Showing posts with label គណបក្សខ្មែរស្រលាញ់ជាតិ. Show all posts
Showing posts with label គណបក្សខ្មែរស្រលាញ់ជាតិ. Show all posts

Monday, January 6, 2020

គណបក្សខ្មែរស្រលាញ់ជាតិ

មករា ០៦ ឆ្នាំ ២០២០៖ ក្រសួងមហាផ្ទៃ យល់ព្រមឱ្យក្រុមអតីតថ្នាក់ដឹកនាំ CNRP បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ហើយស្នើឱ្យរៀបចំឯកសារចុះបញ្ជីស្របតាមច្បាប់ (ភ្នំពេញ)៖ ទីបំផុត ! ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានយល់ព្រមឱ្យ អតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងនោះ បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ហើយ ប៉ុន្តែក្រសួងតម្រូវឱ្យតំណាងគណបក្សនេះរៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជីតែម្តង។

លិខិតឆ្លើយតបក្រសួងមហាផ្ទៃ បានធ្វើបន្ទាប់ពីតំណាងអតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ លោក ខឺយ ស៊ីនឿន បានដាក់ពាក្យសុំបង្កើត«គណបក្សខ្មែរស្រឡាញ់ជាតិ» ដោយប្រើប្រាស់អក្សកាត់មួយគឺ គ.ខ.ស.ជ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ លិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើទៅកាន់ លោក ខឺយ ស៊ីនឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកតំណាងស្ថាបនិកគណបក្ស ជ្រាបថាក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ឈ្មោះសរសេរជាអក្សរកាត់ (គ.ខ.ស.ជ) មានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១៧ បេ១០ ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
មករា ០៤ ឆ្នាំ ២០២០៖ អ្នកវិភាគ​មើល​ឃើញ​ថា គណបក្ស​ថ្មី​របស់​ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ដែល​ជា​អតីតមន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ហើយ​គណបក្ស​នោះ​នឹង​មាន​វាសនា ដូច​គណបក្ស​គ្មាន​កៅអី​ក្នុង​រដ្ឋសភា​ដទៃ​ទៀត​ដែរ។ ការ​លើកឡើង​នេះ ក្រោយពេល​ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ខ្លះ បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២ មករា។ សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា អតីតមន្ត្រី និង​អតីត​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ គ្មាន​ឱកាស​បាន​ស៊ី​កេរ្តិ៍ គណបក្សប្រឆាំង​ឡើយ ដោយសារ​ពលរដ្ឋ គ្មាន​និន្នាការ​គាំទ្រ​គណបក្ស​ថ្មី ក្រៅពី​សង្គ្រោះ​ជាតិ​។ លោក បុង ដែត ថា មិន​ត្រឹមតែ​គ្មាន​ការ​គាំទ្រ​ទេ តែ​គណបក្ស​ថ្មី​នេះ នឹង​រង​ការរិះគន់​ពី​ពលរដ្ឋ​យ៉ាង​ចាស់ដៃ បន្ថែម​ទៀត​ផង។

អ្នកវិភាគ​រូប​នេះ អះអាង​ថា ក្នុង​បរិបទ​បច្ចុប្បន្ន ពលរដ្ឋ​មិនទាន់​អស់​ជំនឿ​លើ លោក សម រង្ស៊ី និង លោក កឹម សុខា ទេ ហើយ​ពួកគេ មិន​ត្រូវការ​គណបក្ស​នយោបាយ​ថ្មី ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។ ដូច្នេះ ការ​បង្កើត​គណបក្ស​ថ្មី​នេះ នឹង​ក្លាយ​ជា​ការ​សើចចំអក​ពី​ពលរដ្ឋ និង​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នកនយោបាយ​ទាំងនោះ កំពុង​ឆ្លៀតឱកាស​ច្បាម​ដណ្ដើម​កេរ្តិ៍​បក្ស​ប្រឆាំង ឬ​បង្ហាញ​ពី​ចេតនា​បម្រើ​នយោបាយ គណបក្ស​កាន់អំណាច​«​គណបក្ស​ថ្មី ដែល​បង្កើត​ឡើង​នេះ មិន​ខុស​ពី​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (​រួមដៃ​គ្នា ទទួលស្គាល់​ការ​រំលាយ​បក្ស​ប្រឆាំង)។

តំណាងរាស្ត្រ​ជាប់ឆ្នោត ២​នាក់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន សរុប​មាន​គ្នា ៨​នាក់ បាន​ប្រកាស ជា​ស្ថាបនិក​គណបក្ស​ថ្មី​មួយ ឈ្មោះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ឬ ជា​ភាសា​អង់គ្លេស​ថា (the Cambodian Nation Love Party ឬ CNLP) ដោយ​បាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​ថ្មី​នេះ នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២ ខែ​មករា​។ ក្រុម​ស្ថាបនិក​គណបក្ស​នយោបាយ​ថ្មី​នេះ ដោយ​អះអាង​ក្នុង​សន្និសីទកាសែត កាល​ពី​រសៀល​ថ្ងៃទី២ ខែ​មករា ថា ការ​បង្កើត​គណបក្ស​ថ្មី ព្រោះ​ចង់​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឡើង​វិញ។

ប្រធាន​ក្រុម​ស្ថាបនិក​គណបក្ស​នយោបាយ​ថ្មី​នេះ គឺជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជីវ កត្តា លើកឡើង​ក្នុង​សន្និសីទកាសែត​នោះ ថា​គណបក្ស​ថ្មី​នេះ មានបំណង​បន្ត​គោលដៅ​គណបក្ស​សង្គ្រោះ​ជាតិ បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ ផ្សះផ្សា​ជាតិ និង​តស៊ូ​មតិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

បើ​ការ​ដាក់​ស្នើសុំ​ចុះបញ្ជី​គណបក្ស​នេះ ត្រូវ​បាន​យល់ព្រម​ពី​ក្រសួងមហាផ្ទៃ ឱ្យ​បើក​គណបក្ស​មែន គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ នឹង​ក្លាយ​ជា​គណបក្ស​នយោបាយ​ទី​៣ ដែល​បង្កើត​ឡើង ដោយ​ក្រុម​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​គណបក្សប្រឆាំង​ដែល​មាន​កម្លាំង​គាំទ្រ​ប្រហាក់ប្រហែល​គណបក្ស​កាន់អំណាច​មួយ​នេះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រម្លាយ​ចោល កាលពី​ឆ្នាំ​២០១៧។

គណបក្ស​នយោបាយ​ដំបូង ដែល​បង្កើត​ដោយ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ​ដែរ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះជាតិ​គឺ​លោក គង់ គាំ ដែល​បង្កើត​នៅ​ឆ្នាំ២០១៨​។ ប៉ុន្តែ មិន​ទទួល​បាន​អាសនៈ​សភា​មួយ​អាសនៈ​នោះ​ឡើយ ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​កាលពី​ខែ កក្កដា ឆ្នាំ ២០១៨​នោះ​។ បន្ទាប់​មក​ទៀត គឺ​គណបក្ស​ខ្មែរ​អភិរក្សនិយម របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដែល​លោក​បង្កើត​នៅ​ឆ្នាំ​២០១៩ ក្រោយ​លោក​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ គណបក្ស​នយោបាយ​ទាំង ២​នេះ សុទ្ធតែ​តែ​ប្រកាស​អះអាង​ប្រាប់​សាធារណជន​ថា ជា​ព្រលឹង​របស់​គណបក្ស​សង្គ្រោះជាតិ។

សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស មិន​ពេញចិត្ត​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មីៗ​ឡើយ ដោយ​ហៅ​អ្នកបង្កើត​បក្ស​ថ្មី​ទាំងនេះ​ថា ជា​ក្រុម​ស៊ីពែ ឬ​ជន​មិន​ស្មោះត្រង់​ជាមួយ​ពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​។ ពួកគេ​បង្ហោះ​សារ​ឌឺដង​ក្នុង​ហ្វេសប៊ុក (facebook) ថា ការ​បង្កើត​គណបក្ស​ថ្មីៗ​ទាំងនេះ គឺ​គ្រាន់តែ​ដើម្បី​ទទួល​បាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ឬ​ចង់បាន​តំណែង​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន ឬ​ធ្វើតាម​នយោបាយ​បំភាន់​មតិ​សាធារណជន និង​បំបែកបំបាក់​សំឡេង​ប្រឆាំង​តែប៉ុណ្ណោះ។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈរស្មី អះអាង​ថា ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងនោះ ខំប្រឹង​បង្កើត​គណបក្ស​ថ្មី ដើម្បី​ផ្គាប់ចិត្ត និង​ធ្វើតាម​បញ្ជា​គណបក្ស​កាន់អំណាច​។ លោក​ថា ពលករ និង​សកម្មជន​បក្ស​ប្រឆាំង គ្មាន​គាំទ្រ​គណបក្ស​ណាមួយ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ព្រោះ​ពួកគេ​សុទ្ធតែ​ដឹង​ថា មានតែ​លោក កឹម សុខា និង លោក សម រង្ស៊ី រួមគ្នា​តែប៉ុណ្ណោះ ទើប​អាច​យកឈ្នះ លោក ហ៊ុន សែន បាន៖ «មិន​ថា អស់លោក​ណា​ទេ ដែល​ទៅ​បើក​គណបក្ស​ថ្មី ឬក៏​ទៅ​ធ្វើ​អ្វី​ថ្មី ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង គាំទ្រ អាហ្នឹង​អត់​ទេ​។ បើ​ចំពោះ​នៅ​ក្នុង​ប្រទេស​ថៃ យើង​ប្រកាន់​ភ្ជាប់ លោក​ប្រធាន​ទាំង​២ លោក​ប្រធាន កឹម សុខា លោក​ប្រធាន សម រង្ស៊ី ជា​និម្មិត​រូប​របស់​គណបក្ស​សង្គ្រោះជាតិ»។

ជុំវិញ​សំណើសុំ​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់​ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ខាងលើ​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី៣ ខែ មករា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។

ទោះ​យ៉ាងណា របប​ក្រុងភ្នំពេញ បាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ថា​គណបក្ស​ថ្មី ត្រូវ​រង់ចាំ​១៥​ថ្ងៃ ដើម្បី​យក​លិខិតអនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ទៅ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ ឱ្យ​បាន​ចំនួន​ប្រាំ​រយ (៥០០) ស្នាម​មេដៃ ដាក់​ជូន​ក្រសួងមហាផ្ទៃ​វិញ​។ ដូច្នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ នឹង​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ពី​ក្រសួង​មហាផ្ទៃ​រយៈពេល ២​សប្ដាហ៍​ទៀត។

ចំណែក​ឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឯណោះ​ទៅវិញ ធ្លាប់​បាន​ថ្លែង​ថា​គណបក្ស​នយោបាយ​ដែល​បង្កើត​ថ្មី ហើយ​អះអាង​ថា ជា​ស្មារតី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​គ្រាន់តែ​ជា​អំពិលអំពែក ដែល​ភ្លឹបភ្លែត​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​រួចមក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨ នាក់​ត្រូវ​បាន​របប​នេះ ហាមប្រាម​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​។ ប៉ុន្តែ ក្រោយ​រង​សម្ពាធ​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ និង​ផ្តល់​នីតិសម្បទារ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់​នោះ​ឡើង​វិញ របប​លោក ហ៊ុន សែន បាន​សម្រួល ដើម្បី​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​រង​បម្រាម​សិទ្ធិ​នយោបាយ​ទាំងនោះ អាច​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​ត្រូវ​បើក​គណបក្ស​ថ្មី​ទើប​ព្រម។

រហូត​មក​ដល់​ពេលនេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដល់ ១០% ទេ​ដែល​ព្រម​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ​។ ក្នុង​ចំណោម​អ្នក ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ មិន​ដល់ ១០ នាក់​នេះ បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​រហូតដល់​ទៅ​បី​ផ្សេងៗ​គ្នា រួចទៅ​ហើយ បើ​ទោះ​បី​ជា​អ្នក​ទាំងនោះ អះអាង​ថា នៅ​បន្ត​រក្សា​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​ក៏ដោយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​គណបក្សប្រឆាំង​ស្ទើរតែ​ទាំងអស់​ដែល​រង​បម្រាម​នយោបាយ ក៏​នៅតែ​មិន​ព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ឬ​ទៅ​បង្កើត ឬ​ចូលរួម​ជាមួយ​គណបក្ស​ដែល​បង្កើត​ថ្មី​ណាមួយ​នោះ​ឡើយ ដោយ​ស៊ូទ្រាំ​ចាំ​គណបក្ស​សង្គ្រោះ​ជាតិ បើក​ដំណើរការ​ឡើងវិញ ឬ​បន្ត​ការ​ស្ងៀមស្ងាត់​តទៅទៀត។

ចំណែក​ឯ ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចន្ទពៅរ៉ូហ្ស៊េត ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​មន្ត្រី​គណបក្ស​កាន់អំណាច បាន​សរសេរ​ជា​កំណាព្យ លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា ថា​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី កញ្ញា​សូម​​បញ្ជាក់​សេចក្ដី ទោះ​កញ្ញា​ជា​ស្រី ជា​យុវតី កញ្ញា​ក៏​មិន​រត់​ទៅ​ណា​ទៅ​ណី ទៅ​រក​បក្ស​ណា​ថ្មី ក្រៅពី​សង្គ្រោះ​ជាតិ​ឡើយ​។ កញ្ញា​បញ្ជាក់​ទៀត​ថា កាលណា​គ្មាន​សង្គ្រោះ​ជាតិ កញ្ញា​សុខចិត្ត​រស់នៅ​ត្បិតត្បៀត ជា​ពលរដ្ឋ​សាមញ្ញ៕
១២ ធ្នូ ឆ្នាំ ២០១៩ ក្រុមអតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសអំពីផែនការត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ភ្នំពេញៈ ក្រុមអតីតតំណាងរាស្ត្រ និងអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសង្គ្រោះជាតិ បានប្រកាសអំពីផែនការត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ដែលជាគណបក្សប្រឆាំងនៅក្នុងពេលខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានត្រៀមរៀបចំបង្កើតគណបក្សថ្មី បានបង្ហាញឈ្មោះមនុស្សចំនួន០៨នាក់ ដែលជាអតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះ រួមមានៈលោក កង គឹមហាក់ , លោកជីវ កត្តា ដែលជាអតីតតំណាងរាស្ត្រ និងលោកស៊ឹម សុវណ្ណនី ដែលជា អតីតសមាជិកគណៈកម្មាធិការនាយកផងដែរ។

December 12, 2019 : ក្រុមអតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើតគណបក្សថ្មីមួយ (Video inside)(ភ្នំពេញ)៖ ក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញនោះ បានប្រកាសបង្កើតគណបក្សថ្មីមួយ ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។ 

02 March 2018 លោក​ កង គឹមហាក់​៖ ខ្ញុំ​នឹកភ្នក ហើយ​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​ឱកាស​អង្គុយ​កៅអី​រដ្ឋសភា ការប៉ង​ប្រាថ្នា បូក​នឹង​ការតស៊ូ ពេល​ខ្លះ​នឹង​ទទួល​បាន​ជោគជ័យ​ដូច​ក្តី​បំណង ប៉ុន្តែ​ភាព​ជោគជ័យ នោះ​ស្ថិត​នៅ​ជាមួយ​បុគ្គល​អ្នក ប៉ងប្រាថ្នា​រយៈពេល​យូរ​ប៉ុន​ណា​មិន​អាច​កំណត់​បាន​ឡើយ​។ យ៉ាងណា​មិញ​យុវជន​ កង គឹមហាក់ បាន​ជួប​នឹង​ភាពជោគជ័យ​ក្នុង​ជីវិត​ដូច​ក្តី​ប្រាថ្នា ដែល​ការ​ស្រមៃ​នោះ គឺ​លោក​ចង់​ក្លាយ​ជា​តំណាងរាស្ត្រ​តាំងពី​លោក​ស្ថិត​ក្នុង​ភាព​ជា​យុវវ័យ ហើយ​ក៏​បាន​សម្រេច​ដូច​បំណង​មែន ប៉ុន្តែ​ការពិត​ដែល​កើតឡើង​សម្រាប់​លោក​មិន​ស្ថិតស្ថេរ​ក្នុង​រយៈពេល​មួយ​ដែល​ចង់​បាន​។

ពិតណាស់​អតីត​តំណាងរាស្ត្រ​ កង គឹមហាក់ មុន​ជាប់​ឆ្នោត​ក្លាយ​ជា​តំណាងរាស្ត្រ លោក​ធ្លាប់​បាន​ស្រមៃ​គិត​ដល់​រឿង​ធ្វើ​នយោបាយ​ដើម្បី​បាន​ក្លាយជា​តំណាងរាស្ត្រ​។ មិន​យូរ​ប៉ុន្មាន​ក្តី​ប្រាថ្នា​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត​ដែល​នាំ​ឲ្យ​លោក​ក្លាយ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​កាលពី​បោះឆ្នោត​ឆ្នាំ​ ២០១៣ ​ក្នុង​អាណត្តិ​ទី​ ៥​។

ប៉ុន្តែ​ភាព​ជោគជ័យ​នេះ​នៅ​ជាមួយ​លោក​ប្រមាណ​ជាង​ ២ ​ឆ្នាំ​ប៉ុណ្ណោះ​ពោល​គឺ​លោក​បាន​អង្គុយ​កៅអី​តំណាងរាស្ត្រ​រយៈពេល​ប្រមាណ​ពាក់​កណ្តាល​អាណត្តិ​ ៥ ​ឆ្នាំ​។ ខណៈ​ពេល​ដែល​កំពុង​ស្រមៃ​ចង់​ក្លាយ​ជា​តំណាងរាស្ត្រ​កាលពី​ជាង​ ១០ ​ឆ្នាំ​មុន​លោក​​ កង គឹមហាក់ ធ្លាប់​ធ្វើ​ជា​ជំនួយការ​អតីត​តំណាងរាស្ត្រ​លោក​ ជាម ច័ន្ទនី​។

កាល​នោះ​លោក​នៅ​ក្រោម​ដំបូល​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ប៉ុន្តែ​ដោយសារ​តែ​មហិច្ឆតា​ចង់​ទៅ​អង្គុយ​កៅអី​ក្នុង​រដ្ឋសភា​ដែល​ជា​តំណាងរាស្ត្រ លោក​បាន​ចាកចេញ​ពី​ការងារ​ជា​ជំនួយការ ហើយ​មក​ធ្វើ​ជា​សមាជិក​គណបក្ស​នយោបាយ​ក្នុង​បក្សប្រឆាំង​មួយ​ទៀត​គឺ​បក្ស​សិទ្ធិមនុស្ស​របស់​លោក​ កឹម សុខា ​។

ក្រោយ​ពី​ចាកចេញ​ពី​លោក​ ជាម ច័ន្ទនី ក្នុង​ដំបូល​គណបក្ស​ សម រង្ស៊ី ជាមួយ​គ្នា​នោះ​លោក​ កង គឹមហាក់ បាន​ភ្ជាប់​ទំនាក់​ទំនង​ដើម្បី​បន្ត​ធ្វើ​នយោបាយ​ជាមួយ​អតីត​តំណាងរាស្ត្រ​លោក​ ម៉ៅ មុនីវណ្ណ នា​ឆ្នាំ​ ២០១១​។

កាល​នោះ​លោក​ ម៉ៅ មុនីវណ្ណ បាន​ចាកចេញ​ពី​បក្សប្រឆាំង​សម រង្ស៊ី ទៅ​បន្ត​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​មួយ​ទៀត​ដែរ ​គឺ​បក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​លោក​ កឹម សុខា ហើយ​ពេល​នោះ​លោក​ កង គឹមហាក់ ក៏​បាន​ទៅ​បន្ត​ជីវិត​នយោបាយ​ជាមួយ​គ្នា​ក្រោម​ដំបូល​គណបក្ស​សិទ្ធិមនុស្ស​ដោយ​បាន​ទទួល​តួនាទី​ជា​ប្រធាន​បក្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ មុន​គណបក្ស​ទាំង​ ២ ​រួម​កម្លាំង​គ្នា​នា​ឆ្នាំ​ ២០១២ ដែល​ដាក់​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​តទល់​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​។

ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​លោក​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្លាស់ប្តូរ​ឲ្យ​មក​ជួយ​ក្រុម​ការងារ​បក្ស​ខេត្ត​កំពង់ចាម​ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​ ១០ ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៅ ខេត្ត​កំពង់ចាម ឆ្នាំ​ ២០១៣​។

លោក​និយាយ​ថា​៖ «​បើ​ខ្ញុំ​នៅ​ជាមួយ​ឯកឧត្តម​ ជាម ច័ន្ទនី ទៀត​ខ្ញុំ​មាន​ឱកាស​ត្រឹម​តែ​ធ្វើ​ជា​សហការី​ជំនួយការ​អី​គាត់​ប៉ុណ្ណឹង ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តី​ស្រមៃ​របស់​ខ្ញុំ​ថា ខ្ញុំ​ថ្ងៃ​ណា​មួយ​នឹង​ក្លាយ​ខ្លួន​ទៅ​​ជា​តំណាងរាស្ត្រ​ដូច​ ជាម ច័ន្ទនី ដែរ​។ ខ្ញុំ​ចាំ​មិន​ភ្លេច ពេល​ដែល​ឯកឧត្តម​ ជាម ច័ន្ទនី ឲ្យ​ខ្ញុំ​ដើរ​មើល​សភា​ហ្នឹង​ពី​បន្ទប់​មួយ​ទៅ​បន្ទប់ មួយ​រហូត​ទៅ​ដល់​សាលប្រជុំ​ដែល​គេ​កំពុង​តែ​រៀបចំ ព្រោះ​សភា​ហ្នឹង​គេ​កំពុង​ដេគ័រ​ក្នុង​សាលប្រជុំ​សភា​ហ្នឹង​»​។
លោក​ កង គឹមហាក់ ថ្លែង​ថា​៖ «​ហើយ​ខ្ញុំ​មាន​ជំនឿ​ថា ខ្មែរ​យើង​អាច​ជជែក​គ្នា​បាន​នៅ​ក្នុង​កាលៈទេសៈ​មួយ​ដើម្បី​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ហ្នឹង​ឲ្យ​បាន​រីកចម្រើន​ទាំងអស់​គ្នា​ទៅ​ហើយ​ខ្ញុំ​ជឿ​ថា បើ​សិន​ជា​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​ទេ នេះ​បង្ហាញ​ថា​ស្ថានភាព​ប្រទេស​កម្ពុជា នឹង​រអិល​ធ្លាក់​ចេញ​ពី​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិភពលោក​ហើយ​»​។

បើ​តាម​លោក​ កង គឹមហាក់ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​មន្ត្រី​ជាន់ខ្ពស់​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ដក​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ ទាំង​ថ្នាក់ដឹកនាំ​បក្ស​ក៏​ដូចជា​សមាជិក​នៅ​មូលដ្ឋាន​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​រៀងៗ​ខ្លួន​ដោយសារ​តែ​មាន​ការ​គំរាមកំហែង​ផង និង​ការអូសទាញ​ផង​។

ការព្រួយបារម្ភ​នេះ គឺ​ដោយសារ​ថា​ភាគច្រើន​នៃ​ថ្នាក់ដឹកនាំ​ក៏ដូចជា​សកម្មជន និង​សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចុះ​ចូល​ទៅ​តាម​ការ​លួងលោម​ ឬ​អូសទាញ​ពី​សំណាក់​មន្ត្រី​របស់​គណបក្ស​កាន់អំណាច​។ ហេតុ​ដូច្នេះ​បាន​ជា​ថ្នាក់ដឹកនាំ​ថា្នក់​ជាតិ​ក៏​ដូចជា​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​សម្រេចចិត្ត​ភៀស​ខ្លួន​ចេញ​ក្រៅប្រទេស ឬ​ភៀស​ខ្លួន​ចេញ​ពី​ភូមិឋាន​ដើម្បី​គេចវេះ​ពី​ការ​គំរាមកំហែង​។

09 March 2018 កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ លោក កង គឹមហាក់ ដែល​ជា​អតីត​តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​បង្ហាញ​ពី​ដំណើរ​ដើមទង​នៃ​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​លោក​រួច​មក​ហើយ​រហូត​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ដោយ​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ ខណៈ​អតីតមន្ត្រី​ក្នុង​បក្ស​នេះ​ចំនួន​ ១១៨ ​រូប​ត្រូវ​បាន​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​

ដោយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ដែរ​លោក គឹម ហាក់ មិន​បាន​បំពាន​លើ​បម្រាម​​នោះ​ទេ ប៉ុន្តែ​ជា​ទស្សនៈ​របស់​លោក​យល់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តែ​ទន្ទឹង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្វីបើ​ពេល​នេះ​នៅ​មាន​គណបក្ស​ចូលរួម​បោះឆ្នោត​មួយ​ចំនួន​ក៏ដោយ តែ​លោក​ថា​នោះ​ដូចជា​មិនមែន​ជា​គូប្រកួត​ពិតជា​មួយ​គណបក្ស​កាន់អំណាច​ឡើយ​។

ទាក់ទង​នឹង​ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ២៥ ខែ​​កុម្ភៈ ថ្មីៗ​នេះ​ក៏​ដូចជា ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​លោក កង គឹមហាក់ មិន​ចាត់ទុក​គណបក្ស​ឯទៀតៗ​ដែល​ចូលរួម​ប្រកួត​ដែរ​នោះ​ជា​គូប្រកួត​របស់​បក្ស​កាន់​អំណាច​នោះ​ទេ ក្រៅតែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ វត្តមាន​របស់​គណបក្ស​តូចៗ​ដទៃ​ទៀត​នៅក្នុង​ការប្រកួត​ប្រជែង​បោះឆ្នោត​នោះ គឺ​គ្រាន់តែ​ជា​ការ​ធ្វើឲ្យ​មាន​ពហុបក្ស​តែ​ប៉ុណ្ណោះ ឯ​សមត្ថភាព​របស់​បក្ស​ទាំង​នោះ​មិន​អាច​ទៅ​ដណ្តើម​អាសនៈ​រដ្ឋសភា​ពី​គណបក្ស​កាន់​អំណាច​​បាន​ទេ​។

លោក​ថ្លែង​ថា​៖ «​បើសិន​ជា​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ ​ទេ យើង​ឃើញថា​ការបោះឆ្នោត​ហ្នឹង​គឺ​មិន​មាន​ប្រជាធិបតេយ្យ មិន​យុត្តិធម៌ មិន​ត្រឹមត្រូវ​ទេ ដោយសារ​ថា គូប្រកួត​មាន​តែ​​មួយ មាន​តែ​គណបក្ស​កាន់អំណាច​មួយ ហើយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​មាន​សក្តានុពល​ទៅ​ប្រកួតប្រជែង​ដើម្បី​ឈ្នះ​​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​។ អ៊ីចឹង​​យើង​ឃើញ​ថា​ការបោះឆ្នោត​ហ្នឹង​មិន​អាច​ទទួល​យក​បាន​​ទេ វា​លើ​គោក​ពេក​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​ជឿ សូម្បី​តែ​អន្តរជាតិ​ក៏​គេ​មិន​ជឿ​ដែរ ដោយសារ​ថា គូប្រកួត​ដែល​មាន​គីឡូ​ស្មើគ្នា​ទៅ​ប្រកួត​បាន​មាន​ន័យ មាន​អ្នក​ទស្សនា​ច្រើន បាន​មាន​គេ​ទទួល​ស្គាល់​»​។

ជាមួយ​នឹង​ការលើកឡើង​នេះ​លោក កង គឹមហាក់ ក៏​បាន​ថ្លែង​សំដៅ​ទៅ​រក​ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ​ឆ្នាំ​នេះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឈ្នះ​ប្រមូល​យក​អាសនៈ​ទាំងអស់​ ៥៨ ​នៅ​ក្នុង​ព្រឹទ្ធសភា​។ លទ្ធផល​ឈ្នះ​មូល​ដូច​នំក្រូច​នេះ លោក កង គឹមហាក់ ចាត់​ទុក​ថា​ជា​លទ្ធផល​ដែល​ត្រូវ​បាន​គេ​ដឹង​មុន​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​ជា​អ្នក​គ្រប់គ្រង​ខ្សែក្រវាត់​ដដែល ប៉ុន្តែ​ជ័យជម្នះ​ដ៏ងាយស្រួល​នេះ​គឺ​បក្ស​កាន់​អំណាច​ឈ្នះ​ដោយ​គ្មាន​គូប្រកួត ឯ​គណបក្ស​មួយ​ចំនួន​​ដែល​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដែរ​នោះ​គ្រាន់តែ​ជា​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប៉ុណ្ណោះ ពីព្រោះ​បក្ស​ទាំង​ ៣ ​នោះ​មិនមាន​ធាតុ​ផ្សំ​អ្វី​ដែល​ជួយ​ឲ្យ​ពួកគេ​ទៅ​ដណ្តើម​បាន​អាសនៈ​ព្រឹទ្ធសភា​នោះ​ឡើយ​។

លោក​ថ្លែង​ថា​៖ «​បោះឆ្នោត​ព្រឹទ្ធសភា យើង​ឃើញ​ថា​អត់​មាន​គណបក្ស​ណា​ទៅ​ប្រកួត​ប្រជែង​ឈ្នះ​គណបក្ស​កាន់​អំណាច​ទេ លទ្ធផល​ហ្នឹង​គេ​ដឹង​មុន​ហើយ​។ ដោយ​ឡែក​គណបក្ស​ ៣ ​ទៀត​ទៅ​ចូលរួម​​ប្រកួតប្រជែង​ហ្នឹង​គេ​មើល​ឃើញ​ថា អត់​អាច​ទៅ​បោះឆ្នោត​បាន​កៅអី​ព្រឹទ្ធសភា​ទេ ដោយសារ​តែ​គាត់​អត់​មាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​សម្រាប់​ទៅ​បោះឆ្នោត ដើម្បី​យក​តំណែង​ព្រឹទ្ធសភា​ហ្នឹង​ទេ​»​។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​ជា​ការ​បោះឆ្នោត​អសកល​ដែល​មាន​អង្គ​បោះឆ្នោត​ចេញពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាងរាស្ត្រ ដូច្នេះ​បក្ស​ដែល​ចូលរួម​បោះឆ្នោត​នោះ​មិន​មាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាងរាស្ត្រ​បូក​ទៅ​បាន​មួយ​កៅអី​ផង រឿង​អី​គណបក្ស​ទាំង​នោះ​ឈ្នះ​បាន​កៅអី​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​ការបោះឆ្នោត​ [​ជាតិ​] ​ឆ្នាំ​ ២០១៨ ​ក៏​ដូចគ្នា​ដែរ បើ​មិន​មាន​វត្តមាន​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​ជាង​ ៣ ​លាន​នាក់​ទៅ​ចូលរួម​ការបោះឆ្នោត​ទេ លទ្ធផល​ដូច​គ្នា​នឹង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​ ៤ ​នេះ​ដែរ​»​។

លោក កង គឹមហាក់ លើក​ឡើង​ថា​៖ «​ឆ្លុះ​បញ្ចាំង​ថា ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ហើយ​ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​នៅ​តែ​ទន្ទឹង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ស្ថានភាព​នយោបាយ​ពេល​នេះ​​គឺ​អាច​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ឬ​មិន​បាន​អាស្រ័យ​លើ​បរិយាកាស​នយោបាយ​មុន​ការបោះឆ្នោត​»​។

លោក គឹមហាក់ បញ្ជាក់​ថា​៖ «​ការអូសទាញ​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​គេ​មិន​ទាន់​រំលាយ​នោះ​មិន​បាន​ច្រើន​រហូត​ដល់​គេ​អូស​ទាញ​អ្នក​ដែល​មាន​លំដាប់​លេខ​រៀង​អត់​ជាប់​ហ្នឹង​ផ្តល់​ផលប្រយោជន៍ ​និង​ការសន្យា​អី​មួយ​ចំនួន​»​។

លោក​បន្ថែម​ថា​ លោក​មិន​បាន​ក្តាប់​តួលេខ​ច្បាស់លាស់​អំពី​ចំនួន​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន ដែល​ត្រូវ​បាន​បក្ស​កាន់អំណាច​អូសទាញ ឬ​ទិញ​ទឹកចិត្ត​បាន​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា មាន​សមាជិក​​តិច​បំផុត​ ឬ​មិន​ដល់​ ១០ ​ភាគរយ​ផង ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ដោយសារ​ការអូសទាញ​នោះ​។

ក្រោយពី​គណបក្ស​ត្រូវ​បាន​រំលាយ មេដឹកនាំ​មួយ​ចំនួន​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​ទៅ​រក​ប្រក្រតីភាព​វិញ​។ ​ដោយឡែក ​ថ្នាក់​ដឹកនាំ និង​សមាជិក​ដែល​នៅក្នុង​ប្រទេស​គឺ​ស្មារតី និង​មនសិការ​របស់​ពួកគេ​មិន​រលាយ​ដូច​គណបក្ស​ឡើយ​។ អ្នក​នៅក្នុង​ស្រុក​ស៊ូ​អត់ធ្មត់​មិន​ធ្វើ​សកម្មភាព​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ចោទប្រកាន់​នោះ​ទេ​។

សម្រាប់​ការចាកចេញ​ក្រៅ​ប្រទេស​លោក កង គឹមហាក់ បាន​សម្រេច​ហើយ​ថា លោក​នឹង​មិន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ប្រទេស​កំណើត​ឡើយ បើ​ទោះបី​ស្ថានភាព​នយោបាយ​កំពុង​ឡើង​កម្ដៅ និង​ប្រឈម​នឹង​ការគំរាមកំហែង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​ត្រូវ​បែក​ខ្ញែក​ក៏ដោយ​។ មូលហេតុ​ដែល​លោក​សម្រេច​មិន​ចាកចេញ​ពី​ស្រុកកំណើត​ពីព្រោះ​ថា​ក្រោយ​ពី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​រូបលោក​ផ្ទាល់​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​នោះ គឺ​លោក​នឹង​អនុវត្ត​គោរព​ទៅ​តាម​សាលដីកា​ដែល​បាន​ហាមឃាត់ និង ​មិន​ធ្វើ​អ្វី​ឲ្យ​ខុស​នឹង​ច្បាប់​ហាមឃាត់​នោះ​ទេ ដូច្នេះ​លោក​រំពឹង​ថា​នឹង​មិន​មាន​ហានិភ័យ​អ្វី​កើត​​ឡើង​ចំពោះ​រូប​លោក​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ចាត់​​ទុក​ប្រទេស​នេះ​ជា​ប្រទេស​កំណើត​របស់​យើង ហើយ​យើង​ធ្វើ​នយោបាយ​ដើម្បី​ឲ្យ​ប្រទេសជាតិ ហ្នឹង​មាន​ការ​អភិវឌ្ឍ មាន​សិទ្ធិសេរីភាព​ក្នុង​ការ​រស់នៅ​ឲ្យ​​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ឲ្យ​ប្រទេស​ជាតិ​វិវឌ្ឍ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ អ៊ីចឹង​ទេ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​នយោបាយ​នេះ ខ្ញុំ​មិន​ចាកចោល​ទៅ​ណា​ក្រៅតែ​ពី​ស្រុកទេស​កំណើត​របស់​ខ្លួន​ទេ​»​។

ទោះបី​ក្រាញ​មិន​ចាកចេញ​ពី​ស្រុកទេស​ក៏​ពិតមែន ប៉ុន្តែ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ លោក​បាន​សម្តែង​នូវ​ក្តីបារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ ខណៈ​ដែល​ស្ថានភាព​នយោបាយ​មិន​ផ្តល់​នូវ​អំណោយផល​ល្អ​សម្រាប់​ក្រុម​បក្សប្រឆាំង​បែប​នេះ​។ នៅពេល​សួរ​ថា តើ​លោក​ធ្លាប់​ត្រូវ​បាន​គេ​អូសទាញ​ ឬ​រង​នូវ​ការគំរាម​កំហែង​ដែរ​ឬ​យ៉ាង​ណា​នោះ លោក កង គឹមហាក់ ​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។

លោក កង គឹមហាក់ បាន​ចាកចេញ​ពី​ភូមិ​កំណើត​មក​ធ្វើ​នយោបាយ​នា​ឆ្នាំ​ ១៩៩៨ តាមរយៈ​អតីត​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី លោក ជាម ច័ន្ទនី ដោយ​ធ្វើជា​ជំនួយការ​របស់​លោក និង​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​ជាមួយ​លោក ជាម ច័ន្ទនី ជា​រហូត​មក​។ មុន​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នា​ឆ្នាំ​ ២០១៣ លោក​ធ្លាប់​ធ្វើ​ជា​ជំនួយការ​របស់​លោក ជាម ច័ន្ទនី តាំងពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០០៨​។

ដោយ​មាន ​មហិច្ឆតា​ខ្ពស់​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​កំពូល​ដូចជា អ្នក​តំណាងរាស្ត្រ លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​តួនាទី​ជា​ជំនួយការ​របស់​លោក ជាម ច័ន្ទនី ហើយ​ងាក​ទៅ​រក​ប្រកប​មុខរបរ​មួយ​ដើម្បី​រក​ចំណូល​គ្រាន់​បាន​ជា​ដើមទុន​ជួយ​ក្នុង​ការ​បន្ត​ធ្វើ​នយោបាយ​តាម​ដែល​ចិត្ត​ប៉ង ប្រាថ្នា ហើយ​លោក​ក៏​សម្រេច​ប្រកប​មុខរបរ​រកស៊ី​ផង និង​ឆ្លៀត​ពេល​ធ្វើ​នយោបាយ​ផង ដែល​កាល​នោះ​លោក​បើក​ក្រុមហ៊ុន​ជាមួយ​មិត្តភក្តិ​នាំ​រថយន្ត​ចូលមក​លក់ ។

ក្នុង​ឆាកជីវិត​អតីត​តំណាងរាស្ត្រ​រូប​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​គឺ​លោក កង គឹមហាក់ ចូលចិត្ត​ការងារ​នយោបាយ ពាណិជ្ជកម្ម និង​ការងារ​ធ្វើ​ចម្ការ​ច្បារ​ដំណាំ​។

លោក កង គឹមហាក់ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ពី​វិទ្យាល័យ​សុន្ធរម៉ុក​នា​ឆ្នាំ​​ ១៩៩៩ និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញបត្រ​ច្បាប់​កាលពី​ឆ្នាំ​ ២០១១ ពី​សាកលវិទ្យាល័យ​ន័រតុន​។

លោក កង គឹមហាក់ មាន​ដើមកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក​មាន​បងប្អូន​ ៨ ​នាក់ និង​ជា​កូន​ទី ៦ ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្តាយ ជា​កសិករ​។ ក្នុង​វ័យ​ ៣៨ ​ឆ្នាំ​ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​ ២០០៧ និង​មាន​កូន​​ចំនួន​ ៤ ​នាក់​ក្នុង​នោះ​មាន​​ប្រុស​ ៣ ​នាក់ និង​ស្រី​ម្នាក់​ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទុក​នាពេល​​បច្ចុប្បន្ន​នេះ​៕

25 មិនា 2019 លោក​​ ហ៊ុន សែន​ ចោទ​លោក ​កឹម សុខា​ ថា​រារាំង​មិន​​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក​​ហ៊ុន សែន​ បាន​ថ្លែង​​ថា នឹង​មិន​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នោះ​ទេ​ ដោយ​លោក ​ហ៊ុន សែន​ បាន​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ថា​បាន​ហាម​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ មិន​ឲ្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

ភ្នំពេញ — 
លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាស​ថា​ លោក​នឹង​មិន​ដោះលែង​លោក​ កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​នោះ​ទេ​ ដោយ​ចោទ​ថា​ លោក​ កឹម សុខា​ ​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​ទី​២៥ ​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ថ្លែង​ថា​ មន្ត្រី​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ នឹង​មាន​ឱកាស​ធ្វើ​នយោបាយ​ពិត​ប្រាកដ ​តាមរយៈ​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​ ឬ​ តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដោយ​នឹង​មានការ​សម្រួល​ពី​អាជ្ញាធរ​ តែ​ថា មិន​ត្រូវ​ស្ថិត​ក្រោម​រូបភាព​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

លោក​ ហ៊ុន សែន​ ក៏​បាន​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង ​ដែល​មិនព្រម​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សម្ដី ឬ​ សកម្មភាព​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​នយោបាយ​ ដែល​លោក​ថា​ សម្ដី ​ឬ​ សកម្មភាព​ទាំង​នោះ​ជា​ការ​ល្មើស​ទៅ​នឹង​ច្បាប់។​

ទន្ទឹម​នឹង​ចោទ​ថា​ មាន​ការ​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង​ មិន​ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយវិញ​នោះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​ ​តែ​សំដៅ​លើ​លោក ​កឹម សុខា​ថា៖​

«មាន​អា​អ្នក​ខ្លះ​នៅ​ឃុំ​ក្នុង​ផ្ទះ​នៅ​ឡើយ តែ​ព្រមាន​គេ​កុំ​ឲ្យ​សុំ​សិទ្ធិនយោបាយ។​ ចាំហ្អែង​រួច​ខ្លួន​ទៅ! អញ​មិន​ឲ្យ​ហ្អែង​រួច​ខ្លួន​ទេ។ តែ​តុលាការ​កាត់​ហើយ គ្មាន​រញ៉េរញ៉ៃ​ទេ។​ វា​មិន​ដែល​អាណា​ជាប់​ខ្លួន​ហើយ​ សុទ្ធ​តែ​ជេរ​គេ​អា​ក្បត់​ជាតិ ​អា​លក់​ខ្លួន​ អា​លក់​សតិ​សម្បជញ្ញៈ​ គ្រប់​សព្វ​ហ្នឹង លាប​ពណ៌​ឲ្យ​អតីត​សហការី​ខ្លួន​ឯង»។ ​

ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ខណៈ​ដែល​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ដោយ​រង​ការ​ចោទ​ពី​បទ​ «ក្បត់​ជាតិ»​ ស្រប​ពេល​ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​ត្រូវ​បាន​តុលាការ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ ទើប​តែ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ ក្រោយ​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី។​

លោក​ ចាន់ ចេន​ មេធាវី​មួយ​រូប​ក្នុង​ចំណោម​បួន​រូប​ដែល​ការពារ​ក្ដី​ឲ្យ​លោក​ កឹម សុខា​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ដោយ​គ្រាន់តែ​ប្រាប់ ​VOA​ យ៉ាង​ខ្លី​ តាម​ន័យ​ដើម​ថា៖​

«កូន​ក្ដី​ខ្ញុំ​បាទ ឯកឧត្តម​ កឹម សុខា គាត់​មិន​បាន​ហាម​ឃាត់ ឬ​ក៏​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ [ហើយ] ក៏​មិន​បាន​ជំរុញ​ឲ្យ​សុំ​សិទ្ធិ​នយោបាយ​វិញ​នោះ​ឡើយ»។​

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​ និង​ត្រូវបាន​តុលាការឃុំ​ខ្លួន​ពី​ «បទ​សន្ទិដ្ឋិភាព​ជា​មួយ​បរទេស»​ ​ដែល​ស្មើ​នឹង​បទ​ក្បត់ជាតិ។​

លោកត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​កំពុង​មាន​ជំងឺ​ ​តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ អស់​រយៈ​ពេល​ជាង​១​ឆ្នាំ ​ដោយ​មិន​មាន​ការ​កាត់ទោស។​ ក្រោយ​មក ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ លោក​ កឹម សុខា ​ត្រូវ​បាន​តុលាការ​បញ្ជូន​ពី​ពន្ធនាគារត្រពាំង​ផ្លុង​ទៅ​ឃុំ​ក្នុង​ផ្ទះ​វិញ​ ​ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​។ រហូត​មក​ដល់​ពេល​នេះ ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា ទាំង​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ មាន​រយៈពេល​ជិត​១៩​ខែ​មក​ហើយ។

អ្នកស្រី​ ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (Cambodian Center for Human Rights)​ ​ប្រាប់​ VOA​ ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ដែល​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ មិន​គួរ​ថ្លែងធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់ការ​សម្រេច​ក្ដី​របស់​តុលាការ​នោះ​ទេ។​

អ្នកស្រី​បន្ថែម​ថា​សម្រាប់​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា​ ដោយ​មិន​មាន​ការ​បើក​សវនាការ​ណាមួយ ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​អ្នកស្រី​ថា​ តុលាការ​គួរ​ពន្លឿន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌​ ​ឬ​ដោះលែង​លោក​ ប្រសិន​បើ​មិន​អាច​ស្វែងរក​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក។​

អ្នកស្រី​បញ្ជាក់​ថា៖​

«មិន​គួរ​មាន​ការ​ពន្យារ​ពេល​ហួស​ហេតុ​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ចំពោះករណី​លោក​ កឹម សុខា ​ឬ​ក៏​បុគ្គលផ្សេង​ទៀត ដែល​យើង​ដឹង​ហើយ​ ហើយ​ជា​ពិសេស​ឆ្លង​កាត់​តាម​ការ​ឃ្លាំមើល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​កន្លង​មក​ យើង​ឃើញ​តួលេខនៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​នេះ​ គឺជា​អត្រា​មួយ​គួរ​ឲ្យ​បារម្ភ​មែនទែន។​ ដូច​នេះ​ហើយ ​វា​នឹង​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប​ ក្នុង​ការ​ទទួល​បាន​នូវ​ការ​សន្មត​ថា​គ្មាន​ទោស​ ដរាប​ណា​តុលាការ​គាត់​សម្រេច​ក្ដី​ហ្នឹង»។

កាលពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​ តុលាការ​នេះ​ក៏​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈ​ពេល​៥​ឆ្នាំ។​

រហូត​ដល់​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​ គេ​ឃើញ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប ​បាន​ស្នើ​សុំ​សម្បទាន​ដើម្បីបាន​ធ្វើ​នយោបាយ​ឡើង​វិញ។ ថ្នាក់ដឹកនាំ​ទាំង​៩​រូប​នោះ​រួមមាន​ ​លោក គង់ គាំ​ លោក​ គង់ បូរ៉ា​ ​លោក​ ស៊ីម សុវណ្ណនី ​លោក​ រៀល ខេមរិន្ទ​ ​លោក​ អ៊ូ ច័ន្ទរ័ត្ន លោក​ កង គឹមហាក់​ អ្នកស្រី​ ទេព សុទ្ធី ​លោក​ ជីវ កត្តា ​និង​លោក​ ច័ន្ទ សិលា។​

​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​៥​រូប ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ក្រោយ​គេ​ រួមមាន​លោក​ អ៊ូ ច័ន្ទរ័ត្ន​ លោក​ ​កង គឹមហាក់​ ​អ្នកស្រី​ ​ទេព សុទ្ធី​ លោក​ ជីវ កត្តា​ និង​លោក ច័ន្ទ សិលា​ ចេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពួកគេ​ គឺ​ដើម្បី​សម្រាល​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ និង​កសាង​ទំនុក​ចិត្ត​រវាង​អ្នក​នយោបាយ​ខ្មែរ ​ដែល​អាច​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​នា​នា​ ទាំង​បច្ចុប្បន្ន​ និង​អនាគត។​

ចាប់​តាំង​ពី​មាន​ការ​ចោទ​ប្រកាន់ ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​គេ​ឃើញ​អង្គការ​អន្តរជាតិ​ផ្នែក​ការ​ពារ​សិទ្ធិ​មនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​ ​ព្រមទាំង​រដ្ឋាភិបាល​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ផង​ ​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ ​កឹម សុខា​ ជា​បន្តបន្ទាប់ ​ដោយ​ឥត​លក្ខខណ្ឌ។​

យ៉ាង​ណា​ក្តី​ ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ចេញ​មុខ​ការពារ​ចំណាត់​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ដោយ​និយាយ​ថា ​វិធានការ​នេះ​ធ្វើឡើង​ទៅ​តាម​ច្បាប់ ​ស្រប​តាម​ប្រទេស​នីតិ​រដ្ឋ​ប៉ុណ្ណោះ។​

កាលពី​សប្ដាហ៍​មុន ក្រុម​ការងារ​របស់​សហភាព​អឺរ៉ុបបាន​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​កម្ពុជា​សំខាន់ៗ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កើតឡើង​ក្រោយការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ឯករាជ្យ​ និង​ក្រុម​សង្គម​ស៊ីវិល។​

ជំនួប​នោះ​គឺ​ជា​ការចរចា​គ្នា​លើក​ដំបូង​ដើម្បី​វាយ​តម្លៃ​ និង​តាមដាន​សភាព​ការណ៍​ ចាប់​តាំង​ពី​ពេល​ដែល​សហភាព​អឺរ៉ុប​ បាន​ចាប់ផ្ដើម​ដំណើរ​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«សព្វ​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ»​ ឬ Everything But Arm (EBA)​ពី​កម្ពុជា​ហើយ​ដែល​ដំណើរ​ការ​នេះ​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ ឆ្នាំ​២០២០៕

March 19, 2019  អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​៥​នាក់​ទៀត​ នាំគ្នា​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​ By ឌឹ ខេមបូឌា ដេលី -March 19, 2019 តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥​រូប​បន្ថែម​ទៀត​បាននាំ​គ្នា​ដាក់​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ហ៊ុន សែន។ ​

សារ​ព័ត៌មាន​ដែល​ស្និទ្ធ​ជាមួយ​របប​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ មាន​អតីត​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្រ្គោះ​ជាតិ​៥​ រូប​ទៀត​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួង​មហា​ផ្ទៃ ​រួមមាន​ លោក​អ៊ូ ច័ន្ទរ័ត្ន ​អ្នក​ស្រី ទេព សុទ្ធី ​លោក​កង គឹមហាក់ ​លោក​ជីវ កត្តា ​និង​លោក​ច័ន្ទ សិលា។​

លោក​អ៊ូ ច័ន្ទរ័ត្ន​ក៏​សង្ឃឹម​ថា ​ក្រុម​លោក​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​របប​លោក​ហ៊ុន សែន​ផង​ដែរ។​

លោក​អ៊ូ ច័ន្ទរ័ត្ន​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​យ៉ាង​ខ្លី​ថា​ លោក​ពិត​ជា​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​នយោបាយ​ប្រាកដ​មែន ​ប៉ុន្តែ​លោក​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ទេ​នៅពេល​នេះ​ ពីព្រោះ​លោក​កំពុង​រង់ចាំ​ការ​ផ្តល់​នីតិសម្បទា​គ្រប់​គ្រាន់​ដល់​រូប​លោក​ជាមុន​សិន។​ លោក​​បន្ត​ថា​ ក្រោយពី​លោក​បាន​នីតិសម្បទា​នយោបាយ​ហើយ​លោក​នឹង​ធ្វើ​សន្និសីទ​កាសែត​តែ​ម្តង។​

ការ​បញ្ចេញ​ព័ត៌មាន​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​អំពី​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​បន្ថែម​ទៀត​នេះធ្វើ​ឡើង​ក្រោយ​ពេល​អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​​នៅ​ខេត្ត​ស្វាយរៀង​គឺ​លោក​រៀល ខេមរិន្ទ ​ទើប​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពី​ព្រះ​មហា​ក្សត្រ។​

លោក​​រៀល ខេមរិន្ទ​បាន​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ក្រោម​ហេតុ​ផល​ថា​ លោក​មាន​បំណង​ដើម្បី​បង្កើត​គណ​បក្ស​ថ្មី​សម្រាប់​ចូល​រួម​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​២០២២ ​និង​២០២៣​ខាង​មុខ។​

រហូត​មក​ទល់​ពេល​នេះ ​យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ​៩​រូប​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ហ៊ុន សែន​ក្នុង​ចំណោម​មន្ត្រី​ជាប់​បម្រាម​ចំនួន​១១៨​រូប។​

ក្នុង​ចំណោម​៩​រូប​គឺ​មាន​៤​រូប​ហើយ​ដែល​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ព្រះ​រាជ​ទាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន។​

ប្រធាន​ស្តីទី​គណ​បក្ស​សង្រ្គោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​សម រង្ស៊ី​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ជន​ណា​ដែល​ហ៊ាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពីលោក​ហ៊ុន សែន​គឺ​ជា​មនុស្ស​ក្បត់​បក្ស ​ក្បត់​ប្រជារាស្ត្រ ​និង​ទទួល​ស្គាល់​ថា​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​គឺ​លោក​កឹម សុខា​ដាក់​ពន្ធនាគារ​ជា​រឿង​ស្រប​ច្បាប់ ​និង​ត្រឹមត្រូវ​ តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន៕​

18 មីនា 2019 ក្រុម​មន្រ្តី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ លោក​នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងប្រាប់ [ខ្លីៗ] ថា ​បន្តិច​ថា នៅថ្ងៃទី១៨មីនា​នេះ រដ្ឋបាល​ក្រសួង​មហាផ្ទៃ បាន​ទទួល​លិខិត​ដាច់​ដោយឡែក​ពីគ្នា​ចំនួន​៥ ពី​អតីត​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជាប់​បម្រាម​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល។

លោកបាន​បញ្ជាក់​ថា ខាង​ជំនាញ​កំពុង​តែ​រៀបចំ​បែបបទ​ស្នើសុំ​សេចក្តី​សម្រេច​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ទៅ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​នីតិ​សម្បទា​ដល់​មន្រ្តី​ជាន់ខ្ពស់​ទាំង ៥​នាក់​នោះ។
មន្ត្រី​ជាន់ខ្ពស់​ទាំង ៥​រូប រួម​មាន៖
  1. ១. លោក អ៊ូ ចាន់រ័ត្ន អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍
  2. ២.លោកស្រី ទេព សុទ្ធី អតីត​សមាជិក​គណៈ​កម្មាធិការ​នាយក
  3. ៣. លោក កង គឹមហាក់ អតីត​សមាជិក​គណៈកម្មការ​នាយក
  4. ៤. លោក ជីវ កត្តា អតីតសមាជិកគណៈកម្មាធិការនាយក
  5. ៥. លោក ចាន់ សិលា អតីតសមាជិកគណៈកម្មាធិការនាយក។

សូម​ជម្រាប​ថា​ អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​នីតិ​សម្បទា​ឡើងវិញ ពោលគឺ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​​ឡើងវិញ ក្នុងនោះ​រួមមាន៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក គង់ បូរ៉ា អតីត​អ្នក​តំណាងរាស្ត្រ លោក ស៊ីម សុវណ្ណនី សមាជិក​គណៈកម្មការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក រៀល ខេមរិន្រ្ទ អតីត​តំណាង​រាស្ត្រ។ ក្រៅពីនេះ ក៏​មាន​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​ទៀត បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទៅ​ក្រសួង​មហាផ្ទៃ​បន្ត​បន្ទាប់​ផងដែរ៕

March 20, 2019 ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​៥ រូប (​ភ្នំពេញ​) ៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ក្នុងនាម​ព្រះបរមនាម និង​តាម​ព្រះរាជ​ត្រាស់បង្គាប់ បានចេញ​ព្រះរាជក្រឹត្យ ចំនួន​៥ ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ ដោយ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ថ្នាក់ដឹកនាំ អតីត​បក្សប្រឆាំង​នេះ​៤​រូប​ផ្សេងទៀត បន្ទាប់ពី​ពួកគាត់​បានដាក់​សំណើ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន និង អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​រូប ដែល​ក្នុងនោះ​មាន លោកស្រី ទេព សុ​ទ្ធី​, លោក កង គឹម​ហាក់​, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​ ។​

​សូមបញ្ជាក់ថា គិត​រហូតដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។​

​អតីត​ថ្នាក់ដឹកនាំ អតីត CNRP ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា​។​

​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃទី​១៩​មីនា​នេះ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ពេលឮ​ដំណឹង​ថា មាន​មន្ត្រី​សំខាន់​ចំនួន​៥​នាក់​បន្ថែមទៀត បានដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្នុងនោះ​មាន​ទាំង​លោក​អ៊ូ ច័ន្ទ​រ័ត្ន ផង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​បាន​រិះគន់ថា អំពើ​នេះ ជាការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងចំណោម​អ្នកដាក់ពាក្យសុំ​ទាំងនោះ លោក​អ៊ូ ច័ន្ទ​រ័ត្ន រង​ការរិះគន់​ខ្លាំ​ជាងគេ ​៕ ដោយ​ ៖ កូ​ឡាប​

December 12, 2019 ក្រុម​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ប្រកាស​ផែនការ​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ​ ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុម​អតីត​តំណាងរាស្ត្រ និង​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​អំពី​ផែនការ​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ដែលជា​គណបក្សប្រឆាំង​នៅក្នុងពេល​ខាងមុខនេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី បានបង្ហាញ​ឈ្មោះ​មនុស្ស​ចំនួន​៨​នាក់ ដែលជា​អតីត​តំណាងរាស្ត្រ និង​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងនោះ រួមមានៈ​លោក កង គឹម​ហាក់ , លោក​ជីវ កត្តា ដែលជា​អតីត​តំណាងរាស្ត្រ និង​លោក​ស៊ឹម សុវណ្ណនី ដែលជា អតីត​សមាជិក​គណៈកម្មាធិការ​នាយក​ផងដែរ​។​ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បីនាក់​ខាងលើនេះ បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ដោយសារ​មើលឃើញ​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ​នូវ​សម្លេង​ដែលមាន​និន្នាការ​ប្រឆាំងនឹង​គណបក្ស​កាន់អំណាច និង​ការបែកបាក់​យ៉ាងខ្លាំង​រវាង​ក្រុម​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នោះ ក្នុងនាម​ជា​អ្នកប្រជាធិបតេយ្យ​និយម និង​ជា​អ្នក​ដែលមាន​បំណង​ស្រោចស្រង់​ស្មារតី​នៃ​ការ​សាមគ្គី​គ្នា​ផ្ទៃក្នុង​របស់​ក្រុម​អ្នក​ដែលមាន​ទស្សនៈ​ប្រឆាំង​នៅ​កម្ពុជា សូម​ប្រកាស​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាបថា បន្ទាប់ពី​បាន​ចុះ​ជួប​សកម្មជន​នៅតាម​ខេត្ត​ជាច្រើន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំនេះ យើងខ្ញុំ​នឹង​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ​ដែលជា​គណបក្ស​បន្តវេន​ពី​គណបក្សប្រឆាំង​មុនៗ និង​ពី​អ្នក​ទាំងឡាយណា​ដែលមាន​ទស្សនៈ​មិន​ស្រប​នឹង​ការដឹកនាំ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​។​

ជាមួយគ្នានេះ ក្រុម​អតីត​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកស្នេហាជាតិ​ទាំងអស់​ចូលមក​រួបរួម​កម្លាំង​គ្នា ក្នុង​បុព្វហេតុ​នៃ​ការបង្កើត​គណបក្ស​ថ្មី​នេះ ឱ្យ​ក្លាយជា​គណបក្សប្រឆាំង​ដែល​រឹងមាំ ដើម្បី​ការពារ​និង​បម្រើ​នូវ​ផលប្រយោជន៍​ជាតិ​និង​ផលប្រយោជន៍​ពិតប្រាកដ​របស់​អ្នក​ដែល​គាំទ្រ​កន្លងមក​។ គណបក្សប្រឆាំង​ថ្មី​នេះ ជា​យន្តការ​នយោបាយ​មួយ​សម្រាប់​ចរចា​ជាមួយ​គណបក្សកាន់អំណាច​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​របស់លោក កឹម សុខា ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​រាប់លាន​នាក់ និង​ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំងមូល​។​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​គាំទ្រ​ឱ្យបាន​ច្រើន​កុះករ​បំផុត​។​ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​មិនបាន​និយាយ​អំពី​ឈ្មោះ​ទណ្ឌិត សម រង្ស៊ី ទេ​។ ប៉ុន្តែ​ប្រភព​ដែល​ស្និទ្ធ​នឹង​ការបង្កើត​គណបក្ស​ថ្មី​នេះ​បាន​ថ្លែង​និយាយថា សម រង្ស៊ី គឺជា​មនុស្ស​ដែល​គេ​លែង​គោរព​និង​ផ្តល់​តម្លៃ​ទៀតហើយ​ដោយសារតែ​សម្តី​ប្រមាថ​ព្រះ មហាក្សត្រ​, អំពើ​ប៉ុន​ប៉ុង​ធ្វើ​ឲ្យ​កម្ពុជា​ដែលមាន​សន្តិភាព​ធ្លាក់​ចូលក្នុង​សង្គ្រាម​សាជាថ្មី និង​ការនិយាយ​សន្យា ខ្យល់​ដែល​គ្មាន​ការពិត​ណា​អាច​រំពឹង​បានទេ​៕​សរន​

December 12, 2019 : ក្រុមអតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើតគណបក្សថ្មីមួយ (Video inside)(ភ្នំពេញ)៖ ក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញនោះ បានប្រកាសបង្កើតគណបក្សថ្មីមួយ ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។ អតីតថ្នាក់ដឹកនាំ CNRP ទាំងនោះរួមមាន៖
  1.  លោក ជីវ កត្តា
  2.  លោក ស៊ឹម សុវណ្ណនី
  3.  លោក ខឺយ ស៊ីនឿន
  4. លោក កង គឹមហាក់
  5. លោកអាន ភារ៉ា
  6. លោក សុខ នីមល
  7. លោក សៀវ បុត និង
  8.  លោក ចាន់ នីន

តាមសេចក្តីប្រកាសរួមស្តីពីការបង្កើតគណបក្សរបស់អតីតថ្នាក់ដឹកនាំអតីត CNRP ទាំងនេះ បានឱ្យដឹងថា «ដោយសារមើលឃើញស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន មានការធ្លាក់ចុះនូវសំឡេងដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនោះក្នុងនាមជាអ្នកប្រជាធិបតេយ្យនិយម និងជាអ្នកដែលមានបំណងស្រោចស្រង់ស្មារតីនៃការសាមគ្គីគ្នាផ្ទៃក្នុងរបស់ក្រុមអ្នកដែលមានទស្សនៈប្រឆាំងនៅកម្ពុជា យើងខ្ញុំមានកិត្តិយសសូមប្រកាសជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានចុះជួបសកម្មជននៅតាមខេត្តជាច្រើនអស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំនឹងត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណាដែលមានទស្សនៈមិនស្របនឹងការដឹកនាំរបស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន»។

សេចក្តីប្រកាសបានបន្តថា៖ «យើងខ្ញុំសូមអំពាវនាវឱ្យអ្នកស្នេហាជាតិទាំងអស់ចូលមករួបរួមកម្លាំងគ្នា ក្នុងបុព្វហេតុនៃការបង្កើតគណបក្សថ្មីនេះ ឱ្យក្លាយជាគណបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារនិងបម្រើនូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍ពិតប្រាកដរបស់អ្នកដែលគាំទ្រយើងកន្លងមក។ គណបក្សប្រឆាំងថ្មីនេះ ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាចដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនីរាប់លាននាក់ និងដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល»៕

ភ្នំពេញ)៖ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាក់ភ័ស្ដុតាងសំខាន់ៗចំនួន៣បន្ថែមទៀត ទៅកាន់តុលាការកំពូល ពាក់ព័ន្ធពាក្យបណ្ដឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ ហើយបន្ថែមលើនេះភ័ស្ដុតាងសំខាន់ៗទាំងនោះ ក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ ដោយស្នើសុំឲ្យតុលាការកំពូល ហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។

Fresh News សូមបង្ហាញបញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧រូប ដែលប្រឈមមិនឲ្យចូលរួមធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ នៅខាងក្រោមនេះ៖