Wednesday, September 9, 2020

អប្បគមន៍ ២០១១ ខេត្តក្រចេះ

2012-06-26 លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​អ្នក​ដឹក​នាំ​ចលនា​អបគមន៍​ចេញ​សារភាព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​ក្រុម​អ្នកដឹក​នាំ​ចលនា​អបគមន៍​ដី​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចេញ​មក​សារភាព នឹង​អាច​រួច​ទោស តែ​អ្នក​ដាក់​ផែន​ការ​បញ្ជា​ជា​មេខ្លោង​នៅ​ក្រុង​ភ្នំពេញ នឹង​ត្រូវ​តាម​ចាប់​ផ្ដន្ទាទោស​ឲ្យ​ទាល់​តែ​បាន។នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​និស្សិត​ស្ម័គ្រចិត្ត​ជាង ១.០០០​នាក់ នៅ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​រត់​គេច​ដោយសារ​មាន​ពាក់ព័ន្ធ​ជាមួយ​ចលនា​បំផុស​ប្រជាពលរដ្ឋ​ធ្វើ​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ឲ្យ​ចេញ​មក​សហការ​ជាមួយ​អាជ្ញាធរ នោះ​អាច​រួច​ទោស។ ប៉ុន្តែ​អ្នក​រឹង​ទទឹង និង​ជា​អ្នក​ដាក់​ផែនការ​បញ្ជា ត្រូវ​មាន​ទោស បើ​ទោះ​បី​ជា​រត់​គេច​ទៅ​បរទេស​ក៏ដោយ។

កាល​ពី​ថ្ងៃ​ទី ១៦ ឧសភា មាន​កង​កំលាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ជា​ច្រើន​រយ​នាក់ បាន​បើក​ប្រតិបត្តិការ​បោស​សំអាត​នៅ​តំបន់​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដោយសារ​មាន​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រមាណ ១.០០០​គ្រួសារ បង្ក​ជា​កំលាំង​ចាប់​ដី​ចែក​គ្នា ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​អាជ្ញាធរ​ភូមិ​ដែល​មាន​ស្រាប់​នៅ​នឹង​កន្លែង និង​បាន​ប្រកាស​បង្កើត​ភូមិ​ថ្មី។ ក្រុម​ដឹកនាំ​ប្រជាពលរដ្ឋ​ចាប់​ដី​ចែក​គ្នា​នោះ ដឹកនាំ​ដោយ​មនុស្ស​មួយ​ចំនួន ក្នុង​នោះ​មាន​ឈ្មោះ ប៊ុន ឆន ប៊ុន រដ្ឋា ជាដើម។

ក្នុង​ប្រតិបត្តិការ​បោស​សំអាត​របស់​កងទ័ព​រដ្ឋាភិបាល​នោះ មាន​កុមារី​មួយ​រូប​ឈ្មោះ ហេង ចន្ថា បាន​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ និង​មាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ផង​ដែរ។ ក្រោយ​ការ​បោស​សំអាត​ដោយ​​ប្រដាប់​អាវុធ​រួច​ហើយ រដ្ឋាភិបាល​បាន​ប្រកាស​តាម​ចាប់​ខ្លួន​មនុស្ស​ចំនួន ៥​នាក់ ដោយ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ពី​បទ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់។ មនុស្ស​ទាំង ៥​នាក់​នោះ​មាន​ឈ្មោះ ប៊ុន ឆន ប៊ុន រដ្ឋា សុខ តុង ម៉ា ឆាង និង ខាត់ សារឿន។

លោក ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រោយ​ពី​មាន​ការ​ប្រកាស​ឲ្យ​ចុះ​ចូល និង​សារភាព​កាល​ពី​លើក​មុន ស្រាប់​តែ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា មាន​សមាជិក​មួយ​រូប​ក្នុង​ចំណោម​មេខ្លោង​ដឹកនាំ​ចលនា​អបគមន៍ ៥​រូប បាន​ចេញ​មក​បង្ហាញ​ខ្លួន និង​សារភាព។

លោក ហ៊ុន សែន បាន​ចាត់​ទុក​អ្នក​ដឹកនាំ​ចលនា​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង​នោះ​ថា ជា​ក្រុម​មនុស្ស​ចាញ់​បោក​មេខ្លោង​ចលនា​ដែល​នៅ​ភ្នំពេញ។

ពិត​មែន​តែ​លោក ហ៊ុន សែន មិន​បាន​និយាយ​ចេញ​ឈ្មោះ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយ​ថា​ជន​នោះ​មិន​ហ៊ាន​ចូល​មក​ក្នុង​ប្រទេស​ក៏ដោយ ក៏​គេ​បាន​ដឹង​ថា លោក ម៉ម សូណង់ដូ គឺ​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ហើយ​ក្រោយ​ពេល​កើត​រឿង​ហេតុ​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​នោះ​មក លោក ម៉ម សូណង់ដូ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​នោះ បាន​និយាយ​ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ថា លោក​បាន​ទទួល​ដំណឹង​ថា រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ចាប់​ខ្លួន​លោក។

លោក ប៊ុន ឆន ដែល​មាន​ឈ្មោះ​ថា ជា​សមាជិក​ក្រុម​មេខ្លោង​ចលនា​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ធ្លាប់​បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា ក្រុម​លោក​មិន​បាន​បង្កើត​តំបន់​អបគមន៍​អី​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​មាន​ប្រសាសន៍​ថា ទំនាស់​ដី​នៅ​តំបន់​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ ជា​ទំនាស់​ដីធ្លី មិន​មែន​ជា​ការ​បង្កើត​តំបន់​អបគមន៍​នោះ​ឡើយ។

មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មនុស្ស​ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​គេ​រក​ចាប់​ខ្លួន​នោះ​កំពុង​លាក់​ខ្លួន​នៅ​ទី​ណា​ឡើយ៕

សកម្ម​ជន​ដីធ្លី​៖ ​បញ្ហា​ជម្លោះ​ដី ​នៅ​ខេត្ត​ក្រចេះ ​មិន​ពាក់​ព័ន្ធ​លោក ​ម៉ម​ សូណង់ដូ​ ​ទេ​​
(ថ្ងៃទី 15 កក្កដា 2012, ម៉ោង 09:20:PM) | ដោយ: វិសាលភ្នំពេញ: លោក ប៊ុន រដ្ឋា ដែលតុលាការតាមចាប់ខ្លួន ក្នុងរឿងជម្លោះដីនៅខេត្តក្រចេះ បាននិយាយតាមទូរស័ព្ទ មកពីសហរដ្ឋអាមេរិក ដោយបានបដិសេធថា ករណីជម្លោះដី នៅស្រុកឆ្លូង ខេត្តក្រចេះ មិនជាប់ពាក់ព័ន្ធជាមួយលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំទេ។ លោក ម៉ម សូណង់ដូ ក៏មិនពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ឧសភានោះឡើយ។ 

ក្នុងសន្និសីទកាសែត នៅស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាផ្ទះរបស់លោក ម៉ម សូណង់ដូ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥កក្កដា ឆ្នាំ២០១២ មានការបកស្រាយពីប្រធានអង្គការអំណាចពលរដ្ឋខ្មែរ ដែលទីតាំងនៅសហរដ្ឋអាមេរិក គឺលោក សួន សេរីរដ្ឋា និងមានការចូលរួមពីលោក ប៊ុន រដ្ឋា ភ្នាក់ងារសមាគមអ្នកប្រជាធិបតេយ្យ ដែលជាប់ចោទថា ជាមេខ្លោង ក្នុងរឿងបំផុសប្រជាជន ឲ្យចាប់ដី និងបង្កើតតំបន់អបគមន៍ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងសន្និសីទកាសែត តាមរយៈទូរស័ព្ទផ្ទាល់ពីសហរដ្ឋអាមេរិកនោះ មានការចូលរួមពីលោកស្រី ឌិន ផាណារ៉ា ប្រពន្ធលោក ម៉ម សូណង់ដូ និងមេធាវីលោក ម៉ម សូណង់ដូ គឺលោក សុខ សំអឿន។

លោក ប៊ុន រដ្ឋា បានលើកឡើងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដានេះ មិនជាប់ពាក់ព័ន្ធជាមួយលោកទេ ហើយលោកក៏មិនដែលធ្លាប់ស្គាល់គ្នា ជាមួយលោកម៉មសូណង់ដូឡើយ។ ជាមួយគ្នានោះ លោកក៏មិនមែនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យដែរ។ គឺលោកជាពលរដ្ឋសុទ្ធសាធ រស់នៅខេត្តក្រចេះ។

ចំពោះករណីរដ្ឋាភិបាលចោទថា លោកបង្កើតតំបន់អប្បគមន៍ នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ គឺលោក ប៊ុន រដ្ឋា មិនបានធ្វើអត្ថាធិប្បាយឡើយ។

សូមបញ្ជាក់ថា សមត្ថកិច្ច ស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប៉ូលិស បានចូលដល់ក្នុងផ្ទះលោកម៉មសូណង់ដូ ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz នាព្រឹកម៉ោងជិត ៩ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២។ នេះបើតាមការឲ្យដឹងរបស់លោកស្រី ឌិន ផាណារ៉ា ប្រពន្ធរបស់លោក ម៉ម សូណង់ដូ។

លោកស្រី ឌិន ផាណារ៉ា បានឲ្យដឹងថា ក្នុងពេលសមត្ថកិច្ច ចាប់ខ្លួនលោក ម៉ម សូណង់ដូ នៅផ្ទះរបស់លោកនោះ ក៏មានការអានដីកា ចាប់ខ្លួន ដែលចេញពីតុលាការ ចោទប្រកាន់លោក ម៉ម សូណង់ដូ ពាក់ព័ន្ធនឹងរឿងជម្លោះដី នៅខេត្តក្រចេះ។

ដីការបស់ចៅក្រមស៊ើបសួរ របស់តុលាការខេត្តក្រចេះ លោក ចុក ងួន ចុះថ្ងៃទី២កក្កដា ឆ្នាំ២០១២ បានបង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីជម្លោះដីនៅខេត្តក្រចេះ។

តាមដីកា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ជាអ្នកផ្តួមផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់ ដែលមានកំណត់ក្នុងមាត្រា២៨ ៥០៤ ៤៥៦ ៤៥៧ ៥០៩ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។

ដីកាបង្ហាញថា បទល្មើសព្រហ្មទណ្ឌ ប្រឆាំងលោកម៉មសូណង់ដូ ត្រូវផ្តន្ទាទោសពន្ធនាគារ ហើយចៅក្រមក៏មានតំរុយ ដែលបង្ហាញពីពិរុទ្ធភាពគ្រប់គ្រាន់ ប្រឆាំងនឹង លោក ម៉ម សូណង់ដូ។

សមត្ថកិច្ច បាននាំខ្លួនលោកម៉មសូណង់ដូ ពីផ្ទះរបស់លោក ទៅសាកសួរនៅអគ្គស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។

លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ បានធ្វើដំណើរពីសហរដ្ឋអាមេរិក វិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ កាលពីម៉ោងជាង ១០ យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។ នៅពេលលោកម៉មសូណង់ដូ មកដល់ព្រលានយន្តហោះ ភ្នំពេញ គឺមិនមានការចាប់ខ្លួនរូបលោកឡើយ។

នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវបានទទួលស្វាគមន៍ដោយក្រុមគ្រួសារ និងសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ក្រោមការឃ្លាំមើលពីសកម្មជនសង្គមស៊ីវិល និងក្រុមអ្នកកាសែត។

អតីតសកម្មជនរិះគន់ព្រំដែន ហើយត្រូវរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ២០០៤ លោកម៉មសូណង់ដូ បានផ្តល់សម្ភាសន៍ដល់អ្នកកាសែតថា លោកមិនភ័យខ្លាចនឹងការចាប់ខ្លួនណាមួយ ពីសំណាក់សមត្ថកិច្ចឡើយ ព្រោះលោកមិនបានជាប់ពាក់ព័ន្ធនឹងករណីបំផុសមហាជនឲ្យចាប់ដី ពិសេសករណីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះឡើយ។

ករណីជម្លោះដីនៅខេត្តក្រចេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាត់វិធានការតាមផ្លូវតុលាការ ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយសម្តេចនាយករដ្ឋមន្ត្រី អះអាងថា ប្រធានសមាគមនេះ ជាអ្នកបំផុសមហាជនឲ្យចាប់ដីអាណាធិបតេយ្យ រហូតដល់រដ្ឋាភិបាល បញ្ចេញកម្លាំងប៉ូលិស និងកងទ័ព បង្ក្រាប កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នាំឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ត្រូវចាប់ខ្លួន និងរត់គេចខ្លួន។

សាខាសមាគមអ្នកប្រជាធិបតេយ្យ ៥ នាក់ ដែលមានទាំងឈ្មោះ ប៊ុនរដ្ឋា ត្រូវបានសមត្ថកិច្ចប៉ូលិសតាមចាប់ខ្លួន ដោយមានដីការបស់តុលាការ ក្នុងរឿងជម្លោះដី ដែលសមត្ថកិច្ចចោទប្រកាន់ថា អ្នកទាំងនោះ ជាមេក្លោងក្នុងការបំផុសឲ្យមហាជនចាប់ដី និងបង្កើតជាតំបន់អបគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

មកដល់ពេលនេះ មានជនជាប់ចោទ ៤ នាក់ បានចេញមកសារភាព ហើយសមត្ថកិច្ច បានបង្វែរអ្នកទាំងនោះ ជាសាក្សី ដើម្បីដាក់បន្ទុក ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ៕
03 សីហា 2012 អត្ថាធិប្បាយ​របស់​លោកហ៊ុន សែន​ទាក់ទង​នឹង​អប្បគមន៍​ ធ្វើឲ្យ​សង្គម​ស៊ីវិល​បារម្ភ​វ៉ាស៊ីនតោន៖ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​សែន​បាន​បង្ហើប​ឲ្យដឹង​ជាសាធារណៈ​ថា​ នឹង មាន​ក្រុមមន្ត្រី​សង្គម​ស៊ីវិលខ្លះ​ត្រូវហៅ​មក​សាកសួរ​អំពីរឿង​ជួយការពារ​សកម្មជន​ដីធ្លី​ម្នាក់​ដែល​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុនប៉ង​ធ្វើអបគមន៍​នោះ​ អ្នក​វិភាគ​និង​មន្ត្រី​សង្គមស៊ីវិល​ចាត់ទុក​ថា​ អាត្ថាធិប្បាយ​នេះ​ធ្វើឲ្យ​ភ័យខ្លាច​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​របស់​សង្គម​ស៊ីវិល​ក្នុង​ការជួយ​ពលរដ្ឋ​ដែល​ទទួលរង​ការ​រំលោភ​សិទ្ធិ​សេរីភាព​ ការ​រំលោភ​បំពាន​ដីធ្លី​ និង​ផ្ទះ​សម្បែង​ជាដើម។​ លោក​ អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បានអះអាង​ថា​ ការ​ភ័យខ្លាច​កាន់តែ​កើន​ឡើង​ជាង​មុន​ ដោយ​មិនមែន​ត្រឹមតែ​អង្គការ​ ឬអ្នក​ដែល​ត្រូវ​បាន​ តុលាការ​ចោទ​ប្រកាន់ទេ។​ លោក​បន្ថែមថា​ លោក​មើលទៅ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នឹង​អត់ហ៊ាន​ធ្វើកិច្ចការ​របស់​ខ្លួន​ ការពារ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លីទេ​ ដោយ​ភ័យខ្លាច​ថា ​មាន​ការ​ចោទប្រកាន់​ទោស។​ «នឹង​មាន​ការ​ពិរុទ្ធ​ខ្លួន​ឯង​និងការ​ព្យាយាម​ប្រុង​ប្រយ័ត្ន​ច្រើន។​ នៅ​ពេល​ណា ដែល​អង្គការ​មាន​ការ​ប្រុងប្រយ័ត្ន​នេះ​បានន័យ​ថា​ ការភ័យ​ខ្លាច​នេះ​នឹង​ប៉ះពាល់ ទៅ​លើ​ប្រសិទ្ធិភាព​ការងារ​របស់​អង្គការ​នោះ»។​ លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា​ សង្គមស៊ីវិល​នឹង​លែង​ហ៊ាន​ចេញ​មុខការពារ​ឬ​តតាំង​ ដើម្បី​ភាព​យុត្តិធម៌​ដូចមុនហើយ​ នៅពេល​មាន​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​ ប្រជា​ពលរដ្ឋ​ និង​ការកៀប​សង្កត់​ក្នុង​សង្គម​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី រដ្ឋាភិបាល​ណា​មួយ​នោះ។​ លោក​ ម៉ម ​សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុសំបុកឃ្មុំ​អេហ្វអ៊ឹម​១០៥ ​មេហ្គាហឺត​ ត្រូវ​ចាប់ខ្លួន​តាម​ការ​ឆ្លើយ​ដាក់​ថា​ ពាក់ព័ន្ធ​រឿង​ធ្វើ​អបគមន៍​នៅស្រុក​ឆ្លូង​ខេត្ត ក្រចេះ​ដែល​ក្រុមអង្គការ​សង្គមស៊ីវិល​ចាត់ទុក​ថា​ ជា​ដំណើរការ​បំបិត​សំឡេង​ សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។​ ក្រុម​សកម្មជន​ដីធ្លី​យ៉ាង​តិច​៥នាក់​ត្រូវតុលាការ​ចេញ​ដីការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ អបគមន៍​ ដោយភ្ជាប់ការ​ពាក់ព័ន្ធ​នេះ​ជាមួយ​លោក​ម៉ម សូណង់ដូ។​ ក្នុង​ចំណោម នោះ​មាន​៤នាក់​ហើយ​ដែល​បានចេញ​មក​សារភាព​ ដែល​គេដឹង​ថា ​មានមួយ​ ចំនួន​បាន​ឆ្លើយ​ដាក់​លោក​ម៉ម សូណង់ដូ។​ ដោយ​ឡែក​មាន​តែម្នាក់​ប៉ុណ្ណោះ ឈ្មោះ ​ប៊ុន រដ្ឋា​ ដែល​មិនទាន់​មក​សារភាព។​ ​តាម​ដំណឹង​ តុលាការ​ក្រុងភ្នំពេញ​ គ្រោង​នឹង​កោះ​ហៅ​សាកសួរ​មន្ត្រីអង្គការ​ដែល​លាក់​ប៊ុន រដ្ឋា។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជាសាធារណៈ​មួយ​ក្នុង​ពេល​ប្រគល់​សញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ​រដ្ឋមួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃពុធ​ លោក ហ៊ុន សែន​បាន​បង្ហើប​ឲ្យដឹង​ពីការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កោះហៅ​សាកសួរ​ មន្ត្រី​អង្គការ​សង្គមស៊ីវិល​មួយ​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ពី​បទ​ពាក់ព័ន្ធ​ នឹង​រឿង​ជួយ​ផ្តល់ការ​ស្នាក់​អាស្រ័យ​ និង​គាំពារលោក​ប៊ុន រដ្ឋា​ ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ជា​មេចលនា​ធ្វើ​អបគមន៍ដីធ្លី​ខុសច្បាប់​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅក្នុង​ប្រទេស​ថៃ។​ «ហើយ​អ្នក​ដែល​មុន​ចេញ​ទៅថៃ ​មក​នៅ​ដូច​ដែលខ្ញុំ​ប៉ាន់ស្មាន​អញ្ចឹង​ មក​នៅ ដេក​ផ្ទះ​មន្ត្រីអង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ភ្នំពេញ​អស់​ពីរយប់ ​ហើយ​បាន​លុយ​៣០ម៉ឺន​រៀល​ចេញ​តាមឡាវ ​ចូល​ប្រទេស​ថៃ»។​ លោកហ៊ុន សែន​ងាកទៅសួរ​មន្ត្រី​របស់លោក​នៅខាងក្រោយខ្នង ហើយបានបន្តថា៖ «ដូចហៅ​សួរនៅ?​ អត់ទាន់ហៅសួរទេ? អត់ទាន់​ហៅសួរ។​ ដឹងខ្លួន​ហើយ​អ្នក​ហ្នឹង​ដឹង​ខ្លួន​ហើយ»។​ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​ បានអះអាង​ថា ​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​គួរទុក​រឿង​ការ​ហៅ​សាកសួរ​មន្ត្រី​សង្គមស៊ីវិល​នេះ​ឲ្យ​ក្រុម​ អ្នក​ជំនាញ​ធ្វើ​កិច្ចការនេះជាជាង​ការ​ប្រកាស​ដោយ​ខ្លួន​លោក​ ដែលនាំ​ឲ្យ​មាន​ ការ​ចោទ​ប្រកាន់​ថា​ ពាក់ព័ន្ធ​នឹង​នយោបាយ​ ឬ​កាន់តែ​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ។​ «ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។​ ហើយ​ដល់ខ្លាំង​ទៅ​វា​មាន​ទិដ្ឋភាព​នយោ បាយ ​ដូចជា​ថា​ ធ្វើឲ្យ​មាន​ការ​កៀប​សង្កត់​ ធ្វើឲ្យ​មាន​ការ​ភ័យ​ខ្លាច​អញ្ចឹង​ទៅ»។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ដែរ​ថា​ អ្នក​ចេញ​មក​សារភាព​បាន​ បញ្ជាក់​ពីការ​ទទួល​បទ​បញ្ជា​ពីអ្នក​នៅ​ពីក្រោយ​ខ្នង​ដែល​លោក​មិនបាន​ចេញ​ ឈ្មោះ​នោះ។ ​ ទោះជាយ៉ាងណា​ក៏​ដោយ​ ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពី​កន្លែង​ដែល​លោក​លាក់ ខ្លួន​កាល​ពីដើម​សប្តាហ៍​ ​លោក​ប៊ុន រដ្ឋា​បាន​អះអាង​ពីការ​មិន​ពាក់ព័ន្ធ​ជាមួយ​ លោក​ម៉ម សូណង់ដូ​ ហើយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ទេ។​ «អត់ទេ​ តាំង​ពីដើម​មក​ ខ្ញុំធ្វើកិច្ចការ​ដោយ​ឆន្ទៈ​ ដោយ​ឧត្តមគតិ​របស់​ខ្ញុំ។​ ខ្ញុំអត់​មានការ​ពាក់ព័ន្ធ​ជាមួយ​អង្គការ​ ឬស្ថាប័ន​ណា​ដើម្បី​ជា​ខ្នង​បង្អែក ​ឬ​ដើម្បី​ជា​ជម្រក​អី​ទាំងអស់»។​ លោក​ថ្លែង​ថា​ លោក​ចូលចិត្ត​សហការ​តែ​ប៉ុណ្ណោះ ​ពេល​លោក​ធ្វើការ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​រាប់រយគ្រួសារ​នៅ​ស្រុកឆ្លូង​ខេត្តក្រ​ចេះ​នោះ។ ចំណាត់​វិធាន​ការ​លើ​ក្រុម​អង្គការ​សង្គមស៊ីវិល​និង​ការ​ចាប់​ខ្លួន​លោក​ម៉ម​ សូណង់ដូ​បាន​កើតឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទា្រន​ចាប់​យក​ដី​ធ្លី​ក្នុង​ភូមិ​ប្រម៉ា​ ឃុំ​កំពុង​ដំរី​ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​ឧសភា​ ដែល​រដ្ឋាភិបាល​ត្រូវ​គេ​ដឹង​ថា​ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​ជម្លោះ​ដីធ្លី​ ហើយ​នាំឲ្យ​ពលរដ្ឋ​មាន​ការ​មិន​សប្បាយចិត្ត៕​ មន្ត្រីសិទ្ធមនុស្ស​និងអ្នកវិភាគ​នៅកម្ពុជា​បានអះអាងថា​ចំណាត់វិធានការ​លើ អង្គការ​សង្គមស៊ីវិល​នឹងធ្វើឲ្យមានការ​ភ័យខ្លាច​ហើយប៉ះពាល់​ដល់កិច្ចការ​របស់ សង្គមស៊ីវិល។​ លោក ខេមរា​ នៃ វីអូអេ​ ពីរដ្ឋធានី​វ៉ាស៊ីនតោន​រាយការណ៍ ជូនពិស្តារ។

តំបន់​«អបគមន៍»ដែល​ជា​ដី​ស្រែ​ចម្ការ​របស់​កសិករ​នៅ​ភូមិ​ប្រមា​ក្លាយ​ទៅ​ជា​មូលដ្ឋាន​កងទ័ពខេត្ត​ក្រចេះ: យោធា បាន​បង្កើត​មូលដ្ឋាន​ថ្មី​មួយ​លើ​ដី​ខេត្ត​ក្រចេះ នៅ​ទីតាំង​ដែល កាល​ពី​ពេល​មុន​ធ្លាប់​ត្រូវ​បាន​ធ្វើ​ស្រែ​ចម្ការ​ដោយ​គ្រួសារ​ប្រជាជន ​ចំនួន​ ១០០០​គ្រួសារ​ មុន​ពេល​​ក្រុម​ទាហាន និង​នគរបាល​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បណ្តេញ​ពួក​គេ​ចេញ​ទាំង បង្ខំ​និង​ហិង្សា កាល​ពី​ឆ្នាំ​មុន ដោយ​ចោទ​ថា ពួក​គេ​ជា​ផ្នែក​នៃ​ចលនា​អបគមន៍។

មូលដ្ឋាន​របស់​អង្គភាព​កង​ អនុសេនា​ធំ​លេខ​៩ របស់​កង​យោធពល​ខេមរ​ភូមិន្ទ ដែល​នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន នៅ​ចុង​ខែ​នេះ គឺជា​ផ្នែក​ធំ​មួយ​នៃ​ក្រុម​កម្លាំង​សន្តិសុខ​សម្រាប់​តំបន់​នោះ។

ផែន ការ​នោះ ​រួម​មាន​ទាំង​មូលដ្ឋាន កង​កម្លាំង​រាជ​អាវុធហត្ថ ជាមួយ​នឹង​ការ​ធ្វើ​ផ្លូវ​សម្រាប់​ការ​ដឹក​សម្ភារ​ផ្គត់ផ្គង់​និង​ ម្ហូប​អាហារ​ពី​ស្រុក​ឆ្លូង ទៅ​ភូមិ​ប្រមា​ ដែល​នៅ​ដាច់​ស្រយាល។ នេះ​បើ​តាម​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​មន្រ្តី​ខេត្ត។លោក ខៃ ចាន់ណា មេ​បញ្ជា​ការ​រង​អង្គភាព​ទី៩ មាន​ទីតាំង​នៅ​ភូមិ​ប្រមា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​ ទៅ​តំបន់​នោះ​ កាលពី​សប្តាហ៍​មុន​ថា៖ «មូលដ្ឋាន​យោធា​ត្រូវ​បាន បង្កើត​ឡើង​ដោយ​សារ​ជ័យជម្នះ​របស់​យើង​លើ​តំបន់​នេះ… មូលហេតុ​ដែល​ខ្ញុំ​នៅ​ទី​នេះ​ គឺ​ដើម្បី​គ្រប់គ្រង​ដី​ដែល​ឈ្នះ​ពី​ពួក ប៊ុន រដ្ឋា​»

៩ ខែ​កន្លង​ទៅ កង​កម្លាំង​ចម្រុះ​បាន​ចុះ​មក​តំបន់​ដាច់​ស្រយាល​នេះ និង​បាន​ធ្វើ​ការ​បណ្តេញ​ចេញ​ក្នុង​ទ្រង់​ទ្រាយ​ដ៏​ធំ​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ថ្មីៗ​នេះ​។ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ទាំង​នោះ មិន​មាន​អាវុធ ក្រុម​កម្លាំង​ចម្រុះ​នោះ បាន​បើក​ការ​បាញ់​រះ​ទៅ លើ​ក្មេង​ស្រី​អាយុ​១៤​ ឆ្នាំ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​អំឡុង​ចុះ​បង្ក្រាប​របស់​ខ្លួន​។ អាជ្ញាធរ​បន្ទាប់​មក​ បាន​ធ្វើ​ការ​បិទ​​ផ្លូវ​ជុំវិញ​តំបន់​នោះ​​ រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ខណៈ​ពួក​គេ​ធ្វើ​ការ​សួរ​ចម្លើយ ​ទៅ​លើ​ប្រជាជន​ទាំង​នោះ ពី​មុន​ពេល​បណ្តេញ​ពួក​គេ​ទៅ​តំបន់​ឆ្ងាយ​ពី​នោះ។ ​ជា​ការ​លើក​ឡើង​ដដែលៗ រដ្ឋាភិបាល​បាន​ធ្វើ​ការ​ការពារ​សកម្មភាព​របស់​ខ្លួន​ដោយ​និយាយ​ថា វា​ជា​ការ​ចាំបាច់ ត្រូវ​បង្ក្រាប​ចលនា​អបគមន៍ ដែល​ដឹក​នាំ​ដោយ​សកម្មជន​ឈ្មោះ​ ប៊ុន រដ្ឋា និង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ។ ការ​អះអាង​លើក​ឡើង​បែប​នេះ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាជន​ក្នុង​ភូមិ​ប្រមា និង​ក្រុម​សិទ្ធិ​មនុស្ស​ ដែល​បាន​កត់​សម្គាល់​ថា មិន​​ឃើញ​មាន​ភ័ស្តុតាង​ណា​មួយ បង្ហាញ​ថា ចលនា​អបគមន៍​បែប​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ​​។ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០ ​ឆ្នាំ និង​អ្នក​ភូមិ​បី​នាក់ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ចន្លោះ​ពី​១០ ​ខែ​ ដល់​៥ ​ឆ្នាំ ហើយ ប៊ុន រដ្ឋា​ ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣០ ឆ្នាំ។

ដោយ​សារ​តែ ប៊ុន​ រដ្ឋា​ នៅ​តែ​មិន​ទាន់​ចាប់​បាន ក្រុម​មន្រ្តី​ បាន​ថ្លែង​ថា វត្ត​មាន​ដ៏​យូរ​របស់​ក្រុម​យោធា​គឺជា​ការ​ចាំបាច់។

លោក ខៃ ចាន់ណា មេ​បញ្ជា​ការ​រង​អង្គភាព​ទី៩ បាន​ថ្លែង​ថា​៖ «​យើង​មាន​ការ​ភ័យ​ខ្លាច​ថា ប៊ុន រដ្ឋា នឹង​ត្រឡប់​មក​ទី​នេះ​វិញ​ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​យើង​បង្កើត​មូលដ្ឋាន​នៅ​ទី​នេះ។ ប៉ុន្តែ​ក្រុម​គាំទ្រ​គាត់​បាន​ទៅ​រស់​នៅ​ឆ្ងាយ​ពី​កន្លែង​នេះ​»។

មូល​ដ្ឋាន​ទ័ព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជា​បណ្តោះ​អាសន្ន ចាប់​តាំង​ពី​ការ​ចុះ​បង្ក្រាប ខែ​ឧសភា ឆ្នាំ ២០១២​ នេះ ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ នៅ​ចុង​ខែ​នេះ។ មូល​ដ្ឋាន​ទ័ព​ថ្មី ដែល​មាន​កង​កម្លាំង​៣០ នាក់​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​ផ្ទៃ​ដី​ចំនួន​២០០ គុណ នឹង ២០០ ម៉ែត្រ​។ លោក ចាន់ណា បាន​ថ្លែង​បន្ត​ថា​៖ «ទាហាន កំពុង​ធ្វើ​ការ​សាង​សង់​ផ្លូវ ពី​ឆ្លូង​មក​ទី​នេះ​»​។ លោក​បាន​បន្ត​ថា​៖ «៧​ គីឡូ​ម៉ែត្រ​ពី​នេះ កង​រាជ​អាវុធ​ហត្ថ គ្រោង​ធ្វើ​ដូច​គ្នា​នេះ និង​បង្កើត​មូលដ្ឋាន​មួយ​។ ពួក​គេ​ចាប់​ផ្តើម​ឈូស​ឆាយ​ដើម​ឈើ»។

បើ​ទោះ​បី​ជា​មិន​ថ្លែង​លម្អិត អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​ លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ កាល​ពី​ថ្ងៃ​អង្គារ បាន​បញ្ជាក់​ចំពោះ​ការ​រៀប​រាប់​ខាង​លើ​នោះ​ ដោយ​លោក​ថ្លែង​ថា មូលដ្ឋាន​ដែល​គ្រោង​បង្កើត​ឡើង​នោះ​គឺ​ចាំបាច់​ដើម្បី​រក្សា​សន្តិសុខ ក្នុង​តំបន់​នោះ។ លោក​បន្ត​ថា​៖ «​មូល​ហេតុ​ដែល​កង​រាជ​អាវុធហត្ថ ចង់​បង្កើត​មូលដ្ឋាន​នៅ​ទីនេះ គឺ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់។ ​កន្លែង​ទាំង​អស់​ ដែល​ត្រូវ​បាន​ឈូស​ឆាយ​រួច​ហើយ ត្រូវ​តែ​រក្សា​ទុក ឲ្យ​មាន​សណ្តាប់​ធ្នាប់​។ ​វា​គ្រាន់​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ មិន​អចិន្រៃ្តយ៍​ទេ ហើយ​បន្ទាប់​មក​ទៀត ​វា​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ចង់​ដាក់​មូលដ្ឋាន​អចិន្រៃ្តយ៍​យូរ​ជាង​នេះ​ឬ​យ៉ាង ​ណា?​»។

នៅ​ក្នុង​អង្គភាព​កង​អនុសេនា​ធំ​លេខ ៩

មូលដ្ឋាន​នេះ មិន​ទាន់​សាង​សង់​រួច​នៅ​ឡើយ​ទេ ហើយ​ទាហាន​មួយ​ចំនួន​ដេក​នៅ​ក្រោម​កៅស៊ូ​តង់​។​ លោក ចាន់ណា បាន​ថ្លែង​ថា​៖ «មិន​មាន​អាហារ​គ្រប់គ្រាន់ និង​ទឹក​គ្រប់គ្រាន់​សម្រាប់​ទាហាន​ទេ។

អ្វីៗ​មាន​សភាព​ស្ងប់ស្ងាត់…ហើយ​មិន​មាន​ការងារ​ច្រើន​ធ្វើ​ទេ​ នៅ​ទី​នេះ​។ តំបន់​នេះ​ខ្វះ​ធនធាន»។

ដោយ​មាន​ទីតំាង​នៅ​ជិត​ចម្ការ​កៅស៊ូ​មួយ​ទំហំ​១៥០០០ ហិកតា ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​មួយ​ឈ្មោះ Casotim និង​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០៨ ដី​នេះ ត្រូវ​បាន​ចាក់​សោ និង​កំពុង​ស្ថិត​ក្នុង​ជម្លោះ​តានតឹង។

មួយ​ខែ​មុន ការ​ចុះ​បង្ក្រាប​នោះ​ អ្នក​ភូមិ​ចំនួន​ ៧០០​ នាក់ នៅ​តំបន់​នោះ បាន​ធ្វើ​ការ​តវ៉ា ដោយ​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ជាតិ​ជាច្រើន​ថ្ងៃ ដើម្បី​គាំទ្រ​តំណាង​របស់​ពួក​គេ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។

ចៅក្រម​សាលា​ដំបូង​ខេត្ត ក្រោយ​មក បាន​បញ្ជា​ឲ្យ​មាន​ការ​ដោះ​លែង ដោយ​លើក​ឡើង​ថា មិន​មាន​ភ័ស្តុតាង​គាំទ្រ​ការ​ចោទ​ប្រកាន់​តំណាង​របស់​អ្នក​ភូមិ​ទេ។

មូលដ្ឋាន​នេះ ធ្វើ​ការ​កាន់​កាប់​ទៅ​លើ​ចម្ការ​ដំឡូង​មី ដែល​ឥឡូវ​នេះ ​ដល់​ពេល​ត្រូវ​ប្រមូល​ផល ជា​ចម្ការ​ដំឡូង​ដែល​ត្រូវ​បាន​ដាំ​ដោយ​ប្រជាជន​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​​នៅ​ក្នុង​ចលនា​អបគមន៍​។ ខណៈ​លោក​មេ​បញ្ជា​ការ​រង​ ចាន់ណា ថ្លែង​ថា ​មូលដ្ឋាន​នេះ មាន​ទំហំ​ ២​ ហិកតា លោក​អភិបាល​ខេត្ត​ ស ចំរ៉ុង បាន​ថ្លែង​ថា មូលដ្ឋាន​នេះ មាន​ផ្ទៃ​ដី​មួយ​ហិកតា​។ ​រីឯ​ដី​ដែល​បិទមិន​ឲ្យ​អ្នក​ភូមិ​ចូល គឺ​មាន​ទំហំ​ធំ​ជាង​នេះ។ ​ដោយ​ហាម​ប្រាម​មិន​ឲ្យ​​អ្នក​ភូមិ ដែល​ដាំ​ដំណាំ​នោះ ​ចូល​ទៅ​ចម្ការ​របស់​ខ្លួន ​ដើម្បី​ប្រមូល​ផល​ដំឡូង ដី​នេះ នា​ពេល​ខាង​មុខ​ឆាប់​ៗ នឹង​ត្រូវ​ចែក​ទៅ​ឲ្យ​ទាហាន ​ដែល​កំពុង​រស់​នៅ​ក្នុង​តង់​។ នេះ​បើ​តាម​លោក ចាន់​ណា​។ លោក ចាន់ណា បាន​ថ្លែង​ពី​មុន​ពេល​អះ​អាង​ថា ដី​នេះ​បច្ចុប្បន្ន មិន​មែន​ជា​របស់​អ្នក​ណា​ទេ៖ «​មន្រ្តី​ជាន់​ខ្ពស់​ឥឡូវ​នេះ ​កំពុង​ពិចារណា បែង​ចែក​ដី​ទៅ​ឲ្យ​ទាហាន​សម្រាប់​គ្រួសារ​ពួក​គេ»។​ លោក​បាន​ថ្លែង​បន្ត​ថា​៖ «បើ​ទោះ​បី​ជា​ទាហាន​មួយ​ចំនួន​ បច្ចុប្បន្ន ប្រឈម​​នឹង​ការ​ខ្វះ​អាហារ ពួក​គេ​មិន​បាន​ប៉ះពាល់​ដី​នេះ​ទេ»។

ប៉ុន្តែ​ទោះ​​បី​យ៉ាង​ណា​ ​នៅ​តាម​ផ្លូវ​ចូល​ទៅ​មូលដ្ឋាន​នេះ​ គឺ​ឃើញ​មាន​ដើម​ដំឡូង​មី​មួយ​ចំនួន​ ត្រូវ​បាន​កាប់​ និង​ដាក់​គរ​លើ​គ្នា ដែល​មើល​ទៅ​ ស្ថិត​ក្នុង​សភាព​ថ្មីៗ។

យោង តាម​យោធា បាន​ឲ្យ​ដឹង​ថា ដី​នោះ​ កំពុង​ធ្វើ​ស្រែ​ចម្ការ ដោយ​អ្នក​ភូមិ​«ចាស់​» ជា​ការ​បែង​ចែក​អ្នក​ភូមិ​មួយ ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ ដែល​បាន​បោស​សម្អាត​ពួក​អបគមន៍​​។ អាជ្ញាធរ​បញ្ជាក់​ថា ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​តាំង​ទីលំនៅ​ខុស​ច្បាប់ ដែល​ទើប​តែ​ធ្វើ​ចំណាក​ស្រុក ចូល​មក​ភូមិ​នា​ពេល​ថ្មីៗ​នេះ។

ប៉ុន្តែ ពេល​ភ្នំពេញ ប៉ុស្តិ៍ សួរ​អ្នក​ភូមិ ដែល​បាន​រស់​នៅ​ក្នុង​ភូមិ​ប្រមា ៥ -៦- ៧ និង​ច្រើន​ឆ្នាំ​មក​ហើយ ពួក​គេ​សុទ្ធ​តែ​និយាយ​ថា ពួក​គេ​ត្រូវ​បាន​រារាំង មិន​ឲ្យ​ចូល​ក្នុង​តំបន់​នោះ​ទេ។ ស្លាក​សញ្ញា ដែល​បាន​លើក​ឡើង មុន​ទៅ​ដល់​មូលដ្ឋាន​កងទ័ព​ត្រូវ​បាន​គេ​សរសេរ​ច្បាស់ៗ​ថា៖ «​ហាម​ចូល»។

អ្នក​ស្រី មាស សុខធី អាយុ ៣៤ ឆ្នាំ បាន​ថ្លែង​ថា៖ «ពួក​គេ បាន​គំរាម​កំហែង​ថា ប្រសិន​បើ​អ្នក​ណា​ម្នាក់​ ចូល​ក្នុង​ដី​នោះ ពួក​គេ​នឹង​ត្រូវ​ចាប់​ខ្លួន​រយៈ​ពេល ១៥ ឆ្នាំ»។ ពី​មុន អ្នក​ស្រី បាន​ធ្វើ​ស្រែ​ក្នុង​តំបន់​ដែល​ឥឡូវ​នេះ ​កាន់​កាប់​ដោយ​យោធា។ ចាប់​តាំង​ពី​ពេល​បោស​សម្អាត ​បរិយាកាស​នៃ​ភាព​ភ័យ​ខ្លាច​ មាន​ពាសពេញ​ភូមិ។ ​អ្នក​ស្រី​បន្ថែម​ថា៖ «ទាហាន​ប្រហែល​៣០ នាក់ បាន​ដើរ​ល្បាត​ក្នុង​តំបន់​ដាច់​ដោយ​ឡែក​ពីគ្នា។ ពួក​គេ​ព្រៃ​ផ្សៃ ណាស់​។ មន្រ្តី​យោធា​ម្នាក់ បាន​គំរាម​សម្លាប់​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​ចូល​ក្នុង​តំបន់​នោះ»។ ​អ្នក​ស្រី ផាត់ ភីន បាន​បន្ទរ​ថា៖ «ពួក​គេ​មិន​ហ៊ាន​ដាក់​សម្ពាធ​លើ​យើង​ក្នុង​ភូមិ​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ភូមិ ព្យាយាម​ចូល​ក្នុង​តំបន់​នោះ ពួក​គេ​នឹង​គំរាម​យើង»។ ចំពោះ​អ្នក​ស្រី ភីន ឆ្នាំ​មុន​ជា​ឆ្នាំ​ដ៏​ពិបាក​បំផុត​។ អ្នក​ស្រី ដែល​ជា​ម្តាយ​មាន​កូន​ប្រាំ​នាក់ បាន​បាត់​បង់​ដី​ធ្លី ក្នុង​អំឡុង​ពេល​ចុះ​បង្ក្រាប​ដោយ​អាជ្ញាធរ។

ប្តី​របស់​អ្នក​ស្រី ដែល​ជា​កសិករ​សុទ្ធ​សាធ​ ដូច​អ្នក​ជិត​ខាង​ដទៃ​ទៀត​ដែរ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ត្រូវ​បាន​គេ​ហៅ​ថា អ្នក​ធ្វើ​អបគមន៍​ និង​ត្រូវ​បាន​ផ្តន្ទាទោស​ ឲ្យ​ជាប់​ពន្ធនាគារ​១០ ខែ​ ដោយ​សារ​បទ​ចោទ​ប្រកាន់​ដែល​ពាក់ព័ន្ធ។

អ្នក​ភូមិ​ប្រមា សង្ឃឹម​ខ្លាំង​ថា គម្រោង​ផ្តល់​កម្ម​សិទិ្ធ​ដីធ្លី របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ផ្តល់​ដី​ដល់​ពួក​គេ ​ដែល​ពួក​គេ​មាន​សិទិ្ធ​ទាមទារ​ស្រប​ច្បាប់​។ ប៉ុន្តែ​ ពួក​គេ​ពុំ​មើល​ឃើញ​កិច្ច​ដំណើរ​ការ​វាស់​វែង​ដី​ធ្លី ខិត​មក​ជិត​ពួក​គេ​ឡើយ។

លោក ចំរ៉ុង អភិបាល​ខេត្ត ក្រចេះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​អ្នក​ភូមិ​មួយ​ចំនួន ទទួល​បាន​ប័ណ្ណកម្ម​សិទិ្ធ​សម្រាប់​ដី​សម្បទាន​សង្គម​កិច្ច តែ​ឱកាស​នោះ នឹង​មិន​ត្រូវ​ផ្តល់​ឲ្យ​អតីត​ក្រុម​ ប៊ុន រដ្ឋា​ឡើយ។ លោក​បញ្ជាក់​ថា៖ «ពួក​គេ​មិន​អាច​ទទួល​បាន​ដី​ធ្លី​ទេ ព្រោះ​ពួក​គេ មិន​ដែល​មាន​ផ្ទះ​លើ​ដី​របស់​ពួក​គេ​ទេ។ ពួក​គេ​រស់​នៅ​ទី​នោះ​ដោយ​ខុស​ច្បាប់​»។

យ៉ាង​ណា​ក្តី​ អ្នក​ភូមិ​មួយ​ចំនួន​ បាន​និយាយ​ថា ពួក​គេ​គួរ​តែ​ត្រូវ​បាន​ផ្តល់​សិទិ្ធ​ឲ្យ​កាន់កាប់​លើ​ដី​ដែល​ពួក​គេ បាន​ធ្វើ​ស្រែ​ចម្ការ​អាស្រ័យ​ផល​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នេះ។ អ្នក​ស្រី សុខធី ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ធ្វើ​ស្រែ​នៅ​ទី​នោះ រយៈ​ពេល ៧ ឆ្នាំ មក​ហើយ តែ​ក្រុម​យុវជន មិន​មក​វាស់​វែង​ដី​ធ្លី​នេះ​ឲ្យ​យើង​ទេ ព្រោះ​ទាហាន​បាន​កាន់​កាប់​ដី​នោះ​ហើយ»​។

ការ​រើស​អើង​ចំពោះ​អ្នក​ភូមិ​

ផ្នែក​មួយ​នៃ​សោកនាដកម្ម​នៅ​ភូមិ​ប្រមា​គឺជា​ការ​គ្រប់គ្រង​មិន​ច្បាស់លាស់។ អ្នក​ភូមិ ទាំង​ឡាយ​ ដែល​ធ្វើ​ស្រែ​ចម្ងាយ ៥០ ម៉ែត្រ​ប៉ុណ្ណោះ​ ពី​តំបន់​ហ៊ុមព័ទ្ធ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រក្សា​ដី​ធ្លី និង​ផ្ទះ​សម្បែង​។ ​អ្នក​ភូមិ​ខ្លះ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ដើម្បី​ប្រមូល​ផល​ដំឡូង​មី​ចំណែក​ឯ អ្នក​ខ្លះ​ទៀត​ពុំ​ទទួល​បាន​ការ​អនុញ្ញាត​ឡើយ។ ​មេ​បញ្ជា​ការ​កងទ័ព​នៅ​ទីនោះ​បាន​ថ្លែង​ថា ខ្លួន​ទទួល​បញ្ជា​យ៉ាង​តឹងរ៉ឹង ឲ្យ​អនុញ្ញាត​តែ​អ្នក​ភូមិ​«ចាស់​»​ប៉ុណ្ណោះ​។ វា​មិន​ច្បាស់​ទេ​ថា​ តើ​ការ​វែក​ញែក​បែប​នោះ​គឺជា​អ្វី?

អ្នក​ស្រី ម៉ុល ផាត់ អាយុ ២៥ ឆ្នាំ​ បាន​ផ្លាស់​មក​នៅ​ទីនេះ ជាមួយ​ប្តី ឪពុក​ក្មេក និង​ប្អូន​ថ្លៃ កាល​ពី​៦ ឆ្នាំ​មុន​។អ្នក​ស្រី និង​ប្តី​បាន​ខ្ចី​ប្រាក់​គេ​ដើម្បី​ធ្វើ​ចម្ការ នៅ​កន្លែង​ដែល​ទីបំផុត បាន​ក្លាយ​ជា​ដី​ដែល​គេ​ចោទ​ថា ជា​តំបន់​អបគមន៍។

ចាប់​តាំង​ពេល​មាន​ការ​បង្ក្រាប​ អ្នក​ស្រី ផាត់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​តំបន់​យោធា​តែ​មួយ​លើក​ប៉ុណ្ណោះ ហើយ​ពុំ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ដី​ទំហំ ៣ ហិកតា​របស់​អ្នក​ស្រី​ឡើយ។ ដើម្បី​ចិញ្ចឹម​ជីវិត អ្នក​ស្រី​ត្រូវ​ស៊ី​ឈ្នួល​ដាំ​ដំឡូង​មី​ឲ្យ​កសិករ​ជិត​ខាង​លើ​ដី​​នៅ​ ជាប់​នឹង​ចម្ការ​របស់​អ្នក​ស្រី។ ​អ្នក​ស្រី ផាត់ បន្ថែម​ថា៖ «​ខ្ញុំ​មិន​ដឹង​ទេ​ថា​ តើ​មូលហេតុ​​អ្វី​បាន​ជា​អ្នក​ខ្លះ​ចូល​បាន តែ​អ្នក​ខ្លះ​ទៀត​មិន​អាច​ចូល​បាន​? ​ឧទាហរណ៍ អ្នក​ជិត​ខាង​ខ្ញុំ​ មិន​អាច​ចូល​ទៅ​ចម្ការ​របស់​ខ្លួន​បាន​ទេ ប៉ុន្តែ អ្នក​ដទៃ​ទៀត​ អាច​ចូល​ទៅ​ចម្ការ​របស់​ពួក​គេ​បាន​»។

ជ្រក​ក្រោម​ម្លប់​ផ្ទះ​ឈើ​ ដ៏​តូច​មួយ ដែល​អ្នក​ស្រី​រស់នៅ​ជាមួយ​នឹង​ឪពុក និង​ប្អូន​ថ្លៃ​ឥឡូវ​នេះ អ្នក​ស្រី​ ផាត់ បាន​គូស​បញ្ជាក់​បញ្ហា​ដែល​ អ្នក​ស្រីបាន​ជួប​ប្រទះ​ ចាប់​តាំង​ពី​ពេល​នោះ​យ៉ាង​ប្រយ័ត្ន​ប្រយែង។ អ្នក​ស្រី ផាត់ ​បន្ត​ថា៖ «​ប្តី​របស់​ខ្ញុំ​ខឹង​ខ្លាំង បន្ទាប់​ពី​យើង​បាន​បាត់​បង់​ដី។ យើង​គ្មាន​ចម្ការ គ្មាន​ប្រាក់ គ្មាន​មុខ​រប​ររក​ស៊ី​ចិញ្ចឹម​កូន​ ហើយ​ជំពាក់​ប្រាក់​លើ​ដី​។ ដូច្នេះ គាត់​ទៅ​ថៃ​ដើម្បី​រក​ការងារ​មួយ​ទៀត។ គាត់​បាន​ទៅ​រយៈ​ពេល ២ ខែ​ហើយ​ ហើយ​ខ្ញុំ​មិន​បាន​ឮ​ដំណឹង​ពី​គាត់​ទេ»។ ​ដោយ​ឈរ​នៅ​ក្បែរ​នោះដែរ​ លោក ថាច់ សំបូក ឪពុក​ក្មេក​អ្នក​ស្រី​ ផាត់ ដែល​មាន​វ័យ ៦៨ ឆ្នាំ បាន​និយាយ​កាត់​អ្នក​ស្រី​ផាត់​ថា៖ «​ខ្ញុំ​មិន​ច្បាស់​អំពី​ប្រជា​ជន​ដទៃ​ទៀត​ទេ ប៉ុន្តែ ចំពោះ​គ្រួសារ​ខ្ញុំ ស្ថាន​ការណ៍​នេះ ​បាន​បង្ក​ជា​បញ្ហា​យ៉ាង​ពិត​ប្រាកដ»៕ PS / TK

សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះក្រោយពីការចាប់ខ្លួនលោក ម៉ម-សូណង់ដូ ប្រធានសមាគម អ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ពាក់ព័ន្ធនឹងតំបន់អប្បគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ នេះ។

លោក ម៉ម-សូណង់ដូ ត្រូវបានចាប់ខ្លួនក្រោយពីរូបលោកត្រឡប់មកប្រទេស កម្ពុជាវិញបាន៣ថ្ងៃ ហើយ ត្រូវបានសាលាដំបូង ខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើសធំៗចំនួន ៤ រួមមាន ទី១-ជាអ្នកផ្តួចផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរ ស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

បើតាមសេចក្តីរាយការណ៍បានអោយដឹងថា នៅខាងមុខតុលាការ ខាងលើមានក្រុមប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកគាំទ្រលោកម៉ម -សូណង់ដូរ និងមានវត្តមានរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ផ្សេងទៀតផងដែរ។

មានសមាគមសិទ្ធិមនុស្សជាច្រើន និងអង្គការក្រៅរដ្ឋាភិបាល ធ្លាប់បានចេញ សេចក្តីថ្លែងការណ៍រួម សម្តែងនូវការសោកស្តាយចំពោះការចាប់ខ្លួនលោកម៉ម-សូណង់ដូ ហើយអង្កការក្រៅរដ្ឋាភិបាលទាំងនៅបានសូមទទូចដល់រាជរដ្ឋាភិ បាលកម្ពុជា និងសាលាដំបូងរាជធានីភ្មំពេញ អោយធ្វើការដោះលែងលោក ម៉ម-សូណង់ដូ ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដើម្បីរក្សាកិតិ្តយសរបស់ប្រទេសជាតិ ឲ្យសក្តិសមជាប្រទេសប្រកាន់នូវ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជាប្រធានសមាគមអាស៊ាននោះ។

លោក ម៉ម-សូណង់ដូ ក៏ធ្លាប់បានជាប់ពន្ធនាគារ២ដងរួចទៅហើយ កាលពីឆ្នាំ២០០៣ ត្រូវបានចាប់ដាក់ពន្ធនាគារជាប់ពាក់ព័ន្ធនឹងការដឹកនាំនិស្សិត ធ្វើបាតុកម្មប្រឆាំងថៃ រហូតដល់មានការដុតស្ថានទូតថៃ នៅរាជធានីភ្នំពេញ និងនៅឆ្នាំ២០០៥ ត្រូវបានចាប់ដាក់ពន្ធនាគារ បន្ទាប់ពីមានការរិះគន់សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម និងទី៣-ជុំវិញសំណុំរឿងការធ្វើអប្បគមន៍ នៅស្រុកឆ្លូងខេត្តក្រចេះនេះតែម្តង។

ប្រជាពលរដ្ឋអ្នកគាំទ្រកំពុងរងចាំមើលថាតើវាសនារបស់លោក ម៉ម-សូណង់ដូនឹងក្លាយទៅជាយ៉ាង​ណានាពេលព្រឹកនេះ តើលោកអាចត្រូវតុលាការដោះលែងអោយរួចខ្លួន ឬជាប់ពន្ធនាគារប៉ុន្មានឆ្នាំ? ដោយ៖ សៀ-វិចិត្រ

បទយកការណ៍៖ ទស្សនៈជុំវិញសាលក្រម កាត់ទោសលោក ម៉ម សូណង់ដូលោក ម៉ម សូណង់ដូ ក្នុងវ័យ៧១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកស្រី ចាំង ស៊ីណាត ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ អមដោយព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ បានប្រកាសសាលក្រម កាលពីព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ចោទពីបទ ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អប្បគមន៍នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។លោក ម៉ម សូណង់ដូ ក្នុងវ័យ៧១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកស្រី ចាំង ស៊ីណាត ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ អមដោយព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ បានប្រកាសសាលក្រម កាលពីព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ចោទពីបទ ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អប្បគមន៍នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ ជាមួយនឹងទោសនេះ លោក ម៉ម សូណង់ដូ នឹងចេញពីពន្ធនាគារ នៅអាយុ៩១ឆ្នាំ ដែលជាជីវិតសេសសល់ចុងក្រោយរបស់លោក។ ជីវិតក្នុងពន្ធនាគារ ដ៏យូររបស់លោក ហាក់បីដូចជាការទទួលទោសប្រហាជីវិត ឬទោសមួយជីវិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅនឹកឃើញ និងចងចាំមិនភ្លេច នូវសំនៀងកំណាព្យដែលសូត្រ និងនិពន្ធដោយលោកផ្ទាល់ តាមរយៈការចាក់ផ្សាយក្នុងវិទ្យុសំបុកឃ្មុំ។ កំណាព្យនោះមានចំណងជើងថា «តើខ្ញុំអាចរស់បានរហូតដល់ពេលណា?» បានបញ្ជាក់នូវអត្ថន័យដ៏មានខ្លឹមសា និងក៏ជា ការឆ្លុះបញ្ចាំងនៃជីវិតពិត នៅក្នុងសង្គមខ្មែរដែលលោកបានរស់នៅ។

ប៉ុន្មានឆ្នាំកន្លងមកនេះ លោក ម៉ម សូណង់ដូ បានជាប់ពន្ធនាគារ ចំនួនពីរដងរួចមកហើយ ក្នុងនាមជាអ្នកសារព័ត៌មាន ម្នាក់។ លើកទីមួយកាលពីឆ្នាំ២០០៣ ត្រូវបានចាប់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស អស់រយៈពេលប្រហែលពីរសប្តាហ៍ ពីបទផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការរើសអើង មានអំពើហិង្សា ដែលនាំឲ្យមានបាតុកម្មមហាជន វាយ កម្ទេចស្ថានទូតថៃ។ លើកទីពីរនៅឆ្នាំ២០០៥ ត្រូវបានចាប់ខ្លួន ដោយកាត់ទោស ឲ្យជាប់ពន្ធនាគារបីខែម្តងទៀត ពីបទ បរិហារកេរ្តិ៍ ញុះញង់ និងបទផ្សាយព័ត៌មានមិនពិត អំពីបញ្ហាព្រំដែន បន្ទាប់ពីលោកផ្សាយបទសម្ភាសន៍ ពីបញ្ហាព្រំដែន វៀតណាម-កម្ពុជា ជាមួយលោក ស៊ាង ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅបរទេស ។

នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១២ កងនគរបាលមួយក្រុម បានទៅចាប់ខ្លួនលោកដល់ផ្ទះ រួចនាំខ្លួនលោកទៅរក្សាទុក នៅ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ។ នេះគឺជាលើកទីបីហើយ ដែលលោក ម៉ម សូណង់ដូ ត្រូវបានតុលាការ រាជធានីភ្នំពេញធ្វើការចាប់ខ្លួន។ លុះដល់ថ្ងៃទី១៦ កក្កដា ទើបគេបានបញ្ជូនខ្លួនលោកឡើងតុលាការ។ ក្នុងសវនាការ ដ៏ចម្លែក លើសំណុំរឿងដីធ្លី បានឈានដល់ការចោទប្រកាន់ ពីបទប៉ុនប៉ងបង្កើតនូវ«តំបន់អប្បគមន៍» ដែលជាបទល្មើស ឧក្រិដ្ឋ។ ជាចុងក្រោយ តុលាការបានធ្វើការចោទប្រកាន់រូបលោកជាផ្លូវការ លើបទចោទបួនករណី៖ ទីមួយ-បទផ្តួចផ្តើម គំនិត ប្រឆាំងអ្នករាជការសាធារណៈ ទីពីរ-ធ្វើកុប្បកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ទីបី-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទីបួន-ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដោយយោងទៅតាម មាត្រា៦ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ តុលាការខេត្តក្រចេះ បានចេញដីកានាំខ្លួនលោក ម៉ម សូណង់ដួ ម្ដងរួច ហើយ ពីបទបង្កើតតំបន់អប្បគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ខណៈលោកមានវត្តមានស្ថិតនៅឯ បរទេសនៅឡើយ។ លុះមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ បានត្រឡប់មកដល់ប្រទេសកម្ពុជា វិញ បើទោះជាដឹងថា លោកនឹងត្រូវគេចាប់ខ្លួន។ ខាងក្រោមនេះ ជាដំណើរសវនាការ នៃសំណុំរឿងរបស់លោក៖
សវនាការលើកទីមួយ៖ កាលពីថ្ងៃអង្គារ ទី១១ កញ្ញា ឆ្នាំ២០១២ មានមន្ត្រីសង្គមស៊ីវិល អ្នកនយោបាយ ព្រមទាំង ប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមស្តាប់សវនាការជំនុំជម្រះក្ដីលោក ម៉ម សូណង់ដូ។

សវនាការលើកទីពីរ៖ នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការ កាត់ក្ដី លោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

សវនាការលើកទីបី៖ នៅថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១២ លោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធ ត្រូវបាន ចៅក្រមបន្តសាកសួរ ដែលមានសាក្សីដាក់បន្ទុក២នាក់ជាសមត្ថកិច្ច ដែល ម្នាក់ជានាយការិយាល័យស្តីទី ព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងម្នាក់ទៀតជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ។

សវនាការលើកទីបួន៖ កាលពីថ្ងៃសុក្រទី១៤ ខែកញ្ញា ឆ្នាំ២០១២ តុលាការ បានបើកសវនាការលើសំណុំរឿងលោក ម៉ម សូណង់ដូ បន្តការចោទសួរ និងដាក់បន្ទុកបន្ថែមលើលោក ម៉ម សូណង់ដូ និងបានពន្យាពេលថ្ងៃប្រកាស សាល ក្រមជាផ្លូវការនៅថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១២ វិញ។

ថ្ងៃប្រកាសសាលក្រម៖ នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១២ ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារចំនួន ២០ឆ្នាំក្នុងរឿងបង្កើតតំបន់ អប្បគមន៍ប្រឆាំងរដ្ឋាភិបាល នៅខេត្តក្រចេះ។

សាលក្រម ដែលចេញដោយចៅក្រមសាលាដំបូងនេះ បានបង្កអោយមានប្រតិកម្មពីគ្រប់ទឹសទី ក្នុងនោះមានប្រទេស មហាអំណាចធំៗ ដូចជាអាមេរិក បារាំង និងអង្គការការពារសិទ្ធិមនុស្សអន្ដរជាតិធំៗ ក្នុងពិភពលោក។ រីឯពលរដ្ឋក្នុង ស្រុកជាច្រើន ដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជួបជាមួយ ក៏បានសម្ដែងនូវការខកចិត្ត នឹងសាលក្រមនេះខ្លាំង ណាស់ដែរ។ ប្រជាពលរដ្ឋម្នាក់មកពីខេត្តកំពង់ចាម ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានចាប់អារម្មណ៍លើការចាប់ ខ្លួនលោម ម៉ម សូណង់ដូ ថាជាការមិនត្រឹមត្រូវ ព្រោះករណីនៅខេត្តក្រចេះក្នុងប្រទេសកម្ពុជា រីឯលោក ម៉ម សូណង់ដូ មានវត្តមាន នៅឯបរទេស។ លោកបានបន្តថា រដ្ឋភិបាលធ្វើនេះមិនត្រឹមត្រូវតាមគោលការច្បាប់ទេ ព្រោះគ្មានភស្តុតាង ត្រឹមត្រូវ។ ទាក់ទងនឹងការចោទប្រកាន់ ថាបានបង្កើតតំបន់អប្បគមន៍ លោកបានលើកឡើងថា ទាល់តែមានកំលាំង គ្រប់គ្រាន់ សព្វាវុធគ្រប់គ្រាប់ ដូចជារថក្រោះ កាំភ្លើងតូច កាំភ្លើងធំ ហើយបើគ្រាន់តែមានកាំបិទ ពូថៅ សំរាប់កាប់ឆ្កាព្រៃ ចំការនោះ វាមិនមែនជាការធ្វើអប្បគមន៍ទេ ។ លោកបានបញ្ជាក់ច្បាស់ៗថា «ដូចករណីកាលឆ្នាំ១៩៩៣ ១៩៩៧ នោះ ទើបគេហៅថាការបង្កើតតំបន់អប្បគមន៍។»

ឯប្រជាពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាមដូចគ្នា បានប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូថា បើសិនជាតុលាការ កាត់ទោសគាត់ជាប់គុកម្ភៃឆ្នាំ គឺមិនត្រឹមត្រូវទេ។ ការបង្កើតតំបន់អប្បគមន៍ទាន់តែមានសម្ភារៈគ្រប់គ្រាន់ [...] មាន ទាហាននឹងអាចគ្រប់គ្រងមួយចំហៀងប្រទេសបាន ទើបហៅថា «តំបន់អប្បគមន៍»។ ពលរដ្ឋរួបនោះដដែល មានការ សោកស្តាយយ៉ាងខ្លាំង ដែលអ្នកដើរជួយប្រជាជនស្ទើគ្រប់កន្លែង ដើម្បីឲ្យប្រជាជនស្គាល់ ពីលិទ្ធិប្រជាធិបតេយ្យពិត ប្រាកដដូចលោក ម៉ម សូណង់ដូនេះ ទៅជាមានទោសទៅវិញ ។ លោកបានបញ្ជាក់ថា «តុលាការមិនយុត្តិធម៌ គឺអត់ យុត្តិធម៌មែនទែនហើយឥឡូវនេះ។»

សំរាប់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមដានសវនាការរបស់លោក ម៉ម សូណង់ដូ យ៉ាង ដិតដល់នោះ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងនេះ នូវមូលហេតុចំនួនពីរ៖ «ទីមួយ គឺការកាត់ក្តីគ្មានភស្តុតាង ជារឿង មិនត្រឹមត្រូវ ជារឿងមិនយុត្តិធម៌។ តុលាការធ្វើបែបលក្ខណៈនយោបាយ ការប្រកាសសាលក្រម គឺជារបៀបអត្ថាធិប្បាយ នយោបាយមួយ មិនមែនជាសាលក្រមតុលាការ។ ទីពីរ ជាតុលាការមួយ ដែលមិនអាចរកយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់រូប។» តែផ្ទុយពីសាកក្រម ដែលលោកបានវាយតំលៃថា «មិនយុត្តិធម៌» លោកក៏បានសរសើរដែរថា «ដំណើការ នៃការកាត់ក្តី មានភាពប្រសើរច្រើន ចៅក្រម មន្ត្រីតុលាការ រួមទាំងអយ្យការ គឺមានសមត្ថភាព។» និងធ្លោយអោយដឹង ពីការសង្កេតរបស់លោក ទៅលើទឹកមុខរបស់ពូកគាត់ក្នុងពេលដំណើរសាវនាការ បែរជាមានការលំអៀង ដែលអាច បណ្តាលមកពីសម្ពាធអ្វីមួយ។

លោក អ៊ូ វីរះ បង្ហាញនូវភាពសោកស្តាយថា «ពួកគាត់មានទួនាទីរកយុត្តិធម៌ បែរជាធ្វើការសម្រេចចិត្ត ដែលដឹងថាខ្លួន សម្រេចខុស មិនអាចអនុវត្តិតាមឧត្តមគតិត្រឹមត្រូវថ្លៃថ្នូរ ក្នុងការរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។» ខណៈលោក សុក សំអឿន មេធាវីការពារលោក ម៉ម សូណង់ដូ បានប្រាប់ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូថា «លោក ម៉ម សូណង់ដូ ជួបប្រជាពលរដ្ឋ បានប្រហែលជាប្រាំនាទី រឿងអ្វីដែលថាជួបបានប្រាំនាទីកើតជារឿងធ្វើកុប្បកម្ម ញុះញង់ប្រជាពលរដ្ឋ?» ។

ពលរដ្ឋភាគច្រើន បានបរិហាថា «វាជាការគួឲ្យអស់សំណើច ព្រោះអ្នកមិនបានធ្វើ បែរជាមានទោស។» ពលរដ្ឋខ្លះគ្មាន ជំនឿប៉ុន្មាននោះទេ ទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា ដោយនិយាយថា «សំរាប់តុលាការស្រុកខ្មែរ ខ្ញុំមានជំនឿតែដប់ភាគរយ ប៉ុណ្ណោះ ព្រោះនីតិវិធីរបស់តុលាការ សទៅជាខ្មៅ ខ្លៅទៅជាប្រាជ្ញ ។ តុលាការស្រុកខ្មែរ យុត្តិធម៌មានសំរាប់តែ អ្នកមាន បុណ្យសក្ក័ អ្នកមានទ្រព្យសម្បត្តិទេ រីឯអ្នកក្រីក្រ អ្នកគ្មានបុណ្យសក្ក័ គឺគ្មានយុត្តិធម៌ទេ។ តុលាការស្រុកខ្មែរ អ្នកលួចមាន់ ជាប់គុកដប់ឆ្នាំ ឯអ្នកសម្លាប់មនុស្ស ជាប់គុកពីរឆ្នាំហើយព្យួរទោសទៀត។»

ពីខាងសាលាដំបូង ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ ខិតខំស្វែងរក ការពន្យល់នៃការចេញសាលក្រមនេះ តែលោកស្រី ចាំង ស៊ីណាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកព្រះរាជអាជ្ញារង មាស ចន្ទ័ពិសិដ្ឋ មិនបានលើកទូរស័ព្ទ។

ក្រុមអង្គការសិទ្ធិមនុស្សជាច្រើន ទាំងក្នុងនិងក្រៅប្រទេស បានបញ្ចេញប្រតិកម្មចំពោះសាវនាការ ដែលបានទាញការ ចោទប្រកាន់ ដោយភ្ជាប់លោក ម៉ម សូណង់ដូ ទៅនឹងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ថាជា រឿងមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយ។ លោកសុក សំអឿន បានបញ្ជាក់ថា ពេលចាប់ខ្លួនលោក ម៉ម សូណង់ដូ គឺគ្មាន ការពាក់ពន្ធ័ ជាមួយនឹងការចាក់ផ្សាយ នូវពាក្យបណ្តឹងនៅក្រៅប្រទេស របស់លោក សួន សេរីរដ្ឋា ដែលធ្វើឡើងប្រឆាំង លោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះទេ ព្រោះថាការចាប់ខ្លួននៅថ្ងៃទី១៦កក្កដា តែខាងនគរបាលបានថែមសំណុំរឿង មួយទៀត នៅថ្ងៃទី១៧កក្កដា ហើយលោកបានថតចម្លងសំណុំរឿង ពុំឃើញមានឯកសារពាក់ពន្ធ័ទាំងនោះឡើយ ។ ឆ្លើយនឹងសំនួរនេះរបស់ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ លោក លោក អ៊ូ វីរៈ បានសង្កត់ធ្ងន់ថា «ការស្គាល់បុគ្គល មិនមែនជារឿងអ្វីដែលខុសច្បាប់ទេ ក្នុងនាមគាត់ជាអ្នកសារព័ត៌មាន។»

ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ បានលើកឡើងថា ការចោទប្រកាន់នេះគឺជា«រឿងនយោបាយ» ព្រោះវាធ្វើឡើងតែមួយ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ម៉ម សូណង់ដូ បានរាយការណ៍តាមវិទ្យុរបស់លោក ពីចលនាអំណាចប្រជាពលរដ្ឋខ្មែរ ដែល មានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចោទប្រកាន់រដ្ឋាភិបាល លោក ហ៊ុន សែន ពីបទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»នោះ។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាសារធារណៈស្ដីពីការតាមចាប់ខ្លួន ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះ ថាបានញុះញុង ឲ្យ ពលរដ្ឋ នាំគ្នាចូលកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ។ ក្រុមអ្នកវិភាគនយោបាយ បានលើកឡើងទៀតថា ការចាប់ខ្លួននេះធ្វើឡើង ដើម្បីគំរាមដល់ចលនាមហាជន ឬក្រុមអ្នកប្រជាធិបតេយ្យផ្សេងទៀត ឲ្យបញ្ឈប់សកម្មភាពតវ៉ារឿងដីធ្លី ខណៈការបោះឆ្នោតជិតមកដល់ ព្រោះការតវ៉ា រឿងដីធ្លីនេះ ជារឿងដែលរសើប នឹងអាច ធ្វើឲ្យគណបក្សកាន់អំណាច ប្រឈមនឹងការបាត់បង់នូវសំលេងឆ្នោត។

ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ បានស្វែងរកសុំប្រតិកម្ម ពីខាងរដ្ឋាភិបាល ក្នុងនោះមានមន្ត្រីរបស់អង្គភាពពត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណរដ្ឋមន្ត្រី អ្នកតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច តែមិនមានការឆ្លើយតប។ លោក គី តិច មេធាវីរបស់រដ្ឋាភិបាល បានឆ្លើយដោយខ្លីថា លោកមិនអាចបំភ្លឺ លើករណីនៃការចាប់ខ្លួនលោក ម៉ម សូណដ់ដូបានទេ ព្រោះជារឿងឯកជន មិនមានការពាក់ពន្ធ័ជាមួយនឹងលោកទេ៕

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់សវនាការ ៤ថ្ងៃ(១១-១៤ កញ្ញា) លើ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជា ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលជាប់ទាក់ទង ក្នុងជម្លោះដីធ្លីបង្កើតតំបន់អប្បគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលនោះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាស សាលក្រមនៅ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២នេះហើយ។កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ តុលាការ បានបើកសវនាការលើសំណុំរឿង លោក ម៉ម សូណង់ដូ
លោក សុក សំអឿន នាយកប្រតិបត្តិ ក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្ស នៅកម្ពុជា ដែលជា មេធាវីការពារក្តី លោក ម៉ម សូណង់ដូ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ថា បញ្ហាទំនាស់ដីធ្លី ដែលកើតមានឡើងនៅ ខេត្តក្រចេះ នោះគ្មានការបង្កើតតំបន់អប្បគមន៍ទេ គ្រាន់តែប្រជា ពលរដ្ឋ ទាមទារដីធ្លីរបស់ ពួកគាត់មកវិញ។ ជាពិសេសប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មិន មានការបង្កើតតំបន់អប្បគមន៍ទេ ហើយបើមានតំបន់អប្បគមន៍មែននោះ កម្ពុជា មិនអាចចូលជាសមាជិកកក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិបានទេ ព្រោះកម្ពុជាកំពុងដាក់ ពាក្យចូលជាសមាជិក។

លោកបន្តថា ប្រសិនបើតុលាការ អាចរកឃើញថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់ នោះលោកសូណង់ដូ អាចមានទោសស្រាល ឬគ្មានទោសកំហុសតែម្តង។ លោកបញ្ជាក់ថា”នៅថ្ងៃច័ន្ទ ខែតុលា នេះ តុលាការនឹងប្រកាសសាលក្រមហើយ ហើយក្នុងចំណោមបទល្មើសធំៗ ទាំង៤ មានបទល្មើស ទី១គឺបទ ល្មើសកូដកម្ម ដោយមានកាន់អាវុធបទល្មើសនេះ មានទោសពី១៥ទៅ៣០ឆ្នាំ”។

សូមបញ្ជាក់ថា ក្នុងសវនាការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា គេសង្កេតឃើញថា មានក្រុម គ្រួសារព្រម ទាំងអ្នកគាំទ្រ រូបលោកជាង១.០០០នាក់ បាននាំគ្នាមកមុខតុលាការ ដើម្បីស្រែកទាម ទារឲ្យមានការដោះ លែងលោក ម៉ម សូណង់ មានសេរីភាពវិញ។ គេរំពឹងថា ការប្រកាសសាលក្រមថ្ងៃទី១ តុលា អ្នកគាំទ្រ លោក ម៉ម សូណង់ដូ នឹងលើកគ្នាមកមុខតុលាការ ប៉ុន្តែប្រហែលជាកម្លាំងនគរបាលនឹងហាម ឃាត់ពួកគេមិនឲ្យនៅមុខតុលាការ ទេ។
ក្នុងសវនាការកាលពីថ្ងៃទី១៤ លោក ម៉ម សូណង់ដូ បានបដិសេធទៅនឹងការចោទប្រកាន់របស់តុលាការថា ខ្លួនមិន បានទៅជួបជាមួយលោក សួន សេរីរដ្ឋា នៅប្រទេសថៃទេ កាលដែលលោកទៅនោះ ក្នុងនាមជាអ្នក កាសែត ដើម្បី សម្ភាសន៍ ចាក់ផ្សាយនៅ ក្នុងវិទ្យុរបស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងសវនាការ លោក ម៉ម សូណង់ដូ បានបដិសេធនូវរាល់ ការចោទប្រកាន់លើរូប លោកដែលមានការពាក់ព័ន្ធ នឹងជម្លោះដីក្នុងការបង្កើត តំបន់ អប្បគមន៍នៅខេត្ត ក្រចេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១ លោក សួន សេរីរដ្ឋា ដែលរស់នៅអាមេរិក បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ កម្ពុជា ធ្វើការបាតុកម្មផ្តួលរំលំប្រឆាំងរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមបដិវត្តផ្កាម្លិះ ក្នុងប្រទេសអារ៉ាប់ ហើយលោក សេរី រដ្ឋា ក៏បានថ្លែងក្នុងវេទិការបស់ក្រុមអាវលឿងថៃ នៅទីក្រុងបាងកក រិះគន់ធ្ងន់ៗ លើរដ្ឋា ភិបាលរបស់ សម្តេច ហ៊ុន សែន ផងដែរ ។

លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនរយៈពេល ៣ថ្ងៃ ក្រោយពីរូបលោក ត្រឡប់មក ប្រទេស កម្ពុជា ដែល ការចាប់ ខ្លួននេះ ត្រូវបានសាលាដំបូង ខេត្តក្រចេះ ចោ ទប្រកាន់ក្នុងបទ ល្មើសធំៗ ចំនួន ៤ រួមមាន ទី១- ជាអ្នកផ្តួចផ្តើម គំនិត ប្រឆាំងអ្នករាជការ សាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែក ខុសច្បាប់ នៅក្នុងការ បំពេញមុខងារសាធារណៈ របស់ អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំង នឹងអាជ្ញាធរ ស្របច្បាប់ តាម មាត្រាមួយ ចំនួន នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់ អប្បគមន៍ ស្ថិតនៅ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់មកសាលាដំបូងខេត្តក្រចេះ ក៏បាន សុំផ្ទេរសំណុំរឿង មកឲ្យសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ ៕

ភ្នំពេញៈយោង​តាម​របាយ​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ ២០១៣​របស់ Freedom House ជា​អង្គការ​ឃ្លាំ​មើល​របស់​សហរដ្ឋ​អាមេរិក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ធ្លាក់​ចុះ​៥ ចំណាត់​ថ្នាក់​មក​ត្រឹម​លេខ ១៤៩។

របាយ​ការណ៍​បាន​លើក​ឡើង​អំពី «​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ ...និង​ការ​កើន​ឡើង​ខ្លាំង​នូវ​ការ​គំរាម​កំហែង និង​អំពើ​ហិង្សា​លើ​រូបកាយ​មក​លើ​អ្នក​សារ​ព័ត៌មាន​» ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​កម្ពុជា​មាន​ចំណាត់​ថ្នាក់​និង​ពិន្ទុ​សេរីភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ។

លោក ប៉ា ងួនទៀង នាយក​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា ចំណាត់​ថ្នាក់​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​កំហិត​មក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​ឯកភាព​ទាំង​ស្រុង​នឹង​របាយ​ការណ៍​ហើយ​វា​ជា​ការ​ពិត​ដែល​កម្ពុជា​កំពុង​ធ្លាក់​ចុះ​លើ​សេរីភាព​សារ​ព័ត៌មាន​»។ លោក​បាន​បន្ត​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​មុន ឆ្លុះ​បញ្ចាំង​នូវ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​សំឡេង​ផ្សេង​។ លោក​បន្ត​ថា៖«ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​ផ្សាយ​នៅ​ថ្ងៃ​បោះឆ្នោត អ្នក​បោះ​ឆ្នោត អាច​មាន​គំនិត​ពិចារណា​លើ​ការ​បោះ​ឆ្នោត​របស់​ខ្លួន»។

លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​សារ​ព័ត៌មាន​កម្ពុជា បាន​ថ្លែង​ថា អ្នក​សារ​ព័ត៌មាន​ពុំ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ដោយ​រដ្ឋាភិបាល​ទេ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ជ្រើស​រើស​ត្រួត​ពិនិត្យ​ខ្លឹមសារ​ចុះ​ផ្សាយ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ដើម្បី​ចៀស​វាង​ផ្សាយ​ប្រធាន​បទ​ដែល​ចម្រូង​ចម្រាស។ លោក​បញ្ជាក់​ថា៖ «​ដូច្នេះ ប្រសិន​បើ​អ្នក​សារ​ព័ត៌មាន​អាច​ងាក​ចេញ​ពី​ការ​ត្រួត​ពិនិត្យ​ខ្លួន​ឯង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​កាន់​តែ​សេរី និង​ល្អ​ប្រសើរ​ជាង​មុន»។

ប្រទេស​ន័រវែស​និង​ស៊ុយអ៊ែត​មាន​ចំណាត់​ថ្នាក់​កំពូល​ស្មើ​គ្នា ក្នុង​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន ចំណែក​ឯ​កូរ៉េ​ខាង​ជើង​វិញ​ស្ថិត​នៅ​ក្រោម​គេ​បង្អស់ ជាមួយ​នឹង​ប្រទេស Turkmenistan។

នៅ​ថ្នាក់​តំបន់​វិញ កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទីម័រ​ខាង​កើត ថៃ និង​ហ្វីលីពីន តែ​នៅ​ពី​លើ​ប្រទេស​ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ និង​វៀតណាម។ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១៦២ ក៏​ដោយ ក៏​ប៉ុន្តែ ប្រទេស​មីយ៉ាន់ម៉ា​មាន​ការ​រីក​ចម្រើន​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន ដែល​មីយ៉ាន់ម៉ា​ជាប់​ចំណាត់​ថ្នាក់​លេខ ១៨៧។ ការ​ងើប​ឡើង​នេះ​គឺ​ដោយ​សារ​តែ​សកម្មភាព​របស់​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​បើក​សេរី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស និង​ដោះ​លែង​អ្នក​សរសេរ​លើ​ប្លុក​អ៊ីនធឺណិត និង​អ្នក​សារ​ព័ត៌មាន។ ចំពោះ​កម្ពុជា​វិញ របាយ​ការណ៍​ចង្អុល​បង្ហាញ​ករណី​ល្បី​ចំនួន​ពីរ ជា​ភ័ស្តុតាង​នៃ​ការ​ធ្លាក់​ចុះ​នូវ​សេរីភាព​សារ​ព័ត៌មាន​។

ឧទាហរណ៍​គឺ​ករណី​លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ពី​បទ​បង្កើត​តំបន់​អប្បគមន៍ ក្នុង​ខេត្ត​ក្រចេះ​ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០ ឆ្នាំ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​មុន។ មួយ​ទៀត​គឺ​ករណី​អ្នក​សារ​ព័ត៌មាន​ឈ្មោះ​ហង្ស សេរីឧត្តម ដែល​ត្រូវ​បាន​វាយ​ដំ និង​រក​ឃើញ​ស្លាប់​ក្នុង​រថយន្ត​របស់​លោក កាលពី​ខែ​កញ្ញា​ក្នុង​ស្រុក​អូរជុំ ខេត្ត​រតនគិរី។

សេរី​ឧត្តម ដែល​បាន​សរសេរ​អត្ថបទ​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី ឲ្យ​កាសែត វីរជន​ខ្មែរ​ចុះ​ផ្សាយ​គឺជា​អ្នក​សារ​ព័ត៌មាន​ទី ១ ដែល​ត្រូវ​គេ​សម្លាប់​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក ហើយ​ជា​អ្នក​កាសែត​ទី១០ ដែល​ត្រូវ​គេ​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក នេះ​បើ​យោង​តាម​គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន។

លោក សមិទ្ធិ បាន​ថ្លែង​ថា៖«​ខ្ញុំ​គិត​ថា ដោយ​សារ​ករណី​ល្បី​ទាំង​ពីរ​នាក់​ខាង​លើ ទើប​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​។ ប៉ុន្តែ ជា​ទូទៅ ស្ថានការណ៍​សម្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ឥឡូវ​នេះ​គឺ​ល្អ​ប្រសើរ​ជាង​មុន​»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា របាយ​ការណ៍​នេះ ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពិត​អំពី​បរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ទេ។ លោក​បាន​ថ្លែង​ថា៖ «​អ្នក​យក​ព័ត៌មាន​កម្ពុជា​យើង​ទៅ​ទី​ណា​ក៏​បាន​យ៉ាង​សេរី​សូម្បី​តែ​ក្នុង​បន្ទាយ​យោធា​។ ខ្ញុំ​មិន​គិត​ថា កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​ជិត​ខាង​ឡើយ»។​លោក​បន្ថែម​ថា៖«​អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ និង​មាន​ក្រម​សីលធម៌​តែង​តែ​មាន​សុវត្ថិភាព​នៅ​កម្ពុជា»៕ TK


សមត្ថកិច្ច​ចម្រុះ​ព័ទ្ធ​ផ្ទះ​ម្តាយ​ ប៊ុន រដ្ឋា នៅ​មេមុត ម៉ៃ ទិត្យថារ៉ា | Publication date 23 May 2012 | 17:00 ICTកំពង់ចាមៈ អាជ្ញាធរ​ចម្រុះ​ខេត្ត​​កំពង់​ចាម​ប្រមាណ​ជា​៤០នាក់ បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ​ផ្ទះ​​ម្តាយ​ របស់​ ប៊ុន​ រដ្ឋា​ ទាំង​កណ្តាល​អាធាត្រ​រហូត​ដល់​ថ្ងៃ​ជិត​ត្រង់​​ម្សិល​​មិញ ដោយ​ពុំ​មាន​ដី​កា​ឆែក​ឆេរ​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​លោក ​ប៊ុន រដ្ឋា និង​បក្ខ​ពួក​ដែល​ត្រូវ​អាជ្ញាធរ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​។

លោក​ ប៊ុន​ ស៊ី​ថេត ប្អូន​ប្រុស​របស់​ប៊ុន រដ្ឋា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ចម្រុះ​បាន​មក​​ព័ទ្ធផ្ទះ​លោក​ និង​ម្តាយ​របស់​​លោក​ ​នៅ​ក្នុង​ភូមិ​ឈើខ្លឹម ឃុំរំចេក ​ស្រុក​មេមត់​ ចាប់​តាំង​ពី​ម៉ោង​១២​យប់ រហូត​ដល់​ម៉ោង​១១​កន្លះ​​ថ្ងៃ​ត្រង់​​ម្សិលមិញ ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នោះ​ត្រឡប់​ទៅ​វិញ។

លោក ស៊ីថេត ​បាន​ប្រាប់​ថា​ ៖ «​គេ​គំរាម​​មិន​ឲ្យយើង​ប្រើ​ទូរស័ព្ទ ហើយ​គេ​ចោទ​យើង​ថា ​បាន​អុកឡុក​គេ​មិន​ឲ្យ​ឆែក​ឆេរ​ផ្ទះ​។ ខ្ញុំ​មិន​យល់​ថា​ ជា​ច្បាប់​ស្អី​នោះ​ទេ​ បាន​ជា​​មក​ឆែក​ឆេរ​ផ្ទះ​គេ​ទាំង​យប់​ដោយ​គ្មាន​ដីកា​ និង​ស្រែក​ក្តែងៗ​ថា គេ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុងការ​ធ្វើ​បែបនេះ​​»។​

លោក​បន្ត​​ថា​ នៅ​ពេល​ម៉ោង​ ១១កន្លះ​ម្សិលមិញ ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ តែ​គេ​រឹប​អូស​យក​ Memory​ទូរស័ព្ទ​ពីប្អូន​ស្រី​លោក​ដែល​បាន​ថត​ពី​សកម្ម​ភាព​ការ​ឆែក​ឆេរ នោះ ​នៅក្នុង ​Memory នោះ​ក៏មាន​រូប​វីដេអូ​ ស្តីពី​សកម្មភាព​អាជ្ញាធរ​ធ្វើការ​បង្រ្កាប​ទៅ​លើ​ប្រជា​ពលរដ្ឋ​ភូមិ​ ប្រមា​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ ផង​ដែរ​។

លោក​ថា​៖​ «​ពួកគេ​ប្រាប់​ថា​ គេ​គ្រាន់​តែ​មក​ចាប់​ខ្លួន រដ្ឋា​ ប៉ុណ្ណោះ​ ព្រោះ​គេ​ដឹង​ថា បង​ប្រុស​ខ្ញុំ​ និង​ឪពុក​របស់​ខ្ញុំ​ បាន​មក​កាន់​ទី​នេះ ហើយ​គេ​គំរាម​ពួក​ខ្ញុំថា​ ត្រូវ​តែ​រាយ​ការណ៍​ទៅ​ប៉ូលិស​ភ្លាម​ពេល​ណា​ដែល​បង​ប្រុស​ខ្ញុំ​តេ​មក​»​។​

លោក​បន្ត​ឲ្យ​ដឹង​ដែរ​​ថា​ សមត្ថកិច្ច​បាន​ធាក់​ទម្លាយ​ទ្វារផ្ទះ​ នៅ​ពេល​ម្តាយ​លោក​មិន​ព្រម​បើក​និង​ទារ​រក​ដីកា​ឆែកឆេរ​ រហូត​គំរាម​រឹប​អូស​យក​ទូរស័ព្ទ​ទាំង​អស់​មិន​ឲ្យ​អ្នក​ផ្ទះ​​លោក​ប្រើ ​ ​ហើយ​បាន​កត់​លេខ​ទូរស័ព្ទ​ដែល​តេ​ចេញ​ចូល​ទូរស័ព្ទ​ទាំងអស់​ទុក​ផង​​។ ​ លោក​នឹក​ហួស​ចិត្ត​ថា៖ «​បើ​ចេះ​ច្បាប់​ គេ​មិន​មក​ធ្វើ​ទាំង​យប់​អ៊ីចឹង​ទេ​ ហើយ​គ្រាន់តែ​ចាប់​មនុស្ស​ម្នាក់​ ហេតុអី​ក៏​យក​កម្លាំង​មក​ច្រើន​ម្ល៉េះ​? ធ្វើ​បែប​នេះ​គឺ​ជា​ការ​គំរាម​ដល់​គ្រួសារ​​ខ្ញុំក៏ដូច​ពល​រដ្ឋ​ឯទៀត​កុំ​ឲ្យ​តវ៉ា​ប្រឆាំង​គេ»។​

លោក​ រស់ រីន អាយុ​៤៨ឆ្នាំ ជា​ឪពុក​ក្មេក ​ ​ប៊ុន រដ្ឋា​ បានថ្លែង​ឲ្យ​ដឹង​ថា លោក​មិន​ជឿ​ថា​កូន​ប្រសា​របស់​​គាត់​​ហ៊ាន​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​​ នឹ​ង​រដ្ឋា​ភិបាល​​ទេ​ ​ព្រោះ​អី​កូន​លោកម្នាក់​នេះ​​រកលុយ​ទិញ​អង្ករ​ឲ្យ​កូន​ប្រពន្ធ​ហូបមិន​ គ្រប់​​ផង ហើយ​សព្វថ្ងៃ​​ប្រពន្ធ​ទៅ​​ធ្វើ​ជា​កម្មករ​សំ​ណង់ ហើយកូន​ប្រុស រដ្ឋាអាយុ ១៩ខែ (ចៅ)​ក៏​គេគ្មាន​លទ្ធភាព​ចិញ្ចឹម​ដែរ ​គេ​ទុក​ឲ្យ​​នៅ​​ជា​មួយ​លោក​មើល​ថែឲ្យ​។​

លោក​ រស់ រីន និយាយ​​ទៀត​ថា​៖ «កូន​ខ្ញុំ​នៅ​ពេល​ថ្ងៃ​កើត​ហេតុ​បាន​តេ​មក​ផ្តាំ​ថា ​គេ​មិន​ដឹង​ជា​រស់​ឬ​ស្លាប់​ទេ​ តែ​ផ្តាំ​ខ្ញុំ​ឲ្យមើល​កូន​ឲ្យ​គេ​ផង​ ហើយ​ជួយ​ឲ្យ​គេ​រៀនសូត្រ​បាន​ខ្ពស់ ចាប់​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​មិន​ដែល​បាន​ដំណឹង​ពី​កូន​ទេ ខ្ញុំ​តែងតែ​ស្តាប់​ព័ត៌មាន​ក្រែង​បាន​ដំណឹង​ពី​គេ»។​

លោក​បានរំឭក​ថា​ រដ្ឋា​ ​ចូល​ចិត្ត​​ជួយ​គេ​សូម្បី​តែនៅ​ក្នុង​ផ្ទះ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន​ ក៏​ដោយ​ ហើយ​ព្រោះ​តែ​ការ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ដី​ធ្លីនោះ​ រដ្ឋា ​ត្រូវ​​គេ​ចាប់​ដាក់​គុក​ម្តង ​តែ​ក្រោយ​មក​ក៏បាន​ដោះ​លែង​ឲ្យ​​មាន​សេរី​ភាព​វិញ​។​​

លោក​អំពាវនាវ​​ទៅ​រដ្ឋា​ភិបាល ថា៖ «សូម​ជួយ​រក​យុត្តិធម៌​ឲ្យកូន​ខ្ញុំ​នេះផង​ គេ​គ្មាន​កំហុស​ដូច​ការ​ចោទ​ទេ​ ប្រសិន​គេ​ស្លាប់​ ក៏​សុំឲ្យ​គេ​ស្លាប់​ដោយ​យុត្តិធម៌​ដែរ​»។​

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា កម្លាំង​ចម្រុះ​ប្រមាណ​១ពាន់​នាក់​ បានចុះ​ទៅ​អនុវត្ត​វិធានការ​រដ្ឋបាល ​ដើម្បី​បង្ខំឲ្យ​ពលរដ្ឋ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ចាក​​ចេញ​ពី​ផ្ទះ ​ដោយ​ចោទ​ថា មកតាំង​លំនៅ​អនា​ធិបតេយ្យ ​និង​បង្កើត​តំបន់​អបគមន៍។ នៅ​ក្នុង​ហេតុការណ៍​នោះ​ អាជ្ញាធរ​បាន​ប្រើ​អាវុធ​បាញ់​ទៅលើ​អ្នក​ភូមិ បណ្តាល​ឲ្យ​ស្លាប់​កុមារី​អាយុ​១៤ ឆ្នាំម្នាក់ និង​ឃាត់​ឃុំខ្លួន​មនុស្ស​៨នាក់​ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទ​របស់​ តុលា​ការ ​ពី​បទ​ធ្វើ​កុប្បកម្ម​ ប្រឆាំង​អាជ្ញាធរ​ជា​សាធារ​ណៈ​។

លោក ឯម កុសល​ អធិការ នគរបាល​ស្រុក​មេមត់​បដិសេធ មិន​ធ្វើ​​អត្ថា​ធិប្បាយ​ទេ​ កាល​ពី​ថ្ងៃ​អង្គារ​តែប្រាប់​ថា​៖«​ខ្ញុំ​ជាប់​រវល់​»។​

លោក ​ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្ត​កំពង់​ចាម​ បាន​​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹក​នាំ​កម្លាំង​​ទៅព័ទ្ធ​ចាប់​ ប៊ុន​ រដ្ឋា​ នៅ​ឯ​ផ្ទះ​ម្តាយ​​ជននេះ គឺ​បន្ទាប់​ពី​បាន​ព័ត៌មានថា​ គេ​បាន​ចូលមក​លាក់​ខ្លួន​​ក្នុង​​ផ្ទះនោះ ​តែ​នៅ​ពេល​ឆែក​ឆេរ​អត់​ឃើញ កម្លាំង​របស់​លោកក៏​មិន​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​ក្រុម​គ្រួសារ​គេ​ ដែរ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ទៅ​មាន​​ព្រះ​រាជអាជ្ញា​រង​ម្នាក់​ទៅ​ជាមួយ​ខ្ញុំ​ ហើយ​ការ​ចាប់​មុខ​សញ្ញា​យើង​មិន​គិត​ពី​ពេលវេលា​យប់​ឬក៏​ថ្ងៃ​​ទេ​ គឺ​យើង​ធ្វើ​យ៉ាង​ម៉េច​​ចាប់​ឲ្យ​បាន​មុខ​សញ្ញា​»។​

លោក ​នាង សូវ៉ាត​ មន្ត្រី​សម្រប សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កំពង់ចាម​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ករណី​ដែល​អាជ្ញា​ធរ​ចូល​ឆែក​ឆេរ​ផ្ទះ​គេ​ទាំង​កណ្តាល​យប់​​ និង​​ធាក់​ទ្វារ​និង​ធាក់​ជញ្ជាំង​ផ្ទះ​គេ​នោះ​ គឺ​ជា​ទង្វើ​​ដែល​ល្មើស​ទៅ​នឹង​ច្បាប់​ជាតិ​និង​អន្តរ​ជាតិ​។

លោកថា បើ​ទោះ​​ជា​នៅក្នុង​ករណី​ដេញ​តាម​ចាប់​ជន​ល្មើស ក៏​ដោយ ក៏ត្រូវ​ចាប់​នៅ​ម៉ោង​៦​ភ្លឺ​ ​ដល់​ម៉ោង​៦​ល្ងាចដែរ​ បើ​ផុត​ពី​ម៉ោង​នេះ​គឺ​​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​។ លោក​បាន​បញ្ជាក់​ថា​៖​ «​ករណី​នេះ​សមត្ថកិច្ច​ចម្រុះ​ទាំង​អស់​​ត្រូវ​មាន​ទោស​ពីបទ​រំលោភ​​លើ​​ ភារកិច្ច​ខ្លូន​ ​និង​រំលោភ​ទៅលើ​ច្បាប់​ប្រទេស​»៕​

No comments:

Post a Comment