Sunday, July 30, 2017

ចៅពញាញោម ១៦០០-១៦០៣


  1. ក្រោយពីព្រះបរមរាមាធិបតីពញ្ញាអនទ្រង់សោយទីវង្គត់ដោយការលបធ្វើគត់ដោយព្រះរាមកែវព្រះភ្លើងនិងបក្សពួករបស់ខ្លួន។ព្រះរាជវង្សានុវង្សនិងមន្ត្រីផងទាំងពួងពិសេសគឺព្រះទេវីក្សត្រីដែលជាព្រះរាជ្យបុត្រីរបស់ព្រះចន្ទរាជាហើយត្រូវជាជីដូនបានយាងព្រះពញ្ញាញោមដែលជាព្រះរាជបុត្រពៅរបស់ព្រះមហិធរាជាព្រះសត្ថាមានព្រះជន្ម២១ព្រះវស្សាឲ្យឡើងសោយរាជ្យស្នងព្រះបិតុលានៅរាជ្យវាំងស្រីសន្ធរក្នុងឆ្នាំ១៦០០ដោយមានព្រះនាមក្នុងរាជ្យថា’’ព្រះសម្តេចកែវហ៊្វាពញ្ញាញោម’’។
  2. ក្នុងឆ្នាំ១៦០១ព្រះអង្គទ្រង់បានប្តូររាជធានីពីស្រីសន្ធរមកចតុមុខវិញ។ព្រះកែវហ៊្វាពញ្ញាញោមនេះមិនខុសអ្វីពីព្រះបរមរាមាធិបតីពញ្ញាអនដែលជាព្រះបិតុលារបស់ព្រះអង្គឡើយ។ព្រះអង្គមិនសូវខ្វល់ខ្វាយពីកិច្ចការប្រទេសជាតិនិងសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គនោះទេគឺព្រះអង្គជក់ព្រះឧទ័យតែនឹងបណ្តើរឆ្កែ គង់សេះ ដេញសត្វ ចាក់ជុងបង្កាត់ ទាក់ក្រួច ទរទា មាន់ព្រៃ និងរលកជាធម្មតា។ជាពិសេសនោះព្រះអង្គជក់ព្រះទ័យនឹងការប្រពៀតព្រៃនិងនាំបណ្តាជាខ្ញុំបំរើបៀតបៀនកូនប្រពន្ធមន្ត្រីរាស្ត្រជានិច្ចជាកាល។ដោយសារតែអំពើមិនល្អនេះហើយទើបមានសេចក្តីក្តៅក្រហាយកើតមានពាសពេញព្រះនគរជាខ្លាំងទើបកើតមានចោរលួចចោរប្លន់និងមនុស្សចាប់គ្នាលក់ដូចសត្វតិរច្ឆាន។
  3. ដោយអស់អង្ឈឹមនឹងការរកព្រះរាជាដែលមានទសពិតរាជ្យធម៌និងគិតគូរដល់សុខទុក្ខរបស់ប្រជារាស្ត្រនោះព្រះទេវីក្សត្រីដែលជាព្រះរាជ្យបុត្រីរបស់ព្រះចន្ទរាជាទ្រង់បានផ្ញើព្រះរាជ្យសារទូលព្រះចៅនររេសួនស្តេចសៀមសុំយាងព្រះស្រីសុរិយោពណ៌ជាក្មួយដែលសៀមចាប់យកទៅកាលសៀមវាយបែកបន្ទាយលង្វែកនៅក្នុងឆ្នាំ១៥៩៣នោះឲ្យវិលមកឡើងសោយរាជ្យនៅនគរកម្ពុជាដើម្បីឲ្យប្រទេសជាតិបានចំរុងចំរើនឡើងវិញ។ចំនែកឯព្រះចៅនររេសួនស្តេចសៀមក៏ទ្រង់យល់ព្រមតាមសំនើរក៏ប៉ុន្តែព្រះអង្គមិនអនុញ្ញាតឲ្យព្រះជ័យជេដ្ធាទី២ជាព្រះរាជបុត្រច្បងរបស់ព្រះស្រីសុរិយោពណ៌យាងមកនគរខ្មែរនោះទេ។ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ទ័ពរបស់ព្រះចៅនររេសួនផងព្រះស្រីសុរិយោពណ៌ទ្រង់បានយាងមកដល់នគរកម្ពុជាវិញក្នុងឆ្នាំ១៦០១ឬ១៦០៣។ចំនែកឯព្រះកែវហ្វ៊ាពញ្ញាញោមដែលត្រូវបានដកចេញពីរាជ្យបល័ង្គដោយមិនពេញព្រះទ័យព្រះអង្គទ្រង់ក៏ទ្រង់នាំពួកមន្ត្រីឡែឡរបស់ខ្លួនទៅបំបះបក្សពួកបានមួយចំនួនមកច្បាំងដណ្តើមរាជ្យពីព្រះស្រីសុរិយោពណ៌ជាព្រះបិតុលា។ទីបំផុតព្រះកែវហ្វ៊ាពញ្ញាញោមក៏ត្រូវទ័ពរបស់ព្រះស្រីសុរិយោពណ៌ចាប់បានហើយធ្វើគត់ព្រះអង្គក្នុងឆ្នាំ១៦០៣ទៅ។

No comments:

Post a Comment