Wednesday, July 19, 2017

ព្រះពុទ្ធរូបនាគប្រក់

សេចក្ដីផ្ដើម

  ព្រះពុទ្ធ​រូប​នាគប្រក់​ គឺ​ជា​ព្រះ​រូប​មួយ​អង្គ ក្នុង​ព្រះ​ពុទ្ធ​រូប​​ជា​ច្រើន​អង្គ​ទៀត​ដែល​ជន​ជាតិ​ខ្មែរ​យើង​តែង​គោរព​បូជា​ ព្រះ​ពុទ្ធ​​រូប​នេះ ទំនង​ជា​ត្រូវ​បាន​សាង​ឡើង​ក្នុង​គោលបំណង​រំលឹក​ ក្នុង​សម័យ​កាល ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​គង់​សមាធិ​នៅ​ក្បែរ​​មុជ្ជ​​លិន​​ស្រះ​។ មាន​ដំណាល​ថា ក្នុង​សម័យ​ថ្ងៃមួយ​ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​យាង​កាត់​ជន​បទ​មួយ​ មាន​បុរស​ម្នាក់​មានសទ្ធា​ជ្រះថ្លា​ បាន​ថ្វាយ​ស្មៅ​ចំបើង​មួយ​បាច់ដល់​ព្រះ​អង្គ​។ ពេល​យាង​ទៅ​ដល់មុជ្ជ​លិន​ស្រះ​ ព្រះ​អង្គ​ទ្រង់​បាន​យក​ស្មៅនោះ​ធ្វើ​ជា​កំរាល​ ហើយ​ទ្រង់​បាន​គង់​សមាធិ​នៅទីនោះ​​។ ស្មៅ​ចំបើង​ក៏​ក្លាយ​ទៅ​​ជា​បល្ល័ង្ក​​​នាគ​ក្បាល​ប្រាំ​ពីរ កើត​មាន​សេចក្ដី​ជ្រះ​ថ្លា ចំពោះ​ព្រះអង្គ​ ពត់ពេន​ខ្លួន​ជា​រាជ​បល្ល័ង្ក យក​ក្បាល​ទាំង​ប្រាំពីរ​ប្រក់​ជា​ដំបូល ដើម្បី​បិទ​បាំង​កំដៅ​ថ្ងៃ​ភ្លៀងខ្យល់​ ​ថ្វាយ​ដល់ព្រះសម្មាសម្ពុទ្ធ។
កេរដំណែលព្រះពុទ្ធរូប​នាគប្រក់


ព្រះពុទ្ធរូប​នាគ​ប្រក់ ជា​ព្រះពុទ្ធរូប​មួយ​អង្គ ដែល​មាន​តេជ​រស្មីចេញ​ពី​ក្បាល​​ពញានាគ៧ ត្រូវ​បាន​រចនា​កសាង​ឡើង​ ក្នុង​សតវត្ស​ទី​១២ នៃ​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទុក​ជា​ទី​សក្ការៈ​ គោរព​បូជា​ ជា​វត្ថុ​ស័ក្ដិ​សិទ្ធ​​ដ៏​ខ្លាំង​ពូកែ​អស្ចារ្យ ព្រោះ​ពេល​នោះ​អា​ណា​ចក្រ​ខ្មែរ​បាន​ប្ដូរ​ពិធី​​គោរព​បូជា​ទេវ​រាជ​ មក​​ធ្វើ​ពិធី​គោរព​ពុទ្ធ​សាសនា​វិញ​​។ លទ្ធិ​ព្រហ្មញ្ញ​សាសនា​ដែល​បាន​ចូល​មក​ចាក់​រិស យ៉ាង​ជ្រៅ​ក្នុង​ផ្នត់​គំ​និត​របស់ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ តាំង​ពី​សម័យ​នគរ​ភ្នំ​រហូត​ដល់​ចុង​សម័យ​មហា​ន​គរ​ដ៏​រុង​រឿង​ ហើយ​ទំនាស់​រឿង​សាសនា បាន​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ព្រះ​ម​ហាក្សត្រ​ខ្មែរ ធ្វើ​ការ​​កាប់​សំលាប់​គ្នា​បាក់​បែក​សាមគ្គី​គ្នា​យ៉ាង​ខ្លាំង​។ ដើម្បី​ធ្វើ​ការ​​បង្រួប​បង្រួម​ជាតិ​ អោយ​មាន​ឯក​ភាព​គ្នា​ឡើង​វិញ​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​ក្សត្រ​មួយ​អង្គ ដ៏​អង់​អាច​អស្ចារ្យ ព្រះ​អង្គ​មាន​គោ​បំណង​​យ៉ាង​​ខ្លាំង ក្នុង​ការ​បង្រួប​បង្រួម​ខ្មែរ​ឡើង​វិញ ព្រះ​អង្គ​បាន​ងាក​មក​គោរព​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​វិញ ហើយ​កេរ​ដំណែល​វប្បធម៌ ព្រះ​ពុទ្ធសាសនា​មហា​យាន​នេះ គេ​សង្កេត​ឃើញ​មាន​សេស​សល់ រហូត​ដល់​សព្វ​ថ្ងៃ ​គឺ «ព្រះ​ពុទ្ធ​រូប​នាគ​ប្រក់​» ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ របត់​នយោ​បាយ​ថ្មី​មួយ ពី​លទ្ធិ​ទេវ​រាជ មក​ព្រះ​​ពុទ្ធ​រាជ​​វិញ​។
ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧ សោយ​រាជ្យ​សម្បត្តិ នា​សម័យ​មហាន​គរ​ក្នុង​ឆ្នាំ​១១៨១ ដល់ ១២២០ នៅ​រាជ​ធានី​អង្គរ​ធំ ខេត្ត​សៀម​រាប ដោយ​ព្រះ​អង្គ​បាន​ធ្វើ​ពលិកម្ម បរិច្ចាគ​ព្រះ​បញ្ញា​ញាណ ព្រះ​កាយ​ពល ទ្រព្យ​សម្បត្តិ និង​ ដឹក​នាំ​ប្រ​ទេស​ជាតិ អោយ​រីក​ចំរើន​រុង​រឿង ក្លាយ​ជា​ប្រ​ទេស​មហា​អំណាច​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ នៅ​ពេល​នោះ​ព្រះ​អង្គ​បាន​រៀប​ចំ​ផែន​ការ​កសាង​ប្រទេស​ជាតិ ដូច​ជា​កសាង​ប្រាសាទ សាលា​ដំណាក់ មន្ទីរ​ពេទ្យ​ វត្ត​អារាម ជីក​ស្រះ​បារាយណ៍ ប្រព័ន្ធ​ធារា​សាស្ត្រ ដើម្បី​យក​ទឹក​ទៅ​ស្រោច​ស្រព​ដំណាំ​ស្រូវ ដែល​ជា​ប្រភព​កសិ​កម្ម​យ៉ាង​សំខាន់​បំផុត​សំរាប់​ប្រ​ជា​ពល​ខ្មែរ​។ ដោយ​សារ​មាន​ប្រ​ភព​ទឹក​គ្រប់​គ្រាន់​នេះ​ហើយ ធ្វើ​អោយ​របរ​កសិ​កម្ម​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ទទួល​បាន​លទ្ធ​ផល​ខ្ពស់​គួរ​ជា​ទី​ពេញ​ចិត្ដ​។ ក្នុង​វិស័យ​យោធា និង​ការ​ពារ​ជាតិ​ ព្រះ​បាទ​ជ័យ​វរ័្មន​ទី​៧ ទ្រង់​បាន​យក​ចិត្ដ​ទុក​ដាក់​ពង្រឹង​ពង្រីក​វិស័យ​យោ​ធា​អោយ​កាន់​តែ​ខ្លាំង​ក្លា​។ លើស​ពី​នេះ​ទៀត ព្រះ​អង្គ​បាន​ធ្វើ​ការ​ពិចា​រណា​រក​ហេតុ និង​ផល​នៃ​ការ​ឈ្លាន​ពាន​របស់​ពួក​ចាម មក​លើ​អាណា​ចក្រ​អង្គរ ដោយ​ព្រះ​អង្គ​សំរេច​ចិត្ត ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​ការ​គោរព​ព្រហ្មញ្ញ​សាសនា មក​ព្រះ​ពុទ្ធ​សាសនា​មហា​យាន​វិញ គឺ​គោរព​ចំពោះ​ព្រះ​ពោធិ​សត្វ​ជា​ធំ ក្នុង​នយោ​បាយ​ដឹក​នាំ​របស់​ព្រះ​អង្គ​។
ចំពោះ​សំណង់​ប្រាសាទ​ ដែល​កសាង​ក្នុង​រជ្ជ​កាល​ព្រះ​អង្គ មាន​រចនា​ព្រហ្ម​មុខ​បួន​នៅ​តាម​គោរបុរៈ និង​ប្រាង្គ​នៃ​ប្រាសាទ ជា​ពិ​សេស ប្រាសាទ​បាយ័ន​ដែល​មាន​ប្រាង្គ​មុខ​បួន​តំណាង​អោយ មេត្តា ករុណា ឧបេក្ខា និង​មុទិតា ខ្លះ​ទៀត​ថា ព្រះ​ភ័ក្ត្រ​ញញឹម​បាយ័ន​នេះ​តំណាង​អោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ទៅ​វិញ​។ នៅ​ប្រាសាទ​បាយ័ន គេ​ក៏​ឃើញ​មាន​តំកល់​ព្រះ​ពុទ្ធ​រូប​នាគ​ប្រក់ ទុក​សំរាប់​គោរព​បូជា​ផង​ដែរ ព្រោះ​បដិមា​អង្គ​នេះ​ នៅ​​សម័យ​​មហា​ន​គរ ក្នុង​​រជ្ជ​​កាល​​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គឺ​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ផ្សះ​ផ្សារ​ទស្សនៈ​ចិត្ត​គំនិត​របស់​មនុស្ស ដែល​បែក​បាក់​គ្នា​អោយ​មាន​សីល​ធម៌​ខ្ពស់ អោយ​មាន​ការ​រួប​រួម​គ្នា​ស្រលាញ់​សា​មគ្គី​គ្នា ព្រួត​ដៃ​កសាង ការ​ពារ​ទឹក​ដី​អោយ​បាន​រីកចំរើន​រុង​រឿង​ដល់​កំរិត​កំពូល​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​គោរព​ប្រកាន់​ព្រះ​ពោធិ​សត្វ និង​គោរព ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ យ៉ាង​ខ្លាំង​ដោយ​ប្រៀប​ដូច​ទៅ​នឹង​ព្រះ​ពុទ្ធ​រាជ​ទៀត​ផង​។
ការហូរចូលឥទ្ធិលខម និងព្រះពុទ្ធរូប​នាគប្រក់​ទៅ​លពបុរី

ទស្សនាវ​ដី​លោក​លី​ល័ប​ភាសា​ថៃ ខាង​ផ្នែក​ពុទ្ធ​សាសនា បាន​ចុះ​ផ្សាយ​អត្ថ​បទ​មួយ​ស្ដី​អំពី​ព្រះ​ពុទ្ធ​រូប​ប្រក់​នាគ គឺ​ជា​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ដែល​ជន​ជាតិ​ថៃ​សម័យ​លព​បុរី បាន​ចំលង​ចេញ​ពី​រចនា​បទ​ព្រះ​ពុទ្ធ​រូប​នាគ​ប្រក់ របស់​អាណា​ចក្រ​កម្ពុជា (ខម) ហើយ​ត្រូវ​បាន​ជន​ជាតិ​ថៃ​សម័យ​លព​បុរី ​រហូត​បច្ចុប្បន្ន​ធ្វើ​ការ​គោរព​បូជា ចាត់​ទុក​ជា​រចនា​បទ​សិល្បៈ​ដ៍​ឆ្នើម​របស់​ជន​ជាតិ​ថៃ​។
លពបុរី ឬឈ្មោះដើមហៅថា លវបុរៈ ឬ​លវោ គឺ​ជា​ទី​ក្រុង​ចាស់​បូរាណ​មួយ ដែល​គេ​ពុំ​ដែល​បោះ​បង់​ចោល​ម្ដង​ណា​ឡើយ គឺ​ជា​ទី​ក្រុង​មួយ​មាន​តំលៃ​យ៉ាង​​ខ្លាំង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រ​វត្ដិ​សាស្ដ្រ និង​វត្ថុ​បូរាណ​ផ្សេង​ជា​ច្រើន​​​ទៀត​។ លវោ ត្រូវ​បាន​ទទួល​ឆ្លង​កាត់​មកជា​ច្រើន​យុគ​សម័យ​គឺ​តាំង​ពី​ម័យ​មុន​ប្រ​វត្ដិ​សាស្ដ្រ សម័យ​យុគ​ថ្ម​រំលីង​ (The Neolithic Culture) សម័យ​លោហៈ (The Metal Age) រហូត​ដល់​សម័យ​ប្រ​វត្ដិ​សាស្ដ្រ និង​សម័យ​បច្ចុប្បន្ន​នេះ​ទៀត​។ នៅ​ចំកណ្ដាល​បន្ទាយ​ទាហា​កាំ​ភ្លើង​ធំ ក្នុង​ខេត្ដ​លព​បុរី អ្នក​បូរាណ​វិទ្យា​បាន​កាយ​រក​ឃើញ​គំរោង​ឆ្អឹង​មនុស្ស​កប់​រួម​ជា​មួយ​វត្ថុ​ប្រើ​ប្រាស់ជា​ច្រើនទៀ​ដូច ពូថៅ​ធ្វើ​​អំពី​​ថ្មរំលីង និង​ភាជន៍​ធ្វើ​ពី​ដី​ដុត​ជា​ដើម ដែល​របស់​អស់​ទាំង​នេះ​សុទ្ធ​សឹង​ជា​របស់​ដែល​ប្រើ​ប្រាស់​តាំង​ពី​សម័យ​មុន​ប្រ​វត្ដិ​សាស្ដ្រ មាន​អាយុ​កាល​ប្រមាណ ពី ៣៦០០​ឆ្នាំ ទៅ ៣៩០០​ឆ្នាំ​មក​ហើយ​។ លុះ​ចូល​មក​ដល់​សម័យ​ប្រវត្ដិ​សាស្ដ្រ អ្នក​ប្រ​វត្ដិ​វិទូ​បាន​ចាត់​ទុក​លព​បុរី គឺ​ជា​កន្ដែង​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ព្រោះ​នៅ​ទី​​នោះ គេ​បាន​រក​ឃើញ​នូវ​វត្ថុ​បូរាណ​ជា​ច្រើន ហើយ​ស្លាក​ស្នាម​នៃ​វត្ថុ​បូរាណ​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​វត្ថុ​បូរាណ​តាំង​ពី​សម័យ​ទ្វាវ​តី នៃ​ពុទ្ធ​សត​វត្ស​ទី ១១ - ១៦ មក​ម្លេះ​។

  នៅ​ពេល​តមក​អាណា​ចក្រ​ទ្វា​វតី​ត្រូវ​ដួល​រលំ ពួក​ខម​នៃ​អាណា​ចក្រ​កម្ពុជា បាន​ចូល​មក​រស់​នៅ​តាម​ដង​ទន្លេ​ចៅព្រះ​យ៉ា ក្នុង​តបន់​លព​បុរី នៅ​ទី​នោះ​គេ​បាន​រក​ឃើញ​បូរាណ​វត្ថុ​ជា​ច្រើន ដែល​សិល្បៈរបស់ជន​ជាតិ​ខម​។ ក្នុង​ព.ស ១៨៩៣ ព្រះ​ចៅ​យូថង ឬ​ព្រះ​បាទ​សម្ដេច​រាមា​ធិប​តី​ទី​១ បាន​បោះ​បង់​អាច​ក្រ​លព​បុរី ហើយ​រើ​រាជ​ធានី​មក​តាំង​នៅ​អាណា​ចក្រ​អាយុ​ធ្យា​វិញ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​លព​បុរី​នៅ​តែ​ជា​ក្រុង​ដ៏​សំខាន់​មួយ​របស់​ប្រវតិ​សាស្ដ្រ​ថៃ​ដដែល​។

 សព្វ​ថ្ងៃ លព​បុរី​ជា​អាណា​ខេត្ដ​មួយ​រ មាន​​កា​រីក​ចំរើន​យ៉ាង​ទាន់​សម័​យ​ទំនើប ប្រជា​ជន​ធ្វើ​ការ​រក​ស៊ី​មាន​បាន មាន​វត្ថុ​ប្រើ​ប្រាស់​ទាន់​សម័យ មាន​រថ​យន្ដ​គ្រឿង​ចក្រ​តូច​ធំ​គ្រប់​បែប​យ៉ាង ប្រជា​ជន​នៅ​តាម​ជន​បទ​ប្រកប​របរ​រក​ស៊ី​ធ្វើ​កសិកម្ម​ស្រែ​ចំការ​រស់​នៅ​ដោយ​សុខ​សាន្ដ​គ្រប់​ៗ​គ្នា​។​ ក្នុង​ចំណោម​ប្រជា​ជន​ទាំង​អស់​នៅ​លព​​បុរី គេ​សង្កេត​ឃើញ​នៅ​មាន​ជន​ជាតិ​ខម​ចំនួន​​ប្រ​មាណ ១/៣ រស់​នៅ​លាយ​លំ​គ្នា​នៃ​ប្រជា​ជន​ទាំង​អស់​ផ្សេង​ទៀត​។ ជន​ជាតិ​ខម​ទាំង​អស់​នេះ គឺ​ជា​ពួក​ខម​អំបូរ​ភូមា និយាយ​ភាសា​ខ្មែរ​មន​។

ក្នុង​សម័យ​កាល​​ដ៏​យូរ​លង់​ណាស់​មក​ហើយ អាណា​ចក្រ​កម្ពុជា គ្រប់​គ្រង​ដោយ​ព្រះ​មហា​ក្សត្រ​មួយ​អង្គ មក​ពី​ឥណ្ដៀ​ព្រះ​នាម កម្ពូសវៈ ដែល​ជា​ក្សត្រ​គោរព​បូជា​សាសនា​ហិណ្ឌូ (ព្រហ្មញ្ញ​សាសនា) ឬ​បូជា​ព្រះ សិវៈ ត្សត្រ​អង្គ​នេះ​មាន​រិទ្ធ​អំណាច​ខ្លាំង​ពូណាស់ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ទេវ​រាជ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ដូច្នេះ​ហើយ​សាសនា​ហិណ្ឌូ (ព្រហ្មញ្ញសាសនា) បាន​ជ្រួត​ជ្រាប​ពេញ​អា​ចក្រ​កម្ពុជា គឺ​ជា​សាសនា​មួយ​ដែល​ប្រជា​ជន​កម្ពុ​ជា​គ្រប់​គ្នា គោរព​បូជា​តាំង​ពី ក​កើត​កម្ពុជា​មក​ម៉្លេះ​។ ក្នុង​ការ​កសាង​អាណាចក្រ​កម្ពុជា ក្សត្រ​អង្គ​នេះ បាន​ពង្រីក​វាទ​ទឹក​ដី​គ្រប់​គ្រង​របស់​ខ្លួន​បាន​យ៉ាង​ដ៏ធំ​ធេង រហូត​ពេញ​ក្នុង​ជ្រោយ​ឥណ្ឌូ​ចិន​ទាំង​មូល​តែ​ម្ដង ហើយ​បាន​លើក​ទ័ព​ចូល​មក​វាយ​ជន​ជាតិ​ដើម នា​អណា​ខេត្ដ​ទ្វារ​វតី និង​អាណា​ខេត្ដ​កូត្រ​បូរណ៍ ដាក់​ក្រោយ​ការ​ចំណុះ​គ្រប់​គ្រង​របស់​ខ្លួន​ទៀត​ផង​។

នៅ​ពេល​ដែល​ពួក​ខម វាយ​ឈ្នះ​យក​បាន​កូត្រ​បូរណ៍ ពួក​នេះ​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឥទ្ធិ​ពល​របស់​ខ្លួន នៅ​ក្នុង​បរិ​វេណ​ដែន​ដី​នេះ ហើយ​បាន​វាទ​ទី​រហូត​ដល់ ចន្ទបុរី ហួស​ចូល​មក​ដល់​អានា​ខេត្ដ លវូ (លព​បុរី) ហើយ​ឡើង​តាម​ដៃ​ទន្លេ រហូត​ដល់​ពិស្នុ​លោក​សុខោ​ទ័យ សុវណ្ណ​លោក​ទៀត​ផង​។ វឌ្ឍន​ធម៌ និង​ឥទ្ធិ​ពល​សិល្ប​ខម ដែល​បាន​ហូរ​ចូល​មក​កាន់​លពបុរី ទំនង​ជា​ក្នុង​រជ្ជ​កាលក្សត្រ​ខម ព្រះ​បាទ​សុរិយ​វរ្ម័ន​ទី​១ (ព.ស.១៥៥៣ - ១៥៩៣) សម័យ​ព្រះ​បាទ​សុរិយ​វរ្ម័​ទី​២ (ព.ស ១៦៥៦ ១៦៩៣) ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​១ ហើយ​សំខាន់ គឺ​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជាក្សត្រ​ កាន់​ព្រះ​ពុទ្ធ​សាសនា​និកាយ​មហា​យាន (ព.ស. ១៧២៤-១៧៦០) គឺ​ពេល​នោះ​ហើយ​ដែល ឥទ្ធិ​ពល​​របស់​ខម​ បាន​ចូល​មក​រីក​ដុះ​ដាល​ពេញ​អាណ​ខេត្ដ លព​បុរី​របស់តែម្ដង​។ ហេតុ​ដូច​នេះ​ហើយ ទើប​​បូរាណ​វត្ថុ​ដែល​រក​ឃើញ​នៅ​តំបន់​​លព​បុរី សុទ្ធ​សឹង​ជា​វត្ថុ​បូរាណ​នៃ​សិល្ប​ខម​ទាំង​អស់ គឺ​តាំង​ពី​របៀប​របប ​លទ្ធិ​សាសនា មាន​ការ​គោរព​ ព្រះវិស្នុ ឬ​ព្រះ​នរាយ៍ រហូត​ដល់​ការ​គោរព​ព្រះ​ពុទ្ធ​សាសនា និកាយ​មហា​យាន នៃ​សម័យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ទៀត​ផង​។

No comments:

Post a Comment