Showing posts with label ១៩៧៥-១៩៧៦. Show all posts
Showing posts with label ១៩៧៥-១៩៧៦. Show all posts

Wednesday, April 17, 2024

១៧ មេសា ឆ្នាំ ១៩៧៥

ប្រវត្តិសាស្រ្តខ្មែរ ១៧ មេសា ១៩៧៥ ជាថ្ងៃកងទ័ពរដ្ឋាភិបាលបង្រួបបង្រួមជាតិ វាយរំដោះក្រុងភ្នំពេញ ពី រដ្ឋាភិបាល សេនាប្រមុខលន់លន់។ នៅថ្ងៃ ១៨ មិនា ១៩៧០ ទ័ពលន់លន់ ធ្វើរដ្ឋប្រហារយោធា ដូរស្តេចផែនដីចេញ ដាក់ស្តេចថ្មីចូល និង ប្រែព្រះរាជាណាចក្រកម្ពុជាទៅជា សាធារណរដ្ឋខ្មែរ ដែលមាន ៥ រដ្ឋចំណុះ គឺ រដ្ឋចាម រដ្ឋភ្នង ស្ទៀង រដ្ឋកម្ពុជាក្រោម និង រដ្ឋខ្មែរ។ ពេលនោះ កងទ័ពសម្តេចតា សីហនុ ចំនួន ៥ ម៉ឺននាក់ រត់ចូលព្រៃ រួបជាមួយ ទ័ពសឺនសាន និងទ័ពខ្មែរក្រហម ។ ទ័ពតស៊ូទាំងនេះ គ្រប់គ្រងទឹកដី និង ប្រជាជន ៨៥% លុះដល់ ១៧ មេសា ១៩៧៥ ក៍វាយចូលភ្នំពេញ។ ដល់ឆ្នាំ ១៩៧៦ ទ័ពចាម ដឹកនាំដោយ ម៉ាត់លី នៅ កំពង់ចាម បេះបោរទូទាំងប្រទេស រត់ទៅវៀតណាម បង្កើតចលនាតស៊ូ។ នៅផ្ទៃក្នុង កងទ័ព ប៉ុលពត ច្បាំងគ្នាកាប់សម្លាប់គ្នាជាមួយ កងទ័ពតាម៉ុក នៅតាកែវ កំពង់ឆ្នាំង....ស្រុកខ្មែរ មហាវិនាស ដោយសារ ពួក លន់ លន់ក្បត់ជាតិ ក្បត់សាសននា ក្បត់ព្រះមហាក្សត្រ។ នៅ UN ស្ថានទូត គ្មានទូតខ្មែរទេ មានតែ ចាម តំណាងកម្ពុជានៅ អន្តរជាតិ...នេះហើយ របប លន់ លន់ ។

Apr 16, 2021

ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥៖ ជាថ្ងៃដែលរបបសាធារណរដ្ឋខ្មែរបរាជ័យ ជាថ្ងៃបក្សខ្មែរក្រហមទទួលជោគជ័យ ក៍ជាថ្ងៃដែលកងទ័ព ត្រីភាគី គឺ កងទ័ពខ្មែរក្រហម កងទ័ពខ្មែររំដោះរបស់ សីហនុ និង កង​ទ័ព​សឺនសាន ក្រោយពីធ្វើសង្រ្គាម ០៥ ឆ្នាំ វាយចូលក្នុងភ្នំពេញ ជាមួយគ្នានេះដែរ មានព្រឹត្តិការណ៍ កងទ័ពបង្កប់របស់ CIA  ហៅថា  គណបក្ស ម៉ូលីណាកា MOULINAKA MONATIO ដែលដណ្តើម​ជ័យ​ជំនៈថ្ងៃ ១៧ មេសា ១៩៧៥ ..។ ថ្ងៃ  ១៧ មេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃដ៍ចលនាចល ដែលកងទ័ពព្រៃ មាន ០៦ រណសិរ្ស ផ្តុំផ្គំបានជា ០៣ រដ្ឋាភិបាល ចំណែករដ្ឋាភិបាលនៃរបបសាធារណៈរដ្ឋខ្មែរមាន ០៥ រដ្ឋាភិបាល បើគិតជា កកម្លាំងទ័ពមានដល់ទី ១១ រណសិរ្ស។

  1. Hout Songhak សម័យប៉ុល ពត បានលើកយកថ្ងៃ១៧មេសា១៩៧៥ គឺជាថ្ងៃរំដោះ តែសម្រាប់ប្រជាជនកម្ពុជាវិញ គឺជាថ្ងៃប្រល័យពូជសាសន៍ឯង អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ
  2. Thmey Thmey  ថ្ងៃ១៧ មេសា កាល៤៧ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
  3. Chan Born ១៧ មេសា ១៩៧៥ កងទ័ពរណសិរ្សចម្រុះកម្ពុជា គាំទ្រដោយ ចិន សូវៀត ឈ្នះលើ កងទ័ព លន់ នល់ គាំទ្រ ដោយ អាមេរិក ថៃ និង វៀតណាម។ សង្រ្គាម ០៥ ឆ្នាំ តាំងពី របប លន់ នល់ ធ្វើរដ្ឋប្រហារយោធា ១៩៧០-១៩៧៥ ប្រជាជនកម្ពុជាស្លាប់ប្រមាណ ៣១ ម៉ឺននាក់ ។ អាមេរិកកាំង ទំលាក់គ្រាប់បែក ២,៧ លានតោន នៅកម្ពុជា ៕ ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ គឺជា ឈុតឆាក នៃការប្រកួតអំណាចផ្ទៃក្នុងរវាង  កងទ័ពរណសិរ្សចម្រុះកម្ពុជា។ តាមសាច់រឿងនេះ ការបង្រួមបង្រួមជាតិ គឺជាការនាំទៅរកសង្រ្គាម ព្រោះក្រោយពី រួមគ្នាកំចាត់សត្រូវ គឺឈានដល់ កំចាត់គ្នាឯង ។ ផែនទី វាយលុក ១៧ មេសា ១៩៧៥ ៕
  4. Chan Born ជាង ១០ ឆ្នាំមកនេះ ខ្ញុំឃើញអ្នកនយោបាយ អ្នកសារពត៍មានងុបងល់នយោបាយ ព្យាយាមកែប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះ ខ្ញុំក៍សរសេរ ប្រវត្តិសាស្រ្តយោធា Military History ដែលគេ ចងក្រងថា ជំនាន់សង្រ្គាមហ្នឹង ទ័ពភាកីណាខ្លះចូលរួម? វ៉ៃបែបម៉េច? ចូលតាមទិសណា?។ ១៧ មេសា ១៩៧៥ មិនមែនជា ជ័យជំនៈខ្មែរក្រហមម្នាក់ឯង គឺជាជ័យជំនៈប្រជាជនកម្ពុជា លើ ប្រទេស ថៃ ប្រទេសវៀតណាមខាងត្បូង និង អាមេរិកកាំង។ ចំណែករឿងថា ១៧ មេសា ១៩៧៥ ជាថ្ងៃនាំឲ្យឈានដល់ របប វាលពិឃាដ គឺជា រឿង ឆ្លើយដាក់ អ្នកស្លាប់ ព្រោះ កងទ័ពគ្រប់ភូមិភាគ ទូទាំងប្រទេស  ជាពិសេស កងទ័ព ចាម ខ្មែរ ឥស្លាម មិនបានទំលាក់អាវុធឡើយ !  របបលន់ ល់ នៅបន្តសកម្មភាពនៅ អាមេរិក ដោយមានទាហាន ៥ ម៉ឺននាក់ ភៀសទៅអាមេរិក ពេលអាមេរិកដកទ័ពចេញពី វៀតណាម។ សូម្បី ទ័ព ប៉ុល ពត និង ទ័ព តាម៉ុក ច្បាំងគ្នាជាង ១ ឆ្នាំ ទំរាំទ័ពតាម៉ុកឈ្នះ ! សូម្បី ប៉ុល ពត ក៍ ជា កូនជា កូន ជឹង កូនអុក អាមេរិក។ សូម្បី វៀតណាម ដែលគេថា កុំម្មុយនីស្ត ក៍ជា កូនអុក អាមេរិក...ចំណុចទាំងនេះ នាំឈានដល់ របប វាលពិឃាដ...
) សកម្មភាពកងទ័ព
សាធារណរដ្ឋខ្មែរ៖ ភ្នំពេញ៖ ១៧-៤-៧៥៖ ០៥ម៉ ០០
  1.  ម៉ោង ០១៖០០នាទី មានរថយន្តហ្សីបអាឌឺ ពីរគ្រឿង មានចងក្រណាត់សជាសញ្ញាសន្តិភាពរបស់កងពលធំ
  2. លេខ 3èmeD.I បើកតាមខ្សែក្រវាត់ក្រុងភ្នំពេញប្រកាសថា ថ្ងៃនេះជាថ្ងៃសន្តិភាពរបស់ខ្មែរ ពួកយើងត្រូវតែទម្លាក់ អាវុធចរចារវាងគូភាគីទទួលសន្តិភាព យើងគ្រប់គ្នាត្រូវលើកទង់សសញ្ញាសន្តិភាព។
  3. ម៉ោង ០១៖៣០នាទី បញ្ជាពីលោកឧត្តមសេនីយ៍ លន់ ណុន កាំភ្លើងធំ 105 M/M ត្រូវបាញ់ភ្លើងជាសញ្ញា ទទួលសន្តិភាព។
  4. ម៉ោង ០២៖៤៥នាទី ខ្សែត្រៀមក្រវាត់ក្រុងភ្នំពេញត្រូវតែចេញទាំងអស់ហើយ ប្រមូលអាវុធទុកដាក់ តាមអង្គភាពរបស់ខ្លួនតាមដែលអាចធ្វើបាន។
  5. ម៉ោង ០៦៖០០ ឧទ្ធម្ភាគចក្រហោះហើរចាកចេញចោលទីក្រុងភ្នំពេញ មុខឆ្ពោះទៅទិសខាងលិចតាមតែ គេធ្វើបានពាសពេញមេឃលើប្រទេសកម្ពុជា។

២.) សកម្មភាពកងទ័ព
បក្សខ្មែរ ក្រហមចូល ក្រុង ៖ ភ្នំពេញ៖ ១៧-៤-៧៥
  • - ម៉ោង ០៦៖១៥នាទី កងទ័ពបក្សខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ។
  • - ប្រដាប់អាវុធគ្រប់ដៃ (ជារបស់ប្រទេសចិនកុម្មុយនីស្ត)ប៉េកាំង។
  • - សម្លៀកបំពាក់ខ្មៅ មួកកន្តឹប ស្បែកជើងសង្រែក (កង់ឡាន)។
  • - ក្បួនដើរអមសងខាងថ្នល់ជាជួរបណ្តោយៗគ្នាចុងកាណុងចេញក្រៅ។
  • - តាមផ្លូវធំៗមុខឆ្ពោះទៅវត្តភ្នំដូនពេញ
  • - តាមមុខសញ្ញារបស់បក្សគេដាក់ចុះជាស្រេច
៣.) មុខសញ្ញាបក្សខ្មែរក្រហមចូលទីក្រុងភ្នំពេញៈ
  1. ១- កងទ័ពភូមិភាគបូព៌ាទិស៖ ចូលតាមថ្នល់ជាតិលេខ១
  2. ២- កងទ័ពភូមិភាគឧត្តរទិស៖ ចូលតាមថ្នល់ថ្មីក្បាលស្ពានជ្រោយចង្វារ។
  3. ៣- កងទ័ពភូមិភាគពាយ័ព្យទិស៖ ចូលតាមថ្នល់ជាតិលេខ៥
  4. ៤- កងទ័ពភូមិភាគបស្ចិមទិស៖ ចូលតាមថ្នល់ជាតិលេខ៤
  5. ៥- កងទ័ពភូមិភាគនិរតីទិស៖ ចូលតាមថ្នល់ជាតិលេខ៣
  6. ៦- កងទ័ពភូមិភាគពិសេស៖ ចូលតាមថ្នល់ជាតិលេខ២កងទ័ពខ្មែរក្រហមចាប់ដៃគ្នាទ៦ភូមិភាគត្រង់វត្តភ្នំ ដូនពេញ
៣.១ មុខសញ្ញាបក្សខ្មែរក្រហមចែកប្រជាជនក្រុងភ្នំពេញ
  1. - អង្គការបក្សខ្មែរក្រហម យកផ្សារធំថ្មីធ្វើជាគោលកណ្តាលដើម្បីជម្លៀសប្រជាជនភ្នំពេញចេញទៅកាន់ ខេត្តក្រៅ តាមមុខសញ្ញារបស់ភូមិភាគនីមួយៗ។
  2. ភ្នំពេញខាងកើតភាគខាងត្បូងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគបូព៌ាទិសៈ ខេត្តព្រៃវែង ខេត្ត ស្វាយរៀង។
  3. ភ្នំពេញខាងកើតភាគខាងជើងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគឧត្តរទិសៈ មុខឆ្ពោះទៅខេត្ត កំពង់ចាម កំពង់ធំនិងខេត្តសៀមរាប។
  4. ភ្នំពេញខាងលិចភាគខាងជើងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគពាយ័ព្យទិស មុខឆ្ពោះខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និងខេត្តបាត់ដំបង។
  5. ភ្នំពេញខាងលិចភាគខាងត្បូងៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគបស្ចិមទិស មុខឆ្ពោះទៅខេត្តកំពង់ ឆ្នាំង និងខេត្តកំពង់ស្ពឺ។
  6. ភ្នំពេញខាងត្បូងភាគខាងលិចៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគនិរតីទិស មុខឆ្ពោះទៅខេត្តកំពត ខេត្តតាកែវ។
  7. ភ្នំពេញខាងត្បូងភាគខាងកើតៈ ប្រជាជនភាគនេះត្រូវបានទៅភូមិភាគពិសេស មុខឆ្ពោះទៅខេត្តតាកែវ តាមថ្នល់ជាតិលេខ២។
សកម្មភាពប្រជាជន
ទីក្រុងភ្នំពេញ ១៧-៤-៧៥៖ ០៦ហ១៥
អ្នកទីក្រុងភ្នំពេញ ចែកជាយ៉ាង?
  1.  អ្នកជាប់និន្នាការបម្រើរបបសាធារណរដ្ឋខ្មែរ មនុស្សប្រភេទនេះមានការភិតភ័យ សម្ងំនៅក្នុងផ្ទះ រង់ចាំស្តាប់ពត៌មានផ្សេងៗអំពីរឿងសន្តិភាពខ្មែរ រវាងគូរភាគីទាំង២ គេរៀបចំសាជាថ្មី។
  2.  អ្នកដែលគេមិនពេញចិត្តនឹងរបបសាធារណរដ្ឋខ្មែរ លន់ នល់ គេនាំគ្នាទៅទទួលការធ្វើដំណើរចូល ទីក្រុង របស់បក្សខ្មែរក្រហមតម្រៀបជាជួរអមសងខាងថ្នល់នីមួយៗដែលកងទ័ពខ្មែរក្រហមគេដើរចូលទីក្រុងភ្នំពេញៈ ពេលនោះគេស្រែកជយឃោសថា ជយោៗៗ ទ្រហឹងអាប់ពាសពេញទីក្រុងភ្នំពេញ។
  3. អ្នកដែលបាក់បែកគ្រួសារ ដោយចេញទៅប្រកបការងារ និងទៅព្យាបាលជំងឺនៅតាមផ្ទះពេទ្យរដ្ឋ និង ឯកជនប្រជាជនប្រភេទនេះមានការជ្រួលច្របល់ ឆ្លងចុះឆ្លងឡើងកាត់មុខកងទ័ពខ្មែរក្រហម បណ្តាលឱ្យមានគ្រោះថ្នាក់ ដល់ស្លាប់ដោយអំណាចចុងកាណុងរបស់បក្សខ្មែរក្រហម។
  4. អ្នកដែលគេបានចូលដៃរួមគំនិតនឹងខ្មែរក្រហមពីមុនមកពេលនោះគេស្លៀកពាក់ខ្មៅចេញពីផ្ទះដើរកាត់រក បក្សពួករបស់គេឆ្វាត់ចុះឆ្វាត់ឡើង របៀបជាអ្នកនាំផ្លូវ ឬបំភ្លឺផ្លូវរបស់កងទ័ពខ្មែរក្រហម និងជាអ្នកសង្កេតតាមពិនិត្យ តែមនុស្សម្នាក់ៗដែលគេកត់សម្គាល់ថាជាអ្នកមុខអ្នកការរបស់របប លន់ នល់៘
  5. កងទ័ពបក្សខ្មែរក្រហមសម្រេចផែនការចាប់ដៃគ្នា៦ភូមិភាគ វត្តភ្នំ៖ ថ្ងៃ១៧-៤-៧៥៖០៦ម៉៣០ កងទ័ពបក្សខ្មែរក្រហមវាយខ្សែត្រៀមកាត់ទីក្រុងចែកតាមភូមិភាគនីមួយៗតាមសួនច្បារ មុខស្ថានីយរថភ្លើង ត្រង់ទៅរកមាត់ទន្លេចតុមុខ (បួនមុខ)។
លើកទី១ ថ្ងៃ១៧-៤-៧៥៖០៦ម៉៤៥
វិទ្យុផ្សាយសម្លេងក្រុងភ្នំពេញផ្សាយដោយបក្សខ្មែរក្រហមភូមិភាគនិរតីទិសថា៖
  1. ១- ពេលនេះបក្សយើងបានទទួលជោគជ័យ១០០% លើប្រទេសកម្ពុជាទាំងមូល។
  2. ២- បក្សយើងត្រូវការរកសន្តិភាពតាមសន្តិវិធីមិនប្រកាន់បក្សពួក។
  3. ៣- បក្សយើងសុំអញ្ជើញអស់លោក ឯកឧត្តម ក្រុមនិន្នាការ អ្នកទទួលខុសត្រូវ ក្រុមស្ថាប័ន ទៅជួបជុំ គ្នានៅក្រសួងឃោសនាការជាតិជាបន្ទាន់។ មូលហេតុ ចរចាគ្នារកសន្តិភាពតាមមធ្យោបាយសន្តិវិធីជូនប្រជាជនខ្មែរ ទូទាំងប្រទេស។
លើកទី២ ១៧-៤-៧៥៖ ០៧ម៉១៥
វិទ្យុផ្សាយសម្លេងភ្នំពេញ ផ្សាយដោយបក្សខ្មែរក្រហមបស្ចិមទិសម្តងទៀតថា
  1. ១- បក្សយើងឈ្នះ១០០% លើរបបសាធារណរដ្ឋខ្មែរបនក្បត់ លន់ នល់ ទូទាំងប្រទេសកម្ពុជា។
  2. ២- ជ័យជម្នះនេះ គឺបក្សយើងឈ្នះដោយចុងកាណុងយ៉ាងក្តៅគគុក។
  3. ៣- បក្សយើងគ្មានត្រូវការចរចាជាមួយអ្នកណា ឬបក្សណាទៀតទេ។
  4. ៤- ពួកក្បត់បក្សត្រូវតែទទួលការបរាជ័យរបស់ខ្លួន គ្មានអ្នកណាទទួលជំនួសអ្នកណាទេ។
 ១៧-៤-៧៥៖ ០៧ម៉៣០

បក្សខ្មែរក្រហម (ប្រើរថយន្តឡាំប្រឺតាម៉ូតូ)ប្រកាសតាមប្រដាប់បំពងសំឡេង?
  1. ១- ប្រជាជនកុំជ្រួលច្របល់ឆ្លងចុះឆ្លងឡើង
  2. ២- ចូលផ្ទះតាមរៀងៗខ្លួន
  3. ៣- រៀបចំការចាកចេញក្រៅក្រុង បណ្តោះអាសន្នមួយរយៈខ្លីសិន ចំនួន៣ថ្ងៃ។
  4. ៤- ចេញឱ្យផុតពីទីក្រុងចម្ងាយ៣គីឡូម៉ែត្រ
  5. ៥- ចេញតាមផ្លូវដែលអង្គការបក្សកំណត់ឱ្យ
  6. ៦- មិនបាច់យករបស់របរទៅច្រើនពេកទេ
  7. ៧- បើករយៈកាលឱ្យចេញកំណត់៣ថ្ងៃ
  8. ៨- កុំដើរបញ្ច្រាសផ្លូវដែលអង្គការបក្សកំណត់ឱ្យដើរ
៦.) មូលហេតុបក្សកំណត់ឱ្យចេញ?
  1. ១- អង្គការបក្សត្រូវការបោសសម្អាតខ្មាំង
  2. ២- រៀបចំឱ្យសមស្របតាមគោលអង្គការបក្សកំណត់ទុក
  3. ៣- អង្គការបក្សត្រូវមាននាទីការពារអាយុជីវិត និងការពារទីក្រុងឱ្យគង់វង្ស។
  4. ៤- អង្គការបក្សដឹងមុនថា មានខ្មាំងអាមេរិកាំង និងបរិវាររៀបចំកម្ទេចទីក្រុងរបស់យើងដោយប្រើយន្ត ហោះធុនធំៗជាងមុនៗទៅទៀត។
១៧-៤-៧៥៖ ០៧ម៉៤៥
  1. កងទ័ពអង្គការបក្សខ្មែរក្រហម ដើរចល័តតាមផ្លូវតូចៗដេញបង្ខំប្រជាជនឱ្យចេញពីទីក្រុង អ្នក​ណារឹងទទឹង គេប្រើអាវុធយកជាគ្នាតែម្តង (គឺបាញ់)។
  2.  ផែនការឆែកឆេរច្រកចេញពីក្រុងរបស់អង្គការបក្សខ្មែរក្រហម
  3. ភូមិភាគនីមួយៗ គេរៀបកន្លែងឆែកឆេរតាមមុខសញ្ញានិងទទួលខុសត្រូវដូចជម្រាបមកខាង​លើ ក្នុងភូមិ ភាគនីមួយៗមានកន្លែងឆែកឆេរធំ៣កន្លែង (ភារកិច្ច)
  4. សង្កេតឆែករកជនក្បត់ពីអ្នកទទួលតំណែងធំៗ
  5. ទាហានសាធារណរដ្ឋខ្មែរ (លន់ នល់)
  6. ពួកគិញ ដ្សៃកៀ និង ជៀស (ពួកការិយាល័យស៊ើបអង្កេតរបបសាធារណរដ្ឋខ្មែរ)។
  7. អ្នកដែលរត់ចេញពីបក្សរបស់គេមកចូលនឹង លន់ នល់ការសងេត្ក ៖ ពេលនោះអង្គការបក្សខ្មែរ ក្រហមចាប់បានទាហានលន់ នល់ ក្នុងមួយថ្ងៃៗ ក្នុងកន្លែងនីមួយៗចាប់ ១០០-៣០០នាក់។
ចម្លើយីទី១ វគ្គទី១
យើងខ្ញុំសុំចែកទីក្រុងភ្នំពេញជា៤ផ្នែក ដូចពាក្យបរិយាយពីអត្ថបទដើមគឺប្រជាជននៅទីក្រុងភ្នំពេញ​ភាគខាងកើតទន្លេមេគង្គ គឺចែកចេញជា ២ផ្នែកៈ
  1. ក- ផ្នែកខាងត្បូងទន្លេបួនមុខ ពួកខ្មែរក្រហមបានជម្លៀសចេញមុខឆ្ពោះទៅកាន់ខេត្តស្វាយរៀង និងខេត្ត ព្រៃវែង ចេញតាមថ្នល់ជាតិលេខ១ ប៉ុន្តែប្រជាជនទាំងអស់នេះមិនបានទៅតាមទិសកំណត់របស់អង្គការ ខ្មែរក្រហម ដាក់ចុះមក ១០០%ទេ លុះមកដល់ព្រែកអ្នកលឿង ខាងលិចទន្លេ ប្រជាជនខ្លះត្រូវបែកទៅក្អមសំណរ លុះដល់ថ្នល់ កាត់មួយចេញពីទន្លេទៅស្រុកសំរោងយ៉ោងចំបក់ ខេត្តតាកែវ ត្រង់ថ្នល់ជាតិលេខ២ ក៏បែកទៅតាកែវខ្លះទៀតទៅ កំពត គឺគេកាត់ទៅរកស្រុកកំណើតរបស់គេ អ្នកខ្លះទៅមិនដល់ទិសដៅរបស់ខ្លួនទេ ព្រោះពេលនោះអង្គការខ្មែរក្រហម កំណត់ឱ្យដើរបានតែ១៥ថ្ងៃ គឺគិតពីថ្ងៃ១៧-៤-៧៥រហូតដល់ថ្ងៃ១-៥-៧៥ អ្នកណាទៅដល់ទីណា គ្រប់កំណត់ថ្ងៃធ្វើដំណើរខាងលើគឺគណៈភូមិនោះគេឃាត់ឱ្យនៅត្រង់នោះឯង។
  2. ផ្នែកខាងជើងទន្លេបួនមុខ ពួកខ្មែរក្រហមជម្លៀសចេញមុខឆ្ពោះទៅកាន់ខេត្តព្រៃវែង និងខេត្តកំពង់ចាម តាមផ្លូវថ្មីស្ពានជ្រោយចង្វារ ទៅខេត្តកំពង់ចាម។
  3. ប្រជាជនទាំងអស់នោះ ក៏មិនបានទៅដល់កំពង់ចាមតាមការកំណត់របស់អង្គការខ្មែរក្រហម ដូចជាប្រជា ជនខាងលើដែលអធិប្បាយរួចមកហើយដែរ ព្រោះប្រជាជនមានខ្លះឆ្លៀតបែកងាកទៅរកទិសដៅរបស់គេពីស្រុក កំណើតដើម ផុតកំណត់ការធ្វើដំណើរត្រឹមណាគឺនៅត្រឹមនោះ។
  4. ពេលនោះអង្គការខ្មែរក្រហមគេចាត់ទុកភ្នំពេញខាងលើគឺជាប្រជាជន និងជយភណ្ឌ ផ្តាច់មុខរបស់ភូមិភាគ បូព៌ា ដូច្នេះអ្នកណាគេចទៅណាក៏ទៅចុះ ឱ្យតែនៅក្នុងបរិវេណទឹកដីខេត្តព្រៃវែង ខេត្តស្វាយរៀង ហើយនឹងខេត្ត កំពង់ចាម គឺគេចាត់ទុកជាប្រជាជនរបស់គេទាំងអស់ អ្នកធ្វើដំណើរទាំងអស់កាលណាគ្រប់កំណត់ថ្ងៃធ្វើដំណើរត្រឹមណា គឺគេបង្ខំឱ្យនៅត្រង់នោះតាមទិសអង្គការកំណត់ទុកជាដាច់ខាត។
  5. ពេលដែលគេទៅឃាត់អ្នកដែលគេជម្លៀសចេញពីទីក្រុងឱ្យចូលមករស់នៅក្នុងភូមិរបស់គេគណៈភូមិគេធ្វើការ
  6. ឃោសនាថា បងប្អូនពុកម៉ែមិនបាច់ធ្វើដំណើរខ្លួនឯងទៀតទេព្រោះស្រុកភូមិពុកម៉ែនៅឆ្ងាយ នាំគ្នាស្នាក់នៅទីនេះសិនចុះ ចាំអង្គការយើងរករថយន្តជូនពុកម៉ែឱ្យទៅដល់ស្រុកភូមិកំណើតវិញស្រួលជាងនេះជាពាក្យបោកបញ្ឆោតរបស់អង្គការខ្មែរក្រហមទៅលើប្រជាជនលើកទី២។
  7. ប្រជាជននៅទក៉្រីង ភ្នំពេញភាគខាងជើង អង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
  8. ភាគខាងជើង ផ្នែក (ប៉ែក) ខាងកើត ចាប់ពីស្ថានីយ៍រថភ្លើងទៅទល់នឹងទន្លេមេគង្គ អង្គការចាត់ទុក ប្រជាជន និងជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគឧត្តរទិស ប្រជាជននេះត្រូវតាមផ្លូវជាតិលេខ៥ ហើយឆ្លង ទន្លេមេគង្គទៅផ្លូវជាតិលេខ៦ មុខឆ្ពោះទៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
  9. ខភាគខាងជើង ផ្នែក (ប៉ែក) ខាងលិចចាប់ពីស្ថានីយ៍រថភ្លើងរហូតដល់តំបន់ទួលគោកផ្នែកខាង​កើត អង្គការខ្មែរក្រហមចាត់ទុកប្រជាជនជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគពាយ័ព្យទិសប្រជាជននេះត្រូវចាកចេញពីភ្នំពេញតាមថ្នល់ជាតិលេខ៥ ជាមួយពួកឧត្តរទិសដែរ មុខ​ឆ្ពោះទៅកាន់ខេត្តពោធិសាត់ និងខេត្តបាត់ដំបង។
  10. ប្រជាជនភូមិភាគនេះ ក៏មិនបានទៅដល់ទិសរបស់ខ្លួនដែរ ព្រោះពាក្យពេចនរបស់អង្គការខ្មែរក្រហមគ្មានអ្វី ពិតប្រាកដនោះទេ គឺសុទ្ធតែពាក្យបោកបញ្ឆោតទាំងអស់។
  11. ៣) ប្រជាជននៅទីក្រុងភ្នំពេញភាគខាងលិចអង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
  12. ភាគខាងលិចផ្នែក (ប៉ែក) ខាងជើង ចាប់ពីថ្នល់សាលដឺហ្គោលមកដល់ទួលគោក ផ្នែកខាងលិចសល់ ពីភូមិភាគពាយ័ព្យ អង្គការខ្មែរក្រហមចាត់ទុកប្រជាជន ជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមទិស គណៈ ភូមិភាគត្រូវជម្លៀសប្រជាជនផ្នែកនេះទៅកាន់ខេត្តកំពង់ឆ្នាំង ទៅតាមថ្នល់កាត់ទទឹងចេញពីថ្នល់ទទឹង ខេត្តកណ្តាល ទៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
  13. ខ) ភាគខាងលិចផ្នែក (ប៉ែក) ខាងត្បូង ពីថ្នល់សាលដឺហ្គោល រហូតដល់សាលារៀន១៨មីនា អង្គការ ខ្មែរក្រហមចាត់ទុកប្រជាជន ជយភណ្ឌផ្នែកនេះជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមគណៈភូមិភាគសម្រេចឱ្យយកប្រជាជន ផ្នែកនេះទៅខេត្តកំពង់ស្ពឺចេញពីភ្នំពេញតាមផ្លូវស្ទឹងមានជ័យ អូរបែកក្អម តាមថ្នល់ជាតិលេខ៤ ប្រជាជនភូមិភាគនេះ ក៏គ្មានអ្វីខុសពីប្រជាជនភូមិភាគខាងលើដែរ។
  14. ប្រជាជននៅក្នុងទីក្រុងភ្នំពេញ ភាគខាងត្បូងប្រជាជនភូមិភាគនេះអង្គការខ្មែរក្រហមចែកចេញជា២ផ្នែក
  15. ភាគខាងត្បូងផ្នែក (ប៉ែក) ខាងលិច ចាប់ពីសាលារៀន១៨មីនា រហូតបឹងត្របែក អង្គការខ្មែរក្រហម ចាត់ទុកប្រជាជនជយភណ្ឌភាគនេះជាកម្មសិទ្ធិរបស់ភូមិភាគនិរតីទិសគណៈភូមិភាគសម្រេចឱ្យប្រជាជនផ្នែកនេះចេញពីក្រុងភ្នំពេញទៅនៅខេត្តកំពត ប្រជាជនផ្នែកនេះត្រូវចេញតាមថ្នល់ស្ទឹងមានជ័យទៅស្ទឹងបាគូ។
  16. ភាគខាងត្បូងផ្នែក (ប៉ែក)ខាងកើតចាប់ពីថ្នល់មុនីវង្សរហូតដល់ទន្លេ ប្រជាជនផ្នែកនេះអង្គការខ្មែរ ក្រហមចាត់ទុកជាកម្មសិទ្ធិរបស់ភូមិភាគបស្ចិមទិស គណៈភូមិភាគសម្រេចឱ្យប្រជាជនផ្នែកនេះចេញពីក្រុងភ្នំពេញទៅ នៅខេត្តតាកែវត្រូវចេញតាមថ្នល់ កាត់តាមក្បាលថ្នល់ទៅតាខ្មៅ ចូលតាមថ្នល់ជាតិលេខ២
  17. -ប្រជាជនភាគនេះក៏គ្មានអ្វីឱ្យខុសពីប្រជាជនខាងលើដែលបានរៀបរាប់រួចមកហើយនោះទេ។
ចម្លើយទី១ វគ្គទី២
មូលហេតុអ្វី?មូលហេតុដែលគេជម្លៀស គោលដៅរបស់បក្សខ្មែរក្រហម
  1. ពួកគេគោរពតាមទិសរបស់អង្គការដាក់ចុះតាម ទ្រឹស្តីរបស់ប្រធានបក្សកុម្មុយនីស្តចិនប៉េកាំង ត្រូវ បោសសម្អាតខ្មាំងផ្ទៃក្នុងឱ្យអស់ជាមុនសិន ទើបសម្រេចកិច្ចការអ្វីៗឯទៀតតាមក្រោយ។
  2. បក្សកុម្មុយនីស្តមានបំណងធ្វើយ៉ាងណាឱ្យប្រជាជនស្គាល់ការពិបាកឱ្យខ្លាំងជាទីបំផុត ដើម្បីបំបាក់ស្មារតី ពត់មនុស្សឱ្យដើរតាមមាគ៌ារបស់បក្សកុម្មុយនីស្តឱ្យបាន១០០% នៅពេលបំពេញការកសាងបក្សនៅក្នុងប្រទេស កម្ពុជា។
  3. ក្នុងគោលបំណងរបស់បក្សកុម្មុយនីស្តធ្វើការជ្រើសរើសមនុស្សថាតើមនុស្សប្រភេទណា ដែលត្រូវរាប់បញ្ចូលជាប្រជាជនរបស់បក្ស តើមនុស្សប្រភេទណាដែលត្រូវ កម្ទេចចោលតាមពាក្យស្លោករបស់គេថា “ទុកក៏មិនចំណេញ ដកចេញក៏មិនខាត”
  4. បក្សកុម្មុយនីស្តមានបំណងសម្លាប់មនុស្សជំពូកដែលគេមិនគួរទុកដូចជាអ្នករដ្ឋការ មានទាហានជាដើម តែការសម្លាប់នេះ កុម្មុយនីស្តមានគោលបំណងធ្វើយ៉ាងណាកុំឱ្យមតិមហាជនក្នុងប្រទេស ហើយនិងមតិសកលលោក គេមើលឃើញច្បាស់ពេក ឱ្យស្របតាមពាក្យស្លោកថា “អូសទូកកុំឱ្យល្អានចាប់ត្រីបានកុំឱ្យល្អក់ទឹក”
  5. កុម្មុយនីស្តមានបំណងធ្វើយ៉ាងណាឱ្យប្រជាជនទាំងអស់នោះកុំឱ្យនៅមានការសោកស្តាយនឹងទ្រព្យសម្បត្តិ នាំឱ្យគេមានការពិបាកត្រួតត្រាទៅថ្ងៃមុខ។
  6. បក្សកុម្មុយនីស្តមានផែនការទុកជាមុនរួចស្រេចេហើយថា កុម្មុយនីស្តដាច់ខាតមិនឱ្យប្រជាជនមានទ្រព្យ សម្បត្តិជាគម្មសិទ្ធិផ្ទាល់ខ្លួនទេ អ្វីៗគឺជារបស់រដ្ឋទាំងអស់។
  7. បក្សកុម្មុយនីស្តត្រូវតែធ្វើបែបនេះដើម្បីឱ្យស្របតាមពាក្យឃោសនារបស់គេ កាលគេរៀបចំកម្លាំង កម្ទេចរបបសេរី គេប្រាប់កម្មាភិបាល និងប្រជាជនថា ផ្ទះវីឡា ឡានពេជ្រ ដែលពួកសក្តិភូមិ និងពួកមូលធន គហ បតីប្រើប្រាស់សព្វថ្ងៃនេះ គឺជាវត្ថុដែលចេញអំពីកម្លាំងញើសឈាមរបស់វណ្ណៈកសិករ និងកម្មករ ដូច្នេះពួកយើង ត្រូវតែខំរំដោះឱ្យឈ្នះ កាលណាយើងឈ្នះរបស់ទាំងនោះគឺអង្គការបក្សត្រូវតែជូនដល់ពុកម៉ែនិងមិត្តជាដាច់ខាត ពេល នោះយើងត្រូវតែដេញពួកវាចេញ ពួកយើងត្រូវតែទៅដេកស៊ីទីនោះយកពួកវាមកប្រើប្រាស់ម្តងវិញ។
  8. បក្សកុម្មុយនីស្តគេចងក្រងទ្រឹស្តីទុកថា កាលណាយើងរំដោះប្រទេសបានពីរបបសេរី គឺយើងត្រូវតែ រៀបចំកសាងប្រទេសពីជនបទមុន។
  9. ដើម្បីកសាងប្រទេសពីក្រឈានទៅរកមានគឺយើងត្រូវតែយកពួកសក្តិភូមិ នាយទុន និយាយខ្លីគឺអ្នកនៅ ទីក្រុងហើយនឹងទ្រព្យសម្បត្តិរបស់ពួកទាំងនោះមកកសាងប្រទេស វាគាប់ប្រសើរជាងទុកចោលឱ្យខូចខាត។
ចម្លើយទី១ វគ្គទី៣
មុនជម្លៀសចេញពីទីក្រុង មុននឹងគេជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញតាមការសង្កេតផ្ទាល់ឃើញថាការជម្លៀសចេញនេះគឺគេរៀបចំទុកជាមុនស្រេចទៅហើយ ព្រោះសង្កេតឃើញមានរថយន្ត ត្រីចក្រយានយន្ត ត្រីចក្រយាន មានប្រដាប់បំពង សម្លេងមេក្រូជាប់ជាមួយរបៀបដូចៗគ្នា។ ពាក្យនិយាយក៏ដូចគ្នាទៀត។
  1. ប្រជាជននៅក្នុងទីក្រុងភ្នំពេញទាំងមូលមិនថាអ្នកណាជាអ្នកណាគឺត្រូវតែចេញទៅខាងក្រៅក្រុងចម្ងាយ ៣គីឡូម៉ែត្រ។
  2. ចំនួនតែ៣ថ្ងៃទេ
  3. មិនបាច់យករបស់របរនាំឱ្យពិបាកទេ
  4. បងប្អូនទៅដល់ទីណា ទីនោះមានអង្គការយើងឧបត្ថម្ភគ្រប់សព្វមូលហេតុដែលអង្គការត្រូវជម្លៀស បង ប្អូនចេញតែមួយរយៈសិននោះគឺ ១. អង្គការចង់សង្គ្រោះបងប្អូនទាំងអស់ដែលបាក់បែកបងប្អូនញាតិមិត្តមកពីជនបទ ដោយសារពួកសាធារណរដ្ឋបនក្បត់ លន់ នល់ ដែលកៀរបង្ខំយកមករស់នៅទីក្រុងលំបាកខ្លោចផ្សាបែបនេះ។ ល្វិ ត្រឡប់ទៅជួបជុំគ្រួសារយើងវិញទីនេះគ្មានអីហៅថា...(ឯកសារផ្នែកចម្លើយទី១ វគ្គទី៣ មានតែត្រឹមនេះ ដោយឯកសារពុំទាន់ត្រូវបានរកឃើញនៅឡេយីទេ)។
ដំណើរជីវិតឪពុកខ្ញុំ (ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥-១៩៧៩)
របបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ គឺជារបបមួយដ៏ឃោរឃៅ អមនុស្សធម៌ជាទីបំផុត។ ប្រជាជនខ្មែរជាងពីរលាននាក់ បានបាត់បង់ជីវិត ដោយការធ្វើទារុណកម្ម ការបង្ខំឱ្យធ្វើការជាទម្ងន់ ការអត់ឃ្លាន ជំងឺ និងការសម្លាប់ពីសំណាក់ខ្មែរក្រហម។ រឿងរ៉ាវទុក្ខវេទនាទាំងឡាយដែលបានកើតឡើងក្នុងរបបខ្មែរក្រហម នៅតែដិតដាមជាប់ជានិច្ចនៅក្នុងចិត្តរបស់ជនរងគ្រោះ ដែលរួចរស់ជីវិតពីរបបឃោរឃៅមួយនេះ។ តួយ៉ាងដូចជា ឪពុករបស់ខ្ញុំ ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀត ដែលមានវាសនារួចជីវិតពីរបបខ្មែរក្រហម។ គាត់ធ្លាប់បានឆ្លងកាត់ និងបានឃើញផ្ទាល់ភ្នែកនូវរឿងរ៉ាវដ៏គួរឱ្យរន្ធត់ជាច្រើនដែលបានកើតឡើងក្រោមការគ្រប់គ្រងរបស់របបនេះ។

ឪពុករបស់ខ្ញុំកើតនៅឆ្នាំ១៩៤៨ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ សព្វថ្ងៃនេះ គាត់បានចូលនិវត្តន៍ និងមានទីលំនៅបច្ចុប្បន្ននៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ជារឿយៗឪពុកខ្ញុំតែងតែរៀបរាប់ពីដំណើរជីវិតដែលគាត់បានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហមប្រាប់កូនៗ ឱ្យបានដឹងពីទុក្ខលំបាក និងការតស៊ូដើម្បីរស់ និងត្រូវចងចាំទុក្ខជាមេរៀនកុំឱ្យដានប្រវត្តិសាស្ត្រនេះវិលមកជាថ្មី។ រឿងរ៉ាវជាច្រើន ដែលគាត់លើកមកនិយាយ ប្រាប់ខ្ញុំជាកូនៗអំពីខ្សែជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហម។

មុនឆ្នាំ១៩៧៥ គាត់បានមកភ្នំពេញដើម្បីបើកអាជីវកម្មជាមួយបងប្រុសជីដូនមួយនៅម្តុំទឹកថ្លា លុះធ្វើបានមួយរយៈគាត់ក៏បានចូលបម្រើក្នុងជួរទ័ពលន់ នល់។ ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានវាយសន្ធាប់យ៉ាងខ្លាំងមកលើទាហានលន់ នល់ ហើយនៅម៉ោងប្រមាណ៧យប់ កម្លាំងលន់ នល់ បាននាំគ្នាដកថយពីទីតាំងខាងមុខវាលយន្តហោះពោធិ៍ចិនតុង មកដាក់ខ្សែត្រៀមនៅតាមទំនប់ទឹកថ្លានេះ។ ទន្ទឹមនឹងការវាយសម្រុករបស់ខ្មែរក្រហម ទាហានលន់ នល់ ភាគច្រើនបាក់ទ័ពរត់ចោលខ្សែត្រៀមយកតែប្រាសអាយុរៀងៗខ្លួន។ តាមការឱ្យដឹងពីឪពុកខ្ញុំ ទាហានទាំងនោះ បាក់ទឹកចិត្តដោយសារ មេកើយបាននាំគ្នារត់ចោលកូនចៅ អ្នកខ្លះភៀសខ្លួនតាមឧទ្ធម្ភាគចក្រទៅប្រទេសថៃ។ ឪពុកខ្ញុំ គឺជាទ័ពអាកាសដែលឈរជើងជាប់ព្រលានយន្តហោះពោធិ៍ចិនតុង (គាត់ឈរជើងនៅទីនោះពីឆ្នាំ១៩៧១-១៩៧៥)។ នៅម៉ោង៥ល្ងាច កងអនុសេនាតូចរបស់ឪពុកខ្ញុំ បានសម្រេចចិត្តរំសាយ ហើយវិលទៅរកគ្រួសាររៀងៗខ្លួន។ នៅព្រឹកថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ឪពុកខ្ញុំបានធ្វើដំណើរដោយជិះកង់ជាមួយនឹងអីវ៉ាន់មួយចំនួនឆ្ពោះទៅផ្ទះបងប្រុសរបស់គាត់នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម។ នៅតាមផ្លូវធ្វើដំណើរ គាត់បានឃើញសាកសពជាទាហាន លន់ នល់ ជាច្រើនស្លាប់នៅប្របមាត់ផ្លូវ។

នៅម៉ោងប្រហែល៩ព្រឹក ឪពុកខ្ញុំបានឃើញទាហានខាងលន់ លន់ កំពុងចរចាជាមួយយោធាខ្មែរក្រហមដែលវាយចូលមកដល់ក្រុងភ្នំពេញ។ មួយសន្ទុះក្រោយមក គាត់ឃើញឡានទាហានលន់ នល់ ត្រឡប់ចូលទីក្រុងវិញ ដោយបើកពីមុខឡានរបស់យោធាខ្មែរក្រហម ដែលជាសញ្ញាណនៃការទម្លាក់អាវុធចុះចាញ់។ ស្របពេលនោះ ក៏មានការប្រកាសពីការរំដោះបានទីក្រុងភ្នំពេញទាំងស្រុងរបស់ខ្មែរក្រហម ហើយប្រជាជនបានចេញមកស្វាគមន៍ចំពោះវត្តមាន និងជ័យជម្នះរបស់យុទ្ធមិត្តយើង ដោយក្តីត្រេកអរ។ ប្រជាជនម្នាក់ៗ រួមទាំងឪពុករបស់ខ្ញុំ មានសេចក្តីរីករាយខ្លាំងណាស់ ព្រោះម្នាក់ៗគិតថា ចាប់តាំងពីពេលនេះទៅ ប្រទេសរបស់យើងបានសន្តិភាព និងឈប់មានសង្គ្រាមទៀតហើយ។

ភាពសប្បាយរីករាយ ដែលពោរពេញដោយក្តីសង្ឃឹម បានប្រែក្លាយជាភាពអស់សង្ឃឹម និងភ័យខ្លាច បន្ទាប់ពីឮការបញ្ជាពីសំណាក់យុទ្ធមិត្តយើង ឱ្យប្រជាជនទាំងអស់ចាកចេញពីផ្ទះបីថ្ងៃសិនជាបន្ទាន់ ក្រោមហេតុផលថា បោសសម្អាតខ្មាំង និងការពារប្រជាជនពីការទម្លាក់គ្រាប់បែករបស់អាមេរិកាំង។ មិនខុសពីប្រជាជនដទៃទៀត ឪពុកខ្ញុំ និងបងប្រុស ព្រមជាមួយនឹងក្មួយ៤នាក់ទៀត ត្រូវជម្លៀសដោយបង្ខំចេញពីផ្ទះ។ គាត់ និងសមាជិកគ្រួសារបានធ្វើដំណើរមកដល់ និងសម្រាកនៅអន្លង់ក្ងាន នៅផ្ទះមួយដែលម្ចាស់ផ្ទះបានចាកចេញទៅហើយ។ ពេលកំពុងសម្រាក គាត់បាននឹកឃើញដល់ពេលដែលគាត់ស្តាប់វិទ្យុប៉េកាំងបានផ្សាយថា «កាលណាកងទ័ពរំដោះវ៉ៃឈ្នះរបបគ្រប់គ្រងលន់ នល់ ក្រដាសប្រាក់របស់ លន់ នល់ ត្រូវបានបញ្ចប់ឥតយកមកប្រើប្រាស់ជាផ្លូវការឡើយ»។ ពេលនោះ ឪពុកខ្ញុំគាត់សល់ក្រដាសប្រាក់លន់ នល់ មួយចំនួន ដោយពេលនោះ នៅចាយវាយបាននៅឡើយ គាត់ក៏យកលុយទាំងនោះ ដើរទិញម្ហូបសម្រាប់ជាស្បៀងធ្វើដំណើរទាំងអស់។ ដោយឡែកបងប្រុសរបស់គាត់ នៅតែមិនជឿនូវអ្វីដែលឪពុកខ្ញុំបានប្រាប់គាត់ទេ ហើយគាត់នៅតែរក្សាទុកលុយទាំងនោះដដែល ដោយគាត់ប្រាប់ថា ពេលទៅដល់ស្រុកកំណើតខ្លាចអត់មានប្រាក់សម្រាប់ចាយ។

ការធ្វើដំណើរនៅពេលនោះ ពិតជាលំបាកខ្លាំងណាស់សម្រាប់ឪពុកខ្ញុំ ព្រោះគាត់ត្រូវមើលក្មួយៗដែលនៅក្មេង រួមនឹងបងប្រុសពិការទៀតផង ហើយនឹងត្រូវអូសកង់ដែលផ្ទុកអីវ៉ាន់ពេញ។ គាត់ទាំងអស់គ្នាបានធ្វើដំណើរទៅទិសខាងជើងតាមផ្លូវព្រែកព្នៅ។ ពេលកំពុងធ្វើដំណើរ ជាចៃដន្យ គាត់ទាំងអស់គ្នាបានជួបនឹងអ៊ំចំណាស់ម្នាក់ ស្លៀកខោចែវពណ៌ខ្មោ ពាក់ អាវខ្មៅដៃវែកមូល និងបង់កក្រមាផង បានដើរមកកាន់ឪពុកខ្ញុំហើយប្រាប់ថា «ក្មួយចាំទុកកង់ប្រវត្តិសាស្រ្តវិលហើយ ឥតត្រឡប់ក្រោយទេបើអ្នកធ្វើឱ្យស្ទះកាំប្រវត្តិសាស្រ្ត អ្នកនោះត្រូវ តែទទួលខុសត្រូវចំពោះមុខអង្គការបដិវត្តន៍»។

បន្តដំណើរមកដល់ស្រុកពញាឮ ក្បែរស្ពានពានសេដ្ឋា អ្នកជម្លៀសទាំងអស់ត្រូវអង្គការឱ្យសម្រាកនៅទីនោះមួយយប់ ដើម្បីចាំស្រឡាងដែលនឹងមកទទួលនៅព្រឹកស្អែក។ ស្អែកឡើងត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីហូបអាហារពេលព្រឹករួច អង្គការឱ្យអ្នកជម្លៀសទាំងអស់ឡើងលើស្រឡាងដែលចាំជាស្រេចនៅមាត់ច្រាំង ដើម្បីឆ្លងទៅត្រើយខាងជើងទៅកំពង់ចាម។ ស្រឡាងដល់ច្រាំង អង្គការបានប្រកាសហៅប្រជាជនទាំងអស់ទៅបើករបបអង្ករ និងស្រូតធ្វើដំណើរបន្តទៀត។ អង្គការក៏បានប្រកាសថែមទៀតថា «សូមឱ្យបងប្អូនអ្នកជម្លៀសទាំងអស់កុំសង្ឃឹមថានឹងបានត្រឡប់ក្រោយវិញអី ហើយក្រដាសប្រាក់លន់ នល់ ដែលបងប្អូនយកមកតាមខ្លួនក៏គ្មានតម្លៃអ្វីទៀតដែរ ពីព្រោះនៅតំបន់រំដោះប្រជាជនត្រូវធ្វើការរួមជាក្រុមសាមគ្គី ចែកភោគផលគ្នារស់ ឥតមានអ្នកមាន អ្នកក្រ គឺស្មើៗគ្នា»។ គ្មានការតវ៉ាអ្វីទាំងអស់នៅពេលនោះ គឺម្នាក់ៗស្រូតបើករបប និងរៀបចំដាំបាយហូប ដើម្បីស្រូតធ្វើដំណើរទៅមុខបន្តទៀតតាមទិសរបស់អង្គការ។ នៅរសៀលបន្តិច ឪពុកខ្ញុំ និងសមាជិកឯទៀត បានធ្វើដំណើរមកដល់ជើងភ្នំបាធាយ ក្នុងស្រុកជើងព្រៃ ដែលជាប់នឹងផ្លូវជាតិលេខ៦។ ភ្នំបាធាយ គឺជាស្នាក់ការរបស់យោធាខ្មែរក្រហមដែលបានបោះទីតាំងនៅលើភ្នំនោះ។ ឪពុកខ្ញុំ និងអ្នកឯទៀតបានបន្តដំណើរទៅកាន់ជើងភ្នំ ប៉ុន្តែ នៅខ្លោងទ្វារចូលទៅកាន់ជើងភ្នំ មានយោធាខ្មែរក្រហមមួយក្រុមរង់ចាំឆែកឆេរ និងសួររកប្រជាជនណាដែលជាអតីតអ្នករដ្ឋការលន់ នល់ ទាហាន ប៉ូលីស ជាដើម ដោយប្រាប់ថា អង្គការត្រូវយកទៅរៀនសូត្រនៅលើភ្នំ ហើយអ្នកដែលធ្លាប់ធ្វើការអ្វី អង្គការនឹងឱ្យធ្វើការនៅកន្លែងដើមវិញ។ ពេលនោះ មនុស្សមួយចំនួនបានទៅចុះឈ្មោះតាមការប្រកាសនេះ។ កំពុងតែរៀបចំដាំបាយហូប មានបុរសម្នាក់ដើរមកកាន់ឪពុកខ្ញុំហើយប្រាប់ថា «ពាក្យថាទៅរៀនសូត្រនេះ មិនធម្មតាទេ ម្សិលមិញ ខ្ញុំឃើញអ្នកធាក់ស៊ីក្លូម្នាក់ បានទៅចុះឈ្មោះ ដោយកុហកថា គាត់ជាអតីតទាហានលន់ នល់ ពាក់សក្តិ៣។ ក្រោយពីអង្គការហៅយកទៅ ក៏បាត់ដំណឹងរហូត»។ គ្រាន់តែឮដូច្នេះ ឪពុកខ្ញុំប្រញាប់ហូប និងស្រូតដំណើរទៅមុខទៀត។ គាត់ទាំងអស់គ្នា បានធ្វើដំណើរមកដល់ផ្សារស្គន់ ដែលនៅទីនោះមានកម្មាភិបាលខ្មែរក្រហមរង់ចាំទទួលស្វាគមន៍ប្រជាជនជម្លៀស ហើយនិងបានប្រកាសថា «បងប្អូនណាមានស្រុកកំណើតនៅទីណា សូមបងប្អូនធ្វើដំណើរទៅស្រុកភូមិរបស់បងប្អូនចុះ ហើយកម្មាភិបាលនៅភូមិឃុំទាំងនោះ នៅចាំទទួលបងប្អូនជានិច្ច»។

ក្រោយប្រកាសចប់ ឪពុកខ្ញុំបានបន្តដំណើរទៅមកខាងកើតតាមបណ្តោយផ្លូវជាតិលេខ៧វិញ និងមកសម្រាកនៅសៀមបោយមួយយប់ នៅសាលារៀនជាមួយនឹងអ្នកជម្លៀសប្រហែល ១០នាក់ទៀត។ មុននឹងសម្រាក កម្មាភិបាលស្រុកបានហៅប្រជាជនជម្លៀសទាំងអស់ទៅប្រជុំ ដើម្បីធ្វើការណែនាំ និងផ្សព្វផ្សាយពីមាគ៌ាដឹកនាំរបស់បក្ស លើកឡើងពីការតស៊ូវណ្ណៈ ប្រឆាំងចក្រពត្តិ ឆ្លងកាត់ ឧបសគ្គនានា ទម្រាំបានជ័យជម្នះ និងឈានមកដល់ថ្ងៃនេះ។

នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៧៥ អ្នកទាំងអស់គ្នាហូបចុករួចរាល់ ទើបរៀបចំអីវ៉ាន់ធ្វើដំណើរឆ្ពោះមកបឹងត្រាវទឹកដីស្រុកកងមាស ខេត្តកំពង់ចាម។ មិនយូរប៉ុន្មានក៏មកដល់វត្តបឹងត្រាវ ឪពុកខ្ញុំបានបន្តដំណើរទៅទិសខាងកើតទៅឃុំអង្គរ ដើម្បីជិះទូកដទៅភូមិកំណើត គឺភូមិកោះតូច។ បន្ទាប់ពីធ្វើដំណើរយ៉ាងលំបាកតាំងពីភ្នំពេញមក ទីបំផុត ឪពុកខ្ញុំ ក៏ដូចជាបងប្រុសគាត់ និងក្មួយៗទាំង៤ បានជួបជុំនឹងសាច់ញាតិ និងគ្រួសារវិញនៅភូមិកោះតូចនេះ។

ក្រោយពីគាត់បានមកដល់ភូមិកំណើត អ្នកទាំងអស់គ្នាបានចូលរួមក្នុងក្រុមសាមគ្គីបង្កបង្កើនផល គឺធ្វើការរួមតាមក្រុម មានមេក្រុម និងអនុក្រុម ជាអ្នកចាត់ចែងប្រមូលផលបានចែកគ្នាតាមពលកម្ម។ ការរស់នៅក្នុងសាមគ្គីមិនយូរប៉ុន្មាន អង្គការបានប្រមូលក្រុមសាមគ្គីក្នុងភូមិទាំងអស់ឱ្យទៅជាសហករណ៍ ហើយក្នុងមួយភូមិមានរោងបាយរួមពីរ។ ចំពោះចានឆ្នាំងដែលជាកម្មសិទ្ធិរបស់យើងម្នាក់ៗក៏ត្រូវប្រមូលដាក់រួមក្នុងរោងបាយដែរ។ ដោយឡែក ឪពុករបស់ខ្ញុំត្រូវបញ្ចូលក្នុងកងចល័តយុវជន គឺជាកងពិសេសក្នុងភូមិ កន្លែងណាដែលស្មុគស្មាញ អង្គការបានចាត់តាំងឱ្យប្រធានកងចល័តដឹកនាំសមាជិកវាយសម្រុកឱ្យគ្រប់ផែនការអង្គការលើជាដាច់ខាត។ ពុករស់នៅមូលដ្ឋានបានមួយរយៈ អង្គការចាត់តាំងឱ្យកងចល័តនេះចុះ ស្តាប្រឡាយ លើកទំនប់ នៅភូមិសំបូរមាស និងពេលយប់ដើរចាប់កណ្តុរ ការពារកុំឱ្យវាកាត់ស្រូវ។ ចាប់តាំងពីក្លាយខ្លួនជាកងចល័ត គឺសម្រុកទាំងថ្ងៃទាំងយប់ ពេលទំនេរបានតែពេលហូប និងដេកប៉ុណ្ណោះ។ នៅតាមភូមិឥតមានអ្វីជាកម្មសិទ្ធិទេ សូម្បីតែដំណាំដាំដុះនៅក្នុងបរិវេណផ្ទះក៏ជារបស់រួមដែរ។ ម៉្យាងទៀត ផ្ទះធំៗ ព្រះវិហារ កុដិ សាលារៀន អង្គការ ត្រូវការពេលណា គឺរុះរើពេលនោះ។ នៅមូលដ្ឋានចាប់ពីខែមីនា ឆ្នាំ១៩៧៧ អង្គការបានរៀបចំឱ្យមានគ្រួសារគ្រប់ភូមិទូទាំងឃុំសរុប៦០គូ។ ក្នុងនោះមានខ្មែរ៣០គូ រួមទាំងឪពុកម្តាយរបស់ខ្ញុំ និងខ្មែរអ៊ីស្លាម៣០គូ។ ប៉ុន្តែក្រោយមក បងប្អូនខ្មែរអ៊ីស្លាមទាំង៣០គូ បានត្រូវអង្គការយកទៅកម្ទេចចោលអស់២៩គូ នៅសល់១គូ ដែលរត់រួចទៅជ្រកនៅបឹងក្បែរវត្តអូតាកួន។ ទាក់ទងនឹងផែនការកម្ទេចខ្មែរអ៊ីស្លាម ឪពុកខ្ញុំរំឭកថា ថ្ងៃមួយនៅម៉ោង២រសៀលនាឆ្នាំ១៩៧៧ មេភូមិបានចាត់តាំងពុក និងខ្មែរម្នាក់ទៀត រួមជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាមប្រហែល៣០នាក់ យកចបកាប់ និងបង្គីទៅជីករណ្តៅដីនៅខាងជើងភូមិ ចម្ងាយ៥០០ម៉ែត្រ លុះដល់កន្លែងគោលដៅហើយ មេភូមិ មេកង មេក្រុម ព្រមទាំងអ្នកឡើងត្នោតមួយចំនួនចូលរួមក្នុងការជីករណ្តៅនោះដែរ។ នៅរសៀលម៉ោងប្រហែល៤ រណ្តៅជិតរួចរាល់ មេភូមិបានប្រមូលមេកង មេក្រុម និងក្រុមឡើងត្នោត ទៅប្រជុំសម្ងាត់ចម្ងាយពីកន្លែងជីករណ្តៅប្រហែល៣០ម៉ែត្រប៉ុណ្ណោះ។ បន្ទាប់ពីអ្នកទាំងនោះត្រឡប់មកវិញ ក៏នាំគ្នាឈរនៅជុំវិញមាត់រណ្តៅ ហើយមេភូមិបានស្រែកថា ឈប់ដាក់បង្គីចបទៅក្រោម ពុកខ្ញុំឮដូច្នេះ ក៏ដាក់ ចបបង្គីទៅក្រោមដែរ រួចមេកង មេក្រុម និងពួកឡើងត្នោត នាំគ្នាលោតចុះរណ្តៅចាប់ក្រុមបងប្អូនចាម ដោយយកខ្សែចងដៃទៅក្រោយ។ បន្ទាប់មកទៀត មេកងម្នាក់បានទៅចាប់បងប្រុសម្នាក់ដែលជាខ្មែរ តែគាត់កោរសក់ ទើបមេភូមិស្រែកពីលើរណ្តៅថា ខ្មែរទេ ឪពុកខ្ញុំឮដូច្នេះក៏ធូរទ្រូង។ មេភូមិរូបនោះ ប្រាប់ពុកខ្ញុំ និងបងប្រុសម្នាក់នោះឱ្យយកចប និងបង្គីទៅភូមិ។ ពុក និងបងប្រុសម្នាក់នោះក៏ប្រញាប់ប្រញាល់ប្រមូលចបបង្គីដើរត្រឡប់ទៅភូមិយ៉ាងលឿន សូម្បីងាកក្រោយក៏ឥតហ៊ានងាកផង។ លុះមកដល់ភូមិ ឪពុកខ្ញុំក៏សំដៅទៅរោងបាយ ឃើញរទេះបួនប្រាំរង់ចាំដឹកប្រពន្ធ និងកូនតូចៗជាខ្មែរអ៊ីស្លាម គ្រាន់តែឃើញដូច្នេះ គាត់ក៏យល់ថា នេះជាផែនការកម្ទេចជនជាតិខ្មែរអ៊ីស្លាមទាំងអស់។ ក្រោយហូបបបររួចរាល់ ឪពុកខ្ញុំបានចុះទៅងូតទឹកទន្លេ ស្រាប់តែដល់កំពង់បានឃើញកងឈ្លបដេញចាប់ចាមម្នាក់ តែឥតចាប់បានទេ ព្រោះចាមនោះពូកែហែលទឹក ដោយហែលយ៉ាងលឿនឃ្លាតពីច្រាំងបាន ៥០ម៉ែត្រ ក៏ស្រែកប្រាប់មកឈ្លបថា «ជាតិនេះយើងបែកគ្នាហើយ»។  ក្រោយមក ចាមម្នាក់នោះក៏មកលាក់ខ្លួនទៅបឹងក្បែរវត្ត។ រស់នៅទីនោះបាន៣ខែ គណៈឃុំពាមជីកង ដែលជាភរិយាគណៈស្រុកកងមាស បានលើកលែងទោសឱ្យគ្រួសារខ្មែរអ៊ីស្លាមនោះ ដោយសារ ប្តីប្រពន្ធទាំងពីរ មានជំនាញដែលជាប្រយោជន៍ដល់អង្គការ គឺប្តីពូកែមុជទឹកទន្លេយកគល់ឈើ និងប្រពន្ធជំនាញជួសមង-អួន-សំណាញ់ សម្រាប់នេសាទ។

មិនខុសពីកំលោះក្រមុំឯទៀត ឪពុកខ្ញុំ ក៏ត្រូវអង្គការចាត់ឱ្យមានគ្រួសារ គឺម្តាយខ្ញុំ។ ក្រោយថ្ងៃរៀបការបានពីរអាទិត្យ អង្គការចាត់តាំងឱ្យឪពុកម្តាយរបស់ខ្ញុំ ទៅចម្ការកៅស៊ូនៅ អូអណ្តូង។ ក្រោយហូបបាយថ្ងៃត្រង់រួច ឪពុកម្តាយខ្ញុំទៅដល់ផ្ទះរៀបរាប់ប្រាប់ជីដូនជីតាតែពួកគាត់ឥតនិយាយអ្វីទេ ព្រោះគាត់យល់ពីកង់ប្រវត្តិសាស្ត្រអង្គការចាត់តាំងហើយបើប្រឆាំងគឺស្លាប់។ នៅរសៀលថ្ងៃដដែល ឪពុកម្តាយខ្ញុំបានចាកចេញពីផ្ទះកំណើតរួមជាមួយនឹងអីវ៉ាន់មួយអម្រែកទម្រាំមកដល់ភូមិសាច់សូ កន្លែងស្នាក់ការឃុំរសៀលទាប ហើយបងប្អូនតាមភូមិដទៃដែលអង្គការបញ្ជូនទៅចម្ការកៅស៊ូនោះ បានទៅអស់ហើយ ដូច្នេះអង្គការឱ្យអ្នកទាំងពីរស្នាក់នៅស្នាក់ការឃុំសិន រង់ចាំលើកក្រោយ។ ឪពុកម្តាយខ្ញុំបានរស់នៅចម្ការកៅស៊ូនេះពីឆ្នាំ១៩៧៧ ដល់១៩៧៨។

ក្នុងអំឡុងខែកញ្ញា ដល់វិច្ឆិកា ឆ្នាំ១៩៧៨ ទឹកជំនន់ធំជន់លិចភូមិអស់ទូទាំងឃុំពាមជីកង អង្គការបានជម្លៀសសត្វពាហនៈមកដាក់ទីទួលសុវត្ថិភាព នៅម្តុំស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ។ ចំណែកពុកខ្ញុំ អង្គការប្រគល់គោឱ្យចំនួន១០ក្បាល ឱ្យមើលថែរក្សា តែអ្នកឯទៀតឥតច្រើនដូចគាត់ទេ ត្រង់នេះគឺគេចង់ពិនិត្យសមត្ថភាពរបស់ពុកខ្ញុំ។ ពេលនេះពុកគិតថា ប្រហែលមិនរស់ទេ ប៉ុន្តែទឹកចិត្តនៅតែខំប្រឹងពុះពារគ្រប់ឧបសគ្គ បើខុសត្រូវយ៉ាងណាទៅតាមយថាកម្មចុះ។ ក្នុងពេល៣ខែ ឪពុករបស់ខ្ញុំមើលថែគោទាំង១០ក្បាលបានយ៉ាងល្អ។ លុះដល់ទឹកស្រកពីភូមិអិស់ ពុកក៏វិលចូលមកភូមិវិញ។

ចុងឆ្នាំ១៩៧៨ ពុកបានឮស្នូរកាំភ្លើងល្វើយៗនៅឯទិសបូព៌ា។ មិនយូរប៉ុន្មាន នៅខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សរំដោះជាតិកម្ពុជា ក៏បានវាយយកខេត្តកំពង់ចាមបាន រួមទាំងស្រុកកងមាស ដែរ។ ពេលនោះក្នុងភូមិច្របូកច្របល់ សត្វពាហនៈរត់ប្រសេចប្រសាចពេញភូមិ មនុស្សម្នាចេញពីភូមិស្ងាត់ ចំណែកពុកម្តាយខ្ញុំមានកញ្ជើដែលគាត់យកមកពីភូមិកំណើតមកបានដាក់អីវ៉ាន់ និងបង្វេចខោអាវ ឆ្ពោះសំដៅទៅស្រុកសំបូរមាសជាទិសដៅអង្គការថ្នាក់លើឱ្យទៅ។ តែពេលនោះមានមិត្តភក្តិនៅភូមិកោះតូចបានសួរគាត់ថា «ឯងទៅណា? ទៅរកស្លាប់? ស្រុកកំណើតមិនទៅ ឬទៅរកងាប់? បន្ទាប់មក លោកទាំងពីរក៏រកទូកឆ្លងទៅកោះតូច ដែលជាភូមិកំណើតវិញ ហើយក៏បានជួបជុំឪពុកម្តាយ បងប្អូន វិញដូចបំណង។

បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទាំងស្រុង។ ឪពុកម្តាយរបស់ខ្ញុំបានធ្វើដំណើរទៅកាន់ស្រុកកំណើតម្តាយខ្ញុំ ដែលនៅខេត្តកំពត និងបន្តរស់នៅទីនោះ រហូតដល់បច្ចុប្បន្ន ជាមួយនឹងបងប្អូនប្រុសស្រីរបស់ខ្ញុំចំនួនបួននាក់៕