Showing posts with label ១៥០០ -១៩០០. Show all posts
Showing posts with label ១៥០០ -១៩០០. Show all posts

Thursday, July 20, 2017

២៥.ទំនាក់ទំនងដល់ ជប៉ុន

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៤) - វគ្គ៣
Posted: Oct-12-2016


៤-ប្រទេសជប៉ុន
ប្រជាជន​ជប៉ុន​បាន​រៀបរាប់​ថា​គេ​មាន​ដើម​កំណើត​តាំង​តែ​ពី ៣.៥០០ ឆ្នាំ មុន​មក​ម្ល៉េះ ក៏​ប៉ុន្ដែ​ប្រវត្ដិសាស្ដ្រ​របស់​ជប៉ុន​ពិតប្រាកដ​បាន​ចាប់​ផ្ដើម​ពី​ត្រឹម​ សតវត្សរ៍​ទី​៦​មុន​គ្រិស្ដសករាជ​តែ​ប៉ុណ្ណោះ ។ វា​ហាក់​ដូចជា​ថា​នៅ​សម័យ​នោះ​មាន​ស្ដេច​នៃ​កោះ​គ្យូស៊ូ​តូច​មួយ​បាន​វាយ​ ដណ្ដើម​យក​ប្រជុំ​កោះ​ទាំងមូល​រួច​ដណ្ដើម​យក​បាន​កោះ​ធំ​ឈ្មោះ​នីផុន​ដែល​ ក្រោយ​មក​គឺ​ជា​រាជាណាចក្រ​ជប៉ុន​ ឬ​នីប៉ុន​នោះ​ឯង ។ ស្ដេច​នោះ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​៥៨៥​មុន​គ្រិស្ដសករាជ ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ព្រះ​មហាក្សត្រី​ជា​រាជានុ​សិទ្ធិ​នៃ​ រាជាណាចក្រ​នីប៉ុន​បាន​វាយ​ដណ្ដើម​យក​កូរ៉េ​បាន​រួច​បាន​លើក​រាជធានី​មក​ តាំង​នៅ​នឹង​អូសាកូ​វិញ​ដែល​មាន​ប្រជាជន​៧០​ម៉ឺន​នាក់​បន្ទាប់​មក​នៅ​ក្យូតូ ​នៅ​ឆ្ងាយ​ពី​សមុទ្រ​ដែល​ពួក​មីកាដូ​ជា​ស្ដេច​សោយរាជ្យ​តៗ​មក​គង់​នៅ​ ហើយ​ក្លាយ​ព្រះ​អង្គ​ទៅ​ជា​ស្ដេច​កម្ជិល​ដែល​ប្រជារាស្ដ្រ​នៅ​តែ​គោរព​ក៏​ ប៉ុន្ដែ​មិន​ដឹកនាំ​ប្រទេស​ទេ ។ ពួក​ដៃមីញ៉ូ​គឺ​ពួក​ស្ដេច​ត្រាញ់​សក្ដិភូមិ​សោយរាជ្យ​នៅ​លើ​ទឹកដី ហើយ​ទទួល​ផល​ពី​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ ឬ​ពី​ចោរកម្ម ។ មាន​កើត​កោលាហល​ឥត​ឈប់​ឈរ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជប៉ុន​មិន​អាច​រីក​ចម្រើន​ បាន​រហូត​ដល់​សតវត្សរ៍​ទី​១២​នៃ​គ្រិស្ដសករាជ​គឺ​នៅ​ចំ​ពេល​ដែល​កម្ពុជា​ កំពុង​តែ​ស្គាល់​ការ​រីក​ចម្រើន​ដល់​កំពូល ហើយ​ហៀប​តែ​នឹង​បាក់​ស្រុត​ចុះ​ទៅ​វិញ​ទៅ​ហើយ​មាន​ដៃមីញ៉ូ​ម្នាក់​បាន​ ប្រមែប្រមូល​កម្លាំង​វាយ​បង្ក្រាប​ពួក​ដៃមីញ៉ូ​ឯ​ទៀតៗ រួច​លើក​ខ្លួន​ជា​សៃហ្កូន​គឺ​ចៅហ្វ៊ាវាំង​ចាប់​បង្ខំ​អ្នក​ឯ​ទៀត​ឱ្យ​ ស្បថស្បែ​ជាមួយ​រហូត​មក ។

មេដឹកនាំ​ថ្មី​នេះ​ដែល​ធ្វើ​អ្វីៗ​ក្នុង​នាម​ព្រះ​ចៅ​អធិរាជ​មាន​សត្រូវ​ ជា​ច្រើន ។ ពេល​នោះ គូប៊ីឡៃខាន់​បាន​ឡើង​ជា​អធិរាជ​របស់​ចិន ហើយ​ទើបតែ​ដណ្ដើម​យក​កូរ៉េ​បាន​ក៏​មាន​បំណង​ចង់​វាយ​យក​ជប៉ុន​ផង​ដែរ ។ សៃហ្កូន​នា​ពេល​នោះ​បាន​ប្រមែប្រមូល​កម្លាំង​ទាំងអស់​ដើម្បី​ទប់ទល់​នឹង​ កាលៈទេសៈ​ដ៏​លំបាក​នេះ ស្រាប់តែ​ចៃដន្យ​ល្អ​ខ្យល់​ព្យុះ​កំបុតត្បូង​មួយ​បាន​បំផ្លាញ​សំពៅ​ទាំង​៤​ ពាន់​ដែល​ដឹក​ទ័ព​ម៉ុងហ្គោល​ចិន​២៤​ម៉ឺន​នាក់ បណ្ដាល​ឱ្យ​ខូចខាត​ខ្ទេចខ្ទី ។ ហេតុការណ៍​នេះ​បាន​ជួយ​ប្រទេស​ជប៉ុន​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ ហើយ​ក៏​បាន​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​បែរ​ខ្នង​ដាក់​មីកាដូ​ដែល​គេ​ចាត់​ទុក​ ដូចជា​អាទិទេព​រស់​មួយ​អង្គ​ថែម​ទៀត ។ អំណាច​កាន់តែ​កើន​ឡើង​របស់​សៃហ្កូន​ដែល​ជំនួស​មុខ​ឱ្យ​មីកាដូ​ដែល​នៅ​តែ​ ជា​ស្ដេច​សោយរាជ្យ​ដដែល ប៉ុន្ដែ​មិន​កាន់​អំណាច​មិន​មែន​គ្មាន​ការ​ប្រឆាំង​សោះ​នោះ​ទេ ។ ​ពួក​អ្នក​កាន់សាសនា​និកាយ​ផ្សេងៗ​ដែល​ដណ្ដើម​គ្នា​បែងចែក​ការ​គោរព​ពី​ ប្រជាជន​ជប៉ុន​ជា​ពិសេស​គឺ​ពួក​ដៃមីញ៉ូ​ដែល​ស្ថិត​នៅ​ជា​ស្ដេចត្រាញ់​ សក្ដិភូមិ​មាន​ភោគទ្រព្យ​ច្រើន ពួក​នេះ​មិន​យល់ព្រម​គោរព​មេ​ម្នាក់​ដែល​គេ​មិន​បាន​ជ្រើស​តាំង​ឡើង​ទេ ហើយ​ខារខាំង​ការ​ឆក់​ប្លន់​របស់​ពួកគេ​ថែម​ទៀត​ម្ល៉ោះ​ហើយ​មាន​ការ​ច្រណែន​ ឈ្នានីស​ប្រឹងប្រែង​រស់​ឯករាជ្យ​ដូច​ជា​ស្ដេច​តែ​សព្វៗ​ខ្លួន ។ នៅ​ពេល​នោះ​មាន​គង្វាល​សេះ​ក្មេង​ម្នាក់​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មេទ័ព​ រួច​ជា​រដ្ឋមន្ដ្រី​ទី​១​របស់​សៃហ្កូន​បាន​ចាប់​ផ្ដើម​វាយ​ដណ្ដើម​យក​កូរ៉េ​ ដែល​គូប៊ីឡៃខាន់​ដណ្ដើម​យក​ដាក់​ជា​របស់​ចិន​បាន​ពី​មុន ហើយ​បាន​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​ចិន​តទៅ​ទៀត ។ ទ័ព​ជប៉ុន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សង្គ្រាម​នេះ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​វិល​ត្រលប់​មក​ដល់​ជប៉ុន​វិញ ពួក​មេទ័ព​ទាំងឡាយ​បាន​បាត់បង់​ទឹកដី​ក្រុម​គ្រួសារ និង​បន្ទាយ​របស់​ខ្លួន​អស់ ព្រោះ​សៃហ្កូន​បាន​កាត់​បញ្ចូល​ទៅ​ជា​របស់​គេ ឬ​បំផ្លិច​បំផ្លាញ​កម្ទេច​ចោល​អស់ ឯ​ក្រុម​គ្រួសារ​វិញ​ សៃហ្កូន​បាន​ចាប់​យក​ទៅ​ទុក​នៅ​កន្លែង​គេ​ជា​ចំណាប់​ខ្មាំង (ចុងសតវត្សរ៍ទី១៦) ។ នៅ​ពេល​នោះ រាជធានី​របស់​ជប៉ុន​គឺ​យេដូ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក មីកាដូ​ក៏​លែង​រវីរវល់​នឹង​កិច្ចការ​ប្រទេស​ជាតិ​ជា​រៀង​រហូត ។

តាម​មើល​ទៅ​ម៉ាកូប៉ូឡូ​ដូច​ជា​បាន​មក​ដល់​ជប៉ុន​នេះ​ដែរ​នៅ​សតវត្សរ៍​ទី​ ១៣ ក៏​ប៉ុន្ដែ​រឿងរ៉ាវ​ដែល​គាត់​រៀបរាប់​ហាក់​ដូចជា​មិន​សូវ​ពិត​ទេ ។ ពួក​ព័រទុយហ្គាល់​បាន​មក​ដល់​ជប៉ុន​នៅ​ក្នុង​សតវត្សរ៍​ទី​១៦ ។ នៅ​ក្នុង​ឆ្នាំ​១៥៤២ ហ្វ៊ែរណង់​ដេម៉ង់ដេប៉ង់តូ​បាន​រៀប​រាប់​ថា​គាត់​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ ​លើ​កោះ​មួយ ហើយ​គាត់​បាន​ធ្វើ​អំណោយ​ជា​ស្នា​មួយ​ថ្វាយ​ស្ដេច​នៅ​លើ​កោះ​តូច​នោះ ។ គាត់​ថា​គាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​គាត់​បាន​វិល​ ត្រលប់​មក​កាន់​កោះ​នោះ​ម្ដង​ទៀត​មួយ​ឆ្នាំ​ក្រោយ​មក​ដោយ​ឃើញ​មាន​ស្នា​ជា​ ច្រើន​ដែល​គេ​កសាង​ឡើង​តាម​គំរូ​ស្នា​ដែល​គាត់​បាន​ឱ្យ​ពី​ឆ្នាំ​មុន ។

ពួក​សាសនទូត​កាតូលិក​បាន​មក​ដល់​ជប៉ុន​ក្រោយ​ហ្វ៊ែរណង់​ដេម៉ង់ដេ​ប៉ង់តូ​ បន្ដិច ហើយ​បាន​ផ្សព្វផ្សាយ​សាសនា​ប្រកប​ដោយ​ជោគជ័យ​ ធ្វើ​ឱ្យ​ជប៉ុន​ជា​ច្រើន​នាក់​ក្លាយ​ទៅ​ជា​កាន់​សាសនា​កាតូលិក ។ នៅ​ពេល​ដែល​ពួកហូឡង់​បាន​មក​ដល់​ជប៉ុន​ហើយ​បង្កើត​ហាង​មួយ​នៅ​លើ​កោះ​ ហ្វ៊ីរ៉ងដូ ពេល​នោះ​ពួក​ព័រទុយហ្គាល់​មាន​អគារ​ពាណិជ្ជកម្ម​ជាច្រើន​រួច​ទៅ​ហើយ ។ នៅ​ពេល​នោះ​ក្រុមហ៊ុន​អង់គ្លេស​នៅ​ប្រទេស​ឥណ្ឌា​បូព៌ា​ក៏​បាន​ទទួល​ការ​ អនុញ្ញាត​ពី​សៃហ្កូន​ឱ្យ​បើក​អគារ​ពាណិជ្ជកម្ម​ប្រហែល​ជា​១០​ផង​ដែរ ។ ដល់​ពេល​នោះ ពួក​ជប៉ុន​បាន​ចាប់ផ្ដើម​លែង​ទុកចិត្ដ​ពួក​អឺរ៉ុប​ដ៏​ក្លាហាន​តទៅ​ទៀត​ហើយ ដោយ​បាន​ឮ​គេ​និយាយ​អំពី​រឿង​ដែល​ពួក​អឺរ៉ុប​បាន​ធ្វើ​កន្លង​មក ហើយ​ដែល​ច្រើន​តែ​បញ្ចប់​ដោយ​ការ​ចាប់​បង្ខំ​ស្ដេច​ណា​ដែល​រាក់ទាក់​ទទួល និង​ដោយ​ការ​ដណ្ដើម​យក​អាណា​ខែត្រ​ណា​ដែល​គេ​បាន​អនុញ្ញាត​ឱ្យ​ពួក​នោះ​ដាក់ ​ជើង​ជាន់ ។ ជប៉ុន​ចាប់​ផ្ដើម​អស់​ជំនឿ​ទៅ​លើ​ពួក​សាសនទូត​ដែល​គេ​បាន​ទុកចិត្ដ​កន្លង​មក ​ដោយ​សារ​ថា​ពួក​សាសនទូត​នេះ​បាន​មក​ផ្សព្វផ្សាយ​សាសនា​លោក​ខាងលិច​មួយ​ដែល​ ធ្វើ​ឱ្យ​ពួក​អ្នក​រដ្ឋវាសី​បះបោរ​ប្រឆាំង​នឹង​ច្បាប់​របស់​ស្រុក​ទេស ហើយ​កាន់ជើង​ពួក​បរទេស​ទាំងនោះ​ខ្លាំង​ជាង​ជប៉ុន​គ្នា​ឯង​ទៅ​ទៀត ។ ពួក​ជប៉ុន​គិត​ថា​បើសិនណា​ជា​គេ​បណ្ដោយ​ឱ្យ​សាសនា​ថ្មី​នេះ​ផ្សព្វផ្សាយ​ទៅ​ ពាសពេញ​ប្រទេស​ហើយ​ទុក​ឱ្យ​ពួក​អឺរ៉ុប​ទទួល​បាន​នូវ​ផល​កម្រៃ​ច្រើន​សន្ធឹក​ សន្ធាប់​ពី​ទំនាក់ទំនង​ជាមួយ​គ្នា​នេះ​នោះ​ប្រទេស​ជប៉ុន​នឹង​ទទួល​រង​នូវ​ គ្រោះថ្នាក់​ជា​មិន​ខាន ។ ​ម្ល៉ោះ​ហើយ​គេ​ក៏​ចាប់​ផ្ដើម​បណ្ដេញ​ពួក​សាសនទូត​ចេញ​ ចាប់​ធ្វើទុក្ខ​បុកម្នេញ​ពួក​អ្នកស្រុក​ណា​ដែល​ចូល​កាន់​សាសនា​កាតូលិក​ ហើយ​នៅ​ក្នុង​ឆ្នាំ​១៦១៣​ គេ​បាន​ហាម​មិន​ឱ្យ​ពួក​ស្បែក​ស​ចុះ​ចត​នៅ​លើ​ឆ្នេរសមុទ្រ​ជប៉ុន​ថែម​ទៀត ។ នៅ​ក្នុង​ឆ្នាំ​១៦៣៦ ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ចុះ​ត្រដាប​ត្រដួស​ជា​ខ្លាំង លើក​លែង​តែ​ចំពោះ​ពួក​ហូឡង់​ដែល​កាន់​សាសនា​ប្រូតេស្ដង់​ចេញ ព្រោះ​ពួក​នេះ​មិន​ដែល​ប៉ុនប៉ង​នឹង​ទាក់ទាញ​ពួក​ជប៉ុន​ឱ្យ​ចូល​កាន់​សាសនា​ គេ​ទេ ម្ល៉ោះ​ហើយ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បើក​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​លើ​ កោះ​ដេស៊ីម៉ា តែ​ពួក​នោះ​ត្រូវ​គេ​តាមដាន​ត្រួតពិនិត្យ​ជាប់​ដូច​ជា​ពួក​អ្នក​កើត​ឃ្លង់ ឬ​អ្នកទោសឣ៊ីចឹង (១៦៤០) ។ គេ​បាន​ហាម​ប្រាម​មិន​ឱ្យ​ប្រជាជន​ជប៉ុន​ធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រ​មិន​ ឱ្យ​មាន​នាវា​សមុទ្រ​ ហើយ​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន​ទេ​បើ​ពុំនោះ​នឹង​ត្រូវ​ទទួល​ទោស​ ប្រហារ​ជីវិត ។ មាន​ប្រជាជន​ជប៉ុន​ជា​ច្រើន​ដែល​ចូល​កាន់​សាសនា​កាតូលិក​ ហើយ​ដែល​ត្រូវ​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​បាន​គេច​ខ្លួន​រួច​ទៅ​កាន់​ស្រុក​ ចិន​ តុងកឹង កូសាំងស៊ីន ឬ​អាណ្ណាម និង​កម្ពុជា​ផង​ដែរ ។ ពួក​ទាំង​អស់​នោះ​បាន​មក​ជួបជុំ​ជាមួយ​ពួក​អ្នក​ដែល​កាន់​សាសនា​កាតូលិក​ដូច ​គ្នា ហើយ​បាន​នាំ​គ្នា​បង្កើត​ជា​និគម​ពួក​អ្នក​ដែល​ស្មោះត្រង់​នឹង​ពួក​អឺរ៉ុប​ ឡើង ។ ប៉ុន្ដែ​គេ​ក៏​បាន​ជួប​ប្រទះ​នឹង​ពួក​អ្នក​ដែល​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ ពី​បណ្ដា​អ្នក​ធ្វើទុក្ខ​បុកម្នេញ​គេ​ផង​ដែរ ។ ដូច​ជា​នៅ​កម្ពុជា​ជាដើម ពួក​ជប៉ុន​បាន​ជួប​ពួក​ហូឡង់​ដែល​គេ​ស្អប់​ជា​ខ្លាំង​ព្រោះ​ពួក​នេះ​បាន​ ទទួល​នូវ​ការ​អនុគ្រោះ​នៅ​ឯ​ប្រទេស​ជប៉ុន ម្ល៉ោះហើយ​គេ​ក៏​ចាប់​កាន់​ជើង​ពួក​ព័រទុយហ្គាល់​ជា​សត្រូវ​ដែល​កាន់​សាសនា​ ដូច​គេ​ដែរ​ប្រឆាំង​នឹង​ពួក​ហូឡង់​នេះ ហើយ​គេ​មិន​ខ្លាច​នឹង​ធ្វើការ​កាប់​សម្លាប់​អ្វី​ទាំងអស់ (១៦៤២ និង ១៦៤៤) ។ នៅ​ពេល​នោះ​ហើយ​ដែល​ពួក​ជប៉ុន​បាន​យល់​ព្រម​បម្រើ​ស្ដេច​ស្រុក​អាយ​ដូច​ជា​ ពួក​ព័រទុយហ្គាល់​ដែរ​ដូច​ដែល​យើង​បាន​ឃើញ​មាន​នៅ​ស្រុក​សៀម​ក៏​ដូច​ជា​នៅ​ កម្ពុជា​ដែល​ព្រះ​បទុមរាជា​មាន​កងការពារ​ជា​ជប៉ុន​ប្រមាណ​ជា​១០០​នាក់​នៅ​ ពេល​ដែល​ព្រះ​អង្គ​យាង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ទឹង​អាតូពឺ​ដើម្បី​ស្វះ​ ស្វែងរក​រ៉ែ​មាស​ដែល​គេ​បាន​និយាយ​ទូល​ថ្វាយ ។ ​ពួក​ជប៉ុន​ទាំង​អស់នោះ​នៅ​ចុង​បញ្ចប់​ច្រើន​តែ​ទៅ​នៅ​លាយឡំ​ជាមួយ​ពួក​ ព័រទុយហ្គាល់ ផ្សារ​ភ្ជាប់​ជាតិ​សាសន៍ និង​វាសនា​ជាមួយ​គ្នា​ទៅ ។ នៅ​តុងកឹង​ឯណោះ​វិញ ពួក​ជប៉ុន​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ពួក​អាណ្ណាម ហើយ​ក៏​រលាយ​បាត់​រូប​ជាមួយ​ពួក​នោះ ។ ប៉ុន្ដែ​នៅ​កម្ពុជា ពួក​ជប៉ុន​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ស្ដ្រី​ខ្មែរ​បាន​កូន​ពូន​ជា​ចៅ ​ដែល​ក្លាយ​មក​ជា​ខ្មែរ​អស់​ទៅ​ហើយ ជាក់​ស្ដែង​គឺ​មាន​ភូមិ​មួយ​នៅ​ខាងលើ​ភ្នំពេញ ពួក​អ្នកស្រុក​បាន​ចង្អុល​បង្ហាញ​លោកឪពុក​ប៊ូយ៉ឺវ៉ូ ឱ្យ​ឃើញ​ពួក​អ្នក​ទាំង​នោះ​ដែល​នៅ​មាន​សេស​សល់​មក​ដល់​សព្វថ្ងៃ ។

ដូច​ជា​ប្រទេស​ចិន​ដែរ ជប៉ុន​បាន​បិទទ្វារ​មិន​ព្រម​ទទួល​ឱ្យ​ពួក​អឺរ៉ុប​ចូល​មក​ក្នុង​ប្រទេស​ទេ​ រហូត​ដល់​ឆ្នាំ​១៨៥៣ នៅ​ពេល​ដែល​លោក​ប៉ារី​ជា​មេបញ្ជាការ​កង​នាវា​ចម្បាំង​អាមេរិក​បាន​ចាប់​ បង្ខំ​សៃហ្កូន​ឱ្យ​បើក​កំពង់ផែ​ឱ្យ​អាមេរិក​ធ្វើ​ពាណិជ្ជកម្ម ។ បន្ទាប់​មក​ទើប​មាន​ការ​បើក​ទ្វារ​ឱ្យ​បារាំង​នៅ​ក្នុង​ឆ្នាំ​១៨៥៨ រួច​បន្ទាប់​មក​ឱ្យ​អង់គ្លេស រុស្ស៊ី និង​បរទេស​ឯទៀតៗ ។ ក៏​ប៉ុន្ដែ​ពួក​អភិជន​ដែល​ប្រឆាំង​នឹង​ការ​ប្រែប្រួល​ថ្មី​ ហើយ​ស្អប់​ពួក​អឺរ៉ុប​បាន​បំផុស​ប្រជាជន​ឱ្យ​បះបោរ​ប្រឆាំង​ឡើង​ នាំ​គ្នា​ធ្វើការ​កាប់​សម្លាប់​មក​លើ​ពួក​អឺរ៉ុប​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ បារាំង និង​អង់គ្លេស​ធ្វើការ​សងសឹក​វិញ​តបត​ទៅ​នឹង​ការ​ជេរ​ប្រមាថ និង​ឧក្រិដ្ឋកម្ម​មក​លើ​ជាតិ​សាសន៍​គេ​នៅ​ក្នុង​ឆ្នាំ​១៨៦៣ ដោយ​ទម្លាក់​គ្រាប់បែក​លើ​ទីប្រជុំជន​សំខាន់ៗ​មួយ​ចំនួន ។ បដិវត្ដន៍​មួយ​ក៏​ផ្ទុះ​ឡើង ។ ក្រោយ​ពី​ការ​ធ្វើសង្គ្រាម​អស់​ពេល​៤​ឆ្នាំ សៃហ្កូន​បាន​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​អំណាច ទុក​ឱ្យ​មីកាដូ​ដឹកនាំ​ប្រទេស​ក្នុង​នាម​ជា​ស្ដេច​សោយរាជ្យ​ឡើង​វិញ ទទួល​ខុសត្រូវ​លើ​អំណាច​មិន​ដូច​ពី​មុន​ដែល​មាន​គ្រាន់តែ​ជាទី​គោរព​ ប៉ុណ្ណោះ​ទេ ។ ទ្រង់​បាន​បោះបង់​រាជធានី​នៅ​ខាងក្នុង​ទឹកដី ហើយ​បាន​យាង​មក​គង់នៅ​យេដូ​វិញ​ដែល​បាន​ប្រែ​ឈ្មោះ​ថា តូក្យូ រហូតមក (១៨៦៨) ។ ចាប់ពី​ពេល​នោះ​មក អាណាចក្រ​ជប៉ុន​ដែល​គ្មាន​ឈ្មោះ​បោះ​សំឡេង​អ្វី​សោះ​នៅ​លើ​ពិភពលោក​កាលពី​៥០ ​ឆ្នាំ​មុន បាន​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​មាន​អារ្យធម៌ មាន​សាលា​សិក្សា​ច្បាប់ សិក្សា​វិជ្ជាពេទ្យ វិទ្យាសាស្ដ្រ​ពិត និង​អនុវត្ដន៍​ សាលា​ចម្បាំង សាលា​អាវុធ ឧស្សាហកម្ម​ដ៏​រីក​ចម្រើន មាន​កងទ័ព​ជើងគោក នាវា​ក្រោះ និង​កង​នាវា​ចម្បាំង​ដ៏​ល្បី​រន្ទឺ ។

នៅ​ក្នុង​ឆ្នាំ​១៨៧២ គេ​សម្ពោធ​ផ្លូវដែក​ទី​១ ។ នៅ​ក្នុង​ឆ្នាំ​១៨៧៣ គេ​បង្ខំ​ឱ្យ​មន្ដ្រី​ទាំងអស់​ស្លៀក​ពាក់​តាម​របៀប​អឺរ៉ុប​នៅ​ពេល​ណា​ចេញ​ ក្រៅ​គេហដ្ឋាន ។ បទបញ្ញត្ដិ​ផ្សេងៗ​ប្រឆាំង​នឹង​ពួក​គ្រិស្ដ​សាសនិក​បាន​ត្រូវ​គេ​ប្រកាស​ជា​ និរាករណ៍​នៅ​ក្នុង​ឆ្នាំ​១៨៧៦ ហើយ​នៅ​ក្នុង​ឆ្នាំ​១៨៨៩ រដ្ឋធម្មនុញ្ញ​មួយ​បាន​ត្រូវ​គេ​ប្រកាស​ឱ្យ​ប្រើ ។ ជប៉ុន​មាន​ជ័យជម្នះ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ចិន​នៅ​ក្នុង​ឆ្នាំ​១៨៩៥ ហើយ​ជា​សម្ព័ន្ធមិត្ដ​របស់​ពួក​អឺរ៉ុប​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ បុកស័រ​នៅ​ក្នុង​ឆ្នាំ​១៩០០ ដែល​ចូលរួម​ប្រយុទ្ធ​ដ៏​អង់អាច​ក្នុង​ការ​ដណ្ដើម​យក​រាជធានី​ប៉េកាំង ។ បន្ទាប់​មក ជប៉ុន​បាន​ធ្វើការ​វាយប្រហារ​ប្រកប​ដោយ​ជោគជ័យ​ទៅ​លើ​ពួក​រុស្ស៊ី​ដែល​ជា​ ជនជាតិ​អាស៊ី​ដូច​គ្នា​ព្រោះ​រុស្ស៊ី​ចង់​ដណ្ដើម​យក​ម៉ាន់ជូរី​ និង​យក​ប្រទេស​កូរ៉េ​ដាក់​ជា​ចំណុះ ។ ​ដល់​ពេល​នោះ​ជប៉ុន​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​មួយ​មាន​ទាហាន​ ខ្លាំង​ពូកែ​ដែល​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ត្រូវ​តែ​គិតគូរ​ដល់ ។ ជប៉ុន​មាន​ផលិតផល​ដែល​អាច​ប្រណាំង​ប្រជែង​ជាមួយ​ផលិតផល​ពួក​ស្បែក​ស​នៅ​លើ​ ទីផ្សារ​អន្ដរជាតិ​បាន ហើយ​ជ័យជម្នះ​ផ្នែក​យោធា​បាន​រៀបចំ​ឱ្យ​ជប៉ុន​មាន​ជ័យជម្នះ​ថែម​ទៀត​ខាង​ ផ្នែក​ពាណិជ្ជកម្ម​ បើ​ហោច​ណាស់​ក៏​នៅ​ចុង​បូព៌ា​ប្រទេស​ដែរ ។
ឥឡូវនេះ​ជប៉ុន​បាន​កាន់កាប់​ហ្វ័រម៉ូស​ដែល​ជា​ទីតាំង​ជួរ​មុខ​មួយ​ សម្រាប់​ការ​ឈាន​ទៅ​រក​កោះ​ហៃណាន និង​តុងកឹង ហើយ​ជប៉ុន​កំពុង​តែ​ចែចូវ​យក​ហ្វីលីពីន​ថែម​ទៀត​ដែល​ពី​មុន​ជា​ទឹកដី​កាន់​ កាប់​ដោយ​ពួក​អេស្ប៉ាញ ឥឡូវនេះ​ជា​របស់​អាមេរិក ។ ប្រជាជន​ជប៉ុន​ដែល​មាន​ច្រើន​ហួស​ចំណុះ​កំពុង​តែ​ធ្វើ​អន្ដោប្រវេសន៍​ចូល​មក ​ក្នុង​ប្រទេស​កូរ៉េ​ដែល​ទើប​កាន់កាប់​បាន ហើយ​ជប៉ុន​កំពុង​តែ​ស្រមៃ​ចង់​ធ្វើ​ជា​អ្នក​រៀបចំ​ខាង​ផ្នែក​ទ័ព​ឧស្សាហកម្ម និង​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន​ទៀត ។ ​ដោយ​មាន​ការ​ព្រមព្រៀង​ពី​ពួក​អ្នក​ភៀសខ្លួន​អាណ្ណាម​ ជប៉ុន​បាន​ធ្វើ​ឱ្យ​ប្រទេស​អាណ្ណាម និង​តុងកឹង​រំជើប​រំជួល​តាំង​តែ​ពី​ឆ្នាំ​១៩០៧​មក ។

ពួក​ជប៉ុន​ធ្លាប់​បាន​មក​ដល់​កម្ពុជា​កាលពី​សតវត្សរ៍​ទី​១៧​ម្ដង តែ​មិន​មាន​តួនាទី​អ្វី​ជា​សំខាន់​ទេ រួច​ក៏​បាត់​មុខ​រហូត ក៏​ប៉ុន្ដែ​ជប៉ុន​បាន​បញ្ជូន​នាយ​ទាហាន​របស់​គេ​ទៅ​ស្រុក​សៀម ដើម្បី​រៀបចំ​កងទ័ព​ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ជា​ពិសេស​គឺ​បារាំង តែ​មិន​បាន​ជោគជ័យ​ទេ ។ ជប៉ុន​មិន​ទាន់​មាន​ផែនការ​អ្វី​ច្បាស់​លាស់​នៅ​ឡើយ​នៅ​ឥណ្ឌូចិន ក៏​ប៉ុន្ដែ​ពួក​ពាណិជ្ជករ​ពួក​នាយ​ទាហាន​ជប៉ុន​មាន​វត្ដមាន​នៅ​តុងកឹង និង​នៅ​កូសាំងស៊ីន ហើយ​កំពុង​តែ​សិក្សា​អំពី​ស្រុក​ទេស រួច​រាយការណ៍​ឱ្យ​អគ្គបញ្ជាការ​របស់​គេ​រង់​ចាំ​តែ​មាន​ឱកាស​អ្វី​មួយ​កើត​ ឡើង គេ​នឹង​ចាប់​អនុវត្ដ​គម្រោងការ​ណា​មួយ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​ដែល​អាច​នឹង ​ដាស់​ជាតិ​សាសន៍​ណា​ដែល​កំពុង​តែ​ស្ពឹក​ស្រពន់​នៅ​ចុង​បូព៌ា​ប្រទេស​នេះ​ ឱ្យ​ងើប​ក្រោក​ឡើង​ប្រកប​ទៅ​ដោយ​ថាមពល​ដែល​មិន​មាន​នរណា​អាច​ស្មាន​បាន ។
ចំពោះ​មុខ​នេះ​កម្ពុជា​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ជប៉ុន​ទេ​ ហើយ​ក៏​ប្រហែលជា​នឹង​មិន​មាន​ត​ទៅ​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែរ ។

៥-ប្រទេសលាវ
យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ព្រះចៅ​សុរិយា​វង្ស​ធម្មិកៈ​រាជា​ បរមបពិត្រ បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម​នៅ​ក្នុង​ឆ្នាំ​១៦៣៨ ។ ព្រះរាជា​អង្គ​នេះ​សោយរាជ្យ​នៅ​រាជធានី​វៀងចន្ទ​នៅ​ពេល​ដែល​លោក​ ហ្សេរ៉ាវ៉ាន់​វូសុហ្វ មក​ដល់​ស្រុក​លាវ​នៅ​ក្នុង​ឆ្នាំ​១៦៤១ ។ រាជពង្សាវតារ​លាវ​និយាយ​ថា ស្ដេច​នេះ​សោយរាជ្យ​បាន​៥៩​ឆ្នាំ ហើយ​សុគត​នៅ​ក្នុង​គ្រិស្ដសករាជ​១៦៩៥ ត្រូវ​នឹង​មហាសករាជ​១០៥២ ។ ដើម្បី​រារាំង​ការ​រំខាន​ដោយ​ព្រះ​រៀម​ផ្សេងៗ​ទៀត​របស់​ព្រះ​អង្គ​ដែល​ មាន​បំណង​ចង់​ទម្លាក់​ព្រះ​អង្គ​ចេញ​ពី​រាជបល្ល័ង្ក ទ្រង់​បាន​និរទេស​ព្រះ​រៀម​ទាំង​អស់នោះ​ទៅ​ក្រៅ​ប្រទេស ។ មាន​ព្រះ​រៀម​មួយ​អង្គ​បាន​ភៀស​ខ្លួន​ទៅ​គង់នៅ​ឯ​រាជធានី​វ៉េ ហើយ​សុគត​នៅ​ទីនោះ​ទៅ​ដោយ​បន្សល់​ទុក​បុត្រា​៣​អង្គ ។
ស្ដេច​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​ចៅ​សុរិយាវង្ស​គឺ​បុត្រ​សុណិសា​ របស់​ព្រះ​អង្គ​ព្រះ​នាម​ថា​ ភ្យា​ចន្ទ ដែល​ត្រូវ​មេទ័ព​ម្នាក់​ឈ្មោះ​ថា ភ្យា​ណាកន ដណ្ដើម​យក​រាជបល្ល័ង្ក​បាន​ ភ្យាចន្ទ​ក៏​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ទៅ ។

នៅ​ពេល​នោះ​ព្រះ​ភាគិនេយ្យ​មួយ​អង្គ​របស់​ព្រះចៅ​សុរិយា​វង្ស​ជា​បុត្រា​ របស់​ព្រះ​រៀម​ដែល​សុគត​នៅ​ឯ​រាជធានី​វ៉េ បាន​យាង​មក​ដល់​ស្រុក​លាវ​ជាមួយ​នឹង​ទ័ព​អាណ្ណាម​មួយ​កង​ដែល​ស្ដេច​អាណ្ណាម​ ឡេ​ឌុយហ៊ាប​ប្រគល់​ឱ្យ ។ ព្រះ​ភាគិនេយ្យ​នោះ​បាន​វាយ​ព្រះរាជា​ថ្មី​នៅ​វៀងចន្ទ​នុន​អធិរាជ​ឱ្យ​ បរាជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​លើក​ទី​១​ធ្វើ​ឱ្យ​នុន​អធិរាជ​រត់គេច​ខ្លួន​ បាត់​ទៅ ទើប​ព្រះ​ភាគិនេយ្យ​នោះ​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​១៦៩៦ ។
ពេល​នោះ​បុត្រា​២​អង្គ​របស់​ព្រះចៅ​សុរិយាវង្ស​ជាមួយ​ស្រីស្នំ​ម្នាក់​ ដែល​គ្មាន​សិទ្ធិ​ឡើង​សោយរាជ្យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ទៅ​នៅ​ឯ​ ហ្លួងប្រាបាង​ដោយ​ខ្លាច​ព្រះរាជា​ថ្មី​ធ្វើបាប​ដូច​ដែល​ព្រះ​បិតា​ខ្លួន​ ធ្លាប់​បាន​ធ្វើបាប​បិតា​របស់​ព្រះរាជា​ថ្មី​នោះ​កាល​ពី​មុន ។ ព្រះរាជា​ថ្មី​បាន​ចាត់​ឱ្យ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​តាម​ទៅ​បណ្ដេញ​អ្នក​ ទាំង​២​ចេញពី​ហ្លួងប្រាបាង ហើយ​បាន​យក​ទីក្រុង​នោះ​ដាក់​មក​នៅ​ក្នុង​ការ​ត្រួតត្រា​របស់​ព្រះ​អង្គ ។ បងប្អូន​ទាំង​២​នាក់​បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​ ក៏​ប៉ុន្ដែ​បាន​កេណ្ឌ​ទ័ព​ថៃ​នៅ​ក្នុង​មឿង​ហ៊ូ​ និង​ថេង​រួច​វិល​ត្រលប់​មក​ដណ្ដើម​យក​ហ្លួងប្រាបាង​បាន​វិញ​នៅ​ក្នុង​ឆ្នាំ​ ១៧០៧ ទើប​បងប្អូន​ម្នាក់​ក្នុង​ចំណោម​ទាំង​២​នាក់​ឈ្មោះ​ថា កេបកេត ឡើង​សោយរាជ្យ​នៅ​ទីនោះ​ទៅ ។ ដោយ​ហេតុ​នោះ ប្រទេស​លាវ​ដែល​ពី​មុន​ជា​រាជាណាចក្រ​ដ៏​ធំ​មួយ​លាត​សន្ធឹង​ចាប់​ពី​ក្រោម​ ចំប៉ាសាក់​បន្ដិច​រហូត​ទៅ​ដល់​ព្រំដែន​ចិន​បាន​ត្រូវ​បែងចែក​ចេញ​ជា​២ ។ ​ព្រះរាជា​ណាចក្រ​ទាំង​២​មាន​ព្រំដែន​រួម​គ្នា​នៅ​ត្រង់​ណាមសៀងខាង​ប្រហែល​ ត្រង់​ខ្សែរយៈទទឹង​១៨​អង្សា​ខាងជើង ។

ព្រះចៅ​កេបកេត​ដែល​សោយរាជ្យ​នៅ​ហ្លួងប្រាបាង​បាន​ប្រើ​អំណាច​បំពាន​ក៏​ ត្រូវ​ប្រជារាស្ដ្រ​បណ្ដេញ​ចេញ​ពី​រាជបល្ល័ង្ក ហើយ​ជ្រើសរើស​យក​ចៅ​ក្រមុំ​នយ​ហៅ​ថា នក​ ជា​កូន​របស់​ស្ដេច​១​អង្គ​ដែល​កាល​ពី​មុន​បាន​នាំ​ប្រជារាស្ដ្រ​នៅ​សេស​សល់​ ពី​ការ​ស្លាប់​រង្គាល​ដោយ​អាសន្នរោគ​ទៅ​តាំង​នៅ​វៀងចន្ទ ។ រាជពង្សាវតារ​និយាយ​ថា​បាន​ជា​គេ​ហៅ​ព្រះរាជា​អង្គ​នេះ​ថា​នក​ដូច្នេះ​ដោយ​ មក​ពី​ព្រះ​អង្គ​ច្រើន​តែ​អវត្ដមាន ។ ចៅ​នក​នេះ​បាន​ត្រូវ​នាម៉ឺនសព្វ​មុខមន្ដ្រី​ដក​ចេញ​ពី​រាជបល្ល័ង្ក​ ហ្លួងប្រាបាង​នៅ​ក្នុង​ឆ្នាំ​១៧២៣ ហើយ​លើក​ព្រះឥន្ទ្រ​សែន​អនុជ​របស់​ចៅកេបកេត​ឱ្យ​ឡើង​សោយរាជ្យ​ជំនួស​វិញ ។

ចៅ​ក្រមុំ​នយ​ហៅ​នក​បាន​ទៅ​បួស​ជា​ព្រះសង្ឃ​នៅ​ឯ​ឈៀងម៉ៃ ។ លុះដល់​ពួក​ភូមា​ចូល​លុក​លុយ​ស្រុក ​ចៅ​ឈៀងម៉ៃ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ព្រោះ​មិន​អាច​បញ្ជា​ទ័ព​ទប់ទល់​នឹង​ សត្រូវ​បាន​អ្នកស្រុក​ក៏​លើក​ចៅ​នក​ឱ្យ​ឡើង​ជា​ចៅ​ការពារ​ពួក​គេ​វិញ ។ នៅ​ឯ​ហ្លួងប្រាបាង អ្នក​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ចៅ​រាជា​ឥន្ទ្រសែន​បរមបពិត្រ​ស្រីឧត្ដនៈ​ ចក្រពត្រា​រាជា​ចៅ​ឱង្ការ​នៅ​ក្នុង​ឆ្នាំ​១៧៤៩ គឺ​ព្រះរាជ​បុត្រា​ពៅ​របស់​ព្រះ​អង្គ​ព្រះ​នាម​ថា ឥន្ទ្រ​ព្រហ្ម ។ ចៅ​ឥន្ទ្រ​ព្រហ្ម​បាន​ត្រូវ​គេ​រៀបចំ​អភិសេក​នៅ​ក្នុង​ឆ្នាំ​១៧៥០ ក្រោយ​ពី​ព្រះ​អង្គ​បាន​ប្រយុទ្ធ​រុញ​ច្រាន​ពួក​អាណ្ណាម​ដែល​លើក​គ្នា​មក​ វាយ​ឱ្យ​បរាជ័យ​ដកថយ​ចេញ​ទៅ​វិញ​ព្រោះ​ព្រះ​អង្គ​ប្រកែក​មិន​ព្រម​លើក​ សួយសារ​អាករ​ទៅ​ថ្វាយ ។ ព្រះ​អង្គ​សោយរាជ្យ​បាន​ប៉ុន្មាន​ខែ​ក៏​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​រៀម​ របស់​ព្រះ​អង្គ​ចៅ​នុតទីឃ​កុមារ​វិញ ព្រោះ​ព្រះ​អង្គ​ឈ្វេង​យល់​ថា​រាជសម្បត្ដិ​នេះ​ត្រូវ​ថ្វាយ​ទៅ​ព្រះ​រៀម​ទើប ​សម ។ ព្រះរាជា​ដែល​សោយរាជ្យ​នៅ​វៀងចន្ទ​មិន​អាច​ធ្វើ​អ្វី​ប្រឆាំង​នឹង​ការ​ បែងចែក​ស្រុក​ជា​២​នេះ​បាន​ទេ​ព្រោះ​ការ​ប្រកួត​ប្រជែង​គ្នា​កើត​មាន​ជា​រៀង ​រហូត ជា​ពិសេស​នៅ​ពេល​ដែល​កេបកេត និង​ឥន្ទ្រសែន​សោយរាជ្យ​នៅ​ហ្លួងប្រាបាង​ ណា​មួយ​មឿង​ទាំងឡាយ​ក៏​មិន​ចង់​ចំណុះ​ស្ដេច​ដែល​នៅ​ឆ្ងាយ​ផង​ដែរ ។

នៅ​ក្នុង​ឆ្នាំ​១៧៥៣ ស្ដេច​នុន​នៃ​វៀងចន្ទ​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ស្ដេច​ភូមា​ដែល​ សោយរាជ្យ​នៅ​អវៈ ហើយ​បាន​នាំ​គ្នា​លើក​ទ័ព​មក​វាយ​ហ្លួងប្រាបាង​ដណ្ដើម​យក​រាជធានី​បាន​ដុត​ បំផ្លាញ​ខ្ទេចខ្ទី រួច​ចាប់​អ្នកស្រុក​១​ម៉ឺន​នាក់​យក​ទៅ​ជា​ឈ្លើយ​ជាមួយ​នឹង​ស្ដេច​សុរិយាវង្ស ​ដែល​ជា​ព្រះ​អនុជ​ពៅ​របស់​ស្ដេច​ទាំង​២​អង្គ​មុន ។ ពេល​នោះ​ចៅ​នុត​បាន​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ឯ​បាងកក​ដែល​ស្ដេច​ភ្យាតាក​ ទើបតែ​មក​តាំង​នៅ ទុក​ឱ្យ​រាជធានី​ហ្លួងប្រាបាង​ដែល​ខូចខាត​អស់​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ​នោះ​ ត្រូវ​អត់​អ្នកដឹកនាំ​អស់​ពេល​៤​ឆ្នាំ ។ ​បន្ទាប់​មក​ចៅ​នុត​បាន​វិល​ត្រលប់​មក​រៀបចំ​អំណាច​ឡើង​វិញ សោយរាជ្យ​បាន​២៦​ឆ្នាំ​រហូត​ដល់​សោយ​ទិវង្គត​នៅ​ក្នុង​ឆ្នាំ១៧៨៣ ។

ក្នុង​ចន្លោះ​ពេល​នោះ ស្ដេច​អវៈ​មាន​បំណង​ចង់​ដណ្ដើម​យក​ទឹកដី​មឿង​លូ និង​មេន​របស់​ចិន​ដាក់​មក​ជា​របស់​ភូមា​ក៏​ចាត់​តាំង​ស្ដេច​សុរិយាវង្ស​របស់ ​លាវ​ឱ្យ​ដឹកនាំ​ទ័ព​ភូមា​មួយ​កង​ជាមួយ​ពួក​លាវ​ដែល​ភូមា​បាន​ចាប់​ជា​ឈ្លើយ ​ចំនួន​៦​រយ​នាក់​ទៅ​ផង ។ ចេញ​ផុត​ពី​នគរ​បាន​បន្ដិច​ដោយ​មិន​ចង់​ធ្វើ​សង្គ្រាម​បម្រើ​ផល​ប្រយោជន៍​ ភូមា​ដែល​ជា​សត្រូវ​នឹង​លាវ ស្ដេច​សុរិយាវង្ស​បាន​ទុក​ទ័ព​ភូមា​ចោល​ហើយ​បាន​នាំ​ជន​រួម​ឈាម​៦​រយ​នាក់​ ធ្វើ​ដំណើរ​មក​កាន់​ហ្លួងប្រាបាង​វិញ ។ ធ្វើ​ដំណើរ​មក​ដល់​មឿង​ថេង ព្រះ​អង្គ​បាន​ចាត់​សេនា​ឱ្យ​នាំសារ​លិខិត​ទៅ​ថ្វាយ​ចៅ​នុត​ជា​ព្រះ​រៀម​ អំពី​ការ​ភៀសខ្លួន​របស់​ព្រះ​អង្គ​ចេញ​មក​ហើយ​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ ចូល​គាល់ ។ ​ចៅ​នុត​បាន​សាកសួរ​មតិ​សេនា​មន្ដ្រី​ដែល​ថ្វាយ​យោបល់​ថា​ជាមួយ​នឹង​ទ័ព​៦​ រយ​នាក់​ដែល​ស្មោះស្ម័គ្រ​ប្ដូរ​ផ្ដាច់​ជីវិត​ ព្រះ​សុរិយាវង្ស​អាច​នឹង​ក្លាយ​ទៅជា​គូបដិបក្ខ​ដ៏​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់ ​ចៅ​នុត​ក៏​ប្រកែក​មិន​ព្រម​ឱ្យ​ព្រះ​អនុជ​យាង​ចូល​មក​ក្នុង​ព្រះ​នគរ​ទេ ។

ដោយ​ត្រូវ​ព្រះ​រៀម​ហាម​ឃាត់​មិន​ឱ្យ​ត្រលប់​ចូល​នគរ​ដូច្នេះ ចៅ​សុរិយាវង្ស​បាន​សម្រេច​ចិត្ដ​ធ្វើ​ការ​សងសឹក ហើយ​ចាប់​ផ្ដើម​កេណ្ឌ​ទ័ព​អាណ្ណាម​លាយ​មួយ​ថៃ​រួច​បាន​លួច​ដឹកនាំ​ចូល​ក្នុង ​រាជធានី​ហ្លួងប្រាបាង​យ៉ាង​ឆាប់​រហ័ស ដណ្ដើម​យក​រាជធានី​បាន​នៅ​រវាង​ជា​ម៉ោង​១១​យប់ ។ ក៏​ប៉ុន្ដែ​ចៅ​សុរិយាវង្ស​បាន​សម្រេច​ចិត្ដ​មិន​ធ្វើការ​សងសឹក​វិញ​ទេ រួច​បាន​ស្បថស្បែ​ចំពោះ​ព្រះ​រៀម​ដែល​បាន​នាំ​រាជវង្សានុវង្ស​រត់គេច​ចេញពី​ នគរ​បាត់​ទៅ ។ ដល់​ចៅ​នុត​ត្រលប់​មក​វិញ សុរិយាវង្ស​បាន​ក្លាយ​ទៅជា​សេនា​មួយ​ដ៏​ស្មោះស្ម័គ្រ​របស់​ព្រះ​រៀម ។

នៅ​ឆ្នាំ​១៧៦៥ ចៅ​នុតទីឃ​កុមារ​ដែល​នឿយ​ណាយ​នឹង​រាជសម្បត្ដិ​ក៏​ដាក់​រាជ្យ​ថ្វាយ​ចៅ​ សុរិយាវង្ស អភិសេក​ជា​ស្ដេច​ហ្លួងប្រាបាង​តទៅ ។ ​ចំណែក​ខ្លួន​ព្រះ​អង្គ​បាន​ថយ​ទៅ​គង់​នៅ​ថាហូខូយ​សង់​វាំង​មួយ​នៅ​ទីនោះ ។ ដើម្បី​សងសឹក​នឹង​ស្ដេច​វៀងចន្ទ​ដែល​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ពួក ​ភូមា​មក​វាយ​ហ្លួងប្រាបាង​កាល​ពី​ឆ្នាំ​១៧៥៣ ចៅ​សុរិយាវង្ស​បាន​កេណ្ឌ​ទ័ព​រួច​យាង​ទៅ​បោះជំរំ​នៅ​ពីមុខ​វៀងចន្ទ ។ ស្ដេច​វៀងចន្ទ​បាន​ស្រែក​សុំ​ជំនួយ​ពី​ស្ដេច​អវៈ​ម្ដង​ទៀត ស្ដេច​អវៈ​បាន​ដឹកនាំ​ទ័ព​មក​ជួយ​ភ្លាម​ដណ្ដើម​យក​ហ្លួងប្រាបាង​បាន ហើយ​ដុត​បំផ្លាញ​ខ្ទេចខ្ទី​រួច​ទើប​បែរ​ទ័ព​សំដៅ​មក​វៀងចន្ទ ។ ​សុរិយាវង្ស​បាន​ដក​ទ័ព​ចេញ​ពី​វៀងចន្ទ​ដែល​ទ្រង់​ឡោម​ព័ទ្ធ​អស់​ពេល​២​ខែ​ រួច​មក​ហើយ​ដើម្បី​បែរ​ក្បាល​ទៅ​រក​ទ័ព​ភូមា​វិញ ។ ក៏​ប៉ុន្ដែ​ទ័ព​ខាង​វៀងចន្ទ​បាន​ចេញ​វាយ​ពី​ខាង​ក្រោយ​មក​ដែរ ទ័ព​ចៅ​សុរិយាវង្ស​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ទាំង​២​ខាង ក៏​ត្រូវ​បរាជ័យ ហើយ​បង្ខំ​សុំ​ចរចា​សន្ដិភាពទៅ (១៧៧១) ។ ប្រាំ​ឆ្នាំ​ក្រោយ​មក​ ចៅ​សុរិយាវង្ស​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​នឹង​ស្ដេច​សៀម​ដែល​កំពុង​រង​ ការ​គាប​សង្កត់​ពី​ពួក​ភូមា​ (១៧៧៦) ធ្វើ​ឱ្យ​ប្រទេស​មាន​សន្ដិភាព​រហូត​ដល់​ពេល​ដែល​ទ្រង់​ចូល​ទីវង្គត​នៅ​ក្នុង ​ឆ្នាំ​១៧៩១ ។

ពេល​នោះ​ព្រះ​អនុជ​បន្ទាប់​គឺ​ចៅ​អនុរុត្ដ បាន​ឡើង​សោយរាជ្យ​បន្ដ​មក​ព្រះ​អនុជ​ទី​២​ព្រះ​នាម​នក្ខៈ បាន​ឡើង​ជា​ព្រះ​ឧបរាជ ហើយ​ព្រះ​អនុជ​ទី​៣​ព្រះ​នាម​មន្ថៈ បាន​ឡើង​ជា​ព្រះរាជវង្សា​ពោល​គឺជា​ប្រធាន​នៃ​ព្រះរាជវង្សា​នុវង្ស និង​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ទាំងឡាយ ។
ចៅ​អនុរុត្ដ​សោយរាជ្យ​បាន​ប្រហែលជា​១​ឆ្នាំ នន្ទអាសែន​ជា​ឧបរាជ​នៅ​វៀងចន្ទ​បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ហ្លួងប្រាបាង​ រួច​ដណ្ដើម​យក​បាន​នៅ​ក្នុង​ឆ្នាំ​១៧៩១​នោះ (20) ។ ពេល​នោះ​ព្រះ​អនុរុត្ដ​បាន​ភៀស​ព្រះ​កាយ​ទៅ​គង់​នៅ​ឯ​បាងកក​រហូត​ដល់​ពេល​ ដែល​មាន​មន្ដ្រី​ធំ​២​នាក់​អត់ទ្រាំ​នឹង​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​ព្រះរាជា ​ណាចក្រ​ហ្លួងប្រាបាង​មិន​បាន ក៏​នាំ​គ្នា​ទៅ​ស្នើ​សុំ​ស្ដេច​ស្រុក​ចិន​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ដើម្បី​ ឱ្យ​ស្ដេច​សៀម​អនុញ្ញាត​ឱ្យ​ចៅអនុរុត្ដ​វិល​ត្រលប់​មក​គ្រប់គ្រង​ប្រទេស​ វិញ ។ ស្ដេច​ស្រុក​សៀម​បាន​ឯកភាព​តាម​សំណូមពរ ហើយ​ចៅ​អនុរុត្ដ​ក៏​វិល​មក​គង់​លើ​រាជបល្ល័ង្ក​ហ្លួងប្រាបាង​ជា​ថ្មី​នៅ​ ក្នុង​ឆ្នាំ​១៧៩៦ រៀបចំ​ស្រុក​ឱ្យ​មាន​ច្បាប់ និង​សណ្ដាប់​ធ្នាប់​ឡើង​វិញ ។ ក្រោយ​ពី​អវត្ដមាន​ពី​ព្រះ​នគរ​អស់​ពេល​ប្រហែល​៥​ឆ្នាំ ទ្រង់​បាន​សោយរាជ្យ​ម្ដង​ទៀត​បាន​២២​ឆ្នាំ​សរុប​ទាំងអស់​បាន​២៥​ឆ្នាំ ហើយ​ទ្រង់​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៨១៨ ក្នុង​ព្រះ​ជន្មាយុ​៨២​ព្រះវស្សា ។

អស់​ពី​ចៅ​អនុរុត្ដ​ទៅ​ចៅមន្ថៈ​ដែល​ជា​បុត្រា​មួយ​អង្គ​របស់​ព្រះ​ សុរិយាវង្ស​ដែល​សុគត​នៅ​ក្នុង​ឆ្នាំ​១៧៩១ ហើយ​ដែល​ត្រូវ​តែងតាំង​ជា​ព្រះរាជ​វង្សា​បាន​ឡើង​សោយរាជ្យ​បន្ដ​នៅ​ ហ្លួងប្រាបាង ។ រាជពង្សាវតារ​បាន​រៀបរាប់​ថា​នៅ​ក្នុង​រជ្ជកាល​របស់​ចៅ​មន្ថៈ​នេះ ប្រទេស​ជាតិ​រីក​ចម្រើន អ្នកស្រុក​រស់នៅ​សប្បាយ​រីករាយ មាន​សុខ​សន្ដិភាព​ជាមួយ​ប្រទេស​ជិតខាង​បាន​ប្រហែល​ជា​១០​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៨២៧ ស្រាប់តែ​ស្ដេច​សៀម​នៅ​បាងកក​បាន​ស្នើ​សុំ​ឱ្យ​ហ្លួងប្រាបាង​ចូលរួម​ទ័ព​ ជាមួយ​វាយ​មក​លើ​វៀងចន្ទ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ស្ដេច​វៀងចន្ទ​ក៏​បាន​ស្នើ​សុំ​ឱ្យ​ចង​សម្ព័ន្ធភាព​មួយ​ប្រឆាំង​នឹង​សៀម​វិញ ​ដែរ​ដែល​កំពុង​តែ​រៀបចំ​កម្លាំង​ដើម្បី​ធ្វើ​សង្គ្រាម​កម្ទេច​អតីត​រាជធានី ​លាវ​ទាំងស្រុង​តែ​ម្ដង ។
មូលហេតុ​ដែល​ធ្វើ​ឱ្យ​សៀម​ចង់​ធ្វើសង្គ្រាម​ជាមួយនឹង​ស្ដេច​វៀងចន្ទ​នេះ​ គឺ​ដោយសារ​ស្ដេច​វៀងចន្ទ​បាន​ប្រកែក​ឈប់​ទទួល​ស្គាល់​អធិរាជ​ភាព​របស់​ស្ដេច ​សៀម​តទៅ​ទៀត ។ នៅ​ក្នុង​ឆ្នាំ​១៨២៦ សៀម​បាន​បង្ខំ​ឱ្យ​ស្ដេច​វៀងចន្ទ​បញ្ជូន​មនុស្ស​កំណែន​មួយ​ចំនួន​ទៅ​ជួយ​ជីក ​ព្រែក​តាឈិន​នៅ​ឯ​បាងកក ហើយ​ព្រះរាជ​បុត្រា​ស្ដេច​វៀងចន្ទ​ជា​អ្នកដឹកនាំ​កម្លាំង​ទាំង​អស់នោះ​ទៅ ។ ពេល​នោះ​មាន​មន្ដ្រី​សៀម​ម្នាក់​ដែល​មើល​ការ​ខុស​ត្រូវ​លើ​ការដ្ឋាន មិន​ពេញចិត្ដ​នឹង​ពួក​លាវ និង​ព្រះរាជ​បុត្រា​បាន​ឱ្យ​គេ​ចាប់​ព្រះរាជ​បុត្រា​មក​ធ្វើ​ទណ្ឌកម្ម​វាយ​ នឹង​ក្ដគោ ។ ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ​គឺជា​ការ​ប្រមាថ​មួយ​ដែល​ធ្វើ​ឱ្យ​ស្ដេច​វៀងចន្ទ ​អត់ទ្រាំ​ទទួល​អធិរាជ​ភាព​របស់​សៀម​ត​ទៅ​ទៀត​លែង​បាន ទើប​ទ្រង់​សម្រេច​ឈប់​ចំណុះ​តទៅ​ទៀត ។ គឺ​ដោយ​ហេតុ​នោះ​ហើយ​ទើប​បាន​ជា​សៀម​ប្រកាស​សង្គ្រាម​ឡើង ហើយ​សត្រូវ​ទាំង​២​បាន​ស្រែក​សុំ​ជំនួយ​ពី​ស្ដេច​ហ្លួងប្រាបាង​ដូច​គ្នា ។
ពេល​នោះ​ស្ដេច​ហ្លួងប្រាបាង​មិន​កាន់​ជើង​ខាង​ណា​ទេ ព្រោះ​មិន​អាច​កាត់​ស្មាន​ដឹង​ថា​ភាគី​ខាង​ណា​នឹង​ទទួល​ជ័យជម្នះ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​មិន​ចង់ឱ្យ​ជំពាក់​វាក់វិន​ឡើយ ។

ទ័ព​សៀម​ដែល​ដឹកនាំ​ដោយ​ចៅពញា​បឌិន​ដែល​រាជពង្សាវតារ​សៀម​ពេល​នោះ​ហៅ​ថា ភ្យា​សុភាវតី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វៀងចន្ទ​យ៉ាង​រហ័ស រាយ​កម្លាំង​ឡោម​ព័ទ្ធ​រាជធានី​ជាប់​ក្នុង​ថ្ងៃ​ដែល​ទៅ​ដល់​នោះ​ហើយ​វាយ​ ដណ្ដើម​យក​រាជធានី​បាន​ក្រោយ​ពី​ការ​ប្រយុទ្ធ​ដ៏​សាហាវ​មួយ​ដែល​ធ្វើ​ឱ្យ​ ទ័ព​ស្លាប់​រង្គាល​ទាំង​សង​ខាង ។ សៀម​បាន​ដុត​បំផ្លាញ​ខ្ទេចខ្ទី​រហូត​ទាល់​តែ​ថា នៅ​ពេល​ដែល​សៀម​ដកថយ​ចេញ​ទៅ​គ្មាន​អគារ​ណា​មួយ​ដែល​សៀម​មិន​បាន​បំផ្លាញ​នោះ ​ទេ សូម្បី​តែ​ដើម​ឈើ​មួយ​ដើម ឬ​ដើម​ត្នោត​មួយ​ដើម​ក៏​គ្មាន​សេស​សល់​ដែរ ព្រោះ​សៀម​មាន​ចេតនា​មិន​ចង់​រាជធានី​នេះ​ងើប​ឡើង​វិញ​បាន​ត​ទៅ​ទៀត​ឡើយ ។ តាម​ការ​និទាន​តៗ​គ្នា​គេ​និយាយ​រហូត​ដល់​ទៅ​ថា សៀម​ហាម​មិន​ឱ្យ​អ្នក​ណា​មក​រស់នៅ​ទី​នេះ​ទេ បើ​ពុំ​នោះ​នឹង​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត បើ​ដើរ​ឆ្លងកាត់​ក៏​អាច​ឈប់​សំចត​បាន​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ ។ សៀវភៅ​ក្បួនខ្នាត​ផ្សេងៗ សាស្ដ្រា​ពង្សាវតារ​រឿងព្រេង​និទាន​ច្បាប់​បាន​ត្រូវ​សៀម​ដុត​បំផ្លាញ​ ខ្ទេចខ្ទី ឬ​នាំ​យក​ទៅ​ជាមួយ​ទាំងអស់ ព្រោះ​សៀម​ចង់​ឱ្យ​វៀងចន្ទ​រលត់​រលាយ​បាត់​ទៅ​ត្រឹម​ពេល​នោះ​តែ​ម្ដង ។

ស្ដេច​វៀងចន្ទ​ព្រះ​នាម ឌួង បាន​រត់​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ស្រុក​អាណ្ណាម រួច​ទៅ​គង់នៅ​សៀងហួង តាម​យោបល់​ស្ដេច​អាណ្ណាម ។ ព្រះ​អង្គ​បាន​ត្រូវ​ចៅ​នយ​ជា​ចៅហ្វាយ​ខែត្រ​សៀងហួង​ចាប់​ប្រគល់​ទៅ​ឱ្យ​សៀម ​ដោយ​ដាក់​ក្នុង​ទ្រុង​ដែក​បណ្ដើរ​ឱ្យ​អ្នកស្រុក​ជេរ​ត្មះតិះដៀល​នៅ​តាម​ទី​ សាធារណៈ ។ គេ​និយាយ​ថា ចៅ​ឌួង​បាន​សុគត​នៅ​ក្នុង​ទ្រុង​ដែក​នោះ​ប៉ុន្មាន​ខែ​ក្រោយ​មក ដោយ​កំហឹង​ឈឺចាប់ និង​ការ​ខ្មាស​អៀន ។
នៅ​ក្នុង​ពេល​ដែល​សៀម​ព័ទ្ធ​រាជធានី​ជាប់ ស្ដេច​នៅ​វៀងចន្ទ​គិត​ថា​សៀម​ពិតជា​ឈ្នះ​មិន​ខាន ទ្រង់​ក៏​បញ្ជូន​ទ័ព​១​កង​តូច​ចំនួន​៣​ពាន់​នាក់​ទៅ​ទប់ទល់ ។ នៅ​ពេល​ដែល​ទ័ព​សៀម​ត្រលប់​ទៅ​វិញ​អស់ ទ័ព​ដែល​បរាជ័យ​នោះ​បាន​រត់​ទៅ​សុំ​ជ្រកកោន​នឹង​ស្ដេច​ហ្លួងប្រាបាង​ដែល​គិត ​ថា​ត្រូវ​តែ​ផ្ដល់​ជម្រក​ឱ្យ​ពួក​អ្នក​ដែល​បរាជ័យ ម្យ៉ាង​ទៀត​ទ្រង់​អាច​ឆ្លៀត​យក​ឱកាស​ដែល​សៀម​ឈ្នះ​សង្គ្រាម​នេះ​ដើម្បី​ ប្រមូល​ប្រជាជន​យក​មក​ដាក់​ក្នុង​រាជធានី​របស់​ព្រះ​អង្គ​ឱ្យ​បាន​កាន់តែ​ ច្រើន​ឡើង​ថែម​ទៀត ទើប​ទ្រង់​ព្រម​ទទួល​ពួក​នោះ​ទៅ ។ ស្ដេច​សៀម​ដឹង​រឿង​នេះ​ខឹង​ណាស់​ក៏​សួរ​ថា​ហេតុ​អ្វី​ក៏​ទ្រង់​ធ្វើ​ ដូច្នេះ ។ ដើម្បី​រំងាប់​កំហឹង​របស់​ស្ដេច​សៀម ស្ដេច​លាវ​បាន​បញ្ជូន​បុត្រា​៤​អង្គ​ឱ្យ​ទៅ​នៅ​នឹង​ស្ដេច​សៀម​ដើម្បី​ជា​ការ ​ធានា ។

មុន​ពេល​ដែល​ទ័ព​សៀម​មក​ដល់​ដោយ​ស្ដេច​ហ្លួងប្រាបាង​ប្រកែក​មិន​ព្រម​ជួយ ​ ស្ដេច​វៀងចន្ទ​បាន​ស្នើ​សុំ​ជំនួយ​ពី​ស្ដេច​អាណ្ណាម​វិញ ។ ស្ដេច​អាណ្ណាម​បាន​បញ្ជូន​ទ័ព​១​កង​មក​ជួយតែ​ទ័ព​នោះ​មក​ដល់​យឺត​ក្រោយ​ពេល​ ដែល​សៀម​ដណ្ដើម​យក​បាន​រួច​ទៅ​ហើយ ហើយ​សៀម​បាន​ទាំង​ដកថយ​ចេញ​ទៅ​វិញ​ទៀត​ផង ។ ប៉ុន្ដែ​ស្ដេច​អាណ្ណាម​មិន​យល់ព្រម​ទទួល​ស្គាល់​ជ័យជម្នះ​របស់​សៀម​ទេ ហើយ​បាន​ប្រកាស​សង្គ្រាម​ជាមួយ​សៀម​តែ​ម្ដង ។ សៀម​បាន​បញ្ជូន​ចៅហ្វ៊ា​បឌិន​ឱ្យ​ទៅ​ធ្វើ​សង្គ្រាម​ម្ដង​ទៀត ។ ពេល​នោះ​ទ័ព​អាណ្ណាម​បាន​ចូល​លុក​លុយ​រាជធានី​ហ្លួងប្រាបាង​ដុត​បំផ្លាញ​ ខ្ទេចខ្ទី ដោយ​ចោទ​ថា​ស្ដេច​ហ្លួងប្រាបាង​ចូល​ដៃ​ចូល​ជើង​ជាមួយ​សៀម​នៅ​ក្នុង​ឆ្នាំ​ ១៨៣៣ ។ ចៅ​ម៉ាង​ជា​ស្ដេច​នៅ​ហ្លួងប្រាបាង​បាន​សុគត​ទៅ​៣​ឆ្នាំ​ក្រោយ​មក​នៅ​ក្នុង​ ឆ្នាំ​១៨៣៦ ។

អាណ្ណាម​ក៏​ចាប់​ចៅ​នយ ចៅហ្វាយខែត្រ​សៀងហួង ដែល​បាន​ចាប់​ស្ដេច​របស់​ខ្លួន​ប្រគល់​ឱ្យ​បឌិន​ជា​ចំណាប់​ខ្មាំង​ផង​ដែរ ហើយ​នាំ​យក​ទៅ​រាជធានី​វ៉េ​ជាមួយ​និង​កូនប្រុស​ទាំង​៦​នាក់ រួច​ធ្វើ​ទោស​ឱ្យ​អ្នកស្រុក​មើល​ឃើញ​កុំ​ឱ្យ​យក​តម្រាប់​តាម ។ ចៅ​សាន ជា​បងប្អូន​ជីដូនមួយ​នឹង​ចៅ​នយ​បាន​ឡើង​កាន់​អំណាច​បន្ដ​ក្រោយ​មក​បាន​ក្បត់ ​អាណ្ណាម​ដែល​លើក​ខ្លួន​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ ហើយ​រត់​ទៅ​ជ្រកកោន​នៅ​ឯ​បាងកក​បាត់​ទៅ ។
កូន​ទាំង​៦​នាក់​របស់​ចៅ​នយ​បាន​ត្រូវ​ស្ដេច​ទូឌឹក​ដោះ​លែង​ឱ្យ​មាន​ សេរីភាព​មក​វិញ​នៅ​ក្នុង​ឆ្នាំ​១៨៤៨ ហើយ​កូន​ច្បង​ឈ្មោះ​ប៉ូ​ បាន​ត្រូវ​សៀម​លើក​ឱ្យ​ឡើង​សោយរាជ្យ​ជា​ស្ដេច​នៅ​វៀងចន្ទ ។ ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ចៅ​ប៉ូ គឺ​ប្អូន​ទី​៣​ឈ្មោះ ចៅ​អង្គ ។ ស្ដេច​នេះ​បាន​សុគត​ទៅ​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ពួក​ហូ​ដែល​ចូល​លុកលុយ​ ទឹកដី ហើយ​ដុត​បំផ្លាញ​ទីក្រុង​ភួន​ស្ទើរ​ខ្ទេចខ្ទី​អស់ ។

នៅ​សម័យ​ដែល​វៀងចន្ទ​ត្រូវ​សៀម​វាយ​យក​បាន​នោះមាន​រាជវង្សានុវង្ស​មួយ​ អង្គ​ធ្វើ​ជា​ចៅ​នៅ​ចំប៉ាសាក់​ដែល​ជា​នគរ​សាមន្ដរាជ​មួយ​របស់​សៀម​ដែរ ។ ការ​ដែល​វៀងចន្ទ​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​បាន​ធ្វើ​ឱ្យ​ក្សត្រ​ប្រទេស​ មួយ​នេះ​ទទួល​បាន​នូវ​ប្រជាជន​ជា​ច្រើន ហើយ​អតីត​រាជធានី​ចំប៉ាសាក់​ដែល​ស្ថិត​នៅ​ពី​ខាងក្រោម​បាសាក់​សព្វថ្ងៃ​ បន្ដិច​បាន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​មួយ​ដ៏​សំខាន់ ។ វា​ហាក់​ដូចជា​ថា​ព្រះរាជាណាចក្រ​តូច​នេះ​បាន​កកើត​ឡើង​ដើម្បី​ស្នង​បន្ដ​ពី ​វៀងចន្ទ​ដែល​ត្រូវ​រលត់​រលាយ​បាត់​ទៅ ។ តាម​ពិត​ទៅ​គេ​អាច​និយាយ​ថា ហ្លួងប្រាបាង និង​ចំប៉ាសាក់​បាន​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​ធ្លាក់​ចុះ​នៃ​រាជធានី​ វៀងចន្ទ​ដ៏​ល្អ និង​សម្បូរ​សប្បាយ ។ មុន​ដំបូង​នឹម​ត្រួតត្រា​របស់​សៀម​មក​លើ​ពួក​លាវ​នៅ​ចំប៉ាសាក់​ហាក់​ដូចជា​ មិន​សូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ចៅ​របស់​គេ​នៅ​រក្សា​បាន​នូវ​ឯករាជ្យ​មួយ​ចំណែក​ធំ ។ នឹម​ត្រួតត្រា​របស់​សៀម​បាន​រឹត​បន្ដឹង​បន្ដិច​ម្ដងៗ​នៅ​ក្រោយ​បេសកកម្ម​ របស់ ឌូដា​ដឺឡាគ្រេ (១៨៦៦-១៨៦៨) រហូត​ដល់​ថា​ពួក​ចៅ​លាវ​ត្រូវ​ឡើង​ទៅ​គាល់​ស្ដេច​សៀម​ឱ្យ​បាន​រឿយៗ បន្ទាប់​មក​ត្រូវ​ផ្ញើ​ជំនូន​ទៅ​ថ្វាយ​ហើយ​នៅ​ទី​បញ្ចប់​បង់ពន្ធ​ឱ្យ និង​ដាក់​ព្រះ​ឆាយាល័ក្ខណ៍​ស្ដេច​សៀម​នៅ​ក្នុង​សាល​សវនាការ​ជា​សាធារណៈ ។
ស្ដេច​នៅ​ហ្លួងប្រាបាង​ក៏​ត្រូវ​សៀម​រំខាន​ដែរ ក៏​ប៉ុន្ដែ​ហាក់​ដូចជា​មាន​សិទ្ធិ​ជា​អធិរាជ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ជាង ហើយ​រក្សា​ឯករាជ្យ​បាន​ល្អ​បង្គួរ​ព្រោះ​គេ​នៅ​ជិតខាង​នឹង​រដ្ឋ​សាន​ដែល​ជា​ សត្រូវ​នឹង​សៀម ។ ក៏​ប៉ុន្ដែ​គេ​ក៏​ត្រូវ​តែ​ផ្ញើ​បញ្ញើ​ទៅ​ថ្វាយ​ស្ដេច​អាណ្ណាម និង​ស្ដេច​សៀម​ដែរ បញ្ញើ​នោះ​គេ​ចាត់​ទុក​ថា​ជា​ភស្ដុតាង​នៃ​មេត្រីភាព​តែ​ប៉ុណ្ណោះ​មិន​មែន​ជា ​សួយសារ​អាករ​ដើម្បី​បញ្ជាក់​ពី​ភាព​ចំណុះ​អ្វី​ទេ ។
ព្រះរាជា​ចំប៉ាសាក់​ព្រះ​នាម ម៉ាង មាន​បុត្រា​៧​ព្រះ​អង្គ និង​បុត្រី​៣​ព្រះ​អង្គ ។ បុត្រា​របស់​ព្រះ​អង្គ​៣​អង្គ​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​មក​គឺ​បុត្រា ​ទី​១​ព្រះ​នាម សឿម សោយរាជ្យ​ពី​ឆ្នាំ​១៨៣៦ ដល់​ឆ្នាំ​១៨៥១​ បុត្រា​ទី​២​ព្រះ​នាម ចន្ទ សោយរាជ្យ​ពី​ឆ្នាំ​១៨៥១ ដល់​ឆ្នាំ​១៨៧២ ស្ដេច​នេះ​បាន​ស្វាគមន៍​ទទួល​ទស្សនកិច្ច​របស់​លោក មូហូត ដែល​ទទួល​មរណភាព​នៅ​ឯ​ហ្លួងប្រាបាង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៨៦១ រួច​បាន​ទទួល​លោក ឌូដា​ដឺឡាគ្រេ និង​បេសកជន​របស់​គាត់​ក្នុង​ខែមេសា ឆ្នាំ​១៨៦៧​ បុត្រា​ទី​៣​ព្រះ​នាម អ៊ុនកាម សុគត​នៅ​ក្នុង​ឆ្នាំ​១៨៩៦ ក្នុង​ព្រះ​ជន្មាយុ​៦០​ព្រះវស្សា ។ គឺ​ស្ដេច​ក្រោយ​នេះ​ឯង​ដែល​បាន​យល់​ព្រម​ទទួល​យក​អាណាព្យាបាល​របស់​បារាំង ក្រោយ​ពី​បារាំង​បាន​គ្រប់គ្រង​លើ​ត្រើយ​ខាងឆ្វេង​ទន្លេ​មេគង្គ ហើយ​ទទួល​ឱ្យ​មាន​រ៉េស៊ីដង់​បារាំង​ម្នាក់​ដើម្បី​ជួយ​ព្រះ​អង្គ​នៅ​ក្នុង​ ការងារ​រដ្ឋបាល និង​ជួយ​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ ។ បុត្រា​របស់​ព្រះ​អង្គ​ព្រះ​នាម ស៊ីសាវង្ស ធ្លាប់​បាន​យាង​ទៅ​គង់នៅ​ទីក្រុង​ប៉ារីស​អស់​ពេល​ជា​ច្រើន​ឆ្នាំ អាច​និយាយ​ភាសា​បារាំង​បាន​ល្អ ទ្រង់​មាន​ព្រះ​ជន្ម​២១​ព្រះវស្សា​នៅ​ពេល​ដែល​ត្រូវ​គេ​ប្រកាស​ឱ្យ​ឡើង​ សោយរាជ្យ ហើយ​អភិសេក​ដោយ​ពួក​បារាំង​នៅ​ចំពោះ​មុខ​មហាជន​ដ៏​ច្រើន​កុះករ​ដែល​រីករាយ​ អបអរ​ស្វាគមន៍ ។ ព្រះ​អង្គ​នៅ​សោយរាជ្យ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ (១៩១១) ក្រោម​ព្រះ​នាម​ថា សម្ដេច​ព្រះចៅ​ស៊ីសាវង្ស ។
ពួក​សៀម​បាន​ចាត់​ទុក​ខ្លួន​គេ​ជា​ចៅហ្វាយនាយ​លើ​ស្រុក​លាវ​តាំង​តែ​ពី​ ពេល​ដែល​គេ​បាន​ដុត​បំផ្លាញ​វៀងចន្ទ​ខ្ទេចខ្ទី​មក ហើយ​បាន​អះអាង​ថា​គេ​មាន​សិទ្ធិ​អធិរាជ​ភាព​មក​លើ​ពួក​ចៅ​ទាំងអស់​ដែល​ បែងចែក​ទឹកដី​អតីត​ព្រះរាជាណាចក្រ​នេះ​ចែក​គ្នា​គ្រប់គ្រង ។ នៅ​ពេល​ដែល​បារាំង​បង្ហាញ​ផែនទី​របស់​គេ​ស្ដី​អំពី​បណ្ដា​ក្សត្រ​ប្រទេស​លាវ សៀម​បាន​បញ្ចេញ​ផែនទី​ព្រះរាជាណាចក្រ​សៀម​មួយ​មក​បង្ហាញ​វិញ ។ ក៏​ប៉ុន្ដែ​បេសកកម្ម ឌូដា​ដឺឡាគ្រេ ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ឡើង​តាម​ទន្លេ​មេគង្គ​រហូត​ទៅ​ដល់​ ទុងឈួន​នៅ​ស្រុក​ចិន​ពី​ឆ្នាំ​១៨៦៦ ដល់​ឆ្នាំ​១៨៦៥ (21) បាន​បញ្ជាក់​ថា​អធិរាជ​ភាព​របស់​សៀម​នោះ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​ ហើយ​ថា​មាន​តែ​អនុត្ដរភាព​របស់​ប្រទេស​សៀម​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ព្រោះ​ពួក ​ចៅ​លាវ​ទាំងអស់​មិន​ដែល​បង់​ពន្ធដារ ឬ​សួយសារ​អាករ​អ្វី​ឱ្យ​ទៅ​សៀម​ទេ បាន​ត្រឹមតែ​ជូន​ការ​គោរព​ជាមួយ​នឹង​បាច់ផ្កា​ធ្វើ​អំពី​មាស​ឱ្យ​ទៅ​ចៅ​នៅ​ បាងកក​ប៉ុណ្ណោះ ហើយ​មាន​ក្សត្រ​ប្រទេស​លាវ​ជា​ច្រើន​បាន​គេច​រួច​ផុត​ពី​អនុត្ដរភាព​របស់​ សៀម​ទៀត​ផង​ដោយ​អះអាង​ថា​គេ​ស្ថិត​នៅ​ក្រោម​អនុត្ដរភាព​របស់​ភូមា​ទៅ​វិញ ។

ចាប់​ពី​ត្រឹម​ឆ្នាំ​១៨៨៦​មក ​សៀម​បាន​ដាក់​ខាហ្លួង​ ឬ​ភ្នាក់ងា​របស់​ស្ដេច​នៅ​ក្នុង​ខែត្រ​សៀមរាប​ និង​ស្ទឹងត្រែង ហើយ​បន្ដិច​ក្រោយ​មក​បាន​រៀបចំ​ប៉ុស្ដិ៍​យោធា​នៅ​លើ​ទឹកដី​ដែល​គេ​មិន​ដែល​ ដណ្ដើម​យក​បាន មិន​ដែល​បាន​កាន់​កាប់ ហើយ​មិន​ដែល​ទាំង​បាន​ដើរ​ឆ្លងកាត់​ផង ទឹកដី​ទាំងនោះ​ក៏​ត្រូវ​ពួក​អាណ្ណាម​អះអាង​ដោយ​គ្មាន​មូលហេតុ​ថា​គេ​មាន​ អធិរាជ​ភាព​មក​លើ​ផង​ដែរ ។ តាម​ពិត​សៀម និង​អាណ្ណាម​មាន​បំណង​ចង់​ដណ្ដើម​យក​ទឹកដី​លាវ​ទាំងអស់​ដែល​នៅ​ពី​ខាងកើត​ ទន្លេ​មេគង្គ​រហូត​ទៅ​ដល់​ជួរ​ភ្នំ​អាណ្ណាម ។ ក៏​ប៉ុន្ដែ​រដ្ឋាភិបាល​បារាំង​មិន​មាន​បង្អែបង្អង់​ទេ គេ​បាន​បញ្ជូន​កម្លាំង​ទៅ​កាន់​កាប់​ទឹកដី​ទាំង​អស់នោះ ហើយ​បាន​បញ្ជា​ឱ្យ​បណ្ដេញ​ពួក​សៀម​ចេញ​ពី​ប៉ុសិ៍្ដ​ដែល​សៀម​បង្កើត​ឡើង​នៅ​ លើ​ត្រើយ​ខាងឆ្វេង​របស់​ទន្លេ​មេគង្គ ។ ពួក​សៀម​បាន​ប្រកែក​មិន​ព្រម​ដកថយ​ចេញ ហើយ​ថែម​ទាំង​បាន​សម្លាប់​អធិការ​ម្នាក់​នៃ​កង​ល្បាត​មូលដ្ឋាន​របស់​បារាំង​ ទៀត​ផង ។
សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែមីនា ឆ្នាំ​១៨៩៣ ។ បារាំង​បាន​បញ្ជូន​ទ័ព​ពី​សាយហ្គន និង​ដើរ​កាត់​កម្ពុជា​សំដៅ​ទៅ​កាន់​ចំណុច​សំខាន់ៗ​នៅ​លើ​ត្រើយ​ខាងឆ្វេង​ ទន្លេ​មេគង្គ​ភាគ​ខាងត្បូង ចំណែក​នៅ​ខាងជើង​ឯ​ណោះ​ដោយ​មាន​ការ​ឯកភាព​ពី​ស្ដេច​នៅ​ហ្លួងប្រាបាង​ផង ភ្នាក់ងា​របស់​បារាំង​បាន​ពង្រីក​អាណាព្យាបាល​របស់​ខ្លួន​លើ​ទូទាំង​ ប្រទេស ។ បារាំង​បាន​ចូល​កាន់កាប់​ស្ទឹងត្រែង​ដោយ​គ្មាន​ខូចខាត​អ្វី​ទាំងអស់​ រួច​ឈាន​ទៅ​កាន់កាប់​កោះ​ខោន កោះ​ខុងមឿងមឿន​នៅ​ចំ​ពីមុខ​បាសាក់សុវណ្ណ​ ខែត្រ​វៀងចន្ទ និង​ចំណុច​២​ទៀត​នៅ​ចន្លោះ​វៀងចន្ទ និងហ្លួងប្រាបាង​ដោយ​គ្មាន​បាន​ឃើញ​មុខ​សត្រូវ​បន្ដិច​ណា​សោះ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្ដិការ​ឱ្យ​បាន​សម្រេច​តាម​បំណង បារាំង​បាន​បញ្ជូន​នាវា​ចម្បាំង​ឡើង​តាម​ទន្លេ​មេណាម​ទម្លាយ​របាំង​ដែល​សៀម​ រៀបចំ​រារាំង​មិន​ឱ្យ​កប៉ាល់​ឡើង​ទៅ​លើ​រួច ក្រោម​គ្រាប់​កាំភ្លើង​បាញ់​ស្រោច​ចេញ​ពី​បន្ទាយ​ការពារ​របស់​សៀម រួច​ឡើង​ទៅ​កំញើញ​បាញ់​គ្រាប់​ផ្លោង​ដាក់​រាជវាំង​បាងកក (ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​១៨៩៣) ។ ពេល​នោះ​សៀម​បាន​យល់​ព្រម​ចរចា ហើយ​យល់​ព្រម​ប្រគល់​ទឹកដី​នៅ​ត្រើយ​ខាងឆ្វេង​ទន្លេ​មេគង្គ​ទាំងអស់ (22) ឱ្យ​បារាំង ព្រមទាំង​ទឹកដី​មួយ​ចំណែក​របស់​ហ្លួងប្រាបាង​នៅ​ត្រើយ​ខាងស្ដាំ​ទៀត​ផង ។
សន្ធិសញ្ញា​នោះ​គេ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៨៩៣ ហើយ​ចាប់ពី​ពេល​នោះ​មក​គេ​បាន​សើរើ​កែប្រែ​២​ដង​ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​ ពី​ខាងលើ​រួច​មក​ហើយ ដោយ​បាន​កាត់​ខែត្រ​ម្លូព្រៃ និង​ទន្លេរពៅ​នៅពី​ខាងត្បូង​រាជាណាចក្រ​បាសាក់ និង​ខែត្រ​២​ទៀត​នៅ​មាត់​ឈូង​សមុទ្រ​សៀមគឺ ខុង និង​ត្រាត ឱ្យ​បារាំង ។ សន្ធិសញ្ញា​មួយ​ទៀត​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩០៤ ដែល​ប្រគល់​ខែត្រ​របស់​រាជាណាចក្រ​បាសាក់​ទាំងអស់​លើកលែង​តែ​ខែត្រ​៣​ចេញ​ ដែល​នៅ​ជិត​អ៊ូប៊ុន​ រួម​ទាំង​បាសាក់​ផង​ទៅ​ឱ្យ​បារាំង​ហើយ ។ ​ដល់​មក​ថ្ងៃ​ទី​២៣ ​ខែមីនា​ ឆ្នាំ​១៩០៧​ មាន​សន្ធិ​សញ្ញា​ចុង​ក្រោយ​មួយ​បាន​ប្រគល់​ខែត្រ​បាត់ដំបង​ មង្គលបុរី​ សិរីសោភ័ណ និង​អង្គរ ឬ​សៀមរាប​ឱ្យ​បារាំង​ថែម​ទៀត ។
ខ្ញុំ​បាន​ជម្រាប​ជូន​រួច​មក​ហើយ​នៅ​ក្នុង​កំណត់​ត្រា​ទាក់ទង​ជាមួយ​នឹង​ ស្រុក​សៀម​អំពី​ផល​ប៉ះពាល់​របស់​សន្ធិសញ្ញា​ទាំងអស់​ទៅ​លើ​ព្រះរាជាណាចក្រ​ ពួក​ថៃ ។ ចំពោះ​ស្រុក​លាវ​វិញ សន្ធិសញ្ញា​ទាំង​អស់​នោះ​មាន​ផលវិបាក​ធំធេង​ ជា​ពិសេស​គឺ​បាន​អនុញ្ញាត​ឱ្យ​មហា​ណាចក្រ​លាវ​ភាគ​ខាងត្បូង​កកើត​ឡើង​វិញ​សា ​ជា​ថ្មី​នៅ​ជុំវិញ​អតីត​រាជធានី​វៀងចន្ទ​ ឱ្យ​រាជាណាចក្រ​លាវ​ភាគ​ខាងជើង​រស់រាន​រឹងប៉ឹង​ឡើង​ជុំវិញ​ រាជធានី​ហ្លួងប្រាបាង និង​ឱ្យ​បណ្ដា​អាណា​ខែត្រ​របស់​លាវ​ទាំងអស់​មើល​មក​បារាំង​ឃើញ​ថា​ជា​ អាណាព្យាបាល​មួយ​ដែល​បាន​ជួយ​ការពារ​ខ្លួន​គេ​ប្រឆាំង​នឹង​សត្រូវ​ជិត​ខាង មិន​តែ​ប៉ុណ្ណោះ​បារាំង​បាន​ទាំង​នាំ​មក​ឱ្យ​គេ​នូវ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​សន្ដិសុខ​ដែល​អាច​ឱ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​អារ្យធម៌​ រីក​ចម្រើន​មួយ​ដែល​គេ​មិន​អាច​និង​ឈោង​ចាប់​ដោយ​ខ្លួនឯង​បាន ។