ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
10 May 2021ខេត្តដែលមានអាទិភាពក្នុងការជ្រើសរើសរៀបចំការប្រកួតកីឡាស៊ីហ្គេម លើប្រភេទកីឡាទោចក្រយាន
(ភ្នំពេញ)៖ ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។ បេីយោងតាមផែនការយុទ្ធសាស្ដ្រ និងការចង្អុល បង្ហាញរបស់មន្ដ្រីបច្ចេកទេសហព័ន្ធក្នុងការជ្រើសរើសទីតាំងខេត្ត៣ សម្រាប់ត្រៀមរៀបចំការ ប្រកួតស៊ីហ្គេម លើប្រភេទកីឡារប្រណាំងកង់នោះ រួមមានខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដែលជាខេត្តមានអំណោយផលទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍។
ខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័នព្រលានយន្ត ហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។ ក្រុមការងារបច្ចេកទេសសហព័ន្ធ បានចុះទៅត្រួតពិនិត្យម្តងរួចមកហើយ ដោយបានសង្កេត និងវាយតម្លៃថា នឹងអាចរៀបចំការប្រកួតស្របតាម ស្តង់ដារបច្ចេកទេសយ៉ាងល្អប្រសើរ។
ចំណែកខេត្តព្រះសីហនុ និងខេត្តកែបវិញ មានសក្ដានុពលស្រដៀងគ្នា ព្រោះជាខេត្តជាប់មាត់សមុទ្រ ជាក់ស្ដែងកាលពីដើមឆ្នាំ២០២០ ខេត្តទាំងពីរ ធ្លាប់ត្រូវបានសហព័ន្ធរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយភាពជោគជ័យ។ លើសពីនេះទៀត ខេត្តទាំងពីរក៏មានសក្ដានុពលផ្លូវថ្នល់ឡើងចុះភ្នំ ស្របតាមស្ដង់ដារបច្ចេកទេស ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្ដរបានផងដែរ។ ក្នុងចំណោមខេត្តទាំង៣ នេះ សៀមរាប គឺជាខេត្តអាទិភាពជាងគេ ក្នុងការជ្រើសរើសយកខេត្តនេះធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រភេទកីឡាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន ក៏ពួកគាត់ចេញពីខេត្តសៀមរាបនេះដែរ គឺជាខេត្តមានអំណោយផលគ្រប់បានយ៉ាង...»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះបញ្ហាទីលានប្រកួតវិញ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានទុកពេល ១សប្ដាហ៍ទៀតប៉ុណ្ណោះក្នុងការកំណត់ និងបញ្ចប់ ដើម្បីដាក់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ពិនិត្យ និងសម្រេច ហើយបញ្ជូនទៅសហព័ន្ធ និងភាគីពាក់ព័ន្ធត្រៀមលក្ខណៈរៀបចំ និងទទួលខុសត្រូវក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ៕
Cambodia 2023 ១៩ថ្ងៃទៀត នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និង ៤៨ថ្ងៃ នៃអាស៊ានប៉ារ៉ាហ្គេម
ប្រភេទកីឡាទោចក្រយាន វិញ្ញាសាកង់ភ្នំ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា នៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន ខេត្តសៀមរាប
19 more days to the 32nd SEA Games & 48 more days to the ASEAN Para Games.
Cycling for mountain bike event will be taking place at Phnom Kulen National Park, Siem Reap from 6 to 8 May.
មន្ទីរព័ត៌មានខេត្តសៀមរាប សេចក្ដីជូនដំណឹង
នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ មានការ ប្រកួតកីឡាប្រភេទទោចក្រយាន លើវិញ្ញាសាកង់គួកបុរស ក្នុងចម្ងាយផ្លូវ ១៥០,៦គីឡូម៉ែត្រ ស្មើនឹង ៦ជុំ នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង តំបន់វង់ធំ ក្នុងខេត្តសៀមរាប ដែលមាន៨ប្រទេសចូលរួម រួមមាន ៖ ប្រទេសកម្ពុជា , វៀតណាម , ឡាវ , ថៃ , ម៉ាឡេស៊ី , ហ្វីលីពីន , ឥណ្ឌូនេស៊ី និង ប្រទេសសឹង្ហបុរី ។
Cambodia 2023 6 November 2021 ការកំណត់គោលដៅពីរទីតាំងសម្រាប់ជើងឯកថ្នាក់ជាតិកង់គួក-កង់ភ្នំ ឆ្នាំនេះ គឺដើម្បីវាស់ស្ទង់ឆ្ពោះទៅរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣
CAMSOC-ភ្នំពេញ៖ ការកំណត់គោលដៅជាពីរទីតាំង សម្រាប់ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប គឺជាកំណត់គោលដៅ ក្នុងការវាស់ស្ទង់ការរៀបចំប្រភេទកីឡានេះឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា។ អគ្គលេខាធិការរូបនេះបន្ថែមថា ចំពោះការបែងចែកជាពីរទីតាំង សម្រាប់កង់គួក និងកង់ភ្នំ ក្នុងខេត្តសៀមរាបនេះ គឺការវាស់ស្ទង់នៃគម្រោងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅខេត្តសៀមរាបអំណោយផលខ្លាំងដល់ការប្រកួតស៊ីហ្គេម ២០២៣ ហើយសហព័ន្ធបានកំណត់គោលដៅខេត្តសៀមរាប គឺជាជម្រើសទី១ ក្នុងចំណោមខេត្តសក្តានុពលមួយចំនួនទៀត នៃការប្រកួតកង់គួក-កង់ភ្នំ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។
សម្រាប់ពីរទីតាំងនេះ រួមមាន សម្រាប់ប្រភេទកង់គួក ត្រូវប្រកួតនៅពេលព្រឹក ដោយត្រូវចេញដំណើរ-ដល់ទី នៅម្តុំព្រះអង្គចេកព្រះអង្គចម ដោយជិះចូលទៅតំបន់អង្គរ ខណៈប្រភេទកង់ភ្នំនឹងត្រូវប្រកួត នៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយនៅតំបន់នោះ គឺជាកន្លែងហ្វឹកហាត់បិទខ្ទប់របស់ក្រុមកីឡាករ កីឡាការិនិជម្រើសជាតិទោចក្រយាន។ ២ទីតាំងនេះត្រូវបានកំណត់ជាគោលដៅអាទិភាពទី១ សម្រាប់រៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
«សហព័ន្ធកីឡាទោចក្រយានកម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីប្រចាំឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។ បើទោះបីជាសហព័ន្ធកីឡាជាតិត្រេកអរនឹងការបើកដំណើរការលើគ្រប់វិស័យឡើងវិញបែបនេះ ក៏ការប្រកួតជើងឯកថ្នាក់ជាតិ នាចុងខែធ្នូ ខាងមុខនេះនឹងគោរពទៅតាមវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនបំផុត»។ នេះជាការលើកឡើងបន្ថែមរបស់លោក នូ ចំរើន។
លោកគូសបញ្ជាក់ទៀតថា អ្វីដែលសំខាន់ក្នុងបរិបទកូវីដ-១៩នេះ សហព័ន្ធនឹងបន្តការអនុវត្តសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួតនាខែក្រោយនេះ តាមគន្លងថ្មីនៃវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះសហព័ន្ធក៏ត្រៀមបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងសម្រាប់មន្ត្រីបច្ចេកទេសជាច្រើនវគ្គទៀត។ គោលដៅរួមទាំងនេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
សម្រាប់គម្រោងលម្អិតនៃការប្រកួតជើងឯក ក្នុងគន្លងថ្មី ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតថ្នាក់ជាតិនេះត្រូវបានលោកអគ្គលេខាធិកាដដែលអះអាងថា សហព័ន្ធនឹងតម្រូវឲ្យកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ត្រូវគោរពវិធានការសុខាភិបាល ដូចជាតម្រូវឲ្យពាក់ម៉ាស រក្សាគម្លាត ហើយត្រូវបង្ហាញកាតចាក់វ៉ាក់សាំងដូសមូលដ្ឋានយ៉ាងតិច២ដង ជូនដល់ក្រុមការងារបច្ចេកទេសរៀបចំ ដើម្បីបង្ការពីជំងឺកូវីដ-១៩នេះ៕ (រូបភាពឯកសារជើងឯកថ្នាក់ជាតិ ២០២០)
Cambodia 2023 11 September 2019 សហព័ន្ធខ្មែរកីឡាទោចក្រយានត្រៀមកីឡាករ ៦នាក់ ចូលរួមប្រកួតក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន
CAMSOC-ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាទោចក្រយានកំពុងបង្កើនការហ្វឹកហាត់ ដល់ក្រុមកីឡាករជម្រើសជាតិរបស់ខ្លួនចំនួន៦នាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន គូសបញ្ជាក់ថា កីឡាករប្រណាំងកង់ទាំង ៦នាក់ កំពុងបោះជំរំហ្វឹកហាត់នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តសៀមរាប ខេត្តកែប និង លើភ្នំបូកគោ ខេត្តកំពត ដើម្បីបង្កើនកម្រិតបច្ចេកទេសឲ្យកាន់តែល្អប្រសើរ សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតនៅក្នុងស៊ីហ្គេម ចុងឆ្នាំ២០១៩នេះ។
សម្រាប់កីឡាករទាំង ៦នាក់ ដែលហ្វឹកហាត់ត្រៀមនេះ រួមមាន៖ កីឡាករប្រភេទកង់គួក យឿន សីហា, យឿន ភីយុទ្ធ, សាន ណាម៉ាវ និង គឹម ចាន់ធូ និងប្រភេទកង់ភ្នំ មានកីឡាករ ហួត លយរស្មី និងកីឡាករ សាំង សីហា ក្រោមដឹកនាំបង្ហាត់ពីគ្រូបង្គោល លោក ផេង ប៉ូលីន និងគ្រូជំនួយលោក ហុង ច័ន្ទមករា។ កីឡាករជម្រើសជាតិទោចក្រយានទាំង ៦នាក់ នេះ គឺជាម្ចាស់ជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិកន្លងទៅ។
គួរបញ្ជាក់ថា ប្រភេទកីឡាប្រណាំងកង់នេះ ស្ថិតនៅក្នុងប្រភេទកីឡាទាំង៣០ ដែលក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមបញ្ជូនសម្រាប់ការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយក្នុងនោះមាន ៩ប្រភេទកីឡា ត្រូវបានចាត់ចូលជាប្រភេទកីឡាសក្តានុពល ក្នុងការដណ្ដើមមេដាយ មានដូចជា កីឡាតេក្វាន់ដូ-WT ប្រដាល់គុនខ្មែរ និងប៉េតង់ជាដើម ដែលធ្លាប់យកឈ្នះ មេដាយមាស កាលពីស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី៕
No comments:
Post a Comment