Wednesday, July 19, 2017

ប្រាសាទ​ពីរ​ទៀត​ នឹង​ត្រូវ​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក


Fri, 28 November 2014
ប៉ិច សុធារី
ភ្នំពេញៈ កម្ពុជា នឹង​ដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ សុំ​ចុះ​ឈ្មោះ​ប្រាសាទ​សំបូរ​ព្រៃ​គុក ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ខណៈ​ដែល​ក្រសួង​កំពុង​ត្រៀម​ឯកសារ​ដាក់​ប្រាសាទ​បន្ទាយ​ឆ្មារ និង​ចាប៉ី​ដង​វែង ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូច​គ្នា​ផង​ដែរ។

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ស្រី ភឿង សកុណា បាន​ថ្លែង​នៅ​រដ្ឋសភា បន្ទាប់​ពី​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​វប្បធម៌ និង​សិល្បៈ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ថា តាម​គោល​នយោបាយជា​អាទិភាព​របស់​ក្រសួង​សម្រាប់ ឆ្នាំ​២០១៥ គឺ​ការ​ចុះ​បញ្ជី​សារពើភណ្ឌ​នូវ​បេតិកភណ្ឌ​រូបិយ និង​អរូបិយ​ទាំង​អស់ ដែល​មាន​នៅ​កម្ពុជា ក្នុង​នោះ ប្រាសាទ​សំបូរ​ព្រៃ​គុក នឹង​ត្រូវ​ដាក់​សំណើ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ នា​ដើម ឆ្នាំ​២០១៥ នេះ។

លោក​ស្រី​បាន​ថ្លែង​ថា៖ «យើង​បាន​រៀបចំ​ឯកសារ​បាន​ច្រើន​ហើយ...អ៊ីចឹង​ដើម្បី​ចង់​ការពារ​ទាល់​តែ​យើង​មាន​ការ​ចុះ​បញ្ជី ដូច្នេះ​ហើយ កាល​ណា​យើង​មាន បើ​សិន​គេ​លួច យើង​អាច​រក​ឃើញ​វិញ ហើយ​ជា​សម្បត្តិ​របស់​យើង​តែ​ម្តង»។

ប្រាសាទ​សំបូរ ព្រៃ​គុក គឺជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ មាន​ទីតាំង​ឋិត​នៅ​ក្នុង ភូមិ​-ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ចម្ងាយ ៣៧ គីឡូម៉ែត្រ ពី​ទីរួម ខេត្ត​កំពង់ធំ។ ប្រាសាទ​សំបូរ​ព្រៃ​គុក កសាង​ឡើង​នៅ​រាជ្ជកាល​ស្តេច​ឥសាន​វរ្ម័ន ទី១ ក្នុង​សតវត្សរ៍ ទី៧ (គស ៦១៦-​៦៣៥) នា​សម័យ​ចេនឡា។ ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​គេ​បាន​រក​ឃើញ ប្រាសាទ​ទាំង​អស់​ចំនួន​ប្រមាណ ១៤០ ប្រាសាទ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ។

លោក​ស្រី សកុណា បាន​បន្ត​ថា បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ប្រាសាទ​សំបូរ​ព្រៃ​គុក ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កម្ពុជា​ក៏​បាន​និង​កំពុង​រៀបចំ​ឯកសារ ដើម្បី​ដាក់​ប្រាសាទ​បន្ទាយ​ឆ្មារ និង​ទម្រង់​សិល្បៈ​បុរាណ «ចាប៉ី​ដង​វែង» ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​អំឡុង ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ផង​ដែរ។

ប្រាសាទ​បន្ទាយ​ឆ្មារ មាន​ទីតាំង​នៅ ស្រុក​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍ ទី១២ និង​ដើម​សតវត្សរ៍ ទី១៣។

ចំណែក ចាប៉ី​ដង​វែង ជា​ឧបករណ៍​ភ្លេង​មាន​ខ្សែ ២ ឬ ៤ ដែល​ប្រើ​សម្រាប់​ប្រគំ​ក្នុង​វង់​ភ្លេង​ការ​បុរាណ វង់​ភ្លេង​អារក្ស វង់​ភ្លេង​មហោរី​ជាដើម និង​ប្រើ​ទោល​សម្រាប់​លេង​កំដរ​ចម្រៀង​កំណាព្យ។

កម្ពុជា​បាន​ដាក់​ប្រាសាទ​ជាច្រើន ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ​ក្នុង​នោះ ក៏​មាន​ប្រាសាទ​ព្រះ​វិហារ​និង​អង្គរ​វត្ត​ផង​ដែរ៕

No comments:

Post a Comment