៣៣. ព្រះជ័យជេដ្ឋាទី៥ អង្គស្ងួន (១៧៤៩-១៧៥៥)
ព្រះជ័យជេដ្ឋា ពេលនោះមានព្រះជន្ម៤២ព្រះវស្សាហើយ ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះបាទធម្មោរាជា ដែលព្រះសុរិយោពណ៌អង្គហ៊ីងបានធ្វើគុត ។ ព្រះអង្គត្រូវបានអភិសេកឱ្យឡើងសោយរាជ្យក្រោមព្រះនាមថា «ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះស្រីជ័យជេដ្ឋាធិរាជបរម បពិត្រ» ។ ព្រះអង្គទទួលស្គាល់គុណូបការៈរបស់ចៅហ្វាយខែត្រពោធិ៍សាត់ ដែលបានស៊ូប្ដូរនឹងព្រះអង្គនៅក្នុងពេលមានសង្គ្រាម ម្ល៉ោះហើយព្រះអង្គក៏តែងតាំងឱ្យធ្វើជាចៅហ្វ៊ាគឺនាយក រដ្ឋមន្ដ្រី ។ ការលើកតម្កើងចៅហ្វាយខែត្រពោធិ៍សាត់នេះ បានធ្វើឱ្យនាម៉ឺនមន្ដ្រីចាស់ៗកើតការច្រណែន ក៏ឃុបឃិតគ្នាធ្វើយ៉ាងណាបំបែកលោកចៅហ្វ៊ាចេញពីព្រះទ័យព្រះរាជា ។ ពួកមន្ដ្រីទាំងអស់នោះចាក់រុកថាលោកចៅហ្វ៊ាក្បត់មានបំណងចង់ ដណ្ដើមយករាជសម្បត្ដិរហូតដល់ព្រះរាជាជឿ ហើយបានចាត់ឱ្យជនម៉ាឡេម្នាក់ឈ្មោះថា ប៉ូឡឺម៉ែនលួចធ្វើឃាតលោកចៅហ្វ៊ាចោល ។ លោកចៅហ្វ៊ាអុកដឹងរឿងនេះក៏គេចខ្លួនទៅនៅឯស្រុកសៀមទៅ ហើយព្រះរាជាក៏លើកឧកញ៉ាចក្រីពូឱ្យឡើងជំនួសវិញ ។
នៅឆ្នាំ១៧៥១ ពួកអ្នកអង្គម្ចាស់ដែលភៀសព្រះកាយទៅគង់នៅឯស្រុកសៀមតាំងពីឆ្នាំ ១៧៤៨ បានទទួលការអនុញ្ញាតពីព្រះរាជាសៀមឱ្យវិលត្រលប់មកស្រុកវិញ ហើយបានមកតាំងព្រះរាជដំណាក់នៅពាមចាស់ ក្នុងស្រុកពោធិមេបា ។ ព្រះឧបរាជឧទ័យ ដែលប្រហែលជាមិនគាំទ្រផែនការរបស់ព្រះបិតារបស់ព្រះអង្គក្នុងការ ទម្លាក់ព្រះរាជាស្រីជ័យជេដ្ឋាពីរាជសម្បត្ដិបានយាងចូលសាងព្រះ ផ្នួសនៅអង្គរវត្ដ ។ ចំណែកព្រះអង្គទងដែលគេបង្ខំឱ្យទទួលតួនាទីជាព្រះឧភយោរាជ បន្ទាប់ពីការជ្រើសរើសព្រះមហាក្សត្រថ្មីឱ្យគ្រងរាជបល្ល័ង្កហើយ នោះ បានយាងទៅគង់នៅក្នុងខែត្រក្រង ស្ថិតនៅតាមមាត់ច្រាំងទន្លេខាងស្ដាំភាគខាងត្បូងបំផុតនៃបឹង ទន្លេសាប ។
ក្នុងពេលជាមួយគ្នានោះ មានមន្ដ្រីម្នាក់ឈ្មោះថា ក្សេត្រឯក ដែលភៀសខ្លួនទៅនៅស្រុកសៀម បានរៀបចំផែនការទម្លាក់ព្រះស្រីជ័យជេដ្ឋាចេញពីរាជបល្ល័ង្ក ដើម្បីលើកអ្នកអង្គម្ចាស់តន់ បុត្រារបស់ព្រះឧបរាជ ដែលយាងចូលសាងព្រះផ្នួសនៅអង្គរវត្ដឱ្យឡើងសោយរាជ្យវិញ ។ មន្ដ្រីនោះបានបញ្ជូនកូនប្រុសរបស់ខ្លួនឱ្យទៅកេណ្ឌទ័ពក្នុងចំណោម អ្នកស្រុកដែលរស់នៅឯភ្នំខ្ជោល ។ ទៅដល់ភ្នំខ្ជោល កូនមន្ដ្រីនោះបានជួបជាមួយមនុស្សឡប់សតិម្នាក់ឈ្មោះ សួស ដែលអ្នកស្រុកគោរពស្រលាញ់ ជឿថាជាមនុស្សមានបុណ្យមានកម្លាំងមហិមា ហើយនាំគ្នាហៅថា សីលសួស ។ ផែនការក្បត់នេះបានធ្វើឱ្យរំខានដល់ព្រះឧភយោរាជជាខ្លាំង ព្រះអង្គក៏រៀបចំអន្ទាក់ចាប់ក្សេត្រឯកបាន រួចហើយក៏សម្លាប់ចោលទៅ ។ ពេលនោះសីលសួសមានទ័ព៣ពាន់នាក់ បានប្រកាសខ្លួនឡើងជាព្រះអង្គយ៉ង ជាឈ្មោះអ្នកអង្គម្ចាស់មួយអង្គដែលសុគតយូរណាស់មកហើយ ហើយបានលើកជនខ្វិនខ្វង់ម្នាក់ជាស្ដេច ដាក់ឈ្មោះថា ព្រះបាទអង្គុលីរាជ ។ ព្រះឧភយោរាជបានកេណ្ឌកម្លាំង រួចហើយយាងទៅកាន់ភូមិក្បាលក្របី នៅខាងលិចឧត្ដុង្គ ជាទីកន្លែងដែលកូនរបស់ក្សេត្រឯក និងសីលសួសរស់នៅ ដោយមានព្រះកែវហ្វ៊ា និងព្រះអង្គអាត ទៅជាមួយផង ។ មនុស្សទាំង២នាក់នេះ ត្រូវគេចាប់បាន ហើយសម្លាប់ចោលទៅ ។ បន្ទាប់មក ព្រះឧភយោរាជបាននាំទ័ពទៅវាយស្ដេចអង្គុលីរាជទៀត ។ ទ្រង់បានវាយបំបែកទ័ពរបស់ស្ដេចនេះ រួចចាប់ស្ដេចអង្គុលីរាជយកទៅសម្លាប់ចោលនៅឯកំរែងភ្នំស្រង់ នៅក្នុងខែត្រក្រង ។
ប្រហែលនៅចុងឆ្នាំ១៧៥៣ ព្រះឧភយោរាជបានយាងមកគង់នៅឧត្ដុង្គវិញ ដើម្បីឱ្យបានជិតព្រះរាជា ជាព្រះភាគិនេយ្យ ។ នៅឆ្នាំបន្ទាប់មកទៀត បុត្រារបស់ព្រះអង្គគឺអ្នកអង្គសូរ ហៅព្រះឧបរាជឧទ័យបានសោយទិវង្គតនៅក្នុងវត្ដអង្គរវត្ដ ។ ពេលនោះព្រះអង្គមានព្រះជន្ម៤០ព្រះវស្សា ។ បុត្រារបស់ព្រះអង្គ បានប្រកាន់យកនាមព្រះបិតាថា ព្រះឧទ័យ ដើម្បីជាការបញ្ជាក់ថាព្រះអង្គទ្រង់ឡើងស្នងបន្ដពីព្រះបិតា ។ ប៉ុន្ដែឋានៈជាព្រះឧបរាជបានត្រូវធ្លាក់ទៅលើព្រះអង្គហ៊ីងស្រី សុរិយោពណ៌ ដែលត្រូវជាបុត្រារបស់អតីតព្រះរាជាព្រះជ័យជេដ្ឋា ហើយជាឃាតកព្រះរាជាធម្មោរាជាអង្គឯមនៅឆ្នាំ១៧៤៧ ។ ព្រះរាជាជ័យជេដ្ឋាបានសុគតនៅក្នុងឆ្នាំ១៧៥៥ក្នុងព្រះជន្មាយុ៤៦ព្រះវស្សាក្រោយពីទ្រង់សោយរាជ្យសម្បត្ដិបាន៧ឆ្នាំ ។
No comments:
Post a Comment