តើប៉ុល ពត ជានរណា?
ប្រវត្តិមេដឹកនាំធំៗ ដែលជា ជំពូកមនុស្ស ទម្មិឡឥតសាសនា ក្នុងនោះ មាន ប៉ុល ពត ផងដែរ ដែលភាសាអគ្លេស Atheist អាតែន។ ពីសម័យដើម មនុស្ស កសាងអ្វីមួយ គេតាំងខ្លួនឯងជា ព្រះ គឺ មិនទទួលស្កាល់ អ្នកដ៍ទៃ ឬ ដើមឈើ ឬ ដុំថ្ម ឬ សត្វ ថាជាព្រះឡើយ ដែល សាសនាគ្មានព្រះបែបនេះ គេហៅសាសនា អាតែន Atheist ដូចជា ប៉ុលពត ឡេនីន ស្តាលីន ហ្សីត្លែ។ មនុស្សឥតសាសនា គឺមិនជឿថាមានព្រះពីឋានលើ ។ មនុស្សមានសាសនាគឺមនុស្ស គឺថា មានព្រះ អាចថាព្រះអគ្គី ព្រះវាយោ ព្រះធរណី...សូម្បី អាចម៍ឆ្កែក៍អុចធូបគោរពបូជាដែរ !។ ប៉ុល ពត ពីដ់ើម កាលនៅក្នុងវាំង្គ កាន់សាសនាគ្រឹស្តិ ពេលទៅរៀនដល់ ស្រុកបារាំង ក្លាយជា មនុស្ស មិនជឿថាមាន ព្រះ ពេលធ្វើជាគ្រូបង្រៀននៅភ្នំពេញ គាត់ហាត់សម្លាប់មនុស្ស ព្រះគាត់ជា តាំងខ្លួនជាព្រះ ជាប្រធានបក្ស។ ពេលចេញតស៊ូ នៅក្រចេះ រតនគីរី មណ្ឌលគីរី គាត់ហាត់សម្លាប់មនុស្ស ទាហានណាដែលយកសំបុត្រមកឲ្យ គាត់ ៗ សំលាប់ចោលដើម្បី លាក់ការណ៍ សូម្បីជនជាតិដែលជួយគាត់រស់ក្នុងព្រៃ ក៍គាត់សំលាប់ដែរ គឺ មិនជឿបុណ្យ មិនជឿបាប !! ជីវិតចុងក្រោយរបស់គាត់ គឺ ត្រូវបាន រដ្ឋាភិបាលគាត់ មិនគោរព មិនស្រលាញ់ គឺធ្វើតាមបញ្ជាគាត់ ដោយសារខ្លាចគាត់សម្លាប់។
សាឡុត ស ហៅ ប៉ុល ពត
ប៉ុល ពត ត្រូវបានគេស្គាល់ថាជាបងទី១ ក្នុងចំណោមមេដឹកនាំខ្មែរក្រហម។ សូម្បីតែពេលនេះ ប៉ុល ពត បានស្លាប់បាត់ទៅហើយក្តី ក៏ឈ្មោះ ប៉ុល ពត នៅតែផ្សារភ្ជាប់នឹងរបបខ្មែរក្រហមជានិច្ច។ បើកាលណាគេនិយាយអំពីខ្មែរក្រហម មនុស្សដែលគេនឹកឃើញមុនគេ គឺប៉ុល ពត។ ប្រជាជនកម្ពុជាទូទៅតែងតែហៅរបបកម្ពុជាប្រជាធិបតេយ្យថាជា “របបប៉ុលពត” ទៀតផង។ តើ ប៉ុល ពត ជានរណា?
ប៉ុល ពត គឺជាលេខាបក្សកុម្មុយនិស្តកម្ពុជា ដែលជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជានាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជា “របបខ្មែរក្រហម” ឬ “របបប៉ុលពត”។ ប៉ុល ពត គឺជាមនុស្សដ៏អាថ៌កំបាំងម្នាក់ ដែលចំណាយពេលភាគច្រើននៃជីវិតរបស់គាត់ រស់ក្នុងការលាក់កំបាំង។ សូម្បីតែឈ្មោះ និងថ្ងៃខែឆ្នាំកំណើតក៏ ប៉ុល ពត បានផ្លាស់ប្តូរដែរ។
ប៉ុល ពត តាមពិតមានឈ្មោះដើមថា សាឡុត ស កើតនៅភូមិព្រែកស្បូវ ក្នុងខេត្តកំពង់ធំ។ គេដឹងថា ប៉ុល ពត ស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ក៏ប៉ុន្តែ ប៉ុល ពត កើតនៅថ្ងៃណា ខែណា ឆ្នាំណា នៅតែជាបញ្ហាមិនច្បាស់លាស់ដដែល។ យោងតាមវិទ្យុជាតិកម្ពុជាប្រជាធិបតេយ្យ ដែលបានផ្សាយនៅឆ្នាំ១៩៧៧ ប៉ុល ពត កើតនៅឆ្នាំ១៩២៥។ ក៏ប៉ុន្តែ យោងតាមឯកសារជាច្រើន ដែលអាណាព្យាបាលបារាំងបានតម្កល់ទុកនៅឆ្នាំ១៩៥០ ប៉ុល ពត ឬសាឡុត ស កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩២៨។ ឯ ប៉ុល ពត ខ្លួនឯងបានអះអាង ថ្ងៃខែឆ្នាំកំណើតពិតរបស់គាត់ គឺខែមករា ឆ្នាំ១៩២៥ ប៉ុន្តែ បានបន្ថយអាយុ៣ឆ្នាំ ដោយចុះក្នុងបញ្ជីជាតិថាកើតនៅឆ្នាំ១៩២៨វិញ។
សាឡុត ស កើតក្នុងគ្រួសារត្រកូលកសិករស្តុកស្តម្ភមួយនៅខេត្តកំពង់ធំ។ ឪពុករបស់ សាឡុត ស ឈ្មោះ ប៉ែន សាឡុត ម្តាយឈ្មោះ សុក ណែម។ សាឡុត ស មានបងប្អូនទាំងអស់៩នាក់ ក្នុងនោះប្រុស៧នាក់ និងស្រី២នាក់។ សាឡុត ស គឺជាកូនទី៨។
យោងតាមលោក David Chandler គ្រួសាររបស់ សាឡុត ស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះបរមរាជវាំង។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ បងស្រីជីដូនមួយម្នាក់របស់ សាឡុត ស ឈ្មោះ មាឃ គឺជាអ្នករាំរបាំព្រះរាជទ្រព្យប្រចាំព្រះបរមរាជវាំង។ ក្រោយមក មាឃ ក៏បានក្លាយជាស្នំឯករបស់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីវង្ស ហើយទទួលបានតំណែងជា ឃុនព្រះម្នាង ដែលមានអំណាចត្រួតលើស្រីទាំងអស់នៅក្នុងវាំង។
បងប្រុសច្បងរបស់ សាឡុត ស ឈ្មោះ សាឡុត សួង ក៏ជាបុគ្គលិកម្នាក់បម្រើការនៅក្នុងការិយាល័យពិធីការនៃ ព្រះបរមរាជវាំងដែរ។ មិនយូរប៉ុន្មានក្រោយមក ប្អូនស្រីរបស់ សាឡុត ស ឈ្មោះ សារឿន ក៏បានចូលមកបម្រើការក្នុងក្រុមរបាំព្រះរាជទ្រព្យ ហើយបានក្លាយជាស្នំឯករបស់ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដូច មាឃ ដែរ។
នៅឆ្នាំ១៩៣៤ សាឡុត ស ដែលកាលនោះមានអាយុ៦ឆ្នាំ (បើគិតតាមថ្ងៃខែឆ្នាំកំណើតដែលបានចុះក្នុងបញ្ជីជាតិ) និងបងប្រុសម្នាក់ទៀត ឈ្មោះ សាឡុត ឆាយ ត្រូវបានគ្រួសារបញ្ជូនពីកំពង់ធំឲ្យមករស់នៅភ្នំពេញជាមួយ មាឃ និង សួង ដែលជាបង។ មិនយូរប៉ុន្មានក្រោយពីមកដល់ភ្នំពេញ សាឡុត ស ក៏បានទៅបួសរៀនធម៌ និងភាសាខ្មែរនៅវត្តបុទមវត្តី ដែលស្ថិតនៅជាប់នឹងព្រះបរមរាជវាំង។ គួរបញ្ជាក់ថា នៅពេលនោះ ប្រទេសកម្ពុជាកំពុងស្ថិតក្រោមអាណាព្យាបាលបារាំង ហើយនៅតាមសាលារៀនរបស់រដ្ឋ គេតម្រូវឲ្យរៀនជាភាសាបារាំង។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបរទេស ពេល កំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី ប៉ុល ពតបានរៀបរាប់យ៉ាងដូចនេះថា៖ “ខ្ញុំ ជាកូនចៅរបស់កសិករម្នាក់។ ពីតូច ធ្លាប់រួមរស់ ធ្វើការងារស្រែចម្ការជាមួយឳពុកម្តាយ។ ហើយក្រោយមក មកនៅវត្ត ជាទំនៀមទម្លាប់ ដើម្បីរៀនសូត្រអក្សរ។”
ក្រោយពីបានបួសអស់ប៉ុន្មានខែមក នៅឆ្នាំ១៩៣៦ សាឡុត ស ក៏បានចូលរៀននៅសាលាបឋមសិក្សាកាតូលិកមួយ នៅជិតព្រះបរមរាជវាំង។ សិស្សនៅសាលានោះ ច្រើនតែជាកូនមន្រ្តីរាជការ ឬអ្នកមានឋានៈធំដុំ ហើយថ្លៃសាលានោះទៀតសោត ក៏មានតម្លៃខ្ពស់ដែរ។
នៅក្នុងអំឡុងពេលនោះ មានព្រឹត្តិការណ៍មួយចំនួនបានកើតឡើង ដែលអាចជះឥទ្ធិពលដល់គំនិតរបស់ សាឡុត ស ជាពិសេសគំនិតបែបជាតិនិយម។
ទីមួយ នៅពេលដែល សាឡុត ស ទើបតែបានចូលរៀននៅសាលាបឋមសិក្សា សឺន ង៉ុកថាញ់ សឹម វ៉ា និង ប៉ាច ឈឿន ដែលធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតក្នុងក្រុងភ្នំពេញ បានទទួលការអនុញ្ញាតពីអាជ្ញាធរបារាំង ឲ្យបោះផ្សាយកាសែតជាភាសាខ្មែរមួយឈ្មោះ “នគរវត្ត” ដែលជាកាសែតភាសាខ្មែរលើកដំបូងបង្អស់ នៅប្រទេសកម្ពុជា។ កាសែត នគរវត្ត មានចុះផ្សាយនូវអត្ថបទវិចារណកថាជាច្រើន ដែលបង្ហាញពីគំនិតជាតិនិយម។ សាឡុត ស ដែលរស់នៅជាមួយបង ប្រហែលជាបានអានកាសែតនេះជាប្រចាំ ពីព្រោះថា បើយោងតាមលោក David Chandler មាឃ និង សួង ដែលត្រូវជាបងរបស់ សាឡុត ស បានជាវកាសែត នគរវត្ត មកអានជាប្រចាំ។
ព្រឹត្តិការណ៍សំខាន់មួយទៀត គឺនៅពេលដែល សាឡុត ស រៀនជិតចប់បឋមសិក្សា នៅចន្លោះឆ្នាំ១៩៤០ និងឆ្នាំ១៩៤១ បារាំងដែលច្បាំងចាញ់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទីពីរ ក៏បានយល់ព្រមឲ្យថៃកាត់យកទឹកដីខេត្តបាត់ដំបង និងសៀមរាបរបស់ខ្មែរទៅគ្រប់គ្រង ដែលជាហេតុបណ្តាលឲ្យប្រជាជនកម្ពុជាមានកំហឹងយ៉ាងខ្លាំង។ សូម្បីតែព្រះបាទ មុនីវង្ស ក៏ខ្ញាល់នឹងការបាត់បង់ទឹកដីនេះយ៉ាងខ្លាំងដែរ រហូតសម្រេចព្រះទ័យចាកចេញពីព្រះបរមរាជវាំងទៅគង់នៅខេត្តកំពង់ឆ្នាំង ហើយបដិសេធឈប់និយាយភាសាបារាំងរហូតដល់ព្រះអង្គចូលទិវង្គត នៅឆ្នាំ១៩៤១។
ទំនងជាហេតុការណ៍ទាំងពីរនេះហើយ ដែលបានជះឥទ្ធិពលដល់គំនិតរបស់សាឡុត ស ដែលនៅជាកុមារនៅឡើយ ឲ្យមានគំនិតស្អប់បរទេស និងមានគំនិតជាតិនិយម។
នៅឆ្នាំ១៩៤២ សាឡុត ស បានជាប់ឈ្មោះក្នុងចំណោមសិស្ស២០នាក់ ដែលត្រូវបានជ្រើសរើសឲ្យទៅរៀននៅអនុវិទ្យាល័យមួយឈ្មោះ “អនុវិទ្យាល័យព្រះសីហនុ” ដែលបារាំងទើបនឹងបង្កើត នៅខេត្តកំពង់ចាម។
នៅថ្ងៃទី២០ កក្កដា ឆ្នាំ១៩៤២ នៅទីក្រុងភ្នំពេញ បាតុកម្មដ៏ធំមួយត្រូវបានរៀបចំឡើងប្រឆាំងនឹងបារាំង។ បាតុកម្មនេះកើតឡើងក្រោយពីអាជ្ញាធរបារាំងបានចាប់ខ្លួនព្រះសង្ឃ ពីរអង្គ គឺ អាចារ្យហែមចៀវ និង នួន ឌួង ដែលបានទេសនាប្រឆាំងនឹងបារាំង។ បាតុកម្មនេះត្រូវបានដឹកនាំដោយ សឺន ង៉ុកថាញ់ និង ប៉ាច ឈឿន ហើយមានអ្នកចូលរួមរាប់ពាន់នាក់ ក្នុងនោះមានព្រះសង្ឃប្រមាណ៥០០អង្គផង។ ដោយយើងមិនដឹងច្បាស់ អំពីថ្ងៃដែល សាឡុត ស ចាកចេញពីភ្នំពេញទៅកំពង់ចាម យើងមិនអាចដឹងបានទេថា តើ សាឡុត ស បានចូលរួមក្នុងបាតុកម្មនេះដែរឬអត់?
នៅឯអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម សាឡុត ស បានជួបជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែលរៀននៅទីនោះដែរ។ អ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹង ហើយសុទ្ធតែជាអ្នករៀនពូកែ ដែលក្រោយមកសុទ្ធតែបានក្លាយជាមេដឹកនាំសំខាន់ៗរបស់ចលនាខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ សាឡុត ស នៅពេលនោះ គឺ លន់ ណុន ប្អូនប្រុសរបស់ លន់ នល់។ ប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយ បានជានៅឆ្នាំ១៩៧៥ លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ប្រហែលជាមកពីគិតថា ពួកមេដឹកនាំខ្មែរក្រហមអាចយោគយល់ដល់មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ។
និយាយអំពីអត្តចរិតរបស់ សាឡុត ស វិញ បើយោងតាមសិស្សដែលរៀនជាមួយ សាឡុត ស នៅអនុវិទ្យាល័យកំពង់ចាម សាឡុត ស គឺជាមនុស្សសាមញ្ញម្នាក់ មិនសូវនិយាយស្តីច្រើន ចូលចិត្តលេងបាល់ទាត់ និងបាល់បោះ។ ជាមនុស្សរួសរាយ និងចេះគួរសម ហើយជាមនុស្សមិនបង្ហាញពីមហិច្ឆតាចង់ធ្វើអ្វីឲ្យបានធំដុំនោះទេ។ សាឡុត ស ខ្លួនឯងក៏ធ្លាប់បានអះអាងស្រដៀងគ្នានេះដែរ។
យោងតាមលោក David Chandler សាឡុត ស រៀនមិនពូកែនោះទេ គឺរៀនបានត្រឹមតែជាប់មធ្យមភាគប៉ុណ្ណោះ ហើយពេលខ្លះមិនបានទាំងជាប់មធ្យមភាគផង។
នៅឆ្នាំ១៩៤៧ សាឡុត ស បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម។ ផ្ទុយពីសិស្សរួមសាលាមួយចំនួន ដូចជា ខៀវ សំផន ជាដើម ដែលបានចូលរៀននៅ វិទ្យាល័យស៊ីសុវត្ថិ ដែលជាវិទ្យាល័យដ៏ល្បីល្បាញនៅភ្នំពេញ សាឡុត ស បានទៅចូលរៀននៅសាលាបច្ចេកទេសមួយ នៅក្នុងខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដោយយកជំនាញខាងជាងដែក។ បើតាមលោក David Chandler សាឡុត ស ទៅរៀននៅសាលាបច្ចេកទេសនេះ មិនមែនដោយសារតែគាត់ស្រឡាញ់ចូលចិត្តមុខជំនាញនេះទេ ប៉ុន្តែ មកពីគាត់ប្រឡងចូលវិទ្យាល័យស៊ីសុវត្ថិបានជាប់។
ទោះជាមិនបានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិក៏ពិតមែន តែសាឡុត ស បានក្លាយជាមិត្តជិតស្និទ្ធជាមួយនឹងសិស្សម្នាក់មកពីវិទ្យាល័យ ស៊ីសុវត្ថិ គឺ អៀង សារី។ យោងតាមលោកកេង វណ្ណសាក់ ដែលជាមន្រ្តីថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ សាឡុត ស និង អៀង សារី បានចូលរួមយ៉ាងសកម្ម ជួយគណបក្សប្រជាធិបតេយ្យ ក្នុងពេលបោះឆ្នោតជាតិឆ្នាំ១៩៤៧។ នៅពេលនោះ គណបក្សប្រជាធិបតេយ្យ ដែលមានអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាប្រធាន បានទទួលជ័យជំនះយ៉ាងលើសលុប ដោយដណ្តើមបាន ៦០អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៧៥ នៅរដ្ឋសភា។
នៅឆ្នាំ១៩៤៩ សាឡុត ស បានទទួលអាហារូបករណ៍ ដើម្បីទៅបន្តការសិក្សានៅប្រទេសបារាំង ផ្នែកអេឡិចត្រូនិច។ សំណួរសួរថា ហេតុអ្វីបានជា សាឡុត ស ដែលរៀនមិនសូវពូកែផង តែបែរជាទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងបែបនេះ? នេះប្រហែលជាមកពីហេតុផលសំខាន់ពីរ៖
ទីមួយ នៅពេលនោះ ក្រសួងអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ ដែលឈ្នះឆ្នោត កាលពីឆ្នាំ១៩៤៧។ ប្រហែលជាដោយសារតែ សាឡុត ស បានជួយធ្វើការឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ ទើបរដ្ឋមន្រ្តីក្រសួងអប់រំផ្តល់អាហារូបករណ៍ឲ្យ សាឡុត ស បានទៅរៀននៅបារាំង។
ទី២ នៅពេលនោះ មិនសូវមានកូនខ្មែរណាមានជំនាញខាងអេឡិចត្រូនិចទេ។ ប្រហែលជាមកពីហេតុនេះហើយបានជាក្រសួងអប់រំបញ្ជូន សាឡុត ស ដែលរៀននៅសាលាបច្ចេកទេសស្រាប់ ឲ្យទៅបន្តការសិក្សាផ្នែកបច្ចេកទេសអេឡិចត្រូនិច នៅប្រទេសបារាំង។
ទោះជាក្នុងហេតុផលណាមួយក៏ដោយ សាឡុត ស បានកា្លយជាសិស្សមួយរូប ក្នុងចំណោមសិស្សពូកែទាំង២១រូប ដែលត្រូវបានរដ្ឋាភិបាលបញ្ជូនទៅរៀននៅប្រទេសបារាំង នៅឆ្នាំ១៩៤៩។ គឺនៅប្រទេសបារាំងនោះហើយ ដែល សាឡុត ស បានក្លាយទៅជាជនកុម្មុយនិស្ត៕
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ
សាឡុត ស ហៅប៉ុល ពតលេខាបក្សកុម្មុយនិស្ត និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ
(រូបថតឯកសារ)
ដោយ សេង ឌីណា
ពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហមបានកាន់អំណាចក្រោមឈ្មោះ “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដែលកាលណោះ មានសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ និង ប៉ែន នុត ជានាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបានបាត់ឈ្មោះ ចាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។
យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណាងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិកសភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ៥ឆ្នាំ។ នួន ជា គឺជាប្រធាន និង ឈិត ជឿន ហៅម៉ុក គឺជាអនុប្រធានទីមួយ។
គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។ ក្រោយពីព្រះអង្គលាលែងចេញពីតំណែង ខៀវ សំផន ក៏បានឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
យោងតាមលោក Raoul Jennar រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មានរចនាសម្ព័ន្ធដូចតទៅ៖
ប្រមុខរដ្ឋ
ខៀវ សំផន
សភាតំណាងប្រជាជនបដិវត្តន៍កម្ពុជា
នួន ជា ប្រធាន
ឈិត ជឿន ហៅ ម៉ុក អនុប្រធាន
រដ្ឋាភិបាល
ប៉ុល ពត ជានាយករដ្ឋមន្រ្តី
ឈឹម សាមោក ជានាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្រ្តី
អៀង សារី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស
សុន សេន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ
វន វ៉េត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
រដ្ឋមន្រ្តី
ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន
អៀង ធីរិទ្ធិ (ប្រពន្ធរបស់ អៀង សារី) ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
យុន យ៉ាត (ប្រពន្ធរបស់ សុន សេន) ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងអប់រំ
ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ជួន ម៉ុម រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្ត
កង ចាប រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ចេង អន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម
នន សួន រដ្ឋមន្រ្តីក្រសួងកសិកម្ម
កុយ ធួន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
តូច ភឿន រដ្ឋមន្រ្តីក្រសួងសាធារណការ
ក៏ប៉ុន្តែ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អង្គការដែលមានអំណាចលើសអ្វីៗទាំងអស់នោះ គឺបក្សកុម្មុយនិស្តកម្ពុជា ដែលមកទល់នឹងពេលនោះត្រូវពួកខ្មែរក្រហមខ្លួនឯងដាក់ឈ្មោះថា “អង្គការបដិវត្តន៍” ហើយត្រូវបានគេស្គាល់ជាទូទៅថាជា “អង្គការ”។
នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈកម្មាធិការ ដែលមានសិទ្ធិអំណាចធំបំផុត ក្នុងការធ្វើសេចក្តីសម្រេចចិត្តនានា អនុម័តគោលនយោបាយរដ្ឋាភិបាល និងលក្ខន្តិកៈផ្សេងៗនោះ គឺគណៈអចិន្រ្តៃយ៍បក្ស ដែលមានសមាជិក៥រូប គឺ ប៉ុល ពត ជាលេខា នួន ជា ជាអនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជាសមាជិក។
បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការដែលមានអំណាចលំដាប់ទីពីរក្នុងបក្ស គឺគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនេះរួមមាន សមាជិកទាំង៥រូបនៃគណៈអចិន្រ្តៃយ៍ បូកជាមួយនឹងមនុស្សពីរនាក់ទៀតគឺ សុន សេន និង តាម៉ុក។ នៅឆ្នាំ១៩៧៧ មនុស្សបីរូបផ្សេងទៀតត្រូវបានបញ្ចូលបន្ថែមទៅក្នុងគណៈកម្មាធិការ មជ្ឈិមបក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
រចនាសម្ព័ន្ធបក្សកុម្មុយនិស្តកម្ពុជា
គណៈអចិន្រ្តៃយ៍ (៥រូប)
ប៉ុល ពត លេខាបក្ស
នួន ជា អនុលេខាបក្ស
អៀង សារី សមាជិក
សោ ភឹម សមាជិក
វន វ៉េត សមាជិក
គណៈកម្មាធិការមជ្ឈិមបក្ស (១០រូប)
ប៉ុល ពត
នួន ជា
អៀង សារី
សោ ភឹម
វន វ៉េត
សុន សេន
ឈិត ជឿន ហៅម៉ុក
ខៀវ សំផន
ញឹម រស់
កែ ពក
នៅក្នុងចំណោមសមាជិកគណៈកម្មាធិការមជ្ឈិមបក្សដ៏មានអំណាចនេះ មានតែនួន ជា អៀង សារី និង ខៀវ សំផន ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតរហូតមកទល់សព្វថ្ងៃនេះ។ អ្នកផ្សេងទៀតបានស្លាប់បាត់អស់ទៅហើយ។ វន វ៉េត និងញឹម រស់ ត្រូវបានគេយកទៅសម្លាប់ចោលនៅឆ្នាំ១៩៧៨។ សោ ភឹម បានសម្លាប់ខ្លួនឯងនៅឆ្នាំ១៩៧៨។ សុន សេន ត្រូវបាន ប៉ុល ពត បញ្ជាឲ្យគេសម្លាប់ចោលទាំងគ្រួសារនៅឆ្នាំ១៩៩៧។ ក្រោយមក ប៉ុល ពត ខ្លួនឯងត្រូវបានពួកខ្មែរក្រហមគ្នាឯងចាប់ខ្លួនយកមកកាត់ទោសឲ្យ ជាប់គុកអស់មួយជីវិតពីបទធ្វើឃាតលើ សុន សេន នេះ។ ប៉ុល ពត បានស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកតាម៉ុកវិញ ស្លាប់ដោយជម្ងឺនៅឆ្នាំ២០០៦ ក្រោយពីបានជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធាកម្ពុជា អស់រយៈពេលប្រមាណ៧ឆ្នាំ។
ក្រៅពីគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សប្រចាំភូមិភាគក៏ជាមនុស្សដែលមានអំណាចខ្លាំងដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ពួកខ្មែរក្រហមបានធ្វើការបែងចែកទឹកដីប្រទេសកម្ពុជាជាភូមិភាគ តាំងពីមុនឆ្នាំ១៩៧៥ម៉្លេះ។ ភូមិភាគនីមួយៗ គឺជាការយកខេត្តពីរឬច្រើន ឬកាត់យកខេត្តនេះខ្លះ ខេត្តនោះខ្លះ មកដាក់បញ្ចូលគ្នា។ ភូមិភាគនីមួយៗត្រូវបែងចែកជាតំបន់ ហើយតំបន់នីមួយៗត្រូវបែងចែកជាស្រុក ឃុំ និងសហករណ៍បន្តទៀត។
នៅតាមភូមិភាគនីមួយៗ លេខាបក្សប្រចាំភូមិភាគគឺជាអ្នកមានអំណាចសម្រេចលើអ្វីៗទាំងអស់ នៅក្នុងភូមិភាគរបស់ខ្លួន។ អ្នកដែលមានអំណាចបន្ទាប់ពីភូមិភាគ គឺសហករណ៍។ សហករណ៍នីមួយៗដឹកនាំដោយ ប្រធានសហករណ៍មួយរូប និងសហការី២រូបផ្សេងទៀត។ យោងតាមលោក David Chandler សហករណ៍មាន អំណាចធ្វើសេចក្តីសម្រេចលើអ្វីៗទាំងអស់នៅក្នុងរង្វង់ដែនដីរបស់ ខ្លួន ដូចជា ការកំណត់របបចំណីអាហារ ទំហំការងារដែលប្រជាជនត្រូវបំពេញ ឬ កំណត់ថាកុមារណាដែលត្រូវដាក់បញ្ចូលទៅក្នុងកងចល័ត ជាដើម ។ល។
កម្ពុជា ប្រជាធិបតេយ្យត្រូវបានបែងចែកជា៧ភូមិភាគ (ភូមិភាគកណ្តាល ជា ភូមិភាគទី៧ ដែលទើបនឹងបង្កើត នៅឆ្នាំ១៩៧៧) រួមមាន ៣២តំបន់។
១ ភូមិភាគនិរតី ឬភូមិភាគ៤០៥
យោងតាមលោកស្រី Elizabeth Becker ភូមិភាគនិរតីគឺជាភូមិភាគធំជាង គេ មានប្រជាជនក្រីក្រជាងគេ ប៉ុន្តែ មានកងទ័ពខ្លាំងជាងគេ។ លេខាភូមិភាគនិរតី គឺឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងស្រុកគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្តាល គឺស្រុកកណ្តាលស្ទឹង ស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ និងស្រុកលើកដែក។ ភូមិភាគនេះចែកចេញជាបួនតំបន់ គឺតំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣
ភូមិភាគនេះដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅឆ្នាំ១៩៧៨ នៅពេលដែល ប៉ុល ពត បញ្ជូនទាហានឲ្យមកចាប់ខ្លួន។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងកើតទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកបីទៀតក្នុងខេត្តកណ្តាល គឺស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ គឺតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៥។
ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០
លេខាភូមិភាគពាយ័ព្យ គឺញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិសាត់ និងបាត់ដំបងទាំងមូល ហើយចែកចេញជា៧តំបន់ ពីតំបន់១ ដល់តំបន់៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣
ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ភូមិភាគនេះដឹកនាំដោយ កុយ ធួន ហៅ ធុច។ ក្រោយពី កុយ ធួន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានតែងតាំងជាលេខាភូមិភាគនេះជំនួស កុយ ធួន។ នៅឆ្នាំ១៩៧៧ ភូមិភាគឧត្តរនេះ ត្រូវបានប្តូរឈ្មោះទៅភូមិភាគកណ្តាលវិញ។ ចំណែកភូមិភាគភូមិភាគឧត្តរចាស់ត្រូវបានរើទីតាំងទៅតាំងនៅខេត្ត ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារវិញ។ ភូមិភាគឧត្តរថ្មីនេះដឹកនាំដោយ កង ចាប។
ទី៥ ភូមិភាគកណ្តាល
គឺជាភូមិភាគបង្កើតថ្មី ដោយមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ពោលគឺរួមមានខេត្តកំពង់ធំទាំងមូល ស្រុកទាំងអស់ដែលស្ថិតនៅត្រើយខាងលិចទន្លេរមេគង្គ ក្នុងខេត្តកំពង់ចាម និងស្រុកព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។ ភូមិភាគនេះត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។ លេខាភូមិភាគកណ្តាល គឺ កែ ពក។
ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១
ភូមិភាគនេះដឹកនាំដោយ ជូ ជេត ហើយរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។ ភូមិភាគនេះបែងចែកជា៥តំបន់ គឺតំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
ទី៧ ភូមិភាគឦសាន ឬភូមិភាគ១០៨
ណៃ សារ៉ាន់ ហៅ យ៉ា បានកាន់តំណែងជាលេខាភូមិភាគឦសានរហូតដល់ខែកញ្ញា ឆ្នាំ១៩៧៦។ ពេលដែល ណៃ សារ៉ាន់ ត្រូវបានចាប់ខ្លួនយកទៅដាក់ក្នុងគុកទួលស្លែង ម៉ែន សាន ត្រូវបានតែងតាំងជាលេខាភូមិភាគជំនួសវិញ។ ភូមិភាគឦសានរួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល និងផ្នែកខ្លះនៃខេត្តក្រចេះ។ ភូមិភាគនេះបែងចែកជា៦តំបន់ គឺតំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
នៅក្នុងរបបខ្មែរក្រហម តំបន់មួយចំនួនត្រូវបានដាក់ជាតំបន់ស្វយ័ត ដោយមិនចំណុះឲ្យ ភូមិភាគណាមួយ។ តំបន់ទាំងនោះរួមមាន តំបន់សៀមរាប-ឧត្តរមានជ័យ ឬតំបន់១០៦ និងតំបន់ព្រះវិហារ ឬតំបន់១០៣ ដែលពីមុនស្ថិតក្នុងភូមិភាគឧត្តរ តំបន់ក្រចេះ ឬតំបន់៥០៥ និងតំបន់មណ្ឌលគិរី ឬតំបន់១០៥ ពីមុនស្ថិតក្នុងភូមិភាគឦសាន។ តំបន់កំពង់សោមក៏ត្រូវបានចាត់ជាតំបន់ស្វយ័តដែរ៕
ការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម នៅឆ្នាំ១៩៧៥
ទាហានខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ មេសា ១៩៧៥
(រូបថតឯកសារ)
ដោយ សេង ឌីណា
ពួកខ្មែរក្រហមដណ្តើមកាន់កាប់ទឹកដីកម្ពុជាបានមួយផ្នែក ធំ តាំងពីឆ្នាំ១៩៧៣។ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានប្រមូលផ្តុំកម្លាំងមកការពារទីក្រុង ភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្រ្តចុងក្រោយ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃទាហានខ្មែរក្រហម ហើយរបបសាធារណរដ្ឋខ្មែរក៏បានដួលរលំជាស្ថាពរ។ កម្ពុជាត្រូវស្ថិតក្រោមការគ្រប់គ្រងនៃរបបថ្មីមួយទៀត ដឹកនាំដោយពួកខ្មែរក្រហម។
របបលន់ នល់សល់តែក្រុងភ្នំពេញ
នៅក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៧៤ មេដឹកនាំខ្មែរក្រហមបានជួបប្រជុំគ្នានៅខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាអំពីផែនការវាយលុកចូលទីក្រុងភ្នំពេញ។ នៅពេលនោះ ផ្លូវចេញចូលក្រុងភ្នំពេញត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ ការដឹកជញ្ជូនចេញចូលក្រុងភ្នំពេញអាចធ្វើទៅបានតែតាមផ្លូវទឹក និងផ្លូវអាកាសប៉ុណ្ណោះ។ នៅដើមឆ្នាំ១៩៧៥ ចរាចរណ៍តាមផ្លូវទឹកក៏ត្រូវបានកាត់ផ្តាច់ទៀត ដោយពួកខ្មែរក្រហមបានដាក់ពង្រាយមីនប្រឆាំងនាវា នៅតាមដងទន្លេមេគង្គ។ ការដឹកជញ្ជូនស្បៀងចូលក្នុងក្រុងភ្នំពេញ ដើម្បីផ្គត់ផ្គង់ប្រជាជនដល់ទៅប្រមាណ២លាននាក់ អាចធ្វើទៅបានតែតាមផ្លូវអាកាសប៉ុណ្ណោះ។
ដោយមើលឃើញនូវលក្ខខណ្ឌដែលមានអំណោយផលបែបនេះ សាឡុត ស ក៏បានបញ្ជាទៅគ្រប់មេបញ្ជាការកងទ័ពខ្មែរក្រហមឲ្យប្រុងប្រៀបបើក ការវាយលុក ដើម្បីដណ្តើមកាន់កាប់ក្រុងភ្នំពេញ។ ក្នុងពេលជាមួយគ្នាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាក៏ បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផែនការដែលត្រូវធ្វើ ក្រោយពីដណ្តើមកាន់កាប់ក្រុងភ្នំពេញបានហើយ។ នៅពេលនោះហើយ ដែលពួកមេដឹកនាំខ្មែរក្រហមបានសម្រេចថានឹងជម្លៀសប្រជាជនចេញពី ភ្នំពេញ និងក្រុងធំៗមួយចំនួនផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបលន់ នល់។ សម្រាប់ពួកខ្មែរក្រហម អ្នកណាក៏ដោយដែលមិនបានចូលរួមធ្វើបដិវត្តន៍ជាមួយពួកគេ ត្រូវចាត់ទុកថាជា “ខ្មាំង” ទាំងអស់។
“ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”
សេនាប្រមុខលន់ នល់ ប្រធានាធិបតីសាធារណរដ្ឋខ្មែរ
(រូបថតឯកសារ)
ឥស្សរជន៧រូប នៃរបបសាធារណរដ្ឋខ្មែរ រួមមាន លន់ នល់ ស៊ីសុវត្ថិ សិរិមតៈ អ៊ិន តាំ ចេង ហេង Sosthène Fernandez លន់ ណុន (ប្អូនប្រុសរបស់លន់ នល់) និង ឡុង បូរ៉េត ត្រូវបានរដ្ឋាភិបាលរួបរួមជាតិកម្ពុជាសម្រេចកាត់ទោសប្រហារជីវិត ពីបទក្បត់ជាតិ។
នៅដើមខែមេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហមបានចាប់ផ្តើមធ្វើការបាញ់ផ្លោងលើព្រលានយន្តហោះ ក្រុងភ្នំពេញ ដែលជាហេតុបណ្តាលឲ្យការដឹកជញ្ជូនតាមផ្លូវអាកាសចេញចូលក្រុង ភ្នំពេញក៏ត្រូវបានកាត់ផ្តាច់ទៀត។
នៅសហរដ្ឋអាមេរិកឯណោះវិញ ប្រធានាធិបតី Gerald Ford ដែលបានឡើងមកជំនួសតំណែង លោក Richard Nixon កាល ពីខែសីហា ឆ្នាំ១៩៧៤ បានព្យាយាមស្នើសុំឲ្យសភាអាមេរិកផ្តល់ជំនួយបន្ថែមទៀតដល់ រដ្ឋាភិបាលលន់ នល់។ ក៏ប៉ុន្តែ សភាអាមេរិកបដិសេធ។
ថ្ងៃទី១២ មេសា មន្រ្តី និងបុគ្គលិកបម្រើការនៅក្នុងស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញក៏ បានចាកចេញពីប្រទេសកម្ពុជាតាមឧទ្ធម្ភាគចក្រ។ ចំណែក លន់ នល់ និងក្រុមគ្រួសារវិញ បានចាកចេញពីភ្នំពេញតាំងពីថ្ងៃទី១ មេសា ម្ល៉េះ។
ថ្ងៃទី១៣ មេសា ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបានធ្លាក់ក្នុងដៃទាហានខ្មែរ ក្រហម។ ពីរថ្ងៃក្រោយមកទៀត ទាហានខ្មែរក្រហមនៅប៉ែកខាងកើតក៏ដណ្តើមកាន់កាប់បានក្រុងតាខ្មៅ។ ខ្សែក្រវ៉ាត់ការពារក្រុងភ្នំពេញក៏បានដួលរលំ។
យោងតាមលោកស្រី Elizabeth Beckher នៅថ្ងៃទី១៦ មេសា រដ្ឋាភិបាលក្រុងភ្នំពេញ ដែលកំពុងស្ថិតក្នុងភាពទ័លច្រក ក៏បានផ្ញើទូរលេខមួយច្បាប់ថ្វាយសម្តេច នរោត្តម សីហនុ ដែលកំពុងគង់នៅក្រុងប៉េកាំង ប្រទេសចិន ស្នើសុំឲ្យមានបទឈប់បាញ់បន្ទាន់មួយ ជាថ្នូរនឹងការថ្វាយអំណាចដល់ព្រះអង្គវិញ។ ប៉ុន្តែ សំណើនេះត្រូវបានសម្តេច នរោត្តម សីហនុ ច្រានចោល។
១៧មេសា មហាជោគជ័យ ប្រជាប្រុសស្រីចាកក្រុងចូលស្រែ
នៅព្រឹកថ្ងៃទី១៧ មេសា ប្រមាណជាម៉ោង ៨ និង៣០នាទី មន្រ្តីជាន់ខ្ពស់មួយចំនួននៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានជាតិអូឡាំពិច ក្នុងគម្រោងចាកចេញពីទីក្រុងភ្នំពេញតាមឧទ្ធម្ភាគចក្រ។ ប៉ុន្តែ មានតែមេដឹកនាំប៉ុន្មានរូបប៉ុណ្ណោះ ដែលបានរត់ចេញពីទីក្រុងភ្នំពេញរួច។ មេដឹកនាំមួយចំនួនធំ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តី ឡុង បូរ៉េត ផងដែរនោះ ត្រូវបានទាហានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោល។ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលបានបដិសេធមិនព្រមចាកចេញពីប្រទេស ក៏ត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល នៅថ្ងៃនោះដែរ។
នៅម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ទាហានខ្មែរក្រហម បានធ្វើដំណើរចូលកាន់កាប់ទីក្រុងភ្នំពេញ ក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលរស់នៅទីនោះ។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន អំណរនឹងជ័យជំនះ អំណរនឹងក្តីសង្ឃឹមថា សង្គ្រាមត្រូវបានបញ្ចប់នេះ ក៏បានរលាយបាត់បង់ទៅវិញ ក្រោយពេលដែលទាហានខ្មែរក្រហមចាប់ផ្តើមបង្ខំឲ្យប្រជាជនចាកចេញ ភ្លាមៗពីទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាម ត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោល។
ថ្ងៃ១៧ មេសា ១៩៧៥ របបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំជាស្ថាពរ ជំនួសមកវិញដោយរបបថ្មីមួយទៀត ដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា ឬខ្មែរក្រហម។
ផែនការ៨ចំណុច មហារុងរឿង មហាលោតផ្លោះ!
សាឡុត ស ហៅប៉ុល ពត លេខាបក្សកុម្មុយនិស្ត និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ
(រូបថតឯកសារ)
យោងតាមលោក Raoul Jennar នៅចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៧៥ ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោលនយោបាយសំខាន់ៗចំនួន៨ចំណុច នៃរបបគ្រប់គ្រងថ្មីនេះ។ គោលនយោបាយទាំងនោះរួមមាន៖
១-ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជនដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។
២-លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣-លុបបំបាត់ចោលនូវការចាយលុយ។
៤-ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥-សម្លាប់ចោលទាំងអស់រាល់មន្រ្តីដែលធ្វើការឲ្យរបបលន់ នល់។
៦-បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
៧-បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨-ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេស ព្រំដែនវៀតណាម។
១៩៧៥-១៩៧៦៖ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា
ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហមនៅតែបន្តហៅខ្លួនឯងថាជា “រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា” ដដែល ក៏ប៉ុន្តែ អំណាចពិតប្រាកដមិនមែនស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។
យោងតាមសៀវភៅរបស់លោក Raoul Jennar ដែលមានចំណងជើងថា Les Clés du Cambodge គិតត្រឹមខែមេសា ឆ្នាំ១៩៧៥ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា មានរចនាសម្ព័ន្ធដូចតទៅ៖
ប្រមុខរដ្ឋ
សម្តេច នរោត្តម សីហនុ
នាយករដ្ឋមន្រ្តី
ប៉ែន នុត
ឧបនាយករដ្ឋមន្រ្តី
ខៀវ សំផន (អគ្គមេបញ្ជាការកងទ័ព)
អៀង សារី (កិច្ចការបរទេស)
សុន សេន (ការពារជាតិ)
រដ្ឋមន្រ្តី
គាត ឈន់ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការគណៈប្រធានរដ្ឋ
ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ និងពត៌មាន
កុយ ធួន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អៀង ធីរិទ្ធិ រដ្ឋមន្រ្តីក្រសួងអប់រំ និងយុវជន
នរោត្តម ភូរិសារា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ទូច ភឿន រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន
ជួន ជឿន រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ហ៊ូ យន់ ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ដោយជំទាស់នឹងនយោបាយមួយចំនួនរបស់បក្ស ដូចជាការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ការចាយលុយ និងការធ្វើសង្រ្គាមជាមួយវៀតណាមជាដើម ហ៊ូ យន់ ក៏បានលាលែងចេញពីតំណែងនៅអំឡុងខែសីហា ឆ្នាំ១៩៧៥។ ចាប់ពីពេលនោះមក ហ៊ូ យន់ ក៏បានបាត់ខ្លួនរហូត។
ក្រោយពីទាហានខ្មែរក្រហមដណ្តើមកាន់កាប់បានទីក្រុងភ្នំពេញហើយ សម្តេច នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាលរួបរួមជាតិ មិនបានយាងចូលមកកម្ពុជាភ្លាមៗទេ។ យោងតាមលោក Raoul Jennar នៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានបញ្ជូនមនុស្សពីរនាក់គឺ សារិន ឆាក និងជួន ប្រាសិទ្ធ ឲ្យទៅយាងសម្តេច នរោត្តម សីហនុ ដែលកំពុងគង់នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ឲ្យយាងចូលមកក្នុងប្រទេសវិញ។ ក៏ប៉ុន្តែ ព្រះអង្គបានបដិសេធ។ មួយខែក្រោយមក គឺនៅថ្ងៃទី១៩ ខែសីហា ខ្មែរក្រហមបានបញ្ជូនមនុស្សពីរនាក់ទៀត គឺខៀវ សំផន និងប៉ែន នុត ឲ្យទៅព្យុងយ៉ាង ដើម្បីយាងសម្តេច នរោត្តម សីហនុ ម្តងទៀត។ លើកនេះព្រះអង្គក៏បានយល់ព្រម។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ សម្តេច នរោត្តម សីហនុ បានយាងមកដល់ទីក្រុងភ្នំពេញ ហើយព្រះអង្គបានយាងធ្វើជាអធិបតីក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តី ក្នុងឋានៈជាប្រមុខរដ្ឋ។
១៩៧៦៖ កម្ពុជាប្រជាធិបតេយ្យ
នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញថ្មីមួយ ដែលមាន២១មាត្រា ចែកចេញជា ១៦ជំពូក ត្រូវបានប្រកាសឲ្យប្រើជាផ្លូវការ។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការមកជា “កម្ពុជាប្រជាធិបតេយ្យ” វិញ។ រដ្ឋធម្មនុញ្ញថ្មីនេះក៏បានចែងផងដែរ អំពីការបង្កើតសភាតំណាងប្រជាជន ដែលមានចំនួន២៥០អាសនៈ។ ក្នុងនោះរួមមាន ១៥០អាសនៈតំណាងឲ្យវណ្ណៈកសិករ ៥០អាសនៈតំណាងឲ្យវណ្ណៈកម្មករ និង៥០អាសនៈទៀតតំណាងឲ្យកងទ័ពបដិវត្តន៍កម្ពុជា។
ទង់ជាតិកម្ពុជាប្រជាធិបតេយ្យ មានផ្ទៃពណ៌ក្រហម និងមានរូបប្រាសាទកំពូលបីពណ៌លឿង នៅចំកណ្តាល។
សញ្ញាជាតិមានវាលស្រែ និងប្រព័ន្ធប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿនលឿន មានរោងចក្រជានិមិត្តរូបនៃឧស្សាហកម្ម មានកម្រងកួរស្រូវជាស្នែងក្របីព័ទ្ធពីក្រៅ ហើយមានអក្សរ “កម្ពុជាប្រជាធិបតេយ្យ” នៅពីក្រោម។
ចម្រៀងជាតិថ្មី និពន្ធផ្ទាល់ដោយ ប៉ុល ពត មានចំណងជើងថា “១៧មេសាមហាជោគជ័យ”។
សម្តេច នរោត្តម សីហនុ លាលែងពីតំណែងប្រមុខរដ្ឋ
នៅដើមខែមីនា ឆ្នាំ១៩៧៦ សម្តេច នរោត្តម សីហនុ បានសុំលាលែងពីតំណែងជាប្រមុខរដ្ឋ ក្នុងហេតុផលថាមកពីព្រះអង្គមានបញ្ហាសុខភាព។
នៅថ្ងៃទី១១ ខែមីនា គណៈអចិន្ត្រៃយ៍បក្សកុម្មុយនិស្តកម្ពុជា បានជួបពិភាក្សាគ្នាអំពីការសុំលាលែងនេះ។ គណៈអចិន្ត្រៃយ៍បានព្រមព្រៀងទទួលយកសំណើសុំលាលែងរបស់សម្តេច នរោត្តម សីហនុ ប៉ុន្តែហាមឃាត់ព្រះអង្គមិនឲ្យចាកចេញពីប្រទេស មិនឲ្យធ្វើសេចក្តីថ្លែងការណ៍ ឬជួបពិភាក្សាជាមួយអង្គទូតបរទេសណាមួយឡើយ។ ព្រះអង្គត្រូវបានពួកខ្មែរក្រហមបង្ខំឲ្យគង់តែនៅក្នុងវាំង រហូតដល់ខែមករា ឆ្នាំ១៩៧៩។
ថ្ងៃទី២០ មីនា ការបោះឆ្នោតជាតិមួយត្រូវបានរៀបចំឡើង ដើម្បីជ្រើសរើសសមាជិកសភាតំណាងប្រជាជន។ សាឡុត ស ក្នុងឈ្មោះថ្មីថាប៉ុល ពត បានជាប់ឆ្នោតជាតំណាងកម្មករចំការកៅស៊ូ។
ប៉ែន នុត ដែលជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា បានលាលែងចេញពីតំណែងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៧៦។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាក៏បានបាត់ឈ្មោះពីពេលនោះមក។
សភាតំណាងប្រជាជនកម្ពុជា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួនជាលើកដំបូង និងជាសម័យប្រជុំតែម្តងគត់ នៅថ្ងៃទី១១ ដល់១៣ ខែមេសា ឆ្នាំ១៩៧៦។ នៅក្នុងកិច្ចប្រជុំនេះ សភាបានសម្រេចជាឯកច្ឆន្ទទទួលយកជាផ្លូវការនូវការចូលនិវត្តន៍របស់ សម្តេច នរោត្តម សីហនុ ហើយតែងតាំងខៀវ សំផន ជាប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជំនួសព្រះអង្គ។ ថ្ងៃទី១៤ ខែមេសា រដ្ឋាភិបាលថ្មីមួយនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង៕
បដិវត្តន៍ខ្មែរក្រហមក្រោយរដ្ឋប្រហារឆ្នាំ១៩៧០
សម្តេចនរោត្តម សីហនុ ពេលជួបជាមួយមេដឹកនាំខ្មែរក្រហម នៅឆ្នាំ១៩៧៣
©រូបថតឯកសារ
ដោយ សេង ឌីណា
ចាប់តាំងពីបានសម្រេចចិត្តបើកការតស៊ូដោយប្រដាប់អាវុធ នៅឆ្នាំ១៩៦៧ រហូតមកទល់នឹងឆ្នាំ១៩៧០ ពួកខ្មែរក្រហមមានទាហានតិចតួចបំផុត។ ទាហានទាំងនោះសោតក៏មិនបានទទួលការហ្វឹកហ្វឺន និងបំពាក់អាវុធយុទ្ធភ័ណ្ឌអ្វីធំដុំដែរ។ ក៏ប៉ុន្តែ ក្រោយពេលដែលពួកខ្មែរក្រហម ទៅចូលរួមក្នុង រណសិរ្សរួបរួមជាតិកម្ពុជា ដែលបង្កើតឡើងដោយសម្តេច នរោត្តម សីហនុ ក្រោយពីព្រះអង្គត្រូវបានគេទម្លាក់ពីអំណាចមក កងទ័ពខ្មែរក្រហមបានទទួលការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ប្រជាជនកម្ពុជាផង និងពីសំណាក់ប្រទេសចិន និងវៀតណាមផង។
ពីសត្រូវក្លាយមកជាមិត្ត
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលសម្តេច នរោត្តម សីហនុ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ សហភាពសូវៀត លន់ នល់ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានរៀបចំឲ្យរដ្ឋសភាជាតិធ្វើការបោះឆ្នោតទម្លាក់ព្រះអង្គចេញពី តំណែងជាប្រមុខរដ្ឋ។
ចាកចេញពីម៉ូស្គូ សម្តេច នរោត្តម សីហនុ បានធ្វើដំណើរឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងអំឡុងពេលនោះ គណៈប្រតិភូមួយក្រុមរបស់បក្សកុម្មុយនិស្តកម្ពុជា ដឹកនាំដោយ សាឡុត ស ដែលទើបតែបញ្ចប់ទស្សនកិច្ចនៅទីក្រុងហាណូយ ក៏កំពុងស្ថិតនៅក្រុងប៉េកាំងដែរ។
ដោយមានការគាំទ្រពីសំណាក់ប្រទេសចិន និងវៀតណាមខាងជើង សម្តេច នរោត្តម សីហនុ បានប្រកាសបង្កើត រណសិរ្សរួបរួមជាតិកម្ពុជាមួយ ហើយព្រះអង្គបានអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបប លន់ នល់។ ខ្មែរក្រហម ដែលជាអតីតគូសត្រូវរបស់ព្រះអង្គក៏បានចូលរួមក្នុងរណសិរ្សរួបរួម ជាតិនេះដែរ។
ចិន ជើងមួយចង់ជាន់ទូកពីរ
បើយោងតាមសៀវភៅរបស់លោកស្រី Elizabeth Beckerដែលមានចំណងជើងថា “ទឹកភ្នែកកម្ពុជា” (Les larmes du Cambodge) ចិនបានសម្តែងការគាំទ្រដល់សម្តេច នរោត្តម សីហនុ និងពួកខ្មែរក្រហម ប៉ុន្តែ ក្នុងពេលជាមួយគ្នា បែរជាបានបញ្ជូនតំណាងពិសេសរបស់ខ្លួនឲ្យមកចរចាជាមួយ លន់ នល់ទៅវិញ។ ក្នុងការចរចានោះ ចិនបានសន្យាថានឹងទទួលស្គាល់រដ្ឋាភិបាល លន់ នល់ ប្រសិនបើគាត់យល់ព្រមតាមលក្ខខណ្ឌចំនួនបី។ ទីមួយ អនុញ្ញាតឲ្យចិនដឹកជញ្ជូនសព្វាវុធឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅឲ្យវៀតណាម។ ទីពីរ អនុញ្ញាតឲ្យវៀតណាមតាំងទ័ពនៅលើទឹកដីកម្ពុជា។ ទីបី ចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រជាផ្លូវការដល់ពួកកុម្មុយនិស្តវៀតណាម។
ឥរិយាបថរបស់ចិននេះបង្ហាញថា អាទិភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅពេលនោះគឺបដិវត្តន៍របស់ពួក កុម្មុយនិស្តវៀតណាម មិនមែនកុម្មុយនិស្តខ្មែរនោះទេ។ ក្រុងប៉េកាំងនឹងសុខចិត្តបោះបង់ចោលរណសិរ្សរួបរួមជាតិកម្ពុជា ហើយមកគាំទ្ររដ្ឋាភិបាល លន់ នល់ វិញ ប្រសិនបើរដ្ឋាភិបាលនេះយល់ព្រមគាំទ្របដិវត្តន៍វៀតណាម។ នេះក៏ព្រោះតែចិនយល់ថា ពួកកុម្មុយនិស្តវៀតណាមមានកម្លាំងមាំមួនជាងពួកកុម្មុយនិស្តខ្មែរ ក្នុងការទប់ទល់ជាមួយអាមេរិក។
ក៏ប៉ុន្តែ ដោយ លន់ នល់ បដិសេធមិនទទួលយកលក្ខខណ្ឌទាំងបីខាងលើនេះ ក្រុងប៉េកាំងក៏បានផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាល លន់ នល់ ហើយប្រកាសទទួលស្គាល់រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា របស់សម្តេច នរោត្តម សីហនុ ដែលបានបង្កើត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០។
ប្រជាប្រិយភាពសម្តេច នរោត្តម សីហនុ ចំណេញដល់ពួកខ្មែរក្រហម
ការចូលរួមក្នុង រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ធ្វើឲ្យពួកខ្មែរក្រហមទទួលបាននូវផលចំណេញពីរ។
ទីមួយ ក្រោមឈ្មោះរដ្ឋាភិបាលរួបរួមជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ពួកខ្មែរក្រហមទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន កម្ពុជា ដែលគាំទ្រព្រះអង្គ។ សាឡុត ស ដែលធ្លាប់តែជាជនបះបោរមួយរូបលាក់ខ្លួនពីការតាមប្រមាញ់ពីសំណាក់ រដ្ឋាភិបាលនោះ បានក្លាយទៅជាមេបញ្ជាការកងទ័ពនៃរដ្ឋាភិបាលរួបរួមជាតិដ៏មាន ប្រជាប្រិយភាពនេះ។
ទីពីរ ចលនាខ្មែរក្រហមបានទទួលនូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី សំណាក់ប្រទេសចិន និងវៀតណាមខាងជើង។ គួរំឭកថា កាលពីមុន វៀតណាមជួយដល់ពួកខ្មែរក្រហមត្រឹមតែផ្តល់កន្លែងលាក់ខ្លួនពីការ តាមប្រមាញ់ពីសំណាក់ទាហានរដ្ឋាភិបាលសង្គមរាស្រ្តនិយមប៉ុណ្ណោះ។ តែចាប់ពីពេលខ្មែរក្រហមបានចូលរួមជាមួយរដ្ឋាភិបាលរួបរួមជាតិ កម្ពុជា កងទ័ពវៀតណាម ដែលកាលណោះត្រូវបានគេទទួលស្គាល់ថា ជាកងទ័ពខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នោះ ថែមទាំងបានជួយច្បាំងនឹងទាហានលន់ នល់ ជំនួសពួកខ្មែរក្រហមទៀតផង។
ក្រោយពេលត្រឡប់ពីប៉េកាំងមកដល់រតនគិរីវិញ សាឡុត ស បានសម្រេចប្តូរស្នាក់ការកណ្តាលបក្សទៅកាន់ស្រុកសន្ទុក ខេត្តកំពង់ធំវិញ។ ចាប់តាំងពីពេលចាប់ផ្តើមធ្វើបដិវត្តន៍មក ទើបតែពេលនោះទេ ដែល សាឡុត ស សម្លឹងឃើញនូវឱកាសដែលខ្លួនអាចដណ្តើមកាន់អំណាចនៅកម្ពុជាបាន។
នៅចុងឆ្នាំ១៩៧០ ក្រុមខ្មែរកុម្មុយនិស្តដែលបានភៀសខ្លួនទៅវៀតណាមកាលពីឆ្នាំ១៩៥៤ ក៏បានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមធ្វើបដិវត្តន៍ជាមួយនឹងខ្មែរកុម្មុយនិស្តក្នុងស្រុក។ ប៉ុន្តែ ក្រុមខ្មែរហាណូយនៅពេលនោះមិនត្រូវបានគេផ្តល់តំណែងក្នុងជួរ ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជានោះទេ។ តំណែងសំខាន់ៗនៅតែស្ថិតក្នុងកណ្តាប់ដៃក្រុមខ្មែរក្រហមស្និទ្ធនឹង សាឡុត ស ដដែល។
ទាហានវៀតណាមច្បាំងជំនួសខ្មែរក្រហម
ចាប់តាំងពីរដ្ឋាភិបាលរួបរួមជាតិត្រូវបានបង្កើតឡើង នៅក្រុងប៉េកាំងមក កងទ័ពវៀតណាមបានជួយរដ្ឋាភិបាលនេះយ៉ាងពេញទំហឹង។ យោងតាមលោក David Chandler ក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” នៅរវាងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ នៅក្នុងសមរភូមិភាគច្រើនគឺជាការច្បាំងគ្នារវាងកងទ័ពវៀតណាម និងទាហានលន់ នល់។ បើទោះជាមានទាហានខ្មែរក្រហមខ្លះនៅក្នុងនោះក៏ដោយ ក៏ទាហានទាំងនោះស្ថិតក្រោមបញ្ជារបស់មេបញ្ជាការវៀតណាមដែរ។
ទាហានលន់ នល់ បានបើកប្រតិបត្តិការយោធាធំៗចំនួនពីរលើក ក្នុងគោលដៅវាយបំបែកសំបុកខ្មែរក្រហម។ លើកទីមួយនៅចុងឆ្នាំ១៩៧០ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី១” និងលើកទីពីរនៅខែសីហា ឆ្នាំ១៩៧១ មានឈ្មោះថា “ប្រតិបត្តិការចេនឡាទី២”។ ប្រតិបត្តិការទាំងពីរនេះត្រូវទទួលបរាជ័យ ហើយទាហានលន់ នល់ ក៏បញ្ឈប់យុទ្ធសាស្រ្តវាយលុក មកជាយុទ្ធសាស្រ្តការពារវិញម្តង។ បរាជ័យនៃប្រតិបត្តិការទាំងពីរលើកនេះសុទ្ធតែដោយសារតែខ្មែរក្រហម មានជំនួយពីទាហានវៀតណាម ដែលគេទទួលស្គាល់ថាជាទាហានខ្លាំងជាងគេបំផុតក្នុងតំបន់ នៅពេលនោះ។
ដោយមានកងទ័ពវៀតណាមជួយច្បាំងជំនួសខ្លួនបែបនេះ ខ្មែរក្រហមក៏មានឱកាសពង្រឹងបក្សរបស់ខ្លួន ទាំងផ្នែកយោធា និងផ្នែកនយោបាយ។ យោងតាមការប៉ាន់ស្មានរបស់ភ្នាក់ងារចារកិច្ចអាមេរិក នៅមុនរដ្ឋប្រហារឆ្នាំ១៩៧០ ខ្មែរក្រហមមានទ័ពតែប្រមាណមិនដល់៣ពាន់នាក់ផង។ ប៉ុន្តែ មិនដល់បីឆ្នាំផង ចំនួននេះបានកើនឡើងរហូតដល់ប្រមាណ៤ម៉ឺននាក់។
ទោះជាយ៉ាងនេះក៏ដោយ ពួកខ្មែរក្រហមនៅតែបន្តធ្វើការឃោសនាថា បដិវត្តន៍របស់ពួកគេ គឺជាបដិវត្តន៍ឯករាជ ម្ចាស់ការ និងមិនពឹងបរទេស។ សូម្បីតែនៅក្នុងឯកសារស្តីពីប្រវត្តិបក្ស ក៏ពួកខ្មែរក្រហមមិនបានរំឭកអំពីជំនួយរបស់វៀតណាមដែរ។ តែធាតុពិត ពួកខ្មែរក្រហមពឹងផ្អែកយ៉ាងខ្លាំងលើវៀតណាម។
មិត្តក្លាយជាសត្រូវ
នៅដើមឆ្នាំ១៩៧៣ សញ្ញានៃការបែកបាក់រវាងខ្មែរក្រហម និងខ្មែរហាណូយក៏បានលេចចេញជារូបរាងច្បាស់ឡើងៗ។ ខ្មែរហាណូយពីររូបគឺ កែវ ចិន្តា និង ប៉ែន សុវណ្ណ រួមជាមួយមនុស្សមួយចំនួនទៀត ដែលធ្វើការឲ្យវិទ្យុបក្សបានលាលែងចេញពីតំណែង។ យោងតាមលោក Raoul Jennar ប៉ែន សុវណ្ណ មានបំណងទៅបង្កើតបក្សថ្មីជាមួយ ជា សុទ្ធ។ ប៉ុន្តែ វៀតណាមបានជំទាស់នឹងផែនការណ្ណecker,ងដល់នាំ១៩៧២នេះ។
ថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣ កិច្ចព្រមព្រៀងឈប់បាញ់មួយត្រូវបានចុះនៅទីក្រុងប៉ារីស រវាងសហរដ្ឋអាមេរិក និងវៀតណាមខាងជើង ស្តីពីបញ្ហាសង្រ្គាមនៅឥណ្ឌូចិន។ កិច្ចព្រមព្រៀងនេះក៏តម្រូវផងដែរឲ្យវៀតណាមដកកងទ័ពទាំងអស់ចេញពី ប្រទេសកម្ពុជា។ វៀតណាមបានស្នើសុំឲ្យ សាឡុត ស ទទួលយកបទឈប់បាញ់នេះ តែ សាឡុត ស បានបដិសេធ។ សាឡុត ស យល់ថា ការណ៍ដែលវៀតណាមចុះកិច្ចព្រមព្រៀងជាមួយអាមេរិកបែបនេះ គឺជាអំពើក្បត់នឹងខ្មែរក្រហម។ សម្រាប់ខ្មែរក្រហម វៀតណាមបានក្លាយពីមិត្ត ទៅជាសត្រូវវិញម្តង។ សូម្បីតែពួកខ្មែរហាណូយក៏ត្រូវបានបក្សពួករបស់ សាឡុត ស ចាប់ផ្តើមសង្ស័យថា ជាភ្នាក់ងាររបស់វៀតណាមដែរ។ ពួកខ្មែរហាណូយមួយចំនួន ដែលទើបតែបានចូលមកកម្ពុជាវិញប៉ុន្មានឆ្នាំមុននេះ ក៏បានលួចចាកចេញពីកម្ពុជាវិញ ដោយបន្លំខ្លួនជាមួយទាហានវៀតណាម។ មួយចំនួនទៀត ដែលនៅសេសសល់ស្ថិតក្រោមការតាមដានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ពួក សាឡុត ស។
ខ្មែរក្រហមទល់នឹងកងទ័ពអាមេរិក
នៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានចាប់ផ្តើមបើកការវាយលុកលើទីតាំងរដ្ឋាភិបាល លន់ នល់ ដើម្បីពង្រីកតំបន់ដែលពួកគេកាន់កាប់។ កងទ័ពអាកាសអាមេរិកក៏បានចាប់បើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើ ទីតាំងខ្មែរក្រហម។ ក្នុងពេលដែលប្រតិបត្តិការសឹករបស់អាមេរិក នៅវៀតណាម និងឡាវបានបញ្ចប់អស់ទៅហើយនោះ ប្រទេសកម្ពុជាបានក្លាយទៅជាចំណុចស៊ីបតែមួយគត់របស់យន្តហោះ អាមេរិក នៅឥណ្ឌូចិន។ ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ១៩៧៣ គ្រាប់បែកប្រមាណជាង៥០ម៉ឺនតោន ត្រូវបានយន្តហោះអាមេរិកទម្លាក់លើទឹកដីកម្ពុជា។ ប៉ុន្តែ ការទម្លាក់គ្រាប់បែកនេះ ប៉ះលើជនស៊ីវិលស្លូតត្រង់ ច្រើនជាងលើទាហានខ្មែរក្រហម។
នៅដើមខែសីហា ឆ្នាំ១៩៧៣ ដោយទទួលរងនូវសម្ពាធពីសំណាក់សភា និងពីមតិសាធារណៈអាមេរិក ប្រធានាធិបតី Richard Nixonក៏បានសម្រេចបញ្ឈប់ការទម្លាក់គ្រាប់បែកនៅកម្ពុជា។
អាមេរិកដក ខ្មែរក្រហមចូល
ចាប់ពីពេលនោះមក សង្រ្គាមនៅកម្ពុជា គឺជាសង្រ្គាមរវាងទាហានខ្មែរក្រហម និងទាហានលន់ នល់សុទ្ធសាធ ដោយគ្មានទ័ពអាមេរិកមកចូលឡូកឡំទៀតទេ។
មកទល់នឹងពេលនោះ កងទ័ពខ្មែរក្រហមបានកាន់កាប់ទឹកដីកម្ពុជាមួយភាគធំទៅហើយ។ សូម្បីតែ ក្រុងភ្នំពេញក៏ត្រូវទាហានខ្មែរក្រហមព័ទ្ធជិតដែរ។ នៅតាមតំបន់ដែលពួកគេកាន់កាប់ ដែលគេឲ្យឈ្មោះថា “តំបន់រំដោះ” ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តនយោបាយបដិវត្តន៍របស់ពួកគេ ដូចជាការបង្កើតសហករណ៍ ការលុបបំបាត់លុយកាក់ និងកម្មសិទ្ធិឯកជន ជាដើម។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទីក្រុងភ្នំពេញក៏បានធ្លាក់ក្នុងដៃ ទាហានខ្មែរក្រហម៕
ដំណើរឆ្ពោះទៅការតស៊ូដោយប្រដាប់អាវុធរបស់ខ្មែរក្រហម
ទាហានខ្មែរក្រហម
AFP
ដោយ សេង ឌីណា
កាលពីសប្តាហ៍មុន លោកអ្នកស្តាប់បានជ្រាបរួចមកហើយ អំពីដើមកំណើតរបស់ចលនាកុម្មុយនិស្តខ្មែរ និងការតស៊ូតាមផ្លូវនយោបាយ នៅកម្ពុជា។ នៅថ្ងៃនេះ សេង ឌីណា នឹងរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលជំរុញឲ្យពួកកុម្មុយនិស្តខ្មែរ បោះបង់ការតស៊ូតាមផ្លូវនយោបាយ ហើយរត់ចូលព្រៃ ធ្វើការតស៊ូដោយប្រដាប់អាវុធវិញ។
នៅឆ្នាំ១៩៦២ មេដឹកនាំរបស់បក្សប្រជាជនស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ក្នុងនោះរួមមានមេដឹកនាំសំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្សពលករកម្ពុជាក៏បានសម្រេចចិត្តរំលាយបក្សប្រជាជនចោល ដែលជាហេតុនាំឲ្យពួកកុម្មុយនិស្តលែងមានឧបករណ៍សម្រាប់ធ្វើការតស៊ូ ផ្នែកនយោបាយទៀត។
ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើងមកដឹកនាំបក្ស
ក្នុងពេលជាមួយគ្នានោះ រចនាសម្ព័ន្ធរបស់បក្សពលករកម្ពុជាបានជួបនឹងរបត់មួយយ៉ាងសំខាន់។ ទូ សាមុត ដែលជាលេខាបក្ស បានបាត់ខ្លួនដោយមិនដឹងមូលហេតុ។ យោងតាមលោក Ben Kiernan សាឡុត ស និងបក្ខពួកទំនងជាមានជាប់ទាក់ទងនឹងការបាត់ខ្លួនរបស់ ទូ សាមុត នេះ។ នៅក្នុងមហាសន្និបាតខែកុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សជំនួស ទូ សាមុត ដោយរំលង នួន ជា ដែលជាអនុលេខាបក្ស។ ឯ អៀង សារី ក៏ឡើងជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សោ ភឹម, វ៉ន វេត, សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុងចំណោមសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស។ ចំណែកអតីតមេដឹកនាំចាស់ៗ ដូចជា នន សួន និង កែវ មាស ជាដើម ត្រូវបានគេផាត់ចេញពីរចនាសម្ព័ន្ធថ្មីនេះ។
នៅក្នុងឆ្នាំជាមួយគ្នានោះ បាតុកម្មហិង្សាមួយបានកើតឡើងនៅខេត្តសៀមរាប។ បាតុករដែលជាសិស្ស និងនិស្សិតបាននាំគ្នារិះគន់យ៉ាងខ្លាំងក្លាដល់រដ្ឋាភិបាលសង្គម រាស្រ្តនិយម និងសម្តេច នរោត្តម សីហនុ។ បាតុករថែមទាំងបានដុតព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គទៀតផង។ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ពួកកុម្មុយនិស្តថាជាអ្នកនៅពីក្រោយបាតុកម្មនេះ។ សម្តេច នរោត្តម សីហនុ ក៏បានប្រកាសរំលាយរដ្ឋាភិបាលចោល ដោយលើកហេតុផលថា បើមតិសាធារណៈគាំទ្រពួកឆ្វេងនិយមដូចនេះ គួរឲ្យពួកឆ្វេងនិយមមកបង្កើតរដ្ឋាភិបាលខ្លួនឯងម្តងវិញ។ ព្រះអង្គបានចុះផ្សាយបញ្ជីឈ្មោះឥស្សរជននយោបាយឆ្វេងនិយម ចំនួន៣៤រូប ដែលព្រះអង្គចង់ឲ្យបង្កើតរដ្ឋាភិបាលថ្មីនេះ។ ក្នុងចំណោម៣៤រូបនេះ ក៏រួមមានទាំងមេដឹកនាំជាន់ខ្ពស់របស់បក្សពលករកម្ពុជាផងដែរ។ ក៏ប៉ុន្តែ មិនមានអ្នកណាម្នាក់ហ៊ានចេញមុខតាមការអំពាវនាវនេះទេ ដោយខ្លាចថាជាអន្ទាក់របស់សម្តេច នរោត្តម សីហនុ ឲ្យពួកគេបង្ហាញមុខ ដើម្បីលបសម្លាប់ពួកគេចោល។ សាឡុត ស និង អៀង សារី ក៏រត់ចេញពីក្រុងភ្នំពេញ ទៅលាក់ខ្លួនក្នុងព្រៃ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅកន្លែងមួយដែលមានឈ្មោះសម្ងាត់ថា “ការិយាល័យ១០០” ដោយមានការការពារពីសំណាក់វៀតណាម។
ទស្សនកិច្ចរបស់សាឡុត ស នៅវៀតណាមនិងចិន
នៅអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស និងមេដឹកនាំបក្សមួយចំនួនទៀត បានធ្វើដំណើរដោយថ្មើរជើង ចាកចេញពីការិយាល័យ១០០ ឆ្ពោះទៅទីក្រុងហាណូយ។ ក្រៅពីជួបជាមួយក្រុមខ្មែរកុម្មុយនិស្តនៅទីនោះ សាឡុត ស ក៏បានជួបចរចាដោយសម្ងាត់ជាមួយមេដឹកនាំកុម្មុយនិស្តវៀតណាមផងដែរ អំពីផែនការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែ មេដឹកនាំកុម្មុយនិស្តវៀតណាមបានជំទាស់នឹងផែនការនេះ។
ចេញពីក្រុងហាណូយ សាឡុត ស បានបន្តដំណើរទៅកាន់ក្រុងប៉េកាំង និងក្រុងព្យុងយ៉ាងទៀត។ ប៉ុន្តែដំណើរនេះធ្វើឡើងដោយលាក់ការណ៍បំផុត។ គេមិនបានដឹងថាតើ សាឡុត ស បានជជែកអំពីអ្វីខ្លះជាមួយមេដឹកនាំបក្សកុម្មុយនិស្តចិននោះទេ។ ប៉ុន្តែ បើមើលទៅលើបរិបទនយោបាយនៅពេលនោះ និងឥរិយាបថរបស់ សាឡុត ស ពេលវិលត្រឡប់មកកម្ពុជាវិញ គេអាចសន្និដ្ឋានបានថា ចិនប្រហែលជាបានគាំទ្រនយោបាយរបស់ សាឡុត ស ច្រើនជាងវៀតណាម។ ចិនដែលនៅពេលនោះកំពុងតែមានទំនាក់ទំនងតានតឹងខ្លាំងជាមួយសហភាព សូវៀត ឆ្លៀតបង្កើនឥទ្ធិពលលើពួកកុម្មុយនិស្តខ្មែរ ប្រជែងជាមួយនឹងវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់សូវៀត។
“បក្សពលករកម្ពុជា” ប្តូរឈ្មោះទៅជា “បក្សកុម្មុយនិស្តកម្ពុជា”
ក្រោយពី សាឡុត ស ត្រឡប់ពីចិន មកការិយាល័យ១០០វិញ បក្សពលករកម្ពុជាក៏បានចាប់ផ្តើមបង្ហាញនូវនយោបាយឯករាជពីវៀតណាម កាន់តែខ្លាំងឡើងៗ។ នៅខែកញ្ញា ឆ្នាំ១៩៦៦ បក្សពលករកម្ពុជា ថែមទាំងត្រូវបានប្តូរឈ្មោះទៅជា “បក្សកុម្មុយនិស្តកម្ពុជា” ទៀតផង ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា បក្សនេះមិនជាប់ពាក់ព័ន្ធនឹងបក្សកុម្មុយនិស្តវៀតណាម ដែលពេលនោះមានឈ្មោះថា “បក្សពលករវៀតណាម”។ ទីតាំងធំរបស់ពួកខ្មែរក្រហម ក៏ត្រូវបានរើចេញពីការិយាល័យ១០០ ទៅតាំងនៅក្នុងខេត្តរតនគិរីវិញ ដោយដាក់ឈ្មោះថា “ការិយាល័យ១០២”។
ពួកខ្មែរក្រហម ដែលបានបោះបង់ចោលការតស៊ូផ្នែកនយោបាយតាំងពីឆ្នាំ១៩៦២មកនោះ បានបង្កើនការវាយប្រហារកាន់តែខ្លាំងឡើងទៅលើរដ្ឋាភិបាល សង្គមរាស្រ្តនិយម។ ប៉ុន្តែ ពួកគេនៅមិនទាន់សម្រេចបើកការតស៊ូប្រដាប់អាវុធនៅឡើយទេ រហូតដល់ក្រោយការបះបោរនៅសំឡូត ទើបពួកខ្មែរក្រហមឈានចូលដល់ដំណាក់កាលតស៊ូប្រដាប់អាវុធ។
ការបះបោរនៅសំឡូត
មូលហេតុដែលនាំឲ្យមានការបះបោរនៅសំឡូត នៅឆ្នាំ១៩៦៧ គឺកើតចេញពីនយោបាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការប្រមូលទិញផលស្រូវ។
នៅចន្លោះឆ្នាំ១៩៦៥ និងឆ្នាំ១៩៦៦ កសិករខ្មែរបានលួចលក់ស្រូវទៅឲ្យកងទ័ពវៀតណាមខាងជើងដែលឲ្យថ្លៃ ខ្ពស់ជាងរដ្ឋាភិបាល ដែលជាហេតុនាំឲ្យរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូលដែលបានមកពីការនាំចេញ ស្រូវ។
នៅឆ្នាំ១៩៦៦ រដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដាច់ខាតឲ្យប្រជាកសិករលក់ស្រូវ ជូនរដ្ឋ ហើយថែមទាំងបញ្ជូនកងកម្លាំងប្រដាប់អាវុធឲ្យចុះទៅប្រមូលទិញស្រូវនៅ តាមទីជនបទទៀតផង។
នៅឆ្នាំ១៩៦៧ លន់ នល់ ដែលជានាយករដ្ឋមន្រ្តីបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធផ្តោតការ ប្រមូលទិញស្រូវនៅក្នុងខេត្តបាត់ដំបង ដែលជាជង្រុកស្រូវយ៉ាងធំរបស់ប្រទេសកម្ពុជា។ មិនយូរប៉ុន្មានការប្រឈមមុខគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងប្រជាកសិករនៅខេត្តបាត់ដំបងក៏បានកើតឡើង។ ពួកសកម្មជនកុម្មុយនិស្តប្រចាំខេត្តបាត់ដំបង ក៏បានឆ្លៀតពេលនោះ ជំរុញការបះបោរឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយបានបាចខិត្តប័ណ្ណចោទរដ្ឋាភិបាលថា ប្រមូលទិញស្រូវ ដើម្បីយកទៅលក់ឲ្យអាមេរិក។
នៅថ្ងៃទី២ មេសា ឆ្នាំ១៩៦៧ ការបះបោរដ៏ធំមួយក៏បានកើតឡើងនៅស្រុកសំឡូត ក្នុងខេត្តបាត់ដំបង។ ប្រជាជនប្រមាណ២០០នាក់ ដោយមានកាន់បដាប្រឆាំងនឹងរដ្ឋាភិបាលផងនោះ បានធ្វើការវាយប្រហារលើទីតាំងរដ្ឋាភិបាលមួយនៅសំឡូត។ ក្រុមបះបោរបានសម្លាប់ទាហានរដ្ឋាភិបាលចំនួនពីរនាក់ ហើយដណ្តើមបានកាំភ្លើងមួយចំនួនផង។ ភាពចលាចលនេះបានរាលដាលទៅភូមិផ្សេងៗទៀត នៅក្បែរនោះ រហូតដល់មានការបង្រ្កាបពីទាហានរដ្ឋាភិបាល។ ក្រុមបះបោរមួយចំនួនត្រូវបានប៉ូលិសចាប់ខ្លួន និងវាយដំសួរចម្លើយ។ ចំណែកមួយចំនួនទៀតបានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
នៅភ្នំពេញឯណោះវិញ សម្តេច នរោត្តម សីហនុ បានចោទប្រកាន់ ខៀវ សំផន, ហ៊ូ យន់ និងហ៊ូ នឹម ថាជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូត ហើយបានគំរាមថានឹងបញ្ជូនអ្នកទាំងបីរូបនេះទៅឲ្យតុលាការសឹកកាត់ទោស។ ខ្មែរកុម្មុយនិស្តទាំងបីនាក់នេះក៏បានលួចរត់ចេញពីភ្នំពេញ ដើម្បីគេចចេញពីការកាត់ទោសនេះ។ ក្រោយមក លន់ នល់ បានអះអាងថា អ្នកទាំងបីនាក់នេះបានស្លាប់បាត់ទៅហើយ។ ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម លេចមុខសាជាថ្មីនៅក្នុងចំណោមមេដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថាជា “ខ្មោចទាំងបី”។
ខ្មែរក្រហមនៅពីក្រោយការបះបោរនៅសំឡូត?
នៅក្នុងសៀវភៅដែលមានចំណងជើងថា “បងទី១ ប៉ុល ពត” លោក David Chandler បានសរសេរថា ពួកមេដឹកនាំខ្មែរក្រហមមិនមែនជាអ្នកនៅពីក្រោយអំពើបះបោរនៅសំឡូតទេ។ ពួកគេមិនទាំងបានដឹងជាមុនផងថានឹងមានអំពើបះបោរបែបនេះកើតឡើង។ ក៏ប៉ុន្តែ ដំណឹងអំពីព្រឹត្តិការណ៍នៅសំឡូតបានធ្វើឲ្យមេដឹកនាំខ្មែរក្រហម មើលឃើញកាន់តែច្បាស់នូវកម្លាំងបដិវត្តន៍របស់ប្រជាជនកម្ពុជា។ បន្ថែមពីលើនេះទៅទៀត ប្រតិបត្តិការតាមកម្ទេចក្រុមបះបោរ ពីសំណាក់ទាហានរដ្ឋាភិបាល បានរាលដាលទៅកន្លែងផ្សេងៗទៀតធ្វើឲ្យពួកកុម្មុយនិស្តលែងមាន កន្លែងជ្រក ក្រៅតែពីរត់ចូលក្នុងព្រៃធ្វើការតស៊ូដោយប្រដាប់អាវុធ ដើម្បីបន្តបដិវត្តន៍របស់ពួកគេតទៅទៀត។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ក្រុមខ្មែរក្រហមមួយក្រុមបានបើកការវាយប្រហារលើទីតាំងទាហាន រដ្ឋាភិបាលមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយដណ្តើមបានកាំភ្លើង៣២ដើម។ ពួកខ្មែរក្រហមបានអបអរសាទជោគជ័យរបស់ពួកគេ ដោយកំណត់យកថ្ងៃនោះថាជាថ្ងៃចាប់ផ្តើមការតស៊ូប្រដាប់អាវុធរបស់ ខ្លួន និងជាថ្ងៃបង្កើតកងទ័ពបដិវត្តន៍របស់ពួកគេ។ ក្រោយមកការវាយឆ្មក់ស្រដៀងៗគ្នានេះក៏បានកើតឡើងនៅតាមបណ្តាខេត្ត មួយចំនួនផ្សេងទៀតក្រៅពីខេត្តបាត់ដំបង។
ទោះជាយ៉ាងនេះក៏ដោយ ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ។ អាវុធយុទ្ធភ័ណ្ឌក៏មិនសូវជាមានអ្វីធំដុំប៉ុន្មានដែរ។ ការទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម៕
ដើមកំណើតនៃបក្សកុម្មុយនិស្តកម្ពុជា
ប្រភពដើមនៃបក្សកុម្មុយនិស្តកម្ពុជា គឺកើតចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន
ដោយ សេង ឌីណា
មុននឹងបង្កើតជាគណបក្សកុម្មុយនិស្តកម្ពុជា ចលនាកុម្មុយនិស្តខ្មែរ គឺជាផ្នែកមួយ នៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន របស់ ហូ ជីមិញ។ នៅឆ្នាំ១៩៥១ ទើបចលនាកុម្មុយនិស្តខ្មែរបានបែកចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិន ដោយបង្កើតជាគណបក្សខ្លួនឯង មានឈ្មោះថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា។
បក្សកុម្មុយនិស្តឥណ្ឌូចិន
លទ្ធិកុម្មុយនិស្តបានចាប់ផ្តើមរីកដុះដាលខ្លាំង នៅទូទាំងពិភពលោក តាមរយៈចលនាប្រឆាំងនឹងអាណានិគម ដែលចាប់ផ្ទុះឡើង នៅក្រោយសង្រ្គាមលោកលើកទីពីរ។ នៅឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនិស្តមួយដែរ គឺ “បក្សកុម្មុយនិស្តឥណ្ឌូចិន” ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០។ បក្សនេះប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ។
នៅកម្ពុជា សាខាបក្សកុម្មុយនិស្តឥណ្ឌូចិន ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាមលោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជាការច្របាច់បញ្ចូលគ្នារវាង សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំណេញពីប្រជាប្រិយភាពរបស់ សឺន ង៉ុកថាញ់ ដែលជាប្រមុខដឹកនាំចលនាប្រឆាំងបារាំងដ៏ល្បីល្បាញមួយ គឺចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់ មិនមែនជាមនុស្សកុម្មុយនិស្តទេ។
បក្សប្រជាជនបដិវត្តន៍កម្ពុជា
នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំងបានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា “សមាគមខ្មែរឥស្សរៈ” ទៀតផង ជាហេតុនាំឲ្យមានការភាន់ច្រលំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនិស្ត និងមួយណាមិនមែនកុម្មុយនិស្ត។ នៅឆ្នាំដដែលនេះដែរ វៀតណាមបានសម្រេចបំបែក បក្សកុម្មុយនិស្តឥណ្ឌូចិន ឲ្យទៅជាបក្សកុម្មុយនិស្តផ្ទាល់របស់ប្រទេសនីមួយៗវិញ។ ក្រុមខ្មែរកុម្មុយនិស្តក៏សម្រេចបង្កើតបក្សកុម្មុយនិស្តផ្ទាល់របស់ ខ្លួន ដែលមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍កម្ពុជា”។ បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយ ដែលមាន សឺន ង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និង សៀវ ហេង ជាអគ្គលេខាធិការ។ ក៏ប៉ុន្តែ ពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៦០ ក្រុមខ្មែរកុម្មុយនិស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្សជា ផ្លូវការទេ ដែលជាហេតុនាំឲ្យ បក្សប្រជាជនបដិវត្តន៍កម្ពុជាមិនទាន់មានឯករាជ្យដាច់ស្រឡះពី បក្សកុម្មុយនិស្តឥណ្ឌូចិន។ សូម្បីតែលក្ខន្តិកៈរបស់បក្សក៏វៀតណាមជាអ្នកសរសេរឲ្យដែរ រួចទើបយកមកបកប្រែជាភាសាខ្មែរ។
បក្សពលករកម្ពុជា
ក្រោយពីសន្និសីទក្រុងហ្សឺណែវខែកក្កដា ឆ្នាំ១៩៥៤ ដែលកិច្ចព្រមព្រៀងបានហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធនៅលើ ទឹកដីកម្ពុជា បក្សប្រជាជនបដិវត្តន៍កម្ពុជាក៏បែកខ្ញែកគ្នាជាបីក្រុម៖
• មួយក្រុម រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម បានរត់ទៅប្រទេសវៀតណាម។
• ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅបន្តសកម្មភាពជាសម្ងាត់ នៅក្នុងប្រទេសកម្ពុជា។
• ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម បានបង្កើតជាគណបក្សស្របច្បាប់មួយ ឈ្មោះថា “គណបក្សប្រជាជន” ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ក្រុមទាំងបីនេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។
ការណ៍ដែលចលនាខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ ដោយមួយប៉ែករត់ទៅប្រទេសវៀតណាម និងមួយប៉ែកទៀត នៅក្នុងប្រទេសកម្ពុជាបែបនេះ ទំនងជាមូលហេតុចម្បង ដែលនាំឲ្យមានការកាប់សម្លាប់គ្នារវាងសមាជិកបក្ស នៅអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ រហូតដល់ខ្មែរកុម្មុយនិស្តមួយក្រុមដែលរត់ទៅវៀតណាម នាំទ័ពវៀតណាមមកវាយខ្មែរកុម្មុយនិស្តក្នុងស្រុក ដែលជាអតីតសហការី។
នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំក្រោយពីបែកចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិន ទើបបក្សប្រជាជនបដិវត្តន៍កម្ពុជាបានរៀបចំធ្វើសន្និបាតដោយលួចលាក់ មួយ ក្នុងគោលដៅបង្កើតជាផ្លូវការនូវគណបក្សកុម្មុយនិស្តផ្ទាល់របស់ កម្ពុជា ប៉ុន្តែ បានប្តូរឈ្មោះបក្សទៅជា “បក្សពលករកម្ពុជា” វិញ។ បក្សថ្មីនេះ មាន ទូ សាមុត ជាលេខាបក្ស នួន ជា ជាលេខារង ហើយ សាឡុត ស គឺជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សាឡុត ស គឺជាឈ្មោះដើមរបស់ ប៉ុល ពត។ អៀង សារី ដែលជាមិត្តភក្តិរបស់ សាឡុត ស ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មី នេះដែរ។
បក្សកុម្មុយនិស្តកម្ពុជា
នៅក្រោយពេលដែលទូ សាមុត បានបាត់ខ្លួន នៅឆ្នាំ១៩៦៣ សាឡុត ស ក៏បានឡើងមកកាន់តំណែងជាលេខាបក្សពលករកម្ពុជា រំលងនួន ជា ដែលជាលេខារង។ ក្នុងអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស បានទៅធ្វើទស្សនកិច្ចនៅវៀតណាម និងនៅចិន។ ក្រោយពីបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសចិន សាឡុត ស ក៏បានផ្តាច់ខ្លួនបន្តិចម្តងៗពីឥទ្ធិពលវៀតណាម។ នៅខែកញ្ញា ឆ្នាំ១៩៦៦ សាឡុត ស បានប្តូរឈ្មោះបក្សពលករកម្ពុជា មកជា “បក្សកុម្មុយនិស្តកម្ពុជា” វិញ។
សម្រាប់ក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត សន្និបាតខែកញ្ញា ឆ្នាំ១៩៦០ ទើបជាការចាប់ផ្តើមពិតប្រាកដនៃចលនាកុម្មុយនិស្តរបស់ខ្លួន ហើយបដិសេធមិនទទួលស្គាល់ថាខ្លួនមានកំណើតចេញពី បក្សប្រជាជនបដិវត្តន៍កម្ពុជានោះទេ។ ពួកខ្មែរក្រហមធ្វើបែបនេះ ក្នុងចេតនាផ្តាច់បដិវត្តន៍របស់ពួកគេឲ្យដាច់ស្រឡះពីបក្ស កុម្មុយនិស្តឥណ្ឌូចិន ដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធជាមួយប្រទេសវៀតណាម។ ផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជាគណបក្សកាន់អំណាចនៅកម្ពុជា តែងតែប្រកាន់យកបក្សប្រជាជនបដិវត្តន៍កម្ពុជា ជាប្រភពដើមរបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជាថ្ងៃកំណើតបក្សជាប់រហូតមកទល់ពេលបច្ចុប្បន្ននេះ។
ការតស៊ូតាមផ្លូវនយោបាយក្រោមរូបភាព “បក្សប្រជាជន”
នៅក្នុងការតស៊ូផ្នែកនយោបាយ នៅចន្លោះទសវត្សរ៍ទី៥០ និង៦០ ខ្មែរកុម្មុយនិស្តបានចែកចេញជាបីក្រុមធំៗ៖
មួយក្រុមបានធ្វើសកម្មភាពជាចំហ ក្នុងឋានៈជាសមាជិករបស់បក្សប្រជាជន ដែលពួកគេបានបង្កើតឡើងដោយស្របច្បាប់ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ១៩៥៥។ បើទោះជាបានបង្កើតបក្សពលករជាផ្លូវការ នៅឆ្នាំ១៩៦០ហើយក៏ដោយ ក៏ប៉ុន្តែ ពួកកុម្មុយនិស្តនៅតែបន្តធ្វើការតស៊ូផ្នែកនយោបាយដោយប្រើឈ្មោះ បក្សប្រជាជនដដែល ដោយទុកបក្សពលករជាការណ៍សម្ងាត់។
ពួកខ្មែរកុម្មុយនិស្តក្រុមទីពីរ ទៅប្រកបមុខរបរជាគ្រូបង្រៀន អ្នកនិពន្ធ ឬអ្នកកាសែត ជាដើម ដោយលាក់មិនឲ្យគេដឹងថាពួកគេជាសមាជិករបស់បក្សកុម្មុយនិស្ត នោះទេ។ ក្រុមនេះមានភារកិច្ចធ្វើការឃោសនាជាសម្ងាត់ ដើម្បីរើសសមាជិកថ្មីឲ្យចូលបក្ស និងបង្កើតជាសាខាបក្សតូចៗ នៅតាមកន្លែងដែលពួកគេធ្វើការ។ ក្រុមនេះថែមទាំងបានបង្កើតវិទ្យាល័យឯកជនមួយផ្ទាល់ខ្លួនទៀតផង ដោយដាក់ឈ្មោះថា “វិទ្យាល័យកម្ពុជបុត្រ”។
ចំណែកក្រុមទីបី ពួកគេបានប្រឡូកចូលធ្វើនយោបាយ ដោយជ្រកក្រោមឈ្មោះចលនាសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ។
មូលហេតុនៃបរាជ័យរបស់បក្សប្រជាជនក្នុងការបោះឆ្នោតជាតិ
ក៏ប៉ុន្តែ នៅគ្រប់ការបោះឆ្នោតទាំងអស់ ទាំងការបោះឆ្នោតឆ្នាំ១៩៥៥ និងការបោះឆ្នោតក្រោយៗមកទៀត បក្សប្រជាជនត្រូវទទួលបរាជ័យទាំងស្រុង ដោយរកមិនបានមួយអាសនៈផង នៅក្នុងសភាជាតិ។ លើកលែងតែខ្មែរកុម្មុយនិស្ត៣នាក់ ដែលបានទៅជ្រកក្រោមឈ្មោះសង្គមរាស្រ្តនិយមប៉ុណ្ណោះ ដែលបានជាប់ឆ្នោតជាតំណាងរាស្រ្ត។ អ្នកទាំង៣នាក់នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត នៅឆ្នាំ១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោតនៅឆ្នាំ១៩៦២។
បរាជ័យរបស់ពួកកុម្មុយនិស្ត នៅក្នុងការបោះឆ្នោតជាតិនេះ អាចបណ្តាលមកពីកត្តាធំៗបី៖
កត្តាទីមួយ (ដូចខ្ញុំបានជម្រាបជូនលោកអ្នកស្តាប់រួចមកហើយថា) ចលនាកុម្មុយនិស្តនៅកម្ពុជា ក៏ដូចជានៅប្រទេសផ្សេងៗទៀតដែរ បានទទួលនូវការគាំទ្រពីសំណាក់ប្រជាជន ដោយសារពួកគេប្រយុទ្ធប្រឆាំងនឹងអាណានិគម។ ក្រោយពេលដែលបារាំងបានផ្តល់ឯករាជ្យដល់កម្ពុជា ការតស៊ូរបស់ពួកកុម្មុយនិស្តក៏លែងមានន័យតទៅទៀត។ កុំថាឡើយតែប្រជាជនកម្ពុជាទូទៅ សូម្បីតែក្នុងចំណោមសមាជិកចលនាកម្មុយនិស្តខ្មែរខ្លួនឯង ក៏មានខ្លះចាប់ផ្តើមចោទជាសំណួរខ្លួនឯងដែរថា តើពួកគេតស៊ូដើម្បីអ្វីទៀត បើពេលនេះបារាំងលែងកាន់កាប់ប្រទេសកម្ពុជាទៀតហើយនោះ?
កត្តាទីពីរ នៅឆ្នាំ១៩៥៥ សៀវ ហេង ដែលជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា បានចុះចូលដោយសម្ងាត់ជាមួយសម្តេច នរោត្តម សីហនុ។ សៀវ ហេង ក៏បានក្លាយជារនុកក្នុងរបស់ចលនាសង្គមរាស្រ្តនិយម ដោយនៅបន្តកាន់តំណែងកំពូលរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជាដដែល រហូតដល់ឆ្នាំ១៩៥៩។ យោងតាមលោកស្រី Elizabeth Beckerក្នុងអំឡុងពេលនោះ សៀវ ហេង បានផ្តល់ព័ត៌មានសម្ងាត់ជាច្រើនទាក់ទងនឹងចលនាកម្មុយនិស្តខ្មែរ ដែលជួយឲ្យកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ធ្វើការបំបែកសម្បុកសម្ងាត់របស់ពួកកម្មុយនិស្ត។
កត្តាទីបី ដែលនាំឲ្យបក្សប្រជាជនទទួលបរាជ័យក្នុងការបោះឆ្នោតជាតិ គឺការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលសង្គមរាស្រ្ត និយម។ នៅរាល់ពេលធ្វើការឃោសនាបោះឆ្នោតម្តងៗ សមាជិកបក្សប្រជាជនជាច្រើននាក់ រួមទាំងបេក្ខជនតំណាងរាស្រ្តផងត្រូវបានប៉ូលិសចាប់ខ្លួន ហើយសមាជិកខ្លះទៀតត្រូវគេលបធ្វើឃាត។ រហូតដល់មានពេលខ្លះ ដូចជា នៅឆ្នាំ១៩៥៨ ជាដើម កែវ មាស ដែលជាបេក្ខជនតែមួយគត់របស់បក្សប្រជាជន ត្រូវបង្ខំចិត្តលាក់ខ្លួន មិនហ៊ានទាំងចេញមកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផង។
ទោះជាប្រឈមមុខនឹងស្ថានភាពបែបនេះក៏ដោយ ក្រុមខ្មែរកុម្មុយនិស្តនៅតែបន្តការតស៊ូផ្នែកនយោបាយរបស់ខ្លួនតទៅទៀត។ សូម្បីតែក្រោយពីបានបង្កើតបក្សពលករកម្ពុជា នៅឆ្នាំ១៩៦០ ហើយក៏ដោយ ក៏ពួកកុម្មុយនិស្តបានសម្រេចរក្សាទុកបក្សប្រជាជន ដើម្បីចូលរួមការបោះឆ្នោតម្តងទៀត នៅឆ្នាំ១៩៦២។ រហូតដល់ឆ្នាំ១៩៦៧ ទើបពួកខ្មែរកុម្មុយនិស្តសម្រេចចិត្តចាប់យកការតស៊ូដោយប្រដាប់អាវុធ វិញម្តង៕
No comments:
Post a Comment