ជាចុងក្រោយខ្ញុំបាទ សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងសូមអោយវិញ្ញាខ័ន្ធលោកពូបានទៅដល់សុខគតិភព។
១២ មិថុនា ២០២១ វ៉ាស៊ីនតោន — អតីតមេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា គឺលោក រីឆាដ គិរី គីម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅកម្ពុជា។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដែលផ្សាយតាមអនឡាញដោយបញ្ជាក់ថា លោក រីឆាដ គីរី គីម ដែលជាខ្មែរអាមេរិកាំង បានស្លាប់នៅល្ងាចថ្ងៃទី១០ ខែមិថុនា នៅពេលបញ្ជូនដល់មន្ទីរពេទ្យខ្មែរ-សូវៀត។
លោក នុត សវនា បានថ្លែងថា៖ «គាត់ឆ្លងកូវីដ-១៩ ហើយចាស់ រួមមានជំងឺប្រចាំកាយផង។ យើងសង្គ្រោះគាត់ ដោយយកទៅពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ ប៉ុន្តែយកទៅអត់ទាន់។ គាត់ ក៏ស្លាប់កាលពីម៉ោង៦ល្ងាច កាលពីម្សិលមិញ»។
លោក រីឆាដ គិរី គីម អាយុ ៧២ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំងដែលនៅរដ្ឋ Oregonកំពុងជាប់ទោសអស់មួយជីវិតនៅពន្ធនាគារព្រៃសក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីចុងឆ្នាំ២០០០។
ចលនាកងទ័ពសេរីជាតិកម្ពុជា (Cambodia Freedom Fighters (CFF)) ដែលលោក រីឆាដ គិរី គីម ដឹកនាំជាមួយនឹងលោក ឈុន យ៉ាសិទ្ធ ដែលជាខ្មែរអាមេរិកាំងម្នាក់ទៀត បានបើកការប្រយុទ្ធនៅពេលព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០០ នៅរាជធានីភ្នំពេញ ដោយសំដៅលើទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការពារជាតិ និងអង្គភាពអង្គរក្សង៧០។ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្សស្លាប់៧នាក់ ក្នុងនោះ៦នាក់ ជាអ្នកវាយប្រហារ និង១នាក់ ជាជនស៊ីវិល និងរងរបួសយ៉ាងហោចណាស់១២នាក់។
អាជ្ញាធរកម្ពុជា បានបង្រ្កាបភ្លាមៗ និងចាប់ខ្លួនអ្នកវាយប្រហារបានជាច្រើននាក់នៅពេលយប់នោះ។ លោក រីឆាដ គិរី គីម ត្រូវបានអាជ្ញាធរចាប់ខ្លួននៅខេត្តសៀមរាបក្នុងពេលត្រៀមឡើងយន្តហោះទៅប្រទេសថៃ។
តុលាការកម្ពុជា បានចោទប្រកាន់មនុស្សចំនួន៣២នាក់ពី បទភេរវកម្ម ចារកម្ម ពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធ និងចូលរួមពាក់ព័ន្ធក្នុងការវាយប្រហារនោះ។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០១ តុលាការរាជធានីភ្នំពេញ បានកាត់ទោសលោក រីឆាដ គិរី គីម និងមេដឹកនាំ៤នាក់ទៀត ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ មនុស្សចំនួន ២៥នាក់ទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី៣ឆ្នាំ ដល់២០ឆ្នាំ និង២នាក់ទៀតត្រូវបានទម្លាក់ចោលការចោទប្រកាន់៕
2010-09-16 តុលាការនឹងបើកសវនាការ លើជនសង្ស័យក្នុងអំពើភេរវកម្មនៅថ្ងៃស្អែក តុលាការក្រុងភ្នំពេញ គ្រោងបើកសវនាការកាត់ទោសក្រុមជនសង្ស័យ ៥នាក់ នៅថ្ងៃ១៧ កញ្ញា ពីបទចោទថា បានប្រព្រឹត្តអំពើភេរវកម្ម បង្កៃគ្រឿងផ្ទុះនៅក្នុងទីក្រុងភ្នំពេញ មិនបានសម្រេចកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩ កន្លងទៅ និងបានកេណ្ឌបណ្ដុះបណ្ដាលក្រុមភេរវជនកាលពីចន្លោះឆ្នាំ២០០៥-២០០៩។ មេធាវីការពារក្ដីឲ្យឈ្មោះ សោម ឯក គឺលោក សំ សុគង់ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែកញ្ញាថា លោកបានត្រៀមខ្លួនរួចហើយក្នុងការតទល់ក្ដីនេះនៅក្នុងសវនាការខាងមុខ។
លោក សំ សុគង់ មានប្រសាសន៍បញ្ជាក់ដូច្នេះ ៖ «អត់មានភស្តុតាងអីជាក់លាក់ដែលបង្ហាញថា កូនក្ដីខ្ញុំបានប្រព្រឹត្តនូវបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះទេ ដោយសារតែពាក់ព័ន្ធនឹងការបង្កើតជាចលនា ឬគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិ»។
សវនាការនៅថ្ងៃទី១៧ ខែកញ្ញា គឺជាសវនាការលើកទី៥ហើយ ក្រោយពីសវនាការជាបន្តបន្ទាប់ធ្វើឡើងតាំងពីឆ្នាំ២០០៩មក។
ជនសង្ស័យចំនួន ៥នាក់នោះ មានដូចជាទី១ ឈ្មោះ សោម ឯក ជាមេខ្លោង ទី២ឈ្មោះ ភី សុវឹង ទី៣ ឈ្មោះ ទ្បឹក ប៊ុនញៀន ទី៤ ឈ្មោះ ពៅ វណ្ណារ៉ា និងទី៥ ឈ្មោះ ជា កឹមយ៉ាន ដែលរងការចាប់ខ្លួននៅទីកន្លែងផ្សេងៗគ្នាកាលពីឆ្នាំ២០០៩ កន្លងទៅ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម ដោយសមត្ថកិច្ចកម្ពុជា។
ជនសង្ស័យឈ្មោះ សោម ឯក ឬហៅ ទីតូ ដែលជាអតីតមន្ត្រីយោធាផងដែរនោះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៩ ជាមួយនឹងភស្តុតាង ដូចជាសារធាតុផ្សំគ្រឿងផ្ទុះ និងឯកសារនានា ស្ដីពីរូបមន្តផ្សំគ្រឿងផ្ទុះជាដើម។ ក្នុងសវនាការកន្លងមកលោកបានឆ្លើយថា លោកបានបង្កើតចលនាក្បាលខ្លារំដោះ ឬរណសិរ្សរួបរួមជាតិប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដោយចោទថា ជារដ្ឋាភិបាលពុករលួយ និងរណបប្រទេសវៀតណាម។
លោក សោម ឯក និងជនសង្ស័យមួយចំនួនទៀត ក៏ត្រូវបាននគរបាលកម្ពុជា បានចោទប្រកាន់ផងដែរក្នុងការពាក់ព័ន្ធនឹងការបង្កៃគ្រឿងផ្ទុះមិនបានសម្រេចដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៧ កន្លងទៅ។
ភរិយារបស់ជនសង្ស័យឈ្មោះ ទ្បឹក ប៊ុនញៀន គឺលោកស្រី ម៉ុក ណារី អាយុ ៤០ឆ្នាំ បានថ្លែងថា ៖ «ជួយរកយុត្តិធម៌ឲ្យប្ដីខ្ញុំផង ពីព្រោះប្ដីខ្ញុំគាត់មិនបានធ្វើអ្វីខុសទេ»។
នៅមុនការបើកសវនាការរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា មន្ត្រីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា គឺលោកឧត្ដមសេនីយ៍ឯក គៀត ចន្ថារិទ្ធ បានមានប្រសាសន៍ថា ៖ «ស្ថាប័នអនុវត្តច្បាប់ គឺចង់ឲ្យធ្វើម៉េចឲ្យតុលាការអនុវត្តតាមច្បាប់ទៅតែប៉ុណ្ណឹង។ រឿងធ្ងន់ស្រាលអីនោះ យើងមិនហ៊ាននិយាយទេ គឺជារឿងតុលាការ ពីព្រោះតុលាការឯករាជ្យ»។
អាជ្ញាធរនគរបាលកម្ពុជា ធ្លាប់បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់របស់ក្រុមចលនាកងទ័ពសេរីកម្ពុជា ឬកាត់ជាភាសាអង់គ្លេសថា CFF បានដឹកនាំដោយលោក ឈុន យ៉ាសិទ្ធិ ដែលបានបើកការវាយប្រហារកាលពីឆ្នាំ២០០០ កន្លងទៅ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនបានសម្រេច។
ជនសង្ស័យរាប់សិបនាក់នោះ ត្រូវបានតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យជាប់គុកមួយជីវិត ក្នុងនោះមានលោក រីឆាត គីរីគីម (Richard Kirikim) ផងដែរ ជាខ្មែរអាមេរិកាំង។
លោក ឈុន យ៉ាសិទ្ធិ អាយុ ៥៣ឆ្នាំ ជាមេខ្លោងដែលជាខ្មែរអាមេរិកាំងផងដែរនោះ ត្រូវបានតុលាការសហរដ្ឋអាមេរិក បានកាត់ទោសឲ្យលោកជាប់គុកមួយជីវិត កាលពីខែសីហា ឆ្នាំ២០០៨ កន្លងទៅ ក្រោមបទបានប្រព្រឹត្ត និងរៀបចំសកម្មភាពយោធាក្រៅសហរដ្ឋអាមេរិក៕
24 មិថុនា 2010 នាយករដ្ឋមន្រ្តីហ៊ុន សែន សា្វគមន៍តុលាការអាមេរិកកាត់ទោសឈុន យ៉ាសិទ្ធិ នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់ទោស ឈុន យ៉ាសិទ្ធិ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតនេះ ថាជាសញ្ញានៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ តុលាការអាមេរិកបានទទួលស្គាល់ថា ឈុន យ៉ាសិទ្ធិ បានធ្វើភេរវកម្មនៅក្នុងប្រទេសកម្ពុជា។ គណបក្សសម រង្ស៊ី បានស្នើសុំឱ្យរដ្ឋាភិបាលលើកលែងទោសចំពោះសមាជិករបស់ខ្លួន ដែលបានចាត់ទុកថា ជនទាំងនោះចាញ់បោក ចលនារបស់ឈុន យ៉ាសិទ្ធិ ដោយពួកគេមានការយល់ដឹងតិចតួច ទទួលបានព័ត៌មានតិចតួចមិនគ្រប់ជ្រុងជ្រោយនាំឲ្យមានការយល់ច្រឡំ។ ប៉ុន្តែគណបក្សសម រង្ស៊ី ថ្កោលទោសជនដែលប្រើប្រាស់អំពើហឹង្សា។
តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកបានផ្តន្ទាទោសឈុន យ៉ាសិទ្ធិ អាយុ៥៣ឆ្នាំ មេដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា កាលពីថ្ងៃអង្គារឱ្យជាប់ពន្ធនាគារអស់មួយជីវិត អំពីការបង្កើតកងកម្លាំងប្រដាប់អាវុធបះបោរ និងភេរវកម្ម។
ប្រទេសកម្ពុជា បានធ្វើសហប្រតិបត្តិការយ៉ាងពេញលេញជាមួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ពួកភេរវករ បានបើកយន្តហោះបុកអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកម្ពស់ជាង ១០០ជាន់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សចំនួន ២៧៥០នាក់។ ចលនាកងទ័ពសេរីជាតិកម្ពុជា CFF របស់ ឈុន យ៉ាសិទ្ធ បាន វាយប្រហារមកលើអាគារក្រសួងការពារជាតិ និងទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០០ ដែលបានសម្លាប់សមាជិក CFF ៤នាក់ និងមនុស្ស១៤នាក់ផ្សេងទៀត រួមមាន កងកម្លាំងសន្តិសុខ និងជនស៊ីវិល។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវអាកាសក្នុងទីក្រុងភ្នំពេញថា រដ្ឋាភិបាលអាមេរិក បានចាត់ទុកមេក្លោងកងទ័ពសេរីជាតិកម្ពុជាថា ជាមេក្លោងភេរវកម្ម ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។ លោកថ្លែងដូច្នេះថា៖
«យើងសូមអបអរសាទរជាមួយសហរដ្ឋអាមេរិក ដែលកាត់ទោសមេក្លោងកងទ័ពសេរីជាតិកម្ពុជា ឈុន យ៉ាសិទ្ធិ ឱ្យជាប់គុកអស់មួយជីវិត។ នេះជាស្តង់ដាមួយនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ អាមេរិកទទួលស្គាល់ថា ឈុន យ៉ាសិទ្ធិ បានធ្វើភេរវកម្មនៅក្នុងប្រទេស ហើយក្នុងហ្នឹងមានសមាជិកគណបក្សសម រង្ស៊ី មួយចំនួនបានចូលរួមសកម្មភាពហ្នឹង ហើយជានិច្ចជាកាល កាលណា ឯកឧត្តមសម រង្ស៊ី ជួបខ្ញុំ គាត់តែងតែលើកសុំឱ្យមានការលើកលែងទោស ចំពោះសមាជិកគណបក្សសម រង្ស៊ី ដែលជាអ្នកចូលរួមប្រយុទ្ធនៅក្នុងចលនាកងទ័ពសេរីជាតិកម្ពុជា»។
ក្រោយពីការវាយប្រយុទ្ធខែវិច្ឆិកា ឆ្នាំ២០០០ តុលាការកម្ពុជាបានកាត់ទោសសមាជិក CFF ចំនួន១៨ នាក់ ឱ្យជាប់ពន្ធនាគារពី៥ឆ្នាំ ដល់១ជីវិតនៅក្នុងឆ្នាំ២០០២។
ក្រុមតំណាងរាស្ត្រគណបក្សសម រង្សី បានស្នើសុំទៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១០ ឱ្យដោះលែង និងលើកលែងទោសដល់អតីត និងសមាជិកគណបក្សសម រង្ស៊ី ចំនួន ១២ នាក់ រួមមានឈ្មោះ ប៊ុន ចាន់តូ ទំលាប់ ម៉ិល ចាន់ ប៊ុនថេន សេង ណារិន និងហែម ឯម ដែល តុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៥ ឆ្នាំក្នុងម្នាក់ៗ ពីបទបង្កើតក្រុមប្រដាប់អាវុធ និង ភេរវកម្ម។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោះលែង និងលើកលែងទោសដល់អតីតសមាជិកគណបក្សសម រង្ស៊ី ចំនួន ១២ នាក់ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០០៨។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០០៩ ថា យោងតាមច្បាប់ ទណ្ឌិត ៧នាក់ គប្បីទុកលទ្ធភាពឲ្យសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ដោះស្រាយរឿងក្តីទាំងនេះ មុននឹងពិចារណាការបន្ធូរបន្ថយទោស និងលើកលែងទោស។ រដ្ឋាភិបាលបានរៀបចំសំណុំបែបបទបន្ធូរបន្ថយទោសដល់ទណ្ឌិត៥នាក់ ក្នុងម្នាក់ៗ១ឆ្នាំ ចំនួន២លើករួចមកហើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានបញ្ជាក់ថា គណបក្សសម រង្ស៊ី បានស្នើសុំឱ្យ រដ្ឋាភិបាលលើកលែងទោសចំពោះជនដែលចាញ់បោកចលនា CFF ប៉ុន្តែគណបក្សសម រង្ស៊ី ថ្កោលទោសជនដែលប្រើប្រាស់អំពើហឹង្សា។
«អ្នកមួយចំនួនបានចាញ់បោកចលនា CFF ដោយគាត់មានកម្រិតយល់ដឹងតិចតួច ព័ត៌មានតិចតួច ការយល់ច្រឡំ និងការចាញ់ឧបាយកលរបស់ចលនា CFF»។ សមាជិកចលនា CFF ចំនួន១៨នាក់ កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា៕
2011-10-16 ដោយ ទីន ហ្សាការីយ៉ា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថនរោត្តមសីហមុនី បានចេញព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិតចំនួន ៥នាក់ ដែលតុលាការបានផ្ដន្ទាទោសក្នុងម្នាក់ៗ ចំនួន ១៥ឆ្នាំ ពាក់ព័ន្ធនិងការបង្កើតចលនាកងទ័ពសេរីជាតិកម្ពុជា CFF នោះឲ្យមានសេរីភាពវិញហើយ។
នៅក្នុងព្រះរាជក្រឹត្យចេញកាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០១១ ហើយគេទើបនឹងបានផ្សព្វផ្សាយនៅថ្ងៃអាទិត្យ ទី១៦ តុលា បានត្រាស់បង្គាប់ឲ្យរដ្ឋាភិបាលកម្ពុជាលើកលែងទណ្ឌិតចំនួន ៥នាក់ រួមមានឈ្មោះ សេង ណារិន ទម្លាប់ មិល ប៊ុន ចាន់តូ ហែម ប៊ុនធឿន និងឈ្មោះ ចាន់ ប៊ុនខេង។ អ្នកទាំង ៥នាក់ រស់នៅខែត្រប៉ៃលិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំ២០០០ ជាប់ចោទពីបទភេរវកម្ម និងក្រុមប្រដាប់អាវុធ ហើយតុលាការបានផ្ដន្ទាទោសក្នុងម្នាក់ចំនួន ១៥ឆ្នាំ។
ព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្របានចេញតាំងពីខែកញ្ញា ប៉ុន្តែក្រុមគ្រួសារទណ្ឌិតទាំងនោះ ទើបនឹងបានឲ្យដឹងនៅថ្ងៃទី១៦ តុលា ឆ្នាំ២០០១១ នេះ។ ក្រុមគ្រួសារទណ្ឌិតទាំងនោះ បានឲ្យដឹងថា រហូតមកទល់ពេលនេះទើបមានទណ្ឌិតតែមួយរូបទេ ក្នុងចំណោម ៥នាក់នោះ ដែលគេដោះលែងចេញពីពន្ធនាគារឲ្យមានសេរីភាពវិញ កាលពីថ្ងៃសៅរ៍ ទី១៥ តុលា។
អ្នកស្រី វែន ដារា ជាសមាជិកក្រុមប្រឹក្សាខែត្រប៉ៃលិននៃគណបក្សសមរង្ស៊ី ដែលជាភរិយារបស់ទណ្ឌិតឈ្មោះ ប៊ុន ចាន់តូ ដែលកំពុងនៅក្នុងពន្ធនាគារនៅឡើយនោះ បានឲ្យដឹងថា អ្នកស្រីទើបបានទទួលព្រះរាជក្រឹត្យកាលពីថ្ងៃទី១៥ តុលា តាមរយៈក្រុមគ្រួសាររបស់លោក សេង ណារិន ដែលគេបានដោះលែងហើយនោះ។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងអំណរគុណដល់ព្រះមហាក្សត្រ ដែលប្រទានការលើកលែងទោសដល់ស្វាមីរបស់គាត់។
លោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ។ លោកមានប្រសាសន៍ថា មន្ត្រីតុលាការ និងមន្ត្រីពន្ធនាគារត្រូវតែអនុវត្តតាមព្រះរាជក្រឹត្យព្រះមហាក្សត្រនេះ គេមិនត្រូវពន្យារពេលដូច្នេះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានទេនៅថ្ងៃអាទិត្យ ទី១៦ តុលា ដើម្បីសុំបំភ្លឺអំពីករណីនេះ។ ចំណែកប្រធានពន្ធនាគារព្រៃស លោក ស៊ុយ វ៉ាន់សន ក៏មិនធ្វើអត្ថាធិប្បាយដែរជុំវិញករណីនេះ ដោយលោកប្រាប់ថា លោកទើបតែវិលមកពីបរទេស។
មន្ត្រីនាំពាក្យនៃគណបក្សសមរង្ស៊ី លោក យឹម សុវណ្ណ បានអះអាងថា ទណ្ឌិតទាំង៥ នេះ ជាអតីតសមាជិកសកម្មរបស់គណបក្សសមរង្ស៊ី។ លោកបានសាទរចំពោះព្រះមហាក្សត្រដែលព្រះអង្គព្រះរាជទានការលើកលែងទោសដល់អ្នកទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ បានពន្យល់ថា ការចាប់ខ្លួនអតីតសមាជិកគណបក្សសមរង្ស៊ីដាក់គុកក្នុងម្នាក់ជាង ១០ឆ្នាំមកនេះ ជារឿងនយោបាយ។
ចលនាកងទ័ពសេរីជាតិកម្ពុជា (Cambodian Freedom Fighter CFF) បានដឹកនាំដោយលោក ឈុន យ៉ាសិទ្ធិ ជនជាតិខ្មែរសញ្ជាតិអាមេរិក។ កាលពីឆ្នាំ២០០០ កន្លងទៅ លោក ឈុន យ៉ាសិទ្ធិ ស្នាក់នៅប្រទេសថៃ បានដឹកនាំប្រតិបត្តិការយោធាមួយឈ្មោះភ្នំភ្លើង វាយប្រហារលើទីស្នាក់ការក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រីនៅរាជធានីភ្នំពេញ ប៉ុន្តែប្រតិបត្តិការនោះបានបរាជ័យ។ ជាបន្តបន្ទាប់មកទៀត អ្នកដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះជាច្រើននាក់ ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់គុក ក្នុងនោះរួមមានសមាជិកគណបក្សសមរង្ស៊ីទាំង ៥នាក់ ដែលព្រះមហាក្សត្រប្រទានការលើកលែងទោសនៅពេលនេះដែរ។
កាលពីឆ្នាំ២០១០ តុលាការសហរដ្ឋអាមេរិកនៅទីក្រុង Los Angeles រដ្ឋការលីហ្វូនីញា បានកាត់ទោសលោក ឈុន យ៉ាសិទ្ធិ ឲ្យជាប់គុកអស់មួយជីវិត ក្រោមបទចោទប្រកាន់ថា បានចូលរួមដឹកនាំចលនាកងទ័ពសេរីជាតិកម្ពុជា CFF ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាមិនបានសម្រេចកាលពីឆ្នាំ២០០០ នោះ៕
24 June 2010 មន្ត្រីកម្ពុជាស្វាគមន៍ការកាត់ទោស ឈុន យ៉ាសិទ្ធិ ដាក់ពន្ធនាគារមួយជីវិតពីបទប៉ងផ្តួលរំលំរដ្ឋាភិបាល កម្ពុជាមន្ត្រីកម្ពុជាស្វាគមន៍ការកាត់ទោស ឈុន យ៉ាសិទ្ធិដាក់ពន្ធនាគារមួយជីវិតពីបទប៉ងផ្តួលរំលំរដ្ឋាភិបាល កម្ពុជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានថ្លែងស្វាគមន៍ កាលពីថ្ងៃពុធ ចំពោះការសម្រេចសេចក្តីរបស់តុលាការសហរដ្ឋអាមេរិកដែលបានផ្តន្ទាទោសអតីតមេដឹកនាំ កងទ័ពសេរីជាតិកម្ពុជា ហៅថា (CFF) ដាក់ទោសអស់មួយជីវិត បន្ទាប់ពីបានរកឃើញថា លោកបានប៉ុនប៉ងក្នុងការផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំ ២០០០។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ប្រាប់អ្នកកាសែតថា កម្ពុជាសូមសរសើរចំពោះសេចក្តីសម្រេចចិត្តធ្វើឡើង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការកាត់ទោសលោក ឈុន យ៉ាសិទ្ធិ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងថា៖ «យើងអបអរសាទរចំពោះរដ្ឋាភិបាលអាមេរិកដែលបានសម្រេចកាត់ទោស ឈុន យ៉ាសិទ្ធិនេះ ព្រោះពួកនេះ [CFF] ជាពួកភេរវកម្ម។ អំពើភេរវកម្មនេះ មិនមែននៅតែកម្ពុជាទេ នៅសហរដ្ឋអាមេរិក និងគ្រប់ប្រទេសទាំងអស់ គឺជាការគំរាមកំហែងទៅដល់សន្តិសុខ និងមនុស្សជាតិ»។
គណនេយ្យករដើមកំណើតកម្ពុជារូបនេះត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគារមួយជីវិតកាលពីថ្ងៃអង្គារពីបទរៀបចំគម្រោងប៉ុនប៉ងធ្វើរដ្ឋប្រហារ បង្ហូរឈាមនៅកម្ពុជា ជាប្រទេសកំណើតរបស់ខ្លួនកាលពី ១០ ឆ្នាំមុន។ នេះបើតាមការអះអាងរបស់មន្ត្រីយុត្តិធម៌។ លោក ឈុន យ៉ាសិទ្ធិ វ័យ ៥៣ ឆ្នាំ ដែលបានមករស់នៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ បន្ទាប់ពីការដួលរលំនៃរបបវាលពិឃាតរបស់ខ្មែរក្រហម ត្រូវបានកាត់ទោស កាលពីខែមេសា ឆ្នាំ ២០០៨ ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងការកាត់ទោសលោកយ៉ា សិទ្ធិ កាលពីថ្ងៃអង្គារ ចៅក្រមប្រចាំសង្កាត់ លោក ឌីន ព្រីជើសុន បានសម្តែងក្តីអាណិតអាសូរចំពោះជនជាប់ចោទ ដែលបានថ្លែងប្រាប់ចៅក្រមថា លោកបង្កើតចលនាបះបោរប្រដាប់អាវុធនេះឡើងដើម្បីធ្វើការសងសឹកនឹង ការសម្លាប់ឪពុកលោកក្នុងរបបខ្មែរក្រហម។ លោកចៅក្រមរូបនោះមានប្រសាសន៍ថា៖ «ខ្ញុំមិនគិតថា លោក ឈុន យ៉ាសិទ្ធិ គឺជាមនុស្សអាក្រក់ម្នាក់ទេ។ ខ្ញុំគិតថា គាត់មានជីវិតដ៏សោកនាដកម្ម ១ ហើយអភ័ព្វដែលបានកើតនៅក្នុងប្រទេសដែលមានហេតុការណ៍អាក្រក់ៗកើត ឡើង»។ លោកព្រីជើសុនបន្ថែមថា លោកអាចយល់បានថា ទីកន្លែងដែលមានបញ្ហាបែបនោះអាចជំរុញឲ្យមនុស្សម្នាក់មានអារម្មណ៍ ថា គេមិនអាចទ្រាំទ្រស្ថិតនៅក្រៅឆាកបានឡើយ។
ចៅក្រមបានថ្លែងថា លោក ឈុន យ៉ាសិទ្ធិ បានបង្កើតចលនា ១ ឈ្មោះថា«កងទ័ពសេរីជាតិកម្ពុជា (CFF)» នៅឆ្នាំ ១៩៩៨ និងត្រូវបានបោះឆ្នោតឲ្យធ្វើជាមេដឹកនាំ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីស្វែងរកការគាំទ្រ ពីអតីតអង្គការយោធាកម្ពុជារួចមក។ ចៅក្រមបានថ្លែងបន្តថា ចលនានេះមានយុទ្ធសាស្ត្រមុតមាំដើម្បីនាំមកនូវបដិវត្តន៍មួយនៅកម្ពុជា។
ចលនានេះទទួលបានបញ្ជាឲ្យធ្វើការវាយប្រហារលើគោលដៅគ្មានអាវុធ មួយចំនួន ដូចជាហាងខារ៉ាអូខេ រង្គសាលកម្សាន្តពេលរាត្រី និងហាងកាហ្វេ មុនពេលចាប់ផ្តើមប្រតិបត្តិការពេញទំហឹងដើម្បីផ្តួលរំលំរដ្ឋា ភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ឈុន យ៉ាសិទ្ធិ បានជ្រើសរើសគោលដៅសរុប ២៩១ កន្លែងសម្រាប់ធ្វើរដ្ឋប្រហារដែលបញ្ចប់ដោយវិនាសកម្មដោយឲ្យឈ្មោះ ថាជា «ប្រតិបត្តិការភ្នំភ្លើង»។
ទោះបីទទួលបានការព្រមានពីទីប្រឹក្សាជាន់ខ្ពស់របស់ចលនានេះថា កងកម្លាំងនេះមិនធំគ្រប់គ្រាន់អាចតតាំងជាមួយកងទ័ព និងនគរបាលកម្ពុជាក្តី លោក ឈុន យ៉ាសិទ្ធិ ដែលកំពុង បញ្ជានៅប្រទេសថៃ បានជំរុញទៅមុនជាមួយការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០០០។
ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធរាប់សិបនាក់បានសម្រុកចូលរាជ ធានីភ្នំពេញដោយបាញ់រះកាំភ្លើងអាកា ៤៧ និងគ្រាប់រ៉ុក្កែតទៅលើអគាររដ្ឋាភិបាល បណ្តាលឲ្យមនុស្សយ៉ាងតិច ៤ នាក់ស្លាប់ មុនពេលការងើបបះបោររបស់ពួកគេត្រូវបានកម្ទេចទាំងស្រុង។ មនុស្សច្រើនជាង ១០០ នាក់ត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងការវាយប្រហារនេះ ដែលពុំបានធ្វើឲ្យលោក ហ៊ុន សែន រសើបអ្វីបន្តិចសោះនោះ។
លោក ឈុន យ៉ាសិទ្ធិ ត្រូវបានកាត់ទោសកំបាំងមុខនៅរាជធានីភ្នំពេញក្នុងខែមិថុនា ឆ្នាំ ២០០១ និងជាប់ពិរុទ្ធពីបទរៀបចំគម្រោងសម្ងាត់ខុសច្បាប់ បង្កភេរវកម្ម និងបង្កើតចលនាប្រដាប់អាវុធខុសច្បាប់។ ក្នុងអំឡុងពេលនៃការបើកសវនាការកាត់ទោសនៅអាមេរិក មេធាវីរបស់លោក ឈុន យ៉ាសិទ្ធិ លោក រីឆាដ ខាឡាហេន បានជំទាស់ថា គោលបំណងតែមួយគត់របស់កូនក្តីលោក គឺ «នាំមកនូវលទ្ធិប្រជាធិបតេយ្យដល់ប្រទេសកំណើតរបស់លោកប៉ុណ្ណោះ»។ លោក ខាឡាហេន ថ្លែងថា៖ «គោលបំណងរបស់គាត់ត្រូវ អនុវត្តដោយខុសផ្លូវ ប៉ុន្តែគាត់មានចេតនាទៀងត្រង់»។
នៅក្នុងកិច្ចសម្ភាសកាលពីខែធ្នូ ឆ្នាំ ២០០០ ជាមួយនឹងកាសែតក្នុងស្រុកមួយ លោក ឈុន យ៉ាសិទ្ធិ ថ្លែងថា ការវាយប្រហារនេះគឺជាគម្រោងរដ្ឋប្រហារបរាជ័យមួយ ហើយបានសន្យាថា នឹងធ្វើការវាយប្រហារជាថ្មីទៀតដើម្បីផ្តួលរំលំរដ្ឋា ភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ មានអាយុ ៥៣ ឆ្នាំ ឈុន យ៉ាសិទ្ធិ បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕
No comments:
Post a Comment