Showing posts with label ១៦៩៦-១៧៣៦. Show all posts
Showing posts with label ១៦៩៦-១៧៣៦. Show all posts

Thursday, July 20, 2017

១៧.ក្សត្រឆ្នាំ ១៦៩៦ ដល់ ១៧៣៦

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៣) - វគ្គ៤
Posted: Oct-12-2016


២០. ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៣ (១៦៩៦-១៦៩៩)
ព្រះបាទ​ជ័យជេដ្ឋា​ក្រោយ​ពី​បាន​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​៣​អស់​រយៈកាល​ ៥​ថ្ងៃ​រួច​ហើយ​ ក៏​លាចាក​សិក្ខាបទ ហើយ​មក​ទទួល​យក​ព្រះ​អគ្គមហេសី រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ឡើង​គង់​លើ​រាជសម្បត្ដិ​ជា​លើក​ទី​២ ដោយ​មាន​ព្រះ​នាម​ខុស​ពី​មុន​បន្ដិច​បន្ដួច ។
នៅ​ឆ្នាំ​១៦៩៩ មាន​មន្ដ្រី​ម្នាក់​ឈ្មោះ​ថា ឧកញ៉ា​នរិន្ទ​ឯម ត្រូវជា​កូន​លោក​ពញា​សេនា ម៉េង បាន​លើក​គម្រោង​ផែនការ​ក្បត់​ មិន​មែន​គ្រាន់តែ​ដើម្បី​ទម្លាក់​ព្រះរាជា​ពី​រាជបល្ល័ង្ក​ប៉ុណ្ណោះ​ទេ​គឺ​ ប៉ុនប៉ង​គាស់​រំលើង​រាជវង្ស​ទាំងមូល​តែ​ម្ដង ។ ជន​ក្បត់​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កូសាំងស៊ីន សុំ​បាន​ទ័ព​អាណ្ណាម​២​ម៉ឺន​នាក់ ក៏​រៀបចំ​ជា​២​កង ធ្វើ​ដំណើរ​ឡើង​មក​តាម​ដៃទន្លេ​ទាំង​២ ។ ព្រះរាជា​ជ័យជេដ្ឋា ត្រូវ​បង្ខំ​ព្រះ​ទ័យ​រត់គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ដើម្បី​កេណ្ឌ​ទ័ព ។ ទ័ព​អាណ្ណាម​របស់​ឧកញ៉ា​នរិន្ទ​ឯម​បាន​រៀបចំ​ដេញ​តាម​ព្រះរាជា ដែល​ធ្វើ​ដំណើរ​យឺតៗ​មក​ដល់​កំពង់ឆ្នាំង ក៏​តាំង​ដុត​បំផ្លាញ​ខ្ទេចខ្ទី ។

ពេល​នោះ​ព្រះ​ស្រី​ធម្មោរាជា​ជា​ព្រះរាជ​បុត្រា​របស់​ព្រះរាជា​ និង​អ្នក​អង្គ​ម្ចាស់​ឯម​ត្រូវជា​រាជបុត្រា​របស់​អតីត​ព្រះ​ឧភយោរាជ​ក្បត់ ដែល​ទើបតែ​ត្រលប់​មក​ពី​អាណ្ណាម​ពី​ឆ្នាំ​មុន បាន​ដឹកនាំ​ទ័ព​មួយ​កង​ម្នាក់​ចេញ​ពី​ខែត្រ​ពោធិ៍សាត់​មក​មួយ​កង​មក​តាម​ ផ្លូវគោក​ មួយ​កង​ទៀត​ចុះ​តាម​ទន្លេសាប​មក​ចោម​វាយ​ទៅ​លើ​ទ័ព​អាណ្ណាម​ធ្វើ​ឱ្យ​ពួក​ នោះ​រត់​ចោល​ឧកញ៉ា​នរិន្ទ​ឯម​ដក​ថយ​ទៅ​ខាងត្បូង​សាយហ្គន​ដល់​ខែត្រ​បៀនវ៉ា​ និង​បារាជ​ដែល​ស្ដេច​កូសាំងស៊ីន​ទើបតែ​ប្រគល់​ថ្វាយ​មក​ឱ្យ​ព្រះរាជា​ កម្ពុជា​វិញ ។​ មុន​នេះ​ខែត្រ​ទាំង​២​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​អាណ្ណាម ។​
គេ​អាច​នឹង​ចោទ​សំណួរ​បាន​ថា​តើ​ព្រះ​ឧភយោរាជ​អង្គ​នន់​ឬ​ដែល​សុគត​ទៅ​នៅ ​ក្នុង​ឆ្នាំ​១៦៩១​ ជា​អ្នក​បាន​ប្រគល់​ខែត្រ​ទាំង​២​នេះ​ទៅ​ថ្វាយ​ស្ដេច​អាណ្ណាម ឬ​មួយ​ក៏​ឧកញ៉ា​នរិន្ទ​ឯម​ទេ​ដែល​ជា​អ្នក​ប្រគល់​ខែត្រ​ទាំង​២​នេះ​ជា​ថ្នូរ ​នឹង​កងទ័ព​ដែល​ខ្លួន​បាន​សុំ ។ មាន​ឯកសារ​ខ្លះ​បាន​និយាយ​ថែម​ទៀត​ថា ដើម្បី​ទប់ទល់​កុំឱ្យ​ទាហាន​រត់​ចោល​កងទ័ព ស្ដេច​អាណ្ណាម​បាន​អនុញ្ញាត​ឱ្យ​ឧត្ដមសេនីយ៍​របស់​ព្រះ​អង្គ​នៅ​គ្រប់គ្រង​ ខែត្រ​ទាំង​២​ឱ្យ​បាន ។ ក៏​ប៉ុន្ដែ​អ្វី​ដែល​ប្រាកដ​នោះ គឺថា​កងទ័ព​អាណ្ណាម​បាន​សម្លាប់​ឧកញ៉ា​នរិន្ទ​ឯម​ចោល​មុន​ពេល​ដែល​កងទ័ព​នេះ ​ចាប់​បន្ដ​ដំណើរ​មក​ភាគ​ខាងត្បូង​បន្ដិច ។

នៅ​ឆ្នាំ​បន្ទាប់ ទឹកដី​ខែត្រ​ទាំង​២​នោះ​ក៏​ត្រូវ​គេ​បែងចែក​ជា​ស្រុក​ខណ្ឌ​តូចៗ គ្រប់គ្រង​ដោយ​នាម៉ឺន​អាណ្ណាម​ចំណុះ​ឱ្យ​ឧត្ដមសេនីយ៍​ដែល​ដឹកនាំ​ទ័ព​មក​ជួយ ​ឧកញ៉ា​នរិន្ទ​ឯម​នោះ​ឯង ។ ពួក​ឧត្ដមសេនីយ៍​ទាំង​នោះ​នៅ​នឹង​បន្ទាយ​សាយហ្គន ហើយ​មាន​អំណាច​ទាំង​ខាង​ស៊ីវិល ទាំង​ខាង​កងទ័ព ។ ទឹកដី​ខែត្រ​ទាំង​២​នេះ​បាន​ក្លាយ​ទៅជា​របស់​អាណ្ណាម​ចាប់​តាំង​តែ​ពី​ពេល​ នោះ​រហូត​មក ។
នៅ​ដំណាច់​ឆ្នាំ ក្រោយ​ពី​ទ្រង់​សោយរាជ្យ​ជា​លើក​ទី​៣​បាន​៤​ឆ្នាំ ព្រះរាជា​ជ័យជេដ្ឋា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​អ្នក​អង្គ​ម្ចាស់​ឯម ដែល​ព្រះ​អង្គ​បាន​លើក​ឱ្យ​ឡើងជា​ព្រះកែវហ្វ៊ា​តាំង​តែ​ពី​ពេល​ត្រលប់​ពី​ អាណ្ណាម​មក​វិញ ហើយ​ដែល​ព្រះ​អង្គ​បាន​រៀប​អភិសេក​បុត្រី​របស់​ព្រះ​អង្គ​មួយ​អង្គ​ថ្វាយ ពីព្រោះ​ថា​ព្រះកែវហ្វ៊ា បាន​បង្ហាញ​ឱ្យ​ឃើញ​ថ្វីដៃ​រួច​មក​ហើយ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទ័ព​ អាណ្ណាម​របស់​ឧកញ៉ា​នរិន្ទ​ឯម ។

២១. ព្រះកែវហ្វ៊ា​បរមបពិត្រ​អង្គ​ឯម (១៧០០-១៧០១)
អ្នក​អង្គ​ម្ចាស់​ឯម​ពេល​នោះ​ទ្រង់មាន​ព្រះ​ជន្ម​២៥​-​២៦​ព្រះវស្សា​ហើយ។ ព្រះ​អង្គ​ត្រូវជា​បុត្រា​របស់​ព្រះ​ឧភយោរាជ​អង្គ​នន់​ជាមួយ​ស្រី​ចិន​ ម្នាក់ ។ ព្រះ​អង្គ​ត្រូវ​បាន​លើក​ឱ្យ​ឡើងជា​ព្រះបាទ​សម្ដេច​ព្រះកែវហ្វ៊ា​បរមបពិត្រ​ នៅ​ក្នុង​គ្រិស្ដសករាជ​១៧០០ ត្រូវ​នឹង​មហាសករាជ​១៦២២ ចុល្លសករាជ​១០៦២ ។ ព្រះ​អង្គ​បាន​យាង​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ។
ចំណែកឯ​ព្រះរាជា​ដាក់រាជ្យ​វិញ បាន​ចំណាយ​ពេល​វេលា​របស់​ព្រះ​អង្គ​ត្រួតពិនិត្យ​ការ​ជួសជុល​វត្ដ​ព្រះ​ ពោធិមានបុណ្យ​ដែល​ព្រះ​ចន្ទរាជា​បាន​ឱ្យ​កសាង​ឡើង​កាលពី​ឆ្នាំ​១៥៣៤​ក្រោយ​ ពី​ទ្រង់​មាន​ជ័យជម្នះ​លើ​ពួក​សៀម ។ ទ្រង់​បាន​ចំណាយ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​នៅ​ក្នុង​ការ​ជួសជុល​នេះ ។ នៅ​ពេល​ដែល​ការ​ជួសជុល​នេះ​ចប់​សព្វ​គ្រប់​រួច​ហើយ ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត ក៏​ប៉ុន្ដែ​បាន​តែ​៣​ថ្ងៃ ព្រះ​អង្គ​ក៏​លះបង់​សិក្ខាបទ មក​ទទួល​យក​រាជសម្បត្ដិ​វិញ​ជា​លើក​ទី​៤ រាជពង្សាវតារ​និយាយ​ថា​ តាម​សំណូមពរ​របស់​ព្រះកែវហ្វ៊ា ជា​ហេតុ​បង្ហាញ​ឱ្យ​ឃើញ​ថា ទ្រង់​ជា​ស្ដេច​ដ៏​មាន​អំណាច​ពិតប្រាកដ​មែន ។

២២. ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៤ (១៧០១-១៧០២)
ព្រះបាទ​ជ័យជេដ្ឋា បាន​ឡើង​សោយរាជ្យ​ជា​លើក​ទី​៤ នៅ​ក្នុង​ព្រះ​ជន្មាយុ​៤៥​ព្រះ​វស្សា ។
ទើប​ឡើង​គ្រង​រាជបល្ល័ង្ក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ព្រះ​អង្គ​ត្រូវ​ប្រយុទ្ធ​ប្រឈម​មុខ​នឹង​ជន​បះបោរ​ម្នាក់​ឈ្មោះ​ថា ភីរែន​គីម ជា​កូន​របស់​មន្ដ្រី​ព្រះរាជវាំង​ម្នាក់ ។ ជន​ក្បត់​នេះ​ដែល​បាន​ទទួល​ទ័ព​ជំនួយ​ពី​ស្ដេច​អាណ្ណាម ក៏​ដឹកនាំ​ឡើង​តាម​ផ្លូវទឹក​រហូត​មក​ដល់​ត្រឹម​ឧត្ដុង្គ ។ ​ពេល​ទ័ព​សត្រូវ​មក​ជិត​ដល់​ហើយ​ ព្រះរាជា​ក៏​នាំ​ព្រះរាជ​វង្ស​ និង​សេនា មន្ដ្រី​ទាំងអស់ គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ខែត្រ​ពោធិ៍សាត់ ។ ភីរែន​គីម​បាន​ដឹកនាំ​ទ័ព​ដេញ​តាម ក៏​ប៉ុន្ដែ​ព្រះរាជា​ទ្រង់​មាន​ឱកាស​អាច​កេណ្ឌ​បាន​ទ័ព​មួយ​កង​តូច​ទាន់ ហើយ​បាន​បើក​ការ​វាយប្រហារ​បក​មក​លើ​ទ័ព​ក្បត់​វិញ វាយ​ឱ្យ​ពួក​នេះ​បរាជ័យ​បែក​បាក់​គ្នា​អស់​ទៅ ឯ​ភីរែន​គីម​ត្រូវ​ចាប់ខ្លួន​បាន ។ ឆ្នាំ​បន្ទាប់​មក​ ព្រះ​ជ័យជេដ្ឋា​បាន​ដាក់​រាជសម្បត្ដិ​ម្ដង​ទៀត​ក៏​ប៉ុន្ដែ​ម្ដង​នេះ​ថ្វាយ​ ដល់​ព្រះរាជ​បុត្រា​ច្បង​ព្រះ​នាម​ស្រី​ធម្មោរាជា​ដែល​មាន​ព្រះ​ជន្ម​១២​ ព្រះ​វស្សា ។​ រួច​ហើយ​ព្រះ​អង្គ​ក៏​យាង​ចូល​សាង​ព្រះ​ផ្នួស​ម្ដង​ទៀត​ចំនួន​៣​ថ្ងៃ ។

២៣. ព្រះ​ធម្មោរាជា​ទី​៤ (១៧០២-១៧០៤)
ដោយ​ព្រះរាជា​ថ្មី​មាន​ព្រះ​ជន្ម​តិច​ពេក គេ​ក៏​បង្អង់​មិន​ទាន់​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ទេ ហើយ​ព្រះ​បិតា​នៅ​បន្ដ​ចាត់ចែង​កិច្ចការ​ព្រះរាជា​ណាចក្រ​ហាក់បី​ដូចជា​ ទ្រង់​មិន​ដាក់​រាជ្យ​នៅ​ឡើយ ។ នៅ​ក្នុង​ឆ្នាំ​បន្ទាប់ មាន​ជន​សំរែ​ម្នាក់ ដែល​ទៅ​រស់នៅ​ឯ​ស្រុក​កូឡា (ភូមា) អស់​ពេល​ប៉ុន្មាន​ឆ្នាំ បាន​ត្រលប់​មក​វិញ ។ ពួក​កុលសម្ព័ន្ធ​សំរែ​នេះ​ធ្លាប់​មាន​បុព្វបុរស​ឡើង​ធ្វើ​ជា​ព្រះរាជា​ កម្ពុជា​ហើយ​បង្កើត​បាន​ជា​សន្ដតិវង្ស​ថ្មី​មួយ គឺ​តា​ថី​ ឬ​តា​ត្រសក់ផ្អែម ។ ជន​សំរែ​នោះ​ហាក់​ដូចជា​មិន​សូវ​ជា​ទេ ក៏​ប៉ុន្ដែ​គេ​មាន​លក្ខណៈ​សម្បត្ដិ​សម​ល្មម​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ជឿ​ថា​គេ​ ជា​អ្នកមាន​បុណ្យ ដែល​ត្រូវ​មក​សោយរាជ្យ​នៅ​កម្ពុជា​នេះ ។ មាន​ប្រជាជន​ជា​ច្រើន​ជឿ ហើយ​ដើរ​តាម​ធ្វើ​ឱ្យ​ស្រុក​ទេស​ជ្រួល​ច្របល់​ជា​ខ្លាំង ។ នាម៉ឺន​សព្វ​មុខមន្ដ្រី បាន​ចាត់​ទ័ព​មួយ​កង​ឱ្យ​ចុះ​មក​ចាប់​ជន​សំរែ​នេះ ក៏​ប៉ុន្ដែ​ជន​នោះ​បាន​គេច​ខ្លួន​បាត់​ទៅ ហើយ​ព្រះរាជា​ណាចក្រ​ក៏​ត្រលប់​មាន​សណ្ដាប់​ធ្នាប់​ល្អ​ឡើង​វិញ ។ នៅ​ឆ្នាំ​១៧០៣ ព្រះរាជធានី​ដែល​ផ្ទេរ​ទៅ​តាំង​នៅ​ឯ​ពោធិ៍សាត់​តាំងពី​ឆ្នាំ​១៦៩៩​មក បាន​ប្ដូរ​មក​តាំង​នៅ​នឹង​ឧត្ដុង្គ​វិញ ។ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រះ​ស្រី​ធម្មោរាជា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ដល់​ព្រះ​បិតា​វិញ ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ។

២៤. ព្រះ​ជ័យជេដ្ឋា​-​រជ្ជកាល​ទី​៥ (១៧០៤-១៧០៦)
ព្រះ​ជ័យជេដ្ឋា​បាន​ឡើង​គ្រង​រាជបល្ល័ង្ក​ម្ដង​ទៀត ជា​លើក​ទី​៥ ។ ពេល​នេះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៩​ព្រះ​វស្សា​ហើយ ។ រាជពង្សាវតារ​មិន​ឃើញ​មាន​និយាយ​ថា តើ​ព្រះ​អង្គ​ឱ្យ​គេ​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ថ្វាយ​ដែរ ឬ​អត់​ទេ ។
នៅ​ពេល​នោះ​គឺ​ឆ្នាំ​១៧០៥ មាន​ព្រះរាជ​វង្សានុវង្ស​លាវ​ជាមួយ​នឹង​ប្រជាជន​៥​ពាន់​នាក់ ដែល​ត្រូវ​បណ្ដេញ​ចេញពី​រាជធានី​វៀងចន្ទ បាន​នាំ​គ្នា​រត់​មក​សុំ​ជ្រកកោន និង​សុំ​ដី​រស់​នៅ​នៅ​កម្ពុជា ។ រាជវង្ស​នេះ​សោយ​រាជសម្បត្ដិ​នៅ​លើ​រាជបល្ល័ង្ក​លាវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មុន​ដំបូង​សោយរាជ្យ​នៅ​ហ្លួងប្រាបាង រួច​មក​នៅ​ឯ​វៀងចន្ទ ។ ព្រះរាជា​លាវ​ដែល​លោក ហ្សេរ៉ាវ៉ាន់ វូសូវ បាន​ជួប​នៅ​ក្នុង​ឆ្នាំ​១៦៤១​ក្រោយ​ពី​ទ្រង់​សោយរាជ្យ​បាន​៣​ឆ្នាំ​ហើយ ប៉ុន្ដែ​មិន​បាន​ឱ្យ​ដឹង​ព្រះ​នាម​ទេ គឺ​ព្រះ​អង្គ​ម្ចាស់​សុរិយា ព្រះ​នាម​ពេញ​គឺ​ ថាវ​សុរិយា​វង្ស​ធម្មិកៈរាជា​បរមបពិត្រ​ធិរាជ ។​ ព្រះរាជា​អង្គ​នេះ​បាន​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៥៩៥​ដោយ​បន្សល់​ទុក​នូវ​ ព្រះរាជ​នត្ដា​ដែល​នៅ​តូចៗ​នៅ​ឡើយ ។
មាន​មន្ដ្រី​ម្នាក់​ក្នុង​ចំណោម​មន្ដ្រី​របស់​ព្រះ​អង្គ​បាន​រៀប​ អាពាហ៍ពិពាហ៍​ជាមួយ​នាង​គា​ម៉ង់ ជា​បុត្រី​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា បំបែក​ព្រះរាជ​នត្ដា​តូចៗ​ទាំងនោះ​ចេញពី​រាជបល្ល័ង្ក ហើយ​ក៏​ឡើង​សោយរាជ្យ​ខ្លួនឯង ។ ពេល​នោះ​មាន​មន្ដ្រី​ម្នាក់​ទៀត អាច​ជា​ព្រះ​ឧភយោរាជ ឬ​ក៏​ជា​ពញា​សែន បាន​ងើប​ប្រឆាំង ឡើង​វាយ​ដណ្ដើម​បាន​ជ័យជម្នះ ហើយ​បង្ខំ​ឱ្យ​មន្ដ្រី​ក្បត់​នោះ​ធ្វើ​អត្ដឃាត រួច​ក៏​ឡើង​សោយរាជ្យ​បន្ដ​មក​ទៀត ដោយ​មាន​ព្រះ​នាម​ថា ភ្យា​នន់​អធិរាជ ។

មាន​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា​សុរិយា​មួយ​អង្គ ជា​បុត្រា​របស់​ព្រះ​រៀម​មួយ​អង្គ​ទៀត ដែល​ភៀស​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ក្រុង​វ៉េ បាន​វិល​ត្រលប់​មក​វិញ​ជាមួយ​នឹង​ទ័ព​មួយ​កង ហើយ​ប្រកាស​សង្គ្រាម​ជា​មួយ ភ្យា​នន់ ។ ព្រះរាជា​ភ្យា​នន់​អធិរាជ ដែល​ប្រហែល​ជា​រាជវង្ស​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា​ដែរ បាន​ត្រូវ​សុគត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ ហើយ​ប្រាជ័យ​អុង​វ៉េ ដែល​ទទួល​បាន​ជ័យជម្នះ ក៏​ឡើង​សោយរាជ្យ​នៅ​វៀងចន្ទ រីឯ​ថាវ (ឬ​ចៅ) នង ដែល​ជា​អនុជ​មួយ​អង្គ ក៏​យាង​ទៅ​សោយរាជ្យ​នៅ​ហ្លួងប្រាបាង ។ ដល់​មក​ឆ្នាំ​១៦០៥ មាន​បុត្រា​មួយ​អង្គ​របស់​ព្រះរាជា​សុរិយា បាន​មក​ដេញ​ថាវនង​ចេញ ហើយ​ឡើង​សោយរាជ្យ​នៅ​ហ្លួងប្រាបាង​នោះ​ទៅ ។ ចាប់ពី​ពេល​នោះ​មក ប្រទេស​លាវ​ដែល​មាន​ឯកភាព​អស់​កាល​ជា​យូរណាស់​មក​ហើយ ក៏​ត្រូវ​បែងចែក​ជា​រាជាណា​ចក្រ​ពីរ ដែល​មាន​ព្រះរាជា​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា គឺជា​ព្រះ​ភាគិនេយ្យ និង​ជា​បុត្រា​របស់​ព្រះ​សុរិយា​ទាំង​អស់​គ្នា ហើយ​ត្រូវជា​បច្ឆាញាតិ​របស់​ព្រះរាជា​ហ្វា​ងោម ។ តាម​មើល​ទៅ គឺ​រាជវង្ស​របស់​ព្រះ​ឧបរាជ​ភ្យា​ណាកន ដែល​បាន​រត់គេច​មក​សុំ​ជ្រកកោន​នៅ​កម្ពុជា ។​
នៅ​ក្នុង​ឆ្នាំ​១៧០៦ ព្រះរាជា​ជ័យជេដ្ឋា ដែល​នឿយណាយ​នឹង​អំណាច​ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ក៏​ដាក់​រាជសម្បត្ដិ​ម្ដង​ទៀត​ជា​លើក​ទី​៥ ថ្វាយ​ដល់​ព្រះ​ស្រី​ធម្មោរាជា​ជា​ព្រះរាជ​បុត្រា ដែល​ទ្រង់​បាន​លើក​ឱ្យ​សោយរាជ្យ​ម្ដង​រួច​មក​ហើយ នៅ​ក្នុង​ឆ្នាំ​១៧០២ តែ​បាន​ដាក់រាជ្យ​ថ្វាយ​ព្រះ​បិតា​វិញ​នៅ​ក្នុង​ឆ្នាំ​១៧០៤ ។

២៥. ព្រះ​ធម្មោរាជា​ទី​៤​-​រជ្ជកាល​ទី​២ (១៧០៦-១៧១០)
ព្រះរាជា​អង្គ​នេះ​មិន​បាន​ទទួល​ព្រះរាជ​ពិធី​អភិសេក​ទេ​កាលពី​ទ្រង់​ សោយរាជ្យ​លើក​មុន ព្រោះ​នៅ​ក្មេង​ពេក គឺ​ទើប​តែ​មាន​ព្រះ​ជន្មាយុ​១២​ព្រះ​វស្សា​ប៉ុណ្ណោះ ។ ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​នៅ​ក្នុង​ឆ្នាំ​១៧០៤ ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ឡើង​គ្រង​រាជបល្ល័ង្ក​សា​ជា​ថ្មី​នេះ ទ្រង់​មាន​ព្រះ​ជន្ម​១៧​ព្រះ​វស្សា​ហើយ ហើយ​បាន​ត្រូវ​អភិសេក​ក្រោម​ព្រះ​នាម​ថា «ព្រះ​ស្រី​ធម្មោរាជា​ធិរាជ​រាមាធិបតី​បរមបពិត្រ» ជា​ព្រះរាជា​ស្នង ឯ​ព្រះ​បិតា​របស់​ព្រះ​អង្គ​វិញ បាន​ទទួល​យក​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ គឺជា​ឋានៈ​ដែល​គេ​តែងតែ​ប្រគល់​ថ្វាយ​ដល់​ព្រះរាជា ដែល​មិន​ចង់​ទទួល​យក​រាជសម្បត្ដិ ឬ​ក៏​ត្រូវ​គេ​បំបែក​ពី​រាជសម្បត្ដិ ។

និយាយ​ពី​ពួក​លាវ​ដែល​នាំ​គ្នា​មក​កម្ពុជា​តាម​ស្ដេច​របស់​ខ្លួន​វិញ បាន​ត្រូវ​ព្រះរាជា​អនុញ្ញាត​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ខែត្រ​បាទី​ជាមួយ​ពួក​លាវ ​មួយ​ក្រុម​មុន​ដែល​កាលពី​ឆ្នាំ​១៥៦១​ក្រុម​នេះ​គេ​ឱ្យ​នៅ​ឯ​បារាយណ៍​ តែ​បន្ទាប់​មក បាន​ឱ្យ​មក​រស់នៅ​ទី​នេះ​ដែរ​ក្រោយ​ពី​មាន​បះបោរ​ម្ដង​រួច​មក ។ ភូមិ​ដែល​ពួក​លាវ​នេះ​រស់នៅ គេ​ដាក់​ឈ្មោះ​ឱ្យ​ថា ភូមិ​បារាយណ៍​ក្បាតជុំ​ មាន​ន័យ​ថា​ភូមិ​ពួក​អ្នក​បះបោរ​នៅ​បារាយណ៍ ។​ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​បណ្ដា​ជនរួមជាតិ​គេ ពួក​អ្នក​មក​ដល់​ថ្មី​បាន​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ម្ដង​នៅ​ ក្នុង​ឆ្នាំ​១៧០៨ ។ ព្រះរាជា​បាន​ចាត់​ឱ្យ​មន្ដ្រី​២​នាក់​មក​នាំ​ពួក​នេះ​ទៅ​រស់​នៅ​ឯ​កោះ​ រាពណ៍​វិញ តែ​ពួក​នេះ​មិន​ព្រម ហើយ​ក៏​ប្រមែ​ប្រមូលគ្នា​បះបោរ​ជា​ចំហ​ឡើង ។ ព្រះរាជា​ក៏​ចាត់​ឱ្យ​កងទ័ព​ចេញ​មក​បង្ក្រាប ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​លាវ​នេះ​បំបែក​គ្នា​ជា​៣​កង គឺ​កង​ទី​១​រត់​ចូល​ព្រៃ កង​ទី​២​រត់​ទៅ​កូសាំងស៊ីន រីឯ​កង​ទី​៣​រត់​ទៅ​រក​ព្រះកែវហ្វ៊ា​អង្គ​ឯម ដែល​ត្រូវជា​ព្រះ​ភាគិនេយ្យ​របស់​ព្រះជ័ជេដ្ឋា​ផង និង​ត្រូវជា​បុត្រ​សុណិសា​ព្រះ​អង្គ​ផង ។ ព្រះកែវហ្វ៊ា​នេះ​បាន​ដក​ព្រះ​កាយ​ឆ្ងាយ​ពី​រាជវាំង​ប្រកប​ទៅ​ដោយ​ចរិត​ ប្រឆាំង តាំង​តែ​ពី​ពេល​ដែល​ទ្រង់​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​បិតា​ក្មេក​វិញ នៅ​ក្នុង​ឆ្នាំ​១៧០១ ។ គេ​បារម្ភ​ព្រះកែវហ្វ៊ា​នេះ​ធ្វើ​តម្រាប់​តាម​ព្រះ​បិតា​ព្រះ​អង្គ​ដែរ គឺ​ព្រះ​ឧភយោរាជ​អង្គ​នន់ ។

តាម​ពិត​ទៅ​ព្រះកែវហ្វ៊ា​ទ្រង់​រង់​ចាំតែ​ឱកាស​នឹង​ចាប់​កាន់​អាវុធ​ ប្រឆាំង​ប៉ុណ្ណោះ ។​ ព្រឹត្ដិការណ៍​បះបោរ​របស់​ពួក​លាវ​នេះ​ជា​ឱកាស​ល្អ​ហើយ​ ទ្រង់​ក៏​ប្រកាស​ខ្លួន​ព្រះ​អង្គ​ជា​អ្នក​ការពារ​ពួក​នោះ​ហើយ​បាន​ហៅ​មេ​ធំ​ របស់​ពួក​គេ​ឈ្មោះ សុកុណា​បាទ​ ឱ្យ​ត្រលប់​មក​ពី​កូសាំងស៊ីន​មក​វិញ ។ សុកុណា​បាទ​ត្រលប់​កម្ពុជា​ជាមួយ​នឹង​ទ័ព​អាណ្ណាម​២​ម៉ឺន​នាក់​ដែល​គេ​បាន​ កេណ្ឌ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​រួមគំនិត​ជាមួយ​ព្រះកែវហ្វ៊ា ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ព្រះកែវហ្វ៊ា កេណ្ឌ​បាន​ទ័ព​កួយ និង​សំរែ​១​ម៉ឺន​នាក់​ដែរ ។ ព្រះកែវហ្វ៊ា​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ឧត្ដុង្គ រីឯ​សុកុណា​បាទ​ចាប់​វាយ​យក​អាណា​ខែត្រ​ខាងកើត ។ ទ័ព​ទាំង​២​ធ្វើ​សកម្មភាព​លឿន​រហ័ស​ណាស់ ទាល់​តែ​ព្រះរាជា និង​ព្រះ​អនុជ​អង្គ​ទង​ដែល​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​ហើយ​ត្រូវ​ព័ទ្ធ​ ជាប់​នៅ​ក្នុង​បន្ទាយ​ឧត្ដុង្គ ។​ ព្រះរាជា​ទប់ទល់​ជាមួយ​ទ័ព​សត្រូវ​អស់​ពេល​៣​ខែ ទ្រាំ​លែង​បាន​ទើប​ទ្រង់​វាយ​បើក​ខ្សែ​ត្រៀម​រត់​គេច​ចេញ​នា​ពេល​យប់​មួយ​ សំដៅ​ទៅ​ស្រុក​សៀម ដោយ​នាំ​យក​ព្រះរាជ​បុត្រា​របស់​ព្រះរាជា​មួយ​អង្គ ដែល​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៧០៦ ទៅ​ជាមួយ​ផង ។

២៦. ព្រះកែវហ្វ៊ា​អង្គ​ឯម​-​រជ្ជកាល​ទី​២ (១៧១០-១៧២២)
ព្រះកែវហ្វ៊ា​អង្គ​ឯម បាន​សោយរាជ្យ​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៧០០ ។ ក្រោយ​ពី​បាន​បណ្ដេញ​ព្រះរាជា​ស្នង​ឱ្យ​រត់​គេច​ព្រះ​អង្គ​ទៅ​ស្រុក​សៀម​រួច ​មក ទ្រង់​ក៏​ចាប់​កាន់​កិច្ចការ​ព្រះរាជា​ណាចក្រ ប៉ុន្ដែ​មិន​ទាន់​ហ៊ាន​ឱ្យ​គេ​អភិសេក​ព្រះ​អង្គជា​ស្ដេច​នៅ​ឡើយ​ទេ ។ ព្រះ​អង្គ​រង់ចាំ​អស់​ពេល​៤​ឆ្នាំ គឺ​រហូត​ដល់​មក​ឆ្នាំ​១៧០៤ ទើប​ត្រូវ​បាន​អភិសេក​ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក​ក្រោម​ព្រះ​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះកែវហ្វ៊ា​បរមបពិត្រ» ដែល​ទ្រង់​ធ្លាប់​បាន​ទទួល​រួច​មក ហើយ​នៅ​ក្នុង​ឆ្នាំ​១៧០០​-​១៧០១ ។ ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៣៤​ព្រះ​វស្សា​ហើយ ។
នៅ​ឆ្នាំ​បន្ទាប់​មក​ ស្ដេច​ស្រុក​សៀម​បាន​បញ្ជូន​ទ័ព​១​ម៉ឺន​៥​ពាន់​នាក់​ជាមួយ​នឹង​រាជទូត​ផង​មក ​កាន់​ស្រុក​ខ្មែរ ដើម្បី​សុំ​ឱ្យ​ព្រះកែវហ្វ៊ា​ជ្រែករាជ្យ​លះបង់​រាជបល្ល័ង្ក​ថ្វាយ​ទៅ​ព្រះ​ ស្រី​ធម្មោរាជា​វិញ ។ អតីត​ព្រះរាជា​នេះ បាន​ឈប់​សំចត​នៅ​ក្នុង​ខែត្រ​បាត់ដំបង ជាមួយ​នឹង​ព្រះ​អនុជ​អង្គ​ទង និង​ព្រះ​បុត្រា​អង្គ​ឯម ជាមួយ​នឹង​កងទ័ព ដែល​បញ្ជា​ដោយ​ចៅពញា​ពលទេព និង​ចៅពញា​រាជា​សោភាវតី ។ ព្រះរាជា​ថ្មី​កែវហ្វ៊ា​អង្គ​ឯម​បដិសេធ​មិន យល់ព្រម​ទទួល​យក​សំណើ​ខុស​ពី​ធម្មតា​នេះ​ទេ ហើយ​ក៏​មិន​ព្រម​អនុញ្ញាត​ឱ្យ​ក្សត្រា​ទាំង​៣​អង្គ​ស្នាក់​នៅ​ក្នុង​ ព្រះរាជា​ណាចក្រ​ដែរ ព្រោះ​វត្ដមាន​របស់​ក្សត្រ​ទាំង​៣​អង្គ​អាច​នាំ​ឱ្យ​មាន​ភាព​ល្អក់​កករ​ បាន ។
នៅ​ក្នុង​ឆ្នាំ​១៧១៥ នៅ​ពេល​ដែល​ព្រះ​ជ័យជេដ្ឋា​ឧភយោរាជ​យាង​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​៥ ចំនួន​មួយ​សបា្ដហ៍ ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អគ្គមហេសី ជា​បុត្រី​ដែល​ព្រះ​ជ័យជេដ្ឋា​បាន​លើក​ថ្វាយ ព្រះ​អង្គ​កាលពី​ពេល​ដែល​ទ្រង់​យាង​ត្រលប់​ពី​អាណ្ណាម​មក​វិញ ក្រោម​ព្រះ​នាម​ថា ព្រះ​មហាក្សត្រី រួច​ទ្រង់​ក៏​យាង​ចូល​សាង​ព្រះ​ផ្នួស ។ សាង​ផ្នួស​បាន​៣​ថ្ងៃ ព្រះកែវហ្វ៊ា​អង្គ​ឯម​ក៏​លាចាក​សិក្ខាបទ រួច​ចាប់​កាន់​អំណាច​ឡើង​វិញ ។

នៅ​ចុង​ឆ្នាំ​១៧១៦ ព្រះ​អង្គ​ទង ជា​ព្រះ​អនុជ​របស់​ព្រះរាជា​ស្រី​ធម្មោរាជា​ដែល​ធ្លាក់​ពី​រាជសម្បត្ដិ បាន​ចេញ​មុខ​ដឹកនាំ​អ្នកស្រុក​ពោធិ៍សាត់​ដែល​បះបោរ​ឡើង​ប្រឆាំង​នឹង​ ព្រះរាជា​ព្រះកែវហ្វ៊ា ។ ព្រះកែវហ្វ៊ា ពេល​នោះ​គ្មាន​កងទ័ព​ទេ ណា​មួយ​ប្រជានុរាស្ដ្រ​ក៏​មិន​ពេញចិត្ដ​នឹង​ព្រះ​អង្គ​ផង​ដែរ ព្រោះ​ទ្រង់​ចូល​ចិត្ដ​តែ​ការ​សប្បាយ ។ បើ​ទោះជា​ថា​ប្រទេស​កម្ពុជា​នា​សម័យ​នោះ​មិន​ទាន់​ធ្លាក់​ចុះ​ឱន​ខ្សោយ​ដូច​ សព្វថ្ងៃ​ក៏​ដោយ ក៏​ប៉ុន្ដែ​គេ​មិន​អាច​ធ្វើ​ឱ្យ​ប្រជារាស្ដ្រ​ដើរ​តាម​ទាំង​មិន​សប្បាយ​ ចិត្ដ​បាន​ដែរ ។​ ម្ល៉ោះ​ហើយ ដោយ​ដឹង​ច្បាស់​ថា ប្រជារាស្ដ្រ​មិន​គាំទ្រ​ព្រះ​អង្គ ព្រះកែវហ្វ៊ា មិន​បាន​រៀបចំ​កេណ្ឌ​ទ័ព​ក្នុង​ចំណោម​ប្រជារាស្ដ្រ​ខ្មែរ​ទេ ទ្រង់​បែរ​ទៅ​រក​ពួក​អាណ្ណាម ដែល​ជា​ឈ្លើយ​សឹក​នៅ​ក្នុង​កម្ពុជា​វិញ ។​ ទ័ព​អាណ្ណាម​នេះ​ក្រោយ​ពី​បាន​ទទួល​ការ​រៀបចំ​រួច​ហើយ​ក៏​ចេញ​ទៅ​វាយ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះ​អង្គ​ទង ធ្វើ​ឱ្យ​ព្រះ​អង្គ​រង​របួស​នៅ​ក្នុង​សមរភូមិ​ដំបូង ហើយ​បង្ខំ​ឱ្យ​ព្រះ​អង្គ​វាយ​ដកថយ​ទៅ​ក្រោយ​វិញ ។ ពួក​អ្នកស្រុក​ពោធិ៍សាត់​ដែល​អស់​សង្ឃឹម​ក៏​បំបែក​គ្នា វិល​ត្រលប់​ទៅ​ស្រុក​ភូមិ​វិញ​អស់​ដែរ ។
ព្រះ​អង្គ​ទង ថ្វីបើ​ត្រូវ​រង​របួស ប៉ុន្ដែ​ព្រះ​អង្គ​មិន​អស់សង្ឃឹម​ទេ ។ ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ឫស្សីសាញ់ ដើម្បី​ព្យាបាល​របួស ។ ដល់​មក​ឆ្នាំ​១៧២២ ស្ដេច​សៀម​បាន​ឱ្យ​ទ័ព​១​ម៉ឺន​នាក់​ជូន​ដំណើរ​ព្រះ​ស្រីធម្មោរាជា យាង​ឆ្លងកាត់​ព្រំដែន​ចូល​មក​កម្ពុជា​តាម​ជើង​គោក​ជាមួយ​នឹង​ព្រះ​បុត្រា​ អង្គ​ឯម និង​ទ័ព​៥​ពាន់​នាក់​ទៀត ឡើង​សំពៅ​តាម​ជើង​ទឹក​មក​ចុះ​នៅ​ពាម (ហាទៀង) ។ ព្រះ​អង្គ​ទង​បាន​យាង​កាត់​ទៅ​រក​ទ័ព​ជើងគោក​របស់​ព្រះ​រៀម​នៅ​ទីនោះ ។

ពាម ឬ​ហាទៀង ដែល​ជាទី​ប្រជុំជន​របស់​ខែត្រ​ខម ឬ​មឿង​ខម ពេល​នោះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​រួច​មក​ហើយ​ ដោយ​មេចោរ​សមុទ្រ​ជាតិ​ចិន​ម្នាក់ ដែល​ជា​អតីត​បក្សពួក​របស់​សន្ដតិវង្ស​មិញ ។ ចិន​នោះ​មាន​ឈ្មោះ​ថា​ ម៉ាក់​គូ (44) កាល​នៅ​ឯ​ភ្នំពេញ​ធ្វើ​ជា​មេបន​ល្បែង​ស៊ីសង ។ នៅ​ពេល​ក្លាយជា​អ្នកមាន​ ចិន​នេះ​កើត​គំនិត​ចង់​ធ្វើ​ឱ្យ​ជីវិត​ខ្លួន​កាន់តែ​ប្រសើរ និង​ថ្កុំថ្កើង​ឡើង ក៏​ទៅ​តាំងទី​លំនៅ​ឯ​ពាម ប្រមែ​ប្រមូល​ពួក​ចោរ​សមុទ្រ ចិន និង​អាណ្ណាម​ជា​ច្រើន​នាក់ ព្រមទាំង​ពួក​អាវាសែ​ផ្សេងៗ​ដែល​រង់​ចាំតែ​ពេល​បម្រើ​ចៅហ្វាយ​ខ្លាំង​ពូកែ​ ម្នាក់ ឱ្យ​មក​រស់នៅ​ជាមួយ​ខ្លួន ។ ម៉ាក់​គូ​បាន​ដណ្ដើម​យក​ទីប្រជុំជន​ធំៗ​ចំនួន​៧​ដាក់​មក​ក្នុង​អំណាច​របស់​ ខ្លួន ៖ ទី​១​គឺ ពាម (45) ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា ហាទៀង​ កោះ​ភូកុក​ ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​ ស្រែលួងកៃ​ ដែល​ខ្មែរ​ហៅ​ថា ស្រែអំបិល នៅ​ក្នុង​ខែត្រ​កំពង់សោម​ វឿងធំ (កំពង់សោម) ក្រមួនស​ កានវត (កំពត) និង​កាម៉ៅ នៅ​ភាគ​ខាងត្បូង ដែល​កាល​ពីមុន​មាន​មាន​ឈ្មោះ​ថា ទឹកខ្មៅ ។
ការ​ប្រមូល​បាន​ទីប្រជុំជន​ទាំង​៧​ដាក់​មក​ក្នុង​អំណាច​របស់​ខ្លួន មាន​ន័យ​ថា​អតីត​មេចោរ​សមុទ្រ​នេះ​បាន​បង្កើត​បាន​ក្សត្រ​ប្រទេស​មួយ​នៅ​លើ​ ទឹកដី​កម្ពុជា ។ ដើម្បី​ធានា​អនាគត​របស់​ខ្លួន ម៉ាក់​គូ​បាន​បញ្ជូន​ទូត​ទៅ​ចូល​គាល់​ស្ដេច​អាណ្ណាម ទូល​ថា​ទឹកដី​អាណា​ខែត្រ​ភាគ​អាគ្នេយ៍​នេះ​ខ្លួន​សូម​លើក​ថ្វាយ​ស្ដេច​ អាណ្ណាម ហើយ​សុំ​ការ​អនុញ្ញាត​គ្រប់គ្រង​ជំនួស ។ ស្ដេច​អាណ្ណាម​បាន​ចាត់​តាំង​លើក​ម៉ាក់​គូ​ជា​អភិបាល ហើយ​ជា​ឧត្ដមសេនីយ៍​លើ​ទឹកដី​មាត់​ឈូង​សមុទ្រ​សៀម​ទាំងមូល (១៧១៥) បើ​ទោះបី​ថា​ម៉ាក់​គូ​នេះ​គ្មាន​សិទ្ធិ​អ្វី​បន្ដិច​បន្ដួច​លើ​ទឹកដី​ទាំង​ អស់​នោះ​ក៏​ដោយ ព្រោះថា ទ័ព​របស់​គេ​មិន​ដែល​វាយ​ដណ្ដើម​បាន​ម្ដង​ណា​ទេ ហើយ​ក៏​គ្មាន​ការ​ធ្វើ​សម្បទាន​ឱ្យ ឬ​ក៏​មាន​ការ​ប្រទូសរ៉ាយ​អ្វី​ដែរ ។
គឺ​ដោយ​បែប​នេះ​ហើយ​ដែល​ម៉ាក់​គូ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​មន្ដ្រី​ដ៏​ មហិមា​ម្នាក់ តែ​ក៏​ជា​មេចោរ​សមុទ្រ​ដ៏​សាហាវ​ម្នាក់​សម្រាប់​រាជវាំង​អាណ្ណាម​ក៏​ដូច​ជា​ រាជវាំង​កម្ពុជា​ផង​ដែរ ។

នៅ​ពេល​ដែល​ពួក​សៀម​ចង់​ដឹកនាំ​ទ័ព​មក​ចុះ​នៅ​ហាទៀង ដើម្បី​បន្ដ​ដំណើរ​ឡើង​ទៅ​វាយ​អ្នក​អង្គ​ឯម ពួក​នេះ​បាន​មក​ជួប​ឧបសគ្គ​មួយ​គឺ​ម៉ាក់​គូ​នេះ​ឯង ដែល​គាំទ្រ​ស្ដេច​កំពុង​សោយរាជ្យ ហើយ​បាន​កេណ្ឌ​ទ័ព​ចេញពី​ពួក​មនុស្ស​យង់ឃ្នង​ចម្រុះ​ជាតិ​សាសន៍ ត្រៀម​ប្រយុទ្ធ​រួច​ជា​ស្រេច ។ ម៉ាក់​គូ​បាន​វាយ​ទ័ព​ជើងទឹក​សៀម ដែល​ដឹកនាំ​ដោយ​ពញា​កាសា​ និង​តេជោ​ឱ្យ​បរាជ័យ​ស្ទើរតែ​ទាំងស្រុង ។​ តែ​ទ័ព​សៀម​ខាង​ជើងគោក​ទទួល​បាន​លទ្ធផល​ល្អ អាច​រុញច្រាន​ទ័ព​អាណ្ណាម​របស់​ព្រះកែវហ្វ៊ា​អង្គ​ឯម​ឱ្យ​ដក​ថយ​មក​ត្រឹម​ ពោធិ៍សាត់ និង​មក​ដល់​ឧត្ដុង្គ ក្រោយ​ពី​ច្បាំង​គ្នា​អស់​ពេល​១​ឆ្នាំ ។

ដោយ​ពិនិត្យ​ឃើញ​ថា​មិន​អាច​បន្ដ​ទ្រាំទ្រ​បាន​ទេ ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​សាកសួរ​យោបល់​សេនា​មន្ដ្រី​ដែល​តាម​ហែហម រួច​ក៏​ចាត់​បញ្ជូន​រាជទូត​ឱ្យ​ទៅ​ចរចា​ជាមួយ​ឧត្ដមសេនីយ៍​សៀម ពញា​ចក្រី ថា​ព្រះ​អង្គ​យល់​ព្រម​ដាក់​កម្ពុជា​ជា​ចំណុះ​សៀម ហើយ​នឹង​លើក​សួយសារ​អាករ​ជា​ផ្កា​មាស​ផ្កា​ប្រាក់​ទៅ​ថ្វាយ​រៀង​រាល់​ឆ្នាំ​ ប្រសិន​ណា​បើ​សៀម​ទុក​ឱ្យ​ព្រះ​អង្គ​កាន់​អំណាច​ដដែល ហើយ​នាំ​យក​អ្នក​អង្គ​ម្ចាស់​ខ្មែរ​ដែល​នៅ​ជាមួយ​ទ័ព​សៀម​ទៅ​អយុធ្យា​វិញ ជា​ពិសេស គឺ​អតីត​ព្រះរាជា​ខ្មែរ​ដែល​ទ័ព​សៀម​ចង់​យក​មក​ឱ្យ​សោយរាជ្យ​នៅ​កម្ពុជា​ វិញ ។
មេទ័ព​សៀម​បាន​យល់​ព្រម​តាម​បណ្ដា​ល័ក្ខខ័ណ្ឌ​ទាំង​អស់នេះ ហើយ​ក៏​នាំ​ទ័ព​ត្រលប់​ទៅ​អយុធ្យា​វិញ ដោយ​នាំ​យក​អ្នក​អង្គ​ម្ចាស់ និង​អតីត​ស្ដេច​ខ្មែរ​ទៅ​ផង ។ ប្រជារាស្ដ្រ និង​នាម៉ឺន​មួយ​ចំនួន​ដែល​មិន​គាំទ្រ​ព្រះកែវហ្វា​មាន​ការ​ខឹងសម្បា​ជា​ ខ្លាំង ហើយ​តាម​ការ​ដំណាល​តៗ​គ្នា​មក​បាន​និយាយ​ថា គេ​នាំ​គ្នា​ហៅ​ព្រះកែវហ្វ៊ា​អង្គ​ឯម​ថា​ជា​ស្ដេច​សៀម ។ ដោយ​ទ្រាំ​នឹង​ពាក្យ​រអារអូម​នេះ​មិន​បាន ព្រះកែវហ្វ៊ា​ក៏​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​គឺ​ អ្នក​អង្គ​ជ័យ ។ នៅ​ពេល​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤២​ព្រះ​វស្សា​ហើយ ហើយ​ទ្រង់​សោយរាជ្យ​សម្បត្ដិ​បាន​៦​ឆ្នាំ ។

២៧. អ្នក​អង្គ​ជ័យ​-​ព្រះ​សត្ថា (១៧២២-១៧២៩)
អ្នក​អង្គ​ជ័យ​មាន​ព្រះ​ជន្មាយុ​២០​ព្រះ​វស្សា​ហើយ នៅ​ពេល​ដែល​ទ្រង់​ឡើង​សោយរាជ្យ ។ ក្រោយ​ពី​ព្រះ​បិតា​ដាក់​រាជសម្បត្ដិ​ថ្វាយ​បាន​២​ខែ ព្រះ​អង្គ​បាន​ត្រូវ​អភិសេក​នៅ​ឧត្ដុង្គ​ក្រោម​ព្រះ​នាម​ថា «ព្រះ​សត្ថា» និង​មាន​ព្រះ​ឋានៈ​ជា​ព្រះរាជា​ស្នង ។ ទ្រង់​បាន​យក​ព្រះ​មាតុច្ឆា​សម្ដេច​ព្រះស្រី​សុជាតា បុត្រី​របស់​ព្រះ​ជ័យជេដ្ឋា ជា​ព្រះ​អគ្គមហេសី ។
រជ្ជកាល​របស់​ព្រះ​អង្គ បាន​ចាប់ផ្ដើម​ឡើង​ជាមួយ​នឹង​ការ​វាយ​ពួក​ក្លឹង ឬ​ពួក​ហិណ្ឌូ​របស់​នាង​ភាក់ ឱ្យ​បរាជ័យ ។
ក្នុង​រជ្ជកាល​នេះ ព្រះ​អយ្យកោ​ជ័យជេដ្ឋា ដែល​បាន​សោយរាជ្យ ហើយ​ដាក់រាជ្យ​ជា​ច្រើន​លើក​ច្រើន​គ្រា​ដើម្បី​សាង​ព្រះ​ផ្នួស មាន​ព្រះ​ជន្ម​៦៥​ព្រះ​វស្សា ហើយ​មាន​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ ។ ព្រះ​អង្គ​ធ្លាក់​ព្រះកាយ​ប្រឈួន ហើយ​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៧២៥ ។
នៅ​ឆ្នាំ​១៧២៩ មិន​ដឹង​ជា​នឿយណាយ​នឹង​រាជកិច្ច ឬ​ក៏​ដោយ​មាន​ការ​ផ្ដល់​យោបល់​ពី​ព្រះ​បិតា​ព្រះកែវហ្វ៊ា​អង្គ​ឯម ព្រះ​សត្ថា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​បិតា​វិញ ក្រោយ​ពី​គ្រង​រាជបល្ល័ង្ក​បាន​៨​ឆ្នាំ ។

២៨. ព្រះកែវហ្វ៊ា​បរមបពិត្រ​-​កែវ​ហ្វ៊ា​អង្គ​ឯម រជ្ជកាល​ទី​២ (១៧២៩-១៧៣០)
ព្រះកែវហ្វ៊ា​អង្គ​ឯម​បាន​សោយរាជ្យ​សម្បត្ដិ​ឡើង​វិញ ហើយ​បាន​ទទួល​ព្រះ​រាជាភិសេក​ក្រោម​ព្រះ​នាម​ថា «សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ​ជ័យជេដ្ឋា​ធិរាជ​រាមា​សូរ​កំពូល​លោកិយ៍​ ត្រៃ​ភាវនា» ។ ប៉ុន្ដែ បាន​តែ​៧​ខែ ប្រជារាស្ដ្រ​ក៏​បះបោរ​ប្រឆាំង​នឹង​ព្រះ​អង្គ ធ្វើ​ឱ្យ​ព្រះ​អង្គ​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះរាជបុត្រ​ព្រះ​សត្ថា​ ម្ដងទៀត ។

២៩. ព្រះ​អង្គ​ជ័យ ហៅ ព្រះ​សត្ថា រជ្ជកាល​ទី​២ (១៧៣០-១៧៣៦)
ព្រះ​សត្ថា បាន​ត្រូវ​អភិសេក​ជា​លើក​ទី​២​នៅ​ដើម​ឆ្នាំ​១៧៣០ ក្រោម​ព្រះ​នាម​ថា​ «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះបរម្មោ​រាជា​ធិរាជ​រាមាធិបតី» ។ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២៧​ព្រះ​វស្សា​ហើយ ។ ព្រះ​បិតា​របស់​ព្រះ​អង្គ​ដែល​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​អង្គ បាន​ទទួល​ព្រះ​ឋានៈ​ជា​ព្រះ​ឧភយោរាជ ។ នៅ​ក្នុង​ឆ្នាំ​បន្ទាប់ មាន​ជនភៀសខ្លួន​លាវ​ម្នាក់ រស់នៅ​ភូមិ​ព្រះសូត្រ​ក្នុង​ខែត្រ​បាភ្នំ ដែល​ឡប់សតិ បាន​ប្រកាស​ខ្លួន​ថា ជា​អ្នក​មាន​បុណ្យ ហើយ​ទទួល​ភារកិច្ច​ឱ្យ​ចុះ​មក​សម្លាប់​ផ្ដាច់​ពូជ​ពួក​អាណ្ណាម​ចេញ​ពី​ កម្ពុជា ។ មាន​ប្រជាជន​ជា​ច្រើន​ជឿជាក់​លើ​ជន​នេះ​ហើយ​ដើរ​តាម​នៅ​ភាគ​ខាងត្បូង​នៃ​ ព្រះរាជា​ណាចក្រ​រហូត​ទៅ​ដល់​ភាគ​ខាង​ម្ខាង​ទៀត​នៃ​ទល់ដែន ។ ពួក​នេះ​បាន​នាំ​គ្នា​ឆ្លង​ចូល​ទៅ​ក្នុង​កូសាំងស៊ីន ហើយ​ចាប់​កាប់​សម្លាប់​រាល់​ជន​អាណ្ណាម​ណា​ដែល​គេ​ជួប​ប្រទះ ។​ ពេល​នោះ​ឧត្ដមសេនីយ៍​ដែល​គ្រប់គ្រង​នៅ​សាយហ្គន​បាន​បញ្ជូន​ទ័ព​មួយ​កង​តូច​ ឱ្យ​មក​បង្ក្រាប ពួក​នេះ​ហើយ​ដេញ​តាម​រហូត​ដល់​ឆ្លង​ផុត​ទល់ដែន ។ ពេល​មក​ដល់​ស្រុក ដោយ​មាន​ជំនឿ​ងប់ងុល​លើ​ជន​លាវ ពួក​នេះ​ក៏​ចាប់​តាំង​ធ្វើការ​កាប់​សម្លាប់​ជា​បន្ដ​ទៀត ។ ព្រះរាជា​បាន​ចាត់​ស្នងការ​ព្រះរាជា​ណាចក្រ​ឱ្យ​ទៅ​បង្ក្រាប ហើយ​ពួក​នេះ​ក៏​បែក​ខ្ញែក​គ្នា​អស់​ទៅ ។​ ស្ដេច​អាណ្ណាម​នៅ​ពេល​ដែល​បាន​ជ្រាប​អំពី​ហេតុការណ៍​កាប់​សម្លាប់​រង្គាល​ នេះ ក៏​បញ្ជូន​កងទ័ព​មក​វាយ​កម្ពុជា ដោយ​មិន​បាន​គិត​ថា ព្រះរាជា​កម្ពុជា​បាន​ធ្វើ​អន្ដរាគមន៍​រួច​ទៅ​ហើយ​ទេ ។ ដោយ​មិន​អាច​ទប់ទល់​នឹង​ទ័ព​អាណ្ណាម​បាន ព្រះ​សត្ថា​ក៏​ភៀស​ព្រះ​កាយ​ទៅ​គង់នៅ​ឯ​ពាមត្រែង ក្នុង​ខែត្រ​សន្ទុក ។ ទ្រង់​បាន​កេណ្ឌ​ទ័ព​ប្រញិប​ប្រញាប់​រួច​ដឹកនាំ​មក​កាន់​ភ្នំពេញ​ជាទី​ កន្លែង​ដែល​ពួក​អាណ្ណាម​ទើប​ធ្វើ​ដំណើរ​មក​ដល់ ។ ព្រះ​អង្គ​បាន​វាយ​ទ័ព​អាណ្ណាម​ឱ្យ​បរាជ័យ រត់​បែកខ្ញែក​គ្នា​ត្រឡប់​ទៅ​កូសាំងស៊ីន​វិញ តាម​ដៃទន្លេ​ទាំង​២ ។
ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​បរាជ័យ​នេះ ស្ដេច​អាណ្ណាម​បាន​ចេញ​បញ្ជា​ឱ្យ​កេណ្ឌ​ទ័ព​មួយ​កង​ធំ​ជាង​មុន ចេញ​ដំណើរ​មក​វាយ​កម្ពុជា​ទៀត ។
នៅ​ពេល​ដែល​ទ័ព​អាណ្ណាម​មក​ដល់​ភ្នំពេញ ព្រះរាជា​ដែល​ទើប​តែ​យាង​ត្រលប់​ជាមួយ​រាជវង្សានុវង្ស​មក​គង់នៅ​ឧត្ដុង្គ បាន​ភៀស​ព្រះ​អង្គ​ម្ដងទៀត ទៅ​គង់នៅ​ឯ​ពាមក្របៅ ក្នុង​ខែត្រ​សន្ទុក ។ ទ្រង់​ជ្រើសរើស​ទ័ព​នៅ​ទីនោះ រួច​ដឹកនាំ​មក​វាយ​ពួក​អាណ្ណាម ធ្វើ​ឱ្យ​ពួក​នេះ​បរាជ័យ​ម្ដង​ទៀត ហើយ​បង្ខំ​ឱ្យ​ដក​ថយ​ទៅ​ខែត្រ​មីថ និង​វិញឡុង​អស់​ទៅ ។ ខែត្រ​ទាំង​២​នេះ​ជា​ទឹកដី​របស់​កម្ពុជា​ទេ ក៏​ប៉ុន្ដែ​ពួក​អាណ្ណាម​កាន់កាប់ ហើយ​ដាក់​បញ្ចូល​ជា​ផ្លូវការ​ជាមួយ​ខែត្រ​៣​ទៀត​ដែល​គេ​វាយ​យក​បាន​ពី​មុន ។
នៅ​ពេល​នោះ ដោយ​ពិនិត្យ​ឃើញ​ថា​ឧត្ដុង្គ​ស្ថិត​នៅ​ជិត​ភ្នំពេញ​ពេក ព្រះរាជា​ក៏​សម្រេច​ព្រះ​ទ័យ​ចាក​ចោល​រាជធានី​នេះ ដោយ​នាំ​រាជបរិពារ​ទៅ​គង់នៅ​ឯ​លង្វែក​វិញ ឆ្ងាយ​ទៅ​ខាងជើង​បន្ដិច ដែល​ព្រះរាជា​មុនៗ​បាន​បោះបង់​ចោល​កាលពី​សតវត្សរ៍​មុន ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​រាជធានី​ខ្មែរ​រំកិល​ខិត​ទៅ​ខាងជើង​ទៀត ព្រោះ​ខ្លាច​អាណ្ណាម ផ្ទុយ​ខុស​ពី​ពេល​មុន​ដែល​រំកិល​ខិត​មក​ខាងត្បូង ដោយ​ខ្លាច​សៀម ។
នៅ​ក្នុង​ឆ្នាំ​១៧៣៦ ព្រះរាជា​ព្រះ​សត្ថា បាន​ដាក់​រាជសម្បត្ដិ​ដើម្បី​សាង​ផ្នួស​៣​ថ្ងៃ រួច​ទើប​លាចាក​សិក្ខាបទ​មក​គង់​លើ​រាជបល្ល័ង្ក កាន់​អំណាច​ឡើង​វិញ ។

នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ព្រះរាជា​មាន​មន្ទិល​សង្ស័យ​ថា​ព្រះ​អគ្គមហេសី​ស្រីសុជាតា ជា​បុត្រី​របស់​ព្រះ​ជ័យជេដ្ឋា ក្បត់​នឹង​ព្រះ​អង្គ ឃុបឃិត​ជាមួយ​អ្នក​អង្គ​សូរ​ ឬ​សម្ដេចព្រះ​ឧទ័យ​ អ្នក​អង្គ​ស្ងួន ហៅ ព្រះ​ស្រី​ជ័យជេដ្ឋា​ និង​ចៅពញាចន្ទ​ ហៅ​បទុមរាជា ជា​បុត្រា​មួយ​អង្គ​របស់​ព្រះ​អង្គ​ទង និង​បុត្រា​របស់​អតីត​ព្រះរាជា​ស្រី​បទុមរាជា ដែល​សុទ្ធតែ​ត្រូវជា​បងប្អូន​ជីទួតមួយ​របស់​ព្រះ​អង្គ ចង់​ទម្លាក់​ព្រះ​អង្គ​ពី​អំណាច ឬ​ក៏​ចង់​ធ្វើឃាត​ព្រះ​អង្គ ។ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ដោយ​សន្សំ​ព្រះ​ទ័យ​ចង់​សងសឹក​នឹង​ពួក​នេះ ព្រះរាជា​បាន​យាង​មក​គង់នៅ​ឯ​ភ្នំពេញ រួច​ហើយ​ក៏​រៀបចំ​វិធានការ​ចាប់ខ្លួន និង​កាប់​សម្លាប់​ព្រះ​មហេសី និង​បក្សពួក​ទាំងអស់ ។

ក្សត្រា​ទាំង​៣​ព្រះ​អង្គ ពេល​ដឹង​ខ្លួន​ថា​ព្រះរាជា​ប្រុង​នឹង​ធ្វើបាប​ហើយ ក៏​គេចខ្លួន​ចេញពី​រាជធានី ហើយ​ប្រមែ​ប្រមូល​កងទ័ព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះរាជា​វិញ ។ ការ​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​សាហាវ​ខ្លាំង​ណាស់ អស់​រយៈពេល​ជា​ច្រើន​ខែ ។ នៅ​ទី​បញ្ចប់ ព្រះរាជា​សត្ថា និង​ព្រះ​អនុជ​អ្នក​អង្គ​ឯម​ត្រូវ​រត់​ភៀស​ព្រះ​កាយ​ទៅ​កូសាំងស៊ីន នៅ​ក្នុង​ឆ្នាំ​១៧៣៧ ។ បងប្អូន​ព្រះ​ស្រី​ជ័យជេដ្ឋា និង​បទុមរាជា​បាន​ដេញ​តាម​ប្រកិត​ពីក្រោយ រួច​ហើយ​ព្រះ​ស្រី​ជ័យជេដ្ឋា​ក៏​បោះទ័ព​នៅ​នឹង​បាភ្នំ​លើ​ត្រើយ​ខាងកើត​ ទន្លេ ព្រះ​បទុមរាជា​បោះទ័ព​នៅ​លើ​ត្រើយ​ខាង​លិច ហើយ​រៀបចំ​វិធានការ​ទប់ទល់​កុំ​ឱ្យ​ព្រះរាជា​ព្រះ​សត្ថា​វិល​ត្រលប់​មក​វាយ​ យក​កម្ពុជា​វិញ បើ​ទោះជា​ព្រះ​អង្គ​មាន​ទ័ព​អាណ្ណាម​ជួយ​ក្ដី ។ នៅ​ពេល​នោះ អ្នក​អង្គ​ម្ចាស់​ឯម ដែល​ព្រះ​ធម្មោរាជា​ជា​បិតា​បាន​ប្រទាន​ព្រះ​នាម​របស់​ព្រះ​អង្គ​ថ្វាយ -នៅ​សម័យ​នោះ ការ​ប្រទាន​ព្រះ​នាម​ផ្ទាល់​ថ្វាយ​មាន​ន័យ​ថា​ទ្រង់​បាន​ផ្ទេរ​រាល់​សិទ្ធិ​ ទាំងឡាយ​ថ្វាយ បាន​វាយ​ចូល​លុក​លុយ​ខែត្រ​អង្គរ ជាមួយ​នឹង​កងទ័ព​ដែល​កេណ្ឌ​បាន​នៅ​កូរ៉ាត អស់​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ។ ជាមួយ​គ្នា​នោះ ស្ដេច​សៀម​បាន​ប្រគល់​ទ័ព​២​ពាន់​នាក់​ឱ្យ​អ្នក​អង្គ​ទង​ជា​ព្រះ​បិតុលា ចេញ​តាម​ពីក្រោយ ដើម្បី​ជួយ និង​បានឱ្យ​ព្រះ​ធម្មោរាជ​ដឹកនាំ​ទ័ព​៣​ពាន់​នាក់​ឡើង​ទូក​មក​ចុះ​នៅ​ឯ​ កំពត ។

នៅ​ពេល​ដែល​ទ័ព​អ្នក​អង្គ​ម្ចាស់​ឯម​ និង​ទ័ព​ព្រះ​អង្គ​ទង​ចុះ​មក​ជិត​ដល់​លង្វែក​នៅ​សល់​ប្រហែលជា​៥០​គីឡូម៉ែត្រ ព្រះ​មហាក្សត្រី​ស្រីសុជាតា​បាន​កោះ​ប្រជុំ​រាជវង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ពិគ្រោះ​យោបល់ រួច​ហើយ​ព្រះ​នាង​ក៏​សម្រេច​នាំ​គ្នា​មក​ជួប​ក្សត្រ​ទាំង​២​អង្គ​នៅ​ ឧត្ដុង្គ ។ ក្រោយ​ពី​ជួប​គ្នា​បន្ដិច​នៅ​លើ​ទន្លេសាប គេ​បាន​សម្រេច​ថា​ត្រូវ​មក​ជួបជុំ​គ្នា​ដោះស្រាយ​បញ្ហា​នៅ​ឯ​ភ្នំពេញ ។​ ក្សត្រា​ទាំង​២​យាង​ចូល​មក​ក្នុង​រាជធានី​ជាមួយ​នឹង​កងទ័ព​ទាំងអស់ ហើយ​គេ​បាន​ស្រុះស្រួល​ឯកភាព​គ្នា​ថា​លើក​ព្រះ​ធម្មោរាជា​ឱ្យ​គ្រង​ រាជបល្ល័ង្ក​ឡើង​វិញ ។ ប៉ុន្ដែ ព្រះ​ធម្មោរាជា​ទើបតែ​បាន​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​អង្គ​ថ្វាយ​ដល់​ព្រះរាជ ​បុត្រា ព្រះ​ធម្មោរាជា​អង្គ​ឯម ម្ល៉ោះ​ហើយ​ទ្រង់​ប្រកែក​មិន​ព្រម​ទទួល​យក​រាជសម្បត្ដិ​ទេ សូម​ឱ្យ​ថ្វាយ​ទៅ​ព្រះរាជ​បុត្រា​ទៅ​ចុះ ។ ក៏​ប៉ុន្ដែ​រាជវង្សានុវង្ស​មិន​ព្រម ពីព្រោះ​ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ការ​ចរចា​គ្នា​អាច​ទទួល​យក​បាន ដូច្នេះ​ព្រះ​អង្គ​ត្រូវ​តែ​លះបង់​ការ​ផ្ទេរ​ព្រះ​នាម​ថ្វាយ​ព្រះរាជបុត្រ​ សិន ។
ដោយ​មិន​សូវ​សព្វ​ព្រះរាជហឫទ័យ​ប៉ុន្មាន ព្រះ​ធម្មោរាជា​បាន​សម្រេច​ព្រះ​ទ័យ​គង់នៅ​ខែត្រ​ទ្រាំង រហូត​ដល់​ឆ្នាំ​១៧៣៨ ទាល់តែ​ដល់​ពេល​ដែល​មាន​ការ​ចាំបាច់​នៅ​ភ្នំពេញ ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​របស់​ព្រះរាជា​ណាចក្រ ទើប​ព្រះរាជ​វង្សានុវង្ស​ទៅ​យាង​ព្រះ​អង្គ​ឱ្យ​វិល​ត្រលប់​មក​កាន់​រាជធានី​ លង្វែក​វិញ (46) ។