ចម្លងចេញពីផស់គេមកទេ!! គេហាមមិនឲ្យចំលងដែរ តែខ្ញុំមកដឹងសុំអ្នកណា? សុំបែបម៉េច? អស់លុយអត់?....ខ្ញុំក៍មិនយកទៅលក់ដូរអីដែរ គ្រាន់តែទុកជាឯកសារ...
ក្នុងរយៈពេលមួយឆ្នាំ២០១៧នេះ ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាកើតមានរឿងរ៉ាវជាច្រើនទាំងក្ដៅ និងត្រជាក់។ តែទោះជាបែបនេះក្ដី ការគ្រប់គ្រងស្ថេរភាពទូទៅ នៅតែដំណើរការបានល្អ។ យើងសូមរម្លឹកអំពីព្រឹត្តការណ៍ទាំងនោះឡើងវិញ ដំបូងយើងផ្ដើមនិយាយពីជំនួបជាប្រវត្តិសាស្ត្រមិនធ្លាប់មានរវាង សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ១,០០០នាក់ នៅ សណ្ឋាគារសុខា រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
-អំពីមរណភាព ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាពនៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី១៥ ខែមីនា ក្នុងអាយុ ៦៦ឆ្នាំ ដោយរោគាពាធនៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។
-ការបោះឆ្នោត ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ប្រជាជនកម្ពុជាបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន នៅទូទាំងប្រទេស។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងតំណែងកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រមាណ ជាង១ម៉ឺននាក់។ ចំណែក គណបក្សសង្រ្គោះជាតិទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៥,០០៧នាក់ ដែលក្នុងនោះមេឃុំ-ចៅសង្កាត់ ៤៨៩នាក់ ជំទប់ទី១ ៥០៣នាក់ និងជំទប់ទី២ ១,០៨៧នាក់។
-បញ្ហាព្រំដែន សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហោះទៅកាន់ទីក្រុងវៀងច័ន្ទជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង ក្រោយឡាវដាក់ទ័ពចូលទឹកដីកម្ពុជា នៅស្ទឹងត្រែង។ ហើយនៅប៉ុន្មានថ្ងៃក្រោយមក គឺនៅថ្ងៃទី០១ កញ្ញា នាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ួលីត ក៏បានហោះមកកាន់ទីក្រុងភ្នំពេញវិញ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ។ នៅក្នុងជំនួប ដែលធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នា សរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុង ដើម្បីឲ្យបញ្ជូន អ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែននេះ។
- សំណុំរឿងនយោបាយ លោក គឹម សុខ ជាអ្នកវិភាគនយោបាយនិងសង្គម ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនកាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមបទចោទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។ ការឃុំខ្លួនធ្វើឡើងក្រោយលោកចោទបក្សកាន់អំណាចថា ជាអ្នកនៅពីក្រោយឃាតកម្ម លោកបណ្ឌិត កែម ឡី។ក្រោយមកទៀត លោក គឹម សុខ បានរងបណ្តឹងបន្ថែមទៀតពីបទ «ចោទរដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតករមិនឃើញ»។
-លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរសម្រុកចូល ចាប់ខ្លួនចេញពីក្នុងផ្ទះរបស់លោក នៅរាជធានីភ្នំពេញ ទាំងកណ្ដាលយប់រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ដោយចោទថា លោកបានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
-ក្រៅពីលោក កឹម សុខា កាលពីថ្ងៃទី៣ខែសីហា អតីតឧបនាយករដ្ឋមន្ត្រី កូតាខាងគណបក្សរាជា និយមហ៊្វុនស៊ិនប៉ិច ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន និងកំពុងសាកសួរ នៅស្នងការក្រុងភ្នំពេញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយត្រូវបានឃុំខ្លួន ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ សរសេរលិខិតសារភាពកំហុស និងសុំទោសពីក្នុងពន្ធនាគារ ព្រោះសម្រេចចិត្តខុសឆ្គងដែលប៉ះពាល់ដល់គណបក្សខ្មែររួបរួមជាតិ ទាំងមូល។ លោក ញឹក ប៊ុនឆៃ បានសម្តែងសេចក្ដីសោកស្ដាយ និងវិប្បដិសារីយ៉ាងខ្លាំង ដែលមិនអាចបន្តបេសកកម្ម រួមជាមួយមន្ត្រី គណបក្សខ្មែររួបរួមជាតិ របស់លោក ដោយសារលោក បានប្រព្រឹត្តមិនគប្បី ចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ញឹក ប៊ុនឆៃ អំពាវនាវសូមឲ្យអ្នកគាំទ្រ គណបក្សខ្មែររួបរួមជាតិ កុំងាករេទៅតាមការអូសទាញ ដើម្បីឲ្យមានការផ្លាស់ប្តូរឲ្យសោះ ព្រោះលោកបញ្ជាក់ថា រដ្ឋាភិបាលសព្វថ្ងៃកំពុងដើរផ្លូវត្រូវ។
-លោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ ដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរ ដល់កងទ័ពកម្ពុជា ហើយតុលាការបើក សិទ្ធិឱ្យជនជាប់ចោទប្តឹង ឧទ្ធរណ៍តាមកំណត់ច្បាប់ ។
-អំពី លោក លឺ ឡាយស្រេង និងលោកស្រី គី លំអង អតីតមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច បានប្រមាថព្រះចេស្តារព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ។ ក្រោយការលើកឡើងនេះ បណ្ដឹងកើតឡើងជាបន្តបន្ទាប់រួមមានៈ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលបានដាក់ចូល ទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈមេធាវី គី តិច ក៏បានដាក់ចូល សាលាដំបូងរាជធានីភ្នំពេញផងដែរ ដោយប្ដឹងលោក លឺ ឡាយស្រេង ពីបទប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ និងចោទប្រកាន់ពីបទបរិហារកេរ្ដិ៍ ដែលថាសម្ដេចបានផ្ដល់លុយ ដល់មន្ដ្រីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់ៗ២ម៉ឺនដុល្លារ ។
-និយាយពីបញ្ហាចម្រូងចម្រាស ទាក់ទងទំនាក់ទំនងកាទូត រវាងកម្ពុជាអាមេរិកផ្ដើមចេញពី រដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងការបរទេសរបស់ខ្លួន កាលពីខែសីហាឆ្នាំ២០១៧ បានចេញលិខិតមួយច្បាប់ សម្រេចបញ្ឈប់នូវរាល់សកម្មភាព របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ព្រមទាំងបណ្តេញបុគ្គលិកបរទេស របស់វិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ ការបញ្ឈប់និងបណ្តេញមន្ត្រី NDI ដូច្នេះ ត្រូវរដ្ឋាភិបាលយោងទៅលើហេតុផល មិនគោរពតាមច្បាប់ស្តីពី សមាគមនិងអង្គការមិនមែន រដ្ឋាភិបាលនិងច្បាប់ស្តីពីសារពើពន្ធ។ តែអ្នកតាមដានសភាពការណ៍កម្ពុជា ខ្លះយល់ថា វាជាការប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងចរិកនយោបាយ ។
ក្រោយបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) បញ្ហារវាងរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានការឧបត្ថម្ភពី រដ្ឋាភិបាលអាមេរិក ក៏ចាប់ផ្ដើមមើលមុខគ្នាមិនចំ ឈានដល់ការបិទ ការិយាល័យវិទ្យុអាស៊ីសេរី ផ្សាយជាខេមរៈភាសា នៅកម្ពុជានិង កាសែតដឹខេមបូឌាដេលី ពាក់ព័ន្ធបញ្ហាពន្ធជាដើម។
-នៅប៉ុន្មានខែចុងក្រោយនេះ បញ្ហារវាងកម្ពុជា និងអាមេរិកកើតមានជាហូរហែរ ពិសេសនោះពាក់ព័ន្ធជំនួយដោះមីន ក៏ដូចជាការបញ្ចូនអ្នកទោសខ្មែរ ត្រឡប់មកកម្ពុជាវិញ ឈានដល់ការបិទទិដ្ឋាការ មន្ត្រីជាន់ខ្ពស់ក្រសួងការបទេសកម្ពុជា មិនឲ្យចូលទឹកដីអាមេរិកទៀតផង។ ក្នុងនោះសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្ម មិនផ្ដល់ទិដ្ឋាការធ្វើដំណើរប្រភេទ B1/B2 ដល់មន្ត្រីការទូត នៃក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា តទៅ។
សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុងភ្នំពេញ ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា នេះ ឲ្យដឹងថា អាចមានករណីលើកលែងតិចតួចប៉ុណ្ណោះ ចំពោះការដាក់ទណ្ឌកម្មនេះ។ យ៉ាងណាក៏ដោយ ស្ថានទូតមិនបានបង្ហើបឲ្យដឹង លម្អិតអំពីករណីលើកលែងនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក ត្រូវបញ្ជាអោយមន្ត្រីកុងស៊ុល បញ្ឈប់លែងផ្ដល់ទិដ្ឋាការ រហូតទាល់តែរដ្ឋមន្ត្រីសន្តិសុខជាតិ ទទួលបានព័ត៌មានថា ប្រទេសកម្ពុជា បានយល់ព្រមទទួលយក ការធ្វើមាតុភូមិនិវត្តពលរដ្ឋ របស់ខ្លួនដែលត្រូវសហរដ្ឋអាមេរិក ចាប់បញ្ជូនមកវិញ ដោយសារតែពួកគេបានប្រព្រឹត្តិល្មើសច្បាប់។
-និយាយពីរឿងគ្រាប់បែកអាមេរិកវិញ ក៏ក្លាយជាសំណុំរឿង នៃការសាចទឹកដាក់គ្នាដែរ។ ពីខាងរដ្ឋាភិបាលកម្ពុជា ជាញឹកញយបានរកឃើញ ស្ទើរតែគ្រប់ទីកន្លែង នៅគ្រប់បែកដែលអាមេរិក កបទុកនៅក្នុងដី ។ បញ្ហានេះនាំឲ្យសហរដ្ឋអាមេរិក ដកជំនួយដោះមីនពីរដ្ឋាភិបាលកម្ពុជា ទៅឲ្យអង្គការក្រៅរដ្ឋាភិបាលវិញ។ ប៉ុន្តែមិនយូរប៉ុន្មាន អាមេរិកក៏ប្រកាសផ្ដល់វិញ។ ក្នុងកាលៈទេសៈ នេះចិនមិននៅស្ងៀមចូលខ្លួន មកអះអាងថា នឹងជួយឱ្យអស់លទ្ធភាពដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជាឱ្យបានឆាប់រហ័ស។ នេះបើតាមការលើកឡើង របស់លោកនាយករដ្ឋមន្ត្រីចិន លី កឺឈៀង ក្នុងឱកាសជំនួបទ្វេភាគី កម្ពុជា-ចិន នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្រោយការសន្យាចិនក៏បានផ្ដល់ សម្ភារជាង១០០០ សម្រាប់ការបោសសម្អាតមីន ។
-ទាក់ទងព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មួយទៀតគឺ ដំណើរការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សដ៏ធំនៅកម្ពុជា ដោយតុលាការកំពូលនៅថ្ងៃទី១៦តុលា។ និងការផ្អាកសិទ្ធិធ្វើ នយោបាយរបស់មន្ត្រីបក្សនេះ១១៨នាក់។ ក្រោយការរំលាយ នេះប្រតិកម្មបានធ្លាក់មកឥតល្ហែ ពីសហគមន៍អន្តរជាតិ ។ ភ្លាមៗសហរដ្ឋអាមេរិ ប្រកាសផ្អាកឈប់ផ្ដល់ជំនួយដល់ គ ជ ប ។ តែបង្អង់យូរសម្ដេច ហ៊ុន សែន ឆ្លើយតបវិញដោយជំរុញ ទៅអាមេរិកឲ្យផ្ដាច់ជំនួយ ទាំងអស់ពីកម្ពុជាតែម្ដងទៅ ព្រោះជំនួយទាំងនោះ អ្នកដែលប៉ះពាល់គឺអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ ។
-ទាក់ទងការលើកលែងទោស ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី នៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ សូមបញ្ជាក់ថា លោក ហុង សុខហួរ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បានបង្ហោះឯកសារក្លែងបន្លំ ពាក់ព័ន្ធសន្ធិសញ្ញាព្រំដែន នៅលើបណ្ដាញ សង្គមហ្វេសប៊ុក របស់លោក សម រង្ស៊ី ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងពេលនោះមក។
-ក្រោយការបោះឆ្នោតឃុំ-សង្កាត់ បានបិទបញ្ចប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើយុទ្ធនា ការចុះជួបកម្មករ-កម្មាការិនីនៅទូទាំងប្រទេស។ ដោយនៅក្នុងជំនួបនោះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសផ្តល់កាដូពិសេស ដល់កម្មករ-កម្មការិនី រោងចក្រកាត់ដេរ ឲ្យជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងរយៈ២ឆ្នាំ។ ក្រៅពីកាដូពិសេសនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដែរថា ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ កម្មករនឹងទទួលបានសេវាគាំពារ ផ្នែកសុខភាពដោយឥតគិតថ្លៃ ត្បិតរាល់ការបង់ថ្លៃលើសេវានេះ គឺជាបន្ទុករបស់ថៅកែរោងចក្រ។
-នៅឆ្នាំ២០១៧នេះដែរ ប្រាក់ខែគោលរបស់កម្មករ កម្មាការិនី ក្នុងវិស័យកាត់ដេរទទួលបាន ១៧០ដុល្លារក្នុងមួយខែ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រៀមថវិកាប្រមាណ ៤០លានដុល្លារផងដែរ ដើម្បីចូលរួមជាមួយក្រុមហ៊ុន ក្នុងការតម្លើងប្រាក់ខែជូន កម្មករ-កម្មការិនី ឲ្យមានជីវភាពល្អប្រសើរជាងមុន ។
-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាកំពុងចរចារជាមួយប្រទេសនានា ដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករដែលកំពុងធ្វើការងារ នៅបរទេស ក្នុងនោះរួមទាំងប្រាក់ ធានារ៉ាប់រង គ្រោះថ្នាក់ការងារ និងធានារ៉ាប់រងអាយុជីវិតជាដើម ។សម្តេចបន្តថា រាជរដ្ឋាភិបាល កំពុងអនុវត្តិកិច្ចការទាំងនេះ នៅប្រទេសកូរ៉េខាងត្បូង ហើយក៏កំពុងបន្តចរចារជាមួយ ប្រទេសនានាមួយចំនួនទៀត។ រាជរដ្ឋាភិបាលកំពុង ធ្វើការជាមួយ រដ្ឋាភិបាល និងក្រុមហ៊ុននានា នៅបរទេសឲ្យ ទទួលស្គាល់នូវរយៈពេល នៃអតីតភាពការងារ ដែលកម្មករ បានធ្វើការក្នុងក្រុមហ៊ុននោះ ។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលនឹងសម្រួលឲ្យ សាច់ញាតិក្រុមគ្រួសារ នៅកម្ពុជាមាន សិទ្ធិធ្វើឯកសារមួយចំនួនដូចជា លិខិតថ្កោលទោស និងលិខិតបទដ្ឋានរដ្ឋបាល មួយចំនួនដែលកម្មករ ត្រូវការសម្រាប់ការងារ នៅប្រទេសក្រៅ ប៉ុន្តែមិនអាចធ្វើដំណើរ មកកាន់កម្ពុជា ដោយសារជាប់បំពេញការងារ ។
-គេចាំមិនភ្លេចទេនៅ រៀងរាល់ពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចុះជួប កម្មករសម្ដេចតែង បានអំពាវនាវដល់ កម្មករ-កម្មការិនី និងពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើន ។ មុនបុណ្យអុំទូក ខ្ញុំបានទិញស្ពានកោះកុងយកមកវិញ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទូទាំងប្រទេស តាមកន្លែងដែលចង់ទៅ ដោយមិនចាំបាច់បង់ប្រាក់។
-និយាយពីបញ្ហាកម្មករដែលកំពុង ធ្វើការនៅក្រៅប្រទេសវិញ! រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ បានបង្កើតក្រុមការងារ អន្តរក្រសួងចល័ត ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលមាន៣ការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា។ លោក អ៊ិន សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀត សម្រាប់ការជួយផ្តល់ភាពស្របច្បាប់ ដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
-អំពីសេដ្ឋកិច្ច របាយការណ៍របស់ ធនាគាពិភពលោក World Bank ដែលចេញផ្សាយថា សេដ្ឋកិច្ចរបស់កម្ពុជាមានការធ្លាក់ចុះ ពី៧%មកត្រឹម៦,៨% ក្នុងនោះក៏មានការស្រុតចុះ ក្នុងវិស័យសំណង់ផងដែរ។ ចំណែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺ ៧,១ភាគរយ ដែលជំរុញកំណើននេះជាពិសេស ដោយវិស័យវាយនភណ្ឌ សំណង់ និងអចលនទ្រព្យ។ នេះបើតាមរបាការណ៍របស់ ADB ដែលចេញផ្សាយនៅថ្ងៃទី៦ខែមេសា។
រីឯរាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចជាតិ ឆ្នាំ២០១៨ អាចនឹងបន្តកើនឡើងក្នុងអាត្រា ៦,៩% ដូចឆ្នាំ២០១៧ ដែលធ្វើឲ្យផលិតផលក្នុងស្រុក (ផ.ស.ស-GDP) តាមថ្លៃបច្ចុប្បន្នកើនឡើងដល់ ៩៩,១១៦,០៤១លានរៀល ប្រមាណជា ២៤,៥៥២លានដុល្លារ ខណៈ ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១,៥៦៨ដុល្លារ ដែលកើនឡើងជាងឆ្នាំ២០១៧ ត្រឹមតែ ១៤៣៥ដុល្លារប៉ុណ្ណោះ ។
-សេដ្ឋកិច្ចដែរទាក់ទង ច្បាប់ថវិកាជាតិវិញ! កម្ពុជាគ្រោងចំណាយ ប្រមាណជា ៦ពាន់លានដុល្លារ សម្រាប់វិស័យនានារបស់ខ្លួន ។ គម្រោងនេះក៏ត្រូវបាន សមាជិករដ្ឋសភាកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា ចំនួន៦៥រូប បានលើកដៃអនុម័តទាំងស្រុងរួចហើយដែរ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨។
-អំពីបដិវត្តន៍ពណ៌ កងទ័ពប្ដេជ្ញាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ពីប្រជាពលរដ្ឋ ប្ដេជ្ញាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ និងមិនអនុញ្ញាតឲ្យមាន បដិវត្តន៍ពណ៌កើតឡើង លើទឹកដីកម្ពុជាដាច់ខាត ។
ចំណែកប្រទេសចិន ក៏បានសន្យាក្នុងការជួយទប់ស្កាត់ មិនឲ្យកើតមានបដិវត្តន៍ពណ៌ នៅកម្ពុជាដែរ។ ជំហររបស់ចិនយ៉ាងដូច្នេះ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ ហើយក៏ជាប្រទេសទីមួយ បង្ហាញការគាំទ្រចំណាត់ការ របស់រដ្ឋាភិបាលកម្ពុជា លើគណបក្សប្រឆាំងក្នុងការ ចាប់ខ្លួនលោក កឹម សុខា ពាក់ព័ន្ធទោសក្បត់ជាតិ។
-និយាយពីទំនាក់ទំនងការទូតវិញ! មេដឹកនាំកម្ពុជា បានបន្តស្នើទៅមហាអំណាចអាមេរិក និងរុស្ស៊ី ឲ្យលុបចោលបំណុលដែលកម្ពុជាជំពាក់ប្រទេសទាំងពីរ និងបង្វែរបំណុលនោះ ទៅជាជំនួយវិញ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំអាស៊ានរយៈពេល ៣ថ្ងៃនៅទីក្រុងម៉ានីល ប្រទសភីលីពីន ជាទីដែលសម្ដេច បានជួបជជែកផ្ទាល់មាត់ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមេទ្រី ម៉េដវ៉េឌេវ នៅក្រៅកិច្ចប្រជុំនោះ។ សម្ដេច បានរៀបរាប់លើទំព័រហ្វេសប៊ុក ផ្លូវការដោយ បានស្នើទៅលោក ដូណាល់ ត្រាំ ឲ្យលុបចោលបំណុល ដែលកម្ពុជាជំពាក់អាមេរិក កាលពីជំនាន់សាធារណៈរដ្ឋខ្មែរទសវត្សរ៍ ១៩៧០។ ស្ដេចក៏បានប្រៀបធៀប បំណុលនោះទៅនឹងញញួរ ដែលអាមេរិកយកមកវាយ លើក្បាលកម្ពុជាហើយ ថែមទាំងទារថ្លៃញញួរនោះថែមទៀត។
-សម្ដេចក៏ បានលើកយកបញ្ហាបំណុលកម្ពុជា ជំពាក់រុស្ស៊ីទៅជជែកជាមួយលោក ឌីមីទ្រី ម៉េដវ៉េដេវ ផងដែរ នៅក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំរុស្ស៊ីរូបនេះ កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងមកនេះ។ សម្ដេចបន្ថែមថា មេដឹកនាំរុស្ស៊ីបាន ស្វាគមន៍សំណើរបស់កម្ពុជា និងថា រុស្ស៊ីនឹងបង្កើតក្រុមការងារមួយ ដើម្បីជួយដោះស្រាយបំណុល ដែលកម្ពុជាជំពាក់។
-អំពីអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ថា បច្ចុប្បន្នកម្ពុជាមានជនអន្តោប្រវេសន៍ ខុសច្បាប់ជាង ៧ម៉ឺននាក់ ដែលមាន៥សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម មានច្រើនជាងគេ គឺរហូតដល់ជាង៩០ភាគរយ។
-ចំណែកព្រឹត្តការណ៍ ដែលបានកើតឡើងនៅចុងឆ្នាំនេះ សមាជិកគជបបីរូបកូតា គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាឈប់ចេញ ពីតួនាទីដោយក្នុងនោះរួមមាន៖ លោក គួយ ប៊ុនរឿន ជាអនុប្រធាន គជប លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក។ អ្នកទាំង៣សុទ្ធសឹងជា កូតាមកពីគណបក្សសង្រ្គោះជាតិ។ សមាជិកគជបទាំង៣រូបនោះ បានគូសបញ្ជាក់ថា មូលហេតុដែលពួកគេ មិនអាចបន្តការងារបោះឆ្នោត បានតទៅទៀតដោយសារ តែមានការបែងចែកអាសនៈ គណបក្សសង្រ្គោះជាតិ ទៅឲ្យគណបក្សដទៃទៀត ដែលពលរដ្ឋមិនគាំទ្រ ។ ក្នុងលិខិតដដែល បានចាត់ទុកទង្វើនេះថា បានជះឥទ្ធិពលដល់ដំណើរការ បោះឆ្នោតឆ្នាំ២០១៨ ដែលមិនបានធានាឲ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌។ បើតាមសមាជិក គជប ទាំង៣រូបនេះ ក្នុងនាមជាអាជ្ញាកណ្តាល ពួកគេមិនអាចនៅបន្តការងារ ក្នុងស្ថាប័នរៀបចំការបោះឆ្នោត តទៅទៀតទេដោយថាវាក្បត់ នឹងឧត្តមគតិរបស់ពួកគេ និងឆន្ទៈរបស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ដែលនាំឲ្យជាប់ឈ្មោះអាក្រក់ ក្នុងប្រវត្តិសាស្ត្រ ។
-អំពីការបែងចែកអសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធ បាន៤១អាសនៈ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ទទួលបាន៦អាសនៈ គណបក្សខ្មែរឈប់ក្រ៥អាសនៈ គណបក្សសញ្ជាត្តិកម្ពុជា២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១អាសនៈ។ តែយ៉ាងណាក៏ដោយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្របដិសេធ មិនទទួលយកព្រោះជាការក្បត់ឆន្ទៈពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងក្លាយជាតំណាងរាស្ត្រ មណ្ឌលកំពង់ចាម។ ប៉ុន្តែព្រះអង្គថា មិនធ្វើជាអនុប្រធានសភាទេ ពីព្រោះអង្គធ្លាប់ធ្វើប្រធានសភាហើយ។ រដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ បានបោះឆ្នោតជ្រើសរើស លោក យូ ហុកគ្រី ជាកូតាមកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ដែលពលរដ្ឋមិនបោះឆ្នោតឲ្យនោះ ឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា ក្រោយពីរំលាយ គណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តំណែងប្រធាន និងអនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា ចំនួន១០ទៀតក៏ត្រូវបានបោះឆ្នោត ជ្រើសតាំងផងដែរ។
-រយៈពេលចុងក្រោយនេះ យើងសូមចាប់អារម្មណ៍ លើទំនាក់ទំនងការបរទេសគឺចិន នៅតែប្រកាសបន្តគាំទ្រ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៖ ក្នុងដំណើររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ទៅចូលរួម ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនានា ជុំវិញពិភពលោក នៅតែបន្តប្រកាស ពីគោលជំហរ របស់ខ្លួនគាំទ្រកម្ពុជា លើចំណាត់ការ បង្ក្រាបបដិវត្តន៍ពណ៌នៅកម្ពុជា ខណៈកម្ពុជាបានប្តេជ្ញាគាំទ្រ គោលនយោបាយចិនតែមួយ។
ប្រទេសចិនត្រូវបានគេដឹងថា ជាប្រទេសម្ចាស់ជំនួយ យ៉ាងធំសម្រាប់កម្ពុជា ដែលជំនួយទាំងនោះបានយក មកអភិវឌ្ឍន៍ប្រទេស។ ក្រោយពីកម្ពុជាបានអនុវត្តន៍ ច្បាប់បង្ក្រាបទៅលើបដិវត្តន៍ពណ៌ គឺមិត្តចិនតែងតែចេញ មកអះអាងគាំទ្រជានិច្ច ខណៈប្រទេសផ្តល់ជំនួយមួយចំនួន បានសម្តែងការមិនពេញចិត្ត ពីស្ថានភាពនយោបាយ នៅកម្ពុជា ហើយថា ការបោះឆ្នោតឆ្នាំ២០១៨នឹងមានភាពមិនត្រឹមត្រូវ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីរំអាធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា និងត្រូវបានអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ នៅថ្ងៃទី៥ ខែកញ្ញានេះពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៥ឆ្នាំទៅ៣០ឆ្នាំ។
ក្រោយការចាប់បាន២ថ្ងៃ រដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានបង្ហាញជំហរគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាប់ខ្លួន លោក កឹម សុខា ពីបទក្បត់ជាតិ ដើម្បីថែរក្សាស្ថេរភាព ការអភិវឌ្ឍនិងសន្តិសុខជាតិ។
ថ្មីៗនេះកាលពីថ្ងៃ ២២ វិច្ឆិកា កន្លងមក ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព លោក Cao Jiangming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងការគាំទ្រ រាល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាស្ថេរភាពនយោបាយ អធិបតេយ្យភាព ឯករាជ្យភាព វិបុលភាព និងការអភិវឌ្ឍ ។
ក្នុងការចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនានា ជុំវិញពិភពលោកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ បណ្តាមេដឹកនាំសំខាន់ៗ និងអ្នកវិនិយោគទុនធំៗមួយចំនួនទៀត ដើម្បីគៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងជំរុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។
ក្រៅពីជូបបណ្តាមេដឹកនាំ របស់ពិភពលោកសម្តេចតេជោ ក៏ជួប លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន។ ក្នុងពេលទៅដល់ចិននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចត្រូវបានទទួល ការស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំចិន។ ក្នុងពេលល្ងាចថ្ងៃដដែល សម្តេចតេជោ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ដែលរៀបចំឡើងដោយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួងអន្តរជាតិនៃ គណៈកម្មាធិការមជ្ឍឹមបក្សកុម្មនីស្តចិន នៅសាលគីងហ្គុង អគារលេខ៥ ផ្ទះសំណាស់រដ្ឋទែវយូថៃ (Diaoyutai State Guesthouse) នៃសាធារណៈរដ្ឋប្រជាមានិតចិន ។
ក្នុងឱកាសនោះដែរសម្ដេចតេជោបញ្ជាក់ថា “ភាគីមិត្តចិនពេញចិត្ត កោតសរសើរ និងគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវ ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានបញ្ជាក់ការគាំទ្រ សារជាថ្មីក្នុងការជួយកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀតទៀត”។ សម្តេចបន្តថា មហាយក្សចិន នៅតែប្រកាសជំហគាំទ្រចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមិនឲ្យមានបដិវត្តន៍ពណ៌។
សម្រាប់ទំហំពាណិជ្ជកម្មវិញ ភាគីទាំងពីរបានសន្យារួមគ្នាថា នឹងធ្វើយ៉ាងណាឲ្យសម្រេចទំហំពាណិជ្ជកម្ម ឲ្យបាន៦ប៊ីលាន នៅឆ្នាំ២០២០ខាងមុខ ដែលការសន្យានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ វិច្ឆិកា ក្នុងឱកាសបានអញ្ជើញទស្សនា ភូមិស៊ូយូហ្ស៊ូ ខណ្ឌមិនឌូងូ នៅខាងលិចរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីស្វែងយល់អំពីស្មារតីចម្បង នៃមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩។
យោងតាមអត្ថបទ ដែលទទួលបានពីក្រុមការងារ សម្តេចតេជោ ដែលកំពុងមានវត្តមាននៅចិន បានផ្ញើមកកាន់អ្នកសារព័ត៌មាន នៅកម្ពុជា បានឲ្យដឹងថា ដោយមានទំនាក់ទំនង ល្អជាមួយចិន កម្ពុជាប្រកាន់ភ្ជាប់នូវ គោលនយោបាយចិនតែមួយ។ តែកោះតៃវ៉ាន់ អាចត្រឹមតែធ្វើសកម្មភាពពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជាតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ពុំអនុញ្ញាតឲ្យតៃវ៉ាន់ បង្កើតការិយាល័យតំណាងណាមួយ នៅកម្ពុជាឡើយ ហើយក៏ពុំអនុញ្ញាត ឲ្យតៃវ៉ាន់រៀបចំបុណ្យជាតិ នៅក្នុងសណ្ឋាគារណាមួយ និងលើកទង់ជាតិ នៅកម្ពុជានោះទេ។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគ កាលពីឆ្នាំ២០១៦ បង្ហាញថា ការនាំចូលពីចិនមកកាន់កម្ពុជាមានទឹកប្រាក់៣ពាន់ ៩៣០លានដុល្លារ ឯការនាំចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន មានទឹកប្រាក់៨៣០លានដុល្លារ។ ដោយឡែក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៧ ការនាំចូលពីចិនមកកាន់កម្ពុជា មានទឹកប្រាក់ ជាង១ពាន់១៧៨លានដុល្លារ ឯការនាំចេញពីកម្ពុជាទៅចិន មានទឹកប្រាក់ជិត១២២លានដុល្លារ ។
ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នា នឹងបង្កើតវិសាលភាព និងកម្រិតនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីឈានទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន៦ប៊ីលានដុល្លារអាមេរិក នាឆ្នាំ២០២០។ កសិផលដែលកម្ពុជានាំចេញ ទៅកាន់ប្រទេសចិន រួមមាន៖ អង្ករ កៅស៊ូ ដំឡូងមី ស្កសរ ម្រេច និងគ្រាប់ស្វាយចន្ទីជាដើម។
-ត្បិតតែទំនាក់ទំនងចិន និងកម្ពុជារលូន នៅរយៈពេលចុងក្រោយនេះ ក៏ពិតមែនតែយើងងាកមកមើល អំពីទំនាក់ទំនងកម្ពុជា និងអាមេរិកវិញម្ដង។ គឺក្រសួងការបរទេសអាមេរិក នឹងលែងផ្តល់ទិដ្ឋាការ ដល់មន្រ្តីរដ្ឋាភិបាលកម្ពុជាមួយចំនួន ក្នុងការធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ក្រោមហេតុផលថា មន្រ្តីទាំងនោះបានរួមចំណែកបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៦ ធ្នូ។ ចំពោះវិធានការនេះ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាទង្វើមួយបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាទៅវិញទេ។ ភ្លាមៗ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រតិកម្មរបស់ សហរដ្ឋអាមេរិក មកលើកម្ពុជាគឺធ្វើឡើង ក្រោមហេតុផលនយោបាយ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាដូច្នេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអាមេរិក ប្រកាសកាលពីថ្ងៃទី៦ធ្នូថា នឹងលែងផ្តល់ទិដ្ឋាការ ទៅកាន់អាមេរិកដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា មួយចំនួន រួមនឹងក្រុមគ្រួសាររបស់ពួកគេផងដែរ។
នៅក្នុងលិខិតដែលចុះ កាលបរិច្ឆេទថ្ងៃទី៧ធ្នូ ហើយដែលត្រូវបានចេញផ្សាយ ដល់អ្នកកាសែតនៅថ្ងៃទី៨ធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកយក ចំណុចសំខាន់ៗចំនួន ៧មកនិយាយ។ ក្រៅពីពាក្យខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង អ្នកនាំពាក្យក្រសួងការបរទេស បានពន្យល់ថា អាមេរិកពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិវឌ្ឍនយោបាយថ្មីៗនៅកម្ពុជា ហើយការសម្រេចចិត្តគឺធ្វើឡើងដោយសារហេតុផលនយោបាយ ដោយមានការគិតទុកជាមុន និងមានស្តង់ដារពីរ។
-ជាការកត់សម្គាល់ វិធានការណ៍ អាមេរិកបែបនេះធ្វើឡើងបន្ទាប់ពី សម្ដេច ហ៊ុន សែន បានប្រកាសបន្តទទួលយក ពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវអាមេរិកបណ្តេញចេញពី ប្រទេសឡើងវិញ បន្ទាប់ពីបានស្នើផ្អាកមួយរយៈនាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឲ្យត្រៀមទទួលយក ពលរដ្ឋខ្មែរផ្សេងទៀត ដែលលោកគិតថា នឹងត្រូវបណ្តេញចេញពីអាមេរិក ក្រោមគោលនយោបាយថ្មី របស់លោកដូណាល់ ត្រាំផងដែរ ។ សម្រាប់លោកហ៊ុន សែន នៅពេលបញ្ចូនពួកគេមកកម្ពុជាវិញ អាមេរិកគួរគិតគូរផ្តល់ ជំនួយដល់ពួកគេ ដើម្បីអាចឲ្យពួកគេ កសាងជីវភាពថ្មីបាន។
-ដោយឡែក ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់ប្រមុខដឹកនាំរដ្ឋាភិបាលបង់ក្លាដេស នៅកម្ពុជា ភាគីទាំង ២សម្រេចបាននូវការចុះហត្ថលេខា លើបញ្ជីឯកសារ ចំនួន ១១ ដែលក្នុងនោះភាគច្រើន គឺផ្តោតលើការពង្រឹងពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។ ក្នុងជំនួបជាមួយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៤វិច្ឆិកានេះផងដែរ លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស ក៏បានថ្លែងសរសើរថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នា កសាងសន្តិភាព នៅក្នុងតំបន់ និងពិភពលោក ។
-មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីចង់បិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពីខេត្តសៀមរាប សម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចផ្លាស់ប្តូរចិត្តវិញ ដោយបញ្ជាក់ថា នឹងមិនមានការបិទអង្គការ ក្រៅរដ្ឋាភិបាលមួយនេះឡើយ។ បើតាមលោកនាយករដ្ឋមន្ត្រី ការសម្រេចបែបនេះ ដោយសារតែការស៊ើបអង្កេត រកមិនឃើញថា អង្គការសិទ្ធិមនុស្សនេះ ធ្វើសកម្មភាពល្មើសច្បាប់។
-ពង្រឹងបញ្ហាផ្ទៃក្នុង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារទៅកាន់សមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ឲ្យបង្កើនសកម្មភាព ចុះទៅកាន់មូលដ្ឋានទ្វេដង ដើម្បីទាក់ទាញការគាំទ្រ ពីប្រជាពលរដ្ឋ ខណៈដែលអវត្តមានគណបក្សប្រឆាំង ពីប្រទេសកម្ពុជា។ តាមរយៈប្រសាសន៍ របស់ប្រមុខបក្សកាន់អំណាច ដែលគេអះអាងថា ជាការបែកធ្លាយស្តីពី “យុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិ” នោះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា បញ្ហារបស់កម្ពុជាពេលនេះ មិនមែនបញ្ចប់ត្រឹមការរំលាយ គណបក្សសង្រ្គោះជាតិនោះទេ។
សារបែកធ្លាយរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិក-សមាជិការ គណបក្សប្រជាជនកម្ពុជារបស់លោក បង្កើនសកម្មភាពចុះទៅកាន់ មូលដ្ឋានមួយទ្វេជាពីរ ដោយមិនត្រូវមាន ការធ្វេសប្រហែសនោះឡើយ។ អ្វីដែលសំខាន់ទៅទៀតនោះ សារជាសំឡេងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគេអះអាងថា បានបែកធ្លាយនេះ ក៏បានអំពាវនាវឲ្យមានការបង្ការទប់ស្កាត់ ការប្រមូលកម្លាំងឡើងវិញ នៃអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលជាគ្រោះថ្នាក់របស់ គណបក្សកាន់អំណាច នាពេលអនាគត។
-ទោះជាអាមេរិក និងសហភាពអឺរ៉ុបផ្អាក ឈប់ផ្ដល់ជំនួយដល់ គជប ក្រោយរំលាយគណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ! ក៏រាជរដ្ឋាភិបាលមានទុន គ្រប់គ្រាន់រៀបចំ ការបោះឆ្នោត ទោះមានការកាត់ជំនួយពីគ.ជ.ប។ នេះជាការប្រកាសរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ព្រមជាមួយគ្នានេះ គ.ជ.ប ជាស្ថាប័ន ក្នុងការរៀបចំការបោះឆ្នោតនោះ បានលើកឡើងថា គ.ជ.ប បាននឹងកំពុង ប្រើប្រាស់ថវិកាជាតិ ក្នុងការរៀបចំបោះឆ្នោតផងដែរ។ សូមបញ្ជាក់ថា ការប្រកាសផ្តាច់ជំនួយ របស់សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដែលជាម្ចាស់ជំនួយដ៏ធំ ក្នុងការរៀបចំ ការបោះឆ្នោតនេះ ធ្វើក្រោយពីសហរដ្ឋអាមេរិក កាលពីប៉ុន្មានខែមុន បានអះអាងថា នឹងផ្តាចជំនួយមកកាន់ គ.ជ.ប ប្រសិនបើមិនអនុញ្ញាតឲ្យ អតីតគណបក្សសង្រ្គោះជាតិ ចូលរួមបោះឆ្នោតនាពេលខាងមុខ ហើយបើទោះបីជារៀបចំការបោះឆ្នោតលទ្ធផលចេញមក ក៏មិនត្រឹមត្រូវ និងយុត្តិធម៌ដែរ។
-ខណៈសហភាពអឺរ៉ុប EU និងសហរដ្ឋអាមេរិក ប្រកាសផ្តាច់ជំនួយ អ្នកការទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ជំហររបស់ខ្លួនថា ជប៉ុន ដែលជាមិត្តជិតស្នីទមួយរបស់កម្ពុជា នឹងបន្តជួយនិងផ្តល់ជំនួយដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ លោក Hironori Suzuki មន្រ្តីកុងស៊ុល ប្រចាំស្ថានទូតជប៉ុន នៅទីក្រុងភ្នំពេញ ត្រូវបានទីភ្នាក់ងារ អង់គ្លេសរ៉យទ័រ ដកស្រង់សម្តីដែលបានមានប្រសាសន៍តាមសារអេឡិចត្រូនិចថា "វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា" ។
នៅពេលដែលសួរថា តើជប៉ុន នឹងព្យួរជំនួយរបស់ខ្លួន សម្រាប់ គ.ជ.ប ដែររឺយ៉ាងនោះ លោកកុងស៊ុល បញ្ជាក់ថា ជប៉ុននឹងបន្តផ្តល់ជំនួយ សម្រាប់កំណែទម្រង់ការបោះឆ្នោត ហើយនឹងតាមដានស្ថានការណ៍ដោយចិត្តទុកដាក់បំផុត។
ការអត្ថាធិប្បាយរបស់ជប៉ុននេះ បានធ្វើឡើងក្រោយ សហគមន៍អឺរ៉ុប និងអាមេរិក បង្ហាញជំហរដូចគ្នា ទៅលើស្ថានភាពនយោបាយនៅកម្ពុជា។ គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសមភាគីជប៉ុន លោក ស៊ិន ហ្សូអាបេ ឲ្យជួយកែទម្រង់ ការបោះឆ្នោតនៅកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកនយោបាយខ្មែរ ក៏ដូចជាមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
-សូមបញ្ជាក់ថាក្រោយគណបក្សសង្គ្រើជាតិត្រូវបានប្រកាសរំលាយ ដោយតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ខិកា នៅថ្ងៃទី១២ ខែធ្នូ ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក ផាកស្ដ្រីត ម៉ាហ្វីរ បានធ្វើដំណើរភ្លាមមកកាន់ប្រទេសកម្ពុជា ដែលជាដំណើរទស្សនៈកិច្ចលើកទី១ នៃមន្រ្តីការទូតជាន់ខ្ពស់អាមេរិក មកជួបជាមួយនឹងរដ្ឋមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ។ជាមួយគ្នានោះក្រសួងការបរទេសកម្ពុជា ក៏បានសរសេរលិខិតទៅកាន់ អង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ធ្នូ ដើម្បីសុំអោយមន្រ្តីជំនាញផ្នែកអាវុធគីមី មកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលគ្រាប់ដែលមិនទាន់ផ្ទុះ ដែលត្រូវបានទម្លាក់នៅក្នុងសម័យសង្គ្រាមវៀតណាម ដោយសហរដ្ឋអាមេរិក នៅតំបន់ភាកឥសាន្ឍ នៃប្រទេស។
-រីឯអាសន្ន៖ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបានបោះឆ្នោតកន្លងទៅមកពីកូតា គណបក្សសង្គ្រោះជាតិ ភាគច្រើនត្រូវបានធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្សផ្សេងៗទៀតទទូលបានមួយចំនួនផងដែរនោះ រួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាទទូលបាន១១អាសន្នៈថែមទៀត ពីគណបក្សសង្ក្រោះជាតិ ដែលមកដល់ពេលនេះ សភាគណបក្សប្រជាជនកម្ពុជា មានចំនួនទៅដល់ ៧៩អាសន្នៈ ខណៈពេលដែលការបោះឆ្នោតកាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទូលបាន៦៨អាសន្នៈ ៕