរ៉ុបប្រសើរជាងពួកភូមាដែលមាន តែមេកោយដែលគោរពព្រះពុទ្ធសាសនា ។ គេរៀបចំបង្កើតជាកងឯកភាពពិសេស រួចហើយគេនាំគ្នាចេញដំណើរប្រកបដោយសេចក្ដីអង់អាចក្លាហានទៅវាយ ឱ្យពួកភូមាបរាជ័យជាច្រើនលើកទើបនាំគ្នាមកបោះជំរំនៅពីមុខ រាជធានីអវៈ ។ ទីបញ្ចប់អវៈក៏ធ្លាក់ក្នុងកណ្ដាប់ដៃពួកប៉េហ្កាន ហើយស្ដេចឌ្យុបទីត្រូវគេចាប់បានជាមួយព្រះរាជវង្សានុវង្ស ។ មូលហេតុដែលធ្វើឱ្យមានជ័យជម្នះនេះគឺដោយសារពួកអឺរ៉ុបមានវិន័យល្អ ជាង អង់អាចក្លាហានជាងចេះជួយគ្នាទៅវិញទៅមកនៅពេលប្រយុទ្ធមានះរក្សា ទីតាំងមិនរត់ចោលគ្នីគ្នា ។ កាលណាគេត្រូវការធ្វើសកម្មភាពខ្លាំងក្លាណាមួយដែលមានគ្រោះថ្នាក់ អាចត្រូវទាមទារឱ្យធ្វើពលិកម្មកម្លាំងខ្លះ ឬបើសិនជាគេត្រូវការហៅរកជំនួយនៅត្រង់ចំណុចដែលរងការគំរាមណាមួយ គេហៅរកពួកអឺរ៉ុបនោះឯង ។ គេអាចជួលកម្លាំងពួកអឺរ៉ុបនេះបានរាប់រយជួនកាលដល់រាប់ពាន់នាក់ ហើយជួនកាលគេប្រទះឃើញពួកនោះស្លាប់នៅក្នុងសមរភូមិដោយមានអាវុធ ជាប់ក្នុងដៃរហូតដល់ទៅ១-២រយនាក់ ។ ពួកទ័ពអឺរ៉ុបទាំងនោះច្រើនតែកាន់កាំភ្លើងធំតែក៏មានអ្នកកាន់ កាំភ្លើងដៃផងដែរ ហើយពេលណាចប់ការប្រយុទ្ធនៅចន្លោះសង្គ្រាមគេឃើញពួកនោះរៀបចំស្ល ដែកធ្វើកាំភ្លើង និងគ្រាប់ ។ ជាទូទៅវត្ដមានរបស់ពួកអឺរ៉ុបនៅជាមួយកងទ័ពណាមួយគឺជាមូលហេតុដែល ធ្វើឱ្យកងទ័ពនោះទទួលបាននូវជ័យជម្នះជាដរាប ។
នៅពេលដែលទទួលបានជ័យជម្នះលើពួកភូមារួច ស្ដេចប៊ែងហ្គាដែឡារបស់ប៉េហ្កានក៏រៀបចំដណ្ដើមយកទឹកដីភ្លាម ។ ព្រះអង្គបានផ្លាស់ចៅហ្វាយខែត្រភូមាចេញដាក់ចៅហ្វាយខែត្រប៉េហ្កាន ជំនួសប្រគល់ទ័ពឱ្យពី២រយទៅ៣រយនាក់ ហើយរៀបចំឱ្យយោធភូមិមានគ្នាដល់ទៅ៥រយនាក់នៅកាន់កាប់ចំណុច យុទ្ធសាស្ដ្រផ្សេងៗ ។ ពេលរៀបចំស្រុកទេសរួចហើយទ្រង់បានប្រគល់ការគ្រប់គ្រងលើទឹកដីដែល ដណ្ដើមបាននេះ (គឺភូមាភាគខាងលើ) ឱ្យទៅព្រះអនុជព្រះនាមអាប៉ូរ៉ាសា ទទួលខុសត្រូវទើបទ្រង់យាងត្រលប់មកកាន់រាជធានីប៉េហ្គូវិញដោយនាំ យកស្ដេចជាឈ្លើយសឹកទៅជាមួយផង ។ ក៏ប៉ុន្ដែព្រះអង្គឆាប់វិលត្រលប់ទៅវិញលឿនពេក ។ នៅឆ្នាំបន្ទាប់នោះ អាឡោងផ្រាដែលជាមេភូមិរបស់ភូមាមួយស្ថិតនៅត្រើយខាងឆ្វេងទន្លេ ឥរាវតីមានឈ្មោះថា ម៉ាន់ចាបូ បានងើបបះបោរឡើងលួចសម្លាប់ទ័ពដែលកាន់កាប់ប៉ុស្ដិ៍មួយនៅក្បែរ នោះតែបាននិយាយពន្យល់ឱ្យពួកប៉េហ្កាននៅសៀម ហើយបានចាប់ផ្ដើមជ្រើសរើសទ័ពដោយសម្ងាត់រួចលើកគ្នាទៅវាយយក រាជធានីអវៈបាន សង្គ្រាមក៏ផ្ទុះឡើង ។ ពេលនោះពួកពាណិជ្ជករបារាំងបានប្រកាសគាំទ្រស្ដេចប៉េហ្គូ ចំណែកពួកពាណិជ្ជករអង់គ្លេសនៅលើកោះណេហ្គ្រេគាំទ្រពួកភូមា ។ ទ័ពទាំងសងខាងក៏ចាប់តាំងរៀបចំបំពាក់កាំភ្លើងឱ្យកម្លាំងរៀងៗខ្លួន ហើយសង្គ្រាមនៅភូមាដែលមានទ្រង់ទ្រាយធំមួយមិនដែលមានពីមុនមកក៏ ចាប់ផ្ដើមឡើង ។ ពួកប៉េហ្កានត្រូវបរាជ័យភូមាដណ្ដើមយករាជធានីបានហើយបានចាប់ ស្ដេចប៉េហ្កានអារកធ្វើគុតចោលទៅ ។ ភូមាបានរៀបចំព្រះរាជាណាចក្រឡើងវិញដោយមានរាជធានីនៅម៉ាន់ចាបូ (១៧៥៧) ។
គេបានលើកអាឡោងផ្រាដែលបានរំដោះប្រទេសពីពួកប៉េហ្កានឱ្យឡើង សោយរាជ្យ ។ ដើម្បីកុំឱ្យពួករាជបុត្ររបស់ស្ដេចភូមាពីមុនដែលរត់គេចខ្លួនទៅ នៅឯស្រុកសៀមវិលត្រលប់មកទាមទារយករាជសម្បត្ដិវិញ អាឡោងផ្រាបានរៀបចំអន្ទាក់ចាប់បុត្រាទាំងអស់នោះបានហើយសម្លាប់ចោល ទៅ ។ នៅពេលដែលរៀបចំពង្រឹងអំណាចរបស់ខ្លួនបានស្រួលបួលរួចហើយ អាឡោងផ្រាក៏ចាប់ផ្ដើមវាតអំណាចដោយធ្វើសង្គ្រាមជាមួយស្ដេចតាវ៉យ ដែលមានជាតិសាសន៍ដូចគ្នាមុនគេព្រោះស្ដេចនេះមិនព្រមទទួលស្គាល់ អំណាចរបស់ខ្លួន រួចបានវាយយករ៉ង់ហ្គូនស៊ីរីយ៉ាំ និងដាឡា ដែលបាននាំគ្នាបះបោរប្រឆាំង ។ អាឡោងផ្រាបានបញ្ជាឱ្យគេសម្លាប់ពួកអង់គ្លេសនៅលើកោះណេហ្គ្រេដែល ទ្រង់បានចាត់ទុកជាមិត្ដ ឬបើហោចណាស់ក៏ជាសម្ព័ន្ធមិត្រដែរនៅក្នុងខែវិច្ឆិកា ឆ្នាំ១៧៥៧ ដោយពួកនេះបានលក់អាវុធទៅឱ្យពួកប៉េហ្កាន ។ ព្រះអង្គបានវាយដណ្ដើមយកកំពង់ផែមែរគុយរបស់សៀមនៅលើឆ្នេរសមុទ្រ បឹងហ្កាល់ដោយចោទប្រកាន់ថាបានទទួលពួកក្បត់ដែលភៀសខ្លួនមកឱ្យ ស្នាក់នៅធ្វើឱ្យទ្រង់អត់ឱនមិនបានតាមមកវាយដល់ទីនេះ ។ នៅពេលនោះព្រះអង្គបានឆ្លងកាត់ព្រំដែនធ្វើដំណើររហូតមកដល់ អយុធ្យាដែលពួកភូមា និងប៉េហ្កាននាំគ្នាហៅថាទ្វារវតី ។ ប៉ុន្ដែអាឡោងផ្រាធ្លាក់ខ្លួនឈឺ២ថ្ងៃក្រោយពេលដែលរៀបចំលេណដ្ឋាន ការពាររួចព្រះអង្គក៏ចេញបញ្ជាឱ្យធ្វើដំណើរវិលត្រលប់មកភូមាវិញ តាមមាត់សមុទ្រ ។ ទ្រង់បានសុគតទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៧៦០ ក្នុងព្រះជន្មាយុ៥០ព្រះវស្សា ពីរថ្ងៃមុននឹងមកដល់ម៉ាតាបាន ។
ព្រះរាជបុត្រាច្បងព្រះនាមណាំដូហ្សេប្រូវ បានឡើងសោយរាជ្យបន្ដពីព្រះអាឡោងផ្រាក៏ប៉ុន្ដែទ្រង់ឡើងសោយរាជ្យ មិនទាន់ទាំងបានប៉ុន្មានផងក៏ត្រូវធ្វើការប្រយុទ្ធទប់ទល់នឹងមេទ័ព ម្នាក់ឈ្មោះនុតទូម ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ហើយបានដណ្ដើមយកទីក្រុងមួយចំនួនក្នុងនោះមានទាំងអវៈផងដែរ ។ សង្គ្រាមស៊ីវិលបានបន្ដអស់ពេល២ឆ្នាំរហូតដល់ពេលដែលចាប់មេទ័ព នុតទូមសម្លាប់ចោលហើយដណ្ដើមអវៈបានមកវិញនៅក្នុងឆ្នាំ១៧៦២ ។ ស្ដេចណាំដូហ្សេប្រូវសុគតទៅនៅក្នុងខែមីនា ឆ្នាំ១៧៦៤ ។ ព្រះអនុជរបស់ព្រះអង្គព្រះនាមថា ស៊េមហ៊ូអាន ដែលធ្លាប់បះបោរប្រឆាំងនឹងព្រះអង្គម្ដងនៅក្នុងឆ្នាំ១៧៦០ បានស្នងរាជ្យបន្ដមក ។ ស៊េមហ៊ូអាននេះជាមេទ័ពមួយអង្គរបស់អាឡោងផ្រានៅពេលដែលវាយយក អយុធ្យា ទ្រង់ក៏ចាប់បន្ដគម្រោងការរបស់ព្រះបិតាប្រឆាំងនឹងសៀមឡើងវិញ ។ នៅពេលដែលទ្រង់ចេញដំណើរទៅបង្ក្រាបពួកកាសៃនៅភាគពាយ័ព្យភូមាកាប់ សម្លាប់ដុតបំផ្លិចបំផ្លាញពួកនេះដែលប្រកែកមិនព្រមចំណុះព្រះអង្គ ទ្រង់បានបញ្ជាឱ្យទ័ព២កងចេញដំណើរទៅសៀម មួយកងទៅតាមទិសខាងជើង មួយកងទៀតទៅពីខាងលិចតាមតាវ៉យ ។ ទ័ពទាំង២កងបានទៅជួបគ្នាវាយសៀមរួចបោះជំរំនៅពីមុខអយុធ្យាដែល កាលណោះគឺជារាជធានីមួយមានរបងធ្វើពីឥដ្ឋមានគូទឹកធំមួយព័ទ្ធ ជុំវិញ និងមានប៉មការពារពីមួយកន្លែងទៅមួយកន្លែងទៀត ។ ភូមាព័ទ្ធអយុធ្យាអស់ពេល៣ខែ ស្ដេចសៀមបានលួចរត់ចេញរួចអយុធ្យាក៏ធ្លាក់ក្នុងកណ្ដាប់ដៃភូមានៅ ក្នុងឆ្នាំ១៧៦៧ ដែលរងការដុតបំផ្លាញខូចខាតអស់ជាច្រើន ។
ទ័ពភូមាវិលត្រលប់មកពីអយុធ្យាវិញតាមម៉ាតាបានដោយបាននាំយកជ័យ ភណ្ឌជាច្រើនមកជាមួយផង ស្រាប់តែលេចឮដំណឹងថាមានទ័ពចិន៥ម៉ឺននាក់ធ្វើដំណើរចេញពី តាលីហ៊្វូដែលជាស្រុកដើមរបស់ពួកថៃចូលមកលុកលុយភូមាភាគខាងលើ ។ ស្ដេចស៊េមហ៊ូអានបានបញ្ជូនទ័ពមួយកងឱ្យទៅទប់ទល់ជាមួយពួកចិន ។ ទ័ពនេះត្រូវបរាជ័យនៅក្នុងការប្រយុទ្ធដំបូងក៏ប៉ុន្ដែបានកាប់ សម្លាប់ពួកចិនស្លាប់ស្ទើរគ្មានសល់ម្នាក់ត្រលប់ទៅយុនណានវិញនៅ ក្នុងការប្រយុទ្ធលើកទី២ ។ ទ័ពចិនខ្លះស្លាប់នៅក្នុងពេលប្រយុទ្ធខ្លះទៀតត្រូវចាប់បានហើយ សម្លាប់ចោលក្រោយពេលប្រយុទ្ធសល់ពីនោះត្រូវចាប់បានជាឈ្លើយហើយ នាំយកមកធ្វើជាខ្ញុំ ។ នៅពេលនោះភូមាបានលើករាជធានីពីអវៈមកតាំងនៅឯអមរបុរ (25) វិញហើយបាននាំគ្នាជួសជុល ឬកសាងវត្ដឡើងវិញ ។
យុគសម័យសន្ដិភាពមួយបានបើកទំព័រហើយស្រាប់តែពួកភូមាចង់ដាក់ ទណ្ឌកម្មពួកសៀមដែលនៅក្រោមការដឹកនាំរបស់ស្ដេចភ្យាតាកជាកូនសៀម កាត់ចិនព្រោះមិនគោរពសន្ធិសញ្ញាដែលបានចុះហត្ថលេខាជាមួយគ្នាកាល ពីឆ្នាំ១៧៦៧ ។ ភូមាចាប់ផ្ដើមចូលលុកលុយអាណាខែត្រភាគខាងលិចរបស់សៀមតែត្រូវ បរាជ័យក៏ដកថយមកម៉ាតាបានវិញដើម្បីរង់ចាំជំនួយហើយចង់ជ្រើសរើស ទ័ពបន្ថែមនៅនឹងប៉េហ្គូ ។ ពួកប៉េហ្កានបានបះបោរប្រឆាំង (១៧៧១) ហើយសង្គ្រាមក៏ផ្ទុះឡើងអស់ពេលជាច្រើនឆ្នាំ ។ សង្គ្រាមបានបញ្ចប់ទៅនៅក្នុងឆ្នាំ១៧៧៥ ជាមួយនឹងបរាជ័យរបស់ពួកប៉េហ្កានការធ្វើឃាតស្ដេចប៉េហ្កានហើយនិង ការចេញច្បាប់ដ៏តឹងរ៉ឹងមួយដោយភូមា ។
នៅក្នុងឆ្នាំ១៧៨១ នាម៉ឺនសព្វមុខមន្ដ្រីបាននាំគ្នាឃុបឃិតបះបោរប្រឆាំងនឹងស្ដេចភូមា ព្រះនាមចេងគូសា ដែលកាចសាហាវផ្ដាច់ការហើយឆ្វេងហួសហេតុដែលទើបតែបានសម្លាប់ព្រះ អនុជ និងព្រះអគ្គមហេសី ។ ស្ដេចនេះបានត្រូវឪពុករបស់ព្រះអគ្គមហេសីធ្វើគុតបាននៅក្នុង ព្រះរាជដំណាក់ ។ គេក៏លើកបុត្រាទី៤របស់អាឡោងផ្រាឱ្យឡើងសោយរាជ្យបន្ដ ។ នៅពេលនោះពួកបារាំង និងអង់គ្លេសដែលមានអគារពាណិជ្ជកម្មនៅនឹងរ៉ង់ហ្គូនកើតការច្រណែន គ្នាក៏ខិតខំអែបអបព្រះរាជាតែរៀងខ្លួន ។ ទំនាស់នេះបានក្លាយទៅជាកាន់តែស្រួចស្រាល់ឡើងនៅពេលដែលមាន បដិវត្ដន៍នៅស្រុកបារាំង (26) ព្រោះថាអង់គ្លេសពេលនោះមានអំណាចខ្លាំងណាស់នៅឥណ្ឌា ចំណែកឯបារាំងវិញបានបោះបង់ដីដែលដណ្ដើមបានទាំងប៉ុន្មានឱ្យទៅ អង់គ្លេសអស់ដោយមិនអាចរក្សាទុកបាន ហើយមានបំណងចង់មកយកភូមានេះជាជំនួសបឹងហ្កាល់វិញ ។ មុនដំបូងបារាំងបានទទួលការអនុញ្ញាតឱ្យមានអគ្គរាជទូតបណ្ដោះអាសន្ន មួយនៅរ៉ង់ហ្គូន រួចឱ្យមានរ៉េស៊ីដង់ម្នាក់ បន្ទាប់មកឱ្យមានកម្លាំងការពាររ៉េស៊ីដង់នោះហើយនិងបុព្វសិទ្ធិខ្លះ ចំពោះពួកពាណិជ្ជករ ។
ពេលនោះបារាំងជាប់រវល់នឹងរឿងរ៉ាវនៅឯអឺរ៉ុបខ្លាំងណាស់គ្មាន ផលប្រយោជន៍អ្វីខ្លាំងក្លានៅឯចុងបូព៌ាប្រទេស និងមិនអាចមកគាំទ្រការខិតខំប្រឹងប្រែងរបស់ពួកពាណិជ្ជករបារាំងនៅ ភូមានេះបានទេ ។ ពេលនោះគេមិនទាន់ស្គាល់បារាំងច្រើនប៉ុន្មានទេ នៅភូមាគេស្គាល់បារាំងតែតាមរយៈពួកពាណិជ្ជករមួយចំនួនប៉ុណ្ណោះ ។ ប៉ុន្ដែគេស្គាល់អង់គ្លេសច្បាស់ហើយគេខ្លាចពួកនេះបារម្ភខ្លាចតែ អង់គ្លេសយកភូមាធ្វើដូចជាឥណ្ឌាអីចឹងដែរ ។ ជម្លោះតូចមួយបានផ្ទុះឡើងតែគេបានសម្រុះសម្រួលគ្នាដោយប្រគល់ ភូមាដែនទឹកឱ្យទៅអង់គ្លេសដែលរង់ចាំតែឱកាសនេះដោយអន្ទះសាដើម្បី ដាក់បញ្ចូលទៅក្នុងអាណាចក្រអង់គ្លេសនៅឥណ្ឌានៅក្នុងឆ្នាំ១៨២៤ ។ រ៉ង់ហ្គូនបានក្លាយទៅជាទីក្រុងដ៏ធំមួយ និងជារដ្ឋធានីរបស់អ្វីដែលគេបានហៅថាជាភូមាអង់គ្លេសក្នុងនោះ មានទាំងទឹកដីអតីតប៉េហ្គូផងដែរ ហើយនិងឆ្នេរសមុទ្រទាំងអស់នៅចន្លោះជួរភ្នំ និងសមុទ្របឹងហ្កាល់ចាប់តាំងពីព្រំដែនរដ្ឋអាស្សាមរហូតដល់បួរក្រា នៅក្នុងទៀបកោះម៉ាឡាកា ១៨២៦-១៨២៨ ។ គួរកត់សម្គាល់ថាពួកប៉េហ្កានដែលស្អប់ភូមាខ្លាំងណាស់នោះមិនមាន យល់ទាស់អ្វីនឹងឃើញពួកអង់គ្លេសមកកាន់កាប់ទឹកដីរបស់គេជំនួសពួក ភូមានោះទេ ។
ចាប់ពីពេលនោះមកប្រទេសភូមាដែលមិនមែនជាអង់គ្លេសគ្មានផ្លូវ ចុះទៅកាន់សមុទ្រទេហើយបានចុះខ្សោយលែងជារដ្ឋមួយសំខាន់ទៀតហើយ នៅឥណ្ឌូចិន ខុសពីភូមាអង់គ្លេសដែលមានការគ្រប់គ្រងល្អ មានសន្ដិសុខជាង ហើយស្ថិតនៅឆ្ងាយផុតពីកំហឹងរបស់ពួកអ្នកកាន់អំណាច និងចិត្ដសាវារបស់រាជវាំង ។ មានពួកប៉េហ្កានជាច្រើននាក់ដែលរស់នៅក្នុងភូមាមិនមែនអង់គ្លេសរួម ទាំងពួកភូមាខ្លួនឯងផងដែរដែលស្រលាញ់របបគ្រប់គ្រងរបស់អង់គ្លេសបាន នាំគ្នារត់មករស់នៅក្នុងទឹកដីភូមាអង់គ្លេស ។ ពាណិជ្ជកម្មស្ទើរតែទាំងអស់របស់ស្រុកអាឡោងផ្រាបានប្រព្រឹត្ដទៅដោយ ឆ្លងកាត់ភូមាអង់គ្លេសនេះ ។
ពេលនោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកពាណិជ្ជករបារាំងដើម្បីទទួល បាននូវទំនុកចិត្ដរបស់ស្ដេចភូមាបានទទួលលទ្ធផលល្អហើយក៏ប៉ុន្ដែ បារាំងគ្មានច្រកឯណានឹងចូលទៅដល់ខាងត្បូងទេណាមួយបារាំងក៏មិន ទាន់កាន់កាប់ស្រុកលាវបាននៅឡើយផង ។ ម្យ៉ាងទៀតបារាំងពេលនោះជាប់រវល់ក្នុងការរៀបចំស្រុកខ្លួនឯងដែរ មិនអាចងាកមកលូកដៃក្នុងរឿងរ៉ាវនៅចុងបូព៌ាប្រទេសបានទេបើមិន ទាន់ដោះស្រាយរឿងនៅក្នុងស្រុករួចនោះ ។ ក៏ប៉ុន្ដែបារាំងបានចុះហត្ថលេខាលើអនុសញ្ញាពាណិជ្ជកម្មមួយជាមួយ ភូមានៅក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ១៨៧៣ អនុសញ្ញានោះអនុញ្ញាតឱ្យបារាំងដាក់ភ្នាក់ងារម្នាក់នៅក្នុងរាជធានី ភូមា ។ ក្រោយនោះបន្ដិចមានសន្ធិសញ្ញាមួយទៀតដែលចុះហត្ថលេខាថ្ងៃទី១៥ ខែមករា ឆ្នាំ១៨៨៥ បានមកបំពេញបន្ថែមពីលើអនុសញ្ញាមុនផ្ដល់ដោយសេរីភាពច្រើនជាងឱ្យ បារាំងក៏ប៉ុន្ដែត្រូវពួកអង់គ្លេសតាមដានត្រួតពិនិត្យជាប់ ។ រដ្ឋាភិបាលរ៉ង់ហ្គូន និងរដ្ឋាភិបាលកាល់គូតាបានទទួលដំណឹងអំពីសន្ធិសញ្ញានេះតាមរយៈ កុងស៊ុលអ៊ីតាលីដែលភ្នាក់ងារបារាំងបានប្រហែសនិយាយប្រាប់ដោយមិន ស្មានថាអាចនឹងមានគ្រោះថ្នាក់សោះទេក៏ចាប់ធ្វើសកម្មភាពភ្លាមមិន អាចឱ្យរដ្ឋាភិបាលប៉ារីសធ្វើការឆ្លើយតបទាន់ពេលបានឡើយព្រោះនៅ ឆ្ងាយពេក ។ ម្យ៉ាងទៀតពួកអង់គ្លេសដែលបារម្ភខ្លាចតែបារាំងឆ្លៀតយកឱកាសដែល កាន់កាប់ស្រុកលាវដើម្បីឈានទៅដណ្ដើមយកបណ្ដារដ្ឋសាន រួចឈានមកវាតអាណាព្យាបាលលើភូមាថែមទៀតនោះក៏ឆ្លៀតយកឱកាសដែលមាន ព្រឹត្ដិការណ៍សាហាវឃោរឃៅកើតមានឡើងនៅក្នុងរាជវាំងម៉ាន់ដាឡៃដោយ ចោទថានោះជាអំពើព្រៃផ្សៃគួរឱ្យស្អប់ខ្ពើមចំពោះឧក្រិដ្ឋកម្មរបស់ ស្ដេចធេបូដែលមិនអាចទទួលយកបានរួចបានដណ្ដើមយកភូមាភាគខាងជើងនៅ ចុងឆ្នាំ១៨៨៦ (27) ក្នុងនាមសីលធម៌ដែលបំបាក់មុខ ។
ទីបំផុតអ្វីៗបានកន្លងហួសទៅហើយរាជបល្ល័ង្ករបស់ស្ដេចចុងក្រោយ នៃរាជវង្សអាឡោងផ្រាដែលបានគ្រប់គ្រងទឹកដីភូមាអស់កាលជាង១៣០ឆ្នាំ ក៏ដួលរលំបាត់ទៅនៅក្នុងឈាម និងការអាម៉ាស់ ។ ហើយអាណាចក្រអង់គ្លេសនៅឥណ្ឌាដែលទើបតែដណ្ដើមយកអាស្សាម និងអារ៉ាកានក៏បានពង្រីកចូលមកក្នុងឥណ្ឌូចិនរហូតដល់ទន្លេមេគង្គ ភាគខាងលើពីខាងកើតរួមមានដីមួយចំណែកធំរបស់ទៀបកោះម៉ាឡាកា និងឆ្នេរសមុទ្របឹងហ្កាល់ទាំងអស់ ។
៧-ពួកអឺរ៉ុបនៅចុងបូព៌ាប្រទេស
យើងបានឃើញនៅក្នុងកំណត់សម្គាល់មុនរួចហើយស្ដីពីតួនាទីរបស់ ពួកអឺរ៉ុបនៅចុងបូព៌ាប្រទេស ជាពិសេសគឺពួកព័រទុយហ្គាល់ ថាតើពួកនេះបានធ្វើអ្វីខ្លះប្រកបដោយថាមពលដូចម្ដេចនៅក្នុង សតវត្សរ៍ទី១៥ចាប់ពីឆ្នាំ១៤៩៨ មកចាប់តាំងពីឈូងសមុទ្រពែក្សរហូតទៅដល់ប្រទេសជប៉ុន ។ យើងបានឃើញកម្លាំងរបស់ពួកព័រទុយហ្គាល់ ហើយនិងការអង់អាចរបស់គេរួចឃើញឱនភាពរបស់ពួកនេះនៅក្រោមការ វាយប្រហាររបស់ពួកហូឡង់ដែលព័រទុយហ្គាល់បានច្បាំងជាមួយតាំងតែពីនៅ ឯអឺរ៉ុបឯណោះ ក្រោយពីការដាក់បញ្ចូលប្រទេសព័រទុយហ្កាល់ទៅក្នុងព្រះរាជាណាចក្រ អេស្ប៉ាញនៅក្នុងឆ្នាំ១៥៨០ និងការហាមប្រាមរបស់ស្ដេចហ្វីលីពទី២មិនឱ្យកប៉ាល់ហូឡង់ចូលចតនៅ តាមកំពង់ផែក្នុងឧបទ្វីប ។ ក៏ប៉ុន្ដែមិនមែនមានតែពួកហូឡង់មួយប៉ុណ្ណោះទេដែលបានមកប្រកួត ប្រជែងជាមួយពួកព័រទុយហ្គាល់នៅចុងបូព៌ាប្រទេសនេះនៅមានពួកអឺរ៉ុប ផ្សេងទៀតជាច្រើនជាអាទិ៍គឺពួកអង់គ្លេស ពួកដាណឺម៉ាក តាមពិតគឺពួកន័រវែសទេ (តែស្ថិតនៅក្រោមការត្រួតត្រារបស់ដាណឺម៉ាក) និងពួកបារាំងផងដែរដែលបានបញ្ជូននាវាពាណិជ្ជកម្មឱ្យមកស្វែងយល់ពី ទឹកដីតាមឆ្នេរសមុទ្រដើម្បីចាប់ផ្ដើមធ្វើពាណិជ្ជកម្ម ។ ពួកអ្នកមកក្រោយនេះបានសង្កេតឃើញថាទីកន្លែងសំខាន់ៗបានត្រូវពួក ព័រទុយហ្គាល់កាន់កាប់អស់ហើយដោយពួកនេះបានមកដល់តាំងតែពីឆ្នាំ ១៤៩៨ម្ល៉េះ ។ ដោយមិនអាចចូលទិញទំនិញយកមកពីឥណ្ឌានៅក្រុងលីស្បោនបានពួកហូឡង់ បានធ្វើដំណើរតាមមករហូតដល់ចុងបូព៌ាប្រទេសនេះនៅក្នុងឆ្នាំ១៥៩៩ ហើយពិនិត្យឃើញថាត្រូវតែធ្វើសង្គ្រាមវាយប្រហារទៅលើកប៉ាល់របស់ ពួកអេស្ប៉ាញ និងព័រទុយហ្គាល់ដុតបំផ្លាញទំនិញចោលមិនត្រូវទិញយកទំនិញទាំងអស់ នោះទេ (28) ។
លទ្ធផលដំបូងៗខាងពាណិជ្ជកម្មរបស់នាវាចម្បាំងនៃបណ្ដាប្រទេស អស់នោះមិនមែនសុទ្ធតែល្អប្រសើរជាទូទៅនោះទេ ព្រោះពួកអ្នកដែលបានមកដល់មុនគេបានកាន់កាប់ទីកន្លែងសំខាន់ៗអស់ ហើយ ហើយមានតួនាទីមួយក្នុងការបម្រើអ្នកដែលមកដល់ថ្មី ។ ប៉ុន្ដែពួកនាយកប៉ាល់ក៏ដូចជាពួកពាណិជ្ជករដែរគេគិតថានៅមាន កន្លែងសម្រាប់ទាំងអស់គ្នារកកម្រៃចំណេញច្រើនណាស់ដែលត្រូវប្រមូល ហើយគេមិនទាន់មានគំនិតចង់ដណ្ដើមយកទឹកដីអ្នកស្រុកអាយនៅឡើយទេ លើកលែងតែពួកព័រទុយហ្គាល់មួយដែលបានកាន់កាប់កោះហ្កូអាម៉ាឡាកា និងទីក្រុងសំខាន់ខ្លះទៀតហើយនិងបានទទួលការអនុញ្ញាតពីពួកចិនឱ្យ តាំងទីពេញសិទ្ធិនៅនឹងម៉ាកាវក្នុងឆ្នាំ១៥៥៣ ដោយបង់ពន្ធគយឱ្យចិនចំនួនជាប្រាក់៥០០ណែន (ត្រូវជា៤ពាន់ហ្វ្រង់) ក្នុង១ឆ្នាំៗ (29) (ព័រទុយហ្គាល់បានមកតាំងនៅលើកោះម៉ាកាវនេះតាំងតែពីឆ្នាំ១៥៣៧ ម្ល៉េះ) ។ គេគិតតែពីរឿងបង្កើតរោងចក្រអគារពាណិជ្ជកម្ម ឬហាងធំៗ ។ នៅទីបញ្ចប់គេយល់ថាដើម្បីឱ្យបានសម្រេចគេមិនគ្រាន់តែត្រូវបញ្ជូន នាវាពាណិជ្ជកម្ម៣-៤គ្រឿងទៅកាន់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្ដែត្រូវបំពាក់អាវុធឱ្យនាវាទាំងអស់នោះឱ្យទៅជានាវាចម្បាំង ផងហើយបង្កើនឱ្យរឹតតែច្រើនដើម្បីអាចការពាផ្លូវចេញចូលអឺរ៉ុបបាន ហើយឱ្យរឹតតែច្រើនថែមទៀតនៅឯចុងបូព៌ាប្រទេស ។ កន្លងមកមាននាវាដែលគេរៀបចំដូចខាងលើនេះនៅឯអាំស្ទែរដាំ ឡុង រូអង់ តែមិនមែនជាកងនាវាមួយនោះទេ ។ គឺនៅពេលនោះហើយដែលគេបាននាំគ្នាបង្កើតក្រុមហ៊ុនឥណ្ឌាភាគខាងកើត ឡើងនៅក្នុងប្រទេសនីមួយៗមានអ្នកសុំការអនុញ្ញាតពីរដ្ឋាភិបាលឱ្យគេ មានសិទ្ធិធ្វើពាណិជ្ជកម្មផ្ដាច់មុខនៅចុងបូព៌ារួចហើយក៏ធ្វើ ខ្លួនគេឱ្យទៅជាឯករាជ្យឡើង ។
ចំពោះពួកព័រទុយហ្គាល់វិញខុសពីហ្នឹងគឺជានិច្ចជាកាលគេធ្វើ នាវាចរ ឬធ្វើពាណិជ្ជកម្មដើម្បីតែស្ដេចរបស់គេប៉ុណ្ណោះម្ល៉ោះហើយ ពាណិជ្ជកម្មត្រូវស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ។ យ៉ាងណាមិញគេអាចពិនិត្យមើលឃើញច្បាស់ថានៅពេលដែលប្រទេស ព័រទុយហ្គាល់បានត្រូវដាក់បញ្ចូលទៅក្នុងប្រទេសអេស្ប៉ាញដោយពេលនោះ រដ្ឋាភិបាលអេស្ប៉ាញយកចិត្ដទុកដាក់ចំពោះតែអាណានិគមដែលគេមាននៅឯ អាមេរិកខាងត្បូង និងអាមេរិកកណ្ដាលខ្លាំងជាងគេមិនសូវជាគាំទ្រសកម្មភាពរបស់ពួក ព័រទុយហ្គាល់ដែលទើបតែបានក្លាយមកជាប្រជាជនអេស្ប៉ាញដែរនៅឯចុង បូព៌ាប្រទេសប៉ុន្មានទេ ។
ក្រុមហ៊ុនឥណ្ឌាភាគខាងកើតមួយដែលកើតមុនគេគឺជាក្រុមហ៊ុនរបស់ពួក ហូឡង់បង្កើតឡើងនៅក្នុងឆ្នាំ១៥៩៤ ។ បន្ទាប់មកគឺក្រុមហ៊ុនរបស់អង់គ្លេសបង្កើតនៅក្នុងឆ្នាំ១៥៩៩ ។ ក្រុមហ៊ុនទី៣ជារបស់បារាំងបង្កើតឆ្នាំ១៦០៤ រួចក្រុមហ៊ុនទី៤ជារបស់ដាណឺម៉ាកបង្កើតឆ្នាំ១៦១២ ។ បណ្ដាក្រុមហ៊ុនដែលគេបង្កើតឡើងដំបូងៗគេនេះមានអាយុមិនវែង ប៉ុន្មានទេ ក្រុមហ៊ុនខ្លះក៏ដួលរលំភ្លាមទៅខ្លះទៀតរកបានចំណេញខ្លះតែមិនអាច បែងចែកចំណេញនោះឱ្យសមាជិកភាគហ៊ុនបានឡើយ ។ ក្រុមហ៊ុនភាគច្រើនត្រូវបានក្រុមហ៊ុនដែលកើតឡើងក្រោយៗមកទៀតជំនួស វិញ ។ មកដល់ត្រង់នេះខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនមានបំណងលើកយក ប្រវត្ដិសាស្ដ្ររបស់ក្រុមហ៊ុនផ្សេងៗមករៀបរាប់នោះទេគឺខ្ញុំ គ្រាន់តែចង់ជម្រាបជូនខ្លះៗដើម្បីឱ្យបានដឹងអំពីសកម្មភាពរបស់ ក្រុមហ៊ុនទាំងនោះជាទូទៅ និងឱ្យដឹងថាតើគេបានទទួលលទ្ធផលដូចម្ដេចខ្លះតែប៉ុណ្ណោះ ។
មុនដំបូងក្រុមហ៊ុនទាំងអស់នោះជាក្រុមហ៊ុនរបស់ពួកពាណិជ្ជករ ហើយភ្នាក់ងាររបស់គេមានឋានៈជាថៅកែពាណិជ្ជករ ពាណិជ្ជកររង ឬអ្នករកកម្រៃជើងសា ។ ពួកនេះច្រើនតែសុំដីតិចតួចពីស្ដេចនគរនីមួយៗដើម្បីសង់វរាសនៈ អគារពាណិជ្ជកម្ម រោងចក្រ ឬក៏ឃ្លាំងស្ដុកទំនិញតែប៉ុណ្ណោះ ហើយគេបានទាំងយល់ព្រមបង់ពន្ធដារខ្លះៗលើទំនិញដែលគេលក់ដូរនោះ ទៀតផង ។
មុនដំបូងក្រុមហ៊ុនរបស់ប្រទេសណាក៏ដូចជារបស់ប្រទេសណាដែរគេ បានចាប់ផ្ដើមឡើងយ៉ាងដូច្នេះ ។ ក៏ប៉ុន្ដែកាលពីពេលដែលមានតែពួកព័រទុយហ្គាល់ប៉ុណ្ណោះនៅចុងបូព៌ា មុនគេសភាពការណ៍បានធ្វើឱ្យកើតមានហេតុការណ៍ផ្សេងលើសពីការដែល គ្រាន់តែបង្កើតអគារពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្ម ។ ពួកនេះបានលូកដៃចូលទៅក្នុងផ្ទៃរបស់ប្រទេសនីមួយៗផ្ដល់ជំនួយឱ្យទៅ ស្ដេចម្ខាងច្បាំងប្រឆាំងនឹងស្ដេចម្ខាងទៀតហើយទទួលបានដីសម្បទាន រឹតតែធំឡើង ជួនកាលទទួលបានទីក្រុងមួយ ឬទឹកដីមួយទាំងមូលតែម្ដង ។ ជួនកាលទៀតដូចជានៅកាលីគុតកូ សាំងក្រង់ កាន័រកាណា អ័រឌីយូ ជាដើម ពួកនេះទទួលបានដីទំនេរមួយកន្លែងនៅក្បែរទីក្រុងមួយនៅលើនោះពួក គេក៏កសាងបន្ទាយមួយរួចទីក្រុងថ្មីមួយទៀត ។ ពួកគេបានក្លាយបន្ដិចម្ដងៗទៅជាមហាអំណាចយោធាមួយដែលធ្វើឱ្យ ស្ដេចស្រុកអាយខ្លបខ្លាចរហូតទាល់តែស្ដេចខ្លះបានទាមទារឱ្យចុះ កិច្ចសន្យាជាលាយល័ក្ខណ៍អក្សរនៅពេលប្រគល់ដីសម្បទានឱ្យថាមិនសង់ បន្ទាយទេ ។
នៅពេលដែលពួកហូឡង់បានបង្ហាញខ្លួនឡើងនៅចុងបូព៌ា របៀបរបបពាណិជ្ជកម្មពីមុនបានផ្លាស់ប្ដូរអស់ទៅហើយ ។ ចាប់តាំងតែពីមានការប្រកួតប្រជែងគ្នាដំបូងម្ល៉េះគឺចាប់ពីពេល ដែលស្ដេចហ្វីលីពទី២ បានហាមប្រាមមិនឱ្យនាវាហូឡង់ចូលចតនៅតាមកំពង់ផែរបស់ ព័រទុយហ្គាល់ និងអេស្ប៉ាញ នៅចុងបូព៌ាឯនេះគេហាក់ដូចជាមានអារម្មណ៍ថាពួកអឺរ៉ុបដែលមកដល់ លែងជាពាណិជ្ជករទៀតហើយតែមកជាអ្នកដណ្ដើមយកទឹកដីវិញម្ដង ។ គេគិតថាប្រទេសឥណ្ឌាក៏ដូចជាអាំងស៊ុយឡាំង ឥណ្ឌូចិន ចិន និងជប៉ុនផងដែរនឹងទទួលបាននូវរបៀបរបបធ្វើឱ្យមានអារ្យធម៌ថ្មី មួយ និងទទួលបាននូវការណែនាំឱ្យចូលកាន់សាសនាថ្មីមួយហើយមានមហាអំណាច ថ្មីមួយមកដល់ដែលគេមិនដែលស្គាល់ពីមុនមកសោះ ។
នៅកន្លែងខ្លះស្ដេចស្រុកអាយរអ៊ូរទាំថាពួកព័រទុយហ្គាល់នេះបានមក ធ្វើឱ្យល្អក់កករនៅក្នុងស្រុកដោយនាំឱ្យអ្នកស្រុកបែរទៅកាន់ សាសនាកាតូលិកវិញមករំខានដល់របររកស៊ីរបស់ពួកពាណិជ្ជករដែលកាន់ សាសនាមហាម៉ាត់ និងជួនកាលកាន់ជើងគូប្រឆាំងរបស់ខ្លួនគេទៀតផង ។ ស្ដេចទាំងអស់នោះបាននាំគ្នាប្ដឹងទៅពួកហូឡង់ដែលទើបតែមកដល់ ដើម្បីឱ្យជួយវាយប្រហារទៅលើពួកព័រទុយហ្គាល់ដូចជានៅកាណាអ័រណា ហ្គាប៉ាតាណាំសាន់តូមេ ជាដើម ។ ជួនកាលគេគ្រាន់តែប្ដឹងឱ្យជួយការពារពីការវាយប្រហាររបស់ពួក ព័រទុយហ្គាល់ប៉ុណ្ណោះ ។ ដោយហូឡង់ និងអេស្ប៉ាញ កំពុងតែច្បាំងគ្នានៅឯអឺរ៉ុប ហើយដោយប្រទេសព័រទុយហ្គាល់បានត្រូវគេដាក់បញ្ចូលទៅក្នុងអេស្ប៉ាញ ហើយគេគិតថាវាគឺជាការធម្មតាទេដែលព័រទុយហ្គាល់ និងហូឡង់ច្បាំងគ្នានៅចុងបូព៌ានេះ ។ បើសិនជាចង់ដឹងឱ្យបានរឹតតែច្បាស់លាស់ថែមទៀតអំពីទំនាក់ទំនងរវាង ហូឡង់ជាមួយនឹងព័រទុយហ្គាល់នាសម័យនោះថាតើហូឡង់បានផ្ដល់ជំនួយឱ្យ ស្ដេចស្រុកអាយប្រឆាំងនឹងព័រទុយហ្គាល់ដូចម្ដេចហើយតើថាពួក ព័រទុយហ្គាល់បានចងសម្ព័ន្ធមេត្រីភាពជាមួយស្ដេចស្រុកអាយប្រឆាំងនឹង ហូឡង់វិញយ៉ាងដូចម្ដេចដើម្បីអាចវាយតម្លៃបានថាតើវាបាននាំមកនូវ ផលអាក្រក់ដល់ប្រជាជាតិទាំង២ដូចម្ដេចខ្លះសូមអញ្ជើញអានសៀវភៅ របស់លោកហ្គោជេស៊ូតិន ។ ជំនួយ និងចំណងមេត្រីភាពទាំងអស់នោះមិនមែនសុទ្ធតែបានមកដោយទទេនោះទេ ។ ដើម្បីជាការតបស្នងចំពោះជំនួយរបស់ពួកបរទេសស្ដេចស្រុកអាយបាន ផ្ដល់ដីសម្បទាន ឬទីក្រុងមួយជាថ្នូរដីសម្បទាន ឬទីក្រុងនោះមិនយូរមិនឆាប់បានក្លាយទៅជារដ្ឋតូចមួយរបស់ពួក ព័រទុយហ្គាល់ ឬហូឡង់ជារដ្ឋសម្រាប់តែពួកបរទេសដែលក្រោយមកបង្កជាការលំបាក ផ្សេងៗជៀសមិនរួចទាមទារឱ្យដោះស្រាយតាមការសម្របសម្រួល ។ ដោយពួកបរទេសនេះមានគ្នាតិចស្ដេចស្រុកអាយគិតថាគេអាចវាយឱ្យ បរាជ័យបានដោយកម្លាំងប្រជាជនដ៏ច្រើនលើសលុបរបស់គេ ។ ប៉ុន្ដែចំពោះពួកព័រទុយហ្គាល់ ឬហូឡង់វិញគេគិតថាពួកគេអង់អាចក្លាហានហើយមានអាវុធល្អៗជាង និងមានមេបញ្ជាការខ្លាំងពូកែជាង ហើយជាទូទៅពួកអឺរ៉ុបតែងតែចង់ដោះស្រាយដោយការប្រយុទ្ធឱ្យសត្រូវ បរាជ័យជាជាងការចរចាគ្នា ។ កាលណាគេវាយសត្រូវឱ្យបរាជ័យគេទទួលបានផលច្រើនជាងការចុះ សន្ធិសញ្ញា ។ ហើយកាលណាគេវាយដណ្ដើមយកបានទីក្រុងណាមួយពួកទាហានតែងតែសប្បាយនឹង ធ្វើការបំផ្លិចបំផ្លាញប្រមែប្រមូលយកទ្រព្យសម្បត្ដិអស់គ្មានសល់ ។
ជួនកាលពួកអឺរ៉ុបមិនបានរង់ចាំឱ្យមានការប្ដឹងតវ៉ា ឬមានការបង្ករឿងដើម្បីយកលេសនឹងធ្វើការវាយប្រហារទៅលើប្រទេសមួយ ហើយដណ្ដើមយកតែម្ដងនោះទេជាក់ស្ដែងដូចជាករណីពួកព័រទុយហ្គាល់កាល នៅក្រោមការដឹកនាំរបស់អាល់ប៊ុយគែក បានដណ្ដើមយកកោះហ្កូអានៅក្នុងឆ្នាំ១៥១០ រួចម៉ាឡាកាក្នុងឆ្នាំ១៥១១ជាដើម ។ ការវាយដណ្ដើមយកម៉ាឡាកានេះបានធ្វើឱ្យមានប្រតិកម្មជាខ្លាំងនៅ ចុងបូព៌ានេះមិនមែនដោយសារថាម៉ាឡាកានេះជាច្រកចេញចូលសំខាន់មួយ សម្រាប់នាវាចរនៅលើពិភពលោកជាចំណុចកណ្ដាលនៃពិភពទាំង៣គឺពិភព ហិណ្ឌូ ពិភពម៉ាឡេ និងពិភពឥណ្ឌូចិនដែលបន្ដរហូតទៅដល់ស្រុកចិនដ៏ធំហើយនិងប្រទេស ជប៉ុនទៀតផងនោះទេក៏ប៉ុន្ដែពីព្រោះព័រទុយហ្គាល់វាយដណ្ដើមយក ម៉ាឡាកាបានដោយគ្មានជម្លោះគ្មានមូលហេតុអ្វីសមស្របសោះ ។ អាល់ប៊ុយគែកអាចនឹងពន្យល់បានពីមូលហេតុវាយយកកោះហ្កូអា និងកោះទ្រីណាសេរីមក៏ប៉ុន្ដែគេមិនអាចពន្យល់មូលហេតុនៃការវាយយក ម៉ាឡាកាបានទេបើពុំនោះគឺដោយសារទីក្រុងនេះមានទីតាំងល្អសំខាន់ លេខមួយមានស្ដេច និងប្រជាជនកាន់សាសនាមហាម៉ាត់ខុសពីព័រទុយហ្គាល់ដែលកាន់សាសនា កាតូលិក ។ ដោយមានទីតាំងរួចហើយនៅហ្កូអា ម៉ាកាវ និងម៉ាឡាកា ពួកព័រទុយហ្គាល់បានក្លាយទៅជាមហាអំណាចដ៏ខ្លាំងក្លាមួយ ប៉ុន្ដែពួកនេះត្រូវប្រយុទ្ធតតាំងជាមួយពួកហូឡង់ដែលទើបតែនឹងដល់ តែបានក្លាយទៅជាមិត្ដរបស់ស្ដេចស្រុកអាយ ហើយបានចាប់ផ្ដើមវាយដណ្ដើមយកបន្ទាយផ្សេងៗរបស់ព័រទុយហ្គាល់នៅ ឥណ្ឌា និងម៉ាឡាកាដោយមានការគាំទ្រពីពួកជ្វាផង ។
ពួកព័រទុយហ្គាល់បានត្រូវគេបណ្ដេញចេញពីប្រទេសជប៉ុនព្រោះពួក នេះគិតគូរតែពីរឿងទាក់ទាញអ្នកស្រុកឱ្យផ្លាស់ប្ដូរសាសនាច្រើន ជាងការរកស៊ីគិតគូរពីរឿងដណ្ដើមយកអំណាចខ្លាំងជាងការដណ្ដើម ទីផ្សារ និងម្យ៉ាងទៀតព្រោះលោកសង្ឃកាតូលិក និងសាវ័ករបស់គេច្រើនតែជាអ្នកបង្កបញ្ហា មិនមែនជាអ្នកចូលចិត្ដសន្ដិភាព ។ នៅពេលដែលគេចាប់បង្ខំពួកសេស្វ៊ីត១១៧នាក់ ពួកហ្វ្រង់ស៊ីស្កាំង២២នាក់ និងពួកបព្វជិតព័រទុយហ្គាល់២០០នាក់ ឱ្យចុះកប៉ាល់ចេញពីជប៉ុនយកទៅដាក់នៅម៉ាកាវនៅក្នុងឆ្នាំ១៦១៧ ពេលនោះនៅក្នុងប្រទេសជប៉ុនមានប្រជាជនចំនួន១លាន៧សែននាក់ដែលបាន ប្ដូរចូលកាន់សាសនាកាតូលិក ។ តាមពិតពួកជប៉ុនគ្មានបំណងបណ្ដេញពួកពាណិជ្ជករព័រទុយហ្គាល់ចេញពី ស្រុកទេក៏ប៉ុន្ដែពួកលោកសង្ឃកាតូលិកបានលួចត្រលប់ចូលមកវិញដោយ លាក់កំបាំងហើយពួកអ្នកដែលបានប្ដូរទៅកាន់សាសនាកាតូលិកចំនួនទាំង ១.៧៥០.០០០នាក់បាននាំគ្នារំជើបរំជួលឡើង ជាហេតុដែលធ្វើឱ្យគេបណ្ដេញចេញទាំងអស់គ្នាទៅ ។ ចំណែកពួកហូឡង់វិញ ពួកនេះគោរពសាសនាអ្នកស្រុកអាយ មិនរវីរវល់នឹងការទាក់ទាញមនុស្សឱ្យប្ដូរចូលកាន់សាសនាកាតូលិកទេ បើទោះជាថាគេជាអ្នកជឿជាក់ក្នុងសាសនាកាតូលិកនេះក៏ដោយ ម្ល៉ោះហើយគេទទួលបានការអនុញ្ញាតឱ្យតាំងទីលំនៅលើកោះហ៊ីរ៉ាដូ (ដេស៊ីម៉ា) នៅចំពីមុខណាហ្គាសាគីឱ្យបើកអគារពាណិជ្ជកម្មរកស៊ីនៅទីនោះ ហើយបើរដ្ឋាភិបាលត្រូវការប្រាក់គេឱ្យខ្ចី ។ ក្រោយមកពួកអង់គ្លេសក៏ទទួលបាននូវបុព្វសិទ្ធិដូចគ្នានេះដែរ ហើយចាប់ពីពេលនោះមកពាណិជ្ជកម្មនៅប្រទេសជប៉ុនបានក្លាយទៅជាមុខរបរ ដ៏ល្អប្រសើរមួយ ។
នៅពេលដែលពួកអង់គ្លេស និងបារាំងចាប់ផ្ដើមមានតួនាទីសំខាន់នៅចុងបូព៌ា ពេលនោះពួកព័រទុយហ្គាល់នៅមានសេសសល់តែទឹកដីបន្ដិចបន្ដួចដែលគេ កាន់កាប់ពីមុន និងទឹកដីអាណាចក្រឥណ្ឌាខ្លះៗប៉ុណ្ណោះ ។ ពេលនោះពួកហូឡង់ដែលបានប្រយុទ្ធនឹងពួកអង់គ្លេសដែលចង់វាតទីនៅលើ សមុទ្រចុងបូព៌ាដែរបានបើកការវាយប្រហារទៅលើនាវារបស់ពួក ព័រទុយហ្គាល់ដណ្ដើមយកទំនិញ ហើយបានធ្វើនាវាចរនៅពាសពេញអាំងស៊ុយឡាំងដណ្ដើមយកហ្សាកាតាកូអិន និងបាតាវីយ៉ា នៅក្នុងឆ្នាំ១៦១៨ ។ ពួកបារាំង និងអង់គ្លេសមិនបានរំខានដល់ការងារនេះទេ ហើយគេបានទាំងទះដៃអបអរទៀតផងចំពោះការដែលហូឡង់បានបណ្ដេញ ព័រទុយហ្គាល់ចេញពីសិង្ហបុរី ម៉ាឡាកា ប្រជុំកោះប៉ុងហ៊ូ ឬប៉េស្កាឌ័រ នៅក្នុងច្រកកោះហ្វ៊័រម៉ូស និងជាពិសេសនៅពេលដែលហូឡង់បានទទួលកោះហ្វ៊័រម៉ូសពីចិនជាថ្នូរ នឹងកោះប៉េស្កាឌ័រ ។
គឺចេញពីបាតាវីយ៉ាដែលបានក្លាយទៅជាមូលដ្ឋាននៃទឹកដីដណ្ដើមបាន ទាំងអស់នៅចុងបូព៌ាប្រទេសនេះឯងដែលនាវាហូឡង់បានធ្វើដំណើរទៅ គ្រប់ទិសទីមានឥណ្ឌា ឥណ្ឌូចិន ជប៉ុន ចិន បញ្ជាដោយអ្នកដើរកប៉ាល់ពោរពេញទៅដោយសេចក្ដីក្លាហាន និងគ្មានការច្របូកច្របល់ក្នុងអារម្មណ៍ទៅត្រួតពិនិត្យការរកស៊ីតាម អគារពាណិជ្ជកម្មរបស់គេ ឬដឹកទំនិញទៅមកពីប្រទេសមួយទៅប្រទេសមួយ ផ្ទេរផ្ទូរចុះឡើងមុននឹងសម្រេចដឹកយកតែរបស់ដែលមានតម្លៃពីចុង បូព៌ាទៅអឺរ៉ុបដែលលក់ចេញបានតម្លៃយ៉ាងខ្ពស់ ។
នៅពេលដែលពួកព័រទុយហ្គាល់ និងហូឡង់អស់ឥទ្ធិពលទៅ បានទុកកន្លែងឱ្យអ្នកក្រោយៗម្ដងម្យ៉ាងគឺដោយសារពួកព័រទុយហ្គាល់ គ្មានកម្លាំងនឹងច្បាំងដណ្ដើមតទៅទៀត ឯពួកហូឡង់វិញគេបានប្រមូលផ្ដុំកម្លាំងនៅតែត្រឹមភាគខាងកើត និងខាងត្បូងឧបទ្វីបម៉ាឡេប៉ុណ្ណោះ ពេលនោះប្រជាជនឥណ្ឌាត្រូវប្រឈមមុខជាមួយមហាអំណាចថ្មី២ទៀតគឺ បារាំងដែលនៅក្រោមការដឹកនាំរបស់លោកឌុយផ្លិច និងអង់គ្លេសដែលនៅក្រោមការដឹកនាំរបស់ល័រគ្លីវ និងពួកអ្នកបន្ដវេនរបស់គាត់ ។ ដោយសារចង់មានអគារពាណិជ្ជកម្ម មានភូមិទីក្រុងមានអំណាចដូចព័រទុយហ្គាល់ ពួកអ្នកមកដល់ថ្មីនេះក៏ចាប់អនុវត្ដតាមនយោបាយរបស់ពួក ព័រទុយហ្គាល់ដែរ ដោយចូលរួមក្នុងសង្គ្រាមរវាងរដ្ឋស្រុកអាយ ធ្វើអន្ដរាគមន៍ចូលក្នុងសង្គ្រាមស៊ីវិលរវាងស្ដេចរាជវង្សតែមួយដែល ឈ្លោះដណ្ដើមអំណាចគ្នា ។ មុនដំបូងនយោបាយនេះមានបំណងត្រឹមតែដណ្ដើមយកទឹកដីនៅក្នុងពេលដែល មានភាពច្របូកច្របល់ និងសង្គ្រាមប៉ុណ្ណោះ ។ ក៏ប៉ុន្ដែដល់យូរៗទៅនយោបាយនេះចេះតែទាក់ទិនឆ្ងាយទៅៗរហូតដល់ថា ប្រទេសឥណ្ឌាទាំងមូលត្រូវក្លាយទៅជាភ្នក់ភ្លើងឆេះសន្ធោសន្ធៅដែលនៅ ក្នុងនោះពួកបារាំង និងពួកអង់គ្លេសដែលជាសត្រូវនឹងគ្នាស្រេចទៅហើយនៅឯអឺរ៉ុបបានមក ជួបគ្នាក្នុងនាមជាគូបដិបក្ខនៅឯឥណ្ឌាវិញ ម្នាក់ៗស្ថិតនៅក្នុងជួរទ័ពរបស់ស្ដេចស្រុកអាយប្រឆាំងគ្នាមុន ដំបូងគ្រាន់តែជាអ្នកស៊ីឈ្នួលច្បាំងទេ តែក្រោយមកច្បាំងកាប់សម្លាប់គ្នាដណ្ដើមទឹកដីតែម្ដង ។
នយោបាយនេះបានធ្វើឱ្យរដ្ឋស្រុកអាយជាច្រើនធ្លាក់ចូលក្នុងដៃ បារាំង និងអង់គ្លេស ហើយនៅពេលដែលអាណាចក្រម៉ុងហ្គោលត្រូវដួលរលំបាត់ទៅទុកឱ្យពួក មហាសេដ្ឋីបែងចែកទឹកដីគ្នា គេបានចោទសំណួរឡើងថាតើប្រទេសឥណ្ឌានឹងទៅជារបស់បារាំង ឬរបស់អង់គ្លេស ។ ទីបញ្ចប់ឥណ្ឌាក៏បានក្លាយទៅជារបស់អង់គ្លេស ឯពួកបារាំង និងព័រទុយហ្គាល់នៅមានសល់តែទីក្រុងលំនៅគេហបាល និងទីតាំងដាច់ៗពីគេប៉ុណ្ណោះនៅលើឧបទ្វីបហិណ្ឌូស្ថាននេះ ។ យើងបានឃើញពីខាងលើរួចហើយអំពីអំណាចរបស់អាណាចក្រម៉ុងហ្គោលដែល បាប៊ែរត្រូវជាបច្ឆាញាតិរបស់ទីមួខាន់ (តាមែរឡង់) បានបង្កើតឡើងនៅដើមសតវត្សរ៍ទី១៦ នៅពីខាងជើងប្រទេសឥណ្ឌា ។
នៅក្នុងឆ្នាំ១៥២៤ បាប៊ែរបានធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅវាយពួកប៉ាតង់ដឺឡូឌី ដែលសោយរាជ្យនៅទីក្រុងដែល្លីឱ្យបរាជ័យនៅក្នុងសមរភូមិប៉ានីប៉ាត់ ។ បន្ទាប់មកបាប៊ែរបានវាយពួករាជបុត្រដែលបានអះអាងថាខ្លួនជាពូជពង្ស អតីតក្សត្រឥណ្ឌានៅជិតអាក្រានៅក្នុងឆ្នាំ១៥២៧ ។ បុត្រារបស់បាប៊ែរឈ្មោះថា ហ៊ូម៉ាយុន បានឡើងកាន់អំណាចបន្ដនៅក្នុងឆ្នាំ១៥៣០ ហើយបានបន្ដវាយដណ្ដើមយកម៉ាល់វ៉ា និងគុជរដ្ឋ (តែត្រូវមេទ័ពអាហ្វហ្គានម្នាក់ទម្លាក់ពីរាជបល្ល័ង្កដណ្ដើមយកអំណាចឆ្នាំ១៥៤១) ក៏រត់ភៀសខ្លួនទៅរស់នៅឯស្រុកពែរ្ស រួចត្រលប់មកសោយរាជ្យវិញនៅក្នុងឆ្នាំ១៥៥៤ ។ ហ៊ូម៉ាយុនបានកសាងរាជវាំងដ៏ល្អនៅក្នុងរាជធានីដែល្លី ។ បុត្រារបស់បាប៊ែរឈ្មោះថាអាក់បារ ដែលគេហៅថា មហាអាក់បារ បានឡើងសោយរាជ្យបន្ដពីព្រះបិតាក្នុងជន្មាយុ១៥ព្រះវស្សានៅក្នុង ឆ្នាំ១៥៥៥ ។ អាក់បាបានវាយពួកអាហ្វហ្គានដែលប្រុងចូលលុកលុយឱ្យបរាជ័យវាយសំណង់ នៅក្នុងរាជធានីអាក្រាធ្វើពីឥដ្ឋចោល ហើយសង់បនា្ទយរឹងមាំមានជញ្ជាំងធ្វើអំពីថ្មពណ៌ក្រហមបង្ក្រាបការ បះបោររបស់ពួកមេកោយធំៗដណ្ដើមយកបឹងហ្កាល់នៅពីខាងកើតរួចកាប៊ុល និងកាស្មៀរពីខាងពាយ័ព្យចាប់បង្ខំប្រជារាស្ដ្រឱ្យគោរពច្បាប់ឱ្យ ជីកព្រែកកសាងផ្លូវថ្នល់ ហើយបានចេញច្បាប់គ្រប់គ្រងអាណាចក្រប្រកបដោយជោគជ័យ ។ ស្ដេចអង្គនេះមានបំណងចង់បង្កើតសាសនាមួយដែលមានការអនុគ្រោះច្រើន ជាងក៏ប៉ុន្ដែទ្រង់ត្រូវសុគតបាត់ទៅក្រោមការយំសោកស្ដាយស្រណោះពី ប្រជាជនឥណ្ឌាទាំងមូល ។ ពួកអឺរ៉ុបបានចាត់ទុកអាក់បាថាគឺជាស្ដេចម៉ុងហ្គោលមួយអង្គដែល ខ្លាំងក្លាជាងគេព្រោះថាព្រះអង្គខ្លាំងទាំងនៅក្នុងការធ្វើ សង្គ្រាមខ្លាំងទាំងនៅពេលមានសន្ដិភាព ។ មរណភាពរបស់អាក់បាបានធ្វើឱ្យអាណាចក្រម៉ុងហ្គោលចុះខ្សោយ ។ បុត្រារបស់អាក់បាដែលធ្លាប់បានបះបោរប្រឆាំងនឹងព្រះអង្គបានត្រូវ កូនៗធ្វើចម្បាំងជាមួយ បង្ខំឱ្យរត់គេចខ្លួនទៅនៅឯឡាហ័រ ។ ចៅរបស់អាក់បាឈ្មោះ សាជេហាន ក៏ត្រូវកូនទាំង៤នាក់ដែលខ្លួនបានកាត់ទឹកដីបែងចែកឱ្យហើយធ្វើ សង្គ្រាមជាមួយហើយត្រូវកូនម្នាក់ឈ្មោះថា អូរែងហ្សេប ដែលមានជ័យជម្នះលើបងប្អូនទាំង៣នាក់ទៀតចាប់បង្ខាំងក្នុងវាំងហើយ ឡើងសោយរាជ្យជំនួសវិញ ។ ព្រះរាជាក្រោយនេះជាមនុស្សឆ្លាតហើយក្លាហានយល់ដឹងអំពីនយោបាយ ច្រើនគ្មានការសង្កាមានល្បិចបន្ដិចតែរស់នៅសាមញ្ញ ។ ទ្រង់មានកិត្ដិនាមល្បីល្បាញខ្លាំងណាស់ក៏ប៉ុន្ដែការត្រួតត្រាទៅលើ ប្រទេសឥណ្ឌារបស់ព្រះអង្គមិនសូវជាស្រួលប៉ុន្មានទេ ។ ដោយកន្លងមកមានការបះបោររបស់រាជបុត្រាប្រឆាំងនឹងព្រះបិតាដូច្នេះ ម្ល៉ោះហើយពួកចៅហ្វាយខែត្រស្ដេចត្រាញ់ក៏មិនសូវមានស្មារតីចំណុះ ព្រះរាជាប៉ុន្មានដែរ ។ ហេតុការណ៍នេះបានធ្វើឱ្យអាណាចក្រម៉ុងហ្គោលត្រូវបែកបាក់ហើយ អូរែងហ្សេបហាក់ដូចជាបានដឹងអំពីរឿងនេះនៅពេលដែលកូន២នាក់បានចាប់ កាន់អាវុធប្រឆាំងនឹងព្រះអង្គ ។ អូរែងហ្សេបបានចាប់កូនទាំង២ដាក់គុករួចបានឱ្យគេដាក់ថ្នាំពុលឱ្យ ផឹកក៏ប៉ុន្ដែបន្ទាប់មកក៏យំសោកសង្រេងស្ដាយស្រណោះក្រោយរហូតដល់ ធ្លាក់ខ្លួនមានជំងឺ ។ ពេលនោះពួកម៉ារ៉ាត់ ពួករាជបុត្រ និងពួកហិណ្ឌូបានងើបបះបោរឡើង ហើយកូនរបស់អូរែងហ្សេបម្នាក់បានចូលដៃជាមួយនឹងពួកម៉ារ៉ាត់ទៀតផង ក៏ប៉ុន្ដែអូរែងហ្សេបបានវាយបំបាក់ពួកបះបោរឱ្យបរាជ័យហើយដើម្បី រាំងខ្ទប់ការប្រឆាំងផ្សេងៗបន្ធូរបន្ថយការមិនពេញចិត្ដ និងបង្ហាញឱ្យឃើញថាបណ្ដាការបះបោរ និងសង្គ្រាមស៊ីវិលទាំងអស់នេះមិនបានធ្វើឱ្យកម្លាំងរបស់ព្រះអង្គ ចុះខ្សោយនោះ ទ្រង់បានវាយយកវីសៀពួរនៅក្នុងឆ្នាំ១៦៨៧ យកព្រះរាជាណាចក្រហ្គុលកុងនៅក្នុងខែកុម្ភៈ ឆ្នាំ១៦៨៨ ។ ព្រះអង្គសុគតនៅខែកុម្ភៈ ឆ្នាំ១៧០៧ ដែលគ្របដណ្ដប់ទៅដោយជោគជ័យ និងឧក្រិដ្ឋកម្ម ។ អូរែងហ្សេបសោយរាជ្យបាន៥០ឆ្នាំនៅលើអាណាចក្រដ៏ធំមួយដែលទ្រង់បាន ដណ្ដើមយករាជាណាចក្រចំនួន១០ទៀតមកបញ្ចូលបន្ថែមអាណាចក្រនោះលាត សន្ធឹងនៅលើខ្សែរយៈបណ្ដោយ និងខ្សែរយៈទទឹងចម្ងាយ២៥អង្សា ។ អាណាចក្រដ៏ធំនោះមានប្រជាជន៦៤លាននាក់ ដែលផ្ដល់ចំណូលច្រើនជាង១កោដិរូពី ។ ពួកម៉ុងហ្គោលបានចាត់ទុកអូរែងហ្សេបដូចជាព្រះដែលម៉ឺងម៉ាត់ចំពោះ អ្នកដទៃក៏ដូចជាចំពោះខ្លួនឯង ហើយមិនញញើតនឹងកាត់អវៈយវៈមួយចោលទេដើម្បីផលប្រយោជន៍អាណាចក្រ ។ តែអូរែងហ្សេបបានដាក់ថ្នាំពុលសម្លាប់ឪពុក ក្បត់ពួកសម្ព័ន្ធមិត្រកាប់សម្លាប់បងប្អូន និងក្មួយ បំពុលកូនទាំង២ និងប្អូនស្រីដើម្បីតែឋានៈជាអាលែមហ្គួរមានន័យថាជាអ្នកដណ្ដើមយក លោកសន្និវាសប៉ុណ្ណោះ ។ នៅពេលដែលអូរែងហ្សេបសុគតទៅមហាណាចក្រពេលនោះបានចុះខ្សោយខ្លាំង ណាស់ទៅហើយដោយសារតែភាពម៉ឺងម៉ាត់របស់ព្រះអង្គដែលធ្វើឱ្យកើតមាន ការខឹងសម្បាជាច្រើនមានមហិច្ឆតាគ្រប់ទីកន្លែង ។ ចំណងដែលចងភ្ជាប់មហាណាចក្រត្រូវបានរសាយហើយការប្រេះស្រាំបានកើត មានឡើងជាទូទៅ ។
កាលពីនៅក្រោមមហាអាក់បារ អាណាចក្រម៉ុងហ្គោលត្រូវបែងចែកចេញជា១៦រដ្ឋាភិបាល ។ មកដល់រជ្ជកាលរបស់អូរែងហ្សេបមាន២១រដ្ឋាភិបាល ក្នុងនោះមានរាជធានី៣ គឺឡាហ៊រ ដែល្លី និងអាក្រា មានប្រជាជនមានជាតិសាសន៍ខុសៗគ្នាចំនួន២០ ។ នៅតាមកំពង់ផែ និងទីក្រុងធំៗគេបានផ្ដល់ដីសម្បទានតូចតាចទៅឱ្យពួកព័រទុយហ្គាល់ ហូឡង់ បារាំង អង់គ្លេស និងដាណឺម៉ាក តែដីទាំងអស់នោះមានសារសំខាន់ខាងពាណិជ្ជកម្មខ្លាំងណាស់ ។ កាលនោះពួកពាណិជ្ជករអឺរ៉ុបទាំងអស់នោះមិនទាន់បង្កគ្រោះថ្នាក់អ្វី នៅឡើយទេ ព្រោះថាថ្វីបើមានចម្បាំងរវាងគ្នាឯងនឹងគ្នាឯងក៏ដោយក៏ពួក ម៉ុងហ្គោលបានត្រួតត្រាពួកបរទេសយ៉ាងតឹងរ៉ឹងបំផុត ។ ប៉ុន្ដែអស់ពីអូរែងហ្សេបទៅស្ដេចសោយរាជ្យក្រោយៗមកមិនសូវមានអំណាច ម្ល៉ោះហើយសភាពការណ៍ក៏ប្រែក្រឡាស់អស់ ។ កូន និងចៅរបស់អូរែងហ្សេបបានធ្វើដូចជាជីដូនជីតារបស់គេដែរគឺឈ្លោះ ប្រកែកកាប់សម្លាប់គ្នាដណ្ដើមអំណាច បងសម្លាប់ប្អូនកូនសម្លាប់ឪពុក (១៧១៣) រួចប្រព្រឹត្ដការសេពសុរាអាភៀនមានស្រីញី ពេលនោះអំណាចរបស់ថ្នាក់កណ្ដាលបានចុះខ្សោយជាខ្លាំងរហូតដល់ថាពួក ស្ដេចត្រាញ់ណាបាប៊ី និងពួកចៅហ្វាយខែត្រ (ស៊ូបាប៊ី) ចាប់ផ្ដើមរើបម្រះគេចខ្លួនចេញពីកាតព្វកិច្ច ពីការបង់ពន្ធដារឱ្យ ។ នៅពេលនោះណាឌៀសាមានសញ្ជាតិពែក្សបានបង្ហាញខ្លួនឡើងប្រៀបបានទៅ នឹងគ្រោះចង្រៃដុតបំផ្លាញរាជធានីដែល្លីខ្ទេចខ្ទីដូចជាមនុស្សព្រៃ (១៧៣៩) មុននឹងដកថយចេញទៅ ។
អាណាចក្របានចាប់បែកបាក់យ៉ាងលឿននៅពេលដែលពួកបារាំង និងអង់គ្លេសចាប់ផ្ដើមសង់បន្ទាយដើម្បីការពារខ្លួនប្រឆាំងនឹងពួក បំបែកខ្លួនដែលមកយាយីអគារពាណិជ្ជកម្មនៅកាល់គូតា ចាន់ដែណាហ្គ័រ ។ល ។ បន្ទាប់មកពួកបារាំង និងអង់គ្លេសបានជ្រើសរើសទាហានអឺរ៉ុបបង្កបានជាកងទ័ពតូចមួយ សម្រាប់ការពារ ក្រោយមកទៀតរើសទាហានជាអ្នកស្រុកអាយបន្ថែមជាមួយឌុយផ្លិច (រួចគ្លីវ) ដែលអាចឱ្យគេបើកការប្រយុទ្ធបាន ឬចងសម្ព័ន្ធមេត្រីភាពជាមួយពួកណាបាប៊ីដែលបះបោរឡើង ។ ក្រោយមកទៀតការប្រកួតប្រជែងបានកើតមានរវាងពួកបារាំងជាមួយនឹង ពួកអង់គ្លេស ហើយសង្គ្រាមរវាងសាសន៍ទាំង២ក៏កើតមានឡើងនៅឥណ្ឌាក៏ដូចនៅអឺរ៉ុប ដែរ មានការដុតបំផ្លាញ ការកាប់សម្លាប់ ការក្បត់ស្ដេចស្រុកអាយ ការដណ្ដើមយកដីដោយការប្រយុទ្ធដោយកម្លាំង និងដោយទឹកលុយពីស្ដេចស្រុកអាយណាដែលមានមហិច្ឆតា ។
ហេតុការណ៍ដែលបានរៀបរាប់ខាងលើនេះបានប្រព្រឹត្ដទៅចាប់តាំងពី ពាក់កណ្ដាលសតវត្សរ៍ទី១៨រហូតដល់សតវត្សរ៍ទី១៩ ក្នុងនោះពួកអង់គ្លេសដណ្ដើមបានទឹកដីលឿនជាងព្រោះបារាំងរវល់តែ ជាប់ច្បាំងនៅឯអឺរ៉ុប ប្រជារាស្ដ្រប្រឆាំងនឹងស្ដេច ម្ល៉ោះហើយរក្សាបានតែទឹកដីបន្ដិចបន្ដួចនៅឥណ្ឌានេះគឺសល់តែ ប៉ុងឌី ចេរីការី កាល់ចាន់ ដែណាហ្គ័រ ម៉ាហេ យ៉ាណាអុង និងទីតាំងមួយចំនួនទៀតដែលមិនសូវមានតម្លៃប៉ុណ្ណោះ ។ មកដល់ឆ្នាំ១៩១០ អង់គ្លេសកាន់កាប់ទឹកដីឥណ្ឌាបានចំនួន២ភាគ៣ ចំនួន១ភាគ៣ទៀតមានរ៉េស៊ីដង់តាំងនៅ មានប្រជាជនទាំងអស់២៣០លាននាក់លើប្រជាជនសរុប២៩០លាននាក់ និង៦០លាននាក់ទៀតស្ថិតនៅក្នុងអាណាព្យាបាល ។ ផលចំណូលបានមកពីប្រជាជន២៣០លាននាក់នេះមិនតិចជាង១កោដិហ្វ្រង់ ទេ ។ គេអាចនិយាយថាប្រភពដើមនៃមហាអំណាច និងអាណាចក្រដ៏ធំនេះមានដើមកំណើតតាំងពីជំនាន់សាហ្សេហានមកម្ល៉េះ គឺនៅក្នុងឆ្នាំ១៦៤០ តាមរយៈរាជលិខិតមួយដែលអនុញ្ញាតឱ្យអង់គ្លេសធ្វើពាណិជ្ជកម្មនៅក្នុង រដ្ឋម៉ុងហ្គោលទាំងឡាយ ហើយបានប្រគល់ដី៤រ៉ៃនៅស៊ូរ៉ាត់ តែបានដាក់កំហិតថាមិនឱ្យសង់បន្ទាយ ឬដាក់ទាហានទេ ។ ដល់មកឆ្នាំ១៦៨០ គេបានកែសម្រួលព្រះរាជសារនោះដោយអនុញ្ញាតឱ្យអង់គ្លេសមានកម្លាំង ការពារចំនួន៣០នាក់ ។ ក្រោយមកដីចំនួន៤រ៉ៃបានក្លាយទៅជា១លានម៉ែត្រការ៉េ ហើយកម្លាំងការពារ៣០នាក់បានកើនដល់៣សែននាក់ទៅជាកងទ័ពធំមួយ ។
នៅក្នុងចន្លោះពេលនោះឆ្លៀតឱកាសដែលព្រឹត្ដិការណ៍នៅអឺរ៉ុបនាចុង សតវត្សរ៍ទី១៨បានដាក់ប្រទេសហូឡង់នៅក្នុងអនុត្ដរភាពរបស់ប្រទេស បារាំង ពួកអង់គ្លេសបានដណ្ដើមយកម៉ាឡាកានៅក្នុងឆ្នាំ១៧៩៥ ។ សូមរំលឹកថាម៉ាឡាកានេះពួកហូឡង់បានដណ្ដើមយកពីពួកព័រទុយហ្គាល់នៅ ក្នុងឆ្នាំ១៦៤១ ហើយពួកព័រទុយហ្គាល់បានដណ្ដើមយកពីស្ដេចជ្វាកាន់សាសនាមហាម៉ាត់មួយ អង្គនៅក្នុងឆ្នាំ១៥១១ ។
នៅក្នុងឆ្នាំ១៨១៩ អង់គ្លេសបានទិញសិទ្ធិដាក់ទីតាំងនៅលើកោះសិង្ហបុរីពីស៊ុលតង់ម៉ាឡេ នៅហ្សូហ៊រ ត្រង់កន្លែងដែលកាលពីមុនស្ដេចម៉ាឡេមួយអង្គបានកសាងរាជធានីមួយ ដែលក្រោយមកបានក្លាយទៅជាទីប្រជុំជនមួយមានអ្នកស្រុកតែ១៥០នាក់ ប៉ុណ្ណោះ ។ ក្រុមហ៊ុនឥណ្ឌាភាគខាងកើតបានទិញពីស្ដេចម៉ាឡេនោះយកកោះទាំងមូលតែ ម្ដងនៅក្នុងឆ្នាំ១៨២៤ ក្នុងតម្លៃ៦ម៉ឺនដុល្លារអេស្ប៉ាញ (ប្រហែល៣៣៧.៥០០ហ្វ្រង់) ដោយបង់ប្រតិលាភប្រចាំឆ្នាំឱ្យ២៤.០០០ដុល្លារ (១៣៥.០០០ហ្វ្រង់) ។ នៅក្នុងឆ្នាំ១៧៩៨ អង់គ្លេសបានទិញខែត្រវែលេស្ល៊ីពីព្រះរាជាកេដាហ៍ ហើយបានដាក់ខែត្រនេះភ្ជាប់ទៅនឹងកោះប៉េណាំងដែលគេដណ្ដើមយកបានពី ព្រះរាជាដដែលនោះកាលពីឆ្នាំ១៧៨៦ និងកោះឌិញឌិញដែលស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រទៅខាងត្បូងផងដែរ ។ ទីក្រុងជកថោនស្ថិតនៅលើកោះនោះឯង ។ នៅឆ្នាំ១៨២៥ អង់គ្លេសបានហៅទឹកដីដែលរួមមានសិង្ហបុរី ប៉េណាំង ម៉ាឡាកា និងវែលេស្ល៊ីទាំងអស់នេះថាជាស្ដ្រេតសេតធឺលមិន (ទីតាំងនៅច្រកសមុទ្រ) ហើយដាក់ឱ្យនៅក្រោមការត្រួតត្រារបស់អភិបាលមួយរូប អភិបាលនោះចំណុះឱ្យស្ដេចត្រាញ់នៅឥណ្ឌា ។ គួរកត់សម្គាល់ថានៅពេលដែលអ្វីៗកំពុងតែរៀបរយល្អទៅៗនៅក្នុង ទឹកដីដែលអង់គ្លេសត្រួតត្រានោះ ភាពអនាធិបតេយ្យបានកើតមានកាន់តែច្រើនឡើងៗដែរនៅលើទឹកដីពួកស្ដេច ស្រុកអាយដែលនៅឯករាជ្យ ។ ម្យ៉ាងទៀតពួកអង់គ្លេស ពួកម៉ាឡេ និងចិនក៏បាននាំគ្នាចូលមករស់នៅក្នុងទឹកដីទាំងអស់នោះកាន់តែ ច្រើនឡើងៗធ្វើឱ្យភាពអនាធិបតេយ្យកាន់តែរីករាលដាលហើយរដ្ឋទាំងអស់ នោះក៏ត្រូវខិតបន្ដិចម្ដងៗទៅរកភាពជាទឹកដីរបស់អង់គ្លេស ។ នៅក្នុងឆ្នាំ១៨៧៤ ដោយយកលេសថាអនាធិបតេយ្យនៅក្នុងបណ្ដារដ្ឋឯករាជ្យទាំងនោះរំខានដល់ សណ្ដាប់ធ្នាប់នៅក្នុងទឹកដីដែលខ្លួនកាន់កាប់ អង់គ្លេសបានចាប់ផ្ដើមដាក់កុងស៊ុលម្នាក់នៅអែបនឹងស្ដេចរដ្ឋឯករាជ្យ ទាំងអស់នោះ ដំបូងថាធ្វើជាទីប្រឹក្សា បន្ទាប់មកដើម្បីជួយ ហើយនៅទីបព្ចាប់ដើម្បីដឹកនាំតែម្ដង ។ ពេលនោះភ្នាក់ងាររបស់អង់គ្លេសនៅប៉េរ៉ាក់ចង់ធ្វើឱ្យដំណើរការនេះ វិវត្ដទៅលឿនពេកក៏ត្រូវអ្នកស្រុកបះបោរប្រឆាំង ហើយចាប់សម្លាប់បាត់ទៅ ។ គ្រោះថ្នាក់នេះមិនបានធ្វើឱ្យអង់គ្លេសរាថយទេ ផ្ទុយទៅវិញគេបានធ្វើការបង្ក្រាបយ៉ាងតឹងតែង ហើយដំណើរការដណ្ដើមយកទឹកដីចេះតែបន្ដទៅមុខទៀត ។ នៅក្នុងឆ្នាំ១៨៩២ បណ្ដារដ្ឋម៉ាឡេដែលស្ថិតនៅក្រោមឥទ្ធិពលរបស់អង់គ្លេសបានត្រូវ បង្រួបបង្រួមគ្នាជាសហព័ន្ធមួយហៅ រដ្ឋម៉ាឡេ នៅក្រោមការត្រួតត្រារបស់អគ្គរ៉េស៊ីដង់អង់គ្លេសម្នាក់ដែលគ្រាន់តែ ជាតំណាងរបស់អភិបាលស្ដ្រេតសេតធឺលមិនប៉ុណ្ណោះ ។ ពេលនោះប្រទេសសៀមបានធ្វើការកត់សម្គាល់ខ្លះៗព្រោះបណ្ដារដ្ឋម៉ាឡេ ទាំងអស់នោះពីមុនចំណុះសៀមហើយកំពុងតែស្ថិតនៅក្រោមអនុត្ដរភាព និងកិច្ចការពាររបស់សៀមនៅឡើយ ។ ប៉ុន្ដែអង់គ្លេសមិនបានអើពើទេហើយភាគខាងត្បូងរបស់ម៉ាឡាកាទាំងមូល និងរដ្ឋទាំងអស់នៅក្នុងតំបន់ក្រោមឥទ្ធិពលអង់គ្លេសបានត្រូវដាក់ ឱ្យស្ថិតនៅក្រោមអាណាព្យាបាល ។ ពេលនោះការនាំចូលរបស់ស្រុកទាំងអស់នោះបានកើនឡើងពី១៦លាន ហ្វ្រង់នៅក្នុងឆ្នាំ១៨៩០ ទៅដល់៥៥លានហ្វ្រង់នៅក្នុងឆ្នាំ១៩០៧ ហើយការនាំចេញបានកើនពី១៨លានទៅ៨០លានក្នុងរយៈពេលដូចគ្នានេះ ។ ចំនួនប្រជាជនបានកើនឡើង២ដងក្នុងពេល២៥ឆ្នាំ ។ ការដណ្ដើមយកដីរបស់អង់គ្លេសនៅមិនទាន់ឈប់ទេ ។ អង់គ្លេសបានទាមទារឱ្យសៀមប្រគល់រដ្ឋ២នៅលើឆ្នេរសមុទ្រចិនពី ខាងជើងរដ្ឋសហព័ន្ធគឺ ទីងកានូ និងកេឡាន់តាន់ ប្រគល់រដ្ឋកេដាហ៍នៅលើឆ្នេរសមុទ្របឹងហ្កាល់ និងចំណែកណាមួយរបស់រដ្ឋរ៉ាម៉ាន់ និងប៉ាតានីនៅលើឆ្នេរឈូងសមុទ្រសៀមទៀតផង ។ រដ្ឋទាំង៥នេះពីមុនចំណុះសៀមតែសៀមបានយល់ព្រមប្រគល់ឱ្យតាមការ ទាមទារ ។ ពួកអង់គ្លេសនៅតែមិនទាន់អស់ចិត្ដ គេនៅចង់បានខែត្រលីហ្គ័រ ឬបានដុងរបស់សៀមដែលលាតសន្ធឹងពីឈូងសមុទ្រសៀមទៅដល់សមុទ្រ បឹងហ្កាល់ និងរដ្ឋសាមសាមនៅលើបួរដីក្រាខាងត្បូងព្រំដែនភូមាថែមទៀត ។ អង់គ្លេសទទួលបានដីទាំងអស់នេះព្រោះវាចាំបាច់សម្រាប់ការកសាង ផ្លូវរថភ្លើងតភ្ជាប់ពីភូមាទៅសិង្ហបុរីដែលនឹងមានសារសំខាន់យ៉ាង ខ្លាំងក្នុងការធ្វើឱ្យតំបន់មានអារ្យធម៌លូតលាស់ព្រោះម្យ៉ាងទៀត គេនឹងស្ដាយក្រោយបើមិនបានធ្វើយ៉ាងនេះទេ ។
ក្នុងចន្លោះពេលនោះអង់គ្លេសបានយករដ្ឋសារ៉ាវ៉ាក់ និងរដ្ឋសាបានៅលើកោះប៊័រណេអូដាក់បញ្ចូលទៅក្នុងអាណាណិគមរបស់ ខ្លួនផងដែរនៅពេលដែលគេចាត់ទុកកោះដ៏ធំនេះថាស្ថិតនៅក្រោម ឥទ្ធិពលរបស់ហូឡង់ក៏ដោយ ។
សង្គ្រាមជាមួយចិននៅក្នុងឆ្នាំ១៨៣៤បានធ្វើឱ្យអង់គ្លេសទទួលបាន កោះហុងកុងនៅត្រង់មាត់ពាមរបស់ទន្លេកង់តុង ហើយសង្គ្រាមនៅក្នុងឆ្នាំ១៨៥៦ បានធ្វើឱ្យអង់គ្លេសទទួលបានដីសម្បទាន១កន្លែងនៅស៊ាងហៃដែលបារាំង និងអាមេរិកមានដីសម្បទានរួចទៅហើយ ។
សរុបសេចក្ដីមកយើងឃើញថាប្រទេសអឺរ៉ុបនីមួយៗសុទ្ធតែបានទទួល ចំណែករៀងៗខ្លួននៅក្នុងការបែងទឹកដីដ៏សម្បើមនៅប្រទេសឥណ្ឌា និងចុងបូព៌ាប្រទេសនេះ ។ ពួកព័រទុយហ្គាល់ដែលបានបើកអគារពាណិជ្ជកម្មស្ទើរតែគ្រប់ទីកន្លែង បានមកស្គាល់ឆ្នេរសមុទ្ររបស់ពិភពចាស់នេះមុនគេ ធ្វើនាវាចរទៅគ្រប់ទិសទីស្គាល់ឈ្មោះអ្នកស្រុកទាំងអស់នៅទីនេះនៅ ពេលដែលគ្មាននរណាម្នាក់នៅអឺរ៉ុបបានស្គាល់បានកសាងហាងពាណិជ្ជកម្ម ធំៗមុនគេ ហើយកាន់កាប់ទីក្រុងកោះផ្សេងៗមុនគេ ឥឡូវនេះព័រទុយហ្គាល់បាត់បង់ទៅវិញចង់អស់ទៅហើយ ។ គេនៅមានសល់តែទីតាំងខ្លះនៅឥណ្ឌា ហ្កូអាប៉ង់ ហ្សីមដាម៉ែនឌីយូ និងវរាសនៈ មួយចំនួនតែប៉ុណ្ណោះ សរុបទាំងអស់គឺមានប្រជាជនប្រហែល១លាននាក់ ក្នុងនោះមានពួកកូនកាត់រាប់ពាន់នាក់ដែលនៅកាន់សាសនាកាតូលិកដដែល ហើយបន្ដវេនជំនួសធ្វើឱ្យនឹកដល់ពេលដែលគេមានអំណាចកាលពីសតវត្សរ៍ ទី១៦ដល់១៨ ។ គេប្រទះមានឃើញបច្ឆាញាតិរបស់ពួកព័រទុយហ្គាល់ចំនួនតិចតួចនៅ ស្រីលង្កា ។ ព័រទុយហ្គាល់នៅរក្សាកោះម៉ាកាវបានដែលចិនបានលក់ឱ្យកាលពីឆ្នាំ ១៥៦៦ តែកោះនោះសព្វថ្ងៃជាទីក្រុងគ្មានសកម្មភាព គ្មានពាណិជ្ជកម្ម មើលទៅហាក់ដូចជាមានអត្ថិភាពគ្រាន់តែដើម្បីរំលឹកអំណាច និងសេចក្ដីក្លាហានកាលពីអតីតកាលប៉ុណ្ណោះ ។
ពួកហូឡង់ក្រោយពីបានធ្វើការប្រយុទ្ធប្រឆាំងនឹងពួកព័រទុយហ្គាល់ នាសតវត្សរ៍ទី១៧នៅគ្រប់កំពង់ផែទាំងអស់នៅឥណ្ឌា និងស្រីលង្កា ហើយបានឯកភាពជាមួយស្ដេចកាន់ឌីបណ្ដេញពួកនេះចេញហើយតាមពួក ព័រទុយហ្គាល់រហូតទៅដល់អាំងស៊ុយឡាំងដណ្ដើមយកម៉ាឡាកា (១៥១០) និងទីតាំង៤កន្លែងរបស់ព័រទុយហ្គាល់បានហើយបានសម្រេចចិត្ដកសាងអាណាចក្រ អាណានិគមដ៏មានអំណាចមួយនៅទីនោះឡើង ។ ដើម្បីបើកផ្លូវពីសមុទ្រម៉ាឡាកាទៅឥណ្ឌា មុនដំបូងហូឡង់បានដណ្ដើមយកអាត់ឈីន័រ រួចហើយបានបណ្ដេញពួកអង់គ្លេសចេញពីបង់តាំនៅក្នុងឆ្នាំ១៦៨៣ ។ ចាប់ពីសម័យនោះរហូតដល់ពេលដែលបារាំងវាយដណ្ដើមយកហូឡង់ រួចហើយប្រកាសសាធារណរដ្ឋបាតាវឡើង ហូឡង់ស្ទើរតែគ្មានសង្គ្រាមអ្វីជាមួយជាតិសាសន៍ស្បែកសដូចគ្នាទៀត ទេគិតតែខិតខំពង្រីកទឹកដីដោយដណ្ដើមយកបណ្ដាកោះដែលពីមុនជាចំណែក របស់ម៉ាហ្សាប៉ាហ៊ីត ។ គ្រប់គ្រងកោះជ្វាបានហើយ ពួកហូឡង់បានដណ្ដើមយកចំណែកមួយនៃកោះស៊ូម៉ាត្រា កោះសេឡែប និងកោះតូចៗរាប់រយដែលនៅក្នុងប្រជុំកោះអូស្ដ្រាឡាស៊ី ។ នៅឆ្នាំ១៧៩៥ ក្នុងសង្គ្រាមមួយជាមួយបារាំង អង់គ្លេសបានដណ្ដើមយកទីតាំងរបស់ហូឡង់ដែលបានបង្កើតឡើងនៅចុង ខាងត្បូងទ្វីបអាហ្វ្រិកកាលពីឆ្នាំ១៦៥២ និងទឹកដីដែលហូឡង់កាន់កាប់ទាំងអស់នៅឥណ្ឌានៅម៉ាឡាកា និងនៅអូស្ដ្រាឡាស៊ី ។ អង់គ្លេសបានប្រគល់ទឹកដីទាំងអស់នោះទៅឱ្យហូឡង់វិញនៅក្នុងឆ្នាំ ១៨១៥ ទុកតែម៉ាឡាកា និងជ្រោយចុងអាហ្វ្រិកដែលគេគិតថានៅមានសារសំខាន់ចំពោះគេ ។
ឥឡូវនេះអាំងស៊ុយឡាំង ឬអូស្ដ្រាឡាស៊ីទាំងមូលបានធ្លាក់ចូលទៅក្នុងអំណាចរបស់ហូឡង់ ហើយគេគ្មានអ្វីនឹងព្រួយបារម្ភពីពួកជាតិសាសន៍ស្បែកសទៀតទេព្រោះ ពួកនោះសុទ្ធតែមានដីរួចទៅហើយនៅចុងបូព៌ាប្រទេសនេះ ហើយមិនចង់ពង្រីកវាតទៅទៀតទេ ។ ហូឡង់បានរៀបចំអាណាចក្ររបស់គេបានយ៉ាងល្អធ្វើឱ្យប្រែក្លាយទៅជា ទឹកដីមួយដ៏មានតម្លៃ ។ ចំនួនប្រជាជនបានកើនឡើង៤ដងក្នុងពេលតែ១សតវត្សរ៍ ហើយអាណានិគមហូឡង់បានប្រាកដខ្លួនឡើងជាទឹកដីមួយដែលមានការ គ្រប់គ្រងល្អជាងគេ និងសម្បូរសប្បាយជាងគេ ។
ក្នុងបណ្ដាប្រទេសដែលជាម្ចាស់ស្រុកដើមទាំងអស់នៅឥណ្ឌូចិនមានតែ ស្រុកសៀមមួយប៉ុណ្ណោះដែលរក្សាបាននូវឯករាជ្យរបស់ខ្លួននេះក៏ ដោយសារតែការប្រកួតប្រជែងរវាងបារាំង និងអង់គ្លេសដែលបានឯកភាពគ្នាទុកស្រុកសៀមនេះមួយជាទ្រនាប់នៅ ចន្លោះទឹកដីទាំងសងខាង ។ ប៉េហ្គូភូមាបណ្ដារដ្ឋតូចៗមែរគុយ និងតេណាសេរីមមុនដំបូងជារបស់ពួកប៉េហ្កាន រួចជារបស់សៀមហើយទៅជារបស់ប៉េហ្កានទៀតនៅទីបញ្ចប់ភូមា និងបណ្ដារដ្ឋសានទាំងអស់បានត្រូវក្លាយទៅជាទឹកដីរបស់អង់គ្លេស ។
និយាយពីនគរចាម្ប៉ាវិញ ស្រុកនេះបានត្រូវអាណ្ណាមលេបយកបាត់ទៅហើយ ។ ក៏ប៉ុន្ដែអាណ្ណាមដែលបានលេបយកទឹកដីចាម្ប៉ាដណ្ដើមយកបណ្ដាខែត្រ ភាគខាងត្បូងរបស់កម្ពុជា ហើយដណ្ដើមយកតុងកឹងបាននោះក៏ត្រូវបានបារាំងដណ្ដើមកាត់យកទឹកដី ភាគខាងត្បូងអស់ទៅវិញដែរ រួចហើយទាំងអាណ្ណាមទាំងតុងកឹងក៏ត្រូវដាក់នៅក្រោមអាណាព្យាបាលរបស់ បារាំងថែមទៀត ។ ស្រុកលាវដែលអាណ្ណាម និងសៀមដណ្ដើមគ្នាបានក្លាយទៅជាអាណានិគមបារាំងដែរលើកលែងតែ ហ្លួងប្រាបាងមួយចេញដែលបារាំងយកដាក់ក្រោមអាណាព្យាបាល ។ កម្ពុជាក៏ត្រូវដាក់ក្រោមអាណាព្យាបាលរបស់បារាំងហើយបារាំងបាន ទាមទារយកបណ្ដាខែត្រមួយចំនួនដែលសៀមបានយកទៅអស់កាលជាង១សតវត្សរ៍ មកឱ្យកម្ពុជាវិញធ្វើឱ្យវិសាលភាពទឹកដីកម្ពុជាកើនឡើងពាក់កណ្ដាល លើសពីកាលដែលបារាំងទើបតែមកដល់ ។ អេស្ប៉ាញនៅបន្ដមានទឹកដីនៅបេនដាយភាគខាងជើងកោះប៊័រណេអូនៅឡើយ ហើយកាលពីប៉ុន្មានឆ្នាំមុនពួកនេះកាន់កាប់ប្រជុំកោះហ្វីលីពីន ទាំងមូល មានរាជធានីនៅម៉ានីល ។ តែក្រោយពីសង្គ្រាមជាមួយអាមេរិក អេស្ប៉ាញបានបាត់បង់ហ្វីលីពីនអស់ទៅនៅសល់តែបេនដាយមួយប៉ុណ្ណោះដែល គ្មានសារសំខាន់អ្វីបន្ដិចសោះនៅចន្លោះសារ៉ាវ៉ាក់ និងសាបាដែលជាទឹកដីរបស់អង់គ្លេស ។ គឺតាមរយៈព្រឹត្ដិការណ៍ដូចបានរៀបរាប់ពីខាងលើទាំងអស់នេះឯងដែល ប្រជាជនស្បែកសមានអារ្យធម៌ជឿនលឿនជាងប្រជាជនអាស៊ីដែលមានអារ្យធម៌ នឹងថ្កល់បានមកដណ្ដើមយកទឹកដីធំជាងអឺរ៉ុប៣ដងតែក្នុងពេលមិនដល់២ សតវត្សរ៍ផងហើយបានមកជួយដាស់ពួកអ្នកស្រុកដែលកំពុងលង់លក់ឱ្យ ភ្ញាក់រលឹកស្ទុះស្ទាឡើងវិញក្រោកពីការស្ពឹកស្រពន់ ។ មុនដំបូងពួកនេះមករបៀបជាពាណិជ្ជកររួចជាអ្នកមកផ្សព្វផ្សាយជំនឿ សាសនាបន្ទាប់មកបានក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាពួកអ្នកដណ្ដើម ទឹកដីហើយនៅចុងបញ្ចប់ក៏ជាប់ចិត្ដជាប់ថ្លើមនឹងទឹកដីនោះក្លាយខ្លួន ទៅជាអ្នកការពារឱ្យទៅវិញ ។ ឥឡូវនេះស្ថិតនៅក្រោមកម្លាំងជំរុញមួយដ៏រឹងមាំពួកគេបានយល់ច្បាស់ ថាគេមានកាតព្វកិច្ចមួយត្រូវបំពេញចំពោះពួកអ្នកស្រុកដែលគេ គ្រប់គ្រងពួកអ្នកស្រុកទាំងអស់នោះមានសិទ្ធិត្រូវទទួលបាននូវ សេរីភាពនិងឯករាជ្យភាព ។ ម្ល៉ោះហើយពួកគេក៏ចាប់ផ្ដើមជួយរៀបចំអ្នកស្រុកឱ្យទទួលបាននូវ អារ្យធម៌ (កសាងសាលារៀនឱ្យ) ជួយរៀបចំអភិវឌ្ឍន៍ធនធាន ដូចជា បើកកំពង់ផែជាដើម (ពាណិជ្ជកម្មអន្ដរជាតិ) កែលម្អទឹកដី ជីកព្រែក សង់ផ្លូវស្ពាន (ផ្លូវដែក) ហើយនៅទីបញ្ចប់រៀបចំឱ្យចេះប្រើកម្លាំងដែលមានក្នុងធម្មជាតិតាម ដែលពួកគេចេះប្រើបាននូវអ្វីដែលមិនដែលដឹងពីមុនមកហើយចេះមាន សណ្ដាប់ធ្នាប់និងចេះគ្រប់គ្រងដោយមិនចាំបាច់មានវត្ដមានពួកស្បែក សដូចជាឱ្យចេះប្រើម៉ាស៊ីនប្រើចំហាយចេះប្រើរថភ្លើងមានរោងជាងមាន អគ្គិសនីមានកម្លាំងចលករមានគមនាគមន៍និងមានគំនិត ។
យើងសង្ឃឹមថា ប្រជាជននៅឥណ្ឌាឥណ្ឌូចិន និងចុងបូព៌ាប្រទេសទាំងអស់ នឹងចេះប្រើប្រាស់អ្វីដែលពួកអឺរ៉ុបបានបង្ហាត់បង្រៀន ទទួលបាននូវកម្លាំងច្នៃប្រឌិតរបស់ខ្លួនមកវិញ ហើយធ្វើដំណើរឈានទៅមុខតាមផ្លូវដែលពួកអឺរ៉ុបបានត្រួសត្រាយឱ្យ រួចមកហើយនេះពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយនាំមកនូវការរកឃើញថ្មី ការអនុវត្ដន៍ និងការអភិវឌ្ឍន៍ថ្មីៗ បញ្ជាក់ឱ្យឃើញច្បាស់នូវតម្លៃរបស់ខ្លួនក្នុងនាមជាជាតិសាសន៍ មួយ ។ សូមអ្នកទាំងអស់ប្រកបទៅដោយសេចក្ដីក្លាហាន ការប្រឹងប្រែង និងយុត្ដិធម៌ ៕
(1) ខ្មែរហៅតុងកឹងថា តាងក្យូ ឬ តុងគីង ឬ ដុងគិញ ហើយហៅ អាណ្ណាម ថា ស្រុកយួន ។
(2) សង្គ្រាមនោះបានផ្ទុះឡើងប្រហែលដោយមកពីស្ដេចត្រាញ់នៅអាណ្ណាមមិនបាន លើកសួយសារអាករទៅថ្វាយព្រះចៅអធិរាជនៅតុងកឹងឱ្យបានទៀងទាត់ ។
(3) នៅក្នុងឆ្នាំ១៦៧៩ ទ័ពថ្មើរជើងមានគ្នា៣ម៉ឺននាក់ក្នុងនោះ៩ពាន់នាក់ជាទាហានផ្ទាល់ របស់ព្រះរាជា ៥ពាន់នាក់ជាទាហានរបស់ព្រះរជ្ជទាយាទ ៣ពាន់នាក់ជាទាហានរបស់អ្នកអង្គម្ចាស់ទី២ និង២ពាន់នាក់ជាទាហានរបស់អ្នកអង្គម្ចាស់ទី៣ ។
(4) លោកឪពុកសេស្វីតគ្រីស្ដូហ្វ័រ៉ូ បានកត់សម្គាល់ថាពួកអាណ្ណាមដែលសព្វថ្ងៃនេះក្រង ឬបួងសក់នៅក្រោយកនៅសម័យនោះគឺ ទុកសក់វែងៗណាស់ធ្លាក់រាយមកលើស្មា និងខ្នងប្រុសក៏ដូចស្រី ជួនកាលវែងធ្លាក់ដល់ដី ។ អភិជនម្នាក់នៅអូបោនឈ្មោះ តាវែនីញេ ក៏បាននិយាយដូចគ្នានេះដែរនៅក្នុងសៀវភៅរបស់គាត់ស្ដីអំពីតុងកឹង ដែលបោះពុម្ពផ្សាយ៥០ឆ្នាំក្រោយមក ។
(5) តាមមើលទៅរដ្ឋចាមនៅបុណ្ឌុរង្គតូចនេះ មិនចំណុះអាណាចក្រចាមធំដូចជារាជាណាចក្រពួកង្វៀងមិនចំណុះអាណាចក្រ ពួកឡេនៅក្នុងសតវត្សរ៍ទី១៨អីចឹងដែរ ។ អ្នកស្រុករបស់រដ្ឋចាមតូចនេះមិនទទួលស្គាល់ថា គេជាអាណាខែត្រមួយរបស់អាណាចក្រចាម្ប៉ានោះទេ តែបានគិតថាគេជាខែត្រឯករាជ្យមួយមានស្ដេចឯករាជ្យសោយរាជ្យ ។ មានសិលាចារឹកមួយរបស់អាណាចក្រចាម្ប៉ាបាននិយាយថា «ពួកអ្នកស្រុករបស់រដ្ឋតូចនេះចូលចិត្ដប្រព្រឹត្ដបាបកម្មទុច្ចរិត ល្ងង់ខ្លៅហើយបានក្បត់ព្រះរាជាចាម្ប៉ា» ។
(6) បានជាខ្ញុំនិយាយថាដាក់ខុសទីតាំងនៅលើផែនទីនោះពីព្រោះគេគូស ថារាជាណាចក្រនោះលាតសន្ធឹងពីដៃខាងកើតរបស់ទន្លេមេគង្គរហូតទៅដល់ ព្រំដែនប៊ិញធន់សព្វថ្ងៃដែលតាមពិតទៅស្ទឹងសាយហ្គននិងព្រៃគពេលនោះ នៅជាទឹកដីរបស់កម្ពុជានៅឡើយ ។
(7) បេហែន ជាឈ្មោះភូមិមួយនៅពីកាឌី ហើយជាភូមិកំណើតរបស់គ្រួសារ ពីញ៉ូ ។ ពួកពីញ៉ូយកឈ្មោះភូមិនេះមកភ្ជាប់នឹងឈ្មោះខ្លួនដើម្បីបង្ហាញឱ្យគេ យល់ថាខ្លួនជាអភិជន ។ ហេតុការណ៍នេះប្រហែលជាបណ្ដាលមកពីមានលិខិត១ច្បាប់ដែលពួកអ្នក សរសេរជីវប្រវត្ដិបានចម្លងចេញមួយចំណែក ហើយពួកសាសនទូតយល់ច្រឡំ ក៏ប៉ុន្ដែគ្រួសារពីញ៉ូដឹងខ្លួនឯងច្បាស់ណាស់ពីព្រោះថាពួកនេះមិន មានសិទ្ធិទទួលម្កុដជាអង្គម្ចាស់ (comte) សោះទេ ។ ពួកសាសនទូតបាននិយាយថាលោកពីញ៉ូបានត្រូវស្ដេចល្វីទី១៦ លើកឱ្យឡើងជាអ្នកអង្គម្ចាស់ក៏ប៉ុន្ដែគ្មានឯកសារស្ដីពីក្រុមអភិជន បារាំងឬឯកសារបណ្ណសារដ្ឋានជាតិណាមួយបញ្ជាក់អំពីរឿងនេះសោះ ។
(8) នៅសល់ពួកបារាំងដែលបានខិតខំបម្រើស្រុកអាណ្ណាមអស់ពីចិត្ដពី ថ្លើម ។ ពួកនេះសមណាស់តែទទួលបាននូវកិត្ដិយសប៉ុន្ដែពួកគេបែរជាត្រូវទទួល ការជេរប្រទេចផ្ដាសាទៅវិញ ។ ពួកអ្នកស្រុកដែលកាន់សាសនាកាតូលិកជាពួកដែលអេវ៉ែកការពារហើយដែល ស្មោះត្រង់ជានិច្ចនឹងស្ដេចយ៉ាឡុងត្រូវគេរំខានបំបែកបំបាក់ ។ គេចោទថាពួកសាសនទូតបានខ្វេះភ្នែកក្មេងៗយកទៅធ្វើថ្នាំហើយពួក អ្នកស្រុកដែលត្រូវពួកមន្ដ្រីបោកប្រាស់ក៏ចាប់ស្អប់ពួកកាតូលិកជា បណ្ដើរៗ ។ សូម្បីតែស្ដេចយ៉ាឡុងខ្លួនព្រះអង្គក៏បានផ្ដាំបុត្រា មុនពេលទ្រង់សុគត (ឆ្នាំ១៨២០) ថាកុំឱ្យទុកចិត្ដពួកបារាំងដែរដែលគឺពួកបារាំងនេះហើយជាអ្នក បានជួយដណ្ដើមយកអាណាចក្រមកថ្វាយ ។ បុត្រាដែលទទួលបណ្ដាំហើយដែលស្នងរាជ្យបន្ដពីបិតានេះមិនមែនជា បុត្រាដែលមានអេវ៉ែកជាគ្រូនោះទេព្រោះបុត្រានេះបានសុគតទៅហើយ ។ គឺមិញម៉ាងជាបុត្រាបន្ទាប់ដែលទទួលរាជ្យសម្បត្ដិហើយចាប់បំបែក បំបាក់ពួកបារាំងធ្វើឱ្យពួកនេះអស់ចិត្ដនឹងបម្រើរួចហើយក៏ដាច់ ចិត្ដវិលត្រលប់ទៅស្រុកវិញទៅអ្នកខ្លះត្រូវធ្លាក់ខ្លួនក្រជាងកាលពី ទើបមកដល់កូសាំងស៊ីនទៅទៀតណាមួយវ័យក៏ចាស់បាក់អស់កម្លាំងស្ទើរ តែក្លាយទៅជាជនបរទេសចំពោះស្រុកខ្លួនឯងទៅហើយក្រុមគ្រួសារក៏មើលមិន ស្គាល់ ។
នៅក្នុងឆ្នាំ១៨៣១ មានពួកបារាំងដែលធ្លាប់បានមកបម្រើអាណ្ណាមម្នាក់គឺលោកសែញ៉ូបាន ត្រូវរដ្ឋាភិបាលបារាំងចាត់ឱ្យមកអាណ្ណាមក្នុងឋានៈជាកុងស៊ុលបារាំង ប្រចាំរាជធានីវ៉េក៏ប៉ុន្ដែស្ដេចមិញម៉ាងភ្លេចអស់គុណូបការៈដែលគាត់ ធ្លាប់បានធ្វើមកលើហើយបានប្រកែកមិនព្រមទទួលគាត់ទេគាត់ក៏ឡើង កប៉ាល់ចេញទៅវិញទៅ ។ ចាប់ពីពេលនោះមកចំណងទាក់ទងរវាងបារាំងនិងអាណ្ណាមក៏ត្រូវកាត់ ផ្ដាច់ ។ ចំណងទាក់ទងនេះកើតមានឡើងវិញនៅក្រោមរជ្ជកាលចៅរបស់មិញម៉ាងគឺ ទូឌឹកនៅពេលដែលលោកឧត្ដមនាវីរងរីហ្គោលដឺហ្សឺនូយីត្រូវបានបញ្ជូនឱ្យ មកធ្វើការសងសឹកនឹងការដែលស្ដេចនេះបញ្ជាឱ្យសម្លាប់ពួកសាសនទូតហើយ វាយដណ្ដើមយកទួរ៉ានបាននៅក្នុងថ្ងៃទី១ខែកញ្ញាឆ្នាំ១៨៥៨ ។
(9) ខ្ញុំសូមបញ្ជាក់ថាពួកសាសនទូតកាតូលិកបានធ្វើឱ្យមានការ ច្របូកច្របល់នៅក្នុងទំនៀមទម្លាប់របស់ស្រុកទេសដោយបានហាមប្រាមមិន ឱ្យអនុវត្ដជំនឿគោរពជីដូនជីតាជាក់ស្ដែងគឺហាមពួកអ្នកចូលសាសនាថ្មី មិនឱ្យចូលរួមក្នុងពិធីបុណ្យក្នុងភូមិដែលជាពិធីបុណ្យសាសនាមិនឱ្យ ស្បថនៅមុខតុលាការតាមទម្លាប់របស់ច្បាប់អាណ្ណាមជាពិសេសគឺឱ្យរក្សា ទំនាក់ទំនងល្អជាមួយពួកអឺរ៉ុបនិងហាងពាណិជ្ជកម្មអឺរ៉ុបដែលពួក អាណ្ណាមយល់ឃើញថាគឺជាអន្ដរាគមន៍របស់បរទេស ។ មុនដំបូងព្រះរាជាបានចេញបញ្ជាឱ្យបណ្ដេញពួកសាសនទូតកាតូលិកចេញពី នគរហើយហាមមិនឱ្យស្វាគមន៍រាក់ទាក់ទទួលពួកនេះទេ ។ ទ្រង់បានឱ្យគេដឹកពួកសាសនទូតណាដែលលាក់ខ្លួនជាមួយពួកអាណ្ណាម កាតូលិកដែលគេបានរកឃើញហើយឃាត់ខ្លួនបានយកទៅកាន់សិង្ហបុរីដោយ ផ្ទាល់ព្រះអង្គ ។ ប៉ុន្ដែពួកសាសនទូតទាំងអស់នោះបានលួចធ្វើដំណើរចូលមកក្នុងប្រទេស អាណ្ណាមវិញហើយបានបន្ដធ្វើដំណើរផ្សព្វផ្សាយសាសនាតទៅទៀត ។ ការធ្វើបែបនេះវាជាការធម្មតាទេនៅអឺរ៉ុបហើយគេស្ងើចសរសើរសាសនទូត ណាដែលបានខិតខំលះបង់ខ្លួនសុខចិត្ដរងទទួលទារុណកម្មហើយនៅពេលដែល សាសនទូតម្នាក់ស្លាប់ទៅសាសនទូតម្នាក់ទៀតដែលពោរពេញទៅដោយជំនឿក៏ ចូលខ្លួនបន្ដការងារឡើង ។ គេបាននាំគ្នាជេរស្ដេចអាណ្ណាមនិងពួកមន្ដ្រីរបស់ព្រះអង្គក៏ ប៉ុន្ដែគេមិនបានគិតថានៅសម័យជាមួយគ្នានោះនៅឯស្រុកបារាំងក្រោម ស្ដេចល្វីទី១៤ទី១៥ និងទី១៦គេកំពុងតែនាំគ្នាបំបែកបំបាក់ពួកបារាំងណាដែលបែរចូល កាន់សាសនាប្រូតេស្ដង់ដែលមិនមែនជាជនបរទេសទេ ។ ដូច្នេះបើសិនជាមានពុទ្ធសាសនិកជនទៅឃោសនាផ្សព្វផ្សាយសាសនាព្រះពុទ្ធនៅ ប្រឺតាញវ៉ង់ដេម៉ែន ឬទីកន្លែងផ្សេងទៀតរបស់បារាំង ឬនៅអេស្ប៉ាញ អ៊ីតាលី នៅក្នុងសតវត្សរ៍ទី១៩នេះ ពួកនេះក៏ប្រហែលជាត្រូវបារាំងកាប់សម្លាប់មិនខុសគ្នាអ្វីពីពួក សាសនទូតកាតូលិកនៅអាណា្ណមដែរទេ ។
(10) ទីក្រុងទាំង៣នេះហើយនិងក្រុងមួយចំនួនទៀតដែលបារាំងដណ្ដើមយកបាន នៅពេលនោះសុទ្ធតែបានត្រូវគេសង់ឡើងតាមប្លង់ដែលនាយទាហានបារាំង បានរៀបចំជាពិសេសគឺលោក វិកទ័រអូលីវីយ៉េ ដឺពុយម៉ាណែល ដែលបម្រើស្ដេចយ៉ាឡុងពីឆ្នាំ១៧៨៩ រហូតដល់ឆ្នាំ១៨២០ ។
(11) លោក ឌុយពុយ នេះកើតនៅក្នុងឆ្នាំ១៨២៩ ហើយបានស្លាប់នៅម៉ូណាកូ នៅចុងខែវិច្ឆិកា ឆ្នាំ១៩១២ ។
(12) តាមការនិទានតៗគ្នាគេជឿថា ស្ដេចទាំង២អង្គសុគតនៅសម្បូរច្រើនជាងនៅស្ទឹងត្រែង ។
(13) ពួកអឺរ៉ុបហៅថា អាឡំផ្រា Alomphra ។ គឺជាស្ដេចជ្រែករាជ្យមួយអង្គដែលបានបង្កើតសន្ដតិវង្សស្ដេចភូមាតៗ មក ។ ព្រះអង្គមានដើមកំណើតចេញមកពីស្រុកម៉ូហ្សូបូ ស្ថិតនៅចម្ងាយប្រហែលជា៨០គីឡូម៉ែត្រពីអវៈ ។
(14) ភ្យាតាក មានបំណងចង់ដណ្ដើមយកស្រុកទាំង២មកវិញដែរ ក៏ប៉ុន្ដែពេលនោះសៀមជាប់រវល់ធ្វើសង្គ្រាមជាមួយខ្មែរ ។ ក៏ប៉ុន្ដែទ្រង់បានដណ្ដើមយកភិស្ណុលោក ឈៀងម៉ៃ និងលីហ្គ័រ ពីភូមាមកវិញបាន ។
(15) ដំណើររឿងបែបនេះជាដំណើររឿងដែលគេបានទទួលស្គាល់ជាផ្លូវការ ។ ក៏ប៉ុន្ដែនៅស្រុកសៀមមានការបកស្រាយមួយផ្សេងដោយឡែកដែលលើកឡើងថា ភ្យាតាកមិនដែលប្រើហិង្សាទេ ហើយក៏មិនបានឆ្កួតដែរ ។ ពួកមន្ដ្រី និងពួកអ្នកមានភ័យខ្លាចចំពោះភាពមានយុត្ដិធម៌របស់ព្រះអង្គ និងព្រះទ័យស្រលាញ់សន្ដោសចំពោះរាស្ដ្រតូចតាច ។ ព្រះអង្គបានត្រូវពួកនេះទម្លាក់ពីរាជបល្ល័ង្កដោយពួកគេខ្លាចព្រះ អង្គធ្វើកំណែទម្រង់ ហើយរៀបចំរបបនយោបាយថ្មីមួយឡើងដែលអាចធ្វើឱ្យពួកគេបាត់បង់ បុព្វសិទ្ធិ និងផលប្រយោជន៍ផ្សេងៗ ។
(16) ព្រះរាជាអង្គនេះសុគតនៅក្នុងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩១០ ។ បុត្រារបស់ព្រះអង្គដែលប្រសូតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៨៨១ បានឡើងសោយរាជ្យបន្ដមានព្រះនាមថា បរមិន្ឌ្រមហាវជីរវុឌ្ឍ ។
(17) មុននោះពួកចិនទុកសក់វែងហើយបួងដូចពួកអាណ្ណាម ខ្មែរ សៀម និងពួកអ្នកស្រុកឥណ្ឌូចិនដែលមិនទាន់មានអារ្យធម៌ឯទៀតៗកាលពី សតវត្សរ៍ទី១៧ ។
(18) ពួកហូឡង់បានទទួលយកកោះតៃវ៉ាន់ ឬ ហ្វ័រម៉ូស នេះពីចិនជាថ្នូរជាមួយនឹងកោះប៉ុងហ៊ូ ឬប៉េស្កាឌ័រ ដែលហូឡង់កាន់កាប់ជាច្រើនឆ្នាំរួចមកហើយ ។
(19) ទ័ពពួកតៃពីងពេលនោះមានរហូតដល់ទៅ១០ម៉ឺននាក់ ។
(20) បើតាមរាជពង្សាវតាររៀបរាប់គេនិយាយថា នន្ទអាសែន វាយយករាជធានីមិនបានទេតែព្រះអនុជក្សត្រីមួយអង្គរបស់ចៅអនុរុត្ដ គឺនាងកែវបានបើកដៃឱ្យព្រោះព្រះនាងស្រលាញ់នន្ទអាសែនដែលព្រះនាង បានរៀបអាពាហ៍ពិពាហ៍ជាមួយប៉ុន្មានខែក្រោយមក ។
(21) លោក ឌូដាដឺឡាគ្រេ បានស្លាប់នៅទុងឈួននេះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៨៦៨ ។
(22) ក្នុងនោះរួមមានទាំងបណ្ដាខែត្ររបស់ព្រះរាជាណាចក្របាសាក់ដែលស្ថិត នៅលើត្រើយខាងឆ្វេងនោះផង ។ អ្វីដែលនៅសេសសល់នៅលើត្រើយខាងស្ដាំទន្លេមេគង្គសម្រាប់ព្រះរាជា លាវនោះគ្មានអ្វីជាសំខាន់ទេ ។ នោះគឺជាកំហុសមួយរបស់បារាំងចំពោះព្រះរាជាមួយអង្គដែលមានសំណូមពរ តែមួយគឺឱ្យបារាំងយកទឹកដីលាវទាំងមូលដាក់ចូលជារបស់បារាំង ហើយទ្រង់យល់ព្រមទទួលអាណាព្យាបាលរបស់បារាំងដោយសោមនស្សព្រោះថា បារាំងបានកាត់យកទឹកដីអស់២ភាគ៣ទៅហើយតែបារាំងទុកឱ្យព្រះអង្គ ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សៀមទៅវិញ ។ ដល់មកថ្ងៃក្រោយមកពេលដែលបារាំងបានជួសជុលកំហុសឆ្គងនេះតាមរយៈ សន្ធិសញ្ញាខែកុម្ភៈ ឆ្នាំ១៩០៤ ព្រះរាជាបានចូលទិវង្គតបាត់ទៅហើយ ។
(23) ពួកអារ៉ាកាននេះបានដាក់ឈ្មោះខ្លួនឯងថា យ៉េគែន ក៏ប៉ុន្ដែឈ្មោះតាមភាសាសំស្ក្រឹតគឺឌេន្យាឌី ។ នៅលើផែនទីដែលគូរដោយលោក ផ្ដូលេ មេស្រុកពួកនេះមានឈ្មោះថាស្រុកពួកអ្នកស៊ីសាច់មនុស្ស paysdesanthropophages ហើយគេគិតថាឈ្មោះ អារ៉ាកាន នេះប្រហែលជាក្លាយចេញមកពីសំស្ក្រឹតថា យក្សដែលស៊ីសាច់មនុស្សដែរ ។
បើទោះជាយ៉ាងណាក្ដីរដ្ឋអារ៉ាកានជា រដ្ឋស៊ីវីល័យមួយសម្បូរសប្បាយ ហើយវាំងពួកនេះល្អត្រចះត្រចង់នៅពេលដែលលោកគ្រូពេទ្យហ្គោធីយ៉េ ស៊ូតិន បានមកដល់នៅក្នុងឆ្នាំ១៦៦២ និងនៅពេលដែលពួកភូមាក្រោមរាជ្យស្ដេចមិងដារ៉ាហ្សេប្រូ ដណ្ដើមយកបានហើយដុតបំផ្លាញនៅក្នុងឆ្នាំ១៧៨៣ ។
(24) អវៈជារាជធានីរបស់ភូមាអស់កាល៣៦៩ឆ្នាំ ចាប់ពីឆ្នាំ១៣៦៤ រហូតដល់ឆ្នាំ១៧៣៣ ។ មុននោះរាជធានីគឺ ព្រោម ឬ ប៊ីរ៉ាម៉ា នៅក្នុងសតវត្សរ៍ទី១ និងទី២ រួចប៉ាកាន ក្នុងរយៈកាល១២សតវត្សរ៍ និងប៉ានីយ៉ូនៅសតវត្សរ៍ទី១៦ ។
(25) អមរបុរៈនេះស្ថិតនៅប្រហែលជា៣០គីឡូម៉ែត្រពីខាងជើងអវៈរាជធានីទាំង២ស្ថិតនៅលើត្រើយខាងឆ្វេងទន្លេឥរ៉ាវតីដូចគ្នា ។
(26) ពួកអង់គ្លេសភ្លេចហើយថាពួកគេក៏បានសម្លាប់ស្ដេចគេដែរកាលពីឆ្នាំ ១៦៤៨ តែបែរជាចោទបារាំងនៅចំពោះមុខរាជវាំងភូមាថា បារាំងជាពួកអ្នកសម្លាប់ស្ដេចខ្លួនឯង ហើយបានបន្ទោសបារាំងពីរឿងធ្វើគុតស្ដេចល្វីទី១៦ ។
(27) គឺអេវ៉ែកបារាំងនៅភូមាលោកប៊ីហ្គង់ដេ ដែលធ្វើជាអ្នកបកប្រែភាសាឱ្យនៅក្នុងកិច្ចចរចារវាងពួកអង់គ្លេស និងពួកភូមា ហើយបានបម្រើឱ្យផលប្រយោជន៍អង់គ្លេស ។
(28) រ៉ៃណាល់និយាយថា ពួកហូឡង់បានចាប់នាវាពាណិជ្ជកម្មរបស់ព័រទុយហ្គាល់ច្រើនជាង៣០០ គ្រឿងនៅក្នុងសតវត្សរ៍ទី១៧ ។ គឺដោយហេតុនោះហើយបានជាហូឡង់ជំនួសពួកព័រទុយហ្គាល់នៅស្ទើរគ្រប់ ទីកន្លែង ។
(29) ដីដែលចិនសម្បទានឱ្យនៅពេលនោះមានទំហំប្រហែលជា ៣១គីឡូម៉ែត្រក្រឡា តែប៉ុណ្ណោះ ។ ព័រទុយហ្គាល់ត្រូវបង់ពន្ធនេះរហូតដល់ឆ្នាំ១៨៤៨ ទើបលោកអភិបាលហ្វ៊ែរៃរ៉ាដឺអាម៉ារ៉ាល់ បានប្រកែកឈប់បង់ពន្ធលើបួរដីដែលខណ្ឌចែកម៉ាកាវពីទឹកដីកោះ ទាំងមូលដែលចិនដាក់តាំងពីឆ្នាំ១៥៧៣ មក ។ ហេតុការណ៍នេះបានធ្វើឱ្យគាត់ស្លាប់ដោយគេធ្វើឃាតនៅក្នុងខែសីហា ឆ្នាំ១៨៤៩ នៅនឹងមាត់ទ្វារចូលទីក្រុង ហើយគេកាត់យកក្បាលទៅកង់តុងទៅ ។ នៅក្នុងឆ្នាំ១៥៨៣ ពួកព័រទុយហ្គាល់បានដាក់ឈ្មោះឱ្យទីក្រុងដែលពួកគេបានកសាងឡើងថា ព័រតូដឺសង់តូណូមេដឺដេអូស រួចក្រោយមកកែថា ស៊ីតាដេដឺសង់តូណូមេដឺដេអូដឺម៉ាកាវ ។ ពួកចិនហៅថា ង៉ាវមេន តាមភាសាគួនហួ និង ហូមួន តាមភាសាកង់តុង តែអ្នកស្រុកច្រើនហៅថា អាម៉ាហ្គាវ ។

No comments:
Post a Comment